បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/២ ទំ. ១១-១៦
  • ចូរសម្ដែងសេចក្ដីអាណិតអាសូរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរសម្ដែងសេចក្ដីអាណិតអាសូរ
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កិច្ចការ​នៃ​សេចក្ដី​អាណិតអាសូរ ដែល​មិន​មាន​ពី​មុន
  • សេចក្ដី​អាណិតអាសូរ​ជា​ផ្នែក​នៃ​បុគ្គលិកលក្ខណៈ​ថ្មី
  • ការ​ច្រណែន—ឧបសគ្គ​ដល់​សេចក្ដី​អាណិតអាសូរ
  • ឧបសគ្គ​ឯ​ទៀត​ដល់​សេចក្ដី​អាណិតអាសូរ
  • សេចក្ដី​អាណិតអាសូរ​ដល់​មនុស្ស​ឈឺ
  • សេចក្ដី​អាណិតអាសូរ​ដល់​មនុស្ស​ខ្សោយ
  • ចូរ«មានចិត្ដទន់សន្ដោស»ចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ‹ព្រះហឫទ័យមេត្ដាករុណាប្រោសប្រណីរបស់ព្រះនៃយើង›
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ចូរយកតម្រាប់ព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីអាណិតមេត្ដា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ព្រះយេហូវ៉ា—បិតារបស់យើងដែលមានព្រះទ័យអាណិតអាសូរ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/២ ទំ. ១១-១៦

ចូរ​សម្ដែង​សេចក្ដី​អាណិតអាសូរ

«ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ថ្នាក់ថ្នម​ដូច​ជា​សេចក្ដី​អាណិតអាសូរ ចិត្ត​សប្បុរស»។—កូល៉ុស ៣:១២, ពថ

១. ហេតុ​អ្វី​ក៏​ត្រូវ​ការ​សេចក្ដី​អាណិតអាសូរ​ម្ល៉េះ​នៅ​សព្វ​ថ្ងៃ​នេះ?

ក្នុង​ប្រវត្ដិសាស្ត្រ មិន​ដែល​មាន​មនុស្ស​ជា​ច្រើន​អនេក​ត្រូវ​ការ​ជំនួយ​នៃ​សេចក្ដី​អាណិត​អាសូរ​ដូច​នៅ​សព្វ​ថ្ងៃ​នេះ​ឡើយ។ ដោយ​ប្រឈម​មុខ​នឹង​ជម្ងឺ ការ​អត់​ឃ្លាន ការ​ឥត​មាន​ការងារ​ធ្វើ ឧក្រិដ្ឋកម្ម សង្គ្រាម អនាធិបតេយ្យ និង​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ មនុស្ស​រាប់​លាន​នាក់​ត្រូវ​ការ​ជំនួយ។ ប៉ុន្តែ​មាន​បញ្ហា​មួយ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត នេះ​គឺ​សភាព​វិញ្ញាណ​ដ៏​ដុនដាប​របស់​មនុស្ស​លោក។ សាតាំង​«បាន​នាំ​លោកីយ៍​ទាំង​មូល​ឲ្យ​វង្វេង​ចេញ»​ដោយ​ដឹង​ថា​ពេល​វេលា​របស់​វា​កាន់​តែ​ខ្លី។ (វិវរណៈ ១២:៩, ១២) ម្ល៉ោះ​ហើយ ជា​ពិសេស​ចំពោះ​ពួក​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ​គ្រីស្ទាន​ពិត នោះ​មុខ​ជា​នឹង​បាត់បង់​ជីវិត​របស់​គេ​ជា​មិន​ខាន ហើយ​ព្រះ​គម្ពីរ​ក៏​ពុំ​បាន​ចែង​ថា​នឹង​មាន​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​រស់​ឡើង​វិញ ចំពោះ​អស់​អ្នក​ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​កំឡុង​ថ្ងៃ​ជំនុំជំរះ​នៅ​ខាង​មុខ​នេះ​ដែរ។—ម៉ាថាយ ២៥:៣១​-​៣៣, ៤១, ៤៦; ថែស្សាឡូនីចទី២ ១:៦​-​៩

២. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បាន​ទប់​ព្រះទ័យ​ពី​ការ​បំផ្លាញ​មនុស្ស​អាក្រក់?

២ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​សម្ដែង​សេចក្ដី​អត់ធ្មត់​និង​សេចក្ដី​អាណិតអាសូរ​មក​លើ​មនុស្ស​អាក្រក់​ដែល​ឥត​ដឹង​គុណ រហូត​មក​ដល់​ទី​ចុង​បំផុត​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ។ (ម៉ាថាយ ៥:៤៥; លូកា ៦:៣៥, ៣៦) មូលហេតុ​ដែល​ទ្រង់​បាន​ធ្វើ​យ៉ាង​នេះ គឺ​ដូច​គ្នា​នឹង​ពេល​ដែល​ទ្រង់​បាន​ពន្យារ​ការ​ដាក់​ទណ្ឌកម្ម​ដល់​សាសន៍​អ៊ីស្រាអែល​ដែល​មិន​ស្មោះ​ត្រង់​ដែរ។ «ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ‹ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​រីករាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់​នៅ​វិញ​ទេ​តើ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​មក ចូរ​បែរ​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ ដ្បិត​ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់› »?—អេសេគាល ៣៣:១១

៣. តើ​មាន​ឧទាហរណ៍​អ្វី ស្តី​អំពី​សេចក្ដី​អាណិតអាសូរ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​ដែល​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​ទ្រង់ ហើយ​តើ​មាន​មេ​រៀន​អ្វី​ចំពោះ​យើង?

៣ ព្រះ​យេហូវ៉ា​ក៏​បាន​សម្ដែង​សេចក្ដី​អាណិតអាសូរ​ទៅ​លើ​ពួក​នីនីវេ​ដ៏​អាក្រក់​ដែរ។ ព្រះ​យេហូវ៉ា​បាន​បញ្ជូន​ព្យាការី​យ៉ូណស​ឲ្យ​ទៅ​ព្រមាន​ពួក​គេ​អំពី​ហាយនភាព​ដែល​ជិត​កើត​មាន​ឡើង។ ពួក​គេ​បាន​ប្រតិកម្ម​ជា​វិជ្ជមាន​ចំពោះ​ការ​ផ្សាយ​របស់​លោក​យ៉ូណស ហើយ​ក៏​បាន​ប្រែ​ចិត្ត។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​ក្ដួល​អាណិត ហើយ​ក៏​បាន​ទប់​ព្រះទ័យ​ពី​ការ​កំទេច​ក្រុង​នីនីវេ​នៅ​គ្រា​នោះ។ (យ៉ូណាស ៣:១០; ៤:១១) បើសិន​ជា​ព្រះ​មាន​ព្រះទ័យ​អាណិត​ដល់​ពួក​នីនីវេ ដែល​អាច​មាន​សេចក្ដី​រស់​ឡើង​វិញ នោះ​ទ្រង់​ច្បាស់​ជា​មាន​ព្រះទ័យ​អាណិតអាសូរ​ដល់​មនុស្ស​នៅ​សម័យ​នេះ ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ហាយនភាព​ដ៏​អស់កល្ប​ជានិច្ច​ហើយ!—លូកា ១១:៣២

កិច្ចការ​នៃ​សេចក្ដី​អាណិតអាសូរ ដែល​មិន​មាន​ពី​មុន

៤. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​សម្ដែង​សេចក្ដី​អាណិតអាសូរ​ដល់​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ?

៤ ដើម្បី​ឲ្យ​សម​នឹង​បុគ្គលិកលក្ខណៈ​ដែល​ប្រកប​ដោយ​សេចក្ដី​អាណិតអាសូរ​របស់​ទ្រង់ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ពួក​ស្មរបន្ទាល់​របស់​ទ្រង់​ឲ្យ​ឧស្សាហ៍​ទៅ​ជួប​អ្នកជិតខាង​ប្រាប់​អំពី​«ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ»។ (ម៉ាថាយ ២៤:១៤) ហើយ​កាល​ណា​មនុស្ស​តប​ឆ្លើយ​យ៉ាង​អបអរ​ចំពោះ​កិច្ចការ​សង្គ្រោះ​ជីវិត​នេះ ព្រះ​យេហូវ៉ា​នឹង​បើក​ចិត្ត​របស់​គេ​ឲ្យ​យល់​សារ​នៃ​ព្រះ​រាជាណាចក្រ​នេះ។ (ម៉ាថាយ ១១:២៥; កិច្ចការ ១៦:១៤) ក្នុង​ការ​យក​ត្រាប់​តាម​ព្រះ​របស់​គេ ជន​គ្រីស្ទាន​ពិត​សម្ដែង​ចិត្ត​អាណិតអាសូរ ដោយ​ត្រឡប់​ទៅ​ជួប​ពួក​អ្នក​ចំណូល​ចិត្ត ហើយ​នឹង​ជួយ​បង្រៀន​ព្រះ​គម្ពីរ​ដល់​ពួក​គេ បើ​អាច​ធ្វើ​ទៅ​បាន។ ដូច្នេះ​ហើយ ក្នុង​ឆ្នាំ​១៩៩៣ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជាង​បួន​លាន​កន្លះ​នាក់ នៅ​ក្នុង​២៣១​ប្រទេស បាន​ចំណាយ​ពេល​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​អ្នកជិតខាង​របស់​គេ អស់​ជាង​១០០​កោដិ​ម៉ោង។ ក្រោយ​មក ពួក​អ្នក​ចំណូល​ចិត្ត​ទាំង​នេះ​បាន​ឧទ្ទិស​ថ្វាយ​ជីវិត​របស់​គេ​ទៅ​ព្រះ​យេហូវ៉ា ហើយ​បាន​ចូល​រួម​ក្នុង​ជួរ​នៃ​ពួក​ស្មរបន្ទាល់​ដែល​បាន​ជ្រមុជ​ទឹក​ហើយ។ ដូច្នេះ ពួក​គេ​ក៏​បាន​ទទួល​យក​កិច្ចការ​នៃ​សេចក្ដី​អាណិតអាសូរ​ដែល​មិន​មាន​ពី​មុន​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​សិស្ស​នៃ​ថ្ងៃ​មុខ​ដែល​នៅ​ជាប់​ក្នុង​លោកីយ៍​ជិត​វិនាស​របស់​សាតាំង​នេះ​នៅ​ឡើយ។—ម៉ាថាយ ២៨:១៩, ២០; យ៉ូហាន ១៤:១២

៥. កាល​ណា​សេចក្ដី​អាណិតអាសូរ​នៃ​ព្រះ​បាន​ដល់​កំរិត​ហើយ តើ​នឹង​មាន​អ្វី​កើត​ដល់​សាសនា​ដែល​តំណាង​ព្រះ​មិន​ត្រឹម​ត្រូវ?

៥ បន្ដិច​ទៀត ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ជា​«អ្នក​ចំបាំង»។ (និក្ខមនំ ១៥:៣) ដោយ​មាន​សេចក្ដី​អាណិតអាសូរ​ដល់​ព្រះ​នាម​និង​ប្រជា​រាស្ត្រ​របស់​ទ្រង់ ទ្រង់​នឹង​កំទេច​អំពើ​អាក្រក់​ជួជាតិ​ចោល​ទាំង​អស់ ហើយ​នឹង​ស្ថាបនា​ពិភពលោក​ថ្មី​ដ៏​សុចរិត​មួយ។ (ពេត្រុសទី២ ៣:១៣) និកាយ​ផ្សេងៗក្នុង​ពិភព​គ្រីស្ទ​សាសនា​នឹង​ពិសោធ​នូវ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​មុន​គេ។ ដូច​កាល​ដែល​ព្រះ​មិន​បាន​សង្គ្រោះ​ព្រះ​វិហារ​របស់​ទ្រង់​នៅ​ក្រុង​យេរូសាឡិម ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន​ជា​យ៉ាង​ណា ទ្រង់​ក៏​មិន​សង្គ្រោះ​អង្គការ​សាសនា​ណា​ដែល​តំណាង​ទ្រង់​មិន​ត្រឹម​ត្រូវ​យ៉ាង​នោះ​ដែរ។ ព្រះ​នឹង​បណ្ដាល​ចិត្ត​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ឲ្យ​បំផ្លាញ​ពិភព​គ្រីស្ទ​សាសនា​និង​និកាយ​ផ្សេងៗទៀត​នៃ​សាសនា​មិន​ពិត។ (វិវរណៈ ១៧:១៦, ១៧) ព្រះ​យេហូវ៉ា​ប្រកាស​ថា៖ «រីឯ​អញ​វិញ ភ្នែក​អញ​នឹង​មិន​ប្រណី​ទេ អញ​មិន​អាណិត​មេត្ដា​ឡើយ គឺ​អញ​នឹង​ទំលាក់​អំពើ​របស់​គេ​មក​លើ​ក្បាល​គេ​វិញ»។—អេសេគាល ៩:៥, ១០

៦. តាម​វិធី​ណា​ខ្លះ​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ចិត្ត​សម្ដែង​សេចក្ដី​អាណិតអាសូរ?

៦ កាល​ដែល​នៅ​មាន​ពេល​វេលា​នៅ​ឡើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បន្ត​សម្ដែង​សេចក្ដី​អាណិតអាសូរ​ដល់​អ្នកជិតខាង​របស់​គេ ដោយ​ខំ​ខ្នះខ្នែង​ផ្សាយ​សារ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ។ ជា​ធម្មតា ពួក​គេ​ក៏​ជួយ​មនុស្ស​ណា​ដែល​ខ្វះ​ខាត​ខាង​វត្ថុ​សម្ភារៈ​ដែរ បើ​អាច​ធ្វើ​ទៅ​បាន។ ចំពោះ​រឿង​នេះ ភារកិច្ច​ទី​មួយ​របស់​ពួក​គេ គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ខ្វះ​ខាត​នៃ​សមាជិក​គ្រួសារ​ជិតដិត​និង​អស់​អ្នក​ណា​ដែល​មាន​ជំនឿ​ដូច​គេ។ (កាឡាទី ៦:១០; ធីម៉ូថេទី១ ៥:៤, ៨) បេសកកម្ម​សង្គ្រោះ​ជា​ច្រើន​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​អ្នក​ជឿ​គ្នីគ្នា​ដែល​បាន​រង​ទុក្ខ​ពី​មហន្តរាយ​ផ្សេងៗ ជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​អាណិតអាសូរ។ យ៉ាង​ណា​ក្ដី ជន​គ្រីស្ទាន​មិន​បាច់​ចាំ​ទាល់តែ​មាន​វិបត្ដិ​ទើប​បង្ហាញ​សេចក្ដី​អាណិតអាសូរ​នោះ​ឡើយ។ ពួក​គេ​នឹង​រហ័ស​សម្ដែង​គុណសម្បត្ដិ​នេះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គេ។

សេចក្ដី​អាណិតអាសូរ​ជា​ផ្នែក​នៃ​បុគ្គលិកលក្ខណៈ​ថ្មី

៧. (ក) នៅ កូល៉ុស ៣:៨​-​១៣ តើ​សេចក្ដី​អាណិតអាសូរ​ជាប់​ទាក់ទង​នឹង​បុគ្គលិកលក្ខណៈ​ថ្មី​យ៉ាង​ណា? (ខ) តើ​សេចក្ដី​ស្រឡាញ់​យ៉ាង​ថ្នាក់ថ្នម​ធ្វើ​ឲ្យ​ជន​គ្រីស្ទាន​ស្រួល​ធ្វើ​អ្វី?

៧ ពិត​មែន​ហើយ លក្ខណៈ​ដែល​មាន​បាប​របស់​យើង​និង​អានុភាព​ដ៏​អាក្រក់​នៃ​លោកីយ៍​របស់​សាតាំង ជា​ឧបសគ្គ​ដល់​ការ​សម្ដែង​សេចក្ដី​អាណិតអាសូរ​របស់​យើង។ ម្ល៉ោះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ជម្រុញ​យើង​ឲ្យ​បំបាត់​នូវ​«សេចក្ដី​កំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ នឹង​ពាក្យ​អពមង្គល»។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​បាន​ទូន្មាន​ឲ្យ​‹ប្រដាប់​ខ្លួន​នឹង​បុគ្គលិកលក្ខណៈ​ថ្មី›—ជា​បុគ្គលិកលក្ខណៈ​ដែល​ត្រូវ​នឹង​រូប​អង្គ​ព្រះ។ ជា​មុន​ដំបូង យើង​ត្រូវ​បាន​បង្គាប់​ឲ្យ​ប្រដាប់​ខ្លួន​យើង​នឹង​«ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់ធ្មត់»។ បន្ទាប់​មក ព្រះ​គម្ពីរ​បង្ហាញ​យើង​នូវ​វិធី​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​សម្ដែង​គុណសម្បត្ដិ​ទាំង​នេះ។ «ហើយ​ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ​គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។ ការ​អត់​ឱន​ទោស​ជា​ការ​ងាយ​ស្រួល​ណាស់ បើ​យើង​បណ្ដុះ​ឲ្យ​មាន​‹សេចក្ដី​ស្រឡាញ់​យ៉ាង​ថ្នាក់ថ្នម​ដូច​ជា​សេចក្ដី​អាណិតអាសូរ›​ដល់​បងប្អូន​របស់​យើង។—កូល៉ុស ៣:៨​-​១៣

៨. ហេតុ​អ្វី​ក៏​ការ​អត់​ឱន​ទោស​ជា​ការ​សំខាន់?

៨ ម្យ៉ាង​វិញ​ទៀត ការ​មិន​អត់​ឱន​ទោស​ឲ្យ​ដោយ​អាណិតអាសូរ អាច​ធ្វើ​ឲ្យ​ខូច​ដល់​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ រឿង​នេះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​មួយ​របស់​ព្រះ​យេស៊ូ ដែល​ស្តី​អំពី​បាវ​ដែល​មិន​អត់​ឱន​ទោស ដែល​ចៅហ្វាយ​បាន​ចាប់​ដាក់​ក្នុង​គុក​«ទាល់តែ​បាន​សង​បំណុល​នោះ​គ្រប់​ចំនួន»។ បាវ​នោះ​សម​នឹង​ទទួល​ទណ្ឌកម្ម​នេះ​មែន ពីព្រោះ​គាត់​មិន​បាន​សម្ដែង​សេចក្ដី​អាណិតអាសូរ​ដល់​បាវ​គ្នា​ឯង​ម្នាក់​ទៀត ដែល​បាន​អង្វរ​សុំ​សេចក្ដី​មេត្ដាករុណា​ពី​គាត់។ ព្រះ​យេស៊ូ​បាន​បញ្ចប់​រឿង​ប្រៀប​ប្រដូច​នេះ ដោយ​មាន​បន្ទូល​ថា៖ «យ៉ាង​នោះ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ការ​រំលង​របស់​បងប្អូន ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទេ នោះ​ព្រះ​វរបិតា​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ»។—ម៉ាថាយ ១៨:៣៤, ៣៥

៩. តើ​សេចក្ដី​អាណិតអាសូរ​ជាប់​ទាក់ទង​នឹង​ទិដ្ឋភាព​ដ៏​សំខាន់​បំផុត​មួយ​នៃ​បុគ្គលិកលក្ខណៈ​ថ្មី​យ៉ាង​ណា?

៩ សេចក្ដី​អាណិតអាសូរ ជា​ទិដ្ឋភាព​ដ៏​សំខាន់​មួយ​នៃ​សេចក្ដី​ស្រឡាញ់។ ហើយ​សេចក្ដី​ស្រឡាញ់​ជា​សញ្ញា​សំគាល់​នៃ​សាសនា​គ្រីស្ទាន​ពិត។ (យ៉ូហាន ១៣:៣៥) ដូច្នេះ​ហើយ ព្រះ​គម្ពីរ​បញ្ចប់​ការ​រាយរាប់​អំពី​បុគ្គលិកលក្ខណៈ​ថ្មី​ដូច​នេះ៖ «ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​ល័ក្ខណ៍»។—កូល៉ុស ៣:១៤

ការ​ច្រណែន—ឧបសគ្គ​ដល់​សេចក្ដី​អាណិតអាសូរ

១០. (ក) តើ​អ្វី​អាច​បណ្ដាល​ឲ្យ​ការ​ច្រណែន​ដុះ​ក្នុង​ចិត្ត​របស់​យើង? (ខ) តើ​ការ​ច្រណែន​អាច​ធ្វើ​ឲ្យ​មាន​ផល​កម្ម​អាក្រក់​អ្វី​ខ្លះ?

១០ ដោយសារ​តែ​លក្ខណៈ​មាន​បាប​របស់​មនុស្ស ការ​ច្រណែន​អាច​ដុះ​ក្នុង​ចិត្ត​យើង​បាន​យ៉ាង​ស្រួល។ បងប្អូន​ប្រុស​ឬ​ស្រី​ម្នាក់​ប្រហែល​ជា​មាន​សមត្ថភាព​ពី​កំណើត​ច្រើន ឬ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន ដែល​យើង​ពុំ​មាន។ ឬ​ប្រហែល​ជា​មាន​អ្នក​ណា​ម្នាក់​បាន​ទទួល​ប្រសិទ្ធិពរ​ពិសេស​ខាង​វិញ្ញាណ និង​ឯក​សិទ្ធិ​ផ្សេងៗ។ បើសិន​ជា​យើង​ទៅ​ជា​ច្រណែន​នឹង​មនុស្ស​បែប​នេះ តើ​យើង​អាច​រាប់​អាន​ពួក​គេ​ដោយ​សេចក្ដី​អាណិតអាសូរ​បាន​ទេ? ប្រហែល​ជា​មិន​បាន​ទេ។ ផ្ទុយ​ទៅ​វិញ ក្រោយ​មក ការ​មាន​ចិត្ត​ច្រណែន​អាច​បណ្ដាល​ឲ្យ​មាន​ការ​និយាយ​ទិតៀន​គ្នា ឬ​ប្រព្រឹត្ត​អ្វី​មិន​ល្អ ដ្បិត​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​មនុស្ស​ថា៖ «ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច»។ (លូកា ៦:៤៥) ប្រហែល​ជា​មាន​អ្នក​ឯ​ទៀត​ចូល​ដៃ​នឹង​ការ​និយាយ​ទិតៀន​គ្នា​នេះ។ ដូច្នេះ ការ​នេះ​អាច​បង្អាក់​ដល់​សន្ដិភាព​ក្នុង​គ្រួសារ ឬ​ក្នុង​ក្រុម​ជំនុំ​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ។

១១. តើ​ពួក​បង​ប្រុស​របស់​យ៉ូសែប​បាន​រុញ​សេចក្ដី​អាណិតអាសូរ​ចេញ​ពី​ចិត្ត​របស់​គេ​តាម​របៀប​ណា ហើយ​មាន​លទ្ធផល​យ៉ាង​ណា​ដែរ?

១១ សូម​ពិចារណា​មើល​នូវ​អ្វីៗដែល​បាន​កើត​ឡើង​ក្នុង​គ្រួសារ​ដ៏​ធំ​មួយ។ កូន​ច្បង​ដប់​នាក់​របស់​លោក​យ៉ាកុប​មាន​ចិត្ត​ច្រណែន​នឹង​យ៉ូសែប​ជា​ប្អូន​ប្រុស​របស់​គេ ពីព្រោះ​គាត់​ជា​កូន​សំណប់​របស់​ឪពុក។ ជា​លទ្ធផល ពួក​គេ​«និយាយ​អ្វី​នឹង​គាត់​ដោយ​ស្រួល​ពុំ​បាន​ទេ»។ ក្រោយ​មក យ៉ូសែប​បាន​ទទួល​ពរ​ជា​សុបិន​ពី​ព្រះ​មួយ បញ្ជាក់​ថា​គាត់​មាន​សេចក្ដី​អនុគ្រោះ​ពី​ព្រះ។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​បង​ប្រុស​របស់​គាត់​«រឹតតែ​ស្អប់​គាត់​ជា​ខ្លាំង​ទៅ​ទៀត»។ ដោយសារ​តែ​ពួក​គេ​មិន​បាន​បំបាត់​ការ​ច្រណែន​ពី​ចិត្ត​របស់​គេ​ចេញ ដូច្នេះ​ហើយ​បាន​ជា​គ្មាន​កន្លែង​នៅ​សល់​សំរាប់​សេចក្ដី​អាណិតអាសូរ​ក្នុង​ចិត្ត​របស់​គេ​ទេ ហើយ​ការ​នេះ​បាន​នាំ​ឲ្យ​មាន​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ។—លោកុប្បត្តិ ៣៧:៤, ៥, ១១

១២, ១៣. តើ​យើង​គួរ​តែ​ធ្វើ​យ៉ាង​ណា ពេល​ការ​ច្រណែន​ចូល​ក្នុង​ចិត្ត​យើង?

១២ ពួក​គេ​បាន​លក់​យ៉ូសែប​ឲ្យ​ធ្វើ​ជា​ខ្ញុំ​គេ ដោយ​គ្មាន​មេត្ដា​សោះ។ ក្នុង​ការ​ប៉ុនប៉ង​បិទ​បាំង​អំពើ​ទុច្ចរិត​របស់​គេ ពួក​គេ​បាន​បំភាន់​ឪពុក​គេ​ឲ្យ​គិត​ថា យ៉ូសែប​ត្រូវ​បាន​សត្វ​សាហាវ​សម្លាប់​ទៅ​ហើយ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក អំពើ​បាប​របស់​គេ​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ឃើញ នៅ​ពេល​ដែល​ទុរភិក្ស​បាន​ជម្រុញ​ពួក​គេ​ឲ្យ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ទិញ​ម្ហូបអាហារ។ អ្នក​ត្រួត​ពិនិត្យ​ខាង​ម្ហូបអាហារ ដែល​ពួក​គេ​មិន​ដឹង​ថា​ជា​យ៉ូសែប​នោះ បាន​ចោទ​ពួក​គេ​ថា​មក​ឈ្លប​យក​ការណ៍ ហើយ​បាន​ប្រាប់​ពួក​គេ​កុំ​ឲ្យ​មក​រក​ជំនួយ​ទៀត លុះ​ត្រា​តែ​ពួក​គេ​នាំ​បេនយ៉ាមីន ជា​ប្អូនពៅ​របស់​គេ​មក​ជា​មួយ។ ឥឡូវ​នេះ បេនយ៉ាមីន​ជា​កូន​សំណប់​នៃ​ឪពុក​របស់​គេ ហើយ​ពួក​គេ​ដឹង​ថា យ៉ាកុប​មុខ​ជា​មិន​ចង់​ឲ្យ​គាត់​ទៅ​ទេ។

១៣ ដូច្នេះ​ហើយ កាល​ដែល​កំពុង​តែ​ឈរ​នៅ​ពី​មុខ​យ៉ូសែប មនសិការ​របស់​គេ​បាន​ជម្រុញ​ឲ្យ​សារភាព​ថា៖ «ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​យើង​[យ៉ូសែប]​ហើយ ពីព្រោះ យើង​បាន​ឃើញ​សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​វា ក្នុង​កាល​ដែល​វា​អង្វរ​ដល់​យើង​នោះ តែ​យើង​មិន​បាន​ស្ដាប់​តាម​វា​សោះ គឺ​ដោយ​ហេតុ​នោះ​ឯង បាន​ជា​សេចក្ដី​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​រាល់​គ្នា​វិញ»។ (លោកុប្បត្តិ ៤២:២១) ដោយ​សេចក្ដី​អាណិតអាសូរ តែ​ប្រព្រឹត្ត​យ៉ាង​ម៉ឺងម៉ាត់ យ៉ូសែប​បាន​ជួយ​ពួក​បង​ប្រុស​របស់​គាត់​បញ្ចេញ​សេចក្ដី​ស្មោះ​ក្នុង​ការ​ប្រែ​ចិត្ត។ បន្ទាប់​មក គាត់​បាន​បង្ហាញ​អត្តសញ្ញាណ​គាត់​ឲ្យ​ពួក​គេ​ដឹង ហើយ​ក៏​បាន​អត់​ឱន​ទោស​ឲ្យ​គេ​ជា​បរិបូរ។ ក្រុម​គ្រួសារ​ក៏​បាន​ជួប​ជុំ​គ្នា​វិញ។ (លោកុប្បត្តិ ៤៥:៤​-​៨) ជា​ជន​គ្រីស្ទាន យើង​គួរ​តែ​រៀន​ពី​មេ​រៀន​នេះ។ ដោយ​ដឹង​ពី​លទ្ធផល​អាក្រក់​នៃ​ការ​ច្រណែន យើង​គួរ​តែ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា សូម​ទ្រង់​ដក​យក​អារម្មណ៍​ច្រណែន​ចេញ ហើយ​ដាក់​‹សេចក្ដី​អាណិតអាសូរ›​ជំនួស​វិញ។

ឧបសគ្គ​ឯ​ទៀត​ដល់​សេចក្ដី​អាណិតអាសូរ

១៤. ហេតុ​អ្វី​បាន​ជា​យើង​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ខ្លួន​យើង​ឃើញ​អំពើ​ឃោរឃៅ?

១៤ ឧបសគ្គ​មួយ​ទៀត​ដល់​សេចក្ដី​អាណិតអាសូរ​របស់​យើង គឺ​ជា​ការ​បណ្ដោយ​ឲ្យ​ខ្លួន​យើង​ឃើញ​អំពើ​ឃោរឃៅ​ច្រើន។ កីឡា​និង​គ្រឿង​កំសាន្ត​ផ្សេងៗដែល​សម្ដែង​អំពី​អំពើ​ឃោរឃៅ អាច​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​រំជើបរំជួល​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ឃោរឃៅ។ នៅ​សម័យ​ព្រះ​គម្ពីរ ពួក​ពាហិរជន​តែង​តែ​មើល​ពួក​យុទ្ធជន​ប្រហារ​ជីវិត​គ្នា និង​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​តាម​សណ្ឋាន​ផ្សេងៗ ក្នុង​សៃវៀន​របស់​ចក្រភព​រ៉ូម៉ាំង។ យោង​ទៅ​តាម​អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់ គ្រឿង​កំសាន្ត​បែប​នេះ​«ធ្វើ​ឲ្យ​លែង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ការ​រង​ទុក្ខ ដែល​ជា​លក្ខណៈ​មួយ​ធ្វើ​ឲ្យ​មនុស្ស​ខុស​ពី​សត្វ​សាហាវ»។ ក្នុង​ពិភពលោក​ទំនើប​នៃ​សម័យ​នេះ គ្រឿង​កំសាន្ត​ភាគ​ច្រើន​មាន​អានុភាព​ដូច​នោះ​ដែរ។ ចំពោះ​ជន​គ្រីស្ទាន ដែល​ខំ​សម្ដែង​សេចក្ដី​អាណិតអាសូរ ត្រូវ​តែ​សម្រាំង​ការ​ជ្រើសរើស​សៀវភៅ​អាន ភាពយន្ត និង​កម្មវិធី​ទូរទស្សន៍។ ពួក​គេ​ចង​ចាំ​ពាក្យ​ដែល​បាន​ចែង​មក​នៅ​ទំនុកដំកើង ១១:៥៖ «[ព្រះ​យេហូវ៉ា]​មាន​ព្រះ​ហឫទ័យ​ស្អប់​ដល់ . . . ពួក​អ្នក​ដែល​ចូល​ចិត្ត​ខាង​សេចក្ដី​ច្រឡោត»។

១៥. (ក) តើ​បុគ្គល​ម្នាក់​អាច​សម្ដែង​ការ​ខ្វះ​ខាត​យ៉ាង​ធ្ងន់ធ្ងរ​នូវ​សេចក្ដី​អាណិតអាសូរ​យ៉ាង​ណា? (ខ) តើ​ជន​គ្រីស្ទាន​ពិត​តប​ឆ្លើយ​នឹង​ការ​ខ្វះ​ខាត​នៃ​ពួក​អ្នក​ជឿ​ដូច​គ្នា​និង​អ្នកជិតខាង​យ៉ាង​ដូច​ម្ដេច?

១៥ បុគ្គល​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង ក៏​អាច​ខ្វះ​សេចក្ដី​អាណិតអាសូរ​ដែរ។ នេះ​ជា​បញ្ហា​ធំ​មួយ ដូច​ជា​សាវ័ក​យ៉ូហាន​បាន​ពន្យល់​ថា៖ «បើ​អ្នក​ណា​មាន​ភោគ​សម្បត្ដិ​របស់​លោកីយ​នេះ ហើយ​ឃើញ​បងប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្ដា​សោះ នោះ​ធ្វើ​ដូច​ម្ដេច ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន»? (យ៉ូហានទី១ ៣:១៧) រឿង​ប្រៀប​ប្រដូច​មួយ​របស់​ព្រះ​យេស៊ូ ដែល​ស្តី​អំពី​ជនជាតិ​សាម៉ារី​រស់​នៅ​ជិត​ខាង បង្ហាញ​ថា ពួក​សង្ឃ​ដែល​ថា​ខ្លួន​ជា​សុចរិត​និង​ពួក​លេវី​ក៏​ខ្វះ​សេចក្ដី​អាណិតអាសូរ​ដូច​នោះ​ដែរ។ ពេល​បាន​ឃើញ​ស្ថានភាព​នៃ​បងប្អូន​យូដា​ដែល​កំពុង​តែ​ដេក​សន្លប់​នោះ ពួក​ទាំង​នេះ​បាន​ឆ្លង​ផ្លូវ​ទៅ​ម្ខាង​ទៀត ហើយ​ក៏​ដើរ​ហួស​ទៅ។ (លូកា ១០:៣១, ៣២) ផ្ទុយ​ទៅ​វិញ ជន​គ្រីស្ទាន​ដែល​មាន​ចិត្ត​អាណិតអាសូរ រហ័ស​តប​ឆ្លើយ​នឹង​ការ​ខ្វះ​ខាត​ខាង​វត្ថុ​សម្ភារៈ​និង​ខាង​វិញ្ញាណ​នៃ​បងប្អូន​របស់​គេ។ ពួក​គេ​ក៏​មាន​ចិត្ត​ខ្វល់ខ្វាយ​ចំពោះ​ការ​ខ្វះ​ខាត​របស់​មនុស្ស​ចំឡែក ដូច​ជនជាតិ​សាម៉ារី​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​ដែរ។ ដូច្នេះ​ហើយ ពួក​គេ​មាន​ចិត្ត​រីករាយ​នឹង​ផ្ដល់​ឲ្យ​ពេល​វេលា កម្លាំង និង​សម្ភារៈ ដើម្បី​ឲ្យ​កិច្ចការ​បង្កើត​សិស្ស​រីក​ចំរើន​ទៅ​មុខ។ តាម​លំនាំ​នេះ ពួក​គេ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់។—ធីម៉ូថេទី១ ៤:១៦

សេចក្ដី​អាណិតអាសូរ​ដល់​មនុស្ស​ឈឺ

១៦. ចំពោះ​ជម្ងឺ​ផ្សេងៗ តើ​យើង​មាន​ការ​ខ្វះ​ខាត​អ្វី?

១៦ ជម្ងឺ​ជា​វា​ស្នា​របស់​មនុស្ស​លោក​មាន​ខ្ចោះ​ដែល​ជិត​វិនាស​ទៅ។ ជន​គ្រីស្ទាន​ជា​ច្រើន​ក៏​មាន​ជម្ងឺ​ដូច​នេះ​ដែរ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​វិជ្ជា​ជីវៈ​ខាង​ពេទ្យ​ទេ។ ពួក​គេ​ក៏​មិន​អាច​ធ្វើ​អព្ភូតហេតុ​ដូច​ពួក​គ្រីស្ទាន​ពីដើម​ខ្លះ​ដែល​បាន​ទទួល​ឫទ្ធានុភាព​ពី​ព្រះ​គ្រីស្ទ​និង​ពួក​សាវ័ក​របស់​ទ្រង់។ ពេល​ដែល​ពួក​សាវ័ក​នៃ​ព្រះ​គ្រីស្ទ​និង​សហការី​ជិតដិត​របស់​គេ​បាន​ទទួល​មរណភាព​ទៅ ឫទ្ធានុភាព​នោះ​ក៏​បាន​សាប​សូន្យ​ទៅ​ដែរ។ ម្ល៉ោះ​ហើយ​បាន​ជា​យើង​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​អស់​អ្នក​ដែល​រង​ទុក្ខ​ជម្ងឺ​ខាង​រូប​រាង​កាយ រួម​ទាំង​ជម្ងឺ​ខួរ​ក្បាល​និង​ការ​មមាល​ទេ។—កិច្ចការ ៨:១៣, ១៨; កូរិនថូសទី១ ១៣:៨

១៧. តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​របៀប​ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​លោក​យ៉ូប​ដែល​ជា​អ្នក​ឈឺ​និង​រង​ទុក្ខ​លំបាក​នោះ?

១៧ ការ​ក្រៀម​ក្រំ​ចិត្ត​តែង​តែ​ទាក់ទិន​នឹង​ជម្ងឺ។ ឧទាហរណ៍ លោក​យ៉ូប​ជា​អ្នក​កោត​ខ្លាច​ព្រះ មាន​ចិត្ត​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង ពីព្រោះ​តែ​ជម្ងឺ​ដ៏​ធ្ងន់​និង​វិបត្ដិ​ភ័យ​ដែល​សាតាំង​បាន​បណ្ដាល​មក​លើ​គាត់។ (យ៉ូប ១:១៨, ១៩; ២:៧; ៣:៣, ១១​-​១៣) គាត់​ត្រូវ​ការ​មិត្ត​ដែល​មាន​ចិត្ត​អាណិតអាសូរ ហើយ​ជា​អ្នក​«ជួយ​កំសាន្ត»។ (ថែស្សាឡូនីចទី១ ៥:១៤) ផ្ទុយ​ទៅ​វិញ មាន​អ្នក​កំសាន្ត​ចិត្ត​ក្លែង​ក្លាយ​បី​នាក់​បាន​មក​លេង​គាត់ ហើយ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ខុស​អំពី​គាត់។ ពួក​គេ​បាន​ធ្វើ​ឲ្យ​សភាព​ក្រៀម​ក្រំ​របស់​យ៉ូប​រឹតតែ​យ៉ាប់យ៉ឺន​ឡើង ដោយ​និយាយ​ថា​វិបត្ដិ​ភ័យ​នេះ​គឺ​ដោយសារ​តែ​កំហុស​របស់​គាត់។ ជន​គ្រីស្ទាន​នឹង​ចៀស​ផុត​ពី​ការ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​បែប​នេះ បើ​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួក​អ្នក​ជឿ​គ្នា​ឯង​ណា​ដែល​ឈឺ ឬ​ក្រំ​ចិត្ត។ ជួន​កាល អ្វី​ដែល​អ្នក​ទាំង​នេះ​ត្រូវ​ការ​ជាង​គេ គឺ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ពី​បី​លើក​ពី​ពួក​អ្នក​ចាស់​ទុំ ឬ​ជន​គ្រីស្ទាន​ឯ​ទៀត​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដោយ​មាន​ចិត្ត​អាណិតអាសូរ មាន​ការ​អធ្យាស្រ័យ និង​ផ្ដល់​ឲ្យ​សេចក្ដី​ទូន្មាន​ពី​បទ​គម្ពីរ​ដោយ​សេចក្ដី​ស្រឡាញ់។—រ៉ូម ១២:១៥; យ៉ាកុប ១:១៩

សេចក្ដី​អាណិតអាសូរ​ដល់​មនុស្ស​ខ្សោយ

១៨, ១៩. (ក) តើ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​មនុស្ស​ខ្សោយ ឬ​អ្នក​ប្រព្រឹត្ត​ខុស? (ខ) ទោះបី​ជា​ត្រូវ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ​ក្ដី ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ដែល​អ្នក​ចាស់​ទុំ​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុស ដោយ​សេចក្ដី​អាណិតអាសូរ?

១៨ ជា​ពិសេស ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​សម្ដែង​សេចក្ដី​អាណិតអាសូរ។ (កិច្ចការ ២០:២៩, ៣៥) ព្រះ​គម្ពីរ​បាន​បញ្ជា​ថា «យើង​រាល់​គ្នា ដែល​មាន​កំឡាំង បាន​ទ្រាំទ្រ​នឹង​សេចក្ដី​កំសោយ​របស់​ពួក​អ្នក​ដែល​គ្មាន​កំឡាំង»។ (រ៉ូម ១៥:១) ជា​មនុស្ស​មិន​ល្អ​ឥតខ្ចោះ យើង​ទាំង​អស់​គ្នា​តែង​តែ​ប្រព្រឹត្ត​ខុស។ (យ៉ាកុប ៣:២) ដូច្នេះ សេចក្ដី​ថ្និតថ្នម​ជា​ការ​ចាំបាច់ ពេល​ណា​ទាក់ទង​នឹង​មនុស្ស​ដែល​‹បាន​ប្រព្រឹត្ត​ខុស​មុន​នឹង​គាត់​ដឹង​ខ្លួន›។ (កាឡាទី ៦:១) ពួក​អ្នក​ចាស់​ទុំ​មិន​គួរ​យក​ត្រាប់​តាម​ពួក​ផារីស៊ី​ដែល​តាំង​ខ្លួន​ជា​សុចរិត ដែល​បាន​អនុវត្ត​ច្បាប់​របស់​ព្រះ​ដោយ​ឥត​សម​ហេតុ​សម​ផង​នោះ​ឡើយ។

១៩ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​កាន់​តាម​គំរូ​នៃ​សេចក្ដី​អាណិតអាសូរ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ។ ភារកិច្ច​សំខាន់​របស់​ពួក​គេ គឺ​ដើម្បី​បំប៉ន លើក​ទឹក​ចិត្ត និង​ស្ដារ​ចៀម​របស់​ព្រះ​ឡើង​វិញ។ (អេសាយ ៣២:១, ២) ជាជាង​ព្យាយាម​កាន់​កាប់​អ្វី​មួយ​តាម​រយៈ​ច្បាប់​ជា​ច្រើន ពួក​គេ​លើក​យក​គោលការណ៍​ដ៏​ល្អៗក្នុង​ពាក្យ​បន្ទូល​របស់​ព្រះ​ធ្វើ​ជា​គោល​វិញ។ ម្ល៉ោះ​ហើយ ភារកិច្ច​របស់​ពួក​អ្នក​ចាស់​ទុំ​គួរ​តែ​លើក​ទឹក​ចិត្ត នាំ​ឲ្យ​មាន​សេចក្ដី​អំណរ​និង​ការ​អបអរ​ចំពោះ​សេចក្ដី​ល្អ​នៃ​ព្រះ​យេហូវ៉ា ក្នុង​ចិត្ត​បងប្អូន​របស់​គេ​ទាំង​ឡាយ។ បើសិន​ជា​អ្នក​ជឿ​គ្នា​ឯង​ធ្វើ​អ្វី​ខុស​បន្ដិច​បន្តួច ជា​ធម្មតា​អ្នក​ចាស់​ទុំ​នឹង​ជៀសវាង​ពី​ការ​ទូន្មាន​បុគ្គល​នោះ នៅ​ពី​មុខ​អ្នក​ដទៃ។ បើសិន​ជា​ត្រូវ​ការ​និយាយ​ជា​មួយ​បុគ្គល​នោះ​ជា​ចាំបាច់ សេចក្ដី​អាណិតអាសូរ​នឹង​ជំរុញ​អ្នក​ចាស់​ទុំ​ឲ្យ​ពិគ្រោះ​ជា​មួយ​បុគ្គល​នោះ​នៅ​កន្លែង​ណា​មួយ​ដែល​អ្នក​ឯ​ទៀត​មិន​អាច​ឮ។ (ប្រៀបធៀប ម៉ាថាយ ១៨:១៥) ទោះបី​ជា​ពិបាក​រាប់​រក​នឹង​បុគ្គល​នោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​ចាស់​ទុំ​គួរ​តែ​ចេះ​អត់ធ្មត់ និង​មាន​ចិត្ត​ចង់​ជួយ។ ជា​ដាច់ខាត គាត់​មិន​ត្រូវ​រិះ​រក​កំហុស ដើម្បី​បណ្ដេញ​បុគ្គល​នោះ​ចេញ​ពី​ក្រុម​ជំនុំ​ឡើយ។ ទោះបី​ជា​ត្រូវ​បង្កើត​គណៈ​កម្មាធិការ​វិនិច្ឆ័យ​ក៏​ដោយ ក៏​អ្នក​ចាស់​ទុំ​នឹង​សម្ដែង​ចិត្ត​អាណិតអាសូរ​ដល់​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ខុស​ជា​ទម្ងន់​នោះ។ សេចក្ដី​ថ្និតថ្នម​របស់​អ្នក​ចាស់​ទុំ​អាច​ជួយ​បុគ្គល​នោះ​ឲ្យ​ប្រែ​ចិត្ត​វិញ​បាន។—ធីម៉ូថេ​ទី​២ ២:២៤​-​២៦

២០. នៅ​ពេល​ណា​ទើប​ការ​សម្ដែង​សេចក្ដី​អាណិតអាសូរ​ជា​ការ​មិន​ត្រឹម​ត្រូវ ហើយ​ហេតុ​អ្វី?

២០ ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ពេល​ខ្លះ អ្នក​បំរើ​នៃ​ព្រះ​យេហូវ៉ា​មិន​អាច​សម្ដែង​សេចក្ដី​អាណិតអាសូរ​បាន​ទេ។ (ប្រៀបធៀប ចោទិយកថា ១៣:៦​-​៩) ចំពោះ​ការ​ដែល​ជន​គ្រីស្ទាន​«មិន​ត្រូវ​ឲ្យ​ភប់ប្រសព្វ»​ជា​មួយ​នឹង​មិត្ត​ជិតដិត ឬ​សាច់​ញាតិ​ដែល​ត្រូវ​បាន​បណ្ដាច់​មិត្តភាព នោះ​អាច​ទៅ​ជា​ការ​សាកល្បង​ដ៏​ពិបាក​មួយ។ ក្នុង​ករណី​បែប​នេះ វា​ជា​ការ​សំខាន់​ណាស់​ដែល​បុគ្គល​នោះ​មិន​ត្រូវ​បន្ទន់​ទៅ​តាម​ចិត្ត​អាណិតអាសូរ។ (កូរិនថូសទី១ ៥:១១​-​១៣) ភាព​តឹងរ៉ឹង​បែប​នេះ ប្រហែល​ជា​អាច​លើក​ទឹក​ចិត្ត​អ្នក​ធ្វើ​ខុស​ឲ្យ​កែ​ប្រែ​ចិត្ត​វិញ​ក៏​មាន។ ម្យ៉ាង​វិញ​ទៀត ពេល​ទាក់ទង​ជា​មួយ​ជន​ភេទ​ស្រី​ឬ​ប្រុស ជន​គ្រីស្ទាន​ត្រូវ​តែ​ជៀសវាង​នូវ​ការ​សម្ដែង​សេចក្ដី​អាណិតអាសូរ​ដែល​មិន​ត្រឹម​ត្រូវ ដែល​អាច​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​កាម។

២១. តើ​ក្នុង​ទិដ្ឋភាព​ណា​ទៀត ដែល​យើង​ត្រូវ​សម្ដែង​សេចក្ដី​អាណិតអាសូរ ហើយ​តើ​មាន​ប្រយោជន៍​ណា​ខ្លះ?

២១ នៅ​ក្នុង​អត្ថបទ​នេះ យើង​ពុំ​មាន​កន្លែង​គ្រប់គ្រាន់​នឹង​ពិភាក្សា​អំពី​ទិដ្ឋភាព​ជា​ច្រើន​ទៀត​ក្នុង​ការ​សម្ដែង​សេចក្ដី​អាណិតអាសូរ—ដូច​ជា​ការ​ទាក់ទង​ជា​មួយ​ពួក​អ្នក​ចំណាស់ ពួក​អ្នក​កើត​ទុក្ខ​ព្រោះ​តែ​បងប្អូន​ស្លាប់ និង​អស់​អ្នក​ដែល​ប្ដី​ឬ​ប្រពន្ធ​ដែល​មិន​ជឿ​ធ្វើ​ទុក្ខ​បៀតបៀន​ដល់។ យើង​ក៏​ត្រូវ​តែ​សម្ដែង​ចិត្ត​អាណិតអាសូរ​ដល់​ពួក​អ្នក​ចាស់​ទុំ​ដែល​ខំ​ធ្វើ​ការ​យ៉ាង​ពិបាក​សំរាប់​យើង។ (ធីម៉ូថេទី១ ៥:១៧) យើង​ត្រូវ​គោរព​និង​ជួយ​ទំនុកបំរុង​ដល់​ពួក​គេ។ (ហេព្រើរ ១៣:៧, ១៧) សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «ចូរ​ឲ្យ​គ្រប់​គ្នា​មាន . . . ចិត្ត​ទន់​សន្ដោស»។ (ពេត្រុសទី១ ៣:៨) បើ​យើង​ប្រព្រឹត្ត​តាម​លំនាំ​នេះ ក្នុង​គ្រប់​ស្ថានការណ៍ នោះ​យើង​នឹង​នាំ​ឲ្យ​មាន​សាមគ្គីភាព​និង​សុភមង្គល​ក្នុង​ក្រុម​ជំនុំ ហើយ​នឹង​ទាញ​ពួក​អ្នក​ខាង​ក្រៅ​ឲ្យ​ចូល​ក្នុង​សេចក្ដី​ពិត​ដែរ។ ជា​ពិសេស​ទៀត ដោយ​ធ្វើ​យ៉ាង​នេះ យើង​នឹង​ផ្ដល់​ឲ្យ​កិត្ដិយស​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​វរបិតា​ដែល​ប្រកប​ដោយ​ព្រះទ័យ​អាណិតអាសូរ។

សំនួរ​សា​រើ​ឡើង​វិញ

◻ តើ​ព្រះ​យេហូវ៉ា​សម្ដែង​សេចក្ដី​អាណិតអាសូរ​ដល់​មនុស្ស​លោក​មាន​បាប​យ៉ាង​ណា​ខ្លះ?

◻ ហេតុ​អ្វី​បាន​ជា​សំខាន់​ម្ល៉េះ​ក្នុង​ការ​សម្ដែង​ចិត្ត​អាណិតអាសូរ?

◻ តើ​មាន​ឧបសគ្គ​ណា​ខ្លះ​ចំពោះ​ការ​សម្ដែង​ចិត្ត​អាណិតអាសូរ​របស់​យើង?

◻ តើ​យើង​ត្រូវ​តែ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​មនុស្ស​ឈឺ​និង​មនុស្ស​មាន​ចិត្ត​ក្រៀម​ក្រំ?

◻ តើ​អ្នក​ណា​ជា​ពិសេស ដែល​ត្រូវ​ការ​សេចក្ដី​អាណិតអាសូរ ហើយ​ហេតុ​អ្វី?

[រូបភាព​នៅ​ទំព័រ​១២]

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​អនុវត្ត​កិច្ចការ​នៃ​សេចក្ដី​អាណិតអាសូរ​ដែល​មិន​មាន​ពី​មុន នៅ​តាម​ផ្ទះ តាម​ផ្លូវ ព្រម​ទាំង​តាម​គុក ក្នុង​២៣១​ប្រទេស

[រូបភាព​នៅ​ទំព័រ​១៣]

ការ​មើល​អំពើ​ឃោរឃៅ ដូច​ជា​ក្នុង​ទូរទស្សន៍​ក្ដី អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ចិត្ត​អាណិតអាសូរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក