ការអធិស្ឋាននៅក្នុងព្រះគម្ពីរគួរតែពិនិត្យមើលឲ្យបានដិតដល់
ស្ត្រីដែលមានចិត្តព្រួយបារម្ភម្នាក់ ស្តេចមួយអង្គ និងរាជបុត្រារបស់ព្រះផ្ទាល់បានមានបន្ទូលពីការអធិស្ឋាន ដែលយើងនឹងពិនិត្យមើលឲ្យបានដិតដល់ឥឡូវនេះ។ ការអធិស្ឋាននិមួយៗបានមានឡើងដោយមានកាល:ទេស:ខុសៗពីគ្នា។ ប៉ុន្តែ ស្ថានភាពបែបនេះអាចមានឥទ្ធិពលមកលើយើងនៅសព្វថ្ងៃនេះ។ តើយើងអាចរៀនអ្វីពីឧទាហរណ៍ទាំងនេះ?
«ក្រឡេកព្រះនេត្រមកទត ចំពោះសេចក្ដីទុកលំបាករបស់ខ្ញុំម្ចាស់»
តើអ្នកមានការពិបាកនឹងដោះស្រាយបញ្ហាដែលមានឥតឈប់ឈរទេ? តើអ្នកមានបន្ទុកដ៏ធ្ងន់ធ្ងរឬទេ? បើអញ្ចឹងអ្នកមានស្ថានភាពស្រដៀងនឹងនាងហាណាហើយ មុនពេលដែលនាងបានសម្រាលកូនដំបូងរបស់នាង ឈ្មោះសាំយូអែល។ ពីមុននាងឥតមានកូនទេ ហើយត្រូវបានស្ត្រីម្នាក់ទៀតនិយាយឡកឡឺយដាក់នាង។ តាមការពិត ស្ថានភាពរបស់នាងហាណា បានធ្វើឲ្យនាងមានចិត្តមួម៉ៅនិងខ្វល់ខ្វាយយ៉ាងខ្លាំង ដែលនាងមិនព្រមបរិភោគម្ហូបអាហារឡើយ។ (សាំយូអែលទី១ ១:២-៨, ១៥, ១៦) នាងបានអំពាវនាវដល់ព្រះយេហូវ៉ា ហើយបានថ្វាយសេចក្ដីអង្វរដូចតទៅនេះ៖
«ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់១ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ»។—សាំយូអែលទី១ ១:១១
សូមកត់សម្គាល់ថា នាងហាណាពុំបាននិយាយជាទូទៅទេ។ នាងបានអធិស្ឋានទៅដល់ព្រះយេហូវ៉ាដោយមានសេចក្ដីស្នើសុំចំៗ (ឲ្យមានកូនប្រុសមួយ) ហើយរួមបញ្ចូលនឹងសេចក្ដីសម្រេចយ៉ាងច្បាស់លាស់ (ដើម្បីប្រគល់វាឲ្យទៅសំរាប់បំរើព្រះ)។ តើការអធិស្ឋាននេះបង្រៀនយើងអំពីអ្វីខ្លះ?
នៅពេលមានការពិបាក សូមអធិស្ឋានទូលប្រាប់បញ្ហារបស់អ្នកឲ្យបានចំៗទៅ។ ថ្វីបើអ្នកមានបញ្ហាអ្វីក៏ដោយ—មិនថាស្ថានភាពក្នុងគ្រួសារ ភាពនៅតែឯកឯង ឬក៏សុខភាពមិនល្អក្ដី—សូមអធិស្ឋានទៅព្រះយេហូវ៉ាពីរឿងនោះចុះ។ សូមរាយរាប់ប្រាប់ទ្រង់ពីហេតុដែលអ្នកមានការពិបាក និងពីទឹកចិត្តរបស់អ្នកចុះ។ ស្ត្រីមេម៉ាយម្នាក់ឈ្មោះ លូវី មានប្រសាសន៍ថា៖ «រៀងរាល់ល្ងាច ខ្ញុំប្រគល់បញ្ហារបស់ខ្ញុំទាំងអស់ទៅព្រះយេហូវ៉ា ជួនកាលមានបញ្ហាច្រើន ប៉ុន្តែខ្ញុំរាយរាប់បញ្ហានិមួយៗយ៉ាងច្បាស់»។
ការទូលប្រាប់ព្រះយេហូវ៉ាអំពីរឿងចំៗ នោះនាំឲ្យមានប្រយោជន៍ដល់យើង។ ការធ្វើបែបនេះជួយយើងឲ្យយល់ច្បាស់ពីបញ្ហារបស់យើង ហើយរួចមកប្រហែលជាមិនសូវគួរឲ្យខ្លាចប៉ុន្មានផង។ ដោយអធិស្ឋានឲ្យចំៗ នេះនឹងជួយសំរាលយើងពីសេចក្ដីទុក្ខព្រួយ។ ទោះបីមុនព្រះបានឆ្លើយតបនឹងការអធិស្ឋានរបស់នាង នាងហាណាបានមានការទុកចិត្ត ហើយ«នាងក៏បាត់ទឹកមុខព្រួយ»។ (សាំយូអែលទី១ ១:១៨) ថែមទៀតនោះ ដោយនិយាយឲ្យបានច្បាស់លាស់ នេះជួយយើងឲ្យសម្គាល់ចម្លើយចំពោះការអធិស្ឋានរបស់យើង។ ជនគ្រីស្ទានម្នាក់នៅប្រទេសអាល្លឺម៉ង់មានប្រសាសន៍ថា៖ «ពេលដែលខ្ញុំរៀបពាក្យការអធិស្ឋានរបស់ខ្ញុំចំៗ នោះក៏ឃើញចម្លើយរឹតតែច្បាស់ឡើងដែរ»។
«ប៉ុន្តែទូលបង្គំដូចជាក្មេងតូច»
ប៉ុន្តែ បុគ្គលម្នាក់ប្រហែលជាមានការខ្វល់ខ្វាយម្យ៉ាងទៀត បើសិនជាគាត់ទទួលនូវកិច្ចការដែលគាត់មានចិត្តថាមិនសមនឹងទទួលនោះ។ តើភារកិច្ចដែលព្រះយេហូវ៉ាបានផ្ដល់មក ជួនកាលធ្វើឲ្យហាក់បីដូចជាលើសលប់ដល់អ្នកទេ? តើមានអ្នកខ្លះគិតថា អ្នកមិនសមនឹងទទួលនូវកិច្ចការនេះទេ? ស្តេចសាឡូម៉ូនដែលជាក្មេងបាននៅក្នុងស្ថានភាពនេះ ពេលដែលគេបានរើសតាំងឲ្យធ្វើជាស្តេចនៅប្រទេសអ៊ីស្រាអែល។ ពួកបុរសដ៏ធំដុំខ្លះ ចង់ឲ្យអ្នកដទៃឡើងសោយរាជ្យជំនួសវិញ។ (ពង្សាវតារក្សត្រទី១ ១:៥-៧, ៤១-៤៦; ២:១៣-២២) នៅដើមនៃការសោយរាជ្យរបស់ទ្រង់ ស្តេចសាឡូម៉ូនបានអធិស្ឋានស្នើសុំថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់បានតាំងទូលបង្គំជាបាវបំរើទ្រង់ឡើង ធ្វើជាស្តេច . . . តែទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ។ . . . សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ»។—ពង្សាវតារក្សត្រទី១ ៣:៧-៩
ស្តេចសាឡូម៉ូនបានយកចិត្តទុកដាក់ក្នុងសេចក្ដីអធិស្ឋានរបស់ទ្រង់ ទៅលើទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងព្រះយេហូវ៉ា ទៅលើសិទ្ធិដែលព្រះផ្ដល់មកឲ្យទ្រង់ និងទៅលើសមត្ថភាពរបស់ទ្រង់ពីការអនុវត្តនៃកិច្ចការនេះ។ នៅតាមរបៀបស្រដៀងនេះដែរ នៅពេលណាដែលយើងទទួលភារកិច្ច ដែលយើងគិតថា ហួសពីសមត្ថភាពរបស់យើងនោះ យើងអាចទូលអង្វរដល់ព្រះឲ្យជួយដើម្បីនឹងធ្វើកិច្ចការនេះ។ សូមគិតពីការពិសោធទាំងនេះចុះ៖
យូជីនបានពន្យល់ថា៖ «នៅពេលដែលគេបានសុំខ្ញុំ ឲ្យទទួលនូវការមើលខុសត្រូវនៅការិយាល័យសាខានៃសមាគមប៉មយាម ខ្ញុំមានចិត្តថា ខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ទាល់តែសោះ។ មានអ្នកដទៃទៀតដែលមានសមត្ថភាពប្រសើរជាងខ្ញុំ ហើយមានការពិសោធជាច្រើនជាងផង។ ខ្ញុំបានដេកលក់តិចណាស់ក្នុងពីរយប់ក្រោយមក ដោយចំណាយពេលជាច្រើនក្នុងការអធិស្ឋាន ដែលបានផ្ដល់កម្លាំងមកខ្ញុំ និងការប្រាកដក្នុងចិត្តជាចាំបាច់»។
ចំពោះរ៉យវិញ ត្រូវបានគេសូមឲ្យថ្លែងសុន្ទរកថាពីបុណ្យខ្មោច បន្ទាប់ពីមិត្តសំឡាញ់ក្មេងម្នាក់បានស្លាប់ទៅភ្លាមៗ ដែលធ្វើឲ្យខ្លោចផ្សានោះ។ បុគ្គលម្នាក់នេះមានអ្នកចូលចិត្តច្រើនណាស់ ដូច្នេះ ច្បាស់ជាមានមនុស្សរាប់រយនាក់នឹងមកជាមិនខាន។ តើរ៉យនឹងធ្វើអ្វីទៅ? «ខ្ញុំដូចជាមិនសូវបានអធិស្ឋានច្រើនដងដូចពេលនេះទេ ដើម្បីឲ្យមានកម្លាំង និងសមត្ថភាពរកពាក្យនិយាយឲ្យបានត្រឹមត្រូវ ដើម្បីនឹងបញ្ចេញការលើកទឹកចិត្ត និងការជួយសម្រាលទុក្ខ»។
កាលដែលអ្នកបង្កើត‹បញ្ជឿនឲ្យការនេះឆាប់កើតឡើង› និងកាលដែលអង្គការរបស់ទ្រង់រីកចំរើនឡើង ជាការធម្មតាទេ ដែលពួកអ្នកបំរើរបស់ទ្រង់ជាច្រើន នឹងត្រូវបានប្រគល់ឲ្យភារកិច្ចនោះ។ (អេសាយ ៦០:២២) បើសិនជាគេបានសុំឲ្យអ្នកទទួលភារកិច្ចច្រើនទៀតនោះ សូមទុកចិត្តចុះថា ព្រះយេហូវ៉ានឹងអាចបង្គ្រប់ការខ្វះខាតខាងការពិសោធ ខាងការបង្ហាត់បង្រៀន ឬក៏ខាងសមត្ថភាពរបស់អ្នកបាន។ សូមទូលថ្វាយទៅព្រះដូចជាស្តេចសាឡូម៉ូនចុះ ហើយទ្រង់នឹងផ្គត់ផ្គង់អ្នកឲ្យសម្រេចកិច្ចការនោះបាន។
«ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ»
ស្ថានការណ៍ទីបីដែលមាននៅសព្វថ្ងៃនេះ គឺការតម្រូវឲ្យអធិស្ឋានតំណាងក្រុមណាមួយ។ នៅពេលដែលបានសុំឲ្យអធិស្ឋានសំរាប់អ្នកដទៃ តើយើងត្រូវអធិស្ឋានអំពីអ្វីខ្លះ? សូមពិនិត្យមើលនូវការអធិស្ឋានរបស់ព្រះយេស៊ូ ដែលបានកត់ទុកនៅយ៉ូហានជំពូក១៧។ ទ្រង់បានថ្វាយការអធិស្ឋានមួយនេះ ក្នុងចំណោមវត្តមានពួកសិស្សរបស់ទ្រង់ នៅយប់ចុងក្រោយរបស់ទ្រង់ជាមនុស្ស។ តើមានសេចក្ដីអង្វរអ្វីខ្លះ ដែលទ្រង់សុំពីព្រះវរបិតាសួគ៌ារបស់ទ្រង់?
ព្រះយេស៊ូបានបញ្ជាក់អំពីគោលបំណងស្របគ្នា និងសេចក្ដីសង្ឃឹមដូចគ្នារបស់អ្នកដែលនៅទីនោះ។ ទ្រង់បានមានបន្ទូលពីការតំកើងព្រះនាមរបស់ព្រះយេហូវ៉ា និងការប្រកាសឲ្យដឹងអំពីព្រះរាជាណាចក្រ។ ព្រះយេស៊ូបានបញ្ជាក់ពីតម្លៃនៃទំនាក់ទំនងផ្ទាល់ខ្លួនរវាងព្រះវរបិតានិងព្រះរាជបុត្រា ដែលមានមូលដ្ឋានទៅលើតម្រិះវិជ្ជាពីបទគម្ពីរ។ ទ្រង់បានមានបន្ទូលពីការញែកចេញពីលោកីយ៍នេះ ដែលប្រុងប្រៀបអ្នកកាន់តាមទ្រង់ពីការបៀតបៀន។ ព្រះគ្រីស្ទក៏បានសុំព្រះវរបិតារបស់ទ្រង់ឲ្យការពារពួកសិស្ស ហើយបង្រួមគេក្នុងការថ្វាយបង្គំដ៏ពិត។
ត្រូវហើយ ព្រះយេស៊ូបានបញ្ជាក់អំពីសាមគ្គីភាព។ (យ៉ូហាន ១៧:២០, ២១) នៅដើមយប់នោះ ពួកសិស្សបានមានការឈ្លោះប្រកែកគ្នាដូចជាកូនក្មេងអញ្ចឹង។ (លូកា ២២:២៤-២៧) យ៉ាងណាក៏ដោយ ក្នុងការអធិស្ឋាន ព្រះគ្រីស្ទពុំបានរិះគន់ពួកគេទេ តែបានសុំឲ្យមានសាមគ្គីភាពគ្នាវិញ។ តាមរបៀបនេះដែរ ការអធិស្ឋាននៅក្នុងក្រុមគ្រួសារ និងនៅក្នុងក្រុមជំនុំ គួរតែធ្វើឲ្យមានសេចក្ដីស្រឡាញ់ ហើយខំរកផ្លូវដោះស្រាយការខ្វែងគំនិតរវាងគ្នានិងគ្នា។ ពួកអ្នកដែលអធិស្ឋានតំណាងគេនោះ គួរតែធ្វើឲ្យរួមគ្នាក្នុងសាមគ្គីភាព។—ទំនុកដំកើង ១៣៣:១-៣
សាមគ្គីភាពនេះ នឹងសម្ដែងឡើងនៅពេលអ្នកស្ដាប់ទាំងអស់និយាយថា«អាម៉ែន» ឬក៏«ឲ្យបានដូច្នេះចុះ»នៅពេលចប់អធិស្ឋាន។ ដើម្បីឲ្យរឿងនេះធ្វើទៅបាន គេត្រូវតែឲ្យបានយល់ ហើយយល់ស្របនឹងអ្វីៗទាំងអស់ដែលបានអធិស្ឋាននោះ។ ដូច្នេះ ជាការមិនសមរម្យទេ បើនិទ្ទេសពីប្រធានអ្វីៗដែលអ្នកខ្លះមិនដឹងនោះ។ ឧបមាដូចជា មានអ្នកចាស់ទុំម្នាក់ ដែលកំពុងតែតំណាងក្រុមជំនុំក្នុងការអធិស្ឋាន សុំឲ្យមានប្រសិទ្ធិពរមកដល់បងប្អូនប្រុសស្រីខាងវិញ្ញាណដែលមានជម្ងឺយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ នេះជាការត្រឹមត្រូវវិញនៅពេលណាដែលអ្នកស្ដាប់ស្គាល់ជននោះ ហើយបានដឹងឮពីជម្ងឺនោះ។
សូមកត់សម្គាល់ផងដែរ ព្រះយេស៊ូពុំបានរាយរាប់ពីរឿងត្រូវការផ្ទាល់ខ្លួនរបស់សមាជិកម្នាក់ៗនៃក្រុមនោះទេ។ បើធ្វើដូច្នោះ នោះច្បាស់ជាទាក់ទងពីការនិទ្ទេសពីរឿងផ្ទាល់ខ្លួន ដែលមានតែបុគ្គលខ្លះដឹងឮនោះ។ រឿងខ្វល់ខ្វាយផ្ទាល់ខ្លួន ជាប្រធានសមរម្យសំរាប់ការអធិស្ឋានតាមសម្ងាត់ ដែលអាចរាយរាប់ប្រាប់ដោយស្និទ្ធស្នាលតាមតែចិត្ត។
តើតាមរបៀបណាដែលបុគ្គលម្នាក់ត្រូវរៀបចំខ្លួន ដើម្បីនឹងអធិស្ឋានតំណាងអ្នកថ្វាយបង្គំដែលបានមកប្រជុំយ៉ាងធំនោះ? ជនគ្រីស្ទានដែលមានការពិសោធម្នាក់បានពន្យល់ថា៖ «ខ្ញុំគិតទុកជាមុនពីអ្វីៗដែលខ្ញុំនឹងត្រូវថ្លែងអំណរគុណ ពីសំណូមពរអ្វីៗដែលបងប្អូនប្រុសស្រីប្រហែលជាចង់ស្នើសុំ ហើយពីអ្វីដែលខ្ញុំអាចសុំអង្វរជាប្រយោជន៍ដល់ពួកគេ។ ខ្ញុំរៀបចំគំនិតរបស់ខ្ញុំ សរុបនឹងពាក្យសរសើរ តាមលំដាប់នៅក្នុងគំនិតរបស់ខ្ញុំ។ មុនពេលអធិស្ឋានជាសាធារណៈ ខ្ញុំអធិស្ឋានដោយមិនចេញសំដី សុំព្រះឲ្យជួយខ្ញុំក្នុងការអធិស្ឋានតំណាងបងប្អូនប្រុសស្រីតាមរបៀបដ៏ថ្លៃថ្នូរ»។
ទោះបីមានកាល:ទេស:យ៉ាងណាក្ដី អ្នកច្បាស់ជានឹងរកឃើញការអធិស្ឋានមួយក្នុងព្រះគម្ពីរ ដែលបានអធិស្ឋានដោយអ្នកណាម្នាក់ ដែលមានស្ថានភាពដូចអ្នកដែរ។ ដោយមានការអធិស្ឋានតាមសណ្ឋានយ៉ាងច្រើនទាំងនេះ ជាទីសំអាងនៃសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះ។ ការអាន និងការសញ្ជឹងគិតពីការអធិស្ឋានទាំងនេះ នឹងជួយឲ្យការអធិស្ឋានរបស់អ្នករឹតតែមានខ្លឹមសារឡើង។
[ប្រអប់នៅទំព័រ៥]
ការអធិស្ឋានជាច្រើននៅក្នុងព្រះគម្ពីរដែលគួរឲ្យកត់សម្គាល់
ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាបានថ្លែងពាក្យអធិស្ឋាននៅក្នុងកាលៈទេសៈជាច្រើនអនេក។ តើអ្នកអាចយល់នឹងស្ថានភាពមួយឬជាច្រើនទៀត ដែលមានដូចតទៅនេះទេ?
តើអ្នកចង់បានការណែនាំពីព្រះ ដូចអេលាស៊ើរទេ?—លោកុប្បត្តិ ២៤:១២-១៤
តើអ្នកនៅក្នុងស្ថានភាពដែលនឹងកើតមានឡើងគ្រោះថ្នាក់ ដូចយ៉ាកុបទេ?—លោកុប្បត្តិ ៣២:៩-១២
តើអ្នកចង់ស្គាល់ព្រះឲ្យបានច្បាស់ថែមទៀត ដូចម៉ូសេទេ?—និក្ខមនំ ៣៣:១២-១៧
តើអ្នកបានជួបប្រទះពួកអ្នកប្រឆាំង ដូចអេលីយ៉ាទេ?—ពង្សាវតារក្សត្រទី១ ១៨:៣៦, ៣៧
តើអ្នកមានការពិបាកនឹងផ្សាយ ដូចយេរេមាទេ?—យេរេមា ២០:៧-១២
តើអ្នកត្រូវសារភាពអំពើបាប ហើយស្វែងរកសេចក្ដីអត់ទោស ដូចដានីយ៉ែលទេ?—ដានីយ៉ែល ៩:៣-១៩
តើអ្នកជួបប្រទះការបៀតបៀន ដូចពួកសិស្សរបស់ព្រះយេស៊ូទេ?—កិច្ចការ ៤:២៤-៣១
សូមមើលផងដែរនៅម៉ាថាយ ៦:៩-១៣; យ៉ូហាន ១៧:១-២៦; ភីលីព ៤:៦, ៧; យ៉ាកុប ៥:១៦
[ប្រអប់នៅទំព័រ៦]
ការអធិស្ឋានសុំក្នុងពេលដែលកំពុងតែប្រយុទ្ធនឹងទម្លាប់ដែលពិបាកនឹងកែ
តើអ្នកកំពុងតែខំប្រឹងប្រយុទ្ធដោះស្រាយនឹងភាពទន់ខ្សោយដែលមានឡើងវិញឬ? តើការអធិស្ឋានដែលបានកត់ទុកក្នុងព្រះគម្ពីរអាចមានប្រយោជន៍យ៉ាងដូចម្ដេច? ចូររៀនពីស្តេចដាវីឌចុះ ដែលបានអធិស្ឋាននៅពេលផ្សេងៗអំពីភាពទន់ខ្សោយរបស់ទ្រង់។
ស្តេចដាវីឌបានច្រៀងថា៖ «ឱព្រះអង្គអើយ សូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ»។ (ទំនុកដំកើង ១៣៩:២៣) ជាសេចក្ដីប្រាថ្នារបស់ស្តេចដាវីឌ ដែលព្រះយេហូវ៉ាពិនិត្យមើលសេចក្ដីប្រាថ្នា អារម្មណ៍ឬបំណងចិត្តដែលមិនត្រឹមត្រូវនោះ។ បើនិយាយឲ្យចំទៅ ស្តេចដាវីឌបានសុំជំនួយរបស់ព្រះយេហូវ៉ាក្នុងការចៀសវាងពីអំពើបាប។
ប៉ុន្តែ ភាពទន់ខ្សោយរបស់ស្តេចដាវីឌបានមានជ័យជំនះទៅលើទ្រង់ ហើយទ្រង់បានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ម្ដងនេះទៀត ការអធិស្ឋានបានជួយទ្រង់—ដើម្បីធ្វើឲ្យមានទំនាក់ទំនងជាមួយព្រះឡើងវិញ។ យោងទៅតាមទំនុកដំកើង ៥១:២ ស្តេចដាវីឌបានអង្វរថា៖ «សូមលាងទូលបង្គំឲ្យយ៉ាងស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំ សូមសំអាតអំពើបាបរបស់ទូលបង្គំផង»។
យើងក៏អាចអធិស្ឋានយ៉ាងរាបទាបឲ្យព្រះយេហូវ៉ាជួយដែរ ដើម្បីចៀសវាងពីការទោរទន់ដែលមិនប្រពៃ។ នេះនឹងធ្វើឲ្យយើងមានកម្លាំងដើម្បីមានជ័យជំនះលើភាពទន់ខ្សោយដែលពិបាកនឹងកែ និងអាចជួយយើងឲ្យចៀសវាងពីអំពើបាបបាន។ បើសិនជាភាពទន់ខ្សោយរបស់យើងកើតមានឡើងវិញ យើងត្រូវមករកព្រះយេហូវ៉ាម្ដងទៀត ដោយសុំឲ្យទ្រង់ជួយយើងក្នុងការបន្តការប្រយុទ្ធនេះ។
[រូបភាពនៅទំព័រ៧]
ការអធិស្ឋានជាប្រយោជន៍សំរាប់មនុស្សជាក្រុម គួរតែបញ្ជាក់ពីសេចក្ដីសង្ឃឹមតាមបទគម្ពីរ និងគោលបំណងខាងវិញ្ញាណដែលយោងស្របគ្នា