ថ្វីបើបានធ្វើមកពីធូលីដីក៏ដោយ ចូរប្ដេជ្ញាទៅមុខចុះ!
«ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។—ទំនុកដំកើង ១០៣:១៤
១. តាមរបៀបវិទ្យាសាស្ត្រ តើព្រះគម្ពីរនិយាយត្រូវទេ ថាមនុស្សលោកបានធ្វើមកពីធូលីដីនោះ? សូមពន្យល់។
តាមផ្លូវកាយនោះ យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង»។ (លោកុប្បត្តិ ២:៧) ការពិពណ៌នាអំពីការបង្កើតមនុស្សដ៏មិនស្មុគស្មាញនេះ ចុះសម្រុងគ្នានឹងសេចក្ដីពិតនៃវិទ្យាសាស្ត្រ។ រូបកាយរបស់មនុស្សដែលមានជាង៩០វត្ថុធាតុនោះ ត្រូវបានរកឃើញនៅក្នុង«ធូលីដី»។ នៅពីមុន អ្នកគីមីម្នាក់បានអះអាងថា រូបកាយរបស់មនុស្សពេញវ័យមានអុកស៊ីហ្សែន៩៥ភាគរយ ការបោន១៨ភាគរយ អ៊ីដ្រូង្សែន១០ភាគរយ អាហ្សូត៣ភាគរយ ក័លស៊ីយ៉ូម១ភាគរយ ហើយនិងហ្វូសហ្វ័រ១ភាគរយ ហើយផ្នែកនៅសល់បានធ្វើឡើងពីវត្ថុធាតុឯទៀត។ ទោះជាការប្រមាណទាំងនេះជាការពិតទាំងអស់ក្ដី នេះមិនមែនជាការសំខាន់ទេ។ សេចក្ដីពិតគឺនៅជាដដែលថា៖ «យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»!
២. តើអ្នកត្រូវមានការតបឆ្លើយយ៉ាងណា នូវរបៀបដែលព្រះបានបង្កើតមនុស្សមក ហើយហេតុអ្វី?
២ តើមានអ្នកណាក្រៅពីព្រះយេហូវ៉ា ដែលអាចបង្កើតមនុស្សដ៏ស្មុគស្មាញបែបនេះ ដោយគ្រាន់តែប្រើធូលីដី? កិច្ចការរបស់ព្រះសុទ្ធតែល្អគ្រប់ល័ក្ខណ៍ ហើយគ្មានសៅហ្មងឡើយ ដូច្នេះការសម្រេចព្រះទ័យរបស់ទ្រង់ក្នុងការបង្កើតមនុស្សតាមរបៀបនេះ យើងប្រាកដជាគ្មានហេតុនឹងត្អូញត្អែរឡើយ។ មែនហើយ ព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើង ទ្រង់អាចបង្កើតមនុស្សពីធូលីដី តាមបែបយ៉ាងគួរកោតនិងគួរអស្ចារ្យ ហើយនេះធ្វើឲ្យយើងមានអំណរគុណរីកចម្រើនឡើង ចំពោះព្រះចេស្ដាដែលគ្មានព្រំដែនរបស់ទ្រង់ ការប៉ិនប្រសប់ និងប្រាជ្ញាដែលមានប្រយោជន៍របស់ទ្រង់។—ចោទិយកថា ៣២:៤, កំណត់ចំណាំ; ទំនុកដំកើង ១៣៩:១៤
ការផ្លាស់ប្ដូរនៃកាល:ទេស:
៣, ៤. (ក) ក្នុងការបង្កើតមនុស្សចេញពីធូលីដី តើព្រះទ្រង់មិនបានបម្រុងធ្វើអ្វី? (ខ) តើដាវីឌបានសំដៅទៅអ្វីនៅទំនុកដំកើង ១០៣:៤ ហើយតាមរបៀបណា ដែលបរិបទជួយយើងឲ្យមានការសន្និដ្ឋានយ៉ាងនេះ?
៣ សត្តនិករនៃធូលីដីមានព្រំដែន តែយ៉ាងណាក៏ដោយ ព្រះទ្រង់មិនដែលបានបម្រុងរឿងនេះឲ្យទៅជាបន្ទុកដ៏ធ្ងន់ ឬជាការទើសទែងដ៏ហួសហេតុនោះទេ។ ព្រំដែនទាំងនេះមិនមានបំណងធ្វើឲ្យខូចទឹកចិត្ត ឬជាលទ្ធផលធ្វើឲ្យមានអពមង្គលនោះឡើយ។ យ៉ាងណាក៏ដោយ ដូចជាបរិបទនៃពាក្យរបស់ដាវីឌនៅទំនុកដំកើង ១០៣:១៤ បង្ហាញប្រាប់ថា ព្រំដែនដែលមនុស្សលោកនៅក្រោមនោះ អាចធ្វើឲ្យមានការខូចទឹកចិត្តហើយក៏អាចមានអពមង្គលជាលទ្ធផលដែរ។ តើមកពីហេតុអ្វី? នៅពេលដែលអ័ដាមនិងនាងអេវ៉ាមិនបានគោរពតាមព្រះ ពួកគេបានធ្វើឲ្យស្ថានភាពបានផ្លាស់ប្ដូរ ចំពោះអនាគតក្រុមគ្រួសាររបស់គេ។ ដោយបានធ្វើមកពីធូលីដី នៅពេលនោះបានមានន័យជាថ្មីវិញ។a
៤ ដាវីឌបានមានប្រសាសន៍អំពីគុណវិបត្ដិនៃមនុស្ស ដែលបានបណ្ដាលមកពីភាពមិនល្អឥតខ្ចោះពីកំណើតមក មិនមែនអំពីព្រំដែនពីកំណើតដែលសូម្បីតែមនុស្សលោកដ៏ល្អឥតខ្ចោះដែលធ្វើមកពីធូលីដីមាននោះទេ។ បើមិនដូច្នោះទេ ដាវីឌមិនបានមានប្រសាសន៍អំពីព្រះយេហូវ៉ាថា៖ «ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯង ទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា ក៏ជួយជីវិតឯងឲ្យរួចពីរណ្ដៅ . . . ទ្រង់មិនបានប្រព្រឹត្តនឹងយើងតាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ»។ (ទំនុកដំកើង ១០៣:២-៤, ១០) ថ្វីបើបានធ្វើមកពីធូលីដីក៏ដោយ បើសិនជាមនុស្សល្អឥតខ្ចោះបានរក្សានូវភក្ដីភាពនោះ ពួកគេច្បាស់ជាមិនបានប្រព្រឹត្តអំពើខុសគន្លង ឬបានប្រព្រឹត្តអំពើបាប ដែលត្រូវការការអត់ទោសនោះឡើយ ឬពួកគេមិនត្រូវមានជម្ងឺដែលត្រូវការការព្យាបាលដែរ។ ជាពិសេស ពួកគេច្បាស់ជាមិនបានធ្លាក់ចុះទៅក្នុងរណ្ដៅនៃសេចក្ដីស្លាប់ ដែលមានតែការធ្វើឲ្យរស់ឡើងវិញ ទើបអាចត្រឡប់មកវិញបាននោះ។
៥. ហេតុអ្វីក៏យើងមិនមានការពិបាកនឹងយល់ពាក្យរបស់ដាវីឌនោះ?
៥ ជាមនុស្សដែលមិនល្អឥតខ្ចោះ យើងទាំងអស់គ្នាបានមានការពិសោធន៍នូវអ្វីៗដែលដាវីឌបានមានប្រសាសន៍មក។ យើងតែងតែដឹងអំពីព្រំដែនរបស់យើង ដោយសារតែភាពមិនល្អឥតខ្ចោះ។ យើងបានមានចិត្តព្រួយនៅពេលដែលព្រំដែននោះ ជួនកាលដូចជាធ្វើឲ្យអន់ថយទំនាក់ទំនងរបស់យើងជាមួយព្រះយេហូវ៉ា ឬជាមួយបងប្អូនគ្រីស្ទានរបស់យើង។ យើងមានចិត្តស្ដាយណាស់ ដែលភាពមិនល្អឥតខ្ចោះរបស់យើង ហើយនិងការបង្ខិតបង្ខំនៃលោកីយ៍របស់សាតាំង មួយដងមួយកាលជំរុញយើងឲ្យមានការខូចទឹកចិត្តនោះ។ ដោយសារតែការគ្រប់គ្រងរបស់សាតាំងកំពុងតែខិតជិតដល់ទីបញ្ចប់វានោះ លោកីយ៍របស់វាក៏កំពុងតែខំប្រឹងបង្ខិតបង្ខំយ៉ាងខ្លាំង ទៅលើប្រជាជនទូទៅ ហើយជាពិសេសទៅលើពួកជនគ្រីស្ទាន។—វិវរណៈ ១២:១២
៦. ហេតុអ្វីបានជាជនគ្រីស្ទានខ្លះប្រហែលជាមានអារម្មណ៍ដែលធ្វើឲ្យខូចទឹកចិត្ត ហើយតើសាតាំងអាចឆ្លៀតយកប្រយោជន៍នៃអារម្មណ៍បែបនេះ យ៉ាងដូចម្ដេច?
៦ តើអ្នកមានអារម្មណ៍ថាជីវិតរស់នៅជាគ្រីស្ទាន កំពុងតែមានការពិបាកឡើងៗទេ? ជនគ្រីស្ទានខ្លះបានមានប្រសាសន៍ថា កាលណាពួកគេនៅក្នុងសេចក្ដីពិតជាយូរទៅ ក៏ពួកគេដូចជារឹតតែមិនល្អឥតខ្ចោះជាច្រើនឡើងៗដែរ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែគេបានដឹងច្រើនឡើងនៃភាពមិនល្អឥតខ្ចោះ និងការមិនសូវប៉ិនប្រសប់របស់គេ ក្នុងការធ្វើឲ្យស្របទៅតាមខ្នាតគំរូដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ា តាមរបៀបដែលគេប្រាថ្នានោះ។ តាមការពិត នេះប្រហែលជាលទ្ធផលនៃការបន្តរីកចំរើនដំរិះវិជ្ជា និងអំណរគុណនៃតម្រូវដ៏សុចរិតរបស់ព្រះយេហូវ៉ា។ ជាការសំខាន់ដ៏ជីវិតសម្ព័ន្ធ ដែលយើងមិនត្រូវអនុញ្ញាតឲ្យការដឹងយល់នេះធ្វើឲ្យខូចទឹកចិត្តយើងដល់ថ្នាក់ ដែលយើងប្រព្រឹត្តអ្វីៗដែលអារក្សចង់ឲ្យយើងធ្វើនោះឡើយ។ ក្នុងរាប់សតវត្សមកនេះ វាបានខំប្រឹងឆ្លៀតយកប្រយោជន៍ពីការធ្វើឲ្យខូចទឹកចិត្ត ដើម្បីនឹងធ្វើឲ្យពួកអ្នកបំរើព្រះយេហូវ៉ាបោះបង់ចោលការថ្វាយបង្គំពិត។ យ៉ាងណាក៏ដោយ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះព្រះ ព្រមទាំងការ«ស្អប់ពេញទី»នឹងអារក្ស បានបង្ការពួកគេជាច្រើនពីការធ្វើដូច្នេះ។—ទំនុកដំកើង ១៣៩:២១, ២២; សុភាសិត ២៧:១១
៧. តើតាមរបៀបណា ដែលជួនកាលយើងដូចលោកយ៉ូបនោះ?
៧ យ៉ាងណាក៏ដោយ ពីពេលមួយទៅពេលមួយពួកអ្នកបំរើព្រះយេហូវ៉ាក៏អាចមានអារម្មណ៍ធ្លាក់ទឹកចិត្តដែរ។ ការមិនស្កប់ស្កល់ចិត្តនឹងស្នាដៃរបស់ខ្លួនយើងផ្ទាល់ ក៏អាចទៅជាហេតុផលមួយ។ កត្ដាខាងផ្លូវកាយ ឬទំនាក់ទំនងដ៏តឹងតែងជាមួយសមាជិកនៃក្រុមគ្រួសារ មិត្តសំឡាញ់ ឬអ្នកធ្វើការជាមួយក៏អាចមានការទាក់ទងធ្វើឲ្យខូចទឹកចិត្តដែរ។ លោកយ៉ូបជាមនុស្សស្មោះត្រង់ម្នាក់ បានខូចទឹកចិត្តដល់ម្ល៉េះ ដែលគាត់បានអង្វរសុំព្រះថា៖ «ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ ហើយទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់សេចក្ដីក្រោធរបស់ទ្រង់ កន្លងបាត់ទៅ ហើយដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង»។ ឥឡូវនេះ បើកាល:ទេស:ពិបាកអាចជម្រុញលោកយ៉ូបដែល«ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់»ឲ្យមានការខូចទឹកចិត្តអស់មួយរយៈនោះ នេះមិនជាការភ្ញាក់ផ្អើលទេ បើហេតុការណ៍បែបនេះអាចកើតមានឡើងមកយើងដែរ។—យ៉ូប ១:៨, ១៣-១៩; ២:៧-៩, ១១-១៣; ១៤:១៣
៨. តើការខូចទឹកចិត្តមួយដងមួយកាល អាចជាសញ្ញាដ៏ជាក់លាក់យ៉ាងណា?
៨ ជាការធូរចិត្តណាស់ដោយដឹងថា ព្រះយេហូវ៉ាទ្រង់ទតទៅក្នុងចិត្ត ហើយទ្រង់មិនបំភ្លេចចេតនាដ៏ល្អនោះ! ទ្រង់នឹងមិនដែលបដិសេធអស់អ្នកណាដែលខំព្យាយាមក្នុងគ្រប់សេចក្ដីស្មោះត្រង់ ដើម្បីនឹងធ្វើឲ្យទ្រង់សព្វព្រះហឫទ័យនោះឡើយ។ តាមការពិតទៅ ការខូចទឹកចិត្តមួយដងមួយកាល ប្រហែលជាសញ្ញាដ៏ជាក់លាក់មួយ ដែលចង្អុលប្រាប់ថា យើងចាត់ទុកការបំរើព្រះយេហូវ៉ា ជាការដ៏សំខាន់មួយ។ បើមើលពីទស្សនៈនេះ អ្នកណាដែលមិនធ្លាប់ប្រយុទ្ធជាមួយការខូចទឹកចិត្តសោះ នោះប្រហែលជាមិនសូវដឹងខាងវិញ្ញាណនៃការទន់ខ្សោយរបស់ខ្លួន ដូចអ្នកដទៃទេ។ សូមចងចាំថា៖ «បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត ក្រែងលោដួល»។—កូរិនថូសទី១ ១០:១២; សាំយូអែលទី១ ១៦:៧; ពង្សាវតារក្សត្រទី១ ៨:៣៩; របាក្សត្រទី១ ២៨:៩
ពួកគេក៏បានធ្វើមកពីធូលីដីដែរ
៩, ១០. (ក) តើសេចក្ដីជំនឿរបស់អ្នកណាដែលពួកជនគ្រីស្ទានត្រូវយកត្រាប់តាម? (ខ) តើលោកម៉ូសេបានតបនឹងកិច្ចការរបស់គាត់ ដោយដូចម្ដេច?
៩ ហេព្រើរជំពូក១១រៀបរាប់អំពីពួកស្មរបន្ទាល់គ្រីស្ទាននៃព្រះយេហូវ៉ាពីមុនមួយចំនួន ដែលបានប្រព្រឹត្តតាមសេចក្ដីជំនឿដ៏មាំមួន។ ពួកគ្រីស្ទាននៃសតវត្សទីមួយ និងពួកអ្នកនៅជំនាន់នេះក៏បានធ្វើដូច្នោះដែរ។ មេរៀនដែលយើងនឹងរៀនពីពួកគេនោះ ជាការដ៏មានតម្លៃណាស់។ (ប្រៀបធៀប ហេព្រើរ ១៣:៧) ជាឧទាហរណ៍ តើសេចក្ដីជំនឿរបស់អ្នកណាដែលពួកគ្រីស្ទាន អាចត្រាប់តាមជាងលោកម៉ូសេនោះ? គាត់បានតម្រូវឲ្យទៅប្រកាសសារនៃការវិនិច្ឆ័យ ទៅអ្នកគ្រប់គ្រងពិភពលោកដ៏មានអំណាចជាងគេនៅជំនាន់របស់លោក គឺស្តេចផារ៉ោននៃស្រុកអេស៊ីព្ទ។ សព្វថ្ងៃនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាក៏ត្រូវតែប្រកាសសារវិនិច្ឆ័យដូចនេះដែរ ទៅពួកសាសនាមិនពិតនិងអង្គការឯទៀតដែលជំទាស់នឹងព្រះរាជាណាចក្រដែលបានតាំងឡើងហើយនោះ។—វិវរណៈ ១៦:១-១៥
១០ ការបំពេញមុខងារនេះមិនមែនជាកិច្ចការងាយស្រួលទេ ដូចជាលោកម៉ូសេបានបង្ហាញមកនោះ។ លោកបានសួរថា៖ «តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទដូច្នេះ»? យើងអាចយល់ដល់អារម្មណ៍នៃភាពមិនគ្រប់គ្រាន់របស់លោកបាន។ លោកក៏បានព្រួយបារម្ភអំពីរបៀបដែលពួកអ៊ីស្រាអែលនឹងតបឆ្លើយមកវិញដែរ៖ «មើល គេនឹងមិនជឿទូលបង្គំឬស្ដាប់តាមទូលបង្គំទេ»។ បន្ទាប់មកព្រះយេហូវ៉ាបានពន្យល់ទៅលោក ពីរបៀបដែលលោកអាចបង្ហាញភស្តុតាងនូវសេចក្ដីអនុញ្ញាតរបស់លោក ប៉ុន្តែលោកម៉ូសេនៅមានបញ្ហាមួយទៀត។ លោកបានមានប្រសាសន៍ថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្ដាតក៏ដំឡាន់ផង»។—និក្ខមនំ ៣:១១; ៤:១, ១០
១១. ដូចលោកម៉ូសេ តើតាមរបៀបណាដែលយើងអាចតបឆ្លើយនឹងកាតព្វកិច្ចព្រះធិបតេយ្យនោះ តែដោយអនុវត្តជំនឿ តើយើងអាចដឹងប្រាកដក្នុងខ្លួនយ៉ាងណា?
១១ ជួនកាលយើងប្រហែលជាមានអារម្មណ៍ដូចលោកម៉ូសេដែរ។ ថ្វីបើយើងបានទទួលស្គាល់កាតព្វកិច្ចព្រះធិបតេយ្យរបស់យើងក៏ដោយ យើងប្រហែលជាឆ្ងល់ថា តើយើងអាចបំពេញកាតព្វកិច្ចទាំងនោះដោយយ៉ាងណាបាន។ ‹តើខ្ញុំជាអ្នកណាទៅ ដែលខ្ញុំត្រូវតែទៅជួបមនុស្ស ដែលមានវណ្ណៈខ្ពស់ ខាងសេដ្ឋកិច្ច ឬមានវិជ្ជាខ្ពង់ខ្ពស់ ហើយថែមទាំងហ៊ានអប់រំគេក្នុងផ្លូវនៃព្រះនោះ? តើបងប្អូនខាងវិញ្ញាណរបស់ខ្ញុំនឹងតបដូចម្ដេច នៅពេលដែលខ្ញុំធ្វើអត្ថាធិប្បាយ នៅប្រជុំជនគ្រីស្ទាន ឬឡើងសម្ដែងនៅលើវេទិកាក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យនោះ? តើគេនឹងមិនឃើញភាពមិនគ្រប់គ្រាន់របស់ខ្ញុំទេឬ› ប៉ុន្តែចូរចាំថា ព្រះយេហូវ៉ាទ្រង់បានគង់នៅជាមួយលោកម៉ូសេ ហើយបានជួយផ្គត់ផ្គង់សម្រាប់កិច្ចការរបស់គាត់ ពីព្រោះម៉ូសេបានអនុវត្តជំនឿ។ (និក្ខមនំ ៣:១២; ៤:២-៥, ១១, ១២) បើយើងត្រាប់តាមសេចក្ដីជំនឿរបស់ម៉ូសេនោះ ព្រះយេហូវ៉ានឹងគង់នៅជាមួយយើង ហើយជួយផ្គត់ផ្គង់សម្រាប់កិច្ចការរបស់យើងដែរ។
១២. តើសេចក្ដីជំនឿរបស់ដាវីឌអាចលើកទឹកចិត្តយើងដោយរបៀបណា ក្នុងការជួបប្រទះការខូចទឹកចិត្តលើអំពើបាបឬគុណវិបត្ដិនោះ?
១២ អ្នកណាដែលមានអារម្មណ៍អន្ទះអន្ទែង ឬខូចទឹកចិត្តដោយព្រោះតែអំពើបាប ឬគុណវិបត្ដិនោះ អាចចុះសម្រុងនឹងដាវីឌជាប្រាកដ នៅពេលដែលគាត់បានមានប្រសាសន៍ថា៖ «ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច»។ ក្នុងការអង្វរជាមួយព្រះយេហូវ៉ានោះ ដាវីឌក៏បានមានប្រសាសន៍ថា៖ «សូមបាំងព្រះភក្ដ្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ»។ ដាវីឌមិនដែលបណ្ដោយឲ្យការខូចទឹកចិត្តនោះ ធ្វើឲ្យគាត់លែងមានចំណង់នឹងបំរើព្រះយេហូវ៉ាសោះឡើយ។ «សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ចេញពីទូលបង្គំឡើយ»។ ដាវីឌច្បាស់ជា«ធូលីដី»មែន ប៉ុន្តែព្រះយេហូវ៉ាមិនបានបែរចេញពីគាត់ឡើយ ពីព្រោះដាវីឌបានអនុវត្តជំនឿនឹងសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ថាទ្រង់មិនមើលងាយចំពោះ«ចិត្តខ្ទេចខ្ទាំហើយទន់ទាបឡើយ»។—ទំនុកដំកើង ៣៨:១-៩; ៥១:៣, ៩, ១១, ១៧
១៣, ១៤. (ក) ហេតុអ្វីបានជាយើងមិនត្រូវកាន់តាមមនុស្ស? (ខ) តើតាមរបៀបណាដែលគំរូរបស់សាវកប៉ុលនិងពេត្រុស បង្ហាញថាសូម្បីតែពួកគេក៏បានធ្វើមកពីធូលីដីនោះ?
១៣ ចូរកត់សំគាល់ថា ទោះបីជាយើងចាត់ទុកថាពួក«ស្មរបន្ទាល់មួយហ្វូងធំម្ល៉េះ»នេះជាការលើកទឹកចិត្តដល់យើង ក្នុងការ«រត់ក្នុងទីប្រណាំងដែលនៅមុខយើងដោយអំណត់»នោះក្ដី យើងមិនបានប្រាប់ឲ្យក្លាយទៅជាអ្នកកាន់តាមពួកគេនោះទេ។ យើងត្រូវបានប្រាប់ឲ្យកាន់តាមលំអានដាននៃ«ព្រះយេស៊ូវដ៏ជាមេផ្ដើម ហើយជាមេ[ដែលនឹងធ្វើអោយជំនឿនេះបានគ្រប់លក្ខណ៍»។ ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ជាភាសាខ្មែរសម្រាយ] មិនមែនពួកមនុស្សមិនល្អឥតខ្ចោះនោះទេ—សូម្បីតែពួកសាវកស្មោះត្រង់នៅសតវត្សទី១ក៏មិនមែនដែរ។—ហេព្រើរ ១២:១, ២; ពេត្រុសទី១ ២:២១
១៤ ទោះបីសាវកប៉ុលនិងពេត្រុស ជាអ្នកគាំទ្រនៅក្នុងក្រុមជំនុំក៏ដោយ ជួនកាលពួកគេក៏ចំពប់ដែរ។ សាវកប៉ុលបានសរសេរថា៖ «ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ វេទនាណាស់ខ្ញុំ»! (រ៉ូម ៧:១៩, ២៤) ហើយពេត្រុសនៅពេលដែលគាត់មានសេចក្ដីទុកចិត្តខ្លួនឯងហួសពេក ក៏បានប្រាប់ព្រះយេស៊ូវថា៖ «ទោះបើមនុស្សទាំងអស់នឹងរវាតចិត្ត ដោយព្រោះទ្រង់ក៏ដោយគង់តែទូលបង្គំមិនដូច្នោះទេ!» នៅពេលព្រះយេស៊ូវបានព្រមានពេត្រុសថា គាត់នឹងលែងទទួលស្គាល់ទ្រង់បីដង ពេត្រុសបាននិយាយប្រឆាំងយ៉ាងឥតកោតក្រែងទៅចៅហ្វាយរបស់គាត់ ដោយអួតថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក៏ដោយ គង់តែមិនព្រមថា មិនស្គាល់ទ្រង់ឡើយ»។ តែគាត់បានប្រកែកមិនទទួលស្គាល់ព្រះយេស៊ូវមែន ជាកំហុសមួយដែលបានបណ្ដាលឲ្យគាត់យំយ៉ាងឈឺចាប់។ មែនហើយ ប៉ុលនិងពេត្រុសបានធ្វើមកពីធូលីដី។—ម៉ាថាយ ២៦:៣៣-៣៥
១៥. ថ្វីបើយើងបានធ្វើមកពីធូលីដីក៏ដោយ តើគ្រឿងលើកទឹកចិត្តអ្វីដែលយើងត្រូវតែប្ដេជ្ញាទៅមុខនោះ?
១៥ ថ្វីបើពួកគេមានគុណវិបត្ដិយ៉ាងណាក៏ដោយ ម៉ូសេ ដាវីឌ ប៉ុល ពេត្រុស ហើយអ្នកឯទៀតដូចពួកគេបានមានជ័យជំនះជានិច្ច។ ហេតុអ្វី? ពីព្រោះពួកគេអនុវត្តជំនឿយ៉ាងខ្លាំងទៅលើព្រះយេហូវ៉ា គឺបានទុកចិត្តទៅលើទ្រង់ទាំងស្រុង ហើយបាននៅជាប់ជិតស្និទ្ធនឹងទ្រង់ ថ្វីបើមានការរារាំងយ៉ាងណាក្ដី។ ពួកគេបានទុកចិត្តទៅលើទ្រង់ក្នុងការផ្ដល់នូវ«ឥទ្ធិឫទ្ធិដ៏លើសលុប»។ ហើយទ្រង់ក៏បានផ្ដល់ឲ្យគេ ទ្រង់មិនដែលបណ្ដោយឲ្យគេលង់ក្នុងស្ថានភាពណាមួយដែលគេងើបវិញមិនបាននោះឡើយ។ បើយើងខំព្យាយាមបន្តការអនុវត្តជំនឿនោះ យើងអាចដឹងជាប្រាកដថា នៅពេលដែលការវិនិច្ឆ័យទោសក្នុងករណីរបស់យើង ការនេះនឹងធ្វើឡើងដោយចុះសម្រុងគ្នានឹងពាក្យទាំងនេះ៖ «ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»នោះទេ។ នេះជាគ្រឿងលើកទឹកចិត្តយើងឲ្យប្ដេជ្ញាទៅមុខជានិច្ច ថ្វីបើយើងបានធ្វើមកពីធូលីដីក៏ដោយ!—កូរិនថូសទី២ ៤:៧; ហេព្រើរ ៦:១០
តើការធ្វើមកពីធូលីដីមានន័យយ៉ាងណា ចំពោះយើងម្នាក់ៗ?
១៦, ១៧. នៅពេលដែលវិនិច្ឆ័យទោសនោះ តើព្រះយេហូវ៉ាបានអនុវត្តតាមគោលការណ៍ដែលបានពន្យល់មកនៅ កាឡាទី ៦:៤ យ៉ាងដូចម្ដេច?
១៦ ការពិសោធន៍បានបង្រៀនមាតាបិតានិងគ្រូបង្រៀនជាច្រើនថា ជាការដ៏មានប្រាជ្ញាក្នុងការវិនិច្ឆ័យកូនក្មេងឬសិស្ស ដោយយោងទៅតាមសមត្ថភាពរបស់គេម្នាក់ៗ មិនមែនទៅលើមូលដ្ឋាននៃការប្រៀបធៀបជាមួយបងប្អូនបង្កើត ឬជាមួយកូនសិស្សគ្នីគ្នាឡើយ។ ការធ្វើនេះគឺស្របនឹងគោលការណ៍របស់ព្រះគម្ពីរ ដែលជនគ្រីស្ទានបានត្រូវបញ្ជាឲ្យធ្វើតាមនោះថា៖ «ចូរឲ្យគ្រប់គ្នាល្បងលការ ដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្ដីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ»។—កាឡាទី ៦:៤
១៧ ក្នុងការចុះសម្រុងជាមួយនឹងគោលការណ៍នេះ ថ្វីបើព្រះយេហូវ៉ាប្រព្រឹត្តជាមួយប្រជារាស្ត្ររបស់ទ្រង់ជាក្រុមដែលមានរបៀបរៀបរយក្ដី ទ្រង់វិនិច្ឆ័យគេជាបុគ្គលម្នាក់ៗវិញ។ រ៉ូម ១៤:១២ ចែងថា៖ «ដូច្នេះ យើងទាំងអស់គ្នានឹង ត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើង»។ ព្រះយេហូវ៉ាទ្រង់ជ្រាបដឹងយ៉ាងច្បាស់ នូវសមាសភាពពន្ធុវិជ្ជានៃអ្នកបំរើរបស់ទ្រង់ម្នាក់ៗ។ ទ្រង់ជ្រាបដឹងអំពីសមាសភាពខាងផ្លូវចិត្តនិងសតិ សមត្ថភាពរបស់គេ កំឡាំងនិងការទន់ខ្សោយដែលគេមានពីកំណើត និងឱកាសល្អដែលគេអាចជួបប្រទះ ព្រមទាំងដល់កម្រិតណាដែលគេនឹងយកប្រយោជន៍នៃឱកាសល្អទាំងនេះ ដើម្បីនឹងផលិតផលផ្លែគ្រីស្ទានដែរ។ ពាក្យបន្ទូលរបស់ព្រះយេស៊ូវអំពីស្រីមេម៉ាយម្នាក់ដែលបានទំលាក់កាក់ពីរតូចៗទៅក្នុងរតនាគារព្រះវិហារ និងរឿងប្រៀបប្រដូចរបស់ទ្រង់អំពីពូជដែលបានដាំនៅលើដីល្អ ជាគំរូដ៏ល្អចំពោះជនគ្រីស្ទានដែលមានចិត្តក្រៀមក្រំ ពីព្រោះដោយបានប្រៀបធៀបខ្លួនគេដោយគ្មានប្រាជ្ញាជាមួយអ្នកដទៃ។—ម៉ាកុស ៤:២០; ១២:៤២-៤៤
១៨. (ក) ហេតុអ្វីក៏យើងត្រូវតែប្ដេជ្ញា ចំពោះហេតុដែលយើងជាធូលីដីត្រូវមានន័យយ៉ាងណាចំពោះយើងរៀងៗខ្លួន? (ខ) ហេតុអ្វីក៏ការពិនិត្យមើលខ្លួនដ៏ស្មោះត្រង់ មិនបណ្ដាលឲ្យយើងមានការអស់សង្ឃឹមនោះ?
១៨ ជាការសំខាន់ដ៏ជីវិតសម្ព័ន្ធ ដែលយើងត្រូវប្ដេជ្ញា ចំពោះហេតុដែលយើងជាធូលីដីមានន័យយ៉ាងណាក្នុងករណីរបស់យើងរៀងៗខ្លួន ដើម្បីឲ្យយើងអាចបំរើព្រះឲ្យបានអស់ពីសមត្ថភាព។ (សុភាសិត ១០:៤; ១២:២៤; ១៨:៩; រ៉ូម ១២:១) ដោយដឹងអំពីគុណវិបត្ដិរបស់យើងផ្ទាល់និងការទន់ខ្សោយនោះ ទើបយើងអាចឆាប់ដឹងចំពោះសេចក្ដីត្រូវការដើម្បីនឹងធ្វើឲ្យប្រសើរឡើង។ ក្នុងការពិនិត្យមើលខ្លួននោះ សូមឲ្យយើងកុំភ្លេចនៃអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងការជួយយើងធ្វើឲ្យបានប្រសើរឡើង។ តាមរយៈព្រះវិញ្ញាណនេះហើយ ដែលសកលលោកត្រូវបានបង្កើតមក ព្រះគម្ពីរត្រូវបានសរសេរមក ព្រមទាំងពិភពលោកថ្មីដែលមានសន្ដិភាពបានធ្វើឲ្យមានឡើង នៅកណ្ដាលសង្គមមនុស្សដែលកំពុងតែជិតបាត់បង់ទៅនេះ។ ដូច្នេះព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ គឺប្រាកដជាមានអំណាចដ៏គ្រប់គ្រាន់ដើម្បីនឹងផ្ដល់ឲ្យទៅអស់អ្នកណាដែលសូមប្រាជ្ញានិងកំឡាំង ដែលត្រូវការដើម្បីនឹងរក្សាសេចក្ដីស្មោះត្រង់។—មីកា ៣:៨; រ៉ូម ១៥:១៣; អេភេសូរ ៣:១៦
១៩. តើហេតុដែលយើងបានធ្វើមកពីធូលីដី មិនមែនជាការដោះសារចំពោះអ្វី?
១៩ ជាការដ៏សម្រាលទុក្ខណាស់ ដោយដឹងថាព្រះយេហូវ៉ានឹកចាំយើងជាធូលីដី! យ៉ាងណាក៏ដោយ យើងមិនគួរវែកញែកថា នេះជាការដោះសារដ៏ត្រឹមត្រូវតាមច្បាប់ចំពោះចិត្តខ្ជីខ្ជា ឬក៏ចំពោះការប្រព្រឹត្តខុសនោះឡើយ។ មិនមែនដូច្នេះទេ! ហេតុដែលព្រះយេហូវ៉ានឹកចាំថាយើងជាធូលីដីនោះ ជាសេចក្ដីសម្ដែងនៃព្រះគុណរបស់ទ្រង់ដែលយើងមិនសមនឹងទទួល។ ប៉ុន្តែ យើងមិនចង់ឲ្យបានទៅជា«មនុស្សទមិលល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ»។ (យូដាស ៤) ដោយបានធ្វើមកពីធូលីដីនោះ មិនមែនជាការដោះសារក្នុងការមិនធ្វើតាមព្រះនោះឡើយ។ ជនគ្រីស្ទានខំព្យាយាមដើម្បីនឹងប្រយុទ្ធការទោរទន់ធ្វើខុស វាយដំរូបកាយរបស់គាត់ ហើយដឹកនាំជាបាវបំរើ ដើម្បីជៀសវាងកុំឲ្យ«ព្រះវិញ្ញាណបរិសុទ្ធនៃព្រះព្រួយព្រះហឫទ័យ»។—អេភេសូរ ៤:៣០; កូរិនថូសទី១ ៩:២៧
២០. (ក) នៅក្នុងចំណែកពីរណា ដែលយើង‹មានកិច្ចការធ្វើដ៏បរិបូរក្នុងព្រះអម្ចាស់›? (ខ) ហេតុអ្វីក៏យើងមានមូលហេតុចំពោះភាពសុទិដ្ឋិនិយម?
២០ ឥឡូវនេះ ក្នុងកំឡុងឆ្នាំបញ្ចប់នៃរបបរបស់សាតាំង នេះមិនមែនជាពេលវេលាដើម្បីនឹងបង្អង់ល្បឿននោះឡើយ—គឺមិនមែនត្រូវបង្អង់ចំពោះការផ្សាយព្រះរាជាណាចក្រ និងការពង្រីកផលផ្លែនៃព្រះវិញ្ញាណរបស់ព្រះនោះទេ។ ក្នុងចំណែកទាំងពីរនេះ យើងមាន‹កិច្ចការធ្វើដ៏បរិបូរ›។ ឥឡូវនេះហើយជាពេលវេលាដើម្បីប្ដេជ្ញាបន្តទៅមុខ ពីព្រោះយើងដឹងថាកិច្ចការរបស់យើង«មិនមែនឥតប្រយោជន៍ទេ»។ (កូរិនថូសទី១ ១៥:៥៨) ព្រះយេហូវ៉ានឹងទ្រទ្រង់យើង ដ្បិតចំពោះទ្រង់ ដាវីឌបានមានប្រសាសន៍ថា៖ «ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ»។ (ទំនុកដំកើង ៥៥:២២) ជាការដ៏មានសេចក្ដីអំណរណាស់ ដោយដឹងថាព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងម្នាក់ៗជាមនុស្សមិនល្អឥតខ្ចោះ ចូលរួមក្នុងកិច្ចការដ៏ធំសម្បើមដែលទ្រង់បានចាត់ឲ្យធ្វើនេះ—ថ្វីបើយើងបានធ្វើមកពីធូលីដីក៏ដោយ!
[កំណត់សម្គាល់]
a ព្រះគម្ពីរអត្ថាធិប្បាយឈ្មោះ ហ៊ឺដឺ ប៊ីបែលខុមម៉ីនឋា បានធ្វើសេចក្ដីសង្កេតនៅទំនុកដំកើង ១០៣:១៤ កត់សំគាល់ថា៖ «ទ្រង់ស្គាល់ច្បាស់ថា ទ្រង់បានបង្កើតមនុស្សលោកពីធូលីដី ហើយទ្រង់ស្គាល់ការទន់ខ្សោយនិងលក្ខណៈមិនឋិតថេរនៃជីវិតរបស់គេ ដែលបាបមានទម្ងន់ធ្ងន់នៅលើគេតាំងពីអំពើបាបពីដើមមក»។
តើអ្នកអាចពន្យល់បានទេ?
◻ តើលោកុប្បត្តិ ២:៧ និងទំនុកដំកើង ១០៣:១៤ មានការខុសគ្នាយ៉ាងណា ក្នុងការសំដៅទៅមនុស្សលោកដែលបានធ្វើមកពីធូលីដីនោះ?
◻ ហេតុអ្វីក៏ហេព្រើរ ជំពូក១១ជាប្រភពដ៏លើកទឹកចិត្តចំពោះជនគ្រីស្ទានទាំងឡាយនៅសព្វថ្ងៃនេះ?
◻ ហេតុអ្វីក៏យើងមានប្រាជ្ញា ក្នុងការអនុវត្តតាមគោលការណ៍ដែលបានចេញមកនៅកាឡាទី ៦:៤?
◻ តើហេព្រើរ ៦:១០ និងកូរិនថូសទី១ ១៥:៥៨ អាចជួយយើងឲ្យជៀសវាងពីការខូចទឹកចិត្តយ៉ាងណាបាន?
[រូបភាពនៅទំព័រ១០]
ជនគ្រីស្ទានទាំងឡាយធ្វើត្រាប់តាមជំនឿរបស់អ្នកថ្វាយបង្គំគ្នីគ្នា ប៉ុន្តែពួកគេកាន់តាមព្រះយេស៊ូវ ដែលជាមេដែលធ្វើឲ្យសេចក្ដីជំនឿរបស់គេបានគ្រប់ល័ក្ខណ៍