បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១១ ទំ. ២៤-២៨
  • ក្យសន្យារបស់ព្រះយេហូវ៉ាតែងតែសម្រេចគ្រប់ជំពូក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្យសន្យារបស់ព្រះយេហូវ៉ាតែងតែសម្រេចគ្រប់ជំពូក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច
  • ព្រះ​យេហូវ៉ា​ការពារ​រាស្ត្រ​ទ្រង់
  • ព្រះ​យេហូវ៉ា​ថែទាំ​រាស្ត្រ​ទ្រង់
  • របៀប​ព្រះ​យេហូវ៉ា​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច​នៅ​សព្វ​ថ្ងៃ​នេះ
  • របៀប​ព្រះ​យេហូវ៉ា​ការពារ​រាស្ត្រ​ទ្រង់​នៅ​សម័យ​យើង
  • ព្រះ​យេហូវ៉ា​នៅ​តែ​ថែទាំ​រាស្ត្រ​ទ្រង់​នៅ​ឡើយ
  • គោលសំខាន់ៗពីសៀវភៅយ៉ូស្វេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ព្រះយេហូវ៉ាជ្រើសរើសយ៉ូស្វេ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ចូរទុកចិត្តគ្រិស្តដែលជាអ្នកដឹកនាំដ៏សកម្មរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ពួកគេ«បានធ្វើដូច្នោះ»មែន
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១១ ទំ. ២៤-២៨

ពាក្យ​សន្យា​របស់​ព្រះ​យេហូវ៉ា​តែង​តែ​សម្រេច​គ្រប់​ជំពូក

​«អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សំ​រេច​គ្រប់​ជំពូក»។—យ៉ូស្វេ ២៣:១៤

១​. (ក) តើ​យ៉ូស្វេ​ជា​មនុស្ស​បែប​ណា? តើ​គាត់​មាន​ភារកិច្ច​អ្វី? (ខ) តើ​យ៉ូស្វេ​បាន​ធ្វើ​អ្វី​ពេល​មាន​អាយុ​ច្រើន​ហើយ?

លោក​យ៉ូស្វេ​ជា​មេទ័ព​ម្នាក់​ដែល​ស្វាហាប់​និង​អត់​ចេះ​ខ្លាច​ឡើយ។ គាត់​មាន​ជំនឿ​មុត​មាំ​ហើយ​មាន​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ។ យ៉ូស្វេ​ជា​អ្នក​ជំនិត​របស់​លោក​ម៉ូសេ ហើយ​ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស​គាត់​ឲ្យ​ដឹក​នាំ​ជនជាតិ​អ៊ីស្រាអែល​ចេញ​ពី​ទី​រហោ​ឋាន​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច ដើម្បី​ចូល​ទៅ​ក្នុង​ស្រុក​មួយ​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ហូរ​ហៀរ។ ពេល​យ៉ូស្វេ​មាន​អាយុ​ច្រើន​ហើយ គាត់​ថ្លែង​សុន្ទរកថា​ជូន​អ្នក​ចាស់​ទុំ​ក្នុង​ចំណោម​ពួក​អ៊ីស្រាអែល​ដែល​ធ្លាប់​តែ​គោរព​គាត់។ គាត់​ដឹង​ខ្លួន​ថា​គាត់​នឹង​ស្លាប់ ដូច្នេះ​គាត់​ថ្លែង​សុន្ទរកថា​ដែល​ជំរុញ​ចិត្ត​និង​ដាស់​តឿន​អ្នក​ស្ដាប់ ព្រម​ទាំង​ពង្រឹង​ជំនឿ​របស់​ពួក​គេ​ថែម​ទៀត។ យើង​ក៏​អាច​ទទួល​ប្រយោជន៍​ពី​សុន្ទរកថា​របស់​យ៉ូស្វេ​ដែរ។

២, ៣​. ពេល​យ៉ូស្វេ​និយាយ​ទៅ​កាន់​ពួក​ចាស់​ទុំ​នោះ តើ​ជនជាតិ​អ៊ីស្រាអែល​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា? តើ​យ៉ូស្វេ​មាន​ប្រសាសន៍​យ៉ាង​ណា​ទៅ​កាន់​ពួក​ចាស់​ទុំ​ទាំង​នោះ?

២ សូម​ស្រមៃ​គិត​ពី​កាលៈទេសៈ​នៅ​ពេល​នោះ ដែល​ពិពណ៌នា​ក្នុង​គម្ពីរ​ថា​៖ «ពេល​ក្រោយ​ជា​យូរ​មក កាល​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រាអែល​មាន​សេចក្ដី​ស្រាកស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំវិញ ឯ​យ៉ូស្វេ​លោក​ក៏​ចាស់​មាន​វ័យ​ចំរើន​ច្រើន​ណាស់​ហើយ។ នោះ​លោក​ហៅ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​ចាស់​ទុំ ពួក​មេ​នឹង​ពួក​ចៅក្រម ហើយ​ពួក​នាយក​របស់​គេ​មក​ប្រាប់​ថា​៖ ‹អញ​ចាស់​ហើយ ក៏​មាន​វ័យ​ចំរើន​ច្រើន​ណាស់​ផង›»។—យ៉ូស្វេ ២៣:១, ២

៣ យ៉ូស្វេ​មាន​អាយុ​ជិត​១១០​ឆ្នាំ ហើយ​គាត់​បាន​រស់​នៅ​សម័យ​ដែល​ពេញ​ទៅ​ដោយ​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​អស្ចារ្យ​ក្នុង​ប្រវត្ដិសាស្ត្រ​នៃ​រាស្ត្រ​របស់​ព្រះ។ យ៉ូស្វេ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ទង្វើ​ដែល​បង្ហាញ​ពី​អំណាច​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​ឃើញ​សេចក្ដី​សន្យា​ជា​ច្រើន​របស់​ទ្រង់​សម្រេច​ដែរ។ អាស្រ័យ​លើ​អ្វី​ដែល​យ៉ូស្វេ​បាន​ឃើញ​ក្នុង​ជីវិត​នោះ គាត់​អាច​មាន​ប្រសាសន៍​ដោយ​ជំនឿ​ស៊ប់​ថា​៖ «[ឯង]​ដឹង​ទាំង​អស់​គ្នា​ថា ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សំ​រេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ»។—យ៉ូស្វេ ២៣:១៤

៤​. តើ​ព្រះ​យេហូវ៉ា​ធានា​ថា​នឹង​ជួយ​បណ្ដាជន​អ៊ីស្រាអែល​យ៉ាង​ណា?

៤ តើ​បន្ទូល​ឬ​ពាក្យ​សន្យា​ណា​ខ្លះ​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច​នៅ​សម័យ​យ៉ូស្វេ? យើង​នឹង​ពិនិត្យ​មើល​ពាក្យ​សន្យា​បី​យ៉ាង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​អ៊ីស្រាអែល។ ទី​មួយ ព្រះ​យេហូវ៉ា​សន្យា​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ពី​ចំណង​ជា​ខ្ញុំ​បម្រើ។ ទីពីរ ព្រះ​យេហូវ៉ា​សន្យា​ការពារ​ពួក​គេ ហើយ​ទី​បី ទ្រង់​សន្យា​ថែទាំ​ពួក​គេ​ផង​ដែរ។ ព្រះ​យេហូវ៉ា​ក៏​សន្យា​ថា ទ្រង់​នឹង​ជួយ​រាស្ត្រ​ទ្រង់​នៅ​សម័យ​នេះ​យ៉ាង​ដូច្នោះ​ដែរ ហើយ​យើង​បាន​ឃើញ​ទ្រង់​បំពេញ​តាម​ពាក្យ​សន្យា​ទាំង​នោះ​មែន។ មុន​យើង​ពិភាក្សា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​នា​សម័យ​នេះ យើង​សូម​ពិនិត្យ​មើល​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​នៅ​សម័យ​យ៉ូស្វេ​សិន។

ព្រះ​យេហូវ៉ា​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច

៥, ៦​. តើ​ព្រះ​យេហូវ៉ា​បាន​ដោះ​ជនជាតិ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ស្រុក​អេស៊ីប​ដោយ​របៀប​ណា? តើ​ទង្វើ​នោះ​បង្ហាញ​អំពី​អ្វី?

៥ ពេល​ជនជាតិ​អ៊ីស្រាអែល​បាន​រង​ទុក្ខ​លំបាក​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប ហើយ​បាន​អំពាវនាវ​ដល់​ព្រះ​យេហូវ៉ា ទ្រង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​មែន។ (និក្ខមនំ ២:២៣​-​២៥) ពេល​លោក​ម៉ូសេ​ទៅ​ជិត​គុម្ព​បន្លា​ដែល​ហាក់​ដូច​ជា​មាន​ភ្លើង​កំពុង​ឆេះ​នោះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ «អញ​បាន​ចុះ​មក​ដើម្បី​នឹង​ជួយ​ដោះ​[រាស្ត្រ​អញ]​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ អញ​នឹង​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​យ៉ាង​ល្អ​ដ៏​ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​នឹង​ទឹក​ឃ្មុំ​ហូរ​ហៀរ​វិញ»។ (និក្ខមនំ ៣:៨) រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​ចិត្ត​រំភើប​ជា​ខ្លាំង ពេល​ឃើញ​ទ្រង់​សម្រេច​ការ​ទាំង​នោះ។ ពេល​ផារ៉ោន​ដែល​ជា​ស្តេច​ស្រុក​អេស៊ីប​មិន​ព្រម​អនុញ្ញាត​ឲ្យ​បណ្ដាជន​អ៊ីស្រាអែល​ចេញ​ទៅ ម៉ូសេ​បាន​ជម្រាប​ស្តេច​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ទឹក​ក្នុង​ទន្លេ​នីល​ក្លាយ​ទៅ​ជា​ឈាម​វិញ។ ពាក្យ​សន្យា​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច​គ្រប់​ជំពូក​មែន! ទឹក​ក្នុង​ទន្លេ​នីល​បាន​ក្លាយ​ទៅ​ជា​ឈាម ត្រី​ទាំង​ឡាយ​ក៏​ងាប់ ហើយ​គ្មាន​នរណា​អាច​ផឹក​ទឹក​នោះ​ទៀត​ឡើយ។ (និក្ខមនំ ៧:១៤​-​២១) យ៉ាង​ណា​ក៏​ដោយ ផារ៉ោន​នៅ​តែ​មាន​ចិត្ត​រឹងរូស​នៅ​ឡើយ។ ដូច្នេះ ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​៩​យ៉ាង​ទៀត ហើយ​ទ្រង់​ក៏​រៀប​រាប់​ទុក​ជា​មុន​ពី​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ។ (និក្ខមនំ ជំពូក​ទី៨​-​១២) ក្រោយ​បុត្រ​ច្បង​ទាំង​ឡាយ​នៃ​បណ្ដាជន​អេស៊ីប​បាន​ស្លាប់​ដោយសារ​ទុក្ខ​វេទនា​ទី១០​នោះ ផារ៉ោន​បាន​បង្គាប់​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ ហើយ​ពួក​គេ​បាន​ចេញ​ទៅ​ភ្លាម!—និក្ខមនំ ១២:​២៩​-​៣២

៦ ដោយសារ​ព្រះ​យេហូវ៉ា​បាន​ដោះ​បណ្ដាជន​អ៊ីស្រាអែល​ឲ្យ​រួច នេះ​ហុច​ឱកាស​ឲ្យ​ទ្រង់​យក​ពួក​គេ​ជា​កូន​ចៅ ហើយ​ជា​រាស្ត្រ​ដែល​ទ្រង់​បាន​ជ្រើសរើស​ផង។ ទង្វើ​នោះ​បាន​លើក​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​សម្រេច​តាម​ពាក្យ​សន្យា​របស់​ទ្រង់​គ្រប់​ជំពូក ហើយ​បង្ហាញ​ថា​ទ្រង់​ជា​ព្រះ​ដែល​ខ្ពស់​ជាង​ព្រះ​នានា​របស់​ជនជាតិ​ឯ​ទៀត។ ពេល​យើង​អាន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច នេះ​ក៏​ពង្រឹង​ជំនឿ​របស់​យើង​ផង​ដែរ។ សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​បណ្ដាជន​អ៊ីស្រាអែល ពេល​ព្រះ​យេហូវ៉ា​បាន​ដោះ​ពួក​គេ​ឲ្យ​រួច។ រីឯ​យ៉ូស្វេ​វិញ បទពិសោធន៍​នោះ​បង្ហាញ​ឲ្យ​គាត់​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​«ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល»​មែន!—ទំនុកដំកើង ៨៣:១៨

ព្រះ​យេហូវ៉ា​ការពារ​រាស្ត្រ​ទ្រង់

៧​. តើ​ព្រះ​យេហូវ៉ា​ប្រើ​វិធី​ណា​ខ្លះ​ដើម្បី​ការពារ​បណ្ដាជន​អ៊ីស្រាអែល​ពី​ពល​ទ័ព​របស់​ផារ៉ោន?

៧ ចុះ​យ៉ាង​ណា​ចំពោះ​ពាក្យ​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា ទ្រង់​នឹង​ការពារ​រាស្ត្រ​ទ្រង់? ដោយសារ​ព្រះ​យេហូវ៉ា​សន្យា​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ពី​ស្រុក​អេស៊ីប ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​សន្យា នេះ​បង្កប់​អត្ថន័យ​ថា ទ្រង់​ធានា​ថា​នឹង​ការពារ​ពួក​គេ​ផង​ដែរ។ សូម​នឹក​ចាំ​ថា ផារ៉ោន​និង​ពល​ទ័ព​ខ្លាំង​ពូកែ​របស់​គាត់​ដែល​មាន​រទេះ​ចម្បាំង​រាប់​រយ​គ្រឿង​នោះ បាន​ដេញ​តាម​ជនជាតិ​អ៊ីស្រាអែល។ ផារ៉ោន​ជា​មនុស្ស​ក្រអឺត​ដែល​ច្បាស់​ជា​ជឿជាក់​ថា គាត់​អាច​ចាប់​ពួក​អ៊ីស្រាអែល​បាន ជា​ពិសេស​ពេល​ឃើញ​ថា​ពួក​គេ​គ្មាន​លទ្ធភាព​អាច​រត់​រួច ដោយសារ​មាន​សមុទ្រ​និង​ភ្នំ​ស្ទាក់​ផ្លូវ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​វិញ។ ទ្រង់​ការពារ​រាស្ត្រ​ទ្រង់​ដោយ​ដាក់​ពពក​នៅ​ចំ​កណ្ដាល​ពួក​គេ​និង​ពល​ទ័ព​របស់​ផារ៉ោន​ទុក​ជា​របាំង។ នៅ​ខាង​ពួក​អេស៊ីប គឺ​ងងឹត​ឈឹង តែ​នៅ​ខាង​ពួក​អ៊ីស្រាអែល​វិញ គឺ​មាន​ពន្លឺ​ភ្លឺ​ដូច​ជា​ថ្ងៃ។ ពេល​មាន​ពពក​ស្ទាក់​ផ្លូវ​ពល​ទ័ព​អេស៊ីប​នោះ ម៉ូសេ​បាន​លើក​ដំបង​គាត់ ហើយ​ទឹក​ក្នុង​សមុទ្រ​ក្រហម​បាន​ញែក​ចេញ​ពី​គ្នា។ នេះ​មិន​ត្រឹម​តែ​បើក​ផ្លូវ​ឲ្យ​បណ្ដាជន​អ៊ីស្រាអែល​ឆ្លង​សមុទ្រ​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​ទាក់​ពល​ទ័ព​អេស៊ីប​ជាប់​ផង។ ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ពល​ទ័ព​ដ៏​ខ្លាំង​ពូកែ​របស់​ផារ៉ោន​ចោល​អស់​រលីង។ យ៉ាង​នោះ ទ្រង់​ការពារ​រាស្ត្រ​ទ្រង់​មិន​ឲ្យ​ទ័ព​អេស៊ីប​ឈ្នះ​លើ​ពួក​គេ​ឡើយ។—និក្ខមនំ ១៤:១៩​-​២៨

៨​. តើ​ព្រះ​យេហូវ៉ា​ការពារ​បណ្ដាជន​អ៊ីស្រាអែល​យ៉ាង​ដូច​ម្ដេច (ក) ពេល​ពួក​គេ​នៅ​ក្នុង​ទី​រហោ​ឋាន? (ខ) ពេល​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​សន្យា?

៨ ក្រោយ​ជនជាតិ​អ៊ីស្រាអែល​បាន​ឆ្លង​កាត់​សមុទ្រ​ក្រហម​នោះ ពួក​គេ​បាន​ដើរ​កាត់​ទី​កន្លែង​ដែល​បាន​ពណ៌នា​ថា ជា​«ទីរហោស្ថាន​សំបើម​គួរ​ស្ញែង​ខ្លាច ដែល​មាន​ពស់​ភ្លើង​នឹង​ខ្យាដំរី មាន​ដី​ហួតហែង ឥត​មាន​ទឹក»។ (ចោទិយកថា ៨:១៥) ព្រះ​យេហូវ៉ា​ក៏​បាន​ការ​ពារ​រាស្ត្រ​ទ្រង់​នៅ​ទី​នោះ​ដែរ។ ចុះ​យ៉ាង​ណា​ចំពោះ​ពេល​ដែល​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​វិញ? ជនជាតិ​កាណាន​ទាំង​នោះ មាន​ពល​ទ័ព​ខ្លាំង​ក្លា​ហើយ​ខំ​ទប់ទល់​នឹង​ពួក​អ៊ីស្រាអែល។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ូស្វេ​ថា​៖ «ចូរ​រៀបចំ​ឆ្លង​ទន្លេ​យ័រដាន់​ឥឡូវ​នេះ​ចុះ! ព្រម​ទាំង​បណ្ដា​មនុស្ស​ទាំង​នេះ​ផង ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ គឺ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​ឯង នៅ​គ្រប់​១​ជីវិត​ឯង​បាន​ឡើយ។ អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះបង់​ចោល​ឯង​ឡើយ»។ (យ៉ូស្វេ ១:២, ៥) ពាក្យ​សន្យា​ទាំង​នេះ​របស់​ព្រះ​យេហូវ៉ា បាន​សម្រេច​គ្រប់​ជំពូក។ ក្នុង​រយៈ​ពេល​ប្រមាណ​តែ​៦​ឆ្នាំ​ប៉ុណ្ណោះ យ៉ូស្វេ​បាន​ឈ្នះ​លើ​ស្តេច​៣១​អង្គ ហើយ​បាន​ដណ្ដើម​យក​ទឹក​ដី​ភាគ​ច្រើន​ដែល​ព្រះ​យេហូវ៉ា​សន្យា​ឲ្យ​ដល់​ពួក​គេ។ (យ៉ូស្វេ ១២:៧​-​២៤) បើ​ព្រះ​យេហូវ៉ា​មិន​បាន​ការ​ពារ​រាស្ត្រ​ទ្រង់ ពួក​គេ​មិន​អាច​មាន​ជ័យជម្នះ​ដល់​កម្រិត​នោះ​ឡើយ។

ព្រះ​យេហូវ៉ា​ថែទាំ​រាស្ត្រ​ទ្រង់

៩, ១០​. នៅ​ក្នុង​ទី​រហោ​ឋាន តើ​ព្រះ​យេហូវ៉ា​បាន​ថែទាំ​រាស្ត្រ​ទ្រង់​តាម​របៀប​ណា​ខ្លះ?

៩ សូម​គិត​អំពី​ពាក្យ​សន្យា​ទី​បី​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​ទ្រង់​នឹង​ថែទាំ​រាស្ត្រ​ទ្រង់។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ព្រះ​យេហូវ៉ា​បាន​ដោះ​ជនជាតិ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ស្រុក​អេស៊ីប ទ្រង់​សន្យា​ថា​៖ «មើល! អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំប៉័ង​ពី​លើ​មេឃ​មក​ឲ្យ​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បណ្ដាជន​ចេញ​ទៅ​រើស​ឲ្យ​ល្មម​តែ​១​ថ្ងៃ​រាល់ៗ​ថ្ងៃ»។ ស្រប​ទៅ​តាម​ពាក្យ​សន្យា​នោះ ព្រះ​យេហូវ៉ា​បាន​ប្រទាន​«នំប៉័ង​ពី​លើ​មេឃ»​មែន! «កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា​៖ ‹នេះ​ជា​អ្វី​ហ្ន?›»។ ម្ហូប​នោះ​ជា​នំ​ម៉ាន៉ា​ដែល​ព្រះ​យេហូវ៉ា​សន្យា​ឲ្យ​ពួក​គេ។—និក្ខមនំ ១៦:៤, ១៣​-​១៥

១០ អស់​រយៈ​ពេល​៤០​ឆ្នាំ​ក្នុង​ទី​រហោ​ឋាន​នោះ ព្រះ​យេហូវ៉ា​បាន​ថែទាំ​ជនជាតិ​អ៊ីស្រាអែល​ដោយ​ប្រទាន​ទឹក​និង​អាហារ។ ព្រះ​យេហូវ៉ា​ក៏​បាន​ថែទាំ​រាស្ត្រ​ទ្រង់​ដោយ​ធ្វើ​អព្ភូតហេតុ​កុំ​ឲ្យ​សម្លៀក​បំពាក់​របស់​ពួក​គេ​សឹក​ទៅ ហើយ​មិន​ឲ្យ​ជើង​របស់​ពួក​គេ​ពុរ​ពង​ឬ​ហើម​ឡើយ។ (ចោទិយកថា ៨:៣, ៤) យ៉ូស្វេ​បាន​ឃើញ​ព្រឹត្ដិការណ៍​ទាំង​អស់​នោះ​ផ្ទាល់​នឹង​ភ្នែក។ ព្រះ​យេហូវ៉ា​បាន​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច ព្រម​ទាំង​ការពារ​និង​ថែទាំ​ពួក​គេ​រហូត ស្រប​ទៅ​តាម​ពាក្យ​សន្យា​របស់​ទ្រង់។

របៀប​ព្រះ​យេហូវ៉ា​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច​នៅ​សព្វ​ថ្ងៃ​នេះ

១១​. នៅ​ខែ​តុលា ឆ្នាំ​១៩១៤ តើ​បង​ប្រុស​រ៉ាសិល​មាន​ប្រសាសន៍​យ៉ាង​ណា​នៅ​ឯ​ការិយាល័យ​បេតអែល? តើ​ពាក្យ​ទាំង​នោះ​បង្កប់​អត្ថន័យ​អ្វី?

១១ ចុះ​យ៉ាង​ណា​ចំពោះ​សម័យ​នេះ? នៅ​ថ្ងៃ​សុក្រ ទី២ ខែ​តុលា ឆ្នាំ​១៩១៤ បង​ប្រុស​ឆាល្ស ថេហ្ស រ៉ាសិល ដែល​ជា​អ្នក​ដឹក​នាំ​ពួក​សិស្ស​គម្ពីរ​នៅ​សម័យ​នោះ គាត់​បាន​ដើរ​ចូល​បន្ទប់​ដែល​ជា​ទី​កន្លែង​ដែល​គេ​បរិភោគ​អាហារ​ក្នុង​ការិយាល័យ​បេតអែល​នៅ​ទី​ក្រុង​ប៊្រូគ្លិន រដ្ឋ​ញូវយ៉ក នា​សហរដ្ឋ​អាម៉េរិក។ គាត់​មាន​ទឹក​មុខ​រីករាយ ហើយ​មាន​ប្រសាសន៍​ថា​៖ «អរុណ​សួស្តី​បងប្អូន​ទាំង​អស់​គ្នា!»។ មុន​គាត់​អង្គុយ​ចុះ គាត់​បាន​ប្រកាស​ដោយ​ចិត្ត​រំភើប​ថា​៖ «គ្រា​របស់​សាសន៍​ដទៃ​បាន​ផុត​កំណត់​ហើយ! ពួក​មហាក្សត្រ​នៅ​ផែនដី​លែង​មាន​សិទ្ធិ​គ្រប់គ្រង​ទៀត!»។ ដូច​នៅ​សម័យ​របស់​ពួក​អ៊ីស្រាអែល​នោះ កំណត់​ពេល​របស់​ព្រះ​យេហូវ៉ា​ជា​មហាក្សត្រ​នៃ​សកលលោក​ទាំង​មូល​បាន​មក​ដល់ ឲ្យ​ទ្រង់​ចាត់​វិធានការ​ដើម្បី​ជួយ​រាស្ត្រ​របស់​ទ្រង់។ គឺ​ច្បាស់​ហើយ​ថា ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ភ្លាម!

១២​. នៅ​ឆ្នាំ​១៩១៩ តើ​ព្រះ​យេហូវ៉ា​បាន​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ពី​អ្វី? តើ​ការ​រំដោះ​នោះ​បើក​ឱកាស​ឲ្យ​មាន​អ្វី​កើត​ឡើង?

១២ គ្រាន់​តែ​ប្រាំ​ឆ្នាំ​ក្រោយ​នោះ​មក ព្រះ​យេហូវ៉ា​បាន​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ពី​«បាប៊ីឡូន​ដ៏​ជា​ធំ» ដែល​សំដៅ​ទៅ​លើ​សាសនា​មិន​ពិត​ទាំង​ឡាយ​ដែល​ប្រៀប​ដូច​ជា​ចក្រភព​ដ៏​ខ្លាំង​ក្លា​មួយ។ (វិវរណៈ ១៨:២) សព្វ​ថ្ងៃ​នេះ នៅ​សល់​បងប្អូន​មួយ​ចំនួន​តិច​ដែល​ជា​សាក្សី​ពី​ការ​រំដោះ​ដ៏​គួរ​ឲ្យ​អស្ចារ្យ​នៅ​សម័យ​នោះ។ យ៉ាង​ណា​ក៏​ដោយ យើង​ឃើញ​យ៉ាង​ច្បាស់​នូវ​លទ្ធផល​ល្អ​ពី​ការ​រំដោះ​នោះ។ ព្រះ​យេហូវ៉ា​បាន​ស្ដារ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ឡើង​វិញ ហើយ​ទ្រង់​ក៏​បាន​នាំ​ឲ្យ​អស់​អ្នក​ដែល​ចង់​ថ្វាយ​បង្គំ​ទ្រង់ មាន​សាមគ្គី​ភាព​ផង​ដែរ។ លោក​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​សរសេរ​អំពី​ស្ថានភាព​នេះ។ គាត់​សរសេរ​ថា​៖ «នៅ​ជាន់​ក្រោយ​បង្អស់​នោះ ភ្នំ​ជា​ទី​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយ​នឹង​បាន​ដំកើង​ឡើង​ជា​ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ​ដែរ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរហែ​ទៅ​ក្នុង​ទី​នោះ»។—អេសាយ ២:២

១៣​. តើ​អ្នក​បាន​ឃើញ​ចំនួន​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​កើន​ឡើង​ច្រើន​ប៉ុណ្ណា?

១៣ ពាក្យ​របស់​អេសាយ​បាន​សម្រេច​គ្រប់​ជំពូក។ នៅ​ឆ្នាំ​១៩១៩ អ្នក​បម្រើ​ព្រះ​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថានសួគ៌​បាន​ចាប់​ផ្ដើម​កិច្ចការ​ផ្សព្វផ្សាយ​ដោយ​អង់អាច​ទូទាំង​ពិភពលោក ដែល​បាន​លើក​តម្កើង​ការ​ថ្វាយ​បង្គំ​ព្រះ​ពិត​ឲ្យ​បាន​ថ្កុំថ្កើង​ឡើង។ ជាង​១០​ឆ្នាំ​ក្រោយ​មក ពួក​គេ​យល់​ថា ព្រះ​យេហូវ៉ា​កំពុង​ប្រមូល​«ចៀម​ឯ​ទៀត»​មក​ថ្វាយ​បង្គំ​ទ្រង់​ដែរ។ (យ៉ូហាន ១០:១៦) មុន​ដំបូង អ្នក​ដែល​រួម​ចំណែក​ក្នុង​ការ​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ​នោះ មាន​ចំនួន​រាប់​ពាន់​នាក់។ ក្រោយ​មក ពួក​គេ​មាន​ចំនួន​រាប់​សែន​នាក់ ហើយ​ឥឡូវ​ក៏​បាន​ឡើង​ដល់​រាប់​លាន​នាក់​ផង! ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​សាវ័ក​យ៉ូហាន​ស្រមៃ​ឃើញ​អ្នក​ទាំង​នោះ​ទុក​ជា​មុន ហើយ​គាត់​បាន​ពណ៌នា​អំពី​ពួក​គេ​ថា ជា​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ​ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ (វិវរណៈ ៧:៩) ក្នុង​អំឡុង​ជីវិត​របស់​អ្នក តើ​អ្នក​បាន​ឃើញ​ចំនួន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កើន​ឡើង​ច្រើន​ប៉ុណ្ណា? កាល​ដែល​អ្នក​បាន​រៀន​នូវ​សេចក្ដី​ពិត​ពី​គម្ពីរ​ជា​ដំបូង​នោះ តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​គ្នា​ប៉ុន្មាន​នាក់​ទូទាំង​ផែនដី? សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មាន​ចំនួន​ជាង​៦.៧០០.០០០​នាក់។ ដោយសារ​ព្រះ​យេហូវ៉ា​បាន​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ពី​បាប៊ីឡូន​ដ៏​ធំ ទ្រង់​បាន​បើក​ឱកាស​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ចូល​មក​ថ្វាយ​បង្គំ​ទ្រង់ ហើយ​យើង​រីករាយ​នឹង​ឃើញ​ព្រឹត្ដិការណ៍​នេះ​កើត​ឡើង​នៅ​ទូទាំង​ពិភពលោក។

១៤​. តើ​ព្រះ​យេហូវ៉ា​នឹង​រំដោះ​រាស្ត្រ​ទ្រង់​ឲ្យ​ចូល​ទៅ​ទីណា?

១៤ ព្រះ​យេហូវ៉ា​ក៏​នឹង​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ម្ដង​ទៀត​ដែរ។ ការ​រំដោះ​នោះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ទាំង​ឡាយ​នៅ​ផែនដី។ គ្រប់​ទាំង​មនុស្ស​នឹង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​ឃើញ​ព្រះ​យេហូវ៉ា​ប្រើ​អំណាច​របស់​ទ្រង់​ដើម្បី​ដក​អស់​ទាំង​មនុស្ស​ដែល​ប្រឆាំង​ទ្រង់​ចេញ ព្រម​ទាំង​រំដោះ​រាស្ត្រ​ទ្រង់​ដើម្បី​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ពិភពលោក​ថ្មី​ដែល​នឹង​ពេញ​ទៅ​ដោយ​មនុស្ស​សុចរិត។ យើង​នឹង​ត្រេកអរ​ណាស់! ពេល​ទ្រង់​ទប់​ស្កាត់​អំពើ​អាក្រក់ ហើយ​នាំ​មក​នូវ​សម័យ​ថ្មី​ដ៏​រុងរឿង​ជាង​គេ។—វិវរណៈ ២១:១​-​៤

របៀប​ព្រះ​យេហូវ៉ា​ការពារ​រាស្ត្រ​ទ្រង់​នៅ​សម័យ​យើង

១៥​. នៅ​សព្វ​ថ្ងៃ​នេះ ម្ដេច​ក៏​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ការពារ​រាស្ត្រ​ទ្រង់?

១៥ យើង​បាន​ពិនិត្យ​មើល​រួច​ហើយ​ថា ជនជាតិ​អ៊ីស្រាអែល​នៅ​សម័យ​យ៉ូស្វេ​បាន​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា ឲ្យ​ទ្រង់​ជួយ​ការពារ​ពួក​គេ។ ចុះ​យ៉ាង​ណា​ចំពោះ​រាស្ត្រ​របស់​ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ? គឺ​ចាំបាច់​ណាស់! ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​ការពារ​ពួក​គេ​ដែរ។ ព្រះ​យេស៊ូ​បាន​ព្រមាន​អស់​អ្នក​ដែល​កាន់​តាម​ទ្រង់​ថា​៖ «គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។ (ម៉ាថាយ ២៤:៩) យូរ​យារ​មក​ហើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ផ្សេងៗ មាន​គេ​ធ្វើ​ទុក្ខ​បុកម្នេញ​និង​បៀតបៀន​យ៉ាង​សាហាវ​ព្រៃផ្សៃ។ ទោះ​ជា​មាន​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ក៏​ដោយ ព្រះ​យេហូវ៉ា​តែង​តែ​នៅ​ជា​មួយ​រាស្ត្រ​ទ្រង់។ (រ៉ូម ៨:៣១) ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ទ្រង់​ធានា​ថា គ្មាន​អ្វី​សោះ​អាច​រារាំង​កិច្ចការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន​អំពី​រាជាណាចក្រ​របស់​ទ្រង់ សូម្បី​តែ‹គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ទាស់​នឹង​យើង›ក៏​មិន​អាច​ទប់​ស្កាត់​កិច្ចការ​នោះ​ទេ។—អេសាយ ៥៤:១៧

១៦​. តើ​អ្នក​បាន​ឃើញ​ភ័ស្តុតាង​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ការពារ​រាស្ត្រ​ទ្រង់?

១៦ ទោះ​ជា​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ស្អប់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ ចំនួន​អ្នក​បម្រើ​ទ្រង់​ចេះ​តែ​កើន​ឡើងៗ​ជានិច្ច។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​រីក​ចម្រើន​នៅ​ឯ​ប្រទេស​ផ្សេងៗ​ដែល​មាន​ចំនួន​ទៅ​ដល់​២៣៦​ហើយ។ នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​ការពារ​យើង​មែន ពី​អស់​អ្នក​ដែល​ចង់​គាប​សង្កត់​យើង និង​ទប់​មាត់​យើង​ផង។ តើ​អ្នក​ចាំ​ឈ្មោះ​អ្នក​ធំ​ខ្លះ​នៅ​សម័យ​មុន​នេះ​បន្ដិច មិន​ថា​ជា​អ្នក​ធំ​ខាង​នយោបាយ​ឬ​ខាង​សាសនា​ក្ដី ដែល​បាន​សង្កត់​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង​ទេ? សព្វ​ថ្ងៃ​នេះ តើ​អ្នក​ទាំង​នោះ​នៅ​តែ​មាន​អំណាច​ឬ? ភាគ​ច្រើន​បាន​រលំ​ទៅ​បាត់​ហើយ ដូច​ផារ៉ោន​នៅ​សម័យ​ម៉ូសេ​និង​យ៉ូស្វេ។ ហើយ​ចុះ​យ៉ាង​ណា​វិញ ចំពោះ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​ដែល​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់? ព្រះ​យេហូវ៉ា​ក៏​ការពារ​អ្នក​ទាំង​នោះ​ដែរ ដោយ​នឹក​ចាំ​ពួក​គេ​ជានិច្ច ហាក់​ដូច​ជា​ពួក​គេ​រង់ចាំ​ទ្រង់​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ជា​ទីបំផុត។ ច្បាស់​ហើយ ពាក្យ​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា ទ្រង់​នឹង​ការពារ​រាស្ត្រ​ទ្រង់ ពិត​ជា​បាន​សម្រេច​គ្រប់​ជំពូក​មែន!

ព្រះ​យេហូវ៉ា​នៅ​តែ​ថែទាំ​រាស្ត្រ​ទ្រង់​នៅ​ឡើយ

១៧​. តើ​ព្រះ​យេហូវ៉ា​ធានា​ថា​នឹង​ផ្ដល់​អ្វី​ខ្លះ​ឲ្យ​យើង ដែល​ប្រៀប​ដូច​ជា​អាហារ?

១៧ ដូច​ព្រះ​យេហូវ៉ា​បាន​ថែទាំ​រាស្ត្រ​ទ្រង់​នៅ​ក្នុង​ទី​រហោ​ឋាន​នោះ ទ្រង់​ក៏​នៅ​តែ​ថែទាំ​យើង​នៅ​ឡើយ​ដែរ។ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›តែង​តែ​ផ្ដល់​ការ​ណែនាំ​ឲ្យ​យើង ដែល​ប្រៀប​ដូច​ជា​អាហារ។ (ម៉ាថាយ ២៤:៤៥) យើង​ទទួល​ចំណេះ​ស្តី​អំពី​បំណង​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​លាក់​ទុក​រាប់​រយ​ឆ្នាំ​មក​ហើយ។ ទេវតា​មួយ​រូប​បាន​ប្រាប់​លោក​ដានីយ៉ែល​ថា​៖ «ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ! មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង»។—ដានីយ៉ែល ១២:៤

១៨​. តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​ចំណេះ​ពិត​កំពុង​ចម្រើន​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ?

១៨ ឥឡូវ​នេះ យើង​កំពុង​រស់​នៅ​គ្រា​ចុង​បំផុត ហើយ​ចំណេះ​បាន​ចម្រើន​ឡើង​មែន! សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​បាន​នាំ​មនុស្ស​ពី​គ្រប់​ទិស​ទី​នៃ​ផែនដី ឲ្យ​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​ពិត​និង​គោល​បំណង​របស់​ទ្រង់។ នៅ​សព្វ​ថ្ងៃ​នេះ គេ​បាន​បោះ​ពុម្ព​គម្ពីរ​ច្រើន ហើយ​ក៏​មាន​សៀវភៅ​ច្រើន​ទៀត​ដែរ ដែល​បកស្រាយ​ន័យ​គម្ពីរ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​យល់​នូវ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែល​មាន​តម្លៃ​ណាស់។ ជា​ឧទាហរណ៍ សូម​គិត​អំពី​សៀវភៅ​សិក្សា​ដែល​មាន​ចំណង​ជើង​ថា តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?a ទំព័រ​មាតិកា​មាន​ចំណង​ជើង​នៃ​ជំពូក​នីមួយៗ ដែល​រួម​បញ្ចូល​ប្រធាន​ផ្សេងៗ​ដូច​ជា «តើ​អ្វី​ជា​សេចក្ដី​ពិត​អំពី​ព្រះ?» «តើ​មនុស្ស​ស្លាប់​ទៅ​ទីណា?» «តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?» និង​«ហេតុ​អ្វី​ព្រះ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា?»។ រាប់​ពាន់​ឆ្នាំ​មក​ហើយ មនុស្ស​បាន​ឆ្ងល់​អំពី​រឿង​ទាំង​នេះ។ តែ​ឥឡូវ​នេះ យើង​មាន​ចម្លើយ​ហើយ។ ទោះ​បើ​មនុស្ស​បាន​ស្ថិត​ក្នុង​ភាព​ល្ងង់ខ្លៅ​និង​មាន​គ្រិស្ត​សាសនា​មិន​ពិត​បំភាន់​ពួក​គេ​អស់​រាប់​រយ​ឆ្នាំ​ហើយ​ក៏​ដោយ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​ផ្ដល់​ចំណេះ​ពិត ប្រៀប​ដូច​ជា​អាហារ​ដែល​អាច​ពង្រឹង​កម្លាំង​ដល់​អស់​អ្នក​ដែល​ប្រាថ្នា​ចង់​បម្រើ​ទ្រង់។

១៩​. តើ​អ្នក​បាន​ឃើញ​ព្រះ​យេហូវ៉ា​សម្រេច​ពាក្យ​សន្យា​អ្វី​ខ្លះ? តើ​នេះ​នាំ​ឲ្យ​អ្នក​សន្និដ្ឋាន​យ៉ាង​ណា?

១៩ អាស្រ័យ​លើ​អ្វី​ដែល​យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក យើង​ច្បាស់​ជា​អាច​និយាយ​ថា​៖ «អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សំ​រេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ»។ (យ៉ូស្វេ ២៣:១៤) ព្រះ​យេហូវ៉ា​តែង​តែ​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច ព្រម​ទាំង​ការពារ​និង​ថែទាំ​ពួក​គេ​ផង។ តើ​អ្នក​ស្គាល់​ពាក្យ​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​មិន​បាន​សម្រេច​គ្រប់​ជំពូក​តាម​កំណត់​ពេល​របស់​ទ្រង់​ទេ? គ្មាន​សោះ! ដូច្នេះ យក​ល្អ​ឲ្យ​យើង​ទុក​ចិត្ត​ទៅ​លើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ចុះ!

២០​. ហេតុ​អ្វី​បាន​ជា​យើង​អាច​ជឿ​ថា​នឹង​មាន​អនាគត​ដ៏​ល្អ​បាន?

២០ ចុះ​យ៉ាង​ណា​ចំពោះ​ពេល​អនាគត? ព្រះ​យេហូវ៉ា​សន្យា​ថា យើង​ភាគ​ច្រើន​អាច​រស់​នៅ​លើ​ផែនដី​ដែល​នឹង​ក្លាយ​ទៅ​ជា​សួនមនោរម​ដ៏​ស្អាត។ អ្នក​ខ្លះ​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​ក៏​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ដើម្បី​គ្រប់គ្រង​ជា​មួយ​ព្រះ​គ្រិស្ត។ មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​មួយ​ណា​ក៏​ដោយ យើង​មាន​មូលហេតុ​រឹង​មាំ​ដែល​ជំរុញ​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ដូច​យ៉ូស្វេ​បាន​ធ្វើ។ នៅ​ទីបំផុត ព្រះ​យេហូវ៉ា​នឹង​សម្រេច​តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​នៅ​ពេល​នោះ យើង​នឹង​គិត​ពី​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ពី​មុន ហើយ​នឹង​ពោល​ថា​៖ «ទាំង​អស់​បាន​សំ​រេច​គ្រប់​ជំពូក»​មែន!

[កំណត់​សម្គាល់]

a បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• តើ​យ៉ូស្វេ​បាន​ឃើញ​ព្រះ​យេហូវ៉ា​សម្រេច​ពាក្យ​សន្យា​អ្វី​ខ្លះ?

• តើ​អ្នក​បាន​ឃើញ​ព្រះ​យេហូវ៉ា​សម្រេច​ពាក្យ​សន្យា​អ្វី​ខ្លះ?

• តើ​យើង​អាច​យល់​យ៉ាង​ណា​ស្តី​អំពី​ពាក្យ​សន្យា​របស់​ព្រះ​យេហូវ៉ា?

[រូបភាព​នៅ​ទំព័រ​២៥]

ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដើម្បី​ដោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច

[រូបភាព​នៅ​ទំព័រ​២៥]

នៅ​ឯ​សមុទ្រ​ក្រហម តើ​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​រាស្ត្រ​ទ្រង់​យ៉ាង​ណា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក