ជម្រើសសាសនា តើជារឿងសំខាន់ទេ?
ពេលយើងដើរផ្សារ ធម្មតាបើគ្មានអ្វីច្រើនឲ្យយើងជ្រើសរើស នោះយើងអត់ចូលចិត្តទេ។ ជាឧទាហរណ៍ បើគេលក់ផ្លែឈើនិងបន្លែច្រើនមុខ យើងអាចជ្រើសរើសយកផ្លែឈើឬបន្លែណាមួយដែលយើងចូលចិត្ត ឬដែលល្អសម្រាប់ក្រុមគ្រួសារ។ នៅហាងលក់ខោអាវ បើមានម៉ូដនិងពណ៌ណាល្អ នោះយើងអាចជ្រើសរើសយកមួយណាដែលសមនឹងយើងជាងគេ។ ជម្រើសខ្លះបង្ហាញអំពីចំណូលចិត្តខុសៗគ្នា តែជម្រើសឯទៀតទាក់ទងនឹងសុខភាពយើង ដូចជាជម្រើសអាហារនិងមិត្តល្អជាដើម។ បើដូច្នេះ ចុះយ៉ាងណាក្នុងជម្រើសសាសនា? តើយើងគួរថ្វាយបង្គំព្រះទៅតាមតែចំណូលចិត្តផ្ទាល់ខ្លួនឬទេ? ឬក៏តើជម្រើសសាសនាជារឿងសំខាន់ដែលអាចមានអានុភាពលើជីវិតយើងដែរ?
សព្វថ្ងៃនេះមានសាសនាស្ទើរតែរាប់មិនអស់។ នៅប្រទេសជាច្រើនយើងមានសេរីភាពក្នុងជម្រើសសាសនា ហើយមនុស្សកាន់តែច្រើនហ៊ានចាកចេញពីសាសនារបស់ដូនតាគេ។ ការស្ទង់មតិនៅសហរដ្ឋអាម៉េរិកបង្ហាញឲ្យឃើញថា ពលរដ្ឋ៨០ភាគរយ«ជឿថា មិនមែនមានសាសនាតែមួយទេ ដែលនាំទៅដល់សេចក្ដីសង្គ្រោះ»។ ការស្ទង់មតិដដែលនោះបង្ហាញថា «ក្នុងចំណោមប្រាំនាក់ដែលមានអាយុពេញវ័យ មានម្នាក់បានដូរសាសនាហើយ»។ ពេលគេបានស្ទង់មតិមហាជននៅប្រទេសប្រេស៊ីល គេឲ្យព័ត៌មានថា ប្រជាជនជិតមួយភាគបួននៅប្រទេសនោះបានផ្លាស់ប្ដូរសាសនារួចហើយ។
កាលសម័យមុន មនុស្សចេះតែជជែកគ្នាឡើងតឹងសរសៃក ស្តីអំពីទ្រឹស្តីសាសនា។ ប៉ុន្តែឥឡូវនេះ មនុស្សជាច្រើនមានទស្សនៈថា ‹ជម្រើសសាសនាគ្មានអ្វីសំខាន់ទេ›។ តើជម្រើសសាសនាពិតជាមិនសំខាន់ឬ? តើជម្រើសសាសនាអាចមានអានុភាពលើជីវិតឬទេ?
មុននឹងទិញអ្វីមួយ មនុស្សឆ្លាតតែងតែសួរសំណួរផ្សេងៗអំពីទំនិញ ដូចជា ‹តើអីវ៉ាន់នេះមកពីណា?›។ ដូច្នេះ យកល្អឲ្យយើងសួរថា ‹តើសាសនាទាំងអស់នេះកើតមកពីណា? ហេតុអ្វីក៏មានសាសនាច្រើនម្ល៉េះ?›។ ព្រះគម្ពីរបរិសុទ្ធមានចម្លើយសម្រាប់សំណួរទាំងនេះ។
តើសាសនាកើតមកពីណា?
ជិត១.០០០ឆ្នាំមុនកំណើតព្រះយេស៊ូ ស្តេចយេរ៉ូបោមបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល ហើយគាត់បានបង្កើតសាសនាថ្មីនាសម័យនោះ។ យេរ៉ូបោមជាស្តេចទីមួយលើរាជាណាចក្រអ៊ីស្រាអែលដែលបានឯករាជ្យពីរាជាណាចក្រយូដានៅប៉ែកខាងត្បូង។ បើយេរ៉ូបោមចង់រក្សាឲ្យមានឯករាជ្យនោះ គាត់ត្រូវញុះញង់ប្រជាជនឲ្យគាំទ្រគាត់។ ដូច្នេះ «ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺអោយគេសិតធ្វើរូបគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជនថា៖ ‹អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយអ៊ីស្រាអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប›»។ (ពង្សាវតារក្សត្រទី១ ១២:២៨, ខ.ស.) ស្តេចនោះច្បាស់ជាមានបំណងប្រើសាសនាថ្មីដើម្បីយកចិត្តប្រជាជនមែន។ គាត់មិនចង់ឲ្យប្រជាជនទៅទីក្រុងយេរូសាឡិមទៀត ដែលជាកន្លែងពួកគេធ្លាប់ចូលថ្វាយបង្គំព្រះពីមុន។ សាសនាដែលស្តេចយេរ៉ូបោមបានបង្កើតនោះ បានស្ថិតស្ថេរយ៉ាងយូរ តែនៅទីបំផុតបាននាំឲ្យប្រជាជនអ៊ីស្រាអែលរាប់លាននាក់វិនាសទៅ ពេលព្រះកាត់ទោសពួកគេជាអ្នកក្បត់ជំនឿ។ យេរ៉ូបោមបានប្រើសាសនាថ្មីនោះដើម្បីជួយគាត់កាន់អំណាច។ ដូចគ្នាដែរនៅសព្វថ្ងៃនេះ សាសនាខ្លះដែលរដ្ឋគាំទ្របានផុសចេញតាមបំណងចិត្តរបស់អ្នកគ្រប់គ្រងដែលចង់ធ្វើឲ្យអំណាចខ្លួនកាន់តែរឹងប៊ឹង។
សាវ័កប៉ុលបានប្រាប់អំពីមូលហេតុមួយទៀតដែលជំរុញមនុស្សខ្លះឲ្យចង់បង្កើតសាសនាថ្មី។ គាត់ពន្យល់ថា៖ «ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅនឹងមានមនុស្សចិត្តសាហាវដូចចចកនាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោតដើម្បីទាក់ទាញពួកសាវ័កអោយទៅតាមគេទៀតផង»។ (កិច្ចការ ២០:២៩, ៣០, ខ.ស.) មនុស្សខ្លះមានអំណួតហើយបង្កើតឲ្យមានសាសនាថ្មីដើម្បីលើកខ្លួនជាអ្នកធំ។ ជាក់ស្តែងគឺសាសនាដែលអះអាងថាជាអ្នកតំណាងព្រះយេស៊ូ គេបានបែកបាក់គ្នាច្រើនដល់ម្ល៉េះបានជាឥឡូវនេះពួកគេមានចំនួននិកាយស្ទើរតែរាប់មិនអស់។
តើសាសនាខំយកចិត្តអ្នកណា?
ជួនកាលគេបង្កើតសាសនាថ្មីស្របទៅតាមចំណង់ចំណូលចិត្តរបស់មហាជន។ ជាឧទាហរណ៍ ទស្សនាវដ្ដីមួយបានរាយការណ៍អំពីសាសនាយេស៊ូខ្លះនៅសហរដ្ឋអាម៉េរិកដែលមានសមាជិកចូលយ៉ាងណែន។ អត្ថបទនោះពន្យល់ថា សាសនាទាំងនោះបានរីកចម្រើនដោយសារពួកគេ«ធ្វើតាមគំរូពួកជំនួញដែលពូកែលក់ដូរដោយខំយកចិត្តអតិថិជន»។ នៅវិហារខ្លះ គេ«រៀបចំកម្មវិធីរស់រវើកដោយមានល្ខោនហើយចាក់កាស្សែតវីដេអូនិងបទភ្លេងប្រជាប្រិយ»។ គ្រូគង្វាលខ្លះប្រាប់ថា ពួកគេបង្រៀនសមាជិកឲ្យ«មានលុយច្រើន សុខភាពល្អនិងអត់មានបញ្ហា»។ អ្នកខ្លះថ្កោលទោសសាសនាយេស៊ូដែលមានវិហារដ៏ធំស្កឹមស្កៃទាំងនោះថា គេប្រៀបដូចជាកន្លែងធ្វើ«ពាណិជ្ជកម្ម» ឬបង្កើតឲ្យមានតែការកម្សាន្តប៉ុណ្ណោះ។ ប៉ុន្តែ ទស្សនាវដ្ដីដដែលនោះពន្យល់ថា សាសនាទាំងនោះ«ចេះត្រឹមតែផ្ដល់នូវអ្វីដែលសមាជិកចង់បាន»។ សេចក្ដីរាយការណ៍ក្នុងទស្សនាវដ្ដីនោះមានពាក្យបញ្ចប់ថា៖ «ការផ្សំផ្គុំគ្នារវាងពាណិជ្ជកម្មនិងសាសនាបានទទួលជោគជ័យសម្បើមណាស់!»។—ទស្សនាវដ្ដី Economist
ប៉ុន្តែ សាសនាឯទៀតប្រហែលជាមិនសូវធ្វើពាណិជ្ជកម្មទេ។ យ៉ាងណាក៏ដោយ បំណង‹ផ្ដល់អ្វីដែលសមាជិកចង់បាន›នោះ ជួយរំលឹកយើងពីពាក្យរបស់សាវ័កប៉ុលដែលបានព្រមានថា៖ «នឹងមានគ្រាមួយដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ។ ផ្ទុយទៅវិញ គេរកគ្រូមកបង្រៀនតាមទំនើងចិត្តរបស់គេ គ្រាន់តែអោយពីរោះត្រចៀកប៉ុណ្ណោះ។ គេងាកចេញពីសេចក្ដីពិត ហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញ»។—ធីម៉ូថេទី២ ៤:៣, ៤, ខ.ស.
ជាជាងមានបំណងចង់លើកតម្កើងព្រះ មនុស្សបានបង្កើតសាសនាផ្សេងៗដោយព្រោះឃ្លានអំណាចនិងឈ្មោះល្បី ឬមួយក៏ចង់យកចិត្តមហាជន។ ជាលទ្ធផល មិនជាការចម្លែកអ្វីឡើយដែលសាសនាទាំងនោះទៅប្រឡូកក្នុងរឿងអាក្រក់ដូចជាការរំលោភក្មេងនិងការបោកប្រាស ព្រមទាំងមានដៃប្រឡាក់ឈាមដោយគាំទ្រសង្គ្រាមនិងភេរវកម្ម។ ណាមួយទៀត សាសនាជាច្រើនចេះតែបំភាន់មហាជនផង។ ដូច្នេះ តើលោកអ្នកអាចធ្វើអ្វីដើម្បីកុំឲ្យសាសនាបញ្ឆោតបាន?
[ឃ្លាអក្សរធំនៅទំព័រ៤]
ជាជាងមានបំណងចង់លើកតម្កើងព្រះ មនុស្សបានបង្កើតសាសនាផ្សេងៗ ដោយព្រោះឃ្លានអំណាចនិងឈ្មោះល្បី ឬមួយក៏ចង់យកចិត្តមហាជន