បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/២ ទំ. ២២-២៧
  • រង្វាន់របស់យ៉ូប—ជាប្រភពនៃសេចក្ដីសង្ឃឹម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រង្វាន់របស់យ៉ូប—ជាប្រភពនៃសេចក្ដីសង្ឃឹម
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • យ៉ូប​បាន​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន
  • អេលីហ៊ូវ​និយាយ
  • ព្រះ​យេហូវ៉ា​ឆ្លើយ​តប​នឹង​យ៉ូប
  • ដំរី​ទឹក​និង​ក្រពើ
  • រង្វាន់​ដែល​ព្រះ​បាន​សន្យា​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម
  • យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • គោលសំខាន់ៗពីសៀវភៅយ៉ូប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • យ៉ូបបានស៊ូទ្រាំ—យើងក៏អាចស៊ូទ្រាំបានដែរ!
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ‹អ្នករាល់គ្នាបានឮនិយាយពីការស៊ូទ្រាំរបស់លោកយ៉ូប›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/២ ទំ. ២២-២៧

រង្វាន់​របស់​យ៉ូប​—​ជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម

«ព្រះ​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅ​ជាន់​ក្រោយ​នេះ ជាជាង​ជាន់​ដើម​ទៅ​ទៀត»។—យ៉ូប ៤២:១២

១. សូម្បី​តែ​នៅ​ពេល​ដែល​សេចក្ដី​ទុក្ខ​លំបាក​បាន​ធ្វើ​ឲ្យ​គេ​ទន់ខ្សោយ​យ៉ាង​ខ្លាំង​ក្ដី តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ចំពោះ​ប្រជា​រាស្ត្រ​របស់​ទ្រង់?

ព្រះ​យេហូវ៉ា​«ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ (ហេព្រើរ ១១:៦) ហើយ​ទ្រង់​លើក​ទឹក​ចិត្ត​ប្រជា​រាស្ត្រ​របស់​ទ្រង់​ដែល​មាន​ចិត្ត​ភក្ដី​ឲ្យ​ផ្សាយ​យ៉ាង​ក្លាហាន ទោះបី​សេចក្ដី​ទុក្ខ​លំបាក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទន់ខ្សោយ​ដូច​មនុស្ស​ស្លាប់​ក្ដី។ (យ៉ូប ២៦:៥; វិវរណៈ ១១:៣, ៧, ១១) ការ​នេះ​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​ក្នុង​ករណី​របស់​យ៉ូប​ដែល​បាន​រង​ទុក្ខ​វេទនា។ ថ្វី​បើ​មាន​ពួក​អ្នក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ​បី​នាក់​បាន​និយាយ​បង្ខូច​គាត់​ក៏​ដោយ គាត់​មិន​បាន​នៅ​ស្ងៀម​ដោយ​ខ្លាច​មនុស្ស​ទេ។ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន។

២. ថ្វី​បើ​ពួក​គេ​បាន​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​និង​សេចក្ដី​លំបាក​ក្ដី តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ​ដោយ​យ៉ាង​ណា?

២ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​នៅ​បច្ចុប្បន្ន​នេះ បាន​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​និង​សេចក្ដី​លំបាក​យ៉ាង​ខ្លាំង រហូត​ដល់​ភាព​ជិត​ស្លាប់។ (កូរិនថូសទី២ ១១:២៣) យ៉ាង​ណា​ក៏​ដោយ ដូច​យ៉ូប ពួក​គេ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ ហើយ​បាន​ប្រព្រឹត្ត​សេចក្ដី​សុចរិត។ (អេសេគាល ១៤:១៤, ២០) ពួក​គេ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ទុក្ខ​លំបាក ដោយ​​មាន​ចិត្ត​ប្ដេជ្ញា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​គាប់​ព្រះ​ហឫទ័យ មាន​កំឡាំង​ចិត្ត​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន ព្រម​ទាំង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ផង។

យ៉ូប​បាន​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន

៣. ក្នុង​សេចក្ដី​ថ្លែង​ចុង​ក្រោយ​របស់​គាត់ តើ​យ៉ូប​បាន​ធ្វើ​បន្ទាល់​របៀប​ណា?

៣ ក្នុង​សេចក្ដី​ថ្លែង​ចុង​ក្រោយ​របស់​គាត់ យ៉ូប​បាន​ធ្វើ​បន្ទាល់​ច្រើន​ជាង​ពី​លើក​មុនៗទៅ​ទៀត។ គាត់​បាន​ផ្ចាញ់ផ្ចាល​ពួក​អ្នក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ​របស់​គាត់​មិន​ឲ្យ​ហើប​មាត់​រួច​ឡើយ។ គាត់​បាន​និយាយ​ចំអក​បញ្ឈឺ ចិត្ត​យ៉ាង​មុត​ថា៖ «អ្នក​ពូកែ​មែន អ្នក​បាន​ជួយ​មនុស្ស​ដែល​គ្មាន​អំណាច»! (យ៉ូប ២៦:២) យ៉ូប​បាន​លើក​ដំកើង​ព្រះ​យេហូវ៉ា ដែល​ឥទ្ធិឫទ្ធិ​របស់​ទ្រង់​ព្យួរ​ផែនដី​យើង​ក្នុង​អវកាស​ទទេ​ធេង ហើយ​ត្រដាង​ពពក​ផ្ទុក​ទឹក​យ៉ាង​ក្រាស់​នៅ​ពី​លើ​ផែនដី។ (យ៉ូប ២៦:៧​-​៩) យ៉ាង​ណា​ក៏​ដោយ យ៉ូប​បាន​មាន​ប្រសាសន៍​ថា ការ​អស្ចារ្យ​ទាំង​នេះ​‹គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ​របស់​ព្រះ​យេហូវ៉ា​ទេ›។—យ៉ូប ២៦:១៤

៤. តើ​យ៉ូប​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍ ហើយ​ហេតុ​អ្វី​ក៏​គាត់​អាច​សម្ដែង​មនោសញ្ចេតនា​តាម​បែប​នោះ​បាន?

៤ យ៉ូប​បាន​ដឹង​ពិត​ប្រាកដ​នូវ​និរទោស​របស់​គាត់ ហើយ​ក៏​បាន​ថ្លែង​ថា៖ ‹ខ្ញុំ​មិន​ព្រម​លះ​ចោល​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​ខ្ញុំ​ឡើយ ដរាប​ដល់​ខ្ញុំ​ស្លាប់​ផង›! (យ៉ូប ២៧:៥) ផ្ទុយ​ពី​ការ​ចោទ​មិន​ពិត​ដែល​បាន​និយាយ​បោះបោក​នឹង​គាត់​នោះ គាត់​មិន​បាន​ធ្វើ​អ្វី​ដែល​សម​នឹង​ទទួល​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​គាត់​ទេ។ យ៉ូប​បាន​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​មិន​សណ្ដាប់​ការ​អធិស្ឋាន​នៃ​ពួក​អ្នក​បះបោរ​ជំនឿ​ឡើយ ប៉ុន្តែ​ទ្រង់​នឹង​ប្រទាន​ឲ្យ​រង្វាន់​ដល់​មនុស្ស​ណា​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​វិញ។ នេះ​ប្រហែល​ជា​រំឭក​យើង​ថា នៅ​ពេល​បន្ដិច​ទៀត ព្យុះ​សង្ឃរា​នៃ​សង្គ្រាម​អើម៉ាគេដូន​នឹង​កំទេច​ពួក​មនុស្ស​អាក្រក់​ចេញ​ពី​ទី​កន្លែង​អំណាច​របស់​គេ ហើយ​ពួក​គេ​មិន​អាច​គេច​ចេញ​ពី​ព្រះ​ហស្ត​ដ៏​គ្មាន​ប្រណី​របស់​ទ្រង់​បាន​ឡើយ។ រហូត​ដល់​ពេល​នោះ​មក​ដល់ ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​ដើរ​ដោយ​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​គេ។—យ៉ូប ២៧:១១​-​២៣

៥. តើ​យ៉ូប​បាន​ឲ្យ​អត្ថន័យ​អំពី​ប្រាជ្ញា​ពិត​យ៉ាង​ដូច​ម្ដេច?

៥ ពួក​អ្នកប្រាជ្ញ​ខាង​លោកីយ៍​បី​នាក់​នេះ​កំពុង​តែ​ស្ដាប់ កាល​ដែល​យ៉ូប​បាន​បង្ហាញ​ថា​មនុស្ស​លោក​បាន​ប្រើ​ជំនាញ​របស់​គេ​ដើម្បី​នឹង​ស្វែង​រក​មាស ប្រាក់ និង​ទ្រព្យ​ឯ​ទៀត​នៅ​ក្នុង​ដី​និង​នៅ​ក្នុង​សមុទ្រ។ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ដ្បិត​ប្រាជ្ញា​មាន​ដំឡៃ​ច្រើន លើស​ជាង​ត្បូង​ទទឹម​ទៅ​ទៀត»។ (យ៉ូប ២៨:១៨) ពួក​អ្នក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ​របស់​យ៉ូប មិន​អាច​ទិញ​ប្រាជ្ញា​ពិត​បាន​ទេ។ ប្រភព​នៃ​ប្រាជ្ញា​គឺ​ជា​ព្រះ​ជា​អ្នក​បង្កើត​ខ្យល់ ភ្លៀង ផ្លេកបន្ទោរ និង​ផ្គរ។ ពិត​ហើយ «សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​អម្ចាស់ នោះ​ហើយ​ជា​ប្រាជ្ញា ហើយ​ដែល​ថយ​ឆ្ងាយ​ពី​ការ​អាក្រក់ នោះ​ឯង​ជា​យោបល់»។—យ៉ូប ២៨:២៨

៦. ហេតុ​អ្វី​ក៏​យ៉ូប​បាន​និយាយ​អំពី​ជីវិត​អតីតកាល​របស់​គាត់?

៦ ទោះបី​ជា​គាត់​រង​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី ក៏​យ៉ូប​ពុំ​បាន​ឈប់​បំរើ​ព្រះ​យេហូវ៉ា​ឡើយ។ ជាជាង​បែរ​ចេញ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត បុរស​ដែល​មាន​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​នេះ ចង់​បាន​យ៉ាង​ខ្លាំង​នូវ​«មិត្រ​ភាព​នៃ​ព្រះ»​ដែល​ធ្លាប់​មាន​ពីដើម។ (យ៉ូប ២៩:៤) យ៉ូប​មិន​បាន​និយាយ​អួត​ទេ នៅ​ពេល​ដែល​គាត់​បាន​រៀប​រាប់​ឡើង​វិញ នូវ​របៀប​ដែល​គាត់​‹បាន​ជួយ​ដោះ​មនុស្ស​ក្រីក្រ​ឲ្យ​រួច បាន​ប្រដាប់​កាយ​ខ្លួន​ដោយ​សេចក្ដី​សុចរិត ហើយ​បាន​ធ្វើ​ជា​ឪពុក​ដល់​ពួក​អ្នក​កំសត់​នោះ›។ (យ៉ូប ២៩:១២​-​១៦) ផ្ទុយ​ទៅ​វិញ គាត់​បាន​រៀប​រាប់​អំពី​ការណ៍​ពិត​នៃ​ជីវិត​របស់​គាត់ ជា​អ្នក​បំរើ​ស្មោះ​ត្រង់​នៃ​ព្រះ​យេហូវ៉ា។ តើ​អ្នក​បាន​បង្កើន​នូវ​ប្រវត្ដិ​ដ៏​ល្អ​ដូច​នេះ​ទេ? ពិត​ហើយ យ៉ូប​ក៏​បាន​លាត​សម្ដែង​ឲ្យ​គេ​ឃើញ​នូវ​ការ​ចោទ​ប្រកាន់​មិន​ពិត​ដោយ​ពួក​បន្លំ​ដែល​លាក់ពុត​បី​នាក់​នោះ​ដែរ។

៧. តើ​យ៉ូប​ជា​មនុស្ស​ប្រភេទ​ណា​ពីដើម?

៧ ពួក​ក្មេងៗបាន​សើច​ចំអក​ដាក់​យ៉ូប​‹ជា​ពួក​អ្នក​ដែល​គាត់​មិន​ព្រម​ដាក់​ឪពុក​គេ​ឲ្យ​នៅ​ជា​មួយ​នឹង​ឆ្កែ រក្សា​ហ្វូង​សត្វ​របស់​គាត់​ផង›។ ពួក​គេ​ខ្ពើម​ឆ្អើម​ហើយ​ស្ដោះ​ដាក់​មុខ​គាត់។ ថ្វី​បើ​គាត់​បាន​មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ក្ដី គ្មាន​អ្នក​ណា​មួយ​បាន​សម្ដែង​ស​ម្មាន​ភាព​ដល់​គាត់​ទេ។ (យ៉ូប ៣០:១, ១០, ៣០) ពីព្រោះ​គាត់​បាន​មាន​ចិត្ត​ភក្ដី​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា គាត់​អាច​និយាយ​ដោយ​មនសិការ​ជ្រះថ្លា​បាន​ថា៖ «នោះ​សូម​ឲ្យ​ព្រះ​ថ្លឹង​ខ្ញុំ​ដោយ​ជញ្ជីង​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​គំនិត​ទៀងត្រង់​របស់​ខ្ញុំ»។ (យ៉ូប ៣១:៦) យ៉ូប​មិន​មែន​ជា​អ្នក​ផិត ឬ​ជា​អ្នក​រក​កលល្បិច​ណា​មួយ​ឡើយ ហើយ​គាត់​ក៏​មិន​ដែល​ខាន​ជួយ​មនុស្ស​ខ្វះ​ខាត​ដែរ។ ថ្វី​បើ​គាត់​ធ្លាប់​ជា​អ្នក​មាន​ស្តុកស្តម្ភ​ក្ដី គាត់​មិន​ដែល​ទុក​ចិត្ត​ទៅ​លើ​វត្ថុ​ទ្រព្យ​ទេ។ ម្យ៉ាង​វិញ​ទៀត យ៉ូប​មិន​បាន​ចូល​រួម​ក្នុង​សរណវត្ថុ​បូជា ដោយ​ថ្វាយ​បង្គំ​វត្ថុ​គ្មាន​ជីវិត ដូច​ព្រះ​ចន្ទ​នោះ​ទេ។ (យ៉ូប ៣១:២៦​-​២៨) គាត់​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​មួយ ជា​អ្នក​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ដោយ​ទុក​ចិត្ត​ទៅ​លើ​ព្រះ។ ទោះបី​គាត់​បាន​រង​ទុក្ខ​វេទនា​និង​មាន​ពួក​អ្នក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ​នៅ​ជា​មួយ​ក៏​ដោយ ក៏​យ៉ូប​បាន​ទប់ទល់​យ៉ាង​ជំនាញ ព្រម​ទាំង​បាន​ធ្វើ​បន្ទាល់​យ៉ាង​អស្ចារ្យ​ដែរ។ សេចក្ដី​ថ្លែង​របស់​គាត់​មក​ដល់​ទីបញ្ចប់ គាត់​បាន​ចាត់​ទុក​ព្រះ​ជា​ចៅក្រម និង​អ្នក​ប្រទាន​រង្វាន់​របស់​គាត់។—យ៉ូប ៣១:៣៥​-​៤០

អេលីហ៊ូវ​និយាយ

៨. តើ​អេលីហ៊ូវ​ជា​អ្នក​ណា ហើយ​តើ​គាត់​បាន​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​គោរព​និង​សេចក្ដី​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

៨ យុវជន​ម្នាក់​ឈ្មោះ​អេលីហ៊ូវ​ដែល​នៅ​ជិត​នោះ ជា​កូន​ចៅ​របស់​ប៊ូស ដែល​ជា​កូន​របស់​ណាឃរ ដូច្នេះ​ជា​ញាតិ​ខាង​សាច់​ឆ្ងាយ​របស់​អ័ប្រាហាំ ដែល​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា។ (អេសាយ ៤១:៨) អេលីហ៊ូវ​បាន​បង្ហាញ​សេចក្ដី​គោរព​ដល់​មនុស្ស​ចាស់ ដោយ​បាន​ស្ដាប់​កិច្ច​ពិភាក្សា​តទល់​ទាំង​សង​ខាង។ ប៉ុន្តែ គាត់​បាន​និយាយ​យ៉ាង​ក្លាហាន​ឡើង នៅ​ពេល​ដែល​ពួក​គេ​និយាយ​ខុស។ ជា​ឧទាហរណ៍ កំហឹង​របស់​គាត់​បាន​ឆួល​ឡើង​នឹង​យ៉ូប​‹ពេល​លោក​រាប់​ខ្លួន​ជា​សុចរិត​ជាជាង​ព្រះ›។ កំហឹង​របស់​អេលីហ៊ូវ​បាន​ឆួល​ឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ទៅ​លើ​ពួក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ។ សេចក្ដី​ថ្លែង​របស់​គេ​មើល​ទៅ​ដូច​ជា​លើក​ដំកើង​ព្រះ ប៉ុន្តែ​ទៅ​ជា​បាន​ប្រមាថ​ទ្រង់​ទៅ​វិញ ពីព្រោះ​ពួក​គេ​ចូល​ដៃ​ខាង​សាតាំង​ចំពោះ​វាទប្បដិវាទ​នេះ។ ‹ពោរពេញ​ដោយ​ពាក្យ›​និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្ដាល​ឲ្យ​និយាយ​នោះ អេលីហ៊ូវ​ជា​អ្នក​ធ្វើ​បន្ទាល់​ដោយ​មិន​រើស​មុខ​ម្នាក់​នៃ​ព្រះ​យេហូវ៉ា។—យ៉ូប ៣២:២, ១៨, ២១

៩. តើ​តាម​របៀប​ណា​ដែល​អេលីហ៊ូវ​បាន​ធ្វើ​ឲ្យ​ដឹង​ថា​ព្រះ​នឹង​ធ្វើ​ឲ្យ​យ៉ូប​បាន​ដូច​ដើម​វិញ​នោះ?

៩ យ៉ូប​រឹតតែ​ព្រួយ​ចិត្ត​ឡើង​ចំពោះ​យុត្ដិកម្ម​របស់​គាត់​ជាជាង​ព្រះ។ តាម​ការ​ពិត គាត់​បាន​ប្រជែង​នឹង​ព្រះ​ផង។ យ៉ាង​ណា​ក៏​ដោយ កាល​ដែល​យ៉ូប​ជិត​ស្លាប់​ទៅ គឺ​មាន​ការ​ប្រាប់​ឲ្យ​ដឹង​អំពី​ការ​ធ្វើ​ឲ្យ​ដូច​ដើម​វិញ។ តើ​តាម​វិធី​ណា? អេលីហ៊ូវ​ត្រូវ​បាន​បណ្ដាល​ឲ្យ​និយាយ​ថា​ព្រះ​យេហូវ៉ា​បាន​យល់​ព្រម​នឹង​យ៉ូប ដោយ​មាន​សារ​នេះ​ថា៖ «ចូរ​ជួយ​ឲ្យ​រួច កុំ​ឲ្យ​ធ្លាក់​ចុះ​ក្នុង​រណ្ដៅ​ឡើយ! ដ្បិត​អញ​រក​បាន​ថ្លៃ​លោះ​គេ​ហើយ យ៉ាង​នោះ​សាច់​គេ​នឹង​បាន​ស្រស់​ជាង​សាច់​របស់​កូន​ក្មេង ក៏​នឹង​ប្រែ​ទៅ​ដូច​កាល​នៅ​ក្មេង​វិញ»។—យ៉ូប ៣៣:២៤, ២៥

១០. តើ​យ៉ូប​នឹង​ត្រូវ​សាកល្បង​ដល់​កម្រិត​ណា ប៉ុន្តែ​តើ​យើង​អាច​ដឹង​ជា​ប្រាកដ​អំពី​អ្វី​នៅ​កូរិនថូសទី១ ១០:១៣?

១០ អេលីហ៊ូវ​បាន​កែ​យ៉ូប ពីព្រោះ​លោក​បាន​និយាយ​ថា ជា​ការ​គ្មាន​ប្រយោជន៍​ទេ ក្នុង​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ដែល​ធ្វើ​ឲ្យ​ព្រះ​គាប់​ព្រះ​ហឫទ័យ​នោះ។ អេលីហ៊ូវ​បាន​មាន​ប្រសាសន៍​ថា៖ «កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ។ ដ្បិត​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​ការ​ដែល​គេ​ធ្វើ»។ យ៉ូប​បាន​ប្រព្រឹត្ត​ដោយ​ពុំ​បាន​គិត​ឲ្យ​បាន​ស្រួលបួល ក្នុង​ការ​ដៅ​បញ្ជាក់​សេចក្ដី​សុចរិត​របស់​គាត់ ប៉ុន្តែ​គាត់​បាន​ធ្វើ​ដូច្នេះ ដោយ​គ្មាន​តម្រិះ​វិជ្ជា​និង​ការ​វែកញែក​គ្រប់គ្រាន់។ អេលីហ៊ូវ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ចូល​ចិត្ត​ឲ្យ​លោក​យ៉ូប​ទ្រាំ​រង​សេចក្ដី​ល្បង រហូត​ដល់​ចុង ដោយ​ព្រោះ​ចំ​ឡើយ​របស់​លោក ប្រៀប​ដូច​ជា​ពាក្យ​ពោល​របស់​មនុស្ស​អាក្រក់»។ (យ៉ូប ៣៤:១០, ១១, ៣៥, ៣៦) ជា​ការ​ស្រដៀង​គ្នា​នោះ​ដែរ ជំនឿ​និង​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​យើង​អាច​ឃើញ​ជាក់​ស្តែង​បាន លុះ​ត្រា​តែ​យើង​ត្រូវ​‹បាន​សាកល្បង​រហូត​ដល់​កម្រិត›​តាម​វិធី​ណា​មួយ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​វរបិតា​សួគ៌ា​ដែល​ស្រឡាញ់​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​ត្រូវ​ល្បួង​ដល់​កម្រិត​ដែល​យើង​ទ្រាំ​មិន​បាន​នោះ​ឡើយ។—កូរិនថូសទី១ ១០:១៣

១១. នៅ​ពេល​បាន​សាកល្បង​យ៉ាង​ឈឺចាប់​នោះ តើ​យើង​ត្រូវ​តែ​ចង​ចាំ​អំពី​អ្វី?

១១ កាល​ដែល​អេលីហ៊ូវ​បន្ត​ការ​និយាយ គាត់​បាន​បង្ហាញ​ថា​យ៉ូប​បាន​ដាក់​ទម្ងន់​ទៅ​លើ​សេចក្ដី​សុចរិត​របស់​គាត់​យ៉ាង​ហួស​ហេតុ។ គួរ​តែ​បំបែរ​អារម្មណ៍​ទៅ​ឯ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​របស់​យើង​វិញ។ (យ៉ូប ៣៥:២, ៦, ១០) អេលីហ៊ូវ​បាន​មាន​ប្រសាសន៍​ថា​ព្រះ​«មិន​គាំពារ​ជីវិត​របស់​មនុស្ស​អាក្រក់​នោះ​ទេ តែ​ទ្រង់​ប្រោស​មនុស្ស ដែល​ត្រូវ​វេទនា​តាម​ត្រឹម​ត្រូវ»។ (យ៉ូប ៣៦:៦) គ្មាន​អ្នក​ណា​ម្នាក់​អាច​ទាមទារ​បន្ទោស​ផ្លូវ​របស់​ព្រះ​ឬ​ថា​ទ្រង់​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត​នោះ​ឡើយ។ ទ្រង់​មាន​ភាព​ខ្ពស់​ថ្កើង​ជាង​យើង​ដឹង​ទៅ​ទៀត ហើយ​ចំនួន​ឆ្នាំ​នៃ​ព្រះ​ជន្ម​ទ្រង់ នោះ​រក​កំណត់​មិន​បាន​ទេ។ (យ៉ូប ៣៦:២២​-​២៦) នៅ​ពេល​ដែល​យើង​ត្រូវ​បាន​សាកល្បង​យ៉ាង​ឈឺចាប់ ចូរ​ចង​ចាំ​ថា​ព្រះ​ជា​អនន្ត​របស់​យើង ទ្រង់​ជា​ព្រះ​ដ៏​សុចរិត​ហើយ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​យើង ចំពោះ​កិច្ចការ​ដ៏​ស្មោះ​ត្រង់​របស់​យើង​ដែល​នាំ​មក​នូវ​ការ​សរសើរ​ដល់​ទ្រង់។

១២. តើ​សេចក្ដី​ថ្លែង​ចុង​បញ្ចប់​របស់​អេលីហ៊ូវ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា អំពី​ការ​ជំនុំជំរះ​របស់​ព្រះ​ដល់​មនុស្ស​អាក្រក់?

១២ កាល​ដែល​អេលីហ៊ូវ​បាន​និយាយ​រួច ព្យុះ​សង្ឃរា​ក៏​កើត​ឡើង។ កាល​ដែល​ព្យុះ​សង្ឃរា​មក​កាន់​តែ​ជិត​ឡើង បេះដូង​របស់​អេលីហ៊ូវ​ចាប់​ផ្ដើម​ដើរ​យ៉ាង​លឿន​ហើយ​ញ័រ​ផង។ គាត់​បាន​និយាយ​អំពី​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ ហើយ​បាន​មាន​ប្រសាសន៍​ថា៖ «ឱ​យ៉ូប​អើយ សូម​ស្ដាប់​សេចក្ដី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន»។ ដូច​យ៉ូប យើង​ត្រូវ​តែ​ពិចារណា​អំពី​កិច្ចការ​ដ៏​អស្ចារ្យ និង​កិច្ចការ​គួរ​កោត​ដ៏​ថ្លៃថ្នូរ​របស់​ព្រះ​ដែរ។ អេលីហ៊ូវ​បាន​និយាយ​ថា៖ «ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ទ្រង់​ឃើញ​ទេ។ ទ្រង់​មាន​តេជានុភាព​ដ៏​ខ្ពស់​បំផុត តែ​ដោយ​ទ្រង់​មាន​សេចក្ដី​យុត្ដិធម៌​នឹង​សេចក្ដី​សុចរិត​ពោរពេញ បាន​ជា​ទ្រង់​នឹង​មិន​ធ្វើ​ទុក្ខ​ទេ ហេតុ​នោះ​បាន​ជា​មនុស្ស​តែង​តែ​កោត​ខ្លាច នៅ​ចំពោះ​ទ្រង់»។ (យ៉ូប ៣៧:១, ១៤, ២៣, ២៤) សេចក្ដី​ថ្លែង​ចុង​បញ្ចប់​របស់​អេលីហ៊ូវ រំឭក​យើង​ថា នៅ​ពេល​បន្ដិច​ទៀត ព្រះ​នឹង​ជំនុំជំរះ​មនុស្ស​អាក្រក់ ហើយ​ទ្រង់​នឹង​មិន​បង្អាប់​យុត្ដិធម៌​និង​សេចក្ដី​សុចរិត​ទេ ហើយ​ទ្រង់​នឹង​ការពារ​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ ជា​អ្នក​ថ្វាយ​បង្គំ​ជា​ទី​គោរព។ ជា​ឯក​សិទ្ធិ​ដ៏​ល្អ​ណាស់ ដែល​យើង​បាន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍ ដែល​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​មហាក្សត្រ​សកលលោក! ចូរ​ស៊ូទ្រាំ​ឲ្យ​បាន​ដូច​យ៉ូប​ចុះ ហើយ​កុំ​ឲ្យ​អារក្ស​ទាញ​អ្នក​ចេញ​ពី​កន្លែង​មាន​ពរ​ក្នុង​ចំណោម​ពួក​មនុស្ស​ដែល​មាន​សុភមង្គល​ឲ្យ​សោះ។

ព្រះ​យេហូវ៉ា​ឆ្លើយ​តប​នឹង​យ៉ូប

១៣, ១៤. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​សួរ​យ៉ូប​អំពី​អ្វី​ខ្លះ? (ខ) តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​បាន ពី​សំនួរ​ផ្សេងៗដែល​ព្រះ​បាន​សួរ​យ៉ូប?

១៣ យ៉ូប​ច្បាស់​ជា​មាន​សេចក្ដី​អស្ចារ្យ​ណាស់ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​លោក ពី​ក្នុង​ខ្យល់ព្យុះ! ព្យុះ​នោះ​ជា​ការ​ប្រព្រឹត្ត​របស់​ព្រះ មិន​មែន​ដូច​ជា​ខ្យល់​យ៉ាង​ខ្លាំង​ដែល​សាតាំង​ប្រើ​ធ្វើ​ឲ្យ​ផ្ទះ​រលំ ហើយ​សម្លាប់​កូន​ចៅ​យ៉ូប​នោះ​ទេ។ យ៉ូប​ទៅ​ជា​ស្រឡាំងកាំង​និយាយ​មិន​រួច កាល​ដែល​ព្រះ​បាន​មាន​បន្ទូល​សួរ​ថា៖ «តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង?  . . . តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី តើ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ ក្នុង​កាល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ជា​មួយ​គ្នា ហើយ​អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរសាទរ»? (យ៉ូប ៣៨:៤, ៦, ៧) ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​សួរ​យ៉ូប​មួយ​ហើយ​មួយ​ទៀត អំពី​សមុទ្រ ការ​ត្រដាង​ពពក​លើ​ផែនដី ពេល​ថ្ងៃ​ទើប​នឹង​រះ ទ្វារ​នៃ​សេចក្ដី​ស្លាប់ ពន្លឺ​និង​សេចក្ដី​ងងឹត និង​តារា​និ​ក​រ។ យ៉ូប​និយាយ​មិន​រួច​ទេ នៅ​ពេល​ដែល​ព្រះ​មាន​បន្ទូល​សួរ​ថា៖ «តើ​ឯង​ស្គាល់​របៀប​នៅ​លើ​ផ្ទៃ​មេឃ​ហើយ​ឬ»?—យ៉ូប ៣៨:៣៣

១៤ សំនួរ​ផ្សេងៗទៀត​បាន​បង្ហាញ​ប្រាប់​ថា មុន​នឹង​មនុស្ស​លោក​ត្រូវ​បាន​បង្កើត​មក​ហើយ​ឲ្យ​កាន់​អំណាច​លើ​ត្រី សត្វ​ស្លាប សត្វ​ច​តុ​បាទ​ធំៗ និង​សត្វ​លូនវារ​នោះ ព្រះ​បាន​ជួយ​ផ្គត់ផ្គង់​សត្វ​ទាំង​នោះ—ដោយ​គ្មាន​ជំនួយ​ឬ​យោបល់​ពី​មនុស្ស​ឡើយ។ សំនួរ​របស់​ព្រះ​យេហូវ៉ា​ឯ​ទៀត គឺ​បាន​រៀប​រាប់​អំពី​សត្វ​គោ​ព្រៃ សត្វ​អូសទ្រីច និង​សេះ។ ព្រះ​បាន​សួរ​យ៉ូប​ថា៖ «តើ​ឥន្ទ្រី​ហើរ​ទៅ​លើ ហើយ​ធ្វើ​សំបុក​នៅ​ទី​ខ្ពស់​តាម​បង្គាប់​ឯង​ឬ​អី»? (យ៉ូប ៣៩:២៧) ពិត​ជា​មិន​មែន​ទេ! សូម​គិត​អំពី​ប្រតិកម្ម​របស់​យ៉ូប កាល​ដែល​ព្រះ​បាន​មាន​បន្ទូល​សួរ​គាត់​ថា៖ «ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​រាងចាល​ឬ»? មិន​ជា​ការ​ងឿង​ឆ្ងល់​ទេ ដែល​យ៉ូប​បាន​មាន​ប្រសាសន៍​ថា៖ «មើល​ទូល​បង្គំ​ថោកទាប​ណាស់ តើ​នឹង​ទូល​ដល់​ទ្រង់​ដូច​ម្ដេច​បាន ទូល​បង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ»។ (យ៉ូប ៤០:២, ៤) ដោយសារ​ព្រះ​យេហូវ៉ា​ទ្រង់​តែង​តែ​ត្រឹម​ត្រូវ​នោះ បើ​កាល​ណា​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​បន្ទោស​ទ្រង់ យើង​ត្រូវ​‹យក​ដៃ​មក​ខ្ទប់​មាត់​វិញ›។ សំនួរ​របស់​ព្រះ​ទាំង​ឡាយ​ក៏​បាន​លើក​ដំកើង​ភាព​ខ្ពង់​ខ្ពស់ សេចក្ដី​ថ្លៃថ្នូរ និង​អានុភាព​របស់​ទ្រង់ ដូច​ជា​បាន​សម្ដែង​ឲ្យ​ឃើញ​ក្នុង​សេចក្ដី​បង្កើត​របស់​ទ្រង់។

ដំរី​ទឹក​និង​ក្រពើ

១៥. តើ​ដំរី​ទឹក​មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ?

១៥ ជា​បន្ទាប់​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​ដំរី​ទឹក។ (យ៉ូប ៤០:១៥​-​២៤) សត្វ​នេះ​មាន​មាឌ​ធំ​ដ៏​អស្ចារ្យ ទម្ងន់​ដ៏​ធ្ងន់ និង​ស្បែក​ស្វិត ប៉ុន្តែ​នេះ​ជា​សត្វ​‹ស៊ី​ស្មៅ​ខ្ចី›​ទៅ​វិញ។ កំឡាំង​របស់​វា​គឺ​នៅ​ត្រង់​ចង្កេះ និង​នៅ​ត្រង់​សរសៃ​ពោះ។ ឆ្អឹង​ជើង​វា​គឺ​ខ្លាំង​ដូច​ជា​«បំពង់​លង្ហិន»។ ដំរី​ទឹក​ពុំ​ស្លន់​ក្នុង​ទឹក​ដែល​ហូរ​ខ្លាំង​ទេ ក៏​ប៉ុន្តែ​អាច​ហែល​បញ្ច្រាស់​ទឹក​ហូរ​យ៉ាង​ស្រួល។

១៦. (ក) តើ​មាន​ការណ៍​ពិត​ណា​ខ្លះ​អំពី​សត្វ​ក្រពើ? (ខ) កំឡាំង​របស់​ដំរី​ទឹក​និង​ក្រពើ​ធ្វើ​ឲ្យ​យើង​ត្រូវ​ការ​អ្វី ចំពោះ​ការ​បំពេញ​កិច្ចការ​បំរើ​ព្រះ​យេហូវ៉ា?

១៦ ព្រះ​ក៏​បាន​មាន​បន្ទូល​សួរ​យ៉ូប​ទៀត​ថា៖ «តើ​ឯង​នឹង​ស្ទូច​ចាប់​ក្រពើ​បាន ឬ​នឹង​យក​ខ្សែ​ទៅ​ចង​អណ្ដាត​វា​បាន​ឬ​ទេ»? (យ៉ូប ៤១:១​-​៣៤) សត្វ​ក្រពើ​មិន​ចេះ​ចង​មេត្រីភាព​ជា​មួយ​អ្នក​ណា​ម្នាក់​ឡើយ ហើយ​គ្មាន​អ្នកប្រាជ្ញ​ណា​ម្នាក់​ហ៊ាន​ធ្វើ​ឲ្យ​សត្វ​លូន​នេះ​ភ្ញាក់ផ្អើល​ឡើង​ឡើយ។ ព្រួញ​ទាំង​ប៉ុន្មាន​ក៏​មិន​អាច​ដេញ​វា​ចេញ​បាន​ដែរ ហើយ​វា​«សើចឡក​ដល់​ដែក​ដែល​គេ​ពួយ​មក»។ ក្រពើ​ដែល​មាន​កំហឹង​ដ៏​ខ្លាំង​នឹង​ធ្វើ​ឲ្យ​ទឹក​ជ្រៅ​ចេញ​ពពុះ​ឡើង​ដូច​ជា​ឆ្នាំ​ង​ប្រេង។ ហេតុ​ការណ៍​ជាក់​ស្តែង​ដែល​ក្រពើ​និង​ដំរី​ទឹក​ខ្លាំង​ជាង​យ៉ូប នោះ​បាន​ជួយ​ឲ្យ​គាត់​មាន​ចិត្ត​រាប​ទាប។ យើង​ក៏​ត្រូវ​តែ​បន្ទាប​ខ្លួន​ដែរ ពីព្រោះ​ខ្លួន​យើង​មិន​មាន​កំឡាំង​ជា​ខ្លាំង​ក្លា​ទេ។ ប៉ុន្តែ​យើង​ត្រូវ​ការ​ប្រាជ្ញា​និង​កំឡាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​នឹង​គេច​ពី​ចង្កូម​របស់​សាតាំង​ដែល​ជា​ពស់ ហើយ​ដើម្បី​នឹង​បំពេញ​កិច្ចការ​របស់​យើង​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។—ភីលីព ៤:១៣; វិវរណៈ ១២:៩

១៧. (ក) តើ​តាម​របៀប​ណា​ដែល​យ៉ូប​«មើល​ឃើញ​ព្រះ»? (ខ) ដោយសារ​តែ​យ៉ូប​មិន​អាច​ឆ្លើយ​សំនួរ​ទាំង​ឡាយ តើ​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​អ្វី ហើយ​តើ​នេះ​អាច​ជួយ​យើង​យ៉ាង​ណា​បាន?

១៧ ដោយ​បាន​បន្ទាប​ខ្លួន យ៉ូប​បាន​ទទួល​ស្គាល់​ទស្សនៈ​មិន​ត្រឹម​ត្រូវ​របស់​គាត់ ហើយ​បាន​សារភាព​ថា គាត់​បាន​និយាយ​ដោយ​គ្មាន​ចំណេះ​វិជ្ជា។ ប៉ុន្តែ គាត់​បាន​សម្ដែង​ជំនឿ​ថា​គាត់​«បាន​ឃើញ​ព្រះ»។ (យ៉ូប ១៩:២៥​-​២៧) បើ​មនុស្ស​ដែល​អាច​ឃើញ​ព្រះ​យេហូវ៉ា​មិន​អាច​រស់​នៅ​បន្ត​ទៀត​ផង​នោះ តើ​នេះ​អាច​កើត​ឡើង​ដូច​ម្ដេច​បាន? (និក្ខមនំ ៣៣:២០) តាម​ការ​ពិត យ៉ូប​បាន​ឃើញ​ការ​សម្ដែង​នៃ​ឥទ្ធិឫទ្ធិ​របស់​ព្រះ បាន​ឮ​បន្ទូល​របស់​ព្រះ ហើយ​ភ្នែក​នៃ​ការ​យល់​ដឹង​របស់​គាត់​បាន​ឃើញ​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា។ ដូច្នេះ​ហើយ យ៉ូប​បាន​‹ប្រែ​ចិត្ត​ដោយ​ក្រាប​នៅ​ក្នុង​ធូលីដី​ហើយ​នឹង​ផេះ›។ (យ៉ូប ៤២:១​-​៦) ហេតុ​ដែល​គាត់​មិន​អាច​ឆ្លើយ​សំនួរ​ជា​ច្រើន​នោះ បញ្ជាក់​ឲ្យ​ឃើញ​នូវ​ភាព​ខ្ពង់​ខ្ពស់​របស់​ព្រះ ហើយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​គឺ​តូច​ណាស់ សូម្បី​តែ​យ៉ូប​ដែល​មាន​ចិត្ត​ភក្ដី​ដល់​ព្រះ​យេហូវ៉ា​ក៏​ដោយ។ ការ​នេះ​ជួយ​យើង​ឲ្យ​ឃើញ​ថា យើង​មិន​ត្រូវ​ចាត់​ទុក​ផល​ប្រយោជន៍​របស់​យើង ជា​ការ​សំខាន់​ជាង​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ និង​ធ្វើ​យុត្ដិកម្ម​នៃ​អធិបតេយ្យភាព​របស់​ទ្រង់​ឡើយ។ (ម៉ាថាយ ៦:៩, ១០) អ្វី​ដែល​យើង​ត្រូវ​ខ្វល់​ជាង​គេ​នោះ គឺ​ការ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ចំពោះ​ព្រះ​យេហូវ៉ា និង​ការ​ឲ្យ​កិត្ដិយស​ដល់​ព្រះ​នាម​ទ្រង់។

១៨. តើ​ពួក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ​របស់​យ៉ូប​ត្រូវ​តែ​ធ្វើ​អ្វី?

១៨ ចុះ​យ៉ាង​ណា​វិញ​ដែរ ចំពោះ​ពួក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ​ដែល​គិត​ថា​ខ្លួន​ជា​មនុស្ស​សុចរិត​នោះ? ព្រះ​យេហូវ៉ា​អាច​មាន​សិទ្ធិ​សម្លាប់​អេលីផាស ប៊ីលដាឌ និង​សូផារ​បាន​យ៉ាង​ស្រួល ពីព្រោះ​ពួក​គេ​មិន​បាន​និយាយ​សេចក្ដី​ពិត​អំពី​ទ្រង់ ដូច​យ៉ូប។ ព្រះ​បាន​មាន​បន្ទូល​ថា៖ «ដូច្នេះ ចូរ​ឯង​រាល់​គ្នា​យក​គោ​ឈ្មោល​៧​នឹង​ពពែ​ឈ្មោល​៧​នាំ​ទៅ​ឯ​យ៉ូប ជា​អ្នក​បំរើ​អញ​ឥឡូវ រួច​ថ្វាយ​ដង្វាយ​ដុត​សំរាប់​ខ្លួន​ទៅ នោះ​យ៉ូប ជា​អ្នក​បំរើ​អញ​នឹង​អធិស្ឋាន​ឲ្យ​ឯង​រាល់​គ្នា»។ ពួក​មនុស្ស​បី​នាក់​នេះ​ត្រូវ​តែ​បន្ទាប​ខ្លួន​របស់​គេ​ដើម្បី​នឹង​អនុលោម​តាម។ យ៉ូប​ដែល​ជា​អ្នក​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ត្រូវ​អធិស្ឋាន​ឲ្យ​ពួក​គេ ហើយ​ព្រះ​យេហូវ៉ា​យល់​ព្រម​សេចក្ដី​អធិស្ឋាន​របស់​គាត់។ (យ៉ូប ៤២:៧​-​៩) ប៉ុន្តែ​ចុះ​ប្រពន្ធ​របស់​យ៉ូប​ដែល​បាន​ដាស់​តឿន​ឲ្យ​គាត់​ប្រមាថ​ព្រះ​ហើយ​ស្លាប់​នោះ យ៉ាង​ណា​ដែរ? ដោយ​សេចក្ដី​មេត្ដាករុណា​របស់​ព្រះ នាង​បាន​ផ្សះផ្សា​ជា​មួយ​យ៉ូប​ហើយ។

រង្វាន់​ដែល​ព្រះ​បាន​សន្យា​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម

១៩. ក្នុង​ការ​ទាក់ទង​ជា​មួយ​យ៉ូប តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​នូវ​ភាព​ខ្ពង់​ខ្ពស់​លើ​អារក្ស​ដោយ​យ៉ាង​ណា?

១៩ កាល​ដែល​យ៉ូប​បាន​ឈប់​ព្រួយ​អំពី​ការ​រង​ទុក្ខ​វេទនា​របស់​គាត់ ហើយ​បាន​បំរើ​ព្រះ​វិញ​នោះ ព្រះ​យេហូវ៉ា​ក៏​បាន​ផ្លាស់ប្ដូរ​រឿង​ឲ្យ​គាត់​ដែរ។ ក្រោយ​ពី​យ៉ូប​បាន​អធិស្ឋាន​ឲ្យ​ពួក​មនុស្ស​បី​នាក់​នោះ​ហើយ ព្រះ​‹ធ្វើ​ឲ្យ​គាត់​រួច​ពី​ស្ថានភាព​ឃុំ​ឃាំង›​ហើយ​បាន​ប្រទាន​ឲ្យ​គាត់​‹មាន​លើស​ជាង​ដើម​១​ជា​២›។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​នូវ​ភាព​ខ្ពង់​ខ្ពស់​របស់​ទ្រង់​ទៅ​លើ​អារក្ស ដោយ​បញ្ឈប់​រោគ​ដែល​ធ្វើ​ឲ្យ​ក្លាយ​នៃ​ស្នា​ដៃ​សាតាំង ហើយ​បាន​ប្រោស​ឲ្យ​យ៉ូប​ជា​វិញ​យ៉ាង​អស្ចារ្យ។ ព្រះ​ក៏​បាន​ដេញ​ហ្វូង​អារក្ស​ចេញ ព្រម​ទាំង​ពុំ​ឲ្យ​ពួក​វា​ទៅ​ជិត​ឡើយ ព្រោះ​ទ្រង់​បាន​ដាក់​របង​ការពារ​យ៉ូប ដោយ​មាន​ពួក​ទេវតា​របស់​ទ្រង់​ចោម​រោម​នៅ​ជុំវិញ។—យ៉ូប ៤២:១០; ទំនុកដំកើង ៣៤:៧

២០. តើ​តាម​វិធី​ណា ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​និង​ពរ​ដល់​យ៉ូប?

២០ បងប្អូន​ប្រុស​ស្រី​របស់​យ៉ូប និង​ពួក​អ្នក​ធ្លាប់​ស្គាល់​ពីដើម​របស់​គាត់​បាន​មក​បរិភោគ​និង​សម្ដែង​សមាន​ចិត្ត​ដល់​គាត់ ហើយ​ជួយ​សម្រាល​ទុក្ខ​គាត់​ចំពោះ​វិបត្ដិ​ភ័យ​ដែល​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​គាត់​ពិសោធ។ ពួក​គេ​ម្នាក់ៗបាន​ឲ្យ​ប្រាក់កាស​ទៅ​យ៉ូប និង​ចិញ្ជៀន​មាស​មួយ​វង់ៗដល់​លោក។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​យ៉ូប​នៅ​ជាន់​ក្រោយ​នេះ ច្រើន​ជាង​គាត់​ធ្លាប់​មាន​ពីដើម​ទៅ​ទៀត។ ដូច្នេះ​គាត់​ក៏​មាន​ចៀម ១៤.០០០​និង​អូដ្ឋ ៦.០០០ គោ ១.០០០​នឹម និង​លា​ញី ១.០០០។ យ៉ូប​ក៏​បង្កើត​បាន​កូន​ប្រុស​ប្រាំ​ពីរ​និង​កូន​ស្រី​បី​នាក់​ទៀត គឺ​ដូច​ដែល​គាត់​ធ្លាប់​មាន​ពី​មុន។ កូន​ស្រីៗរបស់​គាត់—ឈ្មោះ​យេមីម៉ា គេ​ស៊ីយ៉ា និង​កេរេន​-​ហាពូក—ជា​ស្ត្រី​ដែល​មាន​រូប​ឆោម​ស្អាត​ជាង​គេ​ទាំង​អស់​នៅ​ក្នុង​ស្រុក​នោះ ហើយ​យ៉ូប​ក៏​បែងចែក​មរដក​ដល់​កូន​ស្រី​ទាំង​នោះ ដូច​ជា​ដល់​បងប្អូន​ប្រុស​ដែរ។ (យ៉ូប ៤២:១១​-​១៥) ម្យ៉ាង​វិញ​ទៀត យ៉ូប​រស់​នៅ​បាន​១៤០​ឆ្នាំ​ទៀត ហើយ​លោក​បាន​ឃើញ​រហូត​ដល់​បួន​តំណ​នៃ​កូន​ចៅ​របស់​លោក។ ដំណើរ​រឿង​បញ្ចប់​ដោយ​ពាក្យ​នេះ​ថា៖ «នោះ​យ៉ូប​ស្លាប់​ទៅ ដោយ​មាន​អាយុ​ជា​យឺន​យូរ ហើយ​ស្កប់ស្កល់​នឹង​ជីវិត​ផង»។ (យ៉ូប ៤២:១៦, ១៧) ការ​បន្ត​ធ្វើ​ឲ្យ​គាត់​មាន​ជីវិត​ដ៏​យឺន​យូរ​នោះ ជា​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។

២១. ចំពោះ​ដំណើរ​រឿង​នៅ​ក្នុង​ព្រះ​គម្ពីរ​អំពី​យ៉ូប តើ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច ហើយ​តើ​យើង​ត្រូវ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី?

២១ ដំណើរ​រឿង​របស់​យ៉ូប​នៅ​ក្នុង​ព្រះ​គម្ពីរ ធ្វើ​ឲ្យ​យើង​ដឹង​នូវ​កលល្បិច​របស់​សាតាំង ហើយ​ក៏​ជួយ​យើង​ឲ្យ​ឃើញ​នូវ​របៀប​ដែល​អធិបតេយ្យភាព​សកលលោក ជាប់​ទាក់ទង​នឹង​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​មនុស្ស​លោក។ ដូច​យ៉ូប អស់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សាកល្បង​ឡើង។ ប៉ុន្តែ យើង​ក៏​អាច​ស៊ូទ្រាំ​បាន​ដូច​លោក​យ៉ូប​ដែរ។ ដោយ​ព្រោះ​តែ​គាត់​មាន​ជំនឿ​និង​សេចក្ដី​សង្ឃឹម យ៉ូប​បាន​ឆ្លង​កាត់​ផុត​ពី​សេចក្ដី​ទុក្ខ​លំបាក​របស់​គាត់ ហើយ​បាន​ទទួល​រង្វាន់​ជា​ច្រើន។ ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ យើង​មាន​សេចក្ដី​ជំនឿ​និង​សេចក្ដី​សង្ឃឹម​ពិត។ ព្រះ​ជា​អ្នក​ដែល​ប្រទាន​ឲ្យ​រង្វាន់​ដ៏​សម្បើម​បាន​ដាក់​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នៅ​ពី​មុខ​យើង! ចូរ​ចង​ចាំ​ថា រង្វាន់​ខាង​សួគ៌ា​នឹង​ជួយ​ពួក​ចាក់​ប្រេង​តាំង​ឲ្យ​បំរើ​ព្រះ​ដោយ​សេចក្ដី​ស្មោះ​ត្រង់​អស់​មួយ​ជីវិត​របស់​គេ​នៅ​លើ​ផែនដី​នេះ។ មនុស្ស​ជា​ច្រើន​ដែល​មាន​សង្ឃឹម​រស់​នៅ​លើ​ផែនដី​នឹង​មិន​ស្លាប់​ទេ ប៉ុន្តែ​បើសិន​ជា​មាន​អ្នក​ណា​ស្លាប់​ទៅ​នោះ ទ្រង់​នឹង​ប្រទាន​ឲ្យ​រង្វាន់​ឲ្យ​គេ ដោយ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​ទី​មនោរម្យ​នៅ​លើ​ផែនដី​ជា​មួយ​លោក​យ៉ូប​ដែរ។ ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​ពិត​ក្នុង​ចិត្ត​គំនិត​បែប​នេះ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ បង្ហាញ​ឲ្យ​ឃើញ​ថា​អារក្ស​ជា​អ្នក​កំភូត ដោយ​គាំទ្រ​ព្រះ​យេហូវ៉ា​យ៉ាង​មុត​មាំ ជា​អ្នក​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍ ហើយ​ជា​អ្នក​គាំទ្រ​ដ៏​ខ្ជាប់ខ្ជួន​នៃ​អធិបតេយ្យភាព​សកលលោក​របស់​ទ្រង់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​យ៉ូប​បាន​លើក​យក​ចំណុច​អ្វី​ខ្លះ ក្នុង​ការ​តប​ឆ្លើយ​ចុង​ក្រោយ​ទៅ​ពួក​អ្នក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ?

◻ តើ​អេលីហ៊ូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា ថា​គាត់​ជា​អ្នក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​មិន​រើស​មុខ?

◻ តើ​ព្រះ​មាន​សំនួរ​អ្វី​ខ្លះ​ដល់​យ៉ូប ហើយ​តើ​សំនួរ​ទាំង​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា?

◻ តើ​អ្នក​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ខ្លះ ពី​ដំណើរ​រឿង​របស់​យ៉ូប​នៅ​ក្នុង​ព្រះ​គម្ពីរ?

[រូបភាព​នៅ​ទំព័រ​២៦]

ការ​ថ្លែង​របស់​ព្រះ​យេហូវ៉ា​អំពី​ដំរី​ទឹក និង​ក្រពើ​បាន​ជួយ​យ៉ូប​ឲ្យ​មាន​ចិត្ត​រាប​ទាប

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក