បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ១៤ ទំ. ១៣០-១៣៩
  • តើអំណាចគ្រប់គ្រងរបស់អ្នកណាដែលអ្នកគួរទទួលស្គាល់?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអំណាចគ្រប់គ្រងរបស់អ្នកណាដែលអ្នកគួរទទួលស្គាល់?
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អំណាច​ខ្ពង់​ខ្ពស់​បំផុត
  • «អាជ្ញាធរ​ជាន់​ខ្ពស់»
  • អំណាច​គ្រប់គ្រង​ក្នុង​គ្រួសារ
  • អំណាច​គ្រប់គ្រង​ក្នុង​ក្រុមជំនុំ
  • ទទួល​ស្គាល់​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​អំពី​អំណាច​គ្រប់គ្រង
  • ទស្សនៈគ្រីស្ទានចំពោះអំណាច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ការគោរពអំណាចគ្រប់គ្រង ហេតុអ្វីក៏ជាការចាំបាច់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ហេតុអ្វីគួរគោរពអ្នកដែលមានអំណាចលើយើង?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ចូរទទួលប្រយោជន៍ពីការចុះចូលចំពោះការរៀបចំរបស់ព្រះស្ដីអំពីប្រមុខភាព
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ១៤ ទំ. ១៣០-១៣៩

ជំពូក​ទី១៤

តើ​អំណាច​គ្រប់គ្រង​របស់​អ្នក​ណា​ដែល​អ្នក​គួរ​ទទួល​ស្គាល់?

១, ២​. តើ​អំណាច​គ្រប់គ្រង​គ្រប់​ប្រភេទ​សុទ្ធតែ​ធ្វើ​ឲ្យ​មាន​ទុក្ខ​ទោស​ឬ? សូម​ពន្យល់។

«អំណាច​គ្រប់គ្រង»គឺ​ជា​ពាក្យ​ដ៏​គួរ​ស្អប់​ខ្ពើម​ចំពោះ​មនុស្ស​ជា​ច្រើន។ នេះ​គឺ​គួរ​ឲ្យ​យល់​បាន ដ្បិត​អំណាច​គ្រប់គ្រង​តែង​ត្រូវ​គេ​រំលោភ​ជា​ញឹកញយ នៅ​កន្លែង​ធ្វើ​ការ ក្នុង​គ្រួសារ និង​ដោយ​រដ្ឋាភិបាល​នានា។ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ត្រូវ​ពិត​ថា⁠៖ «មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា»។ (សាស្ដា ៨:⁠៩) ត្រូវ​ហើយ មនុស្ស​ជា​ច្រើន​បាន​ជិះជាន់​មនុស្ស​ឯ​ទៀត ដោយ​ប្រព្រឹត្ត​តាម​របៀប​ដែល​សង្កត់​សង្កិន​គេ ហើយ​រក​តែ​ផល​ប្រយោជន៍​សំរាប់​ខ្លួន។

២ ប៉ុន្តែ មិន​មែន​អំណាច​គ្រប់គ្រង​ទាំង​អស់​ធ្វើ​ឲ្យ​មាន​ទុក្ខ​ទោស​នោះ​ទេ។ ជា​ឧទាហរណ៍ គេ​អាច​និយាយ​ថា រូប​កាយ​របស់​យើង​មាន​អំណាច​គ្រប់គ្រង​លើ​យើង។ វា​«បញ្ជា»​យើង​ឲ្យ​ដក​ដង្ហើម ឲ្យ​ទទួល​ទាន​បាយ​ទឹក និង​ឲ្យ​ដេក។ តើ​នេះ​ជា​ការ​ជិះជាន់​ឬ? គឺ​មិន​មែន​ទេ ប្រតិបត្ដិ​តាម​សេចក្ដី​តម្រូវ​ទាំង​នេះ គឺ​មាន​ប្រយោជន៍​ចំពោះ​យើង។ ថ្វី​បើ​យើង​ធ្វើ​តាម​សេចក្ដី​ត្រូវ​ការ​នៃ​រូប​កាយ​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន​ក៏​ដោយ គឺ​មាន​អំណាច​គ្រប់គ្រង​ប្រភេទ​ផ្សេង​ទៀត ដែល​តម្រូវ​ឲ្យ​យើង​ព្រម​ចុះ​ចូល​ដោយ​ស្ម័គ្រ។ សូម​ពិចារណា​មើល​ឧទាហរណ៍​ខ្លះ។

អំណាច​ខ្ពង់​ខ្ពស់​បំផុត

៣​. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ហៅ​យ៉ាង​ត្រឹម​ត្រូវ​ថា​ជា​«ព្រះ​អម្ចាស់​មហាក្សត្រ»?

៣ ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ហៅ​ថា​ជា​«ព្រះ​អម្ចាស់​មហាក្សត្រ»​ជាង​៣០០​ដង​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​មហាក្សត្រ​គឺ​ជា​មួយ​អង្គ​ដែល​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត។ តើ​អ្វី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ទទួល​ឋានៈ​បែប​នេះ? វិវរណៈ ៤:⁠១១, ព​.​ថ​. ឆ្លើយ​ប្រាប់​ថា⁠៖ «ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិត្ដិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង»។

៤​. តើ​ព្រះ​យេហូវ៉ា​សម្រេច​ព្រះ​ហឫទ័យ​ប្រើ​អំណាច​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

៤ ជា​ព្រះ​អាទិទេព​របស់​យើង ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ប្រើ​អំណាច​តាម​ព្រះទ័យ​របស់​ទ្រង់។ នេះ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ព្រឺ​ខ្លាច​ណាស់ ជា​ពិសេស​ពេល​យើង​ពិចារណា​មើល ថា​ព្រះ​មាន​«ព្រះ​ចេស្ដា​ដ៏​ធំ»។ គេ​ហៅ​ទ្រង់​ថា​ជា​«ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា» ជា​ពាក្យ​ដែល​ក្នុង​ភាសា​ហេព្រើរ បង្ហាញ​ប្រាប់​អំពី​កម្លាំង​ខ្លាំង​លើស​លុប។ (អេសាយ ៤០:⁠២៦; លោកុប្បត្តិ ១៧:⁠១) ប៉ុន្តែ ព្រះ​យេហូវ៉ា​បង្ហាញ​កម្លាំង​របស់​ទ្រង់ ក្នុង​របៀប​ដែល​ជួយ​ផ្គត់ផ្គង់​វិញ ដ្បិត​គុណសម្បត្ដិ​ដ៏​សំខាន់​បំផុត​របស់​ទ្រង់ គឺ​សេចក្ដី​ស្រឡាញ់។​—⁠យ៉ូហានទី១ ៤:⁠១៦

៥​. ហេតុ​អ្វី​ក៏​ការ​ចុះ​ចូល​ក្រោម​អំណាច​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា មិន​មែន​ជា​ការ​ពិបាក?

៥ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ព្រមាន​ថា ទ្រង់​នឹង​ដាក់​ទណ្ឌកម្ម​ដល់​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​ប្រែ​ចិត្ត​ក៏​ដោយ លោក​ម៉ូសេ​ស្គាល់​ទ្រង់​ថា​ជា​«ព្រះ​ពិត ព្រះ​ស្មោះ​ត្រង់ ដែល​កាន់​តាម​កិច្ច​ព្រមព្រៀង ហើយ​នឹង​សេចក្ដី​សប្បុរស ចំពោះ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់»។ (ចោទិយកថា ៧:⁠៩, ព.ថ.) សូម​គិត​មើល​ចុះ! ព្រះ​ដែល​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត​នៃ​សកលលោក មិន​បង្ខំ​យើង​ឲ្យ​បំរើ​ទ្រង់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​បាន​ត្រូវ​ទាក់ទាញ​ទៅ​ជិត​ទ្រង់ ពីព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ (រ៉ូម ២:៤; ៥:⁠៨) ការ​ចុះ​ចូល​ក្រោម​អំណាច​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា គឺ​ជា​ការ​សប្បាយ​ទៅ​វិញ​ទេ ដ្បិត​ក្រិត្យ​វិន័យ​របស់​ទ្រង់​នៅ​ទីបំផុត តែង​នាំ​ផល​ប្រយោជន៍​ដល់​យើង​រាល់​គ្នា​ជានិច្ច។​—⁠ទំនុកដំកើង ១៩:​៧, ៨

៦​. តើ​តាម​របៀប​ណា​ដែល​រឿង​នៃ​អំណាច​គ្រប់គ្រង​បាន​កើត​ឡើង​ក្នុង​សួនច្បារ​អេដែន ហើយ​មាន​លទ្ធផល​យ៉ាង​ណា?

៦ ឪពុក​ម្ដាយ​ដំបូង​របស់​យើង បាន​បដិសេធ​ចោល​ព្រះ​អធិបតេយ្យភាព​របស់​ព្រះ។ ពួក​គេ​ចង់​សម្រេច​ចិត្ត​សំរាប់​ខ្លួន​គេ អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ (លោកុប្បត្តិ ៣:​៤​-​៦) ជា​លទ្ធផល ព្រះ​បាន​បណ្ដេញ​ពួក​គេ​ពី​សួន​មនោរម្យ​ដែល​ជា​ទីលំនៅ​របស់​គេ។ ចាប់​ពី​គ្រា​នោះ​មក ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​បង្កើត​គម្រោង​អំណាច​គ្រប់គ្រង ដែល​អាច​ឲ្យ​គេ​រស់​នៅ​ក្នុង​សង្គម​ដែល​មាន​របៀប​រៀប​រយ​ខ្លះ ទោះបី​វា​មិន​ល្អ​គ្រប់​ល័ក្ខណ៍​ក៏​ដោយ។ តើ​អំណាច​គ្រប់គ្រង​ទាំង​នេះ​ជា​អ្វី ហើយ​ដល់​កំរិត​ណា​ដែល​ព្រះ​តម្រូវ​ឲ្យ​យើង​ចុះ​ចូល​ក្រោម​អំណាច​គ្រប់គ្រង​ទាំង​នេះ?

«អាជ្ញាធរ​ជាន់​ខ្ពស់»

៧​. តើ​អ្នក​ណា​ជា​«អាជ្ញាធរ​ជាន់​ខ្ពស់» ហើយ​ឋានៈ​របស់​គេ​ទាក់ទង​នឹង​អំណាច​គ្រប់គ្រង​នៃ​ព្រះ​យ៉ាង​ដូច​ម្ដេច?

៧ សាវ័ក​ប៉ុល​បាន​សរសេរ​ថា⁠៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​អាជ្ញាធរ​ជាន់ខ្ពស់ ដ្បិត​គ្មាន​អំណាច​គ្រប់គ្រង​ណា​ទេ លើក​តែ​មក​ពី​ព្រះ»។ តើ​អ្នក​ណា​ជា «អាជ្ញាធរ​ជាន់​ខ្ពស់»? ពាក្យ​របស់​ប៉ុល​ក្នុង​ខ​បន្ទាប់ បង្ហាញ​ថា ពួក​គេ​គឺ​ជា​មនុស្ស​ដែល​កាន់​អំណាច​រដ្ឋាភិបាល។ (រ៉ូម ១៣:​១​-​៧, ព​.​ថ​.; ទីតុស ៣:⁠១) ព្រះ​យេហូវ៉ា​មិន​បាន​ផ្ដើម​បង្កើត​អំណាច​រដ្ឋាភិបាល​របស់​មនុស្ស​ទេ ប៉ុន្តែ ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​មាន​អំណាច​រដ្ឋាភិបាល​ទាំង​នេះ។ ដូច្នេះ ប៉ុល​អាច​សរសេរ​ថា⁠៖ «គឺ​ព្រះ​ទ្រង់​បាន​តាំង​ពួក​អាជ្ញាធរ​ទាំង​នោះ​ឲ្យ​មាន​អំណាច»។ តើ​នេះ​បង្ហាញ​ប្រាប់​យ៉ាង​ណា អំពី​អំណាច​គ្រប់គ្រង​នៅ​លើ​ផែនដី? គឺ​ថា​អំណាច​គ្រប់គ្រង​នេះ នៅ​ក្រោម​ឬ​ទាប​ជាង​អំណាច​គ្រប់គ្រង​របស់​ព្រះ។ (យ៉ូហាន ១៩:​១០, ១១) ដូច្នេះ ពេល​ណា​មាន​ការ​ទាស់ទែង​គ្នា​រវាង​ច្បាប់​មនុស្ស​និង​ច្បាប់​ព្រះ ពួក​គ្រីស្ទាន​ត្រូវ​តែ​ឲ្យ​មនសិការ​របស់​គេ​ដែល​បាន​អប់រំ​ពី​ព្រះគម្ពីរ ដឹក​នាំ​គំនិត​គេ​វិញ។ ពួក​គេ​«ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជាជាង​មនុស្ស»។—កិច្ចការ ៥:⁠២៩

៨​. តើ​អ្នក​ទទួល​ប្រយោជន៍​ពី​អាជ្ញាធរ​ជាន់​ខ្ពស់​យ៉ាង​ដូច​ម្ដេច ហើយ​តាម​របៀប​ណា​ដែល​អ្នក​អាច​បង្ហាញ​ការ​ចុះ​ចូល​ក្រោម​ពួក​គេ?

៨ ប៉ុន្តែ ជា​ច្រើន​ដង អាជ្ញាធរ​រដ្ឋាភិបាល​ជាន់​ខ្ពស់​ប្រកប​កិច្ចការ​ជា​‹អ្នក​បំរើ​ព្រះ​សំរាប់​សេចក្ដី​ល្អ​ដល់​យើង›។ (រ៉ូម ១៣:⁠៤) តើ​ក្នុង​របៀប​ណា? សូម​គិត​មើល​អំពី​ការ​បំរើ​ជា​ច្រើន​ផ្នែក ដែល​អាជ្ញាធរ​ជាន់​ខ្ពស់​បាន​ផ្ដល់​ឲ្យ ដូច​ជា​ការ​នាំ​សំបុត្រ​ប្រៃ​សណីយ ការ​ការពារ​ខាង​ប៉ូលិស​និង​ភ្លើង អនាម័យ និង​ការ​អប់រំ។ ប៉ុល​បាន​សរសេរ​ថា⁠៖ «ដោយ​ហេតុ​នោះ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ពីព្រោះ​លោក​ទាំង​នោះ​ជា​ភ្នាក់ងារ​របស់​ព្រះ សំរាប់​នឹង​ត្រួតត្រា​ការ​នោះ​ឯង​ជានិច្ច»។ (រ៉ូម ១៣:៦) ចំពោះ​ការ​បង់​ពន្ធ​ឬ​កាតព្វកិច្ច​ខាង​ច្បាប់​ឯ​ទៀត យើង​ត្រូវ​តែ​«ប្រព្រឹត្ត​ដោយ​ស្មោះ​ត្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់»។​—⁠ហេព្រើរ ១៣:⁠១៨, ព.ថ.

៩, ១០​. (ក) តើ​អាជ្ញាធរ​ជាន់​ខ្ពស់​ទាក់ទង​ដល់​របៀប​រៀប​ចំ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​បាន​ជា​ទាស់​ប្រឆាំង​នឹង​អាជ្ញាធរ​ជាន់​ខ្ពស់​គឺ​ជា​ការ​ខុស?

៩ នៅ​គ្រា​ខ្លះ អាជ្ញាធរ​ជាន់​ខ្ពស់​រំលោភ​លើ​អំណាច​របស់​គេ។ តើ​នេះ​ដោះ​លែង​យើង​ឲ្យ​រួច​ពី​ការ​ចុះ​ចូល​នឹង​ពួក​គេ​ឬ? គឺ​អត់​ទេ។ ព្រះ​យេហូវ៉ា​ទ្រង់​ទត​ឃើញ​អំពើ​អាក្រក់​របស់​អាជ្ញាធរ​ទាំង​នេះ។ (សុភាសិត ១៥:⁠៣) ហេតុ​ដែល​ទ្រង់​បណ្ដោយ​ឲ្យ​មាន​ការ​គ្រប់គ្រង​របស់​មនុស្ស នោះ​មិន​មែន​បាន​សេចក្ដី​ថា ទ្រង់​ឥត​អើពើ​នឹង​អំពើ​ពុក​រលួយ​នៃ​ការ​គ្រប់គ្រង​នោះ​ឡើយ ហើយ​ទ្រង់​ក៏​មិន​នឹក​គិត​ថា​យើង​គួរ​ធ្វើ​ដូច្នេះ​ដែរ។ ប្រាកដ​ហើយ បន្ដិច​ទៀត ព្រះ​ទ្រង់​នឹង​«បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ» ដោយ​តាំង​រដ្ឋាភិបាល​សុចរិត​របស់​ទ្រង់​ឡើង​ជំនួស​វិញ។ (ដានីយ៉ែល ២:៤៤) ប៉ុន្តែ​ទំរាំ​ការណ៍​នេះ​កើត​ឡើង អាជ្ញាធរ​ជាន់​ខ្ពស់​មាន​មុខ​នាទី​បំរើ​កិច្ចការ​ដ៏​មាន​ប្រយោជន៍​មួយ។

១០ ប៉ុល​បាន​ពន្យល់​ថា⁠៖ «អ្នក​ណា​ដែល​តាំង​ខ្លួន​ទាស់​នឹង​អំណាច​គ្រប់គ្រង​នោះ ក៏​ទាស់​ទទឹង​នឹង​របៀប​រៀប​ចំ​នៃ​ព្រះ​ដែរ»។ (រ៉ូម ១៣:⁠២, ព​.​ថ​.) អាជ្ញាធរ​ជាន់​ខ្ពស់​គឺ​ជា​«របៀប​រៀប​ចំ»​របស់​ព្រះ ក្នុង​ន័យ​ថា​គេ​រក្សា​របៀប​រៀប​រយ​មួយ​កំរិត បើ​មិន​ដូច្នេះ​ទេ ការ​វឹកវរ​និង​អនាធិបតេយ្យ​នឹង​កើត​ឡើង​មិន​ខាន​ឡើយ។ ការ​ទាស់​នឹង​អាជ្ញាធរ គឺ​មិន​ស្រប​នឹង​បទ​គម្ពីរ ហើយ​ឥត​សម​ហេតុ​ផល​ផង។ ជា​ឧទាហរណ៍⁠៖ សូម​នឹក​គិត​ថា​អ្នក​បាន​ទទួល​ការ​វះកាត់ ហើយ​មាន​ថ្នេរ​ចេស​ក៏​ដេរ​បិទ​មុខ​របួស​នោះ។ ថ្វី​បើ​ថ្នេរ​ចេស​ជា​របស់​ក្រៅ មិន​មែន​ជា​ចំណែក​នៃ​រូប​កាយ វា​គឺ​ប្រើ​សំរាប់​បំពេញ​បំណង​មួយ​រយៈ​ពេល។ បើ​ឆាប់​ដក​វា​ចេញ​ពេក នោះ​នឹង​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់។ គឺ​ស្រដៀង​គ្នា​ដែរ អំណាច​រដ្ឋាភិបាល​មនុស្ស គឺ​មិន​មែន​ជា​ចំណែក​នៃ​គោល​បំណង​ដើម​របស់​ព្រះ​ទេ។ ប៉ុន្តែ ទំរាំ​ដល់​ព្រះរាជាណាចក្រ​របស់​ទ្រង់​គ្រប់គ្រង​ទាំង​ស្រុង​លើ​ផែនដី នោះ​រដ្ឋាភិបាល​មនុស្ស​ជួយ​ការពារ​កុំ​ឲ្យ​សង្គម​រលំ​បាក់​បែក បំពេញ​មុខ​ងារ​សម​ស្រប​នឹង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ សំរាប់​គ្រា​បច្ចុប្បន្ន​នេះ។ ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ចូល​នឹង​អាជ្ញាធរ​ជាន់​ខ្ពស់ កាល​ដែល​យើង​ចាត់​ទុក​ក្រិត្យ​វិន័យ​និង​អំណាច​របស់​ព្រះ ថា​មាន​អាទិ​ភាព​ជាង​គេ។

អំណាច​គ្រប់គ្រង​ក្នុង​គ្រួសារ

១១​. តើ​អ្នក​នឹង​ពន្យល់​អំពី​គោលការណ៍​សំរាប់​ឋានៈ​មេ​ដឹក​នាំ​យ៉ាង​ដូច​ម្ដេច?

១១ គ្រួសារ​គឺ​ជា​ក្រុម​ដ៏​សំខាន់​នៃ​សង្គម​មនុស្ស។ ក្នុង​គ្រួសារ ប្ដី​ប្រពន្ធ​អាច​រក​បាន​មិត្តភាព​ដែល​ផ្ដល់​ផល​ល្អ ហើយ​កូន​ក្មេង​អាច​មាន​ការ​ការពារ​និង​ទទួល​ការ​បង្ហាត់​អប់រំ​សំរាប់​ភាព​ពេញ​វ័យ។ (សុភាសិត ៥:​១៥​-​២១; អេភេសូរ ៦:​១​-​៤) របៀប​រៀប​ចំ​ដ៏​ល្អ​ពិសេស​បែប​នេះ គឺ​ត្រូវ​តែ​រៀប​ចំ​ឡើង​ក្នុង​របៀប​ដែល​ជួយ​សមាជិក​គ្រួសារ​ឲ្យ​រស់​នៅ​ដោយ​ក្សេមក្សាន្ត និង​សុខដុមរមនា​ជានិច្ច។ វិធី​របស់​ព្រះ​យេហូវ៉ា​សំរាប់​សម្រេច​ការ​នេះ គឺ​តាម​រយៈ​គោលការណ៍​សំរាប់​ឋានៈ​មេ​ដឹក​នាំ ដែល​បាន​សង្ខេប​ដោយ​ពាក្យ​ទាំង​នេះ ក្នុង​កូរិនថូសទី១ ១១:៣⁠៖ «ព្រះ​គ្រីស្ទ​ជា​សិរសា​នៃ​បុរស​ទាំង​អស់ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី ហើយ​សិរសា​នៃ​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ»។

១២, ១៣​. តើ​អ្នក​ណា​ជា​មេ​គ្រួសារ ហើយ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេស៊ូ​ប្រើ​ឋានៈ​ជា​មេ​ដឹក​នាំ​របស់​ទ្រង់?

១២ ប្ដី​គឺ​ជា​មេ​នៃ​គ្រួសារ។ ប៉ុន្តែ មាន​មេ​ដឹក​នាំ​លើ​គាត់​ដែរ​—⁠គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ ប៉ុល​បាន​សរសេរ​ថា⁠៖ «បុរស​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង»។ (អេភេសូរ ៥:២៥) ប្ដី​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្លួន​គេ​ចុះ​ចូល​នឹង​ព្រះ​គ្រីស្ទ ក្នុង​របៀប​ដែល​គេ​ប្រព្រឹត្ត​នឹង​ប្រពន្ធ​ខ្លួន ដូច​របៀប​ដែល​ព្រះ​យេស៊ូ​តែង​បាន​ប្រព្រឹត្ត​នឹង​ក្រុមជំនុំ​ដែរ។ (យ៉ូហានទី១ ២:⁠៦) អំណាច​ធំ​បាន​ត្រូវ​ប្រគល់​ឲ្យ​ព្រះ​យេស៊ូ ប៉ុន្តែ​ទ្រង់​ប្រើ​អំណាច​នោះ​ដោយ​ថ្នម ស្រឡាញ់ និង​សម​ហេតុ​ផល​ជា​ទីបំផុត។ (ម៉ាថាយ ២០:​២៥​-​២៨) កាល​ទ្រង់​ជា​មនុស្ស ព្រះ​យេស៊ូ​មិន​ដែល​រំលោភ​លើ​ឋានៈ​របស់​ទ្រង់ ជា​អ្នក​កាន់​អំណាច​គ្រប់គ្រង​នោះ​ឡើយ។ ទ្រង់​គឺ​«ស្លូត ហើយ​មាន​ចិត្ត​សុភាព» ហើយ​ទ្រង់​ហៅ​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា​ជា​‹មិត្ត​សំឡាញ់› ជាជាង​«បាវ​បំរើ»។ ទ្រង់​បាន​សន្យា​នឹង​ពួក​គេ​ថា «ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក» ហើយ​ទ្រង់​បាន​ធ្វើ​តាម​ពាក្យ​សន្យា​នេះ​មែន។​—⁠ម៉ាថាយ ១១:​២៨, ២៩; យ៉ូហាន ១៥:⁠១៥

១៣ គំរូ​របស់​ព្រះ​យេស៊ូ​បង្រៀន​ប្ដី​ថា ឋានៈ​មេ​ដឹក​នាំ​គ្រីស្ទាន មិន​មែន​ជា​ឋានៈ​សំរាប់​សង្កត់​ជិះជាន់​យ៉ាង​ឃោរឃៅ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​ឋានៈ​ដែល​ប្ដី​កាន់​សំរាប់​សម្ដែង​សេចក្ដី​គោរព​និង​សេចក្ដី​ស្រឡាញ់​ទាំង​បូជា​ខ្លួន។ នេះ​ច្បាស់​ជា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​បាប​ដល់​រូប​កាយ​គូ​ភរិយា ឬ​ជេរ​ស្តី​ដល់​នាង​ឡើយ។ (អេភេសូរ ៤:​២៩, ៣១, ៣២; ៥:​២៨, ២៩; កូល៉ុស ៣:⁠១៩) ដូច្នេះ ប្រសិន​បើ​បុរស​គ្រីស្ទាន​ធ្វើ​បាប​ឬ​ជេរ​ស្តី​ដល់​ប្រពន្ធ​ខ្លួន នោះ​ការ​ល្អ​ឯ​ទៀត​របស់​គាត់​នឹង​ទៅ​ជា​អសារ​ឥត​ការ​ទទេ ហើយ​ឯ​សេចក្ដី​អធិស្ឋាន​របស់​គាត់​ក៏​នឹង​បាន​ត្រូវ​បង្អាក់​ដែរ។​—⁠កូរិនថូសទី១ ១៣:​១​-​៣; ពេត្រុសទី១ ៣:៧

១៤, ១៥​. តើ​តាម​របៀប​ណា​ដែល​ចំណេះ​អំពី​ព្រះ ជួយ​ប្រពន្ធ​ឲ្យ​ចុះ​ចូល​នឹង​ប្ដី​របស់​នាង?

១៤ ពេល​ដែល​ប្ដី​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ នោះ​ប្រពន្ធ​របស់​គាត់​នឹង​ស្រួល​ធ្វើ​តាម​ពាក្យ​ដែល​ចែង​ក្នុង​អេភេសូរ ៥:​២២, ២៣​ថា⁠៖ «ស្ត្រី​រាល់​គ្នា​អើយ ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ​អម្ចាស់​ដែរ ដ្បិត​ប្ដី​ជា​ក្បាល​នៃ​ប្រពន្ធ ដូច​ជា​ព្រះ​គ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ»។ ដូច​ប្ដី​ដែល​ត្រូវ​ចុះ​ចូល​នឹង​ព្រះ​គ្រីស្ទ នោះ​ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​នឹង​ប្ដី​របស់​នាង​ដែរ។ ព្រះ​គម្ពីរ​ក៏​ប្រាប់​យ៉ាង​ច្បាស់​ថា ប្រពន្ធ​ដែល​មាន​សមត្ថភាព សម​ទទួល​កិត្ដិយស​និង​សេចក្ដី​សរសើរ​ចំពោះ​ប្រាជ្ញា​ដ៏​ចេះ​គោរព​កោត​ខ្លាច​ព្រះ និង​សេចក្ដី​ឧស្សាហ៍​របស់​នាង។—សុភាសិត ៣១:​១០​-​៣១

១៥ ការ​ចុះ​ចូល​របស់​ប្រពន្ធ​គ្រីស្ទាន​ចំពោះ​ប្ដី​របស់​នាង គឺ​មាន​ល័ក្ខខ័ណ្ឌ។ នេះ​មាន​ន័យ​ថា ត្រូវ​គោរព​តាម​ព្រះ​ជាជាង​មនុស្ស ប្រសិន​បើ​ការ​ចុះ​ចូល​ក្នុង​ប្រការ​ណា​មួយ​នឹង​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ។ សូម្បី​តែ​ដូច្នេះ ប្រពន្ធ​គួរ​សម្ដែង​ជំហរ​ដ៏​មាំមួន​របស់​នាង ដោយ​សេចក្ដី​«សំឡូត​ហើយ​រម្យទម»។ គេ​គួរ​ឃើញ​ជាក់​ស្តែង​ថា ចំណេះ​អំពី​ព្រះ​បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ប្រពន្ធ​ដ៏​ល្អ​ប្រសើរ​ឡើង។ (ពេត្រុសទី១ ៣:​១​-​៤) នេះ​ក៏​ត្រូវ​ដូច្នោះ​ដែរ ចំពោះ​ប្ដី​គ្រីស្ទាន ដែល​មាន​ប្រពន្ធ​ជា​អ្នក​ឥត​មាន​ជំនឿ​នោះ។ ការ​ធ្វើ​តាម​គោលការណ៍​នៃ​ព្រះ​គម្ពីរ គួរ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​ប្ដី​ដ៏​ល្អ​ប្រសើរ​ឡើង។

១៦​. តើ​តាម​របៀប​ណា​ដែល​កូន​ក្មេង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ ពេល​ដែល​ទ្រង់​នៅ​ក្មេង?

១៦ អេភេសូរ ៦:១ ប្រាប់​ចំណុច​សំខាន់​នៃ​មុខ​នាទី​របស់​កូន ដោយ​ចែង​ថា⁠៖ «ក្មេង​រាល់​គ្នា​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ​អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ»។ កូន​ក្មេង​គ្រីស្ទាន​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ ដែល​នៅ​ចុះ​ចូល​ក្រោម​អំណាច​នៃ​មាតា​បិតា​ទ្រង់​ជានិច្ច កាល​ទ្រង់​ធំ​ពេញ​វ័យ​ឡើង។ ជា​កុមារ​ដែល​ស្ដាប់​បង្គាប់ ទ្រង់​«ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹតតែ​ច្រើន​ឡើង ហើយ​ជា​ទីគាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ នឹង​ចិត្ត​មនុស្ស​ផង»។​—⁠លូកា ២:​៥១, ៥២

១៧​. របៀប​ដែល​ឪពុក​ម្ដាយ​ប្រើ​អំណាច​គ្រប់គ្រង អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​កូន​របស់​គេ?

១៧ របៀប​ដែល​ឪពុក​ម្ដាយ​កាន់​កាប់​ភារកិច្ច​របស់​គេ អាច​មាន​ឥទ្ធិពល​លើ​កូន​របស់​គេ ថា​តើ​គេ​នឹង​គោរព​តាម​អំណាច​គ្រប់គ្រង​ឬ​ក៏​នឹង​បះបោរ​ប្រឆាំង​ទៅ​វិញ។ (សុភាសិត ២២:⁠៦) ដូច្នេះ ជា​ការ​ល្អ​ដែល​ឪពុក​ម្ដាយ​សួរ​ខ្លួន​គេ​ថា ‹តើ​ខ្ញុំ​ប្រើ​អំណាច​របស់​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​ក៏​ដោយ​សេចក្ដី​សាហាវ? តើ​ខ្ញុំ​បណ្ដោយ​កូន​ណាស់​ឬ›? ឪពុក​ម្ដាយ​ដែល​ដើរ​តាម​ផ្លូវ​ព្រះ គឺ​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​ហើយ​ចេះ​គិត​ដល់​កូន ប៉ុន្តែ​ត្រូវ​មាន​ចិត្ត​មាំមួន​ក្នុង​ការ​ធ្វើ​តាម​គោលការណ៍​របស់​ព្រះ។ ត្រឹម​ត្រូវ​ណាស់ ប៉ុល​បាន​សរសេរ​ថា⁠៖ «ឪពុក​រាល់​គ្នា​អើយ កុំ​ឲ្យ​ចាក់​រុក​កូន​របស់​ខ្លួន​[តាម​ន័យ​ពាក្យ ‹ធ្វើ​ឲ្យ​គេ​ខឹង›]​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់[ព្រះ​យេហូវ៉ា]វិញ»។​—⁠អេភេសូរ ៦:⁠៤; កូល៉ុស ៣:⁠២១

១៨​. តើ​ការ​ទូន្មាន​ប្រដៅ​របស់​ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច?

១៨ ឪពុក​ម្ដាយ​គួរ​តែ​ពិនិត្យ​ពិច័យ​វិធី​បង្ហាត់​របស់​គេ ជា​ពិសេស​ប្រសិន​បើ​គេ​ចង់​ឲ្យ​កូន​របស់​គេ​ចេះ​ស្ដាប់​បង្គាប់ ហើយ​នឹង​នាំ​ឲ្យ​គេ​មាន​សេចក្ដី​អំណរ​នោះ។ (សុភាសិត ២៣:​២៤, ២៥) ក្នុង​ព្រះ​គម្ពីរ ការ​ទូន្មាន​ប្រដៅ​ជា​បឋម​គឺ​ជា​ការ​បង្រៀន​មួយ​ប្រភេទ។ (សុភាសិត ៤:១; ៨:⁠៣៣) វា​គឺ​ជាប់​ទាក់ទង​នឹង​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​ស្លូតបូត មិន​មែន​កំហឹង​និង​អំពើ​ឃោរឃៅ​នោះ​ទេ។ ដូច្នេះ ឪពុក​ម្ដាយ​គ្រីស្ទាន​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា និង​ត្រូវ​ចេះ​ទប់​ខ្លួន ពេល​ទូន្មាន​ប្រដៅ​កូន។​—⁠សុភាសិត ១:៧

អំណាច​គ្រប់គ្រង​ក្នុង​ក្រុមជំនុំ

១៩​. តើ​ព្រះ​បាន​ប្រទាន​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​យ៉ាង​ដូច​ម្ដេច?

១៩ ពីព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​សណ្ដាប់​ធ្នាប់ ដូច្នេះ​គឺ​សម​ហេតុ​ផល​ដែល​ទ្រង់​នឹង​ផ្ដល់​ការ​ដឹក​នាំ​ដែល​មាន​អំណាច​និង​មាន​របៀប​រៀប​រយ សំរាប់​រាស្ត្រ​របស់​ទ្រង់។ ដោយ​ហេតុ​នេះ ទ្រង់​ក៏​បាន​តែងតាំង​ព្រះ​យេស៊ូ ជា​មេ​ដឹក​នាំ​ក្រុមជំនុំ​គ្រីស្ទាន។ (កូរិនថូសទី១ ១៤:​៣៣, ៤០; អេភេសូរ ១:​២០​-​២៣) ក្រោម​ការ​ដឹក​នាំ​ដែល​មើល​មិន​ឃើញ​របស់​ព្រះ​គ្រីស្ទ ព្រះ​បាន​អនុញ្ញាត​ឲ្យ​មាន​របៀប​រៀប​ចំ​មួយ ដែល​មាន​ពួក​ចាស់​ទុំ​តែងតាំង​ក្នុង​ក្រុមជំនុំ​និមួយ⁠ៗ ឃ្វាល​ហ្វូង​បរិស័ទ​ដោយ​ខ្នះខ្នែង ដោយ​ស្ម័គ្រ​ចិត្ត និង​ដោយ​សេចក្ដី​ស្រឡាញ់។ (ពេត្រុសទី១ ៥:​២, ៣) ពួក​អ្នក​បំរើ​ជំនួយ​ជួយ​ពួក​ចាស់​ទុំ​ក្នុង​របៀប​ផ្សេង⁠ៗ និង​ធ្វើ​កិច្ចការ​បំរើ​ដ៏​មាន​តម្លៃ​ក្នុង​ក្រុមជំនុំ។​—⁠ភីលីព ១:១

២០​. ហេតុ​អ្វី​បាន​ជា​យើង​គួរ​ចុះ​ចូល​នឹង​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ដែល​បាន​តែងតាំង ហើយ​ហេតុ​អ្វី​ក៏​ការ​នេះ​នាំ​មក​នូវ​ផល​ប្រយោជន៍?

២០ អំពី​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន ប៉ុល​បាន​សរសេរ​ថា⁠៖ «ចូរ​ស្ដាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ បាន​ថែរក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ»។ (ហេព្រើរ ១៣:១៧) ដោយ​ប្រាជ្ញា ព្រះ​បាន​ប្រគល់​ឲ្យ​ពួក​គ្រីស្ទាន​ដែល​មើល​ខុសត្រូវ​នូវ​ភារកិច្ច មើល​ថែរក្សា​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​នៃ​ពួក​ក្នុង​ក្រុមជំនុំ។ ពួក​អ្នក​ចាស់​ទុំ​ទាំង​នេះ​មិន​មែន​រួម​គ្នា​តែងតាំង​ឡើង​ជា​គណៈ​បព្វជិត​ឡើយ។ ពួក​គេ​ជា​អ្នក​បំរើ ជា​បាវ​របស់​ព្រះ ជួយ​ផ្គត់ផ្គង់​ដល់​សេចក្ដី​ត្រូវ​ការ​នៃ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ជា​មួយ​គ្នា គឺ​ដូច​ចៅហ្វាយ​របស់​យើង គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ប្រព្រឹត្ត​អញ្ចឹង​ដែរ។ (យ៉ូហាន ១០:​១៤, ១៥) ដោយ​ដឹង​ថា ពួក​បុរស​ដែល​មាន​គុណវុឌ្ឍិ​ត្រឹម​ត្រូវ​តាម​បទ​គម្ពីរ យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ចំរើន​និង​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង នោះ​យើង​គួរ​មាន​ទឹក​ចិត្ត​ជួយ​រួបរួម​កម្លាំង​ជា​មួយ ហើយ​ចុះ​ចូល​នឹង​ពួក​គេ​ផង។​—⁠កូរិនថូសទី១ ១៦:⁠១៦

២១​. តើ​តាម​របៀប​ណា​ដែល​ពួក​ចាស់​ទុំ​ដែល​បាន​តែងតាំង ខំ​ជួយ​ពួក​គ្រីស្ទាន​ខាង​វិញ្ញាណ?

២១ នៅ​ពេល​ខ្លះ ចៀម​ប្រហែល​ជា​វង្វេង ឬ​ត្រូវ​រង​គ្រោះថ្នាក់​ដោយ​ព្រោះ​របស់​អាក្រក់​ក្នុង​លោកីយ៍។ ក្រោម​ការ​ដឹក​នាំ​នៃ​អ្នក​គង្វាល​ដ៏​ឧត្តម ពួក​អ្នក​ចាស់​ទុំ​ដែល​ជា​អ្នក​គង្វាល​រង គឺ​ប្រុង​ប្រៀប​ជួយ​ពួក​ដែល​នៅ​ក្រោម​ការ​ថែទាំ​របស់​គេ ហើយ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ដល់​ពួក​គេ​ដោយ​ផ្ទាល់​ខ្លួន។ (ពេត្រុសទី១ ៥:⁠៤) ពួក​គេ​ទៅ​ជួប​សមាជិក​ក្រុមជំនុំ ហើយ​ជួយ​ឲ្យ​យោបល់​លើក​ទឹក​ចិត្ត។ ដោយ​ដឹង​ថា អារក្ស​រក​រំខាន​ដល់​សេចក្ដី​សុខសាន្ត​នៃ​រាស្ត្រ​របស់​ព្រះ នោះ​ពួក​ចាស់​ទុំ​ប្រើ​ប្រាជ្ញា​ពី​ព្រះ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ណា​មួយ។ (យ៉ាកុប ៣:​១៧, ១៨) ពួក​គេ​ខំ​រក្សា​ឲ្យ​មាន​ឯកភាព​និង​ឯក​មតិ​នៃ​ជំនឿ ជា​អ្វី​ដែល​ព្រះ​យេស៊ូ​ព្រះ​អង្គ​ទ្រង់​បាន​អធិស្ឋាន​ឲ្យ​មាន​នោះ។​—⁠យ៉ូហាន ១៧:​២០​-​២២; កូរិនថូសទី១ ១:⁠១០

២២​. តើ​អ្វី​ជា​ជំនួយ​ដែល​ពួក​ចាស់​ទុំ​ផ្ដល់​ឲ្យ​ក្នុង​ករណី​នៃ​អំពើ​ខុស​ទំនង?

២២ ចុះ​យ៉ាង​ណា​ទៅ ប្រសិន​បើ​គ្រីស្ទាន​ម្នាក់​ត្រូវ​រង​អំពើ​អាក្រក់ ឬ​ត្រូវ​បាក់​ទឹក​ចិត្ត ពីព្រោះ​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​មួយ​នោះ? ឱវាទ​ព្រះ​គម្ពីរ​ដែល​បន្ធូរ​សេចក្ដី​សៅហ្មង​និង​សេចក្ដី​អធិស្ឋាន​ពី​ជម្រៅ​ចិត្ត​នៃ​ពួក​អ្នក​ចាស់​ទុំ​សំរាប់​ជន​នេះ អាច​ជួយ​ឲ្យ​គេ​មាន​សុខភាព​ល្អ​ខាង​វិញ្ញាណ​ឡើង​វិញ។ (យ៉ាកុប ៥:​១៣​-​១៥) ពួក​បុរស​ទាំង​នេះ តែងតាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ក៏​មាន​អំណាច​ទូន្មាន​ប្រដៅ​និង​ស្តី​ប្រដៅ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ទំនង ឬ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ភាព​ស្អាត​ស្អំ​ខាង​វិញ្ញាណ​និង​សីលធម៌​នៃ​ក្រុមជំនុំ​ដែរ។ (កិច្ចការ ២០:⁠២៨; ទីតុស ១:៩; ២:⁠១៥) ដើម្បី​រក្សា​ក្រុមជំនុំ​ឲ្យ​បាន​ស្អាត​ស្អំ​ជានិច្ច នោះ​បុគ្គល​ទាំង​ឡាយ​ត្រូវ​រាយ​ការណ៍​ប្រាប់​ជា​ចាំបាច់ នូវ​អំពើ​ខុស​ទំនង​ដ៏​ធ្ងន់ធ្ងរ។ (លេវីវិន័យ ៥:⁠១) ប្រសិន​បើ​គ្រីស្ទាន​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​មួយ សុខ​ចិត្ត​ទទួល​យក​ការ​ទូន្មាន​ប្រដៅ​និង​ពាក្យ​ស្តី​ប្រដៅ ហើយ​សម្ដែង​ឲ្យ​ឃើញ​ជា​ភស្តុតាង​ថា​គាត់​បាន​កែ​ប្រែ​ចិត្ត​មែន នោះ​គេ​នឹង​ជួយ​គាត់​បាន។ ប្រាកដ​ហើយ ពួក​អ្នក​បំពាន​លើ​ក្រិត្យ​វិន័យ​របស់​ព្រះ​ដោយ​មិន​ព្រម​ឈប់ មិន​ព្រម​កែ​ប្រែ​ចិត្ត​សោះ នោះ​នឹង​ដាច់​មិត្តភាព​ពី​ក្រុមជំនុំ។​—⁠កូរិនថូសទី១ ៥:​៩​-​១៣

២៣​. តើ​អ្វី​ដែល​អ្នក​មើល​ខុសត្រូវ​គ្រីស្ទាន​ផ្ដល់​ឲ្យ ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុមជំនុំ?

២៣ ព្រះ​គម្ពីរ​បាន​ទាយ​ប្រាប់​ថា នៅ​ក្រោម​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​ស្តេច ពួក​បុរស​ដែល​មាន​គំនិត​ចាស់​ទុំ​ខាង​វិញ្ញាណ​នឹង​ត្រូវ​តែងតាំង ឲ្យ​ជួយ​សម្រាល​ទុក្ខ ការពារ និង​លំហើយ​ចិត្ត​រាស្ត្រ​របស់​ព្រះ។ (អេសាយ ៣២:​១, ២) ពួក​គេ​នឹង​នាំ​មុខ​ជា​អ្នក​ផ្សាយ​ប្រកាស អ្នក​គង្វាល និង​គ្រូ​បង្រៀន ដើម្បី​ជួយ​ឲ្យ​មាន​ការ​រីក​ចំរើន​ឡើង​ខាង​វិញ្ញាណ។ (អេភេសូរ ៤:​១១, ១២, ១៦) ថ្វី​បើ​អ្នក​មើល​ខុសត្រូវ​គ្រីស្ទាន ជួន​កាល​ត្រូវ​ស្តី​ប្រដៅ ស្តី​បន្ទោស និង​ដាស់​តឿន​ពួក​អ្នក​មាន​ជំនឿ​ដូច​គ្នា​ក៏​ដោយ ការ​ធ្វើ​តាម​សេចក្ដី​បង្រៀន​ដ៏​ល្អ​ប្រពៃ​របស់​ពួក​អ្នក​ចាស់​ទុំ ដែល​សំអាង​លើ​បន្ទូល​របស់​ព្រះ នឹង​ជួយ​រក្សា​ទាំង​អស់​គ្នា​ឲ្យ​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត។​—⁠សុភាសិត ៣:​១១, ១២; ៦:⁠២៣; ទីតុស ២:១

ទទួល​ស្គាល់​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​អំពី​អំណាច​គ្រប់គ្រង

២៤​. តើ​យើង​បាន​ទទួល​ការ​សាកល្បង​អំពី​រឿង​អ្វី​ជា​រៀង​រាល់​ថ្ងៃ?

២៤ បុរស​និង​ស្ត្រី​ដំបូង​បាន​ទទួល​ការ​សាកល្បង​អំពី​រឿង​ចុះ​ចូល​ក្រោម​អំណាច​គ្រប់គ្រង។ មិន​ជា​ការ​ភ្ញាក់ផ្អើល​ទេ ការ​សាកល្បង​ស្រដៀង​គ្នា​នេះ​ក៏​នៅ​ចំពោះ​មុខ​យើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ។ អារក្ស​សាតាំង​បាន​ផ្សព្វផ្សាយ​ឲ្យ​មាន​គតិ​នៃ​ការ​បះបោរ​ក្នុង​ចំណោម​មនុស្ស​ជាតិ។ (អេភេសូរ ២:⁠២) ដំណើរ​ពឹងពាក់​លើ​ខ្លួន បាន​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​ថា ជា​ការ​ល្អ​គាប់​ចិត្ត​ជាង​ការ​ចុះ​ចូល​ក្រោម​អំណាច​ទៅ​វិញ។

២៥​. តើ​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​បដិសេធ​គតិ​បះបោរ​របស់​លោកីយ៍​នេះ ហើយ​ពី​ការ​ចុះ​ចូល​ចំពោះ​­អំណាច​គ្រប់គ្រង​ដែល​ព្រះ​ប្រើ​ឬ​អនុញ្ញាត​ឲ្យ​មាន?

២៥ ប៉ុន្តែ យើង​ត្រូវ​តែ​បដិសេធ​គតិ​បះបោរ​របស់​លោកីយ៍។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​ឃើញ​ថា ការ​ចុះ​ចូល​ចំពោះ​ព្រះ​នឹង​នាំ​ឲ្យ​មាន​រង្វាន់​យ៉ាង​វិសេស​ជា​ច្រើន។ ជា​ឧទាហរណ៍ យើង​នឹង​ជៀសវាង​ពី​ការ​ថប់​បារម្ភ​និង​ការ​ក្ដៅ​ក្រហាយ ដែល​មាន​ជា​ទូទៅ​ចំពោះ​អស់​អ្នក​ដែល​រក​រឿង​ជំទាស់​នឹង​អាជ្ញាធរ​ក្រៅ​សាសនា។ យើង​នឹង​មិន​សូវ​មាន​ការ​រង្កៀស​ចិត្ត​គ្នា ដែល​ឃើញ​មាន​ក្នុង​គ្រួសារ​ជា​ច្រើន។ ហើយ​យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​រួបរួម​គ្នា​ដ៏​កក់ក្ដៅ ដ៏​ស្រឡាញ់​រាប់​អាន​ជា​មួយ​ពួក​មិត្ត​គ្រីស្ទាន​របស់​យើង​ដែល​មាន​ជំនឿ​ដូច​គ្នា។ សំខាន់​ជាង​គេ​បំផុត កាល​ដែល​យើង​ចុះ​ចូល​ចំពោះ​ព្រះ នឹង​ធ្វើ​ឲ្យ​យើង​មាន​ប្រាស្រ័យ​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត។

សាកល្បង​ចំណេះ​របស់​អ្នក

តើ​ព្រះ​យេហូវ៉ា​ប្រើ​អំណាច​គ្រប់គ្រង​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​ណា​ជា​«អាជ្ញាធរ​ជាន់​ខ្ពស់» ហើយ​យើង​ចុះ​ចូល​ក្រោម​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

តើ​គោលការណ៍​នៃ​ឋានៈ​មេ​ដឹក​នាំ ដាក់​បន្ទុក​អ្វី​លើ​សមាជិក​និមួយ⁠ៗក្នុង​គ្រួសារ?

តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ការ​ចុះ​ចូល​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន?

[ប្រអប់​នៅ​ទំព័រ​១៣៤]

ការ​ចុះ​ចូល មិន​មែន​ការ​ធ្វើ​វិទ្ធង្សនា​ទេ

តាម​រយៈ​សកម្មភាព​ផ្សាយ​ប្រកាស​ជា​សាធារណៈ​របស់​គេ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចង្អុល​ទៅ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ថា​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​មនុស្ស​លោក សំរាប់​សន្ដិភាព​និង​សន្ដិសុខ​ពិត។ ប៉ុន្តែ ពួក​អ្នក​ប្រកាស​ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ដ៏​ខ្នះខ្នែង​ទាំង​នេះ គឺ​មិន​មែន​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គេ​រស់​នៅ​ក្រោម​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​ស្មរបន្ទាល់​គឺ​ក្នុង​ចំណោម​ពលរដ្ឋ​ដ៏​ចេះ​គោរព​និង​ធ្វើ​តាម​ច្បាប់​ជា​ទីបំផុត។ មន្ត្រី​ផ្លូវការ​ម្នាក់​នៅ​ប្រទេស​អាហ្វ្រិក មាន​ប្រសាសន៍​ថា⁠៖ «ប្រសិន​បើ​និកាយ​សាសនា​ទាំង​អស់ គឺ​ដូច​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​មិន​មាន​ឃាតកម្ម ការ​លប​ចូល​លួច ការ​ប្រព្រឹត្ត​បទ​ល្មើស មនុស្ស​ជាប់​គុក និង​គ្រាប់បែក​បរមាណូ​ឡើយ។ ទ្វារ​ផ្ទះ​នឹង​មិន​ចាំបាច់​ចាក់​សោ​ទេ​ជា​រៀង​រាល់​ថ្ងៃ»។

ដោយ​បាន​ជ្រាប​ដូច្នេះ ពួក​មន្ត្រី​ផ្លូវការ​ក្នុង​ប្រទេស​ជា​ច្រើន បាន​បើក​អនុញ្ញាត​ឲ្យ​ពួក​ស្មរបន្ទាល់​ធ្វើ​កិច្ចការ​ផ្សាយ​ប្រកាស​ដោយ​ឥត​រារាំង​ឡើយ។ ក្នុង​ប្រទេស​ផ្សេង​ឯ​ទៀត បម្រាម​ឬ​កំរិត​ល័ក្ខខ័ណ្ឌ​បាន​ត្រូវ​គេ​លើក​ចេញ ពេល​អាជ្ញាធរ​បាន​ដឹង​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​មាន​ឥទ្ធិពល​ល្អ​ទេ។ នេះ​គឺ​ដូច​សាវ័ក​ប៉ុល​បាន​សរសេរ​អញ្ចឹង អំពី​ការ​គោរព​តាម​អាជ្ញាធរ​ជាន់​ខ្ពស់⁠៖ «ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​ពោល​សរសើរ​ដល់​អ្នក​ហើយ»។​—⁠រ៉ូម ១៣:​១, ៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក