ជួយអ្នកដទៃឲ្យបានដើរបែបគួរនឹងព្រះយេហូវ៉ា
‹យើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នា . . . បានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យរបស់ទ្រង់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង›។—កូល៉ុស ១:៩, ១០
១, ២. ជាពិសេស តើអ្វីទៅអាចជាប្រភពនៃអំណរនិងភាពស្កប់ចិត្ត?
គូស្វាមីភរិយាមួយគូ ដែលជាអ្នកបំរើពេញពេលនៅប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា៖ «យើងរស់នៅក្នុងផ្ទះសណ្ដោងមួយនៅឯចំការមួយកន្លែង។ ការប្រើជីវិតរបស់យើងគឺដោយភាពឥតស្មុគស្មាញទេ យើងមានពេលច្រើនជាងដើម្បីផ្សាយដំណឹងល្អដល់មនុស្ស។ យើងបានទទួលពរយ៉ាងវិសេសនូវឯកសិទ្ធិនៃការជួយមនុស្សជាច្រើន ឲ្យថ្វាយជីវិតខ្លួនដល់ព្រះយេហូវ៉ា»។
២ តើអ្នកមិនយល់ស្របថា ការជួយអ្នកដទៃនាំឲ្យមានអំណរទេឬ? ជាញឹកញយមនុស្សខ្លះខំជួយមនុស្សឈឺ មនុស្សដែលខ្វះខាត ឬមនុស្សដែលនៅតែម្នាក់ឯង ពួកគេមានភាពស្កប់ចិត្តដោយការធ្វើដូច្នេះ។ ពួកគ្រីស្ទានពិតគឺប្រាកដក្នុងចិត្តថា ការចែកប្រាប់ដល់អ្នកដទៃនូវចំណេះអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ ជាជំនួយដ៏ឧត្តមបំផុត ដែលគេអាចផ្ដល់ឲ្យ។ មានតែចំណេះនេះទេដែលអាចនាំឲ្យអ្នកដទៃទទួលយកតម្លៃលោះរបស់ព្រះយេស៊ូ និងបណ្ដុះបណ្ដាលឲ្យមានទំនាក់ទំនងដ៏ល្អជាមួយព្រះ ហើយរួចមកនឹងទទួលនូវជីវិតអស់កល្បជានិច្ចបាន។—កិច្ចការ ៣:១៩-២១; ១៣:៤៨
៣. តើជំនួយបែបណាដែលសមឲ្យយើងយកចិត្តទុកដាក់នោះ?
៣ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះការជួយអស់អ្នកដែលបំរើព្រះរួចទៅហើយ ដែលកំពុងតែធ្វើតាម«ផ្លូវនោះ»? (កិច្ចការ ១៩:៩) ការចាប់អារម្មណ៍នឹងគេប្រាកដជានៅតែខ្លាំង ក៏ប៉ុន្តែអ្នកប្រហែលជាមិនអាចឃើញនូវរបៀបដែលអ្នកអាចធ្វើឲ្យបានច្រើនទៀត ឬបន្តក្នុងជំនួយនោះតទៅទៀតបានឡើយ។ ឬក៏ស្ថានការណ៍របស់អ្នកហាក់ដូចជាមានព្រំដែនក្នុងការជួយគេ ដូច្នេះហើយក៏រឹតត្បិតភាពស្កប់ចិត្ត ដែលអ្នកអាចទទួលនោះ។ (កិច្ចការ ២០:៣៥) យើងអាចរៀនពីសៀវភៅកូល៉ុស ស្តីអំពីទិដ្ឋភាពទាំងពីរនេះ។
៤. (ក) ក្នុងការសរសេរសំបុត្ររបស់ប៉ុលជូនពួកអ្នកនៅទីក្រុងកូល៉ុស តើគាត់ស្ថិតនៅក្រោមស្ថានភាពបែបណា? (ខ) តើអេប៉ាប្រាសបានមានការទាក់ទងយ៉ាងណា?
៤ នៅពេលដែលសាវ័កប៉ុលបានសរសេរទៅពួកគ្រីស្ទាននៅទីក្រុងកូល៉ុស នោះគាត់បានត្រូវគេឃុំខ្លួនទុកនៅក្នុងផ្ទះនៅឯទីក្រុងរ៉ូម តែមានភ្ញៀវអាចមកលេងគាត់បាន។ ដូចជាអ្នកដឹងស្រាប់ហើយ ប៉ុលបានប្រើសេរីភាពដែលមានកំរិត ដើម្បីផ្សព្វផ្សាយអំពីព្រះរាជាណាចក្រ។ (កិច្ចការ ២៨:១៦-៣១) ពួកគ្រីស្ទានគ្នីគ្នាអាចមកលេងប៉ុល ហើយនៅពេលខ្លះ ប្រហែលជាអ្នកខ្លះបានទាំងឃុំទុកនៅផ្ទះជាមួយគាត់ផង។ (កូល៉ុស ១:៧, ៨; ៤:១០) បុគ្គលម្នាក់គឺអេប៉ាប្រាសជាអ្នកផ្សាយដំណឹងល្អដ៏ខ្នះខ្នែងពីទីក្រុងកូល៉ុសស្រុកព្រីគា នៅតាមខ្ពង់រាបខាងជើងទីក្រុងអេភេសូរ ភូមិភាគអាស៊ីមីនើរ (សព្វថ្ងៃនេះគឺជាប្រទេសទួរគី)។ អេប៉ាប្រាសបានជួយក្នុងការស្ថាបនាក្រុមជំនុំនៅទីក្រុងកូល៉ុស ហើយគាត់បានជួយបំរើក្រុមជំនុំនៅក្រុងឡៅឌីសេ និងក្រុងហេរ៉ាប៉ូលដែលនៅជិតនោះ។ (កូល៉ុស ៤:១២, ១៣) ហេតុអ្វីក៏អេប៉ាប្រាសបានធ្វើដំណើរទៅជួបប៉ុលនៅឯទីក្រុងរ៉ូម ហើយតើយើងអាចរៀនអ្វីពីការតបឆ្លើយរបស់ប៉ុល?
ជំនួយដែលមានប្រសិទ្ធិភាពសំរាប់ពួកអ្នកនៅទីក្រុងកូល៉ុស
៥. ហេតុអ្វីក៏ប៉ុលបានសរសេរដូចនោះជូនពួកអ្នកនៅទីក្រុងកូល៉ុស?
៥ ដើម្បីនឹងពិគ្រោះជាមួយប៉ុលអំពីស្ថានភាពនៅក្នុងក្រុមជំនុំកូល៉ុស នោះអេប៉ាប្រាសបានធ្វើដំណើរដ៏ពិបាកក្រៃលែងទៅទីក្រុងរ៉ូម។ គាត់បានរាយការណ៍អំពីជំនឿ សេចក្ដីស្រឡាញ់ និងការខំប្រឹងផ្សព្វផ្សាយដំណឹងល្អរបស់ពួកគ្រីស្ទានទាំងនោះ។ (កូល៉ុស ១:៤-៨) ក៏ប៉ុន្តែ គាត់ត្រូវតែប្រាប់នូវសេចក្ដីខ្វល់ខ្វាយរបស់គាត់អំពីអានុភាពដ៏អវិជ្ជមាន ដែលគំរាមកំហែងដល់ភាពខាងវិញ្ញាណនៃពួកអ្នកនៅទីក្រុងកូល៉ុសនោះ។ ប៉ុលបានតបឆ្លើយដោយសរសេរសំបុត្រដែលព្រះបណ្ដាលឲ្យតែង ដែលបានរៀបរាប់បញ្ច្រាសនឹងទស្សនៈខ្លះៗដែលពួកគ្រូក្លែងក្លាយបានផ្សាយឲ្យសាយភាយនោះ។ ជាពិសេស គាត់បានដៅបញ្ជាក់លើមុខនាទីដ៏សំខាន់បំផុត ដែលព្រះយេស៊ូគ្រីស្ទគួរមាននោះ។a តើជំនួយរបស់គាត់គ្រាន់តែបញ្ជាក់នូវសេចក្ដីពិតដ៏សំខាន់ៗពីព្រះគម្ពីរនោះទេឬ? តើមានវិធីណាទៀតដែលគាត់អាចជួយពួកអ្នកនៅទីក្រុងកូល៉ុស ហើយតើមេរៀនអ្វីដែលយើងអាចរៀនអំពីការជួយអ្នកដទៃ?
៦. តើប៉ុលបានបញ្ជាក់អំពីអ្វីក្នុងសំបុត្ររបស់គាត់ជូនពួកអ្នកនៅទីក្រុងកូល៉ុស?
៦ នៅក្នុងសេចក្ដីផ្ដើមនៃសំបុត្ររបស់គាត់ ប៉ុលបានផ្ដល់នូវការយល់ធ្លុះជ្រៅនឹងបែបបទជំនួយ ដែលយើងមិនសូវយកចិត្តទុកដាក់។ នេះជាខ្សែរយៈនៃការឲ្យជំនួយដែលមានប្រសិទ្ធិភាពមកពីទីឆ្ងាយ ដោយព្រោះប៉ុលនិងអេប៉ាប្រាសគឺនៅឆ្ងាយពីក្រុងកូល៉ុស។ ប៉ុលបានបញ្ជាក់ថា៖ «យើងខ្ញុំអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ក៏អធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច»។ ត្រូវហើយ នេះជាសេចក្ដីអធិស្ឋានយ៉ាងចំៗសំរាប់ពួកគ្រីស្ទាននៅទីក្រុងកូល៉ុស។ ប៉ុលបាននិយាយបន្ថែមថា៖ «ហេតុនោះ ចាប់តាំងពីថ្ងៃ ដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ»។—កូល៉ុស ១:៣, ៩
៧, ៨. តើសេចក្ដីអធិស្ឋានផ្ទាល់ខ្លួននិងខាងក្រុមជំនុំ តែងតែរួមបញ្ចូលរឿងអ្វីខ្លះ?
៧ យើងដឹងថា ព្រះយេហូវ៉ាជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» ដូច្នេះយើងអាចទុកចិត្តថា ទ្រង់ប្រុងប្រៀបជាស្រេចដើម្បីសណ្ដាប់នូវសេចក្ដីអធិស្ឋានរបស់យើង ដែលសមស្របនឹងព្រះហឫទ័យរបស់ទ្រង់។ (ទំនុកដំកើង ៦៥:២; ៨៦:៦; សុភាសិត ១៥:៨, ២៩; យ៉ូហានទី១ ៥:១៤) ប៉ុន្តែ ពេលយើងអធិស្ឋានឲ្យអ្នកដទៃ តើសេចក្ដីអធិស្ឋានរបស់យើងមានលក្ខណៈបែបណា?
៨ ជាញឹកញាប់យើងប្រហែលជាគិតនិងអធិស្ឋានអំពី‹ពួកបងប្អូនរបស់យើងរាល់គ្នាដែលនៅក្នុងលោកីយ៍នេះ›។ (ពេត្រុសទី១ ៥:៩) ឬយើងអាចអធិស្ឋានជូនព្រះយេហូវ៉ាអំពីពួកគ្រីស្ទាននិងអ្នកដទៃក្នុងតំបន់នោះ ដែលបានប្រឈមមុខនឹងមហន្តរាយឬសោកនាដកម្ម។ នៅសតវត្សទីមួយ ពេលពួកសិស្សនៅកន្លែងផ្សេងទៀតបានឮអំពីទុរភិក្សនៅស្រុកយូដា ពួកគេច្បាស់ជាបានអធិស្ឋានយ៉ាងច្រើនសំរាប់បងប្អូនរបស់គេ មុននឹងបញ្ជូនប្រាក់ជំនួយនោះមក។ (កិច្ចការ ១១:២៧-៣០) នៅសម័យយើងនេះ សេចក្ដីអធិស្ឋានអំពីភាតរភាពទាំងមូល ឬអំពីបងប្អូនមួយក្រុមធំ តែងតែបានឮនៅកិច្ចប្រជុំគ្រីស្ទាន ដែលមនុស្សជាច្រើនត្រូវការដឹងនិងអាចនិយាយថា«អាម៉ែន»។—កូរិនថូសទី១ ១៤:១៦
ចូរអធិស្ឋានយ៉ាងចំៗ
៩, ១០. (ក) តើមានគំរូណាខ្លះដែលបង្ហាញថា ការអធិស្ឋានអំពីបុគ្គលណាម្នាក់គឺសមត្រឹមត្រូវនោះ? (ខ) តើតាមរបៀបណាដែលគេបានអធិស្ឋានយ៉ាងចំៗឲ្យប៉ុលនោះ?
៩ ក៏ប៉ុន្តែ ព្រះគម្ពីរផ្ដល់ឲ្យយើងនូវគំរូនៃសេចក្ដីអធិស្ឋានសំរាប់អ្នកដទៃ ដែលមានយ៉ាងចំៗ សំរាប់បុគ្គលម្នាក់ៗ។ សូមជញ្ជឹងគិតលើបន្ទូលរបស់ព្រះយេស៊ូ ដែលបានកត់ទុកនៅលូកា ២២:៣១, ៣២។ ពួកសាវ័កដ៏ស្មោះត្រង់១១នាក់បាននៅជុំវិញទ្រង់។ ពួកគេរាល់គ្នាត្រូវការការគាំទ្ររបស់ព្រះ ពេលមានគ្រាពិបាកនៅខាងមុខ ហើយព្រះយេស៊ូបានអធិស្ឋានឲ្យគេដែរ។ (យ៉ូហាន ១៧:៩-១៤) ក៏ប៉ុន្តែ ព្រះយេស៊ូបានរើសយកពេត្រុស ដោយថ្លែងសេចក្ដីអង្វរយ៉ាងចំៗចំពោះសិស្សម្នាក់នោះ។ គំរូឯទៀតគឺ អេលីសេបានអធិស្ឋានឲ្យព្រះជួយបុរសម្នាក់ គឺជាអ្នកបំរើរបស់លោក។ (ពង្សាវតារក្សត្រទី២ ៦:១៥-១៧) សាវ័កយ៉ូហានបានអធិស្ឋានឲ្យកៃយុសបន្តមានសុខភាពល្អខាងរូបកាយនិងខាងវិញ្ញាណ។ (យ៉ូហានទី៣ ១, ២) ហើយសេចក្ដីអធិស្ឋានឯទៀតបានបញ្ជាក់ចំៗចំពោះក្រុមមួយចំនួន។—យ៉ូប ៤២:៧, ៨; លូកា ៦:២៨; កិច្ចការ ៧:៦០; ធីម៉ូថេទី១ ២:១, ២
១០ សំបុត្ររបស់ប៉ុលបញ្ជាក់នូវរឿងអំពីសេចក្ដីអធិស្ឋានយ៉ាងចំៗ។ គាត់បានសុំឲ្យគេអធិស្ឋានចំពោះលោក ឬចំពោះលោកនិងពួកគូកនរបស់លោក។ កូល៉ុស ៤:២, ៣ អានថា៖ «ចូរព្យាយាមក្នុងសេចក្ដីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្ដីនោះឯង ដោយពាក្យអរព្រះគុណ ព្រមទាំងអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូល ជាសេចក្ដីអាថ៌កំបាំងនៃព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណង ដោយព្រោះព្រះបន្ទូលនោះឯង»។ ចូរពិចារណាដែរនូវគំរូឯទៀតនៅ រ៉ូម ១៥:៣០; ថែស្សាឡូនីចទី១ ៥:២៥; ថែស្សាឡូនីចទី២ ៣:១; ហេព្រើរ ១៣:១៨
១១. ពេលនៅទីក្រុងរ៉ូម តើអេប៉ាប្រាសបានអធិស្ឋានឲ្យអ្នកណា?
១១ គឺដូចគ្នានឹងគូកនរបស់ប៉ុលនៅក្រុងរ៉ូមដែរ។ «អ្នកអេប៉ាប្រាស . . . ដែលមកពីពួកអ្នករាល់គ្នា គាត់សូមជំរាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានជានិច្ច ឲ្យអ្នករាល់គ្នា»។ (កូល៉ុស ៤:១២) ពាក្យដែលបានបកប្រែថា«ខំប្រឹង» អាចមានន័យថា«ព្យាយាម» ដូចជាអ្នកហាត់កីឡាកាយសម្ព័ន្ធពីសម័យដើម។ តើអេប៉ាប្រាសបានខំប្រឹងអធិស្ឋានប្រយោជន៍ឲ្យក្រុមអ្នកជឿទូទៅ ឬក៏ឲ្យពួកអ្នកថ្វាយបង្គំពិតទាំងអស់ ដែលនៅទូទាំងភូមិភាគអាស៊ីមីនើរនោះ? ប៉ុលបានបង្ហាញថាអេប៉ាប្រាស បានអធិស្ឋានយ៉ាងចំៗចំពោះអស់អ្នកដែលនៅទីក្រុងកូល៉ុស។ អេប៉ាប្រាសបានដឹងអំពីស្ថានការណ៍របស់គេ។ យើងមិនស្គាល់ឈ្មោះរបស់គេទាំងអស់ទេ ហើយយើងក៏មិនដឹងថាបញ្ហាបែបណាដែលគេបានប្រឈមមុខនោះឡើយ ប៉ុន្តែសូមគិតនូវលទ្ធភាពខ្លះចុះ។ ប្រហែលជាយុវលីណុសកំពុងតែតយុទ្ធនឹងអានុភាពខាងទស្សនវិជ្ជាដែលមានទូទៅ និងរូភូសប្រហែលជាត្រូវការកម្លាំងដើម្បីតទល់នឹងការទាក់ទាញនៃអតីតការប្រព្រឹត្តខាងសាសនាយូដា។ ដោយមានប្ដីដែលជាអ្នកមិនជឿ នាងពើស៊ីសត្រូវការនូវការស៊ូទ្រាំនិងប្រាជ្ញា ដើម្បីចិញ្ចឹមកូនក្នុងព្រះអម្ចាស់ ហើយតើអ័ស៊ីងគ្រីតក៏ត្រូវការនូវការសម្រាលទុក្ខបន្ថែម ដោយព្រោះគាត់រងទុក្ខនឹងជម្ងឺដែលមុខជានឹងស្លាប់នោះឬ? ត្រូវហើយ អេប៉ាប្រាសបានស្គាល់អស់អ្នកដែលនៅក្នុងក្រុមជំនុំនៅស្រុកកំណើតគាត់ ហើយគាត់បានខំប្រឹងអធិស្ឋានឲ្យគេ ពីព្រោះគាត់និងប៉ុលបានចង់ឲ្យពួកដែលមានភក្ដីបែបនេះ ឲ្យដើរបែបសមគួរនឹងព្រះយេហូវ៉ា។
១២. តើយើងអាចនិយាយចំៗក្នុងសេចក្ដីអធិស្ឋានផ្ទាល់ខ្លួនយ៉ាងដូចម្ដេច?
១២ តើអ្នកឃើញនូវលំនាំសំរាប់យើង ដែលជាវិធីមួយសំរាប់ឲ្យយើងជួយអ្នកដទៃនោះឬទេ? ដូចបានបញ្ជាក់មកហើយ សេចក្ដីអធិស្ឋានជាសាធារណៈនៅឯកិច្ចប្រជុំគ្រីស្ទានមិនមានសភាពចំៗទេ ដោយសារមានពួកអ្នកស្ដាប់ផ្សេងៗពីគ្នា។ ក៏ប៉ុន្តែសេចក្ដីអធិស្ឋានផ្ទាល់ខ្លួននិងសេចក្ដីអធិស្ឋានក្នុងក្រុមគ្រួសារ គឺអាចនិយាយយ៉ាងចំៗ។ ថ្វីបើនៅពេលខ្លះយើងសុំឲ្យព្រះដឹកនាំនិងប្រទានពរដល់ពួកអ្នកធ្វើដំណើរត្រួតពិនិត្យ ឬពួកអ្នកគង្វាលខាងវិញ្ញាណ តើយើងអាចនិយាយចំៗនៅពេលខ្លះបានទេ? ជាឧទាហរណ៍ ម្ដេចក៏មិនអធិស្ឋានដោយប្រើឈ្មោះរបស់អ្នកត្រួតពិនិត្យតាមមណ្ឌល ដែលមកលេងក្រុមជំនុំរបស់អ្នក ឬសំរាប់អ្នកដឹកនាំការសិក្សាសៀវភៅតាមក្រុមជំនុំរបស់អ្នកទៅ? ភីលីព ២:២៥-២៨ និងធីម៉ូថេទី១ ៥:២៣ បង្ហាញនូវកង្វល់របស់ប៉ុលចំពោះបុគ្គលម្នាក់ៗ ស្តីអំពីសុខភាពរបស់ធីម៉ូថេនិងអេប៉ាប្រូឌីត។ តើយើងអាចជញ្ជឹងគិតបែបនេះដល់ពួកអ្នកឈឺ ដែលយើងស្គាល់ឈ្មោះនោះឬទេ?
១៣. តើមានស្ថានការណ៍បែបណា ដែលជាការសមត្រឹមត្រូវឲ្យយើងរួមបញ្ចូលរឿងនោះ ក្នុងសេចក្ដីអធិស្ឋានផ្ទាល់ខ្លួនរបស់យើងនោះ?
១៣ ត្រូវហើយ យើងត្រូវតែជៀសវាងពីការជ្រៀតជ្រែកក្នុងរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ ក៏ប៉ុន្តែគឺជាការសមត្រឹមត្រូវឲ្យសម្ដែងនូវចំណាប់អារម្មណ៍ដ៏ស្មោះ ចំពោះអស់អ្នកដែលយើងស្គាល់និងយកចិត្តទុកដាក់នោះ តាមរយៈសេចក្ដីអធិស្ឋានរបស់យើង។ (ធីម៉ូថេទី១ ៥:១៣; ពេត្រុសទី១ ៤:១៥) បងប្រុសម្នាក់ប្រហែលជាលែងមានការងារធ្វើ ហើយយើងមិនអាចឲ្យគាត់នូវការងារមួយទៀតបានទេ។ ក៏ប៉ុន្តែ យើងអាចរៀបរាប់អំពីគាត់នូវឈ្មោះនិងសំដៅលើភាពពិបាករបស់គាត់ តាមរយៈសេចក្ដីអធិស្ឋានផ្ទាល់ខ្លួនរបស់យើង។ (ទំនុកដំកើង ៣៧:២៥; សុភាសិត ១០:៣) តើយើងស្គាល់បងស្រីនៅលីវម្នាក់ដែលបានទៅជាចាស់ដោយឥតមានប្ដីនិងកូន ពីព្រោះគាត់បានតាំងចិត្តរៀបការ«ក្នុងព្រះអម្ចាស់»ទេ? (កូរិនថូសទី១ ៧:៣៩) តាមរយៈសេចក្ដីអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក ម្ដេចក៏មិនសុំព្រះយេហូវ៉ាប្រទានពរឲ្យគាត់ និងជួយគាត់ឲ្យបន្តក្នុងកិច្ចបំរើរបស់គាត់ដោយមានចិត្តស្មោះត្រង់ទៅ? ដូចជាឧទាហរណ៍មួយទៀត ពួកអ្នកចាស់ទុំពីរនាក់ប្រហែលជាឲ្យឱវាទបងប្រុសម្នាក់ ដែលបានប្រព្រឹត្តអំពើខុស។ ពួកគេម្នាក់ៗអាចរៀបរាប់អំពីឈ្មោះរបស់គាត់ តាមរយៈសេចក្ដីអធិស្ឋានផ្ទាល់ខ្លួនពីពេលមួយទៅពេលមួយ។
១៤. តើសេចក្ដីអធិស្ឋានដោយចំៗបានទាក់ទងនឹងជួយអ្នកដទៃយ៉ាងដូចម្ដេច?
១៤ គឺមានឱកាសជាច្រើនសំរាប់ឲ្យអ្នករួមបញ្ចូលក្នុងសេចក្ដីអធិស្ឋានផ្ទាល់ខ្លួន អំពីបុគ្គលដែលអ្នកស្គាល់ ដែលត្រូវការនូវការគាំទ្ររបស់ព្រះយេហូវ៉ា សេចក្ដីសម្រាលទុក្ខ ប្រាជ្ញា និងវិញ្ញាណបរិសុទ្ធ ឬផលផ្លែដែលមានជាលទ្ធផលនោះ។ ដោយព្រោះចម្ងាយ ឬកាលៈទេសៈឯណាទៀត អ្នកប្រហែលគិតថាវត្ថុឬជំនួយដែលអ្នកអាចផ្ដល់ឲ្យគឺមានកំរិត។ ក៏ប៉ុន្តែសូមកុំភ្លេចអធិស្ឋានឲ្យបងប្អូនប្រុសស្រីរបស់អ្នក។ អ្នកដឹងថា គេចង់ដើរបែបគួរនឹងព្រះយេហូវ៉ា ក៏ប៉ុន្តែ ពួកគេប្រហែលជាត្រូវការជំនួយនោះមែន ដើម្បីឲ្យធ្វើអ៊ីចឹងជារៀងរហូតទៅបាន។ ចំណុចសំខាន់ចំពោះការជួយ គឺជាសេចក្ដីអធិស្ឋានរបស់អ្នក។—ទំនុកដំកើង ១៨:២; ២០:១, ២; ៣៤:១៥; ៤៦:១; ១២១:១-៣
ធ្វើការដើម្បីពង្រឹងកម្លាំងពួកអ្នកដទៃ
១៥. ហេតុអ្វីក៏យើងគួរមានចំណាប់អារម្មណ៍នឹងផ្នែកបញ្ចប់នៃសៀវភៅកូល៉ុស?
១៥ ប្រាកដហើយ សេចក្ដីអធិស្ឋានដែលចំៗតែប្រកបដោយចិត្តក្លៀវក្លា មិនមែនជាផ្លូវតែមួយនៃការជួយអ្នកដទៃ ជាពិសេសអស់អ្នកដែលជិតស្និទ្ធ ហើយជាទីស្រឡាញ់ចំពោះអ្នកនោះទេ។ សៀវភៅកូល៉ុសធ្វើឲ្យឃើញជាក់ស្តែងអំពីរឿងនេះ។ ពួកវិជ្ជាករជាច្រើនជឿថា ក្រោយពីប៉ុលបានផ្ដល់នូវសេចក្ដីណែនាំខាងលទ្ធិ និងឱវាទដែលមានប្រយោជន៍ នោះគាត់បាននិយាយបន្ថែមនូវការគំនាប់ឬនិងការជំរាបសួរផ្ទាល់ខ្លួន។ (កូល៉ុស ៤:៧-១៨) ផ្ទុយទៅវិញ នៅផ្នែកចុងបញ្ចប់នៃសៀវភៅនេះ យើងបានរកឃើញនូវឱវាទដែលគួរកត់សម្គាល់ ហើយនៅមានពត៌មានច្រើនទៀតដើម្បីរៀនពីផ្នែកនេះ។
១៦, ១៧. តើយើងអាចនិយាយយ៉ាងណាអំពីបងប្អូន ដែលបានរៀបរាប់នៅកូល៉ុស ៤:១០, ១១?
១៦ ប៉ុលបានសរសេរថា៖ «អ្នកអើរីស្ដាកដែលជាប់គុកជាមួយនឹងខ្ញុំ ហើយម៉ាកុស ជាក្មួយបាណាបាស គាត់ជំរាបសួរមកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលបង្គាប់ ពីរឿងគាត់រួចទៅហើយថា បើគាត់មកឯអ្នករាល់គ្នា នោះត្រូវទទួលគាត់ចុះ ឯអ្នកយេស៊ូវ ដែលហៅថា យូស្ទុស គាត់ជំរាបសួរមកអ្នករាល់គ្នាដែរ អ្នកទាំងនោះជាពួកកាត់ស្បែក ឯពួកអ្នកដែលធ្វើការជាមួយនឹងខ្ញុំខាងឯនគរព្រះ មានតែប៉ុណ្ណឹងទេ ដែលកំសាន្តចិត្តខ្ញុំ»។—កូល៉ុស ៤:១០, ១១
១៧ នៅទីនោះប៉ុលបានប្រាប់អំពីបងប្អូនខ្លះៗ ដែលសមទទួលនូវការសរសើរដ៏ពិសេស។ គាត់បាននិយាយថាពួកគេគឺក្នុងចំណោមដែលបានកាត់ស្បែក ដែលមានសាវតារខាងសាសន៍យូដា។ គឺមានពួកយូដាជាច្រើនដែលបានកាត់ស្បែកនៅក្នុងទីក្រុងរ៉ូម ហើយឥឡូវនេះអ្នកខ្លះជាគ្រីស្ទានហើយ។ ក៏ប៉ុន្តែ អស់អ្នកដែលប៉ុលបានរៀបរាប់ទាំងនេះបានមកជួយគាត់។ ដូចគ្នាដែរ ពួកគេប្រហែលជាឥតមានចិត្តស្ទាក់ស្ទើរក្នុងការសេពគប់ជាមួយនឹងពួកគ្រីស្ទាន ដែលមកពីសាសន៍ដទៃទេ។ ហើយពួកគេច្បាស់ជាត្រេកអរនឹងចូលរួមជាមួយប៉ុល ក្នុងការផ្សព្វផ្សាយដល់សាសន៍ដទៃដែរ។—រ៉ូម ១១:១៣; កាឡាទី ១:១៦; ២:១១-១៤
១៨. តើតាមរបៀបណាដែលប៉ុលបានសរសើរមនុស្សខ្លះ ដែលបានបំរើជាមួយគាត់នោះ?
១៨ ចូរកត់សម្គាល់នូវការពន្យល់របស់ប៉ុលដែលថា៖ ‹ពួកអ្នកទាំងនេះបានទៅជាជំនួយដែលពង្រឹងកម្លាំងខ្ញុំ›។ គាត់បានប្រើពាក្យក្រិកមួយ ដែលមានតែម្ដងគត់ក្នុងព្រះគម្ពីរ។ ពួកអ្នកបកប្រែជាច្រើនបានបកស្រាយជា«សម្រាលទុក្ខ»។ ក៏ប៉ុន្តែ មានពាក្យក្រិកមួយទៀតគឺ ផារ៉ាកាលីអូ (pa·ra·ka·le’o) បានបកស្រាយជាទូទៅថា«សម្រាលទុក្ខ»។ ប៉ុលបានប្រើពាក្យនេះនៅកន្លែងផ្សេងៗក្នុងសំបុត្រនេះ ប៉ុន្តែឥតប្រើពាក្យហ្នឹងនៅឯកូល៉ុស ៤:១១នោះទេ។—ម៉ាថាយ ៥:៤; កិច្ចការ ៤:៣៦; ៩:៣១; កូរិនថូសទី២ ១:៤; កូល៉ុស ២:២; ៤:៨
១៩, ២០. (ក) តើអ្វីជាន័យនៃឃ្លាដែលប៉ុលបានប្រើសំដៅទៅបងប្អូនដែលបានជួយគាត់នៅទីក្រុងរ៉ូមនោះ? (ខ) តើតាមរបៀបណាខ្លះដែលបងប្អូនទាំងនោះអាចជួយប៉ុលបាននោះ?
១៩ អស់អ្នកដែលបានរាប់ឈ្មោះ ច្បាស់ជាបានសម្រេចច្រើន មិនគ្រាន់តែផ្ដល់នូវការសម្រាលទុក្ខដោយមាត់ទទេឡើយ។ ពាក្យក្រិកដែលបានបកស្រាយថា‹ជំនួយដែលពង្រឹង› នៅឯកូល៉ុស ៤:១១ ជួនកាលបានប្រើតាមពាក្យខាងលោកីយ៍នេះ សំរាប់ជាថ្នាំដើម្បីសម្រាលការតានតឹង។ សេចក្ដីបកប្រែព្រះគម្ពីរជីវិតថ្មី អានថា៖ «ពួកគេបានជួយដល់ខ្ញុំមែនហ្ន៎!»។ សេចក្ដីបកប្រែព្រះគម្ពីរអង់គ្លេសសំរាប់សព្វថ្ងៃនេះ បានប្រើឃ្លានេះថា៖ «ពួកគេបានជាជំនួយយ៉ាងខ្លាំងចំពោះខ្ញុំ»។ តើបងប្អូនគ្រីស្ទានទាំងនោះដែលរស់នៅជិតប៉ុល ប្រហែលជាបានធ្វើអ្វីដើម្បីជួយគាត់?
២០ ប្រហែលពួកភ្ញៀវអាចមកលេងប៉ុលបាន ក៏ប៉ុន្តែគឺមានរបស់ជាច្រើន ដែលគាត់មិនអាចធ្វើបាន ដូចជាការទិញនូវរបស់ដែលត្រូវការចាំបាច់ដូចជា ម្ហូបអាហារ និងសំលៀកបំពាក់សំរាប់រដូវរងា។ តើគាត់អាចបានក្រាំងសំរាប់សិក្សា ឬទិញគ្រឿងសរសេរយ៉ាងដូចម្ដេចបាន? (ធីម៉ូថេទី២ ៤:១៣) តើអ្នកអាចនឹកក្នុងមនោគតិថា បងប្អូនទាំងនោះកំពុងតែជួយប៉ុលក្នុងសេចក្ដីត្រូវការទាំងនេះ ដោយធ្វើរបស់ដ៏សំខាន់ៗទាំងនេះ ដូចជាការដើរទិញអីវ៉ាន់ ឬធ្វើកិច្ចការអ្វីមួយឲ្យគាត់? គាត់ប្រហែលជាចង់ពិនិត្យមើលឬស្អាងឡើងនូវក្រុមជំនុំណាមួយ។ ដោយនៅជាប់គុក នោះគាត់មិនអាចធ្វើអ៊ីចឹងបានទេ ដូច្នេះបងប្អូនទាំងនោះអាចធ្វើទស្សនកិច្ចបែបនោះសំរាប់ប៉ុល ដោយនាំសារទាំងឡាយ នឹងនាំមកវិញនូវសេចក្ដីរាយការណ៍។ នេះជាការពង្រឹងកម្លាំងមែនហ្ន៎!
២១, ២២. (ក) ហេតុអ្វីក៏ពាក្យនៅកូល៉ុស ៤:១១ ជាទីចាប់អារម្មណ៍ដល់យើង? (ខ) តើមានផ្លូវណាខ្លះដែលយើងអាចអនុវត្តតាមនូវឧទាហរណ៍នៃអស់អ្នកដែលនៅជាមួយប៉ុល?
២១ អ្វីដែលប៉ុលបានសរសេរអំពី‹ជំនួយដែលពង្រឹងកម្លាំង› ផ្ដល់នូវការយល់ធ្លុះនូវរបៀបដែលយើងអាចជួយអ្នកដទៃ។ ពួកគេអាចដើរបែបគួរនឹងព្រះយេហូវ៉ា ស្តីអំពីខ្នាតតម្រាខាងសីលធម៌របស់ទ្រង់ ទៅកិច្ចប្រជុំគ្រីស្ទាន និងចូលរួមក្នុងកិច្ចការផ្សព្វផ្សាយ។ ចំពោះរឿងនេះ ពួកគេគួរទទួលនូវពាក្យអបអរពីយើង។ ប៉ុន្តែ តើយើងអាចធ្វើឲ្យបានច្រើនទៀតជា‹ជំនួយដែលពង្រឹងកម្លាំង› ដូចអស់អ្នកដែលបាននៅជាមួយនឹងប៉ុលឬទេ?
២២ បើសិនជាអ្នកស្គាល់បងស្រីម្នាក់ ដែលកាន់ខ្ជាប់ដោយប្រាជ្ញាតាមកូរិនថូសទី១ ៧:៣៧ តែឥឡូវឥតមានក្រុមគ្រួសារនៅជិតគាត់ តើអ្នកអាចរួមបញ្ចូលគាត់ក្នុងសកម្មភាពជាគ្រួសារបានឬទេ ប្រហែលជាអញ្ជើញគាត់មកបរិភោគអាហារ ឬទៅឯការប្រជុំជាមួយគ្នាឬចូលរួមការកំសាន្តដ៏តូចជាមួយមិត្តភក្ដិឬសាច់ញាតិរបស់អ្នក? ចុះយ៉ាងណាដែរ បើអញ្ជើញគាត់ឲ្យធ្វើដំណើរជាមួយគ្រួសារអ្នកទៅឯមហាសន្និបាត ឬទៅដើរលេងនោះ? ឬក៏សុំគាត់ឲ្យចូលរួមជាមួយអ្នកនៅពេលដ៏សមគួរ ពេលដែលទៅផ្សារទិញអីវ៉ាន់នោះ។ យើងក៏អាចធ្វើអ៊ីចឹងដល់ស្ត្រីមេម៉ាយឬពោះម៉ាយ ឬក៏ប្រហែលដល់អស់អ្នកដែលឥឡូវពុំអាចបើកបរបាន។ អ្នកនឹងឃើញថាគឺមានប្រយោជន៍ ដោយឮនូវបទពិសោធន៍របស់គេ ឬទទួលនូវយោបល់ពីគេនូវរបស់ជាការធម្មតា ដូចជាការជ្រើសរើសផ្លែឈើ ឬក៏ទិញខោអាវសំរាប់កូនៗ។ (លេវីវិន័យ ១៩:៣២; សុភាសិត ១៦:៣១) ជាលទ្ធផលធម្មតា នោះគឺជាការចំរើននូវភាពជិតស្និទ្ធនឹងគ្នា។ អ៊ីចឹងហើយ ពួកគេអាចមានអារម្មណ៍ស្រួលនឹងសុំឲ្យអ្នកជួយ បើសិនជាគេត្រូវការថ្នាំពីឱសថស្ថានជាដើម។ បងប្អូនដែលនៅជាមួយប៉ុលនៅក្នុងទីក្រុងរ៉ូម ច្បាស់ជាបានផ្ដល់ឲ្យជំនួយដែលពង្រឹងកម្លាំង ដែលមានប្រយោជន៍ ហើយអ្នកក៏អាចធ្វើអ៊ីចឹងដែរ។ ដូចនៅពេលនោះ និងនៅឥឡូវនេះ ប្រសិទ្ធិពរដែលមានជាបន្ថែម គឺចំណងនៃសេចក្ដីស្រឡាញ់បានត្រូវពង្រឹង និងបង្កើននូវការតាំងចិត្តឲ្យបំរើព្រះយេហូវ៉ាជាមួយគ្នាដោយភក្ដីភាព។
២៣. តើជាការល្អសំរាប់យើងម្នាក់ៗឲ្យចំណាយពេលធ្វើអ្វី?
២៣ យើងម្នាក់ៗអាចជញ្ជឹងគិតលើស្ថានការណ៍ ដែលបានរៀបរាប់នៅក្នុងអត្ថបទនេះ។ ទាំងនេះគឺគ្រាន់តែជាគំរូ តែគំរូទាំងនេះអាចជួយរំឭកយើងនូវស្ថានការណ៍ដ៏ពិត ដែលយើងអាចទៅជា‹ជំនួយដែលពង្រឹងកម្លាំង› ដល់បងប្អូនប្រុសស្រីរបស់យើង។ អ្វីដែលសំខាន់នោះគឺថា យើងមិនយកតម្រាប់តាមអាកប្បកិរិយានៃពួកសប្បុរសជននោះទេ។ នោះមិនមែនជាគោលដៅនៃបងប្អូន ដែលបានរៀបរាប់នៅកូល៉ុស ៤:១០, ១១ នោះទេ។ ពួកគេជា«ពួកអ្នកដែលធ្វើការជាមួយនឹងខ្ញុំខាងឯនគរព្រះ»។ លទ្ធផលខាងការពង្រឹងកម្លាំង គឺបានទាក់ទងយ៉ាងចំៗដល់ការងារនោះ។ សូមឲ្យនេះបានដូចគ្នានឹងករណីរបស់យើងដែរ។
២៤. តើអ្វីជាមូលហេតុដ៏សំខាន់បំផុតដែលយើងអធិស្ឋានឲ្យអ្នកដទៃ ទាំងស្វះស្វែងរកពង្រឹងកម្លាំងគេ?
២៤ យើងរៀបរាប់អ្នកដទៃដោយប្រើឈ្មោះរបស់គេក្នុងសេចក្ដីអធិស្ឋានផ្ទាល់ខ្លួន ហើយខំប្រឹងពង្រឹងកម្លាំងគេ ដោយព្រោះហេតុនេះគឺថា៖ យើងជឿថាបងប្អូនប្រុសស្រីរបស់យើង ចង់«ដើរបែបគួរនឹងព្រះអម្ចាស់»។ (កូល៉ុស ១:១០) ហេតុការណ៍នេះគឺទាក់ទងអ្វីមួយ ដែលប៉ុលបានរៀបរាប់ឡើង ពេលសរសេរអំពីសេចក្ដីអធិស្ឋានរបស់អេប៉ាប្រាសបាន ស្តីអំពីពួកកូល៉ុសឲ្យគេ«រក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក»។ (កូល៉ុស ៤:១២, ព.ថ.) តើយើងអាចសម្រេចការនោះផ្ទាល់ខ្លួនយ៉ាងដូចម្ដេច? សូមឲ្យយើងពិនិត្យមើល។
[កំណត់សម្គាល់]
a សូមមើលសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ក្បាលទី១ ទំព័រ ៤៩០-៤៩១ និងសៀវភៅ «គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងក៏មានប្រយោជន៍» ទំព័រ ២២៦-២២៨ បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។ (ជាភាសាអង់គ្លេស)
តើអ្នកបានកត់សម្គាល់ឬទេ?
• តើតាមរបៀបណាដែលយើងអាចជួយគេច្រើនទៀតបាន តាមរយៈសេចក្ដីអធិស្ឋានផ្ទាល់ខ្លួនរបស់យើង?
• តើក្នុងន័យអ្វីដែលពួកគ្រីស្ទានខ្លះជា‹ជំនួយដែលពង្រឹងកម្លាំង›ដល់ប៉ុល?
• តើនៅក្នុងស្ថានការណ៍បែបណា ដែលយើងអាចជា‹ជំនួយដែលពង្រឹងកម្លាំង›?
• តើអ្វីជាគោលដៅដែលជំរុញឲ្យយើងអធិស្ឋានឲ្យគេ និងស្វះស្វែងរកពង្រឹងកម្លាំងនៃបងប្អូនប្រុសស្រីរបស់យើង?
[រូបភាពនៅទំព័រ២៤]
តើអ្នកអាចរួមបញ្ចូលគ្រីស្ទានម្នាក់ទៀតក្នុងដំណើរកំសាន្តជាគ្រួសាររបស់អ្នកបានទេ?
[អ្នកផ្ដល់សិទ្ធិ]
Courtesy of Green Chimney’s Farm