ចូរស៊ូទ្រាំនិងមានចិត្តស្មោះគ្រប់លក្ខណ៍ដូចយ៉ូប
«ឯងបានសង្កេតមើលយ៉ូប ជាអ្នកបំរើអញឬទេ ដ្បិតគ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។—យ៉ូប ១:៨
១, ២. (ក) តើរឿងខ្លោចផ្សាអ្វីខ្លះបានកើតឡើងដល់យ៉ូប? (ខ) សូមរៀបរាប់អំពីរបៀបរស់នៅរបស់យ៉ូប មុនដែលមានរឿងខ្លោចផ្សាកើតឡើង។
ធ្លាប់មានបុរសម្នាក់ ដែលមានទ្រព្យស្តុកស្តម្ភ កិត្ដិនាម សុខភាពល្អ និងសុភមង្គលក្នុងជីវិតគ្រួសារ។ ក៏ប៉ុន្តែ ភាពសម្បូរសប្បាយរបស់បុរសនោះ បានប្រែក្លាយទៅជាសេចក្ដីវេទនាវិញ នៅពេលមានរឿងខ្លោចផ្សាបីយ៉ាងកើតឡើងផ្ទួនៗគ្នា។ ក្នុងរយៈពេលតែមួយយប់សោះ គាត់បាត់បង់ទ្រព្យសម្បត្ដិទាំងអស់ រួចមកព្យុះសង្ឃរាចម្លែកមួយបានសម្លាប់កូនទាំងអស់របស់គាត់ ហើយមិនយូរក្រោយនោះ ខ្លួនគាត់កើតជំងឺមួយដែលបណ្ដាលឲ្យទុរន់ទុរានិងកើតបូសពេញខ្លួន។ បុរសនោះឈ្មោះយ៉ូប ហើយគាត់ជាតួសំខាន់ក្នុងសៀវភៅព្រះគម្ពីរដែលហៅតាមឈ្មោះរបស់គាត់។—យ៉ូប ជំពូកទី១និង២
២ យ៉ូបបានថ្ងូរថា៖ «ឱបើសិនជាខ្ញុំបានដូចជាកាលពីដើម»។ (យ៉ូប ៣:៣; ២៩:២) ពេលណាជួបអន្តរាយ យើងទាំងអស់គ្នាចង់ឲ្យជីវិតយើងដូចកាលពីដើមដែរ មែនទេ? ក្នុងករណីយ៉ូប គាត់ធ្លាប់មានរបៀបរស់នៅល្អត្រឹមត្រូវ ហើយក៏មើលទៅដូចជាកំពុងតែត្រូវការពារពីគ្រោះអន្តរាយគ្រប់បែបយ៉ាង។ អ្នកធំបានគោរពយ៉ូបហើយសួរមតិយោបល់គាត់។ (យ៉ូប ២៩:៥-១១) យ៉ូបជាអ្នកមានស្តុកស្តម្ភ តែគាត់មិនបានយកទ្រព្យសម្បត្ដិជាធំនោះទេ។ (យ៉ូប ៣១:២៤, ២៥, ២៨) នៅពេលយ៉ូបជួបស្រីមេម៉ាយឬកូនកំព្រាដែលខ្វះខាត គាត់តែងជួយពួកគេ។ (យ៉ូប ២៩:១២-១៦) យ៉ូបក៏បានស្មោះត្រង់នឹងភរិយារបស់គាត់ដែរ។—យ៉ូប ៣១:១, ៩, ១១
៣. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះយ៉ូប?
៣ យ៉ូបជាអ្នកដែលគ្រប់លក្ខណ៍ដោយសារគាត់ថ្វាយបង្គំព្រះ។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «គ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។ (យ៉ូប ១:១, ៨) ទោះជាគាត់ប្រកាន់តាមសីលធម៌ត្រឹមត្រូវក៏ពិតមែន តែរឿងខ្លោចផ្សាបានបំផ្លាញជីវភាពសុខស្រួលរបស់គាត់។ យ៉ូបបាត់បង់អ្វីទាំងអស់ក្នុងមួយរំពេច ហើយការឈឺចាប់ ទុកវេទនា និងអារម្មណ៍ល្វីងជូរចត់បានសឲ្យឃើញធាតុពិតរបស់គាត់។
៤. ហេតុអ្វីយើងអាចទទួលប្រយោជន៍ពីការពិនិត្យឡើងវិញនូវបទពិសោធន៍របស់យ៉ូប?
៤ មានអ្នកបម្រើព្រះជាច្រើនដែលធ្លាប់ហែលឆ្លងកាត់សេចក្ដីទុក្ខវេទនា មិនមានតែយ៉ូបប៉ុណ្ណោះទេ។ សព្វថ្ងៃនេះ គ្រិស្តសាសនិកពិតជាច្រើននាក់អាចយល់ចិត្តយល់អារម្មណ៍របស់យ៉ូបបាន។ ហេតុនេះហើយបានជាមានសំណួរសំខាន់ពីរយ៉ាង ដែលគប្បីឲ្យយើងពិចារណាគឺ តើការពិនិត្យឡើងវិញនូវបទពិសោធន៍របស់យ៉ូបអាចជួយយើងយ៉ាងដូចម្ដេច ពេលយើងប្រឈមមុខនឹងទុក្ខលំបាក? តើបទពិសោធន៍របស់យ៉ូបអាចបង្រៀនយើងឲ្យចេះយល់ចិត្តអ្នកឯទៀតយ៉ាងដូចម្ដេច?
ភាពស្មោះត្រង់ត្រូវចោទប្រកាន់ ហើយចិត្តស្មោះគ្រប់លក្ខណ៍ត្រូវសាកល្បង
៥. យោងទៅតាមសាតាំង ហេតុអ្វីយ៉ូបបម្រើព្រះ?
៥ ករណីរបស់យ៉ូបគឺខុសប្លែកពីធម្មតា។ យ៉ូបមិនបានដឹងទេថាអារក្សបានបង្កើតឲ្យមានការសង្ស័យទៅលើមូលហេតុដែលយ៉ូបបម្រើព្រះ។ ក្នុងកំលុងការប្រជុំមួយនៅស្ថានសួគ៌ ព្រះយេហូវ៉ាមានបន្ទូលបញ្ជាក់ពីគុណសម្បត្ដិរបស់យ៉ូប។ ពេលមានបន្ទូលហើយ សាតាំងទូលឆ្លើយថា៖ «តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ នឹងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬអី?»។ ដោយនិយាយយ៉ាងនេះ សាតាំងចង់ចោទប្រកាន់ថា យ៉ូបបម្រើព្រះដោយសារតែចង់ទទួលប្រយោជន៍ប៉ុណ្ណោះ។ ការចោទប្រកាន់របស់វាក៏បង្កើតឲ្យមានការសង្ស័យទៅលើបំណងចិត្តរបស់អ្នកបម្រើគ្រប់ទាំងអស់របស់ព្រះ។ សាតាំងក៏បានទូលព្រះយេហូវ៉ាថា៖ «ចូរទ្រង់គ្រាន់តែលូកព្រះហស្ត ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ដ្រ»។—យ៉ូប ១:៨-១១
៦. តើសាតាំងបានចោទប្រកាន់រឿងសំខាន់អ្វី?
៦ ការចោទប្រកាន់នោះគឺសំខាន់ណាស់។ នៅដើមដំបូង សាតាំងបានចោទប្រកាន់របៀបព្រះយេហូវ៉ាប្រើអំណាចគ្រប់គ្រងរបស់ទ្រង់។ នេះនាំឲ្យមានសំណួរថា តើការគ្រប់គ្រងរបស់ព្រះពិតជាមានមូលដ្ឋានលើសេចក្ដីស្រឡាញ់ឬទេ? ឬក៏នៅទីបំផុតតើការគ្រប់គ្រងរបស់ទ្រង់ត្រូវមានមូលដ្ឋានលើការចង់បានផលប្រយោជន៍វិញ ដូចសាតាំងបានចោទប្រកាន់នោះឬ? ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអារក្សសាកល្បងយ៉ូប ដោយជឿជាក់ថាអ្នកបម្រើមួយរូបនេះនឹងរក្សាភាពស្មោះត្រង់និងចិត្តស្មោះគ្រប់លក្ខណ៍ចំពោះទ្រង់។ ដូច្នេះ គឺសាតាំងទេដែលធ្វើឲ្យយ៉ូបជួបអន្តរាយផ្ទួនៗគ្នានោះ។ នៅពេលការសាកល្បងដំបូងរបស់សាតាំងបានបរាជ័យ វាបានធ្វើឲ្យយ៉ូបកើតជំងឺដ៏ឈឺចាប់មួយ។ អារក្សបានអះអាងថា៖ «ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោលដើម្បីឲ្យបានជីវិតគង់នៅ»។—យ៉ូប ២:៤
៧. សព្វថ្ងៃនេះ តើអ្នកបម្រើព្រះយេហូវ៉ាអាចជួបទុក្ខលំបាកអ្វីខ្លះដែលស្រដៀងនឹងករណីរបស់យ៉ូប?
៧ សព្វថ្ងៃនេះ ទោះជាគ្រិស្តសាសនិកពិតភាគច្រើនមិនរងទុក្ខវេទនាដល់ថ្នាក់ដូចយ៉ូបបានរងទុក្ខនោះក៏ពិតមែន ក៏ពួកគេជួបទុក្ខលំបាកប្រភេទផ្សេងទៀតវិញ។ បងប្អូនជាច្រើនប្រឈមមុខការបៀតបៀន ឬបញ្ហាក្នុងក្រុមគ្រួសារ រីឯបងប្អូនផ្សេងទៀតពួកគេត្រូវលំបាកដោយសារបញ្ហាលុយកាក់ឬបញ្ហាសុខភាព។ បងប្អូនខ្លះបានប្ដូរជីវិតនឹងជំនឿរបស់ខ្លួន។ ទោះជាយ៉ាងនេះក៏ដោយ ពេលយើងជួបទុក្ខលំបាកយើងមិនត្រូវសន្និដ្ឋានថា គឺជារូបសាតាំងផ្ទាល់ដែលធ្វើឲ្យយើងលំបាករាល់ដងនោះទេ។ តាមការពិត បញ្ហាខ្លះអាចផ្ដើមចេញពីកំហុសរបស់ខ្លួនយើង ឬអាចមកពីបញ្ហាសុខភាពតពូជ។ (កាឡាទី ៦:៧) យើងទាំងអស់គ្នាអាចជួបនឹងការលំបាកដោយសារជរាភាពនិងមហន្តរាយធម្មជាតិ។ ព្រះគម្ពីរបញ្ជាក់ច្បាស់ថា នៅបច្ចុប្បន្ននេះ ព្រះយេហូវ៉ាមិនធ្វើអព្ភូតហេតុការពារអ្នកបម្រើទ្រង់ពីទុក្ខលំបាកបែបនេះទេ។—សាស្ដា ៩:១១
៨. តើសាតាំងប្រហែលជាខំឆ្លៀតយកប្រយោជន៍ពីទុក្ខវេទនារបស់យើងដោយដូចម្ដេច?
៨ ទោះជាយ៉ាងនោះក៏ដោយ ក៏សាតាំងអាចឆ្លៀតយកប្រយោជន៍ពីទុក្ខលំបាកដែលយើងជួបប្រទះ ដើម្បីបំផ្លាញជំនឿរបស់យើង។ សាវ័កប៉ុលបាននិយាយថាគាត់«មានបន្លា១ចាត់មកក្នុងសាច់ឈាម . . . គឺជាទេវតារបស់អារក្សសាតាំង»ដែល«មកធ្វើទុក្ខ»គាត់។ (កូរិនថូសទី២ ១២:៧) មិនថាបន្លានោះសំដៅទៅលើបញ្ហាភ្នែកអន់ឬបញ្ហាមួយផ្សេងទៀតក៏ដោយ ក៏ប៉ុលយល់ថាសាតាំងអាចឆ្លៀតយកប្រយោជន៍ពីបញ្ហានោះនិងអារម្មណ៍ធ្លាក់ទឹកចិត្តដែលបញ្ហានោះបណ្ដាលឲ្យមាន ដើម្បីធ្វើឲ្យប៉ុលបាត់បង់អំណរនិងភាពស្មោះគ្រប់លក្ខណ៍។ (សុភាសិត ២៤:១០) សព្វថ្ងៃនេះ សាតាំងប្រហែលជាញុះញង់សមាជិកក្រុមគ្រួសារ រដ្ឋាភិបាលផ្ដាច់ការ ឬមិត្តរួមថ្នាក់ឲ្យបៀតបៀនអ្នកបម្រើព្រះ។
៩. ហេតុអ្វីយើងមិនសូវភ្ញាក់ផ្អើលពេលមានទុក្ខលំបាកឬការបៀតបៀន?
៩ តើយើងអាចប្រឈមមុខទុក្ខវេទនាបែបនោះយ៉ាងដូចម្ដេច? យើងអាចចាត់ទុកគ្រាដែលមានទុក្ខលំបាកជាឱកាសបង្ហាញថា យើងស្រឡាញ់ព្រះយេហូវ៉ាហើយចុះចូលចំពោះការគ្រប់គ្រងរបស់ទ្រង់ដោយឥតរេរាឡើយ។ (យ៉ាកុប ១:២-៤) មិនថាទុក្ខលំបាករបស់យើងមកពីប្រភពណាក៏ដោយ ការយល់ដឹងអំពីសារៈសំខាន់នៃភាពស្មោះត្រង់ចំពោះព្រះនឹងជួយឲ្យយើងរក្សាលំនឹងខាងវិញ្ញាណ។ សាវ័កពេត្រុសបានសរសេរទៅកាន់បណ្ដាគ្រិស្តសាសនិកថា៖ «ពួកស្ងួនភ្ងាអើយ! កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្ដៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចំឡែកនោះឡើយ»។ (ពេត្រុសទី១ ៤:១២) ហើយប៉ុលបានពន្យល់ថា៖ «ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្ដិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ»។ (ធីម៉ូថេទី២ ៣:១២) សាតាំងនៅតែចោទប្រកាន់ភាពស្មោះគ្រប់លក្ខណ៍របស់ស្មរបន្ទាល់ព្រះយេហូវ៉ា ដូចវាបានចោទប្រកាន់យ៉ូបដែរ។ តាមពិតព្រះគម្ពីរបញ្ជាក់ថាវាកំពុងតែច្បាំងនឹងរាស្ត្រព្រះខ្លាំងជាងមុនទៅទៀតក្នុងកំលុងជាន់ក្រោយបង្អស់នេះ។—វិវរណៈ ១២:៩, ១៧
ការយល់ច្រឡំនិងឱវាទមិនល្អ
១០. តើយ៉ូបមិនបានដឹងអំពីអ្វី?
១០ យើងដឹងអ្វីមួយដែលយ៉ូបមិនបានដឹងទេ ពោលគឺយ៉ូបមិនដឹងអំពីមូលហេតុដែលគាត់រងទុក្ខវេទនានោះ។ យ៉ូបបានយល់ច្រឡំថា «ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ»។ (យ៉ូប ១:២១) ប្រហែលជាសាតាំងមានបំណងចង់ធ្វើឲ្យយ៉ូបគិតស្មានថាគឺជាព្រះដែលធ្វើឲ្យគាត់រងទុក្ខវិញ។
១១. សូមរៀបរាប់អំពីប្រតិកម្មរបស់យ៉ូបចំពោះទុក្ខលំបាករបស់គាត់។
១១ យ៉ូបបានធ្លាក់ទឹកចិត្តយ៉ាងខ្លាំង តែមិនរហូតដល់ប្រមាថតិះដៀលព្រះតាមយោបល់ប្រពន្ធគាត់ឡើយ។ (យ៉ូប ២:៩, ១០) យ៉ូបបាននិយាយថា៖ ‹មនុស្សទុច្ចរិតមានភាពសុខស្រួលជាងខ្ញុំឆ្ងាយណាស់›។ (យ៉ូប ២១:៧-៩) គាត់ច្បាស់ជាបានឆ្ងល់ថា ‹ហេតុអ្វីព្រះកំពុងតែដាក់ទោសខ្ញុំយ៉ាងនេះ?›។ មានពេលខ្លះដែលយ៉ូបចង់ស្លាប់ជាជាងរស់នៅ។ គាត់ធ្លាប់ឧទានថា៖ «ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ! ហើយទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់សេចក្ដីក្រោធរបស់ទ្រង់កន្លងបាត់ទៅ»។—យ៉ូប ១៤:១៣
១២, ១៣. តើសម្ដីនៃមិត្តបីនាក់របស់យ៉ូបមានឥទ្ធិពលយ៉ាងណាទៅលើគាត់?
១២ យ៉ូបមានមិត្តភក្ដិបីនាក់មកសួរសុខទុក្ខ។ ពួកគេអះអាងថាចង់«មករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ»។ (យ៉ូប ២:១១) ក៏ប៉ុន្តែ ពួកគេ«សុទ្ធតែជាអ្នកកំសាន្តចិត្ត ដែលនាំឲ្យល្វើយ[ឬ«អំពល់ទុក្ខ»]វិញ»។ (យ៉ូប ១៦:២; ខ.ស.) ពិតមែនថាយ៉ូបប្រហែលជានឹងមានអារម្មណ៍ធូរស្រាលជាងបើអាចរៀបរាប់ប្រាប់មិត្តភក្ដិអំពីក្ដីទុក្ខរបស់គាត់ តែបុរសបីនាក់នោះបាននាំឲ្យយ៉ូបកាន់តែច្របូកច្របល់ក្នុងអារម្មណ៍ ហើយតូចចិត្តតូចថ្លើមជាងមុនទៅទៀត។—យ៉ូប ១៩:២; ២៦:២
១៣ ហេតុនោះគឺមិនចម្លែកទេ បើយ៉ូបសួរខ្លួនឯងថា ‹ហេតុអ្វីខ្ញុំត្រូវលំបាកយ៉ាងនេះ? តើខ្ញុំបានធ្វើអ្វីឲ្យគួរនឹងអន្តរាយខ្លួនដូច្នេះ?›។ មិត្តភក្ដិរបស់គាត់បានប្រាប់អ្វីដែលនាំឲ្យយល់ច្រឡំទាំងស្រុង។ ពួកគេបានសន្និដ្ឋានថាយ៉ូបបានធ្វើអំពើបាបធ្ងន់ធ្ងរណាមួយ ហើយនោះជាមូលហេតុគាត់កំពុងតែរងទុក្ខ។ អេលីផាសបានសួរថា៖ «បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី? . . . តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នកដែលភ្ជួរបំផុលសេចក្ដីទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាចចុះ គេរមែងច្រូតបានសេចក្ដីនោះឯងវិញ»។—យ៉ូប ៤:៧, ៨
១៤. ហេតុអ្វីយើងមិនគួរសន្និដ្ឋានភ្លាមៗថាការរងទុក្ខបណ្ដាលមកពីការប្រព្រឹត្តមិនត្រឹមត្រូវ?
១៤ ពិតមែនថា ប្រសិនបើយើងសាបព្រោះខាងសាច់ឈាមជាជាងខាងវិញ្ញាណ យើងអាចមានបញ្ហាមែន។ (កាឡាទី ៦:៧, ៨) ក៏ប៉ុន្តែ ក្នុងរបបលោកិយនេះ យើងអាចមានបញ្ហាមិនថាយើងប្រព្រឹត្តល្អឬអាក្រក់ក៏ដោយ។ ម្យ៉ាងទៀត យើងពុំអាចនិយាយដោយត្រឹមត្រូវថាមនុស្សដែលគ្មានទោសមិនដែលមានទុក្ខលំបាកទេ។ ព្រះយេស៊ូគ្រិស្តដែល«ឥតសៅហ្មង . . . [ហើយ]បានញែកចេញពីមនុស្សបាប»ធ្លាប់រងទុក្ខយ៉ាងវេទនារហូតដល់សោយទិវង្គតលើបង្គោលទារុណកម្ម ហើយសាវ័កយ៉ាកុបបានត្រូវគេប្រហារជីវិតដែរ។ (ហេព្រើរ ៧:២៦; កិច្ចការ ១២:១, ២) ការវែកញែកខុសរបស់អេលីផាសនិងមិត្តពីរនាក់របស់គាត់ បានជំរុញឲ្យយ៉ូបខំការពារកេរ្ដិ៍ឈ្មោះរបស់ខ្លួនហើយបដិសេធយ៉ាងម៉ឺងម៉ាត់ថាគាត់គ្មានទោសឡើយ។ ក៏ប៉ុន្តែ ដោយសារពួកគេប្រកែកមិនលែងថា យ៉ូបសមនឹងរងទុក្ខវេទនា នោះប្រហែលជាមានឥទ្ធិពលលើទស្សនៈរបស់យ៉ូបចំពោះយុត្ដិធម៌របស់ព្រះ។—យ៉ូប ៣៤:៥; ៣៥:២
របៀបរកជំនួយពេលប្រឈមមុខទុក្ខលំបាក
១៥. តើការវែកញែកបែបណានឹងជួយឲ្យយើងស៊ូទ្រាំទុក្ខវេទនា?
១៥ តើកំណត់ហេតុនេះបង្កប់មេរៀនសម្រាប់យើងទេ? ពេលដែលយើងមានបញ្ហាសុខភាព ត្រូវគេការបៀតបៀន ឬក៏រងទុក្ខលំបាក យើងប្រហែលជាមានអារម្មណ៍ថានោះគឺអយុត្ដិធម៌ណាស់។ មនុស្សឯទៀតមើលទៅហាក់ដូចជាមិនជួបបញ្ហាបែបនោះសោះឡើយ។ (ទំនុកដំកើង ៧៣:៣-១២) ជួនកាល យើងប្រហែលជាត្រូវសួរខ្លួនឯងនូវសំណួរសំខាន់ៗដូចជា ‹តើសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះជំរុញឲ្យខ្ញុំបម្រើទ្រង់ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ? តើខ្ញុំចង់ផ្ដល់ទីសំអាងដើម្បីឲ្យព្រះយេហូវ៉ា«តបឆ្លើយចំពោះអ្នកដែលដៀលតិះដល់ទ្រង់?»›។ (សុភាសិត ២៧:១១; ម៉ាថាយ ២២:៣៧) យើងមិនត្រូវឲ្យការនិយាយមិនគិតរបស់អ្នកឯទៀតធ្វើឲ្យយើងសង្ស័យទៅលើព្រះវរបិតារបស់យើងនៅស្ថានសួគ៌ឡើយ។ គ្រិស្តសាសនិកស្មោះត្រង់ម្នាក់ដែលធ្លាប់មានជំងឺរ៉ាំរ៉ៃរាប់ឆ្នាំធ្លាប់ប្រាប់ថា៖ «ខ្ញុំដឹងថាអ្វីក៏ដោយដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យកើតឡើងនោះ ខ្ញុំអាចស៊ូទ្រាំបាន។ ខ្ញុំដឹងប្រាកដថាទ្រង់នឹងប្រទានកម្លាំងដែលខ្ញុំត្រូវការ។ ទ្រង់តែងតែធ្វើដូច្នេះពីមុន»។
១៦. តើព្រះបន្ទូលរបស់ព្រះផ្ដល់ជំនួយយ៉ាងដូចម្ដេចពេលយើងប្រឈមមុខទុក្ខលំបាក?
១៦ យើងខុសគ្នាពីយ៉ូប ដ្បិត«យើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ»។ (កូរិនថូសទី២ ២:១១) ម្យ៉ាងទៀតយើងមានព្រះគម្ពីរដែលជាឃ្លាំងចំណេះនិងប្រាជ្ញា។ ក្នុងព្រះគម្ពីរ មានកំណត់ហេតុអំពីបុរសស្ត្រីស្មោះត្រង់ដែលបានស៊ូទ្រាំនឹងទុក្ខលំបាកសព្វបែបយ៉ាង។ សាវ័កប៉ុលធ្លាប់រងទុក្ខច្រើនជាងធម្មតា។ គាត់បានសរសេរថា «អស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ»។ (រ៉ូម ១៥:៤) មានស្មរបន្ទាល់ម្នាក់នៅទ្វីបអឺរ៉ុបដែលធ្លាប់ត្រូវជាប់គុកដោយសារជំនឿគាត់ក្នុងកំលុងសង្គ្រាមលោកលើកទីពីរ។ ពេលជាប់គុក គាត់បានប្ដូរស្បៀងអាហារបីថ្ងៃ ដើម្បីបានព្រះគម្ពីរមួយក្បាល។ គាត់ប្រាប់ថា៖ «ការប្ដូរនោះមានប្រយោជន៍ច្រើនណាស់! ទោះជាខ្ញុំស្រេកឃ្លានអាហារក៏ពិតមែន តែខ្ញុំបានទទួលអាហារខាងវិញ្ញាណដែលបានជួយទ្រទ្រង់ខ្ញុំនិងអ្នកឯទៀតនៅចំពោះមុខទុក្ខលំបាកក្នុងគ្រានោះ។ ខ្ញុំបានទុកព្រះគម្ពីរនោះរហូតដល់សព្វថ្ងៃ»។
១៧. តើសំវិធានការអ្វីខ្លះពីព្រះអាចជួយឲ្យយើងស៊ូទ្រាំ?
១៧ ក្រៅពីការសម្រាលទុក្ខដែលទទួលពីបទគម្ពីរ យើងក៏មានសៀវភៅជាច្រើនសម្រាប់សិក្សាអំពីព្រះគម្ពីរ ហើយសៀវភៅទាំងនោះផ្ដល់ការណែនាំល្អៗស្តីអំពីរបៀបស៊ូទ្រាំនឹងបញ្ហា។ ម្ដងម្កាលទស្សនាវដ្ដីប៉មយាមមានបទពិសោធន៍របស់បងប្អូនដែលធ្លាប់មានទុក្ខលំបាកស្រដៀងនឹងអ្នកដែរ។ (ពេត្រុសទី១ ៥:៩) បើពិភាក្សាអំពីបញ្ហារបស់អ្នកជាមួយអ្នកចាស់ទុំឬបងប្អូនគ្រិស្តសាសនិកឯទៀតដែលមានភាពចាស់ទុំនិងចេះយល់ចិត្តនោះ អ្នកក៏អាចទទួលប្រយោជន៍ដែរ។ សំខាន់បំផុត អ្នកអាចពឹងជំនួយពីព្រះយេហូវ៉ានិងវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដោយអធិស្ឋាន។ តើប៉ុលបានស៊ូទ្រាំនឹងការ«ធ្វើទុក្ខ»ពីសាតាំងយ៉ាងដូចម្ដេច? គឺដោយគាត់រៀនឲ្យចេះពឹងលើព្រះចេស្ដារបស់ព្រះ។ (កូរិនថូសទី២ ១២:៩, ១០) ប៉ុលបានសរសេរថា «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះ . . . ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។—ភីលីព ៤:១៣
១៨. តើគ្រិស្តសាសនិកគ្នីគ្នាអាចផ្ដល់ការលើកទឹកចិត្តឲ្យអ្នកដែលត្រូវការយ៉ាងខ្លាំងយ៉ាងដូចម្ដេច?
១៨ ដូច្នេះមានជំនួយសម្រាប់អ្នកមែន ហើយអ្នកមិនគួរស្ទាក់ស្ទើរក្នុងការទទួលយកជំនួយនោះ។ សៀវភៅសុភាសិតសរសេរថា «បើឯងអន់ថយ[ឬ«ធ្លាក់ទឹកចិត្ត»]ក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ»។ (សុភាសិត ២៤:១០; ព.ថ.) ដូចជាសត្វកណ្ដៀរស៊ីបំផ្លាញឈើផ្ទះរហូតដល់ផ្ទះនោះបាក់ស្រុតទៅ ក៏ការធ្លាក់ទឹកចិត្តបំផ្លាញនូវភាពស្មោះគ្រប់លក្ខណ៍របស់យើងដែរ។ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់នេះ ព្រះយេហូវ៉ាគាំទ្រយើងតាមរយៈអ្នកបម្រើគ្នីគ្នារបស់យើង។ នៅវេលាយប់ដែលព្រះយេស៊ូត្រូវគេចាប់នោះ ទេវតាមួយរូបបានលេចមកពង្រឹងកម្លាំងទ្រង់។ (លូកា ២២:៤៣) ពេលដែលប៉ុលជាអ្នកទោសហើយត្រូវគេនាំឆ្ពោះទៅរកទីក្រុងរ៉ូម គាត់បាន«អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹម» ពេលគាត់ជួបបងប្អូននៅឯផ្សារអាប់ភាស និងផ្ទះសំណាក់បី។ (កិច្ចការ ២៨:១៥) ស្មរបន្ទាល់ជនជាតិអាឡឺម៉ង់មួយរូប នៅចាំមិនភ្លេចអំពីជំនួយដែលគាត់បានទទួល ពេលគាត់ជាយុវនារីដែលទើបតែទៅដល់ជំរំឃុំឃាំងទាំងមានចិត្តភ័យព្រួយ។ គាត់ប្រាប់ថា៖ «គ្រិស្តសាសនិកគ្នីគ្នាម្នាក់រកឃើញខ្ញុំភ្លាម ហើយបានទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ។ បងស្រីម្នាក់ទៀតបានថែរក្សាខ្ញុំ ហើយបានជួយខ្ញុំដូចជាម្ដាយជួយកូនឲ្យពង្រឹងនិងរក្សាចំណងមិត្តភាពជាមួយព្រះ»។
«ចូរនៅជាស្មោះត្រង់ដរាប»
១៩. តើអ្វីបានជួយឲ្យយ៉ូបរក្សាលក្ខណៈខ្លួននៅចំពោះមុខការខំប្រឹងរបស់សាតាំង?
១៩ ព្រះយេហូវ៉ាមានបន្ទូលថាយ៉ូបជាបុរសដែល«រក្សាលក្ខណៈខ្លួន[ឬ«ចិត្តស្មោះគ្រប់លក្ខណ៍»]»។ (យ៉ូប ២:៣; ព.ថ.) ទោះជាយ៉ូបបានធ្លាក់ទឹកចិត្ត ហើយមិនបានយល់នូវមូលហេតុដែលគាត់កំពុងតែរងទុក្ខក៏ពិតមែន តែគាត់ពុំដែលមានចិត្តរេរាចំពោះការរក្សាភាពស្មោះត្រង់នឹងព្រះទេ។ អស់មួយជីវិត យ៉ូបខំធ្វើអ្វីៗទាំងអស់ដើម្បីស្មោះត្រង់នឹងព្រះ ហើយគាត់មិនព្រមលះចោលភាពស្មោះត្រង់នោះទេ។ គាត់មានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា៖ «ខ្ញុំមិនព្រមលះចោល[«ចិត្តស្មោះគ្រប់លក្ខណ៍»]ដរាបដល់ខ្ញុំស្លាប់ផង»។—យ៉ូប ២៧:៥; ព.ថ.
២០. ហេតុអ្វីការស៊ូទ្រាំមានប្រយោជន៍?
២០ បើយើងប្ដេជ្ញាចិត្តដូចយ៉ូបដែរ នោះនឹងជួយឲ្យយើងរក្សាចិត្តស្មោះគ្រប់លក្ខណ៍មិនថាជួបនឹងការល្បួង ការប្រឆាំង ឬទុក្ខលំបាកក៏ដោយ។ ព្រះយេស៊ូមានបន្ទូលប្រាប់បណ្ដាគ្រិស្តសាសនិកនៅក្រុមជំនុំនៅទីក្រុងស្មឺន៉ាថា៖ «កុំឲ្យឯងខ្លាចសេចក្ដីដែលឯងត្រូវរងទុក្ខនោះឡើយ មើល! អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនា[ឲ្យមានបញ្ហា ទុក្ខលំបាក ឬការបៀតបៀន]អស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង»។—វិវរណៈ ២:១០
២១, ២២. ពេលដែលយើងប្រឈមមុខទុក្ខលំបាក តើការយល់ដឹងអំពីអ្វីអាចសម្រាលទុក្ខយើង?
២១ ក្នុងរបបលោកិយនេះដែលគ្រប់គ្រងដោយសាតាំង ការស៊ូទ្រាំនិងចិត្តស្មោះគ្រប់លក្ខណ៍របស់យើងនឹងត្រូវសាកល្បង។ ទោះជាយ៉ាងនោះក៏ពិតមែន ក៏ព្រះយេស៊ូពង្រឹងទំនុកចិត្តយើងថា គ្មានហេតុភ័យព្រួយអំពីអ្វីដែលនឹងកើតឡើងនៅអនាគតឡើយ។ អ្វីដ៏សំខាន់គឺយើងនៅស្មោះត្រង់ជាដរាប។ ប៉ុលបាននិយាយថា៖ ‹សេចក្ដីទុក្ខលំបាករបស់យើងនៅតែមួយភ្លែត› រីឯ«សិរីល្អ»ឬរង្វាន់ដែលព្រះយេហូវ៉ាសន្យាប្រទានយើងគឺ «ធ្ងន់លើសលប់[ហើយ]នៅអស់កល្បជានិច្ចវិញ»។ (កូរិនថូសទី២ ៤:១៧, ១៨) សូម្បីតែទុក្ខលំបាករបស់យ៉ូបគឺតែមួយភ្លែត បើប្រៀបនឹងប៉ុន្មានឆ្នាំដែលគាត់បានអរសប្បាយមុននិងក្រោយទុក្ខលំបាករបស់គាត់។—យ៉ូប ៤២:១៦
២២ យ៉ាងណាក៏ដោយ ប្រហែលជាមានគ្រាខ្លះក្នុងជីវិត ពេលដែលទុក្ខលំបាករបស់យើងមើលទៅហាក់ដូចជាមិនចេះចប់មិនចេះហើយ ថែមទាំងយើងស្ទើរតែទ្រាំមិនបានផង។ ក្នុងអត្ថបទបន្ទាប់ យើងនឹងមើលមេរៀនថែមទៀតដែលយើងអាចទាញយកពីបទពិសោធន៍របស់យ៉ូប។ យើងក៏នឹងមើលរបៀបយើងអាចពង្រឹងកម្លាំងអ្នកឯទៀតដែលកំពុងតែប្រឈមមុខទុក្ខលំបាក។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ស្តីអំពីភាពស្មោះគ្រប់លក្ខណ៍របស់យ៉ូប តើសាតាំងបានលើកឡើងរឿងសំខាន់អ្វី?
• ហេតុអ្វីយើងមិនសូវភ្ញាក់ផ្អើលពេលដែលមានទុក្ខលំបាក?
• តើព្រះយេហូវ៉ាជួយឲ្យយើងស៊ូទ្រាំយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៥]
ការស្រាវជ្រាវ ការនិយាយជាមួយបងប្អូនគ្រិស្តសាសនិកដែលមានភាពចាស់ទុំ និងការអធិស្ឋានអស់ពីចិត្តអាចជួយឲ្យយើងស៊ូទ្រាំ