ចូររៀបចំឲ្យបានល្អមុនទៅបង្រៀនសិស្ស
១. នៅពេលដែលយើងបង្រៀនគម្ពីរ ហេតុអ្វីយើងគួរប្រមូលអារម្មណ៍លើការជួយសិស្សឲ្យយល់តម្លៃនៃសេចក្ដីពិតក្នុងគម្ពីរ?
១ នៅពេលដែលយើងបង្រៀនគម្ពីរ យើងត្រូវរៀបចំឲ្យបានល្អមុនទៅបង្រៀនសិស្ស ដើម្បីជំរុញចិត្តគាត់ឲ្យបម្រើព្រះយេហូវ៉ា។ យើងនឹងមានប្រសិទ្ធភាពប្រសិនបើយើងជួយសិស្សឲ្យយល់តម្លៃនៃសេចក្ដីពិតក្នុងគម្ពីរ។ ជាលទ្ធផល នេះនឹងជំរុញចិត្តគាត់ដែរ។ (ចោ. ៦:៥; សុភ. ៤:២៣; ១កូ. ៩:២៦) តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
២. តើការអធិដ្ឋានជួយយើងឲ្យរៀបចំសម្រាប់ការបង្រៀនគម្ពីរយ៉ាងដូចម្ដេច?
២ ចូរអធិដ្ឋានសុំជំនួយពីព្រះពេលរៀបចំ : ដោយព្រោះព្រះយេហូវ៉ាជាអ្នកដែលធ្វើឲ្យគ្រាប់ពូជនៃសេចក្ដីពិតដុះលូតលាស់ក្នុងចិត្តរបស់សិស្ស នោះគឺសមហេតុផលឲ្យយើងអធិដ្ឋានយ៉ាងចំៗអំពីសិស្សនិងសេចក្ដីត្រូវការរបស់គាត់ នៅពេលដែលយើងរៀបចំសម្រាប់ការសិក្សានោះ។ (១កូ. ៣:៦; យ៉ា. ១:៥) ការអធិដ្ឋានបែបនេះក៏អាចជួយយើងឲ្យសម្រេចថាយើងអាចជួយគាត់ថែមទៀតយ៉ាងណា ដើម្បីឲ្យគាត់បានពោរពេញទៅដោយ«ចំណេះត្រឹមត្រូវអំពី»បំណងប្រាថ្នារបស់ព្រះយេហូវ៉ា។—កូឡ. ១:៩, ១០
៣. ពេលយើងរៀបចំបង្រៀនគម្ពីរ តើយើងបង្ហាញការយកចិត្តទុកដាក់យ៉ាងណាចំពោះសិស្ស?
៣ ចូរគិតអំពីសិស្សនោះ: លោកយេស៊ូបានដឹងថាការបង្រៀនដែលមានប្រសិទ្ធភាព គឺរួមបញ្ចូលការគិតអំពីអ្នកស្ដាប់។ លោកយេស៊ូត្រូវបានគេសួរសំណួរដូចគ្នាយ៉ាងតិចពីរលើក។ «តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។ ពេលឆ្លើយនៅពេលនីមួយៗ លោកបានប្រើវិធីផ្សេងៗ។ (លូក. ១០:២៥-២៨; ១៨:១៨-២០) យើងគួរគិតអំពីអ្វីដែលសិស្សគួររៀនពេលដែលយើងរៀបចំ។ តើបទគម្ពីរមួយណាដែលមានក្នុងវគ្គដែលយើងត្រូវអានជាមួយនឹងគាត់? តើយើងនឹងរៀនប៉ុន្មានវគ្គជាមួយនឹងគាត់? តើចំណុចមួយណាក្នុងមេរៀន ដែលសិស្សនោះពិបាកយល់ឬយល់ព្រម? ប្រសិនបើយើងអាចដឹងនូវសំណួរខ្លះៗដែលសិស្សនោះប្រហែលនឹងសួរ នោះយើងនឹងបានប្រុងប្រៀបប្រសើរជាងដើម្បីឆ្លើយដោយមានប្រសិទ្ធភាព។
៤. តើការរៀបចំឲ្យបានល្អរួមបញ្ចូលអ្វីខ្លះ?
៤ ចូរពិនិត្យព័ត៌មានសាឡើងវិញ : ទោះជាពីមុនយើងបានបង្រៀនព័ត៌មាននោះប៉ុន្មានដងហើយក៏ដោយ នេះគឺជាលើកដំបូងដែលយើងបង្រៀនព័ត៌មាននេះជាមួយនឹងសិស្សនេះ។ ការរៀបចំមេរៀននីមួយៗយ៉ាងល្អគឺសំខាន់ណាស់ប្រសិនបើយើងបង្រៀនឲ្យព័ត៌មានជ្រួតជ្រាបចូលទៅក្នុងចិត្តរបស់សិស្ស។ នេះបានន័យថា យើងធ្វើតាមអ្វីដែលយើងបានលើកទឹកចិត្តសិស្សឲ្យធ្វើ។ ចូរពិនិត្យមើលសាឡើងវិញនូវព័ត៌មាននោះ រួមបញ្ចូលបើកមើលខគម្ពីរដែលទាក់ទងនឹងព័ត៌មាននោះដែរ ដោយគិតពីអ្វីដែលសិស្សគួររៀន ហើយប្រហែលជាគូសបន្ទាត់ក្រោមចំណុចសំខាន់ៗ។—រ៉ូម ២:២១, ២២
៥. តើយើងអាចយកតម្រាប់តាមព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៥ ព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងជំនឿននៃសិស្សម្នាក់ៗដែលរៀនគម្ពីរ។ (២ពេ. ៣:៩) ដោយឆ្លៀតពេលរៀបចំសម្រាប់មេរៀននីមួយៗ នោះយើងក៏បង្ហាញការយកចិត្តទុកដាក់ដែលប្រកបដោយក្ដីស្រឡាញ់ដូចព្រះយេហូវ៉ាដែរ។