បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៧ ទំ. ២៦-៣១
  • ថ្ងៃដែល‹ឆេះធ្លោដូចជាគុកភ្លើង›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃដែល‹ឆេះធ្លោដូចជាគុកភ្លើង›
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ឃោរឃៅ​ឬ?
  • ‹សុរិយា›​នឹង​រះ​ឡើង
  • កម្មវិធី​អប់រំ​ដ៏​ធំ​មួយ
  • តើអ្នកណានឹងរួចរស់ជីវិតនៅថ្ងៃរបស់ព្រះយេហូវ៉ា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • គោលសំខាន់ៗពីសៀវភៅម៉ាឡាគី
    អត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ឆ្នាំ២០០៧
  • ថ្ងៃនៃព្រះយេហូវ៉ាដែលគួរឲ្យស្ញែងខ្លាចជិតមកដល់ហើយ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • តើអ្នកនឹងស្មោះត្រង់ដូចលោកអេលីយ៉ាទេ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៧ ទំ. ២៦-៣១

ថ្ងៃ​ដែល​‹ឆេះ​ធ្លោ​ដូច​ជា​គុក​ភ្លើង›

«ដ្បិត​មើល ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង»។—ម៉ាឡាគី ៤:១

១. តើ​សំនួរ​អ្វី​កើត​មាន​ឡើង​ដែល​ទាក់ទង​នឹង​ម៉ាឡាគី ៤:១?

នៅ​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ សប្បាយ​ហើយ​អស់​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​ជ្រើសរើស​កត់​ឈ្មោះ​ទុក​នៅ​ក្នុង​សៀវភៅ​រំឭក​របស់​ទ្រង់​នោះ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពួក​អ្នក​ដែល​គ្មាន​សិទ្ធិ​ទទួល​ឯក​សិទ្ធិ​នោះ? ទោះបី​ពួក​គេ​ជា​អ្នក​គ្រប់គ្រង ឬ​ជា​មនុស្ស​សាមញ្ញ​ក្ដី តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា​ដែរ បើសិន​ជា​ពួក​គេ​ប្រព្រឹត្ត​ដោយ​សេចក្ដី​មើលងាយ​ដល់​ពួក​អ្នក​ប្រកាស​រាជាណាចក្រ​របស់​ព្រះ​នោះ? ម៉ាឡាគី​មាន​ប្រសាសន៍​អំពី​ថ្ងៃ​នៃ​ការ​ជំនុំជំរះ។ នៅ​ជំពូក​៤ ខ​១ យើង​អាន​ថា៖ « ‹ដ្បិត​មើល ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើងឆ្មៃ ហើយ​នឹង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង។ ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់​ទៅ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ហើយ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នៃ​ពួក​ពលបរិវារ›»។

២. តើ​អេសេគាល​បាន​រៀប​រាប់​យ៉ាង​ច្បាស់​យ៉ាង​ណា អំពី​ថ្ងៃ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា?

២ ពួក​ព្យាការី​ឯ​ទៀត​ក៏​បាន​ប្រៀបធៀប​ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា នៃ​សាសន៍​ទាំង​ឡាយ​ទៅ​នឹង​កំដៅ​យ៉ាង​ខ្លាំង​នៃ​គុក​ភ្លើង​នោះ​ដែរ។ ចំពោះ​ការ​ជំនុំជំរះ​របស់​ព្រះ​នៃ​ពួក​និកាយ​នៃ​អ្នក​បះបោរ​ជំនឿ​របស់​ពិភព​គ្រីស្ទ​សាសនា អេសេគាល ២២:១៩​-​២២​បាន​ទាយ​មក​យ៉ាង​ត្រឹម​ត្រូវ​មែន! គឺ​អាន​ថា៖ «ហេតុ​នោះ​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ‹ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ត្រឡប់​ជា​អាចម៍​ប្រាក់​ទាំង​អស់​គ្នា​ទៅ​ហើយ នោះ​មើល​អញ​នឹង​ប្រមូល​ឯង​រាល់​គ្នា . . . ដូច​ជា​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក​សំណ ហើយ​នឹង​ស៊ី​វិឡា​ត ដាក់​ក្នុង​បាវ​ឡ ដើម្បី​សប់​ភ្លើង​រំលាយ​ទៅ​ដែរ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ប្រមូល​ឯង​រាល់​គ្នា ដោយ​សេចក្ដី​កំហឹង នឹង​សេចក្ដី​ឃោរឃៅ​របស់​អញ គឺ​អញ​នឹង​ដាក់​ឯង​រាល់​គ្នា​នៅ​ទី​នោះ ហើយ​រំលាយ​ទៅ អើ អញ​នឹង​ប្រមូល​ឯង ហើយ​ផ្លុំ​លើ​ឯង ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រលាយ​ទៅ នៅ​កណ្ដាល​ទី​ក្រុង ប្រាក់​ត្រូវ​រលាយ​ទៅ​ក្នុង​បាវ​ឡ​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រលាយ​ទៅ​នៅ​កណ្ដាល​នោះ​យ៉ាង​នោះ​ដែរ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​គឺ​ព្រះ​យេហូវ៉ា​នេះ អញ​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​ឯង​រាល់​គ្នា› »។

៣, ៤. (ក) តើ​ការ​អះអាង​ដ៏​លាក់ពុត​អ្វី​ដែល​ពួក​បព្វជិត​បាន​ធ្វើ​ឡើង? (ខ) តើ​ឯកសារ​របស់​សាសនា​ដ៏​ថោកទាប​មាន​យ៉ាង​ណា​ខ្លះ?

៣ នេះ​ជា​ឧទាហរណ៍​និទស្សន៍​ដ៏​ខ្លាំង​ក្លា​មែន! ពួក​បព្វជិត​ដែល​បាន​បដិសេធ​មិន​ប្រើ​ព្រះ​នាម​ព្រះ​យេហូវ៉ា ហើយ​ថែម​ទាំង​ប្រមាថ​មើលងាយ​ព្រះ​នាម​បរិសុទ្ធ​នោះ ពួក​គេ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ថ្ងៃ​ជំនុំជំរះ​នោះ។ ដោយ​ឥត​កោត​ក្រែង គេ​បាន​អះអាង​ថា​គេ​និង​សម្ព័ន្ធ​មិត្ត​ខាង​នយោបាយ​របស់​គេ​នឹង​ស្ថាបនា​រាជាណាចក្រ​របស់​ព្រះ​នៅ​លើ​ផែនដី ឬ​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​ផែនដី​ជា​កន្លែង​ដែល​សម​សំរាប់​ព្រះ​រាជាណាចក្រ​ដែរ។

៤ ពិភព​គ្រីស្ទ​សាសនា​ដែល​បះបោរ​ជំនឿ​បាន​ចូល​ដៃ​ជា​មួយ​នឹង​ពួក​អ្នក​គ្រប់គ្រង​ខាង​នយោបាយ​ក្នុង​ការ​ប្រយុទ្ធ​សង្គ្រាម​ដ៏​អាក្រក់​ជា​ច្រើន។ ប្រវត្ដិសាស្ត្រ​បាន​កត់​ទុក​សង្គ្រាម​សាសនា​នៃ​មជ្ឈិម​សម័យ ទារុណកម្ម​សាសនា​អេស្ប៉ាញ​ដែល​បាន​ជំរុញ​មនុស្ស​ឲ្យ​ផ្លាស់ប្ដូរ​សាសនា សង្គ្រាម​សាមសិប​ឆ្នាំ​ដែល​បាន​បំផ្លាញ​ប្រទេស​អឺរ៉ុប​ក្នុង​សតវត្ស​ទី១៧ និង​សង្គ្រាម​ចំបាំង​គ្នា​ឯង​នៃ​ប្រទេស​អេស្ប៉ាញ​នៃ​ទសវត្ស​នៅ​ឆ្នាំ​១៩៣០​ដែល​បាន​ប្រយុទ្ធ​ដើម្បី​ធ្វើ​ឲ្យ​សាសនា​កាតូលិក​មាន​ឋានៈ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។ ការ​បង្ហូរ​ឈាម​ដ៏​ធំ​ក្រៃលែង​នោះ គឺ​មាន​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទាំង​ពីរ​នៃ​សតវត្ស​យើង​នេះ នៅ​ពេល​ដែល​ពួក​កាតូលិក​និង​ពួក​ប្រូតេស្តង់​បាន​ចូល​ប្រយុទ្ធ​គ្នា ដោយ​សម្លាប់​អ្នក​ជឿ​គ្នីគ្នា​មិន​ថា​អ្នក​ណា​ជា​អ្នក​ណា ព្រម​ទាំង​សម្លាប់​ពួក​សាសនា​ផ្សេងៗទៀត​ផង។ នៅ​ពេល​ថ្មីៗនេះ មាន​ការ​ប្រយុទ្ធ​សម្លាប់​គ្នា​រវាង​សាសនា​កាតូលិក​និង​សាសនា​ប្រូតេស្តង់​នៅ​ប្រទេស​អៀកឡង់ រវាង​បក្ស​ផ្សេងៗខាង​សាសនា​ក្នុង​ប្រទេស​ឥណ្ឌា និង​រវាង​ក្រុម​សាសនា​នៃ​អតីត​ប្រទេស​យូកូ​ស្លា​វា។ ទំព័រ​ជា​ច្រើន​នៃ​ប្រវត្ដិសាស្ត្រ​ខាង​សាសនា ក៏​មាន​ការ​សម្លាប់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់​រាប់​ពាន់​នាក់​ដែរ។—វិវរណៈ ៦:៩, ១០

៥. តើ​ការ​ជំនុំជំរះ​អ្វី​ដែល​នឹង​មាន​ទៅ​លើ​សាសនា​មិន​ពិត​នោះ?

៥ យើង​អាច​អបអរ​យ៉ាង​ខ្លាំង​នូវ​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​នៃ​ការ​ប្រហារ​ជីវិត​បាប៊ីឡូន​ដ៏​ធំ ចក្រភព​លោក​នៃ​សាសនា​មិន​ពិត រួម​ទាំង​ពួក​អ្នក​គាំទ្រ​សាសនា​ទាំង​នោះ​ដែរ។ ការ​ប្រហារ​ជីវិត​នេះ​ត្រូវ​បាន​រៀប​រាប់​មក​នៅ​វិវរណៈ ១៨:២១, ២៤​ថា៖ «នោះ​មាន​ទេវតា​ខ្លាំង​ពូកែ​១​រូប បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា៖ ‹ទី​ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ នឹង​ត្រូវ​បោះ​ទំលាក់​ទៅ ដោយ​គំហុក​យ៉ាង​ដូច្នេះ គេ​នឹង​រក​ទៀត​មិន​ឃើញ​ឡើយ រីឯ​នៅ​ក្នុង​ទី​ក្រុង​នោះ ឃើញ​មាន​សុទ្ធតែ​ឈាម​នៃ​ពួក​ហោរា នឹង​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​នៃ​អស់​អ្នក ដែល​ត្រូវ​គេ​សំឡាប់​នៅ​ផែនដី​ដែរ›»។

៦. (ក) តើ​អ្នក​ណា​នឹង​ក្លាយ​ទៅ​ជា​ជញ្ជ្រាំង ហើយ​ហេតុ​អ្វី? (ខ) តើ​មាន​ការ​ធានា​រ៉ាប់​រង​អ្វី​ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា?

៦ ក្រោយ​មក​ពួក​សត្រូវ​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត ហើយ​អស់​អ្នក​ដែល​កាន់​តាម​ពួក​គេ​នោះ​«នឹង​ដូច​ជា​ជញ្ជ្រាំង»។ ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​ឆេះ​ក្នុង​ចំណោម​ពួក​គេ​ដូច​ជា​គុក​ភ្លើង​អញ្ចឹង។ «ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ»។ នៅ​ក្នុង​ថ្ងៃ​នៃ​ជំនុំជំរះ​នោះ ពួក​ក្មេងៗ ឬ​មែក​ឈើ​នឹង​ប្រព្រឹត្ត​ទៅ​លើ​ដោយ​យុត្ដិធម៌ យោង​ទៅ​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​នៃ​ឫស​របស់​គេ គឺ​មាតា​បិតា​របស់​គេ ដែល​មើល​ទទួល​ខុសត្រូវ​នឹង​កូន​ក្មេង​ទាំង​នេះ។ មាតា​បិតា​អាក្រក់​នឹង​មិន​មាន​កូន​ចៅ​ទៀត ដែល​គេ​នឹង​ប្រព្រឹត្ត​ផ្លូវ​ដ៏​អាក្រក់​ជួជាតិ​របស់​គេ​ជា​រហូត​ឡើយ។ ប៉ុន្តែ អស់​អ្នក​ដែល​អនុវត្ត​ជំនឿ​ក្នុង​កិច្ច​សន្យា​នៃ​រាជាណាចក្រ​របស់​ព្រះ​នឹង​មិន​ត្រូវ​បាន​រញ្ជួយ​ឡើយ។ ហេព្រើរ ១២:២៨, ២៩​ដាស់​តឿន​យើង​ថា៖ «ត្រូវ​ឲ្យ​យើង​ដឹង​គុណ ដែល​ដោយសារ​សេចក្ដី​នោះ យើង​នឹង​បំរើ​ព្រះ​បែប​ឲ្យ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ទាំង​មាន​ចិត្ត​គោរព​ប្រតិបត្ដិ ហើយ​កោត​ខ្លាច​ដល់​ទ្រង់ ដ្បិត​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស»។

តើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ឃោរឃៅ​ឬ?

៧. តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​មាន​ក្នុង​ការ​ជំនុំជំរះ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

៧ តើ​នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ឃោរឃៅ​ហើយ​ចង​គំនុំ​ឬ? គឺ​ប្រាកដ​ជា​មិន​ដូច្នេះ​ទេ! នៅ​យ៉ូហានទី១ ៤:៨ សាវ័ក​បាន​ថ្លែង​នូវ​សេចក្ដី​ពិត​ថា៖ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»។ រួច​មក​នៅ​ខ​១៦ គាត់​ក៏​បញ្ជាក់​ថែម​ទៀត​ដោយ​មាន​ប្រសាសន៍​ថា៖ «ព្រះ​ទ្រង់​ជា​តួ​សេចក្ដី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ»។ ដោយសារ​ទ្រង់​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​លោក ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ដើម្បី​នឹង​សំអាត​អំពើ​អាក្រក់​ជួជាតិ​ពី​ផែនដី​នេះ​ចេញ។ ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្ដាករុណា​របស់​យើង​មាន​បន្ទូល​ថា៖ «ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​រីករាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់​នៅ​វិញ​ទេ​តើ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​មក ចូរ​បែរ​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ . . . ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់»។—អេសេគាល ៣៣:១១

៨. តើ​យ៉ូហាន​បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច តែ​បាន​បង្ហាញ​ខ្លួន​គាត់​ជា​កូន​ផ្គរ​លាន់​វិញ​នោះ?

៨ យ៉ូហាន​បាន​សំដៅ​ទៅ​ពាក្យ​អា​ហ្គាប៉េ ដែល​ជា​សេចក្ដី​ស្រឡាញ់​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​គោលការណ៍ ច្រើន​ជាង​ពួក​បី​នាក់​ទៀត​ដែល​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ទៅ​ទៀត ប៉ុន្តែ​នៅ​ម៉ាកុស ៣:១៧ លោក​យ៉ូហាន​ផ្ទាល់​បាន​ត្រូវ​រៀប​រាប់​ជា​‹កូន​ផ្គរ​លាន់›។ គឺ​ដោយ​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​មក ដែល​កូន​ផ្គរ​លាន់​នេះ​បាន​សរសេរ​សារ​ទំនាយ នៃ​សៀវភៅ​ចុង​ក្រោយ​បង្អស់ វិវរណៈ ដែល​រៀប​រាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ប្រតិបត្ដិ​យុត្ដិធម៌​ដែរ។ សៀវភៅ​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ការ​ថ្លែង​ជំនុំជំរះ ដូច​ជា​«ធុង​ជាន់​ផ្លែ​យ៉ាង​ធំ​របស់​ផង​សេចក្ដី​ក្រោធ​នៃ​ព្រះ» «សេចក្ដី​ឃោរឃៅ​របស់​ព្រះ​ដែល​នៅ​ក្នុង​ចាន​ទាំង​៧» ហើយ​«សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»។—វិវរណៈ ១៤:១៩; ១៦:១; ១៩:១៥

៩. តើ​ព្រះ​យេស៊ូ​បាន​សម្ដែង​អ្វី​ទៅ​លើ​ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា ហើយ​តើ​ទំនាយ​របស់​ទ្រង់​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

៩ ព្រះ​អម្ចាស់​យេស៊ូ​គ្រីស្ទ​របស់​យើង ដែល​ជា​«រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ»​បាន​ប្រកាស​ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ក្លាហាន កាល​ដែល​ទ្រង់​នៅ​លើ​ផែនដី​នេះ។ (កូល៉ុស ១:១៥) ជា​ឧទាហរណ៍ នៅ​ម៉ាថាយ​ជំពូក ២៣​គឺ​មាន​សេចក្ដី​វេទនា​ប្រាំ​ពីរ ដែល​ទ្រង់​បាន​ប្រកាស​យ៉ាង​ត្រង់ៗប្រឆាំង​ពួក​លាក់ពុត​ខាង​សាសនា​នៅ​សម័យ​របស់​ទ្រង់។ ទ្រង់​បាន​បញ្ចប់​ការ​ជំនុំជំរះ​ផ្ដន្ទា​ទោស​នោះ ដោយ​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​ថា៖ «ឱ​យេរូសាឡិម ក្រុង​យេរូសាឡិម​អើយ ឯង​ដែល​សំឡាប់​ពួក​ហោរា ហើយ​យក​ថ្ម​ចោល​ពួក​អ្នក​ដែល​បាន​ចាត់​មក​ឯ​ឯង តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​ទេ មើល ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង»។ សាមសិប​ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​មក ការ​ជំនុំជំរះ​ត្រូវ​បាន​ប្រតិបត្ដិ​ឡើង​ដោយ​ពួក​កងទ័ព​រ៉ូម៉ាំង នៅ​ក្រោម​ឧត្តម​សេនីយ​ថៃធើស។ នោះ​ជា​ថ្ងៃ​ដែល​គួរ​ឲ្យ​ខ្លាច​មែន ដែល​ទាយ​ទុក​ជា​មុន​នូវ​អ្វី​ដែល​ទៅ​ជា​ថ្ងៃ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ជាង​គេ​ក្នុង​ការ​ពិសោធន៍​របស់​មនុស្ស​លោក—គឺ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា ដែល​នឹង​ផ្ទុះ​ឡើង​នៅ​ពេល​ឆាប់ៗនេះ!

‹សុរិយា›​នឹង​រះ​ឡើង

១០. តើ​«ព្រះ​អាទិត្យ​នៃ​សេចក្ដី​សុចរិត»​នឹង​ធ្វើ​ឲ្យ​ប្រជា​រាស្ត្រ​របស់​ព្រះ​មាន​អំណរ​យ៉ាង​ណា?

១០ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​ថា​នឹង​មាន​ពួក​អ្នក​រួច​រស់​ជីវិត​ពី​ថ្ងៃ​របស់​ទ្រង់។ ទ្រង់​សំដៅ​ទៅ​ពួក​ទាំង​នេះ​នៅ​ម៉ាឡាគី ៤:២ ដោយ​មាន​បន្ទូល​ថា៖ «តែ​ព្រះ​អាទិត្យ,[សុរិយា, ព.ថ.] នៃ​សេចក្ដី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប សំរាប់​ឯង​រាល់​គ្នា​ដែល​កើត​ខ្លាច​ដល់​ឈ្មោះ​អញ»។ សុរិយា​នៃ​សេចក្ដី​សុចរិត​នោះ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​នោះ​ឯង។ ទ្រង់​ជា​«ពន្លឺ​លោកីយ»​ខាង​វិញ្ញាណ។ (យ៉ូហាន ៨:១២) តើ​តាម​របៀប​ណា​ដែល​ទ្រង់​នឹង​រះ​ឡើង? ទ្រង់​រះ​ឡើង​ដោយ​ប្រោស​ឲ្យ​ជា​ក្នុង​ស្លាប​របស់​ទ្រង់—ទី​មួយ​គឺ​ការ​ប្រោស​ឲ្យ​ជា​ខាង​វិញ្ញាណ ដែល​យើង​អាច​ពិសោធ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​រួច​មក នឹង​មាន​ការ​ប្រោស​ឲ្យ​ជា​ខាង​រូប​កាយ​ចំពោះ​មនុស្ស​ពី​គ្រប់​សាសន៍ នៅ​ក្នុង​ពិភពលោក​ថ្មី​នៅ​ខាង​មុខ​នេះ។ (ម៉ាថាយ ៤:២៣; វិវរណៈ ២២:១, ២) ជា​អត្ថបដិរូប ដូច​ជា​ម៉ាឡាគី​បាន​មាន​ប្រសាសន៍​មក ពួក​អ្នក​ដែល​បាន​ប្រោស​ឲ្យ​ជា​នឹង​«ចេញ​ទៅ លោត​កញ្ឆេង​ដូច​ជា​កូន​គោ»​ដែល​ទើប​តែ​លែង​ពី​ក្រោល។ ពួក​អ្នក​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​មាន​សង្ឃឹម​ទទួល​នូវ​ភាព​ល្អ​ឥតខ្ចោះ ក៏​នឹង​មាន​ការ​អរ​សប្បាយ​ដែរ!

១១, ១២. (ក) តើ​លទ្ធផល​ចុង​បំផុត​ចំពោះ​ពួក​អាក្រក់​ជួជាតិ​ជា​អ្វី? (ខ) តើ​ប្រជា​រាស្ត្រ​របស់​ព្រះ​«ឈ្លី​ពួក​អាក្រក់»​យ៉ាង​ដូច​ម្ដេច?

១១ ប៉ុន្តែ ចុះ​មនុស្ស​អាក្រក់​ជួជាតិ​យ៉ាង​ណា​ដែរ? នៅ​ម៉ាឡាគី ៤:៣​យើង​អាន​ថា៖ «ហើយ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​បន្ទូល​ថា៖ ‹នៅ​ថ្ងៃ​ដែល​ធ្វើ​ការ​នោះ ឯង​រាល់​គ្នា​នឹង​ជាន់ឈ្លី​ពួក​អាក្រក់​បង់ ដ្បិត​គេ​នឹង​ដូច​ជា​ផេះ​នៅ​ក្រោម​បាទ​ជើង​របស់​ឯង​រាល់​គ្នា»។ កាល​ដែល​ការពារ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ ព្រះ​ជា​អ្នក​ចំបាំង​របស់​យើង​នឹង​កំទេច​ចោល​ពួក​សត្រូវ​ដែល​គួរ​ឲ្យ​ខ្លាច​ទាំង​នេះ​ឲ្យ​ស្អាត​ចេញ​ពី​ផែនដី។ ព្រះ​នឹង​ទប់ទល់​សាតាំង​ហើយ​ពួក​បិសាច​របស់​វា​បាន​ដែរ។—ទំនុកដំកើង ១៤៥:២០; វិវរណៈ ២០:១​-​៣

១២ ប្រជា​រាស្ត្រ​របស់​ព្រះ​នឹង​មិន​មាន​ចំណែក​ក្នុង​ការ​កំទេច​ពួក​មនុស្ស​អាក្រក់​ជួជាតិ​ទេ។ បើ​ដូច្នេះ តើ​ពួក​គេ​នឹង​«ឈ្លី​ពួក​អាក្រក់»​យ៉ាង​ដូច​ម្ដេច? គេ​នឹង​ធ្វើ​ការ​នេះ ជា​អត្ថបដិរូប ដោយ​ចូល​រួម​ក្នុង​ការ​ធ្វើ​ពិធី​បុណ្យ​ជ័យជំនះ​យ៉ាង​ធំ​មួយ។ នៅ​និក្ខមនំ ១៥:១​-​២១​រៀប​រាប់​អំពី​ពិធី​បុណ្យ​បែប​នេះ។ នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​សេចក្ដី​ហិនវិនាស​នៃ​ស្តេច​ផារ៉ោន​និង​កងទ័ព​ទាំង​ឡាយ​នៅ​ឯ​សមុទ្រ​ក្រហម។ ក្នុង​ការ​សម្រេច​បទ​គម្ពីរ​អេសាយ ២៥:៣​-​៩ នឹង​មាន​ការ​ជប់លៀង​ជ័យជំនះ​ក្រោយ​ពី​ការ​យក​ចេញ​នៃ​‹មនុស្ស​ដែល​គួរ​ស្ញែង​ខ្លាច› ដែល​ទាក់ទង​នឹង​កិច្ច​សន្យា​របស់​ព្រះ​ដែល​ថា៖ «ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​អី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​នឹង​ដក​សេចក្ដី​ត្មះ​តិះដៀល​ចំពោះ​រាស្ត្រ​ទ្រង់ ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ហើយ។ នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា៖ ‹មើល! នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា . . . នេះ​គឺ​ជា​ព្រះ​យេហូវ៉ា​ហើយ យើង​បាន​រង់ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីករាយ ហើយ​ត្រេកអរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់›»។ យើង​នឹង​មាន​អំណរ​ណាស់ មិន​មែន​ដោយ​ចង​គំនុំ​ឬ​សេចក្ដី​ពេញ​ចិត្ត​ដោយ​ព្យាបាទ​នោះ​ទេ ប៉ុន្តែ​អបអរ​សាទរ​ដោយ​ឃើញ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ និង​ផែនដី​បាន​សំអាត​សំរាប់​ការ​រស់​នៅ​ដ៏​សុខសាន្ត ដោយ​ពួក​មនុស្ស​លោក​ដែល​មាន​សាមគ្គីភាព​គ្នា។

កម្មវិធី​អប់រំ​ដ៏​ធំ​មួយ

១៣. តើ​ការ​អប់រំ​អ្វី​ដែល​នឹង​មាន​ឡើង​នៅ​ក្នុង​«ផែនដី​ថ្មី»?

១៣ នៅ​ម៉ាឡាគី ៤:៤ ពួក​សាសន៍​យូដា​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​«នឹក​ចាំ . . . ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ»។ ដូច្នេះ​នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​ត្រូវ​ធ្វើ​តាម​«ក្រិត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ»​ដែរ ដូច​បាន​ពិពណ៌នា​មក​នៅ​កាឡាទី ៦:២។ ពួក​អ្នក​រួច​រស់​ជីវិត​ពី​សង្គ្រាម​អើម៉ាគេដូន​នឹង​ត្រូវ​ទទួល​ការ​បង្រៀន​ថែម​ទៀត ដែល​មាន​មូលដ្ឋាន​លើ​ក្រិត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ ហើយ​ការ​បង្រៀន​ថែម​ទៀត​ទាំង​នេះ​ប្រហែល​ជា​សរសេរ​ក្នុង​«បញ្ជី»​នៃ​វិវរណៈ ២០:១២ ដែល​នឹង​បើក​ឡើង​នៅ​គ្រា​នៃ​ដំណើរ​រស់​ឡើង​វិញ។ នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មែន កាល​ដែល​មនុស្ស​រស់​ឡើង​វិញ​បាន​អប់រំ​ឲ្យ​ប្រព្រឹត្ត​តាម​បែប​លំនាំ​ក្នុង​ការ​រស់​នៅ​នៃ​«ផែនដី​ថ្មី»!—វិវរណៈ ២១:១

១៤, ១៥. (ក) តើ​អេលីយ៉ា​នៅ​សម័យ​ថ្មី​នេះ​បាន​សម្គាល់​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ភារកិច្ច​អ្វី​ដែល​ក្រុម​អេលីយ៉ា​បំពេញ​នោះ?

១៤ នោះ​នឹង​ជា​កិច្ចការ​អប់រំ​ដែល​នឹង​ពង្រីក ដែល​ព្រះ​យេហូវ៉ា​បាន​សំដៅ​មក​នៅ​ម៉ាឡាគី ៤:៥៖ «មើល! មុន​ដែល​ថ្ងៃ​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់ នោះ​អញ​នឹង​ចាត់​អេលីយ៉ា ឲ្យ​មក​ឯ​ឯង​រាល់​គ្នា»។ តើ​ពួក​ណា​ជា​អេលីយ៉ា​នៅ​សម័យ​ថ្មី​នេះ? ដូច​បាន​បង្ហាញ​មក​នៅ​ម៉ាថាយ ១៦:២៧, ២៨ ក្នុង​ការ​សំដៅ​អំពី​‹ការ​យាង​មក​ក្នុង​ព្រះរាជាណាចក្រ​របស់​ទ្រង់› ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «កូន​មនុស្ស​នឹង​មក​ក្នុង​សិ​រី​ល្អ​នៃ​ព្រះ​វរបិតា ជា​មួយ​នឹង​ពួក​ទេវតា​របស់​លោក គ្រា​នោះ​លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន»។ ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក កាល​ដែល​នៅ​លើ​ភ្នំ​ជា​មួយ​ពេត្រុស​និង​យ៉ាកុប​ព្រម​ទាំង​យ៉ូហាន​នោះ «ទ្រង់​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ​ភក្ដ្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ​អាទិត្យ ហើយ​ព្រះ​ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស​ដូច​ពន្លឺ»។ តើ​មាន​តែ​ទ្រង់​នៅ​ក្នុង​ចក្ខុនិមិត្ត​នោះ​ឬ? គឺ​អត់​ទេ ដ្បិត​«ឃើញ​លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា លេច​មក​ឯ​គេ កំពុង​តែ​ទូល​នឹង​ទ្រង់»។—ម៉ាថាយ ១៧:២, ៣

១៥ តើ​នេះ​អាច​មាន​ន័យ​យ៉ាង​ណា? នេះ​គឺ​បាន​ចង្អុល​ប្រាប់​ថា​ព្រះ​យេស៊ូ​ជា​មហា​លោក​ម៉ូសេ​ដែល​បាន​ទាយ​មក នៅ​គ្រា​ដែល​ទ្រង់​យាង​មក​ជំនុំជំរះ។ (ចោទិយកថា ១៨:១៨, ១៩; កិច្ចការ ៣:១៩​-​២៣) រួច​មក ពួក​ក្រុម​អេលីយ៉ា​នៅ​សម័យ​ថ្មី​នេះ​នឹង​ចូល​រួម​ជា​មួយ​ទ្រង់ ក្នុង​ការ​សម្រេច​កិច្ចការ​ដ៏​សំខាន់ គឺ​ការ​ផ្សាយ​ដំណឹង​ល្អ​នេះ​នៃ​ព្រះ​រាជាណាចក្រ​ដល់​ចុង​ផែនដី មុន​នឹង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​ផ្ទុះ​ឡើង។ ក្នុង​ការ​រៀប​រាប់​កិច្ចការ​នៃ​ក្រុម​«អេលីយ៉ា»​នេះ ម៉ាឡាគី ៤:៦​ថ្លែង​ថា៖ «លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​អញ​មក​វាយ​ផែនដី​ដោយ​សេចក្ដី​បណ្ដាសា»។ ដូច្នេះ «អេលីយ៉ា»​ត្រូវ​បាន​សម្គាល់​ជា​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ​នៃ​ក្រុម​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​លើ​ផែនដី ដែល​ព្រះ​យេស៊ូ​ជា​ព្រះ​អម្ចាស់​បាន​ប្រគល់​ឲ្យ​កម្មសិទ្ធិ​របស់​ទ្រង់​ទាំង​អស់។ នេះ​រួម​បញ្ចូល​ការ​ផ្ដល់​ឲ្យ​ក្រុម​គ្រួសារ​នៃ​ជំនឿ​នូវ​ម្ហូប​អាហារ​ដែល​ត្រូវ​ការ​ជា​ចាំបាច់​«តាម​ត្រូវ​ពេល»។—ម៉ាថាយ ២៤:៤៥, ៤៦

១៦. តើ​កិច្ចការ​នៃ​ក្រុម​អេលីយ៉ា​បាន​ផលិត​នូវ​លទ្ធផល​ដ៏​សប្បាយ​យ៉ាង​ណា​ខ្លះ?

១៦ នៅ​ពេញ​ពិភពលោក​សព្វ​ថ្ងៃ​នេះ យើង​អាច​ឃើញ​នូវ​លទ្ធផល​ដ៏​សប្បាយ​នៃ​កម្មវិធី​បំប៉ន​នោះ។ ទស្សនាវដ្ដី​ប៉មយាម​ដែល​លេខ​ទស្សនាវដ្ដី​និមួយៗត្រូវ​បាន​បោះ​ពុម្ព​ដោយ​មាន​ចំនួន​១៦.១០០.០០០​ក្បាល​ក្នុង​១២០​ភាសា ដែល​មាន​៩៧​ភាសា​បោះ​ពុម្ព​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ គឺ​កំពុង​តែ​បំពេញ​ផែនដី​ដោយ​«ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ»។ (ម៉ាថាយ ២៤:១៤) ប្រកាសនវត្ថុ​ឯ​ទៀត​ក្នុង​ភាសា​ជា​ច្រើន​ទៀត​ត្រូវ​បាន​ប្រើ​គ្រប់​ទិដ្ឋភាព​នៃ​ការ​ផ្សាយ​និង​កិច្ច​បង្រៀន​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ក្រុម​អេលីយ៉ា ដែល​ជា​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ គឺ​ប្រុង​ការ​ដើម្បី​នឹង​ផ្ដល់​ដ៏​បរិបូរ​សំរាប់​‹អស់​អ្នក​ដឹង​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​គេ›។ (ម៉ាថាយ ៥:៣) ម្យ៉ាង​វិញ​ទៀត អស់​អ្នក​ដែល​ទទួល​សេចក្ដី​សង្ឃឹម​ព្រះ​រាជាណាចក្រ​នេះ ហើយ​ប្រព្រឹត្ត​តាម​នោះ ក៏​មុខ​តែ​នឹង​ចូល​សាមគ្គីភាព​យ៉ាង​អស្ចារ្យ​នៅ​ពេញ​ពិភពលោក។ នេះ​គឺ​កាន់​យក​ពួក​ហ្វូង​ធំ​«ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ (វិវរណៈ ៧:៩) នៅ​ពេល​ដែល​កិច្ចការ​នេះ​បាន​សំរេច​ដល់​ទំហំ​ដែល​ព្រះ​យេហូវ៉ា​ប្រាថ្នា​ហើយ នោះ​ទើប​ទីបញ្ចប់​នឹង​មក​ដល់​ក្នុង​ថ្ងៃ​ដ៏​ធំ​ហើយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ផង។

១៧. តើ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ទៅ?

១៧ តើ​ថ្ងៃ​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​នោះ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ពេល​ណា​ទៅ? សាវ័ក​ប៉ុល​ឆ្លើយ​ថា៖ «ថ្ងៃ​នៃ​[ព្រះ​យេហូវ៉ា, ព.ថ.]​នឹង​មក​ដល់ ដូច​ជា​ចោរ មក​នៅ​ពេល​យប់ ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា​[តាម​របៀប​ដ៏​ប្លែក​នោះ]​មាន​សេចក្ដី​សុខសាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោតែ​មាន​សេចក្ដី​ហិនវិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ»។—ថែស្សាឡូនីចទី១ ៥:២, ៣

១៨, ១៩. (ក) តើ​‹សន្ដិភាព​និង​សន្ដិសុខ›​នឹង​ត្រូវ​ប្រកាស​ឡើង​ដោយ​យ៉ាង​ណា? (ខ) តើ​នៅ​ពេល​ណា​ដែល​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទទួល​ការ​ធូរ​ស្បើយ?

១៨ តើ​«គេ»​នៅ​ក្នុង​ទំនាយ​នេះ​ជា​ពួក​ណា? គេជា​មេ​ដឹក​នាំ​ខាង​នយោបាយ​ដែល​អះអាង​ថា​គេ​អាច​ស្ថាបនា​ការ​រៀប​ចំ​ថ្មី​ដ៏​ឯកភាព​ចេញ​ពី​ផ្នែក​នៃ​លោកីយ៍​ដ៏​ឃោរឃៅ​នេះ។ ផលិតផល​ដ៏​ធំ​អស្ចារ្យ​របស់​គេ គឺ​អង្គការ​សហពលកម្ម​ប្រជាជាតិ និង​អង្គការ​សហប្រជាជាតិ​មាន​បរាជ័យ​ក្នុង​ការ​ស្ថាបនា​ការ​រៀប​ចំ​ថ្មី​នេះ។ ដូច​ជា​ព្យាការី​របស់​ព្រះ​យេហូវ៉ា​បាន​ទាយ​មក សូម្បី​តែ​ឥឡូវ​នេះ​ក៏​ពួក​គេ​«ពោល​តែ​ពាក្យ​ថា សុខៗប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​ឡើយ»។—យេរេមា ៦:១៤; ៨:១១; ១៤:១៣​-​១៦

១៩ នៅ​ពេល​ដដែល​នេះ ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ខំ​ស៊ូទ្រាំ​នឹង​សេចក្ដី​លំបាក​ហើយ​ការ​បៀតបៀន​ពី​លោកីយ៍​ដែល​ឥត​កោត​ខ្លាច​ព្រះ​នេះ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ទៀត ដូច​បាន​ថ្លែង​មក​នៅ​ថែស្សាឡូនីចទី២ ១:៧, ៨ ពួក​គេ​នឹង​ទទួល​ការ​ធូរ​ស្បើយ​«ក្នុង​កាល​ដែល​ព្រះ​អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថានសួគ៌ ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ​ចេស្ដា​ទ្រង់ នៅ​ក្នុង​អណ្ដាត​ភ្លើង ទាំង​សងសឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង»។

២០. (ក) អំពី​ថ្ងៃ​ដែល​‹ឆេះ​ដូច​គុក​ភ្លើង›​នោះ តើ​សេផានា​និង​ហាបាគុក​បាន​ទាយ​យ៉ាង​ណា? (ខ) តើ​ការ​ទូន្មាន​និង​ការ​លើក​ទឹក​ចិត្ត​អ្វី​ដែល​ទំនាយ​ទាំង​នេះ​ផ្ដល់​ឲ្យ​នោះ?

២០ តើ​នឹង​យូរ​ប៉ុន្មាន​ទៀត​ទៅ? យើង​ជា​ច្រើន​នាក់​បាន​រង់ចាំ​ជា​យូរ​ឆ្នាំ​មក​ហើយ។ នៅ​គ្រា​ដដែល​នោះ ពួក​មនុស្ស​រាប​ទាប​មួយ​ចំនួន​ធំ​ដែល​នឹង​រួច​រស់​ជីវិត កំពុង​តែ​តប​ឆ្លើយ​នឹង​ដង្ហោយ​ហៅ​នៅ​សេផានា ២:២, ៣៖ «ចូរ​ស្វែង​រក​ទ្រង់​[ព្រះ​យេហូវ៉ា, ព.ថ.] ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា»។ រួច​មក​នៅ​សេផានា ៣:៨ មាន​ការ​ដាស់​តឿន​ដូច​នេះ​ថា៖ «‹ដូច្នេះ ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា៖ ‹ចូរ​ឯង​រាល់​គ្នា​រង់ចាំ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ក្រោក​ឡើង​សង្គ្រុប​លើ​គេ ពីព្រោះ​អញ​បាន​គិត​សំរេច នឹង​ប្រមូល​អស់​ទាំង​សាសន៍​ដើម្បី​នឹង​ភ្ជុំ​នគរ​ទាំង​ប៉ុន្មាន ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់ក្នាញ់​របស់​អញ គឺ​ជា​សេចក្ដី​ក្រេវក្រោធ​ដ៏​សហ័ស​របស់​អញ​ទៅ​លើ​គេ ដ្បិត​ផែនដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ›»។ ទី​បញ្ជាប់​គឺ​ជិត​ណាស់​ហើយ! ព្រះ​យេហូវ៉ា​ទ្រង់​ជ្រាប​ដឹង​អំពី​ថ្ងៃ និង​ម៉ោង​នៃ​ថ្ងៃ​នោះ ហើយ​ទ្រង់​នឹង​មិន​ផ្លាស់ប្ដូរ​ពេល​វេលា​របស់​ទ្រង់​ឡើយ។ សូម​ឲ្យ​យើង​ខំ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់​ចុះ។ «ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ត្រួត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើសិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រា​រង់​ឡើយ»។ (ហាបាគុក ២:៣) ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​នោះ​កាន់​តែ​ខិត​មក​ដល់​ហើយ។ ចូរ​ចង​ចាំ​ថា​ថ្ងៃ​នោះ​នឹង​មិន​ពន្យារ​ឡើយ!

តាម​របៀប​ពិនិត្យ​សា​ឡើង​វិញ

◻ តើ​ពួក​អ្នក​គ្រប់គ្រង​និង​មនុស្ស​សាមញ្ញ​នឹង​បាន​ទៅ​ជា​យ៉ាង​ណា ក្នុង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​នោះ?

◻ តើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ប្រភេទ​ណា?

◻ តើ​ការ​អប់រំ​ប្រភេទ​ណា​ដែល​ត្រូវ​បាន​រៀប​រាប់​មក​ចំពោះ​ប្រជា​រាស្ត្រ​របស់​ព្រះ?

◻ ដោយ​ឃើញ​នូវ​ការ​ជិត​មក​ដល់​នៃ​ទីបញ្ចប់ តើ​តាម​របៀប​ណា​ដែល​ពួក​ព្យាការី​របស់​ព្រះ​ដាស់​តឿន​យើង​នោះ?

[រូបភាព​នៅ​ទំព័រ​២៧]

ក្នុង​កំឡុង​ទារុណកម្ម​សាសនា​អេស្ប៉ាញ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​ផ្លាស់ប្ដូរ​កាន់​សាសនា​កាតូលិក

[អ្នក​ផ្ដល់​សិទ្ធិ]

The Complete Encyclopedia of Illustration/J. G. Heck

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក