«ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា»
«ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង»។—ភីលីព ៤:៦
១. តើយើងមានឯកសិទ្ធិទូលថ្វាយអ្នកណាដោយផ្ទាល់? ហេតុអ្វីឯកសិទ្ធិនោះគឺអស្ចារ្យម្ល៉េះ?
ប្រសិនបើយើងសុំជួបជាមួយអ្នកគ្រប់គ្រងប្រទេស តើអ្នកគ្រប់គ្រងនោះនឹងតបឆ្លើយយ៉ាងណា? ប្រហែលជំនួយការរបស់លោកនឹងតបឆ្លើយ ប៉ុន្តែកម្រណាស់ដែលយើងនឹងអាចចូលទៅនិយាយជាមួយអ្នកគ្រប់គ្រងដោយផ្ទាល់នោះទេ។ ព្រះយេហូវ៉ាដែលជាអ្នកគ្រប់គ្រងខ្ពង់ខ្ពស់បំផុត ហើយជាមហាក្សត្រសកលលោក ទ្រង់មិនដូច្នេះទេ។ យើងអាចទូលថ្វាយទ្រង់ដោយផ្ទាល់នៅកន្លែងណា និងនៅពេលណាក៏បានដែរ។ ទ្រង់សណ្ដាប់ជានិច្ចនូវសេចក្ដីអធិស្ឋានដែលយើងទូលតាមរបៀបត្រឹមត្រូវ។ (សុភាសិត ១៥:២៩) នោះជាឯកសិទ្ធិអស្ចារ្យណាស់! ការយល់ដូច្នេះគួរជំរុញឲ្យយើងអធិស្ឋានជារឿយៗដល់ព្រះយេហូវ៉ាដែលព្រះគម្ពីរពណ៌នាដោយត្រឹមត្រូវថា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» មែនទេ?—ទំនុកដំកើង ៦៥:២
២. ដើម្បីឲ្យព្រះសព្វព្រះហឫទ័យសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង តើត្រូវមានលក្ខណៈអ្វីខ្លះជាចាំបាច់?
២ ក៏ប៉ុន្តែ ប្រហែលជាមានអ្នកខ្លះសួរថា ‹តើព្រះសព្វព្រះហឫទ័យនឹងសេចក្ដីអធិស្ឋានបែបណា?›។ ព្រះគម្ពីរបញ្ជាក់តម្រូវការមួយដែលត្រូវបំពេញជាចាំបាច់ ទើបព្រះសព្វព្រះហឫទ័យសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង។ ព្រះគម្ពីរសរសេរថា៖ «បើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) ដូចដែលបានពន្យល់ក្នុងអត្ថបទមុននោះ យើងត្រូវតែមានជំនឿ ទើបអាចចូលទៅជិតព្រះដោយអធិស្ឋាន។ ព្រះសព្វព្រះហឫទ័យសណ្ដាប់សេចក្ដីអធិស្ឋានរបស់មនុស្ស ប៉ុន្តែពួកគេត្រូវមានជំនឿ ត្រូវប្រព្រឹត្តល្អ ត្រូវទូលដោយស្មោះ ហើយត្រូវមានចិត្តគំនិតត្រឹមត្រូវ។
៣. (ក) ដូចបញ្ជាក់ដោយគំរូរបស់អ្នកបម្រើព្រះនៅសម័យបុរាណ តើសេចក្ដីអធិស្ឋានរបស់យើងអាចរួមបញ្ចូលអ្វីខ្លះ? (ខ) តើសេចក្ដីអធិស្ឋានមានបែបណាខ្លះ?
៣ សាវ័កប៉ុលបានដាស់តឿនបណ្ដាគ្រិស្តសាសនិកនៅសម័យគាត់ថា៖ «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង»។ (ភីលីព ៤:៦, ៧) ព្រះគម្ពីរមានគំរូជាច្រើនអំពីអ្នកដែលបានទូលថ្វាយព្រះអំពីកង្វល់របស់ខ្លួន។ ជាក់ស្តែងដូចជាគំរូហាណា អេលីយ៉ា ហេសេគា និងដានីយ៉ែល។ (សាំយូអែលទី១ ២:១-១០; ពង្សាវតារក្សត្រទី១ ១៨:៣៦, ៣៧; ពង្សាវតារក្សត្រទី២ ១៩:១៥-១៩; ដានីយ៉ែល ៩:៣-២១) យើងគួរធ្វើតាមគំរូរបស់ពួកគាត់។ សូមកត់សម្គាល់ដែរថា ពាក្យរបស់ប៉ុលបញ្ជាក់ថាសេចក្ដីអធិស្ឋានរបស់យើងអាចមានបែបផ្សេងៗ។ ប៉ុលបានប្រាប់អំពីការអរព្រះគុណ ដែលជាការអធិស្ឋានអរគុណព្រះសម្រាប់អ្វីដែលទ្រង់ធ្វើដើម្បីយើង។ សេចក្ដីអធិស្ឋាននេះអាចរួមបញ្ចូលការសរសើរផងដែរ។ ការទូលអង្វរសំដៅទៅលើការលំអុតលំឱនទទូចសុំដោយអស់ពីចិត្ត។ យើងក៏អាចទូលប្រាប់ទ្រង់ពីសំណូមពររបស់យើងដែរ។ (លូកា ១១:២, ៣) ព្រះវរបិតារបស់យើងនៅស្ថានសួគ៌សព្វព្រះហឫទ័យសណ្ដាប់ការទូលថ្វាយបែបនេះ។
៤. ទោះជាព្រះយេហូវ៉ាជ្រាបអំពីសេចក្ដីត្រូវការរបស់យើងក៏ពិតមែន ហេតុអ្វីយើងនៅតែអធិស្ឋានទូលថ្វាយទ្រង់អំពីសំណូមពររបស់យើង?
៤ ប្រហែលជាបងប្អូនខ្លះឆ្ងល់ថា ‹ព្រះយេហូវ៉ាជ្រាបពីអ្វីដែលយើងត្រូវការរួចហើយ មែនទេ?›។ ទ្រង់ពិតជាជ្រាបមែន។ (ម៉ាថាយ ៦:៨, ៣២) បើដូចនោះ ហេតុអ្វីទ្រង់មានព្រះទ័យចង់ឲ្យយើងទូលសុំទ្រង់ទៀត? សូមគិតអំពីឧទាហរណ៍តទៅនេះ។ ឧបមាថាម្ចាស់ហាងមួយរៀបចំកម្មវិធីជូនរង្វាន់អតិថិជនខ្លះ។ ក៏ប៉ុន្តែដើម្បីទទួលរង្វាន់នោះ អតិថិជនត្រូវទៅជួបម្ចាស់ហាងដោយខ្លួនឯង។ អតិថិជនដែលមិនសុខចិត្តធ្វើដំណើរទៅយករង្វាន់នោះ បង្ហាញថាពួកគេមិនសូវអបអរនឹងរង្វាន់នោះទេ។ ស្រដៀងគ្នាដែរ បើយើងមិនអធិស្ឋានទូលថ្វាយព្រះអំពីសំណូមពររបស់យើង នោះបង្ហាញថាយើងមិនអបអរនឹងអ្វីដែលព្រះស្នើប្រទានដល់យើងទេ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ចូរសូមចុះ! នោះអ្នករាល់គ្នានឹងបាន»។ (យ៉ូហាន ១៦:២៤) ធ្វើយ៉ាងនេះ យើងបង្ហាញថាយើងពឹងពាក់ទៅលើព្រះ។
តើយើងគួរទូលថ្វាយព្រះតាមរបៀបណា?
៥. ហេតុអ្វីយើងត្រូវអធិស្ឋានដោយនូវព្រះនាមព្រះយេស៊ូ?
៥ ព្រះយេហូវ៉ាមិនបង្កើតក្រឹត្យវិន័យតឹងតែងជាច្រើនអំពីរបៀបយើងត្រូវអធិស្ឋានទេ។ យ៉ាងណាក៏ដោយ យើងត្រូវរៀនរបៀបត្រឹមត្រូវសម្រាប់ទូលថ្វាយទ្រង់ ដូចត្រូវពន្យល់ក្នុងព្រះគម្ពីរ។ ជាឧទាហរណ៍ ព្រះយេស៊ូបានបង្រៀនអ្នកកាន់តាមទ្រង់ថា៖ «អ្វីៗដែលអ្នករាល់គ្នានឹងសូមដល់ព្រះវរបិតា ដោយនូវឈ្មោះខ្ញុំ នោះទ្រង់នឹងប្រទានឲ្យ»។ (យ៉ូហាន ១៦:២៣, កំណែជាអក្សរទ្រេត) ដូច្នេះ យើងត្រូវតែអធិស្ឋានដោយនូវព្រះនាមព្រះយេស៊ូ។ ធ្វើយ៉ាងនេះមានន័យថាយើងទទួលស្គាល់ទ្រង់ជាខ្សែរយៈតែមួយគត់របស់ព្រះ សម្រាប់ប្រទានពរដល់មនុស្សជាតិទាំងឡាយ។
៦. ពេលយើងអធិស្ឋាន តើត្រូវមានឥរិយាបថបែបណា?
៦ តើយើងត្រូវមានឥរិយាបថបែបណាពេលអធិស្ឋាន? ព្រះគម្ពីរមិនបញ្ជាក់ថាពេលអធិស្ឋានត្រូវមានឥរិយាបថពិសេសណាមួយដើម្បីឲ្យព្រះសណ្ដាប់យើងទេ។ (ពង្សាវតារក្សត្រទី១ ៨:២២; នេហេមា ៨:៦; ម៉ាកុស ១១:២៥; លូកា ២២:៤១) អ្វីដែលសំខាន់គឺយើងអធិស្ឋានទូលថ្វាយព្រះដោយស្មោះ និងដោយមានចិត្តគំនិតត្រឹមត្រូវ។—យ៉ូអែល ២:១២, ១៣
៧. (ក) តើពាក្យ«អាម៉ែន»មានន័យដូចម្ដេច? (ខ) ក្នុងសេចក្ដីអធិស្ឋាន តើពាក្យ«អាម៉ែន»ត្រូវពោលនៅពេលណាហើយសម្រាប់អ្វី?
៧ ចុះការពោលពាក្យថា«អាម៉ែន»? ព្រះគម្ពីរឲ្យដឹងថា ការពោលពាក្យនេះគឺសមរម្យពេលដែលអធិស្ឋានចប់ ជាពិសេសពេលដែលអធិស្ឋានឮៗតាងនាមអ្នកឯទៀត។ (ទំនុកដំកើង ៧២:១៩; ៨៩:៥២) ពាក្យភាសាហេព្រើរអាម៉ែនមានន័យថា «ប្រាកដ»។ សព្វវចនាធិប្បាយរបស់លោកម៉ាក់ឃ្លីនថុកនិងលោកស្ត្រងពន្យល់ថា ការពោលពាក្យ«អាម៉ែន»ពេលអធិស្ឋានចប់ គឺ«ដើម្បីបញ្ជាក់ការយល់ព្រមនឹងសេចក្ដីអធិស្ឋាននោះ ហើយដើម្បីសុំឲ្យបានសម្រេចដូចបានអធិស្ឋាន»។ យ៉ាងនេះ បើពោលពាក្យ«អាម៉ែន»ពេលអធិស្ឋានចប់ហើយ អ្នកអធិស្ឋានបង្ហាញថាអ្វីដែលគាត់បានអធិស្ឋានគឺស្មោះពីចិត្ត។ នៅពេលគ្រិស្តសាសនិកម្នាក់អធិស្ឋានតាងនាមក្រុមជំនុំហើយបញ្ចប់ដោយពោលពាក្យនោះ អ្នកដែលស្ដាប់អាចពោលពាក្យ«អាម៉ែន»ដោយសម្ងាត់ក្នុងចិត្តឬដោយបញ្ចេញសំឡេងក៏បាន ដើម្បីបញ្ជាក់ការយល់ព្រមទាំងស្រុងនឹងសេចក្ដីអធិស្ឋាននោះ។—កូរិនថូសទី១ ១៤:១៦
៨. តើសេចក្ដីអធិស្ឋានរបស់យើងប្រហែលជាមានលក្ខណៈស្រដៀងនឹងយ៉ាកុបឬអ័ប្រាហាំយ៉ាងដូចម្ដេច? តើនោះនឹងបញ្ជាក់អ្វីអំពីយើង?
៨ ជួនកាលព្រះប្រហែលជាទុកឱកាសឲ្យយើងបង្ហាញថា រឿងដែលយើងបានអធិស្ឋានគឺសំខាន់ប៉ុនណាចំពោះយើង។ យើងប្រហែលជាត្រូវមានលក្ខណៈដូចយ៉ាកុបពីសម័យបុរាណ ដែលបានចំបាប់ជាមួយទេវតាមួយពីយប់ទាល់ភ្លឺដើម្បីទទួលពរ។ (លោកុប្បត្តិ ៣២:២៤-២៦) កាលៈទេសៈផ្សេងទៀតប្រហែលជាតម្រូវឲ្យយើងធ្វើដូចអ័ប្រាហាំ ដែលបានទទូចអង្វរព្រះយេហូវ៉ាដើម្បីសង្គ្រោះឡុតនិងមនុស្សសុចរិតណាផ្សេងទៀតដែលមាននៅក្នុងទីក្រុងសូដុំម។ (លោកុប្បត្តិ ១៨:២២-៣៣) យើងអាចអង្វរព្រះយេហូវ៉ាម្ដងហើយម្ដងទៀតដែរ អំពីរឿងដែលសំខាន់ចំពោះយើង ដោយអាងយុត្ដិធម៌ សេចក្ដីសប្បុរស និងសេចក្ដីមេត្ដាករុណារបស់ទ្រង់។
តើយើងអាចទូលសុំអ្វី?
៩. នៅពេលយើងអធិស្ឋាន តើអ្វីត្រូវជារឿងសំខាន់ចម្បង?
៩ សូមចាំដែលប៉ុលបានប្រាប់ថា៖ «ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់»។ (ភីលីព ៤:៦, កំណែជាអក្សរទ្រេត) បើដូចនោះ យើងអាចអធិស្ឋានអំពីរឿងស្ទើរតែគ្រប់យ៉ាងក្នុងជីវិត។ ក៏ប៉ុន្តែ រឿងសំខាន់ទីមួយក្នុងសេចក្ដីអធិស្ឋានរបស់យើងត្រូវជាអ្វីដែលទាក់ទងនឹងព្រះយេហូវ៉ា។ ដានីយ៉ែលបានទុកគំរូល្អអំពីរឿងនេះ។ នៅពេលអ៊ីស្រាអែលបានទទួលទោសដោយសារអំពើបាបរបស់ពួកគេ នោះដានីយ៉ែលបានអង្វរព្រះយេហូវ៉ាឲ្យបង្ហាញសេចក្ដីមេត្ដាករុណាដោយពាក្យថា«ឱព្រះនៃទូលបង្គំអើយ! សូមកុំបង្អង់ឡើយ ដោយយល់ដល់[«ព្រះនាមរបស់ព្រះអង្គ»]»។ (ដានីយ៉ែល ៩:១៥-១៩; ខ.ស.) តើសេចក្ដីអធិស្ឋានរបស់យើងបង្ហាញថាការញែកព្រះនាមព្រះយេហូវ៉ាឲ្យបរិសុទ្ធ និងការសម្រេចនៃព្រះហឫទ័យរបស់ទ្រង់គឺសំខាន់ចម្បងចំពោះយើងទេ?
១០. ហេតុអ្វីយើងដឹងថាការអធិស្ឋានអំពីរឿងផ្ទាល់ខ្លួនជាការសមរម្យ?
១០ ក៏ប៉ុន្តែ ការអធិស្ឋានទូលសុំព្រះអំពីរឿងផ្ទាល់ខ្លួនក៏ជាការសមរម្យដែរ។ ជាឧទាហរណ៍ យើងអាចអធិស្ឋានដូចអ្នកតែងទំនុកដំកើង ហើយសុំឲ្យមានការយល់ជ្រាលជ្រៅអំពីរឿងខាងវិញ្ញាណ។ អ្នកតែងទំនុកបានអធិស្ឋានថា៖ «សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យទ្រង់ អើ! ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង»។ (ទំនុកដំកើង ១១៩:៣៣, ៣៤; កូល៉ុស ១:៩, ១០) ព្រះយេស៊ូ«បានពោលពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់»។ (ហេព្រើរ ៥:៧) ធ្វើដូច្នេះ ព្រះយេស៊ូបានបង្ហាញថា ការសុំកម្លាំងពេលដែលយើងប្រឈមមុខគ្រោះថ្នាក់ឬការល្បងលជាការសមរម្យ។ នៅពេលព្រះយេស៊ូមានបន្ទូលប្រាប់គំរូអំពីសេចក្ដីអធិស្ឋាន គំរូនោះក៏បានរួមបញ្ចូលរឿងផ្ទាល់ខ្លួនខ្លះដែរ ដូចជាការអត់ឱនទោសបាបរបស់យើង ហើយការសុំអាហារប្រចាំថ្ងៃ។
១១. តើសេចក្ដីអធិស្ឋានអាចជួយយើងយ៉ាងដូចម្ដេចកុំឲ្យចុះចាញ់សេចក្ដីល្បួង?
១១ សេចក្ដីអធិស្ឋានជាគំរូដែលព្រះយេស៊ូមានបន្ទូលប្រាប់នោះ រួមបញ្ចូលសំណូមពរថា «សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់[ឬ«មេកំណាច»]វិញ»។ (ម៉ាថាយ ៦:៩-១៣; ព.ថ.) ក្រោយមក ទ្រង់បានឲ្យឱវាទថា៖ «ចូរចាំយាម ហើយអធិស្ឋានចុះ! ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ»។ (ម៉ាថាយ ២៦:៤១) សេចក្ដីអធិស្ឋានគឺចាំបាច់នៅពេលដែលយើងមានការល្បួង។ ប្រហែលជាមានសេចក្ដីល្បួងណាមួយនៅកន្លែងធ្វើការឬនៅសាលារៀនឲ្យប្រព្រឹត្តខុសគោលការណ៍ព្រះគម្ពីរ។ ប្រហែលជាមនុស្សដែលមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ា អញ្ជើញយើងឲ្យចូលរួមជាមួយពួកគេ ពេលធ្វើអ្វីមួយដែលមិនសមរម្យសម្រាប់គ្រិស្តសាសនិកពិត ឬមួយក៏មានអ្នកណាសុំឲ្យយើងធ្វើអ្វីមួយដែលមិនទៀងត្រង់។ នៅគ្រាបែបនោះ គប្បីឲ្យយើងធ្វើតាមឱវាទរបស់ព្រះយេស៊ូហើយអធិស្ឋានសុំព្រះជួយមិនឲ្យយើងចុះចាញ់ការល្បួង មុននិងពេលកំពុងតែប្រឈមមុខការល្បួងនោះ។
១២. តើកង្វល់អ្វីខ្លះប្រហែលជាជំរុញឲ្យយើងអធិស្ឋាន? តើយើងរំពឹងទុកថាព្រះយេហូវ៉ានឹងធ្វើអ្វី?
១២ អ្នកបម្រើព្រះជួបការលំបាកនិងមានទុក្ខកង្វល់ផ្សេងៗក្នុងជីវិត។ បងប្អូនជាច្រើនមានទុក្ខកង្វល់ដោយសារជំងឺឬការតានតឹងចិត្ត។ អំពើហិង្សានៅជុំវិញយើងក៏ធ្វើឲ្យមានការតានតឹងចិត្តដែរ។ បញ្ហាលុយកាក់ធ្វើឲ្យយើងពិបាកចិញ្ចឹមជីវិត។ ក៏ប៉ុន្តែយើងសប្បាយមែន! ដោយដឹងថាព្រះយេហូវ៉ាសណ្ដាប់អ្នកបម្រើរបស់ទ្រង់ ពេលដែលទូលថ្វាយទ្រង់អំពីរឿងទាំងនេះ! ទំនុកដំកើង ១០២:១៧សរសេរអំពីព្រះយេហូវ៉ាថា៖ «ទ្រង់តែងតែទទួលសេចក្ដីអធិស្ឋានរបស់មនុស្សវេទនា ឥតដែលមើលងាយចំពោះពាក្យសូមអង្វររបស់គេឡើយ»។
១៣. (ក) តើរឿងផ្ទាល់ខ្លួនបែបណាខ្លះគឺសមរម្យសម្រាប់អធិស្ឋាន? (ខ) សូមឲ្យឧទាហរណ៍អំពីសេចក្ដីអធិស្ឋានមួយបែបនោះ។
១៣ តាមពិត អ្វីក៏ដោយដែលទាក់ទងនឹងកិច្ចបម្រើរបស់យើងឬប៉ះពាល់នឹងចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា ជារឿងដែលយើងអាចអធិស្ឋានបាន។ (យ៉ូហានទី១ ៥:១៤) ប្រសិនបើអ្នកត្រូវធ្វើការសម្រេចចិត្តអំពីការរៀបអាពាហ៍ពិពាហ៍ ការងារធ្វើ ឬអំពីការពង្រីកកិច្ចផ្សព្វផ្សាយរបស់អ្នក ចូរទូលថ្វាយព្រះអំពីរឿងទាំងនោះដោយសេរី ហើយសុំការណែនាំពីទ្រង់។ ជាឧទាហរណ៍ ប្អូនស្រីម្នាក់នៅប្រទេសភីលីពីនចង់ផ្សព្វផ្សាយពេញពេល។ ក៏ប៉ុន្តែគាត់គ្មានវិធីចិញ្ចឹមជីវិតទេ។ ប្អូនស្រីនោះប្រាប់ថា៖ «នៅថ្ងៃសៅរ៍មួយ ខ្ញុំបានអធិស្ឋានទូលថ្វាយព្រះយេហូវ៉ាចំៗអំពីការផ្សព្វផ្សាយពេញពេល។ នៅថ្ងៃដដែលនោះ ពេលខ្ញុំទៅផ្សព្វផ្សាយ ខ្ញុំជួបយុវនារីម្នាក់ហើយជូនសៀវភៅមួយ ស្រាប់តែគាត់ប្រាប់ថា៖ ‹អ្នកគួរទៅសាលាខ្ញុំនៅថ្ងៃចន្ទពេលព្រឹក›។ ខ្ញុំសួរតបទៅវិញថា៖ ‹ហេតុអ្វី?›។ គាត់ពន្យល់ខ្ញុំថា ពួកគេត្រូវការថែមបុគ្គលិកម្នាក់ទៀតភ្លាមៗ។ ខ្ញុំបានទៅដល់សាលាហើយពួកគេបានរើសខ្ញុំភ្លាម។ ទាំងអស់នោះបានកើតឡើងលឿនណាស់»។ ស្មរបន្ទាល់ច្រើនណាស់ទូទាំងផែនដីធ្លាប់មានបទពិសោធន៍ស្រដៀងនេះដែរ។ ដូច្នេះកុំស្ទាក់ស្ទើរឡើយ! ចូរអធិស្ឋានអស់ពីចិត្តទូលថ្វាយព្រះអំពីសំណូមពររបស់អ្នក!
ចុះយ៉ាងណា ប្រសិនបើយើងប្រព្រឹត្តអំពើបាប?
១៤, ១៥. (ក) សូម្បីតែយើងធ្វើបាបក៏ដោយ ហេតុអ្វីនៅតែគួរអធិស្ឋាន? (ខ) ក្រៅពីសេចក្ដីអធិស្ឋានផ្ទាល់ខ្លួន តើអ្វីទៀតនឹងជួយឲ្យបុគ្គលនោះជាឡើងវិញខាងវិញ្ញាណ?
១៤ តើសេចក្ដីអធិស្ឋានអាចជួយយ៉ាងដូចម្ដេចប្រសិនបើយើងបានប្រព្រឹត្តអំពើបាប? បងប្អូនខ្លះមិនអធិស្ឋានទេក្រោយធ្វើបាប ដោយសារមានអារម្មណ៍អាម៉ាស់ខ្មាស។ ក៏ប៉ុន្តែ ធ្វើយ៉ាងនេះបង់ប្រយោជន៍ខ្លួន។ ជាឧទាហរណ៍ អ្នកបើកយន្តហោះដឹងថា បើគាត់វង្វេងគាត់អាចទាក់ទងកន្លែងត្រួតពិនិត្យការហោះហើរដើម្បីបានជំនួយ។ ប៉ុន្តែចុះបើអ្នកបើកយន្តហោះនោះវង្វេង តែមិនព្រមទាក់ទងនឹងកន្លែងត្រួតពិនិត្យការហោះហើរដោយសារគាត់ខ្មាសគេ? ពិតជានឹងមានគ្រោះថ្នាក់ធំណាស់! ស្រដៀងគ្នាដែរ អ្នកដែលបានធ្វើបាបរួចមានអារម្មណ៍អាម៉ាស់ខ្មាសមិនហ៊ានអធិស្ឋានទូលថ្វាយព្រះ អាចមានគ្រោះថ្នាក់ថែមទៀតខាងវិញ្ញាណ។ ការអាម៉ាស់ខ្មាសដោយសារអំពើបាបរបស់ខ្លួន មិនគួរធ្វើឲ្យយើងឈប់ទូលថ្វាយព្រះយេហូវ៉ាឡើយ។ តាមការពិត ព្រះអញ្ជើញអ្នកដែលបានធ្វើបាបធ្ងន់ធ្ងរឲ្យអធិស្ឋានទូលថ្វាយទ្រង់។ អេសាយបានលើកទឹកចិត្តអ្នកធ្វើបាបនៅសម័យគាត់ឲ្យទូលថ្វាយព្រះយេហូវ៉ា «ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ»។ (អេសាយ ៥៥:៦, ៧) អ្នកដែលបានធ្វើបាបប្រហែលជាត្រូវ«ទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ា» ដោយបន្ទាបខ្លួន វៀរចាកអំពើនោះ ហើយប្រែចិត្តយ៉ាងស្មោះមុនសិន។—ទំនុកដំកើង ១១៩:៥៨; ដានីយ៉ែល ៩:១៣
១៥ មានហេតុមួយទៀតដែលសេចក្ដីអធិស្ឋានគឺសំខាន់ពេលប្រព្រឹត្តអំពើបាប។ យ៉ាកុបមានប្រសាសន៍អំពីអ្នកដែលត្រូវការជំនួយខាងវិញ្ញាណថា៖ «ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិស្ឋានឲ្យចុះ . . . ហើយព្រះអម្ចាស់ទ្រង់នឹងប្រោសឲ្យគាត់បានជាឡើង»។ (យ៉ាកុប ៥:១៤, ១៥) ពិតមែនថាបុគ្គលនោះគួរលន់តួបាបដោយអធិស្ឋានទូលថ្វាយព្រះយេហូវ៉ា ប៉ុន្តែគាត់ក៏អាចសុំអ្នកចាស់ទុំអធិស្ឋានដើម្បីគាត់ដែរ។ នោះនឹងជួយឲ្យគាត់ជាឡើងវិញខាងវិញ្ញាណ។
ការតបឆ្លើយនឹងសេចក្ដីអធិស្ឋាន
១៦, ១៧. (ក) តើព្រះយេហូវ៉ាតបឆ្លើយនឹងសេចក្ដីអធិស្ឋានយ៉ាងដូចម្ដេច? (ខ) តើបទពិសោធន៍អ្វីខ្លះបង្ហាញថាការអធិស្ឋាននិងកិច្ចផ្សព្វផ្សាយជាប់ទាក់ទងគ្នា?
១៦ តើព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋានយ៉ាងដូចម្ដេច? ព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋានខ្លះយ៉ាងរហ័សនិងតាមរបៀបងាយកត់សម្គាល់។ (ពង្សាវតារក្សត្រទី២ ២០:១-៦) សេចក្ដីអធិស្ឋានឯទៀតប្រហែលជាត្រូវការពេលយូរជាងទើបទទួលនូវចម្លើយ ហើយចម្លើយនោះប្រហែលមិនងាយកត់សម្គាល់ទេ។ ដូចព្រះយេស៊ូបានបញ្ជាក់ក្នុងរឿងប្រៀបប្រដូចអំពីស្ត្រីមេម៉ាយដែលទៅជួបចៅក្រមម្ដងហើយម្ដងទៀតនោះ យើងប្រហែលជាត្រូវអធិស្ឋានច្រើនដងអំពីរឿងមួយ។ (លូកា ១៨:១-៨) ក៏ប៉ុន្តែយើងអាចជឿជាក់ថា ពេលយើងអធិស្ឋានសមស្របតាមព្រះហឫទ័យរបស់ព្រះ ព្រះយេហូវ៉ានឹងមិនប្រាប់យើងថា៖ «កុំមករំខានចិត្តអញ»។—លូកា ១១:៥-៩
១៧ មានករណីជាច្រើន ដែលរាស្ត្រព្រះយេហូវ៉ាបានឃើញការតបឆ្លើយចំពោះសេចក្ដីអធិស្ឋាន ជាពិសេសក្នុងកិច្ចផ្សព្វផ្សាយ។ ជាឧទាហរណ៍ បងស្រីពីរនាក់នៅប្រទេសភីលីពីនកំពុងតែចែកព័ត៌មានអំពីព្រះគម្ពីរនាតំបន់ដាច់ស្រយាលមួយ។ ពេលពួកគាត់ឲ្យខិត្តប័ណ្ណមួយដល់ស្ត្រីម្នាក់ នោះគាត់ចាប់ផ្ដើមយំភ្លាម ហើយប្រាប់ថា៖ «យប់មិញខ្ញុំបានអធិស្ឋានសុំព្រះចាត់អ្នកណាម្នាក់មកបង្រៀនខ្ញុំអំពីព្រះគម្ពីរ ហើយខ្ញុំគិតថាទ្រង់បានតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់ខ្ញុំដោយចាត់ពួកអ្នកមក»។ បន្ទាប់មក ស្ត្រីនោះចាប់ផ្ដើមចូលរួមកិច្ចប្រជុំនៅសាលព្រះរាជាណាចក្រ។ នៅប្រទេសមួយផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ បងប្រុសម្នាក់មានអារម្មណ៍ខ្លាចបន្ដិច មិនហ៊ានផ្សព្វផ្សាយក្នុងប្លុកផ្ទះល្វែងមួយដែលមានការយាមកាមយ៉ាងដិតដល់។ ក៏ប៉ុន្តែគាត់បានអធិស្ឋានទូលថ្វាយព្រះយេហូវ៉ា រួចប្រមូលភាពក្លាហាន និងចូលកន្លែងនោះ។ គាត់គោះទ្វារផ្ទះល្វែងមួយ ហើយយុវនារីម្នាក់ចេញមក។ ក្រោយបងប្រុសពន្យល់មូលហេតុគាត់ទៅទីនោះ ស្ត្រីនោះចាប់ផ្ដើមយំ ដោយប្រាប់ថាគាត់ខំរកស្មរបន្ទាល់អស់មួយរយៈ ហើយបានអធិស្ឋានសុំឲ្យពួកគេរកឃើញគាត់។ បងប្រុសនោះបានជួយគាត់ឲ្យទាក់ទងនឹងក្រុមជំនុំស្មរបន្ទាល់ព្រះយេហូវ៉ានៅកន្លែងគាត់។
១៨. (ក) នៅពេលដែលសេចក្ដីអធិស្ឋានរបស់យើងទទួលនូវការតបឆ្លើយ តើយើងគួរធ្វើអ្វី? (ខ) បើយើងឆ្លៀតគ្រប់ឱកាសដើម្បីអធិស្ឋាន តើយើងនឹងមានអ្វីជាក់ជាមិនខាន?
១៨ សេចក្ដីអធិស្ឋានជាឯកសិទ្ធិដ៏អស្ចារ្យពិតមែន។ ព្រះយេហូវ៉ាប្រុងប្រៀបសណ្ដាប់ហើយតបឆ្លើយនឹងសេចក្ដីអធិស្ឋាន។ (អេសាយ ៣០:១៨, ១៩) ក៏ប៉ុន្តែយើងត្រូវចេះស្វែងយល់ពីរបៀបព្រះយេហូវ៉ាតបឆ្លើយ។ ទ្រង់មិនតែងតែតបឆ្លើយតាមរបៀបយើងនឹកស្មាននោះទេ។ យ៉ាងណាក៏ដោយ នៅពេលយើងឃើញថាទ្រង់បានផ្ដល់ការណែនាំ យើងមិនគួរភ្លេចអរគុណនិងសរសើរទ្រង់។ (ថែស្សាឡូនីចទី១ ៥:១៨) ម្យ៉ាងទៀត ចូរចងចាំការដាស់តឿនរបស់ប៉ុលដែលថា៖ «ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង»។ ដូច្នេះចូរឆ្លៀតគ្រប់ឱកាសឲ្យទូលថ្វាយព្រះ។ យ៉ាងនោះ ដូចសាវ័កប៉ុលបានបញ្ជាក់ អ្នកនឹងបន្តមាន «សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត . . . ជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នក» ពេលដែលសេចក្ដីអធិស្ឋានរបស់អ្នកទទួលនូវការតបឆ្លើយ។—ភីលីព ៤:៦, ៧
តើអ្នកអាចឆ្លើយបានទេ?
• តើសេចក្ដីអធិស្ឋានមានបែបណាខ្លះ?
• តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច?
• តើយើងអាចអធិស្ឋានអំពីរឿងអ្វីខ្លះ?
• តើសេចក្ដីអធិស្ឋានជួយយ៉ាងដូចម្ដេចពេលយើងបានធ្វើបាប?
[រូបភាពនៅទំព័រ២៩]
ការអធិស្ឋានស្មោះអស់ពីចិត្តជួយយើងមិនចុះចាញ់នឹងការល្បួង
[រូបភាពនៅទំព័រ៣១]
តាមរយៈសេចក្ដីអធិស្ឋាន យើងអរព្រះគុណព្រះ ហើយប្រាប់ទ្រង់អំពីកង្វល់ និងសំណូមពររបស់យើង