ដំណឹងល្អនេះត្រូវតែផ្សាយជាមុនសិន
«ឯដំណឹងល្អ នឹងត្រូវផ្សាយដល់គ្រប់សាសន៍ជាមុនសិន»។—ម៉ាកុស ១៣:១០
១, ២. តើនិក្ខិត្តសញ្ញារបស់ពួកស្មរបន្ទាល់ជាអ្វី ហើយដោយហេតុអ្វី?
ហេតុអ្វីក៏ស្មរបន្ទាល់ព្រះយេហូវ៉ាខំព្យាយាមផ្សាយម្ល៉េះ? ប្រាកដហើយ យើងត្រូវបានគេស្គាល់ពាសពេញពិភពលោក ដោយព្រោះតែកិច្ចបំរើសាធារណៈរបស់យើង ទោះជាផ្សាយពីផ្ទះមួយទៅផ្ទះមួយ នៅតាមផ្លូវ ឬក៏នៅពេលទៅជួបដោយក្រៅផ្លូវការក្ដី។ នៅគ្រប់ពេលវេលាដ៏សមគួរ យើងសម្គាល់ខ្លួនយើងជាពួកស្មរបន្ទាល់ ហើយខំព្យាយាមផ្សាយយ៉ាងប៉ិនប្រសប់ អំពីដំណឹងល្អដែលយើងចាត់ទុកថាជាទីមានតម្លៃនេះ។ តាមការពិត យើងអាចនិយាយថា កិច្ចបំរើនេះហើយជានិក្ខិត្តសញ្ញារបស់យើង!—កូល៉ុស ៤:៦
២ សូមគិតអំពីរឿងនេះមើល—នៅពេលណាដែលមនុស្សឃើញពួកបុរស ស្ត្រី និងកូនចៅមួយក្រុមដែលស្លៀកពាក់យ៉ាងត្រឹមត្រូវ ហើយកាន់កាតាបដើរតាមសង្កាត់របស់គេនោះ តើពួកគេធម្មតាគិតយ៉ាងណាដែរ? តើពួកគេគិតថា៖ ‹អូ៎ពួកកាតូលិក(ឬក៏ពួកអូថូដុក្ស)មកទៀតហើយ!› ឬក៏ថា៖ ‹ពួកសាសនាប៊ិន្ដឺកុត(ឬក៏ពួកបាទីស្ទ)មកទៀតហើយ!› គឺមិនមែនទេ មនុស្សជាច្រើនដឹងថាសាសនាដូចនេះ មិនមានគ្រួសារទាំងមូលធ្វើកិច្ចបំរើពីផ្ទះមួយទៅផ្ទះមួយឡើយ។ ប្រហែលជាមានក្រុមសាសនាខ្លះបញ្ជូនពួក«សាសនទូត»ឲ្យទៅផ្សាយនៅកន្លែងណាមួយអស់រយៈកំណត់ពីរឆ្នាំ។ ក៏ប៉ុន្តែពួកសមាជិករបស់គេមិនចូលរួមនឹងកិច្ចបំរើនោះទេ។ មានតែស្មរបន្ទាល់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលត្រូវបានគេទទួលស្គាល់ពាសពេញពិភពលោក ចំពោះការខ្នះខ្នែងរបស់គេក្នុងការផ្សាយប្រាប់សារដល់អ្នកដទៃ នៅគ្រប់ពេលវេលាដែលសមគួរនោះ។ ហើយគេក៏ត្រូវបានល្បីដោយការទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭករបស់គេ!—អេសាយ ៤៣:១០-១២; កិច្ចការ ១:៨
ភាពផ្ទុយគ្នានឹងគណៈបព្វជិតនៃពិភពគ្រីស្ទសាសនា
៣, ៤. តើសារពត៌មានតែងតែពណ៌នាយ៉ាងណាខ្លះអំពីគណៈបព្វជិតពិភពគ្រីស្ទសាសនា?
៣ ជាការផ្ទុយគ្នាទាំងស្រុងនោះ របាយការណ៍សារពត៌មានបញ្ចេញឲ្យឃើញម្ដងហើយម្ដងទៀតថា បព្វជិតជាច្រើននៃប្រទេសខ្លះៗ ជាពួកសេពមេថុនជាមួយក្មេង ពួកអ្នកប្រវ័ញ្ចអសីលធម៌ ហើយជាពួកអ្នកបោកបញ្ឆោតផង។ មនុស្សគ្រប់ៗគ្នាមើលឃើញយ៉ាងច្បាស់លាស់នូវកិច្ចការខាងសាច់ឈាមហើយការរស់នៅដ៏ប្រណីតក្រៃលែងរបស់គេ។ អ្នកនិពន្ធចំរៀងម្នាក់បានសម្ដែងយោបល់យ៉ាងចំៗ ក្នុងចំរៀងរបស់គាត់ដែលមានចំណងជើងថា៖ «តើព្រះយេស៊ូវនឹងពាក់នាឡិកាមាសដ៏ថ្លៃមួយនៅក្នុងកម្មវិធីទូរទស្សន៍របស់ទ្រង់ទេ»? គាត់សួរសំនួរថា៖ «តើព្រះយេស៊ូវនឹងទៅជាអ្នកនយោបាយម្នាក់ទេ បើទ្រង់យាងមកលើផែនដីវិញនោះ? តើទ្រង់នឹងមានទីលំនៅទីពីរនៅឯផាមស្ព្រីង ហើយខំព្យាយាមលាក់ភោគទ្រព្យរបស់ទ្រង់ទេ»? ពាក្យរបស់យ៉ាកុបគឺសមហេតុផលណាស់ ពេលចែងថា៖ «អ្នករាល់គ្នាបាននៅលើផែនដី បែបប្រសើររុងរឿង តាមតែសេចក្ដីសំរើបស្រើប ទាំងចំអែតចិត្ត ដូចជានៅថ្ងៃសំឡាប់សត្វ»។—យ៉ាកុប ៥:៥; កាឡាទី ៥:១៩-២១
៤ ដោយសារតែពួកបព្វជិតសេពគប់ជាមួយនឹងអ្នកនយោបាយ ហើយព្រមទាំងចូលរួមក្នុងការបោះឆ្នោតជាបេក្ខជននយោបាយ នេះសម្ដែងឲ្យឃើញថា ពួកគេជាពួកអាចារ្យនិងពួកផារិស៊ីសម័យថ្មីនេះ។ នៅពេលដំណាលគ្នានោះ នៅក្នុងប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក និងកាណាដា រតនាគារនៃសាសនានានាកំពុងតែរីងទៅដោយសារតែតម្លៃដ៏ខ្ពស់នៃវិវាទ និងនៃការវិនិច្ឆ័យទោសនឹងគណៈបព្វជិត ដែលបណ្ដាលមកពីចរិយាដ៏ខុសសីលធម៌របស់គណៈបព្វជិតជាមួយកូនក្មេងហើយមនុស្សជំទង់។—ម៉ាថាយ ២៣:១-៣
៥. ហេតុអ្វីក៏គណៈបព្វជិតពិភពគ្រីស្ទសាសនា មិនបានសម្ដែងឲ្យសមជា«អ្នកបំរើស្មោះត្រង់មានមារយាទ»នោះ?
៥ ជាការត្រឹមត្រូវ ព្រះយេស៊ូវអាចមានបន្ទូលទៅគណៈបព្វជិតនៅជំនាន់ទ្រង់ថា៖ «វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច នឹងសេចក្ដីស្មោកគ្រោកគ្រប់មុខវិញ អ្នករាល់គ្នាក៏បែបដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្ដីកំពុត នឹងសេចក្ដីទទឹងច្បាប់ទទេ»។ ដូច្នេះហើយបានជាព្រះមិនបានប្រគល់ឲ្យកិច្ចការផ្សាយដំណឹងល្អទៅគណៈបព្វជិតនៃពិភពគ្រីស្ទសាសនាឡើយ ទោះជាកាតូលិក ប្រូតេស្តង់ អូថូដុក្ស ឬក៏និកាយគ្រីស្ទសាសនាឯទៀតក៏ដោយ។ ពួកគេមិនបានបង្ហាញខ្លួនគេឲ្យសមជាពួក«អ្នកបំរើស្មោះត្រង់មានមារយាទ»ដែលបានទាយមកនោះទេ។—ម៉ាថាយ ២៣:២៧, ២៨; ២៤:៤៥-៤៧
ហេតុអ្វីក៏ផ្សាយដំណឹងល្អជាមុនសិន?
៦. តើព្រឹត្ដិការណ៍អ្វីខ្លះដែលនឹងកើតឡើងនៅពេលឆាប់ៗនេះ?
៦ ក្នុងការបកប្រែដ៏ខ្លីហើយច្បាស់អំពីបទបញ្ជារបស់ព្រះយេស៊ូវឲ្យផ្សាយដំណឹងល្អ នៅក្នុងគ្រប់ទាំងសាសន៍នោះ មានតែម៉ាកុសទេ ដែលប្រើពាក្យ«មុន»។ (ម៉ាកុស ១៣:១០; ប្រៀបធៀប ម៉ាថាយ ២៤:១៤) សេចក្ដីបកប្រែព្រះគម្ពីរដោយលោក ភីលីពអានថា៖ «ដ្បិតមុននឹងទីបញ្ចប់មកដល់ ដំណឹងល្អនេះនឹងត្រូវតែប្រកាសដល់គ្រប់ទាំងសាសន៍»។ បើប្រើពាក្យ«មុន»ជាកិរិយាវិសេសនោះបង្ហាញប្រាប់ថា ព្រឹត្ដិការណ៍ឯទៀតនឹងមានឡើងជាបន្តបន្ទាប់ពីកិច្ចការផ្សាយដំណឹងល្អពាសពេញពិភពលោក។ ព្រឹត្ដិការណ៍ទាំងនោះនឹងរួមបញ្ចូលទាំងសេចក្ដីវេទនាដ៏ធំដែលបានសន្យាមក និងការគ្រប់គ្រងដ៏សុចរិតរបស់ព្រះគ្រីស្ទទៅលើពិភពលោកថ្មី។—ម៉ាថាយ ២៤:២១-៣១; វិវរណៈ ១៦:១៤-១៦; ២១:១-៤
៧. ហេតុអ្វីក៏ព្រះមានព្រះទ័យចង់ឲ្យដំណឹងល្អបានប្រកាសជាមុនសិន?
៧ ដូច្នេះ ហេតុអ្វីក៏ព្រះមានព្រះទ័យចង់ឲ្យដំណឹងល្អបានផ្សាយជាមុនសិន? មូលហេតុមួយគឺថា ទ្រង់ជាព្រះនៃសេចក្ដីស្រឡាញ់ យុត្ដិធម៌ ប្រាជ្ញា និងព្រះចេស្ដា។ នៅក្នុងការសម្រេចសេចក្ដីថ្លែងរបស់ព្រះយេស៊ូវ ដែលបានកត់ទុកមកនៅម៉ាថាយ ២៤:១៤ និង ម៉ាកុស ១៣:១០ យើងអាចឃើញការសម្ដែងយ៉ាងអស្ចារ្យនូវគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ សូមឲ្យយើងពិនិត្យមើលត្រួសៗនូវគុណសម្បត្ដិទាំងនេះម្ដងៗមួយ និងមើលនូវរបៀបដែលគុណសម្បត្ដិទាំងនេះទាក់ទងនឹងការផ្សាយដំណឹងល្អ។
ដំណឹងល្អនិងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា
៨. តើតាមរបៀបណា ដែលការផ្សាយដំណឹងល្អជាការបញ្ចេញឲ្យឃើញសេចក្ដីស្រឡាញ់របស់ព្រះ? (យ៉ូហានទី១ ៤:៧-១៦)
៨ តើការផ្សាយដំណឹងល្អបង្ហាញឲ្យឃើញនូវសេចក្ដីស្រឡាញ់របស់ព្រះ តាមរបៀបណា? ជាបឋម ដំណឹងល្អនេះមិនមែនជាសារសំរាប់តែមួយសាសន៍ឬមួយក្រុមប៉ុណ្ណោះទេ។ នេះជាដំណឹងល្អសំរាប់«គ្រប់សាសន៍»។ ព្រះស្រឡាញ់ក្រុមគ្រួសារមនុស្សជាតិដល់ម្ល៉េះ បានជាទ្រង់បញ្ជូនបុត្រាតែមួយគត់ដែលកើតមកផ្ទាល់ពីទ្រង់ ឲ្យមកផែនដីដើម្បីធ្វើជាយញ្ញបូជាលោះអំពើបាបនៃមនុស្សជាតិទាំងអស់ គឺមិនមែនសំរាប់តែសាសន៍មួយប៉ុណ្ណោះទេ។ សាវកយ៉ូហានបានសរសេរថា៖ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ ដើម្បីនឹងជំនុំជំរះលោកីយនោះទេ គឺឲ្យលោកីយបានសង្គ្រោះ ដោយសារទ្រង់វិញ»។ (យ៉ូហាន ៣:១៦, ១៧) ជាពិតប្រាកដហើយ សារដំណឹងល្អដែលបានសន្យាអំពីពិភពលោកថ្មីដែលមានសន្ដិភាព សុខដុមរម្យនានិងយុត្ដិធម៌ គឺជាទីសំអាងនៃសេចក្ដីស្រឡាញ់របស់ព្រះ។—ពេត្រុសទី២ ៣:១៣
ដំណឹងល្អនិងព្រះចេស្ដារបស់ព្រះយេហូវ៉ា
៩. ហេតុអ្វីក៏ព្រះយេហូវ៉ាពុំបានប្រើពួកសាសនាដ៏មានអំណាចនៃពិភពគ្រីស្ទសាសនា ដើម្បីឲ្យផ្សាយដំណឹងល្អនោះ?
៩ តើតាមរបៀបណាដែលព្រះចេស្ដារបស់ព្រះយេហូវ៉ាបានសម្ដែងឲ្យឃើញតាមរយៈការផ្សាយដំណឹងល្អនោះ? សូមពិចារណាមើលដូចតទៅនេះ តើអ្នកណាដែលទ្រង់បានប្រើដើម្បីឲ្យអនុវត្តន៍កិច្ចការនេះ? តើទ្រង់ប្រើអង្គការសាសនាដ៏មានមហាអំណាចនៃពិភពគ្រីស្ទសាសនា ដូចជាសាសនាកាតូលិករ៉ូម៉ាំង ឬក៏និកាយប្រូតេស្តង់ដ៏ធំដុំនោះឬ? គឺមិនមែនទេ ការទាក់ទងក្នុងនយោបាយរបស់គេ បានធ្វើឲ្យពួកគេលែងមានសិទ្ធិនឹងកិច្ចការនេះ។ (យ៉ូហាន ១៥:១៩; ១៧:១៤; យ៉ាកុប ៤:៤) ភោគទ្រព្យ បក្សពួកនិងអានុភាពរបស់ពួកគេជាមួយពួកវរជនគ្រប់គ្រងដ៏មានអំណាចនោះ មិនបានធ្វើឲ្យព្រះយេហូវ៉ាគាប់ព្រះហឫទ័យនឹងគេឡើយ។ ហើយសាសនវិទ្យាដែលទាក់ទងនឹងទំនៀមទំលាប់ក៏មិនធ្វើឲ្យទ្រង់គាប់ព្រះហឫទ័យដែរ។ អំណាចរបស់មនុស្សគឺមិនដែលបានត្រូវការទេ ដើម្បីឲ្យបំណងព្រះហឫទ័យរបស់ព្រះបានសម្រេចនោះ។—សាការី ៤:៦
១០. តើព្រះបានជ្រើសរើសអ្នកណាដើម្បីឲ្យធ្វើការផ្សាយនោះ?
១០ នេះគឺដូចសាវកប៉ុលបានមានប្រសាសន៍មកក្នុងសំបុត្ររបស់គាត់ជូនទៅក្រុមជំនុំកូរិនថូសថា៖ «ឱបងប្អូនអើយ អ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច នឹងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយនេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្ដីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយនេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្ដីខ្មាស ហើយទ្រង់បានរើសអ្នកទាបថោកនៅលោកីយនេះ នឹងពួកអ្នកដែលគេមើលងាយ ព្រមទាំងរបស់ដែលគ្មានផង ដើម្បីនឹងលើកចោលរបស់ដែលមានចេញ ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ»។—កូរិនថូសទី១ ១:២៦-២៩
១១. ហេតុការណ៍ពិតអ្វីអំពីស្មរបន្ទាល់ ដែលបានធ្វើឲ្យពួកគេខុសផ្លែកពីពួកឯទៀត?
១១ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានសមាជិកតិចណាស់ ដែលជាអ្នកមានស្តុកស្តម្ភក្នុងអង្គការរបស់គេ ហើយគឺប្រាកដជាមិនមានអ្នកអំណាចខាងនយោបាយឡើយ។ អព្យាក្រឹតភាពដ៏តឹងរ៉ឹងរបស់គេក្នុងរឿងនយោបាយ មានន័យថាពួកគេមិនមានអានុភាពខាងនយោបាយទេ។ តែផ្ទុយវិញនោះ ពួកគេតែងតែរោងគ្រោះពីការបៀតបៀនដ៏ខ្លាំង ដែលបានចាក់រុកដោយពួកមេដឹកនាំសាសនានិងមេដឹកនាំនយោបាយ ក្នុងកំឡុងសតវត្សទី២០យើងនេះ។ ប៉ុន្តែ ថ្វីបើមានការប្រឆាំងដ៏ខ្លាំងក្លាដែលបានចាក់រុកជំទាស់នឹងពួកគេ ដោយពួកកាន់តាមលទ្ធិណាអ្ស៊ីស្ម៍ កលាបនិយម លទ្ធិកុម្មុយនិស្ត ជាតិនិយម និងសាសនាមិនពិតក្ដី ក៏ពួកស្មរបន្ទាល់នៅតែផ្សាយដំណឹងល្អនៅក្នុងពិភពលោកទាំងមូល ហើយព្រមទាំងមានចំនួនជឿនឡើងយ៉ាងអស្ចារ្យទៀតផង។—អេសាយ ៦០:២២
១២. ហេតុអ្វីក៏ស្មរបន្ទាល់បានមានការជោគជ័យ?
១២ តើពួកស្មរបន្ទាល់សន្មតថាការជោគជ័យរបស់គេជាលទ្ធផលនៃអ្វី? ព្រះយេស៊ូវបានសន្យាពួកសិស្សរបស់ទ្រង់ថា៖ «កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្ដា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»។ ដូច្នេះ តើការជោគជ័យរបស់គេមានប្រភពពីណាមក? ព្រះយេស៊ូវបានមានបន្ទូលថា៖ «កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្ដា»។ នៅសព្វថ្ងៃនេះ តាមបែបដូចគ្នាដែរ កត្ដាដ៏សំខាន់បំផុតដែលធ្វើឲ្យពួកស្មរបន្ទាល់មានការជោគជ័យក្នុងការផ្សាយពាសពេញពិភពលោកនោះ គឺដោយសារព្រះចេស្ដារបស់ព្រះ មិនមែនដោយសារសមត្ថភាពរបស់មនុស្សឡើយ។ ដោយប្រើមនុស្សដែលហាក់ដូចជាទន់ខ្សោយជាងគេនោះ ព្រះកំពុងតែសម្រេចកិច្ចការអប់រំដ៏ធំសម្បើមក្នុងប្រវត្ដិសាស្ត្រ។—កិច្ចការ ១:៨; អេសាយ ៥៤:១៣
ដំណឹងល្អនិងប្រាជ្ញារបស់ព្រះយេហូវ៉ា
១៣. (ក) ហេតុអ្វីក៏ស្មរបន្ទាល់បំរើដោយស្មគ្រចិត្ត និងគ្មានប្រាក់ខែនោះ? (ខ) តើតាមរបៀបណា ដែលព្រះយេហូវ៉ាបានឆ្លើយតបនឹងការឡកឡឺយរបស់សាតាំង?
១៣ ដំណឹងល្អគឺកំពុងតែផ្សាយដោយជនស្ម័គ្រចិត្ត។ ព្រះយេស៊ូវបានមានបន្ទូលថា៖ «អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ»។ (ម៉ាថាយ ១០:៨) ដូច្នេះហើយ គ្មានស្មរបន្ទាល់ព្រះយេហូវ៉ាណាមួយទទួលប្រាក់ខែពីការបំរើព្រះឡើយ។ ហើយពួកគេក៏មិនចង់បានប្រាក់ខែពីការបំរើព្រះនោះដែរ។ តាមការពិត គេក៏មិនរៃលុយនៅកិច្ចប្រជុំរបស់គេដែរ។ ដោយការបូជាបំរើរបស់គេដែលមិនអញនិយមនោះ ពួកគេមានចិត្តសប្បាយរីករាយក្នុងការផ្ដល់ឲ្យព្រះនូវចម្លើយដល់អ្នកចោទរបស់ទ្រង់ អារក្សសាតាំង។ បុគ្គលវិញ្ញាណនេះដែលជាអ្នកប្រឆាំងនឹងព្រះ បានផ្ដោះផ្ដងថា មនុស្សលោកបំរើព្រះដោយមានចិត្តអញនិយម។ តាមប្រាជ្ញា របស់ទ្រង់ ព្រះយេហូវ៉ាបានផលិតចម្លើយដែលមានលើសលប់ចំពោះការនិយាយឡកឡឺយរបស់សាតាំង—ចម្លើយគឺបានផ្ដល់មកដោយពួកស្មរបន្ទាល់គ្រីស្ទានស្មោះស្ម័គ្ររាប់លាននាក់ ដែលកំពុងតែផ្សាយដំណឹងល្អ ពីផ្ទះមួយទៅផ្ទះមួយ នៅតាមផ្លូវ និងខាងក្រៅផ្លូវការជាដើម។—យ៉ូប ១:៨-១១; ២:៣-៥; សុភាសិត ២៧:១១
១៤. តើអ្វីទៅជា‹ប្រាជ្ញាដែលលាក់ទុក›ដែលប៉ុលបានសំដៅទៅនោះ?
១៤ ទីសំអាងមួយទៀតនៃប្រាជ្ញារបស់ព្រះក្នុងការធ្វើឲ្យមានការផ្សាយដំណឹងល្អ នោះគឺថាសេចក្ដីសន្យារបស់ព្រះរាជាណាចក្រផ្ទាល់ ជាការបញ្ចេញឲ្យឃើញប្រាជ្ញារបស់ព្រះ។ សាវកប៉ុលបានសរសេរថា៖ «ប៉ុន្តែ នៅក្នុងចំណោមមនុស្សគ្រប់លក្ខណ៍ នោះយើងខ្ញុំក៏និយាយតាមប្រាជ្ញាដែរ តែមិនមែនតាមប្រាជ្ញារបស់លោកីយនេះ ឬរបស់ពួកចៅហ្វាយនៅលោកីយនេះ ដែលត្រូវសាបសូន្យនោះទេ គឺនិយាយតាមតែប្រាជ្ញានៃព្រះវិញ ជាសេចក្ដីអាថ៌កំបាំងដ៏លាក់ទុក ដែលព្រះបានគិតគូតាំងពីមុនអស់ទាំងកល្ប សំរាប់ជាសិរីល្អដល់យើងរាល់គ្នា»។ ‹ប្រាជ្ញាដែលបានលាក់ទុក›នោះ គឺសំដៅទៅលើមធ្យោបាយដ៏មានប្រាជ្ញារបស់ព្រះ ក្នុងការបញ្ចប់ការបះបោរដែលបានចាប់ផ្ដើមឡើងនៅសួនអេដែននោះ។ ប្រាជ្ញានៃសេចក្ដីអាថ៌កំបាំងបរិសុទ្ធនោះ ត្រូវបានសម្ដែងឲ្យឃើញក្នុងព្រះយេស៊ូវគ្រីស្ទ ដែលជាអ្នកដ៏សំខាន់បំផុតចំពោះដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ។a—កូរិនថូសទី១ ២:៦, ៧; កូល៉ុស ១:២៦-២៨
ដំណឹងល្អនិងយុត្ដិធម៌របស់ព្រះ
១៥. តើតាមរបៀបណា ដែលយើងដឹងថាព្រះយេហូវ៉ាជាព្រះនៃយុត្ដិធម៌? (ចោទិយកថា ៣២:៤; ទំនុកដំកើង ៣៣:៥)
១៥ ជាពិសេសក្នុងការទាក់ទងជាមួយនឹងយុត្ដិធម៌ ទើបយើងឃើញនូវសារៈសំខាន់នៃពាក្យ«មុន»នៅឯម៉ាកុស ១៣:១០។ ព្រះយេហូវ៉ាជាព្រះនៃយុត្ដិធម៌ដែលបានសម្រួលនឹងសេចក្ដីសប្បុរសដ៏ស្មោះ។ ទ្រង់មានបន្ទូលតាមរយៈហោរាយេរេមាថា៖ «ឯអ្នកដែលអួត នោះត្រូវឲ្យគេអួតតែពីសេចក្ដីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្ដិធម៌ នឹងសេចក្ដីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្ដីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។—យេរេមា ៩:២៤
១៦. តើអាចពន្យល់បានយ៉ាងដូចម្ដេចថា យុត្ដិធម៌ត្រូវការការព្រមានជាមុននោះ?
១៦ តើតាមរបៀបណាដែលយុត្ដិធម៌របស់ព្រះយេហូវ៉ាបានបង្ហាញមក ចំពោះការផ្សាយដំណឹងល្អនោះ? សូមឲ្យយើងពន្យល់អំពីរឿងនេះដោយឧទាហរណ៍មួយ អំពីម្ដាយម្នាក់ដែលបានចំអិននំស៊ុកូឡា ដែលនឹងត្រូវបរិភោគនៅចុងថ្ងៃនោះ នៅពេលពួកភ្ញៀវមកលេង។ បើនាងបានដាក់នំនោះនៅលើតុ ដោយគ្មាននិយាយស្តីមួយម៉ាត់ទៅកូនចៅរបស់នាង អំពីពេលវេលាដើម្បីនឹងបរិភោគនោះ តើកូនក្មេងនឹងមានចិត្តទោរទន់ធ្វើយ៉ាងណា? យើងគ្រប់ៗគ្នាពីមុនក៏ជាកូនក្មេងម្នាក់ដែរ! ជាកូនក្មេងម្នាក់នឹងចង់សាកមើលនំនោះហើយ! ឥឡូវនេះ បើម្ដាយមិនបានប្រាប់ឲ្យដឹងទុកជាមុនទេ នាងនឹងមិនមានមូលដ្ឋានដ៏មាំមួនដើម្បីនឹងទូន្មានទេ។ តែផ្ទុយទៅវិញ បើនាងបាននិយាយយ៉ាងច្បាស់ថា នំនឹងត្រូវបរិភោគនៅពេលដែលពួកភ្ញៀវមកលេង ម្ល៉ោះហើយមិនត្រូវប៉ះឲ្យសោះ នោះនាងបានប្រាប់ទុកជាមុនយ៉ាងច្បាស់លាស់។ បើសិនកូនចៅមិនគោរពតាមទេ នោះនាងមានសិទ្ធិចាត់វិធានការដ៏តឹងរឹងនិងដោយយុត្ដិធម៌ផង។—សុភាសិត ២៩:១៥
១៧. តាំងពីឆ្នាំ១៩១៩មក តើព្រះយេហូវ៉ាបានសម្ដែងឲ្យឃើញយុត្ដិធម៌តាមវិធីដ៏ពិសេសណាខ្លះ?
១៧ ព្រះយេហូវ៉ាតាមរយៈយុត្ដិធម៌របស់ទ្រង់ នឹងមិនវិនិច្ឆ័យទោសដល់របបដ៏អាក្រក់ជួជាតិនេះ ដោយគ្មានការព្រមានប្រាប់ទុកជាមុននោះឡើយ។ ដូច្នេះហើយ ជាពិសេសតាំងពីឆ្នាំ១៩១៩ ក្រោយពីសង្គ្រាមលោកលើកទីមួយបានធ្វើឲ្យមាន«សេចក្ដីទុក្ខ» ព្រះយេហូវ៉ាបានឲ្យស្មរបន្ទាល់របស់ទ្រង់ ទៅផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែងពាសពេញផែនដី។ (ម៉ាថាយ ២៤:៧, ៨, ១៤) ពួកសាសន៍ទាំងអស់មិនអាចមានសិទ្ធិអះអាងថា គេមិនដែលបានឮអំពីការព្រមានដ៏អស្ចារ្យនេះឡើយ។
តើដំណឹងល្អបានផ្សាយនៅជុំវិញពិភពលោកដល់កម្រិតណា?
១៨. (ក) តើមានទីសំអាងណាខ្លះ ដែលថាស្មរបន្ទាល់មានសកម្មភាពនៅកន្លែងដ៏ដាច់ស្រយាលនោះ? (ខ) តើអ្នកដឹងអំពីឧទាហរណ៍ណាទៀតទេ?
១៨ ការប្រាប់ឲ្យដឹងពីប្រសិទ្ធិភាពនៃកិច្ចការអប់រំនេះ ដែលមានពាសពេញពិភពលោក អាចរកឃើញក្នុងសៀវភៅដែលមានចំណងជើង ទីកន្លែងចុងក្រោយ—ដំណើរនៅទិសខាងជើង។ អ្នកនិពន្ធនៃសៀវភៅនេះរាយរាប់ប្រាប់ថា នៅពេលដែលគាត់បានឆែកពិនិត្យមើលផែនទីសមុទ្រ ដើម្បីរកកោះហ្វូឡាដែលជាកោះមួយក្នុងចំណោមកោះស្យីតឡែនទាំងឡាយនៅទិសខាងជើងនៃប្រទេសអេកូសនោះ ផែនទីបានចង្អុលប្រាប់ថា៖ «នៅជុំវិញកោះនោះមានការលង់លិចនាវា ថ្ម ពើងថ្មប៉ប្រះមាត់ទឹក និងរបាំង»។ ការប្រាប់ឲ្យដឹងទាំងនេះ «បានព្រមានពួកអ្នកកម្មករនាវាសមុទ្រនៅថ្ងៃមុខឲ្យជៀសចេញពីកន្លែងនោះ។ មហាសមុទ្រនៅជុំវិញកោះហ្វូឡា គឺហាក់បីដូចជាកន្លែងដាក់មីនដែលគួរឲ្យភ័យខ្លាច ដែលធ្វើឲ្យកោះនោះគួរឲ្យខ្លាចដល់ពួកអ្នកបើកទូកក្ដោង អ្នកធ្វើដំណើរ ព្រមទាំងដល់ពួកអ្នកធ្វើការខាងរាជការនៃមហាក្សត្រត្រីនៃប្រទេសអង់គ្លេសផង។ ប៉ុន្តែពីរបីថ្ងៃនេះខ្ញុំបានរៀនដឹងថា ឧបសគ្គទាំងនេះមិនបានធ្វើឲ្យពួកស្មរបន្ទាល់ព្រះយេហូវ៉ាញញើតសោះ»។ គាត់បាននិយាយបន្តទៀតថា៖ «ដូចពួកគេបានស្វែងរកយ៉ាងហ្មត់ចត់តាមដំបន់រស់នៅក្រីក្រនៃទីក្រុងធំៗ និងប្រទេសតតិយលោកដើម្បីរកអ្នកចំណូលថ្មីនោះ គេក៏បានផ្សាយជំនឿរបស់គេនៅឯកោះហ្វូឡាដ៏ដាច់ស្រយាលនេះដែរ»។ គាត់បានទទួលស្គាល់ថា អាន់ឌ្រេដែលជាអ្នករស់នៅទីនោះ មានទស្សនាវដ្ដីប៉មយាមមួយនៅមាត់ទ្វាររបស់គាត់ជាយូរខែកន្លងមកហើយ។ រួចមកគាត់ក៏បានបន្ថែមថា៖ «មួយអាទិត្យក្រោយមក ខ្ញុំឃើញទស្សនាវដ្ដីភ្ញាក់រឭកក្នុងភាសា ឌាន់នីសនៅឯកោះមួយឈ្មោះ ហ្វារ៉ូអេ ហើយពីរខែក្រោយមក ឃើញមានទស្សនាវដ្ដីប៉មយាមក្នុងភាសាឌាន់នីសនៅឯក្រុងនូកនៃប្រទេសហ្គ្រីនឡង់»។ នេះជាសក្ខីភាពដែលមានវចីកោសល្បចំពោះសកម្មភាពដ៏ខ្នះខ្នែងរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា នៅឯភូមិភាគខាងជើង!
តើអ្វីដែលជម្រុញស្មរបន្ទាល់ឲ្យបន្តការផ្សាយ?
១៩, ២០. (ក) តើអ្វីដែលជម្រុញស្មរបន្ទាល់ព្រះយេហូវ៉ាឲ្យបន្តការផ្សាយនោះ? (ខ) តើមានសំនួរណាខ្លះ ដែលនឹងត្រូវឆ្លើយជាបន្ទាប់?
១៩ ពិតហើយ ការផ្សាយពីផ្ទះមួយទៅផ្ទះមួយដល់អ្នកចម្លែកទាំងឡាយគឺមិនមែនជាការដ៏ស្រួលនោះឡើយ ទោះបីបុគ្គលម្នាក់បានទៅជាស្មរបន្ទាល់ជាច្រើនឆ្នាំក៏ដោយ។ បើដូច្នេះ តើអ្វីទៅដែលជម្រុញពួកគ្រីស្ទានទាំងនេះឲ្យបន្តការផ្សាយនោះ? នេះគឺជាការឧទ្ទិសថ្វាយខ្លួនគ្រីស្ទានរបស់គេ ហើយដោយដឹងនូវការទទួលខុសត្រូវ។ ប៉ុលបានសរសេរថា៖ «ពីព្រោះបើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ដ្បិតខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ»! ជនគ្រីស្ទានពិតមានសារដែលមានជីវិត ដូច្នេះតើពួកគេអាចលាក់សារនេះពីអ្នកដទៃយ៉ាងដូចម្ដេចបាន? គោលការណ៍នៃភាពមានទោស ដោយមិនបានផ្ដល់សេចក្ដីព្រមានទុកជាមុននៅពេលមានគ្រោះថ្នាក់នោះ គឺជាមូលហេតុដែលជម្រុញពួកគេឲ្យទៅផ្សាយដំណឹងល្អ។—កូរិនថូសទី១ ៩:១៦; អេសេគាល ៣:១៧-២១
២០ បើដូច្នេះ តើដំណឹងល្អនេះកំពុងតែផ្សាយតាមរបៀបណា? តើការមានជោគជ័យរបស់ស្មរបន្ទាល់ មានមូលដ្ឋានទៅលើអ្វី? តើមានទិដ្ឋភាពណាខ្លះនៃកិច្ចបំរើនិងអង្គការរបស់គេ ដែលជួយសម្គាល់ពួកគេជាសាសនាពិតនោះ? អត្ថបទជាបន្ទាប់របស់យើងនឹងជួយឆ្លើយសំនួរទាំងនេះ។
[កំណត់សម្គាល់]
a បើចង់បានការពន្យល់ថែមទៀតអំពីប្រាជ្ញារបស់ព្រះនិង«សេចក្ដីអាថ៌កំបាំងបរិសុទ្ធ» សូមមើលសៀវភៅ Insight on the Scriptures, Volume II, ទំព័រ ១១៩០, បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក។ (ជាភាសាអង់គ្លេស)
តើអ្នកនៅចាំទេ?
◻ តើអ្វីដែលធ្វើឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាខុសប្លែកពីគណៈបព្វជិតនោះ?
◻ តើតាមរបៀបណា ដែលការផ្សាយបង្ហាញឲ្យឃើញនូវសេចក្ដីស្រឡាញ់ ព្រះចេស្ដា និងប្រាជ្ញារបស់ព្រះ?
◻ តើតាមរបៀបណាដែលការផ្សាយដំណឹងល្អ បង្ហាញឲ្យឃើញនូវយុត្ដិធម៌របស់ព្រះនោះ?
◻ តើអ្វីទៅដែលធ្វើឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាបន្តក្នុងការបំរើរបស់គេនោះ?
[រូបភាពនៅទំព័រ២៤]
ទោះជាមនុស្សរស់នៅដ៏ដាច់ស្រយាលយ៉ាងណាក្ដី ក៏ស្មរបន្ទាល់ព្រះយេហូវ៉ានៅតែចង់ទៅជួបពួកគេដែរ