បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w94 ១/១១ ទំ. ១៤-១៩
  • ការបណ្ដុះឲ្យមានសេចក្ដីសមហេតុផល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបណ្ដុះឲ្យមានសេចក្ដីសមហេតុផល
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «បំរុង​តែ​នឹង​អត់​ទោស»
  • ការ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ​ដែល​ផ្លាស់​ប្ដូរ
  • សេចក្ដី​សម​ហេតុ​ផល​នៅ​ពេល​ប្រតិបត្ដិ​អំណាច
  • ចូរមានភាពសមហេតុសមផលដូចព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ព្រះយេហូវ៉ាសមហេតុផល!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចូរយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ា គឺចិត្តទូលាយនិងសមហេតុផល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • «ព្រះហឫទ័យប្រកបដោយប្រាជ្ញា»តែព្រះទ័យរាបទាប
    ចូរចូលទៅជិតព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
w94 ១/១១ ទំ. ១៤-១៩

ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​សម​ហេតុ​ផល

«ចូរ​សំដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់[សេចក្ដី​សម​ហេតុ​ផល, ពថ]របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​ជិត​ដល់​ហើយ»។—ភីលីព ៤:៥

១. ហេតុ​អ្វី​ក៏​ការ​សម្ដែង​សេចក្ដី​សម​ហេតុ​ផល​ក្នុង​លោកីយ៍​នៅ​សម័យ​នេះ ជា​ភារកិច្ច​ដ៏​លំបាក​នោះ?

«បុរស​សម​ហេតុ​ផល»—អ្នក​សារ​ពត៌មាន​ជាតិ​អង់គ្លេស​ម្នាក់ ឈ្មោះ​អាលិន ផាទ្រិក ហឺបឹត បាន​ហៅ​បុរស​នេះ​ជា​បុគ្គល​ដែល​គេ​ប្រឌិត​ឡើង។ ពិត​មែន​ហើយ នៅ​ពេល​ខ្លះ​មនុស្ស​សម​ហេតុ​ផល​ហាក់​បី​ដូច​ជា​គ្មាន​សោះ​នៅ​ក្នុង​លោកីយ៍​ដែល​បាក់​បែក​គ្នា​ដោយ​សារ​វិវាទ​នេះ។ ព្រះ​គម្ពីរ​បាន​ទាយ​មក​ថា នៅ​ក្នុង​ថ្ងៃ«ជាន់​ក្រោយ​បង្អស់»ដ៏​លំបាក​នេះ មនុស្ស​នឹង«មាន​ចិត្ត​សាហាវ» ‹រឹង​ក្បាល› ហើយ«គ្មាន​សេចក្ដី​អធ្យោគ»ទេ—បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​គ្មាន​សេចក្ដី​សម​ហេតុ​ផល​ទេ។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជន​គ្រីស្ទាន​ពិត​ចាត់​ទុក​សេចក្ដី​សម​ហេតុ​ផល​ជា​អ្វី​មួយ​ដែល​មាន​តម្លៃ​បំផុត ដោយ​ដឹង​ថា នេះ​ជា​ទី​សំគាល់​នៃ​ប្រាជ្ញា​របស់​ព្រះ។ (យ៉ាកុប ៣:១៧) យើង​យល់​ឃើញ​ថា ការ​សម្ដែង​សេចក្ដី​សម​ហេតុ​ផល ជា​ការ​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​លោកីយ៍​ដ៏​មិន​សម​ហេតុ​ផល​នេះ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ទទួល​យក​ទាំង​ស្រុង​នូវ​ភារកិច្ច​ដ៏​លំបាក​ដែល​មាន​ក្នុង​សេចក្ដី​ទូន្មាន​របស់​ប៉ុល នៅ​ភីលីព ៤:៥៖ «ចូរ​សំដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់[សេចក្ដី​សម​ហេតុ​ផល, ពថ]របស់​អ្នក​រាល់​គ្នា​ចុះ»។

២. តើ​ពាក្យ​របស់​សាវក​ប៉ុល​នៅ​ភីលីព ៤:៥ អាច​ជួយ​យើង​យ៉ាង​ណា ក្នុង​ការ​កំណត់​មើល​ថា​តើ​យើង​ជា​មនុស្ស​សម​ហេតុ​ផល​ឬ​យ៉ាង​ណា​នោះ?

២ សូម​កត់​សំគាល់​នូវ​របៀប​ដែល​ពាក្យ​របស់​ប៉ុល​ជួយ​យើង​ក្នុង​ការ​សាក​ល្បង​មើល​ថា​តើ​យើង​ជា​មនុស្ស​សម​ហេតុ​ផល​ឬ​យ៉ាង​ណា​នោះ។ នេះ​មិន​មែន​ជា​បញ្ហា​អំពី​របៀប​ដែល​យើង​មើល​ឃើញ​ខ្លួន​យើង​នោះ​ទេ តែ​ជា​បញ្ហា​អំពី​របៀប​ដែល​អ្នក​ដទៃ​មើល​ឃើញ​យើង និង​អំពី​របៀប​ដែល​យើង​មាន​កេរ្ដិ៍​ឈ្មោះ​វិញ។ សេចក្ដី​បក​ប្រែ​ហ្វីលីព​បាន​ចែង​អំពី​ខ​នេះ​ថា៖ «ចូរ​ឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​មនុស្ស​សម​ហេតុ​ផល»។ យើង​ម្នាក់​ៗ​គួរ​តែ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​មាន​កេរ្ដិ៍​ឈ្មោះ​យ៉ាង​ណា​ដែរ? តើ​ខ្ញុំ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​សម​ហេតុ​ផល បន្ទន់​ទៅ​តាម និង​ទន់ភ្លន់​ទេ? ឬ​ក៏​តើ​ខ្ញុំ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​តឹង​រ៉ឹង ឃោរ​ឃៅ រឹង​ក្បាល​ទៅ​វិញ›?

៣. (ក) តើ​ពាក្យ​ភាសា​ក្រិក​ដែល​បក​ប្រែ​ថា«សម​ហេតុ​ផល» មាន​ន័យ​យ៉ាង​ណា ហើយ​ហេតុ​អ្វី​ក៏​គុណសម្បត្ដិ​នេះ​ជា​ការ​គួរ​ឲ្យ​ចូល​ចិត្ត​នោះ? (ខ) តើ​ជន​គ្រីស្ទាន​អាច​រៀន​ឲ្យ​រឹត​តែ​ចេះ​សម​ហេតុ​ផល​បាន​យ៉ាង​ដូច​ម្ដេច?

៣ កេរ្ដិ៍​ឈ្មោះ​របស់​យើង​ចំពោះ​រឿង​នេះ គឺ​ស្រេច​ទៅ​លើ​កំរិត​ណា​ដែល​យើង​យក​ត្រាប់​តាម​ព្រះ​យេស៊ូ​វ​គ្រីស្ទ។ (កូរិនថូស​ទី​១ ១១:១) កាល​ដែល​ទ្រង់​នៅ​លើ​ផែនដី​នៅ​ឡើយ ព្រះ​យេស៊ូ​វ​បាន​សម្ដែង​ឲ្យ​ឃើញ​យ៉ាង​ល្អ​គ្រប់ល័ក្ខណ៍​នូវ​គំរូ​នៃ​សេចក្ដី​សម​ហេតុ​ផល​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​វរបិតា​របស់​ទ្រង់។ (យ៉ូហាន ១៤:៩) តាម​ការ​ពិត នៅ​ពេល​ដែល​ប៉ុល​បាន​សរសេរ​អំពី«សេចក្ដី​សុភាព នឹង​សេចក្ដី​សំ​ឡូត[សេចក្ដី​សប្បុរស, ពថ]របស់​ព្រះ​គ្រីស្ទ» ពាក្យ​ភាសា​ក្រិក​ដែល​គាត់​ប្រើ​សំរាប់​សេចក្ដី​សប្បុរស គឺ(អ៊ី ភី អេ ខាយ​អេស) ក៏​មាន​ន័យ​ជា«សេចក្ដី​សម​ហេតុ​ផល»ដែរ ឬ​បើ​ប្រែ​ឲ្យ​ចំ​ទៅ​គឺ​មាន​ន័យ​ជា«ការ​បន្ទន់​ទៅ​តាម»។ (កូរិនថូស​ទី​២ ១០:១) អត្ថាធិប្បាយ​ពី​ព្រះ​គម្ពីរ​នៃ​អ្នកពិពណ៌នា ហៅ​ពាក្យ​នេះ​ជា«ពាក្យ​មួយ​ក្នុង​ចំណោម​ពាក្យ​ធំ​ៗ​ទាំង​ឡាយ​ដែល​ពិពណ៌នា​ពី​លក្ខណៈ​ចរិត​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី»។ ពាក្យ​នេះ​រាយ​រាប់​ប្រាប់​ពី​គុណសម្បត្ដិ​ដែល​គួរ​ឲ្យ​ចូល​ចិត្ត​ដល់​ម្ល៉េះ បាន​ជា​វិជ្ជាករ​ម្នាក់​ប្រែ​ពាក្យ​នេះ​ជា«សេចក្ដី​សម​ហេតុ​ផល​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត»។ ដូច្នេះ ចូរ​ឲ្យ​យើង​ពិគ្រោះ​អំពី​វិធី​បី​យ៉ាង ដែល​ព្រះ​យេស៊ូ​វ​បាន​សម្ដែង​សេចក្ដី​សម​ហេតុ​ផល ដូច​ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​របស់​ទ្រង់​នោះ។ តាម​វិធី​នេះ យើង​អាច​រៀន​នូវ​របៀប​ឲ្យ​រឹត​តែ​ចេះ​សម​ហេតុ​ផល​ទៀត​ដែរ។

«បំរុង​តែ​នឹង​អត់​ទោស»

៤. តើ​ព្រះ​យេស៊ូ​វ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា​ថា ទ្រង់«បំរុង​តែ​នឹង​អត់​ទោស»ឲ្យ​នោះ?

៤ ដូច​ព្រះ​វរបិតា​របស់​ទ្រង់​ដែរ ព្រះ​យេស៊ូ​វ​បាន​សម្ដែង​សេចក្ដី​សម​ហេតុ​ផល ដោយ«បំរុង​តែ​នឹង​អត់​ទោស»ឲ្យ​ម្ដង​ហើយ​ម្ដង​ទៀត។ (ទំនុកដំកើង ៨៦:៥) សូម​ពិចារណា​អំពី​ពេត្រុស​ដែល​ជា​សហការី​ដ៏​ជិត​ស្និទ្ធ គាត់​បាន​បដិសេធ​ព្រះ​យេស៊ូ​វ​បី​ដង​នៅ​រាត្រី​ដែល​គេ​ចាប់​ទ្រង់​យក​ទៅ​កាត់​ទោស​នោះ។ កាល​ពី​មុន ព្រះ​យេស៊ូ​វ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ​វរបិតា​ខ្ញុំ»ដែរ។ (ម៉ាថាយ ១០:៣៣) តើ​ព្រះ​យេស៊ូ​វ​អនុវត្ត​ច្បាប់​នេះ​ដោយ​តឹង​រ៉ឹង​ហើយ​គ្មាន​មេត្ដា​ករុណា​ដល់​ពេត្រុស​ឬ? មិន​មែន​ទេ ក្រោយ​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះ​យេស៊ូ​វ​បាន​ទៅ​ជួប​ពេត្រុស​ផ្ទាល់ គឺ​ច្បាស់​ជា​ទៅ​សម្រាល​ចិត្ត និង​លើក​ទឹក​ចិត្ត​សាវក​ដែល​បាន​ប្រែ​ចិត្ត​និង​ខូច​ចិត្ត​នេះ! (លូកា ២៤:៣៤; កូរិនថូស​ទី​១ ១៥:៥) បន្ដិច​ក្រោយ​មក ព្រះ​យេស៊ូ​វ​បាន​អនុញ្ញាត​ឲ្យ​ពេត្រុស​មាន​ភារៈ​ដ៏​ធំ​មួយ។ (កិច្ច​ការ ២:១​-​៤១) នេះ​ជា​ការ​សម្ដែង​សេចក្ដី​សម​ហេតុ​ផល​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត​ជា​ទី​បំផុត! តើ​មិន​ជា​ការ​គួរ​ឲ្យ​ធូរ​ស្បើយ​ទេ​ឬ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ព្រះ​យេស៊ូ​វ​ជា​ចៅ​ក្រម​លើ​មនុស្សជាតិ​ទាំង​មូល​នោះ?—អេសាយ ១១:១​-​៤; យ៉ូហាន ៥:២២

៥. (ក) តើ​អ្នក​ចាស់​ទុំ​ត្រូវ​តែ​មាន​កេរ្ដិ៍​ឈ្មោះ​យ៉ាង​ណា ក្នុង​ចំណោម​ពួក​ចៀម? (ខ) តើ​អ្នក​ចាស់​ទុំ​គួរ​តែ​មើល​សា​ឡើង​វិញ​នូវ​អត្ថបទ​មួយ​ណា មុន​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​ករណី​ណា​មួយ​នោះ ហើយ​ហេតុ​អ្វី?

៥ ពេល​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​ជា​អ្នក​ចៅ​ក្រម​នៅ​ក្នុង​ក្រុម​ជំនុំ ពួក​គេ​ខំ​ខ្នះ​ខ្នែង​យក​ត្រាប់​តាម​គំរូ​នៃ​សេចក្ដី​សម​ហេតុ​ផល​របស់​ព្រះ​យេស៊ូ​វ។ ពួក​គេ​មិន​ចង់​ឲ្យ​ពួក​ចៀម​ចាត់​ទុក​ពួក​គេ​ជា​អ្នក​កាត់​ទោស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ខំ​យក​ត្រាប់​តាម​ព្រះ​យេស៊ូ​វ ដើម្បី​ឲ្យ​ពួក​ចៀម​មាន​អារម្មណ៍​កក់​ក្ដៅ​នឹង​ពួក​គេ ជា​អ្នក​គង្វាល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ក្នុង​ការ​វិនិច្ឆ័យ​ករណី​ណា​មួយ ពួក​គេ​ខំ​ប្រឹង​ប្រែង​យ៉ាង​ណា​ដើម្បី​ឲ្យ​បាន​សម​ហេតុ​ផល គឺ​បំរុង​តែ​នឹង​អត់​ទោស​ឲ្យ​ជា​និច្ច។ មុន​នឹង​ធ្វើ​ការ​ដោះ​ស្រាយ​រឿង​បែប​នេះ អ្នក​ចាស់​ទុំ​ខ្លះ​ដឹង​ថា ជា​ការ​មាន​ប្រយោជន៍ ដោយ​មើល​សា​ឡើង​វិញ​នូវ​អត្ថបទ​ប៉ម​យាម​នៃ​ទី​១ កក្កដា ១៩៩២ ដែល​មាន​ចំណង​ជើង​ថា «ព្រះ​យេហូវ៉ា​ជា‹ចៅ​ក្រម​នៃ​ផែនដី​ទាំង​មូល›»ដែល​មិន​ល្អៀង និង «ពួក​អ្នក​ចាស់​ទុំ ជា​ចៅ​ក្រម​ដែល​មាន​សេចក្ដី​សុចរិត»។ ម្ល៉ោះ​ហើយ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​នឹក​ឃើញ​ដល់​វិធី​វិនិច្ឆ័យ​ទោស​ជា​សង្ខេប​របស់​ព្រះ​យេហូវ៉ា គឺ«ត្រូវ​សម្ដែង​ការ​ម៉ឺង​ម៉ាត់ បើ​ជា​ចាំ​បាច់ តែ​ត្រូវ​មាន​សេចក្ដី​មេត្ដា​ករុណា បើ​អាច​ធ្វើ​ទៅ​បាន»។ ក្នុង​ការ​វិនិច្ឆ័យ​ទោស ការ​ទោរ​ទន់​ទៅ​រក​សេចក្ដី​មេត្ដា​ករុណា មិន​មែន​ជា​ការ​ខុស​ទេ បើ​មាន​មូលដ្ឋាន​សម​ហេតុ​ផល​នោះ។ (ម៉ាថាយ ១២:៧) តែ​បើ​សម្ដែង​សេចក្ដី​ឃោរ​ឃៅ ឬ​ការ​ឥត​ប្រណី​វិញ នោះ​ជា​កំហុស​ដ៏​ធ្ងន់​ធ្ងរ។ (អេសេគាល ៣៤:៤) ដូច្នេះ​ហើយ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​ជៀស​វាង​ការ​ប្រព្រឹត្ត​ខុស ដោយ​ខំ​ប្រព្រឹត្ត​តែ​ការ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្ដា​ករុណា បើ​អាច​ធ្វើ​ទៅ​បាន​ក្នុង​វិស័យ​យុត្ដិធម៌។—ប្រៀប​ធៀប ម៉ាថាយ ២៣:២៣; យ៉ាកុប ២:១៣

ការ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ​ដែល​ផ្លាស់​ប្ដូរ

៦. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​វ​បាន​បង្ហាញ​សេចក្ដី​សម​ហេតុ​ផល ក្នុង​ការ​ដោះ​ស្រាយ​រឿង​ស្ត្រី​សាសន៍​ដទៃ​ដែល​កូន​ស្រី​អារក្ស​ចូល​នោះ?

៦ ដូច​ព្រះ​យេហូវ៉ា​ដែរ ព្រះ​យេស៊ូ​វ​បាន​បង្ហាញ​ថា ទ្រង់​រហ័ស​នឹង​ផ្លាស់​ដំណើរ​ការណ៍ ឬ​ប្រែ​ប្រួល​ទៅ​តាម​ស្ថានការណ៍​ណា​ដែល​បាន​កើត​ឡើង។ នៅ​គ្រា​មួយ ស្ត្រី​សាសន៍​ដទៃ​ម្នាក់​បាន​ទូល​អង្វរ​ទ្រង់ ឲ្យ​ជួយ​ប្រោស​កូន​ស្រី​របស់​នាង​ដែល​អារក្ស​ចូល​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​នោះ។ តាម​វិធី​បី​យ៉ាង ព្រះ​យេស៊ូ​វ​ជា​ដំបូង​បាន​បង្ហាញ​ប្រាប់​ថា ទ្រង់​នឹង​មិន​ជួយ​នាង​ទេ—វិធី​ទី​មួយ ទ្រង់​មិន​បាន​ឆ្លើយ​តប​នឹង​នាង ទី​ពីរ ទ្រង់​បាន​មាន​បន្ទូល​ត្រង់​ៗ​ថា ទ្រង់​ត្រូវ​បាន​ចាត់​មក​សំរាប់​តែ​ពួក​សាសន៍​យូដា មិន​មែន​សំរាប់​ពួក​សាសន៍​ដទៃ​ទេ ហើយ​វិធី​ទី​បី ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​យ៉ាង​សុភាព​អំពី​រឿង​ប្រៀប​ប្រដូច​មួយ ដែល​បញ្ជាក់​នូវ​ចំណុច​ដដែល​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្ត្រី​នោះ​នៅ​តែ​ខំ​ត​ស៊ូ​អង្វរ​ទៀត បង្ហាញ​ឲ្យ​ឃើញ​នូវ​ជំនឿ​ដែល​គួរ​ឲ្យ​ស្ងើច។ ដោយ​យោគ​យល់​ដល់​កាលៈទេសៈ​ដ៏​អស្ចារ្យ​នេះ ព្រះ​យេស៊ូ​វ​ទ្រង់​ជ្រាប​ថា នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​រឹង​តឹង​ទេ តែ​ជា​ពេល​ដែល​ត្រូវ​ប្រែ​ប្រួល​ទៅ​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​គោល​ការណ៍​ដ៏​ខ្ពង់​ខ្ពស់​នោះ។a ដូច្នេះ ព្រះ​យេស៊ូ​វ​ក៏​បាន​ធ្វើ​តាម​អ្វី​ៗ​ដែល​ទ្រង់​បាន​បង្ហាញ​ប្រាប់​បី​ដង​ថា​នឹង​មិន​ធ្វើ​នោះ។ ទ្រង់​បាន​ប្រោស​កូន​ស្រី​របស់​ស្ត្រី​នោះ​ទៅ!—ម៉ាថាយ ១៥:២១​-​២៨

៧. តើ​មាតា​បិតា​អាច​បង្ហាញ​សេចក្ដី​សម​ហេតុ​ផល​បាន​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី?

៧ តើ​យើង​មាន​ឈ្មោះ​ជា​អ្នក​សុខ​ចិត្ត​បត់​បែន​ដែរ​ទេ នៅ​ពេល​សម​ត្រឹម​ត្រូវ​នោះ? មាតា​បិតា​ត្រូវ​តែ​បង្ហាញ​នូវ​សេចក្ដី​សម​ហេតុ​ផល​បែប​នេះ ជា​ញឹក​ញាប់។ ដោយ​សារ​តែ​ក្មេង​ម្នាក់​ៗ​វា​ខុស​ពី​គ្នា​នោះ វិធី​ណា​ដែល​ជោគ​ជ័យ​ចំពោះ​ក្មេង​ម្នាក់ ប្រហែល​ជា​មិន​សម​ត្រឹម​ត្រូវ​ចំពោះ​ក្មេង​ម្នាក់​ទៀត​ទេ។ ថែម​ទៅ​ទៀត កាល​ណា​ក្មេង​វា​ធំ​លូត​លាស់​ឡើង សេចក្ដី​ត្រូវ​ការ​របស់​វា​ក៏​ប្រែ​ប្រួល​ដែរ។ ដូច្នេះ តើ​គួរ​តែ​កែ​ដល់​ហាមប្រាម​នៃ​ពេល​វេលា​ដើរ​លេង​ទេ? តើ​ការ​សិក្សា​ជា​គ្រួសារ​នឹង​បាន​ប្រយោជន៍​ច្រើន​ទេ បើ​ធ្វើ​តាម​វិធី​ដ៏​រស់​រវើក​នោះ? នៅ​ពេល​ដែល​មាតា​ឬ​បិតា​ច្រឡោត​ខឹង​ដោយ​សារ​កំហុស​តូច​តាច​ណា​មួយ តើ​អ្នក​សុខ​ចិត្ត​បន្ទាប​ខ្លួន ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ? មាតា​បិតា​ណា​ដែល​បន្ទន់​ទៅ​តាម​វិធី​បែប​នេះ នឹង​មិន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ខ្លួន​រកាំ​រកូស និង​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​ឡើយ។—អេភេសូរ ៦:៤

៨. តើ​តាម​របៀប​ណា​ដែល​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​អាច​ដឹក​នាំ ក្នុង​ការ​ប្រែ​ប្រួល​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​ក្នុង​តំបន់​ផ្សាយ?

៨ ពួក​អ្នក​ចាស់​ទុំ ក៏​ត្រូវ​តែ​ចេះ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ​ណា​ដែល​កើត​ឡើង​ដែរ ហើយ​នៅ​ពេល​ដំណាល​គ្នា​នេះ មិន​ត្រូវ​ធ្វើ​ឲ្យ​ខូច​ដល់​ច្បាប់​ណា​មួយ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​សោះ។ ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​កិច្ច​ការ​ផ្សាយ តើ​អ្នក​ប្រុង​ប្រៀប​ខ្លួន​នឹង​ការ​ប្រែ​ប្រួល​ក្នុង​តំបន់​ទេ? បើ​មាន​ការ​ប្រែ​ប្រួល​បែប​ជីវភាព​រស់​នៅ​ក្នុង​តំបន់​ជិត​ខាង អ្នក​គួរ​តែ​បើក​ឲ្យ​មាន​ការ​ផ្សាយ​ពេល​ល្ងាច ការ​ផ្សាយ​តាម​ផ្លូវ ឬ​ក៏​ការ​ផ្សាយ​តាម​ទូរស័ព្ទ។ ការ​ប្រែ​ប្រួល​តាម​វិធី​បែប​នេះ ជួយ​យើង​បំពេញ​កិច្ច​ការ​ផ្សាយ​របស់​យើង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ឡើង។ (ម៉ាថាយ ២៨:១៩, ២០; កូរិនថូស​ទី​១ ៩:២៦) ប៉ុល​ក៏​បាន​ធ្វើ​ការ​ប្រែ​ប្រួល​ទៅ​តាម​មនុស្ស​គ្រប់​ប្រភេទ​ក្នុង​ការ​ដើរ​ផ្សាយ​របស់​គាត់​ដែរ។ តើ​យើង​អាច​ធ្វើ​ការ​នេះ​បាន​ទេ ជា​ឧទាហរណ៍ ដោយ​ខំ​រៀន​ឲ្យ​ដឹង​គ្រប់​គ្រាន់​អំពី​សាសនា​និង​វប្បធម៌​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​យើង ដើម្បី​ឲ្យ​អាច​ជួយ​មនុស្ស​បាន​នោះ?—កូរិនថូស​ទី​១ ៩:១៩​-​២៣

៩. ហេតុ​អ្វី​ក៏​អ្នក​ចាស់​ទុំ​មិន​ត្រូវ​ទទូច​ចង់​ដោះ​ស្រាយ​បញ្ហា ដូច​កាល​ដែល​គាត់​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​នោះ?

៩ កាល​ដែល​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ​កាន់​តែ​យ៉ាប់​ឡើង ពួក​អ្នក​គង្វាល​ក៏​ត្រូវ​តែ​ប្រែ​ប្រួល​ទៅ​តាម​ភាព​ស្មុគ​ស្មាញ​ដ៏​សុញសាញ ហើយ​បញ្ហា​លំបាក​ទាំង​ឡាយ​ដែល​ហ្វូង​ចៀម​របស់​គេ​កំពុង​តែ​ជួប​ប្រទះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ (ធីម៉ូថេ​ទី​២ ៣:១) ពួក​អ្នក​ចាស់​ទុំ​អើយ នេះ​មិន​មែន​ជា​ពេល​សំរាប់​ការ​តឹង​រ៉ឹង​ទេ! អ្នក​ចាស់​ទុំ​មិន​ត្រូវ​ទទូច​ចង់​ដោះ​ស្រាយ​បញ្ហា​ដូច​កាល​ដែល​គាត់បាន​ធ្វើ​ពី​មុន​មក​ឡើយ បើ​វិធី​ដោះ​ស្រាយ​របស់​គាត់​លែង​មាន​ប្រសិទ្ធិ​ភាព ឬ​បើ«អ្នក​បំរើ​ស្មោះ​ត្រង់ មាន​មារយាទ»បាន​បោះ​ពុម្ព​ពត៌មាន​ថ្មី​ទៀត​អំពី​មុខ​វិជ្ជា​នេះ។ (ម៉ាថាយ ២៤:៤៥; ប្រៀប​ធៀប សាស្ដា ៧:១០; កូរិនថូស​ទី​១ ៧:៣១) អ្នក​ចាស់​ទុំ​ស្មោះ​ត្រង់​ម្នាក់​បាន​ព្យាយាម​ជួយ​បង​ប្អូន​ស្រី​ម្នាក់​ដែល​កើត​ជំងឺ​ក្រៀម​ក្រំ​ចិត្ត ដែល​ត្រូវ​ការ​អ្នក​ប្រសប់​ស្ដាប់​ម្នាក់។ ក៏​ប៉ុន្តែ គាត់​ដូច​ជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ជំងឺ​ក្រៀម​ក្រំ​ចិត្ត​នោះ​ទេ ហើយ​ក៏​បាន​ផ្ដល់​ឲ្យ​នាង​តែ​ចម្លើយ​ស្រួល​ៗ។ ក្រោយ​មក សមាគម​ប៉ម​យាម​បាន​បោះ​ពុម្ព​ពត៌មាន​ពី​ព្រះ​គម្ពីរ ដែល​ពិគ្រោះ​អំពី​បញ្ហា​របស់​នាង។ អ្នក​ចាស់​ទុំ​នោះ​ក៏​លៃ​លក​ដើម្បី​ពិភាក្សា​ជា​មួយ​នាង​ម្ដង​ទៀត ហើយ​លើក​នេះ គាត់​អនុវត្ត​តាម​ពត៌មាន​ថ្មី​នេះ ហើយ​ក៏​សម្ដែង​ចិត្ត​អធ្យាស្រ័យ​ចំពោះ​ស្ថានភាព​ដ៏​យ៉ាប់​របស់​នាង។ (ប្រៀប​ធៀប ថែស្សាឡូនីច​ទី​១ ៥:១៤, ១៥) នេះ​ជា​គំរូ​ដ៏​ល្អ​ណាស់ អំពី​សេចក្ដី​សម​ហេតុ​ផល!

១០. (ក) តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​សម្ដែង​អាកប្បកិរិយា​ដែល​បន្ទន់​ទៅ​តាម​គ្នា​ទៅ​វិញ​ទៅ​មក និង​ចំពោះ​ក្រុម​អ្នក​ចាស់​ទុំ​ទាំង​មូល​នោះ? (ខ) តើ​អ្នក​ចាស់​ទុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា ចំពោះ​អស់​អ្នក​ដែល​សម្ដែង​ខ្លួន​គេ​ជា​មិន​សម​ហេតុ​ផល?

១០ ពួក​អ្នក​ចាស់​ទុំ​ក៏​ត្រូវ​តែ​សម្ដែង​អាកប្បកិរិយា​ដែល​បន្ទន់​ទៅ​តាម​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ កាល​ណា​ពួក​អ្នក​ចាស់​ទុំ​ប្រជុំ​គ្នា ជា​ការ​សំខាន់​ណាស់ ដែល​គ្មាន​អ្នក​ចាស់​ទុំ​ណា​ត្រូវ​ត្រួត​ត្រា​លើ​ដំណើរ​ប្រជុំ​នោះ! (លូកា ៩:៤៨) រីឯ​អ្នក​ដែល​ធ្វើ​ជា​ប្រធាន នោះ​ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន ជា​ពិសេស​ចំពោះ​រឿង​នេះ។ នៅ​ពេល​ដែល​អ្នក​ចាស់​ទុំ​ម្នាក់ ឬ​ពីរ​នាក់​មិន​យល់​ស្រប​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​អ្នក​ចាស់​ទុំ​ទាំង​មូល ពួក​គេ​មិន​ត្រូវ​ទទូច​ចង់​ឲ្យ​គេ​ធ្វើ​តាម​ផ្លូវ​របស់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​គ្មាន​ការ​រំលោភ​លើ​គោល​ការណ៍​ព្រះ​គម្ពីរ​ទេ ពួក​គេ​ត្រូវ​តែ​បន្ទន់​ទៅ​តាម ដោយ​ចាំ​ថា សេចក្ដី​សម​ហេតុ​ផល​ជា​អ្វី​មួយ​ដែល​តម្រូវ​ពី​ពួក​អ្នក​ចាស់​ទុំ។ (ធីម៉ូថេ​ទី​១ ៣:២, ៣) ម្យ៉ាង​វិញ​ទៀត ក្រុម​អ្នក​ចាស់​ទុំ​គួរ​តែ​ចង​ចាំ​ថា ប៉ុល​បាន​ធ្វើ​ទោស​ដល់​ក្រុម​ជំនុំ​កូរិនថូស ដោយ​ព្រោះ​តែ​ពួក​គេ‹ទ្រ​ទ្រង់​មនុស្ស​ឥត​សម​ហេតុ​ផល›ដែល​អះអាង​ថា​ខ្លួន​គេ​ជា«ពួក​សាវក​យ៉ាង​ធំ»។ (កូរិនថូស​ទី​២ ១១:៥, ១៩, ២០) ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​តែ​សុខ​ចិត្ត​ទូន្មាន​ដល់​អ្នក​ចាស់​ទុំ​ណា​ដែល​កាន់​ឫក​មានះ និង​ឥត​សម​ហេតុ​ផល ប៉ុន្តែ​គួរ​តែ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​សុភាព​និង​សប្បុរស។—កាឡាទី ៦:១

សេចក្ដី​សម​ហេតុ​ផល​នៅ​ពេល​ប្រតិបត្ដិ​អំណាច

១១. តើ​មាន​ភាព​ខុស​គ្នា​ណា​រវាង​របៀប​ដែល​ពួក​មេ​ដឹក​នាំ​សាសនា​បាន​ប្រើ​អំណាច និង​របៀប​ព្រះ​យេស៊ូ​វ​បាន​ប្រើ​អំណាច?

១១ កាល​ដែល​ព្រះ​យេស៊ូ​វ​នៅ​លើ​ផែនដី​នៅ​ឡើយ សេចក្ដី​សម​ហេតុ​ផល​របស់​ទ្រង់​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ តាម​របៀប​ដែល​ទ្រង់​ប្រើ​អំណាច ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ទ្រង់​នោះ។ ទ្រង់​មាន​សភាព​ខុស​ប្លែក​ពី​ពួក​មេ​ដឹក​នាំ​សាសនា​នៅ​ជំនាន់​ទ្រង់ណាស់! សូម​ពិចារណា​អំពី​ឧទាហរណ៍​មួយ។ ក្រិត្យ​វិន័យ​របស់​ព្រះ​បាន​ចែង​មក​ថា នៅ​ថ្ងៃ​ឈប់​សំ​រាក មិន​ត្រូវ​ឲ្យ​អ្នក​ណា​ធ្វើ​ការ​ឡើយ សូម្បី​តែ​ប្រមូល​ឱ​ស​ក៏​មិន​បាន​ដែរ។ (និក្ខមនំ ២០:១០; ជន​គណនា ១៥:៣២​-​៣៦) ពួក​មេ​ដឹក​នាំ​សាសនា​ចង់​ត្រួត​ត្រា​លើ​របៀប​ដែល​ប្រជាជន​អនុវត្ត​តាម​ក្រិត្យ​វិន័យ​នេះ។ ដូច្នេះ ពួក​គេ​ក៏​បង្កើត​ច្បាប់​ដោយ​ខ្លួន​គេ ប្រាប់​នូវ​អ្វី​ចំ​ៗ​ដែល​បុគ្គល​ម្នាក់​អាច​លើក​បាន​នៅ​ថ្ងៃ​ឈប់​សំ​រាក។ ពួក​គេ​បាន​ចេញ​ច្បាប់​ថា៖ មិន​ត្រូវ​លើក​អ្វី​ដែល​ធ្ងន់​ជាង​ផ្លែ​ល្វា​ក្រៀម​ពីរ​បាន​ឡើយ។ ពួក​គេ​ថែម​ទាំង​ដាក់​ការ​ហាមប្រាម​ចំពោះ​ស្បែក​ជើង​ផ្ទាត់​ដែល​មាន​ដែក​គោល ដោយ​អះអាង​ថា ការ​លើក​ទម្ងន់​ដែក​គោល​នោះ ជា​ការ​ធ្វើ​ការ​ដែរ! គេ​បាន​ដឹង​ថា ពួក​សង្គ្រាជ​ទាំង​នោះ​បាន​បន្ថែម​៣៩​ច្បាប់​ទៀត​ទៅ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​អំពី​ថ្ងៃ​ឈប់​សំ​រាក ហើយ​ថែម​ទាំង​បន្ថែម​បន្ថយ​ទៅ​នឹង​ច្បាប់​នោះ​ជា​ច្រើន​ទៀត​ដែរ។ រីឯ​ព្រះ​យេស៊ូ​វ​វិញ ទ្រង់​មិន​ព្យាយាម​ត្រួត​ត្រា​លើ​ប្រជាជន​តាម​របៀប​ដ៏​ថោក​ទាប​នេះ​ទេ ដោយ​ដាក់​ច្បាប់​តឹង​រ៉ឹង​ជា​ច្រើន ឬ​ដោយ​ដាក់​បមាណីយ​ដ៏​តឹង​រ៉ឹង​ដែល​មិន​អាច​កាន់​បាន​នោះ។—ម៉ាថាយ ២៣:២​-​៤; យ៉ូហាន ៧:៤៧​-​៤៩

១២. ហេតុ​អ្វី​ក៏​យើង​អាច​និយាយ​ថា ព្រះ​យេស៊ូ​វ​មិន​រា​រេ ពេល​ទាក់​ទង​នឹង​បមាណីយ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា?

១២ បើ​អញ្ចឹង តើ​យើង​អាច​សន្មត​ថា ព្រះ​យេស៊ូ​វ​មិន​បាន​ប្រកាន់​ខ្ជាប់​នឹង​បមាណីយ​ដ៏​សុចរិត​របស់​ព្រះ​ឬ? ទ្រង់​ពិត​ជា​បាន​ប្រកាន់​ខ្ជាប់​មែន! ទ្រង់​ជ្រាប​ថា ច្បាប់​នឹង​ទៅ​ជា​មាន​ប្រសិទ្ធិ​ភាព​ណាស់ បើ​មនុស្ស​យក​ចិត្ត​ទុក​ដាក់​នឹង​គោល​ការណ៍​ដែល​នៅ​ពី​ក្រោយ​ច្បាប់​នោះ។ ក្នុង​កាល​ដែល​ពួក​ផារិស៊ី​រវល់​តែ​នឹង​ការ​ខំ​ត្រួត​ត្រា​មនុស្ស​ដោយ​ប្រើ​ច្បាប់​ជា​ច្រើន​នោះ ព្រះ​យេស៊ូ​វ​ខំ​ព្យាយាម​ឲ្យ​មាន​ឥទ្ធិពល​លើ​ចិត្ត​គេ​វិញ។ ជា​ឧទាហរណ៍ ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​ថា នឹង​គ្មាន​ការ​បន្ទន់​ទៅ​តាម​ទេ​ចំពោះ​ច្បាប់​របស់​ព្រះ ដូច​ជា«ចូរ​រត់​ពី​ការ​សហាយស្មន់​ចេញ»។ (កូរិនថូស​ទី​១ ៦:១៨) ដូច្នេះ ព្រះ​យេស៊ូ​វ​បាន​ព្រមាន​មនុស្ស​អំពី​គំនិត​ដែល​អាច​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឥត​សីលធម៌​នេះ។ (ម៉ាថាយ ៥:២៨) សេចក្ដី​បង្រៀន​បែប​នេះ ត្រូវ​ការ​ប្រាជ្ញា​និង​ការ​ត្រិះរិះ​វែក​ញែក​ច្រើន គឺ​មិន​គ្រាន់​តែ​ដាក់​ច្បាប់​ខ្នាត​ដ៏​តឹង​រ៉ឹង​នោះ​ទេ។

១៣. (ក) ហេតុ​អ្វី​ក៏​អ្នក​ចាស់​ទុំ​ត្រូវ​តែ​ជៀស​វាង​ពី​ការ​បង្កើត​ច្បាប់​និង​វិន័យ​ដែល​តឹង​រ៉ឹង​នោះ? (ខ) តើ​កន្លែង​ណា​ខ្លះ​ដែល​ជា​ការ​សំខាន់ ដែល​យើង​ត្រូវ​តែ​គោរព​ដល់​សតិ​សម្បជញ្ញៈ​របស់​បុគ្គល​ម្នាក់​ៗ​នោះ?

១៣ នៅ​សព្វ​ថ្ងៃ​នេះ បង​ប្អូន​ប្រុស​ជា​ច្រើន​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ ក៏​ចង់​ឲ្យ​មាន​ឥទ្ធិពល​លើ​ចិត្ត​នៃ​ពួក​ចៀម​ដែរ។ ម្ល៉ោះ​ហើយ ពួក​គេ​ជៀស​វាង​ពី​ការ​ដាក់​ច្បាប់​វិនិច្ឆ័យ​ដែល​តឹង​រ៉ឹង ឬ​ប្រែ​ទស្សនៈ​និង​មតិ​របស់​គេ​ផ្ទាល់​ទៅ​ជា​ច្បាប់​នោះ។ (ប្រៀប​ធៀប ដានីយ៉ែល ៦:៧​-​១៦) ពី​ពេល​មួយ​ទៅ​ពេល​មួយ សេចក្ដី​រំឭក​ដ៏​សុភាព​ពី​បញ្ហា ដូច​ជា​បញ្ហា​ខាង​សំលៀក​បំពាក់​និង​ការ​តុបតែង​ខ្លួន អាច​ទៅ​ជា​ការ​ត្រឹម​ត្រូវ​និង​សម​តាម​ពេល​វេលា​ផង ក៏​ប៉ុន្តែ បើ​អ្នក​ចាស់​ទុំ​នោះ​រំឭក​តែ​អំពី​បញ្ហា​នេះ ឬ​ព្យាយាម​បង្ខំ​ទៅ​លើ​អ្នក​ឯ​ទៀត​នូវ​ចំណូល​ចិត្ត​របស់​ខ្លួន គាត់​នឹង​អាច​ធ្វើ​ឲ្យ​ខូច​កេរ្ដិ៍​ឈ្មោះ​របស់​គាត់ ជា​មនុស្ស​សម​ហេតុ​ផល​ជា​មិន​ខាន។ បើ​និយាយ​ឲ្យ​ចំ​ទៅ អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​តែ​ជៀស​វាង​ពី​ការ​ព្យាយាម​ត្រួត​ត្រា​លើ​អ្នក​ឯ​ទៀត។—ប្រៀប​ធៀប កូរិនថូស​ទី​២ ១:២៤; ភីលីព ២:១២

១៤. តើ​ព្រះ​យេស៊ូ​វ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា​ខ្លះ ដែល​ថា​ទ្រង់​សម​ហេតុ​ផល​ពេល​សង្ឃឹម​អ្វី​ៗ​ពី​អ្នក​ឯ​ទៀត​នោះ?

១៤ ពួក​អ្នក​ចាស់​ទុំ​គួរ​តែ​ពិនិត្យ​មើល​ខ្លួន​ឯង​អំពី​បញ្ហា​មួយ​ទៀត៖ ‹តើ​ខ្ញុំ​សម​ហេតុ​ផល​ទេ ចំពោះ​អ្វី​ៗ​ដែល​ខ្ញុំ​សង្ឃឹម​ពី​អ្នក​ឯ​ទៀត​នោះ›? ព្រះ​យេស៊ូ​វ​ប្រាកដ​ជា​សម​ហេតុ​ផល​ហើយ​ចំពោះ​រឿង​នេះ។ ទ្រង់​បាន​បង្ហាញ​អ្នក​កាន់​តាម​ទ្រង់​យ៉ាង​ម៉ឺង​ម៉ាត់​ថា ទ្រង់​មិន​សង្ឃឹម​ចង់​បាន​អ្វី​ច្រើន​ទេ គឺ​គ្រាន់​តែ​ការ​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​ចិត្ត​របស់​គេ​នោះ​បាន​ហើយ​ៗ ទ្រង់​បាន​ដាក់​តម្លៃ​យ៉ាង​ខ្ពស់​ដល់​ការ​នេះ។ ទ្រង់​បាន​សរសើរ​ដល់​ស្ត្រី​មេម៉ាយ​ក្រ​កំសត់​ម្នាក់​ដែល​បាន​ធ្វើ​ទាន​ដាក់​កាក់​តម្លៃ​តិច​តួច​មួយ។ (ម៉ាកុស ១២:៤២, ៤៣) ទ្រង់​បាន​ស្តី​បន្ទោស​ដល់​សិស្ស​របស់​ទ្រង់ នៅ​ពេល​ដែល​ពួក​គេ​បាន​រិះ​គន់​ដល់​ការ​ធ្វើ​វិភាគទាន​ដ៏​មាន​តម្លៃ​របស់​នាង​ម៉ា​រា ដោយ​បាន​មាន​បន្ទូល​ថា៖ «កុំ​ធ្វើ​នាង . . . នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន»។ (ម៉ាកុស ១៤:៦, ៨) ទ្រង់​ក៏​នៅ​ជា​សម​ហេតុ​ផល ទោះ​បី​ជា​អ្នក​កាន់​តាម​ពុំ​បាន​ធ្វើ​តាម​ទ្រង់​ក៏​ដោយ។ ជា​ឧទាហរណ៍ ថ្វី​បើ​ទ្រង់​បាន​សូម​ឲ្យ​សាវក​ដ៏​ជិត​ស្និទ្ធ​បី​នាក់​របស់​ទ្រង់ ឲ្យ​នៅ​ប្រុង​ប្រៀប​ចាំ​យាម​ជា​មួយ​ទ្រង់​នៅ​រាត្រី​ដែល​គេ​មក​ចាប់​ទ្រង់​នោះ ពួក​គេ​នៅ​តែ​ធ្វើ​ឲ្យ​ទ្រង់​អន់​ព្រះ​ទ័យ ដោយ​បាន​ងងុយ​លក់​ទៅ​ម្ដង​ហើយ​ម្ដង​ទៀត។ ប៉ុន្តែ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​អាណិត​ថា៖ «វិញ្ញាណ​ប្រុង​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។—ម៉ាកុស ១៤:៣៤​-​៣៨

១៥, ១៦. (ក) ហេតុ​អ្វី​ក៏​អ្នក​ចាស់​ទុំ​គួរ​តែ​ប្រយ័ត្ន​កុំ​ឲ្យ​បង្ខិត​បង្ខំ ឬ​បំភ័យ​ហ្វូង​ចៀម​នោះ? (ខ) តើ​បង​ប្អូន​ស្រី​ម្នាក់​បាន​ចាប់​ផ្ដើម​ប្រែ​ចិត្ត​គំនិត​យ៉ាង​ណា ចំពោះ​អ្វី​ៗ​ដែល​គាត់​បាន​សង្ឃឹម​ពី​អ្នក​ដទៃ?

១៥ ពិត​មែន​ហើយ ព្រះ​យេស៊ូ​វ​បាន​លើក​ទឹក​ចិត្ត​អ្នក​កាន់​តាម​ទ្រង់​ឲ្យ«ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត»។ (លូកា ១៣:២៤) ប៉ុន្តែ​ទ្រង់​មិន​ដែល​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ​ទេ! ទ្រង់​បាន​មាន​អានុភាពលើ​ពួក​គេ បាន​ធ្វើ​ជា​គំរូ ដឹក​នាំ​ពួក​គេ ហើយ​បាន​ខំ​ព្យាយាម​ឲ្យ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​គេ។ ហើយ​ទ្រង់​ពឹង​ទៅ​លើ​ឫទ្ធិ​បារមី​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​សម្រេច​ការ​ឯ​ទៀត។ នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ ពួក​អ្នក​ចាស់​ទុំ​គួរ​តែ​លើក​ទឹក​ចិត្ត​ហ្វូង​ចៀម​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា​ឲ្យ​ស្មោះ​អស់​ពី​ចិត្ត តែ​មិន​ត្រូវ​បំភ័យ​ពួក​គេ​នឹង​កំហុស ឬ​ការ​អាម៉ាស​មុខ ដោយ​ថ្លែង​បញ្ឆិត​ថា ការ​បំរើ​ព្រះ​យេហូវ៉ា​របស់​គេ នៅ​កន្លែង​ខ្លះ​មិន​គ្រប់​គ្រាន់ ឬ​ក៏​មិន​ទទួល​យល់​ព្រម​នោះ។ វិធី​ដ៏​តឹង​រ៉ឹង ដែល​ជម្រុញ​ឲ្យ«ធ្វើ​ទៀត ធ្វើ​ទៀត ធ្វើ​ទៀត!» នោះ​អាច​ធ្វើ​ឲ្យ​អ្នក​ខំ​អស់​ពី​សមត្ថភាព​បាក់​ទឹក​ចិត្ត។ គួរ​ឲ្យ​ស្ដាយ​ណាស់ បើ​អ្នក​ចាស់​ទុំ​បាន​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក«ពិបាក​គាប់​ចិត្ត»—ដែល​ជា​ការ​ខុស​ស្រឡះ​ពី​សេចក្ដី​សម​ហេតុ​ផល​នោះ!—ពេត្រុស​ទី​១ ២:១៨

១៦ យើង​ទាំង​អស់​គ្នា គួរ​តែ​សម​ហេតុ​ផល​ចំពោះ​អ្វី​ៗ​ដែល​យើង​សង្ឃឹម​ពី​អ្នក​ដទៃ! បង​ប្អូន​ស្រី​ម្នាក់ ក្រោយ​ពី​នាង​និង​ប្ដី​របស់​នាង​បាន​ឈប់​ពី​បេសកកម្ម​សាសនទូត ដើម្បី​មក​ថែ​រក្សា​ម្ដាយ​ដែល​មាន​ជំងឺ​នោះ បាន​សរសេរ​ថា៖ «នេះ​ជា​គ្រា​ដ៏​លំបាក​ណាស់​ចំពោះ​ពួក​ខ្ញុំ ជា​អ្នក​ផ្សាយ​នៃ​ក្រុម​ជំនុំ​នៅ​កន្លែង​នេះ។ ដោយ​ធ្លាប់​បាន​បំរើ​ក្នុង​កិច្ច​ការ​តាម​មណ្ឌល​និង​តាម​តំបន់​នោះ និង​ធ្លាប់​បាន​ការ​ពារ​ពី​បញ្ហា​បែប​នេះ​ជា​ច្រើន ស្រាប់​តែ​ពួក​ខ្ញុំ​បាន​ដឹង​យ៉ាង​ឈឺ​ចាប់​អំពី​ការ​នេះ។ ឧទាហរណ៍ ខ្ញុំ​ធ្លាប់​គិត​ថា ‹ហេតុ​អ្វី​ក៏​បង​ប្អូន​ស្រី​ម្នាក់​នោះ​មិន​ប្រើ​ប្រកាស​វត្ថុ​សំរាប់​ខែ​នេះ​ដូច្នេះ? តើ​គាត់​មិន​បាន​អាន​អ្វី​ៗ​ដែល​បាន​ចែង​មក​នៅ​ក្នុង​កម្ម​វិធី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​ទេ​ឬ›? ឥឡូវ​នេះ ខ្ញុំ​ដឹង​ពី​មូលហេតុ​ហើយ។ ចំពោះ​អ្នក​ខ្លះ គេ​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណោះ​ទេ[ក្នុង​កិច្ច​បំរើ]»។ តើ​មិន​ជា​ការ​ដ៏​ប្រសើរ​ទេ​ឬ ដោយ​លើក​សរសើរ​បង​ប្អូន​យើង​ចំពោះ​កិច្ចការ​ដែល​គេ​អាច​ធ្វើ​បាន ជា​ជាង​វិនិច្ឆ័យ​ពួក​គេ​ចំពោះ​កិច្ចការ​ដែល​គេ​មិន​បាន​ធ្វើ​នោះ!

១៧. តើ​តាម​របៀប​ណា​ខ្លះ ដែល​ព្រះ​យេស៊ូ​វ​បាន​ធ្វើ​ជា​គំរូ​សំរាប់​យើង​ចំពោះ​សេចក្ដី​សម​ហេតុ​ផល?

១៧ សូម​ពិចារណា​មើល​គំរូ​ចុង​ក្រោយ​នេះ អំពី​របៀប​ដែល​ព្រះ​យេស៊ូ​វ​ប្រើ​អំណាច​របស់​ទ្រង់​តាម​វិធី​ដ៏​សម​ហេតុ​ផល។ ដូច​ព្រះ​វរបិតា​ទ្រង់​ដែរ ព្រះ​យេស៊ូ​វ​មិន​បាន​ទុក​អំណាច​សំរាប់​តែ​អង្គ​ទ្រង់​ទេ។ ទ្រង់​ក៏​ជា​មេ​ផ្ទេរ​អំណាច​ដែរ ដែល​បាន​តែង​តាំង​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់​ឲ្យ​មើល​ថែ​រក្សា«របស់​ទ្រព្យ​លោក​ទាំង​អស់» ដែល​នៅ​លើ​ផែនដី​នេះ។ (ម៉ាថាយ ២៤:៤៥​-​៤៧) ហើយ​ទ្រង់​មិន​ខ្លាច​ស្ដាប់​តាម​មតិ​របស់​អ្នក​ដទៃ​ទេ។ ទ្រង់​តែង​តែ​បាន​ទូល​សួរ​អ្នក​ស្ដាប់​ទ្រង់​ថា៖ «តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច»? (ម៉ាថាយ ១៨:១២; ១៧:២៥; ២១:២៨; ២២:៤២) ដូច្នេះ នៅ​សព្វ​ថ្ងៃ​នេះ អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ទាំង​អស់​គួរ​តែ​យក​ត្រាប់​តាម​វិធី​នេះ​ដែរ។ គ្មាន​អំណាច​ច្រើន​ប៉ុណ្ណា​ត្រូវ​បណ្ដាល​ឲ្យ​ពួក​គេ​មិន​សុខ​ចិត្ត​ស្ដាប់​នោះ​ឡើយ។ មាតា​បិតា សូម​ស្ដាប់! ប្ដី សូម​ស្ដាប់! ពួក​អ្នក​ចាស់​ទុំ សូម​ស្ដាប់!

១៨. (ក) តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​ដឹង​ថា​យើង​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​សម​ហេតុ​ផល? (ខ) តើ​យើង​ទាំង​អស់​គ្នា​ត្រូវ​ប្ដេជ្ញា​ចិត្ត​នឹង​ធ្វើ​អ្វី?

១៨ ជា​ការ​ច្បាស់​លាស់​ណាស់ យើង​ម្នាក់​ៗ​ចង់​ធ្វើ​ជា​អ្នក «មាន​កេរ្ដិ៍​ឈ្មោះ​ជា​មនុស្ស​សម​ហេតុ​ផល»។ (ភីលីព ៤:៥, សេចក្ដី​បក​ប្រែ​ហ្វីលីព) ប៉ុន្តែ តើ​ឲ្យ​យើង​ដឹង​ថា យើង​មាន​កេរ្ដិ៍​ឈ្មោះ​បែប​នេះ​យ៉ាង​ដូច​ម្ដេច​បាន? នៅ​ពេល​ដែល​ព្រះ​យេស៊ូ​វ​ចង់​ដឹង​នូវ​អ្វី​ៗ​ដែល​មនុស្ស​និយាយ​អំពី​ទ្រង់ ទ្រង់​បាន​សួរ​មិត្ត​ដែល​ទ្រង់​ទុក​ចិត្ត។ (ម៉ាថាយ ១៦:១៣) សូម​យក​ត្រាប់​តាម​គំរូ​របស់​ទ្រង់​ចុះ។ អ្នក​អាច​សួរ​អ្នក​ណា​ម្នាក់​ដែល​ស្មោះ​ត្រង់​នឹង​អ្នក ថា​តើ​អ្នក​មាន​កេរ្ដិ៍​ឈ្មោះ​ជា​បុគ្គល​សម​ហេតុ​ផល​និង​បន្ទន់​ទៅ​តាម​ឬ​ទេ។ ពិត​មែន​ហើយ យើង​ទាំង​អស់​គ្នា​អាច​យក​ត្រាប់​បាន​យ៉ាង​ច្រើន​ទៀត នូវ​គំរូ​នៃ​សេចក្ដី​សម​ហេតុ​ផល​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​យេស៊ូ​វ! ជា​ពិសេស បើ​យើង​មាន​អំណាច​ច្រើន​ទៅ​លើ​អ្នក​ឯ​ទៀត ចូរ​ឲ្យ​យើង​តែង​តែ​យក​ត្រាប់​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​វ ដោយ​ប្រើ​អំណាច​នោះ​តាម​វិធី​ដ៏​សម​ហេតុ​ផល ដោយ​បំរុង​តែ​នឹង​អត់​ទោស​ឲ្យ ចេះ​ប្រែ​ប្រួល ឬ​បន្ទន់​ទៅ​តាម​ពេល​ណា​ត្រឹម​ត្រូវ​នោះ។ ជា​ពិត​ប្រាកដ​នោះ សូម​ឲ្យ​គ្រប់​ៗ​គ្នា​ខំ​ព្យាយាម​ឲ្យ​បាន«សម​ហេតុ​ផល»!—ទីតុស ៣:២, ពថ

[កំណត់​សម្គាល់]

a សៀវភៅ​ពាក្យ​សញ្ញា​ថ្មី ចែង​ថា៖ «បុរស​ដែល​អ៊ីភីអេខឹស [សម​ហេតុ​ផល]ដឹង​ថា ជួន​កាល មាន​អ្វី​ណា​មួយ​ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​ពេញ​លេញ តែ​ខុស​នឹង​សីលធម៌​ទាំង​ស្រុង។ បុរស​ដែល​អ៊ីភីអេខឹស​នោះ នឹង​ដឹង​នៅ​ពេល​ណា ដែល​ខ្លួន​ត្រូវ​បន្ធូរ​ច្បាប់​នោះ ដោយ​ធ្វើ​តាម​ឥទ្ធិពល​ជំរុញ​យ៉ាង​ខ្លាំង ដែល​មាន​សភាព​ខ្ពង់​ខ្ពស់​និង​ខ្លាំង​ក្លា​ជាង​ច្បាប់​នោះ​ទៅ​ទៀត»។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​ជន​គ្រីស្ទាន​ចង់​បាន​ជា​អ្នក​សម​ហេតុ​ផល?

◻ តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​យក​ត្រាប់​តាម​ព្រះ​យេស៊ូ​វ ក្នុង​ការ​បំរុង​តែ​អត់​ទោស​ឲ្យ​នោះ?

◻ ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​ខំ​ព្យាយាម​ឲ្យ​ចេះ​ប្រែ​ប្រួល​ដូច​ព្រះ​យេស៊ូ​វ​ដែរ​នោះ?

◻ តើ​យើង​អាច​សម្ដែង​សេចក្ដី​សម​ហេតុ​ផល​យ៉ាង​ដូច​ម្ដេច​បាន ចំពោះ​របៀប​ដែល​យើង​ប្រើ​អំណាច?

◻ តើ​យើង​ត្រូវ​ពិនិត្យ​មើល​ខ្លួន​យើង​យ៉ាង​ណា ដើម្បី​ឲ្យ​ដឹង​ថា​យើង​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​សម​ហេតុ​ផល​នោះ?

[រូប​ភាព​នៅ​ទំព័រ​១៤]

ព្រះ​យេស៊ូ​វ​ប្រុង​តែ​នឹង​អត់​ទោស​ឲ្យ​ពេត្រុស​ជា​អ្នក​ប្រែ​ចិត្ត

[រូប​ភាព​នៅ​ទំព័រ​១៥]

នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ជំនឿ​ដែល​គួរ​ឲ្យ​ស្ងើច ព្រះ​យេស៊ូ​វ​ទ្រង់​ជ្រាប​ថា នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​តឹង​រ៉ឹង​ទេ

[រូប​ភាព​នៅ​ទំព័រ​១៧]

មាតា​បិតា សូម​ស្ដាប់!

[រូប​ភាព​នៅ​ទំព័រ​១៧]

ប្ដី សូម​ស្ដាប់!

[រូប​ភាព​នៅ​ទំព័រ​១៧]

ពួក​អ្នក​ចាស់​ទុំ សូម​ស្ដាប់!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក