ពួកគេ«បានធ្វើដូច្នោះ»មែន
«ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់»។—យ៉ូហានទី១ ៥:៣
១. តើយើងអាចនិយាយយ៉ាងណាបាន អំពីកំរិតនៃសេចក្ដីស្រឡាញ់របស់ព្រះ?
«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ អស់ពួកអ្នកដែលស្គាល់ព្រះ ហើយគោរពតាមបញ្ញត្តរបស់ទ្រង់ មានការអបអរយ៉ាងជ្រាលជ្រៅចំពោះជំរៅនៃសេចក្ដីស្រឡាញ់នេះ។ «នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង»។ កាលដែលយើងអនុវត្តជំនឿទៅលើលោហិតដ៏មានតម្លៃនៃយញ្ញបូជាលោះរបស់ព្រះយេស៊ូ យើងនឹង‹នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះ›។ (យ៉ូហានទី១ ៤:៨-១០,១៦) ដូច្នេះហើយ យើងនឹងអាចទទួលប្រសិទ្ធិពរខាងវិញ្ញាណដ៏បរិបូរនៅឥឡូវនេះ ហើយនៅក្នុងរបបដែលនឹងត្រូវមកដល់គឺជីវិតអស់កល្បជានិច្ច។—យ៉ូហាន ១៧:៣; យ៉ូហានទី១ ២:១៥, ១៧
២. តើតាមរបៀបណាដែលការកាន់តាមបញ្ញត្តរបស់ព្រះ មានប្រយោជន៍ដល់ពួកអ្នកបំរើរបស់ទ្រង់?
២ ឯកសារព្រះគម្ពីរគឺមានគំរូជាច្រើនអំពីអស់អ្នកដែលបានកាន់តាមបញ្ញត្តរបស់ព្រះ ហើយព្រះបានប្រទានពរដល់គេយ៉ាងបរិបូរ។ ពួកទាំងនេះ គឺរួមបញ្ចូលស្មរបន្ទាល់មុនសម័យគ្រីស្ទាន ដែលចំពោះពួកគេខ្លះ សាវ័កប៉ុលបានសរសេរថា៖ «ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្ដីជំនឿ ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ»។ (ហេព្រើរ ១១:១៣) នៅពេលក្រោយមក ពួកអ្នកបំរើគ្រីស្ទានរបស់ព្រះក៏បានទទួលប្រយោជន៍ ពី«ព្រះគុណ នឹងសេចក្ដីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ»។ (យ៉ូហាន ១:១៧) នៅគ្រប់ទូទាំង៦.០០០ឆ្នាំនៃប្រវត្ដិសាស្ត្ររបស់មនុស្សលោក ព្រះយេហូវ៉ាបានប្រទានរង្វាន់ឲ្យពួកអ្នកបំរើស្មោះត្រង់ដែលគោរពតាមបញ្ញត្តរបស់ទ្រង់ ដែលពិតជា«មិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។—យ៉ូហានទី១ ៥:២, ៣
ក្នុងសម័យរបស់លោកណូអេ
៣. តាមរបៀបណាដែល លោកណូអេ«បានធ្វើដូច្នោះ»មែន?
៣ ឯកសារព្រះគម្ពីរបានចែងថា៖ «ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំ សំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្ដីសុចរិត ដែលត្រូវខាងសេចក្ដីជំនឿ ទុកជាមរដកដែរ»។ ជាអ្នក«ប្រកាសប្រាប់ពីសេចក្ដីសុចរិត» លោកណូអេបានគោរពព្រះទាំងស្រុង ដោយព្រមានប្រាប់ពួករស់នៅពីមុនទឹកជំនន់ អំពីសេចក្ដីជំនុំជំរះរបស់ព្រះដែលនឹងត្រូវកើតឡើងនោះ។ (ហេព្រើរ ១១:៧; ពេត្រុសទី២ ២:៥) ក្នុងការសង់ទូកធំ លោកបានប្រព្រឹត្តតាមគម្រោងការរបស់ព្រះយ៉ាងប្រយ័ត្នប្រយែង។ រួចមក លោកក៏បានយកសត្វដែលត្រូវយកចូល ហើយនិងស្បៀងអាហារ។ «ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់»។—លោកុប្បត្តិ ៦:២២
៤, ៥. (ក) តើតាមរបៀបណាដែលឥទ្ធិពលដ៏អាក្រក់មានមកលើមនុស្សលោកនៅសម័យនេះ? (ខ) ហេតុអ្វីក៏យើងគួរ«ធ្វើដូច្នោះ»ដែរ ក្នុងការគោរពតាមសេចក្ដីបង្គាប់របស់ព្រះ?
៤ លោកណូអេនិងគ្រួសាររបស់លោក បានប្រឈមមុខនឹងឥទ្ធិពលដ៏អាក្រក់របស់ពួកទេវតាដែលមិនគោរពព្រះ។ ពួកកូនព្រះទាំងនេះបានប្រែក្រឡា ហើយចុះមករស់នៅជាមួយស្ត្រី ដែលបង្កើតកូនកាត់ដែលមានមាឌដ៏ធំប្លែកពីធម្មតា ហើយធ្វើបាបដល់មនុស្សលោក។ «ផែនដី នោះបានខូចអាក្រក់នៅចំពោះព្រះ ក៏មានពេញជាសេចក្ដីកាចសហ័សផង»។ ព្រះយេហូវ៉ាបានធ្វើឲ្យមានទឹកជំនន់ដើម្បីនឹងបំបាត់ជំនាន់ដ៏អាក្រក់នោះទៅ។ (លោកុប្បត្តិ ៦:៤, ១១-១៧; ៧:១) តាំងពីជំនាន់របស់លោកណូអេមក ពួកទេវតាដែលជាពួកបិសាចនោះ គឺមិនអាចប្រែក្រឡាទៅជារូបមនុស្សបានទៀតឡើយ។ យ៉ាងណាក្ដី ‹លោកីយ៍ទាំងមូលគឺដេកនៅក្នុងឱវាទនៃមេកំណាច›គឺអារក្សសាតាំង។ (យ៉ូហានទី១ ៥:១៩; វិវរណៈ ១២:៩) ដោយទំនាយ ព្រះយេស៊ូបានប្រៀបធៀបជំនាន់ដ៏បះបោរនៃសម័យរបស់លោកណូអេ ទៅនឹងជំនាន់មនុស្សលោកដែលបានបដិសេធទ្រង់ តាំងពីទីសម្គាល់នៃ«វត្តមាន»របស់ទ្រង់ ដែលបានចាប់ផ្ដើមមានការជាក់ស្តែងឡើងក្នុងឆ្នាំ១៩១៤។—ម៉ាថាយ ២៤:៣, ៣៤, ៣៧-៣៩; លូកា ១៧:២៦, ២៧
៥ ដូចជានៅសម័យលោកណូអេ នៅសព្វថ្ងៃនេះសាតាំងក៏កំពុងតែខំប្រឹងធ្វើឲ្យហិនហោចដល់មនុស្សលោកនិងផែនដីយើងនេះដែរ។ (វិវរណៈ ១១:១៥-១៨) ជាការបន្ទាន់ណាស់ចំពោះយើង ក្នុងការយកចិត្តទុកដាក់នឹងសេចក្ដីបង្គាប់នេះ៖ «ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»។ (អេភេសូរ ៦:១១) ក្នុងរឿងនេះ យើងនឹងបានពង្រឹងដោយការសិក្សាបន្ទូលរបស់ព្រះ ហើយដោយអនុវត្តការនេះក្នុងជីវិតរបស់យើង។ បន្ថែមទៅទៀត យើងមានអង្គការដ៏យកចិត្តទុកដាក់របស់ព្រះយេហូវ៉ា ដែលមាន«អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ» និងពួកចាស់ទុំដ៏មានសេចក្ដីស្រឡាញ់ ដើម្បីនឹងជួយយើងដោយអត់ធ្មត់តាមផ្លូវដែលយើងត្រូវដើរ។ យើងមានកិច្ចការផ្សាយទូទាំងពិភពលោកដើម្បីនឹងសម្រេច។ (ម៉ាថាយ ២៤:១៤, ៤៥-៤៧, ព.ថ.) ដូចលោកណូអេ ដែលបានប្រិតប្រៀងគោរពសេចក្ដីបង្គាប់របស់ព្រះនោះ សូមឲ្យយើងតែងតែ«បានធ្វើដូច្នោះ»ដែរចុះ។
លោកម៉ូសេ—ជាបុរសដ៏សុភាពលើសអស់ទាំងមនុស្ស
៦, ៧. (ក) តើសេចក្ដីជ្រើសរើសដ៏មានប្រសិទ្ធិពរអ្វីដែលលោកម៉ូសេបានធ្វើនោះ? (ខ) តើគំរូដ៏ក្លាហានណា ដែលលោកម៉ូសេបានទុកសំរាប់យើង?
៦ ចូរពិចារណានូវបុរសដ៏មានជំនឿម្នាក់ទៀត—គឺលោកម៉ូសេ។ គាត់អាចមានជីវិតដ៏សប្បាយរីករាយនឹងរបស់ដ៏ហ៊ឺហាក្នុងប្រទេសអេស៊ីប។ ប៉ុន្តែលោកបាន«ស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្ដីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ»។ ជាអ្នកបំរើដែលព្រះយេហូវ៉ាបានចាត់មក «លោកសំឡឹងចំទៅឯរង្វាន់វិញ . . . ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ»។—ហេព្រើរ ១១:២៣-២៨
៧ នៅជនគណនា ១២:៣ យើងអានថា៖ «រីឯម៉ូសេលោកសុភាពណាស់លើសអស់ទាំងមនុស្សនៅលើផែនដី»។ តែផ្ទុយស្រឡះទៅវិញ ស្តេចផារ៉ោនបានប្រព្រឹត្តដូចជាមនុស្សដ៏ក្រអឺតក្នុងបណ្ដាមនុស្ស។ នៅពេលដែលព្រះយេហូវ៉ាបានបញ្ជាលោកម៉ូសេនិងអើរ៉ុនឲ្យប្រកាសសេចក្ដីជំនុំជំរះទៅលើស្តេចផារ៉ោន តើពួកគេបានតបឆ្លើយយ៉ាងណាដែរ? ព្រះគម្ពីរបានចែងប្រាប់យើងថា៖ «ឯម៉ូសេនឹងអើរ៉ុនលោកក៏ធ្វើតាម ដូចជាព្រះយេហូវ៉ាបានបង្គាប់មក»។ (និក្ខមនំ ៧:៤-៧) នេះជាគំរូដ៏ក្លាហានមែន សំរាប់យើងឲ្យប្រកាសសេចក្ដីជំនុំជំរះរបស់ព្រះនៅសព្វថ្ងៃនេះ!
៨. តើពួកអ៊ីស្រាអែលបានតម្រូវឲ្យ«ធ្វើដូច្នោះ»ដោយយ៉ាងណា ហើយតើការដ៏សប្បាយរីករាយនឹងមានយ៉ាងណា នៅអនាគតនោះ?
៨ តើពួកអ៊ីស្រាអែលបានគាំទ្រដោយស្មោះដល់លោកម៉ូសេទេ? ក្រោយពីព្រះយេហូវ៉ាបានធ្វើឲ្យពួកអេស៊ីបឈឺចាប់នឹងសេចក្ដីទុក្ខវេទនាប្រាំបួនប្រការក្នុងដប់នោះ ទ្រង់ក៏បានផ្ដល់ឲ្យសេចក្ដីបង្គាប់យ៉ាងល្អិតល្អន់ទៅពួកអ៊ីស្រាអែល ក្នុងការធ្វើបុណ្យរំលង។ «នោះពួកជនជាតិអ៊ីស្រាអែលគេឱនក្បាលចុះថ្វាយបង្គំ ហើយនាំគ្នាទៅធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេនឹងអើរ៉ុន គេក៏ធ្វើសំរេចការនោះ»។ (និក្ខមនំ ១២:២៧, ២៨) នៅកណ្ដាលអធ្រាត្រនៃថ្ងៃដ៏សំខាន់នោះ ខែចេត្រទី១៤ ឆ្នាំ១៥១៣ ម.ស.យ. ទេវតារបស់ព្រះបានចាប់ប្រហារជីវិតកូនច្បងនៃពួកអេស៊ីប ប៉ុន្តែបានកន្លងហួសផ្ទះរបស់ពួកអ៊ីស្រាអែល។ ហេតុអ្វីក៏កូនច្បងរបស់ពួកអ៊ីស្រាអែលបានត្រូវការពារ? ពីព្រោះពួកគេបានរកឃើញការការពារពីឈាមនៃកូនចៀម ដែលបានលាបនៅតាមទ្វាររបស់គេ។ ពួកគេបានធ្វើតាមព្រះយេហូវ៉ា ដូចទ្រង់បានបង្គាប់លោកម៉ូសេនិងអើរ៉ុនមកមែន។ ត្រូវហើយ ‹ពួកគេបានធ្វើដូច្នោះមែន›។ (និក្ខមនំ ១២:៥០, ៥១) នៅឯសមុទ្រក្រហម ព្រះយេហូវ៉ាបានសម្ដែងអព្ភូតហេតុថែមទៀត ក្នុងការសង្គ្រោះប្រជារាស្ត្រដ៏គោរពរបស់ទ្រង់ កាលដែលទ្រង់កំទេចចោលស្តេចផារ៉ោននិងកងទ័ពដ៏ខ្លាំងក្លានោះ។ ពួកអ៊ីស្រាអែលច្បាស់ជាមានចិត្តរីករាយយ៉ាងណាទៅហ្ន៎! យ៉ាងដូច្នេះដែរ នៅសព្វថ្ងៃនេះ មនុស្សជាច្រើនដែលគោរពតាមបង្គាប់របស់ព្រះយេហូវ៉ានឹងមានចិត្តដ៏រីករាយ ជាអ្នកសាក្សីនៃការធ្វើយុត្ដិកម្មនៅឯសង្គ្រាមអើម៉ាគេដូន។—និក្ខមនំ ១៥:១, ២; វិវរណៈ ១៥:៣, ៤
៩. តើអ្វីជាឯកសិទ្ធិនៅសម័យនេះ ដែលបានតំណាងដោយការដែលពួកអ៊ីស្រាអែលបាន«ធ្វើដូច្នោះ»› ដែលទាក់ទងនឹងរោងឧបោសថ?
៩ នៅពេលដែលព្រះយេហូវ៉ាបានបង្គាប់ពួកអ៊ីស្រាអែលឲ្យយកវិភាគទាន ហើយសង់រោងឧបោសថក្នុងទីរហោស្ថាន ពួកបណ្ដាជនបានគាំទ្រយ៉ាងពេញលេញ។ រួចមក សូម្បីតែចំពោះសេចក្ដីដ៏តូចតាចក្ដី លោកម៉ូសេនិងពួកអ្នកធ្វើការជាមួយលោកបានធ្វើតាមផែនការគូប្លង់យ៉ាងផ្ចិតផ្ចង់ ដែលព្រះយេហូវ៉ាបានផ្ដល់មក។ «ដូច្នេះអស់ទាំងការស្អាងរោងឧបោសថ នឹងត្រសាលជំនុំ នោះក៏រួចជាស្រេច ពួកកូនចៅអ៊ីស្រាអែល គេបានធ្វើអស់ទាំងការ ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ បានហើយជាស្រេចទាំងអស់»។ ស្រដៀងនេះដែរ នៅឯសម្ពោធន៍នៃសង្ឃភាព «ម៉ូសេលោកក៏ធ្វើអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក លោកធ្វើការនោះសំរេចទាំងអស់»។ (និក្ខមនំ ៣៩:៣២; ៤០:១៦) នៅសម័យនេះ យើងក៏មានឱកាសក្នុងការគាំទ្រដ៏អស់ពីដួងចិត្តរបស់យើង ចំពោះកិច្ចការផ្សាយនិងកម្មវិធីនៃការពង្រីកព្រះរាជាណាចក្រនេះដែរ។ ដូច្នេះហើយ នេះជាឯកសិទ្ធិរបស់យើង ក្នុងការរួមគ្នា«ធ្វើដូច្នោះ»។
លោកយ៉ូស្វេ—ដ៏ក្លាហានហើយខ្លាំងណាស់
១០, ១១. (ក) តើអ្វីដែលបានប្រុងប្រៀបយ៉ូស្វេឲ្យបានជោគជ័យ? (ខ) តើយើងអាចបានមុតមាំយ៉ាងណា ដើម្បីនឹងស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាកនៅសម័យនេះ?
១០ នៅពេលដែលលោកម៉ូសេបានចាត់ឲ្យយ៉ូស្វេដឹកនាំពួកអ៊ីស្រាអែលចូលទៅក្នុងស្រុកដែលបានសន្យាមកនោះ បន្ទូលរបស់ព្រះយេហូវ៉ាដែលទ្រង់បានបណ្ដាលឲ្យតែងមក គឺប្រហែលជាមានតែប្រាំសៀវភៅរបស់លោកម៉ូសេ មួយឬពីរបទទំនុកដំកើង និងសៀវភៅយ៉ូបប៉ុណ្ណោះ។ លោកម៉ូសេបានបង្គាប់យ៉ូស្វេឲ្យនាំពួកបណ្ដាជនឲ្យមកផ្ដុំគ្នា នៅពេលដែលគេមកដល់ស្រុកសន្យានោះ ហើយឲ្យ«មើលក្រិត្យវិន័យនេះ នៅចំពោះមុខគេឲ្យបានស្ដាប់ទាំងអស់គ្នា»។ (ចោទិយកថា ៣១:១០-១២) ម្យ៉ាងវិញទៀត ព្រះយេហូវ៉ាទ្រង់ក៏បានបង្គាប់យ៉ូស្វេដែរថា៖ «កុំឲ្យគម្ពីរក្រិត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង»។—យ៉ូស្វេ ១:៨
១១ ការអាន«សៀវភៅ»របស់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ បានប្រុងប្រៀបយ៉ូស្វេទុកជាមុនឲ្យដោះស្រាយសេចក្ដីលំបាកដែលនៅខាងមុខ ហើយការអានបន្ទូលរបស់ព្រះយេហូវ៉ា គឺព្រះគម្ពីរជារៀងរាល់ថ្ងៃក៏ជួយពង្រឹងស្មរបន្ទាល់របស់ទ្រង់នៅសព្វថ្ងៃនេះដែរ ឲ្យគេអាចតស៊ូនឹងសេចក្ដីលំបាកនៃ«ថ្ងៃជាន់ក្រោយបង្អស់»នេះ។ (ធីម៉ូថេទី២ ៣:១) ដោយសារតែយើងរស់នៅក្នុងលោកីយ៍ដែលពោរពេញទៅដោយអំពើឃោរឃៅ សូមឲ្យយើងស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះទៅយ៉ូស្វេដែរចុះ៖ «ចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង»។ (យ៉ូស្វេ ១:៩) ក្រោយពីបានមានជ័យជំនះលើពួកកាណានហើយ កុលសម្ព័ន្ធរបស់ពួកអ៊ីស្រាអែលបានទទួលពរយ៉ាងបរិបូរ នៅពេលចែកមរដករបស់គេ។ «ពួកកូនចៅអ៊ីស្រាអែលក៏ចែកស្រុកគ្នា តាមសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម៉ូសេ»។ (យ៉ូស្វេ ១៤:៥) នៅសព្វថ្ងៃនេះ ការទទួលរង្វាន់ស្រដៀងនេះក៏នៅរង់ចាំយើងទាំងអស់ណា ដែលអានបន្ទូលរបស់ព្រះនិងអនុវត្តតាមក្នុងជីវិតរបស់គេ ដោយ«បានធ្វើដូច្នោះ»យ៉ាងគោរព។
ស្តេចទាំងឡាយ—មានអ្នកស្មោះត្រង់ហើយក៏មានអ្នកមិនគោរពធ្វើតាម
១២. (ក) តើសេចក្ដីបង្គាប់អ្វីដែលបានផ្ដល់ឲ្យស្តេចក្នុងប្រទេសអ៊ីស្រាអែល? (ខ) តើមានលទ្ធផលយ៉ាងណា កាលដែលស្តេចមិនបានគោរពស្ដាប់តាមនោះ?
១២ ចុះយ៉ាងណាដែរ ចំពោះពួកស្តេចនៅអ៊ីស្រាអែល? ព្រះយេហូវ៉ាបានដាក់ឲ្យស្តេចគោរពសេចក្ដីតម្រូវនេះ៖ «កាលណាស្តេចនោះ បានឡើងគង់លើបល្ល័ង្ករាជ្យហើយ នោះត្រូវឲ្យចំឡងក្រិត្យវិន័យ តាមគម្ពីរដែលនៅមុខពួកលេវីដ៏ជាសង្ឃ ទុកក្នុងសៀវភៅសំរាប់ខ្លួន ត្រូវឲ្យសៀវភៅនោះនៅជាមួយនឹងខ្លួន ហើយត្រូវមើលរាល់តែថ្ងៃជានិច្ចអស់១ជីវិតផង ដើម្បីនឹងទំលាប់ខ្លួន ឲ្យចេះកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន ប្រយោជន៍ឲ្យបានកាន់តាមគ្រប់ទាំងសេចក្ដី ដែលនៅក្នុងក្រិត្យវិន័យនឹងច្បាប់ទាំងនេះ ព្រមទាំងប្រព្រឹត្តតាមផង»។ (ចោទិយកថា ១៧:១៨, ១៩) តើពួកស្តេចរបស់អ៊ីស្រាអែលបានធ្វើតាមបង្គាប់នោះទេ? ពួកគេភាគច្រើនបានទទួលបរាជ័យទាំងស្រុង ម្ល៉ោះហើយ បានជាពួកគេត្រូវបណ្ដាសាដែលបានទាយទុកមកនៅចោទិយកថា ២៨:១៥-៦៨។ នៅទីបំផុត អ៊ីស្រាអែលបានបែកខ្ចាត់ខ្ចាយ‹ពីផ្នែកនៃចុងផែនដីម្ខាងទៅម្ខាងទៀតនៃផែនដី›។
១៣. តើយើងអាចទទួលប្រយោជន៍យ៉ាងណា ដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះពាក្យបន្ទូលរបស់ព្រះ ដូចដាវីឌនោះ?
១៣ ប៉ុន្តែ ដាវីឌ—ជាស្តេចទីមួយដែលស្មោះត្រង់ក្នុងប្រទេសអ៊ីស្រាអែល—បានបង្ហាញភក្ដីភាពយ៉ាងប្រសើរដល់ព្រះយេហូវ៉ា។ ទ្រង់បានទៅជា‹សិង្ហស្ទាវនៃយូដា› ដែលតំណាងព្រះគ្រីស្ទយេស៊ូ ‹សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ›ដែលមានជ័យជំនះ។ (លោកុប្បត្តិ ៤៩:៨, ៩; វិវរណៈ ៥:៥) តើកម្លាំងរបស់ដាវីឌបានមកពីណា? ទ្រង់បានមានការអបអរយ៉ាងជ្រាលជ្រៅចំពោះបន្ទូលរបស់ព្រះយេហូវ៉ា ហើយបានអនុវត្តតាម។ ក្នុងទំនុកដំកើង ១៩ «ទំនុកនៃស្តេចដាវីឌ» យើងអានថា៖ «សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់»។ ក្រោយពីសំដៅទៅនឹងការរំឭក បង្គាប់ បញ្ញត្ត និងការសម្រេចសេចក្ដីជំនុំជំរះរបស់ព្រះយេហូវ៉ាហើយ ដាវីឌក៏មានប្រសាសន៍ទៀតថា៖ «សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុសផង មួយទៀត ទូលបង្គំជាអ្នកបំរើទ្រង់ ក៏ចេះប្រយ័ត ដោយសារសេចក្ដីទាំងនោះដែរ ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ»។ (ទំនុកដំកើង ១៩:៧-១១) បើសិនជាការអានពាក្យបន្ទូលរបស់ព្រះយេហូវ៉ានិងការរំពឹងគិតទៅលើនោះ ត្រូវបានមានតម្លៃជាង៣.០០០ឆ្នាំកន្លងទៅនេះ សព្វថ្ងៃនេះគឺច្បាស់ជាមានតម្លៃយ៉ាងណាទៀតទៅហ្ន៎!—ទំនុកដំកើង ១:១-៣; ១៣:៦; ១១៩:៧២, ៩៧, ១១១
១៤. ក្នុងវិធីណាដែលដំណើររបស់ស្តេចសាឡូម៉ូនបង្ហាញថា មានតែចំណេះនេះមិនគ្រប់គ្រាន់នោះ?
១៤ តែការគ្រាន់តែយកចំណេះវិជ្ជា នោះគឺមិនគ្រប់គ្រាន់ទេ។ ពួកអ្នកបំរើព្រះ ត្រូវតែប្រព្រឹត្តតាមចំណេះវិជ្ជានោះជាចាំបាច់ ដើម្បីនឹងអនុវត្តតាមព្រះហឫទ័យរបស់ព្រះ—ត្រូវហើយ គឺឲ្យ«បានធ្វើដូច្នោះ»។ យើងអាចឃើញអំពីរឿងនេះ ក្នុងករណីរាជបុត្រារបស់ដាវីឌ នាមសាឡូម៉ូន ដែលព្រះយេហូវ៉ាបានជ្រើសរើសឲ្យ«គង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ាដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល»។ ស្តេចសាឡូម៉ូនបានទទួលភារៈឲ្យសង់ព្រះវិហារ ដោយប្រើផែនការគូប្លង់ដែលដាវីឌបានទទួល‹ពីព្រះមក›។ (របាក្សត្រទី១ ២៨:៥, ១១-១៣) តើសាឡូម៉ូនអាចសម្រេចកិច្ចការដ៏ធំនេះ ដោយយ៉ាងដូចម្ដេច? ព្រះយេហូវ៉ាបានឆ្លើយដល់ការអធិស្ឋាននោះ ដោយប្រទានឲ្យប្រាជ្ញានិងចំណេះវិជ្ជា។ ដោយមានប្រាជ្ញានិងកាន់តាមយ៉ាងខ្ជាប់ដល់ផែនការរបស់ព្រះនោះ សាឡូម៉ូនអាចសង់ព្រះវិហារដ៏អស្ចារ្យនេះបាន ដែលពោរពេញទៅដោយសិរីល្អរបស់ព្រះយេហូវ៉ា។ (របាក្សត្រទី២ ៧:២, ៣) ប៉ុន្តែ នៅពេលក្រោយមក សាឡូម៉ូនបានទទួលបរាជ័យ។ តើតាមរបៀបណាទៅ? ច្បាប់របស់ព្រះយេហូវ៉ាបានចែងប្រាប់ស្តេចក្នុងអ៊ីស្រាអែលថា៖ «ក៏មិនត្រូវឲ្យស្តេចនោះយកភរិយាជាច្រើនដែរ ដើម្បីកុំឲ្យមានចិត្តងាកបែរចេញទៅឡើយ»។ (ចោទិយកថា ១៧:១៧) ប៉ុន្តែ ស្តេចសាឡូម៉ូន«ទ្រង់មានភរិយាអស់៧០០ សុទ្ធតែជាកូនស្តេចទាំងអស់ ហើយមានស្រីម្នាង៣០០ ឯភរិយាទាំងនោះ . . . បានបង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ»។ នៅពេលមានព្រះជន្មាយុចាស់ទៅ សាឡូម៉ូនបានបែរចេញពីការ«ធ្វើដូច្នោះ»។—ពង្សាវតារក្សត្រទី១ ១១:៣, ៤; នេហេមា ១៣:២៦
១៥. តើតាមរបៀបណាដែលស្តេចយ៉ូសៀស«បានធ្វើដូច្នោះ»?
១៥ គឺមានតែស្តេចបីបួនទេ ដែលបានគោរពធ្វើតាមនៅយូដានោះ ហើយយ៉ូសៀសជាស្តេចចុងក្រោយបង្អស់។ នៅក្នុងឆ្នាំ៦៤៨ ម.ស.យ. ទ្រង់បានចាប់ផ្ដើមបោសសំអាតសរណវត្ថុបូជាចេញពីប្រទេស ហើយកសាងព្រះវិហាររបស់ព្រះយេហូវ៉ាឡើងវិញ។ នៅទីនោះហើយ ដែលសម្ដេចសង្ឃបានរកឃើញ«គម្ពីរក្រិត្យវិន័យរបស់ព្រះយេហូវ៉ាដែលបានប្រទានមកដោយសារលោកម៉ូសេ»។ តើស្តេចយ៉ូសៀសបានធ្វើយ៉ាងណាដែរអំពីរឿងនេះ? «រួចស្តេចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា មានទាំងពួកស្រុកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ហើយពួកសង្ឃ ពួកលេវី នឹងបណ្ដាជនទាំងឡាយ ទាំងធំ ទាំងតូចផង នោះទ្រង់ក៏អានមើល ឲ្យគេស្ដាប់អស់ទាំងពាក្យនៅក្នុងគម្ពីរនៃសេចក្ដីសញ្ញា ដែលបានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា។ ឯស្តេចទ្រង់ឈរនៅកន្លែងទ្រង់ ក៏ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ព្រមទាំងកាន់តាមក្រិត្យក្រមសេចក្ដីបន្ទាល់ នឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន អស់ពីចិត្តអស់ពីព្រលឹង ដើម្បីនឹងសម្រេចតាមអស់ទាំងពាក្យនៃសញ្ញាដែលបានកត់ទុកក្នុងគម្ពីរនោះ»។ (របាក្សត្រទី២ ៣៤:១៤; ៣០,៣១) ត្រូវហើយ ស្តេចយ៉ូសៀស«បានធ្វើដូច្នោះ»មែន។ ដោយសារការប្រព្រឹត្តដ៏ស្មោះត្រង់នេះ ការប្រហារសេចក្ដីជំនុំជំរះរបស់ព្រះយេហូវ៉ាទៅលើពួកគ្មានចិត្តស្មោះត្រង់នៃស្រុកយូដា ត្រូវបានពន្យាររហូតដល់សម័យនៃបុត្រដែលបានប្រព្រឹត្តបទល្មើស។
ការរស់នៅតាមពាក្យបន្ទូលរបស់ព្រះ
១៦, ១៧. (ក) ក្នុងវិធីណាដែលយើងត្រូវដើរតាមជំហានរបស់ព្រះយេស៊ូ? (ខ) តើមានពួកអ្នកបំរើរបស់ព្រះឯណាទៀតដែលផ្ដល់គំរូសំរាប់យើង?
១៦ ក្នុងចំណោមមនុស្សដែលធ្លាប់រស់នៅ គំរូដ៏ល្អជាងគេបំផុតនៃការរំពឹងគិតទៅលើបន្ទូលរបស់ព្រះ ហើយរស់នៅតាមនោះ គឺព្រះយេស៊ូគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ បន្ទូលរបស់ព្រះជាអាហារចំពោះទ្រង់។ (យ៉ូហាន ៤:៣៤) ទ្រង់បានមានបន្ទូលប្រាប់ពួកអ្នកស្ដាប់ទ្រង់ថា៖ «ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ»។ (យ៉ូហាន ៥:១៩, ៣០; ៧:២៨; ៨:២៨, ៤២) ព្រះយេស៊ូ«បានធ្វើដូច្នោះ»មែន ដោយបានប្រកាសថា៖ «ខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»។ (យ៉ូហាន ៦:៣៨) យើងដែលបានថ្វាយខ្លួនជាស្មរបន្ទាល់របស់ព្រះយេហូវ៉ា បានតម្រូវឲ្យ«ធ្វើដូច្នោះ»ដែរ ដោយកាន់តាមគំរូរបស់ព្រះយេស៊ូ។—លូកា ៩:២៣; ១៤:២៧; ពេត្រុសទី១ ២:២១
១៧ ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះតែងតែស្ថិតក្នុងគំនិតរបស់ព្រះយេស៊ូជានិច្ច។ ទ្រង់បានជ្រាបដឹងយ៉ាងច្បាស់អំពីបន្ទូលរបស់ព្រះ ដូច្នេះហើយបានជាទ្រង់អាចឆ្លើយដោយដកស្រង់ពីព្រះគម្ពីរ។ (ម៉ាថាយ ៤:១-១១; ១២:២៤-៣១) ដោយយកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះ យើងក៏អាចទៅជា«អ្នកសំណប់របស់ព្រះបានគ្រប់ល័ក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»ដែរ។ (ធីម៉ូថេទី២ ៣:១៦, ១៧) ចូរឲ្យយើងយកគំរូតាមអ្នកបំរើរបស់ព្រះយេហូវ៉ាដ៏ស្មោះត្រង់ជាច្រើននៅសម័យពីបុរាណ និងសម័យជាបន្ទាប់ៗ តែគំរូដ៏សំខាន់ជាងគេនោះ គឺព្រះយេស៊ូគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលទ្រង់បានមានបន្ទូលថា៖ «គឺខ្ញុំធ្វើតាមបង្គាប់ព្រះវរបិតាវិញ ដើម្បីឲ្យលោកីយបានដឹងថា ខ្ញុំស្រឡាញ់ដល់ទ្រង់»។ (យ៉ូហាន ១៤:៣១) ចូរឲ្យយើងបង្ហាញនូវសេចក្ដីស្រឡាញ់ដោយបន្ត«ធ្វើដូច្នោះ»ទៅ។—ម៉ាកុស ១២:២៩-៣១
១៨. តើអ្វីដែលគួរជំរុញយើងឲ្យ«ប្រព្រឹត្តតាមព្រះបន្ទូល» ហើយយើងនឹងពិគ្រោះអ្វីជាបន្ទាប់?
១៨ កាលដែលយើងរំពឹងគិតទៅលើដំណើរនៃសេចក្ដីគោរពរបស់ពួកអ្នកបំរើនៃព្រះ នៅសម័យព្រះគម្ពីរនោះ តើយើងមិនលើកទឹកចិត្តឲ្យប្រព្រឹត្តកិច្ចការបំរើដ៏ស្មោះត្រង់ក្នុងកំឡុងថ្ងៃចុងបញ្ចប់នៃរបបដ៏អាក្រក់ជួជាតិរបស់សាតាំងនេះទេឬ? (រ៉ូម ១៥:៤-៦) ប្រាកដហើយ យើងនឹងបានជំរុញឲ្យ«ប្រព្រឹត្តតាមព្រះបន្ទូល» ក្នុងន័យដ៏ពេញលេញ ដែលយើងនឹងពិគ្រោះនៅក្នុងអត្ថបទជាបន្ទាប់។—យ៉ាកុប ១:២២
តើអ្នកនៅចាំទេ?
◻ តើ«សេចក្ដីស្រឡាញ់នៃព្រះ»គួរមានន័យយ៉ាងណាចំពោះយើង?
◻ តើយើងរៀនបានអ្វីខ្លះពីគំរូរបស់លោកណូអេ ម៉ូសេ និងយ៉ូស្វេ?
◻ តើស្តេចនៃប្រទេសអ៊ីស្រាអែលត្រូវគោរពតាម«ពាក្យបន្ទូល»របស់ព្រះដល់កំរិតណា?
◻ តើតាមរបៀបណាដែលព្រះយេស៊ូ ជាគំរូដល់យើងក្នុងការ«បានធ្វើដូច្នោះ»?
[រូបភាពនៅទំព័រ២៣]
លោកណូអេ ម៉ូសេ និងយ៉ូស្វេ«បានធ្វើដូច្នោះ»មែន