អត្ថបទសិក្សា ៣៨
ចម្រៀងលេខ២៥ ទ្រព្យពិសេសរបស់ព្រះ
តើអ្នកធ្វើតាមការព្រមានឬទេ?
«ម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល»។—ម៉ាថ. ២៤:៤០
ចំណុចផ្ដោត
យើងនឹងពិចារណារឿងប្រៀបប្រដូចបីយ៉ាងរបស់លោកយេស៊ូ និងរបៀបដែលរឿងប្រៀបប្រដូចទាំងនោះជាប់ទាក់ទងនឹងគ្រាវិនិច្ឆ័យដែលនឹងកើតឡើងនៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។
១. មិនយូរទៀត តើលោកយេស៊ូនឹងធ្វើអ្វី?
យើងរស់នៅគ្រាដែលនឹងមានការផ្លាស់ប្ដូរដ៏ធំ! មិនយូរទៀត លោកយេស៊ូនឹងវិនិច្ឆ័យមនុស្សម្នាក់ៗនៅផែនដី។ លោកបង្ហាញឲ្យយើងដឹងអំពីអ្វីដែលនឹងកើតឡើងក្នុងពិភពលោកមុនគ្រាដែលលោកនឹងវិនិច្ឆ័យ។ លោកបានប្រាប់ពួកអ្នកកាន់តាមលោកនូវ«សញ្ញាសម្គាល់»អំពីវត្តមានរបស់លោកដែលមនុស្សមើលមិនឃើញ និងអំពី«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ (ម៉ាថ. ២៤:៣) ទំនាយនេះបានត្រូវកត់ទុកនៅម៉ាថាយ ជំពូក២៤និង២៥ ហើយនៅម៉ាកុស ជំពូក១៣ និងលូកា ជំពូក២១។
២. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ ហើយហេតុអ្វី?
២ លោកយេស៊ូបានប្រើរឿងប្រៀបប្រដូចបីដើម្បីជួយយើងឲ្យត្រៀមខ្លួន។ រឿងប្រៀបប្រដូចទាំងនោះផ្ដល់ការព្រមានសម្រាប់យើង។ រឿងប្រៀបប្រដូចទាំងនោះ គឺអំពីចៀមនិងពពែ ស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណានិងស្ត្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណា និងអំពីថាលិន។ រឿងប្រៀបប្រដូចនីមួយៗជួយយើងឲ្យយល់ថា លោកយេស៊ូនឹងវិនិច្ឆ័យបុគ្គលម្នាក់ៗស្របតាមការប្រព្រឹត្តរបស់ពួកគេ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណារឿងប្រៀបប្រដូចទាំងនេះ និងអ្វីដែលយើងអាចរៀនពីរឿងទាំងនោះ។ ការប្រៀបប្រដូចដំបូងដែលយើងនឹងពិចារណាគឺអំពីចៀមនិងពពែ។
ចៀមនិងពពែ
៣. តើលោកយេស៊ូនឹងវិនិច្ឆ័យមនុស្សនៅពេលណា?
៣ នៅក្នុងរឿងប្រៀបប្រដូចអំពីចៀមនិងពពែ លោកយេស៊ូបានមានប្រសាសន៍ថា លោកនឹងវិនិច្ឆ័យមនុស្សអាស្រ័យលើប្រតិកម្មរបស់ពួកគេចំពោះដំណឹងល្អ ហើយថាពួកគេបានគាំទ្របងប្អូនដែលបានត្រូវរើសតាំងរបស់លោកឬយ៉ាងណា។ (ម៉ាថ. ២៥:៣១-៤៦) ក្នុងអំឡុងគ្រា«ទុក្ខវេទនាជាខ្លាំង»នៅបន្តិចមុនសង្គ្រាមអាម៉ាគេដូនចាប់ផ្ដើម លោកនឹងវិនិច្ឆ័យថាពួកគេជាចៀមឬពពែ។ (ម៉ាថ. ២៤:២១) ដូចគង្វាលញែកចៀមចេញពីពពែ លោកយេស៊ូនឹងញែកពួកអ្នកដែលគាំទ្រយ៉ាងស្មោះភក្ដីចំពោះពួកអ្នកកាន់តាមរបស់លោកដែលបានត្រូវរើសតាំង ចេញពីពួកអ្នកដែលមិនគាំទ្រពួកគេ។
៤. យោងទៅតាមអេសាយ ១១:៣, ៤ ហេតុអ្វីយើងអាចប្រាកដថាលោកយេស៊ូនឹងវិនិច្ឆ័យមនុស្សដោយយុត្តិធម៌? (សូមមើលរូបភាពនៅក្របផងដែរ)
៤ គម្ពីរចែងថា ពេលលោកយេស៊ូវិនិច្ឆ័យតាងនាមព្រះយេហូវ៉ា លោកតែងតែវិនិច្ឆ័យដោយយុត្តិធម៌។ (សូមអាន អេសាយ ១១:៣, ៤) លោកសង្កេតមើលការប្រព្រឹត្ត ចិត្តគំនិត និងពាក្យសម្ដីរបស់មនុស្សម្នាក់ៗ រួមទាំងរបៀបដែលពួកគេប្រព្រឹត្តចំពោះបងប្អូនរបស់គ្រិស្តដែលបានត្រូវរើសតាំង។ (ម៉ាថ. ១២:៣៦, ៣៧; ២៥:៤០) លោកយេស៊ូនឹងដឹងថាអ្នកណាបានផ្ដល់ការគាំទ្រចំពោះបងប្អូនរបស់លោកដែលបានត្រូវរើសតាំងនិងកិច្ចការរបស់ពួកគេ។a របៀបដ៏សំខាន់បំផុតមួយដែលមនុស្សណាម្នាក់អាចគាំទ្របងប្អូនរបស់គ្រិស្ត គឺដោយចូលរួមកិច្ចការផ្សព្វផ្សាយ។ ពួកអ្នកដែលផ្ដល់ការគាំទ្រនេះនឹងត្រូវវិនិច្ឆ័យថាជា«មនុស្សសុចរិត» ហើយមានសេចក្ដីសង្ឃឹមទទួល«ជីវិតដែលគ្មានទីបញ្ចប់»នៅផែនដី។ (ម៉ាថ. ២៥:៤៦; បប. ៧:១៦, ១៧) នេះគឺជារង្វាន់ដ៏អស្ចារ្យចំពោះពួកអ្នកដែលរក្សាចិត្តស្មោះឥតងាករេ! បើពួកគេរក្សាភាពស្មោះត្រង់ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងនិងនៅពេលក្រោយមក នោះឈ្មោះរបស់ពួកគេនឹងបន្តនៅក្នុង«សៀវភៅជីវិត»។—បប. ២០:១៥
នៅឆាប់ៗខាងមុខនេះ លោកយេស៊ូនិងវិនិច្ឆ័យថាមនុស្សម្នាក់ៗជាចៀមឬពពែ (សូមមើលវគ្គ៤)
៥. តើរឿងប្រៀបប្រដូចអំពីចៀមនិងពពែមានមេរៀនអ្វី? ហើយតើអ្នកណាអាចទទួលប្រយោជន៍ពីរឿងប្រៀបប្រដូចនោះ?
៥ ចូរធ្វើជាមនុស្សស្មោះត្រង់និងមានភក្ដីភាព។ រឿងប្រៀបប្រដូចរបស់លោកយេស៊ូអំពីចៀមនិងពពែផ្ដោតជាពិសេសទៅលើពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី។ ពួកគេបង្ហាញជំនឿរបស់ពួកគេដោយជួយបងប្អូនរបស់គ្រិស្ត ពោលគឺរួមចំណែកក្នុងកិច្ចការផ្សព្វផ្សាយ ហើយថែមទាំងធ្វើតាមការណែនាំយ៉ាងស្មោះភក្ដីពីខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលលោកយេស៊ូបានជ្រើសរើស។ (ម៉ាថ. ២៤:៤៥) ប៉ុន្តែ ពួកអ្នកដែលមានសេចក្ដីសង្ឃឹមនៅស្ថានសួគ៌ក៏ត្រូវតែយកចិត្តទុកដាក់ចំពោះការព្រមានក្នុងរឿងប្រៀបប្រដូចនេះដែរ។ ហេតុអ្វី? ដោយសារលោកយេស៊ូកត់សម្គាល់អំពីការប្រព្រឹត្ត ចិត្តគំនិត និងពាក្យសម្ដីរបស់ពួកគេ។ ពួកគេក៏ត្រូវតែស្មោះត្រង់ដែរ។ តាមពិត លោកយេស៊ូបានប្រាប់អំពីរឿងប្រៀបប្រដូចពីរទៀតដែលមានការព្រមានដ៏ជាក់លាក់សម្រាប់ពួកអ្នករើសតាំង។ រឿងប្រៀបប្រដូចទាំងនេះក៏មាននៅក្នុងម៉ាថាយ ជំពូក២៥ដែរ។ ឥឡូវ សូមយើងពិចារណារឿងប្រៀបប្រដូចអំពីស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណានិងស្ត្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណា។
ស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណានិងស្ត្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណា
៦. តើស្ត្រីក្រមុំបរិសុទ្ធប្រាំនាក់បង្ហាញយ៉ាងណាថាពួកគេចេះពិចារណា? (ម៉ាថាយ ២៥:៦-១០)
៦ ក្នុងរឿងប្រៀបប្រដូចអំពីស្ត្រីក្រមុំបរិសុទ្ធ លោកយេស៊ូបាននិយាយអំពីស្ត្រីក្រមុំបរិសុទ្ធ១០នាក់ដែលចេញទៅជួបកូនកំលោះ។ (ម៉ាថ. ២៥:១-៤) ពួកគេទាំងអស់សង្ឃឹមថានឹងចូលក្នុងពិធីអាពាហ៍ពិពាហ៍ជាមួយកូនកំលោះ។ លោកយេស៊ូបានរៀបរាប់ថាស្ត្រីក្រមុំបរិសុទ្ធប្រាំនាក់«ចេះពិចារណា» ហើយប្រាំនាក់ទៀត«មិនចេះពិចារណា»ទេ។ ស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណាបានត្រៀមខ្លួននិងចាំយាម។ ពួកគេសុខចិត្តរង់ចាំកូនកំលោះមកដល់ មិនថាយូរប៉ុណ្ណាឬរហូតដល់យប់ជ្រៅក៏ដោយ។ ដូច្នេះហើយ ពួកគេត្រូវការចង្កៀងដើម្បីបំភ្លឺផ្លូវ។ ដើម្បីឲ្យចង្កៀងនៅតែបន្តឆេះ ពួកគេក៏យកប្រេងមកជាមួយដែរ ក្រែងលោកូនកំលោះបង្អង់យូរ។ (សូមអាន ម៉ាថាយ ២៥:៦-១០) ដោយសារស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណាបានត្រៀមខ្លួនជាស្រេច នោះពេលកូនកំលោះមកដល់ ពួកគេបានចូលក្នុងពិធីអាពាហ៍ពិពាហ៍ជាមួយគាត់។ សព្វថ្ងៃនេះ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងដែលបានត្រៀមខ្លួនជាស្រេចនិងរក្សាភាពស្មោះត្រង់គឺប្រៀបដូចជាស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណាទាំងនោះ។ ដូច្នេះ បើពួកគេរក្សាភាពស្មោះត្រង់រហូតដល់លោកយេស៊ូមកដល់ នោះពួកគេនឹងទទួលរង្វាន់។ រង្វាន់នោះគឺពួកគេនឹងចូលរួមជាមួយនឹងលោកយេស៊ូនៅរាជាណាចក្ររបស់លោកនៅស្ថានសួគ៌ ដូចស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណាបានចូលពិធីអាពាហ៍ពិពាហ៍ជាមួយកូនកំលោះដែរ។b (បប. ៧:១-៣) ចុះយ៉ាងណាស្ត្រីក្រមុំបរិសុទ្ធប្រាំនាក់ដែលមិនចេះពិចារណា?
៧. តើអ្វីបានកើតឡើងដល់ស្ត្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណាប្រាំនាក់ ហើយហេតុអ្វី?
៧ ខុសពីស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណា ស្ត្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណាប្រាំនាក់មិនបានត្រៀមខ្លួនពេលកូនកំលោះមកដល់ឡើយ។ ចង្កៀងរបស់ពួកគេជិតរលត់ ហើយពួកគេមិនបានយកប្រេងមកជាមួយទេ។ ពេលពួកគេដឹងថាកូនកំលោះជិតមកដល់ ពួកគេក៏ចេញទៅទិញប្រេង ហើយពេលកូនកំលោះបានមកដល់ ពួកគេនៅតែមិនទាន់ត្រឡប់មកវិញទៀត។ នៅពេលនោះ «ស្ត្រីក្រមុំបរិសុទ្ធដែលបានត្រៀមខ្លួនជាស្រេច បានចូលទៅក្នុងពិធីអាពាហ៍ពិពាហ៍ជាមួយនឹងលោក។ លុះបានចូលហើយ គេក៏បិទទ្វារទៅ»។ (ម៉ាថ. ២៥:១០) ក្រោយមក ពេលស្ត្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណាបានត្រឡប់មកវិញ ហើយចង់ចូលពិធីអាពាហ៍ពិពាហ៍ កូនកំលោះបានប្រាប់ពួកគេថា៖ «ខ្ញុំមិនស្គាល់ពួកនាងទេ»។ (ម៉ាថ. ២៥:១១, ១២) ទោះជាស្ត្រីក្រមុំបរិសុទ្ធទាំងនោះបានរង់ចាំការមកដល់របស់កូនកំលោះក្ដី តែពួកគេមិនបានត្រៀមខ្លួនទេ។ តើនេះមានមេរៀនអ្វីសម្រាប់ពួកអ្នករើសតាំង?
៨-៩. តើពួកអ្នករើសតាំងអាចរៀនអ្វីពីរឿងប្រៀបប្រដូចអំពីស្ត្រីក្រមុំបរិសុទ្ធ? (សូមមើលរូបភាពផងដែរ)
៨ ចូរត្រៀមខ្លួន ហើយចាំយាម។ លោកយេស៊ូមិនបានមានប្រសាសន៍ថានឹងមានពួកអ្នករើសតាំងពីរក្រុម ពោលគឺក្រុមមួយដែលបានត្រៀមខ្លួនរង់ចាំរហូតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ និងក្រុមមួយទៀតដែលមិនបានត្រៀមខ្លួនរង់ចាំ។ ផ្ទុយទៅវិញ លោកពន្យល់អំពីអ្វីដែលនឹងកើតឡើងចំពោះពួកអ្នករើសតាំង បើពួកគេមិនបានត្រៀមខ្លួនដើម្បីស៊ូទ្រាំយ៉ាងស្មោះត្រង់រហូតដល់ទីបញ្ចប់។ ក្នុងករណីនោះ ពួកគេនឹងមិនទទួលរង្វាន់របស់ពួកគេទេ។ (យ៉ូន. ១៤:៣, ៤) នេះគឺជារឿងធ្ងន់ធ្ងរណាស់! មិនថាយើងមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ឬផែនដីក្ដី យើងទាំងអស់គ្នាគួរយកចិត្តទុកដាក់ចំពោះការព្រមានពីរឿងប្រៀបប្រដូចស្ដីអំពីស្ត្រីក្រមុំបរិសុទ្ធ។ យើងម្នាក់ៗត្រូវចាំយាម ហើយត្រៀមខ្លួនជាស្រេចដើម្បីស៊ូទ្រាំរហូតដល់ទីបញ្ចប់។—ម៉ាថ. ២៤:១៣
៩ ក្រោយពីលោកយេស៊ូបានលើកឡើងរឿងប្រៀបប្រដូចអំពីស្ត្រីក្រមុំបរិសុទ្ធ ដើម្បីបង្ហាញអំពីសារៈសំខាន់នៃការត្រៀមខ្លួននិងចាំយាម លោកបានរៀបរាប់អំពីរឿងប្រៀបប្រដូចមួយទៀតស្ដីអំពីថាលិន។ រឿងប្រៀបប្រដូចនោះលើកបញ្ជាក់អំពីការមានភាពឧស្សាហ៍។
គឺជាការសំខាន់ឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ចំពោះការព្រមានក្នុងរឿងប្រៀបប្រដូចអំពីស្ត្រីក្រមុំបរិសុទ្ធ ដោយត្រៀមខ្លួនជាស្រេចនិងចាំយាមដើម្បីស៊ូទ្រាំរហូតដល់ទីបញ្ចប់ (សូមមើលវគ្គ៨-៩)
ថាលិន
១០. តើខ្ញុំបម្រើពីរនាក់បានបង្ហាញថាពួកគេស្មោះត្រង់យ៉ាងដូចម្ដេច? (ម៉ាថាយ ២៥:១៩-២៣)
១០ ក្នុងរឿងប្រៀបប្រដូចអំពីថាលិន លោកយេស៊ូបាននិយាយអំពីខ្ញុំបម្រើពីរនាក់ដែលស្មោះត្រង់ចំពោះម្ចាស់ និងខ្ញុំបម្រើម្នាក់ទៀតដែលមិនស្មោះត្រង់។ (ម៉ាថ. ២៥:១៤-១៨) ដំបូង សូមគិតអំពីខ្ញុំបម្រើពីរនាក់ដែលបានបង្ហាញថាពួកគេស្មោះត្រង់ដោយធ្វើការយ៉ាងនឿយហត់ ដើម្បីបានប្រាក់យ៉ាងច្រើនសម្រាប់ម្ចាស់របស់ពួកគេ។ មុនម្ចាស់ធ្វើដំណើរទៅក្រៅប្រទេស គាត់បានប្រគល់ថាលិនដែលជាចំនួនប្រាក់ដ៏ច្រើនដល់ខ្ញុំបម្រើម្នាក់ៗតាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន។ ខ្ញុំបម្រើស្មោះត្រង់ពីរនាក់នោះឧស្សាហ៍ធ្វើការ ហើយប្រើប្រាក់នោះដោយឈ្លាសវៃ។ តើមានលទ្ធផលយ៉ាងណា? ពេលម្ចាស់របស់ពួកគេត្រឡប់មកវិញ ពួកគេបានរកប្រាក់ឲ្យម្ចាស់មួយទ្វេជាពីរ។ ម្ចាស់របស់ពួកគេបានសរសើរពួកគេ ហើយពួកគេបាន«អរសប្បាយជាមួយនឹងម្ចាស់[របស់ពួកគេ]»។ (សូមអាន ម៉ាថាយ ២៥:១៩-២៣) ប៉ុន្តែ ចុះយ៉ាងណាអំពីខ្ញុំបម្រើទី៣? តើគាត់បានធ្វើអ្វីចំពោះប្រាក់ដែលម្ចាស់បានឲ្យគាត់?
១១. តើអ្វីបានកើតឡើងដល់ខ្ញុំបម្រើដែល«ខ្ជិលច្រអូស» ហើយហេតុអ្វី?
១១ ខ្ញុំបម្រើទី៣បានទទួលមួយថាលិន។ ម្ចាស់របស់គាត់រំពឹងថាគាត់នឹងប្រើថាលិននោះដោយឈ្លាសវៃ។ ប៉ុន្តែ គាត់បែរជា«ខ្ជិលច្រអូស»ទៅវិញ។ តើខ្ញុំបម្រើនោះបានយកថាលិនទៅធ្វើអ្វី? គឺគាត់បានយកថាលិននោះទៅកប់។ ដូច្នេះ ពេលដែលម្ចាស់ត្រឡប់មកវិញ ខ្ញុំបម្រើនោះបានឲ្យចំនួនថាលិនដដែលទៅម្ចាស់ ព្រោះគាត់មិនបានធ្វើអ្វីដើម្បីឲ្យថាលិននោះកើនឡើងទេ។ នេះបង្ហាញថាខ្ញុំបម្រើនោះមិនមានចិត្តគំនិតត្រឹមត្រូវឡើយ។ មួយវិញទៀត ជាជាងសុំការអភ័យទោសដែលខ្លួនមិនបានរកប្រាក់ចំណេញឲ្យម្ចាស់ គាត់ក៏ថែមទាំងហៅម្ចាស់ថា៖ «ជាមនុស្សតឹងរ៉ឹងណាស់»។ ខ្ញុំបម្រើនេះមិនបានទទួលការពេញចិត្តពីម្ចាស់ទេ។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់បានដកហូតថាលិនពីគាត់ ហើយបានបណ្ដេញគាត់ឲ្យចេញពីផ្ទះ។—ម៉ាថ. ២៥:២៤, ២៦-៣០
១២. នៅសព្វថ្ងៃនេះ តើខ្ញុំបម្រើដ៏ស្មោះត្រង់ពីរនាក់ជាតំណាងអ្នកណា?
១២ ខ្ញុំបម្រើដ៏ស្មោះត្រង់ពីរនាក់ជាតំណាងគ្រិស្តសាសនិកដ៏ស្មោះត្រង់ដែលបានត្រូវរើសតាំង។ លោកយេស៊ូដែលជាម្ចាស់អញ្ជើញពួកគេឲ្យ«មកអរសប្បាយជាមួយនឹងម្ចាស់របស់[ពួកគេ]»។ ពួកគេទទួលរង្វាន់របស់ខ្លួននៅស្ថានសួគ៌ ពោលគឺទទួលការប្រោសឲ្យរស់ឡើងវិញមុនដំបូង។ (ម៉ាថ. ២៥:២១, ២៣; បប. ២០:៥ខ) ផ្ទុយទៅវិញ គំរូមិនល្អរបស់ខ្ញុំបម្រើដែលខ្ជិលច្រអូសផ្ដល់ការព្រមានដល់អ្នករើសតាំង។ តើតាមរបៀបណា?
១៣-១៤. តើពួកអ្នកដែលបានត្រូវរើសតាំងទាញមេរៀនអ្វីពីរឿងប្រៀបប្រដូចអំពីថាលិន? (សូមមើលរូបភាពផងដែរ)
១៣ ចូរធ្វើជាមនុស្សឧស្សាហ៍និងមានចិត្តខ្នះខ្នែង។ ស្រដៀងនឹងរឿងប្រៀបប្រដូចអំពីស្ត្រីក្រមុំបរិសុទ្ធ ក្នុងរឿងប្រៀបប្រដូចអំពីថាលិន លោកយេស៊ូមិនបាននិយាយថាពួកអ្នករើសតាំងនឹងទៅជាបុគ្គលដែលខ្ជិលច្រអូសទេ។ ផ្ទុយទៅវិញ លោកពន្យល់អំពីអ្វីដែលនឹងកើតឡើងបើពួកគេបាត់បង់ចិត្តខ្នះខ្នែង។ ពួកគេនឹងមិន«កាន់យ៉ាងជាប់នូវឯកសិទ្ធិដែលព្រះបានហៅនិងបានជ្រើសរើស[ពួកគេ]»ទេ ហើយពួកគេនឹងមិនអាចចូលក្នុងរាជាណាចក្រស្ថានសួគ៌របស់ព្រះឡើយ។—២ពេ. ១:១០
១៤ រឿងប្រៀបប្រដូចរបស់លោកយេស៊ូអំពីស្ត្រីក្រមុំបរិសុទ្ធ និងអំពីថាលិនបញ្ជាក់យ៉ាងច្បាស់ថា គ្រិស្តសាសនិកដែលបានត្រូវរើសតាំងទាំងអស់ត្រូវត្រៀមខ្លួន ចាំយាម ឧស្សាហ៍ និងមានចិត្តខ្នះខ្នែង។ ប៉ុន្តែ តើលោកយេស៊ូបានមានប្រសាសន៍អំពីអ្វីផ្សេងទៀតដែលទុកជាការព្រមានដល់ពួកអ្នករើសតាំងឬទេ? លោកបានមានប្រសាសន៍មែន ហើយការព្រមាននោះបានត្រូវកត់ទុកនៅម៉ាថាយ ២៤:៤០, ៤១។
លោកយេស៊ូចង់ឲ្យពួកអ្នករើសតាំងធ្វើជាមនុស្សឧស្សាហ៍និងខ្នះខ្នែង (សូមមើលវគ្គ១៣-១៤)d
តើអ្នកណានឹង«ត្រូវយកទៅ»?
១៥-១៦. តើម៉ាថាយ ២៤:៤០, ៤១ជួយអ្នករើសតាំងឲ្យឃើញថាពួកគេត្រូវចាំយាមជានិច្ចយ៉ាងដូចម្ដេច?
១៥ មុនរៀបរាប់អំពីរឿងប្រៀបប្រដូចបីនោះ លោកយេស៊ូបានពន្យល់អំពីការវិនិច្ឆ័យចុងក្រោយចំពោះពួកអ្នករើសតាំង។ ការវិនិច្ឆ័យនោះនឹងសឲ្យឃើញថាអ្នកណាទទួលការពេញចិត្ត។ លោកបាននិយាយអំពីបុរសពីរនាក់នៅស្រែចម្ការ និងស្ត្រីពីរនាក់ដែលកំពុងកិនម្សៅ។ ក្នុងករណីទាំងពីរនោះ មើលទៅពួកគេធ្វើកិច្ចការដូចគ្នា ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ថា៖ «ម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល»។ (សូមអាន ម៉ាថាយ ២៤:៤០, ៤១) ក្រោយមក លោកបានលើកទឹកចិត្តពួកអ្នកកាន់តាមរបស់លោកថា៖ «ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថាលោកម្ចាស់របស់អ្នកនឹងមកវិញនៅថ្ងៃណាឡើយ»។ (ម៉ាថ. ២៤:៤២) លោកយេស៊ូបាននិយាយអ្វីដែលស្រដៀងនឹងនេះបន្ទាប់ពីលោកលើកឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ។ (ម៉ាថ. ២៥:១៣) តើពាក្យទាំងនេះជាប់ទាក់ទងគ្នាឬទេ? តាមមើលទៅជាប់ទាក់ទងគ្នា។ មានតែពួកអ្នកដែលពិតជាបានត្រូវរើសតាំងនិងស្មោះត្រង់ប៉ុណ្ណោះដែលនឹង«ត្រូវយកទៅ» គឺលោកយេស៊ូនឹងទទួលពួកគេក្នុងរាជាណាចក្រស្ថានសួគ៌។—យ៉ូន. ១៤:៣
១៦ ចូរដឹងខ្លួនជានិច្ច។ អ្នករើសតាំងណាដែលមិនចាំយាមនឹងមិនត្រូវប្រមូលទៅជាមួយ«អ្នកដែលលោកបានរើសតាំង»ទេ។ (ម៉ាថ. ២៤:៣១) ម្យ៉ាងទៀត អស់អ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីក៏គួរដឹងខ្លួននិងចាំយាមជានិច្ច ព្រមទាំងរក្សាភាពស្មោះត្រង់។
១៧. ពេលដែលព្រះយេហូវ៉ាសម្រេចចិត្តរើសតាំងអ្នកខ្លះដោយឫទ្ធានុភាពបរិសុទ្ធរបស់លោក ហេតុអ្វីយើងមិនគួរបារម្ភអំពីរឿងនេះ?
១៧ ដោយសារយើងស្គាល់ព្រះយេហូវ៉ាច្បាស់ យើងទុកចិត្តការវិនិច្ឆ័យរបស់លោក។ ដូច្នេះ យើងមិនបារម្ភឡើយ បើព្រះយេហូវ៉ាសម្រេចចិត្តរើសតាំងអ្នកស្មោះត្រង់ខ្លះនៅសម័យរបស់យើង។c នេះធ្វើឲ្យយើងនឹកឃើញឧទាហរណ៍របស់លោកយេស៊ូអំពីពួកកម្មករដែលធ្វើការក្នុងចម្ការទំពាំងបាយជូរនៅម៉ោងទី១១។ (ម៉ាថ. ២០:១-១៦) ពួកអ្នកដែលបានត្រូវហៅឲ្យធ្វើការនៅពេលក្រោយមកក្នុងចម្ការទំពាំងបាយជូរ ក៏បានទទួលប្រាក់ឈ្នួលដូចគ្នានឹងពួកអ្នកដែលធ្វើការតាំងពីព្រលឹមដែរ។ ស្រដៀងគ្នាដែរ មិនថាពួកអ្នករើសតាំងបានត្រូវជ្រើសរើសនៅពេលណាក្ដី ពួកគេនឹងទទួលរង្វាន់នៅស្ថានសួគ៌ បើពួកគេរក្សាភាពស្មោះត្រង់។
ចូរធ្វើតាមការព្រមាន
១៨-១៩. តើយើងបានពិចារណាមេរៀននិងការព្រមានអ្វីខ្លះ?
១៨ តើយើងបានពិចារណាអ្វីខ្លះ? សម្រាប់ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី រឿងប្រៀបប្រដូចអំពីចៀមនិងពពែបង្ហាញថា គឺជាការសំខាន់ណាស់ដែលពួកគេរក្សាភាពស្មោះត្រង់និងភក្ដីភាពចំពោះព្រះយេហូវ៉ានៅឥឡូវនេះ និងក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងដែលជិតមកដល់។ នៅពេលនោះ លោកយេស៊ូនឹងវិនិច្ឆ័យអ្នកស្មោះត្រង់ថាពួកគេសមនឹង«បានជីវិតដែលគ្មានទីបញ្ចប់»។—ម៉ាថ. ២៥:៤៦
១៩ យើងក៏បានពិចារណាដែរអំពីរឿងប្រៀបប្រដូចពីរដែលទុកជាការព្រមានដល់ពួកអ្នករើសតាំង។ ក្នុងរឿងប្រៀបប្រដូចរបស់លោកយេស៊ូអំពីស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណានិងស្ត្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណា មានស្ត្រីប្រាំនាក់ដែលប្រព្រឹត្តដោយប្រាជ្ញា។ ពួកគេបានត្រៀមខ្លួននិងចាំយាម សម្រាប់ការមកដល់របស់កូនកំលោះ មិនថាគាត់មកពេលណាក៏ដោយ។ ប៉ុន្តែ ស្ត្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណាមិនបានត្រៀមខ្លួនទេ។ ដូច្នេះ កូនកំលោះមិនអនុញ្ញាតឲ្យពួកគេចូលពិធីរៀបអាពាហ៍ពិពាហ៍ឡើយ។ យើងក៏ត្រូវសុខចិត្តរង់ចាំមិនថាយូរប៉ុណ្ណាក្ដី រហូតដល់លោកយេស៊ូបំផ្លាញចោលរបៀបរបបពិភពលោកនេះ។ ម្យ៉ាងទៀត ក្នុងរឿងប្រៀបប្រដូចរបស់លោកយេស៊ូអំពីថាលិន យើងបានពិចារណាអំពីខ្ញុំបម្រើស្មោះត្រង់ពីរនាក់ដែលឧស្សាហ៍និងមានចិត្តខ្នះខ្នែង។ ពួកគេធ្វើការយ៉ាងនឿយហត់ដើម្បីម្ចាស់ ហើយទទួលការពេញចិត្តពីគាត់។ ប៉ុន្តែ ខ្ញុំបម្រើដែលខ្ជិលច្រអូសមិនបានទទួលការពេញចិត្តទេ។ តើមានមេរៀនអ្វី? យើងត្រូវជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ារហូតដល់ទីបញ្ចប់។ យើងក៏បានពិចារណាអំពីរបៀបដែលអ្នករើសតាំងត្រូវដឹងខ្លួនជានិច្ចដើម្បីទទួលរង្វាន់របស់ពួកគេ ពោលគឺលោកយេស៊ូនឹង«ប្រមូល»ពួកគេ«យកទៅ»ស្ថានសួគ៌ដើម្បីនៅជាមួយលោក។ ពួកគេទន្ទឹងរង់ចាំពេលនោះដោយចិត្តរំភើប។ រួចមក ក្រោយពីសង្គ្រាមអាម៉ាគេដូន ពួកគេនឹងធ្វើជាកូនក្រមុំរបស់លោកយេស៊ូក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់កូនចៀម។—២ថែ. ២:១; បប. ១៩:៩
២០. តើព្រះយេហូវ៉ានឹងធ្វើអ្វីចំពោះពួកអ្នកដែលធ្វើតាមការព្រមានរបស់លោក?
២០ ទោះជាមិនយូរទៀតនឹងមានការវិនិច្ឆ័យក៏ដោយ យើងមិនចាំបាច់ភ័យខ្លាចទេ។ បើយើងរក្សាភាពស្មោះត្រង់ នោះបិតារបស់យើងនៅស្ថានសួគ៌ដែលស្រឡាញ់យើង នឹងផ្ដល់«ឫទ្ធានុភាពដែលលើសពីធម្មតា»ដល់យើង ដើម្បីឲ្យយើងអាច«ឈរនៅមុខកូនមនុស្ស»។ (២កូ. ៤:៧; លូក. ២១:៣៦) មិនថាយើងមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ឬផែនដីក្ដី យើងនឹងធ្វើឲ្យបិតារបស់យើងពេញចិត្ត បើយើងធ្វើតាមការព្រមានក្នុងរឿងប្រៀបប្រដូចរបស់លោកយេស៊ូ។ ម្យ៉ាងទៀត ដោយសារព្រះយេហូវ៉ាសប្បុរសយ៉ាងខ្លាំង នោះយើងនឹង«មានឈ្មោះក្នុងសៀវភៅជីវិត»។—ដាន. ១២:១; បប. ៣:៥
ចម្រៀងលេខ២៦ អ្នកបានធ្វើដល់ខ្ញុំដែរ
a សូមមើលអត្ថបទដែលមានចំណងជើងថា «តើយើងដឹងអ្វីខ្លះអំពីការវិនិច្ឆ័យរបស់ព្រះយេហូវ៉ានៅថ្ងៃអនាគត?» ក្នុងទស្សនាវដ្ដីប៉មយាម ខែឧសភា ឆ្នាំ២០២៤។
b ដើម្បីបានព័ត៌មានថែមទៀត សូមមើលអត្ថបទដែលមានចំណងជើងថា «តើអ្នកនឹង‹ចាំយាម›ឬទេ?» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។
d ការពណ៌នាអំពីរូបភាព៖ បងស្រីដែលបានត្រូវរើសតាំងបង្រៀនគម្ពីរដល់ស្ត្រីវ័យក្មេងម្នាក់ដែលគាត់បានជួបក្នុងកិច្ចបម្រើផ្សាយ។