បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ១៦ ទំ. ១៥០-១៥៩
  • របៀបដែលអ្នកអាចចូលទៅជិតព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបដែលអ្នកអាចចូលទៅជិតព្រះ
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​យើង​ចូល​ទៅ​ជិត​ព្រះ
  • សេចក្ដី​តម្រូវ​សំរាប់​ការ​ចូល​ទៅ​ជិត​ព្រះ​ទ្រង់
  • ឱកាស​ដែល​គួរ​អធិស្ឋាន​ទៅ​ព្រះ
  • សេចក្ដី​អធិស្ឋាន​ដែល​ព្រះ​យេហូវ៉ា​ស្ដាប់
  • តស៊ូ​ក្នុង​សេចក្ដី​អធិស្ឋាន
  • ការ​ប្រស្រ័យ​ទាក់ទងជា​មួយ​ព្រះ​យេហូវ៉ា មិន​មែន​តែ​ម្ខាង​ទេ
  • ចូរចូលទៅជិតព្រះតាមរយៈការអធិស្ឋាន
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • របៀបទទួលជំនួយតាមរយៈការអធិស្ឋាន
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • «ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ឯកសិទ្ធិក្នុងការអធិដ្ឋាន
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ១៦ ទំ. ១៥០-១៥៩

ជំពូក​ទី១៦

របៀប​ដែល​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះ

១​. តើ​មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ណា​ខ្លះ ដែល​ឃើញ​ជាក់​ស្តែង​ក្នុង​សាសនា​ជា​ច្រើន?

ទេសចរ​ម្នាក់​ដែល​ទៅ​លេង​ប្រទេស​មួយ​នៅ​ទ្វីប​អាស៊ី បាន​ស្ងើច​អស្ចារ្យ​នឹង​ក្បួន​រីត៌​សាសនា ដែល​នាង​បាន​ឃើញ​នៅ​ឯ​វត្ត​ពុទ្ធ​សាសនា។ ថ្វី​បើ​គេ​មិន​ប្រើ​បដិមាករ​នាង​ម៉ារា ឬ ព្រះ​គ្រីស្ទ​ក៏​ដោយ ក្បួន​រីត៌​ជា​ច្រើន​គឺ​ដូច​ក្បួន​រីត៌​នៅ​ប្រទេស​របស់​នាង​អញ្ចឹង​ដែរ។ ជា​ឧទាហរណ៍ នាង​បាន​កត់​សម្គាល់​ឃើញ​ការ​ប្រើ​ចង្វាយ​គ្រាប់​ផ្គាំ និង​ការ​សូត្រ​ធម៌។ ពួក​អ្នក​ឯ​ទៀត​ក៏​បាន​ប្រៀបធៀប​ឃើញ​យ៉ាង​ដូច្នោះ។ នៅ​បូព៌ា​ប្រទេស​ឬ​បស្ចិម​ប្រទេស របៀប​ដែល​ពួក​អ្នក​ស៊ប់​ក្នុង​សាសនា​ខំ​ចូល​ទៅ​ជិត​ព្រះ ឬ​វត្ថុ​ថ្វាយ​បង្គំ​របស់​គេ គឺ​ស្រដៀង​គ្នា​អស្ចារ្យ​មែន។

២​. តើ​សេចក្ដី​អធិស្ឋាន​បាន​ត្រូវ​រៀប​រាប់​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​អធិស្ឋាន?

២ មនុស្ស​ជា​ច្រើន ជា​ពិសេស​ខំ​ចូល​ទៅ​ជិត​ព្រះ ដោយ​អធិស្ឋាន​ទៅ​ទ្រង់។ សេចក្ដី​អធិស្ឋាន​បាន​ត្រូវ​រៀប​រាប់​ថា​ជា​«របៀប​ដែល​មនុស្ស​ប្រស្រ័យ​ទាក់ទង​ជា​មួយ​នឹង​តួ​អង្គ​ពិសិដ្ឋ​ឬ​បរិសុទ្ធ គឺ​ព្រះ ពួក​ព្រះ វិស័យ​អតិសេដ្ឋ ឬ​អំណាច​អធិធម្មជាតិ»។ (សព្វ​វចនាធិប្បាយ​ប៊្រីធែណនីកា​ថ្មី) ប៉ុន្តែ ពេល​ចូល​ទៅ​ជិត​ព្រះ​ដោយ​សេចក្ដី​អធិស្ឋាន អ្នក​ខ្លះ​គិត​តែ​ពី​ផល​ប្រយោជន៍​អ្វី​ដែល​គេ​នឹង​ទទួល​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍ គ្រា​មួយ បុរស​ម្នាក់​បាន​សួរ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ ថា⁠៖ «ប្រសិន​បើ​អ្នក​អធិស្ឋាន​សំរាប់​ខ្ញុំ តើ​បញ្ហា​ដែល​ខ្ញុំ​មាន​ក្នុង​គ្រួសារ នៅ​កន្លែង​ធ្វើ​ការ និង​បញ្ហា​សុខភាព​របស់​ខ្ញុំ នឹង​ដោះ​ស្រាយ​បាន​ឬ​ទេ»? មើល​ទៅ បុរស​នេះ​បាន​គិត​ថា​នឹង​អាច​ដោះ​ស្រាយ​បាន ប៉ុន្តែ​មនុស្ស​ជា​ច្រើន​អធិស្ឋាន ហើយ​ឃើញ​ថា​គេ​នៅ​តែ​មាន​បញ្ហា​ដដែល។ ដូច្នេះ​យើង​អាច​សួរ​ថា ‹ហេតុ​អ្វី​ក៏​យើង​គួរ​ចូល​ទៅ​ជិត​ព្រះ›?

មូលហេតុ​ដែល​យើង​ចូល​ទៅ​ជិត​ព្រះ

៣​. តើ​សេចក្ដី​អធិស្ឋាន​របស់​យើង​គួរ​តែ​សំដៅ​ទៅ​អ្នក​ណា ហើយ​ហេតុ​អ្វី?

៣ សេចក្ដី​អធិស្ឋាន​មិន​មែន​ជា​ក្បួន​រីត៌​ដ៏​គ្មាន​ន័យ ហើយ​ក៏​មិន​មែន​គ្រាន់​តែ​ជា​ផ្លូវ​មួយ​សំរាប់​ទទួល​អ្វី​មួយ​នោះ​ដែរ។ មូលហេតុ​ដ៏​ធំ​មួយ​ក្នុង​ការ​ចូល​ទៅ​ជិត​ព្រះ គឺ​ដើម្បី​ឲ្យ​មាន​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ទ្រង់។ ដូច្នេះ សេចក្ដី​អធិស្ឋាន​របស់​យើង​គឺ​ត្រូវ​តែ​សំដៅ​ទៅ​ព្រះ​យេហូវ៉ា។ អ្នក​តែង​ទំនុកដំកើង ឈ្មោះ​ដាវីឌ បាន​មាន​ប្រសាសន៍​ថា⁠៖ «ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់»។ (ទំនុកដំកើង ១៤៥:⁠១៨) ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ចូល​ក្នុង​ទំនាក់ទំនង​ដ៏​សុខសាន្ត​ជា​មួយ​ទ្រង់។ (អេសាយ ១:⁠១៨) អស់​អ្នក​ដែល​ទទួល​យក​សេចក្ដី​អញ្ជើញ​នេះ គឺ​យល់​ស្រប​នឹង​អ្នក​តែង​ទំនុកដំកើង ដែល​មាន​ប្រសាសន៍​ថា⁠៖ «ឯ​ទូល​បង្គំ ដែល​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ»។ ហេតុ​អ្វី? ពីព្រោះ​អស់​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា នឹង​មាន​សុភមង្គល​ពិត​ហើយ​នឹង​មាន​ចិត្ត​សុខ​ស្រួល​ផង។​—⁠ទំនុកដំកើង ៧៣:⁠២៨

៤, ៥​. (ក) ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ក្នុង​ការ​អធិស្ឋាន​ទៅ​ព្រះ? (ខ) តើ​ទំនាក់ទំនង​ប្រភេទ​ណា ដែល​យើង​អាច​កសាង​បាន​ជា​មួយ​ព្រះ តាម​រយៈ​សេចក្ដី​អធិស្ឋាន?

៤ ហេតុ​អ្វី​ក៏​អធិស្ឋាន​ទៅ​ព្រះ​សូម​ឲ្យ​ទ្រង់​ជួយ ប្រសិន​បើ​ទ្រង់​‹ជ្រាប​នូវ​អ្វី⁠ៗដែល​យើង​ត្រូវ​ការ មុន​នឹង​យើង​សុំ​ទ្រង់​នោះ›? (ម៉ាថាយ ៦:៨; ទំនុកដំកើង ១៣៩:⁠៤) សេចក្ដី​អធិស្ឋាន​បង្ហាញ​ថា យើង​មាន​ជំនឿ​លើ​ព្រះ ហើយ​ចាត់​ទុក​ទ្រង់​ជា​ប្រភព​នៃ​‹គ្រប់​ទាំង​របស់​ដ៏​ល្អ និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​ល័ក្ខណ៍›។ (យ៉ាកុប ១:⁠១៧; ហេព្រើរ ១១:៦) ព្រះ​យេហូវ៉ា​គាប់​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង។ (សុភាសិត ១៥:⁠៨) ទ្រង់​មាន​ព្រះទ័យ​រីករាយ​ដោយ​បាន​ឮ​សំដី​ដ៏​មាន​ន័យ​របស់​យើង ដែល​ទូល​ថ្លែង​អបអរ​និង​សរសើរ​ដំកើង​ទ្រង់ ដូច​ជា​ឪពុក​ម្នាក់​មាន​ចិត្ត​រីករាយ ពេល​ឮ​កូន​តូច​របស់​គាត់​ពោល​ពាក្យ​សម្ដែង​សេចក្ដី​ដឹង​គុណ​យ៉ាង​ស្មោះ​ពី​ចិត្ត។ (ទំនុកដំកើង ១១៩:⁠១០៨) ពេល​ណា​មាន​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ឪពុក​និង​កូន នោះ​ក៏​មាន​ការ​ប្រស្រ័យ​ទាក់ទង​គ្នា​យ៉ាង​កក់ក្ដៅ​ដែរ។ កូន​ដែល​មាន​ឪពុក​ស្រឡាញ់ នោះ​ចង់​និយាយ​ទៅ​រក​ឪពុក​របស់​ខ្លួន។ ក៏​ត្រូវ​ដូច​គ្នា​ដែរ ចំពោះ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ។ ប្រសិន​បើ​យើង​ពិត​ជា​អបអរ​ចំពោះ​អ្វី⁠ៗដែល​យើង​កំពុង​រៀន​អំពី​ព្រះ​យេហូវ៉ា និង​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​បាន​បង្ហាញ​ដល់​យើង នោះ​យើង​នឹង​មាន​ចិត្ត​ចង់​សម្ដែង​ប្រាប់​យោបល់​យើង​ដល់​ទ្រង់ ដោយ​សេចក្ដី​អធិស្ឋាន។​—⁠យ៉ូហានទី១ ៤:​១៦​-​១៨

៥ ពេល​ដែល​យើង​ចូល​ទៅ​ជិត​ព្រះ​ដ៏​ខ្ពស់​បំផុត យើង​ត្រូវ​តែ​មាន​សេចក្ដី​គោរព តែ​មិន​បាច់​ព្រួយ​ហួស​ហេតុ​នឹង​ពាក្យ​ដែល​យើង​ត្រូវ​ប្រើ​នោះ​ឡើយ។ (ហេព្រើរ ៤:⁠១៦) យើង​តែង​តែ​ចូល​ទៅ​ទាក់ទង​នឹង​ព្រះ​យេហូវ៉ា​បាន​ជានិច្ច។ ហើយ​នេះ​ជា​ឯក​សិទ្ធិ​ដ៏​ល្អ​អ្វី​ម្ល៉េះ​ហ្ន៎ ដែល​យើង​អាច​‹ប្លុង​ចិត្ត​របស់​យើង›​នៅ​ចំពោះ​ទ្រង់​ដោយ​សេចក្ដី​អធិស្ឋាន! (ទំនុកដំកើង ៦២:⁠៨) សេចក្ដី​អបអរ​ចំពោះ​ព្រះ​យេហូវ៉ា នឹង​នាំ​ឲ្យ​មាន​ទំនាក់ទំនង​ដ៏​កក់ក្ដៅ​ជា​មួយ​នឹង​ទ្រង់ ដូច​ទំនាក់ទំនង​រវាង​ព្រះ​និង​លោក​អ័ប្រាហាំ​ជា​បុរស​ស្មោះ​ត្រង់ ដែល​បាន​ត្រូវ​រាប់​ទុក​ជា​មិត្ត​របស់​ព្រះ។ (យ៉ាកុប ២:⁠២៣) ប៉ុន្តែ ពេល​អធិស្ឋាន​ទៅ​ព្រះ​អម្ចាស់​មហាក្សត្រ​នៃ​សកលលោក យើង​ត្រូវ​តែ​ធ្វើ​តាម​សេចក្ដី​តម្រូវ​របស់​ទ្រង់ សំរាប់​ការ​ចូល​ទៅ​ជិត​ទ្រង់។

សេចក្ដី​តម្រូវ​សំរាប់​ការ​ចូល​ទៅ​ជិត​ព្រះ​ទ្រង់

៦, ៧​. ថ្វី​បើ​ព្រះ​ទ្រង់​មិន​ទាមទារ​ការ​បង់​ប្រាក់ ដើម្បី​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង តើ​ទ្រង់​តម្រូវ​អ្វី​ពី​យើង​ពេល​យើង​អធិស្ឋាន?

៦ តើ​ត្រូវ​ការ​ប្រាក់​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​ឬ? មនុស្ស​ជា​ច្រើន​បង់​ប្រាក់​ដល់​ពួក​បព្វជិត ឲ្យ​អធិស្ឋាន​សំរាប់​ពួក​គេ។ អ្នក​ខ្លះ​ព្រម​ទាំង​ជឿ​ថា ព្រះ​នឹង​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​គេ ស្រេច​តែ​លើ​ចំនួន​អំណោយ​ទាន​ដែល​គេ​បាន​ផ្ដល់​ឲ្យ។ ប៉ុន្តែ បន្ទូល​របស់​ព្រះ​មិន​បាន​ចែង​ថា យើង​ត្រូវ​តែ​ថ្វាយ​ប្រាក់ ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​អធិស្ឋាន​នោះ​ឡើយ។ យើង​អាច​ទទួល​ដោយ​ឥត​បង់ថ្លៃ​នូវ​ជំនួយ​គ្រោង​ទុក​ខាង​វិញ្ញាណ​ពី​ទ្រង់ និង​ពរ​នៃ​ទំនាក់ទំនង​ជា​មួយ​នឹង​ទ្រង់​ដោយ​សេចក្ដី​អធិស្ឋាន។​—⁠អេសាយ ៥៥:​១, ២

៧ បើ​ដូច្នេះ តើ​ត្រូវ​ការ​អ្វី​ទៅ? អាកប្បកិរិយា​ត្រឹម​ត្រូវ គឺ​ជា​សេចក្ដី​តម្រូវ​ដ៏​សំខាន់​មួយ។ (របាក្សត្រទី២ ៦:​២៩, ៣០; សុភាសិត ១៥:⁠១១) ក្នុង​ចិត្ត​របស់​យើង យើង​ត្រូវ​តែ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា ជា​«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន» ជា​ព្រះ​ដែល​«ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ (ទំនុកដំកើង ៦៥:២; ហេព្រើរ ១១:⁠៦) យើង​ក៏​ត្រូវ​តែ​មាន​ចិត្ត​រាប​ទាប​ដែរ។ (ពង្សាវតារក្សត្រទី២ ២២:⁠១៩; ទំនុកដំកើង ៥១:⁠១៧) ក្នុង​ពាក្យ​ប្រៀបប្រដូច​មួយ​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បង្ហាញ​ថា ពេល​ចូល​ទៅ​ជិត​ព្រះ នោះ​អ្នក​យក​ពន្ធ​ចិត្ត​រាប​ទាប​ម្នាក់ គឺ​ឃើញ​ថា​សុចរិត​ជាង​ផារីស៊ី​ដ៏​មាន​ចិត្ត​ក្រអឺតក្រអោង។ (លូកា ១៨:​១០​-​១៤) ពេល​យើង​ចូល​ទៅ​ជិត​ព្រះ​ដោយ​សេចក្ដី​អធិស្ឋាន ចូរ​យើង​ចង​ចាំ​ថា «អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើងឆ្មៃ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​យេហូវ៉ា»​ហើយ។​—⁠សុភាសិត ១៦:⁠៥

៨​. ប្រសិន​បើ​យើង​ប៉ង​ចង់​ឲ្យ​ព្រះ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង តើ​យើង​ត្រូវ​តែ​សំអាត​ខ្លួន​យើង​ពី​អ្វី?

៨ ប្រសិន​បើ​យើង​ចង់​ឲ្យ​ព្រះ​ទ្រង់​ឆ្លើយ​តប​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង នោះ​យើង​ត្រូវ​តែ​សំអាត​ខ្លួន​យើង​ពី​ចរិយា​ដ៏​មាន​បាប។ ពេល​ដែល​សិស្ស​យ៉ាកុប​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ចូល​ទៅ​ជិត​ព្រះ គាត់​បាន​និយាយ​ថែម​ទៀត​ថា⁠៖ «ឱ​ពួក​មាន​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ ចូរ​សំអាត​ចិត្ត​ឡើង»។ (យ៉ាកុប ៤:⁠៨) សូម្បី​តែ​មនុស្ស​ប្រព្រឹត្ត​ខុស ក៏​អាច​មាន​ទំនាក់ទំនង​ដ៏​សុខសាន្ត​ជា​មួយ​ព្រះ​យេហូវ៉ា​ដែរ ប្រសិន​បើ​គេ​ប្រែ​ចិត្ត ហើយ​លះបង់​របៀប​រស់​នៅ​ពី​មុន​របស់​គេ​ចោល។ (សុភាសិត ២៨:⁠១៣) ព្រះ​យេហូវ៉ា​នឹង​មិន​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង​ទេ ប្រសិន​បើ​យើង​គ្រាន់​តែ​ធ្វើ​ពុត​ថា​បាន​សំអាត​ផ្លូវ​របស់​យើង។ បន្ទូល​របស់​ព្រះ​ចែង​ថា⁠៖ «ព្រះ​នេត្រ​នៃ[ព្រះ​យេហូវ៉ា] តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ​កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្ដាប់​ពាក្យ​ទូល​អង្វរ​របស់​គេ តែ​ព្រះ​ភក្ដ្រ[ព្រះ​យេហូវ៉ា]តែង​ទាស់​ទទឹង​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​វិញ»។​—⁠ពេត្រុសទី១ ៣:⁠១២

៩​. តើ​តាម​រយៈ​អ្នក​ណា​ដែល​យើង​គួរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​ហេតុ​អ្វី?

៩ ព្រះ​គម្ពីរ​ចែង​ថា⁠៖ «ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធតែ​ល្អ​ឥត​ធ្វើ​បាប​ឡើយ​នោះ​ទេ»។ (សាស្ដា ៧:⁠២០) ដូច្នេះ អ្នក​ប្រហែល​ជា​សួរ​ថា⁠៖ ‹បើ​ដូច្នេះ តើ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​ទៅ›? ព្រះ​គម្ពីរ​ឆ្លើយ​ថា⁠៖ «បើសិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​បុគ្គល​ដ៏​ជា​ជំនួយ​មួយ​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះ​វរបិតា គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ជា​មួយ​អង្គ​ដ៏​សុចរិត»។ (យ៉ូហានទី១ ២:⁠១, ព​.​ថ​.) ទោះបី​យើង​ជា​មនុស្ស​មាន​បាប​ក៏​ដោយ យើង​អាច​ចូល​ទៅ​ជិត​ព្រះ​បាន​ដោយ​ប្រើ​ពាក្យ​សំដី​យ៉ាង​សេរី​ឥត​ភ័យ​ខ្លាច តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​បាន​សោយទិវង្គត​ដើម្បី​លោះ​យើង​រាល់​គ្នា។ (ម៉ាថាយ ២០:⁠២៨) ទ្រង់​ជា​ផ្លូវ​តែ​មួយ​គត់ ដែល​នាំ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​បាន។ (យ៉ូហាន ១៤:⁠៦) យើង​មិន​ត្រូវ​គិត​ថា តម្លៃ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ នឹង​គ្រប​បាំង​បាប​របស់​យើង ហើយ​តាំង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ​ឡើយ។ (ហេព្រើរ ១០:⁠២៦) ប៉ុន្តែ ប្រសិន​បើ​យើង​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​កុំ​ឲ្យ​ធ្វើ​អំពើ​អាក្រក់​ទៀត ហើយ​ជួន​កាល​នៅ​តែ​ធ្វើ​ខុស នោះ​យើង​អាច​ប្រែ​ចិត្ត​វិញ​បាន ហើយ​ទូល​សូម​ព្រះ​ឲ្យ​ទ្រង់​អត់​ឱន​ទោស​ដល់​យើង។ ពេល​យើង​ចូល​ទៅ​ជិត​ទ្រង់​ដោយ​ចិត្ត​រាប​ទាប នោះ​ទ្រង់​នឹង​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង​ជា​មិន​ខាន។​—⁠លូកា ១១:៤

ឱកាស​ដែល​គួរ​អធិស្ឋាន​ទៅ​ព្រះ

១០​. ពេល​អធិស្ឋាន តើ​តាម​របៀប​ណា​ដែល​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេស៊ូ ហើយ​មាន​គ្រា​ណា​ខ្លះ​សំរាប់​អធិស្ឋាន​ផ្ទាល់​ខ្លួន?

១០ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ចាត់​ទុក​ទំនាក់ទំនង​របស់​ទ្រង់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ជា​របស់​ដ៏​មាន​តម្លៃ​មួយ។ ដូច្នេះ ព្រះ​យេស៊ូ​បាន​ទុក​ពេល​វេលា​ដើម្បី​ទូល​ទៅ​ព្រះ ដោយ​អធិស្ឋាន​ស្ងាត់⁠ៗតែ​ព្រះ​អង្គ​ទ្រង់។ (ម៉ាកុស ១:⁠៣៥; លូកា ២២:⁠៤០​-​៤៦) ជា​ការ​ល្អ​ចំពោះ​យើង​ក្នុង​ការ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ ហើយ​អធិស្ឋាន​ទៅ​ព្រះ​ជា​រឿយ⁠ៗ។ (រ៉ូម ១២:⁠១២) ជា​ការ​ត្រឹម​ត្រូវ ដែល​យើង​គួរ​អធិស្ឋាន​មុន​ចាប់​ប្រកប​កិច្ចការ​ប្រចាំ​ថ្ងៃ ហើយ​មុន​ពេល​ចូល​គេង យើង​អាច​ថ្លែង​អំណរគុណ​ដល់​ព្រះ​យេហូវ៉ា​ចំពោះ​សកម្មភាព ដែល​យើង​បាន​សម្រេច​កាល​ពី​ថ្ងៃ​មក។ ក្នុង​រយៈ​វេលា​ថ្ងៃ សូម​តាំង​ចិត្ត​ចូល​ទៅ​ជិត​ព្រះ​«រាល់​ពេល​រាល់​វេលា»។ (អេភេសូរ ៦:⁠១៨) យើង​ក៏​អាច​អធិស្ឋាន​ស្ងាត់⁠ៗក្នុង​ចិត្ត​របស់​យើង​ដែរ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ឮ​យើង។ អធិស្ឋាន​ទៅ​ព្រះ​ដោយ​ស្ងាត់⁠ៗតែ​ខ្លួន​ឯង ជួយ​យើង​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជា​មួយ​នឹង​ទ្រង់ ហើយ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ ជួយ​ឲ្យ​យើង​បាន​ជិត​ស្និទ្ធ​នឹង​ទ្រង់​ថែម​ទៀត​ផង។

១១​. (ក) ហេតុ​អ្វី​ក៏​គ្រួសារ​គួរ​អធិស្ឋាន​ជា​មួយ​គ្នា? (ខ) តើ​មាន​ន័យ​យ៉ាង​ណា ពេល​ដែល​អ្នក​និយាយ​ថា «អាម៉ែន» នៅ​ទីបញ្ចប់​នៃ​សេចក្ដី​អធិស្ឋាន?

១១ ព្រះ​យេហូវ៉ា​ក៏​ស្ដាប់​សេចក្ដី​អធិស្ឋាន ដែល​ថ្លែង​ឡើង​ដើម្បី​ប្រយោជន៍​ដល់​មនុស្ស​ដែល​ផ្ដុំ​គ្នា​ជា​ក្រុម⁠ៗដែរ។ (ពង្សាវតារក្សត្រទី១ ៨:​២២​-​៦៣) យើង​អាច​ចូល​ទៅ​ជិត​ព្រះ ជា​គ្រួសារ​មួយ​ក្រុម ដោយ​មាន​មេ​គ្រួសារ​ជា​អ្នក​នាំ​មុខ​ក្នុង​សេចក្ដី​អធិស្ឋាន។ នេះ​នឹង​ពង្រឹង​ចំណង​គ្រួសារ ហើយ​ព្រះ​យេហូវ៉ា​ក៏​ក្លាយ​ជា​បុគ្គល​ពិត​ចំពោះ​ពួក​ក្មេង⁠ៗ ពេល​គេ​ឮ​ឪពុក​ម្ដាយ​របស់​គេ​អធិស្ឋាន​ទៅ​ព្រះ​ដោយ​រាប​ទាប។ ចុះ​យ៉ាង​ណា​វិញ ប្រសិន​បើ​បុគ្គល​ម្នាក់ តំណាង​មនុស្ស​មួយ​ក្រុម​ក្នុង​សេចក្ដី​អធិស្ឋាន ប្រហែល​ដូច​ក្នុង​ពេល​ប្រជុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នោះ? ប្រសិន​បើ​យើង​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ស្ដាប់ ចូរ​យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ដើម្បី​នៅ​ទីបញ្ចប់​នៃ​សេចក្ដី​អធិស្ឋាន យើង​អាច​តប​ស្មោះ​អស់​ពី​ចិត្ត​ថា​«អាម៉ែន» ដែល​មាន​ន័យ​ថា ‹សូម​ឲ្យ​បាន​ដូច​ប្រាថ្នា›។​—⁠កូរិនថូសទី១ ១៤:⁠១៦

សេចក្ដី​អធិស្ឋាន​ដែល​ព្រះ​យេហូវ៉ា​ស្ដាប់

១២​. (ក) ហេតុ​អ្វី​ក៏​ព្រះ​មិន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​ខ្លះ? (ខ) ហេតុ​អ្វី​ក៏​យើង​មិន​គួរ​គិត​តែ​ពី​របស់​ត្រូវ​ការ​ផ្ទាល់​ខ្លួន ពេល​យើង​អធិស្ឋាន?

១២ អ្នក​ខ្លះ​ប្រហែល​ជា​យល់​ថា ព្រះ​មិន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​គេ​ទេ ទោះ​ជា​គេ​បាន​អធិស្ឋាន​ទៅ​ទ្រង់ តាម​រយៈ​ព្រះ​គ្រីស្ទ​ក៏​ដោយ។ ប៉ុន្តែ សាវ័ក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា⁠៖ «បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះ​ហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម»។ (យ៉ូហានទី១ ៥:⁠១៤) ដូច្នេះ យើង​ត្រូវ​តែ​សុំ​អ្វី⁠ៗដែល​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ ពីព្រោះ​ទ្រង់​មាន​ព្រះទ័យ​ទុក​ដាក់​នឹង​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​យើង អ្វី⁠ៗដែល​ទាក់ទង​នឹង​ភាព​វិញ្ញាណ គឺ​ជា​រឿង​ត្រឹម​ត្រូវ​សំរាប់​អធិស្ឋាន។ យើង​ត្រូវ​តែ​ទប់ទល់​នឹង​សេចក្ដី​ល្បួង ដែល​នាំ​ឲ្យ​យើង​គិត​តែ​របស់​ត្រូវ​ការ​ខាង​រូប​កាយ។ ជា​ឧទាហរណ៍ ថ្វី​បើ​ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ការ​អធិស្ឋាន​សូម​ឲ្យ​យើង​យល់​ជ្រៅជ្រះ ឲ្យ​យើង​មាន​កម្លាំង​ដើម្បី​លៃលក​ដោះ​ស្រាយ​បញ្ហា​ជម្ងឺ តែ​សេចក្ដី​ព្រួយ​បារម្ភ​អំពី​សុខភាព​មិន​គួរ​រុញ​ចោល​ផល​ប្រយោជន៍​ខាង​វិញ្ញាណ​ចេញ​ពី​យើង​ឡើយ។ (ទំនុកដំកើង ៤១:​១​-​៣) ដោយ​បាន​ជ្រាប​ថា​នាង​បាន​ខ្វល់ខ្វាយ​នឹង​សុខភាព​របស់​នាង​ហួស​ហេតុ​ពេក ស្ត្រី​គ្រីស្ទាន​ម្នាក់​បាន​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​នាង ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ជម្ងឺ​របស់​នាង។ ជា​លទ្ធផល បញ្ហា​សុខភាព​របស់​នាង បាន​ក្លាយ​ទៅ​ជា​រឿង​តូចតាច​មួយ ហើយ​នាង​ក៏​មាន​អារម្មណ៍​ថា នាង​បាន​ទទួល«ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់»។ (កូរិនថូសទី២ ៤:⁠៧) នាង​មាន​សេចក្ដី​ប្រាថ្នា​រឹតតែ​ខ្លាំង​ឡើង ចង់​ផ្ដល់​ជំនួយ​ខាង​វិញ្ញាណ​ដល់​មនុស្ស​ឯ​ទៀត ហើយ​នាង​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​ប្រកាស​ព្រះរាជាណាចក្រ​ពេញ​ពេល​ម្នាក់។

១៣​. ដូច​បាន​បង្ហាញ​នៅ​ម៉ាថាយ ៦:​៩​-​១៨ តើ​រឿង​ត្រឹម​ត្រូវ​ណា​ខ្លះ ដែល​យើង​អាច​បញ្ចូល​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង?

១៣ តើ​យើង​អាច​អធិស្ឋាន​អំពី​របស់​បែប​ណា​ខ្លះ ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​គាប់​ព្រះ​ហឫទ័យ​ចង់​ឮ​នោះ? ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​នូវ​របៀប​ដែល​គេ​ត្រូវ​អធិស្ឋាន។ ក្នុង​សេចក្ដី​អធិស្ឋាន​គំរូ​ដែល​កត់​ទុក​ក្នុង​ម៉ាថាយ ៦:​៩​-​១៣ ទ្រង់​បាន​ដាក់​គំរូ​មួយ​ដែល​បង្ហាញ​នូវ​របស់​នានា ដែល​យើង​អាច​អធិស្ឋាន​សុំ​បាន​ដោយ​ត្រឹម​ត្រូវ។ តើ​អ្វី​ជា​របស់​ដែល​យើង​គួរ​ខ្វល់ខ្វាយ​ជាង​គេ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង? ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា និង​ព្រះ​រាជាណាចក្រ គឺ​សំខាន់​ជាង​គេ​បំផុត។ ទូល​សុំ​វត្ថុ​ដែល​យើង​ត្រូវ​ការ គឺ​ជា​ការ​ត្រឹម​ត្រូវ។ ហើយ​ក៏​សំខាន់​ដែរ ក្នុង​ការ​ទូល​សូម​ឲ្យ​ព្រះ​អត់​ឱន​ទោស​ដល់​បាប​របស់​យើង និង​សូម​ឲ្យ​ទ្រង់​ជួយ​យើង​ឲ្យ​ជៀស​រួច​ពី​សេចក្ដី​ល្បួង និង​ពី​អា​កំណាច គឺ​អារក្ស​សាតាំង។ ព្រះ​យេស៊ូ​មិន​ចង់​ឲ្យ​យើង​សូត្រ​សេចក្ដី​អធិស្ឋាន ឬ​និយាយ​ដដែល⁠ៗម្ដង​ហើយ​ម្ដង​ទៀត ដោយ​ឥត​គិត​អំពី​ន័យ​នៃ​ពាក្យ​អធិស្ឋាន​នោះ។ (ម៉ាថាយ ៦:⁠៧) តើ​នឹង​មាន​ទំនាក់ទំនង​បែប​ណា ប្រសិន​បើ​កូន​ម្នាក់​បាន​ប្រើ​ពាក្យ​ដដែល⁠ៗរាល់​តែ​ដង ពេល​ដែល​វា​និយាយ​ទៅ​រក​ឪពុក​នោះ?

១៤​. ក្រៅ​ពី​សំណូម​ពរ តើ​សេចក្ដី​អធិស្ឋាន​អ្វី​ដែល​យើង​គួរ​ថ្លែង?

១៤ ក្រៅ​ពី​សំណូម​ពរ និង​ការ​ទូល​អង្វរ​សុំ​យ៉ាង​អស់​ពី​ចិត្ត យើង​ក៏​គួរ​អធិស្ឋាន​ថ្លែង​សេចក្ដីសរសើរ​ដំកើង​និង​ពាក្យ​អរ​ព្រះ​គុណ​ដែរ។ (ទំនុកដំកើង ៣៤:១; ៩២:១; ថែស្សាឡូនីចទី១ ៥:⁠១៨) យើង​ក៏​អាច​អធិស្ឋាន​សំរាប់​អ្នក​ឯ​ទៀត​ដែរ។ សេចក្ដី​អធិស្ឋាន​ចំពោះ​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​យើង ដែល​កំពុង​រង​ទុក្ខ​វេទនា​ឬ​មាន​គេ​បៀតបៀន បង្ហាញ​នូវ​ការ​ខ្វល់ខ្វាយ​របស់​យើង​ចំពោះ​ពួក​គេ ហើយ​ព្រះ​យេហូវ៉ា​គាប់​ព្រះ​ហឫទ័យ​ចង់​ឮ​យើង​សម្ដែង​សេចក្ដី​ខ្វល់ខ្វាយ​បែប​នេះ។ (លូកា ២២:⁠៣២; យ៉ូហាន ១៧:⁠២០; ថែស្សាឡូនីចទី១ ៥:⁠២៥) តាម​ពិត សាវ័ក​ប៉ុល​បាន​សរសេរ​ថា⁠៖ «កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង យ៉ាង​នោះ សេចក្ដី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។​—⁠ភីលីព ៤:៦, ៧

តស៊ូ​ក្នុង​សេចក្ដី​អធិស្ឋាន

១៥​. តើ​យើង​គួរ​ចាំ​អ្វី ប្រសិន​បើ​សេចក្ដី​អធិស្ឋាន​របស់​យើង​ហាក់​ដូច​ជា​គ្មាន​ចម្លើយ​តប​ឆ្លើយ​មក​វិញ​នោះ?

១៥ ថ្វី​បើ​អ្នក​កំពុង​កើន​ចំណេះ​អំពី​ព្រះ អ្នក​ប្រហែល​ជា​យល់​ថា ព្រះ​ជួន​កាល​ឥត​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ទេ។ នេះ​អាច​គឺ​ជា​ដូច្នេះ​មែន ពីព្រោះ​ប្រហែល​ជា​មិន​ទាន់​ដល់​គ្រា ដែល​ព្រះ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​ជាក់លាក់​ណា​មួយ​នៅ​ឡើយ។ (សាស្ដា ៣:​១​-​៩) ព្រះ​យេហូវ៉ា​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​ស្ថានភាព​ណា​មួយ​មាន​នៅ​មួយ​រយៈ​សិន។ ប៉ុន្តែ ទ្រង់​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​មិន​ដែល​ខាន​ឡើយ ហើយ​ជ្រាប​នូវ​ពេល​វេលា​ដ៏​ប្រសើរ​បំផុត​សំរាប់​តប​ឆ្លើយ។​—⁠កូរិនថូសទី២ ១២:​៧​-​៩

១៦​. ហេតុ​អ្វី​ក៏​យើង​គួរ​ខំ​ព្យាយាម​អធិស្ឋាន ហើយ​ការ​ធ្វើ​នេះ​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះ​យ៉ាង​ដូច​ម្ដេច?

១៦ ការ​តស៊ូ​របស់​យើង​ក្នុង​សេចក្ដី​អធិស្ឋាន បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្វី⁠ៗដែល​យើង​ទូល​ទៅ​ព្រះ។ (លូកា ១៨:​១​-​៨) ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង​ឲ្យ​ឈ្នះ​លើ​ការ​ទន់ខ្សោយ​ណា​មួយ។ ដោយ​តស៊ូ​ក្នុង​សេចក្ដី​អធិស្ឋាន ហើយ​ប្រព្រឹត្ត​ឲ្យ​ស្រប​តាម​សំណូម​ពរ​របស់​យើង យើង​បង្ហាញ​នូវ​សេចក្ដី​ស្មោះត្រង់​របស់​យើង។ សំណូម​ពរ​របស់​យើង​គឺ​គួរ​តែ​ច្បាស់​ជាក់លាក់ ហើយ​ទៀងត្រង់​ផង។ ជា​ពិសេស​គឺ​សំខាន់​ណាស់ ដែល​យើង​ត្រូវ​អធិស្ឋាន​ឲ្យ​អស់​ពី​ចិត្ត​អស់​ពី​កម្លាំង ពេល​ដែល​យើង​កំពុង​រង​សេចក្ដី​ល្បួង។ (ម៉ាថាយ ៦:⁠១៣) កាល​យើង​បន្ត​អធិស្ឋាន ហើយ​ខំ​ទប់ទល់​នឹង​សេចក្ដី​ជំរុញ​ដ៏​មាន​បាប​របស់​យើង នោះ​យើង​នឹង​ឃើញ​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង។ នេះ​នឹង​បង្កើន​ជំនឿ​របស់​យើង ហើយ​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ទ្រង់​ផង។​—⁠កូរិនថូសទី១ ១០:⁠១៣; ភីលីព ៤:⁠១៣

១៧​. តើ​តាម​របៀប​ណា​ដែល​យើង​ទទួល​ប្រយោជន៍ ពី​អាកប្បកិរិយា​ព្យាយាម​អធិស្ឋាន​ក្នុង​ការ​បំរើ​ព្រះ?

១៧ ដោយ​បណ្ដុះ​ឲ្យ​មាន​អាកប្បកិរិយា​ព្យាយាម​អធិស្ឋាន ក្នុង​ការ​ថ្វាយ​កិច្ច​បំរើ​ពិសិដ្ឋ​ដល់​ព្រះយេហូវ៉ា នោះ​យើង​នឹង​ជ្រាប​ថា​យើង​មិន​មែន​បំរើ​ទ្រង់ ដោយ​កម្លាំង​របស់​ខ្លួន​យើង​ឡើយ។ គឺ​ជា​ព្រះ​យេហូវ៉ា​ទេ​ដែល​ធ្វើ​ឲ្យ​កិច្ចការ​បាន​សម្រេច​នោះ។ (កូរិនថូសទី១ ៤:⁠៧) ការ​ទទួល​ស្គាល់​យ៉ាង​នេះ នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប និង​បង្កើន​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ទ្រង់។ (ពេត្រុសទី១ ៥:​៥, ៦) ត្រូវ​ហើយ យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ ក្នុង​ការ​តស៊ូ​អធិស្ឋាន។ សេចក្ដី​អធិស្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត និង​ចំណេះ​ដ៏​មាន​តម្លៃ​របស់​យើង ចេះ​ដឹង​នូវ​របៀប​ដែល​ចូល​ទៅ​ជិត​ព្រះ​វរបិតា​ស្ថានសួគ៌ ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​យើង នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​សប្បាយ​ពិត​មែន។

ការ​ប្រស្រ័យ​ទាក់ទងជា​មួយ​ព្រះ​យេហូវ៉ា មិន​មែន​តែ​ម្ខាង​ទេ

១៨​. តើ​តាម​របៀប​ណា​ដែល​យើង​ស្ដាប់​តាម​ព្រះ?

១៨ ប្រសិន​បើ​យើង​ចង់​ឲ្យ​ព្រះ​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង យើង​ត្រូវ​តែ​ស្ដាប់​តាម​អ្វី⁠ៗដែល​ទ្រង់​មាន​បន្ទូល​មក។ (សាការី ៧:⁠១៣) ទ្រង់​លែង​ប្រាប់​សារ​របស់​ទ្រង់ តាម​រយៈ​ពួក​ព្យាការី​ក្រោម​ការ​ដឹក​នាំ​របស់​ទ្រង់​ទៀត​ហើយ ហើយ​ទ្រង់​ក៏​ច្បាស់​ជា​មិន​ប្រើ​ផ្លូវ​មន្តអាគម​ដែរ។ (ចោទិយកថា ១៨:​១០​-​១២) ប៉ុន្តែ យើង​អាច​ស្ដាប់​តាម​ព្រះ ដោយ​សិក្សា​បន្ទូល​របស់​ទ្រង់ គឺ​ព្រះ​គម្ពីរ។ (រ៉ូម ១៥:៤; ធីម៉ូថេទី២ ៣:​១៦, ១៧) ដូច​ជា​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចំណូល​ចិត្ត​ចំពោះ​រសជាតិ​អាហារ ដែល​ល្អ​សំរាប់​រូប​កាយ​យើង យើង​ក៏​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​‹សង្វាត​រក​ទឹក​ដោះ​សុទ្ធ​ខាង​ឯ​បន្ទូល›​ផង​ដែរ។ សូម​បណ្ដុះ​ឲ្យ​មាន​ចំណូល​ចិត្ត​ចំពោះ​រសជាតិ​អាហារ​ខាង​វិញ្ញាណ ដោយ​អាន​បន្ទូល​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។​—⁠ពេត្រុសទី១ ២:​២, ៣; កិច្ចការ ១៧:១១

១៩​. តើ​នឹង​មាន​ប្រយោជន៍​អ្វី ពី​ការ​រំពឹង​គិត​អំពី​អ្វី⁠ៗដែល​អ្នក​អាន​ក្នុង​ព្រះ​គម្ពីរ?

១៩ សូម​រំពឹង​គិត​អំពី​អ្វី⁠ៗដែល​អ្នក​អាន​ក្នុង​ព្រះ​គម្ពីរ។ (ទំនុកដំកើង ១:​១​-​៣; ៧៧:​១១, ១២) នេះ​មាន​ន័យ​ថា សញ្ជឹង​គិត​អំពី​សេចក្ដី​ដែល​ចែង​ក្នុង​ព្រះ​គម្ពីរ។ អ្នក​អាច​ប្រដូច​ការ​នេះ​នឹង​ការ​រំលាយ​អាហារ​ក្នុង​ក្រពះ។ អ្នក​អាច​រំលាយ​អាហារ​ខាង​វិញ្ញាណ ដោយ​ផ្ទៀង​អ្វី⁠ៗដែល​អ្នក​កំពុង​តែ​អាន នឹង​អ្វី⁠ៗដែល​អ្នក​បាន​ដឹង​រួច​មក​ហើយ។ សូម​ពិចារណា​មើល​នូវ​របៀប​ដែល​សេចក្ដី​ទាំង​ប៉ុន្មាន​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក ឬ​ជញ្ជឹង​គិត​ដល់​អ្វី​ដែល​សេចក្ដី​ទាំង​នោះ​សម្ដែង​ឲ្យ​ឃើញ​អំពី​គុណសម្បត្ដិ​និង​ការ​លៃលក​ទាំង​ឡាយ​របស់​ព្រះយេហូវ៉ា។ ដូច្នេះ តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន អ្នក​អាច​ទទួល​យក​អាហារ​ខាង​វិញ្ញាណ ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ។ នេះ​នឹង​ទាក់ទាញ​អ្នក​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​ថែម​ទៀត ហើយ​នឹង​ជួយ​អ្នក​ឲ្យ​លៃលក​ដោះ​ស្រាយ​នឹង​បញ្ហា​ប្រចាំ​ថ្ងៃ​ផង។

២០​. តើ​តាម​របៀប​ណា​ដែល​ការ​ចូល​រួម​ក្នុង​ការ​ប្រជុំ​គ្រីស្ទាន ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះ?

២០ អ្នក​ក៏​អាច​ចូល​ទៅ​ជិត​ព្រះ ដោយ​ស្ដាប់​តាម​បន្ទូល​របស់​ទ្រង់ ដែល​មាន​ពិគ្រោះ​ក្នុង​ការ​ប្រជុំ​គ្រីស្ទាន ដូច​ពួក​អ៊ីស្រាអែល​អញ្ចឹង​ដែរ ដែល​បាន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ពេល​ដែល​គេ​ផ្ដុំ​គ្នា​ស្ដាប់​ការ​អាន​ច្បាប់​របស់​ព្រះ​តាម​សាធារណៈ។ ពួក​អ្នក​បង្រៀន​នៅ​ជំនាន់​នោះ បញ្ចូល​ន័យ​ក្នុង​ការ​អាន​ច្បាប់​ដែល​គេ​មាន​បង្រៀន ដូច្នេះ​ក៏​អាច​ជួយ​ពួក​អ្នក​ស្ដាប់​ឲ្យ​យល់ ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​អនុវត្ត​តាម​អ្វី​ដែល​គេ​បាន​ឮ​ផង។ នេះ​បាន​នាំ​ឲ្យ​មាន​អំណរ​យ៉ាង​ខ្លាំង។ (នេហេមា ៨:​៨, ១២) ដូច្នេះ សូម​តាំង​ឲ្យ​បាន​ជា​ទម្លាប់​ល្អ ចូល​រួម​ក្នុង​ការ​ទៅ​ការ​ប្រជុំ​នៃ​ស្មរបន្ទាល់​ព្រះយេហូវ៉ា។ (ហេព្រើរ ១០:​២៤, ២៥) នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់ ហើយ​រួច​មក​ឲ្យ​អនុវត្ត​តាម​ចំណេះ​អំពី​ព្រះ​ក្នុង​ជីវិត​របស់​អ្នក ហើយ​នឹង​នាំ​ឲ្យ​អ្នក​មាន​សុភមង្គល​មិន​ខាន​ឡើយ។ ការ​មាន​ចំណែក​ក្នុង​ភាតរភាព​គ្រីស្ទាន​ទូទាំង​ពិភពលោក នឹង​ជួយ​អ្នក​ឲ្យ​ស្ថិត​នៅ​ជិត​ព្រះយេហូវ៉ា។ ហើយ​ដូច​យើង​នឹង​ឃើញ​នៅ​ខាង​មុខ​នេះ អ្នក​នឹង​អាច​រក​ឃើញ​សន្ដិសុខ​ពិត​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ។

សាកល្បង​ចំណេះ​របស់​អ្នក

ហេតុ​អ្វី​ក៏​អ្នក​គួរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា?

តើ​មាន​សេចក្ដី​តម្រូវ​អ្វី​ខ្លះ សំរាប់​ការ​ចូល​ទៅ​ជិត​ព្រះ?

តើ​អ្វី​ដែល​អ្នក​អាច​រួម​បញ្ចូល​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​អ្នក?

ហេតុ​អ្វី​ក៏​អ្នក​គួរ​តស៊ូ​ក្នុង​សេចក្ដី​អធិស្ឋាន?

តើ​អ្នក​អាច​ស្ដាប់​តាម ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​សព្វ​ថ្ងៃ​នេះ?

[រូបភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​១៥៧]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក