៩
លោកណូអេសង់ទូកធំមួយ
លោកណូអេមានប្រពន្ធនិងកូនប្រុសបីនាក់។ កូនប្រុសៗរបស់គាត់ឈ្មោះ សិម ហាំ និងយ៉ាផែត។ ហើយកូនប្រុសទាំងនេះមានប្រពន្ធម្នាក់មួយៗដែរ។ ដូច្នេះទាំងអស់មានមនុស្សប្រាំបីនាក់នៅក្នុងក្រុមគ្រួសាររបស់លោកណូអេ។
ឥឡូវនេះ ព្រះទ្រង់បានឲ្យលោកណូអេធ្វើអ្វីមួយដ៏ចម្លែក។ ទ្រង់បានមានបន្ទូលប្រាប់គាត់ឲ្យសង់ទូកធំមួយ។ ទូកនេះមានទំហំធំដូចជាសំពៅ ប៉ុន្តែមើលទៅដូចជាប្រអប់ធំវែងមួយ។ ព្រះមានបន្ទូលថា ‹ចូរធ្វើឲ្យមានបីថ្នាក់ ហើយចូរធ្វើឲ្យមានបន្ទប់នៅក្នុងនោះចុះ›។ បន្ទប់នោះគឺសំរាប់លោកណូអេនិងគ្រួសាររបស់គាត់ សត្វទាំងឡាយ ហើយនិងស្បៀងអាហារដែលគេត្រូវការ។
ព្រះទ្រង់ក៏បានមានបន្ទូលប្រាប់លោកណូអេឲ្យជួសជុលទូកធំនោះ ដើម្បីកុំឲ្យទឹកអាចជ្រាបចូលបាន។ ព្រះបានមានបន្ទូលថា៖ ‹អញនឹងចាត់ឲ្យមានទឹកជំនន់ដ៏ធំសម្បើមហើយនិងបំផ្លាញមនុស្សទាំងអស់›។ មនុស្សគ្រប់គ្នាដែលមិននៅក្នុងទូកធំនោះ នឹងត្រូវស្លាប់ជាមិនខាន›។
លោកណូអេនិងកូនប្រុសៗរបស់គាត់បានគោរពតាមព្រះយេហូវ៉ា ហើយគេក៏បានចាប់ផ្ដើមសង់។ ប៉ុន្តែពួកមនុស្សដទៃចេះតែសើចចំអក។ ពួកគេនៅតែបន្តធ្វើការអាក្រក់ដដែល។ គ្មានអ្នកណាមួយជឿលោកណូអេទេ កាលដែលលោកបានប្រាប់គេអំពីអ្វីៗដែលព្រះទ្រង់បំរុងនឹងធ្វើនោះ។
ដោយសារតែទូកនោះធំដល់ម្ល៉េះ បានជាត្រូវចំណាយពេលយ៉ាងយូរក្នុងការសង់ទូកនោះ។ នៅទីបំផុត ក្រោយពីច្រើនឆ្នាំកន្លងមក ទូកនោះក៏បានសង់ហើយ។ ឥឡូវនេះ ព្រះទ្រង់បានមានបន្ទូលប្រាប់លោកណូអេឲ្យយកសត្វនានាចូលទៅក្នុងទូកធំនោះ។ ព្រះបានមានបន្ទូលឲ្យយកសត្វមួយគូៗនៃពូជខ្លះ ទាំងឈ្មោលនិងញី។ ប៉ុន្តែ ចំពោះសត្វដទៃទៀត ព្រះទ្រង់បានមានបន្ទូលប្រាប់ឲ្យយកចូលសត្វចំនួនប្រាំពីរនៃពូជនិមួយៗ។ ព្រះទ្រង់ក៏បានមានបន្ទូលប្រាប់លោកណូអេឲ្យយកសត្វស្លាបគ្រប់ប្រភេទដែរ។ លោកណូអេបានធ្វើតាមពាក្យបង្គាប់របស់ព្រះទាំងអស់។
ក្រោយមក លោកណូអេនិងគ្រួសាររបស់គាត់ចូលទៅក្នុងទូកធំនោះ។ បន្ទាប់មក ព្រះក៏បិទទ្វារទូកធំនោះទៅ។ នៅខាងក្នុង លោកណូអេនិងគ្រួសាររបស់លោកក៏បានរង់ចាំ។ សូមពិចារណាអ្នកនៅក្នុងទូកធំនោះជាមួយពួកគេ កំពុងតែរង់ចាំ តើពិតជាមានទឹកជំនន់ដូចជាព្រះបានមានបន្ទូលមកឬទេ?