បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/១០ ទំ. ១១-១៦
  • ទស្សនៈគ្រីស្ទានចំពោះអំណាច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទស្សនៈគ្រីស្ទានចំពោះអំណាច
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «គ្មាន​អំណាច​ណា​ទេ លើក​តែ​មក​ពី​ព្រះ»
  • ពួក​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​និង​ពួក​អ្នក​មាន​អំណាច​សាសន៍​រ៉ូម
  • សេចក្ដី​គោរព​ត្រឹម​ត្រូវ​ចំពោះ​ពួក​អ្នក​មាន​អំណាច
  • អំណាច​នៅ​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន
  • អំណាច​នៅ​ក្នុង​ក្រុម​ជំនុំ
  • តើអំណាចគ្រប់គ្រងរបស់អ្នកណាដែលអ្នកគួរទទួលស្គាល់?
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ការគោរពអំណាចគ្រប់គ្រង ហេតុអ្វីក៏ជាការចាំបាច់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ហេតុអ្វីគួរគោរពអ្នកដែលមានអំណាចលើយើង?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ចូរគោរពពួកបុគ្គលដែលមានអំណាចគ្រប់គ្រងលើអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/១០ ទំ. ១១-១៦

ទស្សនៈ​គ្រីស្ទាន​ចំពោះ​អំណាច

«ដ្បិត​គ្មាន​អំណាច​ណា​ទេ លើក​តែ​មក​ពី​ព្រះ»។—រ៉ូម ១៣:១

១. ហេតុ​អ្វី​ក៏​អាច​និយាយ​បាន​ថា ព្រះ​យេហូវ៉ា​ជា​អំណាច​ដ៏​មហា​ឧត្តម?

អំណាច​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ភាព​ជា​ព្រះ​អាទិទេព។ ព្រះ​យេហូវ៉ា ទ្រង់​ជា​ព្រះ​អាទិទេព​ដែល​ផ្ដល់​អត្ថិភាព​ឲ្យ​របស់​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត​មក ទាំង​ជីវ​និង​អជីវ។ យ៉ាង​ច្បាស់​ណាស់ ទ្រង់​ពិត​ជា​អំណាច​ដ៏​មហា​ឧត្តម​មែន។ ពួក​ជន​គ្រីស្ទាន​ពិត​ក៏​មាន​អារម្មណ៍​ដូច​ពួក​សត្តនិករ​សួគ៌ា​ដែរ ដែល​ពួក​គេ​ប្រកាស​ថា៖ «ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិត្ដិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង»។—វិវរណៈ ៤:១១

២. នៅ​ជំនាន់​ដើម តើ​អ្នក​គ្រប់​គ្រង​មនុស្ស​លោក​ទទួល​សារភាព​យ៉ាង​ណា ថា​ពួក​គេ​គ្មាន​សិទ្ធិ​ពី​កំណើត​នឹង​ត្រួត​ត្រា​លើ​មនុស្ស​លោក​ដូច​គ្នា​នោះ ហើយ​តើ​ព្រះ​យេស៊ូ​វ​មាន​បន្ទូល​ប្រាប់​លោក​ប៉ុនទិស​-​ពីឡាត់​យ៉ាង​ណា​ដែរ?

២ នៅ​ជំនាន់​ដើម ហេតុ​ដែល​អ្នក​គ្រប់​គ្រង​មនុស្ស​លោក​ជា​ច្រើន​បាន​ខំ​ព្យាយាម​ធ្វើ​ឲ្យ​អំណាច​របស់​គេ​បាន​ពេញ​ច្បាប់ ដោយ​អះអាង​ថា​ខ្លួន​គេ​ជា​ព្រះ ឬ​ជា​អាណត្ដិ​ជន​នៃ​ព្រះ គឺ​ជា​ការ​ទទួល​ស្គាល់​ដោយ​តុណ្ហីភាព​ថា គ្មាន​មនុស្ស​លោក​ណា​មាន​សិទ្ធិ​ពី​កំណើត​នឹង​គ្រប់​គ្រង​មនុស្ស​ឯ​ទៀត​ឡើយ។ (យេរេមា ១០:២៣) ប្រភព​នៃ​អំណាច​តែ​មួយ​ដែល​មាន​ឡាក់​ឋាន​ពេញ​ច្បាប់​ត្រឹម​ត្រូវ​នោះ គឺ​ជា​ព្រះ​យេហូវ៉ា។ ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​ប្រាប់ លោក​ប៉ុនទាស​-​ពីឡាត់ ជា​ចៅហ្វាយ​ខេត្ត​ជាតិ​រ៉ូម​ក្នុង​ស្រុក​យូដា ថា៖ «បើ​មិន​បាន​ប្រទាន​មក​ពី​ស្ថាន​លើ នោះ​លោក​ឥត​មាន​អំណាច​លើ​ខ្ញុំ​សោះ»។—យ៉ូហាន ១៩:១១

«គ្មាន​អំណាច​ណា​ទេ លើក​តែ​មក​ពី​ព្រះ»

៣. តើ​សាវក​ប៉ុល​បាន​ថ្លែង​យ៉ាង​ណា​ខ្លះ​អំពី«រាជការ» ហើយ​តើ​សេចក្ដី​ថ្លែង​នៃ​ព្រះ​យេស៊ូ​វ​និង​ប៉ុល​ធ្វើ​ឲ្យ​មាន​សំនួរ​អ្វី​ខ្លះ?

៣ សាវក​ប៉ុល​បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន​ដែល​រស់​នៅ​ក្រោម​អំណាច​ចក្រភព​រ៉ូម ថា៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ ដ្បិត​គ្មាន​អំណាច​ណា​ទេ លើក​តែ​មក​ពី​ព្រះ គឺ​ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច»។ (រ៉ូម ១៣:១) តើ​ព្រះ​យេស៊ូ​វ​ចង់​មាន​បន្ទូល​យ៉ាង​ណា ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា​អំណាច​របស់​លោក​ពីឡាត់​ត្រូវ​បាន​ប្រគល់​ឲ្យ​គាត់«ពី​ស្ថាន​លើ»? ហើយ​នៅ​ជំនាន់​សាវក​ប៉ុល តើ​គាត់​ចាត់​ទុក​ពួក​អ្នក​មាន​អំណាច​ខាង​នយោបាយ​ដែល​ព្រះ​បាន​តាំង​ឡើង​នោះ​ជា​យ៉ាង​ណា? តើ​ព្រះ​យេស៊ូ​វ​និង​ប៉ុល​ចង់​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​ទទួល​ខុស​ត្រូវ​ផ្ទាល់​ក្នុង​ការ​រើស​តាំង​អ្នក​គ្រប់​គ្រង​នយោបាយ​ម្នាក់​ៗ​នៃ​លោកីយ៍​នេះ​ឬ?

៤. តើ​ព្រះ​យេស៊ូ​វ​និង​ប៉ុល​បាន​ហៅ​សាតាំង​ជា​អ្នក​ណា ហើយ​តើ​ព្រះ​យេស៊ូ​វ​មិន​បាន​បដិសេធ​នូវ​ការ​អះអាង​អ្វី​របស់​សាតាំង?

៤ តើ​អាច​ទៅ​ជា​យ៉ាង​នេះ​ដូច​ម្ដេច​បាន បើ​ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​ហៅ​សាតាំង​ជា«ចៅហ្វាយ​របស់​លោ​កី​យ» ហើយ​សាវក​ប៉ុល​បាន​ឲ្យ​ឈ្មោះ​វា​ជា«ព្រះ​របស់​លោ​កី​យ​នេះ»នោះ? (យ៉ូហាន ១២:៣១; ១៦:១១; កូរិនថូស​ទី​២ ៤:៤) ម្យ៉ាង​វិញ​ទៀត កាល​ដែល​សាតាំង​ល្បួង​ព្រះ​យេស៊ូ​វ វា​បាន​ប្រគល់​ឲ្យ«អំណាច»លើ«នគរ​នៅ​ផែនដី​ទាំង​អស់»ទៅ​ទ្រង់ ដោយ​អះអាង​ថា​អំណាច​ទាំង​នេះ​ត្រូវ​បាន​ប្រគល់​មក​ឲ្យ​វា​ហើយ។ ព្រះ​យេស៊ូ​វ​បាន​ច្រាន​ចោល​នូវ​ការ​ប្រគល់​ឲ្យ​នោះ ប៉ុន្តែ​ទ្រង់​មិន​បាន​បដិសេធ​ថា អំណាច​បែប​នោះ​ជា​របស់​ផង​សាតាំង​ឡើយ។—លូកា ៤:៥​-​៨

៥. (ក) តើ​យើង​ត្រូវ​យល់​យ៉ាង​ណា នូវ​ពាក្យ​របស់​ព្រះ​យេស៊ូ​វ​និង​ប៉ុល​អំពី​អំណាច​របស់​មនុស្ស? (ខ) តើ​ក្នុង​ន័យ​យ៉ាង​ណា ដែល​ពួក​រាជការ​ត្រូវ«ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច»នោះ?

៥ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ការ​គ្រប់​គ្រង​នៃ​លោកីយ៍​នេះ​ឲ្យ​ទៅ​សាតាំង ដោយ​អនុញ្ញាត​ឲ្យ​វា​នៅ​គង់​វង់ ក្រោយ​ពី​ការ​បះ​បោរ​របស់​វា និង​បន្ទាប់​ពី​វា​បាន​ល្បួង​អ័ដាម​និង​នាង​អេវ៉ា ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បះ​បោរ​ប្រឆាំង​នឹង​អធិបតេយ្យភាព​របស់​ទ្រង់​ដែរ​នោះ។ (លោកុប្បត្តិ ៣:១​-​៦; ប្រៀប​ធៀប និក្ខមនំ ៩:១៥, ១៦) ដូច្នេះ​ហើយ ពាក្យ​របស់​ព្រះ​យេស៊ូ​វ​និង​ប៉ុល​ច្បាស់​ជា​មាន​ន័យ​ថា ក្រោយ​ពី​មនុស្ស​មួយ​គូ​ដំបូង​នៅ​ក្នុង​សួន​អេដែន​បាន​ច្រាន​ចោល​ព្រះ​ធិបតេយ្យភាព ឬ​ការ​គ្រប់​គ្រង​របស់​ព្រះ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​បែក​បាក់​នេះ បង្កើត​រចនា​សម្ព័ន្ធ​អំណាច​ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​រស់​ក្នុង​សង្គម​ដែល​មាន​សណ្ដាប់​ធ្នាប់។ នៅ​ពេល​ខ្លះ ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្រង​ណា​មួយ​ធ្លាក់​ពី​តំណែង ឬ​រដ្ឋាភិបាល​នោះ​រ​លំ​ទៅ។ (ដានីយ៉ែល ២:១៩​-​២១) រីឯ​អ្នក​ឯ​ទៀត ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​នៅ​កាន់​កាប់​អំណាច។ ចំពោះ​អត្ថិភាព​របស់​អ្នក​គ្រប់​គ្រង​ណា​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ប្រណី នោះ​អាច​និយាយ​បាន​ថា «ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច»។

ពួក​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​និង​ពួក​អ្នក​មាន​អំណាច​សាសន៍​រ៉ូម

៦. តើ​ពួក​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​ចាត់​ទុក​ពួក​រាជការ​រ៉ូម​ជា​អ្នក​ណា ហើយ​ហេតុ​អ្វី?

៦ ពួក​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​ពុំ​បាន​ចូល​រួម​កម្លាំង​ជា​មួយ​នឹង​និកាយ​សាសន៍​យូដា ដែល​បាន​រួម​ដៃ​ក្នុង​សហក្បដ​ហើយ​បាន​ច្បាំង​នឹង​ពួក​រ៉ូម​ដែល​កំពុង​តែ​កាន់​កាប់​ស្រុក​អ៊ីស្រាអែល​នោះ​ទេ។ ដោយ​សារ​តែ​ពួក​រាជការ​រ៉ូម​មាន​ប្រព័ន្ធ​ច្បាប់​ដ៏​ត្រឹម​ត្រូវ ដែល​បាន​រក្សា​សណ្ដាប់​ធ្នាប់​នៅ​តាម​តំបន់​គោក​និង​តាម​សមុទ្រ បាន​សង់​ជល​មាគ៌​ដ៏​មាន​ប្រយោជន៍ ផ្លូវ និង​ស្ពាន​ជា​ច្រើន ព្រម​ទាំង​ជួយ​ផ្គត់​ផ្គង់​ដល់​សុខុមាលភាព​ទូទៅ​ដែរ​នោះ បាន​ជា​ពួក​ជន​គ្រីស្ទាន​ចាត់​ទុក​ពួក​គេ​ជា‹អ្នក​បំរើ​របស់​ព្រះ សំរាប់​សេចក្ដី​ល្អ​ដល់​គេ›។ (រ៉ូម ១៣:៣, ៤) ច្បាប់​និង​សណ្ដាប់​ធ្នាប់​បាន​បង្កើត​ឲ្យ​មាន​បរិយាការ​ដែល​ពួក​ជន​គ្រីស្ទាន​អាច​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​ទី​កន្លែង​បាន ដូច​ជា​ព្រះ​យេស៊ូ​វ​បាន​បញ្ជា​មក។ (ម៉ាថាយ ២៨:១៩, ២០) ពួក​គេ​អាច​បង់​ពន្ធ​តាម​ការ​ដក​ហូត​របស់​ពួក​រ៉ូម ដោយ​មាន​សតិ​សម្បជញ្ញៈ​ដ៏​ល្អ ទោះ​បី​ជា​ប្រាក់​ខ្លះ​ត្រូវ​បាន​ប្រើ​សំរាប់​គោល​បំណង​ផ្សេង​ៗ​ដែល​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​ក៏​ដោយ។—រ៉ូម ១៣:៥​-​៧

៧, ៨. (ក) តើ​ការ​អាន​យ៉ាង​ផ្ទៀង​ផ្ទាត់​នូវ​រ៉ូម ១៣:១​-​៧ បង្ហាញ​ឲ្យ​ឃើញ​អ្វី ហើយ​តើ​បរិបទ​នោះ​បង្ហាញ​អ្វី​ដែរ? (ខ) ក្រោម​កាលៈទេសៈ​ណា​ខ្លះ ដែល​ពួក​រាជការ​រ៉ូម​មិន​បាន​ប្រព្រឹត្ត​សម​ជា«អ្នក​បំរើ​របស់​ព្រះ» ហើយ​ចំពោះ​ករណី​នេះ តើ​ពួក​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​ប្រព្រឹត្ត​តាម​ដំបូន្មាន​អ្វី?

៧ ការ​អាន​យ៉ាង​ផ្ទៀង​ផ្ទាត់​នូវ​ខ​គម្ពីរ​ទាំង​ប្រាំ​ពីរ​ដំបូង​នៃ​ព្រះ​គម្ពីរ​រ៉ូម ជំពូក​១៣ បង្ហាញ​ឲ្យ​ឃើញ​ថា ពួក«រាជការ» គឺ​ជា«អ្នក​បំរើ​របស់​ព្រះ» ដែល​លើក​សរសើរ​អ្នក​ណា​ដែល​ធ្វើ​ល្អ និង​កាត់​ទោស​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់។ បរិបទ​នោះ​បង្ហាញ​ថា ព្រះ​ទ្រង់​ជា​អ្នក​សម្រេច​អ្វី​ដែល​ល្អ​និង​អាក្រក់ គឺ​មិន​មែន​ពួក​រាជការ​ទេ។ ដូច្នេះ​ហើយ បើ​សិន​ជា​អធិរាជ​រ៉ូម ឬ​អ្នក​មាន​អំណាច​នយោបាយ​ណា​ម្នាក់​តម្រូវ​អ្វី​ៗ​ដែល​ព្រះ​បាន​ហាម ឬ​ក៏​ផ្ទុយ​ទៅ​វិញ ហាមប្រាម​អ្វី​ៗ​ដែល​ព្រះ​តម្រូវ អ្នក​នោះ​លែង​បាន​ធ្វើ​ជា​អ្នក​បំរើ​របស់​ព្រះ​ទៀត​ហើយ។ ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​ថា៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ»។ (ម៉ាថាយ ២២:២១) បើ​សិន​ជា​រដ្ឋ​រ៉ូម​បាន​ទាម​ទារ​អ្វី​ៗ​ដែល​ជា​របស់​ផង​ព្រះ ដូច​ជា​ការ​ថ្វាយ​បង្គំ ឬ​ជីវិត​នៃ​បុគ្គល​ណា​ម្នាក់ ពួក​ជន​គ្រីស្ទាន​ពិត​បាន​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​សាវក​វិញ ដែល​ថា៖ «ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស»។—កិច្ច​ការ ៥:២៩

៨ ពួក​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​បាន​បដិសេធ​មិន​ព្រម​កាន់​តាម​ការ​ថ្វាយ​បង្គំ​ព្រះ​អធិរាជ និង​សរណវត្ថុបូជា មិន​បាន​បោះ​បង់​ចោល​កិច្ច​ប្រជុំ​គ្រីស្ទាន​របស់​គេ ហើយ​ក៏​មិន​បាន​ឈប់​ផ្សាយ​ដំណឹង​ល្អ​ដែរ ម្ល៉ោះ​ហើយ​បាន​មាន​ការ​ធ្វើ​ទុក្ខ​បៀត​បៀន​នោះ។ មនុស្ស​ទូទៅ​ជឿ​ថា សាវក​ប៉ុល​ត្រូវ​បាន​អធិរាជ​នីរ៉ូ​បញ្ជា​ឲ្យ​ប្រហារ​ជីវិត។ អធិរាជ​ឯ​ទៀត ជា​ពិសេស​ឌូម៉ីស្សិន, ម៉ាកឹស អូរីលឿស, សិបធីម៉ីអើស សេវ៉ូរើស, ដេស៊ីអើស, និង​ដែអូគ្លីសៀន ក៏​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ពួក​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​ដែរ។ នៅ​ពេល​ដែល​អធិរាជ​ទាំង​នេះ​និង​អនុរដ្ឋមន្ត្រី​របស់​គេ​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ពួក​ជន​គ្រីស្ទាន​នោះ ពួក​គេ​ច្បាស់​ជា​មិន​ប្រព្រឹត្ត​សម​ជា«អ្នក​បំរើ​របស់​ព្រះ»ទេ។

៩. (ក) តើ​អ្វី​នៅ​តែ​ជា​ការ​ពិត​នៃ​ពួក​រាជការ ហើយ​តើ​សត្វ​សាហាវ​ខាង​នយោបាយ​ទទួល​ឥទ្ធិ​ឫទ្ធិ​និង​អំណាច​ពី​អ្នក​ណា? (ខ) តើ​ការ​ចុះ​ចូល​នៃ​ពួក​គ្រីស្ទាន​ចំពោះ​ពួក​អ្នក​មាន​អំណាច​ជា​យ៉ាង​ណា​ដែរ?

៩ ការ​ទាំង​អស់​នេះ​បញ្ជាក់​ថា ថ្វី​បើ​ពួក​រាជការ ក្នុង​ករណី​ខ្លះ បំរើ​ជា«របៀប​រៀបចំ​របស់​ព្រះ»[ពថ] ដើម្បី​រក្សា​សង្គម​មនុស្ស​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​របប​លោកីយ៍​នេះ ដែល​សាតាំង​ជា​ព្រះ​នោះ។ (យ៉ូហាន​ទី​១ ៥:១៩) ពួក​គេ​ជា​សមាជិក​នៃ​អង្គការ​នយោបាយ​ដែល​មាន​ពាស​ពេញ​ពិភព​លោក ដែល​តំណាង​ដោយ«សត្វ​សាហាវ»នៅ​វិវរណៈ ១៣:១, ២។ សត្វ​សាហាវ​នោះ​ទទួល​ឥទ្ធិ​ឫទ្ធិ​និង​អំណាច​របស់​វា​ពី«នាគ​ធំ» ដែល​ជា​អារក្ស​សាតាំង។ (វិវរណៈ ១២:៩) ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ការ​ចុះ​ចូល​នៃ​ពួក​គ្រីស្ទាន​ចំពោះ​ពួក​អ្នក​មាន​អំណាច ជា​ការ​ដែល​មាន​ល័ក្ខខ័ណ្ឌ មិន​មែន​ជា​អ្វី​ផ្ដាច់​ការ​ទេ។—ប្រៀប​ធៀប ដានីយ៉ែល ៣:១៦​-​១៨

សេចក្ដី​គោរព​ត្រឹម​ត្រូវ​ចំពោះ​ពួក​អ្នក​មាន​អំណាច

១០, ១១. (ក) តើ​សាវក​ប៉ុល​បាន​បង្ហាញ​យ៉ាង​ណា​ថា យើង​ត្រូវ​តែ​គោរព​ពួក​អ្នក​មាន​អំណាច ទោះ​បី​ជា​ពួក​គេ​ម្នាក់​ៗ​សម​នឹង​ទទួល ឬ​ក៏​មិន​សម​ក្ដី? (ខ) តើ​ហេតុ​អ្វី និង​តាម​របៀប​ណា ដែល​យើង​អាច​អធិស្ឋាន«ឲ្យ​ស្តេច ហើយ​ឲ្យ​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន»?

១០ យ៉ាង​ណា​ក៏​ដោយ ការ​នេះ​មិន​មែន​មាន​ន័យ​ថា ពួក​គ្រីស្ទាន​ត្រូវ​តែ​ប្រកាន់​យក​អាកប្បកិរិយា​ដែល​គឃ្លើន និង​រឹង​ទទឹង​ចំពោះ​ពួក​រាជការ​នោះ​ឡើយ។ ពិត​មែន​ហើយ ពួក​បុរស​ទាំង​នេះ​ភាគ​ច្រើន​កាន់​ឫកពា​រដែ​ល​មិន​គួរ​គោរព ក្នុង​ជីវិត​ឯកជន​របស់​គេ ឬ​ក៏​ក្នុង​ជីវិត​សាធារណៈ​របស់​គេ​ទៀត​ផង។ ក៏​ប៉ុន្តែ តាម​រយៈ​គំរូ​និង​ដំបូន្មាន ពួក​សាវក​បាន​បង្ហាញ​ថា យើង​ត្រូវ​តែ​គោរព​ពួក​បុរស​ដែល​មាន​អំណាច​ទាំង​នេះ។ កាល​ដែល​ប៉ុល​បាន​ទៅ​គាល់​នៅ​ពី​មុខ​ស្តេច​ហេរ៉ូឌ អ័គ្រីប៉ា​ទី​២​ដែល​ជា​អ្នក​ស្មន់​នោះ គាត់​បាន​ទូល​ទៅ​ស្តេច​នោះ​ដោយ​មាន​សេចក្ដី​គោរព​ត្រឹម​ត្រូវ។—កិច្ច​ការ ២៦:២, ៣, ២៥

១១ ប៉ុល​ថែម​ទាំង​ថ្លែង​មក​ថា ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ការ​អធិស្ឋាន​ឲ្យ​ពួក​អ្នក​មាន​អំណាច​ខាង​លោកីយ៍ ជា​ពិសេស នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​សុំ​ឲ្យ​សម្រេច​ការ​អ្វី​មួយ​ដែល​មាន​អានុភាព​ដល់​ការ​រស់​នៅ​និង​សកម្មភាព​គ្រីស្ទាន​របស់​យើង។ គាត់​បាន​សរសេរ​ថា៖ «ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះ​គុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់ គឺ​ឲ្យ​ស្តេច ហើយ​ឲ្យ​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នៅ​ជា​សុខ​សាន្ត ហើយ​ស្រគត់ស្រគំ ដោយ​កោត​ខ្លាច ហើយ​ដោយ​នឹង​ធឹង​គ្រប់​ជំពូក ដ្បិត​យ៉ាង​នោះ ទើប​បាន​ល្អ ហើយ​គាប់​ព្រះ​ហឫទ័យ ដល់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត»។ (ធីម៉ូថេ​ទី​១ ២:១​-​៤) អាកប្បកិរិយា​ប្រកប​ដោយ​សេចក្ដី​គោរព​របស់​យើង ចំពោះ​ពួក​អ្នក​មាន​អំណាច​បែប​នេះ អាច​បណ្ដាល​ឲ្យ​ពួក​គេ​អនុញ្ញាត​ឲ្យ​យើង​បន្ត​កិច្ច​ការ​របស់​យើង​បាន​តាម​សេរី ក្នុង​ការ​ព្យាយាម​ជួយ​សង្គ្រោះ«មនុស្ស​ទាំង​អស់»។

១២, ១៣. (ក) តើ​ពេត្រុស​បាន​ផ្ដល់​ឲ្យ​ដំបូន្មាន​ដ៏​សម​ត្រឹម​ត្រូវ​មួយ​ណា អំពី​អំណាច? (ខ) តើ​តាម​របៀប​ណា ដែល​យើង​អាច​បន្សាប«ពាក្យ​សំដី​ចំ​កួត​របស់​មនុស្ស​ខ្លៅ​ល្ងង់»ដែល​ប្រឆាំង​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នោះ?

១២ សាវក​ពេត្រុស​បាន​សរសេរ​មក​ថា៖ «ចូរ​ឲ្យ​ចុះ​ចូល នឹង​គ្រប់​ទាំង​ច្បាប់ នៃ​មនុស្ស​លោក ដោយ​យល់​ដល់​ព្រះ​អម្ចាស់ ទោះ​បើ​នឹង​ស្តេច ទុក​ជា​ធំ​បណ្ដាច់ ឬ​នឹង​ចៅហ្វាយ ទុក​ដូច​ជា​អ្នក​ដែល​ស្តេច​ចាត់​ចែង​ផង ដែល​លោក​ទាំង​នោះ​សំរាប់​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​សរសើរ​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​វិញ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ឲ្យ​បំបាត់​ពាក្យ​សំដី​ចំ​កួត​របស់​មនុស្ស​ខ្លៅ​ល្ងង់​ចេញ ដោយ​សារ​កិរិយា​ល្អ គឺ​ត្រូវ​ចុះ​ចូល​ទុក​ដូច​ជា​មនុស្ស​មាន​សេរី​ភាព តែ​មិន​មែន​ដោយ​ប្រើ​សេរី​នោះ ដើម្បី​នឹង​បំបិត​បំបាំង​សេចក្ដី​អាក្រក់​ឡើយ ត្រូវ​ចុះ​ចូល​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ​វិញ ចូរ​រាប់​អាន​ដល់មនុស្ស​ទាំង​អស់ ហើយ​ស្រឡាញ់​បង​ប្អូន កោត​ខ្លាច​ដល់​ព្រះ ព្រម​ទាំង​គោរព​ប្រតិបត្ដិ​ដល់​ស្តេច​ផង»។ (ពេត្រុស​ទី​១ ២:១៣​-​១៧) នេះ​ជា​ដំបូន្មាន​ដ៏​សម​ត្រឹម​ត្រូវ​មែន! ជា​អ្នក​បំរើ​ទ្រង់ យើង​ត្រូវ​តែ​ចុះ​ចូល​ទាំង​ស្រុង​ចំពោះ​ព្រះ។ ហើយ​ត្រូវ​ឲ្យ​មាន​ការ​ចុះ​ចូល​ដែល​មាន​ល័ក្ខខ័ណ្ឌ​និង​ប្រកប​ដោយ​សេចក្ដី​គោរព ចំពោះ​ពួក​អ្នក​មាន​អំណាច​ខាង​នយោបាយ ដែល​ព្រះ​បាន​ចាត់​មក​ឲ្យ​ធ្វើ​ទោស​ដល់​ពួក​មនុស្ស​អាក្រក់។

១៣ គេ​បាន​ដឹង​ថា ពួក​អ្នក​មាន​អំណាច​ខាង​លោកីយ៍​ជា​ច្រើន​មាន​ការ​យល់​ច្រឡំ​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ការ​នេះ​តែង​តែ​បណ្ដាល​មក​ពី​ការ​ទទួល​ពត៌មាន​មិន​ពិត ពី​ពួក​សត្រូវ​ព្យាបាទ​របស់​ប្រជារាស្ត្រ​ព្រះ។ ឬ​ក៏​ប្រហែល​ជា​អ្វី​ៗ​ដែល​គេ​បាន​ដឹង​អំពី​ពួក​យើង គឺ​បាន​មក​តាម​រយៈ​សារ​ពត៌មាន​ប្រជាប្រិយ ដែល​តែង​តែ​សម្ដែង​ពត៌មាន​ដោយ​សេចក្ដី​លំ​អៀង។ ជួន​កាល យើង​អាច​បំបាត់​សេចក្ដី​លំ​អៀង​នេះ​បាន តាម​រយៈ​អាកប្បកិរិយា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​គោរព​របស់​យើង ហើយ​បើ​អាច​ធ្វើ​ទៅ​បាន​នោះ យើង​គួរ​តែ​ផ្ដល់​ឲ្យ​ពួក​អ្នក​មាន​អំណាច​នូវ​សាច់​រឿង​ពិត​អំពី​កិច្ច​ការ​និង​ជំនឿ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ចំពោះ​រាជការ​ណា​ដែល​រវល់ យើង​អាច​ឲ្យ​សៀវភៅ​ស្តើង ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក្នុង​សតវត្ស​ទី​២០​នេះ ដែល​ផ្ដល់​ឲ្យ​សេចក្ដី​ពន្យល់​យ៉ាង​ខ្លី​ហើយ​ច្បាស់​លាស់។ ចំពោះ​ពត៌មាន​ដ៏​ពេញ​លេញ យើង​អាច​ឲ្យ​ពួក​គេ​នូវ​សៀវភៅ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ ជា​ឧបករណ៍​ដ៏​ប្រសើរ​មួយ​ដែល​សម​នឹង​នៅ​ក្នុង​ធ្នើរ​បណ្ណាល័យ​តាម​តំបន់ ឬ​បណ្ណាល័យ​ជាតិ​សាធារណៈ។

អំណាច​នៅ​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន

១៤, ១៥. (ក) តើ​អ្វី​ជា​មូលដ្ឋាន​នៃ​អំណាច​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន? (ខ) ប្រពន្ធ​គ្រីស្ទាន​ទាំង​ឡាយ​គួរ​តែ​មាន​អាកប្បកិរិយា​យ៉ាង​ណា​ចំពោះ​ប្ដី​របស់​គេ ហើយ​ហេតុ​អ្វី?

១៤ ជា​ការ​ជាក់​ស្តែង​ណាស់ បើ​ព្រះ​តម្រូវ​ឲ្យ​ជន​គ្រីស្ទាន​បង្ហាញ​សេចក្ដី​គោរព​ដល់​ពួក​អ្នក​មាន​អំណាច​ខាង​លោកីយ៍ តាម​របៀប​ដូច​នោះ ពួក​គេ​ក៏​ត្រូវ​តែ​គោរព​ដល់​រចនា​សម្ព័ន្ធ​អំណាច ដែល​ព្រះ​បាន​ស្ថាបនា​នៅ​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន​ដែរ។ សាវក​ប៉ុល​បាន​រាយ​រាប់​ប្រាប់​យ៉ាង​ច្បាស់​លាស់​នូវ​គោល​ការណ៍​នៃ​ប្រមុខភាព​ដែល​ត្រូវ​មាន​ក្នុង​ចំណោម​ប្រជារាស្ត្រ​នៃ​ព្រះ​យេហូវ៉ា។ គាត់​បាន​សរសេរ​ថា៖ «តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ​គ្រីស្ទ​ជា​សិរសា​នៃ​បុរស​ទាំង​អស់ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី ហើយ​សិរសា​នៃ​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ»។ (កូរិនថូស​ទី​១ ១១:៣) នេះ​ជា​គោល​ការណ៍​នៃ​ព្រះ​ធិបតេយ្យភាព ឬ​ការ​គ្រប់​គ្រង​ដោយ​ព្រះ។ តើ​នេះ​ទាក់​ទង​អ្វី​ខ្លះ?

១៥ ការ​គោរព​ដល់​ព្រះ​ធិបតេយ្យភាព​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ក្រុម​គ្រួសារ។ ប្រពន្ធ​គ្រីស្ទាន​ណា​ដែល​មិន​គោរព​ដល់​អំណាច​របស់​ប្ដី​នាង—ទោះ​បី​គាត់​ជា​អ្នក​ជឿ ឬ​អ្នក​មិន​ជឿ​ក្ដី—នេះ​មិន​មែន​ជា​របៀប​ព្រះ​ធិបតេយ្យភាព​ទេ។ ប៉ុល​បាន​ទូន្មាន​ពួក​ជន​គ្រីស្ទាន​ថា៖ «ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​គ្រីស្ទ។ ស្ត្រី​រាល់​គ្នា​អើយ ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ​អម្ចាស់​ដែរ ដ្បិត​ប្ដី​ជា​ក្បាល​នៃ​ប្រពន្ធ ដូច​ជា​ព្រះ​គ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ ក៏​ជា​ព្រះ​អង្គ​សង្គ្រោះ​ដល់​រូប​កាយ​ផង ហើយ​ដូច​ជា​ពួក​ជំនុំ​ចុះ​ចូល​នឹង​ព្រះ​គ្រីស្ទ​ជា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ»។ (អេភេសូរ ៥:២១​-​២៤) ដូច​ជា​ពួក​បុរស​គ្រីស្ទាន​ត្រូវ​តែ​ចុះ​ចូល​នឹង​ប្រមុខភាព​របស់​ព្រះ​គ្រីស្ទ ពួក​ស្ត្រី​គ្រីស្ទាន​ក៏​ត្រូវ​ទទួល​ស្គាល់​បញ្ញា​ក្នុង​ការ​ចុះ​ចូល​នឹង​អំណាច​ប្ដី​របស់​គេ​យ៉ាង​នោះ​ដែរ ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​នោះ។ ការ​ធ្វើ​យ៉ាង​នេះ​នឹង​នាំ​ឲ្យ​គេ​មាន​សោមនស្ស​យ៉ាង​ជ្រាល​ជ្រៅ ហើយ​សំខាន់​ទៅ​ទៀត​នោះ គឺ​ទទួល​ប្រសិទ្ធិ​ពរ​ពី​ព្រះ​យេហូវ៉ា។

១៦, ១៧. (ក) តើ​ក្មេង​ៗ​ដែល​ត្រូវ​បាន​ចិញ្ចឹម​អប់រំ​នៅ​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន អាច​ធ្វើ​ឲ្យ​ខ្លួន​គេ​ខុស​ពី​ពួក​ក្មេង​ៗ​នៅ​សម័យ​នេះ​យ៉ាង​ដូច​ម្ដេច​បាន ហើយ​តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ? (ខ) តើ​ព្រះ​យេស៊ូ​វ​បាន​ធ្វើ​ជា​គំរូ​ដ៏​ប្រសើរ​យ៉ាង​ណា ចំពោះ​ពួក​ក្មេង​ៗ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​តើ​ពួក​គេ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​អ្វី?

១៦ កូន​ក្មេង​ខាង​ព្រះ​ធិបតេយ្យភាព​មាន​ចិត្ត​រីករាយ​នឹង​បង្ហាញ​សេចក្ដី​គោរព​ត្រឹម​ត្រូវ​ដល់​ឪពុក​ម្ដាយ​របស់​គេ។ ចំពោះ​ក្មេង​នៅ​ជំនាន់​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នេះ ព្រះ​គម្ពីរ​បាន​ទាយ​ប្រាប់​ថា​ពួក​គេ​នឹង«មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ»ទេ។ (ធីម៉ូថេ​ទី​២ ៣:១, ២) រីឯ​ក្មេង​គ្រីស្ទាន​វិញ ព្រះ​គម្ពីរ​បាន​ចែង​ថា៖ «ក្មេង​រាល់​គ្នា​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​យ៉ាង​ដូច្នោះ​ឯង»។ (កូល៉ុស ៣:២០) ដូច្នេះ​ហើយ ការ​គោរព​ដល់​អំណាច​របស់​ឪពុក​ម្ដាយ គឺ​ជា​ការ​គាប់​ដល់​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា ហើយ​នឹង​នាំ​ឲ្យ​មាន​ប្រសិទ្ធិ​ពរ​ពី​ទ្រង់​ផង។

១៧ រឿង​នេះ​ត្រូវ​បាន​ពន្យល់​មក​ទៀត​នៅ​ក្នុង​ករណី​ព្រះ​យេស៊ូ​វ។ លូកា​បាន​សរសេរ​ថា៖ «ទ្រង់​ក៏​ចុះ​ទៅ​ឯ​ភូមិ​ណាសារ៉ែត ជា​មួយ​នឹង​គាត់[ឪពុក​ម្ដាយ​របស់​ទ្រង់]វិញ ហើយ[បាន​បន្ត​ចុះ​ចូល​នឹង​ពួក​គាត់,ពថ] . . . ព្រះ​យេស៊ូ​វ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ នឹង​ចិត្ត​មនុស្ស​ផង»។ (លូកា ២:៥១, ៥២) នៅ​គ្រា​នោះ ព្រះ​យេស៊ូ​វ​មាន​អាយុ​តែ​១២​ឆ្នាំ​ប៉ុណ្ណោះ ហើយ​កិរិយាសព្ទ​ភាសា​ក្រិក​ដែល​ប្រើ​នៅ​កន្លែង​នេះ បញ្ជាក់​ថា ទ្រង់«បន្ត​ចុះ​ចូល»នឹង​ឪពុក​ម្ដាយ​របស់​ទ្រង់។ ដូច្នេះ​ការ​ចុះ​ចូល​របស់​ទ្រង់ មិន​បាន​ចប់​នៅ​ពេល​ដែល​ទ្រង់​មាន​វ័យ​ជំទង់​ទេ។ ពួក​ក្មេង​ៗ​អើយ បើ​សិន​ជា​អ្នក​ចង់​បាន​ចំរើន​ឡើង​ក្នុង​ភាព​វិញ្ញាណ និង​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​យេហូវ៉ា​និង​មនុស្ស​ដែល​គោរព​ព្រះ អ្នក​ត្រូវ​តែ​សម្ដែង​សេចក្ដី​គោរព​ដល់​អំណាច​នៅ​ខាង​ក្នុង​និង​ខាង​ក្រៅ​ក្រុម​គ្រួសារ​របស់​ខ្លួន។

អំណាច​នៅ​ក្នុង​ក្រុម​ជំនុំ

១៨. តើ​អ្នក​ណា​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន ហើយ​តើ​ទ្រង់​ផ្ទេរ​អំណាច​ទៅ​អ្នក​ណា​ខ្លះ?

១៨ ស្តី​អំពី​ការ​ត្រូវ​ការ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ប៉ុល​បាន​សរសេរ​ថា៖ «ដ្បិត​ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​វិញ។ . . . ត្រូវ​តែ​ធ្វើ​ការ​ទាំង​អស់​តាម​បែប​គួរ​សម ហើយ​ដោយ​លំដាប់​លំដោយ​ផង»។ (កូរិនថូស​ទី​១ ១៤:៣៣, ៤០) ដើម្បី​ឲ្យ​ការ​ទាំង​អស់​ធ្វើ​ឡើង​ក្នុង​លំដាប់​ដែល​មាន​សណ្ដាប់​ធ្នាប់ ព្រះ​គ្រីស្ទ ដែល​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន បាន​ផ្ទេរ​អំណាច​ឲ្យ​ទៅ​ពួក​បុរស​ដ៏​ស្មោះ​ត្រង់។ យើង​អាន​ថា៖ «ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​សាវក ខ្លះ​ជា​គ្រូ​អធិប្បាយ ខ្លះ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់ល័ក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូប​កាយ​ព្រះ​គ្រីស្ទ​ឡើង . . . តែ​ដោយ​កាន់​តាម​សេចក្ដី​ពិត​ដោយ​សេចក្ដី​ស្រឡាញ់​វិញ នោះ​ឲ្យ​យើង​បាន​ធំ​ឡើង ខាង​ឯ​គ្រប់​ការ​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺ​ជា​ព្រះ​គ្រីស្ទ»។—អេភេសូរ ៤:១១, ១២, ១៥

១៩. (ក) តើ​ព្រះ​គ្រីស្ទ​បាន​តែង​តាំង​អ្នក​ណា​ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​នៅ​ផែនដី​របស់​ទ្រង់ ហើយ​តើ​ទ្រង់​ប្រគល់​អំណាច​ពិសេស​ឲ្យ​អ្នក​ណា? (ខ) តើ​មាន​ការ​ផ្ទេរ​អំណាច​អ្វី​កើត​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ហើយ​តើ​ការ​នេះ​តម្រូវ​អ្វី​ពី​យើង?

១៩ នៅ​ក្នុង​គ្រា​ចុង​បញ្ចប់​នេះ ព្រះ​គ្រីស្ទ​បាន​តែង​តាំង​គណៈ«អ្នក​បំរើ​ស្មោះ​ត្រង់​មាន​មារយាទ»ឲ្យ​ត្រួត​លើ«របស់​ទ្រព្យ​លោក​ទាំង​អស់» ឬ​ផល​ប្រយោជន៍​នៃ​ព្រះ​រាជាណាចក្រ​នៅ​លើ​ផែនដី។ (ម៉ាថាយ ២៤:៤៥​-​៤៧) ដូច​នៅ​សតវត្ស​ទី​មួយ​ដែរ អ្នក​បំរើ​នេះ​ត្រូវ​បាន​តំណាង​ដោយ​គណៈ​អភិបាល​នៃ​ពួក​បុរស​គ្រីស្ទាន​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង ដែល​ព្រះ​គ្រីស្ទ​បាន​ប្រគល់​ឲ្យ​អំណាច ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ និង​តែង​តាំង​អ្នក​ត្រួត​ពិនិត្យ​ផ្សេង​ទៀត។ (កិច្ច​ការ ៦:២, ៣; ១៥:២) ជា​លំដាប់​ត​ៗ​ទៅ គណៈ​អភិបាល​ផ្ទេរ​អំណាច​ទៅ​គណៈ​កម្មាធិការ​សាខា រួច​ទៅ​អ្នក​ត្រួត​ពិនិត្យ​តំបន់​និង​មណ្ឌល ហើយ​បន្ទាប់​មក​ផ្ទេរ​ទៅ​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​និមួយ​ៗ ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ជាង​៧៣.០០០​ក្រុម​ជំនុំ​នៅ​ពាស​ពេញ​ផែនដី។ ពួក​បុរស​គ្រីស្ទាន​ដែល​ប្រកប​ដោយ​ភក្ដី​ភាព​ទាំង​នេះ​សម​នឹង​ទទួល​ការ​គាំទ្រ​និង​សេចក្ដី​គោរព​ពី​យើង។—ធីម៉ូថេ​ទី​១ ៥:១៧

២០. តើ​មាន​ឧទាហរណ៍​អ្វី​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ពួក​អ្នក​ដែល​គ្មាន​សេចក្ដី​គោរព​ដល់​ពួក​ជន​គ្រីស្ទាន​ដែល​មាន​អំណាច?

២០ ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រៀប​ធៀប​សេចក្ដី​គោរព​ដែល​យើង​ត្រូវ​សម្ដែង​ដល់​ពួក​អ្នក​មាន​អំណាច​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ជា​មួយ​នឹង​ការ​ចុះ​ចូល​នឹង​ពួក​អ្នក​មាន​អំណាច​ខាង​លោកីយ៍​នេះ។ កាល​ណា​បុគ្គល​ម្នាក់​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​មនុស្ស​ដែល​ព្រះ​ពេញ​ព្រះ​ទ័យ ទណ្ឌកម្ម​ដែល​តម្រូវ​មក​ដោយ«ពួក​នាម៉ឺន»នោះ តាម​ការ​ពិត គឺ​ជា​ការ​សម្ដែង​សេចក្ដី​ក្រោធ​របស់​ព្រះ«មក​លើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់»។ (រ៉ូម ១៣:៣, ៤) បើ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ក្រោធ ពេល​ដែល​បុគ្គល​ណា​ម្នាក់​បំពាន​លើ​ច្បាប់​មនុស្ស ហើយ​គ្មាន​សេចក្ដី​គោរព​ត្រឹម​ត្រូវ​ដល់​ពួក​អ្នក​មាន​អំណាច​ខាង​លោកីយ៍ តើ​ទ្រង់​នឹង​មិន​សព្វ​ព្រះ​ហឫទ័យ​យ៉ាង​ណា​ទៅ​ហ្ន៎ ពេល​ជន​គ្រីស្ទានដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ហើយ រំលោភ​លើ​គោល​ការណ៍​ព្រះ​គម្ពីរ ហើយ​សម្ដែង​សេចក្ដី​ឥត​កោត​ក្រែង​ដល់​ជន​គ្រីស្ទាន​គ្នា​ឯង​ដែល​មាន​អំណាច​នោះ!

២១. តើ​យើង​នឹង​មាន​ចិត្ត​រីករាយ​ប្រព្រឹត្ត​តាម​ដំបូន្មាន​មួយ​ណា​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​តើ​អ្វី​នឹង​ត្រូវ​ពិចារណា​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់​នោះ?

២១ ជា​ជាង​ធ្វើ​ឲ្យ​ព្រះ​មិន​សប្បាយ​ព្រះ​ទ័យ ដោយ​សារ​អាកប្បកិរិយា​បះ​បោរ​និង​ឯកចិត្ត​របស់​យើង យើង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​ប៉ុល ទៅ​ពួក​គ្រីស្ទាន​ភីលីព​ថា៖ «បាន​ជា ឱ​ពួក​ស្ងួន​ភ្ងា​អើយ ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​ជា​ដរាប​រៀង​មក​ដែរ មិន​មែន​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ សូម្បី​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្ដាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ដែរ ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់ ដោយ​ឥត​ត្អូញត្អែរ ឥត​ប្រកែក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅហ្មង ឥត​កិច្ច​កល ជា​កូន​ព្រះ ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក»។ (ភីលីព ២:១២​-​១៥) ប្រជារាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រៀម​ខ្លួន​ចុះ​ចូល​នឹង​ពួក​អ្នក​មាន​អំណាច​ជា​និច្ច គឺ​មិន​ដូច​ដំណ​មនុស្ស​វៀច​វេរ ហើយ​ខិល​ខូច ដែល​បាន​នាំ​មក​លើ​ខ្លួន​ឯង​នូវ​វិបត្ដិ​អំណាច​នោះ​ទេ។ ម្ល៉ោះ​ហើយ​បាន​ជា​ពួក​គេ​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន ដូច​ជា​យើង​នឹង​ឃើញ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

ជា​ការ​រំឭក​សា​ឡើង​វិញ

◻ តើ​អ្នក​ណា​ជា​អំណាច​ដ៏​មហា​ឧត្តម ហើយ​ហេតុ​អ្វី​ក៏​អំណាច​របស់​ទ្រង់​មាន​ឡាក់​ឋាន​ពេញ​ច្បាប់?

◻ តើ​ក្នុង​ន័យ​យ៉ាង​ណា ដែល​ពួក​រាជការ​ត្រូវ«ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច»នោះ?

◻ នៅ​ពេល​ណា​ទើប​ពួក​រាជការ​ឈប់​ធ្វើ​ជា«អ្នក​បំរើ​របស់​ព្រះ» ប៉ុន្តែ​តើ​ពួក​គ្រីស្ទាន​អាច​អធិស្ឋាន​ឲ្យ​ពួក​អ្នក​មាន​អំណាច​យ៉ាង​ដូច​ម្ដេច?

◻ តើ​មាន​រចនា​សម្ព័ន្ធ​អំណាច​អ្វី​នៅ​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន ហើយ​តើ​ព្រះ​យេស៊ូ​វ​បាន​ធ្វើ​ជា​គំរូ​ដ៏​ប្រសើរ​យ៉ាង​ណា ចំពោះ​ពួក​ក្មេង​ៗ​នៅ​សព្វ​ថ្ងៃ​នេះ?

◻ តើ​មាន​ការ​ផ្ទេរ​អំណាច​អ្វី​កើត​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ហើយ​តើ​ការ​នេះ​តម្រូវ​អ្វី​ពី​យើង?

[រូប​ភាព​នៅ​ទំព័រ​១១]

ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​ថ្លែង​ថា៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក