បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w11 ១/៣ ទំ. ១៩-២៣
  • ចូរត្រៀមខ្លួនជានិច្ច!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរត្រៀមខ្លួនជានិច្ច!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ត្រៀម​ខ្លួន​ជា​និច្ច​ដូច​លោក​ណូអេ
  • ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ត្រៀម​ខ្លួន​ជា​និច្ច
  • ម៉ូសេ​បាន​ប្រុង​ប្រយ័ត្ន​ជា​និច្ច
  • ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច!
  • ‹គាត់ដើរជាមួយនឹងព្រះពិត›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ហេតុដែលណូអេជាទីពេញចិត្ដដល់ព្រះ ហេតុដែលគួរឲ្យយើងយកចិត្ដទុកដាក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • មនុស្សទាំងអស់គ្នា អាចរៀនពីកាសែតវីដេអូ លោកណូអេ—គាត់បានដើរ ជាមួយនឹងព្រះ
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • លោកណូអេសង់ទូកធំមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
w11 ១/៣ ទំ. ១៩-២៣

ចូរ​ត្រៀម​ខ្លួន​ជា​និច្ច!

​«​អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​ដូច្នេះ​ដែរ ពីព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។—ម៉ាថ. ២៤:៤៤

១, ២​. (​ក​) តើ​ព្រឹត្ដិការណ៍​អ្វី​ក្នុង​ទំនាយ​របស់​គម្ពីរ​ដែល​អាច​ប្រៀប​ដូច​ជា​ការ​វាយ​ប្រហារ​របស់​សត្វ​ខ្លា? (​ខ​)​ ស្តី​អំពី​ការ​វាយ​ប្រហារ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ​នេះ តើ​អ្នក​អាច​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច?

អស់​ជា​ច្រើន​ឆ្នាំ អ្នក​សម្ដែង​ដ៏​ល្បី​ម្នាក់​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​រីករាយ​ដោយ​សម្ដែង​ជា​មួយ​នឹង​សត្វ​ខ្លា​ដំបង​ធំ​ៗ​ដែល​គាត់​បាន​បង្ហាត់។ គាត់​បាន​និយាយ​ថា​៖ ​«​ពេល​ដែល​សត្វ​ទុក​ចិត្ត​អ្នក នោះ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​បាន​ទទួល​អ្វី​មួយ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភព​លោក​»។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០០៣ ទំនុក​ចិត្ត​នោះ​លែង​មាន​ទៀត​ហើយ។ ដោយ​គ្មាន​មូលហេតុ សត្វ​ខ្លា​ពណ៌​ស​មួយ​របស់​គាត់​ដែល​មាន​ទម្ងន់​១៧២​គីឡូក្រាម​បាន​ខាំ​គាត់​និង​ធ្វើ​ឲ្យ​គាត់​មាន​របួស។ គ្មាន​អ្នក​ណា​ស្មានថា​ការ​វាយ​ប្រហារ​នេះ​អាច​កើត​ឡើង​បាន​ឡើយ ហើយ​អ្នក​បង្ហាត់​នោះ​មិន​បាន​ត្រៀម​ខ្លួន​ទេ។

២ គួរ​ឲ្យ​កត់​សម្គាល់​ថា គម្ពីរ​ក៏​បាន​ទាយ​ទុក​អំពី​ការ​វាយ​ប្រហារ​ដែល​មក​ពី​​«​សត្វ​សាហាវ​»​មួយ​ដែរ ហើយ​យើង​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ចំពោះ​ការ​វាយ​ប្រហារ​នោះ។ (​សូម​អាន ការ​បើក​បង្ហាញ ១៧:១៥​-​១៨​) តើ​សត្វ​សាហាវ​នេះ​នឹង​វាយ​ប្រហារ​ទៅ​លើ​អ្នក​ណា? គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ដែល​ពិភព​លោក​របស់​មេកំណាច​បែរ​ជា​ចាប់​ផ្ដើម​ទាស់​ប្រឆាំង​គ្នា​ទៅ​វិញ។ សត្វ​សាហាវ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​តំណាង​អង្គការ​សហប្រជាជាតិ ហើយ​​«​ស្នែង​ទាំង​ដប់​»​តំណាង​រដ្ឋាភិបាល​ទាំង​ឡាយ​ក្នុង​ពិភព​លោក។ ពួក​គេ​នឹង​វាយ​ប្រហារ​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ពេស្យា ដែល​ជា​សាសនា​មិន​ពិត​ទាំង​ឡាយ​ទូ​ទាំង​ពិភព​លោក ហើយ​ពួក​គេ​នឹង​បំផ្លាញ​នាង​យ៉ាង​សាហាវ។ តើ​ព្រឹត្ដិការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? យើង​មិន​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ។ (​ម៉ាថ. ២៤:៣៦​) ប៉ុន្តែ​យើង​ដឹង​ថា​ពេល​នោះ​នឹង​កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​នឹក​ស្មាន ហើយ​ពេល​ដែល​នៅ​សល់​មាន​តែ​បន្ដិច​ទេ​មុន​នឹង​ការ​វាយ​ប្រហារ​នេះ​កើត​ឡើង។ (​ម៉ាថ. ២៤:៤៤; ១កូ. ៧:២៩​) ដូច្នេះ គឺ​ចាំ​បាច់​ណាស់​ឲ្យ​យើង​ត្រៀម​ខ្លួន​ជា​និច្ច ព្រោះ​ពេល​ដែល​ការ​វាយ​ប្រហារ​នេះ​កើត​ឡើង ហើយ​ពេល​ដែល​គ្រិស្ត​មក​ក្នុង​នាម​ជា​អ្នក​ប្រហារ​ជីវិត នោះ​លោក​ក៏​នឹង​ធ្វើ​ជា​អ្នក​សង្គ្រោះ​របស់​យើង​ដែរ។ (​លូក. ២១:២៨​) ដើម្បី​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន យើង​អាច​រៀន​ពី​គំរូ​របស់​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​ដែល​បាន​ត្រៀម​ខ្លួន​ជា​និច្ច ហើយ​យ៉ាង​នេះ ពួក​គេ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ។ តើ​យើង​នឹង​ធ្វើ​តាម​គំរូ​របស់​ពួក​គេ​ឬ​ទេ?

ត្រៀម​ខ្លួន​ជា​និច្ច​ដូច​លោក​ណូអេ

៣​. តើ​មាន​ស្ថានភាព​អ្វី​ដែល​ធ្វើ​ឲ្យ​ណូអេ​ពិបាក​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់?

៣ ទោះ​ជា​ណូអេ​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​ដែល​មាន​ពាស​ពេញ​លើ​ផែនដី​ក៏​ដោយ គាត់​បាន​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ឃើញ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ។ សូម​ស្រមៃ​គិត​អំពី​ការ​ពិបាក​ដែល​ណូអេ​ត្រូវ​តែ​ជួប​ប្រទះ ពេល​ពួក​ទេវតា​ដែល​បះបោរ​បាន​កាឡា​ខ្លួន​ធ្វើ​ជា​មនុស្ស ហើយ​បាន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ដែល​ស្អាត​ៗ​! ការ​រួម​ដំណេក​ដែល​ខុស​ពី​ធម្មជាតិ​បែប​នេះ​នាំ​ឲ្យ​ពួក​គេ​បង្កើត​កូន​ដែល​ជា​មនុស្ស​រូប​ធំ​សម្បើម​ជា​​«​មនុស្ស​ខ្លាំង​ពូកែ​»​ ដែល​បាន​ប្រើ​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ពួក​គេ​ធ្វើ​បាប​មនុស្ស​ឯ​ទៀត។ (​លោ. ៦:៤​) សូម​គិត​អំពី​អំពើ​ឃោរឃៅ​ដែល​បាន​កើត​ឡើង ពេល​មនុស្ស​មាឌ​ធំ​សម្បើម​នេះ​ទៅ​កន្លែង​ណា​ពួក​គេ​បំផ្លាញ​កន្លែង​នោះ។ ហេតុ​នេះ​ហើយ អំពើ​ទុច្ចរិត​មាន​នៅ​គ្រប់​ទី​កន្លែង ហើយ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​បាន​ខូច​ទាំង​ស្រុង។ នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត បាន​កំណត់​ពេល​មួយ​ដើម្បី​បំផ្លាញ​មនុស្ស​ទុច្ចរិត​ទាំង​នោះ។—សូម​អាន លោកុប្បត្តិ ៦:៣, ៥, ១១, ១២a

៤, ៥​. តើ​ស្ថានភាព​នៅ​សព្វ​ថ្ងៃ​នេះ​ស្រដៀង​នឹង​សម័យ​ណូអេ​យ៉ាង​ណា?

៤ លោក​យេស៊ូ​បាន​ទាយ​ថា​ស្ថានភាព​ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ស្រដៀង​នឹង​សម័យ​ណូអេ​ដែរ។ (​ម៉ាថ. ២៤:៣៧​) ជា​ឧទាហរណ៍ យើង​ក៏​ឃើញ​អំពី​ការ​ជ្រៀត​ជ្រែក​របស់​ពួក​វិញ្ញាណ​អាក្រក់​ដែរ។ (​បប. ១២:៧​-​៩, ១២​) ពួក​ទេវតា​អាក្រក់​ទាំង​នេះ​បាន​កាឡា​ខ្លួន​នៅ​សម័យ​របស់​ណូអេ ហើយ​ទោះ​ជា​ពួក​គេ​មិន​អាច​ធ្វើ​ដូច្នេះ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ ពួក​គេ​នៅ​តែ​ព្យាយាម​គ្រប់​គ្រង​លើ​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង។ មនុស្ស​ជា​ទូទៅ​មិន​ដឹង​ទេ​ថា ពួក​ទេវតា​ទាំង​នេះ​អាច​បង្ខូច​ចិត្ត​គំនិត​របស់​ពួក​គេ​បាន ហើយ​ពួក​វា​សប្បាយ​ចិត្ត​ណាស់​ពេល​ដែល​ឃើញ​ការ​អាក្រក់​និង​ការ​ប្រព្រឹត្ត​ដ៏​ថោក​ទាប​របស់​ពួក​គេ។—អេភ. ៦:​១១, ១២

៥ បណ្ដាំ​របស់​ព្រះ​ហៅ​មេកំណាច​ថា​ជា​​«​ឃាតករ​»​ ហើយ​ចែង​ថា​វា​មាន​​«​សមត្ថភាព​បណ្ដាល​ឲ្យ​ស្លាប់​»។ (​យ៉ូន. ៨:៤៤; ហេ. ២:១៤​) ប៉ុន្តែ សមត្ថភាព​របស់​វា​មាន​កម្រិត ហើយ​វា​មិន​អាច​សម្លាប់​មនុស្ស​តាម​តែ​ចិត្ត​វា​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ វា​អាច​បណ្ដាល​ឲ្យ​មនុស្ស​ធ្វើ​អ្វី​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​ពួក​គេ​រង​ទុក្ខ​និង​ស្លាប់។ វា​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្អប់​គ្នា ហើយ​មាន​បំណង​ចិត្ត​សម្លាប់​អ្នក​ឯ​ទៀត​ដែរ។ ជា​ឧទាហរណ៍ នៅ​សហរដ្ឋអាម៉េរិក ក្នុង​ចំណោម​កូន​ក្មេង​១៤២​នាក់​មាន​១​នាក់​នឹង​ត្រូវ​គេ​ធ្វើ​ឃាត។ ដោយ​ឃើញ​អំពើ​ឃោរឃៅ​ដែល​គ្មាន​ហេតុ​ផល​នៅ​ជុំ​វិញ​យើង តើ​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នៅ​សព្វ​ថ្ងៃ​នេះ​តិច​ជាង​សម័យ​ណូអេ​ឬ​ទេ? តើ​លោក​នឹង​ចាត់​វិធានការ​ឬ​ទេ?

៦, ៧​. តើ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ពួក​គាត់​មាន​ជំនឿ​និង​កោត​ខ្លាច​ព្រះ?

៦ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​ដល់​ណូអេ​ថា លោក​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ពេញ​ផែនដី ដែល​នឹង​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត។ (​លោ. ៦:១៣, ១៧​) ដូច្នេះ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ណូអេ​ឲ្យ​សង់​ទូក​ដែល​មាន​រាង​ដូច​ជា​ប្រអប់​ធំ​មួយ ហើយ​ភ្លាម​ៗ​នោះ ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ចាប់​ផ្ដើម​សាងសង់​ទូក។ តើ​អ្វី​បាន​ជួយ​ពួក​គាត់​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​និង​ត្រៀម​ខ្លួន​ជា​និច្ច​ពេល​ដែល​លោក​វិនិច្ឆ័យ​ទោស​មនុស្ស​អាក្រក់?

៧ ជំនឿ​យ៉ាង​ខ្លាំង​និង​ការ​កោត​ខ្លាច​ព្រះ​បាន​ជំរុញ​ណូអេ​និង​ក្រុម​គ្រួសារ​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក។ (​លោ. ៦:២២; ហេ. ១១:​៧​) ក្នុង​នាម​ជា​មេ​គ្រួសារ ណូអេ​បាន​រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​គាត់​មិន​បាន​រួម​ចំណែក​ក្នុង​អំពើ​អាក្រក់​របស់​មនុស្ស​ដែល​មាន​នៅ​ជុំ​វិញ​គាត់​ទេ។ (​លោ. ៦:៩​) គាត់​ដឹង​ថា​គាត់​ត្រូវ​តែ​ការពារ​ក្រុម​គ្រួសារ​របស់​គាត់​ពី​អំពើ​ឃោរឃៅ និង​ពី​ចិត្ត​គំនិត​ដែល​រឹង​ចចេស​របស់​មនុស្ស​នៅ​ជុំ​វិញ​ពួក​គាត់។ ពួក​គាត់​បាន​ដឹង​ថា ពួក​គាត់​មិន​ត្រូវ​ជក់​ស្លុង​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​ឡើយ។ ព្រះ​មាន​កិច្ច​ការ​ឲ្យ​ពួក​គាត់​ធ្វើ ហើយ​គឺ​ចាំ​បាច់​ឲ្យ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​ចាត់​ទុក​កិច្ចការ​នោះ​ជា​អ្វី​ដែល​សំខាន់​បំផុត។—សូម​អាន លោកុប្បត្តិ ៦:​១៤, ១៨

ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ត្រៀម​ខ្លួន​ជា​និច្ច

៨​. តើ​អ្វី​ដែល​បង្ហាញ​ថា​សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​ណូអេ​មាន​ភក្ដីភាព​ចំពោះ​ព្រះ?

៨ កំណត់​ហេតុ​ក្នុង​គម្ពីរ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ណូអេ​ដែល​ជា​មេ​គ្រួសារ ប៉ុន្តែ​ប្រពន្ធ​របស់​ណូអេ កូន​ៗ​និង​ប្រពន្ធ​របស់​ពួក​គាត់​ក៏​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។ អេសេគាល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ។ គាត់​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​ណូអេ​រស់​នៅ​ក្នុង​សម័យ​គាត់ កូន​របស់​ណូអេ​មិន​អាច​រួច​រស់​ជីវិត​ដោយ​ផ្អែក​លើ​សេចក្ដី​សុចរិត​របស់​ណូអេ​បាន​ឡើយ ពីព្រោះ​ពួក​គាត់​មាន​វ័យ​ធំ​ល្មម​ដើម្បី​សម្រេច​ចិត្ត​ថា​ស្ដាប់​បង្គាប់​ឬ​មិន​ស្ដាប់​បង្គាប់​ព្រះ។ ដូច្នេះ នេះ​បញ្ជាក់​ថា កូន​ៗ​របស់​ណូអេ​បាន​បង្ហាញ​ភ័ស្តុតាង​រៀង​ៗ​ខ្លួន​ថា​ពួក​គាត់​ស្រឡាញ់​ព្រះ​និង​ផ្លូវ​របស់​លោក។ (​អេស. ១៤:១៩, ២០​) ក្រុម​គ្រួសារ​របស់​ណូអេ​មិន​បាន​អនុញ្ញាត​ឲ្យ​ឥទ្ធិពល​របស់​មនុស្ស​ឯ​ទៀត​រារាំង​ពួក​គាត់​ពី​ការ​បំពេញ​ភារកិច្ច​ដែល​ព្រះ​ប្រគល់​ឲ្យ​ឡើយ ហើយ​ពួក​គាត់​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ណូអេ ថែម​ទាំង​បង្ហាញ​ជំនឿ​ដូច​គាត់​ផង​ដែរ។

៩​. សព្វ​ថ្ងៃ តើ​អ្នក​ណា​បង្ហាញ​ថា​ពួក​គាត់​មាន​ជំនឿ​ដូច​ណូអេ?

៩ នេះ​ពិត​ជា​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន​ដោយ​ឃើញ​ថា បង​ប្អូន​ដែល​ជា​មេ​គ្រួសារ​នៅ​ទូ​ទាំង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​កំពុង​យក​តម្រាប់​តាម​ណូអេ​ដោយ​អស់ពី​សមត្ថភាព! ពួក​គាត់​ទទួល​ស្គាល់​ថា​ការ​ផ្គត់​ផ្គង់​ដល់​ក្រុម​គ្រួសារ​ដូច​ជា អាហារ សម្លៀក​បំពាក់ ទី​ជម្រក និង​ការ​អប់រំ​ក្នុង​ពិភព​លោក​នេះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ក្រៅ​ពី​នេះ ពួក​គាត់​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ដែរ​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​សមាជិក​ម្នាក់​ៗ​ក្នុង​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ ដោយ​ធ្វើ​ដូច្នេះ ពួក​គាត់​កំពុង​ត្រៀម​ខ្លួន​ជា​និច្ច​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

១០, ១១​. (​ក​) ពេល​ដែល​នៅ​ក្នុង​ទូក តើ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ប្រាកដជា​មាន​អារម្មណ៍​យ៉ាង​ណា? (​ខ​)​ ជា​ការ​ល្អ តើ​យើង​អាច​សួរ​ខ្លួន​នូវ​សំណួរ​អ្វី?

១០ ណូអេ ប្រពន្ធ​របស់​គាត់ កូន​ប្រុស​ៗ​របស់​គាត់ និង​ប្រពន្ធ​របស់​ពួក​គេ​ប្រហែលជា​បាន​សាងសង់​ទូក​នោះ​អស់​រយៈ​ពេល​ជាង​៥០​ឆ្នាំ។ កាល​ដែល​ពួក​គាត់​សាងសង់​ទូក ពួក​គាត់​ពិត​ជា​បាន​ដើរ​ចេញ​ដើរ​ចូល​ទូក​នោះ​រាប់​រយ​ដង។ ពួក​គាត់​បិទ​ជ័រ​ទូក​នោះ ប្រមូល​ស្បៀងអាហារ ហើយ​បាន​ប្រមូល​សត្វ​ទាំង​ឡាយ​ទៀត​ផង។ សូម​ស្រមៃ​គិត​អំពី​ស្ថានភាព​នៃ​រឿង​ដូច​ត​ទៅ​នេះ។ ថ្ងៃ​ដ៏​សំខាន់​បាន​មក​ដល់។ ថ្ងៃ​នោះ​ជា​ថ្ងៃ​១៧ ខែ​ទី​២ ក្នុង​ឆ្នាំ​២៣៧០ មុន​គ.ស. ពួក​គាត់​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ។ ព្រះ​យេហូវ៉ា​បិទ​ទ្វារ​ទូក​នោះ ហើយ​មេឃ​ចាប់​ផ្ដើម​ភ្លៀង។ នេះ​មិន​មែន​ជា​ទឹក​ជំនន់​ធម្មតា​ទេ។ រន្ធ​ទឹក​ឬ​ទំនប់​ទឹក​នៅ​លើ​មេឃ​បែកធ្លាយ​ចេញ ហើយ​ភ្លៀង​ធ្លាក់​ដូច​គេ​ហែក​មេឃ ដែល​ធ្វើ​ឲ្យ​មាន​សំឡេង​ខ្ទរ​ពេញ​ក្នុង​ទូក។ (​លោ. ៧:​១១, ១៦​) មនុស្ស​ដែល​នៅ​ក្រៅ​ទូក​កំពុង​លង់​ទឹក​ស្លាប់ ប៉ុន្តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក​បាន​ត្រូវ​សង្គ្រោះ​វិញ។ តើ​ក្រុម​គ្រួសារ​របស់​ណូអេ​ប្រហែលជា​មាន​អារម្មណ៍​យ៉ាង​ណា? ពួក​គាត់​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​មែន ហើយ​ពួក​គាត់​ប្រាកដជា​គិត​ថា ‹ពិត​ជា​គួរ​ឲ្យ​រីករាយ​ណាស់​ដែល​យើង​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត ហើយ​ត្រៀម​ខ្លួន​ជា​និច្ច​នោះ!›។ (​លោ. ៦:៩​) ស្រដៀង​គ្នា​ដែរ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ថា ខ្លួន​អ្នក​នឹង​មាន​ចិត្ត​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដោយ​សារ​អ្នក​បាន​រួច​រស់​ជីវិត​ពី​សង្គ្រាម​ហា​ម៉ា​គេ​ដូន​ឬ​ទេ?

១១ គ្មាន​អ្វី​អាច​បញ្ឈប់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​មិន​ឲ្យ​បំពេញ​សេចក្ដី​សន្យា​របស់​លោក​បាន​ឡើយ ពោល​គឺ​បំផ្លាញ​ចោល​របៀប​របប​នៃ​ពិភព​លោក​របស់​សាថាន​នេះ។ សូម​សួរ​ខ្លួន​អ្នក​ថា​‹តើ​ខ្ញុំ​ទុក​ចិត្ត​ទាំង​ស្រុង​ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ ទោះ​ជា​ព័ត៌មាន​ល្អិត​ល្អន់​យ៉ាង​ណា​ក៏​ដោយ​ថា​នឹង​សម្រេច​ជា​មិន​ខាន ហើយ​ថា​អ្វី​ៗ​ទាំង​នោះ​នឹង​សម្រេច​តាម​ពេល​កំណត់​ឬ​ទេ?›។ បើ​អ្នក​ទុក​ចិត្ត​មែន សូម​ត្រៀម​ខ្លួន​ជា​និច្ច​ដោយ​ចាំ​ជាប់​ក្នុង​ចិត្ត​ថា​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​កៀក​ណាស់​ហើយ។—២ពេ. ៣:១២

ម៉ូសេ​បាន​ប្រុង​ប្រយ័ត្ន​ជា​និច្ច

១២​. តើ​អ្វី​ខ្លះ​អាច​បំបែរ​អារម្មណ៍​របស់​ម៉ូសេ?

១២ សូម​ឲ្យ​យើង​ពិចារណា​អំពី​គំរូ​មួយ​ទៀត។ បើ​គិត​អំពី​ទស្សនៈ​របស់​មនុស្ស តាម​មើល​ទៅ​ម៉ូសេ​បាន​រស់​នៅ​ក្នុង​ស្ថានភាព​ដ៏​ល្អ​ក្រៃ​លែង​សម្រាប់​បណ្ដា​ជន​អេស៊ីប។ ក្នុង​នាម​ជា​កូន​ចិញ្ចឹម​របស់​កូន​ស្រី​ផារ៉ូ គាត់​ទំនង​ជា​មាន​ឋានៈ​ខ្ពស់ មាន​អាហារ​ពិសេស​ៗ មាន​សម្លៀក​បំពាក់​ល្អ​ៗ រស់​នៅ​កន្លែង​ដ៏​ល្អ​ប្រណីត​បំផុត ហើយ​បាន​ទទួល​ការ​អប់រំ​ដ៏​ខ្ពង់​ខ្ពស់។ (​សូម​អាន សកម្មភាព ៧:២០​-​២២​) ម្យ៉ាង​ទៀត គាត់​ក៏​ប្រហែលជា​អាច​ទទួល​កេរ​មត៌ក​ជា​ច្រើន​ដែរ។

១៣​. តើ​ម៉ូសេ​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​គាត់​ឲ្យ​ផ្ចង់​ស្មារតី​លើ​ពាក្យ​សន្យា​របស់​ព្រះ?

១៣ តាម​មើល​ទៅ ការ​អប់រំ​ដែល​ម៉ូសេ​ទទួល​ពី​ឪពុក​ម្ដាយ​តាំង​ពី​ក្មេង បាន​ជួយ​គាត់​ឲ្យ​យល់​ថា​ការ​គោរព​បូជា​រូប​ព្រះ​របស់​ជន​ជាតិ​អេស៊ីប​គឺ​គ្មាន​ប្រយោជន៍​ឡើយ។ (​និក្ខ. ៣២:៨​) ការ​អប់រំ​នៅ​ស្រុក​អេស៊ីប​និង​របស់​ល្អ​ៗ​ក្នុង​រាជវាំង មិន​បាន​ធ្វើ​ឲ្យ​ម៉ូសេ​បោះបង់​ចោល​ការ​គោរព​ប្រណិប័តន៍​ពិត​ទេ។ គាត់​ពិត​ជា​បាន​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ពាក្យ​សន្យា​របស់​ព្រះ​ចំពោះ​បុព្វបុរស​របស់​គាត់ ហើយ​គាត់​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ យ៉ាង​ណា​មិញ ម៉ូសេ​បាន​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា​៖ ​«​ព្រះ​យេហូវ៉ា . . . ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​»។—សូម​អាន និក្ខមនំ ៣:១៥​-​១៧

១៤​. តើ​ជំនឿ​និង​ចិត្ត​ក្លាហាន​របស់​ម៉ូសេ​បាន​ត្រូវ​ល្បង​ល​យ៉ាង​ដូច​ម្ដេច?

១៤ ចំពោះ​ម៉ូសេ ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​ដែល​មាន​ជីវិត មិន​ដូច​រូប​ព្រះ​ទាំង​អស់​ដែល​គ្មាន​ជីវិត​របស់​ជន​ជាតិ​អេស៊ីប​នោះ​ទេ។ របៀប​ដែល​គាត់​ប្រើ​ជីវិត​របស់​គាត់ នោះ​ប្រៀប​ដូច​ជា​គាត់​អាច​‹មើល​ឃើញ​ព្រះ​ដែល​មនុស្ស​មើល​ពុំ​ឃើញ›។ ម៉ូសេ​បាន​ជឿ​ថា​រាស្ត្រ​របស់​ព្រះ​នឹង​ត្រូវ​រំដោះ​ឲ្យ​រួច ប៉ុន្តែ​គាត់​មិន​ដឹង​អំពី​ពេល​វេលា​ដែល​ការ​នោះ​នឹង​កើត​ឡើង​ទេ។ (​ហេ. ១១:២៤, ២៥, ២៧​) គាត់​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ជន​ជាតិ​ហេប្រឺ​ឲ្យ​មាន​សេរីភាព ហើយ​នេះ​បាន​ស​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពេល​គាត់​ជួយ​ការពារ​ខ្ញុំ​បម្រើ​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ដែល​គេ​កំពុង​ធ្វើ​បាប។ (​និក្ខ. ២:១១, ១២​) ទោះ​ជា​យ៉ាង​នោះ​ក្ដី នៅ​ពេល​នោះ​មិន​ទាន់​ដល់​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​ទេ ដូច្នេះ​ម៉ូសេ​ត្រូវ​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​នៅ​កន្លែង​យ៉ាង​ឆ្ងាយ។ នេះ​ពិត​ជា​ពិបាក​មែន​ចំពោះ​ម៉ូសេ​ដែល​ធ្លាប់​តែ​រស់​នៅ​យ៉ាង​ស្រណុក​ស្រួល​ក្នុង​រាជវាំង​អេស៊ីប តែ​បែរ​ជា​ត្រូវ​ទៅ​រស់​នៅ​តំបន់​ស្ងាត់​ជ្រងំ​វិញ។ ប៉ុន្តែ ម៉ូសេ​បាន​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ទទួល​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ ហេតុ​នេះ ក្រោយ​ពី​គាត់​រស់​នៅ​ស្រុក​ម៉ាឌាន​អស់​រយ:ពេល​៤០​ឆ្នាំ ព្រះ​បាន​ប្រើ​គាត់​ឲ្យ​រំដោះ​បង​ប្អូន​របស់​គាត់។ ម៉ូសេ​បាន​ស្ដាប់​តាម​ការ​ណែនាំ​របស់​ព្រះ​ដែល​ឲ្យ​គាត់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ ពេល​នោះ​ជា​ពេល​ដែល​គាត់​ត្រូវ​បំពេញ​ភារកិច្ច​ដែល​ព្រះ​ប្រគល់​ឲ្យ ហើយ​ក៏​ជា​ពេល​ដែល​គាត់​ត្រូវ​ធ្វើ​កិច្ចការ​របស់​លោក​តាម​វិធី​របស់​លោក​ដែរ។ (​និក្ខ. ៣:២, ៧, ៨, ១០​) ពេល​មក​ដល់​ស្រុក​អេស៊ីប គាត់​ត្រូវ​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន​ដើម្បី​បង្ហាញ​ខ្លួន​នៅ​មុខ​ស្តេច​ផារ៉ូ សូម្បី​តែ​ម៉ូសេ​ជា​មនុស្ស​ដែល​​«​សុភាព​ណាស់​លើស​អស់​ទាំង​មនុស្ស​»​ក៏​ដោយ។ (​ជន. ១២:៣​) គាត់​បាន​ធ្វើ​ដូច្នេះ​មិន​គ្រាន់តែ​ម្ដង​ទេ ប៉ុន្តែ​គាត់​បាន​បង្ហាញ​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ពេល​ដែល​មាន​សេចក្ដី​វេទនា​កើត​ឡើង ហើយ​ពី​សេចក្ដី​វេទនា​មួយ​ទៅ​សេចក្ដី​វេទនា​មួយ គាត់​ក៏​មិន​ដឹង​ថា​គាត់​ត្រូវ​ទៅ​ជួប​នឹង​ផារ៉ូ​ប៉ុន្មាន​ដង​ទៀត​នោះ​ដែរ។

១៥​. ទោះ​ជា​ម៉ូសេ​បាន​ខក​ចិត្ត​ក៏​ដោយ តើ​អ្វី​បាន​ជំរុញ​គាត់​ឲ្យ​នៅ​តែ​ស្វែងរក​ឱកាស​ដើម្បី​ផ្ដល់​កិត្ដិយស​ដល់​បិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌?

១៥ ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ក្រោយ​មក គឺ​ចាប់​ពី​ឆ្នាំ​១៥១៣ មុន​គ.ស. ដល់​ឆ្នាំ​១៤៧៣ មុន​គ.ស. ម៉ូសេ​បាន​ទទួល​ការ​ខក​ចិត្ត​ជា​ច្រើន។ ប៉ុន្តែ គាត់​បាន​ស្វែងរក​ឱកាស​ដើម្បី​ផ្ដល់​កិត្ដិយស​ដល់​ព្រះ​យេហូវ៉ា ហើយ​លើក​ទឹក​ចិត្ត​បណ្ដា​ជន​អ៊ីស្រាអែល​យ៉ាង​អស់ពី​ចិត្ត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ (​ចោ. ៣១:១​-​៨​) ហេតុ​អ្វី? ដោយ​សារ​គាត់​ស្រឡាញ់​នាម​របស់​ព្រះ​យេហូវ៉ា និង​ការ​គ្រប់​គ្រង​របស់​លោក​ច្រើន​ជាង​កេរ្ដិ៍​ឈ្មោះ​របស់​ខ្លួន។ (​និក្ខ. ៣២:១០​-​១៣; ជន. ១៤:១១​-​១៦​) ដូច្នេះ ទោះ​ជា​មាន​ការ​ខក​ចិត្ត​ឬ​មាន​អ្វី​ដែល​បង្អាក់​យើង​ក្ដី នោះ​យើង​ត្រូវ​បន្ត​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​ដោយ​មាន​ទំនុក​ចិត្ត​ថា​របៀប​ដែល​លោក​ប្រព្រឹត្ត​គឺ​មាន​ប្រាជ្ញា​ច្រើន​ជាង មាន​សេចក្ដី​សុចរិត​ច្រើន​ជាង និង​ប្រសើរ​ជាង​គេ​ទាំង​អស់។ (​អេ. ៥៥:៨​-​១១; យេ. ១០:២៣​) តើ​អ្នក​មាន​អារម្មណ៍​ដូច​នេះ​ឬ​ទេ?

ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច!

១៦, ១៧​. ហេតុ​អ្វី​ម៉ាកុស ១៣:៣៥​-​៣៧ មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ចំពោះ​អ្នក?

១៦ ​«​ចូរ​ឃ្លាំ​មើល​ជា​និច្ច ចូរ​ប្រុង​ប្រយ័ត្ន ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ពេល​ណា​ជា​ពេល​កំណត់​ឡើយ​»។ (​ម៉ាក. ១៣:៣៣​) លោក​យេស៊ូ​បាន​ផ្ដល់​ការ​ព្រមាន​នេះ​ពេល​ដែល​លោក​ពន្យល់​អំពី​សញ្ញា​សម្គាល់​នៃ​ទី​បញ្ចប់​របស់​របៀប​របប​ដ៏​អាក្រក់​នេះ។ សូម​ពិចារណា​អំពី​ពាក្យ​បញ្ចប់​នៃ​ទំនាយ​ដ៏​អស្ចារ្យ​របស់​លោក​យេស៊ូ​ដែល​បាន​កត់​ទុក​នៅ​ម៉ាកុស ដែល​ថា​៖ ​«​ចូរ​ចាំ​យាម ពីព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ម្ចាស់​ផ្ទះ​នឹង​មក​វិញ​ពេល​ណា​ឡើយ មិន​ដឹង​ថា​ពេល​ព្រលប់ ឬ​ពេល​អធ្រាត្រ ឬ​ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​ទេ។ យ៉ាង​នេះ ពេល​ដែល​ម្ចាស់​ផ្ទះ​មក​ដល់​ភ្លាម គាត់​មិន​ឃើញ​ថា អ្នក​រាល់​គ្នា​កំពុង​ដេក​លក់​ទេ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក ខ្ញុំ​ក៏​ប្រាប់​គ្រប់​គ្នា​ដែរ​ថា ចូរ​ចាំ​យាម​»។—ម៉ាក. ១៣:​៣៥​-​៣៧

១៧ ការ​ដាស់​តឿន​របស់​លោក​យេស៊ូ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន។ លោក​បាន​បញ្ជាក់​អំពី​ពេល​ចាំ​យាម​បួន​វេន​ខុស​ៗ​គ្នា​ក្នុង​វេលា​យប់។ វេន​យាម​ចុង​ក្រោយ​អាច​ជា​ពេល​ដែល​ពិបាក​ឲ្យ​នៅ​ភ្ញាក់​ដឹង​ខ្លួន​ជា​និច្ច ពីព្រោះ​វេន​នោះ​ចាប់​ផ្ដើម​ពី​ម៉ោង​បី​ទៀប​ភ្លឺ​រហូត​ដល់​ថ្ងៃ​រះ។ អ្នក​ជំនាញ​ខាង​យុទ្ធសាស្ត្រ​ធ្វើសឹក​សង្គ្រាម​បញ្ជាក់​ថា នេះ​ជា​ពេល​វេលា​ដែល​ល្អ​បំផុត​ដើម្បី​វាយ​ប្រហារ​សត្រូវ ដោយ​សារ​ពួក​គេ​កំពុង​​«​ដេក​លក់​»។ ដូច​គ្នា​ដែរ ពេល​មនុស្ស​ក្នុង​ពិភព​លោក​កំពុង​ដេក​លក់​យ៉ាង​ស៊ប់​ក្នុង​ន័យ​ធៀប នេះ​ជា​ពេល​ដែល​ពិបាក​បំផុត​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន​ឬ​នៅ​ដឹង​ខ្លួន។ ស្តី​អំពី​ទី​បញ្ចប់​ដែល​បាន​ត្រូវ​ទាយ​ទុក និង​អំពី​សេចក្ដី​សង្គ្រោះ​របស់​យើង តើ​យើង​មាន​ការ​សង្ស័យ​ថា​យើង​ត្រូវ​​«​ប្រុង​ប្រយ័ត្ន​»​និង​​«​ឃ្លាំ​មើល​ជា​និច្ច​»​ឬ​ទេ?

១៨​. ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា តើ​យើង​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​អ្វី?

១៨ អ្នក​ដែល​បង្ហាត់​សត្វ​ខ្លា​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ គាត់​បាន​រួច​រស់​ជីវិត​ពី​ការ​វាយ​ប្រហារ​របស់​សត្វ​ខ្លា​នោះ។ ប៉ុន្តែ ទំនាយ​ក្នុង​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​សាសនា​មិន​ពិត​និង​របៀប​របប​ដ៏​អាក្រក់​នេះ​នឹង​មិន​អាច​គេច​ផុត​ពី​ទី​បញ្ចប់​ដែល​ជិត​មក​ដល់​បាន​ទេ។ (​បប. ១៨:៤​-​៨​) សូម​ឲ្យ​អ្នក​បម្រើ​ព្រះ​ទាំង​ចាស់​ទាំង​ក្មេង​យល់​នូវ​សារៈសំខាន់​នៃ​ការ​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា ដូច​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ធ្វើ​ដែរ។ យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​បង្ខូច​កិត្ដិយស​ព្រះ។ ក្នុង​ពិភព​លោក​នេះ អ្នក​បង្រៀន​សាសនា​មិន​ពិត អ្នក​ដែល​មិន​ជឿ​ថា​មាន​ព្រះ និង​អ្នក​ដែល​ជឿ​ទៅ​លើ​អ្វី​ដែល​គេ​អាច​មើល​ឃើញ​ប៉ុណ្ណោះ បាន​សើច​ចំអក​ចំពោះ​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​ពួក​គេ។ ប៉ុន្តែ យើង​មិន​គួរ​ឲ្យ​អ្វី​ៗ​ទាំង​នេះ​មាន​ឥទ្ធិពល​មក​លើ​យើង​ទេ។ ហេតុ​នេះ សូម​ឲ្យ​យើង​រៀន​ពី​គំរូ​ដែល​យើង​បាន​ពិចារណា ហើយ​ស្វែងរក​ឱកាស​ដើម្បី​ការពារ​និង​ផ្ដល់​កិត្ដិយស​ដល់​ព្រះ​យេហូវ៉ា​ដែល​ជា​​«​ព្រះ​លើ​អស់​ទាំង​ព្រះ​»​ និង​ជា​​«​ព្រះ​ដ៏​ធំ​ដែល​មាន​ព្រះ​ចេស្ដា ហើយ​ក៏​គួរ​ស្ញែង​ខ្លាច​»។—ចោ. ១០:១៧

[​កំណត់​សម្គាល់​]

a ស្តី​អំពី​ចំនួន​​«​១២០​ឆ្នាំ​»​ដែល​បាន​រៀប​រាប់​នៅ​លោកុប្បត្តិ ៦:៣ សូម​មើល​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១០ ទំព័រ​៣០ ជា​ភាសា​អង់គ្លេស។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• ហេតុ​អ្វី​ណូអេ​ត្រូវ​ចាត់​ទុក​ថា​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​គាត់​ក្នុង​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ជា​អ្វី​ដែល​សំខាន់?

• តើ​សម័យ​របស់​យើង​និង​សម័យ​ណូអេ​មាន​លក្ខណៈ​ស្រដៀង​គ្នា​យ៉ាង​ណា?

• ទោះ​ជា​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ម៉ូសេ​ខក​ចិត្ត​ក៏​ដោយ ហេតុ​អ្វី​គាត់​នៅ​តែ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា?

• តើ​ទំនាយ​អ្វី​ក្នុង​គម្ពីរ​ដែល​ជំរុញ​អ្នក​ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ?

[​រូបភាព​នៅ​ទំព័រ​២០​]

ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់ ​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​កិច្ចការ​របស់​ព្រះ​យេហូវ៉ា

[​រូបភាព​នៅ​ទំព័រ​២១​]

សេចក្ដី​សន្យា​របស់​ព្រះ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត បាន​ជួយ​ម៉ូសេ​ឲ្យ​នៅ​ប្រុង​ប្រយ័ត្ន​ជា​និច្ច

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក