បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/១ ទំ. ២៧-៣២
  • តើពួកចៀមនិងពួកពពែមានអនាគតយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើពួកចៀមនិងពួកពពែមានអនាគតយ៉ាងណា?
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​បុគ្គល​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ
  • តើ​ពួក​អ្នក​ណា​ជា​ចៀម​និង​ពពែ​នោះ?
  • តើ​ក្រុម​និមួយ​ៗ​មាន​អនាគត​យ៉ាង​ណា?
  • តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង?
  • ចូរ​កត់​សម្គាល់​នូវ​ការ​ស្រប​នឹង​គ្នា
  • ការគាំទ្របងប្អូនគ្រិស្តយ៉ាងស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • គ្រិស្តទទួលអំណាចហើយវិនិច្ឆ័យចៀមនិងពពែ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ពួកហ្វូងធំនៃពួកអ្នកថ្វាយបង្គំពិត—តើពួកគេមកពីណា?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • តើអ្នកនឹងឈរបានយ៉ាងណានៅពីមុខកៅអ៊ីជំនុំជំរះ?
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/១ ទំ. ២៧-៣២

តើ​ពួក​ចៀម​និង​ពួក​ពពែ​មាន​អនាគត​យ៉ាង​ណា?

«រួច​គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ»។—ម៉ាថាយ ២៥:៣២

១, ២. ហេតុ​អ្វី​ក៏​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ ត្រូវ​តែ​ជា​ការ​ដ៏​សំខាន់​មួយ​ចំពោះ​យើង?

ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​ពិត​ជា​គ្រូ​ដ៏​ឧត្តម​នៅ​លើ​ផែនដី​នេះ។ (យ៉ូហាន ៧:៤៦) វិធី​បង្រៀន​របស់​ទ្រង់​មួយ គឺ​ទ្រង់​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច​ឬ​ឧទាហរណនិទស្សន៍។ (ម៉ាថាយ ១៣:៣៤, ៣៥) រឿង​ប្រៀប​ប្រដូច​ទាំង​នេះ​គឺ​ស្រួល​យល់​ណាស់ តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​សេចក្ដី​ពិត​ខាង​វិញ្ញាណ​និង​ខាង​ទំនាយ​ដ៏​ជ្រៅ​ៗ។

២ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ ព្រះ​យេស៊ូ​បាន​ចង្អុល​ប្រាប់​ទៅ​ពេល​វេលា​មួយ ដែល​ទ្រង់​នឹង​ប្រព្រឹត្ត​ក្នុង​សមត្ថភាព​ដ៏​ពិសេស៖ «កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរី​ល្អ​របស់​លោក មាន​ទាំង . . . »។ (ម៉ាថាយ ២៥:៣១) យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នេះ ពី​ព្រោះ​នេះ​ជា​រឿង​ប្រៀប​ប្រដូច​ដែល​ព្រះ​យេស៊ូ​បាន​បញ្ចប់​ការ​តប​ឆ្លើយ​នឹង​សំនួរ​ដែល​ថា៖ «តើ​មាន​ទី​សម្គាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប»? (ម៉ាថាយ ២៤:៣) ប៉ុន្តែ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ដែរ​ចំពោះ​យើង?

៣. នៅ​ដើម​នៃ​សេចក្ដី​ថ្លែង​របស់​ទ្រង់ តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ណា អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម​នោះ?

៣ ព្រះ​យេស៊ូ​បាន​ទាយ​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង «ក្រោយ​ពី»ការ​ផ្ទុះ​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង ដែល​យើង​កំពុង​តែ​រង់​ចាំ។ ទ្រង់​បាន​មាន​បន្ទូល​ថា រួច​មក​ការ«សម្គាល់​នៃ​កូន​មនុស្ស»នឹង​លេច​ឡើង។ នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ«កុលសម្ព័ន្ធ​នៃ​ផែនដី» ដែល«នឹង​ឃើញ​កូន​មនុស្ស មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះ​ចេស្ដា នឹង​សិរី​ល្អ​ជា​ខ្លាំង»។ កូន​មនុស្ស​នឹង​មាន«ពួកទេវតា​របស់​លោក»មក​ជា​មួយ។ (ម៉ាថាយ ២៤:២១, ២៩​-​៣១)a ចុះ​យ៉ាង​ណា​វិញ ចំពោះ​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ​នោះ? ព្រះ​គម្ពីរ​សម័យ​ថ្មី​នេះ បាន​ចែង​រឿង​នេះ​នៅ​ក្នុង​ជំពូក ២៥ ប៉ុន្តែ​នេះ​ជា​ផ្នែក​ខ្លះ​ៗ​នៃ​ការ​តប​ឆ្លើយ​របស់​ព្រះ​យេស៊ូ ដោយ​ផ្ដល់​នូវ​ការ​រៀប​រាប់​ថែម​ទៀត​អំពី​ការ​យាង​មក​វិញ​ក្នុង​សិរី​ល្អ​របស់​ទ្រង់ ហើយ​សំដៅ​ទៅ​លើ​ការ​ជំនុំ​ជំ​រះ​នៃ«គ្រប់​ទាំង​សាសន៍»។—ម៉ាថាយ ២៥:៣២

ពួក​បុគ្គល​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ

៤. តើ​ការ​ថ្លែង​អ្វី​អំពី​ព្រះ​យេស៊ូ នៅ​ដើម​នៃ​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ ហើយ​តើ​បាន​រៀប​រាប់​អំពី​ពួក​ណា​ទៀត?

៤ ព្រះ​យេស៊ូ​ចាប់​ផ្ដើម​រឿង​ប្រៀប​ប្រដូច​នេះ ដោយ​មាន​បន្ទូល​ថា៖ «កាល​ណា​កូន​មនុស្ស​នឹង​មក»។ អ្នក​ប្រហែល​ជា​ដឹង​ថា«កូន​មនុស្ស»ជា​អ្នក​ណា​ហើយ។ ពួក​អ្នក​សរសេរ​ព្រះ​គម្ពីរ​ដំណឹង​ល្អ​តែង​តែ​សំដៅ​ពាក្យ​នេះ​ទៅ​ចំពោះ​ព្រះ​យេស៊ូ។ សូម្បី​តែ​ព្រះ​យេស៊ូ​អង្គ​ទ្រង់​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ ហើយ​ទ្រង់​ច្បាស់​ជា​ដឹង​អំពី​ចក្ខុនិមិត្ត​របស់​លោក​ដានីយ៉ែល អំពី«១​អង្គ​ដូច​ជា​មនុស្សជាតិ» ដើរ​ឆ្ពោះ​ទៅ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ ដើម្បី​នឹង​ទទួល«អំណាច​គ្រប់​គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង»។ (ដានីយ៉ែល ៧:១៣, ១៤; ម៉ាថាយ ២៦:៦៣, ៦៤; ម៉ាកុស ១៤:៦១, ៦២) ថ្វី​បើ​ព្រះ​យេស៊ូ​ជា​បុគ្គល​ដ៏​សំខាន់​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​ក្ដី ប៉ុន្តែ​មិន​មាន​ទ្រង់​តែ​មួយ​អង្គ​នោះ​ទេ។ នៅ​ដើម​នៃ​ការ​ថ្លែង​នេះ ដូច​បាន​ដក​ស្រង់​មក​ពី​ម៉ាថាយ ២៤:៣០, ៣១ ទ្រង់​បាន​មាន​បន្ទូល​ថា នៅ​ពេល​ដែល​កូន​មនុស្ស​មក‹មាន​ទាំង​ព្រះ​ចេស្ដា​និង​សិរី​ល្អ​ជា​ខ្លាំង​នោះ› ពួក​ទេវតា​របស់​ទ្រង់​ក៏​មាន​មុខ​នាទី​ដ៏​សំខាន់​ដែរ។ យ៉ាង​ដូច្នេះ​ដែរ ក្នុង​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ បង្ហាញ​ថា ពួក​ទេវតា​នៅ​ជា​មួយ​នឹង​ព្រះ​យេស៊ូ នៅ​ពេល​ដែល​ទ្រង់‹គង់​លើ​បល្ល័ង្ក​ដ៏​រុង​រឿង​របស់​ទ្រង់›ដើម្បី​នឹង​ជំនុំ​ជំ​រះ។ (ប្រៀប​ធៀប ម៉ាថាយ ១៦:២៧) ប៉ុន្តែ ចៅ​ក្រម​និង​ពួក​ទេវតា​របស់​ទ្រង់​គឺ​នៅ​លើ​ស្ថាន​សួគ៌ តើ​ពួក​មនុស្ស​ដែល​បាន​ពិគ្រោះ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​នៅ​ទី​នោះ​ដែរ​ឬ?

៥. តើ​តាម​របៀប​ណា​ដែល​យើង​អាច​សម្គាល់«បង​ប្អូន»របស់​ព្រះ​យេស៊ូ​បាន​នោះ?

៥ ការ​មើល​រឿង​ប្រៀប​ប្រដូច​នេះ​មួយ​ភ្លែត សម្ដែង​ប្រាប់​ថា​មាន​ក្រុម​បី​ដែល​យើង​ត្រូវ​តែ​សម្គាល់។ ក្រៅ​ពី​ចៀម​និង​ពពែ កូន​មនុស្ស​បាន​បន្ថែម​នូវ​ក្រុម​ទី​បី ដែល​អត្ថ​សញ្ញាណ​របស់​គេ​គឺ​មាន​សារៈ​សំខាន់​ក្នុង​ការ​សម្គាល់​ពួក​ចៀម​និង​ពួក​ពពែ។ ព្រះ​យេស៊ូ​ហៅ​ក្រុម​ទី​បី​នេះ ជា​បង​ប្អូន​ខាង​វិញ្ញាណ​របស់​ទ្រង់។ (ម៉ាថាយ ២៥:៤០, ៤៥) ពួក​គេ​ត្រូវ​តែ​ជា​អ្នក​ថ្វាយ​បង្គំ​ដ៏​ពិត ពី​ព្រោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​ខ្ញុំ . . . គឺ​អ្នក​នោះ​ហើយ ជា​ប្អូន​ប្រុស​ស្រី ហើយ​ជា​ម្ដាយ​ខ្ញុំ​វិញ»។ (ម៉ាថាយ ១២:៥០; យ៉ូហាន ២០:១៧) អ្វី​ដែល​មាន​ចំណុច​ចំ​ៗ​ទៀត គឺ​អ្វី​ដែល​ប៉ុល​បាន​សរសេរ​អំពី​ជន​គ្រីស្ទាន ដែល​ជា​ផ្នែក​នៃ«ពូជ​របស់​លោក​អ័ប្រាហាំ» ហើយ​ដែល​ជា​ពួក​កូន​របស់​ព្រះ។ លោក​បាន​ហៅ​ពួក​ទាំង​នេះ ជា«បង​ប្អូន»របស់​ព្រះ​យេស៊ូ ហើយ«មាន​ចំណែក​ក្នុង​ការងារ​ស្ថាន​សួគ៌»។—ហេព្រើរ ២:៩–៣:១; កាឡាទី ៣:២៦, ២៩

៦. តើ​អ្នក​ណា​ដែល«តូច​ជាង​គេ»នៃ​បង​ប្អូន​របស់​ព្រះ​យេស៊ូ?

៦ ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​បាន​រៀប​រាប់​អំពី«អ្នក​តូច​ជាង​គេ»នៃបង​ប្អូន​របស់​ទ្រង់? ពាក្យ​ទាំង​នោះ​បញ្ចេញ​សា​ជា​ថ្មី​នូវ​អ្វី​ដែល​ពួក​សាវ័ក​បាន​ឮ​ទ្រង់​មាន​បន្ទូល​ពី​មុន។ នៅ​ពេល​ប្រៀប​ធៀប​យ៉ូហាន​-​បាទីស្ទ ដែល​បាន​ស្លាប់​មុន​ព្រះ​យេស៊ូ ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​លើ​ផែនដី​នោះ ទៅ​នឹង​អស់​អ្នក​ដែល​នឹង​ទទួល​ជីវិត​នៅ​លើ​ស្ថាន​សួគ៌ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្ដា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន​-​បាទីស្ទ​ទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថាន​សួគ៌ នោះ​ធំ​ជាង​គាត់​ហើយ»។ (ម៉ាថាយ ១១:១១) ពួក​ខ្លះ​ទៅ​ស្ថាន​សួគ៌​ប្រហែល​ជា​អ្នក​ធំ​ដុំ​នៅ​ក្នុង​ក្រុម​ជំនុំ ដូច​ជា​ពួក​សាវ័ក តែ​ពួក​អ្នក​ខ្លះ​ទៀត​គឺ​មិន​ធំ​ដុំ​ប៉ុន្មាន​ទេ ប៉ុន្តែ​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​បង​ប្អូន​ខាង​វិញ្ញាណ​របស់​ព្រះ​យេស៊ូ។ (លូកា ១៦:១០; កូរិនថូស​ទី​១ ១៥:៩; អេភេសូរ ៣:៨ ហេព្រើរ ៨:១១) ដូច្នេះ ថ្វី​បើ​អ្នក​ខ្លះ​ហាក់​បី​ដូច​ជា​មិន​សំខាន់​នៅ​លើ​ផែនដី​ក្ដី ពួក​គេ​ជា​បង​ប្អូន​របស់​ទ្រង់ ហើយ​ត្រូវ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ទាំង​នេះ​ដោយ​សម​ស្រប​ដែរ។

តើ​ពួក​អ្នក​ណា​ជា​ចៀម​និង​ពពែ​នោះ?

៧, ៨. តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ណា​អំពី​ចៀម ដូច្នេះ​តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ពួក​គេ?

៧ យើង​អាន​អំពី​ការ​ជំនុំ​ជំ​រះ​នៃ​ពួក​ចៀម​ថា៖ «នោះ[ព្រះ​យេស៊ូ]ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្ដាំ​ថា ‹ឱ​ពួក​អ្នក​ដែល​ព្រះ​វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក ពី​ព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង យើង​នៅ​អាក្រាត ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​យើង យើង​បាន​ឈឺ ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង ក៏​ជាប់​គុក ហើយ​អ្នក​រាល់​គ្នា​បាន​មក​ឯ​យើង នោះ​ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ទ្រង់​ថា ‹ព្រះ​អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាល​ណា តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា ឬ​ទ្រង់​អាក្រាត ហើយ​បាន​បំពាក់​ថ្វាយ​ទ្រង់​ពី​កាល​ណា តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ ឬ​ជាប់​គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាល​ណា នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ​គេ​ថា ‹យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ›»។—ម៉ាថាយ ២៥:៣៤​-​៤០

៨ យ៉ាង​ច្បាស់​ណាស់ ពួក​ចៀម​ដែល​បាន​ជំនុំ​ជំ​រះ​សម​នឹង​នៅ​ខាង​ស្ដាំ​ដៃ​នៃ​កិត្ដិយស​និង​ព្រះ​គុណ​នោះ គឺ​តំណាង​មនុស្ស​មួយ​ក្រុម។ (អេភេសូរ ១:២០; ហេព្រើរ ១:៣) តើ​ពួក​គេ​ធ្វើ​អ្វី ហើយ​នៅ​ពេល​ណា? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ពួក​គេ​មាន​ចិត្ត​សប្បុរស គួរ​ឲ្យ​គោរព ហើយ​បាន​ឲ្យ​ម្ហូប​អាហារ ទឹក និង​សំលៀក​បំពាក់​យ៉ាង​បរិបូរ ដើម្បី​នឹង​ជួយ​ទ្រង់​នៅ​ពេល​ដែល​ទ្រង់​បាន​ឈឺ​ឬ​នៅ​ក្នុង​គុក។ នៅ​ពេល​ដែល​ពួក​ចៀម​មាន​ប្រសាសន៍​ថា ពួក​គេ​មិន​បាន​ធ្វើ​ដូច​នេះ​ដល់​ព្រះ​យេស៊ូ​ដោយ​ផ្ទាល់​ខ្លួន​នោះ ទ្រង់​ចង្អុល​ប្រាប់​ថា ពួក​គេ​បាន​គាំទ្រ​ដល់​បង​ប្អូន​ខាង​វិញ្ញាណ​របស់​ទ្រង់ ពួក​អ្នក​សំណល់​នៃ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង ដូច្នេះ​គឺ​ហាក់​បី​ដូច​ជា​ធ្វើ​ដល់​ទ្រង់​តែ​ម្ដង។

៩. ហេតុ​អ្វី​ក៏​រឿង​ប្រៀប​ប្រដូច​នេះ​មិន​ទាក់​ទង​ក្នុង​កំឡុង​សហស្សវត្ស​បាន?

៩ រឿង​ប្រៀប​ប្រដូច​នេះ​មិន​ទាក់​ទង​ក្នុង​កំឡុង​នៃ​សហស្សវត្ស​នោះ​ទេ ពី​ព្រោះ​ពួក​ចាក់​ប្រេង​តាំង​នៅ​ពេល​នោះ គឺ​មិន​មែន​ជា​មនុស្ស​ដែល​រង​ទុក្ខ​ការ​អត់​ឃ្លាន ជម្ងឺ ឬ​ជាប់​គុក​ឡើយ។ ពួក​ចាក់​ប្រេង​តាំង​ជា​ច្រើន​បាន​ពិសោធ​ការ​បៀត​បៀន​ដូច​នេះ​មែន នៅ​ក្នុង​កំឡុង​វេលា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍​នេះ។ តាំង​ពី​សាតាំង​បាន​ទំលាក់​មក​លើ​ផែនដី​នេះ វា​បាន​ចាត់​ទុក​ពួក​អ្នក​សំណល់​ជា​អ្វី​នៃ​កំហឹង​របស់​វា ដោយ​នាំ​ឲ្យ​មាន​ការ​សើច​ចំអក ទណ្ឌកម្ម និង​សេចក្ដី​ស្លាប់។—វិវរណៈ ១២:១៧

១០, ១១. (ក) ហេតុ​អ្វី​ក៏​មិន​សម​ហេតុ​ផល​ក្នុង​ការ​គិត​ថា ពួក​ចៀម​រួម​បញ្ចូល​មនុស្ស​គ្រប់​គ្នា​ដែល​ធ្វើ​ល្អ​ដល់​បង​ប្អូន​របស់​ព្រះ​យេស៊ូ​នោះ? (ខ) តើ​ពួក​ចៀម​តំណាង​អ្នក​ណា​ដោយ​សម​ហេតុ​ផល?

១០ តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា មនុស្ស​ណា​ដែល​បាន​ប្រព្រឹត្ត​ដ៏​សប្បុរស​យ៉ាង​តិច​តួច​ដល់​ពួក​បង​ប្អូន​របស់​ទ្រង់ ដូច​ជា​ឲ្យ​នំ​ប៉័ង​មួយ​ចំណិត ឬ​ក៏​ទឹក​មួយ​កែវ មាន​សិទ្ធិ​នៅ​ក្នុង​ចំណោម​ពួក​ចៀម​ឬ? ថ្វី​បើ​ការ​ធ្វើ​គុណ​បែប​នេះ ប្រហែល​ជា​ការ​សម្ដែង​សេចក្ដី​សប្បុរស​ពី​មនុស្ស​ក្ដី ប៉ុន្តែ​នេះ​ហាក់​បី​ដូច​ជា​ទាក់​ទង​ច្រើន​ទៅ​ទៀត​នឹង​ពួក​ចៀម​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ។ ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​មិន​បាន​សំដៅ​ទៅ​ពួក​មិន​ជឿ​ព្រះ​ឬ​បព្វជិត ដែល​បាន​ប្រព្រឹត្ត​ការ​សប្បុរស​ដល់​បង​ប្អូន​មួយ​របស់​ទ្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បាន​ហៅ​ចៀម«ពួក​មនុស្ស​សុចរិត»។ (ម៉ាថាយ ២៥:៣៧, ៤៦) ដូច្នេះ​ពួក​ចៀម​ត្រូវ​តែ​ជា​បុគ្គល​ណា​ដែល​បាន​មក​ជួយ​ក្នុង​មួយ​រយៈ​ដោយ—គាំទ្រ​យ៉ាង​សកម្ម—ដល់​ពួក​បង​ប្អូន​របស់​ព្រះ​គ្រីស្ទ ហើយ​បាន​ប្រព្រឹត្ត​ដោយ​ជំនឿ រហូត​ដល់​អាច​ទទួល​ឋានៈ​ដ៏​សុចរិត​នៅ​ពី​មុខ​ព្រះ។

១១ ជា​ច្រើន​សតវត្ស​កន្លង​មក​នេះ មាន​មនុស្ស​ជា​ច្រើន ដូច​ជា​លោក​អ័ប្រាហាំ បាន​មាន​ឋានៈ​ដ៏​សុចរិត។ (យ៉ាកុប ២:២១​-​២៣) លោក​ណូអេ អ័ប្រាហាំ និង​ពួក​ស្មោះ​ត្រង់​ឯ​ទៀត​គឺ​រួម​បញ្ចូល​ក្នុង​ចំណោម​ពួក«ចៀម​ឯ​ទៀត» ដែល​នឹង​ទទួល​នូវ​ជីវិត​ក្នុង​សួន​មនោរម្យ​នៅ​ក្រោម​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​មរតក។ ក្នុង​ពេល​ថ្មី​ៗ​នេះ មនុស្ស​រាប់​លាន​នាក់​បាន​ទទួល​យក​ការ​ថ្វាយ​បង្គំ​ពិត ជា​ពួក​ចៀម​ឯ​ទៀត ហើយ​បាន​ក្លាយ​ទៅ​ជា«ហ្វូង​មួយ» ជា​មួយ​នឹង​ពួក​អ្នក​រើស​តាំង។ (យ៉ូហាន ១០:១៦; វិវរណៈ ៧:៩) ពួក​ទាំង​នេះ​មានសេចក្ដី​សង្ឃឹម​នៅ​លើ​ផែនដី ទទួល​ស្គាល់​បង​ប្អូន​របស់​ព្រះ​យេស៊ូ ជា​ឯកអគ្គរាជទូត​នៃ​ព្រះ​រាជាណាចក្រ ហើយ​ដូច្នេះ​ក៏​បាន​ជួយ​ពួក​គេ—តាម​របៀប​ពិត​ៗ​និង​ខាង​វិញ្ញាណ។ ព្រះ​យេស៊ូ​ចាត់​ទុក​ថា អ្វី​ៗ​ដែល​ពួក​ចៀម​ឯ​ទៀត​ធ្វើ​ចំពោះ​បង​ប្អូន​របស់​ទ្រង់​នៅ​លើ​ផែនដី ក៏​ដូច​ជា​បាន​ធ្វើ​ទៅ​លើ​ទ្រង់​ដែរ។ បុគ្គល​បែប​នេះ​ដែល​មាន​ជីវិត​រស់​នៅ នៅ​ពេល​ដែល​ទ្រង់​មក​ជំនុំ​ជំ​រះ​សាសន៍​ទាំង​ឡាយ​នោះ នឹង​ត្រូវ​ជំនុំ​ជំ​រះ​ជា​ពួក​ចៀម។

១២. ហេតុ​អ្វី​ក៏​ពួក​ចៀម​ប្រហែល​ជា​សួរ​នូវ​របៀប​ណា​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​សប្បុរស​ទៅ​ព្រះ​យេស៊ូ​នោះ?

១២ បើ​សិន​ជា​ចៀម​ឯ​ទៀត​កំពុង​តែ​ផ្សាយ​ដំណឹង​ល្អ​ជា​មួយ​នឹង​ពួក​រើស​តាំង ហើយ​ជួយ​ពួក​គេ​នោះ ហេតុ​អ្វី​ក៏​គេ​សួរ​ថា៖ «ព្រះ​អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាល​ណា»? (ម៉ាថាយ ២៥:៣៧) គឺ​ប្រហែល​ជា​មាន​មូលហេតុ​ផ្សេង​ៗ​ទៀត។ នេះ​គឺ​ជា​រឿង​ប្រៀប​ប្រដូច។ តាម​រយៈ​រឿង​នេះ ព្រះ​យេស៊ូ​បង្ហាញ​នូវ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​អំពី​បង​ប្អូន​ខាង​វិញ្ញាណ​របស់​ទ្រង់ ទ្រង់​មាន​អារម្មណ៍​ដូច​គេ ហើយ​រង​ទុក្ខ​ការ​បៀត​បៀន​ដូច​ពួក​គេ​ដែរ។ នៅ​ពី​មុន ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ទទួល​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះ​អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ»។ (ម៉ាថាយ ១០:៤០) ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ព្រះ​យេស៊ូ​បង្ហាញ​ឲ្យ​ឃើញ​ជា​គោល​ការណ៍​ថា អ្វី​ៗ​ដែល​បាន​ធ្វើ (ល្អ​ឬ​អាក្រក់) ដល់​បង​ប្អូន​របស់​ទ្រង់ គឺ​ទៅ​ដល់​ស្ថាន​សួគ៌​ដែរ នេះ​គឺ​ហាក់​បី​ដូច​ជា​ធ្វើ​ដល់​ទ្រង់​នៅ​លើ​ស្ថាន​សួគ៌​អញ្ចឹង។ ម្យ៉ាង​វិញ​ទៀត​នៅ​ទី​នេះ ព្រះ​យេស៊ូ​បង្ហាញ​អំពី​បមាណីយ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ជំនុំ​ជំ​រះ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ជំនុំ​ជំ​រះ​របស់​ព្រះ ទោះ​បី​ជា​បាន​ព្រះ​គុណ​ឬ​ជាប់​ទោស​ក្ដី គឺ​ជា​ការ​ជំនុំ​ជំ​រះ​ដ៏​ត្រឹម​ត្រូវ​ហើយ​មាន​យុត្ដិធម៌។ ពួក​ពពែ​មិន​អាច​ដោះ​សារ​ថា ‹អូ៎! ដ្បិត​យើង​ពុំ​បាន​ឃើញ​ទ្រង់​ផ្ទាល់​ភ្នែក​ផង›។

១៣. ហេតុ​អ្វី​ក៏​ពួក​ដែល​មាន​លក្ខណៈ​ដូច​ពពែ​ហៅ​ព្រះ​យេស៊ូ​ជា«ព្រះ​អម្ចាស់»?

១៣ ក្រោយ​ពី​យើង​បាន​យល់ នៅ​ពេល​ណា​ដែល​ការ​ជំនុំ​ជំ​រះ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​បាន​ផ្ដើម​នោះ យើង​ក៏​អាច​មើល​ឃើញ​ច្បាស់​អំពី​អ្នក​ណា​ជា​ពួក​ពពែ​ដែរ។ ការ​សម្រេច​គឺ​នៅ«ក្រោយ​សេចក្ដី​វេទនា​របស់​គ្រា​នោះ​មក ស្រាប់​តែ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក នោះ​ទី​សំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី នឹង គក់​ទ្រង់​យំ ក៏​នឹង​ឃើញ​កូន​មនុស្ស . . . មាន​ទាំង​ព្រះ​ចេស្ដា នឹង​សិរី​ល្អ​ជា​ខ្លាំង»។ (ម៉ាថាយ ២៤:២៩, ៣០) ពួក​អ្នក​រួច​រស់​ជីវិត​ពី​សេចក្ដី​វេទនា​នៅ​ខាង​បាប៊ីឡូន​ដ៏​ធំ ដែល​បាន​ប្រព្រឹត្ត​នឹង​បង​ប្អូន​របស់​ស្តេច​យ៉ាង​ស្អប់​ខ្ពើម​នោះ ប្រហែល​ជា​ឥឡូវ​នេះ​និយាយ​ទៅ​ចៅ​ក្រម​ជា«ព្រះ​អម្ចាស់» ដោយ​សង្ឃឹម​ថា​នេះ​នឹង​សង្គ្រោះ​ជីវិត​របស់​គេ។—ម៉ាថាយ ៧:២២, ២៣; ប្រៀប​ធៀប វិវរណៈ ៦:១៥​-​១៧

១៤. តើ​ព្រះ​យេស៊ូ​នឹង​ជំនុំ​ជំ​រះ​ពួក​ចៀម​នឹង​ពពែ​ទៅ​លើ​មូលដ្ឋាន​អ្វី?

១៤ ប៉ុន្តែ ការ​ជំនុំ​ជំ​រះ​របស់​ព្រះ​យេស៊ូ​គឺ​នឹង​មិន​មាន​មូលដ្ឋាន​លើ​ការ​ខំ​អះអាង​ពី​ពួក​អ្នក​ដែល​ធ្លាប់​ទៅ​ព្រះ​វិហារ ពួក​មិន​ជឿ​ថា​មាន​ព្រះ ឬ​ពី​ពួក​អ្នក​ដទៃ​នោះ​ទេ។ (ថែស្សាឡូនីច​ទី​២ ១:៨) ផ្ទុយ​ទៅ​វិញ ចៅ​ក្រម​នឹង​ពិនិត្យ​សា​ឡើង​វិញ​នូវ​ស្ថានភាព​នៃ​ចិត្ត ហើយ​និង​ការ​ប្រព្រឹត្ត​ពី​អតីតកាល​របស់​មនុស្ស សូម្បី​តែ​ទៅ​ដល់«បង​ប្អូន​ដ៏​តូច​បំផុត[របស់​ទ្រង់]»។ យ៉ាង​ពិត​ហើយ ចំនួន​នៃ​ពួក​ជន​គ្រីស្ទាន​ដែល​នៅ​សល់​លើ​ផែនដី គឺ​កាន់​តែ​តិច​ឡើង​ៗ។ ប៉ុន្តែ ឲ្យ​តែ​ពួក​រើស​តាំង ដែល​ជា«អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ» បន្ត​ផ្ដល់​នូវ​ម្ហូប​អាហារ​និង​ការ​ណែនាំ​នោះ ពួក​មនុស្ស​ដែល​អាច​ទៅ​ជា​ចៀម នឹង​មាន​ឱកាស​ធ្វើ​ល្អ​ដល់​ក្រុម​អ្នក​បំរើ ដូច​ជា‹ពួក​ហ្វូង​ធំ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ›បាន​ធ្វើ។—វិវរណៈ ៧:៩, ១៤

១៥. (ក) តើ​មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​គេ​ជា​ពួក​ពពែ​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​ចៀស​វាង​ក្នុង​ការ​និយាយ ថា​តើ​អ្នក​ណា​នឹង​ត្រូវ​ទៅ​ជា​ចៀម​ឬ​ពពែ​នោះ?

១៥ តើ​បង​ប្អូន​របស់​ព្រះ​គ្រីស្ទ​និង​ពួក​មនុស្ស​រាប់​លាន​នៃ​ចៀម​ឯ​ទៀត​ដែល​នៅ​ជា​មួយ​ជា​ហ្វូង​តែ​មួយ ត្រូវ​បាន​គេ​ប្រព្រឹត្ត​មក​លើ​យ៉ាង​ណា​ដែរ? មនុស្ស​ជា​ច្រើន​ប្រហែល​ជា​មិន​ប្រយុទ្ធ​ដល់​អ្នក​តំណាង​របស់​ព្រះ​គ្រីស្ទ​ដោយ​ផ្ទាល់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​មិន​បាន​ប្រព្រឹត្ត​មក​លើ​ប្រជារាស្ត្រ​របស់​ទ្រង់​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ។ ដោយ​ចូល​ចិត្ត​នឹង​លោកីយ៍​ដ៏​អាក្រក់ ពួក​មនុស្ស​ដែល​មាន​ប្រភេទ​ដូច​ពពែ​បដិសេធ​សារ​ព្រះ​រាជាណាចក្រ ដោយ​ផ្ទាល់​ខ្លួន​ឬ​មិន​ផ្ទាល់​ខ្លួន​ក្ដី។ (យ៉ូហាន​ទី​១ ២:១៥​-​១៧) ពិត​ហើយ នៅ​ទី​ផ្ដាច់​ព្រ័ត្រ ព្រះ​យេស៊ូ​ជា​បុគ្គល​ដែល​បាន​តែង​តាំង​មក​ដើម្បី​នឹង​ជំនុំ​ជំ​រះ។ នេះ​មិន​មែន​សំរាប់​ឲ្យ​យើង​សម្រេច​ថា អ្នក​ណា​ជា​ពួក​ចៀម​និង​ពួក​ពពែ​ឡើយ។—ម៉ាកុស ២:៨; លូកា ៥:២២; យ៉ូហាន ២:២៤, ២៥; រ៉ូម ១៤:១០​-​១២; កូរិនថូស​ទី​១ ៤:៥

តើ​ក្រុម​និមួយ​ៗ​មាន​អនាគត​យ៉ាង​ណា?

១៦, ១៧. តើ​ពួក​ចៀម​នឹង​មាន​អនាគត​យ៉ាង​ណា?

១៦ ព្រះ​យេស៊ូ​បាន​ជំនុំ​ជំ​រះ​ពួក​ចៀម​ឯ​ទៀត​ថា៖ «ឱ​ពួក​អ្នក​ដែល​ព្រះ​វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក»។ នេះ​ជា​ការ​អញ្ជើញ​ដ៏​កក់​ក្ដៅ​មែន—«ចូរ​មក»! ដើម្បី​ទៅ​ណា? គឺ​ទៅ​ឯ​ជីវិត​អស់​កល្ប​ជា​និច្ច ដូច​បាន​សម្ដែង​មក​ជា​បន្ថែម​ថា៖ «ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។—ម៉ាថាយ ២៥:៣៤, ៤៦

១៧ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នៃ​ប្រាក់​ថាល្លិន ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​ការ​តម្រូវ​ពី​ពួក​អ្នក​ដែល​នឹង​សោយ​រាជ្យ​ជា​មួយ​ទ្រង់​នៅ​លើ​ស្ថាន​សួគ៌ ប៉ុន្តែ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ទ្រង់​បាន​បង្ហាញ​នូវ​អ្វី​ដែល​ត្រូវ​ការ​ពី​អនុ​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​នោះ។ (ម៉ាថាយ ២៥:១៤​-​២៣) យ៉ាង​ចំ​ៗ ដោយ​សារ​តែ​ពួក​ចៀម​ឯ​ទៀត​គាំទ្រ​ដល់​បង​ប្អូន​របស់​ព្រះ​យេស៊ូ ពួក​គេ​មាន​កន្លែង​ជា​មរតក​នៅ​លើ​ផែនដី​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ ពួក​គេ​នឹង​ទទួល​ជីវិត​នៅ​លើ​ផែនដី​មនោរម្យ—ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​មក​សំរាប់​ពួក​គេ«តាំង​ពី​កំណើត​លោកីយ​រៀង​មក»។—លូកា ១១:៥០, ៥១

១៨, ១៩. (ក) តើ​ព្រះ​យេស៊ូ​នឹង​ជំនុំ​ជំ​រះ​យ៉ាង​ណា​ទៅ​លើ​ពួក​ពពែ? (ខ) តើ​យើង​អាច​ដឹង​ពិត​ប្រាកដ​យ៉ាង​ណា ថា​ពួក​ពពែ​នឹង​ជួប​ប្រទះ​ការ​រង​ទុក្ខ​ជា​អនន្ត​នោះ?

១៨ នេះ​ជា​ការ​ជំនុំ​ជំ​រះ​ដ៏​ផ្ទុយ​ស្រឡះ​ទៅ​លើ​ពួក​ពពែ​មែន! «រួច​ទ្រង់​នឹង​មាន​បន្ទូល​ទៅ​ពួក​ខាង​ឆ្វេង​ទៀត​ថា ‹ពួក​អ្នក​រាល់​គ្នា​ដែល​ត្រូវ​បណ្ដាសា​អើយ ចូរ​ថយ​ពី​អញ​ចេញ​ទៅ ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជា​និច្ច ដែល​បាន​រៀបចំ​ទុក​សំរាប់​អារក្ស ហើយ​នឹង​ពួក​ទេវតា​របស់​វា​វិញ ពី​ព្រោះ​អញ​បាន​ឃ្លាន តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​បរិភោគ​ទេ អញ​បាន​ស្រេក តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​ផឹក​ទេ អញ​ជា​អ្នក​ដទៃ តែ​ឯង​រាល់​គ្នា​មិន​បាន​ទទួល​សោះ អញ​នៅ​អាក្រាត តែ​ឯង​រាល់​គ្នា​មិន​បាន​ស្លៀក​ពាក់​ឲ្យ​អញ​ទេ អញ​ក៏​ឈឺ ហើយ​នៅ​ជាប់​គុក តែ​ឯង​រាល់​គ្នា​មិន​បាន​មក​សួរ​សោះ›។ រួច​គេ​នឹង​ទូល​សួរ​ទ្រង់​ថា ‹ព្រះ​អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឃ្លាន ឬ​ស្រេក ឬ​ជា​អ្នក​ដទៃ ឬ​នៅ​អាក្រាត ឬ​ឈឺ ឬ​ជាប់​គុក ហើយ​មិន​បាន​ទៅ​ជួយ​ទ្រង់​នោះ​ពី​កាល​ណា›? នោះ​ទ្រង់​នឹង​មាន​បន្ទូល​តប​ថា ‹អញ​ប្រាប់​ឯង​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​មិន​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​យ៉ាង​តូច​បំផុត ក្នុង​ពួក​អ្នក​ទាំង​នេះ នោះ​ឈ្មោះ​ថា​មិន​បាន​ធ្វើ​ដល់​អញ​ដែរ› »។—ម៉ាថាយ ២៥:៤១​-​៤៥

១៩ ពួក​សិស្ស​ព្រះ​គម្ពីរ​យល់​ដឹង​ថា​នេះ​គឺ​មិន​មាន​ន័យ​ថា ព្រលឹង​អមតៈ​នៃ​ពួក​មនុស្ស​មាន​ភេទ​ដូច​ពពែ នឹង​រង​ទុក្ខ​នៅ​ក្នុង​ភ្លើង​ជា​អនន្ត​ឡើយ។ ពី​ព្រោះ​មនុស្ស​ជា​ព្រលឹង គឺ​មិន​មែន​មាន​ព្រលឹង​អមតៈ​នោះ​ទេ។ (លោកុប្បត្តិ ២:៧; សាស្ដា ៩:៥, ១០; អេសេគាល ១៨:៤) ដោយ​កាត់​ទោស​ពួក​ពពែ​ទៅ«ភ្លើង​អស់​កល្ប​ជា​និច្ច» ចៅ​ក្រម​នឹង​បំផ្លាញ​មិន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​នៅ​អនាគត ដែល​នឹង​ទៅ​ជា​ទី​បញ្ចប់​នៃ​អារក្ស​និង​ពួក​បិសាច​របស់​វា​ដែរ។ (វិវរណៈ ២០:១០, ១៤) ដូច្នេះ​ហើយ ចៅ​ក្រម​របស់​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ការ​ជំនុំ​ជំ​រះ​ខុស​ពី​គ្នា។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​ចៀម​ថា៖ «ចូរ​មក» តែ​ពួក​ពពែ​វិញ ‹ចូរ​ចេញ​ពី​អញ​ទៅ›។ ពួក​ចៀម​នឹង​ទទួល«ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។ ពួក​ពពែ​នឹង​ទទួល«ទោស​អស់​កល្ប​ជា​និច្ច»។—ម៉ាថាយ ២៥:៤៦b

តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង?

២០, ២១. (ក) តើ​ពួក​ជន​គ្រីស្ទាន​មាន​កិច្ច​ការ​ដ៏​សំខាន់​អ្វី​ដើម្បី​នឹង​ធ្វើ​នោះ? (ខ) តើ​ការ​បែង​ចែក​អ្វី​ដែល​កំពុង​តែ​កើត​ឡើង? (គ) តើ​ស្ថានការណ៍​របស់​មនុស្ស​នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ​ចាប់​ផ្ដើម​សម្រេច​នោះ?

២០ ពួក​សាវ័ក​បួន​នាក់​ដែល​បាន​ឮ​ការ​តប​ឆ្លើយ​របស់​ព្រះ​យេស៊ូ​អំពី​សញ្ញា​នៃ​វត្តមាន​របស់​ទ្រង់ និង​វេលា​ចុង​បញ្ចប់​នៃ​របប​សម័យ​នេះ គឺ​មាន​អ្វី​ៗ​ជា​ច្រើន​ដើម្បី​នឹង​ពិចារណា។ ពួក​គេ​ត្រូវ​តែ​រក្សា​ការ​ភ្ញាក់​រឭក ហើយ​ចាំ​យាម​មើល។ (ម៉ាថាយ ២៤:៤២) ពួក​គេ​ត្រូវ​តែ​ធ្វើ​កិច្ច​ការ​ផ្សាយ​ដែល​បាន​រៀប​រាប់​មក​នៅ​ម៉ាកុស ១៣:១០​ដែរ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​កំពុង​តែ​មាន​ការ​ជាប់​ផ្សាយ​កិច្ច​ការ​នេះ​យ៉ាង​ស្វាហាប់​នៅ​ក្នុង​សព្វ​ថ្ងៃ​នេះ។

២១ ប៉ុន្តែ តើ​ការ​យល់​ថ្មី​ៗ​នេះ​នៃ​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង? ប្រជាជន​គឺ​កំពុង​តែ​សម្រេច​ចិត្ត​នឹង​ទៅ​ខាង​ណា​មួយ​ទៅ​ហើយ។ ពួក​ខ្លះ​គឺ​នៅ​តាម‹ផ្លូវ​ធំ​ទូលាយ​ដែល​នាំ​ទៅ​សេចក្ដី​ហិន​វិនាស› តែ​ពួក​អ្នក​ដទៃ​ទៀត​ខំ​ព្យាយាម​នៅ​តាម‹ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត›។ (ម៉ាថាយ ៧:១៣, ១៤) ប៉ុន្តែ ពេល​វេលា​ដែល​ព្រះ​យេស៊ូ​នឹង​ជំនុំ​ជំ​រះ​នៅ​ចុង​បញ្ចប់​ទៅ​លើ​ចៀម​និង​ពពែ ដែល​បាន​រៀប​រាប់​មក​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​គឺ​នៅ​ខាង​មុខ​នៅ​ឡើយ។ នៅ​ពេល​ដែល​កូន​មនុស្ស​យាង​មក ដែល​មាន​មុខ​នាទី​ជា​ចៅ​ក្រម ទ្រង់​នឹង​សម្រេច​ថា ពួក​ជន​គ្រីស្ទាន​ជា​ច្រើន—គឺ«ពួក​ហ្វូង​ធំ»នៃ​ពួក​ចៀម​ដែល​បាន​ថ្វាយ​ខ្លួន​នោះ—នឹង​មាន​សមត្ថភាព​ឆ្លង​ផុត​ពី​ផ្នែក​ចុង​ក្រោយ​នៃ«សេចក្ដី​វេទនា​ជា​ខ្លាំង»ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី។ ការ​មាន​សង្ឃឹម​នោះ​ត្រូវ​តែ​ជា​ប្រភព​នៃ​អំណរ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ (វិវរណៈ ៧:៩, ១៤) ម្យ៉ាង​វិញ​ទៀត មនុស្ស​មួយ​ចំនួន​ធំ​នៃ«គ្រប់​ទាំង​សាសន៍»នឹង​បាន​សម្ដែង​ខ្លួន​គេ​ជា​ពពែ​ដ៏​ចចេស។ ពួក​គេ​នឹង«មាន​ទោស​អស់​កល្ប​ជា​និច្ច»។ នេះ​ជា​ការ​គួរ​ឲ្យ​សម្រាល​ទុក្ខ​សំរាប់​ផែនដី​មែន!

២២, ២៣. ដោយ​សារ​ការ​សម្រេច​នៃ​រឿង​ប្រៀប​ប្រដូច​គឺ​នៅ​នា​អនាគត​នោះ ហេតុ​អ្វី​ក៏​ការ​ផ្សាយ​របស់​យើង​ជា​ការ​សំខាន់​ម្ល៉េះ​ចំពោះ​យើង?

២២ ថ្វី​បើ​ការ​ជំនុំ​ជំ​រះ​ដូច​ជា​បាន​រៀប​រាប់​មក​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូចនៅ​នា​អនាគត​ក្ដី សូម្បី​តែ​ឥឡូវ​នេះ​ក៏​មាន​អ្វី​ដ៏​សំខាន់​កំពុង​តែ​កើត​ឡើង​ដែរ។ យើង​ជា​ជន​គ្រីស្ទាន​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គ្រោះ​នៃ​ការ​ប្រកាស​សារ ដែល​បណ្ដាល​ឲ្យ​មាន​ការ​បែង​ចែក​ក្នុង​ចំណោម​មនុស្ស។ (ម៉ាថាយ ១០:៣២​-​៣៩) ប៉ុល​បាន​សរសេរ​ថា៖ «ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ​នាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់ ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ»? (រ៉ូម ១០:១៣, ១៤) កិច្ច​ផ្សាយ​សាធារណៈ​របស់​យើង​គឺ​បាន​ទៅ​ដល់​មនុស្ស​ជាង​២៣០​ប្រទេស ដែល​ប្រាប់​អំពី​ព្រះ​នាម​របស់​ព្រះ​និង​សារ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់។ បង​ប្អូន​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ​គឺ​នៅ​តែ​ជា​អ្នក​នាំ​មុខ​ក្នុង​កិច្ច​ការ​នេះ។ ប្រមាណ​ប្រាំ​លាន​នាក់​នៃ​ពួក​ចៀម​ឯ​ទៀត​ក៏​បាន​ចូល​រួម​ជា​មួយ​ពួក​គេ​ដែរ។ ហើយ​មនុស្ស​នៅ​ជុំ​វិញ​ផែនដី ក៏​កំពុង​តែ​តប​ឆ្លើយ​នឹង​សារ​ដែល​បាន​ប្រកាស​ដោយ​បង​ប្អូន​របស់​ព្រះ​គ្រីស្ទ​ដែរ។

២៣ មនុស្ស​ជា​ច្រើន​បាន​ឮ​សារ​របស់​យើង កាល​ដែល​យើង​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឬ​ក្រៅ​ផ្លូវ​ការ។ អ្នក​ឯ​ទៀត​ក៏​រៀន​ដឹង​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​ថា​តើ​យើង​តំណាង​អ្វី តាម​របៀប​ដែល​យើង​មិន​បាន​ដឹង​ផង។ នៅ​ពេល​វេលា​ជំនុំ​ជំ​រះ​មក តើ​ដល់​កំរិត​ណា​ទៅ​ដែល​ព្រះ​យេស៊ូ​នឹង​ពិចារណា​នៃ​ការ​ទទួល​ខុស​ត្រូវ​នៃ​សហគមន៍​និង​គ្រួសារ​នោះ? យើង​មិន​អាច​មាន​ប្រសាសន៍​បាន​ទេ ហើយ​ការ​ស្មាន​ក៏​ជា​ការ​ដ៏​ឥត​ប្រយោជន៍​ដែរ។ (ប្រៀប​ធៀប កូរិនថូស​ទី​១ ៧:១៤) មនុស្ស​ជា​ច្រើន នៅ​ឥឡូវ​នេះ​មិន​អើពើ​ដោយ​ចេតនា សើច​ចំអក ឬ​ចូល​ដៃ​ក្នុង​ការ​ធ្វើ​ទណ្ឌកម្ម​ដល់​ប្រជារាស្ត្រ​របស់​ព្រះ។ ដូច្នេះ នេះ​ជា​ពេល​វេលា​ដ៏​សំខាន់​ណាស់ ពី​ព្រោះ​ពួក​បុគ្គល​បែប​នេះ​ប្រហែល​ជា​បណ្ដុះ​ទៅ​ជា​ពួក​បុគ្គល ដែល​ព្រះ​យេស៊ូ​នឹង​ជំនុំ​ជំ​រះ​ចាត់​ទុក​ជា​ពួក​ពពែ។—ម៉ាថាយ ១០:២២; យ៉ូហាន ១៥:២០; ១៦:២, ៣; រ៉ូម ២:៥, ៦

២៤. (ក) ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ចំពោះ​មនុស្ស​ក្នុង​ការ​តប​ឆ្លើយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​លើ​ការ​ផ្សាយ​របស់​យើង? (ខ) តើ​ការ​សិក្សា​នេះ​បាន​ជួយ​អ្នក​ឲ្យ​មាន​អាកប្បកិរិយា​យ៉ាង​ណា ចំពោះ​កិច្ច​ការ​ផ្សាយ​របស់​អ្នក​នោះ?

២៤ ប៉ុន្តែ យ៉ាង​សប្បាយ​ណាស់ មនុស្ស​ជា​ច្រើន​តប​ឆ្លើយ​យ៉ាង​ត្រឹម​ត្រូវ ដោយ​សិក្សា​បន្ទូល​របស់​ព្រះ ហើយ​បាន​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពួក​ខ្លះ​ដែល​នៅ​ឥឡូវ​នេះ​ហាក់​បី​ដូច​ជា​ពួក​ពពែ​ក្ដី ក៏​អាច​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​ហើយ​អាច​ក្លាយ​ទៅ​ជា​ពួក​ចៀម​ដែរ។ ចំណុច​ដ៏​សំខាន់​នោះ​គឺ​ថា ពួក​អ្នក​ដែល​តប​ឆ្លើយ​ហើយ​ជ្រោម​ជ្រែង​ពួក​អ្នក​សំណល់​នៃ​បង​ប្អូន​របស់​ព្រះ​គ្រីស្ទ ហើយ​ឥឡូវ​នេះ គឺ​ថា​គេ​កំពុង​តែ​ផ្ដល់​នូវ​ទី​សំអាង​ពី​មូលហេតុ​ដែល​ពួក​គេ​នឹង​ត្រូវ​បាន​ដាក់​នៅ​ខាង​ស្ដាំ​ដៃ​របស់​ព្រះ​យេស៊ូ នៅ​ពេល​ដែល​ទ្រង់​គង់​លើ​បល្ល័ង្ក​ដើម្បី​នឹង​ជំនុំ​ជំ​រះ​នៅ​នា​អនាគត។ ពួក​ទាំង​នេះ​នឹង​ទទួល​ប្រសិទ្ធិពរ​ជា​និច្ច។ ដូច្នេះ រឿង​ប្រៀប​ប្រដូច​នេះ​គួរ​តែ​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​បំរើ​គ្រីស្ទាន។ យើង​ចង់​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​នឹង​ប្រកាស​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ មុន​នឹង​ខក​ពេល ដោយ​ធ្វើ​តាម​វិធី​នេះ អ្នក​ដទៃ​នឹង​មាន​ឱកាស​ដើម្បី​នឹង​តប​ឆ្លើយ។ រួច​មក គឺ​ស្រេច​ទៅ​លើ​ព្រះ​យេស៊ូ​ទេ ក្នុង​ការ​ជំនុំ​ជំ​រះ​ផ្ដន្ទា​ទោស​ឬ​មាន​ព្រះ​គុណ។—ម៉ាថាយ ២៥:៤៦

[កំណត់​សម្គាល់]

a សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ខែ​កុម្ភៈ ថ្ងៃ​ទី​១៥ ១៩៩៤ ទំព័រ ១៦​-​២១

b អែល អ៊ីវែនចីឡូ ឌឺ ម៉ាថេអូ​បាន​កត់​សម្គាល់​ថា៖ «ជីវិត​ជា​អនន្ត​គឺ​ជា​ជីវិត​ច្បាស់​លាស់ គឺ​ផ្ទុយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​ស្ថាពរ។ គុណនាម​នៃ​ភាសា​ក្រិក aionios មិន​គ្រាន់​តែ​មាន​ន័យ​រយៈ​ពេល​វេលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​អំពី​គុណសម្បត្ដិ​ដែរ។ ការ​ដាក់​ទណ្ឌកម្ម​ជា​ស្ថាពរ គឺ​ជា​សេចក្ដី​ស្លាប់​ជា​និរន្តរ៍»។—និវត្ត​សាស្ដ្រាចារ្យ​ឈ្មោះ ឃ្វាន ម៉ាថេអូស (វិជ្ជា​ស្ថាន​ខាង​សៀវភៅ​ព្រះ​គម្ពីរ ប្រទេស​រ៉ូម) និង​សាស្ដ្រាចារ្យ ហ្វឺននេនដូ ខាម៉ាចឆូ (ស៊ី​វិល​មណ្ឌល​ខាង​សាសន​វិទ្យា) ទី​ក្រុង​ម៉ាទ្រិឌ នៃ​ប្រទេស​អេស្ប៉ាញុល ១៩៨១

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​មាន​ការ​ស្រប​គ្នា​យ៉ាង​ណា​រវាង​ម៉ាថាយ ២៤:២៩​-​៣១ និង​ម៉ាថាយ ២៥:៣១​-​៣៣ ដែល​បង្ហាញ​ថា​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ​មាន​ទាក់​ទង​នៅ​អនាគត ហើយ​តើ​នៅ​ពេល​ណា​ទៅ?

◻ តើ​ពួក​ណា​ជា«តូច​ជាង​គេ»នៃ​បង​ប្អូន​របស់​ព្រះ​យេស៊ូ?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ប្រើ​ពាក្យ«ពួក​មនុស្ស​សុចរិត» បាន​ជួយ​យើង​ឲ្យ​សម្គាល់​ថា​តើ​ពួក​នេះ​បាន​តំណាង ហើយ​អ្នក​ណា​ដែល​គេ​មិន​តំណាង​នោះ?

◻ ថ្វី​បើ​រឿង​ប្រៀប​ប្រដូច​នឹង​ត្រូវ​សម្រេច​ក្នុង​អនាគត​ក្ដី ហេតុ​អ្វី​ក៏​ការ​ផ្សាយ​របស់​យើង​ជា​ការ​សំខាន់​នៅ​ឥឡូវ​នេះ ព្រម​ទាំង​ជា​ការ​បន្ទាន់​ផង​នោះ?

[ប្រអប់​⁄​រូប​ភាព​នៅ​ទំព័រ​២៨]

ចូរ​កត់​សម្គាល់​នូវ​ការ​ស្រប​នឹង​គ្នា

ម៉ាថាយ ២៤:២៩​-​៣១ ម៉ាថាយ ២៥:៣១​-​៣៣

ក្រោយ​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​បាន​ចាប់​ផ្ដើម កូន​មនុស្ស​មក

កូន​មនុស្ស​នឹង​មក

យាង​មក​ដោយ​សិរី​ល្អ​ជា​ខ្លាំង យាង​មក​ក្នុង​សិរី​ល្អ​និង​គង់​លើ​បល្ល័ង្ក

រុង​រឿង​ឧត្តម

ពួក​ទេវតា​មាន​នៅ​ជា​មួយ​ទ្រង់ ពួក​ទេវតា​មក​ជា​មួយ​ទ្រង់

គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​ឃើញ​ទ្រង់ គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា

ពួក​ពពែ​បាន​ជំនុំ​ជំ​រះ​នៅ​ទី​បំផុត

(សេចក្ដី​វេទនា​ជា​ខ្លាំង​នឹង​បាន​ចប់)

[អ្នក​ផ្ដល់​សិទ្ធិ]

Garo Nalbandian

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក