ចូរប្រុងប្រយ័ត្ននិងខំព្យាយាម!
«ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ»។—ម៉ាថាយ ២៥:១៣
១. តើសាវ័កយ៉ូហានទន្ទឹងចាំអ្វី?
ការសន្ទនាចុងក្រោយនៅក្នុងព្រះគម្ពីរ នោះព្រះយេស៊ូបានសន្យាថា៖ «អញមកជាឆាប់»។ សាវ័ករបស់ទ្រង់ ឈ្មោះយ៉ូហាន បានឆ្លើយថា៖ «អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក»។ សាវ័កនេះមិនបានសង្ស័យឡើយ ថាព្រះយេស៊ូនឹងយាងមក។ សាវ័កយ៉ូហានក៏បាននៅក្នុងចំណោមពួកសាវ័ក ដែលបានសួរព្រះយេស៊ូថា៖ «តើកាលណារឿងទាំងនេះនឹងកើតមានឡើង ហើយតើមានទីសំគាល់យ៉ាងណាពីវត្តមាន[ភាសាក្រិក ផារូសៀ]របស់ទ្រង់ ហើយពីវេលាចុងបញ្ចប់របស់ប្រព័ន្ធសម័យ? ត្រូវហើយ ដោយទុកចិត្ត នោះយ៉ូហានបានទន្ទឹងចាំវត្តមាននៅអនាគតរបស់ព្រះយេស៊ូ។—វិវរណៈ ២២:២០; ម៉ាថាយ ២៤:៣, ព.ថ.
២. ស្តីអំពីវត្តមានរបស់ព្រះយេស៊ូ តើសាសនាទាំងឡាយមានស្ថានការណ៍យ៉ាងណា?
២ ទំនុកចិត្តបែបនេះ គឺកម្រមានណាស់សព្វថ្ងៃនេះ។ សាសនាជាច្រើនមានលទ្ធិជាផ្លូវការអំពី«ការយាងមក»របស់ព្រះយេស៊ូ ប៉ុន្តែគេមានសមាជិកតិចណាស់ ដែលយល់ថានឹងមានឡើងនោះ។ ហើយពួកគេក៏រស់នៅសមស្របនឹងគំនិតនោះ។ សៀវភៅមួយឈ្មោះ ផារូសៀនៅក្នុងសញ្ញាថ្មី កត់សម្គាល់ថា៖ «គឺមានឥទ្ធិពលដ៏វិជ្ជមានតិចទេពីសេចក្ដីសង្ឃឹមខាងឯផារូសៀ នៅក្នុងជីវិត គំនិតនិងកិច្ចការរបស់សាសនា។ . . . ភាពជាបន្ទាន់ដ៏ខ្លាំង ដែលសាសនាគួរទទួលធ្វើកិច្ចការរបស់ខ្លួនខាងឯការប្រែចិត្ត និងការប្រកាសដំណឹងល្អដោយពួកសាសនទូត គឺបានត្រូវខ្សោយ ឬប្រហែលជាឥតមានទាំងស្រុងផង»។ ក៏ប៉ុន្តែ មិនមែនចំពោះមនុស្សទាំងអស់នោះទេ!
៣. (ក) តើពួកគ្រីស្ទានមានអារម្មណ៍យ៉ាងណាអំពីផារូសៀ? (ខ) តើអ្វីជាពិសេសដែលយើងនឹងត្រូវពិចារណាមើលឥឡូវ?
៣ ពួកសិស្សពិតរបស់ព្រះយេស៊ូ គឺរង់ចាំយ៉ាងខ្នះខ្នែងចំពោះទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់ជួជាតិបច្ចុប្បន្ននេះ។ កាលដែលរង់ចាំដោយស្មោះត្រង់ យើងត្រូវតែរក្សាទស្សនៈនិស្ស័យត្រឹមត្រូវចំពោះអ្វីៗទាំងអស់ ដែលទាក់ទងនឹងវត្តមានរបស់ព្រះយេស៊ូ ហើយឲ្យប្រព្រឹត្តសមស្របតាមនោះ។ នោះនឹងជួយយើងឲ្យ‹កាន់ខ្ជាប់ ដរាបដល់ចុងបំផុត ហើយបានសង្គ្រោះ›។ (ម៉ាថាយ ២៤:១៣) ក្នុងរយៈកាលប្រទានឲ្យនូវទំនាយ ដែលយើងរកឃើញនៅក្នុងម៉ាថាយ ជំពូក២៤ និង២៥ នោះព្រះយេស៊ូបានប្រទាននូវឱវាទដ៏មានប្រាជ្ញា ដែលយើងអាចអនុវត្តតាម ដើម្បីឲ្យទទួលផលប្រយោជន៍ជាស្ថាពរចំពោះខ្លួនយើង។ ជំពូក២៥មានរឿងប្រៀបប្រដូច ដែលអ្នកប្រហែលជាស្គាល់ហើយ ដែលរួមបញ្ចូលរឿងអំពីស្រីព្រហ្មចារីដប់នាក់ (ស្រីព្រហ្មចារីដែលខ្លះមានប្រាជ្ញា ហើយខ្លះល្ងង់) និងអំពីរឿងប្រៀបប្រដូចនៃប្រាក់ថាល្លិន។ (ម៉ាថាយ ២៥:១-៣០) តើតាមរបៀបណាដែលយើងអាចទទួលប្រយោជន៍ពីរឿងប្រៀបប្រដូចទាំងនោះ?
ចូរឲ្យប្រុងប្រយ័ត្នដូចស្រីព្រហ្មចារីប្រាំនាក់!
៤. តើអ្វីជាខ្លឹមសារនៃរឿងប្រៀបប្រដូចអំពីស្រីព្រហ្មចារី?
៤ អ្នកប្រហែលជាចង់អានម្ដងទៀតនូវរឿងប្រៀបប្រដូចនេះអំពីស្រីព្រហ្មចារី ដែលមាននៅក្នុងម៉ាថាយ ២៥:១-១៣។ ឆាកនេះគឺជាការរៀបអាពាហ៍ពិពាហ៍ដ៏ធំមួយតាមរបៀបសាសន៍យូដា ដែលប្ដីថ្មោងថ្មីទៅឯផ្ទះនៃឪពុករបស់កូនក្រមុំ ដើម្បីនាំនាងមកឯផ្ទះរបស់គាត់វិញ (ឬក៏ទៅផ្ទះរបស់ឪពុកគាត់)។ ក្បួនដង្ហែបែបនេះ ប្រហែលជារួមបញ្ចូលពួកអ្នកភ្លេង និងពួកអ្នកច្រៀង ហើយពេលវេលាដែលដង្ហែនេះមកដល់ ក៏នឹងមិនបានដឹងឲ្យចំៗនោះទេ។ នៅក្នុងរឿងប្រៀបប្រដូច នោះស្រីព្រហ្មចារីដប់នាក់បានរង់ចាំរហូតដល់យប់ចំពោះការមកដល់នៃប្ដីថ្មោងថ្មី។ ដោយល្ងង់ ស្រីព្រហ្មចារីប្រាំនាក់ឥតបានយកប្រេងចង្កៀងគ្រប់គ្រាន់ទេ ដូច្នេះហើយគឺត្រូវតែទៅទិញថែមទៀត។ ដោយមានប្រាជ្ញា នោះស្រីព្រហ្មចារីប្រាំនាក់ទៀតបានយកប្រេងដាក់ក្នុងដបទៅជាមួយ ដើម្បីឲ្យគេអាចដាក់ប្រេងបន្ថែមក្នុងចង្កៀងរបស់គេ បើត្រូវការក្នុងកំឡុងរង់ចាំនោះ។ មានតែស្រីព្រហ្មចារីប្រាំនាក់នេះទេដែលនៅក្បែរហើយប្រុងជាស្រេច នៅពេលដែលប្ដីថ្មោងថ្មីមកដល់នោះ។ ដូច្នេះហើយ មានតែពួកគេទេដែលបានត្រូវអនុញ្ញាតឲ្យចូលក្នុងរោងការ។ នៅពេលដែលពួកស្រីព្រហ្មចារីល្ងង់ប្រាំនាក់បានត្រឡប់មកវិញ នោះវាហួសពេលចូលទៅហើយ ដើម្បីឲ្យគេចូល។
៥. តើបទគម្ពីរណាដែលជួយយើងឲ្យយល់នូវអត្ថន័យជានិមិត្តរូបខាងរឿងប្រៀបប្រដូចអំពីស្រីព្រហ្មចារី?
៥ លក្ខណៈជាច្រើននៃរឿងប្រៀបប្រដូចនេះ អាចយល់បានជានិមិត្តរូប។ ឧទាហរណ៍ បទគម្ពីរចែងអំពីព្រះយេស៊ូ ថាជាប្ដីថ្មោងថ្មី។ (យ៉ូហាន ៣:២៨-៣០) ព្រះយេស៊ូបានប្រដូចខ្លួនទ្រង់ជាបុត្ររបស់ស្តេច ដែលបានគេរៀបចំពិធីការចំពោះនោះ។ (ម៉ាថាយ ២២:១-១៤) ហើយព្រះគម្ពីរប្រៀបធៀបព្រះគ្រីស្ទទៅនឹងស្វាមីម្នាក់។ (អេភេសូរ ៥:២៣) គួរឲ្យចាប់អារម្មណ៍ ដែលពួកគ្រីស្ទានចាក់ប្រេងតាំងបានត្រូវពណ៌នានៅកន្លែងផ្សេងទៀតជា«ប្រពន្ធថ្មោងថ្មី»របស់ព្រះគ្រីស្ទ តែរឿងប្រៀបប្រដូចនេះគឺឥតពណ៌នាអំពីប្រពន្ធថ្មោងថ្មីមួយទេ។ (យ៉ូហាន ៣:២៩; វិវរណៈ ១៩:៧; ២១:២, ៩) ក៏ប៉ុន្តែ រឿងប្រៀបប្រដូចនេះគឺនិយាយអំពីព្រហ្មចារីដប់នាក់ ហើយនៅកន្លែងផ្សេងទៀត ពួកចាក់ប្រេងតាំងគឺបានប្រដូចទៅនឹងព្រហ្មចារីម្នាក់ ដែលបានជាប់សន្យានឹងរៀបអាពាហ៍ពិពាហ៍ជាមួយព្រះគ្រីស្ទ។—កូរិនថូសទី២ ១១:២។a
៦. តើព្រះយេស៊ូបានផ្ដល់ការដាស់តឿនអ្វី នៅពេលដែលបញ្ចប់រឿងប្រៀបប្រដូចនៃស្រីព្រហ្មចារី?
៦ ក្រោយពីពត៌មានបែបនេះនិងការអនុវត្តខាងទំនាយណាមួយ នោះគឺប្រាកដជាមានគោលការណ៍ដ៏ល្អ ដែលយើងអាចរៀនពីរឿងប្រៀបប្រដូចនេះ។ ជាឧទាហរណ៍ ចូរកត់សម្គាល់ថា ព្រះយេស៊ូបានបញ្ចប់រឿងនេះ ដោយមានបន្ទូលថា៖ «ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណា . . . នោះទេ»។ ដូច្នេះ រឿងប្រៀបប្រដូចនេះបង្ហាញឲ្យឃើញថា យើងម្នាក់ៗត្រូវតែឲ្យប្រុងប្រយ័ត្ន ឲ្យប្រុងប្រៀបចំពោះទីបញ្ចប់នៃរបបនេះដែលកាន់តែជិតមកដល់នោះ។ ទីបញ្ចប់នេះប្រាកដជានឹងមកដល់ជាមិនខាន ទោះបីយើងមិនអាចបង្ហាញអំពីថ្ងៃខែឲ្យជាក់លាក់ក៏ដោយ។ ស្តីអំពីរឿងនេះ ចូរកត់សម្គាល់នូវអាកប្បកិរិយាដែលបានសម្ដែងដោយស្រីព្រហ្មចារីទាំងពីរក្រុមនេះ។
៧. តើក្នុងន័យណា ដែលស្រីព្រហ្មចារីប្រាំនាក់ក្នុងរឿងប្រៀបប្រដូចបង្ហាញថាល្ងង់នោះ?
៧ ព្រះយេស៊ូមានបន្ទូលថា៖ «៥នាក់ល្ងង់»។ តើនេះគឺដោយសារគេមិនបានជឿថា ប្ដីថ្មោងថ្មីនឹងមិនមកឬ? តើគេបានទៅស្វែងរកការកំសាន្តឬ? ឬក៏តើគេបានត្រូវបំភាន់? មិនមែនអ៊ីចឹងទេ។ ព្រះយេស៊ូមានបន្ទូលថា ស្រីព្រហ្មចារីប្រាំនាក់នេះបាន«ចេញទៅទទួលប្ដីថ្មោងថ្មី»។ ពួកគេបានដឹងថា ប្ដីថ្មោងថ្មីនឹងមក ហើយគេក៏ចង់ជាប់ទាក់ទងដែរ សូម្បីទាំងចូលរួមក្នុង«រោងការ»ទៀតផង។ ក៏ប៉ុន្តែ តើគេបានរៀបចំដោយគ្រប់គ្រាន់ឬទេ? ពួកគេបានចាំមួយសន្ទុះ រហូតដល់«កណ្ដាលអធ្រាត្រ» ប៉ុន្តែគេមិនបានប្រុងប្រៀបទទួលការមកដល់របស់គាត់នៅពេលណាក៏ដោយឡើយ មិនថាមុនឬក៏ក្រោយពេលដែលគេបានសង្ឃឹមនោះ។
៨. តើតាមរបៀបណាដែលស្រីព្រហ្មចារីប្រាំនាក់ទៀត នៅក្នុងរឿងប្រៀបប្រដូច បង្ហាញថាមានគំនិតនោះ?
៨ ស្រីព្រហ្មចារីប្រាំនាក់ទៀត ដែលព្រះយេស៊ូបានហៅថាមានគំនិត ក៏យកចង្កៀងទៅជាមួយ ដោយទន្ទឹងចាំការមកដល់របស់ប្ដីថ្មោងថ្មី។ ពួកគេក៏ត្រូវតែចាំផងដែរ ប៉ុន្តែពួកគេមាន«គំនិត»។ ពាក្យភាសាក្រិក ដែលបានបកប្រែថា«មានគំនិត» ក៏អាចបង្ហាញអត្ថន័យជាការចេះ«ប្រុងប្រយ័ត្ន មានសុភនិច្ឆ័យ ប្រកបដោយប្រាជ្ញា»។ ស្រីព្រហ្មចារីប្រាំនាក់នេះបានបង្ហាញថាគេមានគំនិត ដោយយកដបដែលមានប្រេងបន្ថែមមកជាមួយ ដើម្បីបំពេញចង្កៀងវិញ បើត្រូវការចាំបាច់នោះ។ តាមការពិត ពួកគេបានប្រុងប្រៀបចាំកូនកំលោះដល់ម្ល៉េះ ដែលគេមិនព្រមចែកប្រេងរបស់គេឡើយ។ ការប្រុងប្រយ័ត្នបែបនេះ គឺមិនមែនមានគោលដៅខុសនោះទេ ដូចបានសម្ដែងឲ្យឃើញដោយគេមានវត្តមាន និងបានប្រុងប្រៀបទាំងស្រុងនៅពេលដែលប្ដីថ្មោងថ្មីបានមកដល់។ ពួកនាង«បានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ»។
៩, ១០. តើអ្វីជាគោលចំណុចនៃរឿងប្រៀបប្រដូចអំពីស្រីព្រហ្មចារី ហើយតើមានសំនួរអ្វីដែលយើងត្រូវសួរខ្លួនយើង?
៩ ព្រះយេស៊ូមិនបានប្រទាននូវមេរៀនមួយខាងការកាន់មារយាទត្រឹមត្រូវ នៅកន្លែងអាពាហ៍ពិពាហ៍ឡើយ ហើយទ្រង់ក៏មិនបានប្រទានឱវាទអំពីការចែកឲ្យរបស់ខ្លួននោះទេ។ គោលចំណុចរបស់ទ្រង់គឺ៖ «ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ»។ សូមសួរខ្លួនអ្នក ‹តើខ្ញុំពិតជាប្រុងប្រយ័ត្នស្តីអំពីវត្តមានរបស់ព្រះយេស៊ូឬទេ›? យើងជឿថា ព្រះយេស៊ូឥឡូវសោយរាជ្យនៅក្នុងស្ថានសួគ៌ ក៏ប៉ុន្តែតើយើងប្រុងប្រៀបយ៉ាងណា ចំពោះហេតុការណ៍ពិតដែលថា ‹កូនមនុស្សនឹងយាងមកលើពពកនៅលើមេឃ មានទាំងព្រះចេស្ដានិងសិរីរុងរឿងជាខ្លាំងនោះ›? (ម៉ាថាយ ២៤:៣០) នៅ«កណ្ដាលអធ្រាត្រ»នោះ ការមកដល់របស់ប្ដីថ្មោងថ្មី ប្រាកដជាជិតដល់ជាងពេលដែលស្រីព្រហ្មចារីបានចេញដំណើរនោះជាដំបូង ដើម្បីទៅជួបលោក។ ស្រដៀងគ្នាដែរ ការមកដល់របស់កូនមនុស្ស ដើម្បីនឹងកំទេចរបបលោកីយ៍ដ៏អាក្រក់ជួជាតិនេះ គឺជិតជាងពេលដែលយើងបានចាប់ផ្ដើមទន្ទឹងចាំការយាងមករបស់ទ្រង់ទៅទៀត។ (រ៉ូម ១៣:១១-១៤) តើយើងបានរក្សាការប្រុងប្រយ័ត្នរបស់យើង ដោយប្រយ័ត្នប្រយែងកាន់តែខ្លាំងឡើង កាលដែលពេលនោះកាន់តែជិតមកដល់ឬទេ?
១០ ដើម្បីស្ដាប់បង្គាប់តាមបញ្ជាឲ្យ«ចូរចាំយាមចុះ» នោះតម្រូវឲ្យមានការប្រុងប្រយ័ត្នជានិច្ច។ ស្រីព្រហ្មចារីប្រាំនាក់បានឲ្យប្រេងរបស់គេអស់ និងបានចេញទៅទិញថែមទៀត។ សព្វថ្ងៃនេះ គ្រីស្ទានម្នាក់ប្រហែលជាបានត្រូវបន្លប់ស្រដៀងគ្នានេះដែរ ដែលធ្វើឲ្យគាត់មិនបានប្រុងប្រៀបពេញលេញ ចំពោះការមកដល់របស់ព្រះយេស៊ូដែលជិតដល់ហើយ។ នេះគឺបានកើតឡើងដល់ពួកគ្រីស្ទានខ្លះនៅសតវត្សទីមួយ។ នេះក៏អាចកើតមានឡើងដល់ពួកគ្រីស្ទានខ្លះសព្វថ្ងៃនេះដែរ។ ដូច្នេះ សូមឲ្យយើងសួរខ្លួនយើង ‹តើនេះកំពុងតែកើតឡើងចំពោះខ្ញុំឬ›?—ថែស្សាឡូនីចទី១ ៥:៦-៨; ហេព្រើរ ២:១; ៣:១២; ១២:៣; វិវរណៈ ១៦:១៥
ចូរខំព្យាយាមកាលទីបញ្ចប់ជិតមកដល់
១១. តើរឿងប្រៀបប្រដូចអ្វីដែលព្រះយេស៊ូបានប្រទានឲ្យជាបន្ទាប់ ហើយតើរឿងនេះស្រដៀងនឹងរឿងអ្វី?
១១ នៅក្នុងរឿងប្រៀបប្រដូចជាបន្ទាប់ នោះព្រះយេស៊ូបានដាស់តឿនយ៉ាងខ្លាំងដល់ពួកអ្នកកាន់តាមទ្រង់ឲ្យប្រុងប្រយ័ត្ន។ ក្រោយពីប្រាប់អំពីស្រីព្រហ្មចារីដែលខ្លះមានប្រាជ្ញា ហើយខ្លះក៏ល្ងង់ នោះទ្រង់ក៏បានរៀបរាប់នូវរឿងប្រៀបប្រដូចអំពីប្រាក់ថាល្លិន។ (សូមអានម៉ាថាយ ២៥:១៤-៣០) ក្នុងលក្ខណៈជាច្រើន នេះគឺមានសភាពស្រដៀងនឹងរឿងប្រៀបប្រដូចពីមុនរបស់ទ្រង់អំពីប្រាក់ម៉ាញណា ដែលព្រះយេស៊ូបានប្រទានមកដោយព្រោះមនុស្សជាច្រើនបាន«ស្មានថា នគរព្រះរៀបនឹងលេចមកភ្លាម»។—លូកា ១៩:១១-២៧
១២. តើអ្វីជាខ្លឹមសារនៃរឿងប្រៀបប្រដូចអំពីប្រាក់ថាល្លិន?
១២ នៅក្នុងរឿងប្រៀបប្រដូចអំពីប្រាក់ថាល្លិន នោះព្រះយេស៊ូបានមានបន្ទូលប្រាប់អំពីបុរសម្នាក់ ដែលមុននឹងធ្វើដំណើររបស់គាត់ចេញទៅប្រទេសក្រៅ ក៏បានហៅអ្នកបំរើបីនាក់មកប្រជុំ។ ចំពោះអ្នកបំរើម្នាក់ គាត់បានឲ្យប្រាក់ថាល្លិនប្រាំ ចំពោះម្នាក់ទៀតឲ្យប្រាក់ថាល្លិនពីរ ហើយចំពោះបុគ្គលចុងក្រោយគឺឲ្យប្រាក់ថាល្លិនតែមួយប៉ុណ្ណោះ «គឺឲ្យគ្រប់គ្នាតាមដំរិះគេរៀងខ្លួន»។ នេះគឺប្រហែលជាប្រាក់ថាល្លិន ដែលមានតម្លៃជាខ្នាតនៅពេលនោះ គឺស្មើនឹងប្រាក់ចំនួនប៉ុន្មានដែលកម្មករម្នាក់អាចរកបានក្នុងរយៈពេល១៤ឆ្នាំ ដែលជាលុយច្រើនមែន! នៅពេលដែលបុរសនេះត្រឡប់មកវិញ នោះគាត់ឲ្យពួកបាវគិតបញ្ជីនូវអ្វីដែលគេបានធ្វើ ក្នុងកំឡុង«យូរ»ដែលគាត់បានចាកចេញនោះ។ បាវពីរនាក់ដំបូងបានចំណេញមួយជាពីរនូវតម្លៃដែលបានប្រគល់ឲ្យគេនោះ។ លោកមានប្រសាសន៍ថា៖ «ប្រពៃហើយ» និងបានសន្យាដល់បុគ្គលម្នាក់ៗនេះថានឹងប្រគល់ឲ្យភារកិច្ចថែមទៀត ហើយបានសន្និដ្ឋានថា៖ «ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយឯងចុះ»។ ដោយអះអាងថាចៅហ្វាយនេះគឺទាមទារយ៉ាងហួសហេតុ នោះបាវដែលមានប្រាក់ថាល្លិនមួយ ឥតបានប្រើប្រាក់នេះសំរាប់ឲ្យបានចំណេញអ្វីនោះទេ។ គាត់បានលាក់ប្រាក់នេះ ឥតទាំងទុកនៅក្នុងធនាគារដើម្បីឲ្យបានការផង។ ចៅហ្វាយនេះបានចាត់ទុកគាត់ជា«បាវអាក្រក់ ហើយខ្ជិលច្រអូស» ដោយព្រោះគាត់បានធ្វើប្រឆាំងនឹងចៅហ្វាយ។ ជាលទ្ធផល គឺបានត្រូវយកប្រាក់ថាល្លិនចេញពីគាត់ ហើយបានឲ្យគាត់ទៅខាងក្រៅ«នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
១៣. តើតាមរបៀបណាដែលព្រះយេស៊ូបានបង្ហាញខ្លួនដូចជាចៅហ្វាយនៅក្នុងរឿងប្រៀបប្រដូច?
១៣ ម្ដងនេះទៀត ពត៌មានល្អិតល្អន់នេះក៏អាចយល់ក្នុងន័យជានិមិត្តរូបដែរ។ ជាឧទាហរណ៍ ព្រះយេស៊ូ ដែលបានត្រូវតំណាងដោយបុរសដែលធ្វើដំណើរទៅបរទេស នោះនឹងចាកចេញពីពួកសិស្សរបស់ទ្រង់ គឺយាងទៅស្ថានសួគ៌ ហើយចាំយ៉ាងយូរទំរាំទ្រង់ទទួលអំណាចជាស្តេច។b (ទំនុកដំកើង ១១០:១-៤; កិច្ចការ ២:៣៤-៣៦; រ៉ូម ៨:៣៤; ហេព្រើរ ១០:១២, ១៣) ក៏ប៉ុន្តែ ម្ដងនេះទៀត យើងក៏អាចយល់នូវមេរៀនឬគោលការណ៍ដ៏ទូលំទូលាយ ដែលយើងគ្រប់គ្នាគួរអនុវត្តតាមក្នុងជីវិតរបស់យើង។ តើនោះជាអ្វីទៅ?
១៤. រឿងប្រៀបប្រដូចអំពីប្រាក់ថាល្លិន ដៅបញ្ជាក់នូវសេចក្ដីត្រូវការអ្វីជាចាំបាច់?
១៤ ទោះបីសេចក្ដីសង្ឃឹមរបស់យើងគឺខាងជីវិតអមតៈនៅស្ថានសួគ៌ ឬជីវិតដ៏អស់កល្បជានិច្ចនៅលើផែនដីមនោរម្យក្ដី នោះក៏អាចឃើញច្បាស់ពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូថា យើងគួរខំប្រឹងនៅក្នុងសកម្មភាពគ្រីស្ទាន។ តាមការពិត សារនៃរឿងប្រៀបប្រដូចនេះ គឺអាចសង្ខេបក្នុងពាក្យមួយម៉ាត់គឺ៖ ការខំព្យាយាម។ ពួកសាវ័កបានទុកគំរូ តាំងពីបុណ្យភិន្ដាកុសនៅឆ្នាំ៣៣ ស.យ.មក។ យើងអានថា៖ «[ពេត្រុស]ក៏ធ្វើបន្ទាល់អស់ពីចិត្ត ហើយទូន្មានដោយពាក្យជាច្រើនទៀតថា៖ ‹ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះ រួចពីពូជដំណវៀចនេះ›»។ (កិច្ចការ ២:៤០-៤២) ហើយគាត់បានផលយ៉ាងប្រសើរមែនហ្ន៎ ដោយការខំប្រឹងរបស់គាត់! កាលដែលអ្នកឯទៀតបានចូលរួមពួកសាវ័កនៅក្នុងកិច្ចផ្សព្វផ្សាយ នោះពួកគេក៏បានខំព្យាយាមដែរ ទាំងមានដំណឹងល្អ‹ចំរើនឡើងក្នុងលោកីយទាំងមូល›។—កូល៉ុស ១:៣-៦, ២៣; កូរិនថូសទី១ ៣:៥-៩
១៥. តើនៅក្នុងរបៀបដ៏ពិសេសណា ដែលយើងគួរអនុវត្តតាមគោលចំណុចនៃរឿងប្រៀបប្រដូចអំពីប្រាក់ថាល្លិន?
១៥ ចូរចងចាំនូវបរិបទនៃរឿងប្រៀបប្រដូចនេះ គឺជាទំនាយអំពីវត្តមានរបស់ព្រះយេស៊ូ។ យើងមានការបញ្ជាក់ជាច្រើនថា ផារូសៀរបស់ព្រះយេស៊ូកំពុងតែមាន ហើយមិនយូរប៉ុន្មានទៀតនឹងមកដល់កំពូល។ សូមនឹកចាំនូវការទាក់ទង ដែលព្រះយេស៊ូបានបញ្ជាក់ថាមានរវាងទី«ចុងបំផុត» និងកិច្ចការដែលពួកគ្រីស្ទានត្រូវការធ្វើ ដោយទ្រង់ថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) ដោយចងចាំអំពីរឿងនេះ តើយើងមានសភាពដូចបាវមួយណា? សួរខ្លួនឯងមើល៖ ‹តើមានមូលហេតុក្នុងការសន្និដ្ឋានថា ខ្ញុំមានសភាពដូចជាបាវដែលលាក់អ្វីដែលគាត់បានត្រូវប្រគល់ឲ្យ ប្រហែលជាកាលដែលគាត់រវល់សម្រេចកិច្ចការរបស់ខ្លួនឬទេ? ឬក៏តើឃើញច្បាស់ថា ខ្ញុំមានសភាពដូចជាពួកបាវដែលល្អហើយស្មោះត្រង់? តើខ្ញុំបានតាំងចិត្តទាំងស្រុងនឹងធ្វើការបង្កើនប្រយោជន៍ របស់ចៅហ្វាយនៅគ្រប់ឱកាសឬទេ›?
ដែលប្រុងប្រយ័ត្ននិងខំព្យាយាមក្នុងកំឡុងវត្តមានរបស់ទ្រង់
១៦. តើសារអ្វីដែលរឿងប្រៀបប្រដូចទាំងពីរដែលយើងបានពិគ្រោះ មានចំពោះអ្នក?
១៦ ត្រូវហើយ ក្រៅពីអត្ថន័យខាងប្រៀបប្រដូចនិងខាងទំនាយ រឿងប្រៀបប្រដូចពីរនេះ ផ្ដល់ឲ្យយើងនូវការលើកទឹកចិត្តយ៉ាងច្បាស់ ដែលមកពីព្រះឱស្ឋរបស់ព្រះយេស៊ូ។ សាររបស់ទ្រង់ គឺដូចតទៅនេះ៖ ចូរឲ្យប្រុងប្រយ័ត្ន ចូរឲ្យខំព្យាយាម ជាពិសេសនៅពេលទីសម្គាល់នៃផារូសៀរបស់ព្រះគ្រីស្ទនឹងបានឃើញនោះ។ ពេលនោះគឺឥឡូវនេះហើយ។ ដូច្នេះ តើយើងពិតជាប្រុងប្រយ័ត្ននិងខំព្យាយាមឬទេ?
១៧, ១៨. ស្តីអំពីវត្តមានរបស់ព្រះយេស៊ូ តើយ៉ាកុប ជាសិស្សទ្រង់ បានឲ្យឱវាទអ្វី?
១៧ យ៉ាកុបជាប្អូនព្រះយេស៊ូខាងម្ដាយ មិនបាននៅលើភ្នំដើមអូលីវឲ្យបានឮទំនាយរបស់ព្រះយេស៊ូទេ។ ប៉ុន្តែ នៅក្រោយមក គាត់បានរៀនដឹងអំពីទំនាយនេះ ហើយគាត់បានយល់យ៉ាងច្បាស់នូវសារៈសំខាន់របស់ពាក្យនោះ។ គាត់បានសរសេរថា៖ «បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើល អ្នកធ្វើស្រែ គេរង់ចាំផលវិសេស ដែលកើតពីដីមក ដោយសេចក្ដីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ នឹងចុងរដូវផង ចូរឲ្យអ្នករាល់គ្នាអត់ធ្មត់ដូច្នោះដែរ ទាំងតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ»។—យ៉ាកុប ៥:៧, ៨
១៨ ដោយបានផ្ដល់ឲ្យនូវការធានារ៉ាប់រងថា ព្រះនឹងជំនុំជំរះអស់អ្នកដែលប្រើទ្រព្យសម្បត្ដិរបស់គេតាមរបៀបដ៏ខុស នោះយ៉ាកុបបានដាស់តឿនពួកគ្រីស្ទានកុំឲ្យអន្ទះអន្ទែង កាលដែលរង់ចាំព្រះយេហូវ៉ាចាត់វិធានការឲ្យនោះ។ គ្រីស្ទានដ៏អន្ទះអន្ទែងម្នាក់ប្រហែលទៅជាចងគំនុំ ហាក់ដូចជាគាត់មានសិទ្ធិកែកំហុសដែលបានប្រព្រឹត្តអ៊ីចឹង។ ក៏ប៉ុន្តែ មិនគួរធ្វើដូច្នេះឡើយ ពីព្រោះពេលនៃការជំនុំជំរះនឹងមកដល់ជាមិនខាន។ ឧទាហរណ៍នៃអ្នកធ្វើស្រែក៏បង្ហាញរឿងនេះ ដូចជាយ៉ាកុបបានពន្យល់ប្រាប់។
១៩. អ្នកធ្វើស្រែជាតិអ៊ីស្រាអែលអាចមានការអត់ធ្មត់បែបណា?
១៩ អ្នកធ្វើស្រែជាតិអ៊ីស្រាអែល ដែលបានដាំគ្រាប់ពូជត្រូវតែរង់ចាំ ឲ្យដុះពន្លកជាមុនសិន រួចមកឲ្យដំណាំនោះបានធំឡើង ហើយនៅទីបំផុត គឺការច្រូតកាត់។ (លូកា ៨:៥-៨; យ៉ូហាន ៤:៣៥) ក្នុងកំឡុងខែទាំងប៉ុន្មាននោះ គឺមានពេល ហើយប្រហែលជាបុព្វហេតុ ចំពោះការព្រួយបារម្ភខ្លះៗ។ តើនឹងមានភ្លៀងដើមរដូវគ្រប់គ្រាន់ឬទេ? យ៉ាងណាវិញចំពោះភ្លៀងចុងរដូវនោះ? តើប្រហែលជាមានសត្វល្អិតឬក៏ព្យុះសង្ឃរាធ្វើឲ្យងាប់ដំណាំនេះឬទេ? (ប្រៀបមើល យ៉ូអែល ១:៤; ២:២៣-២៥) យ៉ាងណាក៏ដោយ សរុបទៅ អ្នកធ្វើស្រែជាតិអ៊ីស្រាអែលអាចទុកចិត្តលើព្រះយេហូវ៉ា និងដំណើរធម្មជាតិ ដែលទ្រង់បានស្ថាបនាឡើងនោះ។ (ចោទិយកថា ១១:១៤; យេរេមា ៥:២៤) ការអត់ធ្មត់របស់អ្នកធ្វើស្រែ អាចទៅជាការសង្ឃឹមចាំដោយទុកចិត្ត។ ដោយជំនឿ គាត់បានដឹងថាអ្វីដែលគាត់កំពុងតែរង់ចាំ នោះនឹងមកដល់។ គឺប្រាកដជាមកដល់ជាពុំខាន!
២០. តើតាមរបៀបណាដែលយើងអាចសម្ដែងការអត់ធ្មត់ ឲ្យស្របតាមឱវាទរបស់យ៉ាកុបនោះ?
២០ កាលដែលអ្នកធ្វើស្រែម្នាក់ប្រហែលជាមានចំណេះខ្លះអំពីពេលច្រូតស្រូវក៏ដោយ តែពួកគ្រីស្ទាននៅសតវត្សទីមួយ ពុំអាចគិតថានៅពេលណាជាវត្តមានរបស់ព្រះយេស៊ូនោះទេ។ ក៏ប៉ុន្តែ គឺនឹងប្រាកដជាមកពុំខាន។ យ៉ាកុបបានសរសេរថា៖ «ព្រះអម្ចាស់ជិតយាងមក[ភាសាក្រិក ផារូសៀ]ហើយ»។ នៅគ្រាដែលយ៉ាកុបបានសរសេរពាក្យទាំងនោះ ទីសម្គាល់ដ៏ធំសម្បើម ឬក៏ទូទាំងពិភពលោកអំពីវត្តមានរបស់គ្រីស្ទ គឺមិនទាន់ឃើញជាក់ស្តែងនៅឡើយទេ។ ប៉ុន្តែគឺឃើញជាក់ស្តែងនៅឥឡូវ! ដូច្នេះ តើយើងគួរមានអារម្មណ៍យ៉ាងណាក្នុងកំឡុងពេលនេះ? ទីសម្គាល់គឺឃើញមែនទែន។ យើងឃើញវា។ យើងអាចនិយាយដោយការទុកចិត្តថា ‹ខ្ញុំឃើញទីសម្គាល់កំពុងតែសម្រេច›។ យើងអាចនិយាយដោយទុកចិត្តថា៖ ‹វត្តមានរបស់ព្រះអម្ចាស់គឺមកដល់ហើយៗកំពូលរបស់វាគឺជិតដល់ហើយ›។
២១. តើយើងប្ដេជ្ញាចិត្តធ្វើអ្វី?
២១ ដោយព្រោះអ៊ីចឹង យើងមានមូលហេតុដ៏ខ្លាំងពិសេស ឲ្យយកចិត្តទុកដាក់ហើយធ្វើតាមមេរៀនដ៏សំខាន់ អំពីរឿងប្រៀបប្រដូចពីររបស់ព្រះយេស៊ូ ដែលយើងបានពិគ្រោះនេះ។ ទ្រង់មានបន្ទូលថា៖ «ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ»។ (ម៉ាថាយ ២៥:១៣) ដោយឥតសង្ស័យ នោះឥឡូវនេះគឺត្រូវពេលឲ្យយើងមានចិត្តខ្នះខ្នែងក្នុងកិច្ចបំរើគ្រីស្ទានរបស់យើង។ សូមឲ្យយើងបង្ហាញជារៀងរាល់ថ្ងៃក្នុងជីវិតរបស់យើង ថាយើងយល់នូវចំណុចរបស់ព្រះយេស៊ូ។ សូមឲ្យយើងចេះប្រុងប្រយ័ត្ន! សូមឲ្យយើងចេះខំព្យាយាម!
[កំណត់សម្គាល់]
a ចំពោះពត៌មានល្អិតល្អន់អំពីអត្ថន័យជានិមិត្តរូបនៃរឿងប្រៀបប្រដូចនេះ សូមមើលសៀវភៅ God’s Kingdom of a Thousand Years Has Approached ទំព័រ ១៦៩-២១១, បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
b សូមមើល សៀវភៅ God’s Kingdom of a Thousand Years Has Approached ទំព័រ ២១២-២៥៦។
តើអ្នកនឹកចាំបានឬទេ?
◻ តើគោលចំណុចអ្វីដែលអ្នកបានរៀនពីរឿងប្រៀបប្រដូចអំពីស្រីព្រហ្មចារីដែលខ្លះមានប្រាជ្ញានិងខ្លះល្ងង់?
◻ តាមរយៈរឿងប្រៀបប្រដូចអំពីប្រាក់ថាល្លិន តើឱវាទដ៏សំខាន់អ្វីដែលព្រះយេស៊ូប្រទានឲ្យអ្នក?
◻ តើនៅក្នុងន័យណាដែលការអត់ធ្មត់របស់អ្នកទាក់ទងនឹងផារូសៀដូចអ្នកធ្វើស្រែជាតិអ៊ីស្រាអែលនោះ?
◻ ហេតុអ្វីក៏ការរស់នៅនាបច្ចុប្បន្ននេះ ជាពិសេសនោះគឺជាគ្រាដ៏រំភើបនិងពិបាក?
[រូបភាពនៅទំព័រ២១]
តើមេរៀនអ្វីដែលអ្នករៀនពីរឿងប្រៀបប្រដូចអំពីស្រីព្រហ្មចារី និងអំពីប្រាក់ថាល្លិន?