បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៦ ទំ. ២៣-២៨
  • ការទទួលប្រយោជន៍ពីការកោតខ្លាចព្រះពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការទទួលប្រយោជន៍ពីការកោតខ្លាចព្រះពិត
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ប្រាជ្ញា—គឺ​មាន​តម្លៃ​ជាង​មាស​ទៅ​ទៀត
  • ការ​ការពារ​ពី​អំពើ​ខុស​ទំនង
  • ការ​ការពារ​ពី​ការ​ភ័យ​តក់ស្លុត​ដល់​មនុស្ស
  • ការ​សង្គ្រោះ​ជីវិត
  • ការសិក្សាដើម្បីស្វែងរកសេចក្ដីរីករាយក្នុងការកោតខ្លាចព្រះយេហូវ៉ា
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរអភិវឌ្ឍចិត្តរបស់អ្នកឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ចូរកោតខ្លាចដល់ព្រះយេហូវ៉ាហើយកាន់តាមបញ្ញត្ដិទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • អំណរសប្បាយបានមកពីការកោតខ្លាចព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៦ ទំ. ២៣-២៨

ការ​ទទួល​ប្រយោជន៍​ពី​ការ​កោត​ខ្លាច​ព្រះ​ពិត

«អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ»។—អេសាយ ៤៨:១៧

១. តើ​វិបត្ដិ​ភ័យ​ណា​ខ្លះ ដែល​អាច​បង្ការ​បាន​ដោយ​ការ​កោត​ខ្លាច​ព្រះ​នោះ?

បើសិន​ជា​អ័ដាម​បាន​បណ្ដុះ​ឲ្យ​មាន​ការ​កោត​ខ្លាច​ព្រះ នោះ​នឹង​បាន​ទប់​ចិត្ត​គាត់​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ដែល​បាន​បណ្ដាល​ឲ្យ​គាត់​ស្លាប់​ជា​អនន្ត ព្រម​ទាំង​មិន​ផ្ដល់​នូវ​សេចក្ដី​ទុក្ខ​ព្រួយ​រាប់​ពាន់​ឆ្នាំ​ដល់​កូន​ចៅ​របស់​គាត់​នោះ​ឡើយ។ បើសិន​ជា​ប្រទេស​អ៊ីស្រាអែល​ពី​បុរាណ​បាន​ធ្វើ​តាម​ការ​ទូន្មាន​របស់​ព្រះ​យេហូវ៉ា ដោយ​កោត​ខ្លាច​ទ្រង់​និង​ស្រឡាញ់​ទ្រង់​នោះ សាសន៍​នោះ​នឹង​ច្បាស់​ជា​មិន​ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​ឃាំង​នៅ​ស្រុក​បាប៊ីឡូន​ទេ ហើយ​គេ​ក៏​នឹង​មិន​បដិសេធ​ចោល​បុត្រា​របស់​ព្រះ ហើយ​ជាប់​ទោស​នៃ​ការ​បង្ហូរ​ឈាម​របស់​ទ្រង់​នោះ​ឡើយ។ បើសិន​ជា​លោកីយ៍​នៅ​សព្វ​ថ្ងៃ​នេះ​បាន​កោត​ខ្លាច​ព្រះ នោះ​នឹង​មិន​មាន​ការ​ពុក​រលួយ​ក្នុង​រដ្ឋាភិបាល ឬ​ក្នុង​ពាណិជ្ជកម្ម ព្រម​ទាំង​គ្មាន​ឧក្រិដ្ឋកម្ម​ឬ​សង្គ្រាម​ឡើយ។—សុភាសិត ៣:៧

២. ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​ការ​កោត​ខ្លាច​ព្រះ ទោះបី​ជា​មាន​ស្ថានភាព​ក្នុង​ពិភពលោក​យ៉ាង​ណា​ក្ដី?

២ ប៉ុន្តែ ទោះបី​ជា​មនុស្ស​នៅ​ជុំវិញ​យើង​ធ្វើ​យ៉ាង​ណា​ក្ដី យើង​ជា​បុគ្គល​ម្នាក់ៗ ជា​ក្រុម​គ្រួសារ និង​ជា​ក្រុមជំនុំ​នៃ​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​បណ្ដុះ​ឲ្យ​មាន​ការ​កោត​ខ្លាច​នៃ​ព្រះ​ដ៏​ពិត។ នេះ​យល់​ស្រប​នឹង​ការ​រំឭក​ដែល​លោក​ម៉ូសេ​បាន​ផ្ដល់​ទៅ​ឲ្យ​សាសន៍​អ៊ីស្រាអែល៖ «សេចក្ដី​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ទារ​ចង់​បាន​ពី​ឯង នោះ​គឺ​ឲ្យ​ឯង​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង នឹង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់​ព្រម​ទាំង​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ផង ហើយ​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ​យេហូវ៉ា . . . សំរាប់​ជា​សេចក្ដី​ល្អ​ដល់​ឯង»។ (ចោទិយកថា ១០:១២, ១៣) តើ​យើង​នឹង​ទទួល​ផល​ប្រយោជន៍​អ្វី​ខ្លះ នៅ​ពេល​ដែល​យើង​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​នោះ?

ប្រាជ្ញា—គឺ​មាន​តម្លៃ​ជាង​មាស​ទៅ​ទៀត

៣. (ក) តើ​អ្វី​ជា​ផល​ប្រយោជន៍​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​ទទួល​បាន​នោះ? (ខ) តើ​អត្ថន័យ​នៃ​ទំនុកដំកើង ១១១:១០​ជា​អ្វី?

៣ ផល​ប្រយោជន៍​ដ៏​សំខាន់​បំផុត​ដែល​យើង​នឹង​ទទួល​នោះ គឺ​ជា​ប្រាជ្ញា​ដ៏​ពិត។ ទំនុកដំកើង ១១១:១០ ប្រកាស​ថា៖ «ឯ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ប្រាជ្ញា»។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ប្រាជ្ញា​ជា​សមត្ថភាព​ដើម្បី​ប្រើ​ចំណេះវិជ្ជា​ដោយ​ជោគជ័យ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា រាំងរា​ការពារ​មិន​ឲ្យ​មាន​គ្រោះថ្នាក់ និង​បំពេញ​គោល​បំណង​ណា​មួយ។ នេះ​គឺ​ជាប់​ទាក់ទង​នឹង​ការ​វិនិច្ឆ័យ​ដ៏​ត្រឹម​ត្រូវ។ ផ្នែក​ទី​មួយ​នៃ​ដើម​ចម ដែល​ជា​គ្រឹះ​ចំពោះ​ប្រាជ្ញា​បែប​នេះ គឺ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? ពីព្រោះ​ការ​បង្កើត​ទាំង​អស់​ជា​ស្នា​ព្រះ​ហស្ត​របស់​ទ្រង់ ហើយ​គឺ​ស្រេច​តែ​ទៅ​លើ​ទ្រង់។ ទ្រង់​បាន​ផ្ដល់​ឲ្យ​មនុស្ស​ជាតិ​នូវ​ចិត្ត​សេរី ប៉ុន្តែ មិន​មែន​ឲ្យ​គេ​មាន​សមត្ថភាព​ក្នុង​ការ​ដឹក​នាំ​ជំហាន​របស់​គេ​ដោយ​ជោគជ័យ ក្រៅ​ពី​ការ​ណែនាំ​របស់​ទ្រង់​បាន​ឡើយ។ (យ៉ូស្វេ ២៤:១៥; យេរេមា ១០:២៣) លុះ​ត្រា​តែ​យើង​ទទួល​ស្គាល់​នូវ​ការណ៍​ពិត​ដ៏​សំខាន់​ទាំង​នោះ និង​អំពី​ជីវិត ហើយ​រស់​នៅ​ឲ្យ​បាន​ស្រប​តាម នោះ​ទើប​យើង​អាច​មាន​ការ​ជោគជ័យ​ជា​ស្ថាពរ​បាន។ បើសិន​ជា​ចំណេះវិជ្ជា​របស់​យើង​អំពី​ព្រះ​យេហូវ៉ា ផ្ដល់​ឲ្យ​យើង​មាន​ជំនឿ​ស៊ប់​រឹង​មាំ​ថា បំណង​របស់​ព្រះ​នឹង​បាន​ជោគជ័យ​ជា​មិន​ខាន ហើយ​ថា​កិច្ច​សន្យា និង​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការ​ប្រទាន​រង្វាន់​ដល់​មនុស្ស​ស្មោះ​ត្រង់​បាន​ជា​ប្រាកដ នោះ​ទើប​ការ​កោត​ខ្លាច​ព្រះ​នឹង​បណ្ដាល​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​មែន។—សុភាសិត ៣:២១​-​២៦; ហេព្រើរ ១១:៦

៤, ៥. (ក) ហេតុ​អ្វី​ក៏​ចំណេះវិជ្ជា​ពី​សកល​វិទ្យាល័យ​របស់​យុវ​បុរស​ម្នាក់ មិន​អាច​ធ្វើ​ឲ្យ​គាត់​មាន​ប្រាជ្ញា​ពិត​បាន​នោះ? (ខ) តើ​តាម​របៀប​ណា​ដែល​បុរស​នេះ​និង​ប្រពន្ធ​របស់​គាត់ បាន​ទទួល​ប្រាជ្ញា​ដ៏​ពិត​នៅ​ពេល​ក្រោយ​មក ហើយ​តើ​ក្នុង​វិធី​ណា​ដែល​ការ​នេះ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​គេ​នោះ?

៤ សូម​ពិចារណា​មើល​នូវ​ឧទាហរណ៍​មួយ។ បី​បួន​ទសវត្ស​កន្លង​ទៅ​នេះ យុវ​បុរស​ម្នាក់​បាន​សិក្សា​នៅ​សកល​វិទ្យាល័យ​សាស្កាឆូវ៉ង់​ក្នុង​ប្រទេស​កាណាដា។ ក្នុង​មុខ​វិជ្ជា​ដែល​គាត់​បាន​សិក្សា​នោះ គឺ​រួម​បញ្ចូល​ពី​ជីវសាស្ត្រ ហើយ​គេ​បាន​បង្រៀន​គាត់​អំពី​វិវត្តន៍។ ក្រោយ​ពី​ការ​ចប់​សិក្សា​នោះ​ហើយ គាត់​ក៏​ធ្វើ​ជា​អ្នក​ឯកទេស​កម្ម​ខាង​រូប​សាស្ត្រ​បរមាណូ ហើយ​បាន​ទទួល​អាហារូបករណ៍​សិក្សា ដើម្បី​នឹង​បន្ត​ការ​សិក្សា​របស់​គាត់​នៅ​សកល​វិទ្យាល័យ​ថូ​រ៉ុនតូ។ កាល​ដែល​គាត់​បាន​សិក្សា គាត់​បាន​ឃើញ​នូវ​ទី​សំអាង​ដ៏​អស្ចារ្យ​នៃ​របៀប​រាប​រយ​និង​ការ​គូរ​ប្លង់​ក្នុង​រចនាសម្ព័ន្ធ​បរមាណូ។ ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​អាច​ប្រាប់​ចម្លើយ​ចំពោះ​សំនួរ​ទាំង​ឡាយ​ដូច​ជា៖ តើ​អ្នក​ណា​បាន​គូរ​ប្លង់​របស់​ទាំង​នេះ​មក? នៅ​ពេល​ណា? ហើយ​ហេតុ​អ្វី? ដោយ​គ្មាន​ចំ​ឡើយ​ទាំង​នោះ តើ​គាត់​អាច​ប្រើ​ចំណេះវិជ្ជា​របស់​គាត់​ដោយ​ប្រាជ្ញា​យ៉ាង​ណា​បាន ក្នុង​ពិភពលោក​ដែល​មាន​សង្គ្រាម​នៅ​គ្រា​នោះ? តើ​អ្វី​ដែល​អាច​ដឹក​នាំ​គាត់​បាន​នោះ? តើ​ដោយ​សាសន៍​និយម​ឬ? តើ​ដោយ​ការ​ប្រាថ្នា​ចង់​បាន​រង្វាន់​ខាង​វត្ថុ​និយម​ឬ? តើ​គាត់​បាន​ទទួល​ប្រាជ្ញា​ដ៏​ពិត​មែន​ឬ?

៥ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​ចប់​សិក្សា​របស់​គាត់​មក យុវ​បុរស​នោះ​និង​ប្រពន្ធ​របស់​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ តាម​រយៈ​ពាក្យ​បន្ទូល​របស់​ព្រះ ពួក​គេ​បាន​ទទួល​ចម្លើយ​ជា​ច្រើន ដែល​គេ​មិន​ដែល​បាន​ទទួល​ពី​មុនៗ​មក។ ពួក​គេ​ក៏​បាន​ស្គាល់​ព្រះ​ដែល​ជា​អ្នក​បង្កើត គឺ​ព្រះ​យេហូវ៉ា។ កាល​ដែល​ពួក​គេ​បាន​សិក្សា​អំពី​លោក​ម៉ូសេ​នៅ​ឯ​សមុទ្រ​ក្រហម និង​អំពី​លោក​ដានីយ៉ែល​និង​ពួក​គូកន​របស់​លោក​ក្នុង​ស្រុក​បាប៊ីឡូន​នោះ ពួក​គេ​ក៏​បាន​រៀន​នូវ​សារៈ​សំខាន់​នូវ​ការ​កោត​ខ្លាច​ព្រះ មិន​មែន​ការ​ខ្លាច​មនុស្ស​ទេ។ (និក្ខមនំ ១៤:១០​-​៣១; ដានីយ៉ែល ៣:៨​-​៣០) ការ​កោត​ខ្លាច​ព្រះ​បែប​នេះ ហើយ​រួម​បញ្ចូល​នឹង​សេចក្ដី​ស្រឡាញ់​ពិត​ដល់​ព្រះ​យេហូវ៉ា​ក៏​បាន​ចាប់​ផ្ដើម​ជំរុញ​ឲ្យ​គេ​ធ្វើ​អ្វី​មួយ។ មិន​យូរ​ប៉ុន្មាន ដំណើរ​ជីវភាព​របស់​គេ​ទាំង​មូល​ក៏​បាន​ផ្លាស់ប្ដូរ។ នៅ​ទីបំផុត យុវ​បុរស​នេះ​បាន​ស្គាល់​នូវ​ស្នា​ដៃ​នៃ​បុគ្គល​ដែល​គាត់​បាន​សិក្សា​ក្នុង​ជីវសាស្ត្រ។ គាត់​ក៏​ចាប់​ផ្ដើម​យល់​អំពី​គោល​បំណង​នៃ​បុគ្គល​នោះ ដែល​គាត់​បាន​ឃើញ​ប្រាជ្ញា​របស់​ទ្រង់​ក្នុង​ការ​សិក្សា​រូប​សាស្ត្រ។ ជាជាង​ប្រើ​ចំណេះវិជ្ជា​របស់​គាត់​ដើម្បី​នឹង​បង្កើត​ឧបករណ៍​ដែល​អាច​កំទេច​ចោល​មនុស្ស​គ្នីគ្នា គាត់​និង​ប្រពន្ធ​របស់​គាត់​ចង់​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​ស្រឡាញ់​ព្រះ​និង​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​របស់​គេ​វិញ។ ពួក​គេ​បាន​ចុះ​ឈ្មោះ​ក្នុង​កិច្ច​បំរើ​ពេញ​ពេល ជា​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ហើយ​ក្រោយ​មក គេ​បាន​ទៅ​ឯ​សាលា​គីលាត​ខាង​ព្រះ​គម្ពីរ​និង​ប៉មយាម ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ជា​ពួក​សាសនទូត។

៦. បើសិន​ជា​យើង​មាន​ប្រាជ្ញា​ដែល​ចាក់​ឫស​ពី​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​នោះ តើ​យើង​នឹង​ចៀស​វាង​ពី​ការ​ស្វែង​រក​មិន​គិត​វែង​ឆ្ងាយ​ណា​ខ្លះ ហើយ​តើ​យើង​នឹង​ធ្វើ​អ្វី​ទៅ​វិញ?

៦ ត្រូវ​ហើយ មិន​មែន​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​ជា​សាសនទូត​បាន​ទេ។ ប៉ុន្តែ យើង​គ្រប់ៗ​គ្នា​អាច​មាន​ចិត្ត​រីករាយ​នឹង​ប្រាជ្ញា​ដែល​បាន​ចាក់​ឫស​មាំ​មក​ពី​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។ បើសិន​ជា​យើង​បណ្ដុះ​ឲ្យ​មាន​ប្រាជ្ញា យើង​នឹង​មិន​ខំ​ប្រឹង​ស្រូប​ចូល​នូវ​ទស្សនៈ​វិជ្ជា​នៃ​ពួក​មនុស្ស ដែល​គ្រាន់​តែ​ស្មាន​អំពី​ជីវិត​នោះ​ឡើយ។ យើង​នឹង​អនុវត្ត​តាម​អ្វី​ដែល​យើង​រៀន​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​បណ្ដាល​មក​ពី​ប្រភព​នៃ​ជីវិត គឺ​ព្រះ​យេហូវ៉ា ជា​បុគ្គល​ដែល​អាច​ឲ្យ​ជីវិត​ជា​អនន្ត​ដល់​យើង។ (ទំនុកដំកើង ៣៦:៩; កូល៉ុស ២:៨) ជាជាង​ក្លាយ​ទៅ​ជា​ខ្ញុំ​កញ្ជះ​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម ដែល​នឹង​ជិត​រលំ​ចូល​ក្នុង​សេចក្ដី​ហិនវិនាស​នោះ យើង​នឹង​ធ្វើ​តាម​ការ​ទូន្មាន​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​មាន​ចិត្ត​ស្កប់ស្កល់​នឹង​ម្ហូបអាហារ​ហើយ​សំលៀកបំពាក់​ដែល​យើង​មាន កាល​ដែល​យើង​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះ ទុក​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ (ធីម៉ូថេទី១ ៦:៨​-​១២) ជាជាង​ប្រព្រឹត្ត​ហាក់បី​ដូច​ជា​អនាគត​របស់​យើង​ពឹង​ទៅ​លើ​ការ​មាន​ធូរធារ​ក្នុង​លោកីយ៍​នេះ យើង​នឹង​ជឿ​តាម​ពាក្យ​បន្ទូល​របស់​ព្រះ​យេហូវ៉ា កាល​ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​យើង​ថា លោកីយ៍​នេះ​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា​កំពុង​តែ​រសាត់​បាត់​ទៅ ប៉ុន្តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ។—យ៉ូហានទី១ ២:១៧

៧. (ក) តើ​តាម​របៀប​ណា​ដែល​សុភាសិត ១៦:១៦​ជួយ​យើង​ឲ្យ​មាន​ការ​គិត​ដ៏​ត្រឹម​ត្រូវ​នោះ? (ខ) តើ​ការ​ធ្វើ​ឲ្យ​បំណង​របស់​ព្រះ​ជា​ការ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង នឹង​បាន​ទទួល​រង្វាន់​អ្វី​ខ្លះ?

៧ នៅ​សុភាសិត ១៦:១៦ លើក​ទឹក​ចិត្ត​យើង​ដោយ​ថ្លែង​យ៉ាង​ពិត​ថា៖ «ការ​ដែល​បាន​ប្រាជ្ញា​[ប្រាជ្ញា​ដែល​ចាប់​ផ្ដើម​ពី​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា] នោះ​វិសេស​ជាង​បាន​មាស តើ​អំ​បាល​ម៉ាន​ទៅ អើ ការ​ដែល​បាន​យោបល់ នោះ​គួរ​រើស​យក​ជាជាង​ប្រាក់​ទៅ​ទៀត»។ ការ​មាន​ប្រាជ្ញា​និង​ការ​យល់​បែប​នេះ បណ្ដាល​ឲ្យ​យើង​ចាត់​ទុក​បំណង​របស់​ព្រះ​ជា​ការ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ ហើយ​តើ​ព្រះ​បាន​ប្រគល់​ឲ្យ​ពួក​ស្មរបន្ទាល់​របស់​ទ្រង់​ធ្វើ​កិច្ចការ​អ្វី ក្នុង​កំឡុង​ពេល​នៃ​ប្រវត្ដិសាស្ត្រ​មនុស្ស​លោក​យើង​នេះ? នេះ​គឺ​កិច្ចការ​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់ និង​ការ​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​បាន​ទៅ​ជា​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) នេះ​ជា​កិច្ចការ​ដែល​ផ្ដល់​ឲ្យ​រង្វាន់​នូវ​សេចក្ដី​ស្កប់ស្កល់​ដ៏​ពិត ព្រម​ទាំង​សុភមង្គល​ជា​ច្រើន​ផង។ ដូច្នេះ ដោយ​មាន​មូលហេតុ​ល្អ ព្រះ​គម្ពីរ​បាន​បញ្ជាក់​ប្រាប់​ថា៖ «សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា»។—សុភាសិត ៣:១៣

ការ​ការពារ​ពី​អំពើ​ខុស​ទំនង

៨. (ក) សូម​ប្រាប់​នូវ​ផល​ប្រយោជន៍​ទីពីរ​ដែល​បាន​មក​ពី​ការ​កោត​ខ្លាច​ព្រះ? (ខ) តើ​យើង​ត្រូវ​បាន​ការពារ​ពី​អំពើ​អាក្រក់​ណា​ខ្លះ? (គ) តើ​តាម​របៀប​ណា​ដែល​ការ​កោត​ខ្លាច​ព្រះ នឹង​ទៅ​ជា​កម្លាំង​ជំរុញ​យ៉ាង​ខ្លាំង​មួយ​នោះ?

៨ ផល​ប្រយោជន៍​ទីពីរ​ដែល​មាន​មក​ពី​ការ​កោត​ខ្លាច​ព្រះ នោះ​គឺ​ថា​យើង​ត្រូវ​បាន​ការពារ​ពី​ការ​ធ្វើ​អ្វីៗ​ដែល​ជា​អាក្រក់។ អស់​អ្នក​ដែល​គោរព​ព្រះ​ដ៏​ជ្រាល​ជ្រៅ​នោះ ពុំ​សម្រេច​ចិត្ត​ដោយ​ខ្លួន​គេ​នូវ​អ្វី​ជា​ល្អ​និង​អ្វី​ជា​អាក្រក់​ឡើយ។ ចំពោះ​អ្វីៗ​ដែល​ព្រះ​មាន​បន្ទូល​ថា​ជា​ល្អ​នោះ ពួក​គេ​ពុំ​មាន​ទស្សនៈ​ថា​ជា​អាក្រក់​ទេ ហើយ​ពួក​គេ​ក៏​មិន​គិត​ថា​អ្វីៗ​ដែល​ព្រះ​មាន​បន្ទូល​ថា​អាក្រក់ ទៅ​ជា​ល្អ​វិញ​ដែរ។ (ទំនុកដំកើង ៣៧:១, ២៧; អេសាយ ៥:២០, ២១) ម្យ៉ាង​វិញ​ទៀត បុគ្គល​ណា​ដែល​មាន​ការ​កោត​ខ្លាច​ព្រះ មិន​ចាត់​ទុក​ថា​គ្រប់គ្រាន់​ទេ បើ​គ្រាន់​តែ​ដឹង​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​ល្អ​និង​អាក្រក់​នោះ។ បុគ្គល​បែប​នេះ​ស្រឡាញ់​នូវ​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់ ហើយ​ស្អប់​នូវ​អ្វីៗ​​ដែល​ព្រះ​យេហូវ៉ា​ស្អប់​ដែរ។ ជា​លទ្ធផល គាត់​ប្រព្រឹត្ត​ដោយ​សម​ស្រប​នឹង​បមាណីយ​របស់​ព្រះ។ ដូច្នេះ​ហើយ ដូច​ជា​បាន​ចែង​មក​ក្នុង​សុភាសិត ១៦:៦​«មនុស្ស​នឹង​រួច​ពី​សេចក្ដី​អាក្រក់​បាន ដោយ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា»។ ការ​កោត​ខ្លាច​ព្រះ​បែប​នេះ នឹង​ទៅ​ជា​កម្លាំង​ជំរុញ​យ៉ាង​ខ្លាំង ឲ្យ​បុគ្គល​ម្នាក់​បាន​សម្រេច​នូវ​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​កម្លាំង​របស់​គាត់​ផ្ទាល់​នោះ។

៩. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ប្រាថ្នា​ដ៏​ខ្លាំង មិន​ចង់​ធ្វើ​ឲ្យ​អ្វី​ដែល​ទ្រង់​មិន​គាប់​ព្រះ​ហឫទ័យ មាន​អានុភាព​លើ​ស្ត្រី​ម្នាក់​នៅ​ប្រទេស​ម៉ិចស្សីកូ ហើយ​ដោយ​មាន​លទ្ធផល​យ៉ាង​ណា?

៩ ទោះបី​ជា​ការ​កោត​ខ្លាច​ព្រះ​ទើប​តែ​ចាប់​ផ្ដើម​លូត​លាស់​ក្នុង​បុគ្គល​ណា​ម្នាក់​ក្ដី នេះ​ក៏​អាច​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​មុត​មាំ​ដើម្បី​ចៀស​វាង​ពី​ការ​ធ្វើ​អ្វី​មួយ ដែល​គាត់​នឹង​ស្ដាយ​ក្រោយ​មួយ​ជីវិត​របស់​គាត់​ដែរ។ ជា​ឧទាហរណ៍ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​នៅ​ប្រទេស​ម៉ិច​ស្សីកូ បាន​សួរ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​អំពី​ការ​ពន្លូត​កូន។ ស្មរបន្ទាល់​នោះ​បាន​អាន​បទ​គម្ពីរ​បី​បួន​ជូន​ស្ត្រី​នោះ រួច​បាន​វែកញែក​ថា៖ «ចំពោះ​ព្រះ​ជា​អ្នក​បង្កើត ជីវិត​គឺ​សំខាន់​ណាស់ សូម្បី​តែ​ជីវិត​របស់​កូន​ដែល​មិន​ទាន់​កើត​មក​ក៏​ដោយ»។ (និក្ខមនំ ២១:២២, ២៣; ទំនុកដំកើង ១៣៩:១៣​-​១៦) ការ​ពិនិត្យ​ពី​មន្ទីរ​ព្យាបាល​រោគ​បាន​ចង្អុល​ប្រាប់​ថា ទារក​របស់​នាង​អាច​ទៅ​ជា​ក្មេង​ប្លែក​ពី​ធម្មតា។ ប៉ុន្តែ ឥឡូវ​នេះ ដោយ​នាង​បាន​ឃើញ​រឿង​នេះ​ក្នុង​ពាក្យ​បន្ទូល​របស់​ព្រះ នេះ​បាន​បណ្ដាល​ឲ្យ​នាង​សម្រេច​ចិត្ត​នឹង​សម្រាល​កូន។ គ្រូ​ពេទ្យ​របស់​នាង​បាន​បដិសេធ​មិន​ព្រម​ជួប​នាង​ទៀត​ទេ ហើយ​ប្ដី​របស់​នាង​ក៏​បាន​គំរាម​កំហែង​លះលែង​នាង​ដែរ ប៉ុន្តែ​នាង​បាន​ប្រកាន់​ខ្ជាប់។ នៅ​ពេល​ក្រោយ​មក នាង​សម្រាល​បាន​កូន​ស្រី​មួយ—ជា​កូន​ធម្មតា ដែល​មាន​សុខភាព​ល្អ​ព្រម​ទាំង​ដ៏​ស្អាត​ទៀត​ផង។ ដោយ​មាន​ចិត្ត​កតញ្ញូ​ធម៌ នាង​បាន​ទៅ​រក​ពួក​ស្មរបន្ទាល់ ហើយ​ពួក​ស្មរបន្ទាល់​បាន​ចាប់​ផ្ដើម​សិក្សា​ពាក្យ​បន្ទូល​របស់​ព្រះ​ជា​មួយ​នឹង​នាង។ ក្នុង​រយៈ​មួយ​ឆ្នាំ នាង​និង​ប្ដី​របស់​នាង​បាន​ជ្រមុជ​ទឹក។ នៅ​ឯ​មហា​សន្និបាត​បី​បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​មាន​ចិត្ត​រីករាយ​ណាស់​ដោយ​បាន​ជួប​ស្មរបន្ទាល់​ដើម​ជា​លើក​ម្ដង​ទៀត ហើយ​បាន​បង្ហាញ​កូន​ស្រី​ដែល​មាន​អាយុ​បួន​ឆ្នាំ​ដ៏​ស្អាត​របស់​គេ។ ប្រាកដ​ណាស់ ការ​មាន​សេចក្ដី​គោរព​ព្រះ​ដ៏​ត្រឹម​ត្រូវ និង​សេចក្ដី​ប្រាថ្នា​មិន​ចង់​ធ្វើ​អ្វី​ដែល​ទ្រង់​មិន​គាប់​ព្រះ​ហឫទ័យ​នោះ គឺ​មាន​អនុភាព​ដ៏​ខ្លាំង​ក្នុង​ជីវិត​របស់​បុគ្គល​ណា​ម្នាក់។

១០. ការ​កោត​ខ្លាច​ព្រះ​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​មុត​មាំ​ក្នុង​ការ​ចៀស​វាង​ពី​ការ​ប្រព្រឹត្ត​ខុស​ទំនង​ប្រភេទ​ណា?

១០ ការ​កោត​ខ្លាច​ព្រះ​អាច​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​មុត​មាំ​ក្នុង​ការ​ចៀស​វាង​ពី​ការ​ប្រព្រឹត្ត​ខុស​ទំនង​ជា​ច្រើន​យ៉ាង។ (កូរិនថូសទី២ ៧:១) នៅ​ពេល​ដែល​បាន​បណ្ដុះ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ នេះ​អាច​ជួយ​បុគ្គល​ម្នាក់​បញ្ចប់​ការ​ប្រព្រឹត្ត​អំពើ​បាប​សម្ងាត់​របស់​គាត់ ដែល​មាន​តែ​គាត់​នឹង​ព្រះ​យេហូវ៉ា​ដឹង​ប៉ុណ្ណោះ។ នេះ​ក៏​អាច​ជួយ​គាត់​ឲ្យ​រួច​ផុត​ពី​ខ្ញុំ​កញ្ជះ​នៃ​ការ​បណ្ដោយ​ខ្លួន​ក្នុង​ការ​ប្រើ​ស្រា ឬ​ការ​ប្រើ​គ្រឿង​ញៀន​ជ្រុល​ហួស​ដែរ។ អតីត​វិ​ស​ពន្ធ​ម្នាក់​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ពន្យល់​ថា៖ «កាល​ដែល​ខ្ញុំ​បាន​រៀន​ចំណេះវិជ្ជា​អំពី​ព្រះ ខ្ញុំ​ក៏​បាន​បណ្ដុះ​នូវ​ការ​កោត​ខ្លាច​ធ្វើ​អ្វី​ដែល​ទ្រង់​មិន​គាប់​ព្រះ​ហឫទ័យ​ដែរ។ ខ្ញុំ​បាន​ដឹង​ថា​ទ្រង់​កំពុង​តែ​ទត​មើល ហើយ​ខ្ញុំ​ចង់​ធ្វើ​អ្វីៗ​ឲ្យ​គាប់​ក្នុង​ព្រះ​នេត្រ​របស់​ទ្រង់​ណាស់។ ហើយ​នេះ​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​កំទេច​ចោល​នូវ​គ្រឿង​ញៀន​ដែល​មាន​ជាប់​ខ្លួន ដោយ​ចុច​ទឹក​ទំលាក់​ចូល​ក្នុង​បង្គន់​ទៅ»។ ការ​កោត​ខ្លាច​ព្រះ​បាន​ជួយ​មនុស្ស​រាប់​ពាន់​នាក់​តាម​របៀប​ស្រដៀង​គ្នា​នេះ​ដែរ។—សុភាសិត ៥:២១; ១៥:៣

ការ​ការពារ​ពី​ការ​ភ័យ​តក់ស្លុត​ដល់​មនុស្ស

១១. តើ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ដ៏​ត្រឹម​ត្រូវ​អាច​ជួយ​ការពារ​យើង​ពី​អន្ទាក់​ណា​ខ្លះ?

១១ ការ​កោត​ខ្លាច​ព្រះ​ដ៏​ត្រឹម​ត្រូវ ក៏​ការពារ​យើង​ពី​ការ​ខ្លាច​ដល់​មនុស្ស​ដែរ។ ទោះបី​តិច​ឬ​ច្រើន​ក្ដី មនុស្ស​ជា​ច្រើន​បាន​មាន​សេចក្ដី​ទុក្ខ​វេទនា​ដោយ​ការ​ខ្លាច​ដល់​មនុស្ស។ សូម្បី​តែ​ពួក​សាវ័ក​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ​ក៏​បាន​បោះបង់​ចោល​ទ្រង់ ហើយ​បាន​គេច​ខ្លួន​នៅ​ពេល​ដែល​ពួក​ទាហាន​មក​ចាប់​ទ្រង់​នៅ​ឯ​សួន​គែតសេម៉ានី។ ក្រោយ​មក នៅ​ក្នុង​ទីធ្លា​នៃ​ពួក​សម្ដេច​សង្ឃ ដោយ​មាន​ភាព​មិន​នឹង​មាំ និង​ការ​ភ័យ​តក់ស្លុត​នោះ ពេត្រុស​បាន​បដិសេធ​ថា​គាត់​មិន​មែន​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​ទេ ព្រម​ទាំង​បដិសេធ​ថា​គាត់​មិន​ដែល​ស្គាល់​ទ្រង់​ផង។ (ម៉ាកុស ១៤:៤៨​-​៥០, ៦៦​-​៧២; យ៉ូហាន ១៨:១៥​-​២៧) ប៉ុន្តែ ពួក​សាវ័ក​ត្រូវ​បាន​ជួយ​ឲ្យ​មាន​ភាព​នឹង​មាំ​ខាង​វិញ្ញាណ​ឡើង​វិញ។ ម្យ៉ាង​ទៀត ក្នុង​សម័យ​នៃ​ស្តេច​យេហូយ៉ាគីម អ៊ូរីយ៉ា ជា​កូន​របស់​សេម៉ាយ៉ា ដោយសារ​តែ​ខ្លាច​ខ្លាំង​ពេក​ដែល​គាត់​បាន​បោះបង់​ចោល​កិច្ច​បំរើ​របស់​គាត់​ជា​ព្យាការី​នៃ​ព្រះ​យេហូវ៉ា ហើយ​ក៏​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស តែ​ត្រូវ​បាន​គេ​ចាប់​ប្រហារ​ជីវិត។—យេរេមា ២៦:២០​-​២៣

១២. (ក) តើ​សុភាសិត ២៩:២៥​ចង្អុល​ប្រាប់​នូវ​ការ​ការពារ​អ្វី​ពី​ការ​ខ្លាច​មនុស្ស? (ខ) តើ​តាម​របៀប​ណា​ដែល​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​អាច​លូត​លាស់​ឡើង?

១២ តើ​អ្វី​ដែល​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ឈ្នះ​លើ​ការ​ខ្លាច​មនុស្ស? ក្រោយ​ពី​បាន​ព្រមាន​ថា​«ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់»​នោះ សុភាសិត ២៩:២៥ ចែង​បន្ថែម​ថា៖ «តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ»។ ការ​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា​ជា​កត្ដា​ដ៏​សំខាន់​មួយ។ ការ​ទុក​ចិត្ត​បែប​នេះ គឺ​មាន​មូលដ្ឋាន​ទៅ​លើ​ចំណេះវិជ្ជា​និង​ការ​ពិសោធ។ ដោយ​សិក្សា​ពាក្យ​បន្ទូល​របស់​ទ្រង់ យើង​ឃើញ​នូវ​ទី​សំអាង​នៃ​ភាព​ត្រឹម​ត្រូវ​នៃ​ផ្លូវ​របស់​ព្រះ​យេហូវ៉ា។ យើង​ក៏​បាន​យល់​នឹង​ព្រឹត្ដិការណ៍​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ទុក​ចិត្ត​បាន​របស់​ទ្រង់ ភាព​ពិត​ប្រាកដ​នៃ​កិច្ច​សន្យា​របស់​ទ្រង់​(រួម​បញ្ចូល​នៃ​ដំណើរ​រស់​ឡើង​វិញ) និង​សេចក្ដី​ស្រឡាញ់​ព្រម​ទាំង​ឫទ្ធានុភាព​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​របស់​ទ្រង់។ រួច​មក នៅ​ពេល​យើង​ប្រព្រឹត្ត​ទៅ​លើ​ចំណេះវិជ្ជា​នោះ ដោយ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្គាប់ ហើយ​បដិសេធ​ដោយ​ម៉ឺងម៉ាត់​នូវ​អ្វីៗ​ដែល​ទ្រង់​ប្រឆាំង នោះ​យើង​នឹង​បាន​ពិសោធ​ផ្ទាល់​ខ្លួន​នូវ​សេចក្ដី​ស្រឡាញ់​និង​ភាព​ទុក​ចិត្ត​បាន​ពី​ទ្រង់។ យើង​ឃើញ​ទី​សំអាង​ផ្ទាល់ ថា​ព្រះ​ចេស្ដា​របស់​ទ្រង់​កំពុង​តែ​អនុវត្ត​ក្នុង​ការ​សម្រេច​បំណង​របស់​ទ្រង់។ ការ​ទុក​ចិត្ត​របស់​យើង​ក៏​លូត​លាស់​ឡើង ហើយ​ការ​ទុក​ចិត្ត​ដល់​ព្រះ សេចក្ដី​ស្រឡាញ់​របស់​យើង​ដល់​ទ្រង់ និង​ការ​ខំ​ប្រឹង​ប្រាថ្នា​ចៀស​វាង​ពី​ការ​ធ្វើ​អ្វី​ដែល​ទ្រង់​មិន​គាប់​ព្រះ​ហឫទ័យ​នោះ ក៏​លូត​លាស់​ឡើង​ដែរ។ ការ​ទុក​ចិត្ត​បែប​នេះ គឺ​បាន​ស្ថាបនា​ឡើង​លើ​គ្រឹះ​ដ៏​មាំមួន។ នេះ​គឺ​ជា​កំផែង​ការពារ​ពី​ការ​ខ្លាច​ដល់​មនុស្ស។

១៣. តើ​តាម​របៀប​ណា​ដែល​ការ​កោត​ខ្លាច​ព្រះ​ជួយ​យើង​នៅ​ឯ​កន្លែង​ធ្វើ​ការ​របស់​យើង នៅ​ឯ​ផ្ទះ និង​នៅ​ឯ​សាលា​រៀន​នោះ?

១៣ ដោយ​យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា រួម​បញ្ចូល​នឹង​ការ​កោត​ខ្លាច​ព្រះ នឹង​ធ្វើ​ឲ្យ​យើង​បាន​មាំមួន​ចំពោះ​អ្វីៗ​ជា​ការ​ត្រឹម​ត្រូវ បើសិន​ជា​និយោជក​គំរាម​កំហែង​ថា យើង​នឹង​បាត់បង់​ការងារ​ធ្វើ បើ​យើង​បដិសេធ​មិន​យក​តម្រាប់​តាម​ការ​ប្រព្រឹត្ត​មិន​ទៀងត្រង់​ខាង​ជំនួញ​ណា​មួយ។ (ប្រៀបធៀប មីកា ៦:១១, ១២) ការ​កោត​ខ្លាច​ព្រះ​បែប​នេះ បាន​ជួយ​ឲ្យ​ជន​គ្រីស្ទាន​រាប់​ពាន់​នាក់​ក្នុង​ការ​ខំ​ព្យាយាម​ថ្វាយ​បង្គំ​ដ៏​ពិត កាល​ដែល​ជួប​ប្រទះ​ការ​ប្រឆាំង​ពី​សមាជិក​គ្រួសារ​ដែល​មិន​ជឿ​ព្រះ។ ហើយ​ក៏​ផ្ដល់​ឲ្យ​ពួក​យុវជន​ដែល​នៅ​ឯ​សាលា​រៀន​ឲ្យ​មាន​សេចក្ដី​ក្លាហាន ក្នុង​ការ​សម្គាល់​ខ្លួន​ថា គេ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​នេះ​នឹង​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​មុត​មាំ​ដើម្បី​អត់​ទ្រាំ​ការ​ចំអក​ពី​ពួក​សិស្ស ដែល​សើច​ចំអក​បមាណីយ​ព្រះ​គម្ពីរ។ ដូច្នេះ​ហើយ​បាន​ជា​ក្មេង​ជំទង់​ស្មរបន្ទាល់​ម្នាក់​បាន​និយាយ​ថា៖ «អ្វីៗ​ដែល​ពួក​ក្មេង​ខាង​លោកីយ៍​គិត នោះ​ពិត​ជា​មិន​សំខាន់​ទេ តែ​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​គិត នោះ​ពិត​ជា​សំខាន់​ជាង»។

១៤. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​អាច​មាន​ជ័យជំនះ សូម្បី​តែ​នៅ​ពេល​ខ្លះ​ដែល​ជីវិត​របស់​គេ​ត្រូវ​បាន​គំរាម​កំហែង​ក្ដី?

១៤ ការ​មាន​ជំនឿ​ស៊ប់​បែប​នេះ ធ្វើ​ឲ្យ​ជន​គ្រីស្ទាន​ពិត​មាន​កម្លាំង​ក្នុង​ការ​កាន់​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​មាំមួន សូម្បី​តែ​នៅ​ពេល​ដែល​ជីវិត​របស់​គេ​ត្រូវ​បាន​គំរាម​កំហែង​ក្ដី។ ពួក​គេ​ដឹង​ថា គេ​នឹង​មាន​ការ​បៀតបៀន​ពី​លោកីយ៍។ ពួក​គេ​ដឹង​ថា ពួក​សាវ័ក​ត្រូវ​បាន​គេ​វាយ ហើយ​ព្រះ​យេស៊ូ​គ្រីស្ទ​ក៏​បាន​ពួក​មនុស្ស​អាក្រក់​វាយ​សម្លាប់​ដែរ។ (ម៉ាកុស ១៤:៦៥; ១៥:១៥​-​៣៩; កិច្ចការ ៥:៤០; ប្រៀបធៀប ដានីយ៉ែល ៣:១៦​-​១៨) ប៉ុន្តែ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​មាន​ការ​ទុក​ចិត្ត​យ៉ាង​ពេញលេញ​ថា ទ្រង់​នឹង​ជួយ​ពួក​គេ​ឲ្យ​បាន​មាំមួន​ក្នុង​ការ​អត់​ទ្រាំ ពីព្រោះ​ដោយ​ជំនួយ​របស់​ព្រះ ពួក​គេ​អាច​មាន​ជ័យជំនះ​បាន ហើយ​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​ដែល​នៅ​ស្មោះ​ត្រង់​ជា​មិន​ខាន—បើសិន​ជា​ការ​ចាំបាច់​នោះ គឺ​តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ​ឲ្យ​មាន​ជីវិត​ក្នុង​ពិភពលោក​ថ្មី​របស់​ទ្រង់។ សេចក្ដី​ស្រឡាញ់​ព្រះ​និង​រួម​បញ្ចូល​ការ​កោត​ខ្លាច​ព្រះ នោះ​បណ្ដាល​ឲ្យ​ពួក​គេ​ចៀស​វាង​ពី​ការ​ប្រព្រឹត្ត​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ទ្រង់​មិន​គាប់​ព្រះ​ហឫទ័យ។

១៥. តើ​អ្វី​ដែល​បាន​ជួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឲ្យ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​គេ​ក្នុង​បន្ទាយ​ឃុំ​ឃាំង​មនុស្ស​ណា​ត្សី​នោះ?

១៥ នេះ​បាន​ជួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឲ្យ​អត់​ទ្រាំ​យ៉ាង​ជោគជ័យ​នឹង​អំពើ​ដ៏​អាក្រក់​នៅ​បន្ទាយ​ឃុំ​ឃាំង​មនុស្ស​ណា​ត្សី ក្នុង​កំឡុង​ទសវត្ស​ឆ្នាំ​១៩៣០​និង​ទសវត្ស​ឆ្នាំ​១៩៤០។ ពួក​គេ​អនុវត្ត​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ នៅ​លូកា ១២:៤, ៥៖ «តែ​ពួក​សំឡាញ់​អើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្លាច​អ្នក​ណា​ដែល​សំឡាប់​បាន​តែ​រូប​កាយ រួច​ក្រោយ​មក ពុំ​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ។ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ជា​ត្រូវ​ខ្លាច​ដល់​អ្នក​ណា គឺ​ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ​វិញ ដែល​កាល​ណា​ទ្រង់​សំឡាប់ នោះ​ក៏​មាន​អំណាច​អាច​បោះ​ចោល​ទៅ​ក្នុង​នរក​បាន​ផង អើ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ​អង្គ​ចុះ»។ ដូច្នេះ ហ្គាស់ស្ដាវ អុ​ស​នើ ដែល​ជា​ស្មរបន្ទាល់​ម្នាក់​នៅ​ក្នុង​បន្ទាយ​ឃុំ​ឃាំង​មនុស្ស​សា​ស៊ិន​ហៅ​ហ្វ្សិន បាន​សរសេរ​ថា៖ ‹ពួក​ទាហាន​បាន​បាញ់​អូហ្គើស ឌិកម៉ាន ហើយ​បាន​គំរាម​កំហែង​នឹង​បាញ់​យើង​ចោល​ទាំង​អស់ បើសិន​ជា​យើង​មិន​ចុះ​ហត្ថលេខា​ក្នុង​ឯកសារ​លះបង់​ជំនឿ​របស់​យើង​នោះ។ គ្មាន​អ្នក​ណា​ម្នាក់​បាន​ចុះ​ហត្ថលេខា​ឡើយ។ យើង​មាន​ការ​កោត​ខ្លាច​ក្រែង​ធ្វើ​អ្វី​ដែល​ទ្រង់​មិន​គាប់​ព្រះ​ហឫទ័យ ជាង​ការ​ខ្លាច​គ្រាប់​កាំភ្លើង​របស់​គេ​ទៅ​ទៀត›។ ការ​ខ្លាច​មនុស្ស​នាំ​ឲ្យ​សម្រប​សម្រួល ប៉ុន្តែ​ការ​កោត​ខ្លាច​ព្រះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​មុត​មាំ​ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ។

ការ​សង្គ្រោះ​ជីវិត

១៦. តើ​អ្វី​ទៅ​ដែល​បាន​ជួយ​លោក​ណូអេ​ឲ្យ​រក្សា​ការ​ប្រព្រឹត្ត​ដ៏​ត្រឹម​ត្រូវ​ពី​ទសវត្ស​មួយ​ទៅ​ទសវត្ស​រហូត​ដល់​ទឹក​ជំនន់ ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា​ដែរ ចំពោះ​លោក​និង​គ្រួសារ​របស់​លោក?

១៦ លោក​ណូអេ​បាន​រួច​រស់​ជីវិត​ពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​សម័យ​មុន​ទឹក​ជំនន់។ ព្រះ​យេហូវ៉ា​បាន​សម្រេច​ព្រះទ័យ​នឹង​កំទេច​ចោល​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នៅ​សម័យ​នោះ ដោយសារ​តែ​ភាព​អាក្រក់​របស់​មនុស្ស​លោក។ ប៉ុន្តែ នៅ​ពេល​ចន្លោះ​នោះ លោក​ណូអេ​បាន​រស់​នៅ​ក្នុង​លោកីយ៍​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ អំពើ​អសីលធម៌​ដ៏​ធ្ងន់ និង​ការ​មិន​អើពើ​ចំពោះ​ព្រះ​ហឫទ័យ​របស់​ព្រះ។ ទោះ​ជា​លោក​ណូអេ​បាន​ផ្សាយ​នៃ​សេចក្ដី​សុចរិត​ក្ដី «គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា»។ (ម៉ាថាយ ២៤:៣៩) ប៉ុន្តែ លោក​ណូអេ​មិន​បាន​ញញើត​ពី​កិច្ចការ​ដែល​ទ្រង់​ដាក់​នៅ​ពី​មុខ​គាត់​នោះ​ឡើយ។ លោក​បាន​ធ្វើ​«តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់ គាត់​ធ្វើ​ការ​នោះ​សម្រេច​ទាំង​អស់»។ (លោកុប្បត្តិ ៦:២២) តើ​អ្វី​ទៅ​ដែល​បាន​ជួយ​លោក​ណូអេ​ឲ្យ​រក្សា​ការ​ប្រព្រឹត្ត​ដ៏​ត្រឹម​ត្រូវ​ពី​ឆ្នាំ​មួយ​ទៅ​ឆ្នាំ​មួយ​រហូត​ដល់​ទឹក​ជំនន់​នោះ? ហេព្រើរ ១១:៧ ឆ្លើយ​ថា៖ «ដោយសារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​បន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោត​ខ្លាច»។ ជា​លទ្ធផល លោក​និង​ប្រពន្ធ​របស់​លោក ហើយ​កូន​ប្រុសៗ​និង​ប្រពន្ធ​របស់​គេ ត្រូវ​បាន​សង្គ្រោះ​ពី​ទឹក​ជំនន់។

១៧. (ក) ទោះ​ជា​មនុស្ស​ឯ​ទៀត​ធ្វើ​យ៉ាង​ណា​ក្ដី តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី? (ខ) ហេតុ​អ្វី​ក៏​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា ជា​មនុស្ស​ដែល​មាន​ចិត្ត​សប្បាយ​រីករាយ​ពិត​នោះ?

១៧ យើង​រស់​នៅ​ក្នុង​កំឡុង​ពេល​ដែល​មាន​សភាព​ស្រដៀង​នឹង​សម័យ​របស់​លោក​ណូអេ​ដែរ។ (លូកា ១៧:២៦, ២៧) ម្ដង​នេះ​ទៀត ការ​ព្រមាន​ក៏​កំពុង​តែ​ផ្ដល់​មក​ឲ្យ​ដែរ។ វិវរណៈ ១៤:៦, ៧ ចែង​ប្រាប់​អំពី​ទេវតា​ហោះ​កាត់​កណ្ដាល​មេឃ ដែល​ដាស់​តឿន​ឲ្យ​មនុស្ស​ពី​គ្រប់​ទាំង​សាសន៍​និង​កុលសម្ព័ន្ធ ព្រម​ទាំង​ភាសា​ឲ្យ​«កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់»។ ទោះ​ជា​មនុស្ស​នៅ​ជុំវិញ​អ្នក​ធ្វើ​យ៉ាង​ណា​ក៏​ដោយ សូម​អ្នក​ធ្វើ​តាម​ពាក្យ​បន្ទូល​ទាំង​នោះ​ចុះ ហើយ​រួច​មក​សូម​សម្ដែង​សេចក្ដី​អញ្ជើញ​នេះ​ជូន​អ្នក​ដទៃ​ផង។ ដូច​លោក​ណូអេ សូម​ប្រព្រឹត្ត​ដោយ​មាន​ជំនឿ ហើយ​បង្ហាញ​នូវ​ការ​កោត​ខ្លាច​ព្រះ​ចុះ។ ដោយ​ធ្វើ​ដូច្នេះ អ្នក​អាច​នាំ​ឲ្យ​មាន​ការ​សង្គ្រោះ​ជីវិត​របស់​អ្នក​និង​ជីវិត​របស់​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ដែរ។ កាល​ដែល​យើង​សង្ឃឹម​នូវ​ផល​ប្រយោជន៍​ដែល​មនុស្ស​កោត​ខ្លាច​ព្រះ​ពិត​បាន​ទទួល​នោះ យើង​អាច​ចុះ​សម្រុង​នឹង​អ្នក​ទំនុកដំកើង ដែល​ច្រៀង​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ចំពោះ​សេចក្ដី​បង្គាប់​របស់​ទ្រង់»។—ទំនុកដំកើង ១១២:១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​មាន​ផល​ប្រយោជន៍​ដ៏​អស្ចារ្យ​យ៉ាង​ណា​ខ្លះ ដោយ​ការ​កោត​ខ្លាច​ព្រះ​ពិត​នោះ?

◻ តើ​ប្រាជ្ញា​ដែល​បាន​ចាក់​ឫស​ពី​ការ​កោត​ខ្លាច​ព្រះ​អាច​ការពារ​យើង​យ៉ាង​ដូច​ម្ដេច?

◻ ហេតុ​អ្វី​ក៏​ការ​កោត​ខ្លាច​ព្រះ​ធ្វើ​ឲ្យ​យើង​បែរ​ចេញ​ពី​ការ​ប្រព្រឹត្ត​អាក្រក់?

◻ តើ​តាម​របៀប​ណា​ដែល​ការ​កោត​ខ្លាច​ព្រះ​ការពារ​យើង​ពី​ការ​ខ្លាច​មនុស្ស​នោះ?

◻ តើ​ការ​កោត​ខ្លាច​ព្រះ​មាន​ការ​ទាក់ទង​យ៉ាង​ណា​ដែរ ចំពោះ​ជីវិត​នៅ​អនាគត​របស់​យើង?

[រូបភាព​នៅ​ទំព័រ​២៤, ២៥]

«មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ចំពោះ​សេចក្ដី​បង្គាប់​របស់​ទ្រង់»។—ទំនុកដំកើង ១១២:១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក