បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៣ ទំ. ២៤-២៩
  • ការគាំទ្របងប្អូនគ្រិស្តយ៉ាងស្មោះត្រង់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការគាំទ្របងប្អូនគ្រិស្តយ៉ាងស្មោះត្រង់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​យល់​ឧទាហរណ៍​នោះ?
  • ឧទាហរណ៍​នោះ​បង្រៀន​យើង​ថា កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​សំខាន់​ណាស់
  • តើ​អ្នក​ណា​គួរ​ផ្សព្វ​ផ្សាយ?
  • ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ស្មោះ​ត្រង់
  • តើពួកចៀមនិងពួកពពែមានអនាគតយ៉ាងណា?
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរទាញមេរៀនពីឧទាហរណ៍អំពីថាលិន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ពួកហ្វូងធំនៃពួកអ្នកថ្វាយបង្គំពិត—តើពួកគេមកពីណា?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • តើ​អ្នក​ធ្វើ​តាម​ការ​ព្រមាន​ឬ​ទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៣ ទំ. ២៤-២៩

ការ​គាំ​ទ្រ​បង​ប្អូន​គ្រិស្ត​យ៉ាង​ស្មោះ​ត្រង់

​«​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ​ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​របស់​ខ្ញុំ នោះ​ក៏​ដូច​ជា​បាន​ធ្វើ​ដល់​ខ្ញុំ​ដែរ​»។—ម៉ាថាយ ២៥:៤០

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​យល់​ឧទាហរណ៍​អំពី​ចៀម​និង​ពពែ?

  • តើ​អ្នក​ណា​បាន​ត្រូវ​បង្គាប់​ឲ្យ​ផ្សព្វ​ផ្សាយ?

  • ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​បង​ប្អូន​របស់​គ្រិស្ត​នៅ​ឥឡូវ​នេះ?

១, ២​. (​ក​) តើ​លោក​យេស៊ូ​បាន​ប្រាប់​ឧទាហរណ៍​អ្វី​ខ្លះ​ដល់​មិត្ត​ជិត​ស្និទ្ធ​របស់​លោក? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​យើង​ត្រូវ​ដឹង​អ្វី​ស្តី​អំពី​ឧទាហរណ៍​អំពី​ចៀម​និង​ពពែ?

លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​ទៅ​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​គឺ​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន អំពី​អ្វី​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ប្រាប់​ពួក​គាត់​នូវ​ឧទាហរណ៍​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់ និង​អំពី​ថាលិន ហើយ​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​ទៀត​ប្រាប់​មិត្ត​របស់​លោក។ ក្នុង​ឧទាហរណ៍​នោះ លោក​បាន​មាន​ប្រសាសន៍​អំពី​ពេល​ដែល​«​កូន​មនុស្ស​»​នឹង​វិនិច្ឆ័យ​«​ប្រជា​ជាតិ​ទាំង​ឡាយ​»។ លោក​បាន​មាន​ប្រសាសន៍​ថា​«​កូន​មនុស្ស​»​នឹង​ញែក​មនុស្ស​ចេញ​ជា​ពីរ​ក្រុម។ លោក​បាន​ហៅ​ក្រុម​មួយ​ថា​ចៀម ហើយ​ក្រុម​មួយ​ទៀត​ថា​ពពែ។ ម្យ៉ាង​ទៀត លោក​បាន​ហៅ​ក្រុម​ទី៣​ដ៏​សំខាន់​ថា​«​បង​ប្អូន​»​របស់​ស្តេច។—សូម​អាន ម៉ាថាយ ២៥:៣១​-​៤៦

២ ដូច​ពួក​សាវ័ក​ដែរ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​យើង​ក៏​ចាប់​អារម្មណ៍​នឹង​ឧទាហរណ៍​នេះ​ដែរ ដោយ​សារ​នោះ​ជាប់​ទាក់​ទង​នឹង​ជីវិត​របស់​មនុស្ស។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​ខ្លះ​នឹង​ទទួល​ជីវិត​ជា​រៀង​រហូត ប៉ុន្តែ​មនុស្ស​ខ្លះ​ទៀត​នឹង​ត្រូវបំផ្លាញ។ ហេតុ​នេះ​ហើយ​គឺ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ដឹង​អំពី​អត្ថន័យ​នៃ​ឧទាហរណ៍​នោះ និង​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​រស់​ជា​រៀង​រហូត។ ដូច្នេះ ក្នុង​អត្ថបទ​នេះ យើង​នឹង​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ: តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​យល់​ឧទាហរណ៍​នោះ? តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ឧទាហរណ៍​នោះ​លើក​បញ្ជាក់​អំពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ? តើ​អ្នក​ណា​គួរ​ផ្សព្វ​ផ្សាយ? មួយ​វិញ​ទៀត ហេតុ​អ្វី​នៅ​ឥឡូវ​នេះ​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​«​ស្តេច​»​និង​«​បង​ប្អូន​»​របស់​ស្តេច?

តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​យល់​ឧទាហរណ៍​នោះ?

៣, ៤​. (​ក​) តើ​យើង​ត្រូវ​ដឹង​អំពី​អ្វី​ខ្លះ​ដើម្បី​យល់​ឧទាហរណ៍​នេះ? (​ខ​) នៅ​ឆ្នាំ​១៨៨១ តើ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ពន្យល់​យ៉ាង​ណា​អំពី​ឧទាហរណ៍​នេះ?

៣ ដើម្បី​យល់​អត្ថន័យ​នៃ​ឧទាហរណ៍​អំពី​ចៀម​និង​ពពែ យើង​ត្រូវ​ដឹង​ចំណុច​បី (​១​) តើ​អ្នក​ណា​ជា​«​កូន​មនុស្ស​»​ ឬ​«​ស្តេច​»​? តើ​អ្នក​ណា​ជា​ចៀម​និង​ពពែ? ហើយ​តើ​អ្នក​ណា​ជា​«​បង​ប្អូន​»​របស់​ស្តេច? (​២​) តើ​ពេល​ណា​ដែល​«​កូន​មនុស្ស​»​នឹង​ញែក ឬ​វិនិច្ឆ័យ​ចៀម​និង​ពពែ? ហើយ(​៣​) ហេតុ​អ្វី​មនុស្ស​ខ្លះ​បាន​ត្រូវ​ហៅ​ថា​ចៀម ហើយ​មនុស្ស​ខ្លះ​ទៀត​បាន​ត្រូវ​ហៅ​ថា​ពពែ?

៤ នៅ​ឆ្នាំ​១៨៨១ ទស្សនាវដ្ដី​ប៉ម​យាម បាន​រៀប​រាប់​ថា​«​កូន​មនុស្ស​»​ ឬ​«​ស្តេច​»​គឺ​លោក​យេស៊ូ។ ម្យ៉ាង​ទៀត ទស្សនាវដ្ដី​នោះ​បាន​ពន្យល់​ថា​«​បង​ប្អូន​»​របស់​ស្តេច​មិន​គ្រាន់​តែ​ជា​ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មនុស្ស​ទាំង​អស់​ដែល​នឹង​រស់​នៅ​ផែន​ដី​ដែរ ពេល​ពួក​គេ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ ទស្សនាវដ្ដី​នោះ​បាន​រៀប​រាប់​ថា​មនុស្ស​នឹង​ត្រូវ​ញែក​ចេញ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត ហើយ​ថា​ពួក​អ្នក​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពួក​គេ​នឹង​ត្រូវ​ហៅ​ថា​ចៀម។

៥​. នៅ​ឆ្នាំ​១៩២៣ តើ​រាស្ត្រ​របស់​ព្រះ​បាន​យល់​ឧទាហរណ៍​នោះ​យ៉ាង​ដូច​ម្ដេច?

៥ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​យល់​អំពី​ឧទាហរណ៍​នេះ​កាន់​តែ​ច្បាស់។ នៅ​ឆ្នាំ​១៩២៣ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​តុលា បាន​រៀប​រាប់​ថា​«​កូន​មនុស្ស​»​គឺ​លោក​យេស៊ូ។ ប៉ុន្តែ ក្រោយ​មក​ទស្សនាវដ្ដី​នោះ​បាន​ប្រើ​ខ​គម្ពីរ​ផ្សេង​ៗ​ដើម្បី​ពន្យល់​ថា​«​បង​ប្អូន​»​នៅ​ក្នុង​ឧទាហរណ៍​នោះ​គឺ​សំដៅ​លើ​តែ​ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​ប៉ុណ្ណោះ ហើយ​ថា​ពួក​គាត់​ទាំង​អស់​នឹង​នៅ​ស្ថាន​សួគ៌​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ។ ទស្សនាវដ្ដី​នោះ​ក៏​បាន​រៀប​រាប់​ដែរ​ថា​ចៀម​គឺ​សំដៅ​លើ​ពួក​អ្នក​ដែល​នឹង​រស់​នៅ​ផែន​ដី​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​និង​បង​ប្អូន​របស់​លោក។ ម្យ៉ាង​ទៀត ដោយ​សារ​ឧទាហរណ៍​នោះ​រៀប​រាប់​ថា​ពួក​អ្នក​ទាំង​នេះ​ជួយ​បង​ប្អូន​របស់​ស្តេច នោះ​ការ​ញែក ឬ​ការ​វិនិច្ឆ័យ​នឹង​ត្រូវ​កើត​ឡើង​មុន​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​ចាប់​ផ្ដើម កាល​ដែល​បង​ប្អូន​ទាំង​នេះ​របស់​លោក​យេស៊ូ​ដែល​ព្រះ​បាន​រើស​តាំង​រស់​នៅ​ផែន​ដី​នៅ​ឡើយ។ អត្ថបទ​នេះ​ក៏​បាន​រៀប​រាប់​ដែរ​ថា​ចៀម​នឹង​ជា​អ្នក​ដែល​ជឿ​លើ​លោក​យេស៊ូ ហើយ​ដែល​ជឿ​ថា​រាជាណាចក្រ​នោះ​នឹង​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​បាន​ប្រសើរ​ជាង។

៦​. នៅ​ឆ្នាំ​១៩៩៥ តើ​ការ​យល់​ដឹង​របស់​យើង​អំពី​ឧទាហរណ៍​នោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច?

៦ អស់​ជា​ច្រើន​ឆ្នាំ យើង​បាន​គិត​ថា​មនុស្ស​នឹង​ត្រូវ​វិនិច្ឆ័យ​តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ បើ​ពួក​គេ​ព្រម​ទទួល​យក​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ ពួក​គេ​គឺ​ជា​ចៀម តែ​បើ​ពួក​គេ​បដិសេធ ពួក​គេ​គឺ​ជា​ពពែ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៥ ការ​យល់​ដឹង​របស់​យើង​អំពី​ឧទាហរណ៍​នោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។ ទស្សនាវដ្ដី​ប៉ម​យាម ឆ្នាំ​១៩៩៦ បាន​ប្រៀប​ធៀប​ម៉ាថាយ ២៤:២៩​-​៣១ (​សូម​អាន​) ទៅ​នឹង​ម៉ាថាយ ២៥:៣១, ៣២ (​សូម​អាន​) ហើយ​បាន​ពន្យល់​ថា​លោក​យេស៊ូ​នឹង​វិនិច្ឆ័យ​មនុស្ស​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជាខ្លាំង​ពេល​ដែល​កូន​មនុស្ស​«​មក​ប្រកប​ដោយ​សិរី​រុងរឿង​»​a (​សូម​មើល​កំណត់​សម្គាល់​)។

យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង​ដែល​លោក​បាន​ជួយ​យើង​ឲ្យ​យល់​ឧទាហរណ៍​របស់​លោក​យេស៊ូ

៧​. តើ​ឧទាហរណ៍​នោះ​មាន​អត្ថន័យ​យ៉ាង​ណា?

៧ សព្វ​ថ្ងៃ​នេះ យើង​យល់​ឧទាហរណ៍​អំពី​ចៀម​និង​ពពែ​យ៉ាង​ច្បាស់។ យើង​ដឹង​ថា​«​កូន​មនុស្ស​»​ ឬ​«​ស្តេច​»​គឺ​លោក​យេស៊ូ។ ​«​បង​ប្អូន​»​របស់​ស្តេច​គឺ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​ដែល​នឹង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​លោក​យេស៊ូ។ (​រ៉ូម ៨:១៦, ១៧​) ​«​ចៀម​»​និង​«​ពពែ​»​គឺ​មនុស្ស​ដែល​មក​ពី​គ្រប់​ប្រជា​ជាតិ។ ពួក​គេ​នឹង​ត្រូវ​វិនិច្ឆ័យ​នៅ​ចុង​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ឆាប់​ៗ​នេះ។ ម្យ៉ាង​ទៀត យើង​ដឹង​ថា​លោក​យេស៊ូ​នឹង​វិនិច្ឆ័យ​មនុស្ស​ស្រប​តាម​របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​ផែន​ដី​នៅ​ឡើយ។ យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង​ដែល​លោក​បាន​ជួយ​យើង​ឲ្យ​យល់​បន្ដិច​ម្ដង​ៗ​នូវ​ឧទាហរណ៍​នេះ និង​ឧទាហរណ៍​ផ្សេង​ទៀត​ក្នុង​ម៉ាថាយ ជំពូក​ទី​២៤​និង​២៥!

ឧទាហរណ៍​នោះ​បង្រៀន​យើង​ថា កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​សំខាន់​ណាស់

៨, ៩​. ហេតុ​អ្វី​លោក​យេស៊ូ​ហៅ​ចៀម​ថា​«​សុចរិត​»​?

៨ លោក​យេស៊ូ​មិន​បាន​ប្រើ​ពាក្យ​«​ផ្សព្វ​ផ្សាយ​»​ ឬ​«​កិច្ច​ការ​ផ្សព្វ​ផ្សាយ​»​ក្នុង​ឧទាហរណ៍​អំពី​ចៀម​និង​ពពែ​ឡើយ។ ដូច្នេះ តើ​តាម​របៀប​ណា​យើង​ដឹង​ថា​ឧទាហរណ៍​នោះ​បង្រៀន​យើង​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​សំខាន់​ណាស់?

៩ ដើម្បី​ដឹង​ចម្លើយ ដំបូង​យើង​ត្រូវ​ចាំ​ថា​ពេល​លោក​យេស៊ូ​បង្រៀន​មេរៀន​ណា​មួយ លោក​ប្រើ​ឧទាហរណ៍​មួយ។ យើង​អាច​ដឹង​ថា លោក​មិន​បាន​មាន​ប្រសាសន៍​អំពី​ចៀម​និង​ពពែ​មែនទែន​ទេ។ ដូច​គ្នា​ដែរ លោក​មិន​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​គ្រប់​រូប​ដែល​នឹង​ត្រូវ​វិនិច្ឆ័យ​ថា​ជា​ចៀម​គួរ​តែ​ផ្ដល់​អាហារ​និង​សម្លៀក​បំពាក់​ដល់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ថែ​រក្សា​ពួក​គាត់​ពេល​ពួក​គាត់​ឈឺ ឬ​ទៅ​សួរ​សុខទុក្ខ​ពួក​គាត់​ពេល​ពួក​គាត់​នៅ​ក្នុង​គុក​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​ហៅ​ចៀម​ថា​«​សុចរិត​»​ ដោយ​សារ​ពួក​គេ​ចាត់​ទុក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ថា​ជា​បង​ប្អូន​របស់​លោក​យេស៊ូ ហើយ​ដោយ​សារ​ពួក​គេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​ដ៏​លំបាក​នេះ។—ម៉ាថាយ ១០:៤០​-​៤២; ២៥:៤០, ៤៦; ធីម៉ូថេ​ទី២ ៣:១​-​៥

១០​. តើ​តាម​របៀប​ណា​ចៀម​អាច​ជួយ​បង​ប្អូន​របស់​គ្រិស្ត?

១០ ពេល​លោក​យេស៊ូ​លើក​ឧទាហរណ៍​អំពី​ចៀម​និង​ពពែ លោក​បាន​មាន​ប្រសាសន៍​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ចុង​បញ្ចប់។ (​ម៉ាថាយ ២៤:៣​) ជា​ឧទាហរណ៍ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»។ (​ម៉ាថាយ ២៤:១៤​) ក្រោយ​មក មុន​លោក​បាន​មាន​ប្រសាសន៍​អំពី​ចៀម​និង​ពពែ លោក​បាន​លើក​ឧទាហរណ៍​អំពី​ថាលិន។ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​នេះ​ដើម្បី​បង្រៀន​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ថា​ពួក​គាត់​ត្រូវ​ខំ​ប្រឹង​ព្យាយាម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ​មាន​តែ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅ​សល់​នៅ​ផែន​ដី ហើយ​ពួក​គាត់​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ! លោក​យេស៊ូ​បាន​ប្រាប់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​«​ប្រជា​ជាតិ​ទាំង​ឡាយ​»​មុន​ទី​បញ្ចប់​មក។ ដូច​ក្នុង​ឧទាហរណ៍​អំពី​ចៀម​និង​ពពែ យើង​រៀន​ថា​«​ចៀម​»​ជួយ​បង​ប្អូន​របស់​លោក​យេស៊ូ។ ម្យ៉ាង​ទៀត វិធី​មួយ​ដ៏​ល្អ​បំផុត​ដែល​ពួក​គេ​អាច​ធ្វើ​ដូច្នេះ គឺ​ជួយ​បង​ប្អូន​របស់​លោក​យេស៊ូ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ តើ​ការ​គ្រាន់​តែ​ធ្វើ​វិភាគ​ទាន​ជា​លុយ​កាក់​សម្រាប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ ឬ​ក៏​លើក​ទឹក​ចិត្ត​បង​ប្អូន​របស់​គ្រិស្ត​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ​គឺ​គ្រប់​គ្រាន់​ឬ?

តើ​អ្នក​ណា​គួរ​ផ្សព្វ​ផ្សាយ?

១១​. តើ​អ្នក​ខ្លះ​ប្រហែល​ជា​សួរ​សំណួរ​អ្វី ហើយ​ហេតុ​អ្វី?

១១ សព្វ​ថ្ងៃ​នេះ មាន​អ្នក​កាន់​តាម​លោក​យេស៊ូ​៨​លាន​នាក់ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ទេ។ លោក​យេស៊ូ​មិន​បាន​ឲ្យ​ថាលិន​ទៅ​ពួក​គេ​ឡើយ។ លោក​បាន​ឲ្យ​ថាលិន​ទៅ​បង​ប្អូន​របស់​លោក​ដែល​ព្រះ​បាន​រើស​តាំង។ (​ម៉ាថាយ ២៥:១៤​-​១៨​) ដូច្នេះ អ្នក​ខ្លះ​ប្រហែល​ជា​សួរ​ថា ‹បើ​លោក​យេស៊ូ​មិន​បាន​ឲ្យ​ថាលិន​ទៅ​ពួក​គេ តើ​ពួក​គេ​ពិត​ជា​ត្រូវ​ផ្សព្វ​ផ្សាយ​ឬ​ទេ?›។ គឺ​ពិត​ជា​ត្រូវ​ផ្សព្វ​ផ្សាយ​មែន។ សូម​ពិចារណា​អំពី​មូលហេតុ​ខ្លះ។

១២​. តើ​យើង​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ២៨:១៩, ២០?

១២ លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ទាំង​អស់​ឲ្យ​ផ្សព្វ​ផ្សាយ។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ‹ទៅ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម› ហើយ​បង្រៀន​ពួក​គេ​នូវ​«​អ្វី​ៗ​ទាំង​អស់​»​ដែល​លោក​បាន​បង្គាប់។ ដូច្នេះ អ្នក​កាន់​តាម​ទាំង​នេះ​របស់​លោក​យេស៊ូ​ក៏​ត្រូវ​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែល​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដែរ។ (​សូម​អាន ម៉ាថាយ ២៨:១៩, ២០​) នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​យើង​ទាំង​អស់​គ្នា​ត្រូវ​ផ្សព្វ​ផ្សាយ ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌ ឬ​នៅ​ផែន​ដី​ក៏​ដោយ។—សកម្មភាព ១០:៤២

យើង​ទាំង​អស់​គ្នា​ត្រូវ​ផ្សព្វ​ផ្សាយ ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌ ឬ​នៅ​ផែន​ដី​ក៏​ដោយ

១៣​. តើ​យើង​រៀន​អ្វី​ខ្លះ​ពី​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត?

១៣ ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ យើង​រៀន​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​និង​អ្នក​ឯ​ទៀត។ លោក​យេស៊ូ​បាន​ឲ្យ​សាវ័ក​យ៉ូហាន​ឃើញ​ក្នុង​គំនិត​អំពី​«​កូន​ក្រមុំ​»​ដែល​អញ្ជើញ​មនុស្ស​ឲ្យ​មក​ផឹក​ទឹក​ដែល​ផ្ដល់​ជីវិត។ កូន​ក្រមុំ​សំដៅ​លើ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​១៤៤.០០០​នាក់​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ (​ការ​បើក​បង្ហាញ ១៤:១, ៣; ២២:១៧​) ទឹក​សំដៅ​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​ដែល​នឹង​ជួយ​មនុស្ស​ឲ្យ​មាន​ជីវិត​ដែល​គ្មាន​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ (​ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦; យ៉ូហាន​ទី១ ៤:៩, ១០​) អ្នក​ដែល​ព្រះ​បាន​រើស​តាំង​មាន​ចិត្ត​ខ្នះ​ខ្នែង​បង្រៀន​មនុស្ស​អំពី​ថ្លៃ​លោះ និង​អំពី​របៀប​ដែល​ពួក​គេ​អាច​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​នោះ។ (​កូរិនថូស​ទី១ ១:២៣​) ប៉ុន្តែ ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នោះ យ៉ូហាន​បាន​ឃើញ​មនុស្ស​មួយ​ក្រុម​ទៀត​ដែល​មិន​មែន​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ទេ ប៉ុន្តែ​ជា​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែន​ដី។ ពួក​គេ​ក៏​បាន​ត្រូវ​បង្គាប់​ឲ្យ​ប្រាប់​មនុស្ស​ឯ​ទៀត​ថា​៖ ​«​មក​ចុះ!​»។ ម្យ៉ាង​ទៀត ពួក​គេ​ធ្វើ​តាម​បង្គាប់​នោះ​ដោយ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ។ ដូច្នេះ អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​បង្ហាញ​ថា មនុស្ស​ទាំង​អស់​នោះ​ដែល​ព្រម​ទទួល​យក​ដំណឹង​ល្អ​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត។

១៤​. តើ​យើង​ធ្វើ​តាម​«​ច្បាប់​គ្រិស្ត​»​យ៉ាង​ដូច​ម្ដេច?

១៤ មនុស្ស​គ្រប់​រូប​ដែល​ធ្វើ​តាម​«​ច្បាប់​គ្រិស្ត​»​ត្រូវ​ផ្សព្វ​ផ្សាយ។ (​កាឡាទី ៦:២​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​ទាំង​អស់​ធ្វើ​តាម​ច្បាប់​នោះ​ដូច​គ្នា។ នៅ​អតីតកាល លោក​បាន​តម្រូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅ​ជា​មួយ​នឹង​ពួក​គេ​ធ្វើ​តាម​ច្បាប់របស់​លោក។ (​និក្ខមនំ ១២:៤៩; លេវីវិន័យ ២៤:២២​) សព្វ​ថ្ងៃ​នេះ យើង​មិន​ចាំ​បាច់​ធ្វើ​តាម​ច្បាប់​ទាំង​អស់​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ ផ្ទុយ​ទៅ​វិញ ទោះ​ជា​យើង​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ឬ​មិន​មែន​ក៏​ដោយ យើង​ត្រូវ​ធ្វើ​តាម​«​ច្បាប់​គ្រិស្ត​»។ អ្វី​មួយ​ដ៏​សំខាន់​បំផុត​ដែល​លោក​យេស៊ូ​បាន​បង្រៀន​យើង​គឺ​សេចក្ដី​ស្រឡាញ់។ (​យ៉ូហាន ១៣:៣៥; យ៉ាកុប ២:៨​) ដូច្នេះ យើង​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​មនុស្ស​ឯ​ទៀត។ ម្យ៉ាង​ទៀត របៀប​ល្អ​បំផុត​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ព្រះ។—យ៉ូហាន ១៥:១០; សកម្មភាព ១:៨

១៥​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ទាំង​អស់​ឲ្យ​ផ្សព្វ​ផ្សាយ?

១៥ អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​ខ្លះ​របស់​លោក ជួន​កាល​អាច​សំដៅ​លើ​អ្នក​កាន់​តាម​ជា​ច្រើន​របស់​លោក។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក​១១​នាក់ ហើយ​បាន​សន្យា​ចំពោះ​ពួក​គាត់​ថា ពួក​គាត់​នឹង​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​លោក។ ប៉ុន្តែ កិច្ច​ព្រម​ព្រៀង​នេះ​ពិត​ជា​ជាប់​ទាក់​ទង​នឹង​ពួក​១៤៤.០០០​នាក់​ទាំង​អស់​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក។ (​លូកា ២២:២៩, ៣០; ការ​បើក​បង្ហាញ ៥:១០; ៧:៤​-​៨​) បន្ទាប់​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មាន​តែ​អ្នក​កាន់​តាម​លោក​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​បាន​ឮ​បង្គាប់​របស់​លោក​ដែល​ឲ្យ​ផ្សព្វ​ផ្សាយ។ (​សកម្មភាព ១០:៤០​-​៤២; កូរិនថូស​ទី១ ១៥:៦​) ប៉ុន្តែ អ្នក​កាន់​តាម​ទាំង​អស់​របស់​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី១​បាន​ធ្វើ​តាម​បង្គាប់​នោះ។ (​សកម្មភាព ៨:៤; ពេត្រុស​ទី១ ១:៨​) សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ យើង​ដឹង​ថា​យើង​ត្រូវ​ផ្សព្វ​ផ្សាយ ទោះ​ជា​យើង​មិន​បាន​ឮ​សំឡេង​របស់​លោក​យេស៊ូដែល​ប្រាប់​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ​ក៏​ដោយ។ តាម​ការ​ពិត មាន​មនុស្ស​ជិត​៨​លាន​នាក់​ដែល​កំពុង​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ យើង​ដឹង​ថា​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ យើង​បង្ហាញ​ថា​យើង​ពិត​ជា​មាន​ជំនឿ​លើ​លោក​យេស៊ូ។—យ៉ាកុប ២:១៨

ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ស្មោះ​ត្រង់

១៦​-​១៨​. តើ​តាម​របៀប​ណា​យើង​អាច​ជួយ​បង​ប្អូន​របស់​គ្រិស្ត​យ៉ាង​ស្មោះ​ត្រង់ ហើយ​ហេតុ​អ្វី​យើង​គួរ​ធ្វើ​ដូច្នេះ​នៅ​ឥឡូវ​នេះ?

១៦ សាថាន​កំពុង​ច្បាំង​កាន់​តែ​ខ្លាំង​ប្រឆាំង​នឹង​បង​ប្អូន​របស់​គ្រិស្ត​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​ផែន​ដី​នៅ​ឡើយ ហើយ​វា​ដឹង​ថា​វា​នៅ​សល់​«​ពេល​តែ​បន្ដិច​បន្តួច​»​ប៉ុណ្ណោះ។ (​ការ​បើក​បង្ហាញ ១២:៩, ១២, ១៧​) ប៉ុន្តែ ទោះ​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ត្រូវ​សាថាន​វាយ​ប្រហារ​ក្ដី ក៏​ពួក​គាត់​បន្ត​នាំ​មុខ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែរ ហើយ​មនុស្ស​កាន់​តែ​ច្រើន​ជាង​ពី​មុន​កំពុង​ឮ​ដំណឹង​ល្អ។ លោក​យេស៊ូ​ច្បាស់​ជា​នៅ​ជា​មួយ​នឹង​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ហើយ​លោក​កំពុង​ដឹក​នាំ​ពួក​គាត់។—ម៉ាថាយ ២៨:២០

ការ​ជួយ​បង​ប្អូន​របស់​គ្រិស្ត គឺ​ជា​កិត្ដិយស​មួយ

១៧ យើង​ចាត់​ទុក​ការ​ជួយ​បង​ប្អូន​របស់​គ្រិស្ត​តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ គឺ​ជា​កិត្ដិយស​មួយ។ យើង​ក៏​ជួយ​ពួក​គាត់​តាម​រយៈ​ការ​ធ្វើ​វិភាគ​ទាន​ជា​លុយ​កាក់ ហើយ​ខំ​ប្រឹង​ព្យាយាម​សាងសង់​សាល​ប្រជុំ សាល​សន្និបាត និង​ការិយាល័យ​សាខា​ជា​ដើម។ ម្យ៉ាង​ទៀត ដោយ​ចិត្ត​ស្មោះ​ត្រង់ យើង​ស្ដាប់​បង្គាប់​អ្នក​ចាស់​ទុំ និង​បង​ប្អូន​ឯ​ទៀត​ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ ពេល​យើង​ធ្វើ​ដូច្នេះ នោះ​បង្ហាញ​ថា​យើង​ចង់​ជួយ​បង​ប្អូន​របស់​គ្រិស្ត។—ម៉ាថាយ ២៤:៤៥​-​៤៧; ហេប្រឺ ១៣:១៧

១៨ មិន​យូរ​ទៀត អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែន​ដី​នឹង​ទទួល​ការ​បោះត្រា​ជា​លើក​ចុង​ក្រោយ។ បន្ទាប់​មក ទេវតា​នឹង​លែង​«​ខ្យល់​ទាំង​បួន​នៃ​ផែន​ដី​»​ ហើយ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម។ (​ការ​បើក​បង្ហាញ ៧:១​-​៣​) មុន​សង្គ្រាម​ហាម៉ាគេដូន​ចាប់​ផ្ដើម លោក​យេស៊ូ​នឹង​យក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ឡើង​ទៅ​ស្ថាន​សួគ៌។ (​ម៉ាថាយ ១៣:៤១​-​៤៣​) ដូច្នេះ បើ​យើង​ចង់​ឲ្យ​លោក​យេស៊ូ​វិនិច្ឆ័យ​យើង​ថា​ជា​ចៀម ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​បង​ប្អូន​របស់​គ្រិស្ត​ដែល​ព្រះ​បាន​រើស​តាំង។

a ដើម្បី​ដឹង​ការ​ពន្យល់​ល្អិត​ល្អន់​អំពី​ឧទាហរណ៍​នេះ សូម​មើល​អត្ថបទ​នៅ​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៩៦ ដែល​មាន​ចំណង​ជើង​ថា ​«​តើ​អ្នក​នឹង​ឈរ​បាន​យ៉ាង​ណា​នៅ​ពី​មុខ​កៅអី​ជំនុំ​ជំ​រះ?​»​ ហើយ​«​តើ​ពួក​ចៀម​និង​ពួក​ពពែ​មាន​អនាគត​យ៉ាង​ណា?​»។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • កូន​មនុស្ស: គឺ​លោក​យេស៊ូ។ ក្នុង​ឧទាហរណ៍​នោះ លោក​ក៏​បាន​ត្រូវ​ហៅ​ថា​«​ស្តេច​»​ដែរ

  • បង​ប្អូន​របស់​គ្រិស្ត: គឺ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ ក្នុង​ឧទាហរណ៍​នោះ ពួក​គាត់​ក៏​បាន​ត្រូវ​ហៅ​ថា​«​បង​ប្អូន​»​របស់​ស្តេច​ដែរ

  • ចៀម: គឺ​មនុស្ស​ដែល​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែន​ដី ដោយ​សារ​ពួក​គេ​បាន​ជួយ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក