បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៣ ទំ. ១៩-២៤
  • ព្រះយេហូវ៉ាអាចចំរើនកម្លាំងដល់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាអាចចំរើនកម្លាំងដល់អ្នក
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​ចេស្ដា​ដែល​សម្ដែង​តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ទ្រង់
  • ការ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​កូល៉ុស​ខ្លាំង​ក្លា​ឡើង
  • ការ​ធ្វើ​ឲ្យ​បាន​ខ្លាំង​ក្លា​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ
  • ការ​ចំរើន​កម្លាំង​សំរាប់​គោល​បំណង​អ្វី?
  • ជួយអ្នកដទៃឲ្យបានដើរបែបគួរនឹងព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • «ចូរស្វែងរកព្រះយេហូវ៉ានិងកម្លាំងរបស់ទ្រង់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • «ព្រះយេហូវ៉ា . . . មានព្រះចេស្ដាយ៉ាងធំ»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ព្រះយេហូវ៉ាជាបុគ្គលមួយអង្គដែលមានតេជានុភាពដ៏ខ្លាំងក្លា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៣ ទំ. ១៩-២៤

ព្រះ​យេហូវ៉ា​អាច​ចំរើន​កម្លាំង​ដល់​អ្នក

«ទ្រង់​រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ»។—អេសាយ ៤០:២៩

១, ២ តើ​មាន​ទី​សំអាង​ណា​ខ្លះ​អំពី​ព្រះ​ចេស្ដា​ដ៏​បរិបូរ​នៃ​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​«ឫទ្ធានុភាព​ក្រៃលែង»។ យើង​អាច​ឃើញ​ភស្តុតាង​នៃ​«ព្រះ​ចេស្ដា​ដ៏​នៅ​អស់កល្ប​ជានិច្ច នឹង​និស្ស័យ​ជា​ព្រះ» នៅ​ក្នុង​ភាព​រុងរឿង​នៃ​ការ​បង្កើត​ទាំង​ឡាយ​របស់​ទ្រង់។ ពួក​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ទី​សំអាង​នៃ​ភាព​ជា​ព្រះ​អាទិទេព នោះ​ពុំ​អាច​រក​ការ​ដោះសា​បាន​ឡើយ។—ទំនុកដំកើង ១៤៧:៥; រ៉ូម ១:១៩, ២០

២ ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា​រឹតតែ​ឃើញ​ជាក់​ស្តែង​ទៀត នៅ​ពេល​ដែល​អ្នក​វិទ្យាសាស្ត្រ​អង្កេត​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សកលលោក ដែល​មាន​តារាវលី​ឥត​គណនា លាត​ត្រដាង​រាប់​រយ​លាន​ចម្ងាយ​នៃ​ឆ្នាំ​ពន្លឺ។ នៅ​រាត្រី​ដ៏​ភ្លឺ​ស្រឡះ​មួយ សូម​អ្នក​សម្លឹង​មើល​ផ្ទៃ​មេឃ នោះ​អ្នក​មុខ​ជា​នឹង​មាន​អារម្មណ៍​ដូច​អ្នក​តែង​បទ​ទំនុកដំកើង​នេះ​ដែរ៖ «កាល​ណា​ទូល​បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ នឹង​ផ្កាយ​ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក។ នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ»? (ទំនុកដំកើង ៨:៣, ៤) ព្រះ​យេហូវ៉ា​បាន​ថែរក្សា​មនុស្ស​យើង​យ៉ាង​ប្រសើរ​មែន! ទ្រង់​បាន​ផ្ដល់​ឲ្យ​បុរស​និង​ស្ត្រី​ទី​មួយ​នូវ​ទីលំនៅ​លើ​ផែនដី​ដ៏​ស្អាត។ សូម្បី​តែ​ដី​ជី​ក៏​មាន​សមត្ថភាព​ដែរ—បណ្ដុះ​តិណជាតិ ផលិត​បាន​ផលផ្លែ​ដ៏​ឆ្ងាញ់​និង​មាន​គុណភាព​ល្អ​ផង។ មនុស្ស​និង​ពពួក​សត្វ​បាន​ទទួល​កម្លាំង​ពី​ការ​សម្ដែង​ព្រះ​ចេស្ដា​របស់​ព្រះ។—លោកុប្បត្តិ ១:១២; ៤:១២; សាំយូអែលទី១ ២៨:២២

៣. ក្រៅ​ពី​វត្ថុ​ធាតុ​នៃ​សកលលោក តើ​មាន​អ្វី​ទៀត​ដែល​បង្ហាញ​អំពី​ព្រះ​ចេស្ដា​នៃ​ព្រះ?

៣ ក្រៅ​ពី​ការ​អស្ចារ្យ​នៃ​ផ្ទៃ​មេឃ ហើយ​ពពួក​ភូតគាម​និង​ពពួក​សត្វ​នៅ​លើ​ផែនដី​ដ៏​ជា​ទី​ចូល​ចិត្ត​នោះ ការ​បង្កើត​ទាំង​អស់​នេះ​ក៏​បង្ហាញ​ប្រាប់​យើង​នូវ​ព្រះ​ចេស្ដា​របស់​ព្រះ​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ដ្បិត​អ្វីៗរបស់​ទ្រង់ ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ​មក ទោះ​ទាំង​ព្រះ​ចេស្ដា​ដ៏​នៅ​អស់កល្ប​ជានិច្ច នឹង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក»។ (រ៉ូម ១:២០) ប៉ុន្តែ មាន​ទី​សំអាង​មួយ​ទៀត​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់ ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​និង​ត្រូវ​មាន​ចិត្ត​អបអរ។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​មាន​អ្វី​ទៀត​ដែល​អាច​សម្ដែង​ព្រះ​ចេស្ដា​របស់​ព្រះ​ច្បាស់​ជាង​សកលលោក​នោះ›? នោះ​គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ តាម​ការ​ពិត នៅ​ក្រោម​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ ប៉ុល​បាន​មាន​ប្រសាសន៍​ថា​ព្រះ​គ្រីស្ទ​ដែល​ត្រូវ​គេ​ព្យួរ​នោះ​គឺ​«ជា​ព្រះ​ចេស្ដា​ហើយ​ជា​ប្រាជ្ញា​របស់​ព្រះ»។ (កូរិនថូសទី១ ១:២៤) អ្នក​ប្រហែល​ជា​សួរ​ថា ‹ហេតុ​អ្វី​ក៏​ដូច្នេះ តើ​ការ​នេះ​ជាប់​ទាក់ទង​នឹង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ណា​ដែរ​ឥឡូវ​នេះ›?

ព្រះ​ចេស្ដា​ដែល​សម្ដែង​តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ទ្រង់

៤. តើ​ព្រះ​ចេស្ដា​របស់​ព្រះ​ត្រូវ​បាន​បង្ហាញ​មក​យ៉ាង​ណា​ចំពោះ​ព្រះ​យេស៊ូ?

៤ ព្រះ​បាន​សម្ដែង​ព្រះ​ចេស្ដា​របស់​ទ្រង់​ជា​លើក​ទី​មួយ កាល​ដែល​ទ្រង់​បាន​បង្កើត​ព្រះ​រាជបុត្រា​តែ​មួយ​គត់​ឲ្យ​ដូច​រូប​អង្គ​ទ្រង់។ បុត្រ​វិញ្ញាណ​នេះ​បាន​បំរើ​ព្រះ​យេហូវ៉ា​ជា​«មេ​ជាង» ដោយ​បាន​ប្រើ​ព្រះ​ចេស្ដា​ដ៏​បរិបូរ​របស់​ព្រះ​ក្នុង​ការ​បង្កើត​របស់​សព្វសារពើ​ឯ​ទៀត។ (សុភាសិត ៨:២២, ៣០) ប៉ុល​បាន​សរសេរ​ទៅ​បងប្អូន​គ្រីស្ទាន​របស់​គាត់​នៅ​ទី​ក្រុង​កូល៉ុស​ថា៖ «គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថានសួគ៌ នឹង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង . . . នោះ​សុទ្ធតែ​កើត​មក​ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង»។—កូល៉ុស ១:១៥, ១៦

៥​-​៧. (ក) នៅ​អតីតកាល តើ​មនុស្ស​ជាប់​ទាក់ទង​នឹង​ការ​សម្ដែង​ព្រះ​ចេស្ដា​របស់​ព្រះ​យ៉ាង​ណា? (ខ) តើ​មាន​មូលហេតុ​អ្វី​ឲ្យ​ជឿ​ថា ជន​គ្រីស្ទាន​អាច​សម្ដែង​ព្រះ​ចេស្ដា​របស់​ព្រះ​បាន​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ?

៥ យើង​ជា​ផ្នែក​នៃ​‹របស់​ដែល​បាន​បង្កើត​មក​នៅ​ផែនដី›។ ដូច្នេះ តើ​ព្រះ​ចេស្ដា​របស់​ព្រះ​អាច​សម្ដែង​មក​លើ​យើង​ជា​មនុស្ស​បាន​ទេ? គ្រប់​ការ​ទាក់ទង​របស់​ព្រះ​ជា​មួយ​មនុស្ស​មិន​ល្អ​ឥតខ្ចោះ នៅ​ពេល​ផ្សេងៗ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ព្រះ​ចេស្ដា​លើស​ពី​ធម្មតា​ទៅ​ពួក​អ្នក​បំរើ​របស់​ទ្រង់ ដើម្បី​ពួក​គេ​អាច​សម្រេច​គោល​បំណង​របស់​ទ្រង់។ លោក​ម៉ូសេ​បាន​ដឹង​ថា ជា​ធម្មតា​មនុស្ស​មាន​ខ្ចោះ​រស់​នៅ​បាន​តែ​៧០​ឬ​៨០​ប៉ុណ្ណោះ។ (ទំនុកដំកើង ៩០:១០) រីឯ​លោក​ម៉ូសេ​វិញ តើ​គាត់​បាន​រស់​នៅ​បាន​ប៉ុន្មាន​ឆ្នាំ? គាត់​បាន​រស់​នៅ​រហូត​ដល់​១២០​ឆ្នាំ តែ​«ភ្នែក​លោក​មិន​ខ្សោយ ហើយ​កំឡាំង​មិន​បាន​អស់​សោះ»។ (ចោទិយកថា ៣៤:៧) ការ​នេះ​មិន​មែន​មាន​ន័យ​ថា ព្រះ​នឹង​ធ្វើ​ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​ម្នាក់ៗឲ្យ​មាន​អាយុ​យឺន​យូរ ឬ​រក្សា​កម្លាំង​នោះ​ទេ តែ​នេះ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​អាច​ចំរើន​កម្លាំង​ដល់​មនុស្ស​បាន។

៦ ឧទាហរណ៍​មួយ​ទៀត​ដែល​បង្ហាញ​ថា ព្រះ​មាន​សមត្ថភាព​ចំរើន​កម្លាំង​ដល់​មនុស្ស​ប្រុស​ស្រី នោះ​គឺ​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ប្រពន្ធ​របស់​លោក​អ័ប្រាហាំ។ «នាង​សារ៉ា​ក៏​ទទួល​អំណាច ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពីព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះ​ត្រង់»។ ឬ​សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះ​ចំរើន​កម្លាំង​ដល់​ពួក​ចៅហ្វាយ​នៅ​ស្រុក​អ៊ីស្រាអែល៖ «គេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល នឹង​ពួក​ហោរា។ . . . បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ»។—ហេព្រើរ ១១:១១, ៣២​-​៣៤

៧ ព្រះ​ចេស្ដា​បែប​នេះ​ក៏​អាច​មាន​មក​លើ​យើង​ដែរ។ ទោះ​ជា​ឥឡូវ​នេះ យើង​មិន​អាច​មាន​កូន​ចៅ​តាម​រយៈ​អព្ភូតហេតុ ឬ​យើង​មិន​អាច​សម្ដែង​កម្លាំង​ដូច​សាំសុន​ក្ដី។ ប៉ុន្តែ យើង​អាច​ទៅ​ជា​ខ្លាំង​ពូកែ​បាន ដូច​ជា​ប៉ុល​បាន​មាន​ប្រសាសន៍​ទៅ​ពួក​មនុស្ស​ធម្មតា​នៅ​ទី​ក្រុង​កូល៉ុស​ដែរ។ មែន​ហើយ ប៉ុល​បាន​សរសេរ​ទៅ​ពួក​មនុស្ស​ប្រុស​ស្រី​និង​ក្មេងៗ ដូច​ជា​យើង​ឃើញ​នៅ​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​នេះ​ដែរ ហើយ​គាត់​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​ត្រូវ​«បាន​គ្រប់​ទាំង​ព្រះ​ចេស្ដា​ចំរើន​កំឡាំង»។—កូល៉ុស ១:១១

៨, ៩. នៅ​សតវត្ស​ទី​មួយ តើ​ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា​បាន​ឃើញ​ជា​ជាក់​ស្តែង​យ៉ាង​ណា ចំពោះ​មនុស្ស​ដូច​យើង?

៨ ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​នៅ​ផែនដី ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​ចេស្ដា​របស់​ទ្រង់​កំពុង​តែ​ប្រតិបត្ដិ​ក្នុង​បុត្រា​របស់​ទ្រង់។ ជា​ឧទាហរណ៍ នៅ​គ្រា​មួយ កាល​ដែល​ពួក​បណ្ដាជន​បាន​នាំ​គ្នា​មក​ឯ​ព្រះ​យេស៊ូ​យ៉ាង​កកកុញ​នៅ​ក្រុង​កាពើណិម «ព្រះ​ចេស្ដា​នៃ​[ព្រះ​យេហូវ៉ា]​ក៏​នៅ​ទី​នោះ បំរុង​នឹង​ប្រោស​គេ​ឲ្យ​ជា​ដែរ»។—លូកា ៥:១៧

៩ ក្រោយ​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះ​យេស៊ូ​បាន​ធានា​រ៉ាប់​រង​ថា ពួក​អ្នក​កាន់​តាម​ទ្រង់​នឹង​‹បាន​ព្រះ​ចេស្ដា កាល​ណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​ពួក​គេ›។ (កិច្ចការ ១:៨) ការ​នេះ​បាន​កើត​ឡើង​មែន! អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់​បាន​រាយ​ការណ៍​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ពី​បី​ថ្ងៃ​ក្រោយ​ពី​បុណ្យ​ភិន្ដាកុស ក្នុង​ឆ្នាំ​៣៣ ស.យ.​ថា៖ «ពួក​សាវក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះ​ចេស្ដា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះ​អម្ចាស់​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ»។ (កិច្ចការ ៤:៣៣) ប៉ុល​ខ្លួន​គាត់​ផ្ទាល់​ក៏​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្លាំង​ក្លា​ដែរ ដើម្បី​សម្រេច​កិច្ចការ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​គាត់​ធ្វើ​នោះ។ បន្ទាប់​ពី​គាត់​បាន​ក្លាយ​ទៅ​ជា​គ្រីស្ទាន ហើយ​ភ្នែក​បាន​ភ្លឺ​ឡើង​វិញ​នោះ គាត់​«មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ក៏​ផ្ទញ់ផ្ទាល់​ដល់​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ដាម៉ាស​វិញ ដោយ​សំដែង​បញ្ជាក់​ពី​ព្រះ​អង្គ​នេះ​ថា ទ្រង់​ជា​ព្រះ​គ្រីស្ទ​ពិត​មែន»។—កិច្ចការ ៩:២២

១០. តើ​ព្រះ​ចេស្ដា​របស់​ព្រះ​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​ប៉ុល?

១០ ពិត​មែន​ហើយ ប៉ុល​ត្រូវ​ការ​ព្រះ​ចេស្ដា​ជា​ច្រើន​ថែម​ទៀត កាល​ណា​យើង​ពិចារណា​មើល​ការ​ស៊ូទ្រាំ​ខាង​វិញ្ញាណ​និង​ខាង​ផ្លូវ​ចិត្ត ដើម្បី​សម្រេច​ដំណើរ​សាសនទូត​ទាំង​បី​លើក​ដែល​មាន​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ​នោះ។ គាត់​បាន​តស៊ូ​នឹង​សេចក្ដី​លំបាក​គ្រប់​បែប​យ៉ាង ដោយ​បាន​ស៊ូទ្រាំ​នឹង​ការ​ជាប់​គុក ហើយ​ជួប​ប្រទះ​នឹង​ទុក្ករកម្ម​ផង។ តើ​គាត់​បាន​ស៊ូទ្រាំ​នឹង​ការ​នេះ​យ៉ាង​ដូច​ម្ដេច? គាត់​បាន​ឆ្លើយ​ថា៖ «ព្រះ​អម្ចាស់​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ខ្ញុំ​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ផង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយសារ​ខ្ញុំ»។—ធីម៉ូថេ​ទី​២ ៤:៦​-​៨, ១៧; កូរិនថូសទី២ ១១:២៣​-​២៧

១១. ចំពោះ​ព្រះ​ចេស្ដា​របស់​ព្រះ តើ​ប៉ុល​សំដៅ​ទៅ​លើ​សេចក្ដី​សង្ឃឹម​មួយ​ណា​សំរាប់​ពួក​អ្នក​បំរើ​គ្នីគ្នា​នៅ​ក្រុង​កូល៉ុស?

១១ ដូច្នេះ​ហើយ នេះ​មិន​ជា​ការ​ចំឡែក​ទេ ពេល​ដែល​ប៉ុល​បាន​សរសេរ​ទៅ​«ពួក​បងប្អូន​ស្មោះ​ត្រង់​ក្នុង​ព្រះ​គ្រីស្ទ»​នៅ​ទី​ក្រុង​កូល៉ុស ហើយ​បាន​ធានា​រ៉ាប់​រង​ថា ពួក​គេ​អាច​«បាន​គ្រប់​ទាំង​ព្រះ​ចេស្ដា​ចំរើន​កំឡាំង តាម​ឫទ្ធិ​បារមី​ដ៏​ឧត្តម​របស់​[ព្រះ​យេហូវ៉ា] ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំទ្រ ហើយ​អត់ធន់​គ្រប់​យ៉ាង​ដោយ​អំណរ»។ (កូល៉ុស ១:២, ១១) ថ្វី​បើ​ពាក្យ​ទាំង​នេះ​ត្រូវ​បាន​សរសេរ​មក សំរាប់​តែ​ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ក្ដី ប៉ុន្តែ​មនុស្ស​ទាំង​អស់​ណា​ដែល​ដើរ​តាម​ព្រះ​គ្រីស្ទ​ក៏​អាច​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សរសេរ​របស់​ប៉ុល​ដែរ។

ការ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​កូល៉ុស​ខ្លាំង​ក្លា​ឡើង

១២, ១៣. តើ​អ្វី​ជា​កាលៈទេសៈ​ដែល​ជំរុញ​ឲ្យ​ប៉ុល​ផ្ញើ​សំបុត្រ​ទៅ​ពួក​កូល៉ុស ហើយ​តើ​ពួក​គេ​ប្រហែល​ជា​តប​ឆ្លើយ​យ៉ាង​ណា?

១២ ក្រុម​ជំនុំ​កូល៉ុស ស្ថិត​នៅ​ក្នុង​ខេត្ត​អាស៊ី​ជា​ខេត្ត​របស់​សាសន៍​រ៉ូម ប្រហែល​ជា​បាន​បង្កើត​ដោយសារ​ការ​ផ្សាយ​របស់​ជន​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​អេប៉ាប្រាស។ តាម​មើល​ទៅ កាល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា ប៉ុល​បាន​ជាប់​គុក​នៅ​ទី​ក្រុង​រ៉ូម ប្រហែល​ជា​នៅ​ឆ្នាំ​៥៨ ស.យ. អេប៉ាប្រាស​បាន​តាំង​ចិត្ត​ទៅ​លេង​ប៉ុល​និង​ជួយ​លើក​ទឹក​ចិត្ត​គាត់ ដោយ​មាន​របាយ​ការណ៍​ដ៏​ល្អៗអំពី​សេចក្ដី​ស្រឡាញ់​និង​ភាព​ខ្ជាប់ខ្ជួន​នៃ​បងប្អូន​នៅ​ទី​ក្រុង​កូល៉ុស។ អេប៉ាប្រាស​ប្រហែល​ជា​បាន​រាយ​ការណ៍​ប្រាប់​ត្រង់ៗអំពី​បញ្ហា​ខ្លះៗនៅ​ក្នុង​ក្រុម​ជំនុំ​កូល៉ុស​ដែល​ត្រូវ​ការ​ការ​កែ​តម្រូវ។ បន្ទាប់​មក ប៉ុល​បាន​មាន​អារម្មណ៍​ជំរុញ​ឲ្យ​គាត់​សរសេរ​សំបុត្រ​នៃ​ការ​លើក​ទឹក​ចិត្ត​និង​ការ​ដាស់​តឿន​មួយ​ទៅ​ក្រុម​ជំនុំ​នោះ។ លោក​អ្នក​ក៏​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ជំពូក​១​នៃ​សំបុត្រ​នោះ​បាន​ដែរ ដ្បិត​នេះ​ធ្វើ​ឲ្យ​ឃើញ​ជាក់​ស្តែង​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​បាន​ខ្លាំង​ក្លា​ឡើង។

១៣ អ្នក​អាច​នឹក​ស្មាន​ថា​បងប្អូន​ប្រុស​ស្រី​កូល៉ុស ច្បាស់​ជា​មាន​អារម្មណ៍​ល្អ​ហើយ ពេល​ដែល​ប៉ុល​បាន​រៀប​រាប់​អំពី​ពួក​គេ​ជា​«ពួក​បងប្អូន​ស្មោះ​ត្រង់​ក្នុង​ព្រះ​គ្រីស្ទ»។ ពួក​គេ​សម​នឹង​ទទួល​ពាក្យ​សរសើរ​នេះ ដោយ​ព្រោះ​តែ​‹សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ពួក​បរិសុទ្ធ› និង​ចំពោះ​‹ផលផ្លែ​នៃ​ដំណឹង​ល្អ›​ដែល​ពួក​គេ​បាន​បង្កើត​តាំង​ពី​ពេល​ដែល​គេ​បាន​ក្លាយ​ទៅ​ជន​គ្រីស្ទាន! តើ​អាច​និយាយ​ពាក្យ​សំដី​ទាំង​នេះ​អំពី​ក្រុម​ជំនុំ​របស់​យើង និង​អំពី​យើង​ជា​បុគ្គល​ម្នាក់ៗបាន​ទេ?—កូល៉ុស ១:២​-​៨

១៤. តើ​ប៉ុល​ចង់​ឲ្យ​ពួក​កូល៉ុស​ធ្វើ​អ្វី​ខ្លះ?

១៤ ប៉ុល​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​នឹង​របាយ​ការណ៍​ដែល​គាត់​បាន​ទទួល ដល់​ម្ល៉េះ​បាន​ជា​គាត់​បាន​ប្រាប់​ពួក​កូល៉ុស​ថា គាត់​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ​ឥត​ឈប់ឈរ​ឡើយ ហើយ​បាន​ទូល​សូម​ឲ្យ​ពួក​គេ​«បាន​ស្គាល់​ព្រះ​ហឫទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា នឹង​ចំណេះ​ខាង​ឯ​វិញ្ញាណ ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​[ព្រះ​យេហូវ៉ា]»។ គាត់​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ​«បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង ដោយ​បាន​គ្រប់​ទាំង​ព្រះ​ចេស្ដា​ចំរើន​កំឡាំង តាម​ឫទ្ធិ​បារមី​ដ៏​ឧត្តម​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំទ្រ ហើយ​អត់ធន់​គ្រប់​យ៉ាង​ដោយ​អំណរ»។—កូល៉ុស ១:៩​-​១១

ការ​ធ្វើ​ឲ្យ​បាន​ខ្លាំង​ក្លា​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ

១៥. តើ​តាម​របៀប​ណា​ដែល​យើង​អាច​សម្ដែង​អាកប្បកិរិយា ឲ្យ​ដូច​បាន​បង្ហាញ​មក​ក្នុង​សេចក្ដី​សរសេរ​របស់​ប៉ុល​ទៅ​ពួក​កូល៉ុស​នោះ?

១៥ ប៉ុល​បាន​ធ្វើ​ជា​គំរូ​ដ៏​ប្រសើរ​សំរាប់​យើង​យ៉ាង​អស្ចារ្យ​ម្ល៉េះ​ហ្ន៎! យើង​ត្រូវ​អធិស្ឋាន​ឲ្យ​បងប្អូន​របស់​យើង​នៅ​ជុំវិញ​ផែនដី​នេះ ដើម្បី​ឲ្យ​ពួក​គេ​អាច​ស៊ូទ្រាំ​និង​រក្សា​សេចក្ដី​អំណរ​របស់​គេ ទោះ​ជា​គេ​រង​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី។ ដូច​ប៉ុល យើង​គួរ​តែ​អធិស្ឋាន​សូម​អ្វី​ឲ្យ​ចំៗ កាល​ណា​យើង​ទទួល​ដំណឹង​ថា បងប្អូន​របស់​យើង​នៅ​ក្រុម​ជំនុំ​ឯ​ទៀត ឬ​នៅ​ប្រទេស​ណា​មួយ​កំពុង​តែ​រង​ទុក្ខ​លំបាក​នោះ។ ប្រហែល​ជា​ក្រុម​ជំនុំ​ដែល​នៅ​ជិត​យើង ជួប​ប្រទះ​មហន្តរាយ​ធម្មជាតិ ឬ​ការ​លំបាក​ខាង​វិញ្ញាណ​ណា​មួយ។ ឬ​ប្រហែល​ជា​បងប្អូន​គ្រីស្ទាន​យើង​នៅ​ប្រទេស​ណា​មួយ កំពុង​តែ​ស៊ូទ្រាំ​ដោយសារ​សង្គ្រាម​ក្នុង​ប្រទេស ឬ​ការ​កាប់​សម្លាប់​គ្នា​រវាង​កុលសម្ព័ន្ធ​ក្ដី។ ក្នុង​ការ​អធិស្ឋាន​របស់​យើង យើង​គួរ​តែ​សូម​ឲ្យ​ព្រះ​ជួយ​បងប្អូន​យើង​«ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​[ព្រះ​យេហូវ៉ា]» ហើយ​ឲ្យ​បន្ត​បង្ក​បង្កើត​ផលផ្លែ​នៃ​ព្រះ​រាជាណាចក្រ ក្នុង​កាល​ដែល​ពួក​គេ​កំពុង​តែ​ស៊ូទ្រាំ ហើយ​សូម​ឲ្យ​មាន​ការ​រីក​ចំរើន​ចំណេះ​វិជ្ជា​របស់​គេ​ដែរ។ តាម​របៀប​នេះ ពួក​អ្នក​បំរើ​របស់​ព្រះ​អាច​ទទួល​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់​ទ្រង់ «ដោយ​បាន​គ្រប់​ទាំង​ព្រះ​ចេស្ដា​ចំរើន​កំឡាំង»។ អ្នក​អាច​ជឿជាក់​ថា ព្រះ​វរបិតា​របស់​អ្នក ទ្រង់​នឹង​ឮ​ហើយ​នឹង​តប​ឆ្លើយ​ជា​មិន​ខាន។—យ៉ូហានទី១ ៥:១៤, ១៥

១៦, ១៧. (ក) ដូច​ជា​ប៉ុល​បាន​សរសេរ​មក តើ​យើង​គួរ​តែ​អរ​ព្រះ​គុណ​សំរាប់​អ្វី​ខ្លះ? (ខ) តើ​ប្រជា​រាស្ត្រ​នៃ​ព្រះ​ត្រូវ​បាន​ដោះ​ឲ្យ​រួច​និង​អត់​ឱន​ទោស​ក្នុង​ន័យ​យ៉ាង​ណា?

១៦ ប៉ុល​បាន​សរសេរ​ថា ពួក​កូល៉ុស​គួរតែ​‹អរ​ព្រះ​គុណ ដល់​ព្រះ​វរបិតា ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​ពួក​គេ​គួរ​នឹង​ទទួល​ចំណែក​កេរ្ដិ៍​អាករ ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ›។ ចូរ​ឲ្យ​យើង​អរ​ព្រះ​គុណ​ដល់​ព្រះ​វរបិតា​សួគ៌ា​របស់​យើង ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​កន្លែង​ត្រឹម​ត្រូវ​ក្នុង​ការ​រៀប​ចំ​របស់​ទ្រង់ ទោះ​ជា​មាន​ចំណែក​ក្នុង​វិស័យ​ស្ថានសួគ៌ ឬ​វិស័យ​ផែនដី​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ក្ដី។ តើ​ព្រះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​ខ្ចោះ​សម​គួរ​ចំពោះ​ព្រះ​នេត្រ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? ប៉ុល​បាន​សរសេរ​ទៅ​បងប្អូន​ចាក់​ប្រេង​តាំង​របស់​គាត់​ថា៖ «ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ​រាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់។ យើង​រាល់​គ្នា​មាន​សេចក្ដី​ប្រោស​លោះ​ក្នុង​ព្រះ​រាជបុត្រា​នោះ គឺ​ជា​សេចក្ដី​ផ្ដាច់​បាប»។—កូល៉ុស ១:១២​-​១៤

១៧ ទោះបី​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​ខាង​ស្ថានសួគ៌ ឬ​ខាង​ផែនដី​ក្ដី យើង​ក៏​ត្រូវ​អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ ចំពោះ​ការ​រំដោះ​យើង​ពី​ប្រព័ន្ធ​នៃ​សេចក្ដី​ងងឹត​ដ៏​អាក្រក់​ជួជាតិ​នេះ ដែល​ត្រូវ​បាន​សម្រេច​ដោយ​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​សំវិធានការ​ដ៏​មាន​តម្លៃ​នៃ​យញ្ញបូជា​លោះ​របស់​ព្រះ​រាជបុត្រា​ស្ងួនភ្ងា​នៃ​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ២០:២៨) ពួក​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ បាន​ទទួល​ប្រយោជន៍​ពី​ការ​លោះ​នេះ ដែល​ត្រូវ​បាន​អនុវត្ត​ទៅ​លើ​ពួក​គេ​ក្នុង​វិធី​ដ៏​ពិសេស​មួយ ដើម្បី​ឲ្យ​ពួក​គេ​អាច​‹ផ្លាស់​ទៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​រាជបុត្រា​ស្ងួនភ្ងា​នៃ​ព្រះ›។ (លូកា ២២:២០, ២៩, ៣០) ប៉ុន្តែ ពួក​«ចៀម​ឯ​ទៀត»​ក៏​បាន​ទទួល​ប្រយោជន៍​ពី​ការ​លោះ​នេះ នៅ​ពេល​ឥឡូវ​នេះ​ដែរ។ (យ៉ូហាន ១០:១៦) ពួក​គេ​អាច​ទទួល​ការ​អត់​ឱន​ទោស​ពី​ព្រះ ដើម្បី​ឲ្យ​មាន​ឋានៈ​សុចរិត​នៅ​ពី​មុខ​ទ្រង់ ជា​មិត្ត​របស់​ទ្រង់។ ពួក​គេ​មាន​ការ​ចូល​រួម​មួយ​ចំណែក​ធំ​ក្នុង​ការ​ប្រកាស​«ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ»​ក្នុង​គ្រា​ចុង​បញ្ចប់​នេះ។ (ម៉ាថាយ ២៤:១៤) ម្យ៉ាង​វិញ​ទៀត ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ក្នុង​ការ​បាន​ទៅ​ជា​សុចរិត​ពេញទី​និង​មាន​រូប​កាយ​ល្អ​ឥតខ្ចោះ ពេល​ដល់​ចុង​បញ្ចប់​នៃ​ការ​សោយ​រាជ្យ​សហស្សវត្ស​របស់​ព្រះ​គ្រីស្ទ។ កាល​ណា​អ្នក​អាន​អំពី​ពិពណ៌នា​នៅ​វិវរណៈ ៧:១៣​-​១៧ អ្នក​នឹង​យល់​ស្រប​ថា ស្ថានការណ៍​នៅ​ទី​នោះ​គឺ​ជា​ភស្តុតាង​នៃ​ការ​រំដោះ​ឲ្យ​រួច​និង​ការ​ប្រទាន​ប្រសិទ្ធិពរ។

១៨. តើ​ព្រះ​កំពុង​តែ​សម្រេច​ការ​ផ្សះផ្សា​អ្វី​ដែល​ចែង​មក​នៅ​កូល៉ុស?

១៨ សំបុត្រ​របស់​ប៉ុល​ជួយ​យើង​ឲ្យ​ដឹង​ថា យើង​ជំពាក់​គុណ​ជា​ច្រើន​ដល់​បុរស​ដ៏​ឧត្តម​បំផុត​ម្នាក់​ដែល​ធ្លាប់​មាន​ព្រះ​ជន្ម​រស់​នៅ។ តើ​ព្រះ​បាន​សម្រេច​អ្វី​ខ្លះ​តាម​រយៈ​ព្រះ​គ្រីស្ទ? គឺ​«បាន​ផ្សះផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នឹង​អង្គ​ទ្រង់ ដោយសារ​ព្រះ​រាជបុត្រា​នោះ ទោះ​បើ​របស់​នៅ​ស្ថានសួគ៌ ឬ​នៅ​ផែនដី​ក្ដី ទាំង​តាំង​ស្ពាន​មេត្រី ដោយសារ​ព្រះ​លោហិត​នៃ . . . ទ្រង់»។ គោល​បំណង​របស់​ព្រះ​គឺ​ដើម្បី​នាំ​ការ​បង្កើត​របស់​ទ្រង់​ទាំង​អស់​ឲ្យ​មាន​ដំណើរ​ស្រុះស្រួល​ពេញទី​ជា​មួយ​នឹង​ទ្រង់​ឡើង​វិញ ដូច​ដែល​ធ្លាប់​មាន​មុន​ការ​បះបោរ​នៅ​សួន​អេដែន​នោះ។ បុគ្គល​ដែល​ត្រូវ​បាន​ប្រើ​ឲ្យ​បង្កើត​របស់​សព្វសារពើ​ពីដើម ឥឡូវ​នេះ បុគ្គល​ដដែល​នេះ​ក៏​ត្រូវ​បាន​ប្រើ​ឲ្យ​សម្រេច​ដំណើរ​ផ្សះផ្សា​គ្នា​នេះ​ដែរ។—កូល៉ុស ១:២០

ការ​ចំរើន​កម្លាំង​សំរាប់​គោល​បំណង​អ្វី?

១៩, ២០. តើ​ភាព​បរិសុទ្ធ​និង​ភាព​ឥត​សៅហ្មង​របស់​យើង​ស្រេច​ទៅ​លើ​អ្វី?

១៩ ភារៈ​កិច្ច​បាន​ធ្លាក់​មក​លើ​ពួក​យើង​ទាំង​អស់​ដែល​បាន​ផ្សះផ្សា​នឹង​ព្រះ។ កាល​ពីដើម យើង​មាន​បាប​ហើយ​បាន​ឃ្លាត​ចេញ​ពី​ព្រះ។ ប៉ុន្តែ​ឥឡូវ​នេះ យើង​មាន​ជំនឿ​ទៅ​លើ​យញ្ញបូជា​របស់​ព្រះ​យេស៊ូ ហើយ​គំនិត​របស់​យើង​ក៏​លែង​រំពឹង​គិត​អំពី​កិច្ចការ​អាក្រក់​ជួជាតិ​ទៀត​ដែរ ដូច្នេះ​យើង​ស្ថិត​នៅ​ក្នុង​ភាព​«បរិសុទ្ធ ឥត​សៅហ្មង» ហើយ​«ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ[ព្រះ]»។ (កូល៉ុស ១:២១, ២២) សូម​ពិចារណា​មើល​ចុះ ដូច​ជា​ព្រះ​មិន​បាន​អាម៉ាស់​មុខ​ដោយសារ​ពួក​ស្មរបន្ទាល់​ស្មោះ​ត្រង់​ពីដើម ទ្រង់​ក៏​មិន​អាម៉ាស់​មុខ ដោយសារ​យើង​ហៅ​ទ្រង់​ជា​ព្រះ​របស់​យើង​ដែរ។ (ហេព្រើរ ១១:១៦) នៅ​សព្វ​ថ្ងៃ​នេះ គ្មាន​អ្នក​ណា​អាច​ចោទ​ថា យើង​គាំទ្រ​ព្រះ​នាម​ដ៏​រុងរឿង​របស់​ទ្រង់​ខុស ឬ​ថា​យើង​ខ្លាច​មិន​ហ៊ាន​ប្រកាស​ព្រះ​នាម​នោះ​ដល់​ចុង​បំផុត​នៃ​ផែនដី​បាន​ឡើយ!

២០ ប៉ុន្តែ សូម​កត់​សម្គាល់​ពី​ការ​ព្រមាន​ដែល​ប៉ុល​បាន​បន្ថែម​ទៀត​នៅ​កូល៉ុស ១:២៣៖ «នោះ​គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​តាំង​នៅ​ជាប់​លាប់ ហើយ​មាំមួន ក្នុង​សេចក្ដី​ជំនឿ​ដែរ ឥត​ងាក​បែរ​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ផ្សាយ ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង»។ អ្វីៗទាំង​អស់​គឺ​ស្រេច​ទៅ​លើ​ការ​នៅ​ស្មោះ​ត្រង់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ការ​ដើរ​តាម​ជំហាន​របស់​ព្រះ​រាជបុត្រា​ស្ងួនភ្ងា​ទ្រង់។ ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​បាន​ជួយ​យើង​ច្រើន​ណាស់! ចូរ​ឲ្យ​យើង​សម្ដែង​សេចក្ដី​ស្រឡាញ់​ដល់​ទ្រង់​ទាំង​ពី​អង្គ ដោយ​ធ្វើ​តាម​ដំបូន្មាន​របស់​ប៉ុល។

២១. ហេតុ​អ្វី​ក៏​យើង​រំភើប​ចិត្ត​ម្ល៉េះ​នៅ​សព្វ​ថ្ងៃ​នេះ?

២១ ពួក​គ្រីស្ទាន​កូល៉ុស​មុខ​ជា​រំភើប​ចិត្ត​ជា​ខ្លាំង ដោយ​បាន​ដឹង​ថា​‹ដំណឹង​ល្អ​ដែល​ពួក​គេ​បាន​ឮ›​ត្រូវ​បាន​«បាន​ផ្សាយ ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ»។ នៅ​សព្វ​ថ្ងៃ​នេះ ជា​ការ​រឹតតែ​រំភើប​ចិត្ត​ទៅ​ទៀត ដោយ​បាន​ឮ​អំពី​វិសាល​ភាព​នៃ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ កំពុង​តែ​បាន​ផ្សាយ​ដោយ​ពួក​ស្មរបន្ទាល់​ជាង​បួន​លាន​កន្លះ​នាក់ ក្នុង​២៣០​ប្រទេស។ មែន​ហើយ ជា​រៀង​រាល់​ឆ្នាំ មនុស្ស​មក​ពី​គ្រប់​សាសន៍ ដែល​មាន​ចំនួន​ជិត​៣០០.០០០​នាក់​បាន​ផ្សះផ្សា​ជា​មួយ​នឹង​ព្រះ!—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០

២២. សូម្បី​តែ​យើង​ពិសោធ​ការ​រង​ទុក្ខ​វេទនា​ក្ដី តើ​ព្រះ​អាច​ធ្វើ​អ្វី​សំរាប់​យើង?

២២ ទោះបី​ជា​ប៉ុល​បាន​ជាប់​គុក​នៅ​គ្រា​ដែល​គាត់​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​កូល៉ុស​ក្ដី គាត់​មិន​បាន​កើត​ទុក្ខ​នឹង​វា​ស្នា​របស់​គាត់​ទាល់តែ​សោះ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​អំណរ​ក្នុង​ការ​រង​ទុក្ខ​លំបាក ដែល​ខ្ញុំ​ទ្រាំ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា»។ ប៉ុល​បាន​ដឹង​ថា​ការ​«ទ្រាំទ្រ ហើយ​អត់ធន់​គ្រប់​យ៉ាង​ដោយ​អំណរ»​ជា​ការ​លំបាក​យ៉ាង​ណា​ហើយ។ (កូល៉ុស ១:១១, ២៤) ប៉ុន្តែ គាត់​បាន​ដឹង​ថា​គាត់​មិន​បាន​ធ្វើ​ការ​នេះ​ដោយ​កម្លាំង​របស់​គាត់​ផ្ទាល់​ទេ។ ព្រះ​យេហូវ៉ា​បាន​ចំរើន​កម្លាំង​ដល់​គាត់! នៅ​សព្វ​ថ្ងៃ​នេះ​ក៏​អញ្ចឹង​ដែរ។ ស្មរបន្ទាល់​រាប់​ពាន់​នាក់​ដែល​បាន​ជាប់​គុក ហើយ​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀតបៀន មិន​បាន​បាត់បង់​នូវ​សេចក្ដី​អំណរ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​អបអរ​នឹង​សេចក្ដី​ពិត​នៃ​ពាក្យ​បន្ទូល​របស់​ព្រះ ដែល​បាន​ចែង​មក​នៅ​អេសាយ ៤០:២៩​-​៣១៖ «ទ្រង់​រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ . . . អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជានិច្ច»។

២៣, ២៤. តើ​អ្វី​ជា​«សេចក្ដី​អាថ៌កំបាំង»​ដែល​បាន​ចែង​មក​នៅ​កូល៉ុស ១:២៦?

២៣ កិច្ចការ​ផ្សាយ​ដំណឹង​ល្អ​សំដៅ​ទៅ​លើ​ព្រះ​គ្រីស្ទ​ជា​ការ​សំខាន់​ណាស់​ចំពោះ​ប៉ុល។ គាត់​ចង់​ឲ្យ​អ្នក​ឯ​ទៀត​អបអរ​នូវ​តម្លៃ​នៃ​មុខនាទី​របស់​ព្រះ​គ្រីស្ទ​ក្នុង​គោលបំណង​របស់​ព្រះ​ដែរ ដូច្នេះ​គាត់​បាន​រៀប​រាប់​កិច្ចការ​នោះ​ដូច​ជា​«សេចក្ដី​អាថ៌​កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់កល្ប​រៀង​រាល់​តែ​ដំណ​តម​ក»។ ប៉ុន្តែ នេះ​មិន​មែន​ជា​សេចក្ដី​អាថ៌កំបាំង​ជានិច្ច​ទេ។ ប៉ុល​បាន​បន្ថែម​ទៀត​ថា៖ «ឥឡូវ​នេះ បាន​បើក​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​ទ្រង់​ស្គាល់»។ (កូល៉ុស ១:២៦) នៅ​ពេល​ដែល​ការ​បះបោរ​បាន​កើត​ឡើង​ក្នុង​សួន​អេដែន ព្រះ​យេហូវ៉ា​បាន​សន្យា​អំពី​អ្វី​ដ៏​ប្រសើរ​នៅ​ខាង​មុខ ដោយ​ទាយ​ថា​‹ពូជ​របស់​ស្ត្រី​នឹង​កិន​ក្បាល​ពស់​នោះ›។ (លោកុប្បត្តិ ៣:១៥) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ជា​តំណ​ត​រៀង​មក ហើយ​ជា​ច្រើន​សតវត្ស​មក ការ​នេះ​ជា​សេចក្ដី​អាថ៌កំបាំង​មួយ។ បន្ទាប់​មក ព្រះ​យេស៊ូ​បាន​យាង​មក ហើយ​ទ្រង់​«បាន​យក​ជីវិត នឹង​សេចក្ដី​មិន​ចេះ​ស្លាប់ មក​ដាក់​នៅ​ពន្លឺ ដោយសារ​ដំណឹង​ល្អ​វិញ»។—ធីម៉ូថេ​ទី​២ ១:១០

២៤ មែន​ហើយ «សេចក្ដី​អាថ៌​កំបាំង»​សំដៅ​ទៅ​ឯ​ព្រះ​គ្រីស្ទ​និង​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី។ ប៉ុល​បាន​ថ្លែង​អំពី​«របស់​នៅ​ស្ថានសួគ៌» សំដៅ​ចំពោះ​អស់​អ្នក​ដែល​នឹង​ចូល​រួម​ក្នុង​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​ជា​មួយ​ព្រះ​គ្រីស្ទ។ ពួក​ទាំង​នេះ​នឹង​ទៅ​ជា​ឧបករណ៍​ដែល​នឹង​នាំ​ប្រសិទ្ធិពរ​ជា​អតិបរិមា​មក​លើ​‹របស់​នៅ​ផែនដី›​ទាំង​អស់ គឺ​ជា​ពួក​អ្នក​ដែល​នឹង​សប្បាយ​នឹង​សួន​មនោរម្យ​ដ៏​អស់កល្ប​ជានិច្ច​នៅ​ផែនដី​នេះ។ អ្នក​អាច​ឃើញ​ថា នេះ​ជា​ការ​សម​ត្រឹម​ត្រូវ​ណាស់ ដ្បិត​បន្ទាប់​មក ប៉ុល​បាន​សំដៅ​ទៅ​ឯ​«សិរី​ល្អ​ដ៏​បរិបូរ​របស់​សេចក្ដី​អាថ៌កំបាំង​នេះ»។—កូល៉ុស ១:២០, ២៧

២៥. ដូច​បាន​បង្ហាញ​មក​នៅ​កូល៉ុស ១:២៩ តើ​យើង​គួរ​តែ​មាន​អាកប្បកិរិយា​យ៉ាង​ណា​ឥឡូវ​នេះ?

២៥ ប៉ុល​សង្ឃឹម​នឹង​ទទួល​កន្លែង​របស់​គាត់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ។ ប៉ុន្តែ គាត់​ដឹង​ថា នេះ​មិន​មែន​ជា​អ្វី​ដែល​គាត់​គ្រាន់​តែ​អង្គុយ​យ៉ាង​ស្រួល រួច​សង្ឃឹម​នឹង​បាន​នោះ​ទេ។ «ខ្ញុំ​ក៏​ខំ​ធ្វើ​ការ​នោះ​ឯង ទាំង​តយុទ្ធ​តាម​ឫទ្ធិ​បារមី​ទ្រង់ ដែល​បណ្ដាល​ឡើង​ក្នុង​ខ្ញុំ​ដោយ​ព្រះ​ចេស្ដា»។ (កូល៉ុស ១:២៩) សូម​កត់​សម្គាល់​ថា ព្រះ​យេហូវ៉ា តាម​រយៈ​ព្រះ​គ្រីស្ទ បាន​ចំរើន​កម្លាំង​ដល់​ប៉ុល ដើម្បី​ឲ្យ​គាត់​អាច​សម្រេច​កិច្ចការ​សង្គ្រោះ​ជីវិត​នេះ។ នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​អាច​ធ្វើ​ដូច​នេះ​ដល់​យើង​ដែរ។ ប៉ុន្តែ យើង​គួរ​តែ​សួរ​ខ្លួន​យើង​មើល​ថា ‹តើ​ខ្ញុំ​នៅ​មាន​ទឹក​ចិត្ត​ផ្សាយ​ដំណឹង​ល្អ ដូច​កាល​ដែល​ខ្ញុំ​ទើប​បាន​រៀន​សេចក្ដី​ពិត​នោះ​ទេ›? តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា? តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ខំ​បន្ត​‹ធ្វើ​ការ​និង​ខំ​ប្រឹង​តយុទ្ធ​ឲ្យ​សម​តាម​ប្រតិបត្ដិ​ការ​នៃ​ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា›? អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​អំពី​រឿង​នេះ។

តើ​អ្នក​ចាំ​ទេ?

◻ ហេតុ​អ្វី​ក៏​យើង​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​អាច​សម្ដែង​ព្រះ​ចេស្ដា​របស់​ទ្រង់​ជា​ប្រយោជន៍​ដល់​មនុស្ស?

◻ តើ​អ្វី​ជា​កាលៈទេសៈ​ដែល​ជំរុញ​ប៉ុល​ឲ្យ​សរសេរ​សៀវភៅ​កូល៉ុស​ជំពូក​១?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​កំពុង​តែ​អនុវត្ត​ការ​ផ្សះផ្សា​ដែល​បាន​ចែង​មក​នៅ​កូល៉ុស ១:២០?

◻ តាម​រយៈ​ព្រះ​ចេស្ដា​របស់​ទ្រង់ តើ​ព្រះ​យេហូវ៉ា​អាច​សម្រេច​អ្វី​ដោយ​យើង?

[រូបភាព​នៅ​ទំព័រ​១៩]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ទី​ក្រុង​កូល៉ុស

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក