បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lv ជំ. ៤ ទំ. ៤១-៥៦
  • ហេតុអ្វីគួរគោរពអ្នកដែលមានអំណាចលើយើង?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីគួរគោរពអ្នកដែលមានអំណាចលើយើង?
  • «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​យើង​ពិបាក​គោរព​អ្នក​មាន​អំណាច​លើ​យើង?
  • ហេតុ​អ្វី​គួរ​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង?
  • របៀប​បង្ហាញ​ការ​គោរព​ក្នុង​រង្វង់​គ្រួសារ
  • របៀប​បង្ហាញ​ការ​គោរព​ក្នុង​ក្រុម​ជំនុំ
  • របៀប​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អាជ្ញាធរ
  • ចូរគោរពពួកបុគ្គលដែលមានអំណាចគ្រប់គ្រងលើអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ទស្សនៈគ្រីស្ទានចំពោះអំណាច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចូរគោរពព្រះយេហូវ៉ាជាអ្នកមានសិទ្ធិកាន់អំណាច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ការគោរពអំណាចគ្រប់គ្រង ហេតុអ្វីក៏ជាការចាំបាច់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
lv ជំ. ៤ ទំ. ៤១-៥៦
ឪពុកម្នាក់កំពុងបង្រៀនក្រុមគ្រួសាររបស់គាត់

ជំពូក​ទី​៤

ហេតុ​អ្វី​គួរ​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង?

​«​ចូរ​គោរព​មនុស្ស​គ្រប់​ប្រភេទ​»។—ពេត្រុសទី១ ២:១៧

១, ២​. (​ក​) ស្តី​អំពី​ការ​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង តើ​យើង​ប្រឈម​មុខ​ការ​ពិបាក​អ្វី? (​ខ​) តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

ពេល​ឪពុក​ម្ដាយ​សុំ​កូន​តូច​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​កូន​មិន​ចង់​ធ្វើ តើ​កូន​មាន​ប្រតិកម្ម​យ៉ាង​ណា? ទឹក​មុខ​របស់​កូន​ប្រហែលជា​បង្ហាញ​ច្បាស់​អំពី​ការ​ប្រទាញប្រទង់​ដែល​កំពុង​កើត​ឡើង​ក្នុង​ចិត្ត​គាត់។ កូន​ឮ​សំឡេង​ឪពុក​ម្ដាយ ហើយ​ដឹង​ថា​គួរ​គោរព​សិទ្ធិ​អំណាច​របស់​ពួក​គាត់។ ប៉ុន្តែ​ក្នុង​ករណី​នេះ គាត់​មិន​ចង់​ស្ដាប់​ឪពុក​ម្ដាយ​ទេ។ ការ​ពិបាក​របស់​កូន​តូច​មួយ​រូប​នេះ បញ្ជាក់​ការ​ពិត​មួយ​ដែល​យើង​ទាំង​អស់​គ្នា​ប្រឈម​មុខ​ម្ដង​ម្កាល។

២ ការ​គោរព​អ្នក​ដែល​មាន​អំណាចaលើ​យើង មិន​តែង​តែ​ស្រួល​ទេ។ ជួនកាល តើ​អ្នក​ពិបាក​គោរព​អ្នក​ដែល​មាន​អំណាច​លើ​អ្នក​មួយ​កម្រិត​ឬ​ទេ? បើ​ដូច្នេះ មិន​មាន​តែ​អ្នក​ប៉ុណ្ណោះ​ទេ ដែល​មាន​ការ​ពិបាក​នេះ។ យើង​កំពុង​រស់​នៅ​សម័យ​មួយ​ដែល​ការ​គោរព​អ្នក​ដែល​មាន​អំណាច​បាន​ថយ​ចុះ​ដល់​កម្រិត​ទាប​បំផុត។ ប៉ុន្តែ​គម្ពីរ​បង្ហាញ​ថា​យើង​ត្រូវ​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង។ (​សុភាសិត ២៤:២១​) តាម​ពិត បើ​យើង​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ យើង​ចាំ​បាច់​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង។ ដូច្នេះ នេះ​នាំ​ឲ្យ​មាន​សំណួរ​ខ្លះ​ៗ។ ហេតុ​អ្វី​ជួនកាល​ការ​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង​គឺ​ពិបាក​ម្ល៉េះ? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច្នេះ? តើ​អ្វី​នឹង​ជួយ​យើង​ធ្វើ​តាម​តម្រូវ​ការ​នេះ? ហើយ​តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង?

ហេតុ​អ្វី​យើង​ពិបាក​គោរព​អ្នក​មាន​អំណាច​លើ​យើង?

៣, ៤​. តើ​ភាព​ខុស​ឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​បាន​ចាប់​ផ្ដើម​មាន​តាំង​ពី​ពេល​ណា? ហើយ​ហេតុ​អ្វី​ភាព​ខុស​ឆ្គង​របស់​យើង​ធ្វើ​ឲ្យ​យើង​ពិបាក​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង?

៣ សូម​ពិចារណា​យ៉ាង​ខ្លី​អំពី​មូលហេតុ​ពីរ​យ៉ាង ដែល​ជួនកាល​យើង​ពិបាក​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង។ ទី​១ យើង​មិន​មែន​ល្អ​ឥត​ខ្ចោះ​ទេ។ ទី​២ អ្នក​ដែល​មាន​អំណាច​លើ​យើង​ក៏​មិន​ល្អ​ឥត​ខ្ចោះ​ដែរ។ ភាព​ខុស​ឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ចាប់​ផ្ដើម​មាន​តាំង​ពី​យូរ​យារ​មក​ហើយ​នៅ​សួន​អេដែន ពេល​ដែល​អាដាម​និង​អេវ៉ា​បាន​ប្រឆាំង​អំណាច​របស់​ព្រះ។ ដូច្នេះ ភាព​ខុស​ឆ្គង​បាន​ផ្ដើម​ចេញ​ពី​ការ​ប្រឆាំង​អំណាច។ តាំង​តែ​ពី​ពេល​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ យើង​កើត​មក​ទាំង​មាន​ចិត្ត​ចង់​ប្រឆាំង​អ្នក​ដែល​មាន​អំណាច​លើ​យើង។—លោកុប្បត្តិ ២:១៥​-​១៧; ៣:១​-​៧; ទំនុក​តម្កើង ៥១:​៥; រ៉ូម ៥:១២

៤ ដោយ​សារ​យើង​មាន​ភាព​ខុស​ឆ្គង នោះ​យើង​ងាយ​ចាប់​ផ្ដើម​ក្រអឺតក្រអោង ហើយ​មាន​មោទនភាព​ហួស​ហេតុ​ពេក រីឯ​ចិត្ត​រាប​ទាប​វិញ នោះ​ជា​គុណ​សម្បត្ដិ​ដែល​កម្រ​មាន ហើយ​យើង​ត្រូវ​ខំ​ប្រឹង​ខ្លាំង​ណាស់ ទើប​យើង​អាច​មាន​និង​អាច​បង្ហាញ​គុណ​សម្បត្ដិ​នេះ​ជា​និច្ច។ ទោះ​ជា​យើង​ធ្លាប់​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​អស់​ច្រើន​ឆ្នាំ​ហើយ​ក្ដី យើង​អាច​បែរ​ជា​រឹង​ចចេស ហើយ​អាច​ចាញ់​ឥទ្ធិពល​នៃ​មោទនភាព​របស់​យើង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​កូរ៉ា​ដែល​បាន​ស្មោះ​ត្រង់​នឹង​រាស្ត្រ​ព្រះ​យេហូវ៉ា​ក្នុង​គ្រា​មាន​ទុក្ខ​លំបាក​ជា​ច្រើន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​ស្រេក​ឃ្លាន​អំណាច ហើយ​បាន​បំបះបំបោរ​បណ្ដា​ជន​ដោយ​ឥត​កោត​ក្រែង ឲ្យ​ប្រឆាំង​ម៉ូសេ​ដែល​ជា​បុរស​សុភាព​បំផុត​នៅ​លើ​ផែនដី​នៅ​ពេល​នោះ។ (​ជនគណនា ១២:៣; ១៦:១​-​៣​) ម្យ៉ាង​ទៀត សូម​គិត​អំពី​ស្តេច​អូសៀស​ដែល​បាន​ត្រូវ​ជំរុញ​ដោយ​មោទនភាព​របស់​គាត់​ឲ្យ​ចូល​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​បំពេញ​កិច្ចការ​ពិសិដ្ឋ​មួយ​ដែល​មាន​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ​មាន​សិទ្ធិ​ធ្វើ។ (​របាក្សត្រទី២ ២៦:១៦​-​២១​) កូរ៉ា​និង​អូសៀស​បាន​ទទួល​ទោស​ធ្ងន់​ដោយ​សារ​ពួក​គេ​បាន​ប្រឆាំង​អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន។ ប៉ុន្តែ​គំរូ​អាក្រក់​របស់​ពួក​គេ​ជួយ​រំលឹក​យើង​ថា យើង​ត្រូវ​ខំ​ប្រឹង​ព្យាយាម​កុំ​ឲ្យ​មោទនភាព​ធ្វើ​ឲ្យ​យើង​ពិបាក​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង។

៥​. តើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ធ្លាប់​ប្រើ​អំណាច​របស់​ខ្លួន​ក្នុង​ផ្លូវ​ខុស​យ៉ាង​ដូច​ម្ដេច?

៥ ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​អ្នក​ដែល​មាន​អំណាច ជា​មូលហេតុ​សំខាន់​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​គោរព​អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន។ មនុស្ស​ជា​ច្រើន​ដែល​មាន​អំណាច​បាន​ប្រព្រឹត្ត​ដោយ​ឃោរឃៅ ផ្ដាច់​ការ ឬ​ប្រើ​អំណាច​របស់​ខ្លួន​ដើម្បី​ធ្វើ​បាប​អ្នក​ឯ​ទៀត។ តាម​ពិត បើ​យើង​ពិនិត្យ​មើល​កំណត់​ហេតុ​អំពី​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​ជាតិ យើង​នឹង​ឃើញ​ថា​នោះ​ច្រើន​តែ​បញ្ជាក់​អំពី​ការ​ប្រើ​អំណាច​ក្នុង​ផ្លូវ​ខុស។ (សូម​អាន សាស្ដា ៨:៩) ជា​ឧទាហរណ៍ នៅ​ដើម​ដំបូង​ពេល​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​សូល​ឲ្យ​ធ្វើ​ជា​ស្តេច គាត់​ជា​មនុស្ស​ល្អ​ហើយ​មាន​ចិត្ត​រាប​ទាប។ ក៏​ប៉ុន្តែ​គាត់​បាន​ចាញ់​ឥទ្ធិពល​នៃ​មោទនភាព​របស់​ខ្លួន ហើយ​ចាប់​ផ្ដើម​មាន​ចិត្ត​ច្រណែន​ទៀត​ផង។ ក្រោយ​មក គាត់​បៀតបៀន​ដាវីឌ​ដែល​ជា​អ្នក​ស្មោះ​ត្រង់​នឹង​ព្រះ។ (​សាំយូអែល​ទី​១ ៩:២០, ២១; ១០:២០​-​២២; ១៨:៧​-​១១​) ដាវីឌ​បាន​ទៅ​ជា​ស្តេច​ល្អ​បំផុត​មួយ​នៅ​អ៊ីស្រាអែល តែ​ដាវីឌ​ក៏​បាន​ប្រើ​អំណាច​របស់​គាត់​ក្នុង​ផ្លូវ​ខុស​ដែរ ពេល​ដែល​គាត់​លួច​ប្រពន្ធ​របស់​អ៊ូរី​សាសន៍​ហេ​ត ហើយ​ចាត់​អ៊ូរី​ជា​មនុស្ស​ស្លូត​ត្រង់​ឲ្យ​ទៅ​សមរភូមិ​ប្រយុទ្ធ​នៅ​ជួរ​ខាង​មុខ​នៃ​កង​ទ័ព​ដើម្បី​ឲ្យ​គាត់​ស្លាប់។ (​សាំយូអែលទី២ ១១:១​-​១៧​) គំរូ​ទាំង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ភាព​មិន​ល្អ​ឥត​ខ្ចោះ​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ប្រើ​អំណាច​ឲ្យ​បាន​ត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត បើ​អ្នក​ដែល​មាន​អំណាច​មិន​គោរព​ព្រះ​យេហូវ៉ា ពួក​គេ​ប្រើ​អំណាច​របស់​ខ្លួន​ដើម្បី​ធ្វើ​អំពើ​អាក្រក់​ជាង​នោះ​ទៅ​ទៀត។ អ្នក​នយោបាយ​ជន​ជាតិ​អង់គ្លេស​ម្នាក់​ធ្លាប់​រៀប​រាប់​អំពី​របៀប​ដែល​សម្ដេច​ប៉ាប​ខ្លះ​នៃ​សាសនា​កាតូលិក​បាន​ញុះញង់​បណ្ដា​ជន​ឲ្យ​បៀតបៀន​អ្នក​ឯ​ទៀត។ គាត់​សរសេរ​ថា​៖ ​«​អំណាច​អាច​បំពុល​ចិត្ត​គំនិត​របស់​មនុស្ស​មួយ​កម្រិត តែ​បើ​មនុស្ស​មាន​អំណាច​ផ្ដាច់​ការ នោះ​បំពុល​ចិត្ត​គំនិត​ពួក​គេ​ទាំង​ស្រុង​»។ ដោយ​ឃើញ​ថា​មនុស្ស​ធ្លាប់​ប្រើ​អំណាច​របស់​ខ្លួន​ក្នុង​ផ្លូវ​ខុស សូម​គិត​អំពី​សំណួរ​ថា ហេតុ​អ្វី​យើង​គួរ​គោរព​អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន?

ហេតុ​អ្វី​គួរ​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង?

៦, ៧​. (​ក​) តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី? (​ខ​) តើ​ការ​ចុះ​ចូល​មាន​ន័យ​ដូច​ម្ដេច? ហើយ​តើ​យើង​បង្ហាញ​ថា​យើង​ចុះ​ចូល​យ៉ាង​ដូច​ម្ដេច?

៦ សេចក្ដី​ស្រឡាញ់​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​យើង​គួរ​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង ពោល​គឺ​ស្រឡាញ់​ព្រះ​យេហូវ៉ា មនុស្ស​ឯ​ទៀត និង​ខ្លួន​យើង​ទៀត​ផង។ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជាង​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់ នោះ​យើង​ចង់​ធ្វើ​ឲ្យ​ចិត្ត​លោក​បាន​រីករាយ។ (សូម​អាន សុភាសិត ២៧:១១; ម៉ាកុស ១២:២៩, ៣០) យើង​ដឹង​ថា សិទ្ធិ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​គ្រប់​គ្រង​សកលលោក​បាន​ត្រូវ​ចោទ​ប្រកាន់​នៅ​ផែនដី តាំង​ពី​មាន​ការ​ប្រឆាំង​អំណាច​របស់​លោក​នៅ​សួន​អេដែន។ យើង​ក៏​ដឹង​ដែរ​ថា មនុស្ស​ភាគ​ច្រើន​បាន​ចូល​ខាង​សាថាន​ហើយ​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ យើង​សប្បាយ​ចិត្ត​ដែល​អាច​គាំទ្រ​ខាង​ព្រះ​យេហូវ៉ា​វិញ។ ពេល​យើង​អាន​ពាក្យ​ពីរោះ​នៅ​ការ​បើក​បង្ហាញ ៤:១១ នោះ​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត។ យើង​យល់​ច្បាស់​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​មាន​សិទ្ធិ​ត្រឹម​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង​សកល​លោក! យើង​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​អស់ពី​ចិត្ត ហើយ​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​នោះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

៧ ការ​គោរព​អំណាច​របស់​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា​យើង​ស្ដាប់​បង្គាប់​លោក ហើយ​ក៏​រួម​បញ្ចូល​អ្វី​ផ្សេង​ទៀត​ដែរ។ យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ ពីព្រោះ​យើង​ស្រឡាញ់​លោក។ ប៉ុន្តែ​គង់តែ​នឹង​មាន​ពេល​ខ្លះ​ដែល​ការ​ស្ដាប់​បង្គាប់​គឺ​ពិបាក​ណាស់​ចំពោះ​យើង។ នៅ​ពេល​នោះ យើង​នឹង​ត្រូវ​រៀន​ឲ្យ​ចេះ​ចុះ​ចូល ដូច​កូន​តូច​ក្នុង​ឧទាហរណ៍​នៅ​វគ្គ​ទី​១។ យើង​ចាំ​ថា លោក​យេស៊ូ​បាន​ចុះ​ចូល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក ទោះ​ជា​នោះ​មើល​ទៅ​ជា​ការ​ពិបាក​ណាស់​ក៏​ដោយ។ លោក​ជម្រាប​បិតា​ថា​៖ ​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច មិន​មែន​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ​»។—លូកា ២២:៤២

៨​. (​ក​) សព្វ​ថ្ងៃ​នេះ តើ​ការ​ចុះ​ចូល​នឹង​អំណាច​របស់​ព្រះ​យេហូវ៉ា​ច្រើន​តែ​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី? ហើយ​តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​នេះ? (​ខ​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ស្ដាប់​ឱវាទ​និង​ព្រម​ទទួល​ការ​ប្រដៅ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ចូរ​ស្ដាប់​សេចក្ដី​ដំបូន្មាន ហើយ​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ចុះ​»​)

៨ ពិត​មែន​តែ​ព្រះ​យេហូវ៉ា​មិន​មាន​ប្រសាសន៍​មក​យើង​ម្នាក់​ៗ​ដោយ​ឡែក​នៅ​សព្វ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ប្រើ​បណ្ដាំ​របស់​លោក​និង​មនុស្ស​ដែល​ជា​តំណាង​លោក​នៅ​ផែនដី។ ដូច្នេះ ក្នុង​ករណី​ភាគ​ច្រើន​យើង​បង្ហាញ​ថា​យើង​ចុះ​ចូល​នឹង​អំណាច​របស់​ព្រះ​យេហូវ៉ា ដោយ​គោរព​មនុស្ស​ដែល​លោក​បាន​តែង​តាំង​ឬ​ដែល​លោក​អនុញ្ញាត​ឲ្យ​មាន​អំណាច​លើ​យើង។ បើ​យើង​ប្រឆាំង​មនុស្ស​ទាំង​នោះ ជា​ឧទាហរណ៍ ដោយ​មិន​ព្រម​ទទួល​ការ​កែ​តម្រង់​ឬ​ឱវាទ​ពី​គម្ពីរ នោះ​យើង​ធ្វើ​ឲ្យ​ព្រះ​របស់​យើង​ទាស់​ចិត្ត។ ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​រអ៊ូរទាំ ហើយ​ប្រឆាំង​ម៉ូសេ ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ពួក​គេ​កំពុង​ប្រឆាំង​លោក​វិញ។—ជនគណនា ១៤:២៦, ២៧

៩​. ហេតុ​អ្វី​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​ជំរុញ​យើង​ឲ្យ​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង? សូម​ឲ្យ​ឧទាហរណ៍។

៩ មូលហេតុ​មួយ​ទៀត​ដែល​យើង​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង គឺ​ដោយ​សារ​យើង​ស្រឡាញ់​អ្នក​ឯ​ទៀត។ ហេតុ​អ្វី? សូម​ស្រមៃ​គិត​ថា​អ្នក​ជា​កូន​ទាហាន​ក្នុង​កង​ទ័ព។ កង​ទ័ព​នោះ​ទំនង​ជា​មិន​អាច​ដណ្ដើម​យក​ជ័យ​ជម្នះ ឬ​រួច​ជីវិត​បាន​ទេ បើ​កូន​ទាហាន​ម្នាក់​ៗ​មិន​ព្រម​សហការ ស្ដាប់​បង្គាប់ ឬ​គោរព​អ្នក​ដែល​ជា​មេ​របស់​ខ្លួន​តាម​លំដាប់​ស័ក្ដិ​នោះ។ បើ​អ្នក​មិន​ព្រម​ចុះ​ចូល​តាម​លំដាប់​ស័ក្ដិ នោះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​ទាហាន​ទាំង​អស់​ដែល​នៅ​ក្នុង​អង្គភាព​ជា​មួយ​នឹង​អ្នក។ ពិត​មែន​តែ​សព្វ​ថ្ងៃ​នេះ​កង​ទ័ព​របស់​មនុស្ស​បំផ្លិចបំផ្លាញ​ពិភព​លោក​យ៉ាង​សាហាវ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មាន​កង​ទ័ព​ដែល​តែង​តែ​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស។ រាប់​រយ​ដង គម្ពីរ​ហៅ​ព្រះ​ថា​«​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​»​ឬ​កង​ទ័ព។ (​សាំយូអែលទី១ ១:៣​) ព្រះ​យេហូវ៉ា​ជា​មេ​បញ្ជាការ​នៃ​ពល​ទ័ព​ដ៏​ធំ​មួយ ដែល​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំងក្លា។ ជួនកាល ព្រះ​យេហូវ៉ា​ក៏​ប្រដូច​អ្នក​បម្រើ​របស់​លោក​នៅ​ផែនដី​ទៅ​នឹង​កង​ទ័ព​ដែរ។ (​អេសេគាល ៣៧:១​-​១០​) បើ​យើង​ប្រឆាំង​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​មាន​អំណាច​លើ​យើង នោះ​យើង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​បង​ប្អូន​រួម​ជំនឿ​ដែល​នៅ​ក្នុង​កង​ទ័ព​របស់​ព្រះ​ដែរ មែន​ទេ? ពេល​ដែល​គ្រិស្ត​សាសនិក​ពិត​ម្នាក់​ប្រឆាំង​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​តែង​តាំង​ក្នុង​ក្រុម​ជំនុំ នោះ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ប្រហែលជា​នឹង​ទទួល​ផល​វិបាក។ (​កូរិនថូសទី១ ១២:១៤, ២៥, ២៦​) នៅ​ពេល​កូន​ប្រឆាំង​ឪពុក​ម្ដាយ នោះ​ក្រុម​គ្រួសារ​ទាំង​មូល​អាច​ទទួល​ផល​វិបាក។ ដូច្នេះ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​អ្នក​ឯ​ទៀត​ដោយ​អប់រំ​ខ្លួន​ឲ្យ​ចេះ​គោរព​និង​សហការ​ជា​មួយ​នឹង​អ្នក​ដែល​មាន​អំណាច​លើ​យើង។

១០, ១១​. សូម​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​ចង់​ទទួល​ប្រយោជន៍​អាច​ជំរុញ​យើង​ឲ្យ​ស្ដាប់​បង្គាប់​អ្នក​ដែល​មាន​អំណាច​លើ​យើង។

១០ មូលហេតុ​មួយ​ទៀត​ដែល​យើង​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង គឺ​ពីព្រោះ​នោះ​ផ្ដល់​ប្រយោជន៍​ឲ្យ​យើង។ ច្រើន​ដង ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ឲ្យ​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង លោក​ក៏​ប្រាប់​អំពី​ប្រយោជន៍​ដែល​យើង​នឹង​ទទួល​ដែរ។ ជា​ឧទាហរណ៍ លោក​ប្រាប់​កូន​ឲ្យ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ដើម្បី​មាន​ជីវិត​ដ៏​សប្បាយ​និង​យូរ​អង្វែង។ (​ចោទិយកថា ៥:១៦; អេភេសូរ ៦:២, ៣​) លោក​ប្រាប់​យើង​ឲ្យ​គោរព​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ ពីព្រោះ​ការ​មិន​គោរព​ពួក​គាត់​នឹង​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​ហេប្រឺ ១៣:៧, ១៧​) ម្យ៉ាង​ទៀត លោក​ប្រាប់​យើង​ឲ្យ​ស្ដាប់​បង្គាប់​ពួក​អាជ្ញាធរ ពីព្រោះ​នោះ​ការពារ​យើង។—រ៉ូម ១៣:៤

១១ ពេល​យើង​ដឹង​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្ដាប់​បង្គាប់ នោះ​ជួយ​យើង​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង មែន​ទេ? ឥឡូវ​សូម​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​គោរព​អ្នក​ដែល​មាន​អំណាច​លើ​យើង​ក្នុង​រឿង​បី​យ៉ាង​ក្នុង​ជីវិត។

របៀប​បង្ហាញ​ការ​គោរព​ក្នុង​រង្វង់​គ្រួសារ

១២​. តើ​ព្រះ​យេហូវ៉ា​កំណត់​ឲ្យ​ប្ដី​និង​ឪពុក​មាន​តួនាទី​អ្វី​ក្នុង​ក្រុម​គ្រួសារ? ហើយ​តើ​បុរស​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

១២ ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដើម​បង្កើត​ឲ្យ​មាន​ក្រុម​គ្រួសារ។ ដោយ​សារ​ព្រះ​តែង​តែ​ប្រព្រឹត្ត​ដោយ​របៀប​រៀប​រយ នោះ​លោក​បាន​រៀប​ចំ​ក្រុម​គ្រួសារ​ដើម្បី​ដំណើរ​ការ​ល្អ។ (​កូរិនថូសទី១ ១៤:​៣៣​) លោក​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​ប្ដី​និង​ឪពុក​ធ្វើ​ជា​មេ​គ្រួសារ។ ប្ដី​បង្ហាញ​ថា​គាត់​គោរព​គ្រិស្ត​យេស៊ូ​ដែល​ជា​ប្រមុខ​របស់​គាត់ ដោយ​យក​តម្រាប់​តាម​របៀប​ដែល​លោក​យេស៊ូ​ប្រើ​អំណាច​ជា​ប្រមុខ​លើ​ក្រុម​ជំនុំ។ (​អេភេសូរ ៥:​២៣​) ដូច្នេះ ប្ដី​មិន​ត្រូវ​បដិសេធ​ភារកិច្ច​របស់​ខ្លួន​ទេ តែ​គាត់​ត្រូវ​តាំង​ចិត្ត​រឹង​មាំ​រែកពុន​បន្ទុក​របស់​ខ្លួន។ ប្ដី​ក៏​មិន​ត្រូវ​ឃោរឃៅ​ឬ​ប្រើ​សិទ្ធិ​អំណាច​តាម​របៀប​ផ្ដាច់​ការ​ដែរ តែ​គាត់​ត្រូវ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​ស្លូតបូត សម​ហេតុ​ផល។ ប្ដី​ចាំ​មិន​ភ្លេច​ថា អំណាច​របស់​គាត់​គឺ​តិច​ជាង​អំណាច​របស់​ព្រះ​យេហូវ៉ា។

ឪពុក​ដែល​ជា​គ្រិស្ត​សាសនិក​ប្រើ​សិទ្ធិ​អំណាច​ជា​ប្រមុខ​សម​ស្រប​តាម​គំរូ​របស់​គ្រិស្ត

១៣​. តើ​ប្រពន្ធ​និង​ម្ដាយ​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ក្រុម​គ្រួសារ​យ៉ាង​ដូច​ម្ដេច​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

១៣ ប្រពន្ធ​និង​ម្ដាយ​ត្រូវ​ធ្វើ​ជា​អ្នក​ជួយ​ប្ដី។ នាង​ក៏​មាន​សិទ្ធិ​អំណាច​ក្នុង​ក្រុម​គ្រួសារ​ដែរ ព្រោះ​គម្ពីរ​ចែង​អំពី​«​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​»។ (​សុភាសិត ១:៨​) ប៉ុន្តែ​សិទ្ធិ​អំណាច​របស់​នាង​គឺ​តិច​ជាង​អំណាច​របស់​ប្ដី។ ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​បង្ហាញ​ថា​នាង​គោរព​សិទ្ធិ​អំណាច​របស់​ប្ដី ដោយ​ជួយ​គាត់​បំពេញ​តួនាទី​របស់​គាត់​ជា​មេ​គ្រួសារ។ នាង​មិន​និយាយ​មើល​ងាយ​គាត់ ប្រើ​កលល្បិច​ដើម្បី​ឲ្យ​ប្ដី​ធ្វើ​តាម​ចិត្ត​នាង ហើយ​មិន​ខំ​ដណ្ដើម​យក​តួនាទី​ជា​មេ​គ្រួសារ​ពី​ប្ដី​ទេ។ ផ្ទុយ​ទៅ​វិញ នាង​គាំទ្រ​ប្ដី ហើយ​សហការ​ជា​មួយ​នឹង​គាត់។ ពេល​ដែល​ប្ដី​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាង​មិន​ពេញ​ចិត្ត នោះ​នាង​អាច​ប្រាប់​អំពី​គំនិត​របស់​នាង​ដោយ​របៀប​ដែល​បង្ហាញ​ការ​គោរព ប៉ុន្តែ​នាង​នៅ​តែ​ចុះ​ចូល។ បើ​ប្ដី​របស់​នាង​មិន​មែន​ជា​អ្នក​ជឿ នោះ​នាង​ប្រហែល​ជា​នឹង​ប្រឈម​មុខ​ការ​ពិបាក​ផ្សេង​ៗ ប៉ុន្តែ​បើ​នាង​ចុះ​ចូល​នឹង​ប្ដី នោះ​អាច​ជំរុញ​គាត់​ឲ្យ​ស្វែងរក​ព្រះ​យេហូវ៉ា។—សូម​អាន ពេត្រុសទី១ ៣:១

ឪពុកម្នាក់កំពុងកែតម្រង់កូនរបស់គាត់ដោយសេចក្ដីស្រឡាញ់ ពេលកូនរបស់គាត់ធ្វើឲ្យប្រឡាក់ផ្ទះដោយសារភក់

១៤​. តើ​កូន​អាច​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​និង​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៤ ពេល​ដែល​កូន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ នោះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត។ ពេល​កូន​ស្ដាប់​បង្គាប់ ពួក​គេ​ក៏​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត​ដែរ ហើយ​បង្ហាញ​ថា​ពួក​គេ​គោរព​ឪពុក​ម្ដាយ។ (សុភាសិត ១០:១) បើ​ក្រុម​គ្រួសារ​នោះ​មាន​តែ​ម្ដាយ​ប៉ុណ្ណោះ​ឬ​មាន​តែ​ឪពុក​ប៉ុណ្ណោះ នោះ​កូន​ក៏​គួរ​ធ្វើ​តាម​គោលការណ៍​ស្តី​អំពី​ការ​ស្ដាប់​បង្គាប់​ដែរ ដោយ​ដឹង​ថា​ឪពុក​ឬ​ម្ដាយ​របស់​ពួក​គេ​ប្រហែលជា​ត្រូវ​ការ​ឲ្យ​កូន​គាំទ្រ​និង​សហការ​ខ្លាំង​ជាង​ធម្មតា។ បើ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​ធ្វើ​តាម​តួនាទី​ដែល​ព្រះ​បាន​កំណត់​ឲ្យ​ពួក​គេ នោះ​ក្រុម​គ្រួសារ​មាន​អំណរ​និង​សេចក្ដី​សុខ។ នេះ​នាំ​ឲ្យ​ព្រះ​យេ​ហូវ៉ា​ដែល​ជា​អ្នក​ផ្ដើម​បង្កើត​ឲ្យ​មាន​ក្រុម​គ្រួសារ បាន​ទទួល​នូវ​ការ​លើក​តម្កើង។—អេភេសូរ ៣:១៤, ១៥

របៀប​បង្ហាញ​ការ​គោរព​ក្នុង​ក្រុម​ជំនុំ

១៥​. (​ក​) ក្នុង​ក្រុម​ជំនុំ តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា យើង​គោរព​អំណាច​របស់​ព្រះ​យេហូវ៉ា? (​ខ​) តើ​គោលការណ៍​អ្វី​ខ្លះ​អាច​ជួយ​យើង​ឲ្យ​ស្ដាប់​បង្គាប់​ពួក​អ្នក​ដែល​នាំ​មុខ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ស្ដាប់​បង្គាប់ . . . ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​»​)

១៥ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​បុត្រ​របស់​លោក​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ជំនុំ​នៃ​គ្រិស្ត​សាសនិក​ពិត។ (កូឡុស ១:១៣) បន្ទាប់​មក លោក​យេស៊ូ​បាន​តែង​តាំង​«ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា» ដើម្បី​ជួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​គោរព​ប្រណិប័តន៍​លោក។ (ម៉ាថាយ ២៤:៤៥​-​៤៧) គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ជា​«ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា»។ ដូច​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​នោះ អ្នក​ចាស់​ទុំ​សព្វ​ថ្ងៃ​នេះ​ទទួល​ការ​ណែនាំ​និង​ឱវាទ​ពី​គណៈ​អភិបាល​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​តំណាង​របស់​ពួក​គេ ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ជា​ដើម។ ពេល​ដែល​យើង​ម្នាក់ៗ​គោរព​សិទ្ធិ​អំណាច​របស់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត នោះ​យើង​កំពុង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។—សូម​អាន ថែស្សាឡូនិចទី១ ៥:១២; ហេប្រឺ ១៣:១៧

១៦​. តើ​អ្នក​ចាស់​ទុំ​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ក្នុង​ន័យ​អ្វី?

១៦ អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​គឺ​មិន​ល្អ​ឥត​ខ្ចោះ​ទេ។ ពួក​គាត់​មាន​កំហុស​ដូច​យើង​ដែរ។ ប៉ុន្តែ​អ្នក​ចាស់​ទុំ​ជា​«​អំណោយ​ជា​មនុស្ស​»​ ដែល​បាន​ត្រូវ​ផ្ដល់​ដើម្បី​ជួយ​ក្រុម​ជំនុំ​រក្សា​ចំណង​មិត្តភាព​ដ៏​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​អេភេសូរ ៤:​៨​) អ្នក​ចាស់​ទុំ​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ (​សកម្មភាព ២០:​២៨​) តើ​ពួក​គាត់​បាន​ត្រូវ​តែង​តាំង​យ៉ាង​ដូច​ម្ដេច? គឺ​បុរស​ទាំង​នេះ​ត្រូវ​មាន​គុណ​សម្បត្ដិ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ក្នុង​បណ្ដាំ​របស់​លោក។ (​ធីម៉ូថេ​ទី​១ ៣:១​-​៧, ១២; ទីតុស ១:៥​-​៩​) ម្យ៉ាង​ទៀត ពេល​អ្នក​ចាស់​ទុំ​ជួប​ជុំ​គ្នា​ដើម្បី​ពិនិត្យ​មើល​គុណ​សម្បត្ដិ​របស់​បុរស​ណា​ម្នាក់ ពួក​គាត់​អធិដ្ឋាន​យ៉ាង​ស្មោះ​អស់ពី​ចិត្ត សុំ​ទទួល​ការ​ណែនាំ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។

១៧​. ក្នុង​កិច្ច​បម្រើ​គ្រិស្ត​សាសនិក ហេតុ​អ្វី​ជួនកាល​ស្ត្រី​ពាក់​អ្វី​លើ​ក្បាល?

១៧ ម្ដង​ម្កាល​ក្នុង​ក្រុម​ជំនុំ ប្រហែលជា​មាន​ពេល​ណា​មួយ​ដែល​គ្មាន​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​អាច​បំពេញ​ភារកិច្ច​របស់​ពួក​គេ ដូច​ជា​ការ​ដឹក​នាំ​ប្រជុំ​សម្រាប់​កិច្ច​ផ្សព្វ​ផ្សាយ​ជា​ដើម។ ក្នុង​ករណី​បែប​នេះ បង​ប្អូន​ប្រុស​ឯ​ទៀត​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​អាច​បំពេញ​កិច្ចការ​នោះ​ជំនួស​បាន។ បើ​គ្មាន​បង​ប្អូន​ប្រុស​ទេ នោះ​បង​ប្អូន​ស្រី​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​អាច​បំពេញ​កិច្ចការ​ចាំ​បាច់​នោះ​ជំនួស​បាន។ ក៏​ប៉ុន្តែ ពេល​ដែល​ស្ត្រី​ម្នាក់​បំពេញ​តួនាទី​ណា​មួយ​ដែល​ធម្មតា​ត្រូវ​បំពេញ​ដោយ​បុរស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​នោះ នាង​ត្រូវ​ពាក់​អ្វី​មួយ​លើ​ក្បាល។b (​កូរិនថូស​ទី​១ ១១:៣​-​១០​) តម្រូវ​ការ​នេះ​មិន​បន្ទាប​បន្ថោក​ស្ត្រីភេទ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ផ្ដល់​ឱកាស​ឲ្យ​នាង​បង្ហាញ​ថា​នាង​គោរព​របៀប​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ប្រមុខ​ភាព ក្នុង​ក្រុម​គ្រួសារ​និង​ក្នុង​ក្រុម​ជំនុំ​ផង​ដែរ។

របៀប​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អាជ្ញាធរ

១៨, ១៩​. (​ក​) តើ​អ្នក​នឹង​បក​ស្រាយ​គោលការណ៍​នៅ​រ៉ូម ១៣:១​-​៧​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អាជ្ញាធរ​យ៉ាង​ដូច​ម្ដេច?

១៨ គ្រិស្ត​សាសនិក​ពិត​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​នៅ​រ៉ូម ១៣:១​-​៧។ (សូម​អាន) កាល​ដែល​អ្នក​អាន​ខ​ទាំង​នោះ អ្នក​នឹង​ឃើញ​ថា​«​ពួក​អាជ្ញាធរ​»​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ខ​ទាំង​នោះ សំដៅ​ទៅ​លើ​រដ្ឋាភិបាល​មនុស្ស។ ដរាប​ណា​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មាន​រដ្ឋាភិបាល​មនុស្ស រដ្ឋាភិបាល​ទាំង​នេះ​បំពេញ​តួនាទី​សំខាន់ ដោយ​រក្សា​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​មួយ​កម្រិត ហើយ​រៀប​ចំ​ឲ្យ​មាន​សេវាកម្ម​ចាំ​បាច់​ផ្សេង​ៗ។ យើង​បង្ហាញ​ការ​គោរព​ចំពោះ​អាជ្ញាធរ​ទាំង​នេះ ដោយ​គោរព​ច្បាប់។ យើង​បង់​ពន្ធ​ដា​ដែល​យើង​ត្រូវ​បង់ បំពេញ​យ៉ាង​ត្រឹម​ត្រូវ​នូវ​ឯកសារ​ណា​ដែល​រដ្ឋាភិបាល​តម្រូវ​ឲ្យ​បំពេញ ហើយ​គោរព​ច្បាប់​ណា​ដែល​ទាក់​ទង​នឹង​យើង ក្រុម​គ្រួសារ ជំនួញ ឬ​ទ្រព្យ​សម្បត្ដិ​របស់​យើង។ ក៏​ប៉ុន្តែ​យើង​មិន​ចុះ​ចូល​នឹង​ពួក​អាជ្ញាធរ​ទេ បើ​ពួក​គេ​សុំ​យើង​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ព្រះ។ ផ្ទុយ​ទៅ​វិញ យើង​តប​ឆ្លើយ​ដូច​សាវ័ក​នៅ​សម័យ​បុរាណ​ដែល​ថា​៖ ​«​យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»​ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​តើ​ខ្ញុំ​គួរ​គោរព​សិទ្ធិ​អំណាច​របស់​អ្នក​ណា?​»​)។—សកម្មភាព ៥:​២៨, ២៩

តើ​ខ្ញុំ​គួរ​គោរព​សិទ្ធិ​អំណាច​របស់​អ្នក​ណា?

គោលការណ៍: ​«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ចៅ​ក្រម​នៃ​យើង​រាល់​គ្នា ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ​យេហូវ៉ា​ទ្រង់​ជាម​ហា​ក្សត្រ​នៃ​យើង​រាល់​គ្នា​»។—អេសាយ ៣៣:២២

សំណួរ​ខ្លះ​ដែល​អ្នក​អាច​ដណ្ដឹង​សួរ​ខ្លួន

  • តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​បើ​មាន​គេ​សុំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​នឹង​គោលការណ៍​របស់​ព្រះ​យេហូវ៉ា?—ម៉ាថាយ ២២:៣៧​-​៣៩; ២៦:៥២; យ៉ូហាន ១៨:៣៦

  • តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​បើ​មាន​គេ​បង្គាប់​ខ្ញុំ​ឲ្យ​ឈប់​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា?—សកម្មភាព ៥:២៧​-​២៩; ហេប្រឺ ១០:២៤, ២៥

  • តើ​អ្វី​អាច​ជួយ​ខ្ញុំ​មាន​ចិត្ត​ចង់​ស្ដាប់​បង្គាប់​អ្នក​ដែល​មាន​អំណាច​លើ​ខ្ញុំ?—រ៉ូម ១៣:១​-​៤; កូរិនថូសទី១ ១១:៣; អេភេសូរ ៦:១​-​៣

១៩ យើង​ក៏​បង្ហាញ​ថា​យើង​គោរព​ពួក​អាជ្ញាធរ​តាម​រយៈ​អាកប្បកិរិយា​និង​ពាក្យ​សម្ដី​របស់​យើង​ដែរ។ ពេល​ខ្លះ យើង​ត្រូវ​ទាក់​ទង​ដោយ​ផ្ទាល់​នឹង​មន្ត្រី​រាជការ។ សាវ័ក​ប៉ូល​បាន​ជួប​ដោយ​ផ្ទាល់​នឹង​អ្នក​គ្រប់​គ្រង​ផ្សេង​ៗ​ដូច​ជា​ស្តេច​ហេរ៉ូឌ​អាគ្រីប៉ា​និង​អភិបាល​ភេស្ទុស។ បុរស​ទាំង​នោះ​មាន​កំហុស​ធ្ងន់ធ្ងរ ប៉ុន្តែ​ប៉ូល​នៅ​តែ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ដោយ​គោរព។ (​សកម្មភាព ២៦:២, ២៥​) យើង​ធ្វើ​តាម​គំរូ​របស់​ប៉ូល ទោះ​ជា​អ្នក​ដែល​យើង​និយាយ​ទៅ​កាន់​នោះ​ជា​អ្នក​គ្រប់​គ្រង​ដែល​មាន​អំណាច​ឬ​គ្រាន់តែ​ជា​នគរ​បាល​ក្នុង​សហគមន៍​យើង​ក៏​ដោយ។ នៅ​សាលា​រៀន យុវ​គ្រិស្ត​សាសនិក​បង្ហាញ​ការ​គោរព​ដូច​នោះ​ដែរ​ចំពោះ​លោក​គ្រូ​អ្នក​គ្រូ និង​បុគ្គលិក​ឯ​ទៀត​នៅ​សាលា។ ម្យ៉ាង​ទៀត យើង​មិន​គ្រាន់តែ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​ជំនឿ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​មាន​អាកប្បកិរិយា​និង​ពាក្យ​សម្ដី​គោរព​ចំពោះ​អ្នក​ដែល​ប្រឆាំង​សាក្សី​ព្រះ​យេហូវ៉ា​ដែរ។ តាម​ពិត ជា​ទូទៅ​អ្នក​មិន​ជឿ​គួរ​មាន​អារម្មណ៍​ថា​យើង​គោរព​ពួក​គេ។—សូម​អាន រ៉ូម ១២:១៧, ១៨; ពេត្រុសទី១ ៣:១៥

២០, ២១​. បើ​យើង​បង្ហាញ​ការ​គោរព​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ដែល​មាន​អំណាច​លើ​យើង តើ​យើង​ទទួល​ពរ​អ្វី​ខ្លះ?

២០ កុំ​ឲ្យ​យើង​ស្ទាក់​ស្ទើរ​ក្នុង​ការ​បង្ហាញ​នូវ​ការ​គោរព។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ចូរ​គោរព​មនុស្ស​គ្រប់​ប្រភេទ​»។ (​ពេត្រុសទី១ ២:១៧​) ពេល​មនុស្ស​មាន​អារម្មណ៍​ថា​យើង​គោរព​ពួក​គេ​ដោយ​ស្មោះ នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ស្ងើចសរសើរ​យើង។ សូម​ចាំ​ថា សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​កាន់​តែ​តិច​ទៅ​ៗ​ដែល​បង្ហាញ​ការ​គោរព។ ដូច្នេះ បើ​យើង​បង្ហាញ​ការ​គោរព យើង​កំពុង​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក។ យ៉ាង​នោះ ពួក​គេ​នឹង​សរសើរ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌ ពេល​ដែល​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​»។—ម៉ាថាយ ៥:១៦

២១ ពិភព​លោក​នេះ​ស្ថិត​ក្នុង​ភាព​ងងឹត តែ​ពន្លឺ​ពី​ព្រះ​ទាក់​ទាញ​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ ដូច្នេះ​ពេល​យើង​បង្ហាញ​ការ​គោរព​ក្នុង​ក្រុម​គ្រួសារ ក្នុង​ក្រុម​ជំនុំ និង​ចំពោះ​ពួក​អាជ្ញាធរ នេះ​អាច​ទាក់​ទាញ​មនុស្ស​ខ្លះ​ឲ្យ​ចង់​ដើរ​ក្នុង​ពន្លឺ​ជា​មួយ​នឹង​យើង។ នេះ​ជា​លទ្ធផល​ដ៏​អស្ចារ្យ​ណាស់! ប៉ុន្តែ ទោះ​ជា​ពួក​គេ​មិន​ចូល​ក្នុង​ពន្លឺ​ក៏​ដោយ យើង​នៅ​តែ​អាច​ប្រាកដ​ថា ពេល​យើង​គោរព​មនុស្ស​ឯ​ទៀត នោះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ជួយ​យើង​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​លោក​ស្រឡាញ់។ គ្មាន​រង្វាន់​អ្វី​ដែល​ប្រសើរ​ជាង​នោះ​ឡើយ មែន​ទេ?

a ក្នុង​ជំពូក​នេះ ពាក្យ​អំណាច បាន​ត្រូវ​ប្រើ​ក្នុង​អត្ថន័យ​ទូលំ​ទូលាយ ហើយ​សំដៅ​ទៅ​អ្នក​ដែល​មាន​សិទ្ធិ​អំណាច​ក្នុង​ក្រុម​គ្រួសារ​ឬ​ក្នុង​ក្រុម​ជំនុំ។

b សេចក្ដី​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​តើ​ស្ត្រី​ត្រូវ​ពាក់​អ្វី​លើ​ក្បាល​នៅ​ពេល​ណា ហើយ​ហេតុ​អ្វី?​» មាន​ឧទាហរណ៍​ខ្លះ​អំពី​របៀប​ដែល​ស្ត្រី​អាច​អនុវត្ត​តាម​គោលការណ៍​នេះ។

«​ចូរ​ស្ដាប់​សេចក្ដី​ដំបូន្មាន ហើយ​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ចុះ​»

សព្វ​ថ្ងៃ​នេះ ពិភព​លោក​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​បង្ហាញ​ចិត្ត​គំនិត​ដូច​សាថាន ពោល​គឺ​ចិត្ត​ចង់​ប្រឆាំង​អំណាច។ ហេតុ​នេះ គម្ពីរ​ចែង​ថា​សាថាន​គឺជា​«​អ្នក​ដែល​គ្រប់​គ្រង​លើ​អំណាច​នៃ​ខ្យល់​អាកាស​»​ ហើយ​រៀប​រាប់​ថា​នោះ​បណ្ដាល​ឲ្យ​មាន​«​ចិត្ត​គំនិត​ដែល​មាន​ឥទ្ធិពល​លើ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​»។ (​អេភេសូរ ២:២​) មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ មិន​ចង់​ឲ្យ​អ្នក​ណា​មាន​អំណាច​លើ​ខ្លួន​សោះ​ឡើយ។ គួរ​ឲ្យ​ស្ដាយ​ណាស់ ចិត្ត​គំនិត​បែប​នេះ​ក៏​បាន​មាន​ឥទ្ធិពល​លើ​បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ដែរ។ ជា​ឧទាហរណ៍ ប្រហែលជា​អ្នក​ចាស់​ទុំ​ម្នាក់​ឲ្យ​ឱវាទ​ដោយ​ស្លូតបូត​អំពី​ឥទ្ធិពល​អាក្រក់​នៃ​ការ​កម្សាន្ត​ដែល​មាន​អំពើ​ប្រាសចាក​សីលធម៌​ឬ​អំពើ​ឃោរឃៅ ប៉ុន្តែ​បង​ប្អូន​ខ្លះ​ប្រហែលជា​រឹង​ទទឹង​ឬ​បែរ​ជា​ខឹង​ដោយ​សារ​ទទួល​ឱវាទ​នោះ។ យើង​ម្នាក់​ៗ​ត្រូវ​ធ្វើ​តាម​សុភាសិត ១៩:២០​ដែល​ថា​៖ ​«​ចូរ​ស្ដាប់​សេចក្ដី​ដំបូន្មាន ហើយ​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ​»។

តើ​អ្វី​អាច​ជួយ​យើង​ធ្វើ​ដូច្នោះ? សូម​ពិចារណា​អំពី​មូលហេតុ​បី​យ៉ាង​ដែល​មនុស្ស​ច្រើន​តែ​មិន​ចង់​ទទួល​ដំបូន្មាន​ឬ​ការ​ប្រដៅ រួច​មក​សូម​កត់​សម្គាល់​អ្វី​ដែល​គម្ពីរ​ចែង​អំពី​រឿង​នោះ។

  • «​ខ្ញុំ​មិន​គិត​ថា​ឱវាទ​នោះ​ទាក់​ទង​នឹង​ខ្ញុំ​ទេ​»។ យើង​ប្រហែលជា​មាន​អារម្មណ៍​ថា​ឱវាទ​នោះ​មិន​ទាក់​ទង​នឹង​កាលៈទេសៈ​របស់​យើង ឬ​គិត​ថា​អ្នក​ដែល​ឲ្យ​ឱវាទ​មិន​យល់​សព្វ​គ្រប់​អំពី​រឿង​រ៉ាវ​របស់​យើង​ឡើយ។ យើង​ក៏​ប្រហែលជា​មាន​ប្រតិកម្ម​ភ្លាម​ៗ​ដោយ​មើល​ងាយ​ឱវាទ​នោះ​ទៀត​ផង។ (​ហេប្រឺ ១២:៥​) ដោយ​សារ​យើង​ទាំង​អស់​គ្នា​មិន​ល្អ​ឥត​ខ្ចោះ តើ​យើង​ត្រូវ​កែប្រែ​ទស្សនៈ​របស់​យើង​វិញ​ទេ​ដឹង? (​សុភាសិត ១៩:​៣​) តើ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ខ្លះ​ដែល​អ្នក​បាន​ទទួល​ឱវាទ​ឬ? បើ​មាន​មែន នោះ​យើង​ត្រូវ​ផ្ចង់​អារម្មណ៍​ទៅ​លើ​មូលហេតុ​ដែល​បាន​នាំ​ឲ្យ​គេ​ឲ្យ​ឱវាទ​យើង។ បណ្ដាំ​របស់​ព្រះ​ណែនាំ​ថា​៖ ​«​ចូរ​តោង​ជាប់​តាម​សេចក្ដី​ដំបូន្មាន​កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ​ជា​ជីវិត​របស់​ឯង​»។—សុភាសិត ៤:១៣

  • «​ខ្ញុំ​មិន​ចូល​ចិត្ត​របៀប​ដែល​គេ​បាន​ឲ្យ​ឱវាទ​ខ្ញុំ​ទេ​»។ បណ្ដាំ​របស់​ព្រះ​មាន​ខ្នាត​តម្រា​ខ្ពង់​ខ្ពស់​ស្តី​អំពី​របៀប​ដែល​ត្រូវ​ឲ្យ​ឱវាទ។ (​កាឡាទី ៦:១​) ប៉ុន្តែ គម្ពីរ​ក៏​ចែង​ដែរ​ថា​៖ ​«​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស​ក៏​មិន​ដល់​កម្រិត​កំណត់​នៃ​សិរី​រុងរឿង​របស់​ព្រះ​»។ (​រ៉ូម ៣:​២៣​) មាន​វិធី​តែ​មួយ​គត់​ដែល​យើង​អាច​ទទួល​ឱវាទ​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​បាន​ត្រូវ​ឲ្យ​តាម​របៀប​ត្រឹម​ត្រូវ​បំផុត គឺ​យើង​ត្រូវ​ទទួល​ពី​បុគ្គល​ដែល​ល្អ​ឥត​ខ្ចោះ។ (​យ៉ាកុប ៣:​២​) ព្រះ​យេហូវ៉ា​ប្រើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដើម្បី​ឲ្យ​ឱវាទ​យើង ដូច្នេះ​ជា​ការ​ល្អ​បើ​យើង​មិន​ប្រមូល​អារម្មណ៍​ទៅ​លើ​របៀប​ដែល​គេ​បាន​ឲ្យ​ឱវាទ​យើង។ ផ្ទុយ​ទៅ​វិញ សូម​ប្រមូល​អារម្មណ៍​ទៅ​លើ​ខ្លឹម​សារ​នៃ​ឱវាទ​នោះ​វិញ រួច​មក​សូម​គិត​ហើយ​អធិដ្ឋាន​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​ឱវាទ​នោះ។

  • «​គាត់​មិន​សម​ជា​អ្នក​ឲ្យ​ឱវាទ​ខ្ញុំ​ទេ!​»។ បើ​យើង​គិត​ថា​គុណ​វិបត្ដិ​របស់​អ្នក​ដែល​ឲ្យ​ឱវាទ​យើង​ធ្វើ​ឲ្យ​ឱវាទ​របស់​គាត់​ទៅ​ជា​អសារ​ឥត​ការ​វិញ នោះ​យើង​ត្រូវ​តែ​ចាំ​ចំណុច​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​នេះ។ ដូច​គ្នា​ដែរ បើ​យើង​គិត​ថា​អាយុ បទ​ពិសោធន៍ ឬ​ភារកិច្ច​ដែល​យើង​មាន​ក្នុង​ក្រុម​ជំនុំ នាំ​ឲ្យ​យើង​មិន​ត្រូវ​ការ​ឱវាទ នោះ​យើង​ត្រូវ​កែ​ប្រែ​ទស្សនៈ​របស់​យើង។ នៅ​អ៊ីស្រាអែល​នា​សម័យ​បុរាណ ស្តេច​មាន​ភារកិច្ច​សំខាន់​ណាស់ ប៉ុន្តែ​គាត់​នៅ​តែ​ត្រូវ​ទទួល​ឱវាទ​ពី​អ្នក​ប្រកាស​ទំនាយ សង្ឃ និង​អ្នក​ឯ​ទៀត​ដែល​ជា​រាស្ត្រ​របស់​គាត់។ (​សាំយូអែលទី២ ១២:១​-​១៣; របាក្សត្រទី២ ២៦:​១៦​-​២០​) សព្វ​ថ្ងៃ​នេះ អង្គការ​ព្រះ​យេហូវ៉ា​តែង​តាំង​បុរស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ដើម្បី​ឲ្យ​ឱវាទ​យើង ហើយ​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​សប្បាយ​ចិត្ត​ទទួល ហើយ​អនុវត្ត​តាម​ឱវាទ​នោះ។ បើ​យើង​មាន​ភារកិច្ច​ឬ​បទ​ពិសោធន៍​ច្រើន​ជាង​អ្នក​ឯ​ទៀត យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជាង​អ្នក​ឯ​ទៀត​ក្នុង​ការ​ទុក​គំរូ​ល្អ​អំពី​ចិត្ត​រាប​ទាប​និង​គំនិត​សម​ហេតុ​ផល ដោយ​ព្រម​ទទួល​ឱវាទ ហើយ​អនុវត្ត​តាម​ឱវាទ​នោះ។—ធីម៉ូថេ​ទី​១ ៣:២, ៣; ទីតុស ៣:២

យើង​អាច​ឃើញ​ច្បាស់​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ឱវាទ។ ដូច្នេះ ចូរ​យើង​ទាំង​អស់​គ្នា​តាំង​ចិត្ត​ទទួល​ឱវាទ​ដោយ​មិន​ស្ទាក់​ស្ទើរ ហើយ​អនុវត្ត​តាម​ឱវាទ​នោះ ព្រម​ទាំង​អរគុណ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ដោយ​សារ​លោក​បាន​ឲ្យ​អំណោយ​នោះ​ដែល​សង្គ្រោះ​ជីវិត។ ឱវាទ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​យើង។ ចំណែក​យើង​វិញ យើង​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។—ហេប្រឺ ១២:៦​-​១១

«​ចូរ​ស្ដាប់​បង្គាប់ . . . ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​»

នៅ​អ៊ីស្រាអែល​នា​សម័យ​បុរាណ ពួក​គេ​ត្រូវ​ការ​យ៉ាង​ខ្លាំង​នូវ​របៀប​រៀប​ចំ​មួយ។ ម៉ូសេ​ពុំ​អាច​ត្រួត​ពិនិត្យ​ម្នាក់​ឯង​នូវ​មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​កាត់​តំបន់​ស្ងាត់​ជ្រងំ​ពោរ​ពេញ​ដោយ​គ្រោះ​ថ្នាក់​បាន​ទេ។ តើ​គាត់​បាន​ធ្វើ​យ៉ាង​ណា? ​«​លោក​រើស​យក​មនុស្ស ដែល​ប៉ិនប្រសប់​ក្នុង​ពួក​អ៊ីស្រាអែល​ទាំង​អស់​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ​ត្រួត​ត្រា​លើ​បណ្ដា​ជន​ទាំង​ឡាយ ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ដូច្នោះ​»។—និក្ខមនំ ១៨:២៥

សព្វ​ថ្ងៃ​នេះ ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ក៏​ត្រូវ​ការ​របៀប​រៀប​ចំ​ដែរ។ នេះ​ជា​មូលហេតុ​ដែល​ក្រុម​ផ្សព្វ​ផ្សាយ​មាន​អ្នក​ត្រួត​ពិនិត្យ ក្រុម​ជំនុំ​មួយ​មាន​អ្នក​ចាស់​ទុំ ក្រុម​ជំនុំ​មួយ​ចំនួន​មាន​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល ហើយ​ប្រទេស​មួយ​មាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ប្រទេស ឬ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា។ ដោយ​សារ​មាន​របៀប​រៀប​ចំ​នេះ បុរស​ម្នាក់​ៗ​ដែល​ជា​គង្វាល អាច​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ចំពោះ​ចៀម​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​ផ្ញើ​ឲ្យ​គាត់​ថែ​រក្សា។ គង្វាល​ទាំង​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​និង​គ្រិស្ត។—សកម្មភាព ២០:២៨

របៀប​រៀប​ចំ​នេះ​តម្រូវ​ឲ្យ​យើង​ម្នាក់​ៗ​ចេះ​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល។ យើង​មិន​ចង់​មាន​ចិត្ត​គំនិត​ដូច​ឌីអូត្រែប ដែល​មិន​គោរព​អ្នក​ដែល​នាំ​មុខ​នៅ​សម័យ​គាត់​ឡើយ។ (​យ៉ូហាន​ទី​៣ ៩, ១០​) ផ្ទុយ​ទៅ​វិញ យើង​ចង់​ធ្វើ​តាម​ពាក្យ​របស់​សាវ័ក​ប៉ូល​ដែល​ថា​៖ ​«​ចូរ​ស្ដាប់​បង្គាប់​ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា ព្រោះ​ពួក​គេ​កំពុង​ថែ​រក្សា​អ្នក​រាល់​គ្នា ហើយ​ទទួល​ខុស​ត្រូវ​អំពី​របៀប​ដែល​ពួក​គេ​បាន​ធ្វើ​ការ​នោះ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ការ​នេះ​ដោយ​មាន​អំណរ មិន​មែន​ដោយ​ដក​ដង្ហើម​ធំ​ទេ ព្រោះ​បើ​ដូច្នេះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​បង់​ប្រយោជន៍​វិញ​»។ (​ហេប្រឺ ១៣:១៧​) បង​ប្អូន​ខ្លះ​ស្ដាប់​បង្គាប់​ពេល​ដែល​ពួក​គេ​យល់​ស្រប​តាម​ការ​ណែនាំ​ពី​អ្នក​ដែល​នាំ​មុខ ប៉ុន្តែ​ពេល​ដែល​ពួក​គេ​មិន​យល់​ស្រប​ឬ​ក៏​មិន​យល់​អំពី​មូលហេតុ​ដែល​ការ​ណែនាំ​នោះ​បាន​ត្រូវ​ផ្ដល់​ឲ្យ ពួក​គេ​មិន​ព្រម​ចុះ​ចូល​ទេ។ តែ​សូម​ចាំ​ថា ការ​ចុះ​ចូល​អាច​រួម​បញ្ចូល​ការ​ស្ដាប់​បង្គាប់ សូម្បី​តែ​ពេល​យើង​មិន​ចង់​ស្ដាប់​បង្គាប់​ក៏​ដោយ។ ដូច្នេះ ជា​ការ​ល្អ​បើ​យើង​ម្នាក់​ៗ​ដណ្ដឹង​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ស្ដាប់​បង្គាប់​ហើយ​ចុះ​ចូល​នឹង​អ្នក​ដែល​នាំ​មុខ​ខ្ញុំ​ឬ​ទេ?›។

ពិត​មែន​តែ​បណ្ដាំ​របស់​ព្រះ​មិន​រៀប​រាប់​យ៉ាង​ពិស្ដារ​ទេ អំពី​របៀប​រៀប​ចំ​និង​ទម្រង់​ការ​ទាំង​អស់​ដែល​ចាំ​បាច់​មាន​ដើម្បី​ជួយ​ក្រុម​ជំនុំ​ដំណើរ​ការ ប៉ុន្តែ​គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ប្រព្រឹត្ត​ទៅ​យ៉ាង​ត្រឹម​ត្រូវ និង​ដោយ​របៀប​រៀប​រយ​»។ (​កូរិនថូសទី១ ១៤:​៤០​) គណៈ​អភិបាល​អនុវត្ត​តាម​ការ​ណែនាំ​នេះ ដោយ​រៀប​ចំ​ឡើង​នូវ​ទម្រង់​ការ​ផ្សេង​ៗ ហើយ​ផ្ដល់​ការ​ណែនាំ​ដែល​ជួយ​ក្រុម​ជំនុំ​ដំណើរ​ការ​យ៉ាង​ស្រួល​និង​ដោយ​របៀប​រៀប​រយ។ បុរស​ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត រួម​ចំណែក​ដោយ​ធ្វើ​ជា​គំរូ​ល្អ​ស្តី​អំពី​ការ​ស្ដាប់​បង្គាប់ កាល​ដែល​ពួក​គាត់​ចាប់​អនុវត្ត​ការ​រៀប​ចំ​ទាំង​នោះ។ ពួក​គាត់​ក៏​បង្ហាញ​ថា​ពួក​គាត់​«​សម​ហេតុ​ផល [​ហើយ​]​រង់​ចាំ​ធ្វើ​តាម​បង្គាប់​»​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ត្រួត​ពិនិត្យ។ (​យ៉ាកុប ៣:១៧​) យ៉ាង​នេះ ក្រុម​នីមួយ​ៗ គឺ​ក្រុម​ជំនុំ មណ្ឌល និង​ប្រទេស​បាន​ទទួល​ពរ​មួយ គឺ​អង្គភាព​នៃ​អ្នក​រួម​ជំនឿ​ដែល​មាន​សាមគ្គី​ភាព​និង​មាន​របៀប​រៀប​រយ ដែល​នាំ​ឲ្យ​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​ទទួល​នូវ​ការ​លើក​តម្កើង។—កូរិនថូសទី១ ១៤:៣៣; ធីម៉ូថេទី១ ១:១១

ម្យ៉ាង​ទៀត ពាក្យ​របស់​ប៉ូល​នៅ​ហេប្រឺ ១៣:១៧​បញ្ជាក់​អំពី​មូលហេតុ​ដែល​ចិត្ត​គំនិត​មិន​ចង់​ស្ដាប់​បង្គាប់​អាច​នាំ​ឲ្យ​បង់​ប្រយោជន៍​យើង​វិញ គឺ​ដោយ​សារ​នោះ​អាច​នាំ​ឲ្យ​បង​ប្អូន​ដែល​ទទួល​ខុស​ត្រូវ​នោះ​បំពេញ​ភារកិច្ច​របស់​ខ្លួន​«​ដោយ​ដក​ដង្ហើម​ធំ​»។ កិច្ចការ​ដែល​បង​ប្រុស​ៗ​ទាំង​នោះ​គួរ​ចាត់​ទុក​ជា​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​អាច​ប្រែ​ក្លាយ​ទៅ​ជា​បន្ទុក​ធ្ងន់​វិញ បើ​ពួក​គាត់​ត្រូវ​ប្រឈម​មុខ​ការ​ប្រឆាំង​និង​ចិត្ត​គំនិត​មិន​ចង់​សហការ​ពី​ចំណោម​បង​ប្អូន។ ជា​លទ្ធផល​«​អ្នក​រាល់​គ្នា​»​ ពោល​គឺ​ក្រុម​ជំនុំ​ទាំង​មូល​បង់​ប្រយោជន៍​វិញ។ មាន​បញ្ហា​មួយ​ទៀត​ដែល​កើត​ឡើង​បើ​បុគ្គល​ម្នាក់​មិន​ព្រម​ចុះ​ចូល​នឹង​របៀប​រៀប​ចំ​ក្នុង​អង្គការ​របស់​ព្រះ គឺ​គាត់​បង្ខូច​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ បើ​គាត់​មាន​មោទនភាព​ហួស​ហេតុ​ពេក​ដែល​នាំ​ឲ្យ​គាត់​មិន​ព្រម​ចុះ​ចូល ហើយ​នេះ​ធ្វើ​ឲ្យ​គាត់​ដាច់​ឆ្ងាយ​ពី​បិតា​នៅ​ស្ថាន​សួគ៌។ (​ទំនុក​តម្កើង ១៣៨:៦​) ដូច្នេះ ចូរ​យើង​ទាំង​អស់​គ្នា​តាំង​ចិត្ត​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​ជា​និច្ច។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក