ចូរសម្រេចចិត្តបម្រើព្រះយេហូវ៉ាតាំងពីក្មេងចុះ!
«ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀនហើយជឿប្រាកដ»។—២ធី. ៣:១៤
១. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះពួកយុវវ័យដែលជាសាក្សីរបស់ទ្រង់?
ព្រះយេហូវ៉ាចាត់ទុកកិច្ចបម្រើរបស់ពួកយុវវ័យជាអ្វីដែលសំខាន់ដល់ម្ល៉េះ បានជាទ្រង់បណ្ដាលឲ្យអ្នកតែងបទទំនុកដំកើងទាយថា៖ «រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្តនៅថ្ងៃដែលឯងដំរៀបក្បួនទ័ពដ៏ប្រដាប់ដោយគ្រឿងបរិសុទ្ធ។ ពួកកំឡោះរបស់ឯងនឹងបានដូចជាទឹកសន្សើមដែលចេញពីផ្ទៃនៃបច្ចូសកាលមក»។ (ទំនុក. ១១០:៣) ត្រូវមែន! ព្រះយេហូវ៉ាឲ្យតម្លៃណាស់ចំពោះយុវជនយុវតីដែលបម្រើទ្រង់ដោយស្ម័គ្រពីចិត្ត។
២. ស្តីអំពីអនាគតរបស់ប្អូនៗយុវវ័យ តើពិភពលោកនេះអាចជះឥទ្ធិពលបែបណាទៅលើពួកគេ?
២ ប្អូនៗក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិកអើយ! តើប្អូនៗបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ាហើយឬនៅ? ចំពោះប្អូនៗជាច្រើន ការសម្រេចចិត្តបម្រើព្រះយេហូវ៉ាឬក៏អត់ នោះពិបាកណាស់! អ្នកជំនួញនិងគ្រូបង្រៀន ហើយជួនកាលសមាជិកក្រុមគ្រួសារនិងមិត្តភក្ដិក៏លើកទឹកចិត្តយុវវ័យឲ្យបំពេញតាមគោលដៅដែលជួយពួកគេឲ្យប្រមូលទ្រព្យសម្បត្ដិច្រើន។ ពេលយុវវ័យខំបំពេញតាមគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ាវិញ អ្នកដទៃមើលងាយហើយសើចចំអកដាក់ផង។ ប៉ុន្តែ តាមការពិត កិច្ចបម្រើព្រះយេហូវ៉ានាំឲ្យប្អូនៗមានប្រយោជន៍ច្រើនបំផុត។ (ទំនុក. ២៧:៤) ទាក់ទងនឹងរឿងនេះ សូមឲ្យប្អូនៗគិតពិចារណាអំពីសំណួរបីដែលថា ហេតុអ្វីគប្បីឲ្យប្អូនៗបម្រើព្រះយេហូវ៉ា? ទោះជាអ្នកដទៃមានទស្សនៈយ៉ាងណានិងប្រព្រឹត្តបែបណាក៏ដោយ តើប្អូនៗអាចបំពេញគោលដៅជាអ្នកដែលបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច? តើប្អូនៗអាចមានឯកសិទ្ធិបែបណាខ្លះក្នុងកិច្ចបម្រើព្រះយេហូវ៉ា?
ប្អូនៗ គប្បីបម្រើព្រះយេហូវ៉ាចុះ!
៣. បើគិតពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្កើតមក តើនេះគួរជំរុញយើងឲ្យចង់ធ្វើអ្វី?
៣ ហេតុអ្វីគប្បីឲ្យប្អូនៗបម្រើព្រះពិតដែលមានជីវិតគង់វង្ស? សៀវភៅវិវរណៈ ៤:១១ ផ្ដល់មូលហេតុចម្បងដោយចែងថា៖ «ឱព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នាអើយ! ទ្រង់គួរនឹងទទួលសិរីល្អ កិត្ដិនាមនឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមកហើយមាននៅផង»។ ព្រះយេហូវ៉ាជាព្រះដ៏អស្ចារ្យដែលបានបង្កើតរបស់សព្វសារពើ។ ផែនដីនេះស្អាតបំព្រងណាស់! ដើមឈើ ផ្កា សត្វ សមុទ្រ ភ្នំនិងទឹកជ្រោះ សុទ្ធតែជាស្នាដៃរបស់ព្រះយេហូវ៉ា។ បទទំនុកដំកើងទី១០៤:២៤ ចែងថា៖ «ផែនដីបានពេញដោយរបស់ដែល[ព្រះយេហូវ៉ា]បង្កើត»។ បើគិតពីរូបកាយនិងសតិបញ្ញាដែលផ្ដល់លទ្ធភាពឲ្យយើងមានជីវិតនៅផែនដី ព្រមទាំងសប្បាយនឹងរបស់សព្វសារពើដែលមាននៅផង នោះគប្បីឲ្យយើងធ្វើជាកូនកតញ្ញូចំពោះព្រះយេហូវ៉ាដែលបានបង្ហាញសេចក្ដីស្រឡាញ់ក្នុងការបង្កើតយើងមក។ ចិត្តអបអរចំពោះស្នាដៃដ៏អស្ចារ្យរបស់ព្រះយេហូវ៉ានៅជុំវិញយើង គួរជំរុញយើងឲ្យចង់បម្រើទ្រង់ មែនទេ?
៤, ៥. តើការប្រព្រឹត្តអ្វីខ្លះរបស់ព្រះយេហូវ៉ាដែលបានទាញចិត្តយ៉ូស្វេឲ្យចូលទៅជិតទ្រង់?
៤ ពាក្យរបស់លោកយ៉ូស្វេ ដែលជាអ្នកដឹកនាំជនជាតិអ៊ីស្រាអែលពីបុរាណ ក៏ផ្ដល់មូលហេតុមួយទៀតឲ្យយើងចង់បម្រើព្រះយេហូវ៉ា។ ពេលចាស់ហើយ យ៉ូស្វេមានប្រសាសន៍ទៅកាន់រាស្ត្ររបស់ព្រះយេហូវ៉ាថា៖ ‹អ្នកទាំងអស់គ្នាដឹងក្នុងចិត្តនិងគំនិតថា អស់ទាំងពាក្យល្អដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានសន្យាហើយ នោះបានសំរេចគ្រប់ជំពូក ឥតខ្វះណាមួយឡើយ›។ តើយ៉ូស្វេអាចមានប្រសាសន៍យ៉ាងនេះ ដោយផ្អែកទៅលើមូលដ្ឋានអ្វី?—យ៉ូស. ២៣:១៤
៥ ពេលកំពុងធំឡើងនៅប្រទេសអេស៊ីប យ៉ូស្វេច្បាស់ជាបានរៀនអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ថាទ្រង់មានបំណងប្រគល់ទឹកដីឲ្យបណ្ដាជនអ៊ីស្រាអែល។ (លោ. ១២:៧; ៥០:២៤, ២៥; និក្ខ. ៣:៨) រួចមក យ៉ូស្វេបានឃើញដោយផ្ទាល់ភ្នែកពេលព្រះយេហូវ៉ាចាប់ផ្ដើមបំពេញតាមសេចក្ដីសន្យានោះ ដោយបង្កឲ្យមានសេចក្ដីវេទនាទាំង១០ប្រការមកលើជនជាតិអេស៊ីប ព្រមទាំងបង្ខំផារ៉ោនដែលជាស្តេចអេស៊ីបដ៏រឹងចចេសនោះ ឲ្យដោះលែងកូនចៅអ៊ីស្រាអែល។ យ៉ូស្វេក៏បានរួមចំណែកក្នុងចំណោមអស់អ្នកដែលព្រះយេហូវ៉ាប្រោសឲ្យរួចពីអេស៊ីប ដោយដើរកាត់សមុទ្រក្រហម ហើយគាត់ក៏បានឃើញទឹកសមុទ្រនោះបាក់ធ្លាក់មកលើផារ៉ោននិងពលទ័ពរបស់គាត់ ហាក់ដូចជាត្របាក់លេបពួកគេទាំងរស់តែម្ដង។ ពេលពួកអ៊ីស្រាអែលបាន«ដើរ[ឆ្ងាយ]កាត់ទីរហោស្ថាន»ដែលជាសមុទ្រខ្សាច់នៅជុំវិញភ្នំស៊ីណាយដ៏«សំបើមគួរស្ញែងខ្លាច»នោះ យ៉ូស្វេក៏បានឃើញរបៀបដែលព្រះយេហូវ៉ាប្រទានអ្វីៗទាំងអស់ដែលរាស្ត្រទ្រង់ត្រូវការ។ គ្មានបណ្ដាជនអ៊ីស្រាអែលម្នាក់សោះដែលស្លាប់ដោយអត់អាហារឬស្រេកទឹកទេ។ (ចោទិ. ៨:៣-៥, ១៤-១៦; យ៉ូស. ២៤:៥-៧) ពេលបណ្ដាជនបានទៅដល់ស្រុកសន្យា ហើយត្រូវដណ្ដើមយកស្រុកនោះពីពួកកាណានដ៏ខ្លាំងពូកែ យ៉ូស្វេក៏បានឃើញព្រះយេហូវ៉ាលូកដៃជួយគាំទ្រពួកគេ។ ត្រូវហើយ! ព្រះយេហូវ៉ាដ៏ជាព្រះដែលយ៉ូស្វេនិងបណ្ដាជនអ៊ីស្រាអែលឯទៀតបានថ្វាយបង្គំ ទ្រង់ពិតជាបានជួយគេមែន!—យ៉ូស. ១០:១៤, ៤២
៦. តើអ្វីនឹងជួយប្អូនៗបណ្ដុះឲ្យមានបំណងចង់បម្រើព្រះយេហូវ៉ា?
៦ យ៉ូស្វេដឹងច្បាស់ថា ព្រះយេហូវ៉ាតែងតែបំពេញតាមសេចក្ដីសន្យារបស់ទ្រង់។ ហេតុនេះហើយបានជាយ៉ូស្វេលាន់មាត់ថា៖ «អញនឹងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ»។ (យ៉ូស. ២៤:១៥) ចុះយ៉ាងណាវិញចំពោះប្អូនៗ? ពេលគិតអំពីសេចក្ដីសន្យាទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានសម្រេចហើយ ព្រមទាំងគិតអំពីសេចក្ដីសន្យាដែលទ្រង់នឹងសម្រេចនៅពេលអនាគតទៅទៀត តើប្អូនៗមានបំណងចង់បម្រើទ្រង់ដូចយ៉ូស្វេដែរឬទេ?
៧. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងទទួលការជ្រមុជទឹក?
៧ ពេលគិតអំពីអ្វីៗដែលព្រះយេហូវ៉ាបានបង្កើតមក ហើយគិតអំពីសេចក្ដីសន្យាដ៏អស្ចារ្យរបស់ទ្រង់ដែលគួរឲ្យទុកចិត្តទាំងស្រុង នេះគួរជំរុញប្អូនៗឲ្យមានចិត្តចង់ថ្វាយខ្លួនចំពោះទ្រង់ ព្រមទាំងបង្ហាញពីការឧទ្ទិសថ្វាយខ្លួននោះ ដោយទទួលការជ្រមុជទឹក។ អស់អ្នកដែលចង់បម្រើព្រះយេហូវ៉ា ត្រូវតែទទួលការជ្រមុជទឹក។ ព្រះយេស៊ូបានបង្ហាញពីសារៈសំខាន់នេះ ដោយតាំងគំរូឲ្យយើង។ មុនព្រះយេស៊ូចាប់ផ្ដើមកិច្ចការរបស់ទ្រង់ជាមេស្ស៊ី ទ្រង់បានទៅជួបយ៉ូហានដើម្បីជ្រមុជទឹកឲ្យទ្រង់។ ហេតុអ្វីបានជាព្រះយេស៊ូទទួលការជ្រមុជទឹក? ក្រោយៗមក ព្រះយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»។ (យ៉ូន. ៦:៣៨) ដូច្នេះ ព្រះយេស៊ូបានទទួលការជ្រមុជទឹកដើម្បីបង្ហាញថា ចាប់ពីពេលនោះតទៅ ទ្រង់មានគោលដៅចង់ធ្វើតាមតែបំណងចិត្តនៃបិតាទ្រង់ប៉ុណ្ណោះ។—ម៉ាថ. ៣:១៣-១៧
៨. ហេតុអ្វីបានជាធីម៉ូថេសម្រេចចិត្តថ្វាយបង្គំព្រះយេហូវ៉ា? តើប្អូនៗប្រហែលជាត្រូវតែធ្វើអ្វីខ្លះ?
៨ សូមគិតអំពីប្អូនប្រុសម្នាក់ពីបុរាណដែលជាយុវវ័យគ្រិស្តសាសនិកដែរ ឈ្មោះធីម៉ូថេ។ ក្រោយៗមក ព្រះយេហូវ៉ាបានប្រគល់កិច្ចការនិងឯកសិទ្ធិជាច្រើនដល់ធីម៉ូថេ។ ហេតុអ្វីបានជាធីម៉ូថេសម្រេចចិត្តថ្វាយបង្គំព្រះពិត? គម្ពីររៀបរាប់ថា៖ ‹គាត់បានរៀនហើយជឿប្រាកដ›ផង។ (២ធី. ៣:១៤) ប្រសិនបើប្អូនៗបានរៀនបណ្ដាំរបស់ព្រះយេហូវ៉ា ហើយជឿប្រាកដថា សេចក្ដីបង្រៀនក្នុងគម្ពីរសុទ្ធតែពិត នោះប្អូនៗក៏ស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលនឹងធីម៉ូថេដែរ។ ប៉ុន្តែ ប្អូនៗត្រូវធ្វើការសម្រេចចិត្តទៀតផង។ ដូច្នេះ សូមអញ្ជើញនិយាយជាមួយមាតាបិតាអំពីចំណង់ចំណូលចិត្តរបស់ប្អូនៗ។ យោបល់ពីមាតាបិតានិងពួកអ្នកចាស់ទុំអាចជួយប្អូនៗឲ្យយល់ច្បាស់ពីតម្រូវការក្នុងគម្ពីរដែលប្អូនៗត្រូវបំពេញតាមដើម្បីទទួលការជ្រមុជទឹក។—សូមអាន កិច្ចការ ៨:១២
៩. ពេលប្អូនៗទទួលការជ្រមុជទឹក តើអ្នកដទៃប្រហែលជានឹងមានប្រតិកម្មបែបណា?
៩ ពេលទទួលការជ្រមុជទឹក នេះជាជំហានដំបូងដ៏ល្អរបស់ប្អូនៗក្នុងការបម្រើព្រះពិត។ ពេលសម្រេចការនេះ គឺហាក់ដូចជាប្អូនៗបានចាប់ផ្ដើមរត់ក្នុងការប្រណាំងដែលអាចនាំឲ្យមានរង្វាន់។ រង្វាន់ដែលប្អូនៗអាចទទួលនោះ រួមបញ្ចូលជីវិតដែលគ្មានទីបញ្ចប់ផង ព្រមទាំងអំណរនៅពេលឥឡូវនេះផងដែរ ដែលប្អូនៗនឹងទទួលក្នុងការធ្វើតាមបំណងចិត្តរបស់ព្រះយេហូវ៉ា។ (ហេ. ១២:២, ៣) រីឯសមាជិកក្រុមគ្រួសារនិងមិត្តភក្ដិរបស់ប្អូនៗក្នុងក្រុមជំនុំដែលកំពុងរត់ក្នុងការប្រណាំងនេះដែរ ពួកគាត់ក៏នឹងមានអំណរផង ពេលប្អូនៗចាត់វិធានការនេះ។ ប៉ុន្តែ សំខាន់បំផុត ពេលប្អូនៗចាប់ផ្ដើមបម្រើព្រះយេហូវ៉ា នេះនឹងនាំឲ្យព្រះយេហូវ៉ាមានអំណរ។ (សូមអាន សុភាសិត ២៣:១៥) មនុស្សដទៃច្បាស់ជាមិនយល់នូវមូលហេតុដែលប្អូនៗសម្រេចចិត្តបម្រើព្រះយេហូវ៉ាទេ ហើយពួកគេប្រហែលជាមានទស្សនៈថា ប្អូនៗបានធ្វើការសម្រេចចិត្តមិនល្អ ព្រមទាំងបៀតបៀនប្អូនៗទៅទៀតផង។ ប៉ុន្តែ ប្អូនៗអាចយកឈ្នះការប្រឆាំងបែបនេះបាន។
ពេលគេសួរដេញដោលនិងប្រឆាំង
១០, ១១. (ក) ពេលប្អូនៗសម្រេចចិត្តបម្រើព្រះយេហូវ៉ា តើអ្នកដទៃប្រហែលជានឹងសួរអ្វីខ្លះ? (ខ) តើប្អូនៗអាចទាញយកមេរៀនអ្វីពីរបៀបដែលព្រះយេស៊ូបានតបឆ្លើយដល់អ្នកដែលសួរអំពីការថ្វាយបង្គំពិត?
១០ ពេលប្អូនៗសម្រេចចិត្តបម្រើព្រះយេហូវ៉ា មិត្តរួមថ្នាក់ អ្នកជិតខាងនិងបងប្អូនញាតិមិត្តឯទៀតប្រហែលជាឆ្ងល់ណាស់! ពួកគេប្រហែលជានឹងសួរពីមូលហេតុដែលប្អូនៗបានសម្រេចចិត្តធ្វើដូច្នេះ ឬមួយក៏សួរដេញដោលពីជំនឿរបស់ប្អូនៗផង។ តើប្អូនៗគួរឆ្លើយយ៉ាងណា? តាមការពិត គប្បីឲ្យប្អូនៗគិតពិចារណាទុកជាមុន ស្តីអំពីអារម្មណ៍របស់ខ្លួននិងមូលហេតុដែលប្អូនៗបានសម្រេចចិត្តបម្រើព្រះយេហូវ៉ា។ ពេលឆ្លើយសំណួរអំពីជំនឿរបស់ខ្លួន យកល្អឲ្យប្អូនៗធ្វើតាមគំរូដ៏ល្អបំផុត ពោលគឺ គំរូរបស់ព្រះយេស៊ូ។
១១ ពេលពួកមេដឹកនាំសាសនាយូដាបានសួរដេញដោលពីលទ្ធភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ព្រះយេស៊ូឲ្យគេមើលបទគម្ពីរដែលពួកគេមិនបានយកមកពិចារណាឲ្យបានហ្មត់ចត់ទេ។ (និក្ខ. ៣:៦; ម៉ាថ. ២២:២៣, ៣១-៣៣) ពេលអាចារ្យម្នាក់បានសួរព្រះយេស៊ូអំពីបញ្ញត្ដិមួយណាដែលសំខាន់ជាងគេ ទ្រង់បានដកស្រង់បទគម្ពីរដើម្បីឆ្លើយសំណួរ ហើយគាត់ត្រេកអរណាស់ចំពោះព្រះយេស៊ូដែលឆ្លើយបែបនោះ។ (លេវី. ១៩:១៨; ចោទិ. ៦:៥; ម៉ាក. ១២:២៨-៣៤) របៀបដែលព្រះយេស៊ូបានបកស្រាយបទគម្ពីរនិងនិយាយជាមួយមនុស្ស បានបណ្ដាលឲ្យគេ«បាក់បែកទាស់គ្នាដោយព្រោះទ្រង់» ដល់ម្ល៉េះបានជាអ្នកដែលចង់ចាប់ទ្រង់ មិនអាចចាប់ធ្វើបាបទ្រង់ទេ។ (យ៉ូន. ៧:៣២-៤៦) ពេលតបឆ្លើយដល់អ្នកដែលសួរអំពីជំនឿរបស់ខ្លួន ចូរបង្ហាញបទគម្ពីរដល់គេ និងពោលពាក្យ«ដោយសុភាពហើយ[«គោរព»]កោតខ្លាច»។ (១ពេ. ៣:១៥; ១ពត្រ. ៣:១៦, ខ.ស.) បើមិនចេះឆ្លើយ ចូរប្រាប់អ្នកសួរថា ប្អូនមិនដឹងច្បាស់ទេ តែនឹងស្រាវជ្រាវចំណុចនោះបន្ដិចសិន ទើបមកឆ្លើយប្រាប់គាត់វិញ។ ក្រោយមក ប្អូនៗអាចស្រាវជ្រាវដោយមើលលិបិក្រមនៃប្រធានអត្ថបទ ដែលមាននៅក្នុងទស្សនាវដ្ដីប៉មយាមរៀងរាល់ខែធ្នូ។ ណាមួយទៀត បើមានជាភាសាដែលប្អូនៗអាចយល់ ប្អូនៗអាចមើលលិបិក្រមធំជាងដែលសំដៅទៅលើប្រភពព័ត៌មានក្នុងសៀវភៅឯទៀតរបស់អង្គការយើង (Watch Tower Publications Index) ឬមួយក៏ប្រើប្រូក្រាមកុំព្យូទ័រតាមស៊ីឌីដែលអង្គការរៀបចំឲ្យ (Watchtower Library)។a ពេលរៀបចំយ៉ាងល្អបែបនេះ ប្អូនៗនឹង«ដឹងជាបែបយ៉ាងណាដែលគួរឆ្លើយដល់មនុស្សនិមួយៗ»។—កូល. ៤:៦
១២. ពេលមានគេបៀតបៀន ម្ដេចក៏មិនគួរឲ្យប្អូនៗធ្លាក់ទឹកចិត្ត?
១២ ស្តីអំពីជំនឿរបស់ខ្លួននិងហេតុដែលប្អូនៗសម្រេចចិត្តថ្វាយបង្គំព្រះយេហូវ៉ា ជួនកាលអ្នកខ្លះមិនគ្រាន់តែសួរប៉ុណ្ណោះឡើយ។ នេះមិនធ្វើឲ្យយើងភ្ញាក់ផ្អើលទេ ពីព្រោះសាតាំងដែលជាមេកំណាច ក៏ជាខ្មាំងសត្រូវរបស់ព្រះយេហូវ៉ា ហើយពិភពលោកទាំងមូលស្ថិតនៅក្រោមអំណាចវា។ (សូមអាន យ៉ូហានទី១ ៥:១៩) មិនមែនមនុស្សគ្រប់រូបទេ នឹងសរសើរហើយពេញចិត្តចំពោះការសម្រេចចិត្តរបស់ប្អូនៗឡើយ។ អ្នកខ្លះក៏នឹង«ប្រមាថ»ហើយប្រឆាំងនឹងប្អូនៗ ព្រមទាំងប្រព្រឹត្តបែបនោះម្ដងហើយម្ដងទៀតផង។ (១ពេ. ៤:៤) ប៉ុន្តែ កុំឲ្យប្អូនៗគិតថា មានតែខ្លួនឯងទេ ដែលកើតទុក្ខបែបនោះ ពីព្រោះមនុស្សនៅសម័យព្រះយេស៊ូគ្រិស្តក៏បានបៀតបៀនទ្រង់ដែរ។ សាវ័កពេត្រុសក៏មានគេបៀតបៀនដែរ ហើយគាត់បានសរសេរថា៖ «ពួកស្ងួនភ្ងាអើយ! កុំឲ្យមានប្លែកក្នុងចិត្តដោយភ្លើងដ៏ក្ដៅក្រហាយ[ឬ«ទុក្ខលំបាកដ៏ខ្លាំង»]ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចំឡែកនោះឡើយ។ ត្រូវអរសប្បាយវិញ ដោយព្រោះមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ»។—១ពេ. ៤:១២, ១៣; ១ពត្រ. ៤:១២, ខ.ស.
១៣. ហេតុអ្វីបានជាគ្រិស្តសាសនិកមានចិត្តរីករាយពេលមានគេបៀតបៀន?
១៣ បើគេប្រឆាំងនិងបៀតបៀនប្អូនៗពីព្រោះជាគ្រិស្តសាសនិក គប្បីណាស់ឲ្យប្អូនៗមានចិត្តរីករាយចុះ! ហេតុអ្វី? ពីព្រោះបើមនុស្សក្នុងពិភពលោកនេះស្រឡាញ់ប្អូនៗវិញ នេះបង្ហាញថាមាគ៌ាជីវិតរបស់ប្អូនៗ មានលក្ខណៈសមស្របនឹងចំណង់ចំណូលចិត្តរបស់សាតាំង មិនមែនរបស់ព្រះយេហូវ៉ាទេ។ ព្រះយេស៊ូបានព្រមានថា៖ «កាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា» នោះ‹វេទនាហើយ ពីព្រោះបុព្វបុរសធ្លាប់ប្រព្រឹត្តនឹងពួកហោរាក្លែងក្លាយយ៉ាងដូច្នោះដែរ›។ (លូ. ៦:២៦) បើគេបៀតបៀនប្អូនៗ នេះបង្ហាញថាសាតាំងព្រមទាំងពិភពលោករបស់វាខឹងនឹងប្អូនៗណាស់! ពីព្រោះប្អូនៗនៅតែបម្រើព្រះយេហូវ៉ា។ (សូមអាន ម៉ាថាយ ៥:១១, ១២) ណាមួយទៀត ពេលគេ«តិះដៀល[ប្អូនៗ]ដោយព្រោះព្រះគ្រីស្ទ» នោះគប្បីឲ្យមានចិត្តរីករាយវិញ។—១ពេ. ៤:១៤
១៤. បើយើងស្មោះត្រង់ចំពោះព្រះយេហូវ៉ាពេលមានគេបៀតបៀន តើយើងអាចទទួលប្រយោជន៍អ្វីខ្លះ?
១៤ ពេលប្អូនៗរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា សូម្បីតែក្រោមការប្រឆាំងក៏ដោយ យ៉ាងហោចណាស់ប្អូនៗអាចទទួលប្រយោជន៍បួនយ៉ាង។ ប្អូនៗបានឲ្យគេដឹងអំពីព្រះយេហូវ៉ានិងបុត្រទ្រង់។ ដោយសារប្អូនៗបានស៊ូទ្រាំដោយចិត្តស្មោះ នេះក៏លើកទឹកចិត្តបងប្អូនគ្រិស្តសាសនិកឯទៀតដែរ។ ពេលអ្នកដទៃដែលមិនស្គាល់ព្រះយេហូវ៉ាឃើញប្អូនៗស៊ូទ្រាំនោះ នេះប្រហែលជាជំរុញចិត្តពួកគេឲ្យចង់ស្វែងរកទ្រង់។ (សូមអាន ភីលីព ១:១២-១៤) ណាមួយទៀត ពេលប្អូនៗទទួលកម្លាំងពីព្រះយេហូវ៉ាដើម្បីស៊ូទ្រាំ នេះក៏ជំរុញប្អូនៗឲ្យស្រឡាញ់ទ្រង់ច្រើនថែមទៀត។
«ទ្វារយ៉ាងធំ»បានបើកចំហឲ្យប្អូនៗ
១៥. ចំពោះសាវ័កប៉ុល តើអ្វីប្រៀបដូចជា«ទ្វារយ៉ាងធំ»ដែលបើកចំហឲ្យគាត់?
១៥ សាវ័កប៉ុលបានសរសេរអំពីកិច្ចបម្រើផ្សាយរបស់គាត់នៅទីក្រុងអេភេសូរថា៖ «មានទ្វារយ៉ាងធំហើយស្រួលបានបើកចំហឲ្យខ្ញុំ»។ (១កូ. ១៦:៨, ៩) ដោយសារប៉ុលមានឱកាសផ្សព្វផ្សាយដំណឹងល្អនិងបញ្ចុះបញ្ចូលឲ្យមានសិស្សច្រើនក្នុងទីក្រុងនោះ នេះប្រៀបដូចជាទ្វារយ៉ាងធំដែលបានបើកចំហឲ្យគាត់។ ប៉ុលបានចូលតាមទ្វារនោះក្នុងន័យថា គាត់ឧស្សាហ៍ផ្សព្វផ្សាយ ហើយបានជួយមនុស្សជាច្រើនឲ្យរៀនអំពីព្រះយេហូវ៉ា ព្រមទាំងថ្វាយបង្គំទ្រង់ផង។
១៦. នៅឆ្នាំ១៩១៩ តើពួកអ្នកដែលមិនទាន់ឡើងទៅស្ថានសួគ៌បានចូលតាម«ទ្វារចំហ»ក្នុងន័យអ្វី?
១៦ នៅឆ្នាំ១៩១៩ ពេលព្រះយេស៊ូគ្រិស្តបានទទួលសិរីរុងរឿងជាស្តេចថ្មី ទ្រង់បាន«បើកទ្វារចំហ»ឲ្យអ្នកនៅផែនដីដែលមិនទាន់ឡើងទៅសោយរាជ្យជាមួយទ្រង់នៅឯស្ថានសួគ៌។ (វិវរ. ៣:៨) ពួកគេបានចូលតាមទ្វារនោះក្នុងន័យថា មានចិត្តខ្នះខ្នែងជាងមុនក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អ និងការបង្រៀនមនុស្សនូវសេចក្ដីពិតក្នុងគម្ពីរ។ តើមានលទ្ធផលអ្វីពីកិច្ចការផ្សព្វផ្សាយនោះ? ឥឡូវនេះ មនុស្សទូទាំងពិភពលោកបានស្ដាប់ដំណឹងល្អ ហើយមនុស្សប្រមាណ៧លាននាក់មានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា។
១៧. ដូចជា«ទ្វារយ៉ាងធំ»ដែលបើកចំហ តើប្អូនៗអាចចូលរួមកិច្ចបម្រើព្រះយេហូវ៉ាបែបណាខ្លះ?
១៧ «ទ្វារយ៉ាងធំ»នោះក៏នៅតែបើកចំហចំពោះរាស្ត្រទាំងឡាយរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះដែរ។ អស់អ្នកដែលរួមចំណែកកាន់តែច្រើនក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អ ហាក់ដូចជាចូលតាមទ្វារយ៉ាងធំនោះ ពួកគេមានអំណរណាស់! ប្អូនៗទាំងឡាយអើយ! ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា តើប្អូនៗចាត់ទុកភារកិច្ចដើម្បីជួយមនុស្សឲ្យ«ជឿ[លើ]ដំណឹងល្អ»ជាឯកសិទ្ធិដ៏ពិសេសប៉ុណ្ណា? (ម៉ាក. ១:១៤, ១៥) តើប្អូនៗធ្លាប់គិតចុះឈ្មោះជាអ្នកត្រួសត្រាយពេញពេល ឬអ្នកត្រួសត្រាយជំនួយទេ? ប្អូនៗក៏អាចមានគោលដៅរួមចំណែកក្នុងកិច្ចបម្រើពិសេស ជាអ្នកត្រួសត្រាយពិសេស ជាសាសនទូត កិច្ចបម្រើនៅការិយាល័យបេតអែល ឬកិច្ចការសាងសង់សាលប្រជុំជាដើម។ ដោយសារទីបញ្ចប់នៃពិភពលោកដ៏អាក្រក់របស់សាតាំងកៀកណាស់ហើយ នេះជាគ្រាបន្ទាន់ណាស់ឲ្យប្អូនៗរួមចំណែកក្នុងកិច្ចបម្រើព្រះយេហូវ៉ាបែបនេះ។ ពេលនៅមានឱកាសនៅឡើយ តើប្អូនៗនឹងសម្រេចចិត្តចូលតាម«ទ្វារយ៉ាងធំ»ឬទេ?
«សូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ!»
១៨, ១៩. (ក) តើអ្វីបានជួយដាវីឌឲ្យមានចិត្តចង់បម្រើព្រះយេហូវ៉ាយ៉ាងខ្លាំង? (ខ) តើអ្វីបង្ហាញថា ដាវីឌមិនដែលនឹកស្ដាយពីការបម្រើព្រះយេហូវ៉ា?
១៨ រីឯស្តេចដាវីឌនៃជនជាតិអ៊ីស្រាអែលនាសម័យបុរាណ ព្រះយេហូវ៉ាបានបណ្ដាលឲ្យគាត់តែងបទទំនុកដំកើងដែលអញ្ជើញអ្នកដទៃឲ្យ«ភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ!»។ (ទំនុក. ៣៤:៨) ពេលដាវីឌនៅក្មេងហើយជាអ្នកឃ្វាលសត្វចៀម ព្រះយេហូវ៉ាបានជួយការពារគាត់ពីសត្វព្រៃដែលមកពាធា។ ព្រះយេហូវ៉ាក៏បានជួយដាវីឌពេលគាត់ច្បាំងតទល់នឹងអ្នកមាឌធំឈ្មោះកូលីយ៉ាត ហើយបានជួយគាត់ឲ្យរួចពីទុក្ខលំបាកជាច្រើនឯទៀតដែរ។ (១សាំ. ១៧:៣២-៥១; ពាក្យផ្ដើមរបស់ទំនុក. ១៨) ដោយសារព្រះយេហូវ៉ាបានបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះដែលគ្មានអ្វីប្រៀបផ្ទឹមបានចំពោះដាវីឌ នេះបានជំរុញគាត់ឲ្យសរសេរថា៖ «ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ! ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់! ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង គ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ពីការទាំងនោះនៅចំពោះទ្រង់បានឡើយ»។—ទំនុក. ៤០:៥
១៩ សេចក្ដីស្រឡាញ់របស់ដាវីឌចំពោះព្រះយេហូវ៉ាមានកាន់តែខ្លាំងឡើងៗជានិច្ច ហើយគាត់ចង់សរសើរទ្រង់យ៉ាងអស់ពីចិត្តគំនិត។ (សូមអាន ទំនុកដំកើង ៤០:៨-១០) ពេលចាស់ទៅ ដាវីឌមិនដែលនឹកស្ដាយពីជីវិតដែលគាត់ចំណាយក្នុងការថ្វាយបង្គំព្រះពិតឡើយ។ ដាវីឌចាត់ទុកភក្ដីភាពចំពោះព្រះយេហូវ៉ាជាអ្វីដែលមានតម្លៃបំផុត ក៏ជាប្រភពនៃសុភមង្គលដែលប្រៀបផ្ទឹមពុំបាន។ ពេលចាស់ណាស់ហើយ ដាវីឌអធិដ្ឋានថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ! ទ្រង់ជាទីសង្ឃឹមនៃទូលបង្គំ ទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមក។ ឱព្រះអង្គអើយ! សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង»។ (ទំនុក. ៧១:៥, ១៨) ទោះជាកម្លាំងកាយរបស់ដាវីឌចេះតែខ្សោយទៅៗក៏ដោយ ទំនុកចិត្តនិងចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា មានរឹតតែខ្លាំងឡើងៗ។
២០. ហេតុអ្វីបានជាកិច្ចបម្រើព្រះយេហូវ៉ានាំឲ្យមានប្រយោជន៍ច្រើនបំផុត?
២០ ជីវិតរបស់យ៉ូស្វេ ដាវីឌនិងធីម៉ូថេផ្ដល់ទីសំអាងថា កិច្ចបម្រើព្រះយេហូវ៉ាជារបៀបរស់នៅដ៏ល្អបំផុត។ អាជីពល្អក្នុងពិភពលោកនេះអាចជួយប្អូនៗឲ្យប្រមូលទ្រព្យសម្បត្ដិច្រើនក្នុងមួយរយៈនេះមែន ប៉ុន្តែមិនអាចផ្ដល់ប្រយោជន៍ជាយូរអង្វែងដែលមកពីការ‹បំរើព្រះយេហូវ៉ាអស់ពីចិត្ត អស់ពីព្រលឹង›ទេ។ (យ៉ូស. ២២:៥) ប្រសិនបើប្អូនៗមិនទាន់អធិដ្ឋានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា សូមសួរខ្លួនឯងថា ‹ហេតុអ្វីបានជាខ្ញុំមិនទាន់ក្លាយទៅជាសាក្សីម្នាក់របស់ព្រះយេហូវ៉ា?›។ ប្រសិនបើប្អូនៗបានទទួលការជ្រមុជទឹកជាអ្នកថ្វាយបង្គំព្រះយេហូវ៉ារួចទៅហើយ តើប្អូនៗចង់ទទួលអំណរកាន់តែច្រើនទេ? បើចង់ ចូរឲ្យប្អូនៗរួមចំណែកកាន់តែច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយបណ្ដុះឲ្យមានលក្ខណៈកាន់តែល្អជាគ្រិស្តសាសនិក។ អត្ថបទបន្ទាប់នឹងបង្ហាញអំពីរបៀបដែលប្អូនៗអាចបណ្ដុះឲ្យមានលក្ខណៈកាន់តែល្អក្នុងកិច្ចបម្រើព្រះ ដោយយកតម្រាប់តាមគំរូរបស់សាវ័កប៉ុល។
[កំណត់សម្គាល់]
a បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• សូមរៀបរាប់មូលហេតុពីរយ៉ាងដែលគប្បីឲ្យយើងបម្រើព្រះយេហូវ៉ា។
• តើអ្វីបានជួយធីម៉ូថេឲ្យសម្រេចចិត្តថ្វាយបង្គំព្រះយេហូវ៉ា?
• ពេលមានគេបៀតបៀន ហេតុអ្វីគប្បីឲ្យប្អូនៗកាន់ជំហររឹងមាំ?
• តើកិច្ចបម្រើព្រះយេហូវ៉ាបែបណាខ្លះដែលប្អូនៗប្រហែលជាអាចចូលរួមបាន?
[រូបភាពនៅទំព័រ២៥]
ពេលគេសួរដេញដោលពីជំនឿរបស់ខ្លួន តើប្អូនៗចេះឆ្លើយទេ?