បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/២ ទំ. ១៧-២២
  • យ៉ូបបានស៊ូទ្រាំ—យើងក៏អាចស៊ូទ្រាំបានដែរ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូបបានស៊ូទ្រាំ—យើងក៏អាចស៊ូទ្រាំបានដែរ!
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រឿង​ចំណោទ​ដ៏​សំខាន់​មួយ
  • សាតាំង​វាយ​ប្រហារ!
  • ព្រឹត្ដិការណ៍​ដែល​រឹតតែ​ខ្លោចផ្សា
  • រឿង​ចំណោទ​មាន​សភាព​កាន់​តែ​ខ្លាំង​ឡើង
  • បុរស​ក្លែង​ក្លាយ​ដែល​ក្រអឺតក្រអោង​បី​នាក់
  • ការ​វាយ​ប្រហារ​របស់​អ្នក​ចោទ​ប្រកាន់​យ៉ូប
  • យើង​ក៏​អាច​ស៊ូទ្រាំ​បាន​ដែរ
  • យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • គោលសំខាន់ៗពីសៀវភៅយ៉ូប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • «ចូរសង្ឃឹមលើព្រះយេហូវ៉ាចុះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចូរស៊ូទ្រាំនិងមានចិត្ដស្មោះគ្រប់លក្ខណ៍ដូចយ៉ូប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/២ ទំ. ១៧-២២

យ៉ូប​បាន​ស៊ូទ្រាំ​—​យើង​ក៏​អាច​ស៊ូទ្រាំ​បាន​ដែរ!

«មើល! យើង​ហៅ​ពួក​អ្នក​ដែល​ចេះ​ស៊ូទ្រាំ ថា​ជា​អ្នក​មាន​សុភមង្គល»។—យ៉ាកុប ៥:១១, ពថ

១. តើ​ជន​គ្រីស្ទាន​ចំណាស់​ម្នាក់​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ខ្លះ​អំពី​សេចក្ដី​ទុក្ខ​លំបាក​របស់​គាត់?

‹អារក្ស​វា​ដេញ​តាម​ខ្ញុំ! ខ្ញុំ​មាន​អារម្មណ៍​ដូច​យ៉ូប​ដែរ›! អាឡិកស្សាឌឺ ហ៊ូ ម៉ាក់មិល្លិន បាន​និយាយ​ពាក្យ​សម្ដី​ទាំង​នេះ​ប្រាប់​ទៅ​មិត្ត​ជិតដិត​របស់​គាត់​ម្នាក់​នៅ​ឯ​មន្ទីរ​ចាត់ការ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ បង​ប្រុស​ម៉ាក់មិល្លិន​បាន​បញ្ចប់​ជីវិត​របស់​គាត់​នៅ​លើ​ផែនដី​នៅ​ខែ​សីហា ថ្ងៃ​ទី២៦ ឆ្នាំ​១៩៦៦ កាល​ដែល​មាន​អាយុ​៨៩​ឆ្នាំ។ គាត់​បាន​ដឹង​ថា​កិត្ដិយស​ចំពោះ​កិច្ច​បំរើ​ស្មោះ​ត្រង់​នៃ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដូច​គាត់​នឹង​ទៅ​«តាម​គេ​ជាប់»។ (វិវរណៈ ១៤:១៣) មែន​ហើយ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នឹង​បន្ត​កិច្ច​បំរើ​ព្រះ​យេហូវ៉ា តាម​រយៈ​សេចក្ដី​រស់​ឡើង​វិញ ជា​ជីវិត​អមតៈ​នៅ​លើ​ស្ថានសួគ៌។ មិត្ត​របស់​គាត់​ទាំង​ឡាយ​មាន​សេចក្ដី​អំណរ​ណាស់ ដែល​បង​ប្រុស​ម៉ាក់មិល្លិន​បាន​ទទួល​រង្វាន់​នោះ។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​កំឡុង​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់​នៅ​លើ​ផែនដី គាត់​មាន​សេចក្ដី​ទុក្ខ​លំបាក​ជា​ច្រើន រួម​ទាំង​បញ្ហា​ខាង​សុខភាព ដែល​ធ្វើ​ឲ្យ​គាត់​ដឹង​យ៉ាង​ច្បាស់​នូវ​ការ​ប៉ុនប៉ង​របស់​សាតាំង ដើម្បី​បំបាក់​បំបែក​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​គាត់​ជា​មួយ​នឹង​ព្រះ។

២, ៣. តើ​យ៉ូប​ជា​អ្នក​ណា?

២ កាល​ដែល​បង​ប្រុស​ម៉ាក់មិល្លិន​បាន​មាន​ប្រសាសន៍​ថា គាត់​មាន​អារម្មណ៍​ដូច​យ៉ូប​នោះ គឺ​គាត់​សំដៅ​ទៅ​បុរស​ម្នាក់ ដែល​បាន​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​នៃ​ជំនឿ​ដ៏​ធំ។ យ៉ូប​បាន​រស់​នៅ​ក្នុង​«ស្រុក​អ៊ូស»​គឺ​ប្រហែល​ជា​នៅ​ទិស​ខាង​ជើង​នៃ​ប្រទេស​អា​រ៉ាប៊ី។ គាត់​ជា​កូន​ចៅ​របស់​សិម ដែល​ជា​កូន​ប្រុស​របស់​លោក​ណូអេ ហើយ​គាត់​ជា​អ្នក​ដែល​បាន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ការ​សាកល្បង​របស់​យ៉ូប ប្រហែល​ជា​បាន​កើត​ឡើង​នៅ​ចន្លោះ​មរណភាព​នៃ​យ៉ូសែប​និង​គ្រា​ដែល​ម៉ូសេ​បាន​បង្ហាញ​ថា​ខ្លួន​គាត់​ជា​មនុស្ស​ទៀងត្រង់។ ក្នុង​កំឡុង​ពេល​នោះ គ្មាន​អ្នក​ណា​មួយ​នៅ​លើ​ផែនដី​មាន​ភក្ដីភាព​ចំពោះ​ព្រះ​ស្មើ​នឹង​យ៉ូប​ឡើយ។ ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​យ៉ូប​ជា​អ្នក​ដែល​មិន​អាច​បន្ទោស​បាន ទៀងត្រង់ ហើយ​កោត​ខ្លាច​ដល់​ព្រះ។—យ៉ូប ១:១, ៨

៣ ជា​អ្នក​«ដ៏​ខ្ពង់​ខ្ពស់​នៃ​អស់​ទាំង​ពួក​បូព៌ា​ប្រទេស» យ៉ូប​មាន​អ្នក​បំរើ​ជា​ច្រើន ហើយ​បសុសត្វ​របស់​គាត់​មាន​ចំនួន​១១.៥០០​ក្បាល។ ប៉ុន្តែ​ភោគទ្រព្យ​ខាង​វិញ្ញាណ​គឺ​សំខាន់​ជា​ទីបំផុត​ចំពោះ​គាត់។ ដូច​ឪពុក​ទាំង​ឡាយ​ដែល​គោរព​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ យ៉ូប​ច្បាស់​ជា​បាន​បង្រៀន​កូន​ប្រុស​ប្រាំ​ពីរ​នាក់​និង​កូន​ស្រី​បី​នាក់​របស់​គាត់​អំពី​ព្រះ​យេហូវ៉ា​ហើយ។ សូម្បី​តែ​ក្រោយ​ពី​ពួក​គេ​លែង​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ក្ដី ក៏​គាត់​បាន​ធ្វើ​ជា​សង្ឃ​សំរាប់​គ្រួសារ ដោយ​ថ្វាយ​យញ្ញបូជា​សំរាប់​ពួក​គេ ក្រែង​លោ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។—យ៉ូប ១:២​-​៥

៤. (ក) ហេតុ​អ្វី​ក៏​ពួក​ជន​គ្រីស្ទាន​ដែល​រង​ទុក្ខ​វេទនា​គួរ​តែ​យក​យ៉ូប​មក​ពិនិត្យ​ពិច័យ? (ខ) ស្តី​អំពី​យ៉ូប តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​យើង​នឹង​ពិនិត្យ​ពិច័យ?

៤ ចំពោះ​ជន​គ្រីស្ទាន​ណា​ដែល​បាន​រង​ទុក្ខ​វេទនា យ៉ូប​ជា​បុគ្គល​ម្នាក់​ដែល​គេ​គួរ​តែ​យក​មក​ពិនិត្យ​ពិច័យ ដើម្បី​ឲ្យ​ពង្រឹង​កំឡាំង​ចិត្ត​គេ​ឲ្យ​ចេះ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់។ សិស្ស​យ៉ាកុប​បាន​សរសេរ​ថា៖ «មើល! យើង​ហៅ​ពួក​អ្នក​ដែល​ចេះ​ស៊ូទ្រាំ ថា​ជា​អ្នក​មាន​សុភមង្គល។ អ្នក​រាល់​គ្នា​បាន​ឮ​អំពី​ការ​ស៊ូទ្រាំ​របស់​លោក​យ៉ូប​ហើយៗក៏​បាន​ឃើញ​នូវ​លទ្ធផល​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ថ្នាក់ថ្នម និង​មេត្ដាករុណា​យ៉ាង​ក្រៃលែង»។ (យ៉ាកុប ៥:១១, ពថ ) ដូច​យ៉ូប ពួក​អ្នក​កាន់​តាម​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេស៊ូវ និង​ពួក​«ហ្វូង​ធំ»​នៅ​បច្ចុប្បន្ន​នេះ ត្រូវ​ការ​ការ​ស៊ូទ្រាំ​ដើម្បី​ដោះ​ស្រាយ​ឲ្យ​បាន​ជោគជ័យ​នឹង​ការ​សាកល្បង​នៃ​ជំនឿ​របស់​គេ​ដែរ។ (វិវរណៈ ៧:១​-​៩) ដូច្នេះ តើ​ការ​សាកល្បង​អ្វី​ខ្លះ ដែល​យ៉ូប​បាន​ស៊ូទ្រាំ​នោះ? ហេតុ​អ្វី​ក៏​ការ​សាកល្បង​នោះ​បាន​កើត​ឡើង? ហើយ​តើ​តាម​របៀប​ណា ដែល​យើង​អាច​មាន​ប្រយោជន៍​ពី​ការ​ពិសោធន៍​របស់​គាត់?

រឿង​ចំណោទ​ដ៏​សំខាន់​មួយ

៥. តើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ស្ថានសួគ៌ ដែល​យ៉ូប​មិន​បាន​ដឹង​នោះ?

៥ រឿង​ចំណោទ​ដ៏​ធំ​មួយ​ហៀប​នឹង​កើត​ឡើង​នៅ​ក្នុង​ស្ថានសួគ៌ ដែល​យ៉ូប​មិន​បាន​ដឹង​អ្វី​ឡើយ។ នៅ​ថ្ងៃ​មួយ​«ពួក​កូន​ព្រះ​បាន​ទៅ​គាល់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា»។ (យ៉ូប ១:៦) រាជបុត្រា​តែ​មួយ​គត់​ដែល​កើត​ផ្ទាល់​ពី​ព្រះ ជា​ព្រះ​បន្ទូល​បាន​នៅ​ទី​នោះ។ (យ៉ូហាន ១:១​-​៣) ពួក​ទេវតា​សុចរិត​និង​ពួក​ទេវតា​ដែល​បាន​បះបោរ​ដែល​ជា​‹ពួក​កូន​របស់​ព្រះ›​ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។ (លោកុប្បត្តិ ៦:១​-​៣) សាតាំង​ក៏​បាន​នៅ​ទី​នោះ​ដែរ ពីព្រោះ​ការ​ដេញ​វា​ចេញ​ពី​ស្ថានសួគ៌​មិន​ទាន់​បាន​កើត​ឡើង រហូត​ដល់​ក្រោយ​ពី​ការ​ស្ថាបនា​ឡើង​ព្រះ​រាជាណាចក្រ​នៅ​ឆ្នាំ​១៩១៤។ (វិវរណៈ ១២:១​-​១២) នៅ​សម័យ​យ៉ូប សាតាំង​បាន​ចោទ​រឿង​ចំណោទ​ដ៏​សំខាន់​មួយ។ វា​ហៀប​នឹង​បញ្ចេញ​ការ​សង្ស័យ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា ទៅ​លើ​សត្តនិករ​ទាំង​អស់​របស់​ទ្រង់។

៦. តើ​សាតាំង​បាន​ខំ​ព្យាយាម​ធ្វើ​អ្វី ហើយ​តើ​វា​និយាយ​បង្ខូច​ព្រះ​យេហូវ៉ា​ដោយ​យ៉ាង​ណា?

៦ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​សួរ​ថា៖ ‹តើ​ឯង​មក​ពី​ណា›? សាតាំង​បាន​ទូល​ឆ្លើយ​ថា៖ «មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី»។ (យ៉ូប ១:៧) វា​បាន​ខំ​ស្វែង​រក​ត្របាក់​បុគ្គល​ណា​ម្នាក់។ (ពេត្រុសទី១ ៥:៨, ៩) ដោយ​បំបាក់​បំបែក​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​នៃ​ពួក​បុគ្គល​ដែល​កំពុង​តែ​បំរើ​ព្រះ​យេហូវ៉ា សាតាំង​ចង់​បញ្ជាក់​ឲ្យ​ឃើញ​ថា គ្មាន​អ្នក​ណា​ម្នាក់​នឹង​បំរើ​ព្រះ​ឲ្យ​បាន​ពេញលេញ​ដោយ​សេចក្ដី​ស្រឡាញ់​បាន​ទេ។ ក្នុង​ការ​ប្រឈម​ទល់​នឹង​រឿង​ចំណោទ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​សួរ​សាតាំង​ថា៖ ‹តើ​ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បំរើ​អញ​ឬ​ទេ ដ្បិត​គ្មាន​អ្នក​ណា​មួយ នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​ល័ក្ខណ៍​ហើយ​ទៀងត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង›? (យ៉ូប ១:៨) យ៉ូប​បាន​អនុលោម​ទៅ​តាម​បមាណីយ​របស់​ព្រះ​បាន​ទាំង​អស់ ថ្វី​បើ​គាត់​ជា​មនុស្ស​មិន​ល្អ​ឥតខ្ចោះ​ក្ដី។ (ទំនុកដំកើង ១០៣:១០​-​១៤) ប៉ុន្តែ​សាតាំង​បាន​ស៊ក​សំដី​ថា៖ «ដែល​យ៉ូប​កោត​ខ្លាច​ដល់​ព្រះ​អង្គ តើ​ឥត​មាន​ប្រយោជន៍​ទេ​ឬ? តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី? ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្ដិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែនដី»។ (យ៉ូប ១:៩, ១០) ដូច្នេះ អារក្ស​បាន​និយាយ​បង្ខូច​ព្រះ​យេហូវ៉ា ដោយ​ផ្ដោះផ្ដង​ថា​គ្មាន​អ្នក​ណា​ម្នាក់​ស្រឡាញ់​និង​ថ្វាយ​បង្គំ​ទ្រង់ ពី​ចិត្ត​ដោយ​អបអរ​ដល់​ឋានៈ​និង​គុណសម្បត្ដិ​របស់​ទ្រង់​ឡើយ។ ប៉ុន្តែ​វា​និយាយ​ផ្ដោះផ្ដង​ទៀត​ថា ព្រះ​សូក​សត្តនិករ​ឲ្យ​បំរើ​ទ្រង់​វិញ។ សាតាំង​ចោទ​ថា​យ៉ូប​បាន​បំរើ​ព្រះ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មែន​ដោយ​សេចក្ដី​ស្រឡាញ់​ទេ។

សាតាំង​វាយ​ប្រហារ!

៧. តើ​តាម​វិធី​ណា​ដែល​អារក្ស​បាន​ប្រកួត​នឹង​ព្រះ ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​យ៉ាង​ណា?

៧ សាតាំង​បាន​ទូល​ថា៖ «ដូច្នេះ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ត ទៅ​ពាល់​របស់​ផង​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ​ភក្ដ្រ»។ តើ​ព្រះ​ទ្រង់​នឹង​តប​ឆ្លើយ​ដល់​ការ​ប្រកួត​ដ៏​ប្រមាថ​នេះ​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ឆ្លើយ​ថា៖ «មើល! អញ​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ កុំ​ឲ្យ​តែ​ដាក់​ដៃ​លើ​ខ្លួន​គាត់​ឡើយ»! អារក្ស​វា​បាន​និយាយ​ថា អ្វីៗទាំង​អស់​ដែល​យ៉ូប​មាន​គឺ​ព្រះ​បាន​ប្រទាន​ពរ​ឲ្យ​មាន​ជា​ច្រើន ព្រម​ទាំង​បាន​ដាក់​របង​ការពារ​ឲ្យ​ទៀត​ផង។ ព្រះ​ទ្រង់​នឹង​អនុញ្ញាត​ឲ្យ​យ៉ូប​រង​ទុក្ខ តែ​ទ្រង់​ហាម​មិន​ឲ្យ​សាតាំង​ដាក់​ដៃ​ប៉ះ​ពាល់​ទៅ​លើ​រូប​រាង​កាយ​គាត់​ឡើយ។ ក្នុង​ការ​ប្ដេជ្ញា​ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់ សាតាំង​ក៏​បាន​ចេញ​ពី​សភា​នោះ​ទៅ។—យ៉ូប ១:១១, ១២

៨. (ក) តើ​យ៉ូប​បាន​បាត់បង់​ទ្រព្យ​អ្វី​ខ្លះ? (ខ) តើ​«ភ្លើង​របស់​ព្រះ»​តាម​ការ​ពិត​ជា​អ្វី?

៨ មិន​យូរ​ប៉ុន្មាន សាតាំង​ក៏​ចាប់​ផ្ដើម​ការ​វាយ​ប្រហារ​របស់​វា។ អ្នក​បំរើ​របស់​យ៉ូប​ម្នាក់​បាន​មក​ជំរាប​ប្រាប់​ពត៌មាន​ដ៏​អាក្រក់​នេះ​ថា៖ «កំពុង​ដែល​គោ​នៅ​ភ្ជួរ ហើយ​ហ្វូង​លា​រក​ស៊ី​ជិត​ខាង នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សំឡាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ»។ (យ៉ូប ១:១៣​-​១៥) របង​ការពារ​នៅ​ជុំវិញ​ទ្រព្យ​របស់​យ៉ូប​ត្រូវ​បាន​ដក​ចេញ។ សឹង​តែ​មួយ​រំពេច​នោះ អារក្ស​បាន​ប្រើ​អំណាច​របស់​វា ពីព្រោះ​អ្នក​បំរើ​ម្នាក់​ទៀត​បាន​រាយ​ការណ៍​ថា៖ «ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ហ្វូង​ចៀម នឹង​ពួក​បាវ​ព្រាវ​អស់​ទៅ​ហើយ»។ (យ៉ូប ១:១៦) ជា​ការ​ឃោរឃៅ​មែន ដែល​វា​បាន​ធ្វើ​ឲ្យ​ការណ៍​នេះ​ហាក់បី​ដូច​ជា​ព្រះ​ជា​ដើម​ហេតុ​ចំពោះ​វិបត្ដិ​ភ័យ​ទៅ​លើ​អ្នក​បំរើ​ផ្ទាល់​របស់​ទ្រង់! ដោយ​ផ្លេកបន្ទោរ​មក​ពី​ស្ថានសួគ៌ គេ​អាច​បន្ទោស​ទៅ​លើ​ព្រះយេហូវ៉ា​យ៉ាង​ស្រួល ប៉ុន្តែ​តាម​ការ​ពិត ភ្លើង​នោះ​គឺ​បាន​មក​ពី​ប្រភព​របស់​អារក្ស​ទេ។

៩. តើ​ការ​ហិន​ហោច​ខាង​សេដ្ឋកិច្ច​មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​ទំនាក់ទំនង​របស់​យ៉ូប​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

៩ កាល​ដែល​សាតាំង​បាន​បន្ត​ការ​វាយ​ប្រហារ​របស់​វា អ្នក​បំរើ​ម្នាក់​ទៀត​បាន​រាយ​ការណ៍​ថា ពួក​សាសន៍​ខាល់ដេ​បាន​មក​ប្លន់​ពង្រត់​យក​អូដ្ឋ​របស់​យ៉ូប និង​បាន​សម្លាប់​ពួក​អ្នក​បំរើ​ទាំង​អស់​ហើយ។ (យ៉ូប ១:១៧) ថ្វី​បើ​យ៉ូប​បាន​មាន​ការ​ហិន​ហោច​ខាង​សេដ្ឋកិច្ច​ក្ដី ការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​គាត់​ជា​មួយ​នឹង​ព្រះ​បាក់​បែក​ទេ។ តើ​អ្នក​អាច​ស៊ូទ្រាំ​នឹង​ការ​បាត់បង់​ទ្រព្យ​ដ៏​សម្បើម ដោយ​មិន​បំបាក់​បំបែក​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​បាន​ទេ?

ព្រឹត្ដិការណ៍​ដែល​រឹតតែ​ខ្លោចផ្សា

១០, ១១. (ក) តើ​មាន​អ្វី​កើត​ឡើង​ដល់​កូន​ចៅ​ដប់​នាក់​របស់​យ៉ូប? (ខ) ក្រោយ​ពី​សេចក្ដី​ស្លាប់​នៃ​កូន​ចៅ​របស់​យ៉ូប​ដែល​គួរ​ឲ្យ​ខ្លោចផ្សា​នោះ តើ​គាត់​មាន​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ណា?

១០ អារក្ស​មិន​ទាន់​ចប់​វាយ​ប្រហារ​យ៉ូប​ទេ។ នៅ​មាន​អ្នក​បំរើ​ម្នាក់​ទៀត​បាន​រាយ​ការណ៍​ថា៖ «ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិភោគ នៅ​ផ្ទះ​បង​ច្បង។ ស្រាប់​តែ​មាន​ខ្យល់​គំហុក​ជា​ខ្លាំង​បក់​មក​ពី​ទី​រហោ​ស្ថាន បោក​ប្រមុំ​ផ្ទះ​ទាំង​៤​ជ្រុង រំលំ​ទៅ​លើ​កូន​លោក​ស្លាប់​អស់​ទៅ​ហើយ។ មាន​តែ​ខ្ញុំ​១​ទេ ដែល​រួច ដើម្បី​មក​ជំរាប​លោក»។ (យ៉ូប ១:១៨, ១៩) អ្នក​ឲ្យ​ការណ៍​មិន​ពិត​ប្រហែល​ជា​មាន​ប្រសាសន៍​ថា ហាយនភាព​នោះ​ត្រូវ​បាន​បណ្ដាល​មក​ដោយ​ខ្យល់​ដែល​ជា​‹ការ​ប្រព្រឹត្ត​របស់​ព្រះ›។ យ៉ាង​ណា​ក៏​ដោយ អំណាច​របស់​អារក្ស​បាន​ប៉ះ​ពាល់​ទៅ​លើ​កន្លែង​ដែល​ងាយ​ធ្វើ​ឲ្យ​យ៉ូប​ឈឺចាប់​យ៉ាង​ខ្លាំង។

១១ ដោយ​មាន​ទុក្ខ​សោក យ៉ូប​‹បាន​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្ដួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ​បង្គំ›។ យ៉ាង​ណា​ក៏​ដោយ ចូរ​ស្ដាប់​ពាក្យ​របស់​គាត់​ចុះ៖ «ព្រះ​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បាន​ព្រះ​ពរ​ចុះ»។ ដំណើរ​រឿង​បន្ថែម​ទៀត​ថា៖ «ក្នុង​គ្រប់​សេចក្ដី​ទាំង​នេះ​យ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ»។ (យ៉ូប ១:២០​-​២២) សាតាំង​ក៏​ត្រូវ​បាន​បរាជ័យ​នៅ​លើក​នេះ​ទៀត។ ចុះ​យ៉ាង​ណា​វិញ​ដែរ បើសិន​ជា​យើង​មាន​អ្នក​ណា​មួយ​បាន​ស្លាប់​ចោល​ហើយ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ជា​អ្នក​បំរើ​របស់​ព្រះ​ម្នាក់​នោះ? ភក្ដីភាព​ដែល​អអញនិយម​ដល់​ព្រះ​យេហូវ៉ា និង​ការ​ទុក​ចិត្ត​ទៅ​លើ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ​បាន ជា​អ្នក​មាន​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ម្នាក់ ដូច​លោក​យ៉ូប​ដែរ។ ពួក​អ្នក​ចាក់​ប្រេង​តាំង និង​ពួក​គូកន​របស់​គេ​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​លើ​ផែនដី​នេះ ច្បាស់​ជា​បាន​ទទួល​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត​ជា​មិន​ខាន ពី​ដំណើរ​រឿង​នៃ​ការ​ស៊ូទ្រាំ​របស់​លោក​យ៉ូប។

រឿង​ចំណោទ​មាន​សភាព​កាន់​តែ​ខ្លាំង​ឡើង

១២, ១៣. នៅ​ក្នុង​សភា​មួយ​ទៀត​ក្នុង​ស្ថានសួគ៌ តើ​សាតាំង​បាន​ស្នើ​សុំ​អ្វី ហើយ​តើ​ព្រះ​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

១២ មិន​យូរ​ប៉ុន្មាន ព្រះ​យេហូវ៉ា​ក៏​ហៅ​ប្រជុំ​មួយ​ទៀត​នៅ​ក្នុង​ទីលាន​សួគ៌ា។ យ៉ូប​បាន​ក្លាយ​ទៅ​ជា​អ្នក​គ្មាន​កូន​ចៅ ជា​បុរស​ទ័ល​ក្រ ដែល​ហាក់បី​ដូច​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​មាន​ទុក្ខ​វេទនា ប៉ុន្តែ​គាត់​នៅ​តែ​មាន​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ដដែល។ ប្រាកដ​ហើយ សាតាំង​មិន​សារភាព​ថា ការ​ចោទ​ប្រឆាំង​របស់​វា​ចំពោះ​ព្រះ​និង​យ៉ូប ជា​ការ​ខុស​ទេ។ ឥឡូវ​នេះ​‹ពួក​កូន​ព្រះ›​ហៀប​នឹង​ឮ​ការ​ប្រកែក​និង​ការ​ឆ្លើយ​តប កាល​ដែល​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​នឹង​អារក្ស ដើម្បី​នឹង​យក​រឿង​ចំណោទ​មក​ដោះ​ស្រាយ​ផ្ដាច់​ព្រ័ត្រ។

១៣ ក្នុង​ការ​ជំនុំជំរះ​សាតាំង ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​សួរ​ថា៖ ‹តើ​ឯង​មក​ពី​ណា›? តើ​វា​ឆ្លើយ​យ៉ាង​ណា? គឺ​«មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី»។ ម្ដង​នេះ​ទៀត ព្រះ​យេហូវ៉ា​បាន​បំបែរ​សតិ​អារម្មណ៍​ទៅ​ឯ​យ៉ូប​ជា​អ្នក​បំរើ​របស់​ទ្រង់ ដែល​មិន​អាច​បន្ទោស​បាន ទៀងត្រង់ និង​ចេះ​កោត​ខ្លាច​ព្រះ ដែល​នៅ​កាន់​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​យ៉ាង​ខ្ជាប់ខ្ជួន។ អារក្ស​បាន​ទូល​ឆ្លើយ​ថា៖ «ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​នឹង​សុខ​ចិត្ត​លះបង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង នឹង​សាច់​គាត់​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ​ភក្ដ្រ»។ ដូច្នេះ​ព្រះ​បាន​មាន​បន្ទូល​ថា៖ «អញ​ប្រគល់​គាត់​ទៅ​ក្នុង​អំណាច​ឯង​ទៀត ចូរ​ប្រណី​ដល់​តែ​ជីវិត​គាត់​ប៉ុណ្ណោះ»! (យ៉ូប ២:២​-​៦) ដោយ​និយាយ​ផ្ដោះផ្ដង​ថា ព្រះ​យេហូវ៉ា​មិន​ទាន់​ដក​យក​របង​ការពារ​ចេញ​ទាំង​អស់​ទេ​នោះ សាតាំង​បាន​ទាមទារ​ចង់​ធ្វើ​គ្រោះ​ថ្នាក់​ដល់​ឆ្អឹង​និង​សាច់​របស់​យ៉ូប។ ព្រះ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​សម្លាប់​លោក​យ៉ូប​ឡើយ ប៉ុន្តែ​សាតាំង​ដឹង​ថា រោគ​ខាង​រូប​កាយ​នឹង​ធ្វើ​ឲ្យ​គាត់​ឈឺចាប់ ហើយ​នឹង​ធ្វើ​ឲ្យ​គាត់​គិត​ថា គាត់​កំពុង​តែ​រង​ទុក្ខ​ទណ្ឌកម្ម​ពី​ព្រះ ដោយសារ​អំពើ​បាប​សម្ងាត់​ណា​មួយ។

១៤. តើ​សាតាំង​បាន​បៀតបៀន​យ៉ូប​នឹង​អ្វី ហើយ​ហេតុ​អ្វី​ក៏​គ្មាន​មនុស្ស​ណា​អាច​ផ្ដល់​ការ​ធូរ​ស្បើយ​ដល់​អ្នក​រង​ទុក្ខ​បាន?

១៤ ក្រោយ​ពី​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​សភា​នោះ​ហើយ សាតាំង​ក៏​បន្ត​កិច្ចការ​របស់​វា​យ៉ាង​ឃោរឃៅ។ វា​បាន​បៀតបៀន​យ៉ូប​ឲ្យ​«កើត​ដំបៅ​ដ៏​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល»។ យ៉ូប​បាន​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ក្រៃលែង កាល​ដែល​គាត់​បាន​អង្គុយ​នៅ​ក្នុង​ផេះ ហើយ​យក​អំបែង​ឆ្នាំ​ង​មក​កោស​ខ្លួន​នោះ! (យ៉ូប ២:៧, ៨) គ្មាន​គ្រូ​ពេទ្យ​មនុស្ស​ណា​អាច​ធ្វើ​ឲ្យ​ធូរ​ស្បើយ​ដល់​ការ​ឈឺចាប់​ដ៏​អាក្រក់ ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​និង​គួរ​ឲ្យ​អាម៉ាស់​មុខ​នេះ​បាន​ឡើយ ពីព្រោះ​ដំបៅ​ដ៏​អាក្រក់​នេះ​បាន​បណ្ដាល​មក​ដោយ​អំណាច​របស់​សាតាំង។ មាន​តែ​ព្រះ​យេហូវ៉ា​ទេ ដែល​អាច​ធ្វើ​ឲ្យ​យ៉ូប​ជា​វិញ​បាន។ បើសិន​អ្នក​ជា​អ្នក​បំរើ​របស់​ព្រះ​ម្នាក់​ដែល​មាន​ជម្ងឺ​នោះ ចូរ​កុំ​ភ្លេច​ថា​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​ចេះ​ស៊ូទ្រាំ​បាន ហើយ​អាច​ប្រទាន​ឲ្យ​ជីវិត​ដល់​អ្នក​នៅ​ក្នុង​ពិភពលោក​ថ្មី​ដែល​គ្មាន​ជម្ងឺ។—ទំនុកដំកើង ៤១:១​-​៣; អេសាយ ៣៣:២៤

១៥. តើ​ប្រពន្ធ​របស់​យ៉ូប​ជម្រុញ​គាត់​ឲ្យ​ធ្វើ​អ្វី តើ​គាត់​បាន​ប្រតិកម្ម​យ៉ាង​ណា?

១៥ នៅ​ទីបំផុត ប្រពន្ធ​របស់​យ៉ូប​បាន​មាន​ប្រសាសន៍​ថា៖ ‹តើ​អ្នក​នៅ​តែ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ទៀត​ឬ ចូរ​ប្រមាថ​ដល់​ព្រះ ហើយ​ស្លាប់​ទៅ​ចុះ›! ‹ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍›​មាន​ន័យ​ថា​ចិត្ត​ភក្ដី​ដែល​គ្មាន​បន្ទោស ហើយ​នាង​ប្រហែល​ជា​និយាយ​ចំអក​បញ្ឈឺ​ចិត្ត​ដើម្បី​ឲ្យ​យ៉ូប​ប្រមាថ​ព្រះ។ ប៉ុន្តែ​គាត់​បាន​តប​ឆ្លើយ​ថា៖ «ឯង​និយាយ​ដូច​ជា​ស្រី​ឆោត​ល្ងង់​ទេ ម៉េច យើង​ទទួល​សេចក្ដី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្ដី​អាក្រក់​ដែរ​ទេ​ឬ»? សូម្បី​តែ​កលល្បិច​របស់​សាតាំង​នេះ ក៏​ពុំ​បាន​ជោគជ័យ​ដែរ ពីព្រោះ​យើង​ត្រូវ​បាន​ប្រាប់​ថា៖ «ក្នុង​គ្រប់​ទាំង​សេចក្ដី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​បបូរមាត់​ទេ»។ (យ៉ូប ២:៩, ១០) ឧបមា​ថា សមាជិក​ដែល​ប្រឆាំង​ក្នុង​គ្រួសារ​និយាយ​ថា យើង​បាន​ធ្វើ​ឲ្យ​ខ្លួន​អស់​កំឡាំង​ក្នុង​សកម្មភាព​គ្រីស្ទាន​ដែល​ឥត​ប្រយោជន៍ ហើយ​ដាស់​តឿន​យើង​ឲ្យ​លះបង់​ព្រះ​យេហូវ៉ា​ចោល​នោះ យើង​អាច​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​បែប​នេះ​ដូច​យ៉ូប​បាន​ដែរ ពីព្រោះ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ហើយ​ចង់​សរសើរ​ព្រះ​នាម​បរិសុទ្ធ​របស់​ទ្រង់។—ទំនុកដំកើង ១៤៥:១, ២; ហេព្រើរ ១៣:១៥

បុរស​ក្លែង​ក្លាយ​ដែល​ក្រអឺតក្រអោង​បី​នាក់

១៦. តើ​អ្នក​ណា​ដែល​តាំង​ខ្លួន​បាន​មក​សម្រាល​ទុក្ខ​ឲ្យ​យ៉ូប ប៉ុន្តែ​តើ​សាតាំង​បាន​ប្រើ​ពួក​គេ​យ៉ាង​ណា?

១៦ គ្រោង​ការណ៍​របស់​សាតាំង​មួយ​ទៀត គឺ​មាន​បុរស​បី​នាក់​ដែល​តាំង​ខ្លួន​ជា​«មិត្រ​សំឡាញ់»​បាន​មក​ជួយ​សម្រាល​ទុក្ខ​យ៉ូប។ បុរស​ម្នាក់​ឈ្មោះ​អេលីផាស ដែល​ប្រហែល​ជា​កូន​ចៅ​នៃ​អ័ប្រាហាំ​តាម​រយៈ​អេសាវ។ ដោយ​ព្រោះ​តែ​អេលីផាស​ជា​អ្នក​និយាយ​មុន​គេ គាត់​ប្រហែល​ជា​មាន​ចំណាស់​ជាង​គេ​ហើយ។ ប៊ីលដាឌ​ជា​កូន​ចៅ​នៃ​ស៊ូអា​ក៏​នៅ​ទី​នោះ​ដែរ ជា​កូន​ប្រុស​របស់​អ័ប្រាហាំ​ម្នាក់​តាម​រយៈ​កិទូរា។ បុរស​ទី​បី​គឺ​សូផារ បាន​ហៅ​ជា​ន៉ាអាម៉ា​ដើម្បី​នឹង​សម្គាល់​គ្រួសារ​របស់​គាត់​ឬ​កន្លែង​នៃ​ទីលំនៅ ប្រហែល​ជា​នៅ​ទិស​ខាង​ជើង​ឈៀង​ខាង​លិច​នៃ​ប្រទេស​អា​រ៉ាប៊ី។ (យ៉ូប ២:១១; លោកុប្បត្តិ ២៥:១, ២; ៣៦:៤, ១១) ដូច​អស់​អ្នក​ដែល​ខំ​ព្យាយាម​ឲ្យ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​លះបង់​ចោល​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ សាតាំង​ក៏​បាន​ប្រើ​បុរស​បី​នាក់​នេះ ក្នុង​ការ​ខំ​ព្យាយាម​ធ្វើ​ឲ្យ​យ៉ូប​សារភាព​កំហុស​ចំពោះ​ការ​ចោទ​មិន​ត្រឹម​ត្រូវ ហើយ​ឲ្យ​បំបាក់​បំបែក​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​គាត់​ដែរ។

១៧. តើ​បុរស​បី​នាក់​ដែល​មក​លេង​បាន​ធ្វើ​អ្វី ហើយ​អស់​រយៈ​ប្រាំ​ពីរ​ថ្ងៃ​និង​ប្រាំ​ពីរ​យប់ តើ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី?

១៧ បុរស​បី​នាក់​នេះ​បាន​សម្ញែង​ឲ្យ​គេ​ឃើញ​នៃ​ស​មាន​ចិត្ត​របស់​ខ្លួន ដោយ​ធ្វើ​ជា​យំ ហែក​អាវ ហើយ​បាច​ធូលីដី​ទៅ​លើ​ក្បាល​របស់​គេ​ផង។ ប៉ុន្តែ​រួច​មក ពួក​គេ​បាន​អង្គុយ​ជា​មួយ​យ៉ូប​អស់​ប្រាំ​ពីរ​ថ្ងៃ​ប្រាំ​ពីរ​យប់ ដោយ​ឥត​មាន​អ្នក​ណា​ម្នាក់​និយាយ​ពាក្យ​សម្រាល​ទុក្ខ​មួយ​មាត់​សោះ! (យ៉ូប ២:១២, ១៣; លូកា ១៨:១០​-​១៤) បុរស​ក្លែង​ក្លាយ​ដែល​ក្រអឺតក្រអោង​បី​នាក់​នេះ​ពុំ​មាន​ភាព​វិញ្ញាណ​ឡើយ ដូច្នេះ​ហើយ​ពួក​គេ​គ្មាន​អ្វី​ល្អៗនឹង​និយាយ​អំពី​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​ទ្រង់​ឡើយ។ តែ​ពួក​គេ​ចេះ​តែ​ធ្វើ​ការ​សន្និដ្ឋាន​ខុស ហើយ​ប្រុង​ប្រៀប​ខ្លួន​នឹង​ប្រើ​ការ​សន្និដ្ឋាន​នេះ​ប្រឆាំង​នឹង​យ៉ូប ពេល​ដែល​គេ​បាន​សម្ញែង​ឲ្យ​ឃើញ​ការ​ទុក្ខ​ព្រួយ​ជា​សាធារណៈ​របស់​គេ​រួច។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ មុន​នឹង​ការ​ស្ងប់​ស្ងៀម​ប្រាំ​ពីរ​ថ្ងៃ​នោះ​បាន​ចប់ យុវជន​ម្នាក់​ឈ្មោះ​អេលីហ៊ូវ​បាន​មក​អង្គុយ​នៅ​កន្លែង​ដែល​គាត់​អាច​ឮ​ការ​សន្ទនា​ពី​ចម្ងាយ។

១៨. ហេតុ​អ្វី​ក៏​យ៉ូប​ចង់​ស្លាប់​ដើម្បី​ឲ្យ​បាន​សន្ដិភាព?

១៨ នៅ​ទីបំផុត យ៉ូប​ក៏​លែង​នៅ​ស្ងៀម​បាន​ទៀត។ ដោយសារ​តែ​បុរស​បី​នាក់​នោះ​ពុំ​បាន​ជួយ​សម្រាល​ទុក្ខ​ដល់​គាត់ គាត់​ក៏​ដាក់​បណ្ដាសា​ដល់​ថ្ងៃ​កំណើត​របស់​ខ្លួន ហើយ​បាន​ងឿង​ឆ្ងល់​នូវ​ហេតុ​អ្វី​បាន​ជា​ជីវិត​ដ៏​វេទនា​របស់​គាត់​នៅ​មាន​ដ៏​យូរ​ម្ល៉េះ។ គាត់​ចង់​ស្លាប់​ដើម្បី​ឲ្យ​បាន​សន្ដិភាព ដោយ​មិន​នឹក​ស្មាន​ថា គាត់​នឹង​មាន​សេចក្ដី​អំណរ​ទៀត​មុន​នឹង​គាត់​ស្លាប់ ពីព្រោះ​ឥឡូវ​នេះ គាត់​ជា​មនុស្ស​ទុគ៌ត ហើយ​កូន​ចៅ​ស្លាប់​ចោល​អស់ ព្រម​ទាំង​ឈឺ​យ៉ាង​ធ្ងន់ធ្ងរ​ផង។ ប៉ុន្តែ ព្រះ​មិន​បណ្ដោយ​ឲ្យ​អារក្ស​ធ្វើ​គ្រោះ​ថ្នាក់​ដល់​យ៉ូប​រហូត​ដល់​ស្លាប់​ឡើយ។—យ៉ូប ៣:១​-​២៦

ការ​វាយ​ប្រហារ​របស់​អ្នក​ចោទ​ប្រកាន់​យ៉ូប

១៩. តើ​អេលីផាស​បាន​ចោទ​ប្រកាន់​ដោយ​មិន​ពិត​ថា​យ៉ូប​ធ្វើ​អ្វី​ខ្លះ?

១៩ អេលីផាស​បាន​និយាយ​មុន​គេ​ជា​រៀង​រាល់​ដង​ក្នុង​កិច្ច​ពិភាក្សា​ត​ទល់​គ្នា​ទាំង​បី​ទឹក ដែល​បាន​សាកល្បង​មើល​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​យ៉ូប​ត​ទៅ​ទៀត។ ក្នុង​សេចក្ដី​ថ្លែង​ទី​មួយ អេលីផាស​បាន​សួរ​ថា៖ «តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀងត្រង់​ត្រូវ​កាត់​ចេញ​នោះ»? គាត់​បាន​សន្និដ្ឋាន​ថា យ៉ូប​ច្បាស់​ជា​បាន​ធ្វើ​អ្វី​មួយ​ដ៏​អាក្រក់​ហើយ​បាន​ជា​គាត់​ទទួល​ទណ្ឌកម្ម​ពី​ព្រះ​នោះ។ (យ៉ូប​ជំពូក ៤, ៥) ក្នុង​សេចក្ដី​ថ្លែង​ទីពីរ អេលីផាស​បាន​ចំអក​ដល់​ប្រាជ្ញា​របស់​យ៉ូប ហើយ​បាន​សួរ​ថា៖ «តើ​អ្នក​ចេះ​អ្វី​ដែល​ពួក​យើង​មិន​ចេះ​ដែរ»? អេលីផាស​បាន​និយាយ​ផ្ដោះផ្ដង ថា​យ៉ូប​ខំ​ព្យាយាម​កាន់​ឫក​ខ្ពស់​ស្មើ​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា។ ក្នុង​ការ​បញ្ចប់​ការ​វាយ​ប្រហារ​លើក​ទីពីរ​នេះ គាត់​បាន​ពិពណ៌នា​អំពី​យ៉ូប ជា​អ្នក​មាន​ទោស​នៃ​ការ​បះបោរ​ជំនឿ ការ​សូកប៉ាន់ និង​ការ​បោកបញ្ឆោត។ (យ៉ូប​ជំពូក ១៥) ក្នុង​សេចក្ដី​ថ្លែង​ចុង​បញ្ចប់​របស់​គាត់ អេលីផាស​បាន​ចោទ​ប្រកាន់​យ៉ូប​ដ៏​មិន​ត្រឹម​ត្រូវ​ថា គាត់​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ដូច​ជា—ការ​គំរាម​កំហែង​យក​ទ្រព្យ​សម្បត្ដិ​គេ ការ​មិន​ព្រម​ឲ្យ​នំប៉័ង​និង​ទឹក​ទៅ​ពួក​អ្នក​ដែល​ខ្វះ​ខាត និង​ការ​ជិះជាន់​លើ​ពួក​មេម៉ាយ​និង​ពួក​ក្មេង​កំព្រា។—យ៉ូប​ជំពូក ២២

២០. តើ​ការ​ចោទ​ប្រកាន់​របស់​ប៊ីលដាឌ​ទៅ​លើ​យ៉ូប​មាន​ប្រភេទ​យ៉ាង​ណា?

២០ ក្នុង​កិច្ច​ពិភាក្សា​ត​ទល់​គ្នា​ទាំង​បី​ទឹក​នេះ ប៊ីលដាឌ​ជា​អ្នក​ថ្លែង​ទីពីរ ហើយ​គាត់​តែង​តែ​និយាយ​បន្ត​ពី​ប្រធាន​ដែល​អេលីផាស​បាន​ចាប់​ផ្ដើម។ សេចក្ដី​ថ្លែង​របស់​ប៊ីលដាឌ​មាន​ប្រវែង​មែន ប៉ុន្តែ​គឺ​មុត​ណាស់។ គាត់​បាន​ចោទ​ថា​កូន​ចៅ​របស់​យ៉ូប​បាន​ប្រព្រឹត្ត​អំពើ​ខុស ដូច្នេះ​ហើយ​បាន​ជា​សម​នឹង​ទទួល​នូវ​សេចក្ដី​ស្លាប់។ ក្នុង​ការ​វែកញែក​មិន​ត្រឹម​ត្រូវ​របស់​គាត់ គាត់​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​មួយ៖ ដូច​ដើម​កក់​និង​ដើម​ផ្នក់ទឹក​ស្វិត​ក្រៀម​ហើយ​ងាប់​ទៅ​ដោយ​គ្មាន​ទឹក «ឯ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​ដែល​ភ្លេច​ព្រះ»​ក៏​ដូច្នោះ​ដែរ។ ការ​និយាយ​យ៉ាង​នេះ​គឺ​ពិត​មែន ប៉ុន្តែ​ការ​នេះ​មិន​ទាក់ទង​នឹង​យ៉ូប​ទេ។ (យ៉ូប​ជំពូក ៨) ប៊ីលដាឌ​បាន​ចាត់​ទុក​ការ​ទុក្ខ​វេទនា​របស់​យ៉ូប ជា​អ្វី​ដែល​មាន​មក​លើ​តែ​ពួក​មនុស្ស​អាក្រក់។ (យ៉ូប​ជំពូក ១៨) ក្នុង​សេចក្ដី​ថ្លែង​ដ៏​ខ្លី​នៅ​លើក​ទី​បី ប៊ីលដាឌ​បាន​ប្រកែក​ថា មនុស្ស​ជា​«ដង្កូវ» ដូច្នេះ​ហើយ ជា​អ្វី​ដែល​មិន​ស្អាត​នៅ​ចំពោះ​ព្រះ។—យ៉ូប​ជំពូក ២៥

២១. តើ​សូផារ​បាន​ចោទ​ប្រកាន់​យ៉ូប​ទៅ​លើ​អ្វី?

២១ សូផារ​ជា​បុរស​ទី​បី​ដែល​បាន​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ត​ទល់​គ្នា​នេះ។ ជា​ទូទៅ សេចក្ដី​ថ្លែង​វែកញែក​របស់​គាត់ គឺ​មាន​សភាព​ដូច​អេលីផាស​និង​ប៊ីលដាឌ​ដែរ។ សូផារ​បាន​ចោទ​ប្រកាន់​ថា​យ៉ូប បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជួជាតិ ហើយ​បាន​ដាស់​តឿន​គាត់​ឲ្យ​កំចាត់​ការ​ប្រព្រឹត្ត​ដែល​មាន​បាប​នោះ​ចេញ។ (យ៉ូប​ជំពូក ១១, ២០) ក្រោយ​ពី​គាត់​បាន​ថ្លែង​នៅ​ទឹក​ទីពីរ​ហើយ សូផារ​បាន​ឈប់​និយាយ​ទៀត។ នៅ​ទឹក​ទី​បី​គាត់​ពុំ​មាន​អ្វី​និយាយ​ទៀត​ទេ។ យ៉ាង​ណា​ក៏​ដោយ ក្នុង​កំឡុង​ការ​ពិភាក្សា​ត​ទល់​គ្នា​នេះ យ៉ូប​បាន​តប​ឆ្លើយ​នឹង​អ្នក​ចោទ​ប្រកាន់​របស់​គាត់​យ៉ាង​ក្លាហាន។ ជា​ឧទាហរណ៍ នៅ​ឯ​ចំណុច​មួយ​គាត់​បាន​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​សុទ្ធតែ​ជា​អ្នក​កំសាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ! តើ​ពាក្យ​ជា​អសារ​ឥត​ការ​ទាំង​នេះ​នឹង​ចប់​ចុះ​ត្រឹម​ណា»?—យ៉ូប ១៦:២, ៣

យើង​ក៏​អាច​ស៊ូទ្រាំ​បាន​ដែរ

២២, ២៣. (ក) ដូច​ករណី​របស់​យ៉ូប តើ​តាម​របៀប​ណា​ខ្លះ​ដែល​អារក្ស​អាច​ខំ​ព្យាយាម​បំបាក់​បំបែក​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា? (ខ) ថ្វី​បើ​យ៉ូប​បាន​ស៊ូទ្រាំ​ពី​ការ​សាកល្បង​ផ្សេងៗ តើ​មាន​សំនួរ​អ្វី​ខ្លះ ដែល​យើង​អាច​សួរ​អំពី​អាកប្បកិរិយា​របស់​គាត់?

២២ ដូច​យ៉ូប យើង​ប្រហែល​ជា​ជួប​ប្រទះ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ជា​ច្រើន​នៅ​ពេល​ណា​មួយ ហើយ​សាតាំង​អាច​ប្រើ​ការ​ធ្លាក់​ទឹក​ចិត្ត​ឬ​កត្ដា​ឯ​ទៀត ដើម្បី​ព្យាយាម​បំបាក់​បំបែក​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​យើង។ វា​ប្រហែល​ជា​ព្យាយាម​បំបែរ​យើង​ឲ្យ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា បើ​កាល​ណា​យើង​មាន​បញ្ហា​ខាង​សេដ្ឋកិច្ច។ បើសិន​ជា​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​បាន​ស្លាប់​ទៅ ឬ​យើង​មាន​សុខភាព​មិន​ល្អ​ក្ដី សាតាំង​អាច​ខំ​ព្យាយាម​ធ្វើ​ឲ្យ​យើង​បន្ទោស​ព្រះ។ ដូច​ពួក​មិត្រ​សំឡាញ់​របស់​យ៉ូប ក៏​អាច​មាន​អ្នក​ណា​ម្នាក់​ចោទ​មិន​ពិត​មក​លើ​យើង​ដែរ។ ដូច​បង​ប្រុស​ម៉ាក់មិល្លិន​បាន​បង្ហាញ​ប្រាប់​មក សាតាំង​អាច​‹ដេញ​តាម​យើង› ប៉ុន្តែ​យើង​អាច​ស៊ូទ្រាំ​បាន។

២៣ ដូច​ជា​យើង​បាន​សង្កេត​ឃើញ​រួច​មក​ហើយ យ៉ូប​បាន​ស៊ូទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ផ្សេងៗជា​ច្រើន។ យ៉ាង​ណា​ក៏​ដោយ តើ​គាត់​ស៊ូទ្រាំ​សឹង​តែ​មិន​បាន​ឬ? តើ​គាត់​មាន​វិញ្ញាណ​ខ្ទេច​ខ្ទាំ​មែន​ឬ? សូម​ឲ្យ​យើង​ពិនិត្យ​មើល ថា​តើ​យ៉ូប​ពិត​ជា​បាន​អស់​សង្ឃឹម​ទាំង​អស់​មែន​ទេ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​រឿង​ចំណោទ​ដ៏​ធំ​ណា ដែល​សាតាំង​បាន​ចោទ​ឡើង​នៅ​សម័យ​យ៉ូប?

◻ តើ​តាម​មធ្យោបាយ​ណា ដែល​យ៉ូប​ត្រូវ​បាន​សាកល្បង​ដល់​កម្រិត​ពេញ​ទំហឹង​នោះ?

◻ តើ​«មិត្រ​សំឡាញ់»​របស់​យ៉ូប​បី​នាក់​បាន​ចោទ​ប្រកាន់​គាត់​អំពី​អ្វី?

◻ ដូច​ករណី​របស់​យ៉ូប តើ​សាតាំង​អាច​ខំ​ព្យាយាម​បំបាក់​បំបែក​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​១៧]

អាឡិកស្សាឌឺ ហ៊ូ ម៉ាក់មិល្លិន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក