តើអ្នកបំរើព្រះដោយព្រោះតែអ្វី?
ស្តេចមួយអង្គដែលជាអ្នកកោតខ្លាចព្រះធ្លាប់ជូនយោបល់នេះចំពោះបុត្រាទ្រង់ថា៖ «ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្ដិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង»។ (របាក្សត្រទី១ ២៨:៩) ព្រះយេហូវ៉ាច្បាស់ជាចង់ឲ្យអស់អ្នកបំរើរបស់ទ្រង់ បំរើដោយចិត្តអបអរទាំងដឹងគុណផង។
ជាស្មរបន្ទាល់ព្រះយេហូវ៉ា យើងឆាប់នឹងព្រមទទួលថា នៅពេលដែលគេបានពន្យល់ជាដំបូងនោះ ពីសេចក្ដីសន្យាទាំងប៉ុន្មានក្នុងព្រះគម្ពីរ ចិត្តយើងបានពេញដោយកតញ្ញូធម៌។ ជារៀងរាល់ថ្ងៃ យើងបានរៀនចំណុចថ្មីៗអំពីគោលបំណងរបស់ព្រះ។ កាលណាយើងបានរៀនកាន់តែច្រើនអំពីព្រះយេហូវ៉ា នោះធ្វើឲ្យយើងមានចិត្តចង់បំរើទ្រង់«ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង» ក៏មានកាន់តែខ្លាំងឡើងៗដែរ។
មនុស្សជាច្រើននាក់ដែលទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា ក៏បន្តបំរើព្រះយេហូវ៉ាដោយអំណរដ៏ឥតមានកំរិតរហូតដល់អស់មួយជីវិតរបស់គេ។ ក៏ប៉ុន្តែ គ្រីស្ទានខ្លះចាប់ផ្ដើមយ៉ាងល្អ តែក្រោយមក ពួកគេលែងយកចិត្តទុកដាក់នឹងមូលហេតុផ្សេងៗដែលជំរុញចិត្តយើងឲ្យបំរើព្រះនោះ។ តើអ្នកដែលពិសោធអារម្មណ៍បែបនេះទេ? បើមានមែន សូមកុំខកចិត្តឡើយ។ អំណរដែលបានបាត់បង់ទៅ ក៏អាចទទួលមកវិញបានដែរ។ តើតាមរបៀបណាទៅ?
ចូរគិតពីប្រសិទ្ធិពរដែលអ្នកបានទទួល
ជាដំបូងនោះ សូមរំពឹងគិតពីប្រសិទ្ធិពរទាំងប៉ុន្មានដែលអ្នកកំពុងតែទទួលជារៀងរាល់ថ្ងៃពីព្រះ។ សូមគិតអំពីអំណោយទាននានាដ៏ល្អពីព្រះយេហូវ៉ាដូចជា ស្នាព្រះហស្តរបស់ទ្រង់ខាងការបង្កើតដែលមានសំរាប់មនុស្សគ្រប់ៗគ្នា មិនថាក្នុងវណ្ណៈណាខាងសង្គមឬសេដ្ឋកិច្ចណាទេ ព្រមទាំងការផ្ដល់អាហារនិងភេសជ្ជៈតាមធម្មជាតិ និងសុខភាពដ៏ល្អដែលអ្នកអាចមាន ឬមិនគ្រាន់តែចំណេះដែលអ្នកមានខាងសេចក្ដីពិតក្នុងព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែអំណោយទានដ៏សំខាន់បំផុតនោះ គឺជាព្រះរាជបុត្រារបស់ទ្រង់។ ការសោយទិវង្គតរបស់ទ្រង់បានបើកផ្លូវសំរាប់អ្នកឲ្យបំរើព្រះដោយមានមនសិការដ៏ជ្រះថ្លា។ (យ៉ូហាន ៣:១៦; យ៉ាកុប ១:១៧) កាលណាអ្នករំពឹងគិតពីសេចក្ដីសប្បុរសរបស់ព្រះកាន់តែច្រើននោះ ចិត្តអបអរចំពោះទ្រង់នឹងដុះលូតលាស់កាន់តែច្រើនឡើងដែរ។ រួចមក ចិត្តរបស់អ្នកនឹងជំរុញឲ្យអ្នកបំរើទ្រង់ ដោយមានកតញ្ញូធម៌ចំពោះអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ។ យ៉ាងច្បាស់ណាស់ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍បែបនេះម្ដងទៀត ដូចជាអ្នកតែងបទទំនុកដំកើង ដែលបានសរសេរថា៖ «ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ! ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង គ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយ . . . នោះមានច្រើនហួសកំណត់នឹងរាប់បាន»។—ទំនុកដំកើង ៤០:៥
ពាក្យទាំងនេះបានត្រូវសរសេរដោយដាវីឌ ជាបុរសម្នាក់ដែលមានជីវិតច្រើនតែជួបបញ្ហាជាច្រើនអនេកដែលជៀសមិនរួច។ ជាយុវជនម្នាក់ ដាវីឌបានចំណាយពេលយ៉ាងច្រើន ជាអ្នករត់គេចទៅពួនសំងំ កាលដែលសូលដែលជាស្តេចអាក្រក់និងអង្គរក្សរបស់ទ្រង់ បានរកចាប់គាត់ដើម្បីសម្លាប់។ (សាំយូអែលទី១ ២៣:៧, ៨, ១៩-២៣) ដាវីឌក៏មានភាពខ្សោយផ្ទាល់ខ្លួនដែរ កាលដែលគាត់ត្រូវតទល់។ គាត់បានរៀបរាប់ប្រាប់ពីការពិបាកនោះក្នុងបទទំនុកដំកើងទី៤០ គឺថា៖ «មានសេចក្ដីអាក្រក់ឥតគណនាព័ទ្ធទូលបង្គំជុំវិញ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ បានជាទូលបង្គំមិនអាចនឹងងើបឡើងមើលបានឡើយ អំពើទាំងនោះច្រើនជាងសរសៃសក់លើក្បាលទូលបង្គំ»។ (ទំនុកដំកើង ៤០:១២) ប្រាកដហើយ ដាវីឌមានបញ្ហាច្រើនមែន តែគាត់មិនបានចុះចាញ់ទាំងស្រុងនឹងបញ្ហាទាំងនោះឡើយ។ គាត់បានខំជញ្ជឹងគិតទៅលើរបៀបដែលព្រះយេហូវ៉ាបានប្រទានពរឲ្យគាត់ ទោះជាមានបញ្ហាយ៉ាងណាក៏ដោយ និងគាត់បានជ្រាបថា មានប្រសិទ្ធិពរច្រើនជាងការមានភាពវឹកវរទៅទៀត។
នៅពេលដែលអ្នកមានអារម្មណ៍ថា ត្រូវបានព័ទ្ធជុំវិញដោយបញ្ហាផ្ទាល់ខ្លួន ឬមានអារម្មណ៍ថាខ្លួនខ្វះសមត្ថភាព គឺជាការល្អបើអ្នកឈប់មួយភ្លែតហើយគិតពីប្រសិទ្ធិពរដែលអ្នកបានទទួល ដូចជាដាវីឌបានធ្វើដែរ។ ចិត្តអបអរចំពោះប្រសិទ្ធិពរបែបនេះ ប្រាកដជាបានជំរុញឲ្យអ្នកឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ា។ គំនិតបែបនេះក៏អាចជួយអ្នកបង្កើតសារជាថ្មីនូវអំណរដែលបានបាត់ទៅ និងជួយអ្នកឲ្យបំរើព្រះដោយមានចិត្តអបអរ។
កិច្ចប្រជុំក្រុមជំនុំអាចជួយបាន
បន្ថែមទៅលើការរំពឹងគិតចំពោះខ្លួនឯងពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា យើងត្រូវការនូវការសេពគប់ជាមួយពួកគ្រីស្ទានគ្នាយើង។ ការជួបយ៉ាងទៀងទាត់ជាមួយបុរស ស្ត្រី និងយុវជនដែលស្រឡាញ់ព្រះនិងបានប្ដេជ្ញាចិត្តបំរើទ្រង់ នោះជាការលើកទឹកចិត្តមែន។ គំរូរបស់គេអាចជំរុញឲ្យយើងមានសកម្មភាពអស់ពីចិត្តក្នុងកិច្ចបំរើព្រះយេហូវ៉ា។ វត្តមានរបស់យើងនៅឯសាលព្រះរាជាណាចក្រក៏អាចលើកទឹកចិត្តគេបានដែរ។
តាមការពិត នៅពេលដែលយើងត្រឡប់មកឯផ្ទះក្រោយពីបានធ្វើការនឿយហត់អស់មួយថ្ងៃ ឬក៏ពេលដែលយើងធ្លាក់ទឹកចិត្តដោយព្រោះមានបញ្ហាឬភាពខ្សោយណាមួយ គឺមិនសូវស្រួលគិតអំពីការចូលរួមកិច្ចប្រជុំមួយនៅឯសាលព្រះរាជាណាចក្រទេ។ នៅពេលបែបនោះ យើងប្រហែលជាត្រូវតឹងរឹងនឹងខ្លួន ហាក់ដូចជា‹វាយដំរូបកាយខ្លួន› ដើម្បីឲ្យយើងស្ដាប់តាមបង្គាប់ឲ្យទៅជួបជុំជាមួយពួកគ្រីស្ទានគ្នីគ្នា។—កូរិនថូសទី១ ៩:២៦, ២៧; ហេព្រើរ ១០:២៣-២៥
បើយើងត្រូវធ្វើអ៊ីចឹង តើយើងត្រូវសន្និដ្ឋានថា យើងពិតជាមិនមែនស្រឡាញ់ព្រះយេហូវ៉ាទេឬ? មិនមែនទាល់តែសោះ។ ពួកគ្រីស្ទានចាស់ទុំពីបុរាណ ដែលមានសេចក្ដីស្រឡាញ់ជាក់ស្តែងចំពោះព្រះ ក៏ត្រូវខំប្រឹងប្រែងដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះដែរ។ (លូកា ១៣:២៤) សាវ័កប៉ុលបានទៅជាគ្រីស្ទានម្នាក់បែបនេះដែរ។ គាត់ពណ៌នាយ៉ាងឥតលាក់លៀមពីអារម្មណ៍របស់គាត់ ដូចតទៅនេះ៖ «ខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ»។ (រ៉ូម ៧:១៨, ១៩) គាត់ក៏បានប្រាប់ពួកអ្នកនៅកូរិនថូសថា៖ «បើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ដ្បិតខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ . . . បើខ្ញុំធ្វើដោយស្ម័គ្រពីចិត្ត នោះខ្ញុំបានរង្វាន់ តែបើធ្វើទាំងទើសទ័ល នោះគង់តែមានការងារចែកចាយផ្ញើទុកនឹងខ្ញុំដែរ»។—កូរិនថូសទី១ ៩:១៦, ១៧
ដូចជាពួកយើងជាច្រើននាក់ ប៉ុលក៏មានទំនោរចិត្តដ៏មានបាបដែរ ដែលបានរំខាននូវសេចក្ដីប្រាថ្នារបស់គាត់ ចង់ធ្វើអ្វីដែលត្រឹមត្រូវ។ យ៉ាងណាក៏ដោយ គាត់បានខំតយុទ្ធជាខ្លាំង ប្រឆាំងនឹងទំនោរចិត្តទាំងនោះ ហើយគាត់ច្រើនតែបានជោគជ័យមែន។ ប្រាកដហើយ ប៉ុលមិនបានសម្រេចការនេះដោយកម្លាំងខ្លួនគាត់បានឡើយ។ គាត់បានសរសេរថា៖ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារ . . . ទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។ (ភីលីព ៤:១៣) ព្រះយេហូវ៉ា ដែលជាបុគ្គលដែលបានចំរើនកម្លាំងដល់ប៉ុល ក៏នឹងឲ្យអ្នកមានកម្លាំងដើម្បីធ្វើអ្វីដែលត្រឹមត្រូវដែរ បើអ្នកសុំជំនួយពីទ្រង់។ (ភីលីព ៤:៦, ៧) ដូច្នេះហើយ ចូរ«ខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ» ហើយព្រះយេហូវ៉ានឹងប្រទានពរឲ្យអ្នកជាពុំខាន។—យូដាស ៣
អ្នកមិនចាំបាច់ធ្វើការតយុទ្ធនេះដោយម្នាក់ឯងទេ។ ក្នុងក្រុមជំនុំនានានៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា មានអ្នកចាស់ទុំគ្រីស្ទានដ៏ពេញខ្នាត ដែលកំពុងតែខំព្យាយាម«តយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ»ខ្លួនឯង ដែលប្រុងប្រៀបនឹងជួយអ្នកបានដែរ។ បើសិនជាអ្នកទៅសុំជំនួយពីអ្នកចាស់ទុំណាម្នាក់ គាត់នឹងខំ‹និយាយដោយរបៀបសំរាលទុក្ខ›អ្នក។ (ថែស្សាឡូនីចទី១ ៥:១៤) គោលដៅរបស់គាត់គឺដើម្បីធ្វើ«ដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា»។—អេសាយ ៣២:២
«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង» និងទ្រង់ចង់ឲ្យពួកអ្នកបំរើទ្រង់ បំរើដោយសេចក្ដីស្រឡាញ់។ (យ៉ូហានទី១ ៤:៨) ប្រសិនបើត្រូវបង្កើតឲ្យមានម្ដងទៀតនូវសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ សូមធ្វើអ្វីៗដែលសមត្រឹមត្រូវ តាមសេចក្ដីដែលបានរៀបរាប់នៅខាងលើនេះ។ អ្នកនឹងមានចិត្តសប្បាយដោយធ្វើដូច្នេះ។