បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៣ ទំ. ២៨-៣២
  • អំណរសប្បាយបានមកពីការកោតខ្លាចព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អំណរសប្បាយបានមកពីការកោតខ្លាចព្រះយេហូវ៉ា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​ដែល​យើង​គួរ​កោត​ខ្លាច​ព្រះ
  • របៀប​បង្ហាញ​ថា​យើង​កោត​ខ្លាច​ព្រះ
  • ការ​កោត​ខ្លាច​ព្រះ​នាំ​ឲ្យ​បាន​ពរ​យ៉ាង​ពិសេស
  • ការ​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ជួយ​យើង​ស៊ូទ្រាំ
  • ចូរមានប្រាជ្ញាឡើង ដោយកោតខ្លាចព្រះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចូរអភិវឌ្ឍចិត្តរបស់អ្នកឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ការសិក្សាដើម្បីស្វែងរកសេចក្ដីរីករាយក្នុងការកោតខ្លាចព្រះយេហូវ៉ា
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរកោតខ្លាចព្រះយេហូវ៉ា ហើយមានសុភមង្គល!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៣ ទំ. ២៨-៣២

អំណរ​សប្បាយ​បាន​មក​ពី​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា

​«ឱ​ពួក​បរិសុទ្ធ​របស់​ទ្រង់​អើយ! សូម​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ដ្បិត​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់​មិន​ខ្វះ​អ្វី​ឡើយ»។—ទំនុកដំកើង ៣៤:៩

១, ២​. (ក) តើ​ពិភព​គ្រិស្ត​សាសនា​បង្រៀន​អ្វី​ខ្លះ​អំពី​ការ​កោត​ខ្លាច​ព្រះ? (ខ) ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

ពេល​គ្រូ​គង្វាល​ក្នុង​ពិភព​គ្រិស្ត​សាសនា​បង្រៀន​អំពី​ការ​កោត​ខ្លាច​ព្រះ ពួក​គេ​ច្រើន​តែ​ផ្អែក​លើ​សេចក្ដី​បង្រៀន​មិន​ពិត​ថា ព្រះ​នឹង​ធ្វើ​ទារុណកម្ម​មនុស្ស​ដែល​ធ្វើ​អំពើ​បាប​ដោយ​ទម្លាក់​ពួក​គេ​ទៅ​ក្នុង​ភ្លើង​នរក​ជា​រៀង​រហូត។ អ្វី​ដែល​ពួក​គេ​បង្រៀន​នោះ គឺ​ខុស​ទាំង​ស្រុង​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា ដែល​ថា​ទ្រង់​ជា​ព្រះ​មួយ​អង្គ​ដែល​យុត្ដិធម៌​ហើយ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ (លោកុប្បត្តិ ៣:១៩; ចោទិយកថា ៣២:៤; រ៉ូម ៦:២៣; យ៉ូហានទី១ ៤:៨) គ្រូ​គង្វាល​ផ្សេង​ក៏​បង្រៀន​អ្វី​ដែល​ខុស​ប្លែក​ពី​នេះ​ទៅ​ទៀត។ ពួក​គេ​មិន​និយាយ​អំពី​ការ​កោត​ខ្លាច​ព្រះ​សោះ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បង្រៀន​ថា​ព្រះ​មិន​ប្រកាន់​ទេ តែ​ទ្រង់​គាប់​ចិត្ត​ចំពោះ​មនុស្ស​ស្ទើរតែ​ទាំង​អស់ មិន​ថា​ពួក​គេ​មាន​របៀប​រស់​នៅ​បែប​ណា​ក៏​ដោយ។ នេះ​ក៏​មិន​មែន​ជា​អ្វី​ព្រះ​គម្ពីរ​បង្រៀន​ដែរ។—កាឡាទី ៥:១៩២១

២ តាម​ពិត ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។ (វិវរណៈ ១៤:៧) ប៉ុន្តែ សេចក្ដី​បង្រៀន​នេះ​នាំ​ឲ្យ​យើង​ឆ្ងល់​បន្ដិច​ដែរ ដ្បិត​បើ​ព្រះ​យេហូវ៉ា​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ហេតុ​អ្វី​បាន​ជា​ទ្រង់​តម្រូវ​ឲ្យ​យើង​ខ្លាច​ទ្រង់? តើ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ? តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​កោត​ខ្លាច​ទ្រង់? ឥឡូវ​យើង​សូម​មើល​បទ​ទំនុកដំកើង​ទី៣​៤​ត​ទៅ​ទៀត​ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ។

ហេតុ​ដែល​យើង​គួរ​កោត​ខ្លាច​ព្រះ

៣​. (ក) តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បទ​បញ្ជា​ឲ្យ​កោត​ខ្លាច​ព្រះ? (ខ) តើ​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ទទួល​ពរ​ដោយ​ព្រោះ​អ្វី?

៣ ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​អ្វីៗ​ទាំង​អស់​ហើយ​ជា​ព្រះ​មហាក្សត្រ​នៃ​សកលលោក​ទាំង​មូល ដូច្នេះ​គួរ​គប្បី​ណាស់​ឲ្យ​មនុស្ស​កោត​ខ្លាច​ទ្រង់។ (ពេត្រុសទី១ ២:១៧) នេះ​មិន​មែន​ជា​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ព្រះ​មួយ​អង្គ​ដែល​កាច​សាហាវ​នោះ​ឡើយ តែ​ជា​ការ​កោត​ស្ងើច​ចំពោះ​ព្រះ​ដែល​យើង​ស្គាល់​ច្បាស់។ នេះ​ក៏​រួម​បញ្ចូល​ការ​ខ្លាច​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​ខុស​ពី​ចិត្ត​ទ្រង់។ ការ​កោត​ខ្លាច​ព្រះ​ជា​អារម្មណ៍​ល្អ​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ដល់​យើង មិន​មែន​ជា​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​ភ័យ​ព្រួយ​ឬ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ ព្រះ​យេហូវ៉ា​ជា​«ព្រះ​ដ៏​មាន​ពរ​[ឬ​«សុភមង្គល»]» ដូច្នេះ​ទ្រង់​ពេញ​ចិត្ត​ឲ្យ​មនុស្ស​ដែល​ទ្រង់​បាន​បង្កើត​នោះ មាន​អំណរ​សប្បាយ​ក្នុង​ជីវិត។ (ធីម៉ូថេទី១ ១:១១; ខ.ស.) ប៉ុន្តែ បើ​យើង​ចង់​អរ​សប្បាយ​មែន យើង​ត្រូវ​តែ​រស់​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​ទ្រង់។ ចំពោះ​មនុស្ស​ជា​ច្រើន នេះ​តម្រូវ​ឲ្យ​ពួក​គេ​កែ​ប្រែ​របៀប​រស់​នៅ។ ប៉ុន្តែ អស់​អ្នក​ដែល​កែ​ប្រែ​តាម​តម្រូវ​ការ​នោះ នឹង​ឃើញ​សច្ចភាព​នៃ​ពាក្យ​របស់​ដាវីឌ​ដែល​គាត់​សរសេរ​ថា​៖ «ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ! មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់។ ឱ​ពួក​បរិសុទ្ធ​របស់​ទ្រង់​អើយ! សូម​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ដ្បិត​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់​មិន​ខ្វះ​អ្វី​ឡើយ»។ (ទំនុកដំកើង ៣៤:៨, ៩) អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​នឹង​មិន​ខ្វះ​អ្វី​ដែល​មាន​តម្លៃ​ស្ថិតស្ថេរ​ទេ ពីព្រោះ​ពួក​គេ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ទ្រង់។

៤​. តើ​ដាវីឌ​និង​ព្រះ​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​ពួក​គ្នីគ្នា​របស់​គាត់​ដោយ​និយាយ​យ៉ាង​ណា?

៤ សូម​កត់​សម្គាល់​ថា ដាវីឌ​បាន​លើក​កិត្ដិយស​ពួក​គ្នីគ្នា​របស់​គាត់​ដោយ​ហៅ​ពួក​គេ​ថា​«ពួក​បរិសុទ្ធ»។ ពួក​គេ​ជា​មនុស្ស​បរិសុទ្ធ​មែន ពីព្រោះ​ពួក​គេ​នៅ​ក្នុង​ចំណោម​សាសន៍​បរិសុទ្ធ​របស់​ព្រះ ហើយ​ពួក​គេ​បាន​ប្រថុយ​ជីវិត​ដោយសារ​សហ​ការ​ជា​មួយ​ដាវីឌ។ ទោះ​ជា​ពួក​គេ​កំពុង​តែ​រត់​គេច​ពី​ស្តេច​សូល​ក្ដី ដាវីឌ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ចិញ្ចឹម​ពួក​គេ​ត​ទៅ​ទៀត។ ដាវីឌ​បាន​សរសេរ​ថា​៖ «ឯ​អស់​ទាំង​សិង្ហ​ស្ទាវ វា​តែង​តែ​ខ្វះ​ហើយ​ក៏​ឃ្លាន តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា នោះ​នឹង​មិន​ខ្វះ​អ្វី​ដែល​ល្អ​ឡើយ»។ (ទំនុកដំកើង ៣៤:១០) ព្រះ​យេស៊ូ​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​ទ្រង់​ដោយ​ប្រើ​ពាក្យ​ស្រដៀង​គ្នា​នេះ​ដែរ។—ម៉ាថាយ ៦:៣៣

៥​. (ក) តើ​មនុស្ស​ភាគ​ច្រើន​ដែល​បាន​កាន់​តាម​ព្រះ​យេស៊ូ​ជា​មនុស្ស​បែប​ណា? (ខ) តើ​ព្រះ​យេស៊ូ​បាន​ជូន​យោបល់​អ្វី​ខ្លះ​ស្តី​អំពី​ការ​ខ្លាច?

៥ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​តាម​ព្រះ​យេស៊ូ ជា​ប្រជាជន​យូដា​សាមញ្ញ​ធម្មតា​ហើយ​ក៏​ក្រីក្រ​ផង​ដែរ។ ជា​លទ្ធផល ព្រះ​យេស៊ូ​«មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ​ហើយ​ខ្ចាត់ខ្ចាយ​ដូច​ហ្វូង​ចៀម​ដែល​ឥត​អ្នក​គង្វាល»។ (ម៉ាថាយ ៩:៣៦) តើ​មនុស្ស​សាមញ្ញ​ទាំង​នោះ​ហ៊ាន​ធ្វើ​តាម​ព្រះ​យេស៊ូ​ទេ? តាម​ពិត ពួក​គេ​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ដើម្បី​ក្លាយ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ ហើយ​ពួក​គេ​មិន​គួរ​ខ្លាច​មនុស្ស​ទេ។ ព្រះ​យេស៊ូ​ប្រាប់​ពួក​គេ​ថា​៖ «កុំ​ឲ្យ​ខ្លាច​អ្នក​ណា​ដែល​សំឡាប់​បាន​តែ​រូប​កាយ រួច​ក្រោយ​មក​ពុំ​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ។ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ជា​ត្រូវ​ខ្លាច​ដល់​អ្នក​ណា គឺ​ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ​វិញ ដែល​កាល​ណា​ទ្រង់​សំឡាប់ នោះ​ក៏​មាន​អំណាច​អាច​បោះ​ចោល​ទៅ​ក្នុង​[«ហ្គេហេណា»]​បាន​ផង។ អើ! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ​អង្គ​ចុះ! តើ​គេ​មិន​លក់​ចាប​៥​ថ្លៃ​២​លុយ​ទេ​ឬ​អី? តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ​ទ្រង់​ភ្លេច​ទេ។ សូម្បី​ទាំង​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា​ក៏​បាន​រាប់​ទាំង​អស់​ដែរ។ ដូច្នេះ កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន»។—លូកា ១២:៤​-​៧; ព.ថ.

៦​. (ក) តើ​ពាក្យ​ណា​ខ្លះ​របស់​ព្រះ​យេស៊ូ​បាន​ជួយ​ពួក​គ្រិស្ត​សា​សនិក​ឲ្យ​មាន​កម្លាំង​ចិត្ត? (ខ) ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា ព្រះ​យេស៊ូ​ទុក​គំរូ​ល្អ​បំផុត​ក្នុង​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា?

៦ ពេល​ខ្មាំង​សត្រូវ​បង្ខិត​បង្ខំ​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ឲ្យ​ឈប់​បម្រើ​ទ្រង់ នោះ​រាស្ត្រ​ព្រះ​នឹក​គិត​ពី​ឱវាទ​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស​លោក នោះ​កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ»។ (លូកា ១២:៨, ៩) ពាក្យ​ទាំង​នោះ​បាន​ពង្រឹង​កម្លាំង​របស់​ពួក​គ្រិស្ត​សា​សនិក ជា​ពិសេស​នៅ​ប្រទេស​នានា​ដែល​មាន​បម្រាម​លើ​ការ​ថ្វាយ​បង្គំ​ពិត។ បងប្អូន​ទាំង​នោះ​នៅ​តែ​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​ប្រជុំ​គ្នា​ជា​ពួក​គ្រិស្ត​សា​សនិក​និង​ធ្វើ​កិច្ច​បម្រើ​ផ្សាយ​ដោយ​ប្រយ័ត្នប្រយែង។ (កិច្ចការ ៥:​២៩) ព្រះ​យេស៊ូ​បាន​ទុក​គំរូ​ល្អ​បំផុត​ក្នុង​ការ​«កោត​ខ្លាច»​ព្រះ​យេហូវ៉ា។ (ហេព្រើរ ៥:៧) បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​រៀប​រាប់​អំពី​ព្រះ​យេស៊ូ​ថា​៖ «វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ​វិញ្ញាណ​នៃ . . . សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា។ អ្នក​នោះ​នឹង​វៃ​រហ័ស​[ឬ​«មាន​អំណរ​សប្បាយ​ក្នុង​ការ»]​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា»។ (អេសាយ ១១:២, ៣; ខ.ស.) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​មាន​លក្ខណៈ​ល្អ​ជា​ង​គេ​ដើម្បី​បង្រៀន​យើង​អំពី​ផល​ប្រយោជន៍​ដែល​មក​ពី​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។

៧​. (ក) តើ​ពួក​គ្រិស្ត​សា​សនិក​អាច​ធ្វើ​យ៉ាង​ណា​ដែល​បង្ហាញ​ថា​ពួក​គេ​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​របស់​ដាវីឌ? (ខ) តើ​មាតា​បិតា​ទាំង​ឡាយ​អាច​ធ្វើ​តាម​គំរូ​ល្អ​របស់​ដាវីឌ​យ៉ាង​ណា?

៧ ពេល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​និង​ស្ដាប់​តាម​អ្វី​ដែល​ទ្រង់​បង្រៀន នេះ​គឺ​ហាក់​ដូច​ជា​យើង​កំពុង​តែ​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​មួយ ដូច​ដាវីឌ​បាន​អញ្ជើញ​ពួក​គ្នីគ្នា​របស់​គាត់​ថា​៖ «កូន​ទាំង​ឡាយ​អើយ! ចូរ​មក​ស្ដាប់​អញ​ចុះ! អញ​នឹង​បង្រៀន​ឯង​រាល់​គ្នា​ពី​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា»។ (ទំនុកដំកើង ៣៤:១១) ដាវីឌ​មាន​សិទ្ធិ​ហៅ​បុរស​ទាំង​នោះ​ថា «កូន» ពីព្រោះ​ពួក​គេ​បាន​គោរព​គាត់​ជា​អ្នក​នាំ​មុខ។ ដូច្នេះ ដាវីឌ​បាន​ជួយ​ឲ្យ​ពួក​គេ​ចេះ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ដើម្បី​គាប់​ចិត្ត​ទ្រង់​និង​មាន​សាមគ្គី​ភាព​រវាង​គ្នា។ ហើយ​នេះ​ក៏​ជា​គំរូ​ល្អ​សម្រាប់​គ្រិស្ត​សា​សនិក​ទាំង​ឡាយ​ដែល​មាន​កូន​ដែរ! ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​មាតា​បិតា​ទាំង​ឡាយ​នូវ​សិទ្ធិ​«បង្រៀន​[កូន]​ទៅ​តាម​ដំបូន្មាន​នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់»។ (អេភេសូរ ៦:៤) ពេល​មាតា​បិតា​ពិភាក្សា​ជា​មួយ​កូន​អំពី​រឿង​ដែល​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ហើយ​សិក្សា​ព្រះ​គម្ពីរ​យ៉ាង​ទៀងទាត់​ជា​មួយ​ពួក​គេ នេះ​ជួយ​ឲ្យ​កូន​មាន​អំណរ​សប្បាយ​ក្នុង​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។—ចោទិយកថា ៦:៦, ៧

របៀប​បង្ហាញ​ថា​យើង​កោត​ខ្លាច​ព្រះ

៨, ៩​. (ក) តើ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​មាន​លទ្ធផល​ដ៏​គាប់​ចិត្ត​អ្វី​ខ្លះ? (ខ) តើ​ការ​រក្សា​អណ្ដាត​ខ្លួន​រួម​បញ្ចូល​អ្វី​ខ្លះ?

៨ ដូច​បាន​បញ្ជាក់​ខាង​លើ​រួច​ហើយ ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​មិន​ធ្វើ​ឲ្យ​យើង​បាត់បង់​អំណរ​ទេ។ ដាវីឌ​បាន​សួរ​ថា​៖ «តើ​មាន​អ្នក​ឯ​ណា​ដែល​ចង់​បាន​ជីវិត​ហើយ​ស្រឡាញ់​អាយុ​យឺន​យូរ​ដើម្បី​ឲ្យ​បាន​ឃើញ​សេចក្ដី​ល្អ?»។ (ទំនុកដំកើង ៣៤:១២) គឺ​ច្បាស់​ហើយ​ថា អាយុ​យឺន​យូរ​និង​ជីវិត​សប្បាយ​ជាប់​ទាក់ទង​នឹង​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។ ប៉ុន្តែ គ្រាន់​តែ​និយាយ​ថា​៖ «ខ្ញុំ​កោត​ខ្លាច​ព្រះ​ហើយ» នោះ​មិន​គ្រប់គ្រាន់​ទេ ដ្បិត​យើង​ត្រូវ​បង្ហាញ​ថា​យើង​កោត​ខ្លាច​ទ្រង់​ដោយ​កិរិយា​ដែល​យើង​ប្រព្រឹត្ត​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ដាវីឌ​សរសេរ​ត​ទៅ​ទៀត​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ថា​យើង​កោត​ខ្លាច​ព្រះ​មែន។

៩ «[ចូរ]​រក្សា​អណ្ដាត​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់ ហើយ​បបូរ​មាត់​ផង មិន​ឲ្យ​ពោល​ពាក្យ​កំភូត»។ (ទំនុកដំកើង ៣៤:១៣) ក្នុង​សំបុត្រ​ដែល​សាវ័ក​ពេត្រុស​សរសេរ​ទូន្មាន​ពួក​គ្រិស្ត​សា​សនិក​ឲ្យ​ស្រឡាញ់​គ្នា ព្រះ​យេហូវ៉ា​ក៏​បាន​បណ្ដាល​ឲ្យ​គាត់​ដក​ស្រង់​ឃ្លា​ខាង​លើ​នេះ​ពី​បទ​ទំនុកដំកើង​ទី៣​៤។ (ពេត្រុសទី១ ៣:៨​-​១២) ការ​រក្សា​អណ្ដាត​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​មាន​ន័យ​ថា ពេល​យើង​ឮ​អ្នក​ណា​និយាយ​ដើម​គេ នោះ​យើង​មិន​ប្រាប់​រឿង​នោះ​តៗ​គ្នា​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ខិតខំ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ដទៃ​ពេល​និយាយ​ជា​មួយ​ពួក​គេ។ ម្យ៉ាង​ទៀត យើង​ក៏​ព្យាយាម​បង្ហាញ​ចិត្ត​ក្លាហាន​ហើយ​និយាយ​ពិត​ជានិច្ច។—អេភេសូរ ៤:២៥, ២៩, ៣១; យ៉ាកុប ៥:១៦

១០​. (ក) តើ​ការ​ថយ​ចេញ​ពី​ការ​អាក្រក់​រួម​បញ្ចូល​អ្វី​ខ្លះ? (ខ) តើ​យើង​អាច​ប្រព្រឹត្ត​ការ​ល្អ​អ្វី​ខ្លះ?

១០ «ចូរ​ថយ​ចេញ​ពី​ការ​អាក្រក់​ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ ចូរ​ស្វែង​រក​សេចក្ដី​សុខ​ហើយ​ដេញ​ជាប់​តាម​ចុះ!»។ (ទំនុកដំកើង ៣៤:១៤) យើង​ខំ​ជៀស​វាង​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់ ដូច​ជា​អំពើ​អសីលធម៌ រូប​អាសអាភាស មន្តអាគម ការ​លួច​ប្លន់ អំពើ​ឃោរឃៅ ការ​ប្រមឹក​ស្រា​និង​ការ​ប្រើ​គ្រឿង​ញៀន​ជា​ដើម។ ហើយ​យើង​ក៏​មិន​មើល​អ្វី​ក៏​ដោយ​ដែល​ទាក់ទង​នឹង​អំពើ​អាក្រក់​ទាំង​នោះ។ (អេភេសូរ ៥:១០​-​១២) ផ្ទុយ​ទៅ​វិញ យើង​ប្រើ​ពេល​វេលា​របស់​យើង​ដោយ​ប្រព្រឹត្ត​ការ​ល្អ​វិញ។ ការ​ប្រព្រឹត្ត​ដ៏​ល្អ​បំផុត​គឺ​ការ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​ទៀងទាត់ ទាំង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ទទួល​សេចក្ដី​សង្គ្រោះ​ដែរ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ការ​ប្រព្រឹត្ត​ដ៏​ល្អ​ក៏​រួម​បញ្ចូល​ការ​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សា​សនិក ចូល​រួម​កម្មវិធី​នោះ​ជា​ទៀងទាត់ ធ្វើ​វិភាគទាន​ដើម្បី​គាំទ្រ​កិច្ចការ​ផ្សព្វផ្សាយ​ទូទាំង​ពិភព​លោក មើល​ថែរក្សា​សាល​ព្រះ​រាជាណាចក្រ​នា​តំបន់​យើង ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បងប្អូន​គ្រិស្ត​សា​សនិក​ដែល​ត្រូវ​ការ​ជំនួយ។

១១​. (ក) តើ​ដាវីឌ​ប្រព្រឹត្ត​តាម​យោបល់​របស់​គាត់​យ៉ាង​ណា​ក្នុង​ការ​ស្វែង​រក​សេចក្ដី​សុខ? (ខ) តើ​អ្នក​អាច​«ស្វែង​រក​សេចក្ដី​សុខ»​ក្នុង​ក្រុម​ជំនុំ​ដោយ​ធ្វើ​អ្វី?

១១ ដាវីឌ​បាន​តាំង​គំរូ​ល្អ​សម្រាប់​យើង​ក្នុង​ការ​ស្វែង​រក​សេចក្ដី​សុខ។ ដាវីឌ​មាន​ឱកាស​សម្លាប់​ស្តេច​សូល​ពីរ​ដង ប៉ុន្តែ​គាត់​មិន​ប្រើ​អំពើ​ហិង្សា​សោះ ហើយ​ក្រោយ​មក​គាត់​ក៏​បង្ហាញ​ការ​គោរព​ចំពោះ​សូល​ពេល​និយាយ​ជា​មួយ​ទ្រង់​ដោយ​មាន​បំណង​ចង់​ផ្សះផ្សា។ (សាំយូអែលទី១ ២៤:៨​-​១១; ២៦:១៧​-​២០) នៅ​សព្វ​ថ្ងៃ​នេះ ប្រសិន​បើ​មាន​រឿង​មួយ​ហៀប​នឹង​ធ្វើ​ឲ្យ​បងប្អូន​ក្នុង​ក្រុមជំនុំ​បែក​បាក់​គ្នា តើ​យើង​អាច​ធ្វើ​អ្វី? យើង​គួរ​«ស្វែង​រក​សេចក្ដី​សុខ​ហើយ​ដេញ​ជាប់​តាម​ចុះ!»។ នេះ​បាន​ន័យ​ថា បើ​យើង​មិន​ត្រូវ​គ្នា​នឹង​បងប្អូន​រួម​ជំនឿ​ណា​ម្នាក់ យើង​គួរ​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ​ដោយ‹ទៅ​រក​ជា​នា​នឹង​បងប្អូន​ជា​មុន​សិន›។ ក្រោយ​មក យើង​អាច​បន្ត​បំពេញ​ភារកិច្ច​ឯ​ទៀត​របស់​យើង​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ។—ម៉ាថាយ ៥:២៣, ២៤; អេភេសូរ ៤:២៦

ការ​កោត​ខ្លាច​ព្រះ​នាំ​ឲ្យ​បាន​ពរ​យ៉ាង​ពិសេស

១២, ១៣​. (ក) នៅ​ពេល​ឥឡូវ​នេះ តើ​អ្នក​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? (ខ) នៅ​បន្ដិច​ទៀត តើ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ពិត​នឹង​ទទួល​ពរ​ពិសេស​អ្វី?

១២ «ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​ទត​ទៅ​ចំពោះ​មនុស្ស​សុចរិត ហើយ​ព្រះ​កាណ៌​ទ្រង់​ក៏​ប្រុង​ស្ដាប់​សំ​រែក​របស់​គេ»។ (ទំនុកដំកើង ៣៤:​១៥) កំណត់​ហេតុ​ដែល​រៀប​រាប់​ពី​របៀប​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​លើ​ដាវីឌ បង្ហាញ​ថា​ទ្រង់​ពិត​ជា​ឃើញ​និង​ស្ដាប់​ដាវីឌ​មែន។ នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​អំណរ​យ៉ាង​ខ្លាំង​និង​ស្កប់ស្កល់​ចិត្ត​ពីព្រោះ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​កំពុង​តែ​មើល​ថែរក្សា​យើង​ដែរ។ យើង​ក៏​មាន​ទំនុក​ចិត្ត​ថា​ទ្រង់​នឹង​ផ្ដល់​អ្វីៗ​ដែល​យើង​ត្រូវ​ការ សូម្បី​តែ​ពេល​ដែល​យើង​មាន​អារម្មណ៍​តានតឹង​ចិត្ត​ក៏​ដោយ។ យើង​ដឹង​ថា បន្ដិច​ទៀត​កុក​នៃ​ស្រុក​ម៉ាកុក (គឺ​អារក្ស​សាតាំង) នឹង​ពាធា​លើ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ពិត ហើយ​ក្រោយ​មក​យើង​នឹង​ឃើញ​«ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា»។ (យ៉ូអែល ២:១១, ៣១; អេសេគាល ៣៨:១៤​-​១៨, ២១​-​២៣) មិន​ថា​យើង​ប្រឈម​មុខ​កាលៈទេសៈ​ពិបាក​ណា​ក៏​ដោយ​នៅ​ពេល​នោះ ពាក្យ​របស់​ដាវីឌ​នឹង​សម្រេច​ជាក់​ជា​ពុំ​ខាន។ គាត់​សរសេរ​ថា​៖ «គេ​អំពាវនាវ​ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​ទទួល​ស្ដាប់ ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​លំបាក​របស់​គេ»។—ទំនុកដំកើង ៣៤:១៧

១៣ ពេល​យើង​ឃើញ​ព្រះ​យេហូវ៉ា​លើក​តម្កើង​ព្រះ​នាម​ទ្រង់​នៅ​គ្រា​នោះ យើង​ពិត​ជា​នឹង​មាន​ចិត្ត​រំភើប​មែន! នៅ​ពេល​នោះ​យើង​នឹង​កោត​ស្ងើច​ហើយ​ចង់​គោរព​ទ្រង់​ខ្លាំង​ជាង​មុនៗ​ទៅ​ទៀត តែ​អស់​អ្នក​ដែល​ប្រឆាំង​ទ្រង់​នឹង​វិនាស​ទៅ​គួរ​ឲ្យ​អាម៉ាស់។ «ព្រះ​ភក្ដ្រ​ព្រះ​យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ដើម្បី​នឹង​ដក​យក​សេចក្ដី​នឹក​ចាំ​ចំពោះ​គេ​ពី​ផែនដី​ចេញ»។ (ទំនុកដំកើង ៣៤:១៦) ការ​ប្រោស​លោះ​ឲ្យ​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ ពិត​ជា​ពរ​យ៉ាង​ពិសេស​មែន!

ការ​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ជួយ​យើង​ស៊ូទ្រាំ

១៤​. ទោះ​ជា​យើង​រង​ទុក្ខ​វេទនា​យ៉ាង​ណា​ក៏​ដោយ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​បាន?

១៤ ទំ​រាំ​ពេល​នោះ​មក​ដល់ ការ​បន្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ចេះ​ស៊ូទ្រាំ​ក្នុង​ពិភព​លោក​នេះ​ដែល​សុទ្ធតែ​ពុក​រលួយ​និង​កាច​សាហាវ។ ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​បាន។ ដោយសារ​នេះ​ជា​គ្រា​លំបាក​ណាស់ អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​រង​ទុក្ខ​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​បាក់​ទឹក​ចិត្ត​ហើយ​ជួន​កាល​អស់​សង្ឃឹម​ដែរ។ ប៉ុន្តែ អ្នក​ទាំង​នោះ​អាច​ជឿ​ប្រាកដ​ថា បើ​ពួក​គេ​ពឹងផ្អែក​លើ​ព្រះ​យេហូវ៉ា ទ្រង់​នឹង​ជួយ​ពួក​គេ​ឲ្យ​ស៊ូទ្រាំ​ជាក់​ជា​ពុំ​ខាន។ ពាក្យ​ដែល​ដាវីឌ​តែង​នោះ​អាច​ជួយ​សម្រាល​ទុក្ខ​ផង​ដែរ។ គាត់​សរសេរ​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​មាន​វិញ្ញាណ​ទន់​ទាប»។ (ទំនុកដំកើង ៣៤:១៨) ហើយ​ដាវីឌ​ក៏​លើក​ទឹក​ចិត្ត​យើង​ទៀត​ដោយ​មាន​ប្រសាសន៍​ថា​៖ «មនុស្ស​សុចរិត​តែង​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ​យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ»។ (ទំនុកដំកើង ៣៤:១៩) មិន​ថា​យើង​រង​ទុក្ខ​វេទនា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មាន​អំណាច​ជួយ​ប្រោស​យើង​ឲ្យ​រួច​បាន។

១៥, ១៦​. (ក) មិន​យូរ​ប៉ុន្មាន​ក្រោយ​ដាវីឌ​តែង​បទ​ទំនុក​ទី៣​៤ តើ​គាត់​ទទួល​ដំណឹង​អាក្រក់​ណា? (ខ) តើ​អ្វី​នឹង​ជួយ​យើង​ស៊ូទ្រាំ​ពេល​មាន​ទុក្ខ​លំបាក?

១៥ មិន​យូរ​ប៉ុន្មាន​ក្រោយ​ដាវីឌ​បាន​តែង​បទ​ទំនុក​ទី៣​៤​នោះ គាត់​ទទួល​ដំណឹង​អាក្រក់​ថា សូល​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​ប្រជាជន​ទាំង​ឡាយ​និង​សង្ឃ​ជា​ច្រើន​នៅ​ទី​ក្រុង​ណូប។ នេះ​ច្បាស់​ជា​បណ្ដាល​ឲ្យ​ដាវីឌ​មាន​ចិត្ត​សោក​សង្រេង​មែន! ដ្បិត​សូល​មាន​កំហឹង​ចំពោះ​បណ្ដាជន​នៅ​ទី​ក្រុង​ណូប​ដោយសារ​ដាវីឌ​បាន​ឈប់​សម្រាក​នៅ​ទី​នោះ។ (សាំយូអែលទី១ ២២:១៣, ១៨​-​២១) យើង​អាច​យល់​ថា ពេល​ដាវីឌ​ឮ​ដំណឹង​នោះ គាត់​បាន​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ហើយ​គាត់​ច្បាស់​ជា​មាន​អារម្មណ៍​ធូរ​ស្រាល​បន្ដិច​ដោយ​ដឹង​ថា «មនុស្ស​សុចរិត»​នឹង​មាន​សង្ឃឹម​រស់​ឡើង​វិញ​នៅ​ពេល​អនាគត។—កិច្ចការ ២៤:១៥

១៦ នៅ​សព្វ​ថ្ងៃ​នេះ សេចក្ដី​សង្ឃឹម​ថា​មនុស្ស​ស្លាប់​អាច​រស់​ឡើង​វិញ​នោះ ក៏​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​យើង​ដែរ។ យើង​ដឹង​ថា ខ្មាំង​សត្រូវ​មិន​អាច​ធ្វើ​ទុក្ខ​ដល់​យើង​ជា​រៀង​រហូត​បាន​ឡើយ។ (ម៉ាថាយ ១០:២៨) ហើយ​ដាវីឌ​បង្ហាញ​ថា​គាត់​មាន​ជំនឿ​ដូច​គ្នា​ដែរ ពេល​គាត់​សរសេរ​ថា​៖ «ទ្រង់​រក្សា​អស់​ទាំង​ឆ្អឹង​របស់[មនុស្ស​សុចរិត]​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ»។ (ទំនុកដំកើង ៣៤:២០) ក្នុង​ករណី​ព្រះ​យេស៊ូ នេះ​បាន​កើត​ឡើង​មែន ដ្បិត​ទោះបី​ជា​គេ​បាន​ធ្វើ​គុត​ទ្រង់​យ៉ាង​សាហាវ​ក៏​ដោយ គ្មាន​ឆ្អឹង​ណា​របស់​ទ្រង់​បាន​«បាក់»​ឡើយ។ (យ៉ូហាន ១៩:៣៦) គោលការណ៍​ក្នុង​បទ​ទំនុក​ទី៣​៤:២០ ក៏​ជួយ​លើក​ទឹក​ចិត្ត​យើង​ថា ពួក​គ្រិស្ត​សា​សនិក​ដែល​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ហើយ​ពួក​«ចៀម​ឯ​ទៀត»​ដែល​ជា​គូកន​របស់​ពួក​គាត់​ប្រហែល​ជា​នឹង​រង​ទុក្ខ​លំបាក​មែន តែ​មិន​កើត​ទុក្ខ​រហូត​ទេ។ បើ​គិត​ជា​ន័យ​ធៀប គឺ​ហាក់​ដូច​ជា​គ្មាន​ឆ្អឹង​ណា​របស់​ពួក​គេ​នឹង​បាក់​ឡើយ។—យ៉ូហាន ១០:១៦

១៧​. តើ​មនុស្ស​ដែល​មិន​ឈប់​ស្អប់​រាស្ត្រ​របស់​ព្រះ​នឹង​ទទួល​ផល​អាក្រក់​អ្វី?

១៧ មនុស្ស​អាក្រក់​គ្មាន​សេចក្ដី​សង្ឃឹម​ទេ ដ្បិត​មិន​យូរ​ប៉ុន្មាន​ទៀត មនុស្ស​ដែល​ធ្វើ​អាក្រក់​នឹង​បាន​អាក្រក់។ «សេចក្ដី​អាក្រក់​នឹង​សំឡាប់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​ពួក​អ្នក​ដែល​ស្អប់​ដល់​មនុស្ស​សុចរិត​នឹង​ត្រូវ​មាន​ទោស»។ (ទំនុកដំកើង ៣៤:២១) អស់​អ្នក​ដែល​មិន​ឈប់​ប្រឆាំង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា នឹង​ទទួល​ផល​អាក្រក់​បំផុត ដ្បិត​ពេល​ព្រះ​យេស៊ូ​គ្រិស្ត​យាង​មក «គេ​នឹង​រង​ទុក្ខ​ទោស​ជា​សេចក្ដី​ហិនវិនាស​អស់កល្ប​ជានិច្ច»។—ថែស្សាឡូនីចទី២ ១:៩

១៨​. ពេល​ឥឡូវ​នេះ តើ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​បាន​លោះ​ឲ្យ​រួច​ពី​បាប​ក្នុង​ន័យ​អ្វី? នៅ​ពេល​អនាគត តើ​ពួក​គេ​នឹង​ទទួល​ប្រយោជន៍​អ្វី​ទៀត?

១៨ ពាក្យ​បញ្ចប់​ក្នុង​បទ​ទំនុក​របស់​ដាវីឌ​លើក​ទឹក​ចិត្ត​យើង​ណាស់! ដ្បិត​គាត់​សរសេរ​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​លោះ​ព្រលឹង​នៃ​អស់​អ្នក​ដែល​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ហើយ​ក្នុង​ពួក​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រូវ​ទោស​ឡើយ»។ (ទំនុកដំកើង ៣៤:២២) ជិត​ដំណាច់​គ្រា​សោយ​រាជ្យ​រយៈ​ពេល​៤០​ឆ្នាំ​របស់​ស្តេច​ដាវីឌ លោក​មាន​ប្រសាសន៍​ថា​៖ «[ព្រះ​យេហូវ៉ា]​បាន​លោះ​ព្រលឹង​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា»។ (ពង្សាវតារក្សត្រទី១ ១:២៩) នៅ​បន្ដិច​ទៀត ពេល​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​គិត​ពី​អតីតកាល នោះ​ពួក​គេ​នឹង​មាន​អំណរ​សប្បាយ​ដូច​ដាវីឌ​ពីព្រោះ​ពួក​គេ​លែង​មាន​ទោស​ជា​អ្នក​មាន​បាប ដោយសារ​ព្រះ​យេហូវ៉ា​នឹង​លោះ​បាប​ពួក​គេ​ហើយ​ប្រោស​ពួក​គេ​ឲ្យ​រួច​ពី​ទុក្ខ​វេទនា​ទាំង​ឡាយ។ ពេល​ឥឡូវ​នេះ គ្រិស្ត​សា​សនិក​ភាគ​ច្រើន​ដែល​មាន​ក្ដី​សង្ឃឹម​គ្រប់គ្រង​ជា​មួយ​ព្រះ​យេស៊ូ​បាន​ឡើង​ទៅ​ស្ថានសួគ៌​ហើយ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ពី​គ្រប់​ទាំង​សាសន៍ ជា​មនុស្ស​ស្អាត​ស្អំ​ដែល​កំពុង​តែ​ថ្វាយ​បង្គំ​ទ្រង់​ជា​មួយ​បងប្អូន​របស់​ព្រះ​យេស៊ូ​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថានសួគ៌។ ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​អ្នក​ទាំង​នោះ​ជា​មនុស្ស​ស្អាត​ស្អំ​ពីព្រោះ​ពួក​គេ​មាន​ជំនឿ​ថា ឈាម​របស់​ព្រះ​យេស៊ូ​ដែល​ហូរ​ចេញ​នោះ​ពិត​ជា​អាច​លោះ​ពួក​គេ​ពី​បាប​បាន។ ពួក​គេ​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​យញ្ញ​បូជា​លោះ​នោះ ពេល​ពួក​គេ​ក្លាយ​ជា​មនុស្ស​គ្រប់​លក្ខណ៍​នៅ​ពេល​អនាគត គឺ​ក្នុង​អំឡុង​ពេល​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រិស្ត។—វិវរណៈ ៧:៩, ១៤, ១៧; ២១:៣​-​៥

១៩​. តើ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​បាន​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ ហេតុ​អ្វី​បាន​ជា​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នឹង​ទទួល​ពរ​ជា​ច្រើន​ទាំង​នោះ? «មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​នឹង​ទទួល​ពរ​ទាំង​នោះ​ពីព្រោះ​ពួក​គេ​បាន​តាំង​ចិត្ត​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត ហើយ​ពួក​គេ​កំពុង​តែ​បម្រើ​ទ្រង់​ដោយ​គោរព​ស្ដាប់​បង្គាប់​និង​កោត​ស្ងើច​ចំពោះ​ទ្រង់។ ត្រូវ​មែន ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​អំណរ​សប្បាយ​នៅ​ពេល​ឥឡូវ​នេះ ហើយ​ក៏​ជួយ​យើង​«ចាប់​បាន​ជីវិត​អស់កល្ប​ជានិច្ច»​ដែរ គឺ​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។—ធីម៉ូថេទី១ ៦:១២, ១៨, ១៩; វិវរណៈ ១៥:៣, ៤

តើ​អ្នក​នៅ​ចាំ​ទេ?

• ហេតុ​អ្វី​ក៏​គួរ​គប្បី​ឲ្យ​យើង​កោត​ខ្លាច​ព្រះ​យេហូវ៉ា? តើ​ការ​កោត​ខ្លាច​ទ្រង់​រួម​បញ្ចូល​អ្វី​ខ្លះ?

• តើ​ការ​កោត​ខ្លាច​ព្រះ​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ត​យ៉ាង​ណា?

• តើ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​ទទួល​ពរ​អ្វី​ខ្លះ?

• តើ​មាន​សេចក្ដី​សន្យា​អ្វី​ខ្លះ​ដែល​ជួយ​យើង​ស៊ូទ្រាំ?

[រូបភាព​នៅ​ទំព័រ​៣១]

ការ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​ចំពោះ​អ្នក​ជិត​ខាង គឺ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក