អ្នកអាចប្រយុទ្ធឈ្នះសាថានបាន!
«ចូរតតាំងនឹង[សាថាន] ដោយមានជំនឿមាំមួន»។—ពេត្រុសទី១ ៥:៩
១. (ក) ហេតុអ្វីជាការសំខាន់ណាស់ដែលយើងប្រយុទ្ធប្រឆាំងនឹងសាថាននៅឥឡូវនេះ? (ខ) តើតាមរបៀបណាយើងដឹងថាយើងអាចប្រយុទ្ធឈ្នះសាថានបាន?
សាថានកំពុងប្រយុទ្ធប្រឆាំងនឹងអ្នកដែលព្រះបានរើសតាំងដែលនៅផែនដីនៅឡើយ និង«ចៀមឯទៀត»។ (យ៉ូហាន ១០:១៦) ដោយសារមេកំណាចនៅសល់ពេលតែបន្ដិចបន្តួច នោះវាចង់បំផ្លាញជំនឿរបស់អ្នកបម្រើព្រះយេហូវ៉ាឲ្យបានច្រើននាក់បំផុត។ (សូមអាន ការបើកបង្ហាញ ១២:៩, ១២) ប៉ុន្តែ យើងអាចប្រយុទ្ធឈ្នះសាថានបាន។ គម្ពីរចែងថា៖ «ចូរតស៊ូនឹងមេកំណាច រួចវានឹងរត់ចេញពីអ្នករាល់គ្នា»។—យ៉ាកុប ៤:៧
២, ៣. (ក) ហេតុអ្វីសាថានមិនចង់ឲ្យមនុស្សជឿថាមានវាទេ? (ខ) ហេតុអ្វីអ្នកដឹងថាសាថានជាបុគ្គលពិត?
២ មនុស្សជាច្រើនចំអកមើលងាយពួកអ្នកដែលជឿថាមានសាថាន។ ចំពោះពួកគេ សាថាននិងពួកវិញ្ញាណកំណាចគ្រាន់តែជាតួអង្គដែលមាននៅក្នុងសៀវភៅផ្សេងៗ ភាពយន្តដែលធ្វើឲ្យភ័យរន្ធត់ និងវីដេអូហ្គេមប៉ុណ្ណោះ។ មនុស្សទាំងនោះគិតថាបើអ្នកជាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃ អ្នកនឹងមិនជឿថាមានពួកវិញ្ញាណកំណាចទេ។ តើការដែលមនុស្សមិនជឿថាសាថាននិងពួកវិញ្ញាណរបស់វាគឺជាបុគ្គលពិត នោះធ្វើឲ្យសាថានទើសចិត្តឬទេ? វាមិនទើសចិត្តទេ។ ផ្ទុយទៅវិញ សាថានកាន់តែងាយស្រួលបោកបញ្ឆោតពួកអ្នកដែលមិនប្រាកដថាមានវាទេ។ (កូរិនថូសទី២ ៤:៤) តាមពិតសាថានបានលើកស្ទួយគំនិតបែបនោះដើម្បីវាអាចបំភាន់មនុស្សបាន។
៣ ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងមិនបានត្រូវបំភាន់បែបនោះទេ។ យើងដឹងថាមេកំណាចគឺជាបុគ្គលពិត។ ហេតុអ្វីយើងដឹងដូច្នេះ? គម្ពីរប្រាប់យើងថាសាថានបាននិយាយទៅកាន់អេវ៉ាតាមរយៈសត្វពស់។ (លោកុប្បត្តិ ៣:១-៥) នៅពេលមួយ វាបាននិយាយទៅកាន់ព្រះយេហូវ៉ា ដោយធ្វើឲ្យមានការសង្ស័យទៅលើបំណងចិត្តរបស់យ៉ូប។ (យ៉ូប ១:៩-១២) នៅពេលមួយទៀត សាថានបានព្យាយាមល្បួងលោកយេស៊ូ។ (ម៉ាថាយ ៤:១-១០) ម្យ៉ាងទៀត ក្រោយពីលោកយេស៊ូបានទៅជាស្តេចនៅឆ្នាំ១៩១៤ សាថានបានចាប់ផ្ដើម«ច្បាំង»ជាមួយនឹងអ្នកដែលព្រះបានរើសតាំងដែលនៅផែនដីនៅឡើយ។ (ការបើកបង្ហាញ ១២:១៧) មេកំណាចបន្តធ្វើសង្គ្រាមនេះដើម្បីព្យាយាមបំផ្លាញជំនឿរបស់អ្នកដែលព្រះបានរើសតាំង និងចៀមឯទៀត។ ដើម្បីឈ្នះចម្បាំងនេះ យើងត្រូវប្រយុទ្ធប្រឆាំងនឹងសាថាន ហើយរក្សាជំនឿរបស់យើងឲ្យបានរឹងមាំ។ អត្ថបទនេះនឹងពិចារណាអំពីវិធីបីយ៉ាងដើម្បីធ្វើដូច្នេះ។
ចូរបោះបង់មោទនភាពមិនត្រឹមត្រូវ
៤. ហេតុអ្វីសាថានជាគំរូដ៏អាក្រក់បំផុតស្តីអំពីការមានមោទនភាពមិនត្រឹមត្រូវ?
៤ សាថានជាបុគ្គលដែលមានមោទនភាពហួសហេតុពេក។ ទេវតាដ៏អាក្រក់មួយរូបនេះហ៊ានប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះ ហើយវាបានព្យាយាមធ្វើឲ្យអ្នកឯទៀតគោរពប្រណិប័តន៍វាជាជាងព្រះយេហូវ៉ា។ ដូច្នេះ វាជាគំរូដ៏អាក្រក់បំផុតស្តីអំពីការមានមោទនភាពមិនត្រឹមត្រូវនិងភាពក្រអឺតក្រទម។ ហេតុនេះ វិធីមួយដែលយើងអាចប្រយុទ្ធឈ្នះសាថានបានគឺដោយបោះបង់មោទនភាពមិនត្រឹមត្រូវ ហើយមានចិត្តរាបទាប។ (សូមអាន ពេត្រុសទី១ ៥:៥) ប៉ុន្តែ តើមោទនភាពជាអ្វី? តើការមានមោទនភាពតែងតែមិនត្រឹមត្រូវឬទេ?
៥, ៦. (ក) តើការមានមោទនភាពតែងតែមិនត្រឹមត្រូវឬទេ? សូមពន្យល់។ (ខ) តើការមានមោទនភាពបែបណាដែលនាំឲ្យមានគ្រោះថ្នាក់ ហើយស្តីអំពីមោទនភាពបែបនេះ តើមានគំរូណាខ្លះក្នុងគម្ពីរ?
៥ យោងទៅតាមវចនានុក្រមមួយ មោទនភាពគឺជាការមានទំនុកចិត្តនិងឲ្យតម្លៃចំពោះខ្លួនឯង។ ម្យ៉ាងទៀត មោទនភាពគឺជា«អារម្មណ៍ពេញចិត្តដែលយើងមាន ដោយសារយើងឬមនុស្សជិតស្និទ្ធនឹងយើងបានធ្វើអ្វីដែលល្អ ឬមានអ្វីដែលល្អ»។ ការមានអារម្មណ៍បែបនេះគឺមិនខុសនោះទេ។ សាវ័កប៉ូលបាននិយាយទៅកាន់បងប្អូននៅក្រុងថែស្សាឡូនិចថា៖ «យើងមានមោទនភាពចំពោះអ្នករាល់គ្នាក្នុងចំណោមក្រុមជំនុំទាំងឡាយរបស់ព្រះ ដោយសារការស៊ូទ្រាំនិងជំនឿរបស់អ្នករាល់គ្នានៅចំពោះមុខការបៀតបៀននិងទុក្ខវេទនាទាំងអស់ដែលអ្នករាល់គ្នាកំពុងឆ្លងកាត់»។ (ថែស្សាឡូនិចទី២ ១:៤) ដូច្នេះ ការដែលយើងពេញចិត្តចំពោះកិច្ចការរបស់អ្នកឯទៀត ហើយសូម្បីតែការមានមោទនភាពចំពោះខ្លួនឯងមួយកម្រិតក៏អាចមានប្រយោជន៍ចំពោះយើងដែរ។ យើងមិនចាំបាច់អៀនខ្មាសដោយសារក្រុមគ្រួសាររបស់យើង វប្បធម៌ ឬកន្លែងដែលយើងធំឡើងនោះទេ។—សកម្មភាព ២១:៣៩
៦ ប៉ុន្តែ មានមោទនភាពម្យ៉ាងទៀតដែលអាចបំផ្លាញចំណងមិត្តភាពរបស់យើងបាន ជាពិសេសចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ា។ មោទនភាពបែបនេះអាចធ្វើឲ្យយើងខឹង ពេលដែលអ្នកណាម្នាក់ឲ្យឱវាទយើង ហើយរហូតដល់បណ្ដាលឲ្យយើងទាត់ចោលឱវាទនោះទៀត ជាជាងទទួលយកដោយចិត្តរាបទាប។ (ទំនុកតម្កើង ១៤១:៥) មោទនភាពបែបនេះបានត្រូវរៀបរាប់ថាជាការឲ្យតម្លៃខ្លួនឯងហួសហេតុពេក ឬជា«ចិត្តគំនិតរបស់មនុស្សក្រអឺតក្រទមដែលគិតថាខ្លួនប្រសើរជាងអ្នកឯទៀត មនុស្សបែបនោះច្រើនតែជឿដូច្នេះដោយគ្មានមូលហេតុត្រឹមត្រូវឡើយ»។ ព្រះយេហូវ៉ាស្អប់សេចក្ដីឆ្មើងឆ្មៃ ឬការមានមោទនភាពមិនត្រឹមត្រូវ។ (អេសេគាល ៣៣:២៨; អេម៉ុស ៦:៨) ប៉ុន្តែ សាថានពេញចិត្តខ្លាំងណាស់ពេលដែលមនុស្សណាម្នាក់មានចិត្តក្រអឺតក្រទមដូចវា ដោយអួតអំពីខ្លួនឯង។ សូមស្រមៃគិតថាសាថានសប្បាយចិត្តខ្លាំងយ៉ាងណា ពេលនីមរ៉ុឌ ផារ៉ូ និងអាប់សាឡំមបានបង្ហាញមោទនភាពមិនត្រឹមត្រូវដោយអួតខ្លួន! (លោកុប្បត្តិ ១០:៨, ៩; និក្ខមនំ ៥:១, ២; សាំយូអែលទី២ ១៥:៤-៦) មោទនភាពមិនត្រឹមត្រូវក៏ជាមូលហេតុមួយដែលនាំឲ្យកាអ៊ីនបាត់បង់ចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាផ្ទាល់បានឲ្យឱវាទដល់កាអ៊ីន ប៉ុន្តែកាអ៊ីនមានមោទនភាពហួសហេតុពេកដែលនាំឲ្យគាត់មិនស្ដាប់លោក។ គាត់រឹងចចេស ហើយមិនបានអើពើនឹងការព្រមានរបស់ព្រះទេ ថែមទាំងមិនបានស្ទាក់ស្ទើរក្នុងការប្រព្រឹត្តអំពើខុសឆ្គងចំពោះព្រះយេហូវ៉ាឡើយ។—លោកុប្បត្តិ ៤:៦-៨
៧, ៨. (ក) ដូចម្ដេចដែលហៅថាការប្រកាន់ពូជសាសន៍ ហើយតើការប្រកាន់ពូជសាសន៍ជាប់ទាក់ទងយ៉ាងណានឹងមោទនភាពមិនត្រឹមត្រូវ? (ខ) សូមពន្យល់អំពីមូលហេតុដែលការមានមោទនភាពមិនត្រឹមត្រូវអាចបំផ្លាញសេចក្ដីសុខសាន្តក្នុងក្រុមជំនុំ។
៧ សព្វថ្ងៃនេះ មនុស្សបង្ហាញមោទនភាពមិនត្រឹមត្រូវតាមរបៀបជាច្រើនដែលនាំឲ្យអន្តរាយ។ ជួនកាល មោទនភាពក៏ជាប់ទាក់ទងនឹងការប្រកាន់ពូជសាសន៍ដែរ។ យោងទៅតាមវចនានុក្រមមួយ ការប្រកាន់ពូជសាសន៍គឺជាការរើសអើងមនុស្សដែលជាជាតិសាសន៍ឯទៀត។ ការប្រកាន់ពូជសាសន៍ក៏ជា«ការជឿថាមនុស្សដែលមានជាតិសាសន៍ផ្សេងគ្នាមានគុណសម្បត្ដិនិងគុណវិបត្ដិ ព្រមទាំងសមត្ថភាពខុសៗគ្នា ហើយថាពូជសាសន៍ខ្លះគឺល្អជាង ឬអន់ជាងពូជសាសន៍ឯទៀត»។ ការប្រកាន់ពូជសាសន៍នាំឲ្យមានជម្លោះ សង្គ្រាម ហើយថែមទាំងនាំឲ្យមានការសម្លាប់រង្គាលទៀតផង។
មោទនភាពមិនត្រឹមត្រូវអាចបំផ្លាញសេចក្ដីសុខសាន្តក្នុងក្រុមជំនុំបាន
៨ អ្វីទាំងអស់នេះមិនគួរកើតឡើងក្នុងក្រុមជំនុំគ្រិស្តសាសនិកឡើយ។ ទោះជាយ៉ាងនោះក៏ដោយ បើបងប្អូនមានមោទនភាពមិនត្រឹមត្រូវ នោះពួកគាត់អាចខ្វែងគំនិតគ្នា ហើយនោះអាចនាំឲ្យមានបញ្ហាធំក្នុងក្រុមជំនុំ។ រឿងនោះបានកើតឡើងចំពោះគ្រិស្តសាសនិកខ្លះនៅសម័យដើម ដែលជាមូលហេតុដែលយ៉ាកុបបានសួរពួកគេនូវសំណួរដ៏មានឥទ្ធិពលមួយថា៖ «តើអ្វីបណ្ដាលឲ្យឈ្លោះប្រកែកនិងកើតមានវិវាទក្នុងចំណោមអ្នករាល់គ្នា?»។ (យ៉ាកុប ៤:១) បើយើងស្អប់អ្នកឯទៀត ហើយមានអារម្មណ៍ថាយើងប្រសើរជាងពួកគេ នោះយើងប្រហែលជានិយាយ ឬធ្វើអ្វីដែលពិតជានាំឲ្យពួកគេឈឺចិត្ត។ (សុភាសិត ១២:១៨) ច្បាស់ណាស់ មោទនភាពមិនត្រឹមត្រូវអាចបំផ្លាញសេចក្ដីសុខសាន្តក្នុងក្រុមជំនុំបាន។
៩. តើតាមរបៀបណាគម្ពីរបានជួយយើងមិនឲ្យប្រកាន់ពូជសាសន៍ និងមិនឲ្យមានមោទនភាពមិនត្រឹមត្រូវគ្រប់បែបយ៉ាង? (សូមមើលរូបភាពនៅដើមអត្ថបទ)
៩ បើយើងច្រើនតែមានអារម្មណ៍ថាយើងប្រសើរជាងអ្នកឯទៀត នោះយើងត្រូវចាំថាព្រះយេហូវ៉ាស្អប់«អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ»។ (សុភាសិត ១៦:៥) យើងក៏ត្រូវពិនិត្យមើលចិត្តរបស់យើងដែរ ហើយសួរខ្លួនយើងថា ‹តើខ្ញុំមានអារម្មណ៍ថាខ្ញុំប្រសើរជាងអ្នកឯទៀតដែលមានជាតិសាសន៍ សញ្ជាតិ ឬវប្បធម៌ផ្សេងឬទេ?›។ បើដូច្នេះមែន យើងកំពុងភ្លេចថាព្រះ«បានបង្កើតជនជាតិទាំងឡាយពីបុរសតែមួយ»។ (សកម្មភាព ១៧:២៦) ដូច្នេះ នេះមានន័យថាយើងទាំងអស់គ្នាគឺជាពូជសាសន៍តែមួយ ដោយសារយើងទាំងអស់គ្នាមកពីអាដាម។ បើយើងជឿថាព្រះបង្កើតជាតិសាសន៍ខ្លះល្អជាងជាតិសាសន៍ឯទៀត នោះគឺជាការល្ងង់ខ្លៅណាស់។ បើយើងគិតដូច្នេះ យើងកំពុងអនុញ្ញាតឲ្យសាថានបំផ្លាញសេចក្ដីស្រឡាញ់និងសាមគ្គីភាពជាគ្រិស្តសាសនិកពិតរបស់យើង។ (យ៉ូហាន ១៣:៣៥) ដើម្បីប្រយុទ្ធឈ្នះសាថាន យើងត្រូវតែជៀសវាងពីការមានមោទនភាពមិនត្រឹមត្រូវគ្រប់បែបយ៉ាង។—សុភាសិត ១៦:១៨
ចូរជៀសវាងពីការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ និងការស្រឡាញ់ពិភពលោក
១០, ១១. (ក) ហេតុអ្វីប្រហែលជាងាយស្រួលឲ្យយើងស្រឡាញ់ពិភពលោកនេះ? (ខ) ដោយសារដេម៉ាសស្រឡាញ់ពិភពលោក តើគាត់បានទទួលលទ្ធផលអ្វី?
១០ សាថានគឺជា«អ្នកគ្រប់គ្រងពិភពលោកនេះ» ហើយពិភពលោកទាំងមូលនៅក្រោមអំណាចរបស់វា។ (យ៉ូហាន ១២:៣១; យ៉ូហានទី១ ៥:១៩) អ្វីៗជាច្រើនដែលពិភពលោកនេះលើកស្ទួយគឺប្រឆាំងនឹងគោលការណ៍គម្ពីរ។ ប៉ុន្តែ មិនមែនអ្វីទាំងអស់ក្នុងពិភពលោកនេះសុទ្ធតែអាក្រក់នោះទេ។ ទោះជាយ៉ាងនេះក្ដី យើងអាចប្រាកដថាសាថាននឹងប្រើពិភពលោកនេះដើម្បីកេងយកប្រយោជន៍ពីសេចក្ដីប៉ងប្រាថ្នារបស់យើង ហើយវាព្យាយាមធ្វើឲ្យយើងប្រព្រឹត្តអំពើខុសឆ្គង ឬក៏ព្យាយាមធ្វើឲ្យយើងស្រឡាញ់ពិភពលោកនេះ ហើយខកខានគោរពប្រណិប័តន៍ព្រះយេហូវ៉ា។—សូមអាន យ៉ូហានទី១ ២:១៥, ១៦
១១ គ្រិស្តសាសនិកខ្លះនៅសម័យដើមបានស្រឡាញ់ពិភពលោកនេះ។ ជាឧទាហរណ៍ ប៉ូលបានសរសេរថា៖ «ដេម៉ាសបានបោះបង់ចោលខ្ញុំ ដោយសារគាត់ស្រឡាញ់របៀបរបបពិភពលោកនាបច្ចុប្បន្ននេះ»។ (ធីម៉ូថេទី២ ៤:១០) តើអ្វីទៅក្នុងពិភពលោកនេះ ដែលដេម៉ាសបានស្រឡាញ់រហូតដល់គាត់បោះបង់ប៉ូល? គម្ពីរមិនចែងចំៗនោះទេ។ ប៉ុន្តែ ដេម៉ាសប្រហែលជាចាប់ផ្ដើមស្រឡាញ់វត្ថុទ្រព្យជាងកិច្ចបម្រើព្រះយេហូវ៉ា។ បើនោះពិតមែន ដេម៉ាសបាត់បង់ឱកាសដើម្បីមានឯកសិទ្ធិដ៏គួរឲ្យរំភើបចិត្តក្នុងកិច្ចបម្រើព្រះ។ តើការសម្រេចចិត្តនេះមានប្រយោជន៍សម្រាប់គាត់ឬទេ? មិនមែនទេ។ ព្រោះដេម៉ាសបានបាត់បង់ឱកាសដើម្បីធ្វើជាជំនួយការរបស់ប៉ូល។ ពិភពលោកនេះមិនអាចផ្ដល់ឲ្យគាត់នូវអ្វីដែលប្រសើរជាងអ្វីដែលព្រះយេហូវ៉ាអាចផ្ដល់ឲ្យគាត់ឡើយ!—សុភាសិត ១០:២២
សូមកុំឲ្យយើងចាត់ទុកលុយថា សំខាន់ជាងចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ាឡើយ
១២. តើតាមរបៀបណាសាថានអាចកេងយកប្រយោជន៍ពីសេចក្ដីប៉ងប្រាថ្នារបស់យើង ដោយប្រើ«ការល្បួងនៃទ្រព្យសម្បត្ដិ»?
១២ នេះក៏អាចកើតឡើងចំពោះយើងនៅសព្វថ្ងៃនេះដែរ។ ជាគ្រិស្តសាសនិកពិត គឺជាការធម្មតាដែលយើងចង់ទំនុកបម្រុងខ្លួនយើងនិងក្រុមគ្រួសាររបស់យើង។ (ធីម៉ូថេទី១ ៥:៨) ព្រះយេហូវ៉ាចង់ឲ្យយើងសប្បាយនឹងជីវិត យើងយល់ដូច្នេះដោយសារលោកបានឲ្យសួនឧទ្យានដ៏សែនស្អាតដល់អាដាមនិងអេវ៉ាដើម្បីឲ្យពួកគេរស់នៅ។ (លោកុប្បត្តិ ២:៩) ប៉ុន្តែ សាថានអាចកេងយកប្រយោជន៍ពីសេចក្ដីប៉ងប្រាថ្នារបស់យើង ដោយប្រើ«ការល្បួងនៃទ្រព្យសម្បត្ដិ»។ (ម៉ាថាយ ១៣:២២) មនុស្សជាច្រើនគិតថាលុយនិងវត្ថុទ្រព្យនឹងធ្វើឲ្យពួកគេមានសុភមង្គល ឬជោគជ័យ។ បើយើងគិតដូច្នោះ នោះអាចបណ្ដាលឲ្យយើងបាត់បង់អ្វីដ៏មានតម្លៃបំផុតដែលយើងមាន ពោលគឺចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។ លោកយេស៊ូបានព្រមានថា៖ «គ្មានអ្នកណាអាចជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ ព្រោះអ្នកនោះនឹងស្រឡាញ់ម្ចាស់មួយហើយស្អប់ម្ចាស់មួយ ឬក៏ស្មោះត្រង់នឹងម្ចាស់មួយហើយមើលងាយម្ចាស់មួយ។ អ្នករាល់គ្នាមិនអាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្ដិផងបានឡើយ»។ (ម៉ាថាយ ៦:២៤) បើយើងធ្វើជាខ្ញុំបម្រើតែទ្រព្យសម្បត្ដិប៉ុណ្ណោះ នោះមានន័យថាយើងបានឈប់បម្រើព្រះយេហូវ៉ា។ នោះពិតជាអ្វីដែលសាថានចង់ឲ្យយើងធ្វើ។ សូមកុំឲ្យយើងចាត់ទុកលុយឬអ្វីដែលលុយអាចទិញបានថាសំខាន់ជាងចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ាឡើយ។ ដើម្បីប្រយុទ្ធឈ្នះសាថាន យើងត្រូវមានទស្សនៈត្រឹមត្រូវចំពោះទ្រព្យសម្បត្ដិ។—សូមអាន ធីម៉ូថេទី១ ៦:៦-១០
ចូរជៀសវាងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ
១៣. តើតាមរបៀបណាពិភពលោកនេះលើកស្ទួយទស្សនៈមិនត្រឹមត្រូវស្តីអំពីអាពាហ៍ពិពាហ៍និងការរួមភេទ?
១៣ អន្ទាក់មួយទៀតរបស់សាថានគឺអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ មនុស្សជាច្រើនគិតថាការស្មោះត្រង់នឹងប្ដី ឬប្រពន្ធ និងការរៀបអាពាហ៍ពិពាហ៍គឺហួសសម័យ។ ម្យ៉ាងទៀត ពួកគេគិតថាការរៀបអាពាហ៍ពិពាហ៍គឺដាក់កម្រិតទៅលើសេរីភាពរបស់ពួកគេ។ ជាឧទាហរណ៍ ស្ត្រីម្នាក់ដែលជាតារាភាពយន្តបាននិយាយថា គ្មាននរណាអាចស្រឡាញ់មនុស្សតែម្នាក់រហូតបានទេ។ នាងបាននិយាយបន្ថែមទៀតថា៖ «ខ្ញុំមិនដែលស្គាល់អ្នកណាម្នាក់សោះ ដែលស្មោះត្រង់ជាមួយនឹងគូរបស់ខ្លួន ឬក៏ចង់នៅស្មោះត្រង់រហូតឡើយ»។ បុរសម្នាក់ដែលជាតារាភាពយន្តបាននិយាយថា៖ «ខ្ញុំមិនប្រាកដក្នុងចិត្តថា មនុស្សយើងមានទំនោរចិត្តចង់រស់នៅជាមួយនឹងបុគ្គលតែម្នាក់អស់មួយជីវិតនោះទេ»។ សាថានច្បាស់ជាសប្បាយចិត្តណាស់ ពេលដែលបុគ្គលល្បីឈ្មោះមើលងាយចំណងអាពាហ៍ពិពាហ៍ដែលជាអំណោយពីព្រះ។ មេកំណាចមិនគាំទ្រការរៀបអាពាហ៍ពិពាហ៍ទេ ហើយវាក៏មិនចង់ឲ្យចំណងអាពាហ៍ពិពាហ៍បានជោគជ័យដែរ។ ដូច្នេះដើម្បីប្រយុទ្ធឈ្នះសាថាន យើងត្រូវមានទស្សនៈដូចព្រះចំពោះអាពាហ៍ពិពាហ៍។
១៤, ១៥. បើអ្នកបានត្រូវល្បួងឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ តើអ្នកអាចធ្វើអ្វី?
១៤ ទោះជាយើងរៀបការហើយ ឬនៅលីវក្ដី យើងត្រូវខំព្យាយាមយកឈ្នះអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគ្រប់បែបយ៉ាង។ តើនេះជាការងាយស្រួលឬទេ? នេះមិនងាយស្រួលទាល់តែសោះ! ជាឧទាហរណ៍ បើអ្នកជាបុគ្គលវ័យក្មេង អ្នកប្រហែលជាបានឮសិស្សរួមថ្នាក់អួតថា ពួកគេបានរួមភេទជាមួយនឹងអ្នកណាក៏ដោយដែលពួកគេពេញចិត្ត។ ពួកគេក៏ប្រហែលជាអួតអំពីការផ្ញើសារនិងរូបភាពតាមទូរស័ព្ទដៃដែលបង្ហាញអំពីការរួមភេទ។ នៅប្រទេសខ្លះ ច្បាប់ចាត់ទុកថាការផ្ញើសារនិងផ្ញើរូបភាពអំពីការរួមភេទគឺដូចគ្នានឹងការផ្ញើរូបភាពអាសអាភាសអំពីកូនក្មេងទៅអ្នកណាម្នាក់។ គម្ពីរចែងថា៖ «អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អ្នកនោះកំពុងធ្វើខុសចំពោះរូបកាយខ្លួន»។ (កូរិនថូសទី១ ៦:១៨) ជំងឺផ្សេងៗដែលឆ្លងតាមការរួមភេទបាននាំឲ្យមានទុក្ខវេទនាយ៉ាងខ្លាំង ហើយនាំឲ្យស្លាប់។ ម្យ៉ាងទៀត មនុស្សវ័យក្មេងភាគច្រើនដែលធ្លាប់រួមភេទដោយមិនបានរៀបការនិយាយថា ពួកគេស្ដាយក្រោយចំពោះអ្វីដែលពួកគេបានធ្វើ។ ការកម្សាន្តក្នុងពិភពលោកនេះចង់ឲ្យយើងជឿថាការបំពានច្បាប់របស់ព្រះមិននាំឲ្យមានផលវិបាកអ្វីទេ។ បើយើងជឿពាក្យកុហកទាំងនេះ យើងអាចត្រូវបោកបញ្ឆោតដោយ«ការល្បួងនៃភាពខុសឆ្គង»។—ហេប្រឺ ៣:១៣
១៥ បើអ្នកបានត្រូវល្បួងឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ តើអ្នកអាចធ្វើអ្វី? ចូរទទួលស្គាល់ថាអ្នកមានភាពទន់ខ្សោយ។ (រ៉ូម ៧:២២, ២៣) ចូរអធិដ្ឋានទៅព្រះសុំកម្លាំងពីលោក។ (ភីលីព ៤:៦, ៧, ១៣) ចូរជៀសវាងពីស្ថានភាពណាដែលអាចបណ្ដាលឲ្យអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (សុភាសិត ២២:៣) ម្យ៉ាងវិញទៀត ពេលដែលមានការល្បួងកើតឡើង ចូរបដិសេធភ្លាមៗ។—លោកុប្បត្តិ ៣៩:១២
១៦. ពេលដែលសាថានបានព្យាយាមល្បួងលោកយេស៊ូ តើលោកបានមានប្រសាសន៍យ៉ាងណា ហើយតើយើងអាចរៀនអ្វីពីគំរូរបស់លោក?
១៦ លោកយេស៊ូបានទុកគំរូដែលមានឥទ្ធិពលយ៉ាងខ្លាំងលើចិត្តរបស់យើង។ លោកមិនបានចាញ់បោកសាថាន ដោយជឿតាមសេចក្ដីសន្យារបស់វានោះទេ ហើយលោកក៏មិនទាំងគិតអំពីអ្វីទាំងនោះទៀតផង។ ផ្ទុយទៅវិញ ភ្លាមៗលោកបានប្រាប់សាថានថា៖ «បទគម្ពីរចែងថា»។ (សូមអាន ម៉ាថាយ ៤:៤-១០) លោកយេស៊ូស្គាល់បទគម្ពីរផ្សេងៗក្នុងបណ្ដាំរបស់ព្រះ ដូច្នេះលោកអាចដកស្រង់បទគម្ពីរភ្លាមៗ ពេលដែលសាថានព្យាយាមល្បួងលោក។ ដើម្បីប្រយុទ្ធឈ្នះសាថាន យើងមិនត្រូវបណ្ដោយខ្លួនឲ្យរងការល្បួងដែលនាំឲ្យយើងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទឡើយ។—កូរិនថូសទី១ ៦:៩, ១០
ចូរឈ្នះការប្រយុទ្ធ ដោយចេះស៊ូទ្រាំ
១៧, ១៨. (ក) តើសាថានប្រើអន្ទាក់អ្វីទៀត ហើយហេតុអ្វីយើងដឹងទុកជាមុនអំពីរឿងនោះ? (ខ) តើអ្វីនឹងកើតឡើងចំពោះសាថាន ហើយតើនោះលើកទឹកចិត្តអ្នកឲ្យស៊ូទ្រាំយ៉ាងដូចម្ដេច?
១៧ មោទនភាពមិនត្រឹមត្រូវ ការឈ្លក់វង្វេងនឹងទ្រព្យសម្បត្ដិ និងការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ គឺគ្រាន់តែជាអន្ទាក់បីយ៉ាងរបស់សាថានប៉ុណ្ណោះ។ សាថានមានអន្ទាក់ជាច្រើនទៀត។ ជាឧទាហរណ៍ គ្រិស្តសាសនិកខ្លះទទួលការប្រឆាំងពីសមាជិកក្រុមគ្រួសាររបស់ពួកគេ ឬសិស្សរួមថ្នាក់សើចចំអកពួកគេ។ បងប្អូនខ្លះទៀតរស់នៅប្រទេសដែលរដ្ឋាភិបាលព្យាយាមបញ្ឈប់ពួកគេមិនឲ្យផ្សព្វផ្សាយ។ យើងដឹងទុកជាមុនថាយើងនឹងជួបទុក្ខលំបាកទាំងនេះ។ លោកយេស៊ូផ្ទាល់បានព្រមានយើងថា៖ «មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយសារអ្នកកាន់តាមខ្ញុំ។ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងទទួលសេចក្ដីសង្គ្រោះ»។—ម៉ាថាយ ១០:២២
១៨ តើតាមរបៀបណាយើងអាចប្រយុទ្ធឈ្នះសាថាន? លោកយេស៊ូមានប្រសាសន៍ថា៖ «បើស៊ូទ្រាំ នោះអ្នករាល់គ្នានឹងរក្សាជីវិតខ្លួន»។ (លូកា ២១:១៩) មនុស្សមិនអាចធ្វើទុក្ខយើងរហូតបានទេ។ គ្មានអ្នកណាអាចដកហូតចំណងមិត្តភាពរវាងយើងនិងព្រះបានឡើយ លុះត្រាតែយើងអនុញ្ញាតឲ្យអ្វីនោះកើតឡើង។ (រ៉ូម ៨:៣៨, ៣៩) ទោះជាអ្នកបម្រើខ្លះដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាស្លាប់ក៏ដោយ នោះមិនមានន័យថាសាថានឈ្នះឡើយ។ ព្រះយេហូវ៉ានឹងប្រោសពួកគាត់ឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩) ប៉ុន្តែ សាថានគ្មានសេចក្ដីសង្ឃឹមទេ។ ក្រោយពីពិភពលោកដ៏អាក្រក់នេះបានត្រូវបំផ្លាញ វានឹងត្រូវបោះទៅក្នុងទីជ្រៅបំផុតដើម្បីឲ្យវានៅទីនោះសម្រាប់រយៈពេល១.០០០ឆ្នាំ។ (ការបើកបង្ហាញ ២០:១-៣) នៅដំណាច់ការគ្រប់គ្រង១.០០០ឆ្នាំរបស់គ្រិស្ត សាថាននឹងត្រូវ«ដោះលែងពីគុក» ហើយវានឹងព្យាយាមបំភាន់មនុស្សល្អឥតខ្ចោះជាលើកចុងក្រោយ។ ក្រោយពីនោះ វានឹងត្រូវបំផ្លាញចោល។ (ការបើកបង្ហាញ ២០:៧-១០) ទោះជាមេកំណាចគ្មានសេចក្ដីសង្ឃឹមក៏ដោយ អ្នកពិតជាមានសេចក្ដីសង្ឃឹមមែន! ចូរបន្តប្រយុទ្ធប្រឆាំងនឹងសាថាន ហើយរក្សាជំនឿឲ្យរឹងមាំ។ អ្នកអាចប្រយុទ្ធឈ្នះសាថានបាន!