«អ្នកនឹងមានសុភមង្គលបើធ្វើការទាំងនោះ»
«អាហាររបស់ខ្ញុំ គឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យ»។—យ៉ូហាន ៤:៣៤
១. តើចិត្តគំនិតរបស់ពិភពលោកនេះដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនអាចមានឥទ្ធិពលយ៉ាងណាមកលើចិត្តរាបទាបរបស់យើង?
ហេតុអ្វីការធ្វើតាមអ្វីដែលយើងរៀនពីបណ្ដាំរបស់ព្រះគឺមិនស្រួលសម្រាប់យើង? មូលហេតុមួយគឺ យើងត្រូវមានចិត្តរាបទាបដើម្បីធ្វើអ្វីដែលត្រឹមត្រូវ។ នៅ«គ្រាចុងក្រោយបង្អស់»នេះ គឺពិបាករក្សាចិត្តរាបទាប ដោយសារមនុស្សជាច្រើននៅជុំវិញយើង«ស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតបំប៉ោង ក្រអឺតក្រទម»និង«មិនចេះទប់ចិត្ត»។ (ធីម៉ូថេទី២ ៣:១-៣) ក្នុងនាមជាអ្នកបម្រើព្រះ យើងដឹងថាការប្រព្រឹត្តបែបនេះគឺជាការខុស ប៉ុន្តែប្រហែលជាមើលទៅហាក់ដូចជាពួកអ្នកដែលប្រព្រឹត្តបែបនេះទទួលជោគជ័យនិងមានជីវិតសប្បាយរីករាយ។ (ទំនុកតម្កើង ៣៧:១; ៧៣:៣) យើងប្រហែលជាថែមទាំងឆ្ងល់ថា ‹តើការខំប្រឹងរបស់ខ្ញុំក្នុងការចាត់ទុកសេចក្ដីត្រូវការរបស់អ្នកឯទៀតថាសំខាន់ជាងសេចក្ដីត្រូវការរបស់ខ្លួន ពិតជាមានប្រយោជន៍ឬទេ? តើមនុស្សនឹងនៅតែគោរពខ្ញុំឬទេ បើខ្ញុំកាន់ចរិយាជាអ្នកតូចជាងគេ?›។ (លូកា ៩:៤៨) បើយើងឲ្យចិត្តគំនិតរបស់ពិភពលោកនេះដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនមានឥទ្ធិពលលើយើង យើងប្រហែលជានឹងបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងបងប្អូនរួមជំនឿ ហើយធ្វើឲ្យអ្នកឯទៀតពិបាកកត់សម្គាល់ថាយើងជាគ្រិស្តសាសនិកពិត។ ប៉ុន្តែ ពេលយើងសិក្សាគំរូល្អក្នុងគម្ពីរអំពីអ្នកបម្រើរបស់ព្រះដែលមានចិត្តរាបទាប ហើយធ្វើតាមគំរូទាំងនោះ យើងនឹងទទួលលទ្ធផលល្អ។
២. តើយើងអាចរៀនអ្វីពីពួកអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះនៅអតីតកាល?
២ តើអ្វីបានជួយអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះនៅសម័យមុនឲ្យធ្វើជាមិត្តសម្លាញ់របស់លោក? តើពួកគេបានធ្វើឲ្យលោកពេញចិត្តយ៉ាងដូចម្ដេច? តើពួកគេបានទទួលកម្លាំងពីណាដើម្បីធ្វើអ្វីដែលត្រឹមត្រូវ? ពេលយើងអានអំពីគំរូរបស់ពួកគេក្នុងគម្ពីរនិងរំពឹងគិតអំពីអ្វីដែលយើងអាន នោះជំនឿរបស់យើងនឹងកាន់តែរឹងមាំ។
តើអ្វីជួយយើងឲ្យរក្សាជំនឿមាំមួន?
៣, ៤. (ក) តើព្រះយេហូវ៉ាបង្រៀនយើងយ៉ាងដូចម្ដេច? (ខ) ដើម្បីរក្សាជំនឿមាំមួន ហេតុអ្វីយើងមិនគ្រាន់តែត្រូវការចំណេះប៉ុណ្ណោះ?
៣ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការដើម្បីរក្សាជំនឿរបស់យើងឲ្យរឹងមាំ។ យើងទទួលយោបល់ល្អៗនិងការបង្ហាត់បង្រៀនតាមរយៈគម្ពីរ សៀវភៅផ្សេងៗរបស់យើង គេហទំព័ររបស់យើង JWទូរទស្សន៍ កិច្ចប្រជុំ និងសន្និបាត។ ប៉ុន្តែ យោងទៅតាមប្រសាសន៍របស់លោកយេស៊ូនៅយ៉ូហាន ៤:៣៤ ការមានចំណេះប៉ុណ្ណោះគឺមិនគ្រប់គ្រាន់ទេ។ លោកបានមានប្រសាសន៍ថា៖ «អាហាររបស់ខ្ញុំ គឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យ»។
៤ សម្រាប់លោកយេស៊ូ ការធ្វើតាមបំណងប្រាថ្នារបស់ព្រះគឺប្រៀបដូចជាអាហារ។ ដូចការបរិភោគអាហារដែលមានជីវជាតិនាំឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងបំប៉នរូបកាយរបស់យើង នោះការធ្វើតាមបំណងប្រាថ្នារបស់ព្រះនាំឲ្យយើងសប្បាយចិត្ត និងពង្រឹងជំនឿរបស់យើង។ ជាឧទាហរណ៍ តើអ្នកធ្លាប់ចូលរួមក្រុមផ្សព្វផ្សាយទាំងអស់កម្លាំង ប៉ុន្តែពេលត្រឡប់មកផ្ទះវិញក្រោយពីផ្សព្វផ្សាយ មានកម្លាំងចិត្តឡើងវិញនិងសប្បាយចិត្តឬទេ?
៥. តើយើងទទួលប្រយោជន៍យ៉ាងណាពេលយើងមានប្រាជ្ញា?
៥ យើងមានប្រាជ្ញាពេលយើងធ្វើតាមអ្វីដែលព្រះយេហូវ៉ាសុំយើងឲ្យធ្វើ។ (ទំនុកតម្កើង ១០៧:៤៣) ម្យ៉ាងទៀត អ្វីល្អៗជាច្រើនកើតឡើងចំពោះពួកអ្នកដែលមានប្រាជ្ញា។ «ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បានដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ . . . ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណាដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ក៏សប្បាយហើយ»។ (សុភាសិត ៣:១៣-១៨) លោកយេស៊ូបានមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាដឹងការទាំងនេះហើយ អ្នកនឹងមានសុភមង្គលបើធ្វើការទាំងនោះ»។ (យ៉ូហាន ១៣:១៧) ពួកអ្នកកាន់តាមលោកយេស៊ូនឹងមានសុភមង្គល ដរាបណាពួកគេបន្តធ្វើអ្វីដែលលោកយេស៊ូបានប្រាប់ពួកគេឲ្យធ្វើ។ ជីវិតរបស់ពួកគេបានផ្ដោតទៅលើការធ្វើតាមសេចក្ដីបង្រៀននិងគំរូរបស់លោក។
៦. ហេតុអ្វីយើងត្រូវបន្តធ្វើតាមអ្វីដែលយើងបានរៀន?
៦ នៅសព្វថ្ងៃនេះដែរ យើងក៏ត្រូវបន្តធ្វើតាមអ្វីដែលយើងរៀន។ សូមគិតអំពីជាងម៉ូតូម្នាក់ដែលមានចំណេះផ្នែកម៉ូតូ ព្រមទាំងឧបករណ៍និងគ្រឿងម៉ូតូ។ គាត់ត្រូវប្រើអ្វីៗទាំងនេះ ដើម្បីទៅជាអ្នកដែលមានជំនាញខាងជួសជុល។ ម្យ៉ាងទៀត ទោះជាគាត់ប្រហែលជាមានបទពិសោធន៍អស់ជាច្រើនឆ្នាំក្ដី គាត់ត្រូវបន្តធ្វើតាមចំណេះរបស់គាត់ បើគាត់នៅតែចង់ធ្វើជាជាងម៉ូតូដ៏ពូកែ។ ស្រដៀងគ្នាដែរ ពេលយើងបានរៀនសេចក្ដីពិតដំបូង យើងសប្បាយចិត្តដោយសារយើងបានធ្វើតាមអ្វីដែលយើងបានអានក្នុងគម្ពីរ។ ប៉ុន្តែ ដើម្បីបន្តមានសុភមង្គល យើងត្រូវបន្តអនុវត្តជារៀងរាល់ថ្ងៃនូវអ្វីដែលព្រះយេហូវ៉ាបង្រៀនយើង។
៧. តើយើងត្រូវធ្វើអ្វីដើម្បីរៀនពីគំរូក្នុងគម្ពីរ?
៧ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីស្ថានភាពខ្លះដែលអាចធ្វើឲ្យយើងពិបាករក្សាចិត្តរាបទាប។ យើងក៏នឹងពិចារណាដែរអំពីរបៀបដែលអ្នកបម្រើស្មោះត្រង់នៅអតីតកាលបានរក្សាចិត្តរាបទាប។ ប៉ុន្តែ យើងមិនគ្រាន់តែត្រូវអានព័ត៌មាននេះប៉ុណ្ណោះទេ។ យើងត្រូវរំពឹងគិតអំពីព័ត៌មាននេះ ហើយបន្ទាប់មកអនុវត្តក្នុងជីវិតរបស់យើង។
ចូរចាត់ទុកអ្នកឯទៀតថាស្មើនឹងខ្លួន
៨, ៩. តើយើងរៀនអ្វីអំពីចិត្តរាបទាបរបស់ប៉ូលនៅសកម្មភាព ១៤:៨-១៥? (សូមមើលរូបភាពនៅដើមអត្ថបទ)
៨ ព្រះចង់ឲ្យមនុស្សគ្រប់ប្រភេទ«ទទួលសេចក្ដីសង្គ្រោះ ហើយមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) តើអ្នកមានទស្សនៈយ៉ាងណាចំពោះមនុស្សដែលមិនទាន់បានរៀនសេចក្ដីពិត? សាវ័កប៉ូលបានផ្សព្វផ្សាយដល់ជនជាតិយូដាដែលបានស្គាល់ព័ត៌មានខ្លះៗអំពីព្រះយេហូវ៉ា។ ប៉ុន្តែ គាត់ក៏បានផ្សព្វផ្សាយដល់ពួកអ្នកដែលគោរពបូជាព្រះមិនពិតដែរ។ ការផ្សព្វផ្សាយដល់ពួកគេបានសាកល្បងចិត្តរាបទាបរបស់ប៉ូល។ តើតាមរបៀបណា?
៩ ក្នុងអំឡុងដំណើរលើកទី១របស់ប៉ូលជាសាសនទូត គាត់និងបាណាបាសបានទៅក្រុងលីស្ដ្រាជាមួយគ្នា។ មនុស្សដែលរស់នៅក្រុងនោះក្នុងតំបន់លីកៅនា បានប្រព្រឹត្តទៅលើប៉ូលនិងបាណាបាសដូចជាពួកគាត់ជាវីរបុរស ហើយបានហៅពួកគាត់តាមឈ្មោះរបស់ព្រះមិនពិតដែលពួកគេគោរពបូជា ពោលគឺព្រះសឺសនិងព្រះហ៊ើមេស។ តើប៉ូលនិងបាណាបាសរំភើបចិត្តពេលទទួលការលើកតម្កើងនេះឬទេ? តើពួកគាត់បានគិតថានេះគឺល្អ ហើយក៏ប្លែកពីការបៀតបៀនដែលពួកគាត់បានទទួលនៅក្រុងពីរដែលពួកគាត់បានទៅមុនក្រុងលីស្ដ្រាឬទេ? តើពួកគាត់បានគិតថាការចាប់អារម្មណ៍ពីមនុស្សទាំងនោះនឹងជួយមនុស្សជាច្រើនទៀតឲ្យឮដំណឹងល្អឬទេ? មិនមែនទេ! ពួកគាត់មិនពេញចិត្តឡើយ ហើយបានស្រែកឡើងថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងធ្វើដូច្នេះ? យើងជាមនុស្សជាតិធម្មតាដូចអ្នករាល់គ្នាដែរ»។—សកម្មភាព ១៤:៨-១៥
១០. ហេតុអ្វីប៉ូលនិងបាណាបាសមិនបានគិតថាពួកគាត់ប្រសើរជាងពួកអ្នកដែលរស់នៅតំបន់លីកៅនា?
១០ ពេលប៉ូលនិងបាណាបាសបាននិយាយថាពួកគាត់ក៏ជាមនុស្សជាតិធម្មតាដែរ ពួកគាត់ចង់មានន័យថាពួកគាត់ជាមនុស្សមិនល្អឥតខ្ចោះ។ ពាក្យរបស់ពួកគាត់មិនមានន័យថាការគោរពប្រណិប័តន៍របស់ពួកគាត់គឺដូចគ្នានឹងការគោរពប្រណិប័តន៍របស់ពួកអ្នកដែលនៅតំបន់លីកៅនាទេ។ ព្រះបានចាត់ប៉ូលនិងបាណាបាសឲ្យធ្វើជាសាសនទូត។ (សកម្មភាព ១៣:២) ពួកគាត់បានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធ ហើយមានសេចក្ដីសង្ឃឹមមួយដ៏អស្ចារ្យ។ ទោះជាយ៉ាងនោះក៏ដោយ គ្មានហេតុឲ្យពួកគាត់មានអារម្មណ៍ថាខ្លួនប្រសើរជាងអ្នកឯទៀតឡើយ។ ពួកគាត់បានទទួលស្គាល់ថាបើមនុស្សទាំងនោះទទួលយកដំណឹងល្អ ពួកគេក៏អាចមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដែរ។
១១. ពេលយើងផ្សព្វផ្សាយ តើយើងអាចមានចិត្តរាបទាបដូចប៉ូលយ៉ាងដូចម្ដេច?
១១ យើងអាចឃើញពីកំណត់ហេតុនេះអំពីរបៀបមួយដែលយើងអាចបង្ហាញថាយើងមានចិត្តរាបទាបដូចប៉ូល។ យើងមិនគិតសោះថាភារកិច្ចផ្សព្វផ្សាយដែលយើងបានទទួល ឬកិច្ចការដែលព្រះយេហូវ៉ាបានជួយយើងឲ្យសម្រេច ធ្វើឲ្យយើងជាមនុស្សពិសេសទេ។ យើងអាចសួរខ្លួនយើងថា ‹តើខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកដែលនៅតំបន់ផ្សាយរបស់ខ្ញុំ? តើខ្ញុំរើសអើងចំពោះក្រុមមនុស្សខ្លះឬទេ?›។ នៅទូទាំងពិភពលោក សាក្សីព្រះយេហូវ៉ាព្យាយាមស្វែងរកពួកអ្នកដែលចង់ស្ដាប់ដំណឹងល្អ។ បងប្អូនខ្លះថែមទាំងព្យាយាមរៀនភាសា ឬវប្បធម៌របស់ពួកអ្នកដែលមនុស្សឯទៀតមើលងាយ។ ប៉ុន្តែ បងប្អូនទាំងនោះមិនគិតទាល់តែសោះថាពួកគេគឺប្រសើរជាងមនុស្សក្នុងតំបន់ផ្សាយ។ ផ្ទុយទៅវិញ ពួកគេព្យាយាមយល់អំពីគំនិតនិងអារម្មណ៍របស់បុគ្គលម្នាក់ៗ ដើម្បីជួយមនុស្សយ៉ាងច្រើនបំផុតឲ្យទទួលយកដំណឹងល្អអំពីរាជាណាចក្រ។
ចូរអធិដ្ឋានអំពីអ្នកឯទៀតដោយប្រើឈ្មោះរបស់ពួកគេផ្ទាល់
១២. តើអេប៉ាប្រាសបានបង្ហាញយ៉ាងណាថាគាត់យកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀត?
១២ របៀបមួយទៀតដែលយើងបង្ហាញថាយើងមានចិត្តរាបទាបគឺដោយអធិដ្ឋានអំពីបងប្អូនរបស់យើង ដែលបានទទួលរួចហើយនូវ«ជំនឿដែលមានកិត្ដិយសស្មើនឹងជំនឿរបស់យើង»។ (ពេត្រុសទី២ ១:១) អេប៉ាប្រាសបានធ្វើដូច្នេះ។ គម្ពីររៀបរាប់អំពីគាត់តែបីដងប៉ុណ្ណោះ។ ពេលប៉ូលបានជាប់ឃុំក្នុងផ្ទះរបស់គាត់នៅក្រុងរ៉ូម គាត់បានសរសេរទៅកាន់គ្រិស្តសាសនិកនៅក្រុងកូឡុសអំពីអេប៉ាប្រាសថា៖ «គាត់តែងតែខំប្រឹងព្យាយាមអធិដ្ឋានដើម្បីអ្នករាល់គ្នា»។ (កូឡុស ៤:១២) អេប៉ាប្រាសស្គាល់បងប្អូនច្បាស់ ហើយគាត់យកចិត្តទុកដាក់ចំពោះពួកគេយ៉ាងខ្លាំង។ ប៉ូលបានហៅគាត់ថា «ជាអ្នកជាប់គុកជាមួយនឹងខ្ញុំ» ដូច្នេះយើងអាចយល់បានថាអេប៉ាប្រាសក៏មានបញ្ហាផ្ទាល់ខ្លួនដែរ។ (ភីលេម៉ូន ២៣) ប៉ុន្តែ គាត់នៅតែយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់អ្នកឯទៀត ហើយគាត់បានធ្វើអ្វីមួយដើម្បីជួយពួកគេ។ អេប៉ាប្រាសបានអធិដ្ឋានអំពីបងប្អូនរបស់គាត់ ហើយយើងក៏អាចធ្វើដូច្នេះដែរ។ យើងថែមទាំងអាចលើកឈ្មោះរបស់ពួកគេទៀតផង។ សេចក្ដីអធិដ្ឋានបែបនេះមានប្រសិទ្ធភាពខ្លាំងណាស់។—កូរិនថូសទី២ ១:១១; យ៉ាកុប ៥:១៦
១៣. តើអ្នកអាចធ្វើតាមគំរូរបស់អេប៉ាប្រាសយ៉ាងដូចម្ដេចពេលអ្នកអធិដ្ឋាន?
១៣ សូមគិតអំពីឈ្មោះរបស់បុគ្គលណាម្នាក់ដែលអ្នកអាចលើកឡើងក្នុងសេចក្ដីអធិដ្ឋានរបស់អ្នក។ ប្រហែលជាអ្នកដឹងអំពីបងប្អូនក្នុងក្រុមជំនុំឬក្រុមគ្រួសារណាមួយដែលកំពុងមានការពិបាក។ ប្រហែលជាពួកគេត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកឬតយុទ្ធនឹងសេចក្ដីល្បួង។ អ្នកក៏អាចអធិដ្ឋានអំពីបងប្អូនដែលមានឈ្មោះនៅគេហទំព័រjw.orgជាភាសាអង់គ្លេស។ (សូមចុចNEWSROOM ▸ LEGAL DEVELOPMENTS បន្ទាប់មក សូមមើលអត្ថបទដែលមានចំណងជើងថា «Jehovah’s Witnesses Imprisoned for Their Faith»)។ អ្នកក៏អាចអធិដ្ឋានអំពីបងប្អូនដែលបានបាត់បង់បុគ្គលជាទីស្រឡាញ់ក្នុងសេចក្ដីស្លាប់ បងប្អូនដែលមានបញ្ហាខាងលុយកាក់ ហើយបងប្អូនដែលបានរួចផុតពីគ្រោះមហន្តរាយឬសង្គ្រាមនៅពេលថ្មីៗនេះ។ មានបងប្អូនជាច្រើននាក់ដែលត្រូវការសេចក្ដីអធិដ្ឋានរបស់យើង។ ពេលយើងអធិដ្ឋានអំពីពួកគេ យើងបង្ហាញថាយើងមិនគិតតែអំពីសេចក្ដីត្រូវការរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគិតអំពីសេចក្ដីត្រូវការរបស់អ្នកឯទៀត។ (ភីលីព ២:៤) ព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានដូចនេះ។
‹ចូររហ័សស្ដាប់›
១៤. ហេតុអ្វីព្រះយេហូវ៉ាជាបុគ្គលដែលពូកែស្ដាប់ជាងគេ?
១៤ របៀបមួយទៀតដែលយើងបង្ហាញថាយើងមានចិត្តរាបទាបគឺដោយស្ដាប់អ្នកឯទៀតយ៉ាងយកចិត្តទុកដាក់។ យ៉ាកុប ១:១៩ប្រាប់ថាយើង«ត្រូវរហ័សស្ដាប់»។ ព្រះយេហូវ៉ាជាអ្នកស្ដាប់ដ៏ល្អបំផុត។ (លោកុប្បត្តិ ១៨:៣២; យ៉ូស្វេ ១០:១៤) ជាឧទាហរណ៍ សូមអានការសន្ទនាដែលបានត្រូវកត់ទុកនៅនិក្ខមនំ ៣២:១១-១៤។ (សូមអាន) ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យម៉ូសេប្រាប់លោកអំពីទស្សនៈរបស់គាត់ ទោះជាលោកមិនចាំបាច់ធ្វើដូច្នេះក៏ដោយ។ បើអ្នកស្ថិតនៅក្នុងស្ថានភាពដែលស្រដៀងនឹងនេះ តើអ្នកនឹងស្ដាប់យ៉ាងអត់ធ្មត់នូវអ្វីដែលបុគ្គលណាម្នាក់ដែលធ្លាប់មានការយល់ដឹងខុសកំពុងនិយាយ ហើយធ្វើតាមយោបល់នោះឬទេ? ប្រហែលជាអ្នកមិនងាយធ្វើដូច្នេះទេ។ ប៉ុន្តែដោយចិត្តអត់ធ្មត់ ព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានរបស់អស់អ្នកដែលអធិដ្ឋានដោយជំនឿ។
១៥. ក្នុងការលើកកិត្ដិយសអ្នកឯទៀត តើយើងអាចយកតម្រាប់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៥ សូមសួរខ្លួនអ្នកថា ‹ព្រះយេហូវ៉ាមានចិត្តរាបទាបខ្លាំងដល់ម្ល៉េះបានជាលោកស្ដាប់អាប្រាហាំ រ៉ាជែល ម៉ូសេ យ៉ូស្វេ ម៉ាណូអា អេលីយ៉ា និងហេសេគា ចុះខ្ញុំវិញ ខ្ញុំគួរតែធ្វើដូចលោកដែរ មែនទេ? តើខ្ញុំអាចលើកកិត្ដិយសបងប្អូនរួមជំនឿទាំងអស់ដោយស្ដាប់យោបល់របស់ពួកគេ ហើយធ្វើតាមពេលដែលអាចធ្វើបានឬទេ? តើមានបងប្អូនណាម្នាក់ក្នុងក្រុមជំនុំ ឬក្នុងក្រុមគ្រួសាររបស់ខ្ញុំដែលខ្ញុំអាចបង្ហាញការយកចិត្តទុកដាក់ច្រើនជាងឬទេ? តើខ្ញុំនឹងចាត់វិធានការអ្វី?›។—លោកុប្បត្តិ ៣០:៦; ពួកចៅហ្វាយ ១៣:៩; ពង្សាវតារក្សត្រទី១ ១៧:២២; របាក្សត្រទី២ ៣០:២០
«ប្រហែលជាព្រះយេហូវ៉ា ទ្រង់នឹងទតមើលសេចក្ដីវេទនារបស់យើង»
ដាវីឌមិនបានបញ្ឈប់ស៊ីម៉ាយពីការជេរប្រមាថគាត់ទេ។ បើអ្នកស្ថិតនៅក្នុងស្ថានភាពនោះ តើអ្នកនឹងធ្វើអ្វី? (សូមមើលវគ្គ១៦, ១៧)
១៦. ពេលស៊ីម៉ាយបានប្រព្រឹត្តអាក្រក់មកលើស្តេចដាវីឌ តើដាវីឌមានប្រតិកម្មយ៉ាងណា?
១៦ ចិត្តរាបទាបក៏ជួយយើងឲ្យចេះទប់ចិត្តពេលអ្នកឯទៀតប្រព្រឹត្តអាក្រក់មកលើយើង។ (អេភេសូរ ៤:២) យើងអាចឃើញគំរូដ៏ល្អប្រសើរមួយអំពីរឿងនេះនៅសាំយូអែលទី២ ១៦:៥-១៣។ (សូមអាន) ស៊ីម៉ាយដែលជាសាច់ញាតិរបស់ស្តេចសុលបានជេរប្រមាថនិងវាយប្រហារដាវីឌនិងអ្នកបម្រើរបស់គាត់។ ដាវីឌអាចបញ្ឈប់ស៊ីម៉ាយបាន តែគាត់បានស៊ូទ្រាំដោយចិត្តអត់ធ្មត់នូវការជេរប្រមាថរបស់ស៊ីម៉ាយ។ ហេតុអ្វីដាវីឌអាចទប់ចិត្តបាន? ដើម្បីដឹងចម្លើយ យើងអាចពិចារណាទំនុកតម្កើង ទំនុកទី៣។
១៧. តើអ្វីបានជួយដាវីឌឲ្យចេះទប់ចិត្ត ហើយតើយើងអាចយកតម្រាប់គាត់យ៉ាងដូចម្ដេច?
១៧ ដាវីឌបានសរសេរទំនុកតម្កើង ទំនុកទី៣ពេលអាប់សាឡំមដែលជាកូនប្រុសរបស់គាត់ចង់សម្លាប់គាត់។ គឺក្នុងអំឡុងគ្រានោះដែលស៊ីម៉ាយបានវាយប្រហារដាវីឌ ប៉ុន្តែដាវីឌបានរក្សាចិត្តស្ងប់។ ហេតុអ្វីគាត់អាចធ្វើដូច្នេះ? ពាក្យរបស់ដាវីឌនៅទំនុកតម្កើង ៣:៤ចែងថា៖ «ខ្ញុំឡើងសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ទ្រង់ក៏ឆ្លើយតបមកខ្ញុំពីលើភ្នំបរិសុទ្ធរបស់ទ្រង់»។ ពេលអ្នកឯទៀតប្រព្រឹត្តអាក្រក់មកលើយើង យើងត្រូវអធិដ្ឋានដូចដែលដាវីឌបានធ្វើ។ យ៉ាងនេះ ព្រះយេហូវ៉ានឹងផ្ដល់ឲ្យយើងនូវសកម្មពលបរិសុទ្ធរបស់លោកដើម្បីឲ្យយើងស៊ូទ្រាំ។ តើអ្នកអាចគិតអំពីស្ថានភាពណាខ្លះដែលអ្នកត្រូវរៀនឲ្យចេះទប់ចិត្តច្រើនជាង ឬកាន់តែចេះអភ័យទោសឲ្យបុគ្គលណាម្នាក់ពេលគាត់ប្រព្រឹត្តមិនល្អមកលើអ្នក? តើអ្នកមានទំនុកចិត្តថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអ្នកយ៉ាងខ្លាំងពេលអ្នកមានទុក្ខលំបាក ហើយថាលោកនឹងជួយអ្នកព្រមទាំងឲ្យពរអ្នកឬទេ?
«ប្រាជ្ញាជាសំខាន់លេខ១»
១៨. តើយើងនឹងទទួលប្រយោជន៍អ្វីពីការធ្វើតាមការណែនាំពីព្រះយេហូវ៉ា?
១៨ ពេលយើងធ្វើអ្វីដែលយើងដឹងថាគឺត្រឹមត្រូវ ព្រះយេហូវ៉ានឹងឲ្យពរយើង។ សុភាសិត ៤:៧ចែងថា៖ «ប្រាជ្ញាជាសំខាន់លេខ១»។ ទោះជាប្រាជ្ញាមានមូលដ្ឋានលើចំណេះក្ដី ប្រាជ្ញាមិនគ្រាន់តែជាការយល់នូវអ្វីៗដែលជាការពិតទេ។ ប្រាជ្ញាជាប់ទាក់ទងនឹងការសម្រេចចិត្តរបស់យើង។ ជាឧទាហរណ៍ សូម្បីតែសត្វស្រមោចក៏បង្ហាញថាវាមានប្រាជ្ញា ដោយចេះប្រមូលទុកអាហារសម្រាប់រដូវរងា។ (សុភាសិត ៣០:២៤, ២៥) គ្រិស្តដែលបានត្រូវហៅថា «ប្រាជ្ញារបស់ព្រះ» តែងតែធ្វើអ្វីដែលនាំឲ្យបិតារបស់លោកពេញចិត្ត។ (កូរិនថូសទី១ ១:២៤; យ៉ូហាន ៨:២៩) ពេលដែលយើងបង្ហាញប្រាជ្ញាដូចលោកយេស៊ូដោយសម្រេចចិត្តធ្វើអ្វីដែលយើងដឹងថាគឺត្រឹមត្រូវ ហើយដោយរក្សាចិត្តរាបទាប នោះព្រះនឹងឲ្យពរយើង។ (សូមអាន ម៉ាថាយ ៧:២១-២៣) ដូច្នេះ សូមបន្តខំព្យាយាមឲ្យមានចិត្តរាបទាប។ បើអ្នកធ្វើដូច្នេះ អ្នកនឹងលើកទឹកចិត្តអ្នកឯទៀតក្នុងក្រុមជំនុំឲ្យបម្រើព្រះយេហូវ៉ាដោយចិត្តរាបទាបដែរ។ ការធ្វើតាមអ្វីដែលយើងដឹងថាគឺជាការត្រឹមត្រូវ គឺត្រូវការពេលវេលានិងចិត្តអត់ធ្មត់។ ប៉ុន្តែការធ្វើដូច្នេះ បង្ហាញថាយើងមានចិត្តរាបទាប ហើយចិត្តរាបទាបនាំឲ្យយើងសប្បាយនៅឥឡូវនេះនិងជារៀងរហូត។