តើអ្នកអាចធ្វើឲ្យការអធិស្ឋានរបស់អ្នកមានខ្លឹមសារឡើងដូចម្ដេចបាន?
ការអធិស្ឋានជាការដ៏អស្ចារ្យមួយក្នុងចំណោមសំវិធានការ ដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ អ្នកប្រឆាំងប្រហែលជាដកហូតយកព្រះគម្ពីររបស់អ្នកឬបង្ខាំងអ្នកពីការទៅជួបពួកអ្នកថ្វាយបង្គំគ្នីគ្នា។ ប៉ុន្តែ គ្មានអ្នកណាម្នាក់អាចបង្អត់អ្នកពីការអធិស្ឋានបានឡើយ។ ការអធិស្ឋានគឺមានតម្លៃយ៉ាងខ្លាំងណាស់។ ដូច្នេះ ជាការសំខាន់ណាស់ដែលយើងម្នាក់ៗត្រូវតែអបអរ និងឆ្លៀតយកប្រយោជន៍ពីឯកសិទ្ធិនេះ។ តើអ្វីដែលអាចជួយអ្នកដើម្បីឲ្យការអធិស្ឋានរបស់អ្នកមានខ្លឹមសារនោះ?
ព្រះគម្ពីរមិនមែនជាសៀវភៅសំរាប់ការអធិស្ឋានទេ។ ប៉ុន្តែ ក៏អាចរៀបរាប់ថាជាសៀវភៅដ៏ខ្ពង់ខ្ពស់បំផុតមួយរបស់មនុស្សលោកចំពោះការអធិស្ឋាន។ បទគម្ពីរភាសាហេព្រើរមានការអធិស្ឋានជាង១៥០ដង។ ការអធិស្ឋានខ្លះគឺខ្លី ខ្លះទៀតមានវែង។ ការអធិស្ឋាននោះត្រូវបានថ្លែងតាមសាធារណៈឬនៅពេលសម្ងាត់ ដោយពួកស្តេច ពួកអ្នកជាប់ឃុំ ហើយនៅពេលដែលមានជ័យជំនះ និងនៅពេលដែលមានសេចក្ដីវេទនា។ ដូចជាដាវីឌបានច្រៀងនៅទំនុកដំកើង ៦៥:២មក«អស់ទាំងមនុស្ស»បែរទៅរកព្រះយេហូវ៉ាជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។ ហេតុអ្វីក៏ព្រះបណ្ដាលឲ្យពួកសរសេរព្រះគម្ពីរកត់ទុក នូវការអធិស្ឋានដ៏ច្រើនបែបយ៉ាងទាំងនេះ?
ដើម្បីនឹងឆ្លើយសំនួរនេះ សូមឲ្យយើងពិចារណាមើលនៅធីម៉ូថេទី២ ៣:១៦ ដែលចែងថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍»។ ដូច្នេះ ការអធិស្ឋានក្នុងព្រះគម្ពីរបានកត់ទុកមកដើម្បីនឹងដឹកនាំយើង ដូចជាទំនាយក្នុងព្រះគម្ពីរ គោលការណ៍ និងប្រវត្ដិសាស្ត្រដែរ។ តើតាមរបៀបណាដែលការអធិស្ឋានទាំងនេះជាការមានប្រយោជន៍ដល់យើងនោះ?
ដោយពិនិត្យមើលឲ្យបានដិតដល់ចំពោះការអធិស្ឋានក្នុងព្រះគម្ពីរនោះ យើងអាចសម្គាល់ការអធិស្ឋានដែលបានថ្លែងមកក្នុងស្ថានការណ៍ដែលស្រដៀងនឹងរបស់យើង។ យើងអាចរៀនដឹងនូវរបៀបដែលការអធិស្ឋានមានគោលបំណងនិងបរិយាការខុសៗពីគ្នា។ ម្យ៉ាងវិញទៀត យើងអាចស្វែងរកឃើញនូវការសម្ដែងនៃការសរសើរនិងការថ្លែងអំណរគុណថ្មី និងរកឃើញនូវពាក្យថ្មីៗចំពោះការអធិស្ឋាននិងពាក្យអង្វររបស់យើង។ បើនិយាយឲ្យសង្ខេបទៅ ការអធិស្ឋានក្នុងព្រះគម្ពីរអាចជួយយើង ដើម្បីឲ្យការអធិស្ឋានរបស់យើងបានខ្លឹមសារឡើង។
នាងម៉ារា ដែលបានទៅជាមាតានៃព្រះយេស៊ូនោះ ជាបុគ្គលម្នាក់ដែលបានទទួលប្រយោជន៍ពីពាក្យដែលបានប្រើក្នុងការអធិស្ឋានដែលបានកត់ទុកមកក្នុងព្រះគម្ពីរ។ នាងបានទៅលេងញាតិសន្ដានរបស់នាងឈ្មោះអេលីសាបិត ក្រោយពីគេនិមួយៗបានមានផ្ទៃពោះពីជំនួយរបស់ព្រះ។ នាងម៉ារាបានថ្វាយការសរសើរនិងការថ្លែងអំណរគុណដល់ព្រះ ហើយពាក្យរបស់នាងខ្លះគឺមានស្រដៀងគ្នាយ៉ាងអស្ចារ្យ នឹងការអធិស្ឋានដែលមាននៅក្នុងបទគម្ពីរភាសាហេព្រើរ។ នេះគឺដូចជានាងម៉ារាបានដឹងអំពីការអធិស្ឋានដែលនាងហាណាបានថ្លែងមក ដែលជាម្ដាយរបស់លោកសាំយូអែលជាព្យាការីនោះ។ ជាង១.០០០ឆ្នាំមុន នាងហាណាក៏បានមានកូនដោយជំនួយរបស់ព្រះដែរ។ នាងម៉ារាប្រហែលជាបានជញ្ជឹងគិតទៅលើការអធិស្ឋាននេះហើយមែនទេ ពីព្រោះនេះបានសម្ដែងឲ្យឃើញមកក្នុងអារម្មណ៍របស់នាង?—សាំយូអែលទី១ ២:១-១០; លូកា ១:៤៦-៥៥
ចុះយ៉ាងណាវិញដែរចំពោះអ្នកនោះ? តើអ្នកអាចនឹកចាំពីការអធិស្ឋាននៅក្នុងព្រះគម្ពីរ ដែលបាននិយាយឡើងក្នុងកាលៈទេសៈដូចអ្នកទេ? ការស្វែងរក ការអាន និងការជញ្ជឹងគិតទៅលើការអធិស្ឋានបែបនេះនឹងជួយអ្នកឲ្យមានភាពខ្លឹមសារក្នុងការធ្វើគមនាគមន៍ជាមួយព្រះ។ ក្នុងអត្ថបទជាបន្ទាប់ យើងសូមអញ្ជើញលោកអ្នកឲ្យពិនិត្យមើលនូវការអធិស្ឋានបីដែលនៅក្នុងព្រះគម្ពីរបរិសុទ្ធ។ ការអធិស្ឋាននិមួយៗត្រូវបានពោលឡើងក្រោមកាលៈទេសៈខុសៗពីគ្នា ដែលអាចមានអានុភាពទៅលើអ្នកផ្ទាល់បាន។