ជំពូកទី១៥
ចូរទទួលប្រយោជន៍ពីការចុះចូលចំពោះការរៀបចំរបស់ព្រះស្ដីអំពីប្រមុខភាព
ដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាដោយមានការរៀបចំយ៉ាងល្អ ជាការសំខាន់ចាំបាច់ដែលយើងចុះចូលចំពោះលោក ព្រោះលោកជាមហាក្សត្រសកលលោក។ យើងទទួលស្គាល់ថាបុត្ររបស់លោកជាប្រមុខនៃក្រុមជំនុំគ្រិស្តសាសនិក ហើយយើងក៏ធ្វើតាមគោលការណ៍ស្ដីអំពីប្រមុខភាពក្នុងជីវិតប្រចាំថ្ងៃដែរ។ ការចុះចូលចំពោះការរៀបចំរបស់ព្រះដូចនេះផ្ដល់ប្រយោជន៍ដល់យើងទាំងអស់គ្នា។
២ ចំពោះមនុស្ស ការចុះចូលនឹងអំណាចគ្រប់គ្រងបានចាប់ផ្ដើមនៅសួនអេដែន។ គោលការណ៍នៃការចុះចូលមាននៅក្នុងបង្គាប់របស់ព្រះដែលបានកត់ទុកនៅលោកុប្បត្តិ ១:២៨ និង២:១៦, ១៧។ សត្វនានាត្រូវចុះចូលនឹងមនុស្ស ហើយអាដាមនិងអេវ៉ាត្រូវចុះចូលនឹងអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយធ្វើតាមបំណងប្រាថ្នារបស់លោក។ ការគោរពអំណាចគ្រប់គ្រងរបស់ព្រះនាំឲ្យមានសេចក្ដីសុខសាន្ត និងសណ្ដាប់ធ្នាប់។ ក្រោយមក គោលការណ៍ស្ដីអំពីប្រមុខភាពបានត្រូវបញ្ជាក់នៅកូរិនថូសទី១ ១១:៣ ពេលសាវ័កប៉ូលសរសេរថា៖ «ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត ឯប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស ឯប្រមុខរបស់គ្រិស្តគឺព្រះ»។ នេះបញ្ជាក់ថា បុគ្គលគ្រប់រូបត្រូវតែចុះចូលនឹងប្រមុខរបស់ខ្លួន លើកលែងតែព្រះយេហូវ៉ាប៉ុណ្ណោះ។
៣ សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនព្រមទទួលស្គាល់ ឬប្រព្រឹត្តតាមគោលការណ៍ស្ដីអំពីប្រមុខភាពទេ។ ហេតុអ្វី? បញ្ហានេះបានចាប់ផ្ដើមនៅសួនអេដែន ពេលឪពុកម្ដាយដំបូងរបស់មនុស្សជាតិបានសម្រេចចិត្តលែងទទួលស្គាល់ប្រមុខភាពដ៏ខ្ពស់បំផុតរបស់ព្រះ។ (លោ. ៣:៤, ៥) ក៏ប៉ុន្តែ ពួកគេមិនទទួលបានសេរីភាពច្រើនជាងមុនទេ។ ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្រោមអំណាចរបស់បុគ្គលវិញ្ញាណអាក្រក់មួយរូប គឺមេកំណាចសាថាន។ ការបះបោរលើកដំបូងបង្អស់នោះបានធ្វើឲ្យមនុស្សជាតិដាច់ឆ្ងាយពីព្រះ។ (កូឡ. ១:២១) ជាលទ្ធផល សព្វថ្ងៃនេះមនុស្សភាគច្រើនស្ថិតនៅក្រោមអំណាចរបស់មេកំណាច។—១យ៉ូន. ៥:១៩
៤ ដោយសារយើងបានរៀនសេចក្ដីពិតពីបណ្ដាំរបស់ព្រះ ហើយបានប្រព្រឹត្តតាម នោះយើងលែងស្ថិតនៅក្រោមឥទ្ធិពលរបស់សាថានទៀតហើយ។ ដោយសារយើងបានប្រគល់ខ្លួនជូនព្រះនិងបានទទួលការជ្រមុជទឹក យើងទទួលស្គាល់ថា ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតក្នុងជីវិតយើង។ យើងយល់ស្របនឹងស្ដេចដាវីឌដែលទទួលស្គាល់ថា ព្រះយេហូវ៉ាជា«ប្រធានលើទាំងអស់»។ (១រប. ២៩:១១) យើងប្រកាសជាចំហដោយចិត្តរាបទាបថា៖ «ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់។ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់»។ (ទំនុក. ១០០:៣) ដោយសារព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងអស់ យើងទទួលស្គាល់ភាពឧត្តុង្គឧត្តមរបស់លោក ក៏ទទួលស្គាល់ដែរថាលោកសមនឹងទទួលការចុះចូលទាំងស្រុងពីយើង។ (បប. ៤:១១) ក្នុងនាមជាអ្នកបម្រើព្រះពិត យើងធ្វើតាមលោកយេស៊ូគ្រិស្តដែលបានទុកគំរូយ៉ាងល្អឥតខ្ចោះក្នុងការចុះចូលចំពោះព្រះ។
៥ តើលោកយេស៊ូបានបានរៀនអ្វី តាមរយៈអ្វីដែលលោករងទុក្ខពេលនៅផែនដី? ហេប្រឺ ៥:៨ ឆ្លើយថា៖ «ទោះបីលោកជាបុត្រក៏ដោយ ក៏លោកបានរៀនឲ្យចេះស្ដាប់បង្គាប់ដោយសារអ្វីដែលលោកបានរងទុក្ខ»។ ពិតមែន លោកយេស៊ូបានចុះចូលយ៉ាងស្មោះភក្ដីចំពោះបិតានៅស្ថានសួគ៌ ទោះជាលោកជួបប្រទះទុក្ខលំបាកយ៉ាងខ្លាំងក៏ដោយ។ ម្យ៉ាងទៀត លោកយេស៊ូមិនបានធ្វើអ្វីដោយគំនិតរបស់លោកផ្ទាល់ឡើយ មិនបានបង្រៀនដោយនិយាយចេញពីខ្លួនទេ ក៏មិនដែលចង់ឲ្យគេលើកតម្កើងលោកដែរ។ (យ៉ូន. ៥:១៩, ៣០; ៦:៣៨; ៧:១៦-១៨) ក្នុងអំឡុងកិច្ចបម្រើផ្សាយ លោករីករាយធ្វើតាមបំណងប្រាថ្នារបស់បិតា ទោះបីជានេះនាំឲ្យមនុស្សប្រឆាំងនិងបៀតបៀនលោកក្ដី។ (យ៉ូន. ១៥:២០) យ៉ាងណាក៏ដោយ លោកយេស៊ូបានចុះចូលចំពោះព្រះ។ លោកយេស៊ូ«បានបន្ទាបខ្លួន»រហូតដល់«ស្លាប់លើបង្គោលទារុណកម្ម»។ ដោយសារលោកបានចុះចូលទាំងស្រុងចំពោះព្រះយេហូវ៉ា នេះនាំឲ្យមានលទ្ធផលល្អជាច្រើនដូចជា មនុស្សជាតិអាចទទួលសេចក្ដីសង្គ្រោះដែលគ្មានទីបញ្ចប់ លោកយេស៊ូបានត្រូវលើកតម្កើង ហើយបិតាលោកបានទទួលការសរសើរតម្កើងផងដែរ។—ភី. ២:៥-១១; ហេ. ៥:៩
តើយើងគួរចុះចូលចំពោះអ្នកណា?
៦ ពួកអ្នកដែលមិនព្រមចុះចូលនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា តែងតែមានកង្វល់និងការតានតឹងចិត្តផ្សេងៗ។ ក៏ប៉ុន្តែ យើងអាចជៀសផុតពីបញ្ហាជាច្រើនដូចនេះ ពេលយើងចុះចូលចំពោះព្រះដោយធ្វើតាមបំណងប្រាថ្នារបស់លោក។ មេកំណាចដែលជាសត្រូវរបស់យើង តែងតែរកឱកាសដើម្បីលេបត្របាក់យើង។ ប៉ុន្តែ យើងនឹងទទួលការសង្គ្រោះឲ្យរួចពីកណ្ដាប់ដៃមេកំណាច បើយើងតតាំងនឹងវា ហើយបន្ទាបខ្លួនដោយចុះចូលយ៉ាងស្ម័គ្រពីចិត្តចំពោះព្រះយេហូវ៉ា។—ម៉ាថ. ៦:១០, ១៣; ១ពេ. ៥:៦-៩
៧ នៅក្នុងក្រុមជំនុំគ្រិស្តសាសនិក យើងទទួលស្គាល់ប្រមុខភាពរបស់គ្រិស្ត និងអំណាចដែលលោកបានប្រគល់ឲ្យ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ ការទទួលស្គាល់ប្រមុខភាពនេះជះឥទ្ធិពលទៅលើចិត្តគំនិតនិងការប្រព្រឹត្តរបស់យើងចំពោះគ្នាទៅវិញទៅមក។ ការចុះចូលចំពោះការរៀបចំរបស់ព្រះក្នុងក្រុមជំនុំ នឹងជំរុញចិត្តយើងឲ្យធ្វើតាមបណ្ដាំរបស់ព្រះក្នុងគ្រប់ផ្នែកនៃការគោរពប្រណិប័តន៍របស់យើង។ ការស្ដាប់បង្គាប់នេះជាប់ទាក់ទងនឹងកិច្ចបម្រើផ្សាយរបស់យើង ការចូលរួមកិច្ចប្រជុំនិងការរួមចំណែកក្នុងកិច្ចប្រជុំនោះ ទំនាក់ទំនងរបស់យើងជាមួយពួកអ្នកចាស់ទុំ និងការធ្វើតាមការរៀបចំរបស់អង្គការព្រះ។—ម៉ាថ. ២៤:៤៥-៤៧; ២៨:១៩, ២០; ហេ. ១០:២៤, ២៥; ១៣:៧, ១៧
៨ ការចុះចូលរបស់យើងចំពោះព្រះជួយឲ្យក្រុមជំនុំគ្រិស្តសាសនិកមានសេចក្ដីសុខសាន្ត សុវត្ថិភាព និងរបៀបរៀបរយ។ ពួកអ្នកបម្រើព្រះយេហូវ៉ាចុះចូលនឹងលោក ក៏ឆ្លុះបញ្ចាំងគុណសម្បត្តិរបស់លោកដែរ។ (១កូ. ១៤:៣៣, ៤០) បទពិសោធន៍របស់យើងផ្ទាល់ក្នុងអង្គការរបស់ព្រះយេហូវ៉ា នាំឲ្យយើងមានអារម្មណ៍ស្រដៀងនឹងអារម្មណ៍របស់ស្ដេចដាវីឌ។ ក្រោយពីបានកត់សម្គាល់ភាពខុសគ្នារវាងអ្នកបម្រើព្រះយេហូវ៉ានិងមនុស្សអាក្រក់ ដាវីឌបាននិយាយដោយអំណរថា៖ «សាសន៍ណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ»!—ទំនុក. ១៤៤:១៥
៩ ក្នុងចំណងអាពាហ៍ពិពាហ៍និងក្នុងក្រុមគ្រួសារ «ប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស»។ ដំណាលគ្នានោះ បុរសត្រូវតែចុះចូលនឹងគ្រិស្ត ឯប្រមុខរបស់គ្រិស្តគឺព្រះ។ (១កូ. ១១:៣) ប្រពន្ធត្រូវចុះចូលនឹងប្ដីរបស់ខ្លួន រីឯកូនៗត្រូវចុះចូលនឹងឪពុកម្ដាយ។ (អេភ. ៥:២២-២៤; ៦:១) ពេលសមាជិកម្នាក់ៗក្នុងក្រុមគ្រួសារធ្វើតាមគោលការណ៍ស្ដីអំពីប្រមុខភាព នោះពួកគេនឹងមានសេចក្ដីសុខសាន្ត។
១០ ប្ដីគួរយកតម្រាប់គ្រិស្ត ហើយបង្ហាញសេចក្ដីស្រឡាញ់ពេលដឹកនាំក្រុមគ្រួសារ។ (អេភ. ៥:២៥-២៩) កាលណាប្ដីមិនប្រើអំណាចជាមេគ្រួសារហួសហេតុពេក ក៏មិនបោះបង់ចោលភារកិច្ចជាមេគ្រួសារដែរ នោះប្រពន្ធនិងកូនសប្បាយចិត្តចុះចូលចំពោះគាត់។ ប្រពន្ធមានតួនាទីជាជំនួយ ជាគូដែលបង្គ្រប់គុណសម្បត្តិរបស់ប្ដី។ (លោ. ២:១៨) ពេលប្រពន្ធគោរពនិងគាំទ្រប្ដីដោយចិត្តអត់ធ្មត់ នោះប្ដីពេញចិត្តនឹងនាង ហើយនាងនាំឲ្យព្រះទទួលការសរសើរតម្កើង។ (១ពេ. ៣:១-៤) ពេលទាំងប្ដីទាំងប្រពន្ធធ្វើតាមគោលការណ៍គម្ពីរស្ដីអំពីប្រមុខភាព នោះពួកគាត់ទុកគំរូល្អសម្រាប់កូនៗស្ដីអំពីការចុះចូលចំពោះព្រះ។
ការចុះចូលចំពោះព្រះមានឥទ្ធិពលទៅលើគ្រប់ផ្នែកនៃជីវិតរបស់យើង
១១ ការចុះចូលចំពោះព្រះក៏មានឥទ្ធិពលទៅលើទស្សនៈរបស់យើងចំពោះ«ពួកអាជ្ញាធរ» ដែលព្រះបាន«តែងតាំង . . . ឲ្យមានអំណាចតាមថ្នាក់របស់ពួកគេរៀងខ្លួន»។ (រ៉ូម ១៣:១-៧) គ្រិស្តសាសនិកជាពលរដ្ឋដែលគោរពច្បាប់ ដូច្នេះពួកគាត់បង់ពន្ធដារជូនរដ្ឋ។ យ៉ាងនេះ ពួកគាត់សង‹អ្វីដែលជារបស់សេសារ ទៅសេសារវិញ តែអ្វីដែលជារបស់ព្រះ ទៅព្រះវិញ›។ (ម៉ាថ. ២២:២១) បន្ថែមទៅទៀត កិច្ចការផ្សព្វផ្សាយរបស់យើងធ្វើឡើងស្របតាមច្បាប់ដែលពួកអាជ្ញាធរបានបង្កើតឡើងដើម្បីការពារព័ត៌មានរបស់អ្នកឯទៀត។ ដោយសារយើងចុះចូលយ៉ាងត្រឹមត្រូវចំពោះពួកអាជ្ញាធរ នោះពួកគេមិនដាក់ទោសយើង ដូច្នេះយើងអាចផ្ដោតអារម្មណ៍និងកម្លាំងទៅលើកិច្ចបម្រើផ្សាយ។—ម៉ាក. ១៣:១០; សកម្ម. ៥:២៩
១២ ការចុះចូលចំពោះព្រះមានឥទ្ធិពលទៅលើគ្រប់ផ្នែកនៃជីវិតរបស់យើង។ តាមរយៈជំនឿ យើងស្រមៃឃើញអំពីថ្ងៃអនាគត ពេលមនុស្សគ្រប់រូបនឹងចុះចូលក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (១កូ. ១៥:២៧, ២៨) នៅពេលនោះ អស់អ្នកដែលទទួលស្គាល់ដោយអំណរនូវសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា ព្រមទាំងចុះចូលចំពោះលោកជារៀងរហូត នឹងទទួលការពេញចិត្តនិងពរយ៉ាងបរិបូរពីលោក!