ហេតុអ្វីក៏ស្វែងរកសេចក្ដីពិត?
អង្គការសាសនាជាច្រើនអះអាងថា គេមានសេចក្ដីពិត ហើយថែមទាំងខំខ្នះខ្នែងផ្ដល់សេចក្ដីពិតនេះទៅឲ្យមនុស្សដទៃទៀតផង។ ប៉ុន្តែក្នុងចំណោមពួកគេនោះ គេផ្ដល់នូវ«សេចក្ដីពិត»ដែលធ្វើឲ្យវង្វេងជាច្រើន។ តើនេះគ្រាន់តែជាទីសំអាងមួយទៀត ដែលថាសេចក្ដីពិតទាំងអស់គ្មានការជាក់លាក់ ហើយថាគ្មានសេចក្ដីពិតដ៏ពេញលេញនោះឬ? មិនមែនទេ។
ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើង ការគិតពិចារណាដ៏ប៉ិនប្រសប់ សាស្ដ្រាចារ្យ វីនសិន រូជារ៉ូ បានថ្លែងការភ្ញាក់ផ្អើលរបស់គាត់ថា សូម្បីតែមនុស្សមានប្រាជ្ញា ក៏ជួនកាលនិយាយថាសេចក្ដីពិតគឺគ្មានការជាក់លាក់ដែរ។ គាត់វែកញែកថា៖ «បើសិនជាមនុស្សគ្រប់ៗគ្នាបង្កើតសេចក្ដីពិតតែខ្លួនឯង ដូច្នេះគឺគ្មានគំនិតរបស់អ្នកណាម្នាក់ប្រសើរជាងគ្នានោះទេ។ គំនិតទាំងអស់គឺត្រូវតែស្មើគ្នា។ ហើយប្រសិនជាគំនិតទាំងអស់ស្មើគ្នានោះ តើការស្រាវជ្រាវអំពីប្រធានផ្សេងៗនោះមានប្រយោជន៍អ្វីទៅ? តើខំជីកដីរកចម្លើយពីបុរាណវត្ថុដើម្បីអ្វី? ហេតុអ្វីក៏ខំស្វែងរករឿងដែលបណ្ដាលឲ្យមានការតានតឹងនៅក្នុងមជ្ឈិមបូព៌ានោះ? ហេតុអ្វីក៏ស្វែងរកការព្យាបាលរោគមហារីក? តើខំរុករកក្នុងតារាវលីដើម្បីអ្វី? សកម្មភាពទាំងនេះអាចមានន័យទៅបាន លុះត្រាណាចម្លើយខ្លះគឺប្រសើរជាងចម្លើយឯទៀត ហើយបើសេចក្ដីពិតជាអ្វីដ៏ឡែក ដែលមិនមានឥទ្ធិពលពីទស្សនៈផ្ទាល់ខ្លួននោះ»។
តាមការពិត គ្មានអ្នកណាម្នាក់ដែលជឿមែនទែនថាគ្មានសេចក្ដីពិតនោះទេ។ បើនិយាយអំពីសេចក្ដីពិតអំពីវិទ្យាសាស្ត្ររូបនិយម ដូចជា ខាងវិជ្ជាពេទ្យ គណិតសាស្ត្រ ឬក៏ច្បាប់នៃរូបសាស្ត្រ សូម្បីតែអ្នកជឿយ៉ាងខ្លាំងថាគ្មានអ្វីជាជាក់លាក់នោះ ក៏នឹងជឿថាមានអ្វីខ្លះជាការពិតដែរ។ តើមានអ្នកណាមួយក្នុងចំណោមយើងដែលនឹងជិះយន្តហោះ បើយើងមិនជឿថា ច្បាប់ឌីណាមីកអាកាសជាសេចក្ដីពិតដ៏ជាក់លាក់នោះ? សេចក្ដីពិតដែលពិនិត្យបញ្ជាក់បាន គឺមាននៅជុំវិញយើង ហើយយើងទុកចិត្តទៅលើរឿងនេះ។
តម្លៃនៃការជឿថាគ្មានអ្វីជាជាក់លាក់
កំហុសនៃការជឿថាគ្មានអ្វីជាជាក់លាក់ គឺបានឃើញយ៉ាងច្បាស់លាស់ណាស់ បើនិយាយអំពីរឿងសីលធម៌។ ពីព្រោះនៅទីនេះហើយ ដែលគំនិតបែបនេះបានធ្វើឲ្យមានការគ្រោះថ្នាក់ជាច្រើន។ សព្វវចនាធិប្បាយអាមេរិកាណា បានថ្លែងថា៖ «មានការសង្ស័យណាស់ ថាតើដំរិះវិជ្ជា ឬក៏សេចក្ដីពិតដែលបានស្ថាបនារួចហើយ ជាអ្វីដែលមនុស្សអាចទទួលបាន . . . យ៉ាងណាក្ដី ជាប្រាកដមែន នៅពេលណាដែលសេចក្ដីពិតនិងដំរិះវិជ្ជា បានច្រានចោលជារឿងពិតឬជាការមានគ្រោះថ្នាក់នោះ សង្គមរបស់មនុស្សតែងតែចុះអាប់ឱន»។
អ្នកប្រហែលជាបានឃើញការចុះអាប់ឱនទាំងនេះមកហើយ។ ជាឧទាហរណ៍ ការបង្រៀនព្រះគម្ពីរខាងសីលធម៌បានថ្លែងយ៉ាងច្បាស់ថា អំពើអសីលធម៌ខាងកាម គឺខុស។ តែឥឡូវនេះមនុស្សមិនសូវចាត់ទុកថារឿងនេះជាសេចក្ដីពិតទៀតទេ។ ស្ថានភាពនៃអភិសមារចារ—«ការសម្រេចចិត្តថាអ្វីខុសឬត្រូវចំពោះអ្នក»—ជាគំនិតដែលគេនិយមទូទៅ។ តើមានអ្នកណាម្នាក់អាចអះអាងថា ការចុះអាប់ឱននៃសង្គម គឺមិនមែនជាលទ្ធផលនៃការជឿថាគ្មានអ្វីជាជាក់លាក់នេះទេឬ? យ៉ាងពិតមែន ការរាលដាលនៃរោគខាងសេពមេថុនដែលមានជុំវិញផែនដី ការបែកបាក់ក្រុមគ្រួសារ ការមានផ្ទៃពោះនៃកូនក្មេងជំទង់ រឿងទាំងនេះជាទីសំអាងដ៏គ្រប់គ្រាន់នៃការចុះអាប់ឱនខាងសីលធម៌។
តើអ្វីទៅជាសេចក្ដីពិត?
ដូច្នេះ សូមឲ្យយើងចាកចេញពីទឹកដ៏ក្រខ្វក់នៃការជឿថាគ្មានអ្វីជាជាក់លាក់នេះ ហើយមកពិនិត្យដោយត្រួសៗអំពីអ្វីដែលព្រះគម្ពីររាយរាប់ថា ជាទឹកបរិសុទ្ធនៃសេចក្ដីពិតវិញ។ (យ៉ូហាន ៤:១៤, វិវរណៈ ២២:១៧) នៅក្នុងព្រះគម្ពីរ «សេចក្ដីពិត»ជាអ្វីមួយដែលខុសផ្លែកពីរឿងដែលពិបាកយល់ គំនិតដែលគ្មានរូបរាង ដែលពួកទស្សនវិទូចេះតែពិភាក្សាតទល់នោះ។
នៅពេលព្រះយេស៊ូបានមានបន្ទូលថា គោលបំណងនៃព្រះជន្មទ្រង់ទាំងមូល គឺដើម្បីនឹងប្រកាសអំពីសេចក្ដីពិត ទ្រង់បានមានបន្ទូលអំពីអ្វីៗដែលពួកសាសន៍យូដាដ៏ស្មោះ បានចាត់ទុកថាមានតម្លៃជាច្រើនសតវត្សមកហើយ។ ក្នុងការសរសេរដ៏បរិសុទ្ធរបស់គេ ពួកសាសន៍យូដាបានអានជាយូរមកហើយពី«សេចក្ដីពិត» ជាអ្វីដ៏ច្បាស់លាស់ មិនមែនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ។ ក្នុងព្រះគម្ពីរ «សេចក្ដីពិត»បកប្រែជាពាក្យហេព្រើរ«អ៊ីមេស» ដែលបង្ហាញថាជាអ្វីដែល ម៉ឺងម៉ាត់ មុតមាំ ហើយសំខាន់បំផុតនោះទៀតគឺជាការអាចទុកចិត្តបាន។
ពួកសាសន៍យូដាបានមានមូលហេតុយ៉ាងល្អ ក្នុងការយល់អំពីសេចក្ដីពិតបែបនោះ។ ពួកគេបានហៅព្រះរបស់គេ ព្រះយេហូវ៉ា ជា«ព្រះនៃសេចក្ដីពិត»។ (ទំនុកដំកើង ៣១:៥) នេះគឺពីព្រោះអ្វីៗដែលព្រះយេហូវ៉ាបានមានបន្ទូលមក នោះទ្រង់នឹងប្រព្រឹត្ត ហើយទ្រង់បានប្រព្រឹត្តមែន។ នៅពេលទ្រង់ធ្វើកិច្ចសន្យា ទ្រង់បានរក្សាកិច្ចសន្យាទាំងនោះ។ នៅពេលដែលទ្រង់បានបណ្ដាលឲ្យមានទំនាយ ទំនាយទាំងនោះត្រូវបានបំពេញឡើងមែន។ ពេលដែលទ្រង់បានមានបន្ទូលអំពីការជំនុំជំរះជាចុងបញ្ចប់ណាមួយ នោះក៏បានសម្រេចតាមព្រះបំណងមែន។ ពួកជនជាតិអ៊ីស្រាអែលរាប់លាននាក់បានធ្វើជាសាក្សីនៃសេចក្ដីពិតទាំងនេះ។ ពួកអ្នកសរសេរព្រះគម្ពីរ ដែលព្រះវិញ្ញាណបានបណ្ដាលឲ្យតែងមកនោះ បានកត់ទុករឿងទាំងនេះ ជាហេតុការណ៍ដ៏ពិតនៃប្រវត្ដិសាស្ត្រដែលមិនអាចជំទាស់បាន។ មិនដូចសៀវភៅដទៃទៀតដែលថាជាបរិសុទ្ធនោះ ព្រះគម្ពីរមិនមានការទាក់ទងនឹងរឿងប្រពៃណី ឬរឿងព្រេងនោះទេ។ តែព្រះគម្ពីរមានមូលដ្ឋានទៅលើរឿងពិតៗដែលអាចពិនិត្យបញ្ជាក់បានដូចជា—ប្រវត្ដិសាស្ត្រ បុរាណវត្ថុវិទ្យា វិទ្យាសាស្ត្រ និងសេចក្ដីពិតនៃសង្គមវិជ្ជា។ អញ្ចឹងហើយបានជាអ្នកសរសេរទំនុកដំកើងបានថ្លែងអំពីព្រះយេហូវ៉ាថា៖ «ក្រិត្យវិន័យទ្រង់ជាសេចក្ដីពិត . . . គ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែពិតត្រង់ . . . បូករួមអស់ទាំងព្រះបន្ទូលនៃទ្រង់ទៅឃើញថា ពិតត្រង់ទាំងអស់»!—ទំនុកដំកើង ១១៩:១៤២, ១៥១, ១៦០
ព្រះយេស៊ូគ្រីស្ទបានលើកពាក្យទំនុកដំកើងនេះម្ដងទៀត នៅពេលដែលទ្រង់បានមានបន្ទូលក្នុងការអធិស្ឋានទៅព្រះយេហូវ៉ាថា៖ «ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។ (យ៉ូហាន ១៧:១៧) ព្រះយេស៊ូបានដឹងថាអ្វីៗទាំងអស់ដែលព្រះបិតារបស់ទ្រង់បានមានបន្ទូលមកគឺជាសេចក្ដីដ៏មុតមាំ នឹងអាចទុកចិត្តបាន។ យ៉ាងដូច្នេះហើយបានជាព្រះយេស៊ូ«មានពេញជា . . . សេចក្ដីពិត»។ (យ៉ូហាន ១:១៤) អ្នកកាន់តាមរបស់ទ្រង់បានរៀនដោយធ្វើជាសាក្សី ហើយបានកត់ទុកសំរាប់កូនចៅនៅពេលក្រោយទាំងអស់ ថាអ្វីៗទាំងអស់ដែលទ្រង់បានមានបន្ទូលមកនោះគឺអាចទុកចិត្តបាន ហើយជាសេចក្ដីពិត។a
ប៉ុន្តែនៅពេលដែលព្រះយេស៊ូបានមានបន្ទូលប្រាប់ពីឡាត់ ថាទ្រង់បានយាងមកផែនដីដើម្បីនឹងប្រកាសអំពីសេចក្ដីពិត ទ្រង់មានរឿងពិតប្រាកដមួយក្នុងព្រះទ័យ។ ព្រះយេស៊ូបានថ្លែងតបទៅនឹងសំនួររបស់ពីឡាត់ដែលថា៖ «អ្នកជាស្តេចមែនឬ»? (យ៉ូហាន ១៨:៣៧) រាជាណាចក្ររបស់ព្រះនិងតួនាទីរបស់ព្រះយេស៊ូជាស្តេចនៃរាជាណាចក្រនោះ នេះហើយជាផ្ទៃរឿង ជាចំណុចសំខាន់នៃសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ ពេលដែលទ្រង់នៅលើផែនដី។ (លូកា ៤:៤៣) សេចក្ដីបង្រៀនដែលថារាជាណាចក្រនេះ នឹងធ្វើឲ្យព្រះនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ ធ្វើឲ្យឃើញភាពត្រឹមត្រូវនៃអធិបតេយ្យភាពរបស់ទ្រង់ ហើយនិងផ្ដល់ជីវិតជាអនន្តដ៏សប្បាយរីករាយដល់មនុស្សស្មោះត្រង់ នេះហើយជាសេចក្ដីពិតដែលជនគ្រីស្ទានពិតទាំងអស់មានសង្ឃឹមទៅលើ។ ដោយសារតែតួនាទីដ៏សំខាន់របស់ព្រះយេស៊ូក្នុងការបំពេញកិច្ចសន្យារបស់ព្រះនោះ ហើយដោយសារតែទំនាយទាំងអស់របស់ព្រះក្លាយទៅជា«អាម៉ែន» ឬក៏ជាការពិត និងដោយសាតែទ្រង់នោះហើយ បានជាព្រះយេស៊ូអាចមានបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត»។—យ៉ូហាន ១៤:៦; កូរិនថូសទី២ ១:២០; វិវរណៈ ៣:១៤
ការទទួលស្គាល់នូវសេចក្ដីពិត គឺជាអ្វីដែលអាចទុកចិត្តទាំងស្រុងបាន គឺមានអត្ថន័យយ៉ាងខ្លាំងចំពោះជនគ្រីស្ទាននៅសព្វថ្ងៃនេះ។ នេះមានន័យថា ជំនឿរបស់គេទៅលើព្រះ ហើយនិងសេចក្ដីសង្ឃឹមរបស់គេក្នុងកិច្ចសន្យារបស់ទ្រង់ គឺមានមូលដ្ឋានទៅលើហេតុការណ៍ និងសេចក្ដីពិត។
សេចក្ដីពិតដែលមានសកម្មភាព
មិនមែនជាការភ្ញាក់ផ្អើលទេ ដែលព្រះគម្ពីរបានភ្ជាប់សេចក្ដីពិតជាមួយនឹងសកម្មភាព។ (សាំយូអែលទី១ ១២:២៤; យ៉ូហានទី១ ៣:១៨) ចំពោះពួកសាសន៍យូដាដែលកោតខ្លាចព្រះ សេចក្ដីពិតគឺជាផ្លូវនៃជីវិត មិនមែនជាប្រធានសំរាប់តែការធ្វើទស្សនៈនោះទេ។ ពាក្យហេព្រើរសំរាប់«សេចក្ដីពិត»ក៏អាចមានន័យថា«សេចក្ដីស្មោះត្រង់»ដែរ ហើយក៏បានប្រើក្នុងការរាយរាប់ពីជនណាម្នាក់ ដែលអាចទុកចិត្តបានដើម្បីឲ្យប្រព្រឹត្តតាមពាក្យរបស់គាត់។ ព្រះយេស៊ូបានបង្រៀនអ្នកកាន់តាមរបស់ទ្រង់ ឲ្យមានយោបល់ពីសេចក្ដីពិតបែបនេះដែរ។ ទ្រង់បានសម្ដែងការជំទាស់ចំពោះការលាក់ពុតនៃពួកផារីស៊ី អំពីការខុសឆ្ងាយពីគ្នារវាងពាក្យសំដីដ៏សុចរិតរបស់គេ និងពីអំពើដ៏ទុច្ចរិតរបស់គេនោះ។ ហើយទ្រង់បានទុកគំរូពីការរស់នៅតាមសេចក្ដីពិតដែលទ្រង់បានបង្រៀនគេនោះ។
អ្នកកាន់តាមព្រះគ្រីស្ទទាំងអស់ក៏ត្រូវតែធ្វើដូច្នេះដែរ។ ចំពោះពួកគេ សេចក្ដីពិតនៃបន្ទូលរបស់ព្រះ ហើយដំណឹងល្អដ៏រីករាយនៃរាជាណាចក្ររបស់ព្រះក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូគ្រីស្ទ គឺមិនគ្រាន់តែជាពត៌មានប៉ុណ្ណោះទេ តែមានន័យច្រើនជាងនោះទៅទៀត។ សេចក្ដីពិតនោះធ្វើឲ្យគេមានសកម្មភាព បណ្ដាលឲ្យគេរស់នៅស្របទៅតាមសេចក្ដីពិត ហើយក៏និយាយប្រាប់ទៅដល់អ្នកដទៃផង។ (ប្រៀបធៀប យេរេមា ២០:៩) ចំពោះពួកក្រុមជំនុំគ្រីស្ទាននៅជំនាន់សតវត្សទីមួយ ជីវភាពដែលគេបានរស់នៅជាអ្នកកាន់តាមព្រះគ្រីស្ទ ជួនកាលបានសម្គាល់ជា«សេចក្ដីពិត» ឬក៏«ផ្លូវពិត»។—យ៉ូហានទី២ ៤; យ៉ូហានទី៣ ៤, ៨; ពេត្រុសទី២ ២:២
រតនសម្បត្ដិដែលមានតម្លៃជាងអ្វីទាំងអស់
ពិតហើយ ការទទួលសេចក្ដីពិតនៃបន្ទូលរបស់ព្រះតម្រូវនូវតម្លៃមួយ។ ជាដំបូង ការរៀនសេចក្ដីពិតក៏អាចទៅជាការពិសោធន៍ដ៏ពិបាកមួយដែរ។ សព្វវចនាធិប្បាយអាមេរិកាណាសង្កេតឃើញថា៖ «សេចក្ដីពិតតែងតែមិនបានយល់ស្របគ្នា ពីព្រោះសេចក្ដីពិតមិនអាចគាំទ្រសេចក្ដីលំអៀងឬអភូតកថាបានឡើយ»។ ការឃើញជំនឿរបស់យើងលាតត្រដាងថា ជាការមិនពិត នេះអាចធ្វើឲ្យយើងស្រងាកចិត្តយ៉ាងខ្លាំង ជាពិសេស បើសិនជាមេដឹកនាំសាសនាដ៏ទុកចិត្តបានបង្រៀនយើងនោះ។ មនុស្សខ្លះ អាចប្រៀបប្រដូចការពិសោធនេះ ទៅនឹងការស្វែងរកឃើញមាតាបិតាដែលគេទុកចិត្ត ទៅជាឧក្រិដ្ឋជនដ៏សម្ងាត់វិញនោះ។ ប៉ុន្តែ តើការរកឃើញសេចក្ដីពិត មិនជាការល្អប្រសើរជាងការរស់នៅក្រោមសេចក្ដីបំភាន់ទេឬ? តើមិនជាការប្រសើរទេឬ បើយើងដឹងនូវហេតុការណ៍ពិត ជាជាងត្រូវបានគេភូតភរនោះ?b—ប្រៀបធៀប យ៉ូហាន ៨:៣២; រ៉ូម ៣:៤
ទីពីរ ការរស់នៅតាមសេចក្ដីពិតនៃសាសនា អាចធ្វើឲ្យមិត្តសំឡាញ់របស់យើងពីមុន មិនរាប់អានយើងទៀត។ ក្នុងលោកីយ៍ដែលមនុស្សជាច្រើន«បានផ្លាស់សេចក្ដីពិតនៃព្រះ ឲ្យទៅជាសេចក្ដីភូតភរវិញ» ពួកអ្នកណាដែលកាន់ដ៏មាំមួននៃសេចក្ដីពិតនៃពាក្យបន្ទូលរបស់ព្រះនោះ ដូចជាផ្លែកពីគេ ហើយជួនកាលគេក៏ចៀសមិនចង់ជួប ព្រមទាំងបានយល់ខុសទៅលើផង។—រ៉ូម ១:២៥; ពេត្រុសទី១ ៤:៤
ប៉ុន្តែសេចក្ដីពិតគឺមានតម្លៃជាពីរយ៉ាង។ ការយល់ដឹងពីសេចក្ដីពិតនឹងធ្វើឲ្យយើងមានសេរីភាពពីការភូតភរ ការបញ្ឆោត និងជំនឿឆ្វេង។ ហើយនៅពេលដែលយើងប្រព្រឹត្តតាម សេចក្ដីពិតនឹងពង្រឹងយើងឲ្យស៊ូទ្រាំនឹងការពិបាក។ សេចក្ដីពិតរបស់ព្រះគឺអាចទុកចិត្តបាន ហើយសមហេតុសមផល ហើយនិងធ្វើឲ្យយើងមានសេចក្ដីសង្ឃឹម ដែលបណ្ដាលឲ្យយើងអាចឈរទប់ទល់នឹងការល្បងណាមួយក្ដី។ អញ្ចឹងហើយបានជាសាវ័កប៉ុលបានប្រៀបធៀបសេចក្ដីពិតទៅនឹងខ្សែក្រវ៉ាត់ស្បែកដ៏ធំមាំមួន ដែលពួកទាហានបានពាក់នៅពេលចូលទៅក្នុងការប្រយុទ្ធ!—អេភេសូរ ៦:១៣, ១៤
ព្រះគម្ពីរសុភាសិតចែងថា៖ «ចូរទិញសេចក្ដីពិតចុះ កុំឲ្យលក់ចេញឡើយ អើទាំងប្រាជ្ញា សេចក្ដីដំបូន្មាន នឹងយោបល់ផង»។ (សុភាសិត ២៣:២៣) បើចាត់ថាសេចក្ដីពិតជាអ្វីមួយដែលជាការមិនជាក់លាក់ ឬឥតមានទៅវិញនោះ នេះជាការទាត់ចោលអ្វីមួយដ៏រំភើបចិត្ត និងការជោគជ័យដែលជីវិតអាចផ្ដល់ឲ្យ។ ការស្វែងរកឃើញសេចក្ដីពិតគឺជាការស្វែងរកឃើញសេចក្ដីសង្ឃឹម។ ការយល់និងការស្រឡាញ់សេចក្ដីពិត គឺជាការយល់ដឹងអំពីអ្នកបង្កើតនៃសកលលោក ហើយនិងរាជបុត្រាតែមួយគត់ដែលកើតផ្ទាល់ពីព្រះ។ ការរស់នៅតាមសេចក្ដីពិត គឺជាការរស់នៅដោយមានគោលបំណង និងដោយស្កប់ចិត្ត នៅពេលឥឡូវនេះ ហើយនិងនៅជានិរន្តរ៍។—សុភាសិត ២:១-៥; សាការី ៨:១៩; យ៉ូហាន ១៧:៣
[កំណត់សម្គាល់]
a ក្នុងសៀវភៅដំណឹងល្អ មានជាង៧០កន្លែងដែលបានកត់ទុកមក ស្តីអំពីពាក្យសំដីដែលព្រះយេស៊ូបានប្រើ បានបញ្ជាក់ពីសេចក្ដីពិតនៃពាក្យបន្ទូលរបស់ទ្រង់។ ជាច្រើនដង ទ្រង់តែងតែប្រើពាក្យ«អាម៉ែន» (យ៉ាងពិតប្រាកដ, ព.ថ.) ដើម្បីនឹងចាប់ផ្ដើមឃ្លាណាមួយ។ ពាក្យហេព្រើរដែលទាក់ទងគ្នាមានន័យថា«ប្រាកដ ពិត»។ វចនានុក្រមអន្តរជាតិថ្មីនៃសាសនវិទ្យាសញ្ញាថ្មី បានសម្គាល់ថា៖ «ដោយសារចាប់ផ្ដើមពាក្យរបស់ទ្រង់ដោយពាក្យអាម៉ែន ព្រះយេស៊ូបានបង្ហាញថា ពាក្យទាំងនេះគឺត្រូវប្រាកដ ហើយអាចទុកចិត្តបាន។ ទ្រង់បានគាំទ្រពាក្យទាំងនេះ ហើយភ្ជាប់ពាក្យទាំងនេះទៅលើខ្លួនទ្រង់ ហើយនិងអ្នកស្ដាប់ទ្រង់។ ពាក្យទាំងនេះគឺជាការសម្ដែងនៃភាពព្រះអម្ចាស់ និងអំណាចរបស់ទ្រង់»។
b ពាក្យភាសាក្រិកសំរាប់«សេចក្ដីពិត»ជា អឺលីស៊ា ដែលចេញមកពីពាក្យមួយដែលមានន័យថា «មិនលាក់បាំង»។ ដូច្នេះ សេចក្ដីពិតតែងតែទាក់ទងនឹងការលាតត្រដាងអំពីអ្វី ដែលពីមុនបានលាក់បាំង។—សូមប្រៀបធៀប លូកា ១២:២
[រូបភាពនៅទំព័រ៤]
ការជឿនលឿននៃវិទ្យាសាស្ត្រ គឺមានមូលដ្ឋានទៅលើការស្វែងរកនូវសេចក្ដីពិតខាងវិទ្យាសាស្ត្រ
[រូបភាពនៅទំព័រ៥]
សេចក្ដីពិតគឺរួមបញ្ចូលព្រះរាជាណាចក្រនិងប្រសិទ្ធិពរទាំងឡាយពីនោះ