ជំពូកទី២៦
ការប្រយុទ្ធដើម្បីប្រព្រឹត្តអ្វីដែលត្រឹមត្រូវ
១ តើពីរយ៉ាងណាដែលពួកគ្រីស្ទានត្រូវតែប្រយុទ្ធប្រឆាំងនោះ?
ដរាបណាលោកីយ៍របស់សាតាំងនៅមាន ពួកគ្រីស្ទានត្រូវតែប្រយុទ្ធជានិច្ច ដើម្បីឲ្យបានរួចពីឥទ្ធិពលដ៏អាក្រក់ជួជាតិរបស់វា។ សាវកប៉ុលបានសរសេរថា៖ «ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹង[ឧបាយកលទាំងអម្បាលម៉ាន]របស់អារក្ស»។ (អេភេសូរ ៦:១១-១៨) ប៉ុន្តែ ការប្រយុទ្ធរបស់យើងមិនមែនប្រឆាំងតែសាតាំង និងលោកីយ៍របស់វាប៉ុណ្ណោះទេ គឺប្រឆាំងនឹងតណ្ហារបស់យើងផ្ទាល់ដែលចង់តែប្រព្រឹត្តអាក្រក់នោះ។ ព្រះគម្ពីរបានចែងថា៖ «គំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក»។—លោកុប្បត្តិ ៨:២១; រ៉ូម ៥:១២
២ (ក) ហេតុអ្វីក៏យើងតែងតែមានតណ្ហាយ៉ាងខ្លាំងក្នុងការប្រព្រឹត្តអំពើមិនត្រឹមត្រូវនោះ? (ខ) ហេតុអ្វីក៏យើងត្រូវតែប្រយុទ្ធនឹងតណ្ហាមិនត្រឹមត្រូវ?
២ ដោយសារតែអំពើបាបដែលយើងបានទទួលជាមរតកពីបុរសទីមួយអ័ដាម ចិត្តរបស់យើងប្រហែលជាមានតណ្ហាយ៉ាងខ្លាំងដែលចង់ប្រព្រឹត្តតែការអាក្រក់។ ប្រសិនបើយើងបណ្ដោយទៅតាមតណ្ហាយ៉ាងខ្លាំងនោះ យើងនឹងមិនទទួលជីវិតដ៏អស់កល្បជានិច្ចនៅក្នុងរបបថ្មីរបស់ព្រះបានទេ។ ដូច្នេះ យើងត្រូវប្រយុទ្ធជាចាំបាច់ ដើម្បីប្រព្រឹត្តអ្វីដែលត្រឹមត្រូវ។ សូម្បីតែសាវកប៉ុលក៏បានជួបប្រទះនូវការប្រយុទ្ធបែបនេះដែរ ដូចជាលោកបានពន្យល់ថា៖ «ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្ដីល្អ នោះចេះតែមានសេចក្ដីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច»។ (រ៉ូម ៧:២១-២៣) លោកអ្នកប្រហែលជាជួបប្រទះនូវការប្រយុទ្ធដ៏ពិបាកមួយនេះដែរ។ នៅពេលខ្លះ ប្រហែលជាមានការទង្គិចចិត្តដ៏ខ្លាំងមួយនៅក្នុងខ្លួនអ្នក។ នៅពេលនោះ តើលោកអ្នកនឹងសម្រេចចិត្តធ្វើយ៉ាងណា?
៣ (ក) តើមនុស្សជាច្រើនមានការទង្គិចចិត្តណាខ្លះនៅក្នុងខ្លួនគេ? (ខ) តើសេចក្ដីពិតនៃព្រះគម្ពីរមួយណា ដែលបង្ហាញឲ្យឃើញនូវហេតុការណ៍ដែលពួកគេចេះតែប្រព្រឹត្តអាក្រក់ នៅពេលដែលគេប្រាថ្នាចង់ប្រព្រឹត្តការត្រឹមត្រូវនោះ?
៣ លោកអ្នកបានដឹងរួចហើយនូវសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះទាំងឡាយ អំពីការរស់នៅជានិរន្តរ៍ក្នុងស្ថានភាពដ៏ល្អឥតខ្ចោះនៅលើផែនដីនេះ។ លោកអ្នកជឿទៅលើសេចក្ដីសន្យាទាំងនេះ ហើយចង់បានរបស់ល្អទាំងនេះសំរាប់ខ្លួនឯង។ លោកអ្នកក៏ដឹងដែរថា ការបម្រើព្រះ គឺជាការដែលផ្ដល់ប្រយោជន៍ដ៏ប្រសើរនិងឋិតថេរជានិច្ចផង។ ប៉ុន្តែ នៅក្នុងចិត្តរបស់លោកអ្នក ប្រហែលជាអ្នកមានតណ្ហាចង់បានយ៉ាងខ្លាំងនូវអ្វីៗដែលអ្នកដឹងថាជាការអាក្រក់។ ជួនកាលលោកអ្នកប្រហែលជាមានតណ្ហាយ៉ាងខ្លាំងចង់ប្រព្រឹត្តការសហាយស្មន់ ការលួចប្លន់ ឬក៏ការចូលរួមក្នុងអំពើអាក្រក់ដទៃទៀត។ មនុស្សខ្លះ ដែលកំពុងតែសិក្សាសៀវភៅនេះ ប្រហែលជាកំពុងចូលរួមប្រព្រឹត្តអំពើអាក្រក់បែបនេះ ថ្វីបើពួកគេដឹងយ៉ាងច្បាស់ថា អំពើទាំងនេះត្រូវបានព្រះកាត់ទោសក៏ដោយ។ ចំពោះហេតុការណ៍ដែលពួកគេចេះតែប្រព្រឹត្តអាក្រក់ នៅពេលដែលគេប្រាថ្នាចង់ប្រព្រឹត្តការត្រឹមត្រូវនោះ សម្ដែងឲ្យឃើញសេចក្ដីពិតនៃព្រះគម្ពីរដូចនេះថា៖ «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង»។—យេរេមា ១៧:៩
ការប្រយុទ្ធដែលអាចឈ្នះបាន
៤ (ក) តើការប្រយុទ្ធត្រូវឈ្នះឬក៏ចាញ់ ស្រេចទៅលើអ្នកណា? (ខ) តើអ្វីជាការចាំបាច់ដើម្បីឲ្យឈ្នះការប្រយុទ្ធក្នុងការធ្វើអ្វីដែលត្រឹមត្រូវនោះ?
៤ ប៉ុន្តែ ការនេះមិនមានន័យថា បុគ្គលម្នាក់ៗអាចទប់ទល់ទៅលើតណ្ហាដ៏ខ្លាំងរបស់ខ្លួនក្នុងការប្រព្រឹត្តខុសនោះទេ។ ប្រសិនបើលោកអ្នកពិតជាចង់មែននោះ លោកអ្នកអាចចម្រើនកម្លាំងចិត្តរបស់លោកអ្នកឲ្យបានខ្លាំងឡើង ដើម្បីឲ្យដឹកនាំលោកអ្នកតាមផ្លូវដ៏ត្រឹមត្រូវមួយវិញ។ ប៉ុន្តែ ការធ្វើយ៉ាងនេះ គឺស្រេចទៅលើលោកអ្នកទេ។ (ទំនុកដំកើង ២៦:១, ១១) គ្មានអ្នកណាផ្សេងទៀត អាចឈ្នះការប្រយុទ្ធនេះសំរាប់លោកអ្នកបានទេ។ ដូច្នេះ ជាបឋម សូមបន្តនូវការទទួលយកតម្រិះវិជ្ជានៃព្រះគម្ពីរដែលផ្ដល់ឲ្យជីវិតទៀតចុះ។ (យ៉ូហាន ១៧:៣) ប៉ុន្តែ ការនេះមិនត្រឹមតែបញ្ចូលតម្រិះវិជ្ជានោះទៅក្នុងខួរក្បាលតែប៉ុណ្ណោះទេ គឺត្រូវតែលិចចូលទៅក្នុងចិត្តរបស់លោកអ្នកដែរ។ លោកអ្នកត្រូវតែមានចិត្តរំភើបឲ្យបានជ្រាលជ្រៅ ចំពោះអ្វីៗដែលលោកអ្នកកំពុងតែរៀន ដើម្បីឲ្យលោកអ្នកពិតជាចង់អនុវត្តតាមសេចក្ដីដែលបានរៀននោះ។
៥ តើអ្នកអាចធ្វើឲ្យចិត្តលោកអ្នកមានអំណរគុណចំពោះក្រិត្យវិន័យរបស់ព្រះបានយ៉ាងណា?
៥ ប៉ុន្តែ តើលោកអ្នកអាចធ្វើឲ្យចិត្តលោកអ្នកមានអំណរគុណចំពោះក្រិត្យវិន័យរបស់ព្រះបានយ៉ាងណា? លោកអ្នកត្រូវតែរំពឹងគិត ឬក៏គិតឲ្យបានជ្រៅអំពីក្រិត្យវិន័យនោះ។ ជាឧទាហរណ៍ សូមសួរខ្លួនឯងថា៖ តើការគោរពស្ដាប់បង្គាប់ព្រះ ពិតជាធ្វើឲ្យមានការខុសប្លែកយ៉ាងណា? បន្ទាប់មក សូមពិនិត្យមើលជីវិតរបស់មនុស្សដែលមិនបានអើពើនឹងក្រិត្យវិន័យរបស់ទ្រង់ ដូចជាក្មេងស្រីដែលមានអាយុ១៩ឆ្នាំម្នាក់នេះ ដែលបានសរសេរមកថា៖ «ខ្ញុំបានកើតមានកាមរោគបីដង។ នៅលើកទីបី រោគនោះបានធ្វើឲ្យខ្ញុំបាត់សិទ្ធិក្នុងការបង្កើតកូនចៅ ពីព្រោះស្បូនរបស់ខ្ញុំត្រូវបានកាត់យកចេញ»។ នេះពិតជាការខ្លោចផ្សាណាស់ ក្នុងការពិចារណាពីបញ្ហាទាំងឡាយដែលបានកើតមក ដោយសារមនុស្សមិនស្ដាប់បង្គាប់ក្រិត្យវិន័យរបស់ព្រះនោះ។ (សាំយូអែលទី២ ១៣:១-១៩) ស្ត្រីម្នាក់ដែលបានប្រព្រឹត្តការសហាយស្មន់ បាននិយាយដោយក្រៀមក្រំថា៖ «រឿងនេះគឺគ្មានអត្ថប្រយោជន៍អ្វីសោះ គឺគ្រាន់តែមានការឈឺចាប់និងការខូចចិត្តដែលបានមកពីការមិនស្ដាប់បង្គាប់នោះ។ ពេលឥឡូវនេះ ខ្ញុំកំពុងតែរងទុក្ខដោយព្រោះតែរឿងនោះឯង»។
៦ (ក) ហេតុអ្វីក៏ការសប្បាយកំសាន្តដែលអាចបានមកពីការធ្វើអ្វីដែលអាក្រក់ មិនមានប្រយោជន៍? (ខ) តើជីវិតប្រភេទណា ដែលលោកម៉ូសេអាចបានសប្បាយនៅក្នុងប្រទេសអេស៊ីព្ទ?
៦ ប៉ុន្តែ លោកអ្នកនឹងឮមនុស្សនិយាយថា ការសហាយស្មន់ ការធ្វើឲ្យស្រវឹង និងការប្រើគ្រឿងញៀន គឺជាការសប្បាយកំសាន្ត។ ប៉ុន្តែ ការសប្បាយកំសាន្តដែលគេអួតនោះ គ្រាន់តែជាបណ្ដោះអាសន្នទេ។ សូមកុំបណ្ដោយខ្លួនឲ្យវង្វេងទៅតាមដំណើរនៃការប្រព្រឹត្តដែលនឹងដកយកនូវសុភមង្គលដ៏ពិតនិងយូរអង្វែងរបស់លោកអ្នកនោះឡើយ។ សូមគិតអំពីលោកម៉ូសេដែលត្រូវបានយកមកចិញ្ចឹមជា«កូនរបស់បុត្រីផារ៉ោន»។ លោកបានរស់នៅក្នុងរាជវង្សដែលមានសម្បត្ដិស្តុកស្តម្ភនៃប្រទេសអេស៊ីព្ទពីដើម។ ប៉ុន្តែ ព្រះគម្ពីរបានចែងថា ពេលដែលលោកបានធំពេញរូបរាងឡើង លោកបានជ្រើសរើសយកការ«ស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្ដីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ»។ (ហេព្រើរ ១១:២៤, ២៥) ដូច្នេះ ការសប្បាយកំសាន្ត ឬក៏ការរីករាយនឹងជីវភាពអសីលធម៌និងឥតសណ្ដាប់ធ្នាប់ គឺពិតជាមាននៅក្នុងចំណោមរាជវង្សរបស់សាសន៍អេស៊ីព្ទ។ អញ្ចឹង ហេតុអ្វីក៏លោកម៉ូសេបានបោះបង់ចោលនូវជីវភាពកំសាន្តទាំងអស់នោះ?
៧ ហេតុអ្វីក៏លោកម៉ូសេបានបោះបង់ចោល«សេចក្ដីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះ»នៅក្នុងរាជវង្សនៃប្រទេសអេស៊ីព្ទ?
៧ នេះគឺមកពីលោកម៉ូសេបានជឿទៅលើព្រះយេហូវ៉ា។ ហើយ លោកបានដឹងអំពីអ្វីដែលល្អប្រសើរជាងការសប្បាយបណ្ដោះអាសន្ននៃអំពើបាប ដែលលោកអាចពិសោធនៅក្នុងរាជវង្សរបស់សាសន៍អេស៊ីព្ទទៅទៀត។ ព្រះគម្ពីរបានចែងថា៖ «លោកសំឡឹងចំទៅឯរង្វាន់វិញ»។ លោកម៉ូសេបានរំពឹងគិតឬក៏គិតយ៉ាងជ្រៅ អំពីអ្វីដែលព្រះបានសន្យា។ លោកមានជំនឿលើព្រះរាជបំណងរបស់ព្រះក្នុងការបង្កើតរបបថ្មីដ៏សុចរិតមួយ។ លោកបានរំភើបចិត្តយ៉ាងខ្លាំងចំពោះសេចក្ដីស្រឡាញ់និងការយកព្រះហឫទ័យទុកដាក់របស់ព្រះយេហូវ៉ាចំពោះមនុស្សលោក។ គឺមិនមែនជាការដែលលោកម៉ូសេគ្រាន់តែបានឮឬក៏បានអានអំពីព្រះយេហូវ៉ានោះទេ។ ព្រះគម្ពីរបានចែងថា៖ «លោកបានកាន់យ៉ាងខ្ជាប់ខ្ជួនហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ»។ (ហេព្រើរ ១១:២៦, ២៧) ព្រះយេហូវ៉ាជាបុគ្គលដ៏ពិតចំពោះលោកម៉ូសេ ហើយសេចក្ដីសន្យារបស់ទ្រង់អំពីជីវិតដ៏អស់កល្បជានិច្ចក៏អញ្ចឹងដែរ។
៨ (ក) ដើម្បីប្រយុទ្ធឲ្យបានឈ្នះក្នុងការធ្វើអំពើត្រឹមត្រូវនោះ តើយើងត្រូវតែមានអ្វី? (ខ) តើទស្សនៈអ្វី ដែលបានបញ្ចេញដោយយុវជនម្នាក់ ដែលជាការមានប្រាជ្ញាចំពោះយើងឲ្យមានដូច្នោះនោះ?
៨ តើលោកអ្នកមានអារម្មណ៍ដូចនេះទេ? តើលោកអ្នកមានទស្សនៈថាព្រះយេហូវ៉ាជាបុគ្គលដ៏ពិត ជាព្រះវរបិតាមួយអង្គ ដែលស្រឡាញ់លោកអ្នកទេ? ពេលដែលលោកអ្នកអានអំពីសេចក្ដីសន្យាទាំងឡាយរបស់ទ្រង់ ដែលទ្រង់នឹងប្រទានជីវិតដ៏អស់កល្បជានិច្ចក្នុងសួនមនោរម្យនៅលើផែនដីនោះ តើលោកអ្នកឃើញខ្លួនឯងនៅទីនោះអរសប្បាយនឹងពរទាំងនោះទេ? (សូមអញ្ជើញមើលពីទំព័រ១៥៦ទៅទំព័រ១៦២)។ ដើម្បីប្រយុទ្ធឲ្យបានឈ្នះនឹងការកៀបសង្កត់ខាងផ្លូវចិត្តឲ្យធ្វើអំពើខុសនោះ យើងត្រូវតែមានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ហើយយើងត្រូវតែសម្លឹងមើល«ចំទៅឯរង្វាន់វិញ»ដូចជាលោកម៉ូសេដែរ។ យុវជនដែលមានអាយុ២០ឆ្នាំម្នាក់ ដែលបានជួបប្រទះនូវសេចក្ដីល្បួងក្នុងការប្រព្រឹត្តការសហាយស្មន់ បានមានទស្សនៈដូចលោកម៉ូសេដែរ។ គាត់បាននិយាយថា៖ «សេចក្ដីសង្ឃឹមនឹងជីវិតដ៏អស់កល្បជានិច្ចរបស់ខ្ញុំមានតម្លៃដ៏ខ្លាំងលើសលប់ ដែលមិនត្រូវបាត់បង់ក្នុងរយៈពេលមួយភ្លែតនៃការប្រព្រឹត្តអំពើអសីលធម៌នោះបានទេ»។ តើនេះមិនមែនជាអាកប្បកិរិយាដ៏ត្រឹមត្រូវដែលត្រូវតែមានទេឬ?
ការរៀនពីកំហុសរបស់អ្នកដទៃ
៩ តាមរបៀបណា ដែលស្តេចដាវីឌបានបរាជ័យក្នុងការប្រយុទ្ធដើម្បីធ្វើអ្វីដែលត្រឹមត្រូវនោះ?
៩ លោកអ្នកមិនត្រូវធ្វេសប្រហែសក្នុងការប្រយុទ្ធនេះ ដូចជាស្តេចដាវីឌបានធ្វើម្ដងនោះឡើយ។ ដោយចៃដន្យទ្រង់បានទតពីលើដំបូលដំណាក់ ហើយពីចម្ងាយក៏បានទតព្រះនេត្រទៅឃើញស្ត្រីដែលមានរូបឆោមស្រស់ល្អម្នាក់នាមបាតសេបា កំពុងតែងូតទឹក។ ជាជាងងាកចេញ មុននឹងគំនិតមិនត្រឹមត្រូវបានលូតលាស់ក្នុងព្រះទ័យទ្រង់ ទ្រង់បានទតសម្លឹងបន្តទៅទៀត។ តណ្ហារបស់ទ្រង់ដែលចង់រួមសង្វាសជាមួយនាងបាតសេបាបានរឹតតែខ្លាំងឡើង ដែលទ្រង់បានចាត់ឲ្យគេនាំនាងមកក្នុងដំណាក់ទ្រង់។ ក្រោយមក ដោយនាងបានជាមានគភ៌ ហើយទ្រង់មិនអាចបិទបាំងនូវសេចក្ដីកំផិតរបស់ទ្រង់បានឡើយ ទ្រង់ក៏បានរៀបចំចាត់ចែងឲ្យគេសម្លាប់ប្ដីរបស់នាងនៅសមរភូមិ។—សាំយូអែលទី២ ១១:១-១៧
១០ (ក) តើស្តេចដាវីឌបានត្រូវកាត់ទោសយ៉ាងណា ចំពោះអំពើបាបរបស់ទ្រង់? (ខ) អ្វី ដែលអាចបង្ការស្តេចដាវីឌពីការធ្លាក់ទៅក្នុងសេចក្ដីកំផិតនេះបាន?
១០ នេះពិតជាអំពើបាបមួយដ៏អាក្រក់ក្រៃលែង។ ហើយស្តេចដាវីឌក៏បានត្រូវរងទុក្ខវេទនាដោយសារការនោះដែរ។ ទ្រង់មិនគ្រាន់តែមានទុក្ខព្រួយដ៏ធំធេងដោយសារអ្វីដែលទ្រង់បានប្រព្រឹត្តប៉ុណ្ណោះទេ ប៉ុន្តែព្រះយេហូវ៉ាបានដាក់ទោសទ្រង់ដោយបណ្ដោយឲ្យមានបញ្ហានៅក្នុងព្រះរាជវង្សរបស់ទ្រង់ រហូតដល់ចុងបំផុតនៃព្រះជន្មរបស់ទ្រង់។ (ទំនុកដំកើង ៥១:៣, ៤; សាំយូអែលទី២ ១២:១០-១២) ព្រះទ័យរបស់ស្តេចដាវីឌបានវៀចវេរជាងដែលទ្រង់បានឈ្វេងយល់ទៅទៀត តណ្ហាដ៏អាក្រក់របស់ទ្រង់បានមានជ័យជំនះលើទ្រង់។ បន្ទាប់មកទ្រង់បានមានបន្ទូលថា៖ «មើល ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយម្ដាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ»។ (ទំនុកដំកើង ៥១:៥) ប៉ុន្តែ អំពើអាក្រក់ដែលស្តេចដាវីឌបានប្រព្រឹត្តជាមួយនាងបាតសេបានោះ អាចបង្ការមិនឲ្យកើតមានឡើងបាន។ បញ្ហារបស់ទ្រង់នោះ គឺព្រោះទ្រង់ចេះតែទតសម្លឹងមើល ទ្រង់មិនបានចៀសចេញពីស្ថានការណ៍ដែលបណ្ដាលឲ្យកាមតណ្ហាលូតលាស់ចំពោះភរិយារបស់បុរសដទៃ។
១១ (ក) តើយើងគួររៀនយ៉ាងណា ពីការពិសោធន៍របស់ស្តេចដាវីឌ? (ខ) តើសកម្មភាពអ្វីខ្លះ ដែលលោកអ្នកនឹងថា អាចបង្កើននូវការ«សំរើបសំរាល»នោះ? (គ) ដូចជាយុវជនម្នាក់បានពោលមក តើបុគ្គលដែលមានប្រាជ្ញានឹងចៀសវាងអ្វី?
១១ យើងគួរតែរៀនពីការពិសោធន៍របស់ស្តេចដាវីឌ ក្នុងការប្រយ័ត្ននឹងស្ថានការណ៍ដែលធ្វើឲ្យសំរើបអារម្មណ៍ខាងកាមតណ្ហាមិនត្រឹមត្រូវនោះ។ ជាឧទាហរណ៍ តើនឹងមានអ្វីកើតឡើង បើសិនជាលោកអ្នកអានសៀវភៅ មើលកម្មវិធីទូរទស្សន៍និងភាពយន្តណាដែលធ្វើឲ្យរំជើបរំជួលខាងសេពមេថុនកម្មនោះ? កាមតណ្ហាប្រហែលជានឹងឡើងរំជួលស្រើបស្រាលហើយ។ ដូច្នេះ សូមចៀសវាងនូវសកម្មភាពនិងការកំសាន្តដែលធ្វើឲ្យមានការ«សំរើបសំរាល»។ (កូល៉ុស ៣:៥; ថែស្សាឡូនីចទី១ ៤:៣-៥; អេភេសូរ ៥:៣-៥) សូមកុំបណ្ដោយឲ្យខ្លួនអ្នកទៅក្នុងស្ថានការណ៍ណាមួយ ជាមួយនឹងបុគ្គលដទៃដែលអាចនាំឲ្យប្រព្រឹត្តសហាយស្មន់ឡើយ។ យុវជនដែលមានអាយុ១៧ឆ្នាំម្នាក់ បានឆ្លើយដោយប្រាជ្ញាថា៖ «អ្នកណាក៏អាចនិយាយថា‹យើងដឹងហើយពីពេលដែលយើងត្រូវឈប់›។ ពិតមែនហើយ បុគ្គលម្នាក់អាចដឹងពីពេលនោះ ប៉ុន្តែ តើមានប៉ុន្មាននាក់ដែលអាចធ្វើបាននោះ? ដូច្នេះ គឺជាការប្រសើរក្នុងការចៀសវាងនូវស្ថានការណ៍នោះតែម្ដង»។
១២ តើគំរូអ្វីរបស់លោកយ៉ូសែប ដែលយើងត្រូវចាំក្នុងចិត្តនោះ?
១២ ប្រសិនបើស្តេចដាវីឌបាននឹកចាំនូវគំរូរបស់លោកយ៉ូសែប ទ្រង់ប្រហែលជាមិនបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ប្រឆាំងនឹងព្រះឡើយ។ នៅក្នុងប្រទេសអេស៊ីព្ទ លោកយ៉ូសែបបានត្រូវដាក់ឲ្យមើលការខុសត្រូវលើផ្ទះសម្បែងរបស់លោកប៉ូទីផារ។ ពេលដែលលោកប៉ូទីផារមិននៅផ្ទះ ប្រពន្ធដែលវក់តែនឹងការរួមសង្វាសរបស់គាត់បានព្យាយាមប្រលោមបុរសដ៏សង្ហា លោកយ៉ូសែប ដោយពាក្យថា៖ «ចូរមកដេកនឹងអញ»។ ប៉ុន្តែ យ៉ូសែបបានបដិសេធ។ បន្ទាប់មក ថ្ងៃមួយ នាងក៏បានចាប់គាត់ហើយព្យាយាមបង្ខំគាត់ឲ្យរួមដំណេកជាមួយនឹងនាង។ ប៉ុន្តែ យ៉ូសែបបានដោះរួច ហើយក៏រត់ចេញ។ គាត់បានតាំងចិត្តរបស់គាត់យ៉ាងមាំមួន ដោយគិតថា មិនត្រូវស្កប់តាមកាមតណ្ហារបស់ខ្លួនគាត់ផ្ទាល់ទេ ប៉ុន្តែត្រូវប្រព្រឹត្តអ្វីដែលត្រឹមត្រូវចំពោះព្រះនេត្រព្រះវិញ។ គាត់បានសួរថា៖ «ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង»?—លោកុប្បត្តិ ៣៩:៧-១២
ជំនួយដែលលោកអ្នកត្រូវការជាចាំបាច់ដើម្បីឲ្យឈ្នះ
១៣, ១៤ (ក) តើត្រូវតែធ្វើយ៉ាងណា ដើម្បីឲ្យឈ្នះនូវការប្រយុទ្ធនេះ? (ខ) តើការកែប្រែណា ដែលពួកបានទៅជាគ្រីស្ទាននៅក្រុងកូរិនថូសបានធ្វើ ហើយដោយសារជំនួយអ្វី? (គ) តើប៉ុលនិងទីតុសពីដើមជាមនុស្សប្រភេទណា?
១៣ ដើម្បីឲ្យបានឈ្នះការប្រយុទ្ធនេះ លោកអ្នកត្រូវតែបណ្ដាលឲ្យតម្រិះវិជ្ជានៃព្រះគម្ពីរជ្រួតជ្រាបចូលទៅក្នុងចិត្តរបស់អ្នក ដើម្បីញ៉ាំងលោកអ្នកឲ្យធ្វើតាមដំបូន្មាននោះ។ ប៉ុន្តែលោកអ្នកក៏ត្រូវតែចូលរួមជាមួយនឹងប្រជារាស្ត្ររបស់ព្រះ ដើម្បីឲ្យបានទៅជាផ្នែកមួយនៃអង្គការដែលមើលឃើញរបស់ព្រះយេហូវ៉ាដែរ។ ដោយសារជំនួយពីអង្គការរបស់ព្រះ ទោះបីលោកអ្នកជាប់ទាក់ទងយ៉ាងធ្ងន់ជាមួយនឹងអំពើមិនប្រពៃយ៉ាងណាក៏ដោយ លោកអ្នកអាចកែប្រែបាន។ ចំពោះបណ្ដាជនទាំងឡាយនៅក្នុងក្រុងកូរិនថូសពីដើមដែលបានកែប្រែនោះ សាវកប៉ុលបានសរសេរថា៖ «កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះតិះដៀល នឹងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ។ ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សដូច្នោះដែរ តែបានលាងស្អាតហើយ»។—កូរិនថូសទី១ ៦:៩-១១
១៤ សូមគិតអំពីរឿងនេះចុះ! ពួកគ្រីស្ទានពីដើមខ្លះ ពីមុនជាពួកសហាយស្មន់ ពួកមនុស្សកំផិត ពួកលេងកូនជឹង ពួកចោរនិងពួកប្រមឹក។ ប៉ុន្តែ ដោយសារជំនួយពីអង្គការគ្រីស្ទាន ពួកគេបានកែប្រែហើយ។ សាវកប៉ុលផ្ទាល់ នៅពេលមុនក៏គាត់បានប្រព្រឹត្តអំពើអាក្រក់ដែរ។ (ធីម៉ូថេទី១ ១:១៥) ចំពោះទីតុសដែលជាសហការីគ្រីស្ទានរបស់លោក សាវកប៉ុលបានសរសេរថា៖ «ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្ដីប៉ងប្រាថ្នា នឹងសេចក្ដីសំរើបផ្សេងៗ»។—ទីតុស ៣:៣
១៥ (ក) អ្វីដែលបង្ហាញឲ្យឃើញថា មិនមែនជាការងាយស្រួលទេ ចំពោះប៉ុលក្នុងការប្រព្រឹត្តអ្វីដែលត្រឹមត្រូវនោះ? (ខ) តើយើងអាចបានប្រយោជន៍ពីគំរូរបស់ប៉ុលយ៉ាងណាខ្លះ?
១៥ កាលដែលប៉ុលបានទៅជាគ្រីស្ទានម្នាក់នោះ តើនៅពេលនោះជាការងាយស្រួលចំពោះគាត់ក្នុងការធ្វើអ្វីត្រឹមត្រូវឬ? មិនស្រួលទេ ប៉ុលបានប្រយុទ្ធអស់មួយជីវិតជំទាស់នឹងតណ្ហាហើយការសប្បាយកំសាន្តដែលមិនត្រឹមត្រូវ ដែលពីដើមគាត់ជាអ្នកបម្រើនៃការនោះ។ លោកបានសរសេរថា៖ «ខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ»។ (កូរិនថូសទី១ ៩:២៧) ប៉ុលបាន‹តឹងតែង›ជាមួយខ្លួនគាត់ផ្ទាល់។ គាត់បង្ខំខ្លួនគាត់ ឲ្យធ្វើអ្វីដែលត្រឹមត្រូវ ទោះបីនៅពេលដែលរូបកាយរបស់គាត់ចង់ធ្វើខុសក៏ដោយ។ ហើយប្រសិនបើលោកអ្នកធ្វើដូចគាត់បានធ្វើនោះ អ្នកក៏អាចបានឈ្នះនូវការប្រយុទ្ធនេះដែរ។
១៦ តើគំរូសម័យថ្មីណាខ្លះ ដែលអាចជួយយើងឲ្យឈ្នះការប្រយុទ្ធក្នុងការធ្វើអ្វីត្រឹមត្រូវនោះ?
១៦ ប្រសិនបើលោកអ្នកមានការពិបាក ក្នុងការពុះពារឲ្យឈ្នះទម្លាប់អាក្រក់ខ្លះ សូមអញ្ជើញមកចូលរួមក្នុងសន្និបាតដ៏ធំរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅខាងមុខនេះ។ លោកអ្នកប្រាកដជានឹងចាប់ចិត្តដោយសារមារយាទដ៏ស្អាតស្អំនិងការរីករាយនៃពួកដែលនៅទីនោះជាមិនខាន។ ប៉ុន្តែ ភាគច្រើននៃពួកទាំងនេះ ពីដើមជាផ្នែករបស់លោកីយ៍នេះ ដែលការសហាយស្មន់ សេចក្ដីកំផិត ប្រមឹក ការរួមសង្វាសភេទដូចគ្នា ការជក់បារី ការប្រើគ្រឿងញៀន ចោរកម្ម ការបន្លំ ភូតកុហក និងការលេងល្បែងស៊ីសងជាការនិយមទួទៅនោះ។ ពួកគេជាច្រើនពីដើមបានប្រព្រឹត្តនូវអំពើទាំងនេះ។ (ពេត្រុសទី១ ៤:៣, ៤) ក៏យ៉ាងដូច្នោះដែរ កាលណាលោកអ្នកចូលរួមជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា នៅតាមក្រុមជំនុំតូចៗ ដែលលោកអ្នកគួរតែធ្វើឲ្យឆាប់នោះ លោកអ្នកនឹងនៅក្នុងចំណោមពួកមនុស្ស ដែលបានពុះពារឈ្នះទៅលើការប្រព្រឹត្តនិងតណ្ហាអាក្រក់ ដែលលោកអ្នកឥឡូវនេះប្រហែលជាកំពុងតែប្រយុទ្ធប្រឆាំងនោះ។ សូមឲ្យមានសេចក្ដីក្លាហានឡើង! ពួកគេកំពុងតែឈ្នះការប្រយុទ្ធក្នុងការធ្វើអ្វីដែលត្រឹមត្រូវ។ ដោយសារជំនួយពីព្រះ លោកអ្នកក៏អាចធ្វើបានដែរ។
១៧ (ក) តើការចូលរួបរួមណាដែលជាការចាំបាច់ ប្រសិនបើយើងត្រូវឈ្នះការប្រយុទ្ធនោះ? (ខ) តើលោកអ្នកអាចទទួលជំនួយពីអ្នកណា ដើម្បីឲ្យឈ្នះនូវបញ្ហាទាំងឡាយនោះ?
១៧ ឥឡូវនេះប្រសិនបើលោកអ្នកបានសិក្សាព្រះគម្ពីរជាយូរក្រែលមកហើយ ជាមួយនឹងពួកស្មរបន្ទាល់ព្រះយេហូវ៉ា លោកអ្នកពិតជាបានចូលរួបរួមនឹងអង្គប្រជុំនៅតាមសាលព្រះរាជាណាចក្រហើយ។ សូមធ្វើឲ្យការចូលរួបរួមអង្គប្រជុំបែបនេះបានជាទម្លាប់ទៀងទាត់មួយចុះ។ ពួកយើងទាំងអស់គ្នា ត្រូវការជាចាំបាច់នូវការលើកទឹកចិត្ត ដែលបានមកពីការចូលរួមអង្គប្រជុំគ្រីស្ទានបែបនេះ។ (ហេព្រើរ ១០:២៤, ២៥) សូមរាប់អានឲ្យស្គាល់អ្នកចាស់ទុំក្នុងក្រុមជំនុំឲ្យបានស្និទ្ធឡើង។ ករណីយកិច្ចរបស់ពួកគេគឺ «ឃ្វាលហ្វូងចៀមរបស់ព្រះ»។ (ពេត្រុសទី១ ៥:១-៣; កិច្ចការ ២០:២៨) ដូច្នេះ សូមកុំរួញរាទៅរកពួកគេ ប្រសិនបើលោកអ្នកត្រូវការជំនួយដើម្បីឲ្យឈ្នះលើទម្លាប់ខ្លះដែលផ្ទុយនឹងក្រិត្យវិន័យរបស់ព្រះនោះ។ លោកអ្នកនឹងឃើញថា ពួកគេពោរពេញទៅដោយសេចក្ដីស្រឡាញ់ សប្បុរស និងចេះគិតដល់អ្នកដទៃផង។—ថែស្សាឡូនីចទី១ ២:៧, ៨
១៨ តើសេចក្ដីសង្ឃឹមណាទៅអនាគត ដែលផ្ដល់កម្លាំងចិត្តដើម្បីបន្តនូវការប្រយុទ្ធនោះ?
១៨ ការជម្រុញឲ្យប្រព្រឹត្តអំពើមិនត្រឹមត្រូវគឺនៅនឹងខ្លួនយើង មិនមែនគ្រាន់តែចេញពីលោកីយ៍របស់សាតាំងប៉ុណ្ណោះទេ ប៉ុន្តែគឺចេញពីខ្លួនដែលមានបាបរបស់យើងផ្ទាល់ផង។ ដូច្នេះ ការរក្សាឲ្យបានស្មោះត្រង់ចំពោះព្រះ ជាការប្រយុទ្ធរៀងរាល់ថ្ងៃ។ ប៉ុន្តែ តើជាការល្អយ៉ាងណាទៅហ្ន៎ ដែលការប្រយុទ្ធនឹងមិនបន្តទៅជានិរន្តរ៍នោះ! បន្ដិចទៀត សាតាំងនឹងត្រូវយកចេញ ហើយលោកីយ៍ដ៏អាក្រក់របស់វាទាំងមូលក៏នឹងត្រូវហិនវិនាសដែរ។ បន្ទាប់មក នៅក្នុងរបបថ្មីរបស់ព្រះដែលជិតមកដល់ហើយនោះ នឹងមានស្ថានភាពដ៏សុចរិតដែលនឹងធ្វើជីវភាពរបស់យើងឲ្យបានងាយស្រួល។ នៅទីបញ្ចប់ ស្នាមអំពើបាបទាំងអស់នឹងបាត់អស់ទៅ ហើយនឹងគ្មានការប្រយុទ្ធដ៏ពិបាកក្នុងការប្រព្រឹត្តអ្វីដែលត្រឹមត្រូវទៀតឡើយ។
១៩ ហេតុអ្វីក៏លោកអ្នកគួរតែស្ម័គ្រចិត្តខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យគាប់ព្រះហឫទ័យព្រះយេហូវ៉ា?
១៩ សូមគិតឲ្យបានរឿយៗអំពីពរទាំងឡាយនៃរបបថ្មីនោះ។ មែនហើយ សូមពាក់«សេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះ ទុកជាមួកសឹក»។ (ថែស្សាឡូនីចទី១ ៥:៨) សូមឲ្យលោកអ្នកមានអាកប្បកិរិយាដូចនឹងក្មេងស្រីម្នាក់ដែលបាននិយាយថា៖ «នាងខ្ញុំគិតអំពីអ្វីទាំងអស់ ដែលព្រះយេហូវ៉ាបានប្រទានដល់ខ្ញុំ និងអ្វីដែលទ្រង់បានសន្យាដល់នាងខ្ញុំ។ ទ្រង់មិនដែលបានលះបង់ចោលខ្ញុំទេ។ ទ្រង់បានប្រទានពរដល់ខ្ញុំសព្វគ្រប់ទាំងអស់។ នាងខ្ញុំដឹងថាទ្រង់មានព្រះហឫទ័យចង់បានតែអ្វីដែលប្រសើរចំពោះខ្ញុំ ហើយខ្ញុំចង់ធ្វើឲ្យគាប់ព្រះហឫទ័យទ្រង់។ ការខំប្រឹងប្រែងយ៉ាងណាក៏មានប្រយោជន៍ដែរ ចំពោះជីវិតជាអនន្ត»។ បើយើងខំស្វែងរកសេចក្ដីសុចរិតយ៉ាងស្មោះអស់ពីចិត្ត នោះ‹សេចក្ដីសន្យាដ៏ល្អទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើ›ចំពោះអ្នកដែលស្រឡាញ់ទ្រង់ នឹងទៅជាការពិតជាមិនខាន។—យ៉ូស្វេ ២១:៤៥
[រូបភាពនៅទំព័រ២១៩]
ដោយមានការសប្បាយកំសាន្តក្នុងជីវភាពនៃប្រទេសអេស៊ីព្ទពីដើមនោះ ហេតុអ្វីក៏លោកម៉ូសេបោះបង់ចោលអញ្ចឹង?
[រូបភាពនៅទំព័រ២២០, ២២១]
ស្តេចដាវីឌចេះតែសម្លឹងមើល ទ្រង់មិនចៀសចេញពីស្ថានការណ៍ដែលនាំឲ្យប្រព្រឹត្តអំពើអសីលធម៌ឡើយ
[រូបភាពនៅទំព័រ២២២]
លោកយ៉ូសែបបានរត់ចេញពីអំពើអសីលធម៌ដែលបានប្រលោមដោយប្រពន្ធរបស់លោកប៉ូទីផារ