បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៣ ទំ. ១៧-២៣
  • ចូរទាញមេរៀនពីឧទាហរណ៍អំពីថាលិន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរទាញមេរៀនពីឧទាហរណ៍អំពីថាលិន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បុរស​ម្នាក់​ឲ្យ​ប្រាក់​ជា​ច្រើន​ដល់​ខ្ញុំ​បម្រើ​របស់​គាត់
  • ខ្ញុំ​បម្រើ​ប្រើ​ថាលិន​នៅ​គ្រា​ចុង​បញ្ចប់
  • តើ​ម្ចាស់​នឹង​មក​នៅ​ពេល​ណា?
  • ខ្ញុំ​បម្រើ​ទុច្ចរិត​និង​ខ្ជិល​ច្រអូស
  • ការគាំទ្របងប្អូនគ្រិស្តយ៉ាងស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើ​អ្នក​ធ្វើ​តាម​ការ​ព្រមាន​ឬ​ទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូរប្រុងប្រយ័ត្ននិងខំព្យាយាម!
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • តើអ្នកនឹង«ចាំយាម»ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៣ ទំ. ១៧-២៣

ចូរ​ទាញ​មេរៀន​ពី​ឧទាហរណ៍​អំពី​ថាលិន

​«​លោក​ឲ្យ​ខ្ញុំ​បម្រើ​ទី​មួយ ប្រាំ​ថាលិន ខ្ញុំ​បម្រើ​ទី​ពីរ ពីរ​ថាលិន ហើយ​ខ្ញុំ​បម្រើ​ទី​បី មួយ​ថាលិន​»។—ម៉ាថាយ ២៥:១៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​ថាលិន?

  • តើ​ម្ចាស់​នឹង​មក​គិត​បញ្ជី​នៅ​ពេល​ណា?

  • តើ​យើង​ទាញ​មេរៀន​អ្វី​ខ្លះ​ពី​ឧទាហរណ៍​នេះ?

១, ២​. ហេតុ​អ្វី​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​ថាលិន?

លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​ថាលិន ដើម្បី​ជួយ​អ្នក​កាន់​តាម​លោក​ដែល​ព្រះ​បាន​រើស​តាំង​ឲ្យ​យល់​ច្បាស់​អំពី​ភារកិច្ច​របស់​ពួក​គាត់។ ប៉ុន្តែ ឧទាហរណ៍​នោះ​មាន​ប្រយោជន៍​ចំពោះ​អ្នក​កាន់​តាម​ទាំង​អស់​របស់​លោក​យេស៊ូ។ ដូច្នេះ ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌ ឬ​នៅ​ផែន​ដី​ក្ដី យើង​ត្រូវ​យល់​អត្ថន័យ​អំពី​ឧទាហរណ៍​នេះ។

២ តើ​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​នេះ​នៅ​ពេល​ណា? គឺ​នៅ​ពេល​លោក​ប្រាប់​អ្នក​កាន់​តាម​លោក​នូវ​សញ្ញា​សម្គាល់​មួយ​ដែល​បង្ហាញ​ថា លោក​នឹង​ក្លាយ​ទៅ​ជា​ស្តេច ហើយ​ថា​នៅ​ពេល​នោះ​គ្រា​ចុង​បញ្ចប់​នឹង​ចាប់​ផ្ដើម។ (​ម៉ាថាយ ២៤:៣​) ដូច្នេះ ឧទាហរណ៍​អំពី​ថាលិន​គឺ​ជា​លក្ខណៈ​មួយ​នៃ​សញ្ញា​សម្គាល់​នោះ ហើយ​កំពុង​កើត​ឡើង​នៅ​សម័យ​របស់​យើង។

៣​. តើ​យើង​ទាញ​មេរៀន​អ្វី​ខ្លះ​ពី​ឧទាហរណ៍​នៅ​ម៉ាថាយ ជំពូក​ទី​២៤​និង​២៥?

៣ ពេល​លោក​យេស៊ូ​លើក​ឧទាហរណ៍​អំពី​ថាលិន លោក​ក៏​បាន​លើក​ឧទាហរណ៍​បី​ផ្សេង​ទៀត​ដែល​ជា​លក្ខណៈ​នៃ​សញ្ញា​សម្គាល់​នៃ​គ្រា​ចុង​បញ្ចប់​ដែរ។ ឧទាហរណ៍​ទាំង​អស់​នោះ​លើក​បញ្ជាក់​អំពី​គុណ​សម្បត្ដិ​ដែល​អ្នក​កាន់​តាម​លោក​ត្រូវ​មាន។ យើង​អាច​អាន​ឧទាហរណ៍​ទាំង​នេះ​នៅ​ម៉ាថាយ ២៤:៤៥ ដល់​២៥:៤៦។ ឧទាហរណ៍​ទី១​គឺ​អំពី​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់។ ពួក​គាត់​ជា​មនុស្ស​មួយ​ក្រុម​តូច​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង ដែល​មាន​ភារកិច្ច​បង្រៀនរាស្ត្រ​របស់​លោក។ ពួក​គាត់​ត្រូវ​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។a (​សូម​មើល​កំណត់​សម្គាល់​) ឧទាហរណ៍​ទី២​គឺ​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់។ ក្នុង​ឧទាហរណ៍​នោះ លោក​យេស៊ូ​បាន​ព្រមាន​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ទាំង​អស់​ថា ពួក​គាត់​ត្រូវ​ត្រៀម​ខ្លួន ហើយ​ចាំ​យាម ពី​ព្រោះ​ពួក​គាត់​មិន​ដឹង​ថ្ងៃ​ណា ឬ​ម៉ោង​ណា​ដែល​លោក​នឹង​មក​ទេ។b (​សូម​មើល​កំណត់​សម្គាល់​) រួច​មក លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​ថាលិន​ដើម្បី​បង្រៀន​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ទាំង​អស់​ថា ពួក​គាត់​ត្រូវ​ខំ​ប្រឹង​ព្យាយាម ដើម្បី​បំពេញ​ភារកិច្ច​របស់​ពួក​គាត់​ជា​គ្រិស្ត​សាសនិក​ពិត។ បន្ទាប់​មក លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​ចៀម​និង​ពពែ ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវ​ស្មោះ​ត្រង់ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​បង​ប្អូន​របស់​គ្រិស្ត​ដែល​ព្រះ​បាន​រើស​តាំង។c (​សូម​មើល​កំណត់​សម្គាល់​) អត្ថបទ​នេះ​នឹង​ពន្យល់​អត្ថន័យ​នៃ​ឧទាហរណ៍​អំពី​ថាលិន។

បុរស​ម្នាក់​ឲ្យ​ប្រាក់​ជា​ច្រើន​ដល់​ខ្ញុំ​បម្រើ​របស់​គាត់

៤, ៥​. តើ​បុរស​ក្នុង​ឧទាហរណ៍​អំពី​ថាលិន​សំដៅ​លើ​អ្នក​ណា ហើយ​តើ​មួយ​ថាលិន​មាន​តម្លៃ​ស្មើ​នឹង​ចំនួន​ប្រាក់​ប៉ុន្មាន?

៤ សូម​អាន ម៉ាថាយ ២៥:១៤​-​៣០។ ក្នុង​ឧទាហរណ៍​អំពី​ថាលិន លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​បុរស​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ ក្នុង​ឧទាហរណ៍​ស្រដៀង​គ្នា​នោះ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​បុរស​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឆ្ងាយ​ដើម្បី​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច។d (​សូម​មើល​កំណត់​សម្គាល់​) (​លូកា ១៩:១២​) អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ សៀវភៅ​របស់​យើង​បាន​ពន្យល់​ថា ក្នុង​ឧទាហរណ៍​ទាំង​ពីរ​នេះ បុរស​នោះ​គឺ​សំដៅ​លើ​លោក​យេស៊ូ​ដែល​បាន​ទៅ​ស្ថាន​សួគ៌​នៅ​ឆ្នាំ​៣៣ គ.ស.។ ប៉ុន្តែ នៅ​ពេល​នោះ​លោក​យេស៊ូ​មិន​បាន​គ្រប់​គ្រង​ជា​ស្តេច​ភ្លាម​ៗ​ទេ។ លោក​បាន​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩១៤ ពេល​ដែល​ពួក​សត្រូវ​របស់​លោក​បាន​ត្រូវ​«​ដាក់​ជា​កំណល់​កល់​ជើង​លោក​»។—ហេប្រឺ ១០:១២, ១៣

៥ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា បុរស​ក្នុង​ឧទាហរណ៍​នោះ​មាន​ប្រាក់​៨​ថាលិន។ នោះ​ជា​ចំនួន​ប្រាក់​ដ៏​ច្រើន។e (​សូម​មើល​កំណត់​សម្គាល់​) មុន​នឹង​បុរស​នោះ​ចេញ​ដំណើរ​ទៅ គាត់​បាន​ឲ្យ​ប្រាក់​នេះ​ដល់​ខ្ញុំ​បម្រើ​របស់​គាត់។ គាត់​ប្រាប់​ពួក​គេ​ឲ្យ​យក​ប្រាក់​នោះ​ទៅ​រក​ស៊ី​ឲ្យ​គាត់។ ប្រាក់​នោះ​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​បុរស​នោះ ដូច​គ្នា​ដែរ​មាន​អ្វី​មួយ​ដែល​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​លោក​យេស៊ូ។ តើ​នោះ​ជា​អ្វី? នោះ​គឺ​ជា​កិច្ច​ការ​ដែល​លោក​បាន​ធ្វើ​ពេល​ដែល​លោក​នៅ​ផែន​ដី។

​«​ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ​»

៦, ៧​. តើ​ថាលិន​សំដៅ​លើ​អ្វី?

៦ កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​សំខាន់​ណាស់​ចំពោះ​លោក​យេស៊ូ។ ដោយ​សារ​លោក​ផ្សព្វ​ផ្សាយ មាន​មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ (​សូម​អាន លូកា ៤:៤៣​) ប៉ុន្តែ​លោក​បាន​ដឹង​ថា​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ហើយ​ថា​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​នឹង​ព្រម​ទទួល​យក​ដំណឹង​ល្អ។ តាម​ពិត លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ​»។ (​យ៉ូហាន ៤:៣៥​-​៣៨​) កសិករដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ គាត់​នឹង​មិន​បោះ​បង់​ចោល​វាល​ស្រែ​ដែល​ទុំ​ល្មម​ច្រូត​នោះ​ទេ។ លោក​យេស៊ូ​មាន​ចិត្ត​គំនិត​បែប​នោះ។ ដូច្នេះ បន្ដិច​មុន​លោក​យេស៊ូ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ថា​៖ ‹ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ›។ (​ម៉ាថាយ ២៨:១៨​-​២០​) ដោយ​បង្គាប់​ដូច្នេះ លោក​យេស៊ូ​បាន​ឲ្យ​ពួក​គាត់​នូវ​ទ្រព្យ​ដ៏​ថ្លៃ​វិសេស ពោល​គឺ​ភារកិច្ច​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ។—កូរិនថូស​ទី២ ៤:៧

៧ ដូច​បុរស​ដែល​បាន​ឲ្យ​ប្រាក់​ទៅ​ខ្ញុំ​បម្រើ​របស់​គាត់ នោះ​លោក​យេស៊ូ​ក៏​បាន​ឲ្យ​អ្នក​កាន់​តាម​លោក​ដែល​ព្រះ​បាន​រើស​តាំង​នូវ​កិច្ច​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ (​ម៉ាថាយ ២៥:១៤​) ដូច្នេះ ថាលិន​សំដៅ​លើ​ភារកិច្ច​ផ្សព្វ​ផ្សាយ និង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។

៨​. ទោះ​ជា​ខ្ញុំ​បម្រើ​ម្នាក់​ៗ​បាន​ទទួល​ចំនួន​ប្រាក់​ខុស​ៗ​គ្នា​ក៏​ដោយ តើ​ម្ចាស់​បាន​តម្រូវ​អ្វី​ពី​ពួក​គេ?

៨ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ម្ចាស់​បាន​ឲ្យ​ខ្ញុំ​បម្រើ​ទី១ ប្រាំ​ថាលិន ខ្ញុំ​បម្រើ​ទី២ ពីរ​ថាលិន និង​ខ្ញុំ​បម្រើ​ទី៣ មួយ​ថាលិន។ (​ម៉ាថាយ ២៥:១៥​) ម្ចាស់​បាន​ឲ្យ​ខ្ញុំ​បម្រើ​ម្នាក់​ៗ​នូវ​ចំនួន​ប្រាក់​ខុស​ៗ​គ្នា ប៉ុន្តែ​គាត់​តម្រូវ​ឲ្យ​ពួក​គេ​ទាំង​អស់​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​រក​ស៊ី​ឲ្យ​គាត់។ ដូច​គ្នា​ដែរ លោក​យេស៊ូ​ក៏​តម្រូវ​ឲ្យ​អ្នក​កាន់​តាម​លោក​ដែល​ព្រះ​បាន​រើស​តាំង​ខំ​អស់​ពី​សមត្ថភាព​របស់​ពួក​គាត់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែរ។ (​ម៉ាថាយ ២២:៣៧; កូឡុស ៣:២៣​) នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ម្យ៉ាង​ទៀត ពេល​យើង​អាន​សៀវភៅ​សកម្មភាព យើង​យល់​យ៉ាង​ច្បាស់​អំពី​ការ​ខំ​ប្រឹងព្យាយាម​របស់​ពួក​គាត់f(​សូម​មើល​កំណត់​សម្គាល់​)។—សកម្មភាព ៦:៧; ១២:២៤; ១៩:២០

ខ្ញុំ​បម្រើ​ប្រើ​ថាលិន​នៅ​គ្រា​ចុង​បញ្ចប់

៩​. (​ក​) តើ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ទី១​និង​ទី២​បាន​យក​ប្រាក់​របស់​ម្ចាស់​ទៅ​ធ្វើ​អ្វី ហើយ​តើ​យើង​ទាញ​មេរៀន​អ្វី​ពី​ឧទាហរណ៍​នោះ? (​ខ​) តើ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

៩ ខ្ញុំ​បម្រើ​ទី១​និង​ទី២​ដែល​បាន​យក​ប្រាក់​របស់​ម្ចាស់​ទៅ​រក​ស៊ី សំដៅ​លើ​បង​ប្អូន​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​ស្មោះ​ត្រង់​ក្នុង​អំឡុង​គ្រា​ចុង​បញ្ចប់។ ជា​ពិសេស​តាំង​ពី​ឆ្នាំ​១៩១៩ ពួក​គាត់​បាន​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ក្នុង​ឧទាហរណ៍​នោះ ខ្ញុំ​បម្រើ​ទី១​និង​ទី២​បាន​ទទួល​ចំនួន​ប្រាក់​ខុស​ៗ​គ្នា ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​មាន​ពីរ​ក្រុម​នោះ​ទេ។ ខ្ញុំ​បម្រើ​ទាំង​ពីរ​នាក់​នោះ​ខំ​ប្រឹង​ព្យាយាម​រក​ស៊ី ហើយ​បាន​ប្រាក់​មួយ​ជា​ពីរ។ ប៉ុន្តែ តើ​មាន​តែ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ប៉ុណ្ណោះ​ដែល​ត្រូវ​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ឬ? មិន​មែន​ទេ។ ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ចៀម​និង​ពពែ​បង្រៀន​យើង​ថា ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ត្រូវ​ជួយ​បង​ប្អូន​របស់​គ្រិស្ត​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ពួក​គាត់។ ពួក​គេ​គិត​ថា​ការ​ជួយ​ពួក​គាត់​គឺ​ជា​កិត្ដិយស​មួយ។ ពិត​មែន រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​«​ហ្វូង​តែ​មួយ​»​ ហើយ​ពួក​គេ​ទាំង​អស់​គ្នា​ខំ​ប្រឹង​ព្យាយាម​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។—យ៉ូហាន ១០:១៦

១០​. តើ​អ្វី​ជា​លក្ខណៈ​មួយ​ដ៏​សំខាន់​នៃ​សញ្ញា​សម្គាល់​ដែល​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​បញ្ចប់?

១០ លោក​យេស៊ូ​តម្រូវ​ឲ្យ​អ្នក​កាន់​តាម​លោក​ទាំង​អស់​ខំ​ព្យាយាម​បង្រៀន​មនុស្ស​កាន់​តែ​ច្រើន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ នោះ​ជា​កិច្ច​ការ​ដែល​អ្នក​កាន់​តាម​លោក​បាន​ធ្វើ​នៅ​សតវត្សរ៍​ទី១។ នៅ​គ្រា​ចុង​បញ្ចប់​នេះ ពេល​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ថាលិន​កំពុង​ក្លាយ​ទៅ​ជា​ការ​ពិត តើ​អ្នក​កាន់​តាម​លោក​កំពុង​ធ្វើ​កិច្ច​ការ​នេះ​ឬ​ទេ? ពួក​គាត់​ពិត​ជា​កំពុង​ធ្វើ​កិច្ច​ការ​នេះ​មែន។ ពី​មុន​មក​មិន​ដែល​មាន​មនុស្សច្រើន​ដល់​ម្ល៉េះ​បាន​ស្ដាប់​ដំណឹង​ល្អ ហើយ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ទេ។ ដោយ​សារ​អ្នក​កាន់​តាម​លោក​ខំ​ព្យាយាម​ធ្វើ​កិច្ច​ការ​នេះ នោះ​ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ពួក​គេ​ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដែរ។ សកម្មភាព​ទាំង​អស់​នេះ ព្រម​ទាំង​លទ្ធផល​ល្អ បង្ហាញ​យ៉ាង​ច្បាស់​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​ជា​លក្ខណៈ​មួយ​ដ៏​សំខាន់​នៃ​សញ្ញា​សម្គាល់​ដែល​លោក​យេស៊ូ​បាន​ប្រាប់​អំពី​គ្រា​ចុង​បញ្ចប់។ លោក​យេស៊ូ​ច្បាស់​ជា​ពេញ​ចិត្ត​នឹង​ខ្ញុំ​បម្រើ​របស់​លោក​មែន!

តើ​ម្ចាស់​នឹង​មក​នៅ​ពេល​ណា?

១១​. ហេតុ​អ្វី​យើង​ដឹង​ថា​លោក​យេស៊ូ​នឹង​មក​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង?

១១ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​លុះ​យូរ​ក្រោយ​មក ម្ចាស់​របស់​ខ្ញុំ​បម្រើ​ទាំង​នោះ​បាន​មក​ដល់ ហើយ​គិត​បញ្ជី​ជា​មួយ​នឹង​ពួក​គេ​»។ (​ម៉ាថាយ ២៥:១៩​) លោក​យេស៊ូ​ដែល​ជា​ម្ចាស់​នឹង​ធ្វើ​ដូច្នេះ​នៅ​ចុង​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ហេតុ​អ្វី​យើង​ដឹង​ដូច្នោះ? ក្នុង​ទំនាយ​របស់​លោក​នៅ​ម៉ាថាយ​ជំពូក​ទី​២៤​និង​២៥ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ច្រើន​ដង​ថា​លោក​នឹង​មក។ ជា​ឧទាហរណ៍ លោក​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​«​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក​នៅ​លើ​មេឃ​»។ នេះ​សំដៅ​លើ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ពេល​ដែល​លោក​យេស៊ូ​នឹង​វិនិច្ឆ័យ​មនុស្ស។ ម្យ៉ាង​ទៀត លោក​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​ដែល​កំពុង​រស់​នៅ​គ្រា​ចុង​បញ្ចប់​នេះ​ឲ្យ​ចាំ​យាម។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ម្ចាស់​របស់​អ្នក​នឹង​មក​វិញ​នៅ​ថ្ងៃ​ណា​ឡើយ​»​ ហើយ​«​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។ (​ម៉ាថាយ ២៤:៣០, ៤២, ៤៤​) ដូច្នេះ ក្នុង​ឧទាហរណ៍​អំពី​ថាលិន លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​អំពី​គ្រា​ដែល​លោក​នឹង​មក​វិនិច្ឆ័យ​មនុស្ស ហើយ​បំផ្លាញ​ពិភព​លោក​របស់​សាថាន​ចោលg (​សូម​មើល​កំណត់​សម្គាល់​)។

១២, ១៣​. (​ក​) តើ​ម្ចាស់​បាន​និយាយ​អ្វី​ទៅ​ខ្ញុំ​បម្រើ​ពីរ​នាក់​នោះ ហើយ​ហេតុ​អ្វី? (​ខ​) តើ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​ទទួល​ការ​បោះត្រា​ជា​លើក​ចុង​ក្រោយ​នៅ​ពេល​ណា? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ពួក​គាត់​នឹង​ត្រូវ​វិនិច្ឆ័យ​ពេល​ពួក​គាត់​ស្លាប់​»​) (​គ​) តើ​ពួក​អ្នក​ដែល​ជួយ​បង​ប្អូន​របស់​គ្រិស្ត​នឹង​ទទួល​រង្វាន់​អ្វី?

១២ ពេល​ម្ចាស់​ត្រឡប់​មក​ពី​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​វិញ គាត់​បាន​ឃើញ​ថា​ខ្ញុំ​បម្រើ​ដែល​មាន​ប្រាំ​ថាលិន​រក​បាន​ប្រាំ​ថាលិន​ថែម​ទៀត ហើយ​ខ្ញុំ​បម្រើ​ដែល​មាន​ពីរ​ថាលិន​រក​បាន​ពីរ​ថាលិន​ថែម​ទៀត។ ម្ចាស់​ប្រាប់​ខ្ញុំ​បម្រើ​ទាំង​ពីរ​នាក់​នោះ ម្នាក់​ម្ដង​ៗ​ថា​៖ ​«​ខ្ញុំ​បម្រើ​ដ៏​ល្អ​ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​ធ្វើ​ការ​បាន​ល្អ​ណាស់! អ្នក​បាន​ស្មោះ​ត្រង់​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​របស់​បន្ដិច​បន្តួច។ ខ្ញុំ​នឹង​តែង​តាំង​អ្នក​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន​វិញ​»។ (​ម៉ាថាយ ២៥:២១,២៣​) តើលោក​យេស៊ូ​ដែល​ជា​ម្ចាស់​នឹង​ធ្វើ​អ្វី​ពេល​លោក​មក​នៅ​អនាគត?

១៣ បន្ដិច​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ព្រះ​នឹង​បោះត្រា​ជា​លើក​ចុង​ក្រោយ​ចំពោះ​អ្នក​ដែល​លោក​បាន​រើស​តាំង​ដែល​ខំ​ព្យាយាម​ធ្វើ​ការ ដែល​កំពុង​រស់​នៅ​ផែន​ដី​នៅ​ពេល​នោះ។ (​ការ​បើក​បង្ហាញ ៧:១​-​៣​) បន្ទាប់​មក មុន​សង្គ្រាម​ហាម៉ាគេដូន លោក​យេស៊ូ​នឹង​ផ្ដល់​រង្វាន់​ឲ្យ​ពួក​គាត់​ដោយ​ប្រោស​ពួក​គាត់​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ដែល​បាន​ជួយ​បង​ប្អូន​របស់​គ្រិស្ត​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ? ពួក​គេ​នឹង​ត្រូវ​វិនិច្ឆ័យ​ថា​ជា​ចៀម ហើយ​ពួក​គេ​នឹង​ទទួល​រង្វាន់​ដោយ​រស់​នៅ​ផែន​ដី​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ព្រះ។—ម៉ាថាយ ២៥:៣៤

ខ្ញុំ​បម្រើ​ទុច្ចរិត​និង​ខ្ជិល​ច្រអូស

១៤, ១៥​. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ជា​ច្រើន​នាក់​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​ទុច្ចរិត​និង​ខ្ជិល​ច្រអូស​ឬ? សូម​ពន្យល់។

១៤ ឧទាហរណ៍​នោះ​ក៏​រៀប​រាប់​អំពី​ខ្ញុំ​បម្រើ​ដែល​មាន​មួយ​ថាលិន​ដែរ។ គាត់​មិន​បាន​យក​ប្រាក់​នោះ​ទៅ​រក​ស៊ី​ឲ្យ​ម្ចាស់​គាត់ ឬ​យក​ទៅ​ដាក់​ធនាគារ​ដើម្បី​បាន​ការ​ប្រាក់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​យក​ប្រាក់​នោះ​ទៅ​កប់​ក្នុង​ដី។ ដូច្នេះ ម្ចាស់​បាន​ហៅ​គាត់​ថា​ជា​ខ្ញុំ​បម្រើ​ទុច្ចរិត​និង​ខ្ជិល​ច្រអូស។ ម្ចាស់​បាន​យក​ថាលិន​ពី​ខ្ញុំ​បម្រើ​ទុច្ចរិត​នោះ​វិញ ហើយ​បាន​ឲ្យ​ទៅ​ខ្ញុំ​បម្រើ​ទី១។ រួច​មក ម្ចាស់​បាន​បោះ​ខ្ញុំ​បម្រើ​ទុច្ចរិត​នោះ​ទៅ​«​ខាង​ក្រៅ​ដែល​ងងឹត​»​ ហើយ​នៅ​ទី​នោះ​គាត់​បាន​យំ​ដោយ​អស់​សង្ឃឹម។—ម៉ាថាយ ២៥:២៤​-​៣០; លូកា ១៩:២២, ២៣

១៥ ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ខ្ញុំ​បម្រើ​ម្នាក់​ក្នុង​ចំណោម​ខ្ញុំ​បម្រើ​បី​នាក់​នោះ ជា​មនុស្ស​ទុច្ចរិត​និង​ខ្ជិល​ច្រអូស លោក​មិន​ចង់​មាន​ប្រសាសន៍​ថា​មួយ​ភាគ​បី​នៃ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​មាន​ចិត្ត​គំនិត​ដូច​ខ្ញុំ​បម្រើ​ម្នាក់​នោះ​ទេ។ យើង​ដឹង​ដូច្នេះ​ដោយ​ប្រៀប​ធៀប​ឧទាហរណ៍​នេះ​ជាមួយ​នឹង​ឧទាហរណ៍​ពីរ​ផ្សេង​ទៀត។ ក្នុង​ឧទាហរណ៍​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ខ្ញុំ​បម្រើ​អាក្រក់​ដែល​បៀត​បៀន​ខ្ញុំ​បម្រើ​ឯ​ទៀត។ លោក​យេស៊ូ​មិន​ចង់​មាន​ប្រសាសន៍​ថា​ពួក​អ្នក​ដែល​នៅ​ក្នុង​ចំណោម​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​អាក្រក់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​កំពុង​ព្រមាន​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ថា ពួក​គាត់​មិន​គួរ​មាន​ចិត្ត​គំនិត​ដូច​ខ្ញុំ​បម្រើ​អាក្រក់​នោះ​ឡើយ។ បន្ទាប់​មក ក្នុង​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ប្រាំ​នាក់​ដែល​មិន​ចេះ​ពិចារណា។ លោក​មិន​បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ពាក់​កណ្ដាល​នឹង​ទៅ​ជា​មនុស្ស​ដែល​មិន​ចេះ​ពិចារណា​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​កំពុង​ព្រមាន​ពួក​គាត់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង បើ​ពួក​គាត់​មិន​បាន​ត្រៀម​ខ្លួន ហើយ​ចាំ​យាម​ទេ។h (​សូម​មើល​កំណត់​សម្គាល់​) ស្រដៀង​គ្នា​ដែរ ក្នុង​ឧទាហរណ៍​អំពី​ថាលិន លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ជា​ច្រើន​នាក់​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​ទុច្ចរិត​និង​ខ្ជិល​ច្រអូស​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​កំពុង​ព្រមាន​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​កុំ​ឲ្យ​មាន​ចិត្ត​គំនិត​ដូច​ខ្ញុំ​បម្រើ​ទុច្ចរិត​នោះ​ឲ្យ​សោះ តែ​ឲ្យ​ខំ​ព្យាយាម​ជា​និច្ច​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។—ម៉ាថាយ ២៥:១៦

លោក​យេស៊ូ​នឹង​ផ្ដល់​រង្វាន់​ដល់​អ្នក​កាន់​តាម​លោក​ទាំង​អស់​ដែល​ខំ​ប្រឹង​ព្យាយាម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ

១៦​. (​ក​) តើ​មេរៀន​ពីរ​ដែល​យើង​ទាញ​ពី​ឧទាហរណ៍​អំពី​ថាលិន គឺ​ជា​អ្វី? (​ខ​) តើ​អត្ថបទ​នេះ​ជួយ​យើង​ឲ្យ​យល់​ឧទាហរណ៍​អំពី​ថាលិន​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​តើ​យើង​គួរ​យល់​យ៉ាង​ណា​អំពី​ឧទាហរណ៍​ស្តី​អំពី​ថាលិន?​»​)

១៦ តើ​មេរៀន​ពីរ​ដែល​យើង​ទាញ​ពី​ឧទាហរណ៍​អំពី​ថាលិន គឺ​ជា​អ្វី? ទី១ លោក​យេស៊ូ​បាន​ឲ្យ​អ្នក​កាន់​តាម​លោក​ដែល​ព្រះ​បាន​រើស​តាំង​នូវ​ទ្រព្យ​ដ៏​ថ្លៃ​វិសេស ពោល​គឺ​ភារកិច្ច​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ទី២ លោក​យេស៊ូ​តម្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​ខំ​ប្រឹង​ព្យាយាម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ បើ​យើង​ស៊ូ​ទ្រាំ​ដោយ​ចិត្ត​ស្មោះ​ត្រង់​ក្នុង​កិច្ច​ការ​នេះ ហើយ​បន្ត​ស្ដាប់​បង្គាប់​ព្រម​ទាំង​មាន​ភក្ដី​ភាព​ចំពោះ​លោក​យេស៊ូ នោះ​យើង​អាច​ប្រាកដ​ថា​លោក​នឹង​ផ្ដល់​រង្វាន់​ឲ្យ​យើង។—ម៉ាថាយ ២៥:២១, ២៣, ៣៤

តើ​ឧទាហរណ៍​អំពី​ថាលិន​ស្រដៀង​គ្នា​យ៉ាង​ណា​នឹង​ឧទាហរណ៍​អំពី​មិណា?

ឧទាហរណ៍​អំពី​ថាលិន​គឺ​ស្រដៀង​គ្នា​ខ្លាំង​ណាស់​នឹង​ឧទាហរណ៍​អំពី​មិណា។ ឧទាហរណ៍​ទាំង​ពីរ​នេះ​រៀប​រាប់​អំពី​ម្ចាស់​ដែល​មាន​ខ្ញុំ​បម្រើ។ មុន​នឹង​គាត់​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស គាត់​បាន​ឲ្យ​ប្រាក់​ដល់​ខ្ញុំ​បម្រើ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​យក​ប្រាក់​នោះ​ទៅ​រក​ស៊ី​ឲ្យ​គាត់។ ពេល​គាត់​ត្រឡប់​មក​វិញ គាត់​សួរ​ខ្ញុំ​បម្រើ​ថា​តើ​ពួក​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ធ្វើ​អ្វី។ (​ម៉ាថាយ ២៥:១៤​-​៣០; លូកា ១៩:១២​-​២៧​) តើ​ឧទាហរណ៍​ទាំង​នេះ​មាន​អត្ថន័យ​យ៉ាង​ណា? ក្នុង​ឧទាហរណ៍​ទាំង​ពីរ​នេះ ម្ចាស់ (១) សំដៅ​លើ​លោក​យេស៊ូ។ ខ្ញុំ​បម្រើ (២) សំដៅ​លើ​អ្នក​កាន់​តាម​លោក​ដែល​ព្រះ​បាន​រើស​តាំង។ ប្រាក់ (៣) សំដៅ​លើ​ភារកិច្ច​ដ៏​សំខាន់​ក្នុង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ឧទាហរណ៍​ទាំង​ពីរ​នេះ​ព្រមាន​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ថា ពួក​គាត់​មិន​គួរ​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​ទុច្ចរិត​និង​ខ្ជិល​ច្រអូស​ឡើយ។

ពួក​គាត់​នឹង​ត្រូវ​វិនិច្ឆ័យ​ពេល​ពួក​គាត់​ស្លាប់

តាំង​ពី​សតវត្សរ៍​ទី១​មក​ម្ល៉េះ អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​ព្រះ​បាន​រើស​តាំង​បាន​ទទួល​ថាលិន ពោល​គឺ​ភារកិច្ច​ផ្សព្វ​ផ្សាយ។ ពួក​គាត់​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​របៀប​ដែល​ពួក​គាត់​បំពេញ​ភារកិច្ច​របស់​ពួក​គាត់។ ពួក​អ្នក​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​ដែល​បាន​ស្លាប់​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ទទួល​ការ​បោះត្រា​ជា​លើក​ចុង​ក្រោយ នៅ​ពេល​ពួក​គាត់​ស្លាប់។ ក៏​ប៉ុន្តែ​ក្នុង​ឧទាហរណ៍​អំពី​ថាលិន លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​ពេល​ដែល​លោក​មក​គិត​បញ្ជី​ជា​មួយ​នឹង​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​រស់​នៅ​ផែន​ដី​នៅ​ឡើយ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។

តើ​យើង​គួរ​យល់​យ៉ាង​ណា​អំពី​ឧទាហរណ៍​ស្តី​អំពី​ថាលិន?

តើ​ពេល​ណា​លោក​ម្ចាស់ ឲ្យ​រង្វាន់​ដល់​ខ្ញុំ​បម្រើ?

ការ​ពន្យល់​ពី​មុន: នៅ​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​ឲ្យ​រង្វាន់​ដល់​ខ្ញុំ​បម្រើ​នៅ​ផែន​ដី​ដែល​ព្រះ​បាន​រើស​តាំង​ដោយ​ផ្ដល់​ឲ្យ​ពួក​គាត់​នូវ​ភារកិច្ច​ថែម​ទៀត។

ការ​ពន្យល់​ថ្មី: ពេល​គ្រិស្ត​នឹង​មក​នៅ​ពេល​អនាគត លោក​នឹង​ឲ្យ​រង្វាន់​ដល់​ខ្ញុំ​បម្រើ​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ស្មោះ​ត្រង់ ដោយ​ប្រោស​ពួក​គាត់​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌។

តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ ទុច្ចរិត​និង​ខ្ជិល​ច្រអូស?

ការ​ពន្យល់​ពី​មុន: ខ្ញុំ​បម្រើ​ទុច្ចរិត​និង​ខ្ជិល​ច្រអូស​សំដៅ​លើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ក្នុង​អំឡុង​ឆ្នាំ​១៩១៤ ហើយ​ដែល​មិន​ព្រម​ផ្សព្វ​ផ្សាយ។

ការ​ពន្យល់​ថ្មី: លោក​យេស៊ូ​មិន​បាន​ប្រកាស​ទុក​ជា​មុន​ថា​មនុស្ស​មួយ​ក្រុម​ដែល​ព្រះ​បាន​រើស​តាំង​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​ទុច្ចរិត​និង​ខ្ជិល​ច្រអូស​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ព្រមាន​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង បើ​ពួក​គាត់​ទៅ​ជា​ទុច្ចរិត​និង​ខ្ជិល​ច្រអូស។

a ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៣ ទំព័រ​២១​-​២២ វគ្គ​៨​-​១០ បាន​ពន្យល់​ថា​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។

b នៅ​អត្ថបទ​មុន​ក្នុង​ទស្សនាវដ្ដី​នេះ​បាន​ពន្យល់​ថា​អ្នក​ណា​ជា​ស្ត្រី​ក្រមុំ​បរិសុទ្ធ។

c ឧទាហរណ៍​អំពី​ចៀម​និង​ពពែ​បាន​ត្រូវ​ពន្យល់​ក្នុង​ទស្សនាវដ្ដីប៉ម​យាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៩៦ ទំព័រ​២៧​-​៣២ និង​ក្នុង​អត្ថបទ​បន្ទាប់​នៃ​ទស្សនាវដ្ដី​នេះ។

d សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​តើ​ឧទាហរណ៍​អំពី​ថាលិន​ស្រដៀង​គ្នា​យ៉ាង​ណា​នឹង​ឧទាហរណ៍​អំពី​មិណា?​»។

e នៅ​សម័យ​លោក​យេស៊ូ មួយ​ថាលិន​ស្មើ​នឹង​ចំនួន​ប្រាក់​ដែល​កម្មករ​ត្រូវ​ធ្វើ​ការ​រយៈ​ពេល​២០​ឆ្នាំ។

f មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពួក​សាវ័ក​ស្លាប់​អស់​ទៅ ការ​ក្បត់​ជំនឿ​បាន​រីក​រាលដាល​ពេញ​ក្រុម​ជំនុំ​ទាំង​អស់។ អស់​ជា​ច្រើន​សតវត្សរ៍ សកម្មភាព​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​គឺ​មាន​តិច​តួច​ណាស់។ ប៉ុន្តែ​ក្នុង​អំឡុង​«​រដូវ​ច្រូត​កាត់​»​ ឬ​គ្រា​ចុង​បញ្ចប់ កិច្ច​ការ​ផ្សព្វ​ផ្សាយ​នឹង​ចាប់​ផ្ដើម​ម្ដង​ទៀត។ (​ម៉ាថាយ ១៣:២៤​-​៣០, ៣៦​-​៤៣​) សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៣ ទំព័រ​៩​-​១២។

g សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៣ ទំព័រ​៧​-​៨ វគ្គ​១៤​-​១៨។

h សូម​មើលវគ្គ​១៣នៃ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​អ្នក​នឹង‹ចាំ​យាម›ឬ​ទេ?​»​ ក្នុង​ទស្សនាវដ្ដី​លេខ​នេះ។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ឧទាហរណ៍: គឺ​រឿង​ល្អិត​ល្អន់​ដែល​បង្រៀន​នូវ​មេរៀន​មួយ

  • ថាលិន: គឺ​ចំនួន​ប្រាក់​ដ៏​ច្រើន​នៅ​សម័យ​លោក​យេស៊ូ។ កម្មករ​ម្នាក់​ត្រូវ​ធ្វើ​ការ​អស់​២០​ឆ្នាំ​ទើប​គាត់​អាច​រក​ប្រាក់​បាន​មួយ​ថាលិន

  • ការ​បោះត្រា​ជា​លើក​ចុង​ក្រោយ: គឺ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​នឹង​បោះត្រា​ជា​លើក​ចុង​ក្រោយ​ចំពោះ​អ្នក​ដែល​លោក​បាន​រើស​តាំង ពេល​ដែល​លោក​វិនិច្ឆ័យ​ពួក​គាត់​ថា​ជា​មនុស្ស​ស្មោះ​ត្រង់ ហើយ​យល់​ព្រម​ឲ្យ​ពួក​គាត់​មាន​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក