បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១/៧ ទំ. ១២-១៥
  • ‹គាត់ដើរជាមួយនឹងព្រះពិត›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹គាត់ដើរជាមួយនឹងព្រះពិត›
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បុរស​សុចរិត​ក្នុង​ពិភព​លោក​ដ៏​អាក្រក់
  • ‹ចូរ​ធ្វើ​ទូក​ធំ​សំ​រាប់​ឯង›
  • ​«​ចូល . . . ទៅ​ក្នុង​ទូក​»​
  • លោកណូអេសង់ទូកធំមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ហេតុដែលណូអេជាទីពេញចិត្ដដល់ព្រះ ហេតុដែលគួរឲ្យយើងយកចិត្ដទុកដាក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • មនុស្សទាំងអស់គ្នា អាចរៀនពីកាសែតវីដេអូ លោកណូអេ—គាត់បានដើរ ជាមួយនឹងព្រះ
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • នៅសម័យទឹកជន់លិចពិភពលោក តើអ្នកណាបានស្ដាប់ព្រះ? តើអ្នកណាមិនបានស្ដាប់?
    ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១/៧ ទំ. ១២-១៥

ចូរ​យក​តម្រាប់​តាម​ជំនឿ​របស់​ពួក​គាត់

‹គាត់​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត›

ណូអេ​កំពុង​ពត់​ខ្លួន​តម្រង់​ចង្កេះ។ សូម​ស្រមៃ​គិត​ថា គាត់​កំពុង​អង្គុយ​លើ​កំណាត់​ឈើ​ដើម្បី​សម្រាក​បន្ដិច​ពី​កិច្ចការ​របស់​គាត់ នៅ​ពេល​នោះ​គាត់​ក៏​ក្រឡេក​ទៅ​មើល​សំណង់​ទូក​ដ៏​ធំ​សម្បើម​មួយ។ ក្លិន​ជ័រ​កំពុង​ភាយ​ឡើង​តាម​ខ្យល់ សំឡេង​ឧបករណ៍​កាប់​ឈើ​លាន់​ឮ​រំពង។ ទូក​នោះ​មាន​គ្រោង​រួច​ហើយ ហើយ​ពី​កន្លែង​ដែល​ណូអេ​អង្គុយ គាត់​អាច​ឃើញ​កូន​ប្រុស​ៗ​របស់​គាត់​កំពុង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ទូក​នោះ។ អស់​ច្រើន​ទសវត្សរ៍​មក​ហើយ ណូអេ​និង​ប្រពន្ធ​ជា​ទី​ស្រឡាញ់ រួម​ទាំង​កូន​ប្រុស​ៗ​និង​ប្រពន្ធ​របស់​ពួក​គេ បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ជា​មួយ​គ្នា​ក្នុង​គម្រោង​នេះ។ ពួក​គាត់​បាន​សង់​ផ្នែក​ខ្លះ​ៗ​រួច​ហើយ ប៉ុន្តែ​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ពួក​គាត់​ត្រូវ​ធ្វើ។

មនុស្ស​នៅ​តំបន់​ដែល​គាត់​រស់​នៅ​គិត​ថា​ពួក​គាត់​ល្ងីល្ងើ។ ម្ល៉ោះ​ហើយ កាល​ដែល​ទូក​ចេញ​រូបរាង​កាន់​តែ​ច្បាស់ មនុស្ស​សើច​ចំអក​ពួក​គាត់​កាន់​តែ​ខ្លាំង ដោយ​សារ​ពួក​គេ​គិត​ថា​មិន​អាច​មាន​ទឹក​ជំនន់​ជន់​លិច​ផែនដី​ទាំង​មូល​បាន​ទេ។ តាម​គំនិត​របស់​ពួក​គេ មហន្តរាយ​ដែល​ណូអេ​បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​ជា​ព្រឹត្ដិការណ៍​ដ៏​ចម្លែក​មិន​គួរ​ឲ្យ​ជឿ​សោះ! ពួក​គេ​ពិបាក​ជឿ​ថា បុរស​ម្នាក់​សុខ​ចិត្ត​ប្រើ​ជីវិត​របស់​ខ្លួន​និង​ក្រុម​គ្រួសារ​ធ្វើ​អ្វី​ដែល​គ្មាន​ប្រយោជន៍​ដែល​មើល​ទៅ​ល្ងង់​ខ្លៅ​បែប​នេះ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ណូអេ លោក​មិន​គិត​ដូច្នេះ​ទេ។

បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ‹ណូអេ​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត›។ (​លោកុប្បត្តិ ៦:៩​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? នេះ​មិន​មាន​ន័យ​ថា ព្រះ​ធ្លាប់​ដើរ​នៅ​ផែនដី ឬ​ណូអេ​ធ្លាប់​ទៅ​ស្ថាន​សួគ៌​ទេ។ ផ្ទុយ​ទៅ​វិញ ណូអេ​បាន​ស្ដាប់​បង្គាប់​ព្រះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​គាត់​ស្រឡាញ់​លោក​យ៉ាង​ខ្លាំង នេះ​ហាក់​ដូច​ជា​គាត់​និង​ព្រះ​យេហូវ៉ា​បាន​ដើរ​ជា​មួយ​គ្នា​ដូច​ជា​មិត្ត​ភក្ដិ។ រាប់​ពាន់​ឆ្នាំ​ក្រោយ​មក គម្ពីរ​បាន​ចែង​អំពី​ណូអេ​ថា​៖ ​«​តាម​រយៈ​ជំនឿ[​របស់​គាត់​] គាត់​បាន​ផ្ដន្ទា​ទោស​ពិភព​លោក​»។ (​ហេប្រឺ ១១:៧​) តើ​តាម​របៀប​ណា​ជំនឿ​របស់​ណូអេ​ផ្ដន្ទា​ទោស​ពិភព​លោក? តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ជំនឿ​របស់​គាត់​នៅ​សព្វ​ថ្ងៃ​នេះ?

បុរស​សុចរិត​ក្នុង​ពិភព​លោក​ដ៏​អាក្រក់

ណូអេ​បាន​ធំ​ឡើង​ក្នុង​ពិភព​លោក​មួយ​ដែល​កាន់​តែ​អាក្រក់​ទៅ​ៗ។ ពិភព​លោក​គឺ​អាក្រក់​នៅ​សម័យ​របស់​អេណុក​ដែល​ជា​ជីតា​ទួត​របស់​ណូអេ។ អេណុក​ក៏​ជា​បុរស​សុចរិត​ម្នាក់​ដែល​បាន​ដើរ​ជា​មួយ​ព្រះ​ដែរ។ អេណុក​បាន​ប្រកាស​ទំនាយ​ថា​នឹង​មាន​ថ្ងៃ​មួយ​ដែល​ព្រះ​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ក្នុង​ពិភព​លោក។ ដល់​សម័យ​ណូអេ សីលធម៌​របស់​មនុស្ស​គឺ​អាក្រក់​ជាង​នោះ​ឆ្ងាយ​ណាស់។ តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ផែនដី​បាន​ខូច​អាក្រក់ ពីព្រោះ​មាន​ពេញ​ដោយ​សេចក្ដី​កាច​សហ័ស​ឬ​ឃោរឃៅ​នៅ​ចំពោះ​លោក។ (​លោកុប្បត្តិ ៥:២២; ៦:១១; យូដាស ១៤, ១៥​) តើ​មាន​អ្វី​កើត​ឡើង​ដែល​បណ្ដាល​ឲ្យ​មាន​អំពើ​អាក្រក់​ច្រើន​បែប​នេះ?

មាន​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​មួយ​កើត​ឡើង​ក្នុង​ចំណោម​ពួក​ទេវតា​ដែល​ជា​កូន​ព្រះ។ ទេវតា​ម្នាក់​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ វា​បាន​ក្លាយ​ទៅ​ជា​មេកំណាច​សាថាន ដោយ​សារ​វា​និយាយ​បង្កាច់​បង្ខូច​ព្រះ​និង​បោក​បញ្ឆោត​អាដាម​និង​អេវ៉ា​ឲ្យ​ធ្វើ​អំពើ​ខុស​ឆ្គង។ នៅ​សម័យ​ណូអេ ទេវតា​ឯ​ទៀត​ចាប់​ផ្ដើម​បះបោរ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​ដ៏​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា។ ដោយ​លះ​ចោល​តួនាទី​ដែល​ព្រះ​បាន​ឲ្យ​នៅ​ស្ថាន​សួគ៌ ពួក​គេ​បាន​មក​ផែនដី កាឡា​ខ្លួន​ជា​មនុស្ស ហើយ​យក​ស្រី​ស្អាត​ៗ​ធ្វើ​ជា​ប្រពន្ធ។ ពួក​ទេវតា​បះបោរ​ទាំង​នេះ​អាត្មា​និយម​និង​មាន​អំណួត ហើយ​ពួក​វា​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដែល​បំពុល​ចិត្ត​គំនិត​របស់​មនុស្ស​ជាតិ។—លោកុប្បត្តិ ៣:១​-​៥; ៦:១, ២; យូដាស ៦, ៧

ជាង​នេះ​ទៅ​ទៀត ដោយ​សារ​ពួក​ទេវតា​ដែល​បាន​កាឡា​ខ្លួន​ជា​មនុស្ស​បាន​រួម​ដំណេក​ជា​មួយ​នឹង​មនុស្ស​ស្រី។ នេះ​ជា​អ្វី​ខុស​ពី​ធម្មជាតិ ហើយ​នាំ​ឲ្យ​បង្កើត​កូន​កាត់​ដែល​មាន​មាឌ​ធំ​សម្បើម​និង​មាន​កម្លាំង​ខ្លាំងក្លា។ គម្ពីរ​ហៅ​ពួក​គេ​ថា​នីហ្វីលីម ដែល​មាន​ន័យ​ត្រង់​ថា​៖ ​«​អ្នក​ផ្ដួល​»​ ពីព្រោះ​ពួក​គេ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ដួល។ ពួក​នីហ្វីលីម​បាន​សម្លុត​វាយ​ធ្វើ​បាប​គេ​យ៉ាង​សាហាវ​ឃោរឃៅ ដែល​បណ្ដាល​ឲ្យ​ស្ថានភាព​ពិភព​លោក​កាន់​តែ​អាក្រក់​ទៅ​ៗ។ ដោយ​សារ​មូលហេតុ​ទាំង​នេះ ព្រះ​ដែល​ជា​អ្នក​បង្កើត​មានអារម្មណ៍​ថា​«​ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធតែ​អាក្រក់​ជា​និច្ច​»។ ព្រះ​យេហូវ៉ា​បាន​សម្រេច​ថា​នឹង​បំផ្លាញ​សង្គម​មនុស្ស​អាក្រក់​នោះ​ក្នុង​រយៈ​ពេល​១២០​ឆ្នាំ។—លោកុប្បត្តិ ៦:៣​-​៥

សូម​ស្រមៃ​គិត​ថា តើ​ពិបាក​យ៉ាង​ណា​ទៅ ដើម្បី​ចិញ្ចឹម​អប់រំ​ក្រុម​គ្រួសារ​ក្នុង​ពិភព​លោក​បែប​នោះ! ប៉ុន្តែ ណូអេ​អាច​ធ្វើ​បាន។ គាត់​រក​បាន​ប្រពន្ធ​ដ៏​ល្អ​ម្នាក់។ ក្រោយ​ពី​ណូអេ​អាយុ​បាន​៥០០​ឆ្នាំ​ហើយ ប្រពន្ធ​របស់​គាត់​បាន​បង្កើត​កូន​ឲ្យ​គាត់​បី​នាក់ គឺ​សិម ហាំ និង​យ៉ាផែត។a ក្នុង​នាម​ជា​ឪពុក​ម្ដាយ ពួក​គាត់​ត្រូវ​ការពារ​កូន​ប្រុស​ៗ​ពី​ឥទ្ធិពល​ដ៏​អាក្រក់​ដែល​មាន​នៅ​ជុំ​វិញ​ពួក​គាត់។ តាម​ធម្មតា​ក្មេង​ប្រុស​ៗ​មាន​ទំនោរ​ចិត្ត​ចង់​កោត​ស្ងើច​ភាព​អស្ចារ្យ​របស់​«​មនុស្ស​ខ្លាំង​ពូកែ​»​និង​«​មនុស្ស​មាន​ល្បី​ឈ្មោះ​»​ ហើយ​ពួក​នីហ្វីលីម​ជា​មនុស្ស​បែប​នោះ។ ទោះ​ជា​ណូអេ​និង​ប្រពន្ធ​របស់​គាត់​ប្រហែលជា​ពិបាក​ការពារ​កូន​ៗ​កុំ​ឲ្យ​ឮ​ដំណឹង​ស្តី​អំពី​ទង្វើ​ដ៏​ឃោរឃៅ​របស់​មនុស្ស​ធំ​សម្បើម​ទាំង​នោះ​ក៏​ដោយ តែ​ពួក​គាត់​អាច​បង្រៀន​សេចក្ដី​ពិត​ដែល​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​អំពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ស្អប់ខ្ពើម​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ ពួក​គាត់​ត្រូវ​តែ​ជួយ​កូន​ឲ្យ​យល់​ថា ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ពេល​ឃើញ​អំពើ​ឃោរឃៅ​និង​ការ​បះបោរ​ប្រឆាំង​ក្នុង​ពិភព​លោក។—លោកុប្បត្តិ ៦:៦

ប្រហែលជា​ឪពុក​ម្ដាយ​សព្វ​ថ្ងៃ​អាច​យល់​អារម្មណ៍​របស់​ណូអេ​និង​ប្រពន្ធ​គាត់។ ព្រោះ​ពិភព​លោក​យើង​សព្វ​ថ្ងៃ​បាន​ត្រូវ​បំពុល​ដោយ​ចិត្ត​គំនិត​ដែល​ឃោរឃៅ​និង​បះបោរ​ប្រឆាំង។ សូម្បី​តែ​ការ​កម្សាន្ត​សម្រាប់​ក្មេង​ៗ​ក៏​ប្រហែលជា​មាន​ពេញ​ទៅ​ដោយ​អំពើ​និង​ចិត្ត​គំនិត​បែប​នោះ​ដែរ។ ឪពុក​ម្ដាយ​ដ៏​ឈ្លាស​វៃ​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​បែប​នេះ ដោយ​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​សុខសាន្ត ហើយ​ថា​នៅ​ថ្ងៃ​មួយ​លោក​នឹង​បំបាត់​អំពើ​ឃោរឃៅ​ទាំង​អស់។ (​ទំនុកតម្កើង ១១:៥; ៣៧:១០, ១១​) ឪពុក​ម្ដាយ​អាច​ទទួល​ជោគជ័យ​បាន! ណូអេ​និង​ប្រពន្ធ​គាត់​បាន​ទទួល​ជោគជ័យ​រួច​ហើយ។ កូន​ប្រុស​របស់​ពួក​គាត់​បាន​ធំ​ឡើង​ទៅ​ជា​មនុស្ស​ល្អ ហើយ​ពួក​គេ​រៀប​ការ​ជា​មួយ​ប្រពន្ធ​ដែល​មាន​ចិត្ត​គំនិត​ដូច​គ្នា ពោល​គឺ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត និង​ជា​បុគ្គល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។

‹ចូរ​ធ្វើ​ទូក​ធំ​សំ​រាប់​ឯង›

នៅ​ថ្ងៃ​មួយ ជីវិត​របស់​ណូអេ​បាន​កែប្រែ​ទាំង​ស្រុង។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អំពី​គោល​បំណង​របស់​លោក​ដល់​អ្នក​បម្រើ​ជា​ទី​ស្រឡាញ់​នេះ​ថា លោក​ចង់​បំផ្លាញ​ពិភព​លោក​នៅ​សម័យ​របស់​គាត់។ ព្រះ​បាន​បង្គាប់​ណូអេ​ថា​៖ ‹ចូរ​ឯង​យក​ឈើ​ធ្វើ​ជា​ទូក​ធំ​សំ​រាប់​ឯង›។—លោកុប្បត្តិ ៦:១៤

ទូក​នេះ​មិន​មែន​ជា​សំពៅ​ដូច​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ។ ទូក​នេះ​គ្មាន​ក្បាល គ្មាន​កន្សៃ គ្មាន​ចង្កូត និង​គ្មាន​មេ​បាត​ទូក​ឡើយ ហើយ​វា​ក៏​មិន​មាន​រាង​កោង​ដូច​ទូក​ធម្មតា​ដែរ។ ទូក​នេះ​គឺ​ដូច​ជា​ហឹប​ឬ​ប្រអប់​ដ៏​ធំ​មួយ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អំពី​ទំហំ​ជាក់​លាក់​របស់​ទូក និង​ព័ត៌មាន​ខ្លះ​អំពី​ប្លង់​ទូក​នោះ ហើយ​ឲ្យ​បិទ​ជ័រ​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ។ បន្ថែម​ទៅ​ទៀត លោក​បាន​ប្រាប់​មូលហេតុ​ដល់​ណូអេ​ថា​៖ ​«​មើល គឺ​អញ​នេះ​ហើយ នឹង​ធ្វើ​ឲ្យ​មាន​ជំនន់​លើ​ផែនដី . . . គ្រប់​ទាំង​អស់​នៅ​ផែនដី​នឹង​ត្រូវ​ស្លាប់​បង់​»។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ការ​ណែនាំ​ដល់​ណូអេ​ថា​៖ ​«​ឯង​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ព្រម​ទាំង​ប្រពន្ធ​កូន នឹង​កូន​ប្រសា​ឯង​ជា​មួយ​នឹង​ឯង​ដែរ​»។ ណូអេ​ក៏​ត្រូវ​នាំ​សត្វ​គ្រប់​ប្រភេទ​ចូល​ទៅ​ក្នុង​ទូក​នោះ​ដែរ។ មាន​តែ​អ្នក​ដែល​នៅ​ក្នុង​ទូក​ប៉ុណ្ណោះ​ដែល​អាច​រួច​រស់​ជីវិត​ពី​ទឹក​ជំនន់!—លោកុប្បត្តិ ៦:១៧​-​២០

ណូអេ​ត្រូវ​បំពេញ​កិច្ចការ​ដ៏​ធំ​សម្បើម​មួយ។ ទូក​នេះ​គឺ​ធំ​ក្រៃ​លែង​ព្រោះ​មាន​បណ្ដោយ​ប្រវែង​១៣៣​ម៉ែត្រ ទទឹង​២២​ម៉ែត្រ និង​កម្ពស់​១៣​ម៉ែត្រ។ សូម្បី​តែ​សំពៅ​ធំ​ជាង​គេ​បំផុត​ដែល​ធ្លាប់​សង់​នៅ​សម័យ​ទំនើប​នេះ​ក្ដី ក៏​នៅតែ​តូច​ជាង​ទូក​នោះ​ឆ្ងាយ​ណាស់។ ដូច្នេះ តើ​ណូអេ​បាន​ព្យាយាម​គេច​វេះ​ពី​កិច្ចការ​នេះ ឬ​ត្អូញត្អែរ​ពី​ការ​ពិបាក​ក្នុង​ការ​សាងសង់ ឬ​ក៏​កែប្រែ​ប្លង់​ទូក​ខ្លះ​ៗ​ដើម្បី​ឲ្យ​គាត់​ស្រួល​សង់​ជាង​ឬ​ទេ? អត់​ទេ ព្រោះ​គម្ពីរ​ប្រាប់​ថា​៖ ​«​ណូអេ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់ គាត់​ធ្វើ​ការ​នោះ​សំ​រេច​ទាំង​អស់​»។—លោកុប្បត្តិ ៦:២២

ការ​សាងសង់​ទូក​នោះ​បាន​ចំណាយ​ពេល​អស់​ច្រើន​ទសវត្សរ៍ គឺ​ប្រហែលជា​៤០​ទៅ​៥០​ឆ្នាំ។ គាត់​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ជា​ច្រើន ត្រូវ​ទាញ​និង​អូស​ឈើ​នោះ ត្រូវ​ច្រៀក​ជា​បន្ទះ​ៗ ហើយ​ត្រូវ​កាត់​តម្រឹម និង​តម្រៀប​ដំឡើង​ចូល​គ្នា។ ទូក​នេះ​មាន​បី​ជាន់ មាន​បន្ទប់​ផ្សេង​ៗ និង​មាន​ទ្វារ​មួយ​នៅ​ចំហៀង​ទូក។ តាម​មើល​ទៅ​មាន​បង្អួច​មួយ​ជួរ​នៅ​ខាង​លើ​ជាប់​ដំបូល ហើយ​ដំបូល​នោះ​ទំនង​ជា​មាន​ជំ​រាល​សង​ខាង​ដើម្បី​ឲ្យ​ទឹក​អាច​ហូរ។—លោកុប្បត្តិ ៦:១៤​-​១៦

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទូក​កាន់​តែ​ចេញ​រូបរាង​ច្បាស់​ឡើង​ៗ ណូអេ​ប្រាកដជា​រីករាយ​ណាស់​ដែល​ក្រុម​គ្រួសារ​គាត់​បាន​ជួយ​គាត់​ក្នុង​ការ​សាងសង់​ទូក​នោះ! ប៉ុន្តែ មាន​កិច្ចការ​មួយ​ទៀត​ដែល​គាត់​ត្រូវ​តែ​បំពេញ កិច្ចការ​នោះ​ប្រហែលជា​ពិបាក​ជាង​ការ​សាងសង់​ទូក​ទៅ​ទៀត។ គម្ពីរ​ប្រាប់​ថា​ណូអេ​ជា​«​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត​»។ (​ពេត្រុសទី២ ២:៥​) ដូច្នេះ ដោយ​ចិត្ត​ក្លាហាន​គាត់​បាន​នាំ​មុខ​ព្រមាន​មនុស្ស​ដែល​នៅ​ក្នុង​សង្គម​មនុស្ស​ដ៏​ទុច្ចរិត​នោះ​អំពី​ការ​បំផ្លាញ​ចោល​ដែល​នឹង​មក​ដល់។ តើ​មនុស្ស​ទាំង​នោះ​បាន​ធ្វើ​អ្វី​ពេល​ឮ​ការ​ព្រមាន? នៅ​ពេល​ក្រោយ​មក លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​មនុស្ស​នៅ​សម័យ​នោះ​ថា​៖ ​«​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ​»។ លោក​បាន​មាន​ប្រសាសន៍​ថា​ពួក​គេ​រវល់​តែ​នឹង​កិច្ចការ​ប្រចាំ​ថ្ងៃ​ដូច​ជា​ពិសា​អាហារ​ពិសា​ស្រា រៀប​ការ​ប្ដី​ប្រពន្ធ ដូច្នេះ​ពួក​គេ​មិន​បាន​អើពើ​នឹង​ណូអេ​ឡើយ។ (​ម៉ាថាយ ២៤:៣៧​-​៣៩​) ច្បាស់​ជា​មាន​មនុស្ស​ច្រើន​ណាស់​សើច​ចំអក​ឲ្យ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​អ្នក​ខ្លះ​ប្រហែលជា​គំរាម​កំហែង​និង​ប្រឆាំង​គាត់​យ៉ាង​សាហាវ។

ប៉ុន្តែ ណូអេ​និង​ក្រុម​គ្រួសារ​មិន​បាន​ឈប់​ឡើយ។ ណូអេ​និង​ក្រុម​គ្រួសារ​បាន​បន្ត​សង់​ទូក ទោះ​ជា​មនុស្ស​នៅ​ជុំ​វិញ​ពួក​គាត់​គិត​ថា កិច្ចការ​នោះ​គ្មាន​បាន​ការ អត់​ប្រយោជន៍ ឬ​ជា​កិច្ចការ​ល្ងង់​ខ្លៅ​ក៏​ដោយ។ ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​នេះ​អាច​រៀន​យ៉ាង​ច្រើន​ពី​ជំនឿ​របស់​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់។ សព្វ​ថ្ងៃ​យើង​កំពុង​រស់​នៅ​សម័យ​ដែល​គម្ពីរ​ហៅ​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នៃ​របៀប​របប​ពិភព​លោក​នេះ។ (​ធីម៉ូថេទី២ ៣:១​) លោក​យេស៊ូ​បាន​ប្រដូច​សម័យ​របស់​យើង​ទៅ​នឹង​សម័យ​ដែល​ណូអេ​សង់​ទូក។ កាល​ដែល​គ្រិស្ត​សាសនិក​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ គឺជា​ការ​ល្អ​ឲ្យ​ពួក​គេ​នឹក​ចាំ​ពី​គំរូ​របស់​ណូអេ ជា​ពិសេស​នៅ​ពេល​ដែល​មនុស្ស​ក្នុង​ពិភព​លោក​នេះ​មិន​ចាប់​អារម្មណ៍ សើច​ចំអក ឬ​រហូត​ដល់​បៀតបៀន​ពួក​គេ​ទៀត​ផង។ ពួក​គេ​មិន​មែន​ជា​អ្នក​ដែល​ប្រឈម​មុខ​នឹង​ការ​ពិបាក​នេះ​មុន​គេ​ទេ។

​«​ចូល . . . ទៅ​ក្នុង​ទូក​»​

ច្រើន​ទសវត្សរ៍​បាន​កន្លង​ទៅ ទូក​ធំ​បាន​ចេញ​រូបរាង​បន្ដិច​ម្ដង​ៗ​រហូត​ដល់​ពេញ​លក្ខណៈ។ ពេល​ណូអេ​ជិត​ដល់​អាយុ​៦០០​ឆ្នាំ គាត់​បាន​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់។ ឡាមេក​ជា​ឪពុក​របស់​គាត់​បាន​ស្លាប់។b ប្រាំ​ឆ្នាំ​ក្រោយ​មក ជីតា​របស់​ណូអេ​ដែល​ជា​ឪពុក​របស់​ឡាមេក ឈ្មោះ​មធូសាឡា​បាន​ស្លាប់​ក្នុង​អាយុ​៩៦៩​ឆ្នាំ គាត់​ជា​មនុស្ស​ដែល​រស់​នៅ​បាន​យូរ​ជាង​គេ​បំផុត​ក្នុង​កំណត់​ហេតុ​គម្ពីរ។ (​លោកុប្បត្តិ ៥:២៧​) មធូសាឡា​និង​ឡាមេក​បាន​រស់​នៅ​ជំនាន់​ជា​មួយ​នឹង​អាដាម​ដែល​ជា​បុរស​ទី​១។

ក្នុង​ឆ្នាំ​នោះ ណូអេ​បាន​ទទួល​បង្គាប់​ថ្មី​មួយ​ពី​ព្រះ​យេហូវ៉ា​ដែល​ថា​៖​«​ត្រូវ​ឲ្យ​ឯង​នឹង​ពួក​គ្រួ​ឯង​ចូល​ទាំង​អស់​ទៅ​ក្នុង​ទូក​»។ នៅ​ដំណាល​គ្នា​នោះ ព្រះ​បាន​ប្រាប់​ណូអេ​ឲ្យ​នាំ​សត្វ​គ្រប់​ប្រភេទ​ចូល​ទៅ​ក្នុង​ទូក គឺ​សត្វ​ដែល​ស្អាត​ត្រូវ​យក​៧​ក្បាល​ដែល​អាច​ប្រើ​ជា​គ្រឿង​បូជា ហើយ​សត្វ​ផ្សេង​ទៀត​ត្រូវ​យក​មួយ​គូ​ៗ។—លោកុប្បត្តិ ៧:១​-​៣

នេះ​ពិត​ជា​ការ​អស្ចារ្យ​ដែល​ភ្លេច​មិន​បាន​ទេ។ មាន​សត្វ​រាប់​រយ​ក្បាល​ចូល​ក្នុង​ទូក ខ្លះ​ដើរ ខ្លះ​ហោះ ខ្លះ​លូន ខ្លះ​វារ។ ពួក​វា​មាន​រូបរាង មាឌ និង​លក្ខណៈ​ខុស​ៗ​គ្នា ហើយ​ពួក​វា​បាន​មក​ជា​ជួរ​ដែល​មើល​ទៅ​ផុត​កន្ទុយ​ភ្នែក។ យើង​មិន​ចាំ​បាច់​ស្រមៃ​ថា​ណូអេ​ត្រូវ​ខំ​កៀង ឬ​ប្រហែលជា​ខំ​លោម​សត្វ​ទាំង​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​ក្រោល​មួយ​ៗ​ដែល​នៅ​ក្នុង​ទូក​នោះ​ទេ ព្រោះ​កំណត់​ហេតុ​គម្ពីរ​ចែង​ថា ពួក​វា​«​ក៏​ចូល . . . ទៅ​ឯ​ណូអេ​ក្នុង​ទូក​»។—លោកុប្បត្តិ ៧:៩

អ្នក​ខ្លះ​ដែល​មិន​ជឿ​គម្ពីរ​ប្រហែលជា​សួរ​ថា​៖ ‹តើ​ការ​ទាំង​នេះ​អាច​កើតឡើង​តាម​របៀប​ណា? ហើយ​តើ​សត្វ​ទាំង​អស់​នោះ​អាច​រស់​នៅ​ដោយ​សុខសាន្ត​ជា​មួយ​គ្នា​ក្នុង​កន្លែង​តូច​ចង្អៀត​យ៉ាង​ដូច​ម្ដេច​បាន?›។ សូម​ពិចារណា​ថា បើ​ព្រះ​ពិត​ជា​បាន​បង្កើត​សកលលោក លោក​ប្រាកដជា​មាន​សមត្ថភាព​គ្រប់​គ្រង​សត្វ​ដែល​លោក​បាន​បង្កើត​ដោយ​ផ្សាំង​វា​និង​ធ្វើ​ឲ្យ​វា​ស្លូត​បាន មែន​ទេ? សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ញែក​សមុទ្រក្រហម និង​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​ទ្រឹង។ លោក​ពិត​ជា​អាច​ធ្វើ​ឲ្យ​មាន​ព្រឹត្ដិការណ៍​ទាំង​អស់​កើត​ឡើង ដូច​បាន​រៀប​រាប់​ក្នុង​កំណត់​ហេតុ​អំពី​ណូអេ មែន​ទេ? លោក​ពិត​ជា​អាច​ធ្វើ​បាន ហើយ​លោក​ក៏​បាន​ធ្វើ​មែន!

ពិត​ណាស់ ព្រះ​អាច​ជ្រើស​រើស​វិធី​សង្គ្រោះ​សត្វ​ដែល​លោក​បាន​បង្កើត​តាម​វិធី​ផ្សេង​ទៀត​ក៏​បាន។ ប៉ុន្តែ លោក​បាន​ជ្រើស​រើស​វិធី​ដ៏​ល្អ​ដែល​រំលឹក​យើង​ថា​គោល​បំណង​ដើម​របស់​លោក គឺ​ឲ្យ​មនុស្ស​ជាតិ​ថែ​រក្សា​សត្វ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ។ (​លោកុប្បត្តិ ១:២៨​) ហេតុ​នេះ​ហើយ ឪពុក​ម្ដាយ​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ប្រើ​រឿង​អំពី​ណូអេ​ដើម្បី​បង្រៀន​កូន​ៗ​ថា ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ជីវិត​មនុស្ស​និង​សត្វ​ដែល​លោក​បាន​បង្កើត។

ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ថា នៅ​៧​ថ្ងៃ​ទៀត​នឹង​មាន​ទឹក​ជំនន់។ ក្រុម​គ្រួសារ​របស់​គាត់​ច្បាស់​ជា​ប្រញិប​ប្រញាប់​ណាស់។ សូម​ស្រមៃ​ថា​ពួក​គាត់​កំពុង​ប្រមូល​សត្វ​ទាំង​អស់ រៀបចំ​ស្បៀងអាហារ​ទុក​ឲ្យ​បាន​រៀប​រយ ហើយ​ជញ្ជូន​របស់​របរ​សម្រាប់​ប្រើប្រាស់​ចូល​ទៅ​ក្នុង​ទូក។ ប្រពន្ធ​ណូអេ​និង​កូន​ប្រសា​គាត់​ប្រហែលជា​រវល់​រៀបចំ​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ទូក​នោះ​ក្លាយ​ជា​កន្លែង​ស្រួល​រស់​នៅ។

ចុះ​យ៉ាង​ណា​មនុស្ស​ដែល​នៅ​ជុំ​វិញ​ពួក​គាត់? ពួក​គេ​នៅ​តែ​«​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ​»​ ទោះ​ជា​ពួក​គេ​ឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​ណូអេ​និង​ការ​ខំ​ព្យាយាម​របស់​គាត់​ក៏​ដោយ។ ម្យ៉ាង​ទៀត ពួក​គេ​ប្រាកដជា​ឃើញ​សត្វ​នានា​ចូល​ក្នុង​ទូក​ធំ​នោះ​ជា​មិន​ខាន ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​អើពើ។ យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​មនុស្ស​សព្វ​ថ្ងៃ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​សោះ​នឹង​ភ័ស្តុតាង​ដែល​ថា យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ​ដែរ។ ដូច​សាវ័ក​ពេត្រុស​បាន​ទាយ ពួក​អ្នក​ចំអក​នឹង​សើច​ចំអក​ឲ្យ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ព្រមាន​របស់​ព្រះ។ (​ពេត្រុសទី២ ៣:៣​-​៦​) មនុស្ស​ប្រាកដជា​បាន​សើច​ចំអក​ឲ្យ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ដូច្នោះ​ដែរ។

តើ​ពេល​ណា​ពួក​គេ​ឈប់​សើច​ចំអក? កំណត់​ហេតុ​ប្រាប់​យើង​ថា​ពេល​ណូអេ​នាំ​ក្រុម​គ្រួសារ​និង​សត្វ​ចូល​ទៅ​ក្នុង​ទូក​រួច​ហើយ ​«​ព្រះ​យេហូវ៉ា​ទ្រង់​បិទ​ទ្វារ​ទូក​ជិត​»។ បើ​មាន​ពួក​អ្នក​ចំអក​នៅ​ជិត​ទី​នោះ ពួក​គេ​ច្បាស់​ជា​និយាយ​លែង​ចេញ​ទៀត​ពេល​ព្រះ​បិទ​ទ្វារ​ទូក។ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​បាត់​មាត់​មិន​ខាន​ពេល​ភ្លៀង​ធ្លាក់​មក! ពេល​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ឥត​ឈប់​រហូត​ដល់​ទឹក​ជន់​លិច​ពិភព​លោក​ទាំង​មូល ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​មែន។—លោកុប្បត្តិ ៧:១៦​-​២១

តើ​ព្រះ​យេហូវ៉ា​រីករាយ​ឃើញ​មនុស្ស​អាក្រក់​ស្លាប់​ឬ​ទេ? អត់​ទេ! (​អេសេគាល ៣៣:១១​) ផ្ទុយ​ទៅ​វិញ លោក​បាន​ទុក​ឱកាស​យ៉ាង​ច្រើន​ដើម្បី​ឲ្យ​ពួក​គេ​កែប្រែ​របៀប​រស់​នៅ ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​វិញ។ តើ​ពួក​គេ​អាច​រួច​ជីវិត​បាន​ទេ? របៀប​រស់​នៅ​របស់​ណូអេ​ជួយ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ។ តាម​រយៈ​ការ​ដើរ​ជា​មួយ​ព្រះ​យេហូវ៉ា ដោយ​ស្ដាប់​បង្គាប់​លោក​ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​ណូអេ​បាន​បង្ហាញ​ថា​ពួក​គេ​អាច​រួច​ជីវិត​បាន។ ក្នុង​ន័យ​នេះ ជំនឿ​របស់​ណូអេ​បាន​ផ្ដន្ទា​ទោស​ពិភព​លោក​នៅ​សម័យ​របស់​គាត់ ហើយ​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​មនុស្ស​ក្នុង​ជំនាន់​គាត់​គឺ​អាក្រក់​យ៉ាង​ណា។ ជំនឿ​នេះ​បាន​ជួយ​រក្សា​ជីវិត​គាត់​និង​ក្រុម​គ្រួសារ។ ប្រសិនបើ​អ្នក​យក​តម្រាប់​តាម​ជំនឿ​របស់​ណូអេ អ្នក​ក៏​អាច​ជួយ​សង្គ្រោះ​ខ្លួន​អ្នក​និង​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដែរ។ ដូច​ណូអេ អ្នក​អាច​ដើរ​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​មិត្ត​របស់​អ្នក​បាន។ ចំណង​មិត្តភាព​នេះ​អាច​នៅ​គង់វង្ស​ជា​រៀង​រហូត!

[​កំណត់​សម្គាល់​]

a មនុស្ស​នៅ​សម័យ​មុន​មាន​អាយុ​វែង​ជាង​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​ឆ្ងាយ​ណាស់។ ពួក​គេ​មាន​អាយុ​វែង​ដោយ​សារ​ពួក​គេ​រស់​នៅ​ជិត​សម័យ​អាដាម​និង​អេវ៉ា​ដែល​ធ្លាប់​មាន​ជីវិត​ល្អ​ឥត​ខ្ចោះ​និង​មាន​កម្លាំង​ខ្លាំង។

b ឡាមេក​បាន​ដាក់​ឈ្មោះ​កូន​ប្រុស​របស់​គាត់​ថា​ណូអេ។ ឈ្មោះ​នេះ​ប្រហែលជា​មាន​ន័យ​ថា​«​កម្សាន្ត​ចិត្ត​»​ឬ​សម្រាក។ ឡាមេក​បាន​ទាយ​ថា​ណូអេ​នឹង​បំពេញ​តាម​ឈ្មោះ​នេះ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​សម្រាក​ពី​ការ​នឿយ​ហត់ ដោយ​ព្រោះ​ដី​ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​បណ្ដាសា។ (​លោកុប្បត្តិ ៥:២៨, ២៩​) ឡាមេក​បាន​ស្លាប់​មុន​ទំនាយ​នេះ​បាន​សម្រេច។

[​រូបភាព​នៅ​ទំព័រ​១២​]

[​រូបភាព​នៅ​ទំព័រ​១៣​]

ណូអេ​និង​ប្រពន្ធ​ត្រូវ​ការពារ​កូន​ៗពី​ឥទ្ធិពល​អាក្រក់

[​រូបភាព​នៅ​ទំព័រ​១៤, ១៥​]

ទោះ​ជា​មនុស្ស​ឃើញ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ណូអេ​ក្ដី ពួក​គេ​នៅ​តែ​ចំអក​ឲ្យ​គាត់​និង​មិន​ចង់​ស្ដាប់​ដំណឹង​ដែល​គាត់​ផ្សាយ​ទេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក