បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/១ ទំ. ២២-២៧
  • តើអ្នកនឹងឈរបានយ៉ាងណានៅពីមុខកៅអ៊ីជំនុំជំរះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកនឹងឈរបានយ៉ាងណានៅពីមុខកៅអ៊ីជំនុំជំរះ?
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​ឧត្តម
  • ឋានៈ​របស់​ព្រះ​យេស៊ូ
  • តើ​រឿង​ប្រៀប​ប្រដូច​ចែង​ប្រាប់​យ៉ាង​ណា?
  • តើពួកចៀមនិងពួកពពែមានអនាគតយ៉ាងណា?
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការគាំទ្របងប្អូនគ្រិស្តយ៉ាងស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ពួកហ្វូងធំនៃពួកអ្នកថ្វាយបង្គំពិត—តើពួកគេមកពីណា?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/១ ទំ. ២២-២៧

តើ​អ្នក​នឹង​ឈរ​បាន​យ៉ាង​ណា​នៅ​ពី​មុខ​កៅអ៊ី​ជំនុំ​ជំ​រះ?

«កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរី​ល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុង​រឿង​ឧត្តម​របស់​លោក»។—ម៉ាថាយ ២៥:៣១

១​-​៣. តើ​យើង​មាន​មូលហេតុ​ណា​ចំពោះ​ការ​សង្ឃឹម​នៃ​យុត្ដិធម៌?

‹មាន​ទោស​ឬ​ឥត​មាន​ទោស›? មនុស្ស​ជា​ច្រើន​មាន​ការ​ឆ្ងល់​កាល​ដែល​ពួក​គេ​ឮ​របាយការណ៍​អំពី​ក្ដី​តុលាការ​ខ្លះ​ៗ។ ពួក​ចៅ​ក្រម​និង​ពួក​សមាជិក​នៃ​គណៈ​វិនិច្ឆ័យ​ប្រហែល​ជា​ខំ​ធ្វើ​ឲ្យ​បាន​ទៀង​ត្រង់ ប៉ុន្តែ​តើ​តែង​តែ​មាន​យុត្ដិធម៌​ទេ? តើ​អ្នក​មិន​ដែល​ឮ​អំពី​រឿង​អយុត្ដិធម៌​និង​ការ​ឥត​សមធម៌​នៅ​ក្នុង​តុលាការ​ទេ​ឬ? ការ​គ្មាន​អយុត្ដិធម៌​បែប​នេះ មិន​មែន​ជា​រឿង​ចម្លែក​ថ្មី​ទេ ដូច​ជា​យើង​បាន​ឃើញ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​នៅ​ក្នុង​សៀវភៅ​លូកា ១៨:១​-​៨។

២ ទោះ​បី​អ្នក​មាន​ការ​ពិសោធ​នឹង​យុត្ដិធម៌​របស់​មនុស្ស​យ៉ាង​ណា​ក៏​ដោយ ចូរ​កត់​សម្គាល់​នូវ​ការ​សន្និដ្ឋាន​របស់​ព្រះ​យេស៊ូ​ចុះ៖ «ចំណែក​ព្រះ​វិញ ដែល​ទ្រង់​មាន​ព្រះ​ហឫទ័យ អត់​ធ្មត់ ដល់​ពួក​រើស​តាំង​របស់​ទ្រង់ ដែល​គេ​អំពាវ​នាវ​រក​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ . . . ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទ្រង់​នឹង​សង​សឹក​ជំនួស​អ្នក​ទាំង​នោះ ជា​ប្រញាប់​មិន​ខាន ប៉ុន្តែ កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្ដេច»?

៣ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​នឹង​ធានា​រ៉ាប់​រង​ថា ពួក​អ្នក​បំរើ​របស់​ទ្រង់​នៅ​ទី​បំផុត​នឹង​ទទួល​យុត្ដិធម៌។ ព្រះ​យេស៊ូ​ក៏​មាន​ការ​ទាក់​ទង​នឹង​រឿង​នេះ​ដែរ ជា​ពិសេស​នៅ​ពេល​ឥឡូវ​នេះ ពី​ព្រោះ​យើង​កំពុង​តែ​រស់​នៅ​ក្នុង«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»នៃ​របប​សម័យ​ដ៏​អាក្រក់​ជួជាតិ។ មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​យេហូវ៉ា​នឹង​ប្រើ​ព្រះ​ចេស្ដា​របស់​ទ្រង់ ដើម្បី​នឹង​បោស​សំអាត​អំពើ​អាក្រក់​ជួជាតិ​ទាំង​អស់​ឲ្យ​ចេញ​ពី​ផែនដី។ (ធីម៉ូថេ​ទី​២ ៣:១; ថែស្សាឡូនីច​ទី​២ ១:៧, ៨; វិវរណៈ ១៩:១១​-​១៦) យើង​អាច​យល់​អំពី​មុខ​នាទី​របស់​ព្រះ​យេស៊ូ ពី​រឿងប្រៀប​ប្រដូច​ចុង​ក្រោយ​មួយ​ដែល​ទ្រង់​បាន​រៀប​រាប់​មក ដែល​ត្រូវ​បាន​ហៅ​ជា​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ។

៤. តើ​យើង​ធ្លាប់​បាន​យល់​អំពី​ពេល​វេលា​ត្រឹម​ត្រូវ​នៃ​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ​យ៉ាង​ដូច​ម្ដេច ប៉ុន្តែ​ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​ប្រុង​ស្មារតី​ដល់​រឿង​ប្រៀប​ប្រដូច​ឥឡូវ​នេះ? (សុភាសិត ៤:១៨)

៤ យើង​បាន​យល់​ជា​យូរ​មក​ហើយ​ថា រឿង​ប្រៀប​ប្រដូច​នេះ​បាន​រៀប​រាប់​អំពី​ព្រះ​យេស៊ូ​កំពុង​តែ​គង់​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤ ហើយ​តាំង​ពី​ឆ្នាំ​នោះ​មក ទ្រង់​កំពុង​តែ​ជំនុំ​ជំ​រះ—ចំពោះ​មនុស្ស​ណា​ដែល​ជា​ពួក​ចៀម​នឹង​បាន​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច ហើយ​ចំពោះ​ពួក​ពពែ​នឹង​ទទួល​សេចក្ដី​ស្លាប់​ជា​អចិន្ត្រៃយ៍។ ប៉ុន្តែ​ការ​ពិចារណា​ម្ដង​ទៀត​អំពី​រឿង​ប្រៀប​ប្រដូច​នេះ ធ្វើ​ឲ្យ​មាន​ការ​យល់​ថ្មី​អំពី​ពេល​វេលា និង​អត្ថន័យ​របស់​រឿង​ប្រៀប​ប្រដូច​នេះ។ ការ​យល់​ដ៏​ប្រសើរ​នេះ ពង្រឹង​នូវ​សារៈ​សំខាន់​នៃ​កិច្ច​ការ​ផ្សាយ​របស់​យើង និង​សារៈ​សំខាន់​នៃ​ការ​តប​ឆ្លើយ​របស់​ពួក​បណ្ដា​ជន។ ដើម្បី​ឲ្យ​ឃើញ​នូវ​គោល​សំខាន់​នៃ​ការ​យល់​ដ៏​ជ្រៅ​អំពី​រឿង​ប្រៀប​ប្រដូច​នេះ ចូរ​ឲ្យ​យើង​ពិចារណា​មើល​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បង្ហាញ​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ ដែល​ជា​ស្តេច​និង​ជា​ចៅ​ក្រម​នោះ។

ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​ឧត្តម

៥, ៦. ហេតុ​អ្វី​ក៏​ជា​ការ​សម​ហេតុ​ផល ដោយ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ស្តេច​និង​ចៅ​ក្រម​ដែរ​នោះ?

៥ ព្រះ​យេហូវ៉ា​គ្រប់​គ្រង​លើ​សកល​លោក​ដោយ​មាន​ព្រះ​ចេស្ដា​ទៅ​លើ​របស់​ដែល​ទ្រង់​បាន​បង្កើត​មក​ទាំង​អស់។ ទ្រង់​ជា«ស្តេច​នៃ​អស់​ទាំង​កល្ប» ពី​ព្រោះ​ទ្រង់​គ្មាន​ការ​ចាប់​ផ្ដើម​និង​គ្មាន​ទី​បញ្ចប់​ឡើយ។ (ធីម៉ូថេ​ទី​១ ១:១៧; ទំនុកដំកើង ៩០:២, ៤; វិវរណៈ ១៥:៣) ទ្រង់​មាន​អំណាច​ក្នុង​ការ​បង្កើត​ក្រិត្យ​ឬ​ច្បាប់ ហើយ​ធ្វើ​ឲ្យ​ប្រតិបត្ដិ​ច្បាប់​ទាំង​នេះ​បាន។ ប៉ុន្តែ​អំណាច​របស់​ទ្រង់​រួម​បញ្ចូល​ជា​ចៅ​ក្រម។ អេសាយ ៣៣:២២ ចែង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ចៅ​ក្រម​នៃ​យើង​រាល់​គ្នា។ ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា។ ព្រះ​យេហូវ៉ា​ទ្រង់​ជា​មហា​ក្សត្រ​នៃ​យើង​រាល់​គ្នា។ ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង​ផង»។

៦ ពួក​អ្នក​បំរើ​របស់​ព្រះ​បាន​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​យូរ​យារ​មក​ហើយ ថា​ទ្រង់​ជា​ចៅ​ក្រម​នៃ​ក្ដី​ហើយ​បញ្ហា​ផ្សេង​ៗ។ ជា​ឧទាហរណ៍ ក្រោយ​ពី«ចៅ​ក្រម​នៃ​ផែនដី​ទាំង​មូល»បាន​ថ្លឹង​ថ្លែង​ពី​ទី​សំអាង​នៃ​អំពើ​អាក្រក់​ជួជាតិ​នៃ​ក្រុង​សូដុំម​នឹង​ក្រុង​កូម៉ូរ៉ា​រួច​ហើយ ទ្រង់​បាន​កាត់​ទោស​ពួក​មនុស្ស​ដែល​ត្រូវ​ទទួល​សេចក្ដី​ហិន​វិនាស ហើយ​ព្រម​ទាំង​បាន​ប្រតិបត្ដិ​ការ​ជំនុំ​ជំ​រះ​ដ៏​សុចរិត​ផង។ (លោកុប្បត្តិ ១៨:២០​-​៣៣; យ៉ូប ៣៤:១០​-​១២) ជា​ច្បាស់​ណាស់ នេះ​គួរ​តែ​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​បាន ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​សុចរិត ដែល​តែង​តែ​អាច​ធ្វើ​ការ​ជំនុំ​ជំ​រះ​របស់​ទ្រង់!

៧. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​ចៅ​ក្រម​ក្នុង​ការ​ទាក់​ទង​ជា​មួយ​សាសន៍​អ៊ីស្រាអែល​ដោយ​យ៉ាង​ណា?

៧ នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ ជួន​កាល​ព្រះ​យេហូវ៉ា​បាន​កាត់​ទោស​ដោយ​ខ្លួន​ទ្រង់​ផ្ទាល់។ តើ​អ្នក​នឹង​មិន​សម្រាល​ចិត្ត​នៅ​សម័យ​នោះ​ទេ​ឬ ដោយ​ដឹង​ថា​ចៅ​ក្រម​ដ៏​ល្អ​ឥត​ខ្ចោះ​បាន​សម្រេច​រឿង​រ៉ាវ​នោះ? (លេវីវិន័យ ២៤:១០​-​១៦; ជន​គណនា ១៥:៣២​-​៣៦; ២៧:១​-​១១) ព្រះ​ក៏​បាន​ផ្ដល់​ឲ្យ«សេចក្ដី​បញ្ញត្ត»ដែល​ជា​ការ​ល្អ​ទាំង​អស់ ដើម្បី​ជា​បមាណីយ​សំរាប់​ការ​ធ្វើ​ជំនុំ​ជំ​រះ​ដែរ។ (លេវីវិន័យ ២៥:១៨, ១៩; នេហេមា ៩:១៣; ទំនុកដំកើង ១៩:៩, ១០; ១១៩:៧, ៧៥, ១៦៤; ១៤៧:១៩, ២០) ទ្រង់​ជា«ចៅ​ក្រម​នៃ​ផែនដី​ទាំង​មូល» ដូច្នេះ​យើង​ទាំង​អស់​គ្នា ក៏​មាន​ការ​ជាប់​ទាក់​ទង​ដែរ។—ហេព្រើរ ១២:២៣

៨. តើ​លោក​ដានីយ៉ែល​មាន​ចក្ខុនិមិត្ត​អ្វី​ដែល​មាន​ការ​ទាក់​ទង​នោះ?

៨ យើង​មាន«អ្នក​សាក្សី» ដែល​មាន​ការ​ជាប់​ទាក់​ទង​នឹង​រឿង​នេះ។ ព្យាការី​ដានីយ៉ែល​បាន​ទទួល​ចក្ខុនិមិត្ត​នៃ​សត្វ​ដ៏​កាច​សាហាវ ដែល​ជា​តំណាង​រដ្ឋាភិបាល​ឬ​ចក្រភព។ (ដានីយ៉ែល ៧:១​-​៨,១៧) លោក​បាន​បន្ថែម​ទៀត​ថា៖ «មាន​គេ​យក​បល្ល័ង្ក មក​តាំង​ហើយ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ​ទ្រង់​ក៏​គង់​លើ ព្រះ​ពស្ត្រ​ទ្រង់​ស​ស្គុស​ដូច​ហិមៈ»។ (ដានីយ៉ែល ៧:៩) ចូរ​កត់​សម្គាល់​ថា លោក​ដានីយ៉ែល​បាន​ឃើញ​បល្ល័ង្ក«ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ[ព្រះ​យេហូវ៉ា]ក៏​គង់​លើ»។ ចូរ​សួរ​ខ្លួន​អ្នក​មើល​ចុះ ‹តើ​លោក​ដានីយ៉ែល​នៅ​ទី​នេះ​កំពុង​តែ​ឃើញ​ព្រះ​ក្លាយ​ទៅ​ជា​ស្តេច​ឬ›?

៩. តើ​អត្ថន័យ​មួយ​នៃ‹ការ​គង់​លើ›បល្ល័ង្ក​ជា​អ្វី? ចូរ​ឲ្យ​ឧទាហរណ៍។

៩ នៅ​ពេល​ដែល​យើង​អាន​អំពី​អ្នក​ណា​ម្នាក់​ដែល«គង់​លើ»បល្ល័ង្ក​មួយ យើង​ប្រហែល​ជា​គិត​ថា បុគ្គល​នោះ​នឹង​ក្លាយ​ទៅ​ជា​ស្តេច ពី​ព្រោះ​ជួន​កាល​ព្រះ​គម្ពីរ​បាន​ប្រើ​ភាសា​បែប​នេះ។ ជា​ឧទាហរណ៍ «លុះ[ស៊ីមរី]បាន​គង់​លើ​បល្ល័ង្ក​សោយ​រាជ្យ​ឡើង​ហើយ នោះ . . .»។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៦:១១; ពង្សាវតារ​ក្សត្រ​ទី​២ ១០:៣០; ១៥:១២; យេរេមា ៣៣:១៧) ទំនាយ​អំពី​ព្រះ​មេស្ស៊ី​បាន​ចែង​ថា៖ «[អ្នក​នោះ]នឹង​អង្គុយ​គ្រប់​គ្រង​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន»។ ដូច្នេះ​ហើយ ការ‹គង់​លើ​បល្ល័ង្ក›ក៏​អាច​មាន​ន័យ​ថា ការ​ក្លាយ​ទៅ​ជា​ស្តេច​បាន​ដែរ។ (សាការី ៦:១២, ១៣) ព្រះ​គម្ពីរ​បាន​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​ជា​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក។ (ពង្សាវតារ​ក្សត្រ​ទី​១ ២២:១៩; អេសាយ ៦:១; វិវរណៈ ៤:១​-​៣) ទ្រង់​ជា«ស្តេច​នៃ​អស់​ទាំង​កល្ប»។ ប៉ុន្តែ កាល​ដែល​ទ្រង់​ពោល​អះអាង​នូវ​ទិដ្ឋភាព​ថ្មី​នៃ​អធិបតេយ្យភាព ទ្រង់​ក៏​អាច​ក្លាយ​ទៅ​ជា​ស្តេច​បាន​ដែរ គឺ​ហាក់​បី​ដូច​ជា​កំពុង​តែ​គង់​លើ​បល្ល័ង្ក​របស់​ទ្រង់​ជា​ថ្មី​អញ្ចឹង។—របាក្សត្រ​ទី​១ ១៦:១, ៣១; អេសាយ ៥២:៧; វិវរណៈ ១១:១៥​-​១៧; ១៥:៣; ១៩:១, ២, ៦

១០. តើ​មុខ​នាទី​ដ៏​សំខាន់​នៃ​ពួក​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​ជា​អ្វី? ចូរ​ពន្យល់។

១០ ប៉ុន្តែ​នេះ​ជា​ចំណុច​ដ៏​សម​ហេតុ​ផល៖ មុខ​នាទី​ដ៏​សំខាន់​នៃ​ពួក​ស្តេច​នៅ​សម័យ​ពី​បុរាណ គឺ​ត្រូវ​ស្ដាប់​ឮ​បណ្ដឹង​ក្ដី ដើម្បី​នឹង​ជំនុំ​ជំ​រះ។ (សុភាសិត ២០:៨; ២៩:១៤) ចូរ​ចង​ចាំ​អំពី​ការ​កាត់​ទោស​របស់​ស្តេច​សាឡូម៉ូន​ដ៏​មាន​ប្រាជ្ញា នៅ​ពេល​ដែល​ស្ត្រី​ពីរ​នាក់​បាន​ទាម​ទារ​ថា​កូន​ង៉ា​ម្នាក់​នេះ​ជា​កូន​របស់​គេ​ដោយ​ខ្លួន។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:១៦​-​២៨; របាក្សត្រ​ទី​២ ៩:៨) អាគារ​គ្រប់​គ្រង​មួយ​របស់​ទ្រង់​ជា«មន្ទីរ​បាំង​សាច​សំរាប់​បល្ល័ង្ក ជា​កន្លែង​ដែល​ទ្រង់​ស្តី​ការ» ហើយ​ក៏​ជា«ទី​នាំង​វិនិច្ឆ័យ»ដែរ។ (ពង្សាវតារ​ក្សត្រ​ទី​១ ៧:៧) ទី​ក្រុង​យេរូសាឡិម​ត្រូវ​បាន​រៀប​រាប់​ជា​ទី​កន្លែង​ដែល«មាន​បល្ល័ង្ក​តាំង​ឡើង សំរាប់​ការ​វិនិច្ឆ័យ»។ (ទំនុកដំកើង ១២២:៥) យ៉ាង​ច្បាស់​ណាស់ ‹ការ​គង់​លើ​បល្ល័ង្ក›ក៏​អាច​មាន​ន័យ​ថា ការ​ប្រតិបត្ដិ​អំណាច​ខាង​តុលាការ​ដែរ។—និក្ខមនំ ១៨:១៣; សុភាសិត ២០:៨

១១, ១២. (ក) អ្វី​ដែល​បាន​រៀប​រាប់​មក​នៅ​ដានីយ៉ែល ជំពូក​៧ ដែល​ថា​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នោះ មាន​ន័យ​យ៉ាង​ណា​ដែរ? (ខ) តើ​បទ​គម្ពីរ​ឯ​ទៀត​បញ្ជាក់​យ៉ាង​ណា​ថា ព្រះ​យេហូវ៉ា​ទ្រង់​គង់​ដើម្បី​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​នោះ?

១១ ឥឡូវ​នេះ​ចូរ​ឲ្យ​យើង​ត្រឡប់​ទៅ​ឆាក​ដែល​លោក​ដានីយ៉ែល​បាន​ឃើញ‹ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ​បាន​គង់​លើ​បល្ល័ង្ក›។ ដានីយ៉ែល ៧:១០ បន្ថែម​ថា៖ «នោះ​ការ​វិនិច្ឆ័យ​បាន​រៀបចំ​ជា​ស្រេច ឯ​បញ្ជី​ទាំង​ប៉ុន្មាន​បាន​បើក​ឡើង​ហើយ»។ ត្រូវ​ហើយ ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ​បាន​គង់​ដើម្បី​នឹង​វិនិច្ឆ័យ​អំពី​ការ​គ្រប់​គ្រង​ក្នុង​ពិភព​លោក ហើយ​ដើម្បី​នឹង​វិនិច្ឆ័យ​កូន​មនុស្ស​ជា​បុគ្គល​ម្នាក់​ដែល​សម​នឹង​គ្រប់​គ្រង។ (ដានីយ៉ែល ៧:១៣, ១៤) រួច​មក យើង​អាន​ថា«ដរាប​ដល់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ​បាន​យាង​មក នោះ​ការ​វិនិច្ឆ័យ​បាន​ប្រគល់​ដល់​ពួក​បរិសុទ្ធ»។ នេះ​ជា​ពួក​អ្នក​ដែល​ត្រូវ​បាន​វិនិច្ឆ័យ​ថា​សម​នឹង​គ្រប់​គ្រង​ជា​មួយ​កូន​មនុស្ស។ (ដានីយ៉ែល ៧:២២) នៅ​ទី​បំផុត «ការ​វិនិច្ឆ័យ​នឹង​បាន​រៀបចំ​ជា​ស្រេច» ហើយ​បាន​វិនិច្ឆ័យ​ដ៏​អាក្រក់​ទៅ​លើ​មហា​អំណាច​ចុង​ក្រោយ​បង្អស់។—ដានីយ៉ែល ៧:២៦a

១២ ដូច្នេះ​ហើយ កាល​ដែល​លោក​ដានីយ៉ែល​បាន​ឃើញ​ព្រះ‹គង់​លើ​បល្ល័ង្ក›គឺ​មាន​ន័យ​ថា ទ្រង់​យាង​មក​ដើម្បី​នឹង​ធ្វើ​ការ​វិនិច្ឆ័យ។ មុន​នេះ​ដាវីឌ​បាន​ច្រៀង​ថា៖ «ទ្រង់[ព្រះ​យេហូវ៉ា]បាន​រាំង​ពារ​សេចក្ដី​ទៀង​ត្រង់ នឹង​រឿង​ក្ដី​របស់​ទូល​បង្គំ ទ្រង់​គង់​លើ​បល្ល័ង្ក​កំពុង​តែ​ជំនុំ​ជំ​រះ​ដោយ​យុត្ដិធម៌»។ (ទំនុកដំកើង ៩:៤, ៧) ហើយ​យ៉ូអែល​បាន​សរសេរ​ថា៖ «ត្រូវ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង ហើយ​មក​ឯ​ច្រក​ភ្នំ​យេហូសាផាត ដ្បិត​នៅ​ទី​នោះ​អញ[ព្រះ​យេហូវ៉ា]នឹង​អង្គុយ​ជំនុំ​ជំ​រះ​អស់​ទាំង​សាសន៍ ដែល​នៅ​ព័ទ្ធ​ជុំ​វិញ»។ (យ៉ូអែល ៣:១២ ប្រៀប​ធៀប អេសាយ ១៦:៥) ព្រះ​យេស៊ូ​និង​ប៉ុល​ក៏​បាន​ជួប​ប្រទះ​នឹង​ស្ថានការណ៍​ក្នុង​តុលាការ​ដែល​មនុស្ស​បាន​មក​អង្គុយ​ដើម្បី​ឮ​ក្ដី​ហើយ​នឹង​ជំនុំ​ជំ​រះ។b—យ៉ូហាន ១៩:១២​-​១៦; កិច្ច​ការ ២៣:៣; ២៥:៦

ឋានៈ​របស់​ព្រះ​យេស៊ូ

១៣, ១៤. (ក) តើ​ប្រជារាស្ត្រ​របស់​ព្រះ​មាន​ការ​ធានា​រ៉ាប់​រង​យ៉ាង​ណា ថា​ព្រះ​យេស៊ូ​នឹង​ក្លាយ​ទៅ​ជា​ស្តេច​នោះ? (ខ) តើ​ព្រះ​យេស៊ូ​បាន​គង់​លើ​បល្ល័ង្ក​របស់​ទ្រង់​នៅ​ពេល​ណា ហើយ​ក្នុង​ន័យ​ណា​ដែល​ទ្រង់​គ្រប់​គ្រង​ពី​ឆ្នាំ​៣៣ ស.យ.មក​នោះ?

១៣ ព្រះ​យេហូវ៉ា​ជា​ស្តេច​ហើយ​និង​ជា​ចៅ​ក្រម។ ចុះ​យ៉ាង​ណា​វិញ​ដែរ ចំពោះ​ព្រះ​យេស៊ូ? ទេវតា​ដែល​ប្រកាស​អំពី​កំណើត​របស់​ទ្រង់​បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​អម្ចាស់[ព្រះ​យេហូវ៉ា] . . . ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ . . . ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ»។ (លូកា ១:៣២, ៣៣) ព្រះ​យេស៊ូ​ទ្រង់​នឹង​ទទួល​ភាព​ជា​ស្តេច​នៃ​ដាវីឌ​ជា​អចិន្ត្រៃយ៍។ (សាំយូអែល​ទី​២ ៧:១២​-​១៦) ទ្រង់​នឹង​សោយ​រាជ្យ​ពី​ស្ថាន​សួគ៌ ពី​ព្រោះ​ដាវីឌ​បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ព្រះ​អម្ចាស់[ព្រះ​យេស៊ូ]នៃ​ទូល​បង្គំ​ថា៖ ‹ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្ដាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង។ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​សន្ធឹង​ដំបង​នៃ​ព្រះ​ចេស្ដា​ឯង ចេញ​ពី​ក្រុង​ស៊ីយ៉ូន ឲ្យ​ឯង​គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ​ផង›»។—ទំនុកដំកើង ១១០:១​-​៤

១៤ តើ​ការ​សោយ​រាជ្យ​នេះ​នឹង​មាន​ឡើង​នៅ​ពេល​ណា? ព្រះ​យេស៊ូ​មិន​បាន​សោយ​រាជ្យ​ជា​ស្តេច កាល​ដែល​ទ្រង់​ជា​មនុស្ស​នោះ​ទេ។ (យ៉ូហាន ១៨:៣៣​-​៣៧) ក្នុង​ឆ្នាំ​៣៣​ស.យ. ទ្រង់​បាន​ទទួល​មរណភាព ហើយ​ត្រូវ​បាន​ព្រះ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ក៏​បាន​យាង​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌។ នៅ​ក្នុង​ហេព្រើរ ១០:១២ ចែង​ថា៖ «តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញ​បូជា​តែ​១​ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្ដាំ​ព្រះ​នៅ​ជា​រៀង​រាប​ដរាប​ទៅ»។ តើ​ព្រះ​យេស៊ូ​មាន​អំណាច​យ៉ាង​ណា? «[ព្រះ]តាំង​ឲ្យ​គង់​ខាង​ស្ដាំ​ទ្រង់ នៅ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច មាន​ឫទ្ធិ​បារមី . . . ទាំង​ប្រទាន​ទ្រង់​មក​ធ្វើ​ជា​សិរសា​លើ​គ្រប់​ទាំង​អស់ ដល់​ពួក​ជំនុំ»។ (អេភេសូរ ១:២០​-​២២) ពី​ព្រោះ​ព្រះ​យេស៊ូ​មាន​អំណាច​សោយ​រាជ្យ​ជា​ស្តេច​ទៅ​លើ​ពួក​ជន​គ្រីស្ទាន ប៉ុល​អាច​សរសេរ​ថា ព្រះ​យេហូវ៉ា«បាន​ប្រោស ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​នៃ​ទ្រង់»។—កូល៉ុស ១:១៣; ៣:១

១៥, ១៦. (ក) ហេតុ​អ្វី​ក៏​យើង​និយាយ​ថា ព្រះ​យេស៊ូ​មិន​បាន​ក្លាយ​ទៅ​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​ក្នុង​ឆ្នាំ​៣៣ ស.យ.? (ខ) តើ​នៅ​ពេល​ណា​ដែល​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​ព្រះ?

១៥ ប៉ុន្តែ នៅ​ពេល​នោះ ព្រះ​យេស៊ូ​មិន​បាន​ធ្វើ​ជា​ស្តេច​ហើយ​ជា​ចៅ​ក្រម​ទៅ​លើ​សាសន៍​ទាំង​មូល​ទេ។ ទ្រង់​បាន​គង់​នៅ​ជិត​ព្រះ រង់​ចាំ​ពេល​វេលា​ដើម្បី​នឹង​ឡើង​សោយ​រាជ្យ​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ ប៉ុល​បាន​សរសេរ​អំពី​ទ្រង់​ថា៖ «តើ​ទ្រង់​ដែល​មាន​បន្ទូល​ទៅ​ទេវតា​ណា​មួយ​ថា៖ ‹ចូរ​អង្គុយ​ខាង​ស្ដាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ទុក​ជា​កំណល់​កល់​ជើង​ឯង​ដូច្នេះ​ឬ​ទេ› »?—ហេព្រើរ ១:១៣

១៦ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​បោះ​ពុម្ព​ទី​សំអាង​ជា​ច្រើន ដែល​ថា កំឡុង​ពេល​រង់​ចាំ​របស់​ព្រះ​យេស៊ូ​ត្រូវ​បាន​ចប់​នៅ​ឆ្នាំ​១៩១៤ នៅ​ពេល​ដែល​ទ្រង់​បាន​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្នុង​ស្ថាន​សួគ៌​ដែល​មើល​មិន​ឃើញ។ វិវរណៈ ១១:១៥, ១៨ ចែង​ថា៖ «នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា នឹង​ជា​របស់​ផង​ព្រះ​គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជា​និច្ច​រៀង​រាប​ត​ទៅ»។ «អស់​ទាំង​សាសន៍​បាន​មាន​សេចក្ដី​កំហឹង ហើយ​សេចក្ដី​ខ្ញាល់​ទ្រង់​ក៏​មក​ដល់​ជា​ពេល​កំណត់»។ ត្រូវ​ហើយ សាសន៍​ជា​ច្រើន​បាន​សម្ដែង​សេចក្ដី​កំហឹង​ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​១។ (លូកា ២១:២៤) សង្គ្រាម ការ​កក្រើក​ផែនដី ជម្ងឺ​រាតត្បាត ការ​ខ្វះ​ខាត​ម្ហូប​អាហារ ហើយ​អ្វី​ៗ​ដូច​នេះ​ដែល​យើង​បាន​ឃើញ​តាំង​ពី​ឆ្នាំ​១៩១៤​មក បញ្ជាក់​ឲ្យ​ឃើញ​ថា ព្រះ​យេស៊ូ​ឥឡូវ​នេះ​កំពុង​តែ​សោយ​រាជ្យ​ក្នុង​រាជាណាចក្រ​របស់​ព្រះ ហើយ​ទី​បញ្ចប់​នៃ​លោកីយ៍​នេះ​គឺ​ជិត​មក​ដល់​ហើយ។—ម៉ាថាយ ២៤:៣​-​១៤

១៧. តើ​មាន​ចំណុច​ដ៏​សំខាន់​ណា​ខ្លះ​ដែល​យើង​បាន​ពិគ្រោះ​មក​ហើយ​នោះ?

១៧ ដោយ​មើល​ឡើង​វិញ​ជា​សង្ខេប៖ យើង​អាច​និយាយ​ថា​ព្រះ​អាច​គង់​លើ​បល្ល័ង្ក​ជា​ស្តេច ប៉ុន្តែ​ក្នុង​ន័យ​មួយ​ទៀត ទ្រង់​ក៏​អាច​គង់​លើ​បល្ល័ង្ក​របស់​ទ្រង់​ដើម្បី​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​ដែរ។ ក្នុង​ឆ្នាំ​៣៣​ស.យ. ព្រះ​យេស៊ូ​បាន​គង់​នៅ​ខាង​ស្ដាំ​ព្រះ ហើយ​ឥឡូវ​នេះ​ទ្រង់​ជា​ស្តេច​នៃ​រាជាណាចក្រ។ ប៉ុន្តែ​ដោយ​ឥឡូវ​នេះ ព្រះ​យេស៊ូ​កំពុង​តែ​សោយ​រាជ្យ​ជា​ស្តេច តើ​ទ្រង់​បំរើ​ជា​ចៅ​ក្រម​ដែរ​ឬ? ហើយ​ហេតុ​អ្វី​ក៏​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នេះ ជា​ពិសេស​នៅ​ពេល​នេះ?

១៨. តើ​មាន​ទី​សំអាង​ឯ​ណា​ខ្លះ ដែល​ថា​ព្រះ​យេស៊ូ​នឹង​ធ្វើ​ជា​ចៅ​ក្រម​ដែរ​នោះ?

១៨ ព្រះ​យេហូវ៉ា​ដែល​មាន​សិទ្ធិ​ក្នុង​ការ​រើស​តាំង​ចៅ​ក្រម​នោះ ក៏​បាន​ជ្រើស​រើស​យក​ព្រះ​យេស៊ូ​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​ដែល​បំពេញ​នឹង​បមាណីយ​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​បង្ហាញ​អំពី​រឿង​នេះ នៅ​ពេល​ដែល​ទ្រង់​មាន​បន្ទូល​អំពី​ពួក​មនុស្ស​ដែល​នឹង​ក្លាយ​ទៅ​ជា​រស់​ខាង​វិញ្ញាណ​នោះ​ថា៖ «ព្រះ​វរបិតា​ទ្រង់​មិន​ជំនុំ​ជំ​រះ​អ្នក​ណា​ទេ ទ្រង់​បាន​ប្រគល់​គ្រប់​ការ​ជំនុំ​ជំ​រះ ដល់​ព្រះ​រាជបុត្រា​វិញ»។ (យ៉ូហាន ៥:២២) ប៉ុន្តែ មុខ​នាទី​នៃ​ការ​ជំនុំ​ជំ​រះ​របស់​ព្រះ​យេស៊ូ មាន​ច្រើន​ជាង​ការ​ជំនុំ​ជំ​រះ​បែប​នោះ​ទៅ​ទៀត ពី​ព្រោះ​ទ្រង់​ជា​ចៅ​ក្រម​នៃ​ពួក​នៅ​រស់​និង​ពួក​ស្លាប់។ (កិច្ច​ការ ១០:៤២; ធីម៉ូថេ​ទី​២ ៤:១) នៅ​ពេល​មួយ​ប៉ុល​បាន​ប្រកាស​ថា៖ «[ព្រះ]បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ​ជំ​រះ​លោកីយ​ដោយ​យុត្ដិធម៌ ដោយ​សារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​ដំរូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុ​តាង សំដែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំង​ឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»។—កិច្ច​ការ ១៧:៣១; ទំនុកដំកើង ៧២:២​-​៧

១៩. ហេតុ​អ្វី​ក៏​ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ការ​និយាយ​អំពី​ព្រះ​យេស៊ូ ថា​ទ្រង់​គង់​ជា​ចៅ​ក្រម?

១៩ ដូច្នេះ​តើ​មាន​ការ​សម​ហេតុ​ផល​ទេ ដែល​យើង​សន្និដ្ឋាន​ថា ព្រះ​យេស៊ូ​គង់​លើ​បល្ល័ង្ក​ដ៏​រុង​រឿង​របស់​ទ្រង់ ដែល​មាន​មុខ​នាទី​ជា​ចៅ​ក្រម​នោះ? គឺ​សម​ហេតុ​ផល​មែន។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ថា៖ «ដល់​គ្រា​កែ​ជា​ថ្មី​ឡើង​វិញ កាល​ណា​កូន​មនុស្ស​បាន​ឡើង​គង់​លើ​បល្ល័ង្ក​ឧត្តម​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ នឹង​បាន​អង្គុយ​លើ​បល្ល័ង្ក​១២​ដែរ ហើយ​នឹង​ជំនុំ​ជំ​រះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២»។ (ម៉ាថាយ ១៩:២៨) ថ្វី​បើ​ព្រះ​យេស៊ូ​ឥឡូវ​នេះ​ជា​ស្តេច​នៃ​រាជាណាចក្រ​ក្ដី សកម្មភាព​របស់​ទ្រង់​ទៀត​បាន​រៀប​រាប់​មក​នៅ​ក្នុង​ម៉ាថាយ ១៩:២៨ នឹង​រួម​បញ្ចូល​ការ​គង់​លើ​បល្ល័ង្ក​ដើម្បី​នឹង​ជំនុំ​ជំ​រះ​ក្នុង​កំឡុង​សហស្សវត្ស។ នៅ​គ្រា​នោះ ទ្រង់​នឹង​ជំនុំ​ជំ​រះ​មនុស្សជាតិ ទាំង​ពួក​សុចរិត​និង​ពួក​ទុច្ចរិត។ (កិច្ច​ការ ២៤:១៥) ជា​ការ​ដ៏​មាន​ប្រយោជន៍​ណាស់​ក្នុង​ការ​ចង​ចាំ​អំពី​រឿង​នេះ កាល​ដែល​យើង​ប្រុង​ស្មារតី​នឹង​រឿង​ប្រៀប​ប្រដូច​មួយ​របស់​ព្រះ​យេស៊ូ ដែល​ទាក់​ទង​នឹង​សម័យ​និង​ជីវិត​របស់​យើង​នោះ។

តើ​រឿង​ប្រៀប​ប្រដូច​ចែង​ប្រាប់​យ៉ាង​ណា?

២០, ២១. តើ​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​បាន​សួរ​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​សម័យ​យើង ហើយ​តើ​មាន​សំនួរ​អ្វី​ដោយ​សារ​នេះ?

២០ មុន​នឹង​ព្រះ​យេស៊ូ​បាន​ទទួល​មរណភាព​ទៅ ពួក​សាវ័ក​របស់​ទ្រង់​បាន​សួរ​ទ្រង់​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សម្គាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប»? (ម៉ាថាយ ២៤:៣) ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​អំពី​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ៗ​នៅ​លើ​ផែនដី​មុន​នឹង‹ទី​បញ្ចប់​មក​ដល់›។ មុន​នឹង​ទី​បញ្ចប់​នេះ​ទៅ ពួក​សាសន៍​ទាំង​ឡាយ​នឹង«ឃើញ​កូន​មនុស្ស មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះ​ចេស្ដា នឹង​សិរី​ល្អ​ជា​ខ្លាំង»។—ម៉ាថាយ ២៤:១៤, ២៩, ៣០

២១ ប៉ុន្តែ​តើ​ពួក​មនុស្ស​ក្នុង​សាសន៍​ទាំង​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​កូន​មនុស្ស​យាង​មក​វិញ​ក្នុង​សិរី​ល្អ​របស់​ទ្រង់​នោះ? ចូរ​ឲ្យ​យើង​រក​មើល​ចម្លើយ​ពី​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ ដែល​បាន​ចាប់​ផ្ដើម​ដោយ​ពាក្យ​ថា៖ «តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរី​ល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុង​រឿង​ឧត្តម​របស់​លោក រួច​គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក»។—ម៉ាថាយ ២៥:៣១, ៣២

២២, ២៣. តើ​ចំណុច​អ្វី​ដែល​បញ្ជាក់​ថា​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​នឹង​ពពែ​មិន​បាន​ចាប់​ផ្ដើម​សម្រេច​មក​ក្នុង​ឆ្នាំ​១៩១៤​នោះ?

២២ តើ​រឿង​ប្រៀប​ប្រដូច​នេះ​មាន​ការ​ទាក់​ទង​តែ​នឹង​ពេល​ដែល​ព្រះ​យេស៊ូ​គង់​លើ​បល្ល័ង្ក​ជា​ស្តេច​ក្នុង​ឆ្នាំ​១៩១៤​ដូច​ជា​យើង​បាន​យល់​ជា​យូរ​យារ​មក​ហើយ​ឬ? នៅ​ម៉ាថាយ ២៥:៣៤ បាន​ចែង​អំពី​ទ្រង់​ជា​ស្តេច ដូច្នេះ​ជា​សម​ហេតុ​ផល រឿង​ប្រៀប​ប្រដូច​បាន​អនុវត្ត​នា​ការ តាំង​ពី​ពេល​ព្រះ​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​ស្តេច​ក្នុង​ឆ្នាំ​១៩១៤​មែន។ ប៉ុន្តែ តើ​ទ្រង់​បាន​ជំនុំ​ជំ​រះ​អ្វី​ក្រោយ​ពី​នោះ​មក? នេះ​គឺ​មិន​មែន​ការ​ជំនុំ​ជំ​រះ​នៃ«គ្រប់​ទាំង​សាសន៍»ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បែរ​ស្មារតី​របស់​ទ្រង់​ទៅ​ដល់​ពួក​អ្នក​ដែល​បាន​អះអាង​ថា ជា​ពួក«ដំណាក់​នៃ​ព្រះ»។ (ពេត្រុស​ទី​១ ៤:១៧) ក្នុង​ការ​យោង​ស្រប​ជា​មួយ​នឹង​ម៉ាឡាគី ៣:១​-​៣ ព្រះ​យេស៊ូ ជា​អ្នក​នាំ​សារ​របស់​ព្រះ​យេហូវ៉ា បាន​មក​ពិនិត្យ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​លើ​ផែនដី។ ហើយ​នេះ​ក៏​ជា​គ្រា​សំរាប់​វិនិច្ឆ័យ​ទោស​ទៅ​លើ​ពិភព​គ្រីស្ទ​សាសនា​ដែរ ដែល​បាន​អះអាង​ដោយ​មិន​ពិត​ថា ជា«ដំណាក់​នៃ​ព្រះ»។c (វិវរណៈ ១៧:១, ២; ១៨:៤​-​៨) ប៉ុន្តែ​គ្មាន​ការ​បញ្ជាក់​អ្វី​សោះ ដែល​ថា​នៅ​ឆ្នាំ​១៩១៤ ឬ​ក៏​តាំង​ពី​ឆ្នាំ​១៩១៤​នោះ​មក ព្រះ​យេស៊ូ​បាន​គង់​ដើម្បី​ជំនុំ​ជំ​រះ​មនុស្ស​នៃ​គ្រប់​ទាំង​សាសន៍​នៅ​ទី​បំផុត​ជា​ចៀម​ឬ​ពពែ​នោះ។

២៣ បើ​សិន​ជា​យើង​ពិនិត្យ​មើល​នូវ​សកម្មភាព​របស់​ព្រះ​យេស៊ូ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ យើង​ឃើញ​ថា​ទ្រង់​នឹង​ជំនុំ​ជំ​រះ​គ្រប់​ទាំង​សាសន៍​នៅ​ទី​បំផុត។ រឿង​ប្រៀប​ប្រដូច​នេះ​មិន​បង្ហាញ​ថា ការ​ជំនុំ​ជំ​រះ​បែប​នេះ​នឹង​បន្ត​ក្នុង​កំឡុង​ជា​ច្រើន​ឆ្នាំ​នោះ​ឡើយ ហាក់​បី​ដូច​ជា​មនុស្ស​គ្រប់​រូប​ដែល​បាន​ស្លាប់​ក្នុង​កំឡុង​ជា​ច្រើន​ទសវត្ស​ទៅ​នេះ បាន​ជំនុំ​ជំ​រះ​ឲ្យ​សម​ទទួល​នូវ​សេចក្ដី​ស្លាប់​អស់​កល្ប​ជា​និច្ច​ឬ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​ទេ។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្លាប់​ទៅ​ក្នុង​ទសវត្ស​ជា​ច្រើន​ទៅ​នេះ បាន​ទៅ​ផ្នូរ​របស់​មនុស្ស​លោក។ (វិវរណៈ ៦:៨; ២០:១៣) រឿង​ប្រៀប​ប្រដូច​ចង្អុល​ប្រាប់​អំពី​ពេល​វេលា នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ជំនុំ​ជំ​រះ​មនុស្ស​នៃ«គ្រប់​ទាំង​សាសន៍»ដែល​មាន​ជីវិត​នៅ​ពេល​នោះ ហើយ​ប្រឈម​មុខ​ទទួល​ការ​វិនិច្ឆ័យ​ទោស​ពី​ទ្រង់។

២៤. តើ​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ​នេះ​នឹង​ត្រូវ​បាន​សម្រេច​នៅ​ពេល​ណា?

២៤ បើ​និយាយ​ឲ្យ​ចំ​ទៅ រឿង​ប្រៀប​ប្រដូច​នេះ គឺ​ចង្អុល​ទៅ​ឯ​អនាគត នៅ​ពេល​ដែល​កូន​មនុស្ស​នឹង​យាង​មក​វិញ​ក្នុង​សិរី​ល្អ​របស់​ទ្រង់។ ទ្រង់​នឹង​គង់​ដើម្បី​នឹង​ជំនុំ​ជំ​រះ​មនុស្ស​ដែល​នៅ​រស់​នៅ​ពេល​នោះ។ ការ​ជំនុំ​ជំ​រះ​របស់​ទ្រង់​នោះ​នឹង​មាន​មូលដ្ឋាន​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​សម្ដែង​ខ្លួន​គេ​ជា​យ៉ាង​ណា។ នៅ​គ្រា​នោះ ‹ការ​ឃើញ​ច្បាស់​រវាង​ពួក​សុចរិត​និង​ទុច្ចរិត›នឹង​ស្ថាបនា​ឡើង​បាន​យ៉ាង​ច្បាស់​លាស់។ (ម៉ាឡាគី ៣:១៨) ការ​ប្រកាស​ពិត​និង​ការ​ជំនុំ​ជំ​រះ​នឹង​មាន​ក្នុង​កំឡុង​មួយ​រយៈ។ ព្រះ​យេស៊ូ​នឹង​កាត់​ទោស​ដោយ​សម ដែល​មាន​មូលដ្ឋាន​ឃើញ​យ៉ាង​ច្បាស់​អំពី​បុគ្គល​នោះ។—សូម​មើល កូរិនថូស​ទី​២ ៥:១០

២៥. តើ​ម៉ាថាយ ២៥:៣១ ពណ៌នា​អំពី​អ្វី ក្នុង​ការ​ចែង​ប្រាប់​ថា​កូន​មនុស្ស​គង់​លើ​បល្ល័ង្ក​ដ៏​រុង​រឿង​របស់​ទ្រង់​នោះ?

២៥ ដូច្នេះ​នេះ​មាន​ន័យ​ថា ព្រះ​យេស៊ូ‹គង់​នៅ​លើ​បល្ល័ង្ក​ដ៏​សិរី​ល្អ​របស់​ទ្រង់›សំរាប់​ជំនុំ​ជំ​រះ ដែល​បាន​រៀប​រាប់​មក​នៅ​ម៉ាថាយ ២៥:៣១ គឺ​ជាប់​ទាក់​ទង​នៅ​ពេល​អនាគត នៅ​ពេល​ដែល​ស្តេច​ដ៏​ខ្លាំង​ក្លា​នេះ​នឹង​គង់​ដើម្បី​នឹង​វិនិច្ឆ័យ​ទោស​ទៅ​លើ​គ្រប់​ទាំង​សាសន៍។ ត្រូវ​ហើយ ឆាក​ជំនុំ​ជំ​រះ​ដែល​ទាក់​ទង​នឹង​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ២៥:៣១​-​៣៣,៤៦ គឺ​អាច​ប្រៀប​ធៀប​ទៅ​នឹង​ឆាក​ក្នុង​សៀវភៅ​ដានីយ៉ែល ជំពូក​៧ ដែល​ស្តេច​សោយ​រាជ្យ គឺ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ​ពី​បុរាណ គង់​ដើម្បី​នឹង​ចាត់​វិធានការ​របស់​ទ្រង់​ជា​ចៅ​ក្រម។

២៦. តើ​ការ​ពន្យល់​ថ្មី​នៃ​រឿង​ប្រៀប​ប្រដូច បាន​ឃើញ​ជាក់​ស្តែង​ឡើង​យ៉ាង​ណា?

២៦ ការ​យល់​អំពី​រឿង​ប្រៀប​ប្រដូច​អំពី​ចៀម​និង​ពពែ​តាម​របៀប​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​វិនិច្ឆ័យ​ទៅ​លើ​ពួក​ចៀម​និង​ពួក​ពពែ គឺ​នៅ​ឯ​អនាគត​វិញ។ នេះ​នឹង​កើត​ឡើង​ក្រោយ​ពី«សេចក្ដី​វេទនា​ជា​ខ្លាំង» ដូច​បាន​រៀប​រាប់​មក​នៅ​ម៉ាថាយ ២៤:២៩, ៣០ ហើយ​កូន​មនុស្ស​នឹង‹យាង​មក​ក្នុង​សិរី​ល្អ​របស់​ទ្រង់›។ (ប្រៀប​ធៀប ម៉ាកុស ១៣:២៤​-​២៦) រួច​មក នៅ​ពេល​ដែល​ប្រព័ន្ធ​ដ៏​អាក្រក់​ជួជាតិ​ទាំង​មូល​បាន​កំទេច​ចោល​ហើយ​នោះ ព្រះ​យេស៊ូ​នឹង​មក​ឯ​តុលាការ ហើយ​នឹង​ប្រហារ​សេចក្ដី​ជំនុំ​ជំ​រះ។—យ៉ូហាន ៥:៣០; ថែស្សាឡូនីច​ទី​២ ១:៧​-​១០

២៧. តើ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី ដោយ​ដឹង​អំពី​រឿង​ប្រៀប​ប្រដូច​ចុង​ក្រោយ​បង្អស់​របស់​ព្រះ​យេស៊ូ​នោះ?

២៧ នេះ​បាន​ធ្វើ​ឲ្យ​យើង​យល់​ឃើញ​យ៉ាង​ច្បាស់​អំពី​ពេល​វេលា​ត្រឹម​ត្រូវ​នៃ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ ដែល​បង្ហាញ​នូវ​ពេល​ណា​ដែល​ចៀម​និង​ពពែ​នឹង​ត្រូវ​បាន​ជំនុំ​ជំ​រះ។ ប៉ុន្តែ តើ​នេះ​មាន​ឥទ្ធិពល​មក​លើ​យើង​យ៉ាង​ណា ដែល​មាន​ការ​ខំ​ប្រឹង​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​នោះ? (ម៉ាថាយ ២៤:១៤) តើ​នេះ​ធ្វើ​ឲ្យ​កិច្ច​ការ​របស់​យើង​មិន​ជា​ការ​សំខាន់​ណាស់​ណា ឬ​ក៏​តើ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភារកិច្ច​ដ៏​ធ្ងន់​ថែម​ទៀត? ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់ ថា​តើ​មាន​ឥទ្ធិពល​មក​លើ​យើង​ជា​យ៉ាង​ណា។

[កំណត់​សម្គាល់]

a ពាក្យ​ដែល​ថា«ការ​វិនិច្ឆ័យ»នៅ​ឯ​ដានីយ៉ែល ៧:១០, ២៦ ក៏​អាច​រក​ឃើញ​នៅ​អែសរ៉ា ៧:២៦ ហើយ​នៅ​ដានីយ៉ែល ៤:៣៧; ៧:២២

b ចំពោះ​ជន​គ្រីស្ទាន​ដែល​យក​គ្នា​ទៅ​ប្ដឹង​ប្ដ​ល់​នៅ​ឯ​តុលាការ​នោះ ប៉ុល​បាន​សួរ​ថា៖ «តើ​នឹង​យក​មនុស្ស ដែល​ពួក​ជំនុំ​រាប់​អាន​តិច​ជាង​គេ ឲ្យ​បាន​ជំនុំ​ជំ​រះ​រឿង​នោះ​ឬ​អី[ន័យ​ចំ​ៗ​គឺ«តើ​អ្នក​កំពុង​តែ​អង្គុយ»]»?—កូរិនថូស​ទី​១ ៦:៤

c សូម​មើល​សៀវភៅ​វិវរណៈ—កំរិត​ខ្ពស់​បំផុត​របស់​វា​ជិត​មក​ដល់​ហើយ! ទំព័រ ៥៦ ៧៣ ២៣៥​-​២៤៥, ២៦០ បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ស្តេច​និង​ចៅ​ក្រម​ផង​យ៉ាង​ណា?

◻ តើ​អាច​មាន​អត្ថន័យ​ពីរ​ណា អំពី‹ការ​គង់​លើ​បល្ល័ង្ក›?

◻ តើ​យើង​បាន​និយាយ​យ៉ាង​ណា​នៅ​ពេល​មុន ចំពោះ​ពេល​វេលា​ត្រឹម​ត្រូវ​នៃ​ម៉ាថាយ ២៥:៣១ ប៉ុន្តែ​តើ​មាន​មូលដ្ឋាន​អ្វី​ក្នុង​ការ​កែ​ទស្សនៈ​នេះ?

◻ តើ​នៅ​ពេល​ណា​ដែល​កូន​មនុស្ស​គង់​នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់ ដូច​ជា​បាន​បញ្ជាក់​មក​នៅ​ម៉ាថាយ ២៥:៣១?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក