បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/៩ ទំ. ៥-៧
  • ការស្វែងរកសាសនាត្រឹមត្រូវរបស់គេ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការស្វែងរកសាសនាត្រឹមត្រូវរបស់គេ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​ដែល​មនុស្ស​ខ្លះ​មាន​ការ​សង្ស័យ​ដ៏​ខ្លាំង
  • នាង​បាន​រៀន​សេចក្ដី​ពិត​អំពី​មនុស្ស​ស្លាប់
  • ពួក​គេ​បាន​រក​ឃើញ​ជីវិត​ដែល​មាន​អត្ថន័យ
  • របៀបដែលមនុស្សខ្លះទទួលចម្លើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/៩ ទំ. ៥-៧

ការ​ស្វែង​រក​សាសនា​ត្រឹម​ត្រូវ​របស់​គេ

តាំង​ពី​កុមារភាព​មក​ម្ល៉េះ មនុស្ស​ខ្លះ​បាន​ស្វែង​រក​ចម្លើយ​ដ៏​ស្កប់​ចិត្ត​ចំពោះ​សំនួរ​របស់​គេ​ជា​ច្រើន​អំពី​ជីវិត។ កាល​ដែល​នៅ​ពី​ក្មេង ពួក​គេ​ប្រហែល​ជា​ទៅ​ឯ​ពិធី​បុណ្យ​ផ្សេង​ៗ​នៃ​សាសនា។ ប៉ុន្តែ ពួក​គេ​ជា​ច្រើន​បាន​ឃើញ​ថា ចម្លើយ​ដែល​បាន​ផ្ដល់​មក ឬ​ពិធី​រីតិ​នៃ​សាសនា មិន​បាន​ជួយ​គេ​ឲ្យ​លៃ​លក​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​របស់​ជីវិត​ទេ។

ពួក​គេ​ប្រហែល​ជា​និយាយ​ថា គេ​នៅ​កាន់​សាសនា​របស់​មាតា​បិតា​របស់​គេ ទោះ​បី​គេ​កម្រ​ទៅ​ឯ​ពិធី​បុណ្យ​នៃ​សាសនា​ក្ដី។ យោង​ទៅ​តាម​អេវ៉ែក​ម្នាក់​នៃ​សាសនា អង់គ្លេកិន ជំនឿ​ដ៏​តូច​ដែល​គេ​មាន​នៅ​សល់​នោះ មាន​អានុភាព​យ៉ាង​តិច​តួច​លើ​ជីវិត​របស់​គេ។ គេ​បាន​បំភ្លេច​ចោល​សាសនា​មួយ​រយៈ​សិន។ តែ​មាន​អ្នក​ឯ​ទៀត ដោយ​សារ​ឃើញ​ការ​លាក់​ពុត​ក្នុង​វិស័យ​សាសនា ក៏​កើត​មាន​ការ​ស្អប់​ខ្ពើម ព្រម​ទាំង​បដិសេធ​ចោល​សាសនា​តែ​ម្ដង។ ប៉ុន្តែ សំនួរ​របស់​គេ​អំពី​ជីវិត​នៅ​តែ​មាន​ដដែល។

ហេតុ​ដែល​មនុស្ស​ខ្លះ​មាន​ការ​សង្ស័យ​ដ៏​ខ្លាំង

មនុស្ស​ភាគ​ច្រើន​ដឹង​ថា សាសនា​ជា​ច្រើន​មាន​ទី​ភ្នាក់ងារ​ដើម្បី​ជួយ​ពួក​អ្នក​គ្មាន​ផ្ទះ​សម្បែង ហើយ​ចែក​ចាយ​ស្បៀង​អាហារ​ដល់​ពួក​អ្នក​ខ្វះ​ខាត ព្រម​ទាំង​ធានា​គាំទ្រ​ពិធី​បុណ្យ​វប្បធម៌​ជា​ច្រើន។ ប៉ុន្តែ សឹង​តែ​ជា​រៀង​រាល់​ថ្ងៃ គេ​ក៏​ឮ​សារ​ពណ៌​មាន​រាយ​ការណ៍​អំពើ​ឃោរឃៅ ហើយ​ការ​បង្ហូរ​ឈាម​ដែល​ផ្ដើម​មក​ពី​សាសនា មិន​គ្រាន់​តែ​កើត​ក្នុង​ចំណោម​ពួក​ដែល​មិន​កាន់​គ្រីស្ទ​សាសនា​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ក្នុង​ចំណោម​ពួក​ដែល​អះអាង​ជា​គ្រីស្ទាន​ដែរ។ តើ​យើង​ត្រូវ​ភ្ញាក់​ផ្អើល​ទេ បើ​គេ​សង្ស័យ​ថា ក្រុម​ដែល​បាន​ជាប់​ទាក់​ទង​នឹង​អំពើ​ឃោរឃៅ​បែប​នេះ មិន​កាន់​សាសនា​ត្រឹម​ត្រូវ​នោះ?

មនុស្ស​ជា​ច្រើន​ដែល​បាន​អប់រំ​ខាង​សាសនា​តាំង​ពី​ក្មេង​មក ធ្លាប់​គិត​ថា គ្រឹះស្ថាន​រក្សា​ក្មេង​កំព្រា​ជា​ច្រើន​ដែល​បាន​ធានា​ដោយ​សាសនា ជា​អ្វី​មួយ​ដ៏​ប្រសើរ។ ប៉ុន្តែ នៅ​ឆ្នាំ​ថ្មី​ៗ​នេះ គេ​បាន​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង កាល​ដែល​ពួក​បព្វជិត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ត្រូវ​បាន​គេ​ចោទ​នឹង​ការ​រំលោភ​សេពកាម​កូន​ក្មេង ដែល​បាន​ប្រគល់​មក​ឲ្យ​គេ​មើល​ថែ​ទាំ​នោះ។ ជា​បឋម មនុស្ស​បាន​គិត​ថា មាន​ពួក​បព្វជិត​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ដាក់​បន្ទោស​នោះ។ ឥឡូវ​នេះ ពួក​គេ​ខ្លះ​សង្ស័យ​ថា ប្រហែល​ជា​មាន​អ្វី​មួយ​ខុស​ទាំង​ស្រុង​ក្នុង​គោល​ការណ៍​សាសនា​នោះ​ហើយ។

មាន​មនុស្ស​ខ្លះ ដូច​បុគ្គល​ម្នាក់​ឈ្មោះ អាឃេនញ៉ា បាន​កាន់​សាសនា​របស់​គេ​យ៉ាង​ស៊ប់​នៅ​ពេល​មួយ។ ជា​យុវនារី​ក្នុង​ប្រទេស​អារ្សងទីន នាង​បាន​ចូល​ក្នុង​ចំណោម​ពួក​ដែល​បាន​ធ្វើ​ធម្ម​យាត្រា​ទៅ​ថ្វាយ​បង្គំ​ស្រី​ក្រមុំ​អី​តា​ទៃ។ អស់​រយៈ​១៤​ឆ្នាំ​មក​នេះ នាង​ជា​ដូន​ជី​ម្នាក់​ដែល​បាន​រស់​នៅ​ក្នុង​អាវាស។ បន្ទាប់​មក នាង​បាន​ចាក​ចេញ​ពី​សាសនា​នោះ ហើយ​ក៏​ចូល​ធ្វើ​ជា​ផ្នែក​នៃ​ក្រុម​សាសនា​នយោបាយ​អន្តរជាតិ ដែល​គាំទ្រ​ក្នុង​ការ​ផ្លាស់​ប្ដូរ​រចនា​សម្ព័ន្ធ​សង្គម​និង​សេដ្ឋកិច្ច​នៃ​សង្គម​មនុស្ស​តាម​រយៈ​មធ្យោបាយ​បដិវត្ត។ ដោយ​សារ​តែ​អ្វី​ៗ​ដែល​នាង​បាន​ឃើញ​និង​បាន​ពិសោធ​នោះ នាង​ក៏​លែង​មាន​ជំនឿ​និង​សេចក្ដី​ទុក​ចិត្ត​លើ​ព្រះ​ទៀត​ឡើយ។ នាង​ពិត​ជា​មិន​ស្វែង​រក​សាសនា​ដែល​នាង​អាច​ជឿ​នោះ​ទេ។ ត្រូវ​ហើយ អ្វី​ដែល​នាង​ចង់​បាន​នោះ គឺ​វិធី​ធ្វើ​ឲ្យ​មាន​យុត្ដិធម៌​ដល់​អស់​អ្នក​ដែល​ក្រ​ខ្សត់ និង​មិត្តភក្ដ្រ​ដែល​នាង​អាច​ទុក​ចិត្ត​បាន។

អ្នក​ឯ​ទៀត​កាល​ដែល​សង្កេត​ឃើញ​អ្វី​ៗ​ដែល​កើត​ឡើង​ក្នុង​សាសនា ក៏​បាន​ជៀស​ចេញ​យ៉ាង​ឆ្ងាយ​ពី​សាសនា។ មតិ​របស់​អ្នក​មិន​ជឿ​ថា​មាន​ព្រះ​អាទិទេព​ម្នាក់ បាន​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្ដី ស្ពាត់នីក នៅ​ឆ្នាំ​១៩៩១ មាន​ប្រសាសន៍​យ៉ាង​ត្រង់​ៗ​ថា៖ «រវាង​គុណសម្បត្ដិ​នៃ​ពាហិរជន និង​ទេវ​កថា​វិទ្យា​គ្រីស្ទាន​នោះ ខ្ញុំ​មិន​អាច​មើល​ឃើញ​ភាព​ខុស​ផ្លែ​ក​ពី​គ្នា​ដ៏​សំខាន់​ត្រង់​ណា​ទេ»។ ជា​ឧទាហរណ៍ គាត់​បាន​ពិពណ៌នា​អំពី​ក្បួន​ហែ​ដែល​ពួក​បព្វជិត​ជា​ច្រើន​ស្លៀក​ពាក់​សំពត់​គ្រីប​ទឹក​មាស ដើរ​យឺត​ៗ​សែង​រ​ក្ខិ​ត​សព​ក្នុង​ក្ដារ​មឈូស​ហែ​រ​តាម​ផ្លូវ​នៃ​ទី​ក្រុង​ម៉ូស្កូ។ នោះ​ជា​ស​ព​របស់«ស​ន្ត​គ្រីស្ទ​សាសនា​អូថូដុក្ស​ម្នាក់» ដែល​គេ​យក​ពី​សារមន្ទីរ​ទៅ​កាន់​ព្រះ​វិហារ ហើយ​ការ​នេះ​រំឭក​អ្នក​និពន្ធ​នេះ អំពី​ពួក​បព្វជិត​និង​រ​ក្ខិ​ត​សព​នៅ​ស្រុក​អេស៊ីព្ទ​ពី​បុរាណ។ កាល​ដែល​ពួក​ចូល​រួម​ក្នុង​ក្បួន​ហែ​ក្នុង​ទី​ក្រុង​ម៉ូស្កូ​ជឿ​លទ្ធិ«ត្រី​ឯកភាព​នៃ​គ្រីស្ទាន» គាត់​បាន​នៅ​ចាំ​ថា ពួក​អេស៊ីព្ទ​ក៏​បាន​ថ្វាយ​បង្គំ​ព្រះ​ដែល​មាន​បី​អង្គ​ដែរ ដូច​ជា—ព្រះ​អូសៃរីស ព្រះ​អ៊ី​សី​ស និង​ព្រះ​ហូរើស។

អ្នក​និពន្ធ​ដដែល​នោះ​បាន​សំដៅ​ចំពោះ​ដំណើរ​នៃ​សេចក្ដី​ស្រឡាញ់​របស់​គ្រីស្ទាន—ដូច​ជា«ព្រះ​ជា​សេចក្ដី​ស្រឡាញ់»ហើយ«ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក»—ជា​ការ​ឥត​ស្រប​នឹង​ពាហិរជន​នៅ​ស្រុក​អេស៊ីព្ទ​សោះ។ ប៉ុន្តែ គាត់​ក៏​បាន​សង្កេត​ឃើញ​ថា៖ «សេចក្ដី​ស្រឡាញ់​នៃ​ភាតរភាព​នោះ ពុំ​មាន​ការ​ជោគ​ជ័យ​នៅ​ក្នុង​លោកីយ៍​នេះ​ទេ សូម្បី​តែ​នៅ​ក្នុង​ពិភព​ដែល​អះអាង​ថា​ជា​គ្រីស្ទាន ក៏​គ្មាន​ដែរ»។ ហើយ​គាត់​ក៏​មាន​ប្រសាសន៍​អំពី​ផល​ផ្លែ​អាក្រក់ ដែល​ជា​លទ្ធផល​របស់​សាសនា​ដែល​ទទូច​ចង់​បាន​ជាប់​ទាក់​ទង​នឹង​កិច្ច​ការ​របស់​រដ្ឋ។ ចំពោះ​អ្វី​ៗ​ដែល​គាត់​បាន​ឃើញ​នោះ បាន​បណ្ដាល​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ពិភព​គ្រីស្ទ​សាសនា​ពុំ​បាន​ផ្ដល់​នូវ​អ្វី​ដែល​គាត់​កំពុង​តែ​ស្វែង​រក​នោះ​ទេ។

តែ​ផ្ទុយ​ទៅ​វិញ មាន​អ្នក​ឯ​ទៀត​បាន​រក​ឃើញ​ចម្លើយ​ដ៏​ស្កប់​ចិត្ត ប៉ុន្តែ​មិន​មែន​បាន​រក​ឃើញ​ក្នុង​ពិភព​គ្រីស្ទ​សាសនា​ទេ។

នាង​បាន​រៀន​សេចក្ដី​ពិត​អំពី​មនុស្ស​ស្លាប់

ម៉ា​ដាលីន​ណា មាន​អាយុ​៣៧​ឆ្នាំ​ហើយ​ៗ​ឥឡូវ​នេះ នាង​រស់​នៅ​ក្នុង​ប្រទេស​ប៊ុលហ្គារី។ ក្រោយ​ពី​ឪពុក​ក្មេក​របស់​នាង​បាន​ស្លាប់​ទៅ នៅ​ឆ្នាំ​១៩៩១ នាង​មាន​ចិត្ត​សោកសង្រេង​ណាស់។ ម្ដង​ហើយ​ម្ដង​ទៀត នាង​បាន​សួរ​ខ្លួន​ឯង​ថា៖ ‹តើ​មនុស្ស​ស្លាប់​ទៅ​ឯ​ណា? តើ​ឪពុក​ក្មេក​របស់​ខ្ញុំ​នៅ​ឯ​ណា​ហើយ›? នាង​បាន​ទៅ​ឯ​ព្រះ​វិហារ ហើយ​នាង​បាន​អធិស្ឋាន​នៅ​ពី​មុខ​រូប​បដិមា​នៅ​ឯ​ផ្ទះ ប៉ុន្តែ​នាង​មិន​បាន​ទទួល​ចម្លើយ​ណា​ឡើយ។

បន្ទាប់​មក នៅ​ថ្ងៃ​មួយ អ្នក​ជិត​ខាង​ម្នាក់​បាន​ទូរស័ព្ទ​អញ្ជើញ​នាង​ទៅ​ឯ​ផ្ទះ​របស់​គាត់។ យុវបុរស​ម្នាក់​ដែល​កំពុង​តែ​សិក្សា​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​មក​លេង​នឹង​អ្នក​ជិត​ខាង​ម្នាក់​នោះ។ នាង​ក៏​បាន​ស្ដាប់​យុវបុរស​នោះ កាល​ដែល​គាត់​បាន​និយាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​រាជបំណង​របស់​ទ្រង់​ក្នុង​ការ​ស្ថាបនា​ផែនដី​ជា​សួន​មនោរម្យ ដើម្បី​ឲ្យ​មនុស្ស​រស់​នៅ​ដោយ​សុភមង្គល​ជា​និរន្តរ៍។ នៅ​លើ​តុ​មាន​សៀវភៅ​មួយ​ឈ្មោះ អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ យុវបុរស​នោះ​ប្រើ​សៀវភៅ​នេះ ហើយ​ទាញ​សតិ​អារម្មណ៍​របស់​នាង​ទៅ​ឯ​បទ​គម្ពីរ​មួយ​នៅ សាស្ដា ៩:៥ ដែល​ចែង​មក​ថា៖ «មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពី​ព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ»។ នៅ​ក្នុង​រាត្រី​នោះ នាង​បាន​អាន​ថែម​ទៀត។ នាង​បាន​រៀន​ដឹង​ថា មនុស្ស​ស្លាប់​មិន​មែន​បន្ត​ទៅ​ចាប់​កំណើត​យក​ជីវិត នៅ​ឯ​ស្ថាន​សួគ៌​ឬ​ស្ថាន​នរក​ណា​ទេ ពួក​គេ​មិន​ដឹង​ខ្លួន​អ្វី​សោះ ហាក់​បី​ដូច​ជា​ដេក​លក់​ស៊ប់​អញ្ចឹង។ គេ​បាន​អញ្ជើញ​នាង​ឲ្យ​ទៅ​កិច្ច​ប្រជុំ​នៅ​ក្នុង​ក្រុម​ជំនុំ​មួយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​នាង​បាន​យល់​ព្រម​ទៅ​ដោយ​ត្រេក​អរ។ ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ នាង​ក៏​សុខ​ចិត្ត​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់។ នាង​បាន​សង្កេត​ឃើញ​នូវ​របៀប​ដែល​សេចក្ដី​អធិស្ឋាន​បាន​ថ្វាយ​ទៅ​ព្រះ​យេហូវ៉ា ហើយ​នាង​ក៏​ចាប់​ផ្ដើម​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដែរ ដើម្បី​ឲ្យ​ទ្រង់​ជួយ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ជ័យ​ជំនះ​លើ​ភាព​ទន់​ខ្សោយ​ដែល​មាន​ពី​កំណើត។ នៅ​ពេល​ដែល​ព្រះ​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​នាង នាង​បាន​ដឹង​ថា នាង​បាន​រក​ឃើញ​សាសនា​ត្រឹម​ត្រូវ​ហើយ។

ពួក​គេ​បាន​រក​ឃើញ​ជីវិត​ដែល​មាន​អត្ថន័យ

អាន់ឌ្រេ​រស់​នៅ​ក្នុង​ប្រទេស​បែ​ល​ប្ស៉ី​ក ក្នុង​គ្រួសារ​ដែល​កាន់​សាសនា​កាតូលិក​យ៉ាង​តឹង​រឹង ហើយ​គាត់​បាន​បំរើ​ជា​អ្នក​ជំនួយ​ឲ្យ​បព្វជិត​ម្នាក់​នៅ​កន្លែង​នោះ។ ប៉ុន្តែ ក្នុង​កំឡុង​ពេល​នោះ គាត់​បាន​ឃើញ​អ្វី​ៗ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​គាត់​លែង​មាន​ការ​គោរព​ចំពោះ​សាសនា​នោះ។ ជា​លទ្ធផល គាត់​គ្រាន់​តែ​ជា​អ្នក​កាន់​សាសនា​កាតូលិក​តែ​ឈ្មោះ​ប៉ុណ្ណោះ។

អស់​រយៈ​១៥​ឆ្នាំ គាត់​បាន​លេង​កីឡា​បាល់​ទាត់​ជា​វិជ្ជា​ជីវៈ។ នៅ​ពេល​មួយ កាល​ដែល​ក្រុម​របស់​គាត់​ទៅ​ប្រកួត​នៅ​ប្រទេស​អ៊ីតាលី ពួក​គាត់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ជួប​មហា​សង្ឃរាជ​នៃ​កាតូលិក។ ការ​ទៅ​ជួប​នោះ គ្មាន​អ្វី​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ខាង​វិញ្ញាណ​ឡើយ ហើយ​ភោគ​ទ្រព្យ​ដែល​មហា​សង្ឃរាជ​មាន​នោះ ធ្វើ​ឲ្យ​អាន់ឌ្រេ​តូច​ចិត្ត​ណាស់។ ការ​សង្ស័យ​របស់​គាត់​អំពី​សាសនា​ក៏​រឹត​តែ​មាន​ជ្រៅ​ឡើង​ៗ។ ដោយ​ព្រោះ​គាត់​មាន​ការ​បែក​បាក់​នឹង​អាពាហ៍ពិពាហ៍​ពីរ​ហើយ​នោះ គាត់​មិន​សប្បាយ​ចិត្ត​នឹង​ជីវិត​របស់​គាត់​ទេ។ ស្ថានការណ៍​នៃ​លោកីយ៍​នេះ​បាន​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​អន្ទះអន្ទែង​ណាស់។ នៅ​ឆ្នាំ​១៩៨៩ គាត់​បាន​សរសេរ​នៅ​ក្នុង​កំណត់​ប្រចាំ​ថ្ងៃ​របស់​គាត់​ថា៖ ‹តើ​របស់​ដ៏​ពភ្លាក់​ពភ្លើ​ទាំង​អស់​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ជុំ​វិញ​យើង​នេះ មាន​អត្ថន័យ​យ៉ាង​ណា​ដែរ›? គាត់​រក​ចម្លើយ​ពី​សាសនា​របស់​គាត់​មិន​ឃើញ​ឡើយ។

នៅ​ឆ្នាំ​១៩៩០ កាល​ដែល​អាន់ឌ្រេ​បាន​ធ្វើ​ការ​ជា​អ្នក​បង្វឹក​កីឡា​បាល់​ទាត់​នៅ​ប្រទេស​អី​ស្លង់ សាសនទូត​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ឈ្មោះ អែ​រ៉ី​ស​បាន​ជួប​គាត់។ គាត់​បាន​ទទួល​យក​ប្រកាសនវត្ថុ ហើយ​បាន​អញ្ជើញ​សាសនទូត​នោះ​ឲ្យ​ត្រឡប់​មក​វិញ។ នាង​ក៏​បាន​ត្រឡប់​ទៅ​វិញ​ជា​មួយ​ប្ដី​របស់​នាង​ឈ្មោះ​ឈៀល។ នៅ​ទី​បំផុត កាល​ដែល​ពួក​គេ​បាន​មក​អង្គុយ​និយាយ​ជា​មួយ​អាន់ឌ្រេ​នោះ គេ​ឃើញ​ថា គាត់​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ចង់​យល់​ព្រះ​គម្ពីរ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ អាល់​ស្ដា​ក៏​មាន​ការ​ចាប់​អារម្មណ៍​ដែរ។ នៅ​ពេល​ថ្ងៃ​ត្រង់ គាត់​មាន​ពេល​ទំនេរ​៣​ម៉ោង​រវាង​ពេល​បង្ហាត់ ដូច្នេះ​គេ​ក៏​សម្រេច​ចិត្ត​យក​ពេល​វេលា​នោះ ដើម្បី​សិក្សា​ព្រះ​គម្ពីរ។ គាត់​មាន​ប្រសាសន៍​ថា៖ «ការ​សិក្សា​ព្រះ​គម្ពីរ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រឹត​តែ​ស្រួល​ខ្លួន​ឡើង ជាង​ការ​សម្រាក​ទៅ​ទៀត»។ ព្រះ​គម្ពីរ​បាន​ឆ្លើយ​ប្រាប់​សំនួរ​របស់​គេ​បន្ដិច​ម្ដង​ៗ។ ជំនឿ​របស់​គេ​លើ​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ក៏​បាន​លូត​លាស់​បន្ដិច​ម្ដង​ៗ​ដែរ។ សេចក្ដី​សន្យា​នៃ​ព្រះ​គម្ពីរ​ដ៏​រុង​រឿង​អំពី​ពិភព​លោក​ថ្មី​ដែល​ប្រកប​ដោយ​សន្ដិសុខ គឺ​ជា​ពិភព​លោក​ដែល​គ្មាន«របស់​ដ៏​ពភ្លាក់​ពភ្លើ​ទាំង​អស់​ដែល​កំពុង​តែ​កើត​ឡើង» បាន​ទៅ​ជា​ការ​ជាក់​ស្តែង​ចំពោះ​គេ។ ឥឡូវ​នេះ ទាំង​អាន់ឌ្រេ​និង​អាល់​ស្ដា កំពុង​តែ​ចូល​រួម​ផ្សាយ​ជំនឿ​ថ្មី​ដែល​គេ​រក​ឃើញ​នេះ ជា​មួយ​អ្នក​ដទៃ​ដែរ។

នៅ​ទី​បំផុត ម៉ា​ដាលីន​ណា អាន់ឌ្រេ និង​អាល់​ស្ដា ដឹង​ជា​ពិត​ប្រាកដ​ថា ពួក​គេ​បាន​រក​ឃើញ​សាសនា​ត្រឹម​ត្រូវ​ហើយ។ ក្រោយ​ពី​បាន​ខំ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ពិភព​លោក​តាម​រយៈ​នយោបាយ​នោះ នៅ​ទី​បំផុត អាឃេនញ៉ា​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ជា​សាសនា​ដ៏​ត្រឹម​ត្រូវ​មួយ​ចំពោះ​នាង។ ប៉ុន្តែ តើ​អ្វី​ទៅ​ជា​កត្ដា​ដែល​សម្រេច​ថា​តើ​សាសនា​ណា​មួយ​ជា​ត្រឹម​ត្រូវ​នោះ? សូម​មើល​អត្ថបទ​ជា​បន្ទាប់។

[រូប​ភាព​នៅ​ទំព័រ​៧]

ការ​សិក្សា​ព្រះ​គម្ពីរ​ដ៏​ទៀង​ទាត់​ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​កំពុង​តែ​ជួយ​មនុស្ស​ជាង​ប្រាំ​លាន​នាក់​ក្នុង​ការ​ស្វែង​រក​ចម្លើយ​ដ៏​ស្កប់​ចិត្ត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក