៨
ពួកយក្សនៅលើផែនដី
បើបុគ្គលណាម្នាក់កំពុងតែដើរឆ្ពោះមកអ្នក ហើយគាត់ខ្ពស់ស្មើនឹងពិតាននៅក្នុងផ្ទះរបស់អ្នក តើអ្នកគិតយ៉ាងណាដែរ? បុគ្គលនោះច្បាស់ជាដូចយក្សហើយ! នៅគ្រាមួយ គឺមានយក្សនៅលើផែនដីមែន។ ព្រះគម្ពីរបង្ហាញថាឪពុករបស់គេជាពួកទេវតាមកពីស្ថានសួគ៌។ ប៉ុន្តែ តើការនេះអាចកើតមានឡើងយ៉ាងដូចម្ដេចបាន?
នៅចាំទេ សាតាំងជាទេវតាអាក្រក់កំពុងតែធ្វើឲ្យមានបញ្ហា។ វាថែមទាំងព្យាយាមល្បួងទេវតារបស់ព្រះឲ្យធ្វើអាក្រក់ដែរ។ ក្រោយមក ពួកទេវតាទាំងនោះខ្លះបានចាប់ផ្ដើមស្ដាប់តាមសាតាំង។ ពួកគេបានឈប់ធ្វើកិច្ចការដែលព្រះបានឲ្យគេធ្វើនៅឯស្ថានសួគ៌។ ពួកគេបានចុះមកផែនដី ហើយបានប្រែក្រឡាខ្លួនទៅជាមនុស្ស។ តើអ្នកដឹងថា មកពីហេតុអ្វីទេ?
ព្រះគម្ពីរបានចែងថា នេះគឺពីព្រោះបុត្រារបស់ព្រះទាំងនេះបានឃើញស្ត្រីនៅលើផែនដីមានរូបស្អាតៗ ហើយបានចង់មករស់នៅជាមួយពួកគេ។ ដូច្នេះ ពួកគេបានចុះមកផែនដីហើយរៀបការជាមួយនឹងស្ត្រីទាំងអស់នោះ។ ព្រះគម្ពីរចែងថា ការធ្វើយ៉ាងនេះជាការខុស ពីព្រោះព្រះទ្រង់បានបង្កើតទេវតាឲ្យរស់នៅឯស្ថានសួគ៌។
នៅពេលដែលទេវតាទាំងនោះនិងប្រពន្ធរបស់គេមានទារក ទារកទាំងនេះមានសណ្ឋានខុសប្លែក។ ជាមុនដំបូង ពួកវាប្រហែលជាមិនខុសប្លែកប៉ុន្មានទេ។ ប៉ុន្តែ ពួកវាលូតលាស់កាន់តែធំឡើងៗ ហើយក៏រឹតតែខ្លាំងឡើងៗ រហូតទាល់តែគេបានទៅជាយក្ស។
ពួកយក្សទាំងនេះអាក្រក់ណាស់។ ហើយដោយសារតែពួកវាមានមាឌធំនិងខ្លាំងដល់ម្ល៉េះនោះ ពួកវាបានធ្វើទុក្ខទោសដល់ប្រជាជន។ ពួកវាព្យាយាមបង្ខំមនុស្សទាំងអស់ឲ្យធ្វើអាក្រក់ដូចវាដែរ។
លោកហេណុកបានស្លាប់ទៅហើយ ប៉ុន្តែឥឡូវនេះ មានបុរសម្នាក់ទៀតនៅលើផែនដីដែលជាមនុស្សដ៏ល្អ។ ឈ្មោះរបស់បុរសនេះជា ណូអេ។ គាត់តែងតែបានប្រព្រឹត្តអ្វីដែលព្រះទ្រង់មានព្រះហឫទ័យចង់ឲ្យគាត់ធ្វើជានិច្ច។
នៅថ្ងៃមួយ ព្រះទ្រង់បានមានបន្ទូលទៅលោកណូអេថា ពេលវេលាបានមកដល់ហើយដើម្បីទ្រង់នឹងកំទេចមនុស្សអាក្រក់ទាំងនេះចោល។ ប៉ុន្តែ ព្រះទ្រង់នឹងសង្គ្រោះលោកណូអេ ក្រុមគ្រួសាររបស់លោកនិងសត្វជាច្រើន។ សូមឲ្យយើងពិនិត្យមើលនូវរបៀបដែលព្រះអង្គបានសម្រេចការនេះ។