ការឧទ្ទិសថ្វាយខ្លួន—ជូនចំពោះអ្នកណា?
«យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលមក ហើយនឹងស្ដាប់បង្គាប់គ្រប់ចំពូកផង»។—និក្ខមនំ ២៤:៧
១, ២. (ក) តើមនុស្សខ្លះបានបូជាខ្លួនចំពោះអ្វី? (ខ) តើការឧទ្ទិសថ្វាយខ្លួនមានតែដល់ពួកអ្នកដែលទាក់ទងនឹងសាសនាប៉ុណ្ណោះឬ?
នៅខែកុម្ភៈ ក្នុងឆ្នាំ១៩៤៥ ពួកអ្នកបើកយន្តហោះទាហានឈ្មោះសៀរ៉ូ-ហ្វៃធើរនៃកងអង្គទ័ពយ៉ាថាបនៃប្រទេសជប៉ុន ត្រូវបានគេហៅឲ្យមកប្រជុំក្នុងសវនដ្ឋានមួយ។ អ្នកបើកយន្តហោះម្នាក់ៗត្រូវបានគេឲ្យក្រដាសមួយសន្លឹកឲ្យសរសេរ ថាតើគាត់នឹងស្ម័គ្រចិត្តចូលធ្វើជាសមាជិកក្នុងកងកម្លាំងទ័ពប្រយុទ្ធនៃខាមិខាស៊េឬទេ។ ទាហានម្នាក់ដែលមានវត្តមាននៅពេលនោះ មានប្រសាសន៍ថា៖ «ខ្ញុំបានជឿជាក់យ៉ាងខ្លាំងថា នេះជាមុខនាទីរបស់ខ្ញុំក្នុងការបូជាខ្លួន នៅពេលប្រទេសមានវិបត្ដិភ័យ ចិត្តរបស់ខ្ញុំបានជំរុញខ្ញុំឲ្យស្ម័គ្រចិត្តចូលធ្វើកិច្ចការនេះ»។ គេត្រូវបានបង្ហាត់គាត់ឲ្យប្រើនិងបើកយន្តហោះអុកកា (ជាយន្តហោះរ៉ុកកែតសម្លាប់ខ្លួន) ដោយបើកបុកនាវាសង្គ្រាមនៃពួកសត្រូវ។ ប៉ុន្តែ សង្គ្រាមបានចប់មុននឹងគាត់មានឱកាសក្នុងការបំពេញមុខនាទីនេះ ដើម្បីនឹងស្លាប់សំរាប់ប្រទេសនិងអធិរាជរបស់គាត់។ នៅពេលដែលប្រទេសជប៉ុនបានចាញ់សង្គ្រាមនោះ ជំនឿរបស់គាត់ចំពោះអធិរាជក៏បានសាបសូន្យអស់ទៅ។
២ ក្នុងប្រទេសជប៉ុននៅពេលមុនៗ មនុស្សជាច្រើននាក់មានចិត្តភក្ដីនឹងអធិរាជ ដែលគេជឿថាជាព្រះដែលមានជីវិតរស់នៅ។ នៅក្នុងប្រទេសផ្សេងៗទៀត ក៏មានកម្មវត្ថុនៃការថ្វាយបង្គំជាច្រើនទៀតដែរ។ មនុស្សរាប់លាននាក់ថ្វាយបង្គំដល់នាងម៉ារា ព្រះពុទ្ធ និងព្រះផ្សេងៗទៀត—ដែលតែងតែបានតំណាងមកដោយរូបសំណាក។ ដោយសារតែទីកន្លែងអធិស្ឋានមានឥទ្ធិពលទៅលើគេដ៏ខ្លាំងនោះ មនុស្សខ្លះបានឲ្យប្រាក់ដែលគេខំរកស៊ីទៅពួកអ្នកផ្សាយតាមទូរទស្សន៍ ដោយគាំទ្រអស់ពីចិត្តដែលស្មើនឹងការឧទ្ទិសថ្វាយដែរ។ ក្រោយពីសង្គ្រាម ជនជាតិជប៉ុនដែលមានការខកចិត្ត ក៏ស្វែងរកកម្មវត្ថុថ្មីមួយទៀត ដែលគេអាចឧទ្ទិសថ្វាយជីវិតរបស់គេ។ ចំពោះអ្នកខ្លះ ការងារក៏បានទៅជាកម្មវត្ថុមួយ។ មិនថានៅអាស៊ីឬនៅបស្ចិមប្រទេសក្ដី មនុស្សជាច្រើនឧទ្ទិសថ្វាយខ្លួនគេក្នុងការប្រមូលភោគទ្រព្យ។ ក្មេងៗជាច្រើនបានយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងពួកអ្នកតន្ត្រី ដោយយកតម្រាប់តាមបែបលំនាំក្នុងការរស់នៅរបស់គេ។ មនុស្សភាគច្រើននៅសព្វថ្ងៃនេះ បានទៅជាអ្នកថ្វាយបង្គំដល់អាត្មា ដោយយកសេចក្ដីប្រាថ្នារបស់គេទុកជាកម្មវត្ថុនៃការថ្វាយបង្គំ។ (ភីលីព ៣:១៩; ធីម៉ូថេទី២ ៣:២) ប៉ុន្តែ តើរបស់ឬមនុស្សបែបនេះ ពិតជាមានតម្លៃក្នុងការសម្ដែងភក្ដីភាពឲ្យអស់ពីចិត្តនៃបុគ្គលណាម្នាក់ទេ?
៣. តើតាមរបៀបណាដែលកម្មវត្ថុនៃការថ្វាយបង្គំខ្លះ បានបង្ហាញភស្តុតាងថាជាការឥតប្រយោជន៍នោះ?
៣ នៅពេលដែលជួបប្រទះនឹងហេតុការណ៍ដែលមានមែនទែននោះ ពួកអ្នកថ្វាយបង្គំរូបព្រះតែងតែបានស្រងាកចិត្តយ៉ាងខ្លាំងទៅវិញ។ ការថ្វាយបង្គំរូបព្រះធ្វើឲ្យគេមានចិត្តអន្ទះអន្ទែង នៅពេលដែលពួកអ្នកថ្វាយបង្គំដឹងថា រូបព្រះរបស់គេគឺគ្រាន់តែជា«ស្នាដៃដែលមនុស្សធ្វើ»ប៉ុណ្ណោះ។ (ទំនុកដំកើង ១១៥:៤) នៅពេលដែលរឿងអាស្រូវទាក់ទិនពួកផ្សាយធំដុំបានលាតត្រដាងឲ្យឃើញនោះ មនុស្សដែលមានចិត្តស្មោះមានអារម្មណ៍ស្រងាកចិត្តណាស់។ នៅពេលដែល«សេដ្ឋកិច្ចដែលគ្មានភាពស្ថិតស្ថេរ»បានផ្ទុះឡើង ពួកអ្នកធ្វើការបានពិសោធនឹងការខូចសតិបញ្ញា កាលដែលគេត្រូវបានបញ្ឈប់ឲ្យលែងធ្វើការ។ ដំណើរមិនចំរើនទៅមុខខាងសេដ្ឋកិច្ចនៅពេលថ្មីៗនេះ ធ្វើឲ្យមានខកការយ៉ាងខ្លាំងដល់ពួកអ្នកថ្វាយបង្គំទ្រព្យសម្បត្ដិ។ មនុស្សជាច្រើនបានជាប់បំណុលច្រើនណាស់ ពីព្រោះការសង្ឃឹមរកប្រាក់ឲ្យបានច្រើនក្លាយទៅជាបន្ទុកទៅវិញ ដែលធ្វើឲ្យគេគ្មានសង្ឃឹមនឹងសងបំណុលនោះវិញបានឡើយ។ (ម៉ាថាយ ៦:២៤) នៅពេលដែលពួកតួឯកចំរៀងនិងអ្នកកំសាន្តណាមួយស្លាប់ទៅ ឬលែងមានប្រជាប្រិយនោះ ពួកអ្នកថ្វាយបង្គំរបស់គេតែងតែត្រូវបានលះបង់ចោល។ ហើយអស់អ្នកដែលប្រកបជីវិតដោយការបំពេញចិត្តអាត្មានោះ តែងតែបានផលដ៏ជូរចត់ទៅវិញ។—កាឡាទី ៦:៧
៤. តើអ្វីដែលបណ្ដាលឲ្យមនុស្សឧទ្ទិសថ្វាយខ្លួនគេដល់របស់ដែលគ្មានប្រយោជន៍នោះ?
៤ តើអ្វីដែលបណ្ដាលឲ្យមនុស្សឧទ្ទិសថ្វាយខ្លួនគេដល់របស់ឥតប្រយោជន៍បែបនេះ? នេះគឺដោយសាវិញ្ញាណរបស់លោកីយ៍ ដែលនៅក្រោមអំណាចអារក្សសាតាំង។ (អេភេសូរ ២:២, ៣) អានុភាពនៃវិញ្ញាណនេះបានឃើញឡើង តាមរបៀបផ្សេងៗជាច្រើន។ បុគ្គលណាម្នាក់ប្រហែលជានៅក្រោមកណ្ដាប់ដៃនៃទំនៀមទំលាប់របស់គ្រួសារ ដែលបានបន្តពីជីដូនជីតារបស់គាត់។ វិជ្ជាកោសល្យនិងការអប់រំ ក៏ប្រហែលជាមានអានុភាពយ៉ាងខ្លាំងចំពោះគំនិតរបស់គេដែរ។ បរិយាការនៃកន្លែងធ្វើការអាចជំរុញ«អ្នកខ្នះខ្នែងធ្វើការ»ឲ្យធ្វើដ៏យូរពេល ដែលអាចបៀតបៀនដល់ជីវិតទៀតផង។ សេចក្ដីប្រាថ្នាចង់បានហួសហេតុ គឺបានចាប់កំណើតពីអាកប្បកិរិយាខាងវត្ថុនិយមនៃលោកីយ៍នេះ។ ចិត្តរបស់មនុស្សជាច្រើនបានពុករលួយ ដែលជំរុញពួកគេឲ្យបូជាខ្លួនដល់តណ្ហាអាត្មានិយមរបស់គេ។ ពួកគេមិនបានពិនិត្យមើលថាតើ កម្មវត្ថុនៃការថ្វាយបង្គំទាំងនេះសមនឹងទទួលភក្ដីភាពឬក៏មិនសមទេ។
សាសន៍ដែលបានឧទ្ទិសថ្វាយខ្លួន
៥. តើការឧទ្ទិសថ្វាយអ្វីដែលបានប្រព្រឹត្តឡើងជូនព្រះយេហូវ៉ា ជាង៣.៥០០ឆ្នាំកន្លងទៅនេះ?
៥ ជាង៣.៥០០ឆ្នាំកន្លងទៅនេះ ប្រជារាស្ត្រនៃសាសន៍មួយបានស្វែងរកឃើញនូវកម្មវត្ថុនៃការថ្វាយបង្គំ។ ពួកគេបានឧទ្ទិសថ្វាយខ្លួនជូនព្រះមហាក្សត្រ គឺព្រះយេហូវ៉ា។ ជាក្រុមមួយ សាសន៍អ៊ីស្រាអែលប្រកាសការឧទ្ទិសថ្វាយព្រះក្នុងទីរហោស្ថាននៃភ្នំស៊ីណាយ។
៦. តើអ្វីជាសារៈសំខាន់នៃព្រះនាមរបស់ព្រះចំពោះពួកអ៊ីស្រាអែល?
៦ តើអ្វីដែលបានបណ្ដាលឲ្យពួកអ៊ីស្រាអែលប្រព្រឹត្តបែបនេះ? នៅពេលដែលពួកគេជាទាសភាពក្នុងប្រទេសអេស៊ីប ព្រះយេហូវ៉ាបានបញ្ជាឲ្យលោកម៉ូសេទៅដឹកនាំពួកគេ ដើម្បីឲ្យបានទទួលសេរីភាព។ លោកម៉ូសេបានទូលសួរនូវរបៀបដែលលោកត្រូវរៀបរាប់អំពីព្រះដែលចាត់លោកមក ហើយព្រះបានមានបន្ទូលប្រាប់ថា«អញនឹងសម្ដែងឲ្យឃើញនូវអ្វីដែលអញនឹងសម្ដែងមក»។ ទ្រង់បានបង្គាប់លោកម៉ូសេឲ្យនិយាយដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា»។ (និក្ខមនំ ៣:១៣, ១៤, ព.ថ.) ការសម្ដែងនេះបានចង្អុលប្រាប់ថា ព្រះយេហូវ៉ានឹងអាចទៅជាអ្វីតាមតែទ្រង់សព្វព្រះហឫទ័យ ដើម្បីនឹងបំពេញគោលបំណងរបស់ទ្រង់។ ទ្រង់នឹងសម្ដែងឲ្យឃើញអង្គទ្រង់ជាអ្នកបំពេញនៃកិច្ចសន្យា ក្នុងរបៀបដែលពួកឰយុកោរបស់ជនជាតិអ៊ីស្រាអែលមិនដែលបានស្គាល់មកពីមុននោះ។—និក្ខមនំ ៦:២, ៣
៧, ៨. តើពួកអ៊ីស្រាអែលមានទីសំអាងណាខ្លះ ដែលថាព្រះយេហូវ៉ាជាព្រះដែលសមនឹងទទួលការថ្វាយបង្គំពីគេនោះ?
៧ ពួកអ៊ីស្រាអែលបានមើលឃើញនូវសេចក្ដីទុក្ខសោកនៅស្រុកអេស៊ីប ដែលមានសេចក្ដីវេទនាទាំងដប់ប្រការបានធ្លាក់មកលើបណ្ដាមនុស្សទាំងនោះ។ (ទំនុកដំកើង ៧៨:៤៤-៥១) រួចមក មានមនុស្សជាងបីលាននាក់ រួមបញ្ចូលទាំងស្ត្រីនិងកូនក្មេង បានរៀបចំអីវ៉ាន់ចាកចេញពីស្រុកកូសែនក្នុងរយៈមួយយប់ ដែលជាការប្រព្រឹត្តដ៏អស្ចារ្យមួយ។ (និក្ខមនំ ១២:៣៧, ៣៨) បន្ទាប់មក នៅឯសមុទ្រក្រហម ព្រះយេហូវ៉ាបង្ហាញឲ្យឃើញថាទ្រង់ជា«អ្នកចំបាំង» កាលដែលទ្រង់បានសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ពីកងទ័ពទាហានរបស់ស្តេចផារ៉ោន ដោយញែកទឹកសមុទ្រដើម្បីឲ្យពួកអ៊ីស្រាអែលឆ្លងកាត់ផុត ហើយក្រោយមកបានពន្លែងទឹកឲ្យធ្លាក់មកវិញ ទៅលើពួកទាហានអេស៊ីបឲ្យលង់ស្លាប់អស់ទៅ។ ជាលទ្ធផល ពួកអ៊ីស្រាអែល«ក៏បានឃើញការយ៉ាងធំដែលស្នាដៃនៃព្រះយេហូវ៉ាបានធ្វើដល់សាសន៍អេស៊ីព្ទ នោះគេក៏មានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយក៏ជឿដល់ព្រះយេហូវ៉ា»។—និក្ខមនំ ១៤:៣១; ១៥:៣; ទំនុកដំកើង ១៣៦:១០-១៥
៨ ពួកអ៊ីស្រាអែលបានត្អូញត្អែរនឹងព្រះយេហូវ៉ា ព្រមទាំងដល់អ្នកតំណាងរបស់ទ្រង់ លោកម៉ូសេអំពីការខ្វះម្ហូបអាហារនិងទឹក ហាក់បីដូចជាគេនៅខ្វះទីសំអាងចំពោះអត្ថន័យនៃនាមរបស់ព្រះយេហូវ៉ាអញ្ចឹង។ ព្រះយេហូវ៉ាបានប្រទានសត្វក្រួច នឹងធ្វើឲ្យនំម៉ាន៉ាធ្លាក់ពីលើមេឃយ៉ាងច្រើន ព្រមទាំងបានបណ្ដាលឲ្យមានទឹកបាញ់ចេញពីថ្មនៃមេរីបាផង។ (និក្ខមនំ ១៦:៣-៥, ១២-១៥, ៣១; ១៧:២-៧) ព្រះយេហូវ៉ាក៏បានសង្គ្រោះពួកអ៊ីស្រាអែលពីការប្រយុទ្ធរបស់អាម៉ាលេកដែរ។ (និក្ខមនំ ១៧:៨-១៣) ពួកអ៊ីស្រាអែលមិនអាចបដិសេធបានឡើយ នូវអ្វីៗដែលព្រះយេហូវ៉ាបានប្រកាសដល់ម៉ូសេនៅពេលក្រោយមកថា៖ «យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ ទ្រង់មានសេចក្ដីមេត្ដាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប»។ (និក្ខមនំ ៣៤:៦, ៧) ពិតហើយ ព្រះយេហូវ៉ាបានសម្ដែងថា ទ្រង់ជាកម្មវត្ថុមួយដែលគេសមតែថ្វាយបង្គំ។
៩. ហេតុអ្វីក៏ព្រះយេហូវ៉ាឲ្យពួកអ៊ីស្រាអែលនូវឱកាសក្នុងការសម្ដែងការឧទ្ទិសថ្វាយខ្លួនរបស់គេដើម្បីនឹងបំរើទ្រង់ ហើយតើពួកគេបានប្រតិកម្មយ៉ាងណា?
៩ ថ្វីបើព្រះយេហូវ៉ាមានសិទ្ធិជាម្ចាស់នៃពួកអ៊ីស្រាអែល ដោយព្រោះទ្រង់បានរំដោះពួកគេចេញពីស្រុកអេស៊ីបមក ជាព្រះដែលមានសេចក្ដីសប្បុរសនិងមេត្ដាករុណា ទ្រង់បានប្រទានឲ្យគេនូវឱកាសដើម្បីនឹងសម្ដែងសេចក្ដីប្រាថ្នារបស់គេក្នុងការបំរើទ្រង់ដោយស្ម័គ្រអស់ពីចិត្ត។ (ចោទិយកថា ៧:៧, ៨; ៣០:១៥-២០) ទ្រង់ក៏បានរៀបរាប់អំពីល័ក្ខខ័ណ្ឌសំរាប់កិច្ចព្រមព្រៀងរវាងទ្រង់និងពួកអ៊ីស្រាអែលដែរ។ (និក្ខមនំ ១៩:៣-៨; ២០:១–២៣:៣៣) នៅពេលដែលម៉ូសេបានរៀបរាប់អំពីល័ក្ខខ័ណ្ឌទាំងនេះ ពួកអ៊ីស្រាអែលបានប្រកាសថា៖ «យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលមក ហើយនឹងស្ដាប់បង្គាប់គ្រប់ចំពូកផង»។ (និក្ខមនំ ២៤:៣-៧) ពួកគេក៏បានទៅជាសាសន៍មួយដែលឧទ្ទិសថ្វាយជូនព្រះយេហូវ៉ាជាព្រះអម្ចាស់មហាក្សត្រ។
ការអបអរបណ្ដាលឲ្យមានការឧទ្ទិសថ្វាយខ្លួន
១០. តើការឧទ្ទិសថ្វាយខ្លួនរបស់យើងទៅព្រះយេហូវ៉ា ត្រូវតែមានមូលដ្ឋានទៅលើអ្វី?
១០ ព្រះយេហូវ៉ាជាអ្នកបង្កើត ទ្រង់សមនឹងទទួលការថ្វាយបង្គំដ៏អស់ពីចិត្តរបស់យើង។ (ម៉ាឡាគី ៣:៦ ម៉ាថាយ ២២:៣៧; វិវរណៈ ៤:១១) ប៉ុន្តែ ការឧទ្ទិសថ្វាយខ្លួនរបស់យើងមិនត្រូវមានមូលដ្ឋានលើសទ្ធាលុភាព ឬចិត្តដែលមិនស្ថិតស្ថេរ ឬដោយការបង្ខិតបង្ខំពីអ្នកដទៃ—ឬក៏ពីមាតាបីតានោះឡើយ។ នេះគឺត្រូវតែមានមូលដ្ឋានទៅលើចំណេះវិជ្ជាដ៏ត្រឹមត្រូវអំពីព្រះយេហូវ៉ា និងការអបអរចំពោះអ្វីៗដែលព្រះយេហូវ៉ាបានប្រទានមកសំរាប់យើង។ (រ៉ូម ១០:២; កូល៉ុស ១:៩, ១០; ធីម៉ូថេទី១ ២:៤) ដូចជាព្រះយេហូវ៉ាបានប្រទានឲ្យឱកាសដល់ពួកអ៊ីស្រាអែល ដើម្បីឲ្យគេសម្ដែងការឧទ្ទិសថ្វាយខ្លួនដោយស្ម័គ្រចិត្តនោះ ទ្រង់ក៏ប្រទានឲ្យយើងនូវឱកាសដើម្បីឲ្យឧទ្ទិសថ្វាយខ្លួនដោយស្ម័គ្រចិត្ត ហើយឲ្យធ្វើការឧទ្ទិសថ្វាយខ្លួននោះនៅសាធារណៈ។—ពេត្រុសទី១ ៣:២១
១១. តើការសិក្សារបស់យើងនៃព្រះគម្ពីរបានសម្ដែងឲ្យឃើញយ៉ាងណាខ្លះអំពីព្រះយេហូវ៉ា?
១១ តាមរយៈការសិក្សាព្រះគម្ពីរ យើងបានស្គាល់ព្រះជាបុគ្គលម្នាក់ដែរ។ ពាក្យបន្ទូលរបស់ទ្រង់ជួយយើងឲ្យយល់អំពីគុណសម្បត្ដិទាំងឡាយរបស់ទ្រង់ ដែលបានសម្ដែងមកក្នុងរបស់ដែលទ្រង់បានបង្កើត។ (ទំនុកដំកើង ១៩:១-៤) ពីពាក្យបន្ទូលរបស់ទ្រង់ យើងអាចឃើញថា ទ្រង់មិនមែនជាផ្នែកនៃត្រីឯកភាពដែលមានអាថ៌កំបាំង ដែលគ្មានអ្នកណាមួយអាចយល់បាននោះឡើយ។ ទ្រង់មិនមានបរាជ័យក្នុងសង្គ្រាម ដូច្នេះហើយទ្រង់មិនចាំបាច់លះបង់ឋានៈភាពជាព្រះរបស់ទ្រង់ឡើយ។ (និក្ខមនំ ១៥:១១; កូរិនថូសទី១ ៨:៥, ៦; វិវរណៈ ១១:១៧, ១៨) ដោយសារទ្រង់បានបំពេញកិច្ចសន្យារបស់ទ្រង់នោះ យើងត្រូវបានរំឭកនូវអត្ថន័យពីព្រះនាមដ៏ល្អរបស់ទ្រង់ ជាយេហូវ៉ា។ ទ្រង់ជាព្រះដែលមានគោលបំណងដ៏អស្ចារ្យ។ (លោកុប្បត្តិ ២:៤ ទំនុកដំកើង ៨៣:១៨; អេសាយ ៤៦:៩-១១) ដោយការសិក្សាព្រះគម្ពីរ យើងក៏យល់កាន់តែច្បាស់ឡើងថា ទ្រង់មានព្រះទ័យស្មោះត្រង់និងគួរឲ្យទុកចិត្តបាន។—ចោទិយកថា ៧:៩; ទំនុកដំកើង ១៩:៧, ៩; ១១១:៧
១២. (ក) តើអ្វីដែលទាក់ទាញចិត្តយើងទៅព្រះយេហូវ៉ានោះ? (ខ) តើតាមរបៀបណាដែលការពិសោធនៃជីវិតដែលបានកត់ទុកក្នុងព្រះគម្ពីរ អាចបណ្ដាលឲ្យបុគ្គលម្នាក់ចង់បំរើព្រះយេហូវ៉ា? (គ) តើអ្នកមានអារម្មណ៍យ៉ាងណាដែរ ក្នុងការបំរើព្រះយេហូវ៉ា?
១២ អ្វីដែលទាក់ទាញចិត្តរបស់យើងទៅព្រះយេហូវ៉ានោះ គឺបុគ្គលិកលក្ខណៈដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់ទ្រង់។ ព្រះគម្ពីរបានសម្ដែងឲ្យឃើញថា ទ្រង់មានសេចក្ដីស្រឡាញ់ អត់ឱនទោស និងមានសេចក្ដីមេត្ដាករុណាក្នុងការទាក់ទងជាមួយនឹងមនុស្សលោក។ សូមគិតនូវរបៀបដែលទ្រង់បានចំរើនដល់យ៉ូប ក្រោយពីយ៉ូបបានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍យ៉ាងស្មោះត្រង់នោះ។ ការពិសោធរបស់យ៉ូបបញ្ជាក់ឲ្យឃើញថា ព្រះយេហូវ៉ា«ទ្រង់មានព្រះហឫទ័យមេត្ដាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ»។ (យ៉ាកុប ៥:១១; យ៉ូប ៤២:១២-១៧) សូមគិតនូវរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តនឹងដាវីឌ កាលដែលគាត់បានប្រព្រឹត្តអំពើកំផិត ហើយប្រព្រឹត្តការសម្លាប់ផង។ ត្រូវហើយ ព្រះយេហូវ៉ានឹងអត់ឱនទោសដោយស្ម័គ្រពីព្រះទ័យ សូម្បីដល់អំពើបាបដ៏ធ្ងន់ធ្ងរផង នៅពេលដែលអ្នកប្រព្រឹត្តអំពើបាបបានមកឯទ្រង់ដោយមាន«ចិត្តខ្ទេចខ្ទាំហើយទន់ទាប»។ (ទំនុកដំកើង ៥១:៣-១១, ១៧) សូមគិតនូវរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តនឹងសុល ដែលនៅពីមុន គាត់ជាអ្នកបៀតបៀនប្រជារាស្ត្ររបស់ព្រះ។ ឧទាហរណ៍ទាំងនេះបញ្ជាក់នូវសេចក្ដីមេត្ដាករុណារបស់ព្រះ និងសេចក្ដីសប្បុរសដ៏ស្ម័គ្រព្រះទ័យក្នុងការប្រើពួកអ្នកដែលបានប្រែចិត្ត។ (កូរិនថូសទី១ ១៥:៩; ធីម៉ូថេទី១ ១:១៥,១៦) ប៉ុលបានមានអារម្មណ៍ថា គាត់អាចប្រគល់ជីវិតរបស់គាត់ក្នុងការបំរើព្រះដែលមានសេចក្ដីស្រឡាញ់នេះ។ (រ៉ូម ១៤:៨) តើអ្នកមានអារម្មណ៍ដូចនេះទេ?
១៣. តើការសម្ដែងនៃសេចក្ដីស្រឡាញ់ដ៏ធំមួយណារបស់ព្រះយេហូវ៉ា ដែលបណ្ដាលឲ្យមនុស្សសុចរិតឧទ្ទិសថ្វាយខ្លួនគេជូនទ្រង់នោះ?
១៣ ចំពោះពួកអ៊ីស្រាអែល ព្រះយេហូវ៉ាបានប្រទានការសង្គ្រោះពីសេវកភាពក្នុងស្រុកអេស៊ីប ហើយទ្រង់បានរៀបចំក្នុងការសង្គ្រោះយើងពីសេវកភាពនៃអំពើបាបនិងសេចក្ដីស្លាប់ក្នុងលោកីយ៍ដ៏អាក្រក់ជួជាតិរបស់សាតាំងនេះដែរ—តាមរយៈយញ្ញបូជាលោះនៃព្រះយេស៊ូគ្រីស្ទ។ (យ៉ូហាន ៣:១៦) ប៉ុលមានប្រសាសន៍ថា៖ «តែឯព្រះ ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»។ (រ៉ូម ៥:៨) ការរៀបចំដ៏មានសេចក្ដីស្រឡាញ់នេះ ធ្វើឲ្យពួកអ្នកដែលមានចិត្តសុចរិតឧទ្ទិសថ្វាយខ្លួនរបស់គេជូនព្រះយេហូវ៉ាតាមរយៈព្រះយេស៊ូគ្រីស្ទ។ «ដ្បិតសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់ នោះទាំងអស់ឈ្មោះថាបានស្លាប់ហើយ ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ»។—កូរិនថូសទី២ ៥:១៤, ១៥; រ៉ូម ៨:៣៥-៣៩
១៤. តើការគ្រាន់តែមានចំណេះវិជ្ជាអំពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ាគ្រប់គ្រាន់ទេ ក្នុងការជំរុញយើងឲ្យឧទ្ទិសថ្វាយជីវិតរបស់យើងជូនទ្រង់នោះ? សូមពន្យល់។
១៤ តែការមានចំណេះវិជ្ជាអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា និងការប្រព្រឹត្តរបស់ទ្រង់ជាមួយមនុស្សលោក គឺមិនគ្រប់គ្រាន់ទេ។ យើងត្រូវតែបណ្ដុះឲ្យមានការអបអរចំពោះព្រះយេហូវ៉ាផ្ទាល់។ តើយើងអាចធ្វើការនេះដោយដូចម្ដេចបាន? គឺដោយអនុវត្តតាមពាក្យបន្ទូលរបស់ព្រះក្នុងជីវិតរបស់យើង ហើយដោយឃើញនូវការពិសោធផ្ទាល់ ថាគោលការណ៍នៅក្នុងនោះគឺពិតជាមានប្រសិទ្ធិភាពល្អមែន។ (អេសាយ ៤៨:១៧) យើងត្រូវតែមានអារម្មណ៍ថា ព្រះយេហូវ៉ាបានសង្គ្រោះយើងពីភក់នៃលោកីយ៍ដ៏អាក្រក់ជួជាតិនេះក្រោមកណ្ដាប់ដៃនៃការគ្រប់គ្រប់របស់សាតាំង។ (ប្រៀបធៀប កូរិនថូសទី១ ៦:១១) ក្នុងការខំប្រឹងធ្វើអ្វីដែលជាការត្រឹមត្រូវនោះ ធ្វើឲ្យយើងចេះទុកចិត្តទៅលើព្រះយេហូវ៉ា ហើយយើងពិសោធថាព្រះយេហូវ៉ាជាព្រះដែលមានព្រះជន្មរស់នៅ ជាអ្នក«ដែលស្ដាប់សេចក្ដីអធិស្ឋាន»។ (ទំនុកដំកើង ៦២:៨; ៦៥:២) មិនយូរប៉ុន្មានទៀត យើងនឹងមានអារម្មណ៍កាន់តែមកជិតទ្រង់ ហើយយើងអាចប្រាប់នូវអារម្មណ៍ខាងក្នុងរបស់យើងដល់ទ្រង់ដោយទុកចិត្តបាន។ អារម្មណ៍ដ៏ថ្នាក់ថ្នមដោយសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានឹងលូតលាស់ឡើងក្នុងចិត្តរបស់យើង។ ហើយនេះនឹងច្បាស់ជានាំយើងឲ្យឧទ្ទិសថ្វាយជីវិតរបស់យើងជូនដល់ទ្រង់ហើយ។
១៥. តើអ្វីដែលបានជំរុញបុរសម្នាក់ ដែលបានឧទ្ទិសថ្វាយខ្លួនដល់កិច្ចការរបស់គាត់ ឲ្យទៅបំរើព្រះយេហូវ៉ាវិញនោះ?
១៥ មនុស្សជាច្រើនបានស្គាល់ព្រះដ៏មានសេចក្ដីស្រឡាញ់នេះ គឺព្រះយេហូវ៉ា ហើយបានឧទ្ទិសថ្វាយជីវិតរបស់គេក្នុងការបំរើទ្រង់។ សូមពិចារណាមើលនូវឧទាហរណ៍មួយនៃជាងអគ្គីសនីម្នាក់ដែលមានជំនួញដ៏ចំរើន។ មានពេលខ្លះដែលគាត់ចាប់ផ្ដើមធ្វើការពីព្រលឹម ហើយធ្វើការរហូតដល់យប់ រួចត្រឡប់មកផ្ទះវិញនៅម៉ោងប្រាំព្រឹកស្អែក។ ក្រោយពីបានសំរាកមួយម៉ោង គាត់ក៏ធ្វើដំណើរទៅធ្វើការមួយទៀត។ គាត់នឹកចាំថា៖ «ខ្ញុំបានថ្វាយខ្លួនខ្ញុំដល់កិច្ចការរបស់ខ្ញុំ»។ នៅពេលដែលប្រពន្ធរបស់គាត់បានចាប់ផ្ដើមសិក្សាព្រះគម្ពីរ គាត់ក៏ចូលរួមសិក្សាជាមួយដែរ។ គាត់ក៏មានប្រសាសន៍ថា៖ «គ្រប់ទាំងព្រះដែលខ្ញុំបានស្គាល់មកដល់គ្រានោះ គឺគ្រាន់តែចាំនឹងឲ្យគេបំរើតែប៉ុណ្ណោះ គឺគ្មានធ្វើអ្វីឲ្យយើងបានទទួលប្រយោជន៍នោះទេ។ ប៉ុន្តែ ព្រះយេហូវ៉ាបានផ្ដើមចាត់វិធានការដើម្បីបញ្ជូនរាជបុត្រាតែមួយគត់ដែលកើតផ្ទាល់ពីព្រះមកផែនដីនេះ ដែលជាការបូជាដ៏ធំផ្ទាល់មួយរបស់ទ្រង់»។ (យ៉ូហានទី១ ៤:១០, ១៩) ក្នុងរយៈដប់ខែ បុរសនេះបានឧទ្ទិសថ្វាយខ្លួនជូនដល់ព្រះយេហូវ៉ា។ ក្រោយពីនោះមក គាត់បានខំប្រឹងបំរើព្រះដែលមានព្រះជន្មរស់នៅ។ គាត់ក៏បានបំរើព្រះពេញពេល ហើយបានផ្លាស់លំនៅទៅបំរើនៅកន្លែងដែលត្រូវការជំនួយជាងគេបំផុត។ ដូចពួកសាវ័ក គាត់បាន‹លះបង់ចោលរបស់ទាំងអស់ ហើយបានមកតាមព្រះយេស៊ូ›។ (ម៉ាថាយ ១៩:២៧) ពីរខែក្រោយមក គាត់និងប្រពន្ធរបស់គាត់ក៏ត្រូវបានឲ្យទៅបំរើនៅការិយាល័យសាខានៃសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណ ក្នុងប្រទេសដែលគេរស់នៅនោះ ដើម្បីគាត់អាចជួយក្នុងការងារខាងអគ្គីសនី។ ឥឡូវនេះ ជាង២០ឆ្នាំហើយដែលគាត់បានធ្វើការនៅការិយាល័យសាខា គឺធ្វើកិច្ចការដែលគាត់ស្រឡាញ់—មិនមែនសំរាប់គាត់ទេ—ប៉ុន្តែគឺសំរាប់ព្រះយេហូវ៉ាវិញ។
សូមធ្វើការឧទ្ទិសថ្វាយខ្លួននៅសាធារណៈ
១៦. តើមានជំហានណាខ្លះដែលបុគ្គលម្នាក់ត្រូវតែធ្វើ ក្នុងការឧទ្ទិសថ្វាយខ្លួនជូនព្រះយេហូវ៉ា?
១៦ ក្រោយពីបានសិក្សាព្រះគម្ពីរបានមួយរយៈហើយ ទាំងមនុស្សក្មេងនិងចាស់នឹងអបអរដល់ព្រះយេហូវ៉ា និងនូវអ្វីៗដែលទ្រង់បានធ្វើសំរាប់គេដែរ។ នេះគួរតែជំរុញគេឲ្យឧទ្ទិសថ្វាយខ្លួនជូនព្រះ។ អ្នកប្រហែលជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សទាំងនេះហើយ។ តើតាមរបៀបណាដែលអ្នកអាចឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ានោះ? ក្រោយពីបានស្រូបយកចំណេះវិជ្ជាត្រឹមត្រូវពីព្រះគម្ពីរហើយ អ្នកត្រូវតែធ្វើឲ្យស្របតាមចំណេះវិជ្ជានោះ ហើយអនុវត្តជំនឿក្នុងព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។ (យ៉ូហាន ១៧:៣) ចូរប្រែចិត្ត ហើយវិលត្រឡប់ពីដំណើរដែលមានបាបនៅអតីត។ (កិច្ចការ ៣:១៩) រួចមក អ្នកនឹងមកដល់ជំហាននៃការធ្វើឧទ្ទិសថ្វាយព្រះ សម្ដែងការនេះដោយការអធិស្ឋានជូនព្រះយេហូវ៉ា។ ការអធិស្ឋាននេះនឹងច្បាស់ជាធ្វើឲ្យអ្នកបានចាប់អារម្មណ៍ជាស្ថាពរ ដ្បិតនេះជាការចាប់ផ្ដើមនៃទំនាក់ទំនងថ្មីជាមួយនឹងព្រះយេហូវ៉ា។
១៧. (ក) ហេតុអ្វីក៏ពួកចាស់ទុំពិនិត្យសាឡើងវិញនូវសំនួរទាំងឡាយដែលបានរៀបចំមក ជាមួយពួកអ្នកដែលឧទ្ទិសថ្វាយខ្លួនថ្មីៗនោះ? (ខ) តើជំហានដ៏សំខាន់មួយណាដែលបុគ្គលម្នាក់ត្រូវតែធ្វើនោះ ក្រោយពីការឧទ្ទិសថ្វាយខ្លួនហើយៗសំរាប់គោលបំណងអ្វី?
១៧ ដូចជាលោកម៉ូសេបានពន្យល់ដល់ពួកអ៊ីស្រាអែលនូវល័ក្ខខ័ណ្ឌសំរាប់ការចូលកិច្ចព្រមព្រៀងដែលមានទំនាក់ទំនងជាមួយនឹងព្រះយេហូវ៉ា ពួកអ្នកចាស់ទុំនៃស្មរបន្ទាល់ព្រះយេហូវ៉ាក៏ជួយពួកអ្នកដែលទើបតែបានឧទ្ទិសថ្វាយព្រះថ្មីៗនេះ ឲ្យពិចារណាឲ្យបានច្បាស់លាស់នូវអ្វីៗដែលមានទាក់ទងដែរ។ ពួកចាស់ទុំប្រើសំនួរទាំងឡាយដែលបានរៀបចំមក ដើម្បីនឹងបញ្ជាក់ថា បុគ្គលម្នាក់ៗបានយល់យ៉ាងពេញលេញនូវគោលការណ៍បង្រៀននៃព្រះគម្ពីរ ហើយដឹងនូវអ្វីៗដែលទាក់ទងក្នុងការធ្វើជាស្មរបន្ទាល់ម្នាក់នៃព្រះយេហូវ៉ា។ រួចមក ជាការសមត្រឹមត្រូវដែលគេអាចចូលក្នុងពិធីធ្វើឧទ្ទិសថ្វាយខ្លួនដល់ព្រះនៅសាធារណៈ។ ជាធម្មតា បុគ្គលដែលទើបតែបានឧទ្ទិសថ្វាយខ្លួនថ្មីៗចង់ឲ្យអ្នកដទៃទៀតបានដឹងថា គេបានចូលក្នុងទំនាក់ទំនងដ៏ឯកសិទ្ធិនេះជាមួយនឹងព្រះយេហូវ៉ា។ (ប្រៀបធៀប យេរេមា ៩:២៤) នេះត្រូវបានធ្វើយ៉ាងត្រឹមត្រូវឡើង ដោយទទួលពិធីជ្រមុជទឹកជានិមិត្តរូបនៃការឧទ្ទិសថ្វាយព្រះ។ ដោយបានជ្រមុជក្នុងទឹកហើយបានងើបចេញពីទឹក នេះជានិមិត្តរូបនៃការលះបង់ចោលដំណើរអតីតនៃជីវភាពរបស់ខ្លួន ហើយបានលើកឲ្យទទួលផ្លូវជីវិតថ្មី គឺការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ នេះមិនមែនជាការពិសិដ្ឋ ហើយក៏មិនដូចក្បួនរីត៌ស៊ីនតូនៃមីសូហ្គេឡើយ ដែលថាបុគ្គលម្នាក់ត្រូវបានសំអាតដោយទឹកនោះ។a ផ្ទុយទៅវិញ ពិធីជ្រមុជទឹកជាការប្រកាសសាធារណៈនៃការឧទ្ទិសថ្វាយ ដែលបានធ្វើរួចហើយក្នុងការអធិស្ឋាននោះ។
១៨. ហេតុអ្វីក៏យើងអាចមានការទុកចិត្តបានថា ការឧទ្ទិសថ្វាយខ្លួនរបស់យើងនឹងមានប្រយោជន៍នោះ?
១៨ ពិធីដ៏ជាឧឡារិកនេះ ជាការពិសោធដែលមិនអាចភ្លេចបានមួយ ដែលរំឭកអ្នកបំរើព្រះថ្មីនេះនៃទំនាក់ទំនងជាស្ថាពរ ដែលគាត់ឥឡូវនេះមានជាមួយនឹងព្រះយេហូវ៉ា។ មិនដូចនឹងការឧទ្ទិសថ្វាយដែលអ្នកបើកយន្តហោះខាមិខាស៊េបានធ្វើជូនប្រទេសរបស់គាត់និងអធិរាជទេ តែការឧទ្ទិសថ្វាយខ្លួនជូនព្រះយេហូវ៉ាមិនមែនធ្វើឡើងដោយការឥតប្រយោជន៍ទេ ពីព្រោះទ្រង់ជាព្រះដ៏មានព្រះចេស្ដាបំផុតជាអនន្ត ដែលបានសម្រេចនូវអ្វីៗដែលទ្រង់បានរៀបរាប់នឹងធ្វើនោះ។ ត្រូវហើយ មានតែទ្រង់ទេ ដែលសមនឹងទទួលការថ្វាយបង្គំអស់ពីចិត្តរបស់យើងនោះ។—អេសាយ ៥៥:៩-១១
១៩. តើយើងនឹងពិភាក្សាអ្វីទៀតក្នុងអត្ថបទជាបន្ទាប់?
១៩ ប៉ុន្តែ ការឧទ្ទិសថ្វាយមានការទាក់ទិនច្រើនទៀត។ ជាឧទាហរណ៍ តើការឧទ្ទិសថ្វាយខ្លួននេះមានឥទ្ធិពលទៅលើជីវិតរបស់យើងពីថ្ងៃមួយទៅថ្ងៃមួយយ៉ាងណាដែរ? ការនេះនឹងត្រូវពិភាក្សាក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a សូមមើលសៀវភៅការស្វែងរកព្រះដោយមនុស្សលោក បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក ទំព័រ ១៩៤-៥ (ជាភាសាអង់គ្លេស)
តើអ្នកនៅចាំទេ?
ហេតុអ្វីក៏ការឧទ្ទិសថ្វាយខ្លួនដែលមានក្នុងលោកីយ៍នេះធ្លាក់ទៅជាការសង្រេងចិត្តទៅវិញនោះ?
តើអ្វីដែលបានជំរុញឲ្យពួកអ៊ីស្រាអែលឧទ្ទិសថ្វាយខ្លួនគេជូនព្រះយេហូវ៉ានោះ?
តើអ្វីដែលបានជំរុញយើងឲ្យឧទ្ទិសថ្វាយខ្លួនជូនព្រះយេហូវ៉ានៅសព្វថ្ងៃនេះ?
តើយើងឧទ្ទិសថ្វាយខ្លួនជូនព្រះដោយយ៉ាងដូចម្ដេច?
តើពិធីជ្រមុជទឹកមានសារៈសំខាន់យ៉ាងណាខ្លះ?
[រូបភាពនៅទំព័រ៩]
សាសន៍អ៊ីស្រាអែលឧទ្ទិសថ្វាយខ្លួនជូនព្រះយេហូវ៉ានៅឯភ្នំស៊ីណាយ