បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៩ ទំ. ១៧-២២
  • តើអ្វីដែលជម្រុញទឹកចិត្ដអ្នកឲ្យបំរើព្រះនោះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្វីដែលជម្រុញទឹកចិត្ដអ្នកឲ្យបំរើព្រះនោះ?
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ឧបសគ្គ​នៃ​ការ​ជំរុញ​ទឹក​ចិត្ត​ត្រឹម​ត្រូវ
  • «សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បង្ខំ​យើង​ខ្ញុំ»
  • «ប្រុង​ប្រយ័ត្ន​ចំពោះ​ដំបែ​របស់​ពួក​ផារីស៊ី»
  • «គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន»
  • ចូរទាញមេរៀនពីឧទាហរណ៍អំពីថាលិន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • មេរៀនអំពីចិត្តខ្នះខ្នែងក្នុងឧទាហរណ៍អំពីថាលិន
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ចូរស្រឡាញ់ព្រះដែលស្រឡាញ់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៩ ទំ. ១៧-២២

តើ​អ្វី​ដែល​ជម្រុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​បំរើ​ព្រះ​នោះ?

«ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ​អម្ចាស់​[ព្រះ​យេហូវ៉ា, ព.ថ.]​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង»។—ម៉ាកុស ១២:៣០

១, ២. តើ​អ្វី​ដែល​កំពុង​តែ​បាន​សម្រេច​ដ៏​រំភើប​ដែល​ជាប់​ទាក់ទង​នឹង​កិច្ចការ​ផ្សាយ?

តម្លៃ​ពិត​នៃ​រថយន្ត​មួយ មិន​មែន​សម្រេច​ទៅ​លើ​តួ​ឡាន​ខាង​ក្រៅ​ទាំង​ស្រុង​នោះ​ឡើយ។ ស្រទាប់​ថ្នាំ​ថ្មី​ប្រហែល​ជា​ធ្វើ​ឲ្យ​ខាង​ក្រៅ​បាន​ល្អ​ឡើង ហើយ​រូប​រាង​ឡាន​ដ៏​រលោង​ក៏​អាច​ទាក់​ទាញ​ចិត្ត​អ្នក​ទិញ​ណា​ម្នាក់​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត​ដែល​មើល​មិន​សូវ​ឃើញ​នោះ—គឺ​គ្រឿង​យន្ត​ដែល​ធ្វើ​ឲ្យ​រថយន្ត​បើក​ទៅ​មុខ ព្រម​ទាំង​គ្រឿង​ផ្សេងៗទៀត​ដែល​ធ្វើ​ឲ្យ​ដើរ​នោះ។

២ នេះ​ក៏​ស្រដៀង​គ្នា​នឹង​កិច្ច​បំរើ​របស់​ជន​គ្រីស្ទាន​ចំពោះ​ព្រះ​ដែរ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​កិច្ចការ​ជា​ច្រើន​ក្នុង​ការ​បំរើ​ព្រះ។ ជា​រៀង​រាល់​ឆ្នាំ​ពួក​គេ​បាន​ចំណាយ​ពេល​ជាង​មួយ​ពាន់​លាន​ម៉ោង ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​របស់​ព្រះ។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​កំពុង​តែ​បង្រៀន​មនុស្ស​រាប់​លាន​នាក់​អំពី​ព្រះ​គម្ពីរ ហើយ​មនុស្ស​រាប់​រយ​ពាន់​នាក់​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដែរ។ បើសិន​អ្នក​ជា​បុគ្គល​ប្រកាស​នៃ​ដំណឹង​ល្អ​ម្នាក់ នោះ​អ្នក​ក៏​បាន​ចូល​រួម​ក្នុង​ការ​ផ្សាយ​នេះ​ដែរ—សូម្បី​តែ​ដូច​ជា​តិច​តួច​ក្ដី—នៅ​ក្នុង​ស្ថិតិ​លេខ​ដ៏​រំភើប​ទាំង​នេះ។ ហើយ​អ្នក​អាច​ទុក​ចិត្ត​បាន​ថា «ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់»​នោះ​ឡើយ។—ហេព្រើរ ៦:១០

៣. តើ​អ្វី​ក្រៅ​ពី​កិច្ចការ​ដែល​ជន​គ្រីស្ទាន​ត្រូវ​តែ​ខ្វល់ខ្វាយ​ជា​សំខាន់ ហើយ​ហេតុ​អ្វី?

៣ ប៉ុន្តែ តម្លៃ​ពិត​នៃ​កិច្ច​បំរើ​របស់​យើង—ជា​ក្រុម​ឬ​ក៏​ជា​បុគ្គល​ម្នាក់ៗក្ដី—គឺ​មិន​វាស់​ដោយ​ចំនួន​ប៉ុណ្ណោះ​ទេ។ សាំយូអែល​ត្រូវ​បាន​ប្រាប់​ថា៖ «ឯ​មនុស្ស​លោក​តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ​យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។ (សាំយូអែលទី១ ១៦:៧) ត្រូវ​ហើយ អ្វី​ដែល​សំខាន់​ចំពោះ​ព្រះ​នោះ គឺ​យើង​ជា​មនុស្ស​ប្រភេទ​ណា​នៅ​ក្នុង​ចិត្ត​របស់​យើង។ ពិត​មែន កិច្ចការ​គឺ​ចាំបាច់​ណាស់។ អំពើ​ប្រព្រឹត្ត​នៃ​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​លំអ​ការ​បង្រៀន​របស់​ព្រះ​យេហូវ៉ា ហើយ​អាច​ទាញ​ចិត្ត​ពួក​សិស្ស​ដែល​មាន​នៅ​អនាគត។ (ម៉ាថាយ ៥:១៤​-​១៦; ទីតុស ២:១០; ពេត្រុសទី២ ៣:១១) ប៉ុន្តែ កិច្ចការ​របស់​យើង​មិន​សម្ដែង​ឲ្យ​ឃើញ​រឿង​ទាំង​អស់​នោះ​បាន​ទេ។ ព្រះ​យេស៊ូ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ខ្វល់ខ្វាយ ចំពោះ​ក្រុមជំនុំ​នៅ​ឯ​ក្រុង​អេភេសូរ ថ្វី​បើ​ពួក​គេ​មាន​ប្រវត្ដិ​ធ្វើ​ការ​ដ៏​ល្អ​ក្ដី។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា៖ «អញ​ស្គាល់​អស់​ទាំង​ការ​ដែល​ឯង​ធ្វើ . . . តែ​អញ​ប្រកាន់​សេចក្ដី​នេះ​នឹង​ឯង គឺ​ថា​ឯង​បាន​បោះបង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​ចេញ»។—វិវរណៈ ២:១​-​៤

៤. (ក) តើ​តាម​របៀប​ណា​ដែល​កិច្ច​បំរើ​របស់​យើង​ជូន​ព្រះ​អាច​ក្លាយ​ទៅ​ជា​ភារកិច្ច​ជា​ទម្លាប់​នោះ? (ខ) ហេតុ​អ្វី​ក៏​ត្រូវ​ការ​ជា​ចាំបាច់​ក្នុង​ការ​ពិនិត្យ​មើល​ខ្លួន​យើង?

៤ មាន​គ្រោះថ្នាក់​ម្យ៉ាង​ដែល​អាច​កើត​មាន​ឡើង។ ក្នុង​កំឡុង​ពេល​ជា​យូរ​ទៅ កិច្ច​បំរើ​របស់​យើង​ចំពោះ​ព្រះ​អាច​គ្រាន់​តែ​ទៅ​ជា​ភារកិច្ច​ជា​ទម្លាប់​បាន។ ស្ត្រី​ជន​គ្រីស្ទាន​ម្នាក់​បាន​រៀប​រាប់​ស្ថានភាព​របស់​នាង​តាម​របៀប​នេះ​ថា៖ «ខ្ញុំ​តែង​តែ​ទៅ​ផ្សាយ ទៅ​ឯ​កិច្ច​ប្រជុំ សិក្សា អធិស្ឋាន—ប៉ុន្តែ​ខ្ញុំ​ធ្វើ​ដោយ​ស្វ័យប្រវត្ត មិន​មាន​មនោសញ្ចេតនា​សោះ​ឡើយ»។ ប្រាកដ​មែន អ្នក​បំរើ​របស់​ព្រះ​ត្រូវ​បាន​សរសើរ​នៅ​ពេល​ដែល​គេ​ខំ​ខ្នះខ្នែង ថ្វី​បើ​គេ​មាន​អារម្មណ៍​«វាយ​ដួល​ស្តូក»​ឬ​«ត្រូវ​បន្ទាប»​ក្ដី។ (កូរិនថូសទី២ ៤:៩; ៧:៦) យ៉ាង​ណា​ក្ដី នៅ​ពេល​ដែល​ទម្រុងការ​គ្រីស្ទាន​របស់​យើង​មិន​ជឿន​ទៅ​មុខ យើង​ត្រូវ​ការ​ខំ​សម្លឹង​មើល​ទៅ​ខាង​ក្នុង​គ្រឿង​យន្ត បើ​និយាយ​ជា​អត្ថបដិរូប​នោះ។ សូម្បី​តែ​រថយន្ត​ដ៏​ល្អ​ប្រសើរ​ក៏​ត្រូវ​ការ​ថែទាំ​ជា​ចាំបាច់​ដែរ។ ក្នុង​ភាព​ស្រដៀង​គ្នា​នេះ ជន​គ្រីស្ទាន​គ្រប់ៗគ្នា​ក៏​ត្រូវ​ការ​ពិនិត្យ​មើល​ខ្លួន​ឲ្យ​បាន​ទៀត​ទាត់​ដែរ។ (កូរិនថូសទី២ ១៣:៥) អ្នក​ឯ​ទៀត​អាច​មើល​ឃើញ​កិច្ចការ​របស់​យើង ប៉ុន្តែ​ពួក​គេ​មិន​អាច​យល់​នូវ​អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​សំរាប់​ការ​ប្រព្រឹត្ត​របស់​យើង​ទេ។ ដូច្នេះ យើង​គ្រប់ៗគ្នា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​សំនួរ​ដែល​ថា៖ ‹តើ​អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​បំរើ​ព្រះ​នោះ›?

ឧបសគ្គ​នៃ​ការ​ជំរុញ​ទឹក​ចិត្ត​ត្រឹម​ត្រូវ

៥. តើ​បទ​បញ្ជា​មួយ​ណា​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​សំខាន់​ជាង​គេ​បំផុត​នោះ?

៥ នៅ​ពេល​ដែល​គេ​បាន​សួរ​ថា​តើ​ច្បាប់​មួយ​ណា​ដែល​ផ្ដល់​ទៅ​ឲ្យ​អ៊ីស្រាអែល ដែល​សំខាន់​ជាង​គេ​បំផុត​នោះ ព្រះ​យេស៊ូ​បាន​ដក​ស្រង់​នូវ​បញ្ជា​ដែល​បញ្ជាក់​អំពី​បំណង​ចិត្ត មិន​មែន​អាការ​ខាង​ក្រៅ​ទេ៖ «ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កម្លាំង​នៃ​ឯង»។ (ម៉ាកុស ១២:២៨​-​៣០) ដូច្នេះ​ព្រះ​យេស៊ូ​បាន​សម្គាល់​នូវ​អ្វី​ដែល​ត្រូវ​ជា​កម្លាំង​ជំរុញ​ឲ្យ​យើង​បំរើ​ព្រះ—គឺ​សេចក្ដី​ស្រឡាញ់។

៦, ៧. (ក) តើ​តាម​របៀប​ណា​ដែល​សាតាំង​បាន​ប្រើ​ស្នៀត​បញ្ឆោត​ប្រយុទ្ធ​ទៅ​លើ​ក្រុម​គ្រួសារ ហើយ​ហេតុ​អ្វី? (កូរិនថូសទី២ ២:១១) (ខ) តើ​ការ​អប់រំ​របស់​បុគ្គល​ម្នាក់​អាច​មាន​ឥទ្ធិពល​ទៅ​លើ​អាកប្បកិរិយា​របស់​ខ្លួន ចំពោះ​អំណាច​របស់​ព្រះ​យ៉ាង​ណា?

៦ សាតាំង​ចង់​បង្ខាំង​សមត្ថភាព​របស់​យើង​ពី​ការ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​នៃ​សេចក្ដី​ស្រឡាញ់។ ដើម្បី​នឹង​សម្រេច​ការ​នេះ វិធី​មួយ​ដែល​វា​បាន​ប្រើ​នោះ គឺ​ការ​វាយ​លុក​ក្នុង​ក្រុម​គ្រួសារ។ ហេតុ​អ្វី? ពីព្រោះ​នេះ​ជា​កន្លែង​ដែល​សេចក្ដី​ស្រឡាញ់​របស់​យើង​បាន​ស្ថាបនា​ឡើង​ហើយ​បាន​ជា​ស្ថាពរ​ផង។ សាតាំង​ដឹង​យ៉ាង​ច្បាស់​ថា គោលការណ៍​ខាង​ព្រះ​គម្ពីរ​ដែល​បាន​រៀន​នៅ​ពេល​ជា​ភាព​កុមារ​នោះ អាច​មាន​តម្លៃ​ណាស់​នៅ​ពេល​ធំ​ពេញ​វ័យ​ឡើង។ (សុភាសិត ២២:៦) យ៉ាង​ស្នៀត​បញ្ឆោត វា​បាន​ប៉ុនប៉ង​ចង់​បង្ខូច​នូវ​គំនិត​របស់​យើង​អំពី​សេចក្ដី​ស្រឡាញ់​តាំង​ពី​ក្មេង។ ជា​«ព្រះ​របស់​លោកីយ​នេះ» សាតាំង​ឃើញ​ថា​គោល​បំណង​របស់​វា​បាន​សំរេច​ហើយ នៅ​ពេល​ណា​ដែល​មនុស្ស​ជា​ច្រើន​បាន​លូត​លាស់​ឡើង​ក្នុង​គ្រួសារ​ដែល​គ្មាន​បរិយាការ​ដ៏​សន្ដិសុខ​និង​សេចក្ដី​ស្រឡាញ់ ប៉ុន្តែ​ជា​បរិយាការ​ដែល​មាន​ការ​វាយ​តប់​គ្នា​ដ៏​ជូរចត់ កំហឹង ហើយ​និង​ការ​ជេរ​ប្រមាថ​គ្នា។—កូរិនថូសទី២ ៤:៤; អេភេសូរ ៤:៣១, ៣២; ៦:៤; កូល៉ុស ៣:២១

៧ សៀវភៅ​ដែល​មាន​ចំណង​ជើង ការ​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​អ្នក​មាន​សុភមង្គល​បាន​សង្កេត​ឃើញ​ថា របៀប​ដែល​ឪពុក​កាន់​កាប់​តួ​នាទី​ខាង​មាតា​បិតា​នោះ «អាច​មាន​ឥទ្ធិពល​ជា​ស្ថាពរ​ទៅ​លើ​កូន​ចៅ​របស់​គាត់ ចំពោះ​អំណាច​របស់​មនុស្ស​និង​ព្រះ»។a បុរស​គ្រីស្ទាន​ម្នាក់ ដែល​បាន​មាន​វ័យ​ធំ​ឡើង​នៅ​ក្រោម​អំណាច​ឪពុក​ដ៏​ឃោរឃៅ​ម្នាក់​បាន​សារភាព​ថា៖ «ចំពោះ​ខ្ញុំ ការ​គោរព​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​គឺ​ស្រួល​ធ្វើ​ទេ តែ​ការ​ស្រឡាញ់​ទ្រង់​វិញ​គឺ​ពិបាក​នឹង​ធ្វើ​ណាស់»។ ប្រាកដ​ហើយ ការ​គោរព​ស្ដាប់​បង្គាប់​គឺ​សំខាន់​ណាស់ ពីព្រោះ​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ «ដែល​ស្ដាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញបូជា»។ (សាំយូអែលទី១ ១៥:២២) ប៉ុន្តែ​តើ​មាន​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​លើស​ពី​ការ​គោរព​ស្ដាប់​បង្គាប់​នេះ​ទៅ​ទៀត ហើយ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ជា​កម្លាំង​ជំរុញ​យើង​ឲ្យ​ថ្វាយ​បង្គំ​នោះ?

«សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បង្ខំ​យើង​ខ្ញុំ»

៨, ៩. តើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​ត្រូវ​ជំរុញ​ឲ្យ​យើង​មាន​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​បាន?

៨ អ្វី​ដែល​ជំរុញ​យើង​ដ៏​ធំ​មួយ​ដើម្បី​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​សំរាប់​ព្រះ​យេហូវ៉ា​នោះ គឺ​ការ​អបអរ​ចំពោះ​យញ្ញបូជា​លោះ​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ។ «សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សម្ដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយសារ​ទ្រង់»។ (យ៉ូហានទី១ ៤:៩) ក្រោយ​ពី​យើង​បាន​យល់​ហើយ​អបអរ​អំពី​រឿង​នេះ ការ​ប្រព្រឹត្ត​នៃ​សេចក្ដី​ស្រឡាញ់​នេះ​ធ្វើ​ឲ្យ​មាន​ការ​ប្រតិកម្ម​នៃ​សេចក្ដី​ស្រឡាញ់​វិញ​ដែរ។ «យើង​ស្រឡាញ់​ទ្រង់[ព្រះ​យេហូវ៉ា, ព.ថ.] ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន»។—យ៉ូហានទី១ ៤:១៩

៩ ព្រះ​យេស៊ូ​បាន​ព្រម​ទទួល​កិច្ច​បំរើ​របស់​ទ្រង់​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​នឹង​បំរើ​ជា​អ្នក​សង្គ្រោះ​មនុស្ស។ «ដោយសារ​សេចក្ដី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្ដូរ​ព្រះ​ជន្ម​ទ្រង់​ជំនួស​យើង»។ (យ៉ូហានទី១ ៣:១៦; យ៉ូហាន ១៥:១៣) សេចក្ដី​ស្រឡាញ់​ដ៏​បូជា​របស់​ព្រះ​យេស៊ូ គួរ​តែ​ធ្វើ​ឲ្យ​យើង​ប្រព្រឹត្ត​តប​ដោយ​អំណរ​ដែរ។ ដើម្បី​នឹង​ពន្យល់៖ ឧបមា​ថា​អ្នក​ត្រូវ​បាន​គេ​សង្គ្រោះ​ពី​ការ​លង់​ទឹក។ តើ​អ្នក​អាច​ទៅ​ផ្ទះ ជូត​ខ្លួន ហើយ​បំភ្លេច​ចោល​អំពី​ការ​នេះ​បាន​ទេ? គឺ​មិន​បាន​ទេ! អ្នក​នឹង​មាន​អារម្មណ៍​ជំពាក់​គុណ​ដល់​បុគ្គល​ដែល​បាន​សង្គ្រោះ​អ្នក។ ពីព្រោះ​បើ​យើង​ពិចារណា​មើល​ទៅ អ្នក​គឺ​ជំពាក់​គុណ​ដល់​បុគ្គល​នោះ​ចំពោះ​ជីវិត​របស់​អ្នក។ ចុះ​ចំពោះ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​វិញ​នោះ តើ​យើង​មិន​ជំពាក់​គុណ​ដែរ​ទេ​ឬ? បើ​គ្មាន​តម្លៃ​លោះ យើង​ម្នាក់ៗនឹង​លង់​ទឹក​បាត់​អស់​ទៅ​ហើយ ក្នុង​អំពើ​បាប​និង​សេចក្ដី​ស្លាប់។ ផ្ទុយ​ទៅ​វិញ ដោយសារ​តែ​ការ​ប្រព្រឹត្ត​នៃ​សេចក្ដី​ស្រឡាញ់​នេះ យើង​មាន​សង្ឃឹម​រស់​នៅ​ជា​និរន្តរ៍​នៅ​លើ​ផែនដី​មនោរម្យ។—រ៉ូម ៥:១២, ១៨; ពេត្រុសទី១ ២:២៤

១០. (ក) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រព្រឹត្ត​ឲ្យ​ការ​លោះ​ជា​អ្វី​មួយ​សំរាប់​យើង​ផ្ទាល់​ខ្លួន​នោះ? (ខ) តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បាន​ជំរុញ​យើង​យ៉ាង​ដូច​ម្ដេច?

១០ ចូរ​រំពឹង​គិត​ទៅ​លើ​តម្លៃ​លោះ​ចុះ។ ចូរ​ប្រព្រឹត្ត​ឲ្យ​ការ​លោះ​ជា​អ្វី​មួយ​សំរាប់​យើង​ផ្ទាល់​ខ្លួន​ដូច​ប៉ុល​ដែរ​ចុះ៖ «ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ​ក៏​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ»។ (កាឡាទី ២:២០) ការ​រំពឹង​គិត​បែប​នេះ នឹង​ធ្វើ​ឲ្យ​មាន​ការ​ជំរុញ​ទឹក​ចិត្ត ពីព្រោះ​ប៉ុល​បាន​សរសេរ​ទៅ​ពួក​កូរិនថូស​ថា៖ «ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បង្ខំ​យើង​ខ្ញុំ ដោយ​យើង​ខ្ញុំ​ពិចារណា​ឃើញ​ថា . . . ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះ​អង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ»។ (កូរិនថូសទី២ ៥:១៤, ១៥) ព្រះ​គម្ពីរ​យេរូសាឡិម​ចែង​ថា​សេចក្ដី​ស្រឡាញ់​ព្រះ​គ្រីស្ទ​«ធ្វើ​ឲ្យ​យើង​រំភើប​យ៉ាង​ខ្លាំង»។ នៅ​ពេល​ដែល​យើង​ខំ​ជញ្ជឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ យើង​ត្រូវ​បាន​ជំរុញ​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​ឲ្យ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ផង។ នេះ​ប៉ះ​ដល់​ចិត្ត​របស់​យើង​ហើយ​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ត​អ្វី​មួយ។ ដូច​សេចក្ដី​បកប្រែ​របស់​លោក​ហ្វីលិព​បាន​បកស្រាយ​ពង្រីក​ថា៖ «ការ​កើត​មាន​ឡើង​នៃ​សកម្មភាព​របស់​យើង គឺ​ដោយសារ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​គ្រីស្ទ»។ ការ​ជំរុញ​ទឹក​ចិត្ត​ផ្សេងៗទៀត មិន​អាច​ផលិតផលផ្លែ​ជា​ស្ថាពរ​ក្នុង​យើង​ឡើយ ដូច​ជា​បាន​បង្ហាញ​មក​ដោយ​គំរូ​របស់​ពួក​ផារីស៊ី។

«ប្រុង​ប្រយ័ត្ន​ចំពោះ​ដំបែ​របស់​ពួក​ផារីស៊ី»

១១. ចូរ​ពិពណ៌នា​អំពី​អាកប្បកិរិយា​របស់​ពួក​ផារីស៊ី​ចំពោះ​កិច្ចការ​ខាង​សាសនា។

១១ ពួក​ផារីស៊ី​បាន​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​ព្រះ​ទៅ​ជា​មោឃៈ។ ជាជាង​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​នោះ ពួក​គេ​បាន​បញ្ជាក់​អំពី​កិច្ចការ​ជា​គ្រឿង​វាស់​ចំពោះ​ភាព​វិញ្ញាណ។ ពួក​គេ​រវល់​ជាប់​តែ​នឹង​ច្បាប់​ដ៏​កំប៊ិក​កំប៉ុ​ក ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជា​មនុស្ស​សុចរិត​នៅ​ខាង​ក្រៅ ប៉ុន្តែ​នៅ​ខាង​ក្នុង​ពួក​គេ​«មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច នឹង​សេចក្ដី​ស្មោកគ្រោក​គ្រប់​មុខ​វិញ»។—ម៉ាថាយ ២៣:២៧

១២. ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ប្រោស​បុរស​ម្នាក់​ឲ្យ​ជា តើ​តាម​របៀប​ណា​ដែល​ពួក​ផារីស៊ី​បង្ហាញ​ថា​ពួក​គេ​មាន​ចិត្ត​មិន​ត្រឹម​ត្រូវ​នោះ?

១២ នៅ​គ្រា​មួយ ព្រះ​យេស៊ូ​ដោយ​អាណិតអាសូរ​បាន​ប្រោស​ដៃ​បុគ្គល​ម្នាក់​ដែល​បាន​ស្វិត។ បុរស​ម្នាក់​នេះ​ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ពិសោធ​ការ​ប្រោស​ឲ្យ​ជា​ភ្លាម​នោះ ពី​ការ​ឈឺចាប់​ខាង​រូប​កាយ​និង​ខាង​ចិត្ត! ប៉ុន្តែ ពួក​ផារីស៊ី​មិន​បាន​សប្បាយ​ចិត្ត​ជា​មួយ​នឹង​ទ្រង់​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ទិតៀន​ទៅ​លើ​ចំណុច​ដ៏​កំប៊ិក​កំប៉ុក—ដែល​ថា​ព្រះ​យេស៊ូ​បាន​ផ្ដល់​ជំនួយ​នៅ​ថ្ងៃ​ឈប់​សំរាក។ ដោយ​ជាប់​រវល់​តែ​នឹង​ការ​បកស្រាយ​នៃ​ច្បាប់​ដ៏​កំប៊ិកកំប៉ុក​នោះ ពួក​ផារីស៊ី​មិន​បាន​យល់​ប្រាកដ​ពី​ច្បាប់​នោះ​ទេ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​បាន​«មាន​ព្រះ​ហឫទ័យ​ព្រួយ ព្រោះ​ចិត្ត​គេ​រឹងរូស»! (ម៉ាកុស ៣:១​-​៥) ម្យ៉ាង​វិញ​ទៀត ទ្រង់​បាន​ព្រមាន​ពួក​សិស្ស​របស់​ទ្រង់​ថា៖ «ចូរ​ឲ្យ​ពិចារណា ហើយ​ប្រុង​ប្រយ័ត​ចំពោះ​ដំបែ​របស់​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី​ឲ្យ​មែន​ទែន»។ (ម៉ាថាយ ១៦:៦) សកម្មភាព​និង​អាកប្បកិរិយា​របស់​គេ​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ​សំរាប់​ជា​ផល​ប្រយោជន៍​ដល់​យើង។

១៣. នៅ​ក្នុង​ឧទាហរណ៍​នៃ​ពួក​ផារីស៊ី តើ​មាន​មេ​រៀន​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​បាន?

១៣ គំរូ​របស់​ពួក​ផារីស៊ី​បង្រៀន​យើង​ថា យើង​ត្រូវ​តែ​មាន​ទស្សនៈ​ឲ្យ​បាន​សម​ហេតុ​ផល​ចំពោះ​កិច្ចការ។ ប្រាកដ​ហើយ កិច្ចការ​គឺ​សំខាន់​ណាស់ ពីព្រោះ​«សេចក្ដី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ»។ (យ៉ាកុប ២:២៦) ប៉ុន្តែ មនុស្ស​មិន​ល្អ​ឥតខ្ចោះ​តែង​តែ​មាន​ការ​ទោរ​ទន់​ក្នុង​ការ​វិនិច្ឆ័យ​អ្នក​ដទៃ​នូវ​អ្វី​ដែល​គេ​ធ្វើ ជាជាង​ថា​គេ​ជា​បុគ្គល​ប្រភេទ​ណា​ទៅ​វិញ។ នៅ​ពេល​ខ្លះ យើង​ក៏​ប្រហែល​ជា​បាន​វិនិច្ឆ័យ​ខ្លួន​យើង​តាម​របៀប​នេះ​ដែរ។ យើង​ប្រហែល​បាន​គិត​តែ​អំពី​កិច្ចការ​តែ​ប៉ុណ្ណោះ ហាក់បី​ដូច​នេះ​ជា​ល​ក្ខណ​វិនិច្ឆ័យ​នៃ​ភាព​វិញ្ញាណ​របស់​យើង​ទាំង​ស្រុង។ យើង​អាច​ភ្លេច​នូវ​សារៈសំខាន់​នៃ​ការ​ពិចារណា​គោល​បំណង​របស់​យើង។ (ប្រៀបធៀប​កូរិនថូសទី២ ៥:១២) យើង​អាច​ប្រហែល​ទៅ​ជា​មនុស្ស​ដែល​កាន់​ច្បាប់​ដ៏​តឹងរ៉ឹង​ដែល​«ត្រង​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ​វិញ» ដោយ​គោរព​ស្ដាប់​បង្គាប់​តាម​ច្បាប់ តែ​បំពាន​លើ​បំណង​នៃ​ច្បាប់​នោះ​វិញ។—ម៉ាថាយ ២៣:២៤

១៤. តើ​តាម​របៀប​ណា​ដែល​ពួក​ផារីស៊ី​ដូច​ជា​ចាន​ឬ​ថាស​ដ៏​ប្រឡាក់​មួយ​នោះ?

១៤ អ្វី​ដែល​ពួក​ផារីស៊ី​មិន​យល់​នោះ​គឺ​ថា បើសិន​ជា​បុគ្គល​ណា​ម្នាក់​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​មែន ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​នឹង​មាន​ឡើង​ជា​ផល​ដោយ​ឯក​ឯង។ ភាព​វិញ្ញាណ​គឺ​ហូរ​ចេញ​ពី​ខាង​ក្នុង​ទៅ​ខាង​ក្រៅ។ ព្រះ​យេស៊ូ​បាន​ប្រកាស​មិន​យល់​ព្រម​យ៉ាង​ឧឡារឹក​នឹង​ពួក​ផារីស៊ី​ចំពោះ​គំនិត​ដ៏​ខុស​របស់​ពួកគេ​ចំពោះ​រឿង​នេះ ដោយ​មាន​បន្ទូល​ថា៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯ​ខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ នឹង​សេចក្ដី​ហួស​ខ្នាត​ទទេ ឱ​ពួក​ផារិស៊ី​ក​ង្វាក់​អើយ ចូរ​លាង​ចាន​លាង​ថាស​ខាង​ក្នុង​ជា​មុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ»។—ម៉ាថាយ ២៣:២៥, ២៦

១៥. ចូរ​ដក​ស្រង់​នូវ​ឧទាហរណ៍​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូ​ទត​មើល​ហួស​លើស​ពី​អាការ​ក្រៅ។

១៥ អាការក្រៅ​នៃ​ចាន​ឬ​ថាស​មួយ ឬ​ព្រម​ទាំង​អាគារ​ណា​មួយ​ក្ដី ក៏​ពុំ​អាច​បង្ហាញ​ឲ្យ​ឃើញ​នូវ​អ្វីៗទាំង​អស់​បាន​ឡើយ។ សូម្បី​តែ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ក៏​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្ងើច​ដែរ ដោយ​ឃើញ​សោភ័ណភាព​នៃ​ព្រះ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម តែ​ព្រះ​យេស៊ូ​បាន​ហៅ​វិហារ​នោះ​«ជា​រោង​ចោរ»​ពីព្រោះ​នូវ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ខាង​ក្នុង​នោះ។ (ម៉ាកុស ១១:១៧; ១៣:១) អ្វី​ដែល​មាន​ការ​ជាក់​ស្តែង​ចំពោះ​ព្រះ​វិហារ​នោះ ក៏​មាន​ការ​ជាក់​ស្តែង​ចំពោះ​ពួក​អ្នក​ដែល​អះអាង​ជា​ជន​គ្រីស្ទាន​រាប់​លាន​នាក់​ដែរ ដូច​ជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ប្រវត្ដិ​នៃ​ពិភព​គ្រីស្ទ​សាសនា។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​វិនិច្ឆ័យ​ពួក​អ្នក​ខ្លះ​ដែល​បាន​ប្រព្រឹត្ត​«ឫទ្ធិ​បារមី​ជា​ច្រើន»​ក្នុង​ព្រះ​នាម​ទ្រង់ ថា​ជា​ពួក​«ទទឹង​ច្បាប់»។ (ម៉ាថាយ ៧:២២, ២៣) ប៉ុន្តែ​ផ្ទុយ​គ្នា​ទាំង​ស្រុង​ទៅ​វិញ ទ្រង់​បាន​មាន​បន្ទូល​អំពី​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​បាន​ផ្ដល់​ចំនួន​ប្រាក់​ដ៏​ស្តួចស្តើង​នៅ​ព្រះ​វិហារ​ថា៖ «ស្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង . . . ស្ត្រី​នេះ​បាន​យក​ពី​សេចក្ដី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង»។ (ម៉ាកុស ១២:៤១​-​៤៤) តើ​ទ្រង់​បាន​កាត់​ទោស​ម្ដង​ដូច្នេះ​ម្ដង​ដូច្នោះ​ឬ? គឺ​មិន​មែន​ទេ។ ក្នុង​ស្ថានការណ៍​ទាំង​ពីរ ព្រះ​យេស៊ូ​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ (យ៉ូហាន ៨:១៦) ទ្រង់​បាន​ទត​ឃើញ​បំណង​ចិត្ត​នៃ​កិច្ចការ​នោះ ហើយ​ក៏​បាន​កាត់​ទោស​យោង​ទៅ​តាម​នោះ​ទៅ។

«គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន»

១៦. ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​តែងតែ​ប្រៀបធៀប​សកម្មភាព​របស់​យើង​ជា​មួយ​នឹង​ជន​គ្រីស្ទាន​ម្នាក់​ទៀត​នោះ?

១៦ បើសិន​ជា​យើង​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ​នោះ គឺ​មិន​ចាំបាច់​ប្រៀបធៀប​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់​ទេ។ ជា​ឧទាហរណ៍ គឺ​មិន​បាន​សម្រេច​អ្វី​ឡើយ​ដោយ​ការ​ខំ​ខ្នះខ្នែង​យ៉ាង​ប្រកួត​ប្រជែង ដើម្បី​នឹង​ចំណាយ​ពេល​ផ្សាយ​ឲ្យ​បាន​ស្មើ​នឹង​ជន​គ្រីស្ទាន​ម្នាក់​ទៀត ឬ​ប្រកួត​នឹង​ការ​សម្រេច​របស់​បុគ្គល​ណា​ម្នាក់​ក្នុង​ការ​ដើរ​ផ្សាយ​នោះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ចិត្ត ពី​គំនិត ពី​ព្រលឹង ហើយ​ពី​កម្លាំង​របស់​អ្នក—មិន​មែន​ឲ្យ​អស់​ពី​អ្នក​ផ្សេង​ទៀត​ឡើយ។ សមត្ថភាព​របស់​បុគ្គល​ម្នាក់ៗ ការ​ធន់ និង​កាលៈទេសៈ​គឺ​ខុស​ពី​គ្នា។ បើសិន​ជា​អ្នក​មាន​ស្ថានការណ៍​ល្អ សេចក្ដី​ស្រឡាញ់​នឹង​ជំរុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​ចំណាយ​ពេល​ក្នុង​កិច្ច​បំរើ—ប្រហែល​ជា​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ផង​ក៏​បាន។ ប៉ុន្តែ បើសិន​ជា​អ្នក​មាន​ការ​ឈឺ ពេល​វេលា​ដែល​អ្នក​ចំណាយ​ក្នុង​កិច្ច​បំរើ​ប្រហែល​ជា​បាន​តិច​ជាង​អ្នក​ប្រាថ្នា។ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ព្រះ​មិន​មែន​វាស់​ក្នុង​ចំនួន​ម៉ោង​នោះ​ទេ។ ដោយ​មាន​បំណង​ចិត្ត​បរិសុទ្ធ អ្នក​នឹង​មាន​មូលហេតុ​ក្នុង​ការ​មាន​អំណរ។ ប៉ុល​បាន​សរសេរ​ថា៖ «ចូរ​ឲ្យ​គ្រប់​គ្នា​ល្បង​ល​ការ ដែល​ធ្វើ​រៀងៗខ្លួន នោះ​នឹង​មាន​សេចក្ដី​អំនួត​ចំពោះ​តែ​ខ្លួន​ឯង មិន​មែន​ចំពោះ​អ្នក​ណា​ទៀត​ទេ»។—កាឡាទី ៦:៤

១៧. តាម​ពាក្យ​របស់​អ្នក ចូរ​រៀប​រាប់​យ៉ាង​សង្ខេប​នូវ​រឿង​ប្រៀបប្រដូច​នៃ​ប្រាក់​ថាល្លិន។

១៧ ចូរ​ពិចារណា​អំពី​រឿង​ប្រៀបប្រដូច​នៃ​ប្រាក់​ថាល្លិន ដូច​បាន​កត់​ទុក​មក​នៅ​ឯ​ម៉ាថាយ ២៥:១៤​-​៣០។ បុរស​ម្នាក់​ដែល​រៀប​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​បាន​ហៅ​ពួក​បាវ​បំរើ​របស់​គាត់​មក​ប្រជុំ ហើយ​បាន​ផ្ដល់​ទ្រព្យ​របស់​គាត់​ទាំង​អស់​ទៅ​ឲ្យ​ពួក​គេ។ «បាន​ឲ្យ​ប្រាក់​ទៅ​ម្នាក់​៥​ពាន់​[ថាល្លិន, ព.ថ.]​ម្នាក់​ទៀត​២​ពាន់[ថាល្លិន] ហើយ​អ្នក​ទី​បី​១​ពាន់[ថាល្លិន] គឺ​ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន»។ នៅ​ពេល​ដែល​ចៅហ្វាយ​បាន​ត្រឡប់​មក​វិញ​ដើម្បី​នឹង​ចែក​បញ្ជី​ប្រាក់​ចេញ​ចូល​ជា​មួយ​ពួក​អ្នក​បំរើ​របស់​គាត់ តើ​គាត់​បាន​ឃើញ​យ៉ាង​ណា​ដែរ? បាវ​បំរើ​ដែល​បាន​ផ្ដល់​ឲ្យ​ប្រាក់​ថាល្លិន​ប្រាំ​នោះ បាន​ចំណេញ​ប្រាក់​ថាល្លិន​ប្រាំ​ទៀត។ យ៉ាង​ដូច្នោះ​ដែរ បាវ​បំរើ​ដែល​បាន​ផ្ដល់​ប្រាក់​ថាល្លិន​ពីរ ក៏​បាន​ចំណេញ​ប្រាក់​ថាល្លិន​ពីរ​ទៀត​ដែរ។ បាវ​បំរើ​ដែល​បាន​ផ្ដល់​ឲ្យ​ប្រាក់​ថាល្លិន​មួយ​នោះ បាន​យក​ទៅ​កប់​នៅ​ក្នុង​ដី ហើយ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​បាន​ចំណេញ​ទ្រព្យ​របស់​ចៅហ្វាយ​គាត់​ឡើយ។ តើ​អ្វី​ទៅ​ជា​ការ​ស្ទង់​ប៉ាន់​នៃ​ស្ថានការណ៍​របស់​ចៅហ្វាយ​នេះ?

១៨, ១៩. (ក) ហេតុ​អ្វី​ក៏​ចៅហ្វាយ​មិន​ប្រៀបធៀប​បាវ​បំរើ​ដែល​បាន​ផ្ដល់​ឲ្យ​ប្រាក់​ថាល្លិន​ពីរ​ជា​មួយ​នឹង​បាវ​បំរើ​ដែល​បាន​ផ្ដល់​ឲ្យ​ប្រាក់​ថាល្លិន​ប្រាំ​នោះ? (ខ) តើ​រឿង​ប្រៀបប្រដូច​នៃ​ប្រាក់​ថាល្លិន​ប្រាប់​យើង​យ៉ាង​ណា​អំពី​ការ​សរសើរ​និង​ការ​ប្រៀបធៀប? (គ) ហេតុ​អ្វី​ក៏​បាវ​បំរើ​ទី​បី​បាន​ទទួល​ការ​កាត់​ទោស​ដ៏​អាក្រក់​ម្ល៉េះ?

១៨ ជា​ដំបូង ចូរ​ឲ្យ​យើង​ពិចារណា​ពី​ពួក​បាវ​បំរើ​ដែល​បាន​ផ្ដល់​ឲ្យ​ប្រាក់​ថាល្លិន​ប្រាំ​និង​ប្រាក់​ថាល្លិន​ពីរ។ ចំពោះ​បាវ​បំរើ​ទាំង​ពីរ​នេះ ចៅហ្វាយ​បាន​មាន​ប្រសាសន៍​ថា៖ «ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ​ត្រង់​អើយ»! តើ​គាត់​នឹង​និយាយ​បែប​នេះ​ទេ បើសិន​ជា​បាវ​បំរើ​ដែល​មាន​ប្រាក់​ថាល្លិន​ប្រាំ បាន​ចំណេញ​តែ​ប្រាក់​ថាល្លិន​ពីរ​វិញ​នោះ? ប្រហែល​ជា​មិន​ទេ! ម្យ៉ាង​វិញ​ទៀត គាត់​មិន​បាន​និយាយ​ទៅ​បាវ​បំរើ​ដែល​មាន​ប្រាក់​ថាល្លិន​ពីរ៖ ‹ហេតុ​អ្វី​ក៏​ឯង​មិន​បាន​ចំណេញ​ប្រាំ​វិញ​ដូច្នេះ​ទេ? ចូរ​មើល​ពួក​បាវ​បំរើ​គ្នីគ្នា​របស់​ឯង​ចុះ គេ​ឃើញ​បាន​ចំណេញ​ជា​ច្រើន​សំរាប់​អញ​មែន›! គឺ​មិន​ទេ ចៅហ្វាយ​ដែល​មាន​ចិត្ត​អាណិតអាសូរ ដែល​តំណាង​ព្រះ​យេស៊ូ​នោះ មិន​បាន​ធ្វើ​ការ​ប្រៀបធៀប​អញ្ចឹង​ទេ។ ទ្រង់​បាន​ប្រគល់​ឲ្យ​ប្រាក់​ថាល្លិន​‹អ្នក​បំរើ​ម្នាក់ៗតាម​សមត្ថភាព​រៀងៗខ្លួន› ហើយ​មិន​សង្ឃឹម​ចង់​បាន​អ្វី​មក​វិញ​ជាង​អ្វីៗដែល​បុគ្គល​នោះ​អាច​ធ្វើ​ទៅ​បាន​ឡើយ។ បាវ​បំរើ​ទាំង​ពីរ​បាន​ទទួល​ការ​សរសើរ​ស្មើ​គ្នា ពីព្រោះ​ទាំង​ពីរ​នាក់​បាន​ខំ​ប្រឹង​ធ្វើ​ការ​ឲ្យ​ចៅហ្វាយ​របស់​គេ​យ៉ាង​អស់​ពី​ចិត្ត។ យើង​គ្រប់ៗគ្នា​ក៏​អាច​រៀន​ពី​រឿង​នេះ​ដែរ។

១៩ ប្រាកដ​ហើយ បាវ​បំរើ​ទី​បី​មិន​បាន​ទទួល​ការ​សរសើរ​បែប​នេះ​ទេ។ តាម​ការ​ពិត គាត់​ត្រូវ​បាន​បោះ​ចោល​ទៅ​កន្លែង​ងងឹត​ខាង​ក្រៅ​វិញ។ ដោយ​បាន​ទទួល​ប្រាក់​ថាល្លិន​តែ​មួយ​នោះ ចៅហ្វាយ​មិន​សង្ឃឹម​ថា​គាត់​នឹង​បាន​ចំណេញ​ដូច​បាវ​បំរើ​ដែល​មាន​ប្រាក់​ថាល្លិន​ប្រាំ​នោះ​ឡើយ។ ប៉ុន្តែ គាត់​មិន​ទាំង​ខំ​ប្រឹង​ធ្វើ​ការ​នេះ​ផង! គាត់​បាន​ទទួល​ការ​កាត់​ទោស​មិន​ល្អ​នោះ គឺ​ពីព្រោះ​គាត់​មាន​ចិត្ត​ជា​«បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស» ដែល​គ្មាន​សេចក្ដី​ស្រឡាញ់​សំរាប់​ចៅហ្វាយ​របស់​គាត់។

២០. តើ​ព្រះ​យេហូវ៉ា​ទត​មើល​ការ​ខ្វះ​ខាត​របស់​យើង​ដោយ​យ៉ាង​ដូច​ម្ដេច?

២០ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ម្នាក់ៗស្រឡាញ់​ទ្រង់​ឲ្យ​អស់​ពី​កម្លាំង​របស់​យើង នេះ​ជា​ការ​គួរ​ឲ្យ​កក់ក្ដៅ​ចិត្ត​ណាស់ ដែល​«ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលីដី​ប៉ុណ្ណោះ»! (ទំនុកដំកើង ១០៣:១៤) សុភាសិត ២១:២​ចែង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ថ្លឹង​ចិត្ត​វិញ»—មិន​មែន​ស្ថិតិ​លេខ​នោះ​ឡើយ។ ទ្រង់​ទត​យល់​នូវ​ការ​ខ្វះ​ខាត​ដែល​យើង​មិន​អាច​ទប់​បាន មិន​ថា​នេះ​ជា​ប្រាក់កាស រូប​រាង​កាយ ខាង​ផ្លូវ​ចិត្ត ឬ​អ្វី​ផ្សេងៗទៀត​នោះ​ឡើយ។ (អេសាយ ៦៣:៩) នៅ​ពេល​ដដែល​នេះ ទ្រង់​ចង់​ឲ្យ​យើង​ប្រើ​ប្រាក់​ដែល​យើង​ប្រហែល​ជា​មាន​ឲ្យ​អស់​ពី​សមត្ថភាព។ ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ល្អ​គ្រប់​ល័ក្ខណ៍ ប៉ុន្តែ​នៅ​ពេល​ដែល​ទាក់ទង​ជា​មួយ​នឹង​ពួក​អ្នក​ថ្វាយ​បង្គំ​ដ៏​មិន​ល្អ​ឥតខ្ចោះ​របស់​ទ្រង់ ទ្រង់​មិន​មែន​តម្រូវ​ការ​ល្អ​ឥតខ្ចោះ​ពី​ពួក​អ្នក​បំរើ​របស់​ទ្រង់​នោះ​ឡើយ។ ហើយ​ក្នុង​ការ​ប្រព្រឹត្ត​របស់​ទ្រង់ ទ្រង់​ក៏​មិន​មែន​ឥត​សម​ហេតុ​ផល ហើយ​ចង់​បាន​របស់​ដែល​មិន​អាច​សម្រេច​បាន​នោះ​ទេ។

២១. បើ​យើង​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​កិច្ច​បំរើ​របស់​យើង តើ​នឹង​មាន​ផល​ល្អ​យ៉ាង​ណា​ជា​បន្ទាប់​នោះ?

២១ ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ចិត្ត ព្រលឹង គំនិត និង​កម្លាំង​នោះ​«វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត នឹង​យញ្ញបូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត»។ (ម៉ាកុស ១២:៣៣) បើសិន​ជា​សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​យើង នោះ​យើង​នឹង​ខំ​ប្រឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បំរើ​ព្រះ។ ពេត្រុស​បាន​សរសេរ​ថា​បើសិន​ជា​គុណសម្បត្ដិ​របស់​ព្រះ រួម​ទាំង​សេចក្ដី​ស្រឡាញ់​«មាន​សេចក្ដី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ដំណើរ​ស្គាល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ»។—ពេត្រុសទី២ ១:៨

[កំណត់​សម្គាល់]

a បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉មយាម​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក

ក្នុង​ការ​ពិភាក្សា​សា​ឡើង​វិញ

◻ តើ​អ្វី​ដែល​ត្រូវ​តែ​ជា​កម្លាំង​ជំរុញ​យើង​ក្នុង​កិច្ច​បំរើ​ព្រះ​នោះ?

◻ តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ជំរុញ​យើង​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា?

◻ តើ​អំពល់​អ្វី​នៃ​ពួក​ផារីស៊ី​ដែល​យើង​ត្រូវ​តែ​ចៀស​វាង​នោះ?

◻ ហេតុ​អ្វី​ក៏​មិន​មាន​ប្រាជ្ញា​ក្នុង​ការ​ខំ​ប្រៀបធៀប​កិច្ច​បំរើ​របស់​យើង​ជា​មួយ​នឹង​ជន​គ្រីស្ទាន​ម្នាក់​ទៀត​នោះ?

[រូបភាព​នៅ​ទំព័រ​២០]

សមត្ថភាព ការ​ធន់ និង​កាលៈទេសៈ​នៃ​បុគ្គល​ម្នាក់​ៗ​គឺ​មាន​ខុស​ៗ​គ្នា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក