ចូរអរសប្បាយក្នុងព្រះយេហូវ៉ាចុះ!
«ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង!»—ភីលីព ៤:៤
១. ហេតុអ្វីក៏យើងឆ្ងល់ថាតើប៉ុលចង់មានន័យយ៉ាងណា នៅពេលដែលគាត់បាននិយាយថាជនគ្រីស្ទានត្រូវតែអរសប្បាយជានិច្ចនោះ?
សព្វថ្ងៃនេះ មូលហេតុដែលធ្វើឲ្យមានចិត្តអរសប្បាយនោះ ប្រហែលជាកម្រមានណាស់។ មនុស្សដែលបានបង្កើតមកពីធូលីដី សូម្បីតែជនគ្រីស្ទានពិតក៏ជួបប្រទះនឹងស្ថានការណ៍ដែលបណ្ដាលឲ្យមានការទុក្ខព្រួយដែរ—ស្ថានការណ៍ខ្លះៗដូចជាការអត់ការងារធ្វើ សុខភាពមិនល្អ សេចក្ដីស្លាប់នៃអ្នកស្ងួនភ្ងា បញ្ហាបុគ្គលិកលក្ខណៈ ឬការប្រឆាំងពីសមាជិកគ្រួសារដែលគ្មានជំនឿឬពីអតីតមិត្ត។ ដូច្នេះ ការដាស់តឿនរបស់ប៉ុលឲ្យ«អរសប្បាយជានិច្ច»នោះ តើយើងអាចយល់យ៉ាងដូចម្ដេចបាន? ដោយឃើញកាលៈទេសៈមិនស្រួលនិងតឹងតែងបែបនេះ ដែលយើងគ្រប់ៗគ្នាត្រូវតែប្រឈមដោះស្រាយ តើការអរសប្បាយជានិច្ចនេះអាចមានឡើងបានទេ? ការពិគ្រោះពីបរិបទនៃពាក្យទាំងនេះនឹងជួយបញ្ជាក់អំពីរឿងនេះ។
អរសប្បាយ—ហេតុអ្វីហើយតាមរបៀបណា?
២, ៣. ដូចបានពន្យល់មកក្នុងករណីនៃព្រះយេស៊ូវនិងជនជាតិអ៊ីស្រាអែលពីដើម តើសេចក្ដីអំណរមានសារៈសំខាន់យ៉ាងណា?
២ «ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង!» ការដាស់តឿននេះរំឭកយើងអំពីពាក្យដែលបានសំដៅទៅពួកអ៊ីស្រាអែលប្រមាណ២៤សតវត្សកន្លងទៅនេះថា៖ «សេចក្ដីអំណររបស់ព្រះយេហូវ៉ាជា[ទីមាំមួន,ពថ]នៃអ្នករាល់គ្នា» ឬយោងទៅតាមការបកប្រែព្រះគម្ពីរម៉ូហ្វឹតចែងថា៖ «ការអរសប្បាយក្នុងព្រះដ៏អនន្តជាកំឡាំងរបស់អ្នករាល់គ្នា»។ (នេហេមា ៨:១០) សេចក្ដីអំណរផ្ដល់ឲ្យកំឡាំង ហើយក៏ដូចជាទីមាំមួនដែលបុគ្គលម្នាក់អាចទៅសម្រាលទុក្ខនិងការការពារ។ សេចក្ដីអំណរក៏ជាឧបករណ៍ក្នុងការជួយព្រះយេស៊ូវជាបុគ្គលដ៏ល្អឥតខ្ចោះឲ្យអត់ទ្រាំបានដែរ។ «ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាមាសខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្ដាំបល្ល័ង្កនៃព្រះ»។ (ហេព្រើរ ១២:២) យ៉ាងច្បាស់ណាស់ ការមានសេចក្ដីអំណរក្នុងភាពលំបាកជាការសំខាន់សំរាប់ការសង្គ្រោះ។
៣ មុននឹងចូលទៅក្នុងស្រុកដែលបានសន្យានោះ ពួកជនជាតិអ៊ីស្រាអែលត្រូវបានបញ្ជាថា៖ «ត្រូវរីករាយចំពោះគ្រប់ទាំងរបស់ល្អ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកចុះ ព្រមទាំងពួកគ្រួឯង នឹងពួកលេវី ហើយនឹងពួកអ្នកដែលស្នាក់នៅជាមួយនឹងឯងផង»។ លទ្ធផលនៃការបំរើព្រះយេហូវ៉ាដោយគ្មានការអរសប្បាយ នោះជាទោសយ៉ាងធ្ងន់។ «គ្រប់ទាំងសេចក្ដីបណ្ដាសាទាំងនេះ នឹងផ្សាយមកលើឯង ហើយនឹងដេញតាមឯងទាន់ផង ដរាបដល់ឯងវិនាសបាត់ទៅ . . . ដោយហេតុតែឯងមិនបានគោរពប្រតិបត្ដិ ដល់ព្រះយេហូវ៉ា ជាព្រះនៃឯងដោយចិត្តរីករាយសប្បាយ នៅកណ្ដាលរបស់ដែលមានជាបរិបូរទាំងប៉ុន្មាន»។—ចោទិយកថា ២៦:១១; ២៨:៤៥-៤៧
៤. ហេតុអ្វីក៏យើងប្រហែលជាមិនមានការអរសប្បាយនោះ?
៤ ដូច្នេះ ជាការចាំបាច់ណាស់ដែលពួកសំណល់ចាក់ប្រេងតាំងនៅសព្វថ្ងៃនេះ និង«ពួកចៀមឯទៀត»របស់គេត្រូវតែមានចិត្តអរសប្បាយ! (យ៉ូហាន ១០:១៦) ដោយលើកសាឡើងវិញនូវសេចក្ដីទូន្មានរបស់គាត់ដោយពាក្យថា«ខ្ញុំប្រាប់ម្ដងទៀតថា» ប៉ុលបានបញ្ជាក់នូវសារៈសំខាន់នៃការអរសប្បាយទៅលើអ្វីល្អៗ ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងរាល់គ្នា។ តើយើងមានចិត្តអរសប្បាយទេ? ឬក៏យើងជក់ស្លុងតែនឹងសកម្មភាពនៃជីវិតរាល់ថ្ងៃ ដែលធ្វើឲ្យយើងភ្លេចនូវមូលហេតុជាច្រើនចំពោះការអរសប្បាយនោះ? តើបញ្ហាឡើងគរច្រើនដល់ម្ល៉េះ ដែលធ្វើឲ្យយើងមើលមិនឃើញព្រះរាជាណាចក្រនិងប្រសិទ្ធិពរនោះឬ? តើយើងអនុញ្ញាតឲ្យអ្វីៗទៀត ដូចជា—ការមិនគោរពតាមច្បាប់របស់ព្រះ ការមិនអើពើគោលការណ៍របស់ព្រះ ឬការមិនយកចិត្តទុកដាក់នឹងភារៈគ្រីស្ទាន—ធ្វើឲ្យយើងលែងមានសេចក្ដីអំណរឬ?
៥. ហេតុអ្វីក៏បុគ្គលដែលមិនសមហេតុផល មានការពិបាកនឹងអរសប្បាយ?
៥ «ចូរសំដែងឲ្យមនុស្សទាំងអស់ បានស្គាល់សេចក្ដី[សមហេតុផល,ពថ]របស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ទ្រង់ជិតដល់ហើយ»។ (ភីលីព ៤:៥) បុគ្គលដែលមិនសមហេតុផលគឺខ្វះការថ្លឹងថ្លែង។ គាត់ប្រហែលជាមិនថែទាំសុខភាពរបស់គាត់ឲ្យបានត្រឹមត្រូវ ដែលធ្វើឲ្យរូបកាយរបស់គាត់មានការតានតឹងឬការថប់បារម្ភដោយមិនចាំបាច់។ ប្រហែលជាគាត់មិនទាន់ទទួលស្គាល់នូវកម្រិតរបស់ខ្លួននៅឡើយ ហើយឲ្យរស់នៅស្របទៅតាមនោះ។ គាត់ប្រហែលជាដាក់គោលបំណងរបស់គាត់ខ្ពស់ពេក ហើយខំព្យាយាមឲ្យបានសម្រេចគោលបំណងនោះ ថ្វីបើជាយ៉ាងណាក៏ដោយ។ ឬគាត់ប្រហែលជាប្រើកំរិតរបស់គាត់ជាការដោះសារចំពោះការអន់ថយឬការខ្ជីខ្ជា។ ការខ្វះការថ្លឹងថ្លែងនិងគ្មានសេចក្ដីសមហេតុផល គាត់នឹងមានការពិបាកដើម្បីអរសប្បាយ។
៦. (ក) តើជនគ្រីស្ទានគ្នីគ្នាគួរតែមើលឃើញអ្វីនឹងយើង ហើយនៅពេលណាទើបគេមើលឃើញយើងដូច្នេះ? (ខ) តើតាមរបៀបណាដែលពាក្យរបស់ប៉ុលនៅកូរិនថូសទី២ ១:២៤ និងរ៉ូម ១៤:៤ ជួយយើងឲ្យមានសេចក្ដីសមហេតុផលនោះ?
៦ ទោះបីជាអ្នកប្រឆាំងចាត់ទុកយើងជាអ្នកអធិមុត្តក្ដី ជនគ្រីស្ទានគ្នីគ្នាគួរតែមើលឃើញសេចក្ដីសមហេតុផលរបស់យើង។ ហើយពួកគេនឹងមើលឃើញដូច្នេះមែន បើយើងចេះថ្លឹងថ្លែង ហើយមិនសង្ឃឹមចង់បានភាពគ្រប់ល័ក្ខណ៍ពីខ្លួនឯងនិងពីអ្នកដទៃ។ សំខាន់ទៅទៀតនោះ យើងត្រូវតែទប់ពីការដាក់បន្ទុកដ៏សម្បើមទៅលើអ្នកដទៃ ដែលលើសពីការតម្រូវនៃពាក្យបន្ទូលរបស់ព្រះ។ សាវកប៉ុលបានមានប្រសាសន៍ថា៖ «មិនមែនថា យើងខ្ញុំធ្វើជាម្ចាស់លើសេចក្ដីជំនឿរបស់អ្នករាល់គ្នាទេ គឺធ្វើជាគូកន ជួយឲ្យអ្នករាល់គ្នាបានសេចក្ដីអំណរវិញ»។ (កូរិនថូសទី២ ១:២៤) ដោយខ្លួនគាត់ជាសមាជិកផារិស៊ីពីមុន ប៉ុលបានដឹងយ៉ាងច្បាស់ថា ការដាក់ច្បាប់ដ៏តឹងរ៉ឹងហើយបង្ខំឲ្យប្រព្រឹត្តតាមដោយពួកមានអំណាចធ្វើឲ្យសេចក្ដីអំណររលត់បាត់ទៅ រីឯការឲ្យយោបល់ដែលមានប្រយោជន៍ផ្សេងៗពីពួកសហការីនឹងបង្កើនសេចក្ដីអំណរវិញ។ ការណ៍ពិតដែល«ព្រះអម្ចាស់ទ្រង់ជិតដល់ហើយ»គួរតែរំឭកបុគ្គលដែលសមហេតុផល ថាយើងមិនមែនជាអ្នក‹និន្ទាបាវបំរើរបស់គេទេ។ អ្នកនោះឈរឬដួលក្ដី នោះស្រេចនឹងចៅហ្វាយទេតើ›។—រ៉ូម ១៤:៤
៧, ៨. ហេតុអ្វីក៏ជនគ្រីស្ទានត្រូវយល់ថានឹងមានបញ្ហា ហើយតើពួកគេអាចបន្តការអរសប្បាយយ៉ាងដូចម្ដេចបាន?
៧ «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង»។ (ភីលីព ៤:៦) នៅសព្វថ្ងៃនេះ យើងកំពុងតែពិសោធន៍«គ្រាលំបាកណាស់»ដែលប៉ុលបានសរសេរមកនេះ។ (ធីម៉ូថេទី២ ៣:១-៥) ដូច្នេះ ពួកគ្រីស្ទានត្រូវតែយល់ថានឹងជួបបញ្ហាជាច្រើន។ ពាក្យរបស់ប៉ុលដែលថាឲ្យ«អរសប្បាយជានិច្ច»នោះ គឺមិនបដិសេធនូវការដែលអាចកើតមានឡើង ដែលជនគ្រីស្ទានស្មោះត្រង់យូរៗម្ដងនឹងមានការធ្លាក់ទឹកចិត្ត ឬការបាក់ទឹកចិត្តនោះទេ។ ក្នុងករណីរបស់គាត់ផ្ទាល់ ប៉ុលបានសារភាពយ៉ាងសមហេតុផលថា៖ «ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្ដីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ»។ (កូរិនថូសទី២ ៤:៨, ៩) យ៉ាងណាក៏ដោយ សេចក្ដីអំណររបស់គ្រីស្ទាននឹងជួយសម្រាល ហើយនៅទីបំផុតនឹងមានជ័យជំនះលើការថប់បារម្ភនិងការទុក្ខព្រួយដែលមានជាបណ្ដោះអាសន្ននោះ។ សេចក្ដីអំណរនឹងផ្ដល់ឲ្យកំឡាំងជាចាំបាច់ដើម្បីជឿនទៅមុខ ដោយមិនត្រូវបំភ្លេចមូលហេតុជាច្រើនចំពោះសេចក្ដីអរសប្បាយ។
៨ នៅពេលដែលបញ្ហាកើតមានឡើង ទោះបីជាប្រភេទណាក្ដី ជនគ្រីស្ទានដែលមានចិត្តអរសប្បាយនឹងសូមអង្វរឲ្យព្រះយេហូវ៉ាជួយដោយចិត្តរាបទាប តាមរយៈសេចក្ដីអធិស្ឋាន។ គាត់នឹងមិនបន្ទន់ទៅតាមសេចក្ដីទុក្ខព្រួយយ៉ាងខ្លាំងក្លានោះឡើយ។ ក្រោយពីបានធ្វើអ្វីដែលគាត់អាចធ្វើទៅបានដើម្បីនឹងដោះស្រាយបញ្ហានោះ គាត់នឹងទុកលទ្ធផលទាំងនោះក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា ដែលស្របទៅតាមសេចក្ដីអញ្ជើញរបស់ទ្រង់ដែលថា៖ «ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក»។ នៅគ្រាដដែលនោះ ជនគ្រីស្ទានបន្តថ្លែងអំណរគុណដល់ព្រះយេហូវ៉ាចំពោះសេចក្ដីល្អរបស់ទ្រង់ទាំងអស់។—ទំនុកដំកើង ៥៥:២២; សូមមើលម៉ាថាយ ៦:២៥-៣៤ដែរ
៩. តើតាមរបៀបណាដែលចំណេះវិជ្ជានៃសេចក្ដីពិត ផ្ដល់ឲ្យមានសន្ដិគំនិត ហើយតើនេះមានឥទ្ធិពលដ៏ល្អយ៉ាងណាដល់ជនគ្រីស្ទាន?
៩ «សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ»។ (ភីលីព ៤:៧) ចំណេះវិជ្ជានៃសេចក្ដីពិតពីព្រះគម្ពីរ នឹងដោះគំនិតរបស់ជនគ្រីស្ទានឲ្យរួចពីពាក្យកុហក ហើយជួយគាត់បង្កបង្កើតឲ្យមានលំនាំគិតដែលត្រឹមត្រូវ។ (ធីម៉ូថេទី២ ១:១៣) ដូច្នេះ ការធ្វើតាមរបៀបនេះនឹងជួយគាត់ឲ្យជៀសវាងពីចរិយាខុសឬមិនមានប្រាជ្ញា ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ទំនាក់ទំនងមេត្រីភាពរបស់គាត់ជាមួយនឹងអ្នកដទៃ។ ជាជាងមានចិត្តអន្ទះអន្ទែងនឹងអយុត្ដិធម៌និងសេចក្ដីអាក្រក់ជួរជាតិ គាត់ទុកចិត្តទៅលើព្រះយេហូវ៉ាដើម្បីឲ្យដោះស្រាយបញ្ហារបស់មនុស្សជាតិតាមរយៈព្រះរាជាណាចក្រវិញ។ សន្ដិគំនិតបែបនេះ នឹងការពារចិត្តគាត់ឲ្យបានរក្សាបំណងពិសិដ្ឋ ព្រមទាំងដឹកនាំគំនិតរបស់គាត់តាមផ្លូវសុចរិតទៀតផង។ រួចមកបំណងចិត្តពិសិដ្ឋនិងគំនិតត្រឹមត្រូវ នឹងផ្ដល់ឲ្យមានមូលហេតុជាច្រើនចំពោះការអរសប្បាយ ថ្វីបើមានបញ្ហានិងការពិបាកដែលបានបណ្ដាលមកដោយលោកីយ៍ដ៏វឹកវរនេះក្ដី។
១០. យើងមានសេចក្ដីអំណរពិត បើកាលណាយើងនិយាយឬគិតអំពីអ្វី?
១០ «មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ»។ (ភីលីព ៤:៨) ជនគ្រីស្ទានមិនមានការរីករាយក្នុងការនិយាយឬគិតអំពីរបស់អាក្រក់ឡើយ។ ហេតុការណ៍ពិតនេះនឹងបដិសេធដោយស្វ័យប្រវត្ដិនូវគ្រឿងកំសាន្តជាច្រើនដែលលោកីយ៍នេះផ្ដល់មក។ គ្មានអ្នកណាម្នាក់អាចរក្សាសេចក្ដីអំណរគ្រីស្ទានបានទេ បើចិត្តនិងគំនិតរបស់គាត់ពោរពេញទៅដោយការភូតកុហក ពាក្យសំដីចំកួត រឿងដែលទុច្ចរិត អសីលធម៌ ដោយគ្មានគុណធម៌ និងការស្អប់ខ្ពើមនោះ។ បើនិយាយយ៉ាងត្រង់ៗទៅ គ្មានអ្នកណាម្នាក់នឹងមានសេចក្ដីអំណរពិតទេ បើគាត់បំពេញចិត្តនិងគំនិតរបស់គាត់ជាមួយនឹងអ្វីដែលកខ្វក់នោះ។ នៅក្នុងលោកីយ៍របស់សាតាំងដ៏ពុករលួយនេះ ជាការគួរឲ្យលើកទឹកចិត្តណាស់ ដោយដឹងថាជនគ្រីស្ទានទាំងឡាយមានរបស់ដ៏ល្អៗជាច្រើនសំរាប់ពិចារណានិងពិគ្រោះនោះ!
មូលហេតុជាច្រើនរាប់ពុំអស់សំរាប់ការអរសប្បាយ
១១. (ក) តើអ្វីដែលយើងមិនត្រូវគិតថាជាការមិនសំខាន់ ហើយហេតុអ្វី? (ខ) តើការទៅប្រជុំនៅឯមហាសន្និបាតអន្តរជាតិមួយ មានអានុភាពយ៉ាងណាលើប្រតិភូម្នាក់និងប្រពន្ធរបស់គាត់នោះ?
១១ នៅពេលដែលនិយាយអំពីមូលហេតុសំរាប់ការអរសប្បាយនោះ សូមឲ្យយើងកុំភ្លេចអំពីភាតរភាពអន្តរជាតិរបស់យើង។ (ពេត្រុសទី១ ២:១៧) ទោះបីប្រជាជាតិនិងក្រុមជាតិពន្ធទាំងឡាយនៃលោកីយ៍សម្ដែងសេចក្ដីស្អប់គ្នាយ៉ាងខ្លាំងក្ដី ប្រជារាស្ត្ររបស់ព្រះមានភាពជិតស្និទ្ធនឹងគ្នាដោយសេចក្ដីស្រឡាញ់វិញ។ សាមគ្គីភាពរបស់គេបានបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែង ជាពិសេសនៅតាមមហាសន្និបាតអន្តរជាតិនានា។ ចំពោះមហាសន្និបាតមួយនៅឆ្នាំ១៩៩៣ នៅទីក្រុងគីអេវនៃប្រទេសអ៊ុយគ្រេន ប្រតិភូម្នាក់ពីសហរដ្ឋអាមេរិកបានសរសេរថា៖ «ទឹកភ្នែកដែលពេញដោយសេចក្ដីអំណរ ការញញឹមពព្រាយ ការឱបគ្នាដូចជាបងប្អូនបង្កើតដែលមានជារឿយៗ និងការទទួលរាក់ទាក់គ្នាកាត់កីឡាមណ្ឌល ដោយពួកដែលគ្រវីឆ័ត្រដ៏គ្រប់ពណ៌និងកន្សែងដៃនោះ គឺជាទីសំអាងយ៉ាងច្បាស់ណាស់នៃសាមគ្គីភាពព្រះធិបតេយ្យ។ យើងមានការពេញចិត្តណាស់ ក្នុងអ្វីៗដែលព្រះយេហូវ៉ាបានសម្រេចដោយអព្ភូតហេតុ ក្នុងភាតរភាពពាសពេញពិភពលោកនេះ។ នេះបានធ្វើឲ្យប្រពន្ធខ្ញុំនិងខ្ញុំមានចិត្តរំភើបយ៉ាងជ្រាលជ្រៅ ព្រមទាំងបន្ថែមអត្ថន័យថ្មីដល់ជំនឿរបស់យើងផង»។
១២. តើតាមរបៀបណាដែលអេសាយ ៦០:២២កំពុងតែសម្រេចនៅពីមុខយើង?
១២ ចំពោះពួកគ្រីស្ទាននៅសព្វថ្ងៃនេះ ជំនឿរបស់គេរឹតតែបានមាំមួនឡើង ដោយឃើញទំនាយព្រះគម្ពីរទាំងឡាយបានសម្រេចនៅពីមុខគេនោះ! ជាឧទាហរណ៍ សូមពិចារណាមើលពាក្យអេសាយ ៦០:២២ ដែលថា៖ «អ្នកតូចបំផុតនឹងត្រឡប់ទៅមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។ នៅដើមកំណើតនៃព្រះរាជាណាចក្រក្នុងឆ្នាំ១៩១៤ ចំនួនអ្នកតូចបំផុតមានតែ៥.១០០នាក់ប៉ុណ្ណោះ—ដែលកំពុងតែផ្សាយយ៉ាងសកម្ម។ ប៉ុន្តែនៅកំឡុងប្រាំឆ្នាំកន្លងមកនេះ វិសាលភាពនៃភាតរភាពពាសពេញពិភពលោកត្រូវបានកើនជារៀងរាល់សប្ដាហ៍ ជាមធ្យមមាន៥.៦២៨នាក់បានជ្រមុជទឹក! អ្នកបំរើដ៏សកម្មនៅក្នុងឆ្នាំ១៩៩៣មានចំនួន៤.៧០៩.៨៨៩នាក់។ សូមនឹកក្នុងមនោគតិមើល! នេះមានន័យថា«អ្នកតូចបំផុត»នៃឆ្នាំ១៩១៤នោះ គឺមានចំនួនជិតដល់«១ពាន់»ដងមែន!
១៣ (ក) តើមានអ្វីកើតឡើងតាំងពីឆ្នាំ១៩១៤មក? (ខ) តើតាមរបៀបណាដែលស្មរបន្ទាល់ព្រះយេហូវ៉ាប្រតិបត្ដិតាមគោលការណ៍របស់ពាក្យប៉ុលនៅកូរិនថូសទី២ ៩:៧?
១៣ តាំងពីឆ្នាំ១៩១៤មក ស្តេចមែស៊ីបានយាងទៅពង្រាបនៅកណ្ដាលសត្រូវរបស់ទ្រង់។ ការគ្រប់គ្រងរបស់ទ្រង់ត្រូវបានគាំទ្រដោយពួកមនុស្សដែលសុខចិត្តកាន់តាមទ្រង់ ដែលបានផ្ដល់ពេលវេលា កំឡាំង និងប្រាក់ដើម្បីធ្វើការផ្សាយពាសពេញពិភពលោក ព្រមទាំងប្រកបការងារសំណង់អន្តរជាតិផង។ (ទំនុកដំកើង ១១០:២, ៣) ស្មរបន្ទាល់ព្រះយេហូវ៉ាមានចិត្តអរសប្បាយ ដែលវិភាគទានជាប្រាក់ត្រូវបានធ្វើឡើង ដើម្បីឲ្យសកម្មភាពទាំងនេះបានសម្រេចឡើង ថ្វីបើគេកម្រនិយាយអំពីប្រាក់នៅឯកិច្ចប្រជុំក្ដី។a (ប្រៀបធៀបរបាក្សត្រទី១ ២៩:៩) ជនគ្រីស្ទានពិតមិនត្រូវចាំបាច់បង្ខំឲ្យធ្វើវិភាគទានទេ ពួកគេចាត់ថាជាឯកសិទ្ធិដ៏ល្អមួយ ក្នុងការគាំទ្រស្តេចរបស់គេ ដល់កម្រិតណាដែលកាលៈទេសៈរបស់គេអនុញ្ញាត ម្នាក់ៗ«ធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ»។—កូរិនថូសទី២ ៩:៧
១៤. តាំងពីឆ្នាំ១៩១៩មក តើស្ថានភាពអ្វីដែលបង្ហាញឲ្យឃើញក្នុងចំណោមប្រជារាស្ត្រព្រះ ហើយនេះផ្ដល់ឲ្យពួកគេមានមូលហេតុអ្វីដើម្បីនឹងអរសប្បាយ?
១៤ ជាលទ្ធផលនៃការស្អាងការថ្វាយបង្គំពិតឡើងវិញក្នុងចំណោមប្រជារាស្ត្ររបស់ទ្រង់ដែលបានទាយមកនោះ មានការបង្កើតទីមនោរម្យខាងវិញ្ញាណ។ តាំងពីឆ្នាំ១៩១៩មក ការថ្វាយបង្គំពិតនោះត្រូវបានពង្រីកព្រំដែនបន្ដិចម្ដងៗ។ (ទំនុកដំកើង ១៤:៧; អេសាយ ៥២:៩, ១០) តើមានលទ្ធផលយ៉ាងណា? ជនគ្រីស្ទានពិតទទួល«សេចក្ដីរីករាយនិងសេចក្ដីអំណរ»។ (អេសាយ ៥១:១១) ការមានលទ្ធផលដ៏ល្អនេះ គឺជាទីសំអាងនៃព្រះវិញ្ញាណបរិសុទ្ធដែលអាចសម្រេចការបានតាមរយៈមនុស្សមិនល្អឥតខ្ចោះ។ យើងផ្ដល់ការសរសើរនិងកិត្ដិយសទាំងអស់ទៅព្រះយេហូវ៉ា។ ប៉ុន្តែតើមានឯកសិទ្ធិដ៏ល្អអ្វីជាងការធ្វើការជាមួយនឹងព្រះទៅទៀតនោះ? (កូរិនថូសទី១ ៣:៩) បើទ្រង់មានព្រះទ័យចង់នោះ ព្រះយេហូវ៉ាមានព្រះចេស្ដាគ្រប់គ្រាន់ដើម្បីបណ្ដាលឲ្យដុំថ្មប្រកាសសារសេចក្ដីពិតក៏បានដែរ។ ក៏ប៉ុន្តែ ទ្រង់មិនបានជ្រើសរើសយកវិធីនេះទេ តែផ្ទុយទៅវិញ ទ្រង់លើកទឹកចិត្តមនុស្សស្ម័គ្រចិត្តដែលបានកើតពីធូលីដីមកឲ្យសម្រេចព្រះហឫទ័យទ្រង់។—លូកា ១៩:៤០
១៥. (ក) តើព្រឹត្ដិការណ៍ថ្មីៗអ្វីដែលយើងតាមដានដោយចិត្តចាប់អារម្មណ៍? (ខ) តើព្រឹត្ដិការណ៍មួយណាដែលយើងរង់ចាំដោយចិត្តអរសប្បាយនោះ?
១៥ អ្នកបំរើរបស់ព្រះយេហូវ៉ាទៅពោរពេញដោយសេចក្ដីស្ងើច ឥឡូវនេះសង្កេតមើលព្រឹត្ដិការណ៍នៃពិភពលោក កាលដែលព្រឹត្ដិការណ៍ទាំងនេះទាក់ទងទៅនឹងបទទំនាយដ៏អស្ចារ្យទាំងឡាយ។ ប្រជាជាតិជាច្រើនកំពុងតែព្យាយាមរកសន្ដិភាពដ៏ឋិតថេរ—ប៉ុន្តែឥតប្រយោជន៍ទេ។ ព្រឹត្ដិការណ៍ទាំងឡាយកំពុងតែជំរុញប្រជាជាតិឲ្យទៅពឹងអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការនៅកន្លែងដែលមានបញ្ហាក្នុងពិភពលោក។ (វិវរណៈ ១៣:១៥-១៧) នៅពេលដដែលនេះ ប្រជារាស្ត្ររបស់ព្រះកំពុងតែមើលទៅអនាគតដោយការរង់ចាំយ៉ាងរំភើប ចំពោះព្រឹត្ដិការណ៍ដ៏អរសប្បាយជាងគេបំផុតដែលនឹងកើតឡើង ជាព្រឹត្ដិការណ៍ដែលកាន់តែជិតមកដល់ហើយ។ «ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច»។—វិវរណៈ ១៩:៧
ការផ្សាយ—ជាបន្ទុកឬជាសេចក្ដីអំណរ?
១៦. សូមពន្យល់នូវរបៀបដែលការមិនប្រព្រឹត្តតាមអ្វីដែលយើងបានរៀន អាចធ្វើឲ្យជនគ្រីស្ទានម្នាក់លែងមានសេចក្ដីអំណរ។
១៦ «ហើយសេចក្ដីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា»។ (ភីលីព ៤:៩) ដោយប្រព្រឹត្តតាមអ្វីៗដែលគេបានរៀននោះ ជនគ្រីស្ទានទាំងឡាយអាចសង្ឃឹមនឹងទទួលប្រសិទ្ធិពរពីព្រះ។ អ្វីមួយដ៏សំខាន់បំផុតដែលគេបានរៀននោះ គឺជាការចាំបាច់នៃការផ្សាយដំណឹងល្អទៅអ្នកដទៃ។ ពិតមែនហើយ តើអ្នកណានឹងមានសន្ដិគំនិត ឬមានសេចក្ដីអំណរ បើគាត់លាក់ពត៌មានពីមនុស្សចិត្តស្មោះ ដែលជីវិតរបស់គេពឹងផ្អែកទៅលើការឮពត៌មាននោះ?—អេសេគាល ៣:១៧-២១; កូរិនថូសទី១ ៩:១៦; ធីម៉ូថេទី១ ៤:១៦
១៧. ហេតុអ្វីក៏សកម្មភាពនៃការផ្សាយរបស់យើង ជាប្រភពនៃសេចក្ដីអំណរជានិច្ចនោះ?
១៧ តើជាការដ៏អរសប្បាយយ៉ាងណាទៅហ្ន៎ ដោយឃើញបុគ្គលប្រភេទដូចចៀមសុខចិត្តរៀនអំពីព្រះយេហូវ៉ានោះ! ពិតហើយ ពួកអ្នកណាដែលបំរើដោយចិត្តត្រឹមត្រូវ នឹងតែងតែយល់ឃើញថា ការបំរើព្រះរាជាណាចក្រជាប្រភពនៃសេចក្ដីអំណរ។ នេះគឺពីព្រោះមូលហេតុដ៏ធំមួយចំពោះការធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ា គឺដើម្បីតែសរសើរព្រះនាមទ្រង់និងតម្កើងឋានៈទ្រង់ជាព្រះមហាក្សត្រ។ (របាក្សត្រទី១ ១៦:៣១) អស់អ្នកដែលទទួលស្គាល់អំពីការណ៍ពិតនេះ នឹងមានការអរសប្បាយ សូម្បីតែនៅពេលមនុស្សបដិសេធដំណឹងល្អដោយគ្មានប្រាជ្ញាក៏ដោយ។ គាត់ដឹងថាការផ្សាយទៅអ្នកមិនជឿនឹងចប់នៅថ្ងៃណាមួយជាមិនខាន តែការសរសើរព្រះនាមព្រះយេហូវ៉ានឹងមានជារៀងដរាបទៅ។
១៨. តើអ្វីដែលបណ្ដាលឲ្យជនគ្រីស្ទានធ្វើព្រះហឫទ័យរបស់ព្រះយេហូវ៉ា?
១៨ សាសនាពិតបណ្ដាលឲ្យពួកអ្នកដែលប្រព្រឹត្តតាមនោះ ឲ្យធ្វើអ្វីដែលព្រះយេហូវ៉ាបានតម្រូវមក មិនមែនដោយសារតែគេត្រូវតែធ្វើដោយបង្ខំចិត្តនោះទេ ប៉ុន្តែពីព្រោះគេចង់ធ្វើវិញ។ (ទំនុកដំកើង ៤០:៨; យ៉ូហាន ៤:៣៤) មនុស្សជាច្រើនមានការពិបាកយល់ណាស់អំពីរឿងនេះ។ នៅពេលមួយ ស្ត្រីម្នាក់បានប្រាប់ស្មរបន្ទាល់ព្រះយេហូវ៉ាស្រីម្នាក់ដែលមកជួបគាត់ថា៖ «អ្នកដឹងទេ ខ្ញុំគួរតែសរសើរអ្នកណាស់។ ខ្ញុំពិតជាមិនអាចទៅពីផ្ទះមួយទៅផ្ទះមួយ ផ្សាយអំពីសាសនារបស់ខ្ញុំដូចអ្នកបានទេ»។ ស្មរបន្ទាល់បានឆ្លើយដោយញញឹមថា៖ «ខ្ញុំអាចយល់នូវអារម្មណ៍របស់អ្នក។ មុននឹងខ្ញុំបានទៅជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ គ្មានអ្នកណាអាចធ្វើឲ្យខ្ញុំទៅនិយាយអំពីសាសនាដល់អ្នកដទៃបានឡើយ។ ប៉ុន្តែឥឡូវនេះខ្ញុំចង់ទៅនិយាយប្រាប់គេ»។ ស្ត្រីនោះបានគិតមួយសន្ទុះ ហើយរួចមកសន្និដ្ឋានថា៖ «ដូច្នេះ សាសនារបស់អ្នកច្បាស់ជាមានអ្វីមួយ ដែលសាសនារបស់ខ្ញុំមិនមានហើយ។ ប្រហែលជាខ្ញុំត្រូវតែស៊ើបអង្កេតមើល»។
១៩. ហេតុអ្វីក៏ឥឡូវនេះ ជាពេលវេលាដើម្បីអរសប្បាយជាងពីមុនទៅទៀតនោះ?
១៩ បទព្រះគម្ពីរប្រចាំឆ្នាំ១៩៩៤ ដែលបានដាក់តាំងនៅសាលព្រះរាជាណាចក្ររបស់យើង រំឭកយើងជារឿយៗថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត»។ (សុភាសិត ៣:៥) តើមានមូលហេតុអ្វីផ្សេងទៀតដែលធ្វើឲ្យយើងអរសប្បាយជាងការអាចទុកចិត្តលើព្រះយេហូវ៉ា ជាទីមាំមួនរបស់យើងដែលយើងទៅជ្រកនោះទេ? ទំនុកដំកើង ៦៤:១០ពន្យល់ថា៖ «ពួកមនុស្សសុចរិតនឹងអរសប្បាយដោយនូវព្រះយេហូវ៉ា គេនឹងពឹងជ្រកក្នុងទ្រង់»។ នេះមិនមែនជាពេលរេរាឬចុះចាញ់នោះឡើយ។ រៀងរាល់ដាច់ខែនិមួយៗ នាំយើងមកកាន់តែជិតការណ៍ពិតអំពីអ្វីៗដែលពួកបំរើព្រះយេហូវ៉ាបានចង់ឃើញជាខ្លាំង តាំងពីជំនាន់អេបិលមកម្ល៉េះ។ ឥឡូវនេះហើយជាពេលវេលាដើម្បីទុកចិត្តលើព្រះយេហូវ៉ាឲ្យអស់ពីចិត្តរបស់យើង ដោយដឹងថា យើងមានមូលហេតុជាច្រើនដើម្បីនឹងអរសប្បាយជាងពីមុនទៅទៀត!
[កំណត់សម្គាល់]
a នៅឯមហាសន្និបាតទាំងឡាយនិងនៅតាមក្រុមជំនុំ ក្នុងមួយខែម្ដង មានការថ្លែងត្រួសៗអំពីចំនួនវិភាគទានដែលបានទទួល ព្រមទាំងប្រាប់ពីការចំណាយផ្សេងៗផង។ មួយដងមួយកាល សំបុត្រត្រូវបានផ្ញើទៅប្រាប់អំពីរបៀបដែលអំណោយទានបែបនេះ កំពុងតែប្រើប្រាស់យ៉ាងណា។ ម្ល៉ោះហើយ មនុស្សគ្រប់ៗគ្នាត្រូវបានរំឭកអំពីស្ថានការណ៍ខាងលុយកាក់នៃកិច្ចការពាសពេញពិភពលោករបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ យោងទៅតាមនេហេមា ៨:១០ ហេតុអ្វីក៏យើងត្រូវតែអរសប្បាយ?
◻ តើតាមរបៀបណាដែលចោទិយកថា ២៦:១១ និង ២៨:៤៥-៤៧ បង្ហាញនូវសារៈសំខាន់នៃការអរសប្បាយ?
◻ តើតាមរបៀបណា ដែលភីលីព ៤:៤-៩ ជួយយើងឲ្យមានការអរសប្បាយជានិច្ចនោះ?
◻ តើបទព្រះគម្ពីរប្រចាំឆ្នាំ១៩៩៤ផ្ដល់ឲ្យយើងនូវមូលហេតុអ្វី ដើម្បីនឹងអរសប្បាយ?
[រូបភាពនៅទំព័រ១៦]
ស្មរបន្ទាល់ជាតិរុស្ស៊ីនិងជាតិអាល្លឺម៉ង់មានការអរសប្បាយ ដោយមានចំណែកជាមួយភាតរភាពអន្តរជាតិ
[រូបភាពនៅទំព័រ១៧]
ការផ្សាយសេចក្ដីពិតដល់អ្នកដទៃ ជាកត្ដាដែលបណ្ដាលឲ្យមានការអរសប្បាយ