ភាគទី៥
នៅសម័យទឹកជន់លិចពិភពលោក តើអ្នកណាបានស្ដាប់ព្រះ? តើអ្នកណាមិនបានស្ដាប់?
មនុស្សភាគច្រើននៅសម័យណូអេបានធ្វើអំពើអាក្រក់។ ដើមកំណើត ៦:៥
អាដាមនិងអេវ៉ាមានកូន នេះធ្វើឲ្យមានមនុស្សកាន់តែច្រើននៅផែនដី។ ក្រោយមក ទេវតាខ្លះបានចូលដៃជាមួយនឹងសាថានក្នុងការប្រឆាំងព្រះ។
ទេវតាទាំងនោះមកផែនដី ហើយកាឡាខ្លួនជាមនុស្សដើម្បីអាចរៀបការជាមួយនឹងស្ត្រី។ ស្ត្រីទាំងនោះមានកូនដែលខ្លាំងជាងមនុស្សធម្មតា ហើយកូនរបស់ពួកគេមានចិត្តកាចសាហាវ។
ពិភពលោកចាប់ផ្ដើមពេញទៅដោយមនុស្សដែលធ្វើអំពើអាក្រក់។ គម្ពីរចែងថា៖ «ការអាក្រក់របស់មនុស្សមានច្រើនក្រៃលែង ហើយចិត្តគំនិតរបស់ពួកគេសុទ្ធតែអាក្រក់ជានិច្ច»។
ណូអេបានស្ដាប់ព្រះ ហើយសង់ទូកធំ។ ដើមកំណើត ៦:១៣, ១៤, ១៨, ១៩, ២២
ណូអេជាមនុស្សល្អ។ ព្រះយេហូវ៉ាប្រាប់ណូអេថា លោកនឹងបំផ្លាញមនុស្សអាក្រក់ដោយប្រើទឹកជំនន់។
ព្រះក៏បានប្រាប់ណូអេឲ្យសង់ទូកធំមួយ ហើយនាំក្រុមគ្រួសារគាត់ និងសត្វគ្រប់ប្រភេទចូលទៅក្នុងទូកនោះ។
ណូអេបានព្រមានមនុស្សអំពីទឹកជំនន់ ប៉ុន្តែពួកគេមិនបានស្ដាប់គាត់ទេ។ មនុស្សខ្លះបានសើចចំអកឲ្យគាត់ មនុស្សខ្លះទៀតបានស្អប់គាត់។
ក្រោយពីណូអេសង់ទូកធំនោះរួចហើយ គាត់បាននាំសត្វចូលក្នុងទូក។