យើងអាចរក្សាខ្លួនជាមនុស្សបរិសុទ្ធ
«ចូរសម្អាតដៃអ្នករាល់គ្នា ហើយ . . . ចូរសម្អាតចិត្តអ្នករាល់គ្នា»។—យ៉ាកុប ៤:៨
១. តើមនុស្សជាច្រើនគិតថាអ្វីខ្លះជារឿងធម្មតា?
យើងកំពុងរស់នៅក្នុងពិភពលោកដែលប្រាសចាកសីលធម៌។ ជាឧទាហរណ៍ មនុស្សជាច្រើនគិតថា ការរួមដំណេកជាមួយនឹងមនុស្សភេទដូចគ្នា ឬការរួមដំណេកជាមួយនឹងបុគ្គលណាម្នាក់ដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន គឺជារឿងធម្មតា។ ភាពយន្ត សៀវភៅ ចម្រៀងនិងការផ្សាយពាណិជ្ជកម្ម គឺពេញទៅដោយអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (ទំនុកតម្កើង ១២:៨) ប៉ុន្តែ ព្រះយេហូវ៉ាអាចជួយយើងរស់នៅតាមរបៀបដែលលោកពេញចិត្ត។ យើងអាចរក្សាខ្លួនជាមនុស្សបរិសុទ្ធ ឬស្អាតស្អំនៅក្នុងពិភពលោកនេះដែលប្រាសចាកសីលធម៌។—សូមអាន ថែស្សាឡូនិចទី១ ៤:៣-៥
២, ៣. (ក) ហេតុអ្វីយើងត្រូវបោះបង់សេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ? (ខ) តើយើងនឹងពិភាក្សាអំពីអ្វីខ្លះនៅអត្ថបទនេះ?
២ ដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត យើងត្រូវបដិសេធអ្វីៗទាំងអស់ដែលលោកស្អប់។ ប៉ុន្តែដោយសារយើងមិនល្អឥតខ្ចោះ អំពើប្រាសចាកសីលធម៌ប្រហែលជាទាក់ទាញយើង ដូចនុយទាក់ទាញត្រី។ បើយើងចាប់ផ្ដើមមានគំនិតប្រាសចាកសីលធម៌ យើងត្រូវបោះបង់វាភ្លាមៗ។ បើយើងមិនធ្វើដូច្នោះទេ សេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌នឹងកាន់តែខ្លាំងឡើងរហូតដល់ពេលដែលយើងមានឱកាសប្រព្រឹត្តអំពើខុសឆ្គង នោះយើងប្រហែលជាធ្វើមែន។ គឺដូចគម្ពីរចែងថា៖ «ពេលដែលសេចក្ដីប៉ងប្រាថ្នានោះចាប់មានគភ៌ នោះក៏សម្រាលចេញជាអំពើខុសឆ្គង»។—សូមអាន យ៉ាកុប ១:១៤, ១៥
៣ សេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវអាចដុះដាលនៅក្នុងចិត្តយើង។ នេះជាមូលហេតុដែលយើងគួរប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះសេចក្ដីប៉ងប្រាថ្នាដែលយើងចាប់ផ្ដើមមាន។ បើយើងលះចោលសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ យើងនឹងជៀសវាងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនិងផលវិបាកដែលមកពីការប្រព្រឹត្តអំពើនោះ។ (កាឡាទី ៥:១៦) ក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីអ្វីបីយ៉ាងដែលនឹងជួយយើងតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ គឺមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា ឱវាទពីបណ្ដាំរបស់លោក និងជំនួយពីគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។
«ចូរចូលទៅជិតព្រះ»
៤. ហេតុអ្វីជាការសំខាន់ដែលយើងចូលទៅជិតព្រះយេហូវ៉ា?
៤ គម្ពីរប្រាប់ពួកអ្នកដែលចង់«ចូលទៅជិតព្រះ»ឲ្យ«សម្អាតដៃ»និង«សម្អាតចិត្ត»របស់ពួកគេ។ (យ៉ាកុប ៤:៨) ពេលយើងចាត់ទុកព្រះយេហូវ៉ាជាមិត្តដ៏ល្អបំផុតរបស់យើង យើងមិនគ្រាន់តែចង់ឲ្យការប្រព្រឹត្តរបស់យើងធ្វើឲ្យលោកពេញចិត្តប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់ឲ្យគំនិតរបស់យើងធ្វើឲ្យលោកពេញចិត្តផងដែរ។ បើគំនិតរបស់យើងបរិសុទ្ធនិងស្អាតស្អំ នោះចិត្តរបស់យើងក៏នឹងស្អាតស្អំដែរ។ (ទំនុកតម្កើង ២៤:៣, ៤; ៥១:៦; ភីលីព ៤:៨) ព្រះយេហូវ៉ាយល់ថាយើងមិនល្អឥតខ្ចោះ ហើយថាយើងប្រហែលជាចាប់ផ្ដើមគិតអំពីអ្វីដែលប្រាសចាកសីលធម៌។ ប៉ុន្តែ ដោយសារយើងមិនចង់ធ្វើឲ្យព្រះយេហូវ៉ាព្រួយចិត្ត យើងខំអស់ពីសមត្ថភាពដើម្បីលះចោលគំនិតមិនត្រឹមត្រូវ។ (លោកុប្បត្តិ ៦:៥, ៦) យើងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីរក្សាគំនិតរបស់យើងឲ្យនៅបរិសុទ្ធ។
៥, ៦. តើតាមរបៀបណាសេចក្ដីអធិដ្ឋានអាចជួយយើងតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌?
៥ ព្រះយេហូវ៉ានឹងជួយយើងតយុទ្ធនឹងគំនិតដែលប្រាសចាកសីលធម៌ ពេលយើងបន្តអធិដ្ឋានសុំជំនួយពីលោក។ លោកឲ្យសកម្មពលបរិសុទ្ធរបស់លោកដែលផ្ដល់កម្លាំងចិត្តដល់យើងដើម្បីរក្សាខ្លួនជាមនុស្សបរិសុទ្ធ។ នៅក្នុងសេចក្ដីអធិដ្ឋានរបស់យើង យើងអាចប្រាប់ព្រះយេហូវ៉ាថាយើងចង់មានគំនិតដែលលោកពេញចិត្ត។ (ទំនុកតម្កើង ១៩:១៤) ដោយចិត្តរាបទាប យើងសុំលោកឲ្យពិនិត្យមើលចិត្តរបស់យើងថា តើយើងមានសេចក្ដីប៉ងប្រាថ្នាអាក្រក់ដែលអាចបណ្ដាលឲ្យយើងប្រព្រឹត្តអំពើខុសឆ្គងឬទេ? (ទំនុកតម្កើង ១៣៩:២៣, ២៤) ចូរបន្តសុំព្រះយេហូវ៉ាជួយអ្នកឲ្យបដិសេធអំពើប្រាសចាកសីលធម៌ ហើយជួយអ្នកឲ្យធ្វើអ្វីដែលត្រឹមត្រូវ សូម្បីតែពេលអ្នកពិបាកធ្វើដូច្នោះក៏ដោយ។—ម៉ាថាយ ៦:១៣
៦ មុនយើងបានរៀនអំពីព្រះយេហូវ៉ា យើងប្រហែលជាចូលចិត្តធ្វើអ្វីដែលលោកមិនពេញចិត្ត ហើយយើងប្រហែលជានៅតែតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវទាំងនេះ។ ប៉ុន្តែ ព្រះយេហូវ៉ាអាចជួយយើងកែខ្លួន ហើយជួយយើងធ្វើអ្វីដែលនាំឲ្យលោកពេញចិត្ត។ ជាឧទាហរណ៍ ក្រោយពីស្តេចដាវីឌបានរួមដំណេកជាមួយនឹងនាងបាតសេបា គាត់បានប្រែចិត្ត ហើយបានអង្វរសុំព្រះយេហូវ៉ាផ្ដល់ឲ្យគាត់នូវ«ចិត្តបរិសុទ្ធ» ហើយជួយគាត់ឲ្យស្ដាប់បង្គាប់លោក។ (ទំនុកតម្កើង ៥១:១០, ១២) ដូច្នេះ បើពីមុនយើងមានសេចក្ដីប៉ងប្រាថ្នាខ្លាំងដែលប្រាសចាកសីលធម៌ ហើយនៅតែតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាទាំងនេះ ព្រះយេហូវ៉ាអាចជួយយើងឲ្យមានសេចក្ដីប៉ងប្រាថ្នាខ្លាំងជាងដើម្បីស្ដាប់បង្គាប់លោកនិងធ្វើអ្វីដែលត្រឹមត្រូវ។ លោកអាចជួយយើងគ្រប់គ្រងគំនិតមិនល្អឥតខ្ចោះរបស់យើង។—ទំនុកតម្កើង ១១៩:១៣៣
«ចូរអ្នករាល់គ្នាក្លាយទៅជាអ្នកដែលប្រព្រឹត្តតាមបណ្ដាំរបស់ព្រះ»
៧. តើតាមរបៀបណាបណ្ដាំរបស់ព្រះអាចជួយយើងលះចោលគំនិតដែលប្រាសចាកសីលធម៌?
៧ ពេលយើងអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា លោកអាចឆ្លើយតបតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ ក្នុងគម្ពីរ យើងអាចរកឃើញប្រាជ្ញាដ៏បរិសុទ្ធរបស់ព្រះ។ (យ៉ាកុប ៣:១៧) ពេលយើងអានគម្ពីររាល់ថ្ងៃ យើងធ្វើឲ្យគំនិតរបស់យើងពេញទៅដោយអ្វីដែលបរិសុទ្ធ។ (ទំនុកតម្កើង ១៩:៧, ១១; ១១៩:៩, ១១) នៅក្នុងគម្ពីរក៏មានគំរូនិងការព្រមានផ្សេងៗដែរ ដែលជួយយើងលះចោលគំនិតនិងសេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌។
៨, ៩. (ក) ហេតុអ្វីយុវជនម្នាក់បានរួមដំណេកជាមួយនឹងស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌? (ខ) តើគំរូនៅសុភាសិតជំពូកទី៧ អាចជួយយើងជៀសវាងពីស្ថានភាពណាខ្លះ?
៨ នៅសុភាសិត ៥:៨ បណ្ដាំរបស់ព្រះព្រមានយើងឲ្យជៀសវាងអំពើប្រាសចាកសីលធម៌។ សុភាសិតជំពូកទី៧ ចែងអំពីរឿងរបស់យុវជនម្នាក់ដែលបានដើរនៅពេលយប់ក្បែរផ្ទះស្ត្រីម្នាក់ដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ ស្ត្រីនោះនៅជ្រុងផ្លូវ ហើយ«តែងខ្លួនរបៀបជាស្រីសំផឹង»។ នាងបានដើរទៅរកគាត់ រួចចាប់ថើបគាត់ ហើយនិយាយអ្វីដែលបណ្ដាលឲ្យគាត់មានសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ។ គាត់មិនបានលះចោលសេចក្ដីប៉ងប្រាថ្នាទាំងនេះទេ ហើយជាលទ្ធផល គាត់បានរួមដំណេកជាមួយនឹងនាង ទោះជាគាត់មិនមានបំណងប្រព្រឹត្តអំពើខុសឆ្គងក៏ដោយ។ ក្រោយមក គាត់ត្រូវទទួលលទ្ធផលអាក្រក់ក្រៃលែង។ បើគាត់បានដឹងអំពីគ្រោះថ្នាក់នោះ គាត់នឹងជៀសឆ្ងាយពីនាង!—សុភាសិត ៧:៦-២៧
៩ ដូចយុវជននោះ យើងអាចធ្វើការសម្រេចចិត្តមិនល្អ ដោយសារយើងមិនយល់ថាមានគ្រោះថ្នាក់។ ជាឧទាហរណ៍ នៅពេលយប់ ប៉ុស្តិ៍ទូរទស្សន៍ខ្លះមានកម្មវិធីដែលប្រាសចាកសីលធម៌ ដូច្នេះការចេះតែដូរប៉ុស្តិ៍ចុះឡើងដើម្បីចង់ដឹងថាមានកម្មវិធីអ្វីខ្លះក្នុងទូរទស្សន៍ គឺអាចមានគ្រោះថ្នាក់។ ការចុចលើកន្លែងដែលភ្ជាប់ទៅគេហទំព័រមួយទៀតដោយមិនដឹងថាវានាំទៅដល់ណា រួមទាំងការប្រើកម្មវិធីសម្រាប់ផ្ញើសារឬឆ្លើយឆ្លងគ្នាតាមប្រព័ន្ធអ៊ីនធឺណិត ឬក៏ការចូលមើលគេហទំព័រដែលរួមបញ្ចូលការផ្សាយពាណិជ្ជកម្មដែលមានរូបភាពដែលប្រាសចាកសីលធម៌និងការចុចលើកន្លែងដែលភ្ជាប់ទៅគេហទំព័រមួយទៀតដែលបង្ហាញរូបអាសអាភាស ក៏អាចមានគ្រោះថ្នាក់ដែរ។ ក្នុងករណីទាំងនេះ អ្វីដែលយើងមើលអាចធ្វើឲ្យយើងមានសេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌ ហើយនេះអាចនាំឲ្យយើងមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។
១០. ហេតុអ្វីការចែចង់នាំឲ្យមានគ្រោះថ្នាក់? (សូមមើលរូបភាពនៅដើមអត្ថបទ)
១០ គម្ពីរក៏ប្រាប់យើងដែរអំពីរបៀបដែលបុរសនិងស្ត្រីគួរប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក។ (សូមអាន ធីម៉ូថេទី១ ៥:២) គ្រិស្តសាសនិកមិនធ្វើអ្វីដែលនាំឲ្យបុគ្គលណាម្នាក់គិតថាពួកគាត់ចាប់ចិត្តស្រឡាញ់បុគ្គលនោះឡើយ លុះត្រាតែបុគ្គលនោះជាគូអាពាហ៍ពិពាហ៍របស់ពួកគាត់ ឬជាបុគ្គលដែលពួកគាត់ចង់រៀបការជាមួយ។ ពួកគាត់មិនចែចង់អ្នកឯទៀតទេ។ អ្នកខ្លះប្រហែលជាគិតថាការប្រព្រឹត្តតាមរបៀបដែលបង្ហាញអំពីបំណងចង់មានទំនាក់ទំនងស្នេហាជាមួយបុគ្គលណាម្នាក់ តាមរយៈឫកពា កាយវិការ ឬការចោលកន្ទុយភ្នែក គឺមិននាំឲ្យមានបញ្ហាអ្វីទេ ដរាបណាពួកគេមិនប៉ះមិនពាល់គ្នា។ ប៉ុន្តែពេលមនុស្សពីរនាក់ចែចង់គ្នា ពួកគេអាចចាប់ផ្ដើមមានគំនិតប្រាសចាកសីលធម៌ ហើយនេះអាចនាំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ រឿងនេះធ្លាប់កើតឡើងពីមុន ហើយបើមនុស្សពីរនាក់ចែចង់គ្នា រឿងនេះអាចកើតឡើងម្ដងទៀត។
១១. តើយើងទាញមេរៀនអ្វីពីយ៉ូសែប?
១១ យ៉ូសែបជាគំរូល្អសម្រាប់យើង។ ប្រពន្ធរបស់ប៉ូទីផារបានព្យាយាមល្បួងយ៉ូសែបឲ្យរួមដំណេកជាមួយនឹងនាង។ គាត់មិនព្រមធ្វើតាមនាងទេ ប៉ុន្តែនាងមិនបានឈប់ព្យាយាមល្បួងគាត់ឡើយ។ ជារៀងរាល់ថ្ងៃ នាងបានសុំយ៉ូសែបឲ្យ«ទៅជិតនាង»។ (លោកុប្បត្តិ ៣៩:៧, ៨, ១០) បណ្ឌិតម្នាក់ខាងគម្ពីរបានពន្យល់ថា ប្រពន្ធរបស់ប៉ូទីផារសង្ឃឹមថាបើពួកគេនៅតែពីរនាក់ នោះយ៉ូសែបនឹងចង់រួមដំណេកជាមួយនាង។ យ៉ូសែបបានតាំងចិត្តមិនអើពើនឹងការចែចង់របស់នាងទេ ហើយគាត់មិនបានចែចង់នាងឡើយ។ ដូច្នេះ គាត់មិនបានឲ្យសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវដុះដាលនៅក្នុងចិត្តរបស់គាត់ទេ។ ពេលនាងចាប់អាវរបស់យ៉ូសែប ហើយព្យាយាមបង្ខំគាត់ឲ្យរួមដំណេកជាមួយនឹងនាង ភ្លាមៗនោះគាត់បាន«រលាស់អាវចោលនៅដៃនាង រត់ចេញទៅក្រៅ»។—លោកុប្បត្តិ ៣៩:១២
១២. ហេតុអ្វីយើងដឹងថាអ្វីដែលយើងមើលអាចមានឥទ្ធិពលលើចិត្តរបស់យើង?
១២ លោកយេស៊ូបានព្រមានថាអ្វីដែលយើងមើលអាចមានឥទ្ធិពលលើចិត្តរបស់យើង ហើយធ្វើឲ្យកើតមានចំណង់ខាងផ្លូវភេទដែលមិនត្រឹមត្រូវ។ លោកបានមានប្រសាសន៍ថា៖ «អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្តស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្តរួចហើយ»។ (ម៉ាថាយ ៥:២៨) នេះបានកើតឡើងដល់ស្តេចដាវីឌ។ គាត់«នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងតែងូតទឹក» ប៉ុន្តែគាត់មិនបានឈប់មើលនាងទេ ហើយមិនបានឈប់គិតអំពីនាងដែរ។ (សាំយូអែលទី២ ១១:២) ទោះបីនាងជាប្រពន្ធរបស់បុរសម្នាក់ទៀតក៏ដោយ គាត់បានចាប់ផ្ដើមចង់បាននាង ហើយបានរួមដំណេកជាមួយនឹងនាង។
១៣. ហេតុអ្វីយើងត្រូវ«តាំងសញ្ញា»ជាមួយនឹងភ្នែករបស់យើង ហើយតើយើងអាចធ្វើដូច្នោះយ៉ាងដូចម្ដេច?
១៣ បើយើងមិនចង់មានគំនិតប្រាសចាកសីលធម៌ យើងត្រូវធ្វើតាមគំរូរបស់យ៉ូប។ គាត់បាននិយាយថា៖ «ខ្ញុំបានតាំងសញ្ញា[ឬ«កិច្ចព្រមព្រៀង»]នឹងភ្នែកខ្ញុំហើយ»។ (យ៉ូប ៣១:១, ៧, ៩; ព.ថ.) ដូចយ៉ូបដែរ យើងអាចសម្រេចចិត្តមិនឲ្យខ្លួនយើងមានគំនិតប្រាសចាកសីលធម៌ចំពោះបុគ្គលណាម្នាក់ដែលយើងមើលនោះទេ។ ម្យ៉ាងទៀត បើយើងឃើញរូបភាពស្រើបស្រាលនៅលើកញ្ចក់កុំព្យូទ័រ ផ្ទាំងផ្សាយពាណិជ្ជកម្ម ទស្សនាវដ្ដី ឬនៅកន្លែងឯទៀត យើងនឹងបែរមុខចេញភ្លាមៗ។
១៤. តើយើងត្រូវធ្វើអ្វីដើម្បីរក្សាខ្លួនជាមនុស្សបរិសុទ្ធ?
១៤ ពេលអ្នកគិតអំពីអ្វីដែលយើងបានពិភាក្សា អ្នកប្រហែលជាទទួលស្គាល់ថាអ្នកត្រូវតយុទ្ធប្រឆាំងកាន់តែខ្លាំងនឹងសេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌។ បើអ្នកត្រូវកែខ្លួន ចូរធ្វើភ្លាមៗ! ពេលអ្នកធ្វើតាមអ្វីដែលព្រះយេហូវ៉ាមានប្រសាសន៍ អ្នកអាចជៀសវាងអំពើប្រាសចាកសីលធម៌ ហើយរក្សាខ្លួនជាមនុស្សបរិសុទ្ធ។—សូមអាន យ៉ាកុប ១:២១-២៥
‹ចូរហៅបុរសចាស់ទុំ›
១៥. បើយើងពិបាកតយុទ្ធប្រឆាំងនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ ហេតុអ្វីគឺជាការសំខាន់ដែលយើងសុំជំនួយ?
១៥ បើអ្នកពិបាកតយុទ្ធប្រឆាំងនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ សូមនិយាយជាមួយនឹងបងប្អូនណាម្នាក់នៅក្នុងក្រុមជំនុំដែលបានបម្រើព្រះយេហូវ៉ាអស់ជាយូរឆ្នាំ ហើយដែលអាចឲ្យអ្នកនូវឱវាទដ៏ល្អពីបណ្ដាំរបស់ព្រះ។ អ្នកប្រហែលជាមិនស្រួលនិយាយអំពីបញ្ហាផ្ទាល់ខ្លួនប្រាប់អ្នកឯទៀតទេ ប៉ុន្តែគឺជាការសំខាន់ដែលអ្នកសុំជំនួយ។ (សុភាសិត ១៨:១; ហេប្រឺ ៣:១២, ១៣) គ្រិស្តសាសនិកដែលមានភាពចាស់ទុំអាចជួយអ្នកឲ្យដឹងថាអ្នកត្រូវធ្វើការកែប្រែណាខ្លះ។ រួចមក ចូរធ្វើការកែប្រែទាំងនោះ ដើម្បីអ្នកអាចបន្តធ្វើជាមិត្តរបស់ព្រះយេហូវ៉ា។
១៦, ១៧. (ក) តើតាមរបៀបណាពួកអ្នកចាស់ទុំអាចជួយពួកអ្នកដែលពិបាកតយុទ្ធប្រឆាំងនឹងសេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌? សូមលើកឧទាហរណ៍មួយ។ (ខ) ហេតុអ្វីគឺជាការសំខាន់ដែលពួកអ្នកមើលរូបអាសអាភាសសុំជំនួយភ្លាមៗ?
១៦ ជាពិសេស អ្នកចាស់ទុំនៅក្នុងក្រុមជំនុំមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីជួយយើង។ (សូមអាន យ៉ាកុប ៥:១៣-១៥) អស់ជាច្រើនឆ្នាំ យុវជនម្នាក់នៅប្រទេសប្រេស៊ីលពិបាកប្រយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាដែលមិនត្រឹមត្រូវ។ គាត់និយាយថា៖ «ខ្ញុំបានដឹងថា គំនិតរបស់ខ្ញុំធ្វើឲ្យព្រះយេហូវ៉ាមិនពេញចិត្ត ប៉ុន្តែខ្ញុំអៀនខ្មាសពេកមិនហ៊ានប្រាប់អ្នកឯទៀតអំពីអារម្មណ៍របស់ខ្ញុំ»។ អ្នកចាស់ទុំម្នាក់បានដឹងថាយុវជននោះត្រូវការជំនួយ ហើយបានលើកទឹកចិត្តគាត់ឲ្យសុំជំនួយពីពួកអ្នកចាស់ទុំ។ យុវជននោះនិយាយថា៖ «ខ្ញុំភ្ញាក់ផ្អើលដោយឃើញថាពួកអ្នកចាស់ទុំមានសេចក្ដីសប្បុរសខ្លាំងណាស់ចំពោះខ្ញុំ ពួកគាត់មានចិត្តសប្បុរសខ្លាំងជាងនិងចេះយោគយល់ជាងអ្វីដែលខ្ញុំគិតថាខ្លួនសមនឹងទទួល។ ពួកគាត់បានស្ដាប់ខ្ញុំនិយាយអំពីបញ្ហារបស់ខ្ញុំដោយយកចិត្តទុកដាក់។ ពួកគាត់បានប្រើគម្ពីរដើម្បីបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះខ្ញុំ ហើយពួកគាត់បានអធិដ្ឋានជាមួយនឹងខ្ញុំ។ នេះបានធ្វើឲ្យខ្ញុំស្រួលទទួលយកជាងនូវឱវាទគម្ពីរដែលពួកគាត់ផ្ដល់ឲ្យ»។ ក្រោយពីគាត់បានពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា គាត់និយាយថា៖ «ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា គឺសំខាន់ណាស់ដែលយើងស្វែងរកជំនួយ ជាជាងខំព្យាយាមលីបន្ទុកម្នាក់ឯង»។
១៧ បើអ្នកមានទម្លាប់មើលរូបអាសអាភាស អ្នកគួរសុំជំនួយភ្លាមៗ។ កាលណាអ្នកបង្អង់កាន់តែយូរដើម្បីសុំជំនួយ នោះអ្នកនឹងមានសេចក្ដីប៉ងប្រាថ្នាកាន់តែខ្លាំងដើម្បីប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ការធ្វើដូច្នេះនឹងនាំឲ្យអ្នកឯទៀតឈឺចិត្ត ហើយប្រហែលជាបណ្ដាលឲ្យមនុស្សនិយាយអាក្រក់អំពីព្រះយេហូវ៉ា។ បងប្អូនជាច្រើននាក់បានសុំជំនួយពីពួកអ្នកចាស់ទុំ ហើយបានទទួលយកឱវាទរបស់ពួកគាត់ ពួកគេធ្វើដូច្នេះដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយបន្តនៅក្នុងក្រុមជំនុំគ្រិស្តសាសនិក។—ទំនុកតម្កើង ១៤១:៥; ហេប្រឺ ១២:៥, ៦; យ៉ាកុប ១:១៥
ចូរតាំងចិត្តរក្សាខ្លួនជាមនុស្សបរិសុទ្ធ!
១៨. តើអ្នកតាំងចិត្តធ្វើអ្វី?
១៨ ពិភពលោករបស់សាថានគឺកាន់តែប្រាសចាកសីលធម៌។ ប៉ុន្តែ អ្នកបម្រើព្រះយេហូវ៉ាខំព្យាយាមរក្សាគំនិតរបស់ពួកគេឲ្យនៅស្អាតស្អំ ហើយធ្វើជាមនុស្សបរិសុទ្ធ។ ព្រះយេហូវ៉ាមានមោទនភាពខ្លាំងណាស់ចំពោះគ្រិស្តសាសនិកទាំងនេះ។ ចូរយើងនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ហើយធ្វើតាមឱវាទដែលយើងទទួលពីបណ្ដាំរបស់លោកនិងក្រុមជំនុំគ្រិស្តសាសនិក។ ពេលយើងធ្វើដូច្នេះ យើងនឹងសប្បាយរីករាយ ហើយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ (ទំនុកតម្កើង ១១៩:៥, ៦) នៅពេលអនាគត ក្រោយពីសាថានបានត្រូវបំផ្លាញ យើងនឹងរស់នៅជារៀងរហូតនៅក្នុងពិភពលោកថ្មីដ៏ស្អាតស្អំរបស់ព្រះ។