បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៦ ទំ. ២០-២៤
  • ចូរគោរពព្រះយេហូវ៉ាជាអ្នកមានសិទ្ធិកាន់អំណាច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរគោរពព្រះយេហូវ៉ាជាអ្នកមានសិទ្ធិកាន់អំណាច
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទស្សនៈ​របស់​យើង​ចំពោះ​អ្នក​កាន់​អំណាច
  • ចូរ​រៀន​ឲ្យ​ចេះ​វែកញែក​ចុះ!
  • សាតាំង​ព្យាយាម​បង្អាប់​កិត្ដិយស​ព្រះ​យេហូវ៉ា ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច
  • ចូរ​ប្រយ័ត្ន​នឹង​ស្មារតី​ប្រកាន់​យក​តែ​គំនិត​ខ្លួនឯង!
  • សារៈសំខាន់​នៃ​ចិត្ត​រាបទាប
  • ហេតុអ្វីគួរគោរពអ្នកដែលមានអំណាចលើយើង?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ទស្សនៈគ្រីស្ទានចំពោះអំណាច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ការគោរពអំណាចគ្រប់គ្រង ហេតុអ្វីក៏ជាការចាំបាច់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • តើអំណាចគ្រប់គ្រងរបស់អ្នកណាដែលអ្នកគួរទទួលស្គាល់?
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៦ ទំ. ២០-២៤

ចូរ​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច

​«នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់​នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ»។—១យ៉ូន. ៥:៣

១, ២​. (ក) ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​សព្វថ្ងៃ​មិន​ចូល​ចិត្ត​ចុះចូល​ចំពោះ​អ្នក​កាន់​អំណាច? (ខ) តើ​អ្នក​ដែល​មិន​ចូល​ចិត្ត​ចុះចូល​ពិតជា​ធ្វើ​អ្វី​តាម​ចិត្ត​របស់​ខ្លួន​មែន​ឬ? សូម​ពន្យល់។

នៅ​សព្វថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ចុះចូល​ចំពោះ​អ្នក​ដែល​«កាន់​អំណាច»​ឡើយ។ ពួក​គេ​មាន​ទស្សនៈ​ថា «មិនបាច់​មាន​អ្នក​ណា​ប្រាប់​ខ្ញុំ​ទេ!»។ ប៉ុន្តែ តើ​មនុស្ស​បែប​នេះ​ពិតជា​ធ្វើ​អ្វី​តាម​ចិត្ត​របស់​ខ្លួន​មែន​ឬ? មិន​ទាល់តែ​សោះ! ភាគច្រើន​ចេះ​តែ​ធ្វើ​តាម​អ្នក​ជិត​ខាង​ខ្លួន តែ​អ្នក​ជិតខាង​របស់​ខ្លួន​នោះ​កំពុង​«ត្រាប់​តាម​សម័យ​នេះ»​ទៅ​វិញ។ (រ៉ូម ១២:២) ស្រប​ទៅ​តាម​សំណេរ​របស់​សាវ័ក​ពេត្រុស ជា​ជាង​ធ្វើ​អ្វី​តាមតែ​ចិត្ត​របស់​ខ្លួន ពួក​គេ​សុទ្ធតែ​ជា​«បាវ​បំរើ​របស់​[សម័យ​ដ៏]​ពុក​រលួយ»​នេះ។ (២ពេ. ២:១៩) ពួក​គេ​ប្រព្រឹត្ត​«តាម​របៀប​លោកីយ​នេះ គឺ​តាម​មេ​គ្រប់គ្រង​រាជ្យ​លើ​អាកាស» គឺ​សាតាំង​ដែល​ជា​មេ​កំណាច។—អេភ. ២:២

២ ក្នុង​សៀវភៅ​មួយ​ដែល​មេធាវី​ម្នាក់​បាន​សរសេរ គាត់​អួត​ខ្លួន​ថា​៖ «ខ្ញុំ​មិន​ឲ្យ​ឪពុក​ម្ដាយ . . . គ្រូ​គង្វាល . . . ឬ​ធម៌​ព្រះ មក​បង្ខិតបង្ខំ​ខ្ញុំ​ឲ្យ​ជឿ​តាម​ឡើយ»។ ពេល​កាន់​អំណាច អ្នក​ខ្លះ​បំពាន​សិទ្ធិ​មែន ដូច្នេះ​មិន​គួរ​ឲ្យ​ស្ដាប់បង្គាប់​ទេ។ យ៉ាង​ណា​ក៏​ដោយ តើ​នេះ​ជា​ហេតុ​ឲ្យ​យើង​បដិសេធ​នឹង​អស់អ្នក​ដែល​ផ្ដល់​ការ​ណែនាំ​ឬ? មុន​នឹង​ឆ្លើយ សូម​អាន​កាសែត​ជា​មុន​សិន ហើយ​គិត​ពី​ទុក្ខវេទនា​ដែល​មាន​ជា​ទូទៅ។ ក្នុង​អំឡុង​គ្រា​នេះ​យើង​ត្រូវការ​ការ​ណែនាំ​មែន! ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់! មនុស្ស​ភាគច្រើន​ធ្វើ​ថ្លង់​មិន​ចង់​ដឹង​ចង់​ឮ​ទៅ​វិញ។

ទស្សនៈ​របស់​យើង​ចំពោះ​អ្នក​កាន់​អំណាច

៣​. តើ​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ប្រព្រឹត្ត​យ៉ាង​ណា ដែល​បង្ហាញ​ថា​ពួក​គេ​មិន​ព្រម​ចុះចូល​ភ្លាមៗ​ចំពោះ​ពួក​អាជ្ញាធរ?

៣ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​មាន​ទស្សនៈ​ខុស​ប្លែក​ពី​មនុស្ស​ក្នុង​ពិភព​លោក​នេះ។ នេះ​មិន​មាន​ន័យ​ថា យើង​ធ្វើ​អ្វីៗ​ក៏​ដោយ​តាមតែ​អ្នក​កាន់​អំណាច​បង្គាប់​ឡើយ។ ផ្ទុយ​ទៅ​វិញ ដូច​គ្នា​នឹង​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ជួនកាល​យើង​ក៏​មិន​ព្រម​ចុះចូល​ចំពោះ​អ្នក​ដទៃ សូម្បី​តែ​ចំពោះ​អ្នក​ខ្លះ​ដែល​មាន​សិទ្ធិ​កាន់​អំណាច​ក្ដី។ ជា​ឧទាហរណ៍ ក្រុម​ប្រឹក្សា​ជាន់ខ្ពស់ ដែល​រួម​បញ្ចូល​សម្ដេច​សង្ឃ​និង​អ្នក​ឯ​ទៀត​ដែល​មាន​សិទ្ធិ​កាន់​អំណាច បាន​ហាម​ផ្ដាច់​មិន​ឲ្យ​ពួក​សាវ័ក​ផ្សព្វផ្សាយ​ជា​បន្ត។ យ៉ាង​ណា​ក៏​ដោយ សាវ័ក​ទាំងនោះ​មិន​ចុះចូល​ភ្លាម​ដោយ​កំសាក​ទេ។ ពួក​សាវ័ក​មិន​បាន​ឈប់​ធ្វើការ​ល្អ​ដោយ​ព្រោះតែ​ចង់​ចុះចូល​ចំពោះ​ពួក​អាជ្ញាធរ​ឡើយ។—សូម​អាន កិច្ចការ ៥:២៧​-​២៩

៤​. ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ តើ​អ្នក​ណាខ្លះ​បាន​តាំង​គំរូ​ល្អ​ដែល​បង្ហាញ​ថា រាស្ត្រ​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា​សុខចិត្ត​រង​ទុក្ខ​ជា​ជាង​ធ្វើ​តាម​ចិត្ត​អ្នក​ដទៃ?

៤ មុន​សម័យ​ពួក​គ្រិស្ត​សាសនិក អ្នកបម្រើ​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា​ក៏​បាន​កាន់​ជំហរ​រឹង​មាំ​ដូច​នេះ​ដែរ។ ជា​ឧទាហរណ៍ លោក​ម៉ូសេ​«មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន​ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ។ លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជាមួយនឹង​រាស្ត្រ​របស់​ព្រះ»​ទៅ​វិញ ទោះបីជា​ទង្វើ​នោះ​បណ្ដាល​ឲ្យ​ស្តេច​មាន​«កំហឹង»​យ៉ាង​ខ្លាំង​ក្ដី។ (ហេ. ១១:២៤, ២៥, ២៧) មួយទៀត ទោះជា​ភរិយា​របស់​លោក​ប៉ូ​ទី​ផា​រ​មាន​សិទ្ធិ​អំណាច​ធ្វើបាប​យ៉ូសែប​ក៏​ដោយ គាត់​មិន​បាន​ចុះ​ញ៉ម​ទាល់តែ​សោះ ពេល​នាង​លួងលោម​ចិត្ត​គាត់​ឲ្យ​រួមដំណេក​ជាមួយ។ (លោ. ៣៩:៧​-​៩) លោក​ដានីយ៉ែល​ក៏​បាន​«សំ​រេច​ក្នុង​ចិត្ត​ថា មិន​ព្រម​ឲ្យ​ខ្លួន​សៅហ្មង​ដោយ​អាហារ​របស់​ស្តេច» សូម្បី​តែ​ពេល​ដែល​អ្នកជា​ចៅហ្វាយ​លើ​ពួក​គាត់​មិន​យល់ព្រម​ភ្លាម​ក្ដី។ (ដា. ១:៨​-​១៤) ឧទាហរណ៍​ទាំងនេះ​បង្ហាញ​ថា តាំងពី​បុរាណ​មក រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​កាន់​ជំហរ​រឹង​មាំ​ដើម្បី​គាំទ្រ​អ្វី​ដែល​ត្រឹមត្រូវ មិន​ថា​នេះ​នាំ​ឲ្យ​ពួក​គេ​រង​ទុក្ខ​លំបាក​បែប​ណា​ក៏​ដោយ។ ពួក​គេ​មិន​ព្រម​ចុះចូល​ចំពោះ​អ្នក​ដទៃ​ដោយ​គ្រាន់តែ​ចង់​យក​ចិត្ត​គេ​ទេ ហើយ​គប្បី​ណាស់​ឲ្យ​យើង​កាន់​ជំហរ​ដូច​គ្នា​ដែរ។

៥​. ស្តី​អំពី​ការ​គោរព​អ្នក​កាន់​អំណាច តើ​យើង​មាន​ទស្សនៈ​ខុស​គ្នា​យ៉ាង​ណា​ពី​មនុស្ស​ក្នុង​ពិភព​លោក​នេះ?

៥ ពេល​យើង​កាន់​ជំហរ​រឹង​មាំ​ដោយ​ចិត្ត​ក្លាហាន នេះ​មិនមែន​ជា​លក្ខណៈ​មានះ​ទេ។ ណាមួយ​ទៀត យើង​មិន​កាន់​ជំហរ​រឹង​មាំ​ដោយ​មាន​បំណង​ចង់​ប្រឆាំង​នឹង​ពួក​អ្នក​កាន់​អំណាច ដូច​អ្នក​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​បាន​តាំងចិត្ត​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច​លើស​ជាង​មនុស្ស​ណា​ក៏​ដោយ។ ពេល​ច្បាប់​របស់​មនុស្ស​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ​យេហូវ៉ា នោះ​មិន​ពិបាក​ឲ្យ​យើង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ទេ។ ដូច​ពួក​សាវ័ក​នៅ​សតវត្សរ៍​ទី​១ យើង​ស្ដាប់​បង្គាប់​ព្រះ​ជា​ជាង​មនុស្ស។

៦​. ហេតុ​អ្វី​ក៏​ការ​ស្ដាប់បង្គាប់​ព្រះ​យេហូវ៉ា​តែងតែ​មាន​ប្រយោជន៍?

៦ តើ​ចិត្តគំនិត​បែប​ណា​ជួយ​យើង​ឲ្យ​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច? យើង​ធ្វើ​តាម​យោបល់​ដែល​ចែង​នៅ​សុភាសិត ៣:៥, ៦ ថា​៖ «ចូរ​ទីពឹង​ដល់​[ឬ​«ទុកចិត្ត​លើ»​, ខ.ស.]​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ! នោះ​ទ្រង់​នឹង​ដំ​រង់​អស់ទាំង​ផ្លូវ​ច្រក​របស់​ឯង»។ យើង​ជឿ​ថា​មិន​យូរ​មិន​ឆាប់ អ្វីៗ​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង តែងតែ​នាំ​ឲ្យ​មាន​ប្រយោជន៍។ (សូម​អាន ចោទិយកថា ១០:១២, ១៣)ប្រាកដ​មែន នៅ​ចំពោះ​បណ្ដា​ជន​អ៊ីស្រាអែល ព្រះ​យេហូវ៉ា​ពិពណ៌នា​អំពី​អង្គ​ទ្រង់​ថា​៖ «ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ»។ រួច​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៀត​ថា​៖ «បើ​ឯង​បាន​ស្ដាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ . . . នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ [ហើយ]​សេចក្ដី​សុចរិត​របស់​ឯង​នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ»។ (អេសា. ៤៨:​១៧, ១៨) យើង​ទុកចិត្ត​នឹង​ពាក្យ​ទាំងនោះ​ហើយក៏​ជឿ​ស៊ប់​ថា ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​រមែងតែ​ង​តែ​នាំ​ឲ្យ​មាន​ប្រយោជន៍។

៧​. បើ​យើង​មិន​យល់​ច្បាស់​ពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ច្បាប់​ណាមួយ​ក្នុង​បណ្ដាំ​របស់​ទ្រង់ តើ​គប្បី​ឲ្យ​យើង​ធ្វើ​អ្វី?

៧ សូម្បី​តែ​ពេល​ដែល​យើង​មិន​យល់​ច្បាស់​ពី​មូលហេតុ​ដែល​មានច្បាប់​ណាមួយ​ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក្ដី យើង​នៅ​តែ​គោរព​ទ្រង់​ជា​អ្នក​មាន​សិទ្ធិ​កាន់​អំណាច​ដដែល។ នេះ​មិន​បាន​សេចក្ដី​ថា យើង​ជឿ​ផ្កាប់មុខ​ដោយ​ត្រចៀកស្រាល​ឡើយ តែ​បង្ហាញ​ថា​យើង​ទុកចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​វិញ។ ទស្សនៈ​នេះ​ស​ឲ្យ​ឃើញ​ពី​ជំនឿ​ស៊ប់​ថា ព្រះ​យេហូវ៉ា​ជ្រាប​ពី​អ្វី​ដែល​នាំ​ឲ្យ​បាន​ប្រយោជន៍។ ការ​ស្ដាប់បង្គាប់​ព្រះ​យេហូវ៉ា​ក៏​បង្ហាញ​ថា​យើង​ស្រឡាញ់​ទ្រង់​ដែរ ដូច​សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ «នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់»។ (១យ៉ូន. ៥:៣) ប៉ុន្តែ ការ​ស្ដាប់បង្គាប់​មាន​លក្ខណៈ​សំខាន់​មួយទៀត​ដែល​យើង​មិន​គួរ​ភ្លេច​ឡើយ។

ចូរ​រៀន​ឲ្យ​ចេះ​វែកញែក​ចុះ!

៨​. ពេល​យើង​រៀន​ឲ្យ​ចេះ​«វែកញែក» តើ​នេះ​ជួយ​យើង​ឲ្យ​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នក​មាន​សិទ្ធិ​កាន់​អំណាច​យ៉ាង​ដូច​ម្ដេច?

៨ គម្ពីរ​ចែង​ថា យើង​គួរតែ​«បង្ហាត់​ឥន្ទ្រីយ»​ឬ​បណ្ដុះ​ឲ្យ​មាន​«សមត្ថភាព​វែកញែក»​កាន់តែ​ល្អ​ឡើងៗ «ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ»។ (ហេ. ៥:​១៤; ព.ថ.) ដូច្នេះ យើង​មិន​មាន​គោលដៅ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ដោយ​ស្វ័យប្រវត្ត​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ចង់​មាន​សមត្ថភាព​«ដឹង​ខុស​ត្រូវ»​ដោយ​ចេះ​គិត​ពី​គោលការណ៍​នីមួយៗ​របស់​ព្រះ​យេហូវ៉ា។ គប្បី​ឲ្យ​យើង​ចេះ​កត់សម្គាល់​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ដើម្បី​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ដូច​អ្នក​តែង​បទ​ទំនុកដំកើង​ដែល​ថា​៖​«ក្រឹត្យ​វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូល​បង្គំ»។—ទំនុក. ៤០:៨

៩​. តើ​យើង​អាច​រៀន​ឲ្យ​ចេះ​វិនិច្ឆ័យ​ខ្លួន​សម​ស្រប​ទៅ​តាម​គោលការណ៍​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ឲ្យ​យើង​ចេះ​ធ្វើ​ដូច្នេះ?

៩ យើង​ត្រូវ​តែ​រំពឹង​គិត​ពី​អ្វី​ដែល​យើង​អាន​ក្នុង​គម្ពីរ ទើប​អាច​ទទួល​ស្គាល់​តម្លៃ​នៃ​ច្បាប់​របស់​ព្រះ​យេហូវ៉ា ដូច​អ្នក​តែង​បទ​ទំនុកដំកើង។ ជា​ឧទាហរណ៍ ពេល​យើង​រៀន​អំពី​តម្រូវការ​ណាមួយ​របស់​ព្រះ​យេហូវ៉ា យើង​អាច​សួរ​ខ្លួនឯង​ថា ‹ហេតុ​អ្វី​បានជា​ច្បាប់​ឬ​គោលការណ៍​នេះ​មាន​ប្រយោជន៍? បើ​ខ្ញុំ​ធ្វើ​តាម​ច្បាប់​ឬ​គោលការណ៍​នេះ តើ​នឹង​មាន​លទ្ធផល​ល្អ​អ្វីខ្លះ? ចំពោះ​អស់អ្នក​ដែល​មិន​អើពើ​នឹង​ឱវាទ​នេះ​ពី​ព្រះ​យេហូវ៉ា តើ​មាន​ផលវិបាក​ណាខ្លះ?›។ ពេល​យើង​ចេះ​វិនិច្ឆ័យ​ខ្លួន​ឲ្យ​បាន​ស្រប​ទៅ​តាម​តម្រូវការ​របស់​ព្រះ​យេហូវ៉ា នេះ​នឹង​ជួយ​យើង​ឲ្យ​ចេះ​ធ្វើការ​សម្រេច​ចិត្ត​សម​ស្រប​ទៅ​នឹង​ឆន្ទៈ​របស់​ទ្រង់​ដែរ។ យ៉ាង​នេះ យើង​អាច​«យល់​បំណង​ព្រះ​ហឫទ័យ»​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ធ្វើ​តាម​បំណង​នោះ​ដោយ​ចេះ​ស្ដាប់បង្គាប់​ទ្រង់។ (អេភ. ៥:១៧) ប៉ុន្តែ នេះ​មិន​តែងតែ​ស្រួល​ទេ។

សាតាំង​ព្យាយាម​បង្អាប់​កិត្ដិយស​ព្រះ​យេហូវ៉ា ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច

១០​. តើ​សាតាំង​បាន​ព្យាយាម​បង្អាប់​កិត្ដិយស​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច​ក្នុង​លក្ខណៈ​មួយ​ណា​នៃ​ជីវិត?

១០ យូរយារ​មក​ហើយ សាតាំង​បាន​ព្យាយាម​បង្អាប់​កិត្ដិយស​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច។ ចិត្តគំនិត​និង​ការ​ប្រព្រឹត្ត​ច្រើន​បែប​ច្រើន​យ៉ាង​ស​ឲ្យ​ឃើញ​ពី​ស្មារតី​ប្រកាន់​យក​តែ​គំនិត​ខ្លួនឯង​ដូច​សាតាំង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ទស្សនៈ​របស់​មនុស្ស​ជា​ច្រើន​ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​ចំណង​អាពាហ៍ពិពាហ៍​ស្រប​ទៅ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ គូ​ប្រុស​ស្រី​ខ្លះ​រួមរស់​ជាមួយ​គ្នា​ដោយ​ឥត​រៀប​ការ ហើយ​ស្វាមីភរិយា​ខ្លះ​ទៀត​ចេះ​តែ​រកហេតុ​ដើម្បី​លែងលះ​គូ​របស់​ខ្លួន​ទៅ​វិញ។ មនុស្ស​បែប​នេះ​ប្រហែលជា​ឯកភាព​នឹង​តួ​ឯក​កុន​ដ៏​ល្បី​ម្នាក់​ដែល​បាន​និយាយ​ថា​៖ «ប្រុស​ក៏​ដូច​ស្រី​ដែរ គ្មាន​នរណា​អាច​ស្រឡាញ់​មនុស្ស​តែ​ម្នាក់​រហូត​បាន​ឡើយ»។ តួ​ឯក​កុន​នេះ​ក៏​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​ណា​ម្នាក់​សោះ ដែល​ប្រាថ្នា​ចង់​រស់នៅ​ជាមួយនឹង​គូ​របស់​ខ្លួន​ឬ​ក៏​ស្មោះត្រង់​រហូត​នោះ»។ ពេល​គិត​អំពី​សង្សារ​ច្រើន​នាក់​ដែល​តួ​ឯក​កុន​ដ៏​ល្បី​ម្នាក់​ទៀត​ធ្លាប់​មាន​ហើយ​មិន​អាច​ស្រឡាញ់​គ្នា​រហូត​បាន គាត់​ក៏​បាន​និយាយ​ដូច​គ្នា​ដែរ​ថា​៖ «ខ្ញុំ​សង្ស័យ​ថា មនុស្ស​យើង​គ្មាន​ទំនោរ​ចិត្ត​ចង់​រស់នៅ​ជាមួយ​ម្នាក់​គត់​អស់​មួយ​ជីវិត​ទេ»។ បើ​ដូច្នេះ គប្បី​ឲ្យ​យើង​សួរ​ខ្លួនឯង​ថា ‹ស្តី​អំពី​អាពាហ៍ពិពាហ៍ តើ​ខ្ញុំ​គោរព​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​ដាក់​កម្រិត​ឬ? ឬ​មួយ​ក៏ តើ​ទស្សនៈ​ធូររលុង​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​មិន​ល្អ​មក​លើ​ចិត្តគំនិត​របស់​ខ្ញុំ​ទៅ​វិញ?›។

១១, ១២​. (ក) ហេតុ​អ្វី​ក៏​ពិបាក​ម្ល៉េះ​ឲ្យ​យុវវ័យ​ខ្លះ​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នក​មាន​សិទ្ធិ​ដាក់​កម្រិត​លើ​ខ្លួន? (ខ) សូម​រៀបរាប់​បទ​ពិសោធន៍​មួយ​ដែល​បង្ហាញ​ថា ការ​មិន​ធ្វើ​តាម​ច្បាប់​និង​គោលការណ៍​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​ផលវិបាក។

១១ ប្អូនៗ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ចូរ​ប្រយ័ត្ន​ចុះ! ពីព្រោះ​សាតាំង​ព្យាយាម​បង្អាប់​កិត្ដិយស​ព្រះ​យេហូវ៉ា​ដោយ​មាន​បំណង​នាំ​ប្អូនៗ​ឲ្យ​លែង​ចាត់​ទុក​ទ្រង់​ជា​អ្នកមាន​សិទ្ធិ​ដាក់​កម្រិត​លើ​ខ្លួន។ «សេចក្ដី​ស្រើបស្រាល»​និង​«តណ្ហា​[ឯ​ទៀត]​នៃ​យុវវ័យ» រួម​ជាមួយ​ការ​បង្ខិតបង្ខំ​ពី​អ្នក​ដែល​ប្អូនៗ​សេពគប់​ជាមួយ អាច​នាំ​ឲ្យ​មានគំនិត​ថា ច្បាប់​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​តឹង​រ៉ឹង​ពេក។ (២ធី. ២:២២; ២ធម. ២:២២, ខ.ស.) ប្អូនៗ​ទាំងឡាយ​អើយ! កុំ​ឲ្យ​មានគំនិត​បែប​នេះ​ឡើយ! ចូរ​ព្យាយាម​ដើម្បី​យល់​អំពី​អត្ថប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​គោលការណ៍​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ មាន​បង្គាប់​ក្នុង​គម្ពីរ​ថា​៖ «ចូរ​រត់​ពី​ការ​សហាយស្មន់​ចេញ»។ (១កូ. ៦:១៨) ម្ដង​នេះ​ទៀត ចូរ​ឲ្យ​ប្អូនៗ​សួរ​ខ្លួនឯង​ថា ‹ហេតុ​អ្វី​បានជា​ច្បាប់​នេះ​មាន​ប្រយោជន៍? បើ​ខ្ញុំ​ធ្វើ​តាម​ច្បាប់​នេះ តើ​នឹង​មាន​លទ្ធផល​ល្អ​អ្វីខ្លះ?›។ ប្អូនៗ​ប្រហែលជា​ស្គាល់​នរណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​មិន​បាន​ធ្វើ​តាម​ឱវាទ​នេះ​ពី​ព្រះ​យេហូវ៉ា ហើយ​មាន​ផលវិបាក​ទៅ​វិញ។ ក្រោយ​បាន​ធ្វើ​ដូច្នេះ តើ​ពួក​គេ​ពិតជា​សប្បាយ​ទេ? តើ​ជីវិត​របស់​ពួក​គេ​ប្រសើរ​ជាង​ពេល​បាន​ចូល​រួម​ជាមួយ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ទេ? តើ​ពួក​គេ​ពិតជា​បាន​រក​គន្លឹះ​នៃ​សុភមង្គល​ដែល​អ្នកបម្រើ​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា​មិន​មាន​ឬ​ទេ?—សូម​អាន អេសាយ ៦៥:១៤

១២ សូម​គិត​អំពី​យោបល់​របស់​នារី​ម្នាក់​ឈ្មោះ​សារ៉ុន ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​ដែរ។ ប៉ុន្មាន​ឆ្នាំ​មុន សារ៉ុន​បាន​សរសេរ​ថា​៖ «ដោយសារ​ខ្ញុំ​មិន​បាន​គោរព​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា ខ្ញុំ​ក៏​កើត​អេដស៍​ជា​ជំងឺ​ដែល​បណ្ដាល​ឲ្យ​ស្លាប់។ ជា​ញយ​ដង​ខ្ញុំ​នឹក​ចាំ​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​ខ្ញុំ​បាន​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សប្បាយ​រីករាយ»។ សារ៉ុន​សារភាព​ថា នាង​បាន​ប្រព្រឹត្ត​យ៉ាង​ល្ងីល្ងើ​ដោយ​ធ្វើ​ខុសច្បាប់​ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ គប្បី​ឲ្យ​នាង​ទទួល​ស្គាល់​តម្លៃ​នៃ​ច្បាប់​ទាំងនោះ​ជា​ជាង ពីព្រោះ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​តែងតែ​ការពារ​យើង។ សារ៉ុន​ស្លាប់​គ្រាន់តែ​៧​សប្ដាហ៍​ក្រោយ​នាង​បាន​សរសេរ​ពាក្យ​ទាំងនេះ។ រឿង​ដ៏​ខ្លោចផ្សា​នេះ​បង្ហាញ​ថា សាតាំង​គ្មាន​អ្វី​ល្អ​ផ្ដល់​ឲ្យ​អស់អ្នក​ដែល​ចូល​ដៃ​ជាមួយ​របៀប​របប​ដ៏​អាក្រក់​របស់​វា​ឡើយ។ សាតាំង​ជា​«ឪពុក»​ឬ​អ្នក​ដែល​ពោល​ពាក្យ​«កំភូត»​មុន​គេ ហើយ​ទោះជា​វា​សន្យា​ច្រើន​យ៉ាង​ណា​ក៏​ដោយ វា​មិន​ដែល​ធ្វើ​តាម​ពាក្យ​សន្យា​ណាមួយ​សោះ ដូច​ជា​វា​បាន​កុហក​នាង​អេវ៉ា​ដែរ។ (យ៉ូន. ៨:​៤៤) គឺ​ច្បាស់​ហើយ​ថា យើង​តែងតែ​ទទួល​ប្រយោជន៍​ជា​និច្ច ពី​ការ​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​មាន​សិទ្ធិ​ដាក់​កម្រិត​ឲ្យ​យើង។

ចូរ​ប្រយ័ត្ន​នឹង​ស្មារតី​ប្រកាន់​យក​តែ​គំនិត​ខ្លួនឯង!

១៣​. តើ​ក្នុង​ករណី​ណាមួយ​ដែល​យើង​ត្រូវ​តែ​ប្រយ័ត្ន​នឹង​ស្មារតី​ប្រកាន់​យក​តែ​គំនិត​ខ្លួនឯង?

១៣ ដំណាល​គ្នា​នឹង​ការ​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច យើង​ក៏​ត្រូវ​តែ​ប្រយ័ត្ន​នឹង​ស្មារតី​ប្រកាន់​យក​តែ​គំនិត​ខ្លួនឯង។ ចិត្ត​ក្រអឺតក្រទម​អាច​បណ្ដាល​ឲ្យ​យើង​មាន​ទស្សនៈ​ថា មិន​ចាំបាច់​មាន​អ្នក​ណា​ជួយ​ណែនាំ​យើង​ឡើយ។ ជា​ឧទាហរណ៍ ពេល​អ្នក​នាំមុខ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជូន​ឱវាទ យើង​ប្រហែលជា​មិន​ចង់​ស្ដាប់​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​អ្នកបម្រើ​ស្មោះត្រង់ ជា​ខ្សែរយៈ​ដើម្បី​ផ្ដល់​ការ​ណែនាំ​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល។ (ម៉ាថ. ២៤:៤៥​-​៤៧) គប្បី​ឲ្យ​យើង​មានចិត្ត​រាបទាប ហើយ​ទទួល​ស្គាល់​ថា នេះ​ជា​ខ្សែរយៈ​ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​ដើម្បី​ថែទាំ​រាស្ត្រ​របស់​ទ្រង់​នា​សម័យ​នេះ។ ចូរ​ឲ្យ​យើង​មាន​លក្ខណៈ​ដូច​ពួក​សាវ័ក​ដ៏​ស្មោះត្រង់​ចុះ! ពេល​សិស្ស​ខ្លះ​របស់​ព្រះ​យេស៊ូ​មិន​ពេញចិត្ត​នឹង​អ្វី​ដែល​ទ្រង់​បង្រៀន​ម្ដង​នោះ ទ្រង់​សួរ​ពួក​សាវ័ក​ថា​៖ «អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ?»។ ពេត្រុស​ឆ្លើយ​តប​ថា​៖ «ព្រះ​អម្ចាស់​អើយ! តើ​យើងខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? គឺ​ទ្រង់​ហើយ​ដែល​មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។—យ៉ូន. ៦:៦៦​-​៦៨

១៤, ១៥​. ហេតុ​អ្វី​គប្បី​ឲ្យ​យើង​មានចិត្ត​រាបទាប​ក្នុង​ការ​ធ្វើ​តាម​ឱវាទ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​គម្ពីរ?

១៤ យើង​ក៏​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច ដោយ​ធ្វើ​តាម​ឱវាទ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​បណ្ដាំ​របស់​ទ្រង់។ ជា​ឧទាហរណ៍ ក្រុម​អ្នកបម្រើ​ស្មោះត្រង់​បាន​ទូន្មាន​យើង​ថា យើង​ត្រូវ​តែ​«ចាំ​យាម ហើយ​ដឹងខ្លួន»​ចុះ! (១ថែ. ៥:៦) ដំបូន្មាន​នេះ ពី​អ្នកបម្រើ​ស្មោះ​ត្រង់​ពិតជា​មាន​ប្រយោជន៍​មែន ពីព្រោះ​យើង​កំពុង​រស់នៅ​គ្រា​ជាន់​ក្រោយ​បង្អស់​ដែល​ពេញ​ទៅ​ដោយ​«មនុស្ស​[ដែល]​ស្រឡាញ់​តែ​ខ្លួនឯង ទាំង​ស្រឡាញ់​ប្រាក់»។ (២ធី. ៣:១, ២) តើ​ទស្សនៈ​បែប​នេះ​ដែល​មាន​ជា​ទូទៅ​អាច​មាន​ឥទ្ធិពល​មក​លើ​យើង​ទេ? អាច​មាន​មែន! បើ​យើង​មាន​គោលដៅ​ផ្សេងៗ​ដែល​មិន​ទាក់ទង​នឹង​ការ​ថ្វាយបង្គំ​ព្រះ​យេហូវ៉ា នេះ​អាច​នាំ​ឲ្យ​យើង​លែង​យក​ចិត្ត​ទុកដាក់​នឹង​កិច្ច​បម្រើ​ទ្រង់ ឬ​មួយ​ក៏​យើង​អាច​ចាប់ផ្ដើម​មានចិត្ត​ចង់​ដេញ​តាម​ទ្រព្យ​សម្បត្ដិ​ទៅ​វិញ។ (លូ. ១២:១៦​-​២១) អាស្រ័យ​ហេតុនេះ គប្បី​ណាស់​ឲ្យ​យើង​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ ហើយ​ជៀសវាង​ពី​របៀប​រស់នៅ​ដែល​បង្ហាញ​ពី​ការ​រកតែ​ប្រយោជន៍​ខ្លួនឯង​ដែល​មាន​ពាសពេញ​ក្នុង​ពិភព​លោក​របស់​សាតាំង។—១យ៉ូន. ២:១៦

១៥ អ្នកបម្រើ​ស្មោះត្រង់​ផ្ដល់​ការ​ណែនាំ​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​ក្រុម​ជំនុំ​ទាំងឡាយ តាម​រយៈ​ពួក​អ្នក​ចាស់ទុំ​ដែល​បាន​តែងតាំង​ឲ្យ​បំពេញ​ភារកិច្ច​នោះ។ មានការ​ដាស់តឿន​ក្នុង​គម្ពីរ​ថា​៖ «ចូរ​ស្ដាប់​តាម ហើយ​ចុះចូល​នឹង​ពួក​អ្នក​ដែល​នាំមុខ​អ្នក​រាល់​គ្នា​ចុះ! ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​បាន​ថែរក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិនមែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ​នោះ បង់ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ»។ (ហេ. ១៣:១៧) តើ​នេះ​មាន​ន័យ​ថា ពួក​អ្នក​ចាស់ទុំ​ក្នុង​ក្រុម​ជំនុំ​មិន​ចេះ​ភ្លាត់​ធ្វើ​ខុស​ទេ? មិនមែន​ទេ! ព្រះ​យេហូវ៉ា​ឃើញ​ចំណុច​ខ្សោយ​របស់​ពួក​គាត់​ច្បាស់​ជាង​យើង​ទៅ​ទៀត។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​នៅ​តែ​តម្រូវ​ឲ្យ​យើង​ចុះចូល​ចំពោះ​ពួក​គាត់​នៅ​ឡើយ។ ពេល​ដែល​យើង​សហ​ការណ៍​ជាមួយ​ពួក​អ្នក​ចាស់ទុំ ទោះជា​ពួក​គាត់​ភ្លាត់​ធ្វើ​ខុស​ម្ដង​ម្កាល​ក៏​ដោយ នេះ​បង្ហាញ​ថា​យើង​កំពុង​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច។

សារៈសំខាន់​នៃ​ចិត្ត​រាបទាប

១៦​. តើ​យើង​អាច​គោរព​ព្រះ​យេស៊ូ​ជា​អ្នក​នាំមុខ​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​យ៉ាង​ដូច​ម្ដេច?

១៦ យើង​ត្រូវ​តែ​ចង​ចាំ​ជា​និច្ច​ថា ព្រះ​យេស៊ូ​ជា​សិរសា​ឬ​អ្នក​នាំមុខ​ក្រុម​ជំនុំ។ (កូល. ១:១៨) ហេតុនេះ​ហើយ​បានជា​យើង​ចុះចូល​ចំពោះ​ពួក​អ្នក​ចាស់ទុំ​ដែល​ផ្ដល់​ការ​ណែនាំ​ឲ្យ​យើង ព្រម​ទាំង​«រាប់អាន​[ពួក​គាត់]​ជា​ខ្លាំង»​ថែម​ទៀត។ (១ថែ. ៥:១២, ១៣) ពួក​អ្នក​ចាស់ទុំ​ក្នុង​ក្រុម​ជំនុំ​ក៏​មាន​ស្មារតី​ចុះចូល​ផង​ដែរ។ ពួក​គាត់​ធ្វើ​ដូច្នេះ​ដោយ​បង្រៀន​ក្រុម​ជំនុំ​ពី​សារ​របស់​ព្រះ​យេហូវ៉ា មិនមែន​ទស្សនៈ​របស់​ខ្លួន​គាត់​ទេ។ ពួក​អ្នក​ចាស់ទុំ​មិន​បង្រៀន​អ្វី​ដែល​«លើស​ជាង​[ឬ​«ហួស​ពី»]​សេចក្ដី​ដែល​បាន​ចែង​ទុក»​ក្នុង​គម្ពីរ ដោយ​មាន​បំណង​ចង់​លើក​តម្កើង​តែ​គំនិត​របស់​ខ្លួន​ឡើយ។—១កូ. ៤:៦; ១​ករ​. ៤:៦, ខ.ស.

១៧​. តើ​មហិច្ឆតា​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​បែប​ណាខ្លះ?

១៧ បង​ប្អូន​ទាំងឡាយ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ដែរ កុំ​ឲ្យ​ស្វែងរក​កិត្ដិសព្ទ​ដល់​ខ្លួន។ (សុ. ២៥:២៧) តាម​មើល​ទៅ សាវ័ក​យ៉ូហាន​ធ្លាប់​ស្គាល់​គ្រិស្ត​សាសនិក​ម្នាក់​ដែល​មាន​ទំនោរ​ចិត្ត​មិន​ល្អ​បែប​នេះ។ យ៉ូហាន​សរសេរ​ថា​៖ «អ្នក​ឌីអូត្រេព ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ធំ​ក្នុង​ពួក​នោះ គាត់​មិន​ទទួល​យើង​ទេ។ ដូច្នេះ បើ​ខ្ញុំ​មក ខ្ញុំ​នឹង​នឹក​ចាំ​ពី​ការ​ដែល​អ្នក​នោះ​ធ្វើ ដោយ​គាត់​ពោល​ពាក្យ​អាក្រក់ និយាយដើម​យើង»។ (៣យ៉ូន. ៩, ១០) ស្ថានការណ៍​នោះ​ផ្ដល់​មេរៀន​ល្អ​សម្រាប់​យើង​នៅ​សព្វថ្ងៃ​នេះ​ផង​ដែរ។ បើ​យើង​ឃើញ​ថា ខ្លួន​មាន​ទំនោរ​ចិត្ត​ទោរ​ទន់​ទៅ​រក​មហិច្ឆតា គប្បី​ណាស់​ឲ្យ​យើង​យក​ឈ្នះ​លើ​ទំនោរ​ចិត្ត​បែប​នោះ​ភ្លាម។ គម្ពីរ​ចែង​ថា​៖ «សេចក្ដី​ឆ្មើងឆ្មៃ​នាំមុខ​សេចក្ដី​ហិន​វិនាស ហើយ​ចិត្ត​ព្រហើន​[ឬ​«ចិត្ត​ក្រអឺតក្រទម»]​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ»។ អស់អ្នក​ដែល​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច ត្រូវ​តែ​ទប់ទល់​នឹង​ចិត្ត​អំណួត ក្រែងលោ​ខ្លួន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អាម៉ាស់​ខ្មាស​វិញ។—សុ. ១១:​២; ១៦:​១៨; ព.ថ.

១៨​. តើ​អ្វី​នឹង​ជួយ​ឲ្យ​យើង​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច?

១៨ ត្រូវ​មែន! ចូរ​ឲ្យ​យើង​តាំងចិត្ត​ដើម្បី​ទប់ទល់​នឹង​ទស្សនៈ​របស់​ពិភព​លោក​នេះ​ដែល​មាន​ស្មារតី​ប្រកាន់​យក​តែ​គំនិត​ខ្លួនឯង ហើយ​ចូរ​ឲ្យ​យើង​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច​ចុះ! ចូរ​ឲ្យ​យើង​បង្ហាញ​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​រំពឹង​គិត​ម្ដង​ម្កាល​ពី​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ជា​អ្នកបម្រើ​ទ្រង់។ ដោយសារ​យើង​បាន​រួមចំណែក​ជាមួយនឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា នេះ​បង្ហាញ​ថា​ទ្រង់​បាន​ទាញ​នាំ​យើង​តាម​រយៈ​សកម្ម​ពល​បរិសុទ្ធ​របស់​ទ្រង់ ដើម្បី​មាន​ចំណងមិត្តភាព​ជាមួយនឹង​ទ្រង់។ (យ៉ូន. ៦:៤៤) កុំ​ឲ្យ​យើង​ចាត់​ទុក​ចំណងមិត្តភាព​ដ៏​ពិសេស​នេះ​ជា​ការ​ធម្មតា​ឡើយ! ចូរ​ឲ្យ​របៀប​រស់នៅ​របស់​ខ្លួន​ស​ឲ្យ​ឃើញ​ថា យើង​បដិសេធ​ទាំងស្រុង​ស្មារតី​ប្រកាន់​យក​តែ​គំនិត​ខ្លួនឯង ហើយ​បង្ហាញ​ថា​យើង​ជា​អ្នក​ដែល​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច។

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​ការ​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច​រួម​បញ្ចូល​អ្វីខ្លះ?

• ពេល​រៀន​ឲ្យ​ចេះ​វែកញែក តើ​នេះ​ជួយ​ឲ្យ​យើង​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច​យ៉ាង​ដូច​ម្ដេច?

• តើ​សាតាំង​ព្យាយាម​បង្អាប់​កិត្ដិយស​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច​ដោយ​របៀប​ណាខ្លះ?

• ក្នុង​ការ​គោរព​ព្រះ​យេហូវ៉ា​ជា​អ្នកមាន​សិទ្ធិ​កាន់​អំណាច តើ​ចិត្ត​រាបទាប​មាន​សារៈសំខាន់​ប៉ុណ្ណា?

[រូបភាព​នៅ​ទំព័រ​២០]

‹យើង​ត្រូវ​តែ​ស្ដាប់បង្គាប់​ព្រះ​ជា​ជាង​មនុស្ស›

[រូបភាព​នៅ​ទំព័រ​២១]

យើង​តែងតែ​ទទួល​ប្រយោជន៍ ពេល​ធ្វើ​តាម​គោលការណ៍​របស់​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក