បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១ ទំ. ៤-៧
  • ចូរ«មានចិត្ដទន់សន្ដោស»ចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ«មានចិត្ដទន់សន្ដោស»ចុះ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចិត្ត​ក្ដួល​អាណិត​មាន​ឥទ្ធិពល​ខ្លាំង
  • ការ​ប្រព្រឹត្ត​ដែល​ស​ឲ្យ​ឃើញ​ចិត្ត​ក្ដួល​អាណិត
  • ក្រុម​មនុស្ស​ដែល​ប្រកប​ទៅ​ដោយ ចិត្ត​ក្ដួល​អាណិត
  • ចូរសម្ដែងសេចក្ដីអាណិតអាសូរ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរយកតម្រាប់ព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីអាណិតមេត្ដា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ‹ព្រះហឫទ័យមេត្ដាករុណាប្រោសប្រណីរបស់ព្រះនៃយើង›
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ចូរមាន«ចិត្ដអាណិតមេត្ដា»
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១ ទំ. ៤-៧

ចូរ​«មាន​ចិត្ត​ទន់​សន្ដោស»​ចុះ!

ដោយសារ​មនុស្ស​ទាំង​ឡាយ​គេច​មិន​ផុត​ពី​ជំងឺ​តម្កាត់ ទុរភិក្ស ភាព​ក្រីក្រ ឧក្រិដ្ឋកម្ម ភាព​ចលាចល​ក្នុង​ស្រុក​និង​មហន្តរាយ​ធម្មជាតិ​ជា​ដើម គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​បង្ហាញ​ចិត្ត​ក្ដួល​អាណិត! ចិត្ត​ក្ដួល​អាណិត​ផុស​ចេញ​ពី​ចិត្ត​ដែល​ចេះ​យោគ​យល់​ចំពោះ​ជន​រង​ទុក្ខ ព្រម​ទាំង​មាន​បំណង​ចង់​ជួយ​សម្រាល​ទុក្ខ​គេ​ផង។ ដូច​បាន​ពោល​ថា អាណិតអាសូរ​កាល​ឮ​គេ​ថ្ងូរ នៅ​ស្ងៀម​ពុំ​សុខ ចង់​តែ​ទៅ​ជួយ ឲ្យ​គេ​ស្រាល​ទុក្ខ ចិត្ត​ធ្ងន់​កណ្ដុក ប៉ផ្អុក​រឿយៗ ប្រៀប​នឹង​ទឹក​ដូង​ត្រជាក់​ដែល​ធ្វើ​ឲ្យ​អ្នក​កំពុង​ហត់​ហេវ​មាន​កម្លាំង​ព្រឺ​ស​ឡើង​វិញ។

ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ថា​យើង​មាន​ចិត្ត​ក្ដួល​អាណិត គឺ​ពេល​យើង​ជជ្រុលជជ្រក ឆ្ពោះ​ទៅ​រក​អ្នក​ដែល​កំពុង​កើត​ទុក្ខ។ គប្បី​ឲ្យ​យើង​បង្ហាញ​ចិត្ត​ក្ដួល​អាណិត​ឲ្យ​បាន​ទូលំទូលាយ មិន​ត្រឹម​តែ​ចំពោះ​បង​ប្អូន​ញាតិ​មិត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ។ សូម្បី​តែ​ចំពោះ​មនុស្ស​ដែល​យើង​មិន​ស្គាល់​ក៏​ដោយ យើង​ក៏​អាច​បង្ហាញ​ចិត្ត​អាណិតអាសូរ​ផង​ដែរ។ ពេល​ព្រះ​យេស៊ូ​គ្រិស្ត​បាន​បង្រៀន​មនុស្ស​ជា​ច្រើន​នៅ​លើ​ភ្នំ​មួយ​នា​ប្រទេស​អ៊ីស្រាអែល លោក​បាន​សួរ​ថា​៖ «បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី?»។ ព្រះ​យេស៊ូ​មាន​ឈ្មោះ​ល្បី​ជា​អ្នក​ដែល​បង្ហាញ​ចិត្ត​ក្ដួល​អាណិត បាន​មាន​ប្រសាសន៍​ថា​៖ «អស់​ទាំង​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ»។—ម៉ាថាយ ៥:​៤៦, ៤៧; ៧:១២

ពាក្យ​ពេចន៍​ទាំង​នេះ​មាន​នៅ​ក្នុង​សៀវភៅ​ដែល​ជា​គម្ពីរ​បរិសុទ្ធ។ មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​គម្ពីរ​ជា​សៀវភៅ​ណែនាំ​ដ៏​ល្អ​ប្រពៃ​ក្នុង​ការ​បង្រៀន​យើង​ឲ្យ​ចេះ​បង្ហាញ​ចិត្ត​ក្ដួល​អាណិត។ ម្ដង​ហើយ​ម្ដង​ទៀត​បទ​គម្ពីរ​បញ្ជាក់​ថា យើង​មាន​កាតព្វកិច្ច​សម្រាល​ទុក្ខ​មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ មិន​ថា​ជា​មនុស្ស​ណា​ម្នាក់​ក៏​ដោយ។ គម្ពីរ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ជា​អ្នក​និពន្ធ ព្រម​ទាំង​ពិពណ៌នា​អំពី​លោក​ថា ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ហើយ​ក៏​ជា​អ្នក​ដែល​បង្ហាញ​ចិត្ត​ក្ដួល​អាណិត​ដ៏​លើស​លប់​ផង។

ជា​ឧទាហរណ៍ បទ​គម្ពីរ​មួយ​ចែង​ថា​៖ «[ព្រះ]​សំ​រេ​ច​សេចក្ដី​សុចរិត​ដល់​ពួក​កំព្រា​នឹង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ​នឹង​សំលៀក​បំពាក់​ផង»។ (ចោទិយកថា ១០:​១៨) គម្ពីរ​ពិពណ៌នា​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​«សំ​រេ​ច​សេចក្ដី​សុចរិត​ដល់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន ក៏​ប្រទាន​អាហារ​ដល់​អស់​អ្នក​ដែល​ឃ្លាន​ដែរ»។ (ទំនុកដំកើង ១៤៦:៧) ព្រះ​យេហូវ៉ា​ក៏​មាន​ប្រសាសន៍​អំពី​ជន​អន្ដោប្រវេសន៍​ថា​៖ «ឯ​អ្នក​ប្រទេស​ក្រៅ . . . នោះ​ត្រូវ​ទុក​ដូច​ជា​កើត​នៅ​ស្រុក​ឯង​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​ឯង​ដែរ»។—លេវីវិន័យ ១៩:៣៤

ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​រូប ដែល​មាន​ទំនោរ​ចិត្ត​ចង់​បង្ហាញ​ចិត្ត​ក្ដួល​អាណិត​ទេ។ លោក​ប៉ុល​ដែល​ជា​សាវ័ក​ម្នាក់​របស់​ព្រះ​យេស៊ូ បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​កូល៉ុស​ថា​៖ «អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ នឹង​អំពើ​របស់​វា​ចោល​ចេញ​ហើយ។ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្ដី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ​ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។ ដូច្នេះ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្ដួល​អាណិត . . . ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ​ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ!»។—កូល៉ុស ៣:៩, ១០, ១២

បទ​គម្ពីរ​នេះ​បង្ហាញ​ថា មនុស្ស​ខ្លះ​ត្រូវ​តែ​ព្យាយាម ទើប​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្ដួល​អាណិត​បាន។ ប៉ុន្តែ ព្រះ​តម្រូវ​ឲ្យ​គ្រិស្ត​សាសនិក​ទាំង​ឡាយ​មាន​ចិត្ត​ក្ដួល​អាណិត ដែល​ជា​លក្ខណៈ​សម្បត្ដិ​មួយ​នៃ​មនុស្ស​ដែល​បាន​កែ​ប្រែ​ជា​«ថ្មី»​ឡើង​ហើយ។ ប៉ុល​រស់​នៅ​សម័យ​ដែល​មហា​អំណាច​រ៉ូម​ដ៏​កាច​សាហាវ​បាន​គ្រប់គ្រង ដូច្នេះ​គាត់​លើក​ទឹក​ចិត្ត​អ្នក​រួម​ជំនឿ​ឲ្យ​កែ​ប្រែ​លក្ខណៈ​សម្បត្ដិ​របស់​ខ្លួន​ទាំង​ស្រុង ដើម្បី​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ក្ដួល​អាណិត​ហើយ​ទន់​សន្ដោស​ច្រើន​ជាង។

ចិត្ត​ក្ដួល​អាណិត​មាន​ឥទ្ធិពល​ខ្លាំង

មនុស្ស​ខ្លះ​មាន​ទស្សនៈ​ថា អស់​អ្នក​ដែល​មាន​ចិត្ត​ទន់​សន្ដោស មើល​ទៅ​គួរ​ឲ្យ​អាណោច​អាធម្ម​ណាស់! តើ​ទស្សនៈ​បែប​នេះ​ត្រឹម​ត្រូវ​ទេ?

ទស្សនៈ​បែប​នោះ​មិន​ត្រឹម​ត្រូវ​ទាល់តែ​សោះ! តាម​ការ​ពិត ចិត្ត​ក្ដួល​អាណិត​ផុស​ចេញ​ពី​ចិត្ត​ស្រឡាញ់​ដ៏​ស្មោះ​ស្ម័គ្រ ស្រប​ទៅ​តាម​គំរូ​របស់‹ព្រះ​ដែល​ជា​តួ​សេចក្ដី​ស្រឡាញ់›ពីព្រោះ​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ច្រើន​លើស​លប់។ (យ៉ូហានទី១ ៤:១៦) គប្បី​ណាស់​ដែល​គេ​ហៅ​ព្រះ​យេហូវ៉ា​ថា​ជា​«បិតា​ដ៏​មាន​សេចក្ដី​មេត្ដា​ករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក»។ (កូរិនថូសទី២ ១:​៣) ពាក្យ​ភាសា​ដើម​ដែល​បកប្រែ​ថា «មេត្ដា​ករុណា» មាន​ន័យ​ថា «អាណិតអាសូរ​ចំពោះ​អ្នក​ដែល​កើត​ទុក្ខ»។ តាម​ការ​ពិត ព្រះ​យេហូវ៉ា​«តែង​ល្អ​ដល់​ទាំង​មនុស្ស​អកតញ្ញូ​នឹង​មនុស្ស​អាក្រក់​ដែរ»!—លូកា ៦:៣៥

ព្រះ​ដែល​បាន​បង្កើត​មនុស្ស​លោក​ក៏​តម្រូវ​ឲ្យ​យើង​មាន​គុណ​សម្បត្ដិ​ល្អៗ ដូច​ជា​ចិត្ត​ក្ដួល​អាណិត​ជា​ដើម។ ក្នុង​សៀវភៅ​មីកា ៦:៨ យើង​អាន​ថា​៖ «ឱ​មនុស្ស​អើយ! ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស?»។ សៀវភៅ​សុភាសិត ១៩:២២ ក៏​ចែង​ថា​៖ «សេចក្ដី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា នោះ​គឺ​ជា​សេចក្ដី​សប្បុរស​របស់​អ្នក​នោះ​ឯង»។ ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​ព្រះ​យេហូវ៉ា​មាន​លក្ខណៈ​សម្បត្ដិ​ដូច​បិតា​បេះបិទ ហើយ​ក៏​បាន​ដាស់​តឿន​អ្នក​ដែល​កាន់​តាម​លោក​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្ដា​ករុណា​ដូច​ជា​បិតា​នៃ​អ្នក ដែល​មាន​ចិត្ត​មេត្ដា​ករុណា​ដែរ›។ (លូកា ៦:៣៦) គម្ពីរ​បរិសុទ្ធ​មួយ​ទៀត​បាន​បកប្រែ​ឃ្លា​នេះ​ថា​៖ «ចូរ​មាន​ចិត្ត​ក្ដួល​អាណិត​ដូច​ជា​បិតា​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ត​ក្ដួល​អាណិត» (The Jerusalem Bible)។

គប្បី​ឲ្យ​យើង​មាន​ចិត្ត​ក្ដួល​អាណិត ពីព្រោះ​នេះ​អាច​នាំ​ឲ្យ​យើង​ទទួល​ពរ​ដ៏​គួរ​ឲ្យ​គាប់​ចិត្ត។ សម​ស្រប​នឹង​សុភាសិត ១១:១៧ ម្ដង​ហើយ​ម្ដង​ទៀត​យើង​ឃើញ​ជាក់​ស្តែង​ថា​៖ «មនុស្ស​ដែល​មាន​ចិត្ត​មេត្ដា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន»។ ពេល​ដែល​យើង​មាន​ចិត្ត​អាណិត​ចំពោះ​មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​អំពើ​នោះ​ហាក់​ដូច​ជា​យើង​បាន​ប្រព្រឹត្ត​ចំពោះ​លោក​ផ្ទាល់​តែ​ម្ដង។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​អ្នក​ថ្វាយ​បង្គំ​លោក​ដែល​មាន​ចិត្ត​ក្ដួល​អាណិត។ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ស្តេច​សាឡូម៉ូន​សរសេរ​ថា​៖ «អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត​ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា ថ្វាយ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី» ហើយ​លោក​នឹង​«តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ»។ (សុភាសិត ១៩:១៧) ប៉ុល​ក៏​បាន​សរសេរ​ថា​៖ «ការ​ល្អ​អ្វី​ដែល​គ្រប់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះ​អម្ចាស់»។—អេភេសូរ ៦:៨

ចិត្ត​ក្ដួល​អាណិត​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ជីវិត​យើង​មែន! ពីព្រោះ​ផ្ដល់​ហេតុ​ឲ្យ​យើង​ចុះ​សម្រុង​គ្នា និង​ជួយ​យើង​ឲ្យ​ដោះស្រាយ​បញ្ហា​ពេល​ខ្វែង​គំនិត​គ្នា​ផង​ដែរ។ បើ​មាន​ចិត្ត​ក្ដួល​អាណិត យើង​ចេះ​លើក​លែង​ទោស​ឲ្យ​អ្នក​ដទៃ​ពេល​មាន​ការ​យល់​ច្រឡំ​ពី​គ្នា។ ជួន​កាល​យើង​យល់​ច្រឡំ​ពី​គ្នា​ដោយសារ​មិន​បាន​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​ពី​អារម្មណ៍​ដែល​មាន​នៅ​ក្នុង​ចិត្ត​ខ្លួន ឬ​មួយ​ក៏​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គេ​យល់​ខុស។ ក្នុង​ករណី​បែប​នេះ បើ​មាន​ចិត្ត​ក្ដួល​អាណិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក យើង​ក៏​អាច​រក្សា​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​គ្នា​និង​គ្នា​ដែរ។ គឺ​មិន​ពិបាក​ទេ ឲ្យ​យើង​អត់​ទោស​ដល់​អ្នក​ដែល​តែង​តែ​បង្ហាញ​ចិត្ត​ទន់​សន្ដោស។ ចិត្ត​ក្ដួល​អាណិត​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ប៉ុល​ដែល​ដាស់​តឿន​ថា​៖ «[ចូរ]​ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ!»។—កូល៉ុស ៣:១៣

ការ​ប្រព្រឹត្ត​ដែល​ស​ឲ្យ​ឃើញ​ចិត្ត​ក្ដួល​អាណិត

ចិត្ត​ក្ដួល​អាណិត​ក៏​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ជួយ​ដោះ​ទុក្ខ​អ្នក​ដទៃ។ ដូច​បាន​រៀប​រាប់​នៅ​ខាង​លើ​អំពី​ចិត្ត​អាណិតអាសូរ នេះ​គឺ​ហាក់​ដូច​ជា​យើង​ខ្លោច​ចិត្ត​ជា​មួយ​ជន​ដែល​រង​ទុក្ខ។ ជា​លទ្ធផល ចិត្ត​ក្ដួល​អាណិត​ក៏​ជំរុញ​យើង​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​ពួក​គេ​ផង​ដែរ។

ពេល​ដែល​គ្រិស្ត​សាសនិក​មាន​ចិត្ត​ទន់​សន្ដោស ពួក​គេ​កំពុង​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ។ ទោះបី​ជា​ព្រះ​យេស៊ូ​រវល់​យ៉ាង​ណា​ក្ដី លោក​តែង​តែ​យក​ពេល​ដើម្បី​ផ្ដល់​ជំនួយ​ដល់​អ្នក​ដទៃ រួម​ទាំង​ជួយ​ពួក​គេ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ពេល​ព្រះ​យេស៊ូ​ជ្រាប​ថា​គេ​ត្រូវ​ការ​ជំនួយ ចិត្ត​ក្ដួល​អាណិត​បាន​ជំរុញ​លោក​ឲ្យ​រក​វិធី​ជួយ​គេ​ភ្លាម។

សូម​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេស៊ូ​ពេល​ឃើញ​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​ដែល​«ល្វើយ​ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម​ដែល​ឥត​អ្នក​គង្វាល»។ គម្ពីរ​រៀប​រាប់​ថា​៖ ‹កាល​ព្រះ​យេស៊ូ​ឃើញ​ហ្វូង​មនុស្ស​ហើយ លោក​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​គេ›។ (ម៉ាថាយ ៩:៣៦) អ្នកប្រាជ្ញ​ខាង​គម្ពីរ​ម្នាក់​ពន្យល់​ថា ពាក្យ​ដែល​បកប្រែ​ថា «ក្ដួល​អាណិត»​ក្នុង​ខ​នេះ សំដៅ​ទៅ​លើ​«អារម្មណ៍​ខ្លាំង​ដែល​នាំ​ឲ្យ​ក្ដុក​ក្ដួល​ក្នុង​ចិត្ត»។ តាម​ការ​ពិត គេ​ចាត់​ទុក​ពាក្យ​ភាសា​ក្រិច​នេះ ជា​ពាក្យ​ដែល​សង្កត់​ធ្ងន់​ជាង​គេ​ទៅ​លើ​ចិត្ត​អាណិតអាសូរ។

ស្រដៀង​គ្នា​ដែរ គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​ក្ដួល​អាណិត រហ័ស​រហួន​ក្នុង​ការ​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ខ្វះ​ខាត​ខាង​សម្ភារៈ ឬ​មួយ​ក៏​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ លោក​ពេត្រុស​ដែល​ជា​សាវ័ក​ម្នាក់​របស់​ព្រះ​យេស៊ូ បាន​សរសេរ​ថា​៖ «ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិតអាសូរ​ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន នឹង​មាន​ចិត្ត​ទន់​សន្ដោស»។ (ពេត្រុសទី១ ៣:៨) ជា​ឧទាហរណ៍ សូម​គិត​អំពី​កាលៈទេសៈ​របស់​គ្រិស្ត​សាសនិក​មួយ​គ្រួសារ​ដែល​មាន​ការ​ខ្វះ​មុខ​ខ្វះ​ក្រោយ។ ដោយ​សារ​បញ្ហា​សុខភាព ពួក​គេ​ត្រូវ​តែ​ប្ដូរ​ទីលំនៅ​ទៅ​តំបន់​ផ្សេង​ទៀត។ នៅ​ទី​នោះ អ្នក​រួម​ជំនឿ​គ្នីគ្នា​សុខ​ចិត្ត​ឲ្យ​ពួក​គេ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដោយ​ឥត​គិត​ថ្លៃ អស់​រយៈ​៦​ខែ។ បង​ប្រុស​ដែល​ជា​មេ​គ្រួសារ​បាន​រៀប​រាប់​ថា​៖ «យើង​មាន​អារម្មណ៍​ធូរ​ស្រាល​មែន! ពីព្រោះ​ជា​រៀង​រាល់​ថ្ងៃ ពួក​គាត់​តែង​តែ​មក​សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​ពួក​យើង»។

គ្រិស្ត​សាសនិក​ពិត​ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដទៃ ហើយ​ពេញ​ចិត្ត​នឹង​ចំណាយ​ពេល កម្លាំង​ព្រម​ទាំង​ធនធាន​របស់​ខ្លួន ដើម្បី​ជួយ​មនុស្ស​ដែល​ពួក​គេ​មិន​ធ្លាប់​ស្គាល់។ បុរស​ប្រាំ​នាក់​ដែល​បាន​រៀប​រាប់​ក្នុង​អត្ថបទ​មុន ពួក​គាត់​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា​ដែល​សុខ​ចិត្ត​ជួយ ទោះបី​ជា​ពួក​គេ​មិន​ស្គាល់​ម្ចាស់​ផ្ទះ​ក៏​ដោយ។

សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​រិះ​រក​វិធី​ជួយ​មនុស្ស​ដទៃ។ អាស្រ័យ​ហេតុ​នេះ បាន​ជា​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​ប្រកប​ទៅ​ដោយ​ចិត្ត​ក្ដួល​អាណិត​ហើយ​ទន់​សន្ដោស​ផង។ ប្រហែល​ជា​យើង​ត្រូវ​អាណិត​មេត្ដា​ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​កំព្រា​និង​ស្ត្រី​មេម៉ាយ​ក្នុង​ក្រុម​ជំនុំ ពេល​ដែល​ពួក​គេ​មាន​បញ្ហា​ផ្សេងៗ។ ដោយ​សារ​ពួក​គេ​តែង​តែ​ខ្វះ​លុយ​កាក់ គ្មាន​ថ្នាំ​សង្កូវ​គ្រប់គ្រាន់ គ្មាន​ទី​ជម្រក​សមរម្យ និង​មាន​ការ​លំបាក​ផ្សេង​ទៀត តើ​យើង​អាច​ជួយ​ពួក​គេ​បាន​ទេ?

សូម​គិត​អំពី​ទុក្ខ​លំបាក​ដែល​ស្វាមី​ភរិយា​មួយ​គូ​នៅ​ប្រទេស​ក្រិច​បាន​ជួប​ប្រទះ។ បង​ប្រុស​មាន​ជំងឺ​ដាច់​សរសៃ​ខួរ​ក្បាល។ ពីរ​នាក់​ស្វាមី​ភរិយា​បាន​ធ្វើ​ដំណើរ​អស់​រាប់​រយ​គីឡូម៉ែត្រ​ដើម្បី​ទៅ​មន្ទីរពេទ្យ។ ប៉ុន្តែ ពួក​គាត់​មាន​ប្រាក់​ចំណូល​តែ​បន្ដិច​បន្តួច បាន​ដោយសារ​លក់​ផ្លែ​ក្រូច​ពី​ចម្ការ​របស់​ខ្លួន។ ពេល​នៅ​ឯ​មន្ទីរពេទ្យ តើ​អ្នក​ណា​អាច​ប្រមូល​ផ្លែ​ក្រូច​ហើយ​លក់​ឲ្យ​ពួក​គាត់? ក្រុម​ជំនុំ​នា​តំបន់​នោះ​បាន​ចាត់​វិធានការ​ដើម្បី​ជួយ​ប្រមូល​ផល​ផ្លែ។ យ៉ាង​នេះ គូ​ស្វាមី​ភរិយា​នោះ​អាច​មាន​លុយ​កាក់​ខ្លះ ហើយ​ក៏​មាន​អារម្មណ៍​ធូរ​ស្រាល​ផង។

មាន​ការ​ប្រព្រឹត្ត​ច្រើន​បែប​ច្រើន​យ៉ាង​ដែល​ស​ឲ្យ​ឃើញ​ពី​ចិត្ត​ក្ដួល​អាណិត។ ជា​ឧទាហរណ៍ គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​ទន់​សន្ដោស​ទទួល​ស្គាល់​ថា ការ​ជួយ​សម្រាល​ទុក្ខ​អ្នក​រង​គ្រោះ​មិន​ពិបាក​ណាស់​ណា​ទេ។ តាម​ធម្មតា​យើង​គ្រាន់​តែ​ទៅ​សួរ​សុខ​ទុក្ខ បង្ហាញ​ចិត្ត​យោគ​យល់​ដោយ​ព្រម​ស្ដាប់ មាន​ចិត្ត​អាណិត​អាសូរ និង​ជួយ​រំលឹក​អ្នក​រង​គ្រោះ​ពី​អ្វី​ដែល​សរសេរ​ក្នុង​គម្ពីរ នោះ​គ្រប់គ្រាន់​ហើយ។—រ៉ូម ១២:១៥

ក្រុម​មនុស្ស​ដែល​ប្រកប​ទៅ​ដោយ ចិត្ត​ក្ដួល​អាណិត

គ្រិស្ត​សាសនិក​ទូទាំង​ពិភព​លោក​រួម​គ្នា​ជា​ក្រុម​មនុស្ស​ដែល​មាន​ភាព​សុខសាន្ត ព្រម​ទាំង​ជួយ​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មាន​ចិត្ត​ទន់​សន្ដោស​និង​អាណិតអាសូរ។ គ្រិស្ត​សាសនិក​ពិត​ទទួល​ស្គាល់​ថា មនុស្ស​តែង​តែ​គេច​ចេញ​ពី​ចិត្ត​ដែល​គ្មាន​មេត្ដា តែ​ចូល​ចិត្ត​ទៅ​ជិត​អ្នក​ដែល​មាន​ចិត្ត​ក្ដួល​អាណិត​វិញ។ អាស្រ័យ​ហេតុ​នេះ ពួក​គេ​ព្យាយាម​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ឯ​ស្ថានសួគ៌ ហើយ​ខិតខំ​បង្ហាញ​«ចិត្ត​ទន់​សន្ដោស»​ផង​ដែរ។

សាក្សី​របស់​ព្រះ​យេហូវ៉ា​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ចូល​រួម​ជា​មួយ​ពួក​គេ​ដែល​ជា​គ្រិស្ត​សាសនិក​មួយ​ក្រុម ដែល​ចេះ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ប្រកប​ទៅ​ដោយ​ចិត្ត​ក្ដួល​អាណិត។ សាក្សី​របស់​ព្រះ​យេហូវ៉ា​សូម​ស្វាគមន៍​លោក​អ្នក​ឲ្យ​ចូល​រួម​កម្មវិធី​ជា​មួយ​ពួក​គេ ដើម្បី​ឃើញ​ថា​ពួក​គេ​ពិត​ជា​មាន​ចិត្ត​ទន់​សន្ដោស​និង​រាក់ទាក់​មែន!—រ៉ូម ១៥:៧

[រូបភាព​នៅ​ទំព័រ​៥]

លោក​ប៉ុល​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​កូល៉ុស​ឲ្យ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្ដួល​អាណិត

[រូបភាព​នៅ​ទំព័រ​៧]

ពេល​ព្រះ​យេស៊ូ​ជ្រាប​ថា​បណ្ដា​ជន​ត្រូវ​ការ​ជំនួយ ចិត្ត​ក្ដួល​អាណិត​បាន​ជំរុញ​លោក​ឲ្យ​រក​វិធី​ដើម្បី​ជួយ​ពួក​គេ​ភ្លាម

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក