បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/១០ ទំ. ១៦-២១
  • ការចុះចូលដោយចិត្តរីករាយចំពោះអំណាច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការចុះចូលដោយចិត្តរីករាយចំពោះអំណាច
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ចុះ​ចូល​ដោយ​ស្ម័គ្រ​ចិត្ត​ចំពោះ​អធិបតេយ្យភាព​នៃ​ព្រះ​យេហូវ៉ា
  • ការ​ចុះ​ចូល​ដោយ​ចិត្ត​រីករាយ​នឹង​ស្តេច​របស់​យើង
  • ពួក​អ្នក​ត្រួត​ពិនិត្យ​គោរព​តាម​ដោយ​ចិត្ត​រីករាយ
  • ការ​ចុះ​ចូល​ខាង​ព្រះ​ធិបតេយ្យភាព
  • ការ​បំរើ​ដោយ​ចិត្ត​រីករាយ
  • សេចក្ដី​សុខ​សាន្ត​ដែល​បាន​មក​ពី​ការ​ចុះ​ចូល​ដោយ​ចិត្ត​រីករាយ
  • ចូរមានចិត្ដរាបទាបក្នុងការចុះចូលចំអ្នកគង្វាលដែលបង្ហាញសេចក្ដីស្រឡាញ់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ហេតុអ្វីគួរគោរពអ្នកដែលមានអំណាចលើយើង?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ព្រះគ្រីស្ទនាំមុខក្រុមជំនុំរបស់ទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • បុរសទាំងឡាយ តើអ្នកចុះចូលនឹងគ្រិស្តជាប្រមុខរបស់អ្នកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/១០ ទំ. ១៦-២១

ការ​ចុះ​ចូល​ដោយ​ចិត្ត​រីករាយ​ចំពោះ​អំណាច

«អ្នក​រាល់​គ្នា . . . បាន​ស្ដាប់​ដោយ​ស្ម័គ្រ​ពី​ចិត្ត»។—រ៉ូម ៦:១៧

១, ២. (ក) នៅ​សព្វ​ថ្ងៃ​នេះ តើ​វិញ្ញាណ​អ្វី​ដែល​ឃើញ​ជាក់​ស្តែង​នៅ​ក្នុង​លោកីយ៍​នេះ ហើយ​តើ​អ្វី​ជា​ប្រភព​និង​អានុភាព​របស់​វា? (ខ) តើ​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​បាន​ថ្វាយ​ខ្លួន​ហើយ បង្ហាញ​ថា​ពួក​គេ​ខុស​ប្លែក​ជា​យ៉ាង​ណា?

«វិញ្ញាណ​ដែល​ឥឡូវ​នេះ​កំពុង​តែ​ធ្វើ​ប្រតិបត្ដិ​ការ​នៅ​ក្នុង​ពួក​មនុស្ស​ល្មើស​នឹង​ព្រះ» គឺ​ជា​អ្វី​ដែល​ឃើញ​ជាក់​ស្តែង​ណាស់​នៅ​សព្វ​ថ្ងៃ​នេះ។ នេះ​ជា​វិញ្ញាណ​នៃ​ឯកចិត្ត​ដែល​មិន​អាច​ទប់​បាន ដែល​ភាយ​ចេញ​មក​ពី​សាតាំង ជា«មេ​គ្រប់​គ្រង​នៃ​អំណាច​នៃ​ខ្យល់​អាកាស»។ វិញ្ញាណ​នេះ «ខ្យល់​អាកាស»នេះ ឬ​អាកប្បកិរិយា​ដ៏​លុប​លើ​នៃ​អញ​និយម​និង​សេចក្ដី​ល្មើស​នេះ បញ្ចេញ«អំណាច» ឬ​អានុភាព​ទៅ​លើ​មនុស្សជាតិ​ភាគ​ច្រើន។ នេះ​ហើយ​ជា​មូលហេតុ​មួយ ដែល​លោកីយ៍​នេះ​កំពុង​តែ​ពិសោធ​អ្វី​ដែល​ហៅ​ថា វិបត្ដិ​នៃ​អំណាច។—អេភេសូរ ២:២, ពថ

២ គួរ​ឲ្យ​ត្រេក​អរ​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​បាន​ថ្វាយ​ខ្លួន​ហើយ មិន​បំពេញ​សួត​ខាង​វិញ្ញាណ​របស់​គេ​នឹង«ខ្យល់​អាកាស»ដ៏​កខ្វក់ ឬ​វិញ្ញាណ​នៃ​ការ​បះ​បោរ​នេះ​ទេ។ ពួក​គេ​ដឹង​ថា«សេចក្ដី​ក្រោធ​របស់​ព្រះ បាន​មក​លើ​មនុស្ស​រឹង​ចចេស»។ សាវក​ប៉ុល​បន្ថែម​ទៀត​ថា៖ «ដូច្នេះ កុំ​ឲ្យ​មាន​ចំណែក​ជា[មួយ]នឹង​គេ​ឡើយ»។ (អេភេសូរ ៥:៦, ៧) ផ្ទុយ​ទៅ​វិញ ពួក​ជន​គ្រីស្ទាន​ពិត​ខំ​ខ្នះ​ខ្នែង​ឲ្យ​បាន«ពេញ​ជា​ព្រះ​វិញ្ញាណ[របស់​ព្រះ​យេហូវ៉ា]វិញ» ហើយ​ពួក​គេ​ទទួល​យក«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»ដែល«បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំ​ឡូត ចិត្ត​ទន់»។—អេភេសូរ ៥:១៧, ១៨; យ៉ាកុប ៣:១៧

ការ​ចុះ​ចូល​ដោយ​ស្ម័គ្រ​ចិត្ត​ចំពោះ​អធិបតេយ្យភាព​នៃ​ព្រះ​យេហូវ៉ា

៣. តើ​អ្វី​ជា​វិធី​តែ​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ចុះ​ចូល​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​តើ​មេ​រៀន​ដ៏​ធំ​អ្វី​ដែល​ប្រវត្ដិសាស្ត្រ​បង្រៀន​យើង?

៣ ការ​ទទួល​ស្គាល់​អំណាច​ដែល​មាន​ឡាក់​ឋាន​ពេញ​ច្បាប់ ជា​វិធី​តែ​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ចុះ​ចូល​ដោយ​ស្ម័គ្រ​ចិត្ត។ ប្រវត្ដិសាស្ត្រ​មនុស្សជាតិ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​បដិសេធ​ចោល​អធិបតេយ្យភាព​នៃ​ព្រះ​យេហូវ៉ា ពុំ​បាន​នាំ​ឲ្យ​មាន​សុភមង្គល​ទេ។ ការ​បដិសេធ​ចោល​បែប​នេះ​ពុំ​បាន​នាំ​ឲ្យ​មាន​សុភមង្គល​ដល់​អ័ដាម​និង​នាង​អេវ៉ា​ទេ ហើយ​ក៏​ពុំ​បាន​នាំ​ឲ្យ​មាន​សុភមង្គល​ដល់​អារក្ស​សាតាំង ដែល​ជា​មេ​ផ្ដើម​ការ​បះ​បោរ​នោះ​ដែរ។ (លោកុប្បត្តិ ៣:១៦​-​១៩) នៅ​ក្នុង​ស្ថានភាព​ដ៏​ថោក​ទាប​របស់​វា​នៅ​បច្ចុប្បន្ន​នេះ សាតាំង​មាន«សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង» ពី​ព្រោះ​វា​ដឹង​ថា ពេល​វេលា​របស់​វា​កាន់​តែ​ខ្លី​ណាស់​ហើយ។ (វិវរណៈ ១២:១២) ត្រូវ​ហើយ សន្ដិភាព​និង​សុភមង្គល​របស់​មនុស្សជាតិ ហើយ​របស់​សកល​លោក​ទាំង​មូល គឺ​ពឹង​ពាក់​ទៅ​លើ​ការ​ទទួល​ស្គាល់​ទូទាំង​សកល​លោក​នូវ​អធិបតេយ្យភាព​ដ៏​សុចរិត​នៃ​ព្រះ​យេហូវ៉ា។—ទំនុកដំកើង ១០៣:១៩​-​២២

៤. (ក) តើ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​អ្នក​បំរើ​ទ្រង់​បង្ហាញ​ការ​ចុះ​ចូល និង​ការ​គោរព​ប្រភេទ​ណា? (ខ) តើ​យើង​គួរ​តែ​ជឿ​ជាក់​អំពី​អ្វី ហើយ​តើ​អ្នក​តែង​បទ​ទំនុកដំកើង​សម្ដែង​ការ​នេះ​យ៉ាង​ដូច​ម្ដេច?

៤ ប៉ុន្តែ ដោយ​សារ​តែ​គុណសម្បត្ដិ​ដែល​ស្មើ​សម​គ្នា​យ៉ាង​អស្ចារ្យ​របស់​ទ្រង់ ព្រះ​យេហូវ៉ា​មិន​ពេញ​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​គោរព​ដែល​ឥត​មនោសញ្ចេតនា​នោះ​ទេ។ ត្រូវ​ហើយ ទ្រង់​ជា​ព្រះ​ដែល​មាន​ព្រះ​ចេស្ដា​ខ្លាំង​ក្លា​បំផុត។ ទ្រង់​មិន​មែន​ជា​ព្រះ​មហា​ក្សត្រ​ដែល​ប្រើ​អំណាច​ផ្ដាច់​ការ​ទេ។ ទ្រង់​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​បុគ្គល​ដែល​មាន​បញ្ញា​ទាំង​ឡាយ​គោរព​ទ្រង់​ដោយ​ស្ម័គ្រ​ចិត្ត ដោយ​ញ៉ាំង​មក​ពី​សេចក្ដី​ស្រឡាញ់។ ទ្រង់​ចង់​ឲ្យ​ពួក​គេ​ចុះ​ចូល​នឹង​អធិបតេយ្យភាព​របស់​ទ្រង់ ពី​ព្រោះ​ពួក​គេ​សម្រេច​ចិត្ត​ទាំង​ស្រុង​នឹង​បង្អោន​ខ្លួន​គេ​នៅ​ក្រោម​អំណាច​ដ៏​សុចរិត​និង​ដ៏​ពេញ​ច្បាប់​របស់​ទ្រង់ ដោយ​ជឿ​ជាក់​ថា គ្មាន​អ្វី​ប្រសើរ​ជាង​ការ​គោរព​តាម​ទ្រង់​ជា​និរន្តរ៍​ទេ។ នៅ​ក្នុង​សកល​លោក​របស់​ទ្រង់ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចង់​បាន​បុគ្គល​ប្រភេទ​ដែល​មាន​អារម្មណ៍​ដូច​អ្នក​តែង​បទ​ទំនុកដំកើង ដែល​បាន​សរសេរ​ថា៖ «ឯ​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ សេចក្ដី​បន្ទាល់​នៃ​ព្រះ​យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា។ សេចក្ដី​បញ្ញត្ត​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ត​រីករាយ​សប្បាយ ក្រិត្យ​ក្រម​នៃ​ព្រះ​យេហូវ៉ា​ជា​សុទ្ធ​សាធ ក៏​បំភ្លឺ​ភ្នែក។ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​ជា​បរិសុទ្ធ ក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាប អស់​ទាំង​ខ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក»។ (ទំនុកដំកើង ១៩:៧​-​៩) បើ​យើង​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​កាន់​អាកប្បកិរិយា​ដូច​នេះ—គឺ​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ភាព​ត្រឹម​ត្រូវ​និង​សេចក្ដី​សុចរិត​នៃ​អធិបតេយ្យភាព​នៃ​ព្រះ​យេហូវ៉ា។

ការ​ចុះ​ចូល​ដោយ​ចិត្ត​រីករាយ​នឹង​ស្តេច​របស់​យើង

៥. តើ​ព្រះ​យេស៊ូ​វ​បាន​ទទួល​រង្វាន់​ចំពោះ​ការ​គោរព​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច ហើយ​តើ​អ្វី​ដែល​យើង​ទទួល​ស្គាល់​ដោយ​ស្ម័គ្រ​ចិត្ត​នោះ?

៥ ព្រះ​គ្រីស្ទ​យេស៊ូ​វ អង្គ​ទ្រង់​ផ្ទាល់​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ដាច់​គេ​នៃ​ការ​ចុះ​ចូល​នឹង​ព្រះ​វរបិតា​សួគ៌ា​របស់​ទ្រង់។ យើង​អាន​ថា ទ្រង់«បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្ដាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង»។ ប៉ុល​បន្ថែម​ទៀត​ថា៖ «ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើងយ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង ដើម្បី​កាល​ណា​ឮ​ព្រះ​នាម​ព្រះ​យេស៊ូ​វ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូ​វ​គ្រីស្ទ​ទ្រង់​ជា​ព្រះ​អម្ចាស់ សំរាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា»។ (ភីលីព ២:៨​-​១១) មែន​ហើយ យើង​លុត​ជង្គង់​ដោយ​ចិត្ត​រីករាយ​នៅ​ពី​មុខ​ព្រះ​គ្រីស្ទ​យេស៊ូ​វ ជា​មេ​ដឹក​នាំ​និង​ស្តេច​ដែល​កំពុង​តែ​សោយ​រាជ្យ​របស់​យើង។—ម៉ាថាយ ២៣:១០

៦. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​វ​បាន​សម្ដែង​ឲ្យ​សម​ជា​ស្មរបន្ទាល់​និង​មេ​ដឹក​នាំ​ដល់​ប្រជាជាតិ​ទាំង​ឡាយ​នោះ ហើយ​ក្រោយ​ពី​គ្រា​វេទនា​យ៉ាង​ធំ តើ«រដ្ឋ​បាល»ទ្រង់​នឹង​បន្ត​ទៅ​មុខ​ទៀត​បាន​យ៉ាង​ដូច​ម្ដេច?

៦ ព្រះ​យេហូវ៉ា​បាន​ទាយ​អំពី​ព្រះ​គ្រីស្ទ​ជា​មេ​ដឹក​នាំ​យើង ថា៖ «មើល អញ​បាន​តាំង[ឯង]ទុក​ជា​ទី​បន្ទាល់​ដល់​ប្រជាជាតិ​ទាំង​ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ»។ (អេសាយ ៥៥:៤) តាម​រយៈ​ការ​បំរើ​នៅ​ផែនដី និង​តាម​រយៈ​ការ​ដឹក​នាំ​កិច្ច​ការ​ផ្សាយ​ពី​ស្ថាន​សួគ៌ បន្ទាប់​ពី​មរណភាព​និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រះ​យេស៊ូ​វ​បាន​សម្ដែង​អង្គ​ទ្រង់​សម​ជា«ស្មរបន្ទាល់​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ»នៃ​ព្រះ​វរបិតា​របស់​ទ្រង់​ដល់​ប្រជាជាតិ​ទាំង​ឡាយ។ (វិវរណៈ ៣:១៤; ម៉ាថាយ ២៨:១៨​-​២០) ប្រជាជាតិ​ទាំង​ឡាយ​នេះ ឥឡូវ​ត្រូវ​តំណាង​ដោយ«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»ដែល​កំពុង​តែ​កើន​ចំនួន​ឡើង ហើយ​ជា​អ្នក​នឹង​រួច​រស់​ជីវិត​ពី«គ្រា​វេទនា​យ៉ាង​ធំ»នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ។ (វិវរណៈ ៧:៩, ១៤) ប៉ុន្តែ​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ​មិន​ត្រូវ​ចប់​នៅ​ត្រឹម​នេះ​ទេ។ «រដ្ឋ​បាល»ទ្រង់​នឹង​ឋិត​ថេរ​នៅ​រហូត​ដល់​មួយ​ពាន់​ឆ្នាំ។ ចំពោះ​មនុស្ស​លោក​ដែល​គោរព​តាម​នោះ ទ្រង់​នឹង​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ព្រះ​នាម​ទ្រង់​ជា«ព្រះ​ដ៏​ជំនួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប នឹង​ជា​ម្ចាស់​នៃ​មេត្រី​ភាព»។—អេសាយ ៩:៦, ៧; វិវរណៈ ២០:៦

៧. បើ​សិន​ជា​យើង​ប្រាថ្នា​ចង់​ឲ្យ​ព្រះ​គ្រីស្ទ​យេស៊ូ​វ​ដឹក​នាំ​យើង​ទៅ​កាន់«រន្ធ​ទឹក​នៃ​ជីវិត» តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដោយ​មិន​បង្អែ​បង្អង់ ហើយ​តើ​អ្វី​នឹង​បណ្ដាល​ឲ្យ​ព្រះ​យេស៊ូ​វ​និង​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង?

៧ បើ​សិន​ជា​យើង​ប្រាថ្នា​ចង់​បាន​ប្រយោជន៍​ពី«រន្ធ​ទឹក​នៃ​ជីវិត» ជា​កន្លែង​ដែល​ព្រះ​គ្រីស្ទ​យេស៊ូ​វ ជា​កូន​ចៀម ដឹក​នាំ​មនុស្ស​លោក​ដែល​មាន​ចិត្ត​ត្រឹម​ត្រូវ​ទៅ​នោះ យើង​ត្រូវ​តែ​បង្ហាញ​ដោយ​មិន​បង្អែ​បង្អង់ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង​ថា យើង​មាន​ចិត្ត​រីករាយ​ចុះ​ចូល​នឹង​អំណាច​របស់​ទ្រង់​ជា​ស្តេច។ (វិវរណៈ ៧:១៧; ២២:១, ២; ប្រៀប​ធៀប ទំនុកដំកើង ២:១២) ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​ថ្លែង​ថា៖ «បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ។ អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះ​វរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ»។ (យ៉ូហាន ១៤:១៥, ២១) តើ​អ្នក​ចង់​ឲ្យ​ព្រះ​យេស៊ូ​វ​និង​ព្រះ​វរបិតា​របស់​ទ្រង់​ស្រឡាញ់​អ្នក​ទេ? បើ​ចង់​មែន សូម​ចុះ​ចូល​នឹង​អំណាច​របស់​ទ្រង់​ទាំង​ពីរ​អង្គ​នេះ​ចុះ។

ពួក​អ្នក​ត្រួត​ពិនិត្យ​គោរព​តាម​ដោយ​ចិត្ត​រីករាយ

៨, ៩. (ក) តើ​ព្រះ​គ្រីស្ទ​បាន​ប្រទាន​អ្វី​សំរាប់​ការ​ស្អាង​ក្រុម​ជំនុំ ហើយ​តើ​តាម​របៀប​ណា​ដែល​ពួក​បុរស​ទាំង​នេះ​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​នោះ? (ខ) តើ​ការ​ចុះ​ចូល​នៃ​ពួក​អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន​សម្ដែង​ឲ្យ​ឃើញ​ជា​និមិត្តរូប​យ៉ាង​ណា​នៅ​ក្នុង​សៀវភៅ​វិវរណៈ ហើយ​តើ​តាម​របៀប​ណា​ដែល​ពួក​គេ​ខំ​ស្វែង​រក‹ចិត្ត​ប្រកប​ដោយ​សេចក្ដី​គោរព›ពេល​ធ្វើ​ការ​វិនិច្ឆ័យ​រឿង​អ្វី​មួយ​នោះ?

៨ «ពួក[ក្រុម]ជំនុំ​ចុះ​ចូល​នឹង​ព្រះ​គ្រីស្ទ»។ ក្នុង​ឋានៈ​ជា​អ្នក​ត្រួត​ពិនិត្យ ទ្រង់​បាន​ប្រទាន​ឲ្យ‹អំណោយ​ទាន​ជា​ពួក​បុរស› សំរាប់«ស្អាង»ក្រុម​ជំនុំ​ឡើង។ (អេភេសូរ ៤:៨, ១១, ១២; ៥:២៤) ពួក​បុរស​ចាស់​ទុំ​ខាង​វិញ្ញាណ​ទាំង​នេះ ត្រូវ​បាន​បង្គាប់​ឲ្យ‹ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​ពួក​គេ› តែ«មិន​មែន​បែប​ដូច​ជា​មាន​អំណាច​លើ​របស់​ទ្រព្យ​ទេ គឺ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ​ប៉ុណ្ណោះ»។ (ពេត្រុស​ទី​១ ៥:១​-​៣) ហ្វូង​ចៀម​នេះ​ជា​របស់​ផង​ព្រះ​យេហូវ៉ា ហើយ​ព្រះ​គ្រីស្ទ​ជា«អ្នក​គង្វាល​ល្អ»។ (យ៉ូហាន ១០:១៤) បើ​ពួក​អ្នក​ត្រួត​ពិនិត្យ​សង្ឃឹម​ឲ្យ​មាន​សហប្រតិបត្ដិការ​ដ៏​ស្ម័គ្រ​ចិត្ត​ពី​ពួក​ចៀម ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ​បាន​ដាក់​ឲ្យ​មើល​ថែ​រក្សា​នោះ ពួក​គេ​ក៏​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ក្នុង​ការ​ចុះ​ចូល​ដែរ។—កិច្ច​ការ ២០:២៨

៩ នៅ​ក្នុង​សតវត្ស​ទី​មួយ ពួក​អ្នក​ត្រួត​ពិនិត្យ​ដែល​ចាក់​ប្រេង​តាំង​ត្រូវ​បាន​តំណាង​ជា​និមិត្តរូប​ថា«នៅ» ឬ«កាន់»នឹង​ព្រះ​ហស្ត​ស្ដាំ​របស់​ព្រះ​គ្រីស្ទ ដោយ​មាន​ន័យ​ថា ពួក​គេ​ចុះ​ចូល​នឹង​ទ្រង់​ក្នុង​ឋានៈ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។ (វិវរណៈ ១:១៦, ២០; ២:១) នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ត្រូវ​តែ​ចុះ​ចូល​នឹង​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ ហើយ​ក៏​ត្រូវ‹បន្ទាប​ខ្លួន​គេ​នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ›។ (ពេត្រុស​ទី​១ ៥:៦) នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ហៅ​ឲ្យ​មក​ធ្វើ​ការ​វិនិច្ឆ័យ​រឿង​អ្វី​មួយ ពួក​គេ​ត្រូវ​តែ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា ដូច​ស្តេច​សាឡូម៉ូន​ក្នុង​គ្រា​ដែល​ទ្រង់​នៅ​ស្មោះ​ត្រង់ បាន​អធិស្ឋាន​ថា៖ «សូម​ទ្រង់​ប្រទាន​ឲ្យ​ទូល​បង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់​គ្រង​លើ​រាស្ត្រ​ទ្រង់ ប្រយោជន៍​ឲ្យ​ទូល​បង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ»។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:៩) ចិត្ត​ប្រកប​ដោយ​សេចក្ដី​គោរព​នឹង​ជំរុញ​អ្នក​ចាស់​ទុំ​ឲ្យ​ព្យាយាម​យល់​ឃើញ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ​យេស៊ូ​វ​យល់​ឃើញ ដើម្បី​ឲ្យ​ការ​វិនិច្ឆ័យ​ដែល​បាន​ធ្វើ​ឡើង​នៅ​ផែនដី មាន​សភាព​រឹត​តែ​ដូច​គ្នា​នឹង​ការ​វិនិច្ឆ័យ​ដែល​បាន​ធ្វើ​ឡើង​នៅ​ស្ថាន​សួគ៌​ដែរ។—ម៉ាថាយ ១៨:១៨​-​២០

១០. តើ​ពួក​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​ខំ​ប្រឹង​ប្រែង​យក​តម្រាប់​តាម​របៀប​ដែល​ព្រះ​យេស៊ូ​វ​បាន​ប្រព្រឹត្ត​នឹង​ពួក​ចៀម​យ៉ាង​ដូច​ម្ដេច​បាន?

១០ តាម​របៀប​នេះ​ដែរ ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ និង​ពួក​អ្នក​ចាស់​ទុំ​ក្រុម​ជំនុំ​ត្រូវ​តែ​យក​តម្រាប់​តាម​របៀប​ដែល​ព្រះ​គ្រីស្ទ​បាន​ប្រព្រឹត្ត​នឹង​ពួក​ចៀម។ ព្រះ​យេស៊ូ​វ​មិន​បាន​ដាក់​ឲ្យ​មាន​ច្បាប់​ច្រើន​ហួស​ហេតុ​ដែល​ពិបាក​កាន់​តាម ដូច​ពួក​ផារិស៊ី​ទេ។ (ម៉ាថាយ ២៣:២​-​១១) ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​មាន​លក្ខណៈ​ដូច​ចៀម​ថា៖ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំ​រាក ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំ​រាក​ដល់​ព្រលឹង ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល»។ (ម៉ាថាយ ១១:២៨​-​៣០) ថ្វី​បើ​ជន​គ្រីស្ទាន​ម្នាក់​ៗ​ត្រូវ​តែ«ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន»ជា​ពិត​មែន​ក្ដី ពួក​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​តែ​ចង​ចាំ​នូវ​គំរូ​របស់​ព្រះ​យេស៊ូ​វ ហើយ​ត្រូវ​តែ​ជួយ​បង​ប្អូន​គ្នា​ឯង​ឲ្យ​មាន​អារម្មណ៍​ថា បន្ទុក​នៃ​ភារៈ​គ្រីស្ទាន​របស់​គេ​គឺ«ងាយ»និង«ស្រាល» ហើយ​សប្បាយ​នឹង​ទទួល​ផង។—កាឡាទី ៦:៥

ការ​ចុះ​ចូល​ខាង​ព្រះ​ធិបតេយ្យភាព

១១. (ក) តើ​តាម​របៀប​ណា​ដែល​បុគ្គល​ម្នាក់​ប្រហែល​គោរព​កោត​ខ្លាច​ដល់​ប្រមុខភាព តែ​មិន​ពិត​ជា​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ​នោះ? សូម​ពន្យល់។ (ខ) តើ​ការ​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ​ដ៏​ពិត មាន​ន័យ​យ៉ាង​ណា?

១១ ព្រះ​ធិបតេយ្យភាព​គឺ​ជា​ការ​គ្រប់​គ្រង​ដោយ​ព្រះ។ ការ​នេះ​ជាប់​ទាក់​ទង​នឹង​គោល​ការណ៍​នៃ​ប្រមុខភាព​ដែល​បាន​សម្ដែង​មក​នៅ​ក្នុង​កូរិនថូស​ទី​១ ១១:៣។ ប៉ុន្តែ​ការ​នេះ​មាន​ន័យ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ បុគ្គល​ម្នាក់​ប្រហែល​សម្ដែង​ឫក​ពារ​ជា​អ្នក​គោរព​កោត​ខ្លាច​ដល់​ប្រមុខភាព តែ​បែរ​ជា​មិន​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ ក្នុង​ន័យ​ដ៏​ពេញ​លេញ​នៃ​ពាក្យ​នោះ។ តើ​យ៉ាង​ដូច​ម្ដេច​បាន​ជា​ដូច្នេះ? ជា​ឧទាហរណ៍ ប្រជាធិបតេយ្យ​ជា​រដ្ឋាភិបាល​ដោយ​ប្រជាជន ហើយ​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​គេ​ពន្យល់​ថា​ជា«បុគ្គល​ដែល​ជឿ​ឧត្តម​គតិ​ប្រជាធិបតេយ្យ»។ បុរស​ម្នាក់​ប្រហែល​ជា​អះអាង​ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ ដោយ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ព្រម​ទាំង​ធ្វើ​ជា​អ្នក​នយោបាយ​ដ៏​សកម្ម​ម្នាក់​ផង។ ប៉ុន្តែ បើ​តាម​រយៈ​មារយាទ​ទូទៅ​របស់​គាត់ គាត់​រំលោភ​មើល​ងាយ​នឹង​គតិ​ប្រជាធិបតេយ្យ​និង​គោល​ការណ៍​ទាំង​អស់​ដែល​ជាប់​ទាក់​ទង​នោះ តើ​អាច​និយាយ​បាន​ថា គាត់​ពិត​ជា​ធ្វើ​តាម​របៀប​ប្រជាធិបតេយ្យ​បាន​ទេ? ស្រដៀង​នឹង​ការ​នេះ​ដែរ ដើម្បី​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ​ដ៏​ពិត​នោះ បុគ្គល​ម្នាក់​ត្រូវ​តែ​ធ្វើ​អ្វី​ច្រើន​ទៀត គឺ​មិន​ត្រឹម​តែ​ចុះ​ចូល​នឹង​ប្រមុខភាព​តាម​វិធី​ធម្មតា​ប៉ុណ្ណោះ​ទេ។ គាត់​ត្រូវ​តែ​យក​តម្រាប់​តាម​វិធី​និង​គុណសម្បត្ដិ​នានា​របស់​ព្រះ​យេហូវ៉ា។ គាត់​ត្រូវ​តែ​ឲ្យ​ព្រះ​យេហូវ៉ា​គ្រប់​គ្រង​លើ​គាត់​ក្នុង​គ្រប់​បែប​យ៉ាង។ ម្យ៉ាង​ទៀត ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​អំណាច​ដ៏​ពេញ​លេញ​ឲ្យ​ព្រះ​រាជបុត្រា​ទ្រង់​ហើយ ការ​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ​ក៏​មាន​ន័យ​ថា​ត្រូវ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​វ​ដែរ។

១២, ១៣. (ក) តើ​ការ​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ ជា​ពិសេស​ជាប់​ទាក់​ទង​អ្វី​ខ្លះ? (ខ) តើ​ការ​ចុះ​ចូល​ខាង​ព្រះ​ធិបតេយ្យ​ទាក់​ទង​នឹង​ការ​គោរព​តាម​ច្បាប់​ជា​ច្រើន​ឬ? សូម​ពន្យល់។

១២ សូម​ចង​ចាំ​ថា ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​បាន​ការ​ចុះ​ចូល​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដោយ​ញ៉ាំង​មក​ពី​សេចក្ដី​ស្រឡាញ់។ នេះ​ហើយ​ជា​របៀប​ដែល​ទ្រង់​គ្រប់​គ្រង​សកល​លោក។ ទ្រង់​ជា​បដិរូបកម្ម​ដ៏​ពិត​នៃ​សេចក្ដី​ស្រឡាញ់។ (យ៉ូហាន​ទី​១ ៤:៨) ព្រះ​គ្រីស្ទ​យេស៊ូ​វ​ជា«ជា​រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់»។ (ហេព្រើរ ១:៣) ទ្រង់​តម្រូវ​ឲ្យ​សិស្ស​ដ៏​ពិត​របស់​ទ្រង់​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ (យ៉ូហាន ១៥:១៧) ដូច្នេះ ការ​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ​មិន​ត្រឹម​តែ​ទាក់​ទង​នឹង​ការ​ចុះ​ចូល​ប៉ុណ្ណោះ​ទេ គឺ​ទាក់​ទង​នឹង​ការ​ចេះ​ស្រឡាញ់​គ្នា​ដែរ។ រឿង​នេះ​អាច​សរុប​បាន​ដូច​ត​ទៅ៖ ព្រះ​ធិបតេយ្យភាព​គឺ​ជា​ការ​គ្រប់​គ្រង​ដោយ​ព្រះ ហើយ​ព្រះ​ជា​សេចក្ដី​ស្រឡាញ់ ដូច្នេះ ព្រះ​ធិបតេយ្យភាព​គឺ​ជា​ការ​គ្រប់​គ្រង​ដោយ​សេចក្ដី​ស្រឡាញ់។

១៣ អ្នក​ចាស់​ទុំ​ម្នាក់​អាច​គិត​ថា ដើម្បី​ឲ្យ​បាន​ជា​របៀប​ព្រះ​ធិបតេយ្យ បង​ប្អូន​ទាំង​អស់​ត្រូវ​តែ​គោរព​ច្បាប់​គ្រប់​ប្រភេទ។ អ្នក​ចាស់​ទុំ​ខ្លះ​បាន​បង្កើត​ច្បាប់​ពី​យោបល់​ដែល«អ្នក​បំរើ​ស្មោះ​ត្រង់ មាន​មារយាទ»បាន​ផ្ដល់​ឲ្យ​ពី​ពេល​មួយ​ទៅ​ពេល​មួយ។ (ម៉ាថាយ ២៤:៤៥) ជា​ឧទាហរណ៍ នៅ​ពេល​មួយ គេ​បាន​ឲ្យ​យោបល់​មក​ថា ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​ឲ្យ​បាន​ស្គាល់​បង​ប្អូន​ផ្សេង​ៗ​នៅ​ក្នុង​ក្រុម​ជំនុំ​នោះ ប្រហែល​ជា​ការ​ប្រសើរ​បើ​មិន​តែង​តែ​អង្គុយ​នៅ​កន្លែង​តែ​មួយ​នៅ​ក្នុង​សាល​ព្រះ​រាជាណាចក្រ។ នេះ​គឺ​ជា​យោបល់​ដែល​មាន​ប្រយោជន៍ គឺ​មិន​មែន​ជា​ច្បាប់​តឹង​រឹង​នោះ​ទេ។ ប៉ុន្តែ​អ្នក​ចាស់​ទុំ​ខ្លះ​ប្រហែល​ជា​ចង់​ផ្លាស់​យោបល់​នោះ​ទៅ​ជា​ច្បាប់ ហើយ​ក៏​មាន​អារម្មណ៍​ថា​បើ​អ្នក​ណា​មិន​កាន់​តាម​ច្បាប់​នោះ​ទេ អ្នក​នោះ​មិន​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ​ទេ។ ក៏​ប៉ុន្តែ ប្រហែល​ជា​បង​ប្អូន​ប្រុស​ស្រី​ខ្លះ​មាន​មូលហេតុ​ល្អ​ៗ​ជា​ច្រើន ដែល​គេ​ចង់​អង្គុយ​នៅ​កន្លែង​តែ​មួយ​នោះ។ បើ​សិន​ជា​អ្នក​ចាស់​ទុំ​មិន​មាន​ចិត្ត​អធ្យាស្រ័យ​ដល់​ការ​នេះ​ទេ តើ​អាច​ចាត់​ថា​ខ្លួន​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ​បាន​ទេ? ដើម្បី​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ សូម«ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​អស់ ដោយ​សេចក្ដី​ស្រឡាញ់»ចុះ។—កូរិនថូស​ទី​១ ១៦:១៤

ការ​បំរើ​ដោយ​ចិត្ត​រីករាយ

១៤, ១៥. (ក) តើ​តាម​របៀប​ណា​ដែល​អ្នក​ចាស់​ទុំ​អាច​ធ្វើ​ឲ្យ​បង​ប្អូន​ប្រុស​ស្រី​ណា​ម្នាក់​បាត់​អំណរ​អរ​របស់​គេ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា ហើយ​ហេតុ​អ្វី​ក៏​ការ​នេះ​មិន​សមតា​មរ​បៀ​ប​ព្រះ​ធិបតេយ្យ? (ខ) តើ​ព្រះ​យេស៊ូ​វ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា ថា​ទ្រង់​មាន​ព្រះ​ទ័យ​អប់​អរ​នឹង​សេចក្ដី​ស្រឡាញ់​ដែល​បញ្ចេញ​តាម​រយៈ​ការ​បំរើ​របស់​យើង ជា​ជាង​ចំនួន​ម៉ោង​នោះ? (គ) តើ​អ្នក​ចាស់​ទុំ​គួរ​តែ​ចេះ​គិត​ដល់​អ្វី?

១៤ ការ​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ​ក៏​មាន​ន័យ​ថា យើង​ត្រូវ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រីករាយ​ដែរ។ ព្រះ​យេហូវ៉ា​ជា‹ព្រះ​ដ៏​សប្បាយ​រីករាយ›។ (ធីម៉ូថេ​ទី​១ ១:១១) ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​អ្នក​ថ្វាយ​បង្គំ​ទ្រង់ បំរើ​ទ្រង់​ដោយ​ចិត្ត​រីករាយ។ ពួក​អ្នក​ដែល​តឹង​រឹង​នឹង​ច្បាប់​គួរ​តែ​ចង​ចាំ​ថា ក្នុង​ចំណោម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដែល​សាសន៍​អ៊ីស្រាអែល«ត្រូវ​ប្រយ័ត​នឹង​ប្រព្រឹត្ត​តាម» គឺ​មាន​បញ្ញត្ត​មួយ​នេះ​ថា«ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​អ្វី ដែល​អាច​លូក​ដៃ​ទៅ​ចាប់​យក​បាន»។ (ចោទិយកថា ១២:១, ១៨) អ្វី​ៗ​ដែល​យើង​ទទួល​ធ្វើ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា គួរ​តែ​ជា​ការ​រីករាយ គឺ​មិន​មែន​ជា​បន្ទុក​ទេ។ ពួក​អ្នក​ត្រួត​ពិនិត្យ​អាច​ធ្វើ​បាន​យ៉ាង​ច្រើន ដើម្បី​ជួយ​បង​ប្អូន​ឲ្យ​មាន​ចិត្ត​សប្បាយ​រីករាយ​នឹង​កិច្ច​ការ​អ្វី​ៗ​ដែល​គេ​អាច​ធ្វើ​បាន ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​អ្នក​ចាស់​ទុំ​មិន​ចេះ​ប្រយ័ត្ន​ខ្លួន ពួក​គេ​អាច​ធ្វើ​ឲ្យ​បង​ប្អូន​បាត់​អំណរ​អរ​របស់​គេ។ ឧទាហរណ៍ បើ​អ្នក​ចាស់​ទុំ​ធ្វើ​ការ​ប្រៀប​ធៀប ដោយ​លើក​សរសើរ​អ្នក​ផ្សាយ​ណា​ដែល​បាន​គ្រប់​ចំនួន​ម៉ោង ឬ​លើស​ពី​ម៉ោង​មធ្យម​ភាគ​ក្នុង​ក្រុម​ជំនុំ ហើយ​ដោយ​និយាយ​រិះ​គន់​បញ្ឆិត​បញ្ឆៀង​អំពី​អ្នក​ណា​ដែល​មិន​បាន​គ្រប់​ចំនួន​ម៉ោង​នោះ តើ​ពួក​អ្នក​ដែល​មាន​ចំនួន​ម៉ោង​តិច​ដោយ​មូលហេតុ​ត្រឹម​ត្រូវ​នោះ នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ទៅ? តើ​ការ​នេះ​មិន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​វិប្បដិសារ​ដែល​ឥត​ចាំ​បាច់ ហើយ​ធ្វើ​ឲ្យ​បាត់​អំណរ​អរ​របស់​គេ​ទេ​ឬ?

១៥ ចំនួន​ពី​បី​ម៉ោង​ដែល​អ្នក​ខ្លះ​អាច​បូជា​ដើម្បី​ការ​ផ្សាយ​ជា​សាធារណៈ អាច​តំណាង​ការ​ខំ​ប្រឹង​ប្រែង​ដ៏​សម្បើម​ជាង​ចំនួន​ច្រើន​ម៉ោង​ដែល​អ្នក​ឯ​ទៀត​បាន​ចំណាយ​ដើរ​ផ្សាយ បើ​គិត​ដល់​អាយុ​នៅ​ក្មេង សុខភាព និង​កាលៈទេសៈ​ផ្សេង​ៗ​នោះ។ ចំពោះ​រឿង​នេះ ពួក​អ្នក​ចាស់​ទុំ​មិន​ត្រូវ​កាត់​សេចក្ដី​អំពី​ពួក​គេ​ឡើយ។ ពិត​មែន​ហើយ គឺ​សំរាប់​តែ​ព្រះ​យេស៊ូ​វ​ទេ​ដែល​ព្រះ​វរបិតា​បាន​ប្រគល់«អំណាច​មក​ទ្រង់ ឲ្យ​ជំនុំ​ជំ​រះ»នោះ។ (យ៉ូហាន ៥: ២៧) តើ​ព្រះ​យេស៊ូ​វ​បាន​រិះ​គន់​ស្ត្រី​មេម៉ាយ​ដ៏​ក្រ​កំសត់​ម្នាក់​ដែល​បាន​ធ្វើ​ទាន​យ៉ាង​តិច​ជាង​មធ្យម​ភាគ​នោះ​ទេ? មិន​បាន​ទេ តែ​ទ្រង់​បាន​ជ្រាប​ដឹង​ថា កាក់​ពីរ​តូច​ៗ​នោះ​ពិត​ជា​មាន​តម្លៃ​ណាស់​ចំពោះ​នាង។ កាក់​ពីរ​តូច​នេះ​គឺ​ជា«របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន»។ កាក់​ពីរ​នេះ​ជា​ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ដ៏​ជ្រៅ​ម្ល៉េះ​ហ្ន៎! (ម៉ាកុស ១២:៤១​-​៤៤) ចំពោះ​ការ​ខំ​ប្រឹង​ប្រែង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​បុគ្គល​ដែល​មាន​ចំនួន​ម៉ោង​តិច​ជាង«មធ្យម​ភាគ» តើ​អ្នក​ចាស់​ទុំ​គួរ​តែ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​បុគ្គល​នោះ​ឬ? បើ​គិត​អំពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​វិញ ការ​ខំ​ប្រឹង​ប្រែង​បែប​នេះ​ប្រហែល​ជា​បាន​លើស​ជាង​ចំនួន​មធ្យម​ភាគ​ទៅ​ទៀត!

១៦. (ក) បើ​ពួក​អ្នក​ត្រួត​ពិនិត្យ​ប្រើ​ចំនួន​លេខ​ក្នុង​សុន្ទរកថា​របស់​គេ ហេតុ​អ្វី​ក៏​ពួក​គេ​ត្រូវ​តែ​មាន​ការ​ចេះ​វិនិច្ឆ័យ​និង​ការ​ចេះ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ល្អ​នោះ? (ខ) តើ​មាន​វិធី​ដ៏​ប្រសើរ​ណា ដែល​អាច​ជួយ​បង​ប្អូន​ឲ្យ​ចំរើន​ការ​បំរើ​របស់​គេ?

១៦ តើ​នេះ​មាន​ន័យ​ថា នឹង​មាន«ច្បាប់»ថ្មី​មួយ​ដែល​មិន​ត្រូវ​លើក​ប្រាប់​អំពី​ចំនួន​ម៉ោង សូម្បី​តែ​មធ្យម​ភាគ​ឬ? គឺ​មិន​ដូច្នេះ​ទេ! ចំណុច​ដ៏​សំខាន់​នោះ​គឺ​ថា ពួក​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​តែ​ចេះ​ថ្លឹងថ្លែង​រវាង​ការ​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​ពង្រីក​កិច្ច​បំរើ​របស់​គេ និង​ការ​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​យ៉ាង​ណា​ដែល​គេ​អាច​ធ្វើ​បាន​ដោយ​ចិត្ត​រីករាយ។ (កាឡាទី ៦:៤) នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​វ ដែល​ស្តី​អំពី​ប្រាក់​ថាល្លិន ចៅ​ថ្វាយ​បាន​ប្រគល់​ប្រាក់​នោះ​ឲ្យ​បាវ​បំរើ​របស់​គាត់​ទាំង​អស់«គឺ​ឲ្យ​គ្រប់​គ្នា​តាម​ដំ​រិះ​គេ​រៀង​ខ្លួន»។ (ម៉ាថាយ ២៥:១៤, ១៥) យ៉ាង​ដូច្នេះ​ដែរ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​ចេះ​យោគ​យល់​ដល់​លទ្ធភាព​នៃ​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ម្នាក់​ៗ។ នេះ​ត្រូវ​តែ​ឲ្យ​មាន​ការ​ចេះ​វិនិច្ឆ័យ។ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ពិត​ជា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​អាច​ធ្វើ​ការ​បាន​ច្រើន។ ពួក​គេ​ប្រហែល​ជា​មាន​ចិត្ត​អបអរ​ចំពោះ​ការ​ជួយ​រៀបចំ​សកម្មភាព​របស់​គេ​ឲ្យ​បាន​ប្រសើរ​ឡើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​អាច​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​យ៉ាង​ណា​ដែល​គេ​អាច​ធ្វើ​បាន​ដោយ​ចិត្ត​រីករាយ អំណរ​អរ​នោះ​នឹង​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​ចង់​ពង្រីក​សកម្មភាព​គ្រីស្ទាន​របស់​គេ បើ​អាច​ធ្វើ​ទៅ​បាន។—នេហេមា ៨:១០; ទំនុកដំកើង ៥៩:១៦; យេរេមា ២០:៩

សេចក្ដី​សុខ​សាន្ត​ដែល​បាន​មក​ពី​ការ​ចុះ​ចូល​ដោយ​ចិត្ត​រីករាយ

១៧, ១៨. (ក) តើ​ការ​ចុះ​ចូល​ដោយ​ចិត្ត​រីករាយ​អាច​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត​និង​សេចក្ដី​សុចរិត​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​អាច​ទទួល​អ្វី បើ​យើង​ពិត​ជា​ខំ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​នោះ?

១៧ ការ​ចុះ​ចូល​ដោយ​ចិត្ត​រីករាយ​ចំពោះ​អធិបតេយ្យភាព​ដ៏​ពេញ​ច្បាប់​របស់​ព្រះ​យេហូវ៉ា នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត​ជា​ច្រើន។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា៖ «ពួក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ​វិន័យ​ទ្រង់ នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស​លុប ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ»។ (ទំនុកដំកើង ១១៩:១៦៥) បើ​យើង​គោរព​ក្រិត្យ​វិន័យ​របស់​ព្រះ នោះ​យើង​នឹង​បាន​ប្រយោជន៍​សំរាប់​ខ្លួន​យើង។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​សាសន៍​អ៊ីស្រាអែល​ថា៖ «ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា៖ ‹អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ។ ឱ​បើ​ឯង​បាន​ស្ដាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ› »។—អេសាយ ៤៨:១៧, ១៨

១៨ យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​នឹង​ព្រះ។ (កូរិនថូស​ទី​២ ៥:១៨, ១៩) បើ​សិន​ជា​យើង​មាន​ជំនឿ​ទៅ​លើ​លោហិត​លោះ​របស់​ព្រះ​គ្រីស្ទ ហើយ​ខំ​យក​ចិត្ត​ទុក​ដាក់​ប្រយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​យើង និង​ខំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ យើង​នឹង​បាន​ធូរ​ស្បើយ​ពី​ចិត្ត​វិប្បដិសារ​ជា​មិន​ខាន។ (យ៉ូហាន​ទី​១ ៣:១៩​-​២៣) ជំនឿ​បែប​នេះ ដែល​គាំទ្រ​ដោយ​ការ​ប្រព្រឹត្ត នឹង​ធ្វើ​ឲ្យ​យើង​មាន​ឋានៈ​សុចរិត​នៅ​ចំពោះ​ព្រះ​យេហូវ៉ា និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នៃ​ការ​រួច​រស់​ជីវិត​ពី«គ្រា​វេទនា​យ៉ាង​ធំ» ហើយ​នឹង​រស់​នៅ​ជា​និរន្តរ៍​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​យេហូវ៉ា។ (វិវរណៈ ៧:១៤​-​១៧; យ៉ូហាន ៣:៣៦; យ៉ាកុប ២:២២, ២៣) អ្វី​ៗ​ដ៏​ល្អ​ទាំង​អស់​នេះ អាច​ទៅ​ជា​របស់​ផង​យើង ‹បើ​យើង​ខំ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ›។

១៩. តើ​សុភមង្គល​នៅ​សព្វ​ថ្ងៃ​នេះ និង​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​របស់​យើង​ស្រេច​ទៅ​លើ​អ្វី ហើយ​តើ​ដាវីឌ​បាន​សម្ដែង​ការ​ជឿ​ជាក់​អស់​ពី​ចិត្ត​របស់​យើង​យ៉ាង​ណា?

១៩ មែន​ហើយ សុភមង្គល​នៅ​សព្វ​ថ្ងៃ​នេះ និង​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​នៅ​លើ​ផែនដី​មនោរម្យ គឺ​ស្រេច​ទៅ​លើ​ការ​ចុះ​ចូល​ដោយ​រីករាយ​របស់​យើង​ចំពោះ​អំណាច​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​មហា​ក្សត្រ​នៃ​សកល​លោក។ សូម​ឲ្យ​យើង​មាន​មនោ​អារម្មណ៍​ដូច​ដាវីឌ ដែល​បាន​មាន​ប្រសាសន៍​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ ភាព​ដ៏​ធំ​នឹង​ព្រះ​ចេស្ដា សិរី​ល្អ ជ័យ​ជំនះ នឹង​តេជានុភាព នោះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ នឹង​នៅ​ផែនដី ជា​របស់​ផង​ទ្រង់ ឱ​ព្រះ​យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​ដំ​កើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់។ ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ​គុណ​ដល់​ទ្រង់ ហើយ​ក៏​លើក​សរសើរ​ព្រះ​នាម​ទ្រង់​ដ៏​មាន​សិរី​ល្អ»។—របាក្សត្រ​ទី​១ ២៩:១១, ១៣

ចំណុច​ដែល​ត្រូវ​ចង​ចាំ

◻ តើ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​អ្នក​បំរើ​ទ្រង់​បង្ហាញ​ការ​ចុះ​ចូល និង​ការ​គោរព​ប្រភេទ​ណា?

◻ តើ​ព្រះ​យេស៊ូ​វ​បាន​ទទួល​រង្វាន់​ចំពោះ​ការ​គោរព​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច ហើយ​តើ​យើង​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​អ្វី តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង?

◻ តើ​ពួក​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​យក​តម្រាប់​តាម​របៀប​ដែល​ព្រះ​យេស៊ូ​វ​បាន​ប្រព្រឹត្ត​នឹង​ពួក​ចៀម​យ៉ាង​ដូច​ម្ដេច​បាន?

◻ តើ​ការ​ធ្វើ​តាម​របៀប​ព្រះ​ធិបតេយ្យ​ទាក់​ទង​អ្វី​ខ្លះ?

◻ តើ​ការ​ចុះ​ចូល​ដោយ​ចិត្ត​រីករាយ​នាំ​ឲ្យ​យើង​ទទួល​ប្រសិទ្ធិ​ពរ​អ្វី​ខ្លះ?

[រូប​ភាព​នៅ​ទំព័រ​១៧]

ពួក​អ្នក​ចាស់​ទុំ​លើក​ទឹក​ចិត្ត​ពួក​ហ្វូង​ចៀម​ឲ្យ​ធ្វើ​យ៉ាង​ណា​ដែល​គេ​អាច​ធ្វើ​បាន​ដោយ​ចិត្ត​រីករាយ

[រូប​ភាព​នៅ​ទំព័រ​១៩]

ព្រះ​យេហូវ៉ា​ពេញ​ព្រះ​ហឫទ័យ​នឹង​អ្នក​ណា​ដែល​គោរព​ទ្រង់​អស់​ពី​ចិត្ត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក