បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/១១ ទំ. ១២-១៧
  • ការយកតម្រាប់តាមព្រះនៃសេចក្ដីពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការយកតម្រាប់តាមព្រះនៃសេចក្ដីពិត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ជ្រាប​ពី​សេចក្ដី​ពិត
  • ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​កាន់​សច្ចៈ​ជា​និច្ច
  • ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​បើក​សម្ដែង​នូវ​សេចក្ដី​ពិត
  • ចូរ​ខំ​កាន់​សច្ចៈ​ជា​និច្ច​ចុះ!
  • ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • តើសេចក្ដីពិតនៅតែសំខាន់ទេ?
    ប្រធានបទឯទៀត
  • និយាយសេចក្ដីពិតទៅអ្នកជិតខាង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • «ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/១១ ទំ. ១២-១៧

ការ​យក​តម្រាប់​តាម​ព្រះ​នៃ​សេចក្ដី​ពិត

«ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន​ភ្ងា»។—អេភេសូរ ៥:១

១. តើ​មនុស្ស​ខ្លះ​ជឿ​អ្វី​ស្តី​អំពី​សេចក្ដី​ពិត? ហើយ​ហេតុ​អ្វី​បាន​ជា​គំនិត​វែក​ញែក​បែប​នេះ​គឺ​មិន​ត្រឹម​ត្រូវ?

«តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្ដី​ពិត​នោះ?»។ (យ៉ូហាន ១៨:៣៨) ប្រមាណ​២.០០០​ឆ្នាំ​មុន​នេះ​លោក​ប៉ុនទាស ពីឡាត់​បាន​សួរ​សំនួរ​នេះ​តាម​របៀប​ដ៏​មាក់ងាយ​មាក់ថោក​ទាំង​បង្កប់​នូវ​ទស្សនៈ​បញ្ឆិត​បញ្ឆៀង​ថា គ្មាន​អ្នក​ណា​អាច​រក​ដេញ​ចាប់​សេចក្ដី​ពិត​បាន​ឡើយ។ មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ក៏​ឯកភាព​នឹង​ទស្សនៈ​បែប​នេះ​ដែរ។ មនុស្ស​កំពុង​តែ​ប្រកែក​គ្នា​អំពី​អ្វី​ទៅ​ជា​អត្ថន័យ​នៃ​សេចក្ដី​ពិត។ អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​មនុស្ស​ខ្លះ​អះអាង​ថា បុគ្គល​ម្នាក់​ៗ​ចេះ​តែ​សម្រេច​ចិត្ត​ខ្លួន​ឯង​ស្តី​អំពី​អ្វី​ទៅ​ជា​សេចក្ដី​ពិត​នោះ ឬ​ក៏​ថា គ្មាន​សេចក្ដី​ពិត​ជា​ដាច់​ខាត ឬ​មួយ​ក៏​ថា សេចក្ដី​ពិត​ចេះ​តែ​ប្រែ​ប្រួល​ជា​និច្ច។ គំនិត​វែក​ញែក​បែប​នេះ​គឺ​ជា​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ក៏​មិន​មាន​មូលដ្ឋាន​ពិត​ប្រាកដ​ដែរ ដ្បិត​មូលហេតុ​ដែល​មនុស្ស​ធ្វើ​ការ​ស្រាវ​ជ្រាវ​បែប​ផ្សេង​ៗ គឺ​ដើម្បី​រៀន​នូវ​ហេតុ​ការណ៍​ឬ​សេចក្ដី​ពិត​អំពី​លោកីយ៍​ដែល​យើង​កំពុង​តែ​រស់​នៅ​នេះ។ សេចក្ដី​ពិត​មិន​មែន​ជា​អ្វី​ដែល​យើង​គ្រោង​ទុក​តាម​តែ​ទស្សនៈ​របស់​យើង​ផ្ទាល់​ទេ។ ជា​ឧទាហរណ៍ តើ​មនុស្ស​មាន​ព្រលឹង​អមតៈ ឬ​ក៏​អត់​មាន? តើ​មាន​សាតាំង​មែន ឬ​ក៏​អត់​មាន? តើ​ជីវិត​មាន​គោល​បំណង ឬ​មិន​មាន? ក្នុង​ករណី​និមួយ​ៗ​នេះ គឺ​អាច​មាន​ចម្លើយ​ពិត​ត្រឹម​ត្រូវ​តែ​មួយ​គត់​ប៉ុណ្ណោះ។ បើ​ចម្លើយ​មួយ​ពិត នោះ​មួយ​ទៀត​ត្រូវ​តែ​មិន​ពិត នេះ​បាន​សេចក្ដី​ថា យើង​មិន​អាច​ចាត់​ទុក​ទាំង​ពីរ​ជា​ការ​ពិត​បាន​ឡើយ។

២. តើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ពិត​តាម​របៀប​ណា​ខ្លះ? តើ​យើង​នឹង​ពិគ្រោះ​សំនួរ​អ្វី​ខ្លះ​ឥឡូវ​នេះ?

២ ក្នុង​អត្ថបទ​មុន​នេះ យើង​បាន​ពិនិត្យ​មើល​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ពិត។ ទ្រង់​ជ្រាប​ពី​សេចក្ដី​ពិត​ទាំង​អស់។ ផ្ទុយ​ស្រឡះ​ពី​អារក្ស​សាតាំង​ដែល​ជា​អ្នក​បោក​ប្រាស់​ហើយ​ជា​អ្នក​ប្រឆាំង​នោះ ព្រះ​យេហូវ៉ា​តែង​តែ​កាន់​សច្ចៈ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​សទ្ធា​ក្នុង​ការ​បើក​សម្ដែង​នូវ​សេចក្ដី​ពិត​ដល់​អ្នក​ដទៃ។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​បង​ប្អូន​គ្រីស្ទាន​គ្នី​គ្នា​របស់​គាត់​ថា៖ «ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន​ភ្ងា»។ (អេភេសូរ ៥:១) ក្នុង​នាម​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា តើ​យើង​អាច​យក​តម្រាប់​តាម​ទ្រង់​ក្នុង​ការ​និយាយ​ស្រដី និង​ការ​រស់​ឲ្យ​ស្រប​ទៅ​តាម​សេចក្ដី​ពិត​បាន​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ឲ្យ​យើង​ធ្វើ​ដូច្នេះ? ហើយ​តើ​មាន​ការ​ធានា​រ៉ាប់​រង​អ្វី ថា​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​អស់​អ្នក​ដែល​ខំ​កាន់​សច្ចៈ​ជា​និច្ច​នោះ? សូម​យើង​មើល។

៣, ៤. តើ​សាវ័ក​ប៉ុល​និង​សាវ័ក​ពេត្រុស​ពណ៌នា​យ៉ាង​ដូច​ម្ដេច អំពី​អ្វី​ដែល​ត្រូវ​កើត​ឡើង​ក្នុង​កំឡុង​ថ្ងៃ«ជាន់​ក្រោយ​បង្អស់»នេះ?

៣ យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​មាន​រឿង​មិន​ពិត​យ៉ាង​សន្ធឹក​សន្ធាប់​ខាង​សាសនា។ ដូច​សាវ័ក​ប៉ុល​បាន​ទាយ​ដោយ​សារ​ព្រះ​បណ្ដាល​ឲ្យ​តែង​នោះ​ថា មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សម័យ«ជាន់​ក្រោយ​បង្អស់»នេះ មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​គោរព​ប្រតិបត្ដិ​តាម​ទ្រង់​ទេ។ មនុស្ស​ខ្លះ​ទាស់​ទទឹង​នឹង​សេចក្ដី​ពិត ដោយ​ពួក​គេ​ជា«មនុស្ស​មាន​គំនិត​ខូច»។ ម្យ៉ាង​ទៀត មាន«ពួក​អាក្រក់ នឹង​ពួក​ឆបោក . . . មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់ កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង»។ ទោះ​បី​ជា​មនុស្ស​បែប​នេះ​រៀន​ជា​និច្ច​ក៏​ដោយ ពួក​គេ​នៅ​តែ​មិន«ចេះ​ដល់​ថ្នាក់​នៃ​សេចក្ដី​ពិត​ឡើយ»។—ធីម៉ូថេ​ទី​២ ៣:១, ៥,៧, ៨, ១៣

៤ សាវ័ក​ពេត្រុស​ក៏​ត្រូវ​បាន​ព្រះ​បណ្ដាល​ឲ្យ​សរសេរ​អំពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ដែរ។ ស្រប​ទៅ​តាម​អ្វី​ដែល​គាត់​ទាយ​នោះ មនុស្ស​មិន​ត្រឹម​តែ​បដិសេធ​នឹង​សេចក្ដី​ពិត​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​ចំអក​ដាក់​ព្រះ​បន្ទូល​របស់​ព្រះ​និង​ចំអន់​ដល់​ពួក​អ្នក​ដែល​ប្រកាស​ថា បន្ទូល​នោះ​ឯង​ជា​សេចក្ដី​ពិត។ ពួក​អ្នក​ចំអក​ទាំង​នោះ «គេ​ចង់​បំភ្លេច»ឬ​ធ្វើ​ព្រងើយ​អំពី​ទឹក​ជំនន់​ដែល​ធ្លាប់​ជន់​លិច​លោកីយ៍​កាល​ពី​ជំនាន់​លោក​ណូអេ ដែល​ទុក​ជា​គំរូ​ពី​ថ្ងៃ​ជំនុំ​ជំរះ​មួយ​ទៀត​នា​ពេល​អនាគត​វិញ។ គំនិត​ចង់​បំភ្លេច​ព្រឹត្ដិការណ៍​ទាំង​នោះ​នឹង​នាំ​ឲ្យ​គេ​ទទួល​សេចក្ដី​ហិន​វិនាស​វិញ កាល​ដែល​កំណត់​ពេល​របស់​ព្រះ​មក​ដល់​ដើម្បី​កំទេច​ចោល​មនុស្ស​ទមិល​ល្មើស។—ពេត្រុស​ទី​២ ៣:៣​-​៧

ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ជ្រាប​ពី​សេចក្ដី​ពិត

៥. យោង​ទៅ​តាម​ព្យាការី​ដានីយ៉ែល តើ​អ្វី​ត្រូវ​កើត​ឡើង​នៅ«គ្រា​ចុង​បំផុត»? តើ​ទំនាយ​នោះ​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

៥ ក្នុង​ការ​ពិពណ៌នា​អំពី«គ្រា​ចុង​បំផុត» ព្យាការី​ដានីយ៉ែល​បាន​ទាយ​អំពី​ស្ថានការណ៍​ដែល​ខុស​ប្លែក​ពី​លោកីយ៍​នេះ ពោល​គឺ ការ​និយម​នូវ​សេចក្ដី​ពិត​ខាង​សាសនា​សា​ជា​ថ្មី​ទៀត។ ដានីយ៉ែល​បាន​សរសេរ​ថា៖ «មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ[ឬ«ចំណេះ​ពិត», ព.ថ.]នឹង​បាន​ចំរើន​ឡើង»។ (ដានីយ៉ែល ១២:៤) រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​ត្រូវ​បាន​បំភ័ន្ត​ឬ​បង្អាក់​ដោយ​មេ​បោក​ប្រាស​នោះ​ឡើយ។ ដោយ​ខំ​ស្រាវ​ជ្រាវ​រក​ក្នុង​ព្រះ​គម្ពីរ​នោះ រាស្ត្រ​របស់​ព្រះ​បាន​រក​ឃើញ​នូវ​ចំណេះ​ពិត​មែន។ នៅ​សតវត្ស​ទី​មួយ​ព្រះ​យេស៊ូ​បាន​ជួយ​បំភ្លឺ​នូវ​គំនិត​របស់​សិស្ស​ទ្រង់។ ព្រះ​យេស៊ូ​បាន«បើក​បំភ្លឺ​សតិ​ស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ»។ (លូកា ២៤:៤៥) នា​បច្ចុប្បន្ន​នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច​គ្នា​ដែរ។ តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ ព្រះ​យេហូវ៉ា​បាន​ប្រើ​វិញ្ញាណ​បរិសុទ្ធ​និង​អង្គការ​របស់​ទ្រង់​ដើម្បី​ជួយ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ផែនដី​ឲ្យ​យល់​នូវ​សេចក្ដី​ពិត​ដែល​ទ្រង់​ជ្រាប​រួច​ហើយ។

៦. តើ​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​មាន​គំនិត​ឆ្លុះ​យល់​នូវ​សេចក្ដី​ពិត​ណា​ខ្លះ​ពី​ព្រះ​គម្ពីរ?

៦ ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ យើង​អាច​មាន​គំនិត​ឆ្លុះ​យល់​នូវ​អ្វី​ៗ​ជា​ច្រើន​បាន បើ​មិន​ដូច្នេះ​ទេ​យើង​ក៏​មិន​មាន​សមត្ថភាព​ដើម្បី​យល់​ធ្លុះ​បាន​ឡើយ។ យើង​ចេះ​ឆ្លើយ​នូវ​សំនួរ​ដែល​អ្នក​ប្រាជ្ញ​ក្នុង​លោកីយ៍​នេះ​ស្វែង​រក​មិន​ឃើញ​អស់​រាប់​សិប​សតវត្ស​ហើយ។ ឧទាហរណ៍ យើង​ដឹង​នូវ​មូលហេតុ​ដែល​យើង​រង​ទុក្ខ​លំបាក និង​មូលហេតុ​ដែល​មនុស្ស​ត្រូវ​ស្លាប់​ទៅ​វិញ ហើយ​យើង​ក៏​យល់​នូវ​មូលហេតុ​ដែល​មនុស្ស​មិន​អាច​រក​បាន​នូវ​សន្ដិសុខ​និង​សាមគ្គី​ភាព​ឲ្យ​មាន​ពាស​ពេញ​ពិភព​លោក​បាន​ឡើយ។ យើង​ក៏​បាន​ឃើញ​នូវ​និមិត្ត​សញ្ញា​ស្តី​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត ដែល​សំដៅ​ទៅ​លើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ផែនដី​មនោរម្យ ហើយ​ជីវិត​គ្រប់​ល័ក្ខណ៍​ដែល​នឹង​រស់​នៅ​ជា​និរន្តរ៍។ យើង​អាច​ស្គាល់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន។ យើង​ស្គាល់​បុគ្គលិក​លក្ខណៈ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​របស់​ទ្រង់ ព្រម​ទាំង​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​បាន​ពរ​ពី​ទ្រង់។ ការ​ស្គាល់​សេចក្ដី​ពិត​នេះ​ក៏​អាច​ជួយ​យើង​សម្គាល់​នូវ​អ្វីដែល​មិន​ពិត​ផង​ដែរ។ ការ​អនុវត្តន៍​តាម​សេចក្ដី​ពិត​តែង​ជួយ​ការ​ពារ​យើង​ពី​ការ​ដេញ​តាម​អ្វី​ដែល​គ្មាន​ប្រយោជន៍ ហើយ​ជួយ​យើង​ឲ្យ​ទទួល​បាន​ប្រយោជន៍​ច្រើន​បំផុត​ក្នុង​ជីវិត ទាំង​ផ្ដល់​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ចំពោះ​អនាគត។

៧. តើ​មនុស្ស​បែប​ណា​អាច​ឆ្លុះ​យល់​នូវ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​បាន? ហើយ​តើ​អ្នក​ណា​ដែល​មិន​អាច​យល់​បាន?

៧ តើ​អ្នក​ឆ្លុះ​យល់​នូវ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ឬ​ទេ? បើ​អ្នក​យល់​ហើយ អ្នក​ក៏​បាន​ទទួល​ពរ​ដ៏​វិសេស​មែន។ កាល​ណា​អ្នក​និពន្ធ​ម្នាក់​សរសេរ​សៀវភៅ គាត់​តែង​តែ​សរសេរ​ដើម្បី​ត្រូវ​ចិត្ត​មនុស្ស​ម្យ៉ាង។ សៀវភៅ​ខ្លះ​បាន​សរសេរ​សំរាប់​ពួក​អ្នក​ប្រាជ្ញ ខ្លះ​សំរាប់​កូន​ក្មេង ហើយ​ខ្លះ​ទៀត​សំរាប់​ពួក​អ្នក​ដែល​មាន​មុខ​ជំនាញ​ផ្សេង​ៗ។ ទោះ​បី​ជា​មនុស្ស​ទាំង​ឡាយ​អាច​ទទួល​ព្រះ​គម្ពីរ​មួយ​ក្បាល​បាន​យ៉ាង​ងាយ​ក៏​ដោយ នោះ​ព្រះ​គម្ពីរ​បាន​ត្រូវ​ចង​ក្រង​ឲ្យ​មាន​មនុស្ស​មួយ​ក្រុម​យល់​ច្រើន​ជាង​គេ ហើយ​អាច​ត្រេក​អរ​នឹង​សារ​នោះ​ផង។ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ព្រះ​គម្ពីរ​សំរាប់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​និង​មនុស្ស​រាប​សា​ប៉ុណ្ណោះ។ មនុស្ស​បែប​នេះ​អាច​ឆាប់​យល់​នូវ​អត្ថន័យ​ក្នុង​ព្រះ​គម្ពីរ​បាន មិន​ថា​បាន​ទទួល​ការ​អប់រំ​ច្រើន​ឬ​តិច​ក្ដី មក​ពី​ទំនៀម​ទំលាប់​វប្បធម៌​ណា ឬ​ជា​ជន​ជាតិ​ណា​មាន​ឋានៈ​បែប​ណា​ក៏​ដោយ។ (ធីម៉ូថេ​ទី​១ ២:៣, ៤) ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មិន​មាន​ទំនោរ​ចិត្ត​ត្រឹម​ត្រូវ​នោះ ពួក​គេ​មិន​អាច​យល់​ដឹង​នូវ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​បាន​ឡើយ មិន​ថា​ពួក​គេ​មាន​ប្រាជ្ញា​ច្រើន ឬ​បាន​រៀន​ខ្ពង់​ខ្ពស់​យ៉ាង​ណា​ក្ដី។ ពួក​មនុស្ស​ដែល​មាន​អំនួត​ឬ​ចិត្ត​គឃ្លើន​នោះ មិន​អាច​ឈ្វេង​យល់​នូវ​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ឡើយ។ (ម៉ាថាយ ១៣:១១​-​១៥; លូកា ១០:២១; កិច្ច​ការ ១៣:៤៨) មាន​តែ​ព្រះ​ប៉ុណ្ណោះ ដែល​អាច​និពន្ធ​សៀវភៅ​បែប​នេះ។

ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​កាន់​សច្ចៈ​ជា​និច្ច

៨. ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ​យេស៊ូ​ជា​អ្នក​បង្ហាញ​អំពី​សេចក្ដី​ពិត​យ៉ាង​អស្ចារ្យ​បំផុត?

៨ ពួក​ស្មរ​បន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា កាន់​សច្ចៈ​ជា​និច្ច ដូច​ព្រះ​យេហូវ៉ា​ដែរ។ ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្មរ​បន្ទាល់​ចំបង​បង្អស់​របស់​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​បាន​បង្ហាញ​ពី​សច្ចភាព​នៃ​សេចក្ដី​ពិត​តាម​អ្វី​ដែល​ទ្រង់​បាន​បង្រៀន ហើយ​ដោយ​របៀប​រស់​នៅ​និង​តាម​រយៈ​ការ​សោយ​ទិវង្គត​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​គាំទ្រ​នូវ​ភាព​ពិត​នៃ​បន្ទូល​និង​សេចក្ដី​សន្យា​របស់​ព្រះ។ ជា​លទ្ធផល ព្រះ​យេស៊ូ​ជា​អ្នក​បង្ហាញ​អំពី​សេចក្ដី​ពិត​យ៉ាង​អស្ចារ្យ​បំផុត ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ដោយ​អង្គ​ទ្រង់​ផ្ទាល់។—យ៉ូហាន ១៤:៦; វិវរណៈ ៣:១៤; ១៩:១០

៩. តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ពោល​ពាក្យ​ពិត?

៩ ព្រះ​យេស៊ូ​បាន«ពេញ​ជា​ព្រះ​គុណ​នឹង​សេចក្ដី​ពិត» ហើយ«មិន​ដែល​មាន​ការ​បញ្ឆោត​នៅ​ក្នុង​ព្រះ​ឱស្ឋ​ទ្រង់​ឡើយ»។ (យ៉ូហាន ១:១៤; អេសាយ ៥៣:៩) ពួក​គ្រីស្ទាន​ពិត​ខំ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ ដោយ​ពោល​តែ​ពាក្យ​ពិត​ទៅ​កាន់​អ្នក​ដទៃ។ ប៉ុល​បាន​ជូន​ឱវាទ​ដល់​ពួក​អ្នក​រួម​ជំនឿ​ជា​មួយ​គាត់​ថា៖ «ត្រូវ​ឲ្យ​និយាយ​សេចក្ដី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅ​វិញ​ទៅ​មក»។ (អេភេសូរ ៤:២៥) គ្រា​មុន​នោះ​ទៅ​ទៀត ព្យាការី​សាការី​បាន​សរសេរ​ថា៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា​និយាយ​សេចក្ដី​ពិត​នឹង​អ្នក​ជិត​ខាង​ខ្លួន»។ (សាការី ៨:១៦) ពួក​គ្រីស្ទាន​តែង​តែ​កាន់​សច្ចៈ​ពីព្រោះ​ពួក​គេ​ប្រាថ្នា​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​កាន់​សច្ចៈ ហើយ​ទ្រង់​ជ្រាប​ពី​ផល​វិបាក​ដែល​មក​ពី​ការ​ពោល​ពាក្យ​មិន​ពិត។ ដូច្នេះ ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​ទ្រង់​តម្រូវ​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​ពោល​តែ​ពាក្យ​ពិត​ដែរ​នោះ។

១០. ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​ចេះ​ភូត​កុហក? តើ​មាន​ផល​វិបាក​អ្វី​មក​ពី​ការ​កុហក?

១០ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ការ​ភូត​កុហក​ជា​វិធី​មួយ​ដើម្បី​ឲ្យ​បាន​ប្រយោជន៍​ផ្សេង​ៗ។ មនុស្ស​ខ្លះ​ភូត​កុហក​ដើម្បី​ឲ្យ​រួច​ខ្លួន​ពី​ទោស ឬ​ដើម្បី​ឲ្យ​បាន​ផល​ចំណេញ​ម្យ៉ាង ឬ​ក៏​ដើម្បី​ឲ្យ​មនុស្ស​ដទៃ​កោត​ស្ងើច​នឹង​គេ​វិញ។ ប៉ុន្តែ ទំលាប់​ភូត​កុហក​គឺ​ជា​អំពើ​អបាយមុខ​មួយ។ បន្ថែម​ទៀត អ្នក​កំភូត​មិន​អាច​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន​ឡើយ។ (វិវរណៈ ២១:៨, ២៧; ២២:១៥) បើ​យើង​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​និយាយ​ពិត​ជា​និច្ច នោះ​មនុស្ស​ឯ​ទៀត​នឹង​ទុក​ចិត្ត​ជឿ​យើង​មែន។ ប៉ុន្តែ បើ​គេ​ដឹង​ថា​យើង​ធ្លាប់​និយាយ​កុហក​តែ​ម្ដង​ប៉ុណ្ណោះ ក៏​គេ​អាច​សង្ស័យ​អ្វី​ដែល​យើង​ប្រាប់​នៅ​ថ្ងៃ​ក្រោយ​ទៀត​ដែរ។ សុភាសិត​មួយ​ពី​ទ្វីប​អាព្រិច​ចែង​ថា៖ «ពាក្យ​កំភូត​តែ​មួយ​ម៉ាត់ រមែង​បង្ខូច​ពាក្យ​ពិត​មួយ​ពាន់​ដង»។ សុភាសិត​មួយ​ទៀត​ចែង​ថា៖«មនុស្ស​មិន​ជឿ​អ្នក​កំភូត​សោះ សូម្បី​តែ​គេ​ពោល​ពាក្យ​ពិត​ក៏​ដោយ»។

១១. ហេតុ​អ្វី​បាន​ជា​សច្ចភាព​មិន​មាន​ន័យ​ថា យើង​ត្រូវ​និយាយ​តែ​ពាក្យ​ពិត​ប៉ុណ្ណោះ?

១១ សច្ចភាព​មិន​បាន​ន័យ​ថា យើង​គ្រាន់​តែ​និយាយ​តែ​ពាក្យ​ពិត​ប៉ុណ្ណោះ​ទេ តែ​ក៏​សំដៅ​ទៅ​លើ​របៀប​រស់​នៅ​របស់​យើង​ផង​ដែរ។ សច្ចភាព​ក៏​អាច​សម្គាល់​យើង​ជា​មនុស្ស​បែប​ណា​ដែរ។ យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ស្គាល់​នូវ​សេចក្ដី​ពិត មិន​មែន​ដោយ​សំដី​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង​វិញ។ សាវ័ក​ប៉ុល​បាន​សួរ​ថា៖ «អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ​អី? អ្នក​ឯង​ដែល​ប្រដៅ​ថា៖ ‹កុំ​ឲ្យ​លួច​គេ› តើ​អ្នក​លួច​ឬ​ទេ? អ្នក​ឯង​ដែល​ថា៖ ‹កុំ​ឲ្យ​ផិត​គ្នា› តើ​អ្នក​ផិត​ឬ​ទេ?»។ (រ៉ូម ២:២១, ២២) បើ​យើង​ចង់​ប្រាប់​នូវ​សេចក្ដី​ពិត​ដល់​អ្នក​ដទៃ​នោះ យើង​ត្រូវ​បង្ហាញ​សច្ចភាព​ក្នុង​គ្រប់​កាលៈទេសៈ​ជា​មុន​សិន។ បើ​យើង​មាន​កេរ្ដិ៍​ឈ្មោះ​ជា​មនុស្ស​កាន់​សច្ចៈ​ហើយ​ទៀង​ត្រង់ នេះ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ជំរុញ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​បង្រៀន​ពួក​គេ​នោះ។

១២, ១៣. តើ​យុវតី​ម្នាក់​បាន​សរសេរ​អ្វី ស្តី​អំពី​សច្ចភាព? តើ​ខ្នាត​តម្រា​សីលធម៌​ខ្ពស់​របស់​នាង​មាន​មូលដ្ឋាន​លើ​អ្វី?

១២ ពួក​យុវវ័យ​ក្នុង​ចំណោម​អ្នក​បំរើ​ព្រះ​យេហូវ៉ា ក៏​យល់​ឃើញ​ថា គឺ​សំខាន់​ណាស់​ឲ្យ​គេ​កាន់​សច្ចភាព​នោះ។ ពេល​ដែល​យុវតី​ម្នាក់​ឈ្មោះ​ចិននី មាន​អាយុ​១៣​ឆ្នាំ នាង​បាន​និពន្ធ​អត្ថបទ​នៅ​ឯ​សាលា​ថា៖ «នាង​ខ្ញុំ​លើក​ស្ទួយ​ភាព​ទៀង​ត្រង់​ជា​គុណ​សម្បត្ដិ​មួយ​ដ៏​សំខាន់។ គួរ​ឲ្យ​សោក​ស្ដាយ​ដែល​សព្វ​ថ្ងៃ​នេះ​កម្រ​មាន​មនុស្ស​ដែល​បង្ហាញ​ភាព​ទៀង​ត្រង់​ឲ្យ​បាន​ពិត​ប្រាកដ​ណាស់។ នាង​ខ្ញុំ​ស្បថ​ថា ខ្ញុំ​នឹង​រក្សា​ឲ្យ​មាន​ភាព​ទៀង​ត្រង់​អស់​មួយ​ជីវិត។ នាង​ខ្ញុំ​នឹង​និយាយ​ទៀង​ត្រង់​ជា​និច្ច សូម្បី​តែ​ពេល​ពោល​ពាក្យ​ពិត​មិន​ផ្ដល់​ប្រយោជន៍​ដល់​នាង​ខ្ញុំ​ឬ​ដល់​មិត្ត​សំឡាញ់​របស់​ខ្ញុំ​ភ្លាម​ៗ​ក៏​ដោយ។ នាង​ខ្ញុំ​តែង​ធ្វើ​ឲ្យ​ប្រាកដ​ថា មិត្ត​សំឡាញ់​របស់​ខ្ញុំ​ជា​មនុស្ស​ដែល​និយាយ​ពិត​ជា​និច្ច ក៏​ជា​មនុស្ស​ទៀង​ត្រង់​ដែរ»។

១៣ អ្នក​គ្រូ​របស់​ចិននី បាន​មាន​ប្រសាសន៍​អំពី​សំនេរ​របស់​នាង​ថា៖ «នាង​នៅ​ក្មេង​នៅ​ឡើយ តែ​បាន​បណ្ដុះ​ឲ្យ​មាន​ចំណង់​ចំណូល​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​គោល​ការណ៍​សីលធម៌។ អ្នក​គ្រូ​ជឿ​ថា នាង​នឹង​កាន់​ជាប់​នូវ​គោល​ការណ៍​នោះ​បាន ដ្បិត​នាង​មាន​សីលធម៌​មែន»។ ហេតុ​អ្វី​បាន​ជា​នាង​កាន់​ជាប់​នូវ​គោល​ការណ៍​សីលធម៌​ខ្ពស់​ដូច្នេះ? នាង​ចិននី​បាន​សរសេរ​ក្នុង​ពាក្យ​ផ្ដើម​នៃ​សំនេរ​របស់​គាត់​ថា សាសនា​របស់​នាង«ជា​មូលដ្ឋាន​នៃ​ខ្នាត​តម្រា​ក្នុង​ជីវិត[នាង]»។ ប្រាំ​ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​តាំង​ពី​ចិននី​សរសេរ​អត្ថបទ​នោះ ហើយ​ស្រប​ទៅ​តាម​អ្វី​ដែល​អ្នក​គ្រូ​របស់​នាង​បាន​សន្និដ្ឋាន ចិននី​នៅ​តែ​រក្សា​ខ្នាត​តម្រា​សីលធម៌​ខ្ពង់​ខ្ពស់​ឲ្យ​ដឹក​នាំ​ជីវិត​នាង​ដែល​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មួយ​រូប។

ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​បើក​សម្ដែង​នូវ​សេចក្ដី​ពិត

១៤. ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​បំរើ​ព្រះ​មាន​ភារកិច្ច​សំខាន់​ក្នុង​ការ​លើក​តម្កើង​អ្វី​ដែល​ពិត?

១៤ តាម​ពិត មនុស្ស​ឯ​ទៀត​ដែល​មិន​មែន​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ពួក​គេ​ក៏​ចេះ​និយាយ​ពាក្យ​ពិត ហើយ​ខំ​ធ្វើ​ជា​មនុស្ស​ទៀង​ត្រង់​ដែរ។ ក៏​ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ យើង​មាន​ភារកិច្ច​សំខាន់​មួយ​ក្នុង​ការ​លើក​តម្កើង​អ្វី​ដែល​ពិត។ យើង​បាន​ទទួល​នូវ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ជា​បញ្ញើ ហើយ​សេចក្ដី​ពិត​ទាំង​នោះ​អាច​នាំ​ឲ្យ​យើង​ទទួល​ជីវិត​ជា​រៀង​រហូត​បាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​មាន​កាតព្វកិច្ច​ជួយ​ប្រាប់​ចំណេះ​នេះ​ដល់​មនុស្ស​ដទៃ​ដែរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ»។ (លូកា ១២:៤៨) រីឯ​ពួក​អ្នក​ដែល​មាន​ឯកសិទ្ធិ​ទទួល​បាន​នូវ​ចំណេះ​ពី​ព្រះ នោះ​មាន‹អ្វី​ជា​ច្រើន​ត្រូវ​ទារ›ពី​អ្នក​នោះ​វិញ។

១៥. តើ​អ្នក​មាន​សុភមង្គល​ប៉ុន​ណា ពេល​ផ្ដល់​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ចំពោះ​អ្នក​ដទៃ?

១៥ ការ​ផ្ដល់​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ចំពោះ​អ្នក​ដទៃ ពិត​ជា​នាំ​ឲ្យ​មាន​សុភមង្គល​មែន។ យើង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដូច​សិស្ស​របស់​ព្រះ​យេស៊ូ​នៅ​សតវត្ស​ទី​មួយ​បាន​ធ្វើ​ដែរ ជា​សារ​មួយ​ដែល​បញ្ជាក់​ពី​សេចក្ដី​សង្ឃឹម​ជូន​ចំពោះ​ពួក​អ្នក​ដែល«ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល» ហើយ​ក៏​ជូន​ចំពោះ​ពួក​អ្នក​ដែល​ត្រូវ​បង្អាប់​និង​វង្វេង​ដោយ​សារ«សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស»។ (ម៉ាថាយ ៩:៣៦; ធីម៉ូថេ​ទី​១ ៤:១) សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖ «គ្មាន​សេចក្ដី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្ដី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ​ឯង»។ (យ៉ូហាន​ទី​៣ ៤) យ៉ូហាន​មាន​អំណរ​ខ្លាំង​មែន ដោយ​ឃើញ​នូវ​ភាព​ស្មោះ​ត្រង់​នៃ«ពួក​កូន»របស់​គាត់ ដែល​ប្រហែល​ជា​សំដៅ​ទៅ​លើ​ពួក​អ្នក​ដែល​គាត់​បាន​បង្រៀន​នូវ​សេចក្ដី​ពិត​នោះ។ យើង​ក៏​មាន​អំណរ​ដែរ ពេល​ដែល​យើង​ឃើញ​មនុស្ស​មាន​អារម្មណ៍​អប​អរ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ។

១៦, ១៧. (ក) ហេតុ​អ្វី​បាន​ជា​មិន​មែន​មនុស្ស​ទាំង​អស់ នឹង​ព្រម​ទទួល​នូវ​សេចក្ដី​ពិត? (ខ) តើ​អ្នក​អាច​ទទួល​បាន​អំណរ​ប៉ុន​ណា ពេល​ដែល​អ្នក​ប្រកាស​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ?

១៦ យើង​ដឹង​ថា មិន​មែន​មនុស្ស​ទាំង​អស់​នឹង​ព្រម​ទទួល​នូវ​សេចក្ដី​ពិត​ទេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នូវ​សេចក្ដី​ពិត​អំពី​ព្រះ សូម្បី​តែ​ពេល​ដែល​មនុស្ស​មិន​ចង់​ស្ដាប់​ក៏​ដោយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សាសន៍​យូដា​ដែល​ជា​អ្នក​ប្រឆាំង​ទ្រង់​ថា៖ «ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ? អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​ដែរ។ ឯ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្ដាប់​តាម​ដូច្នេះ»។—យ៉ូហាន ៨:៤៦, ៤៧

១៧ យើង​ធ្វើ​តាម​ព្រះ​យេស៊ូ​ដោយ​ប្រកាស​ប្រាប់​នូវ​ដំណឹង​ល្អ​ពិសេស​អំពី​ព្រះ​យេហូវ៉ា​ដោយ​មិន​ទើស​ទាល់។ យើង​មិន​គិត​ស្មាន​ថា មនុស្ស​ទាំង​ឡាយ​នឹង​យល់​ព្រម​ធ្វើ​តាម​អ្វី​ដែល​យើង​ប្រាប់​ពួក​គេ​ទេ ហើយ​ក៏​មិន​មែន​មនុស្ស​ទាំង​អស់​បាន​យល់​ព្រម​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ដែរ។ យ៉ាង​ណា​ក៏​ដោយ យើង​មាន​អំណរ​ដែល​មក​ពី​ការ​ទទួល​ស្គាល់​ថា យើង​កំពុង​តែ​ធ្វើ​អ្វី​ដែល​ល្អ​ត្រឹម​ត្រូវ។ ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​សប្បុរស​ដ៏​ស្មោះ​នោះ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​លោក​ទាំង​ឡាយ​ស្គាល់​នូវ​សេចក្ដី​ពិត។ ជន​គ្រីស្ទាន​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ពិត​ជា​កម្មសិទ្ធិ ដូច្នេះ​ពួក​គេ​ក្លាយ​ជា​តួ​ពន្លឺ​ក្នុង​លោកីយ៍​ដែល​ពេញ​ទៅ​ដោយ​ភាព​ងងឹត។ បើ​យើង​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ភ្លឺ​ឡើង​ដោយ​សារ​ការ​ប្រព្រឹត្ត​និង​ពាក្យ​សំដី​របស់​យើង នោះ​យើង​អាច​ជួយ​មនុស្ស​ឯ​ទៀត​សរសើរ​ដំកើង​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ (ម៉ាថាយ ៥:១៤, ១៦) យើង​ស​ឲ្យឃើញ​នៅ​មុខ​សាធារណៈ​ជន​ថា យើង​បដិសេធ​នឹង​សេចក្ដី​ពិត​ក្លែង​ក្លាយ​របស់​សាតាំង ហើយ​យើង​គាំទ្រ​ខាង​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​បរិសុទ្ធ​និង​ឥត​សៅ​ហ្មង។ សេចក្ដី​ពិត​ដែល​យើង​ស្គាល់​នេះ យើង​អាច​ប្រាប់​ដល់​មនុស្ស​ដទៃ គឺ​អាច​ផ្ដល់​ឲ្យ​សេរី​ភាព​ចំពោះ​អស់​អ្នក​ដែល​ព្រម​ទទួល។—យ៉ូហាន ៨:៣២

ចូរ​ខំ​កាន់​សច្ចៈ​ជា​និច្ច​ចុះ!

១៨. ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​សម្ដែង​ព្រះ​គុណ​ចំពោះ​ណាថាណែល? ហើយ​តើ​ដោយ​ដូច​ម្ដេច​ដែរ?

១៨ ព្រះ​យេស៊ូ​ទ្រង់​ស្រឡាញ់​នូវ​សេចក្ដី​ពិត ហើយ​ទ្រង់​ក៏​មាន​បន្ទូល​ពិត​ជា​និច្ច​ផង​ដែរ។ ក្នុង​កំឡុង​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី ទ្រង់​បាន​សម្ដែង​ព្រះ​គុណ​ចំពោះ​អស់​អ្នក​ដែល​កាន់​សច្ចៈ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​លោក​ណាថាណែល​ថា៖ «នុ៎ះ​ន៏ ជា​សាសន៍​អ៊ីស្រាអែល​ពិត​មែន​ដែល​ឥត​មាន​ចិត្ត​ឧបាយ»។ (យ៉ូហាន ១:៤៧) រួច​មក ណាថាណែល​ដែល​ប្រហែល​ជា​មាន​ឈ្មោះ​បារថូល៉ូមេ​ដែរ​នោះ បាន​ត្រូវ​ព្រះ​យេស៊ូ​ជ្រើស​រើស​ជា​សាវ័ក​ម្នាក់​ក្នុង​ចំណោម​១២​នាក់​នោះ។ (ម៉ាថាយ ១០:២​-​៤) គាត់​ទទួល​បាន​ឯកសិទ្ធិ​នេះ​ពិត​ជា​មាន​កិត្ដិយស​មែន!

១៩​-​២១. តើ​បុរស​ដែល​ធ្លាប់​ខ្វាក់​ម្នាក់​បាន​ទទួល​ពរ​អ្វី ដោយ​សា​គាត់​កាន់​សច្ចៈ​យ៉ាង​អង់អាច​នោះ?

១៩ អស់​មួយ​ជំពូក​ទាំង​មូល​ក្នុង​សៀវភៅ​យ៉ូហាន​បាន​រៀប​រាប់​កំណត់​ហេតុ​ពី​បុរស​ទៀង​ត្រង់​ម្នាក់​ដែល​បាន​ទទួល​ពរ​ពី​ព្រះ​យេស៊ូ។ យើង​មិន​ស្គាល់​ឈ្មោះ​គាត់​ទេ តែ​យើង​ដឹង​ថា បុរស​នោះ​ជា​អ្នក​សុំ​ទាន​ដែល​ខ្វាក់​ភ្នែក​តាំង​ពី​កំណើត​មក។ ប្រជាជន​ទាំង​ឡាយ​បាន​នឹក​ប្លែក​ក្នុង​ចិត្ត​ពេល​ដែល​ព្រះ​យេស៊ូ​ប្រោស​គាត់​ឲ្យ​មើល​ឃើញ​បាន។ ពួក​ផារិស៊ី​ខ្លះ​បាន​ឮ​ដំណឹង​អំពី​ការ​ព្យាបាល​នោះ​ដោយ​អព្ភូតហេតុ។ ពួក​គេ​ជា​អ្នក​ស្អប់​នូវ​សេចក្ដី​ពិត ហើយ​បាន​ប្រឹក្សា​គ្នា​ថា មនុស្ស​ណា​ដែល​អនុវត្ត​ជំនឿ​លើ​ព្រះ​យេស៊ូ នោះ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ។ ដោយ​សារ​មាតា​បិតា​របស់​បុរស​ខ្វាក់​នោះ​ដឹង​អំពី​រហស្សូបាយ​ឬ​កិច្ច​កល​កំបាំង​របស់​ពួក​ផារិស៊ី នោះ​ពួក​គាត់​ភ័យ​ព្រួយ​ហើយ​បាន​កុហក​ប្រាប់​ពួក​ផារិស៊ី​ថា ខ្លួន​មិន​ដឹង​ដូច​ម្ដេច​បាន​ជា​កូន​ប្រុស​អាច​មើល​ឃើញ​បាន ហើយ​ក៏​មិន​ស្គាល់​អ្នក​ប្រោស​ឲ្យ​ជា​ដែរ។—យ៉ូហាន ៩:១​-​២៣

២០ បុរស​អ្នក​ខ្វាក់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​ជា​នោះ ត្រូវ​ពួក​ផារិស៊ី​ហៅ​ទៅ​ជួប។ ដោយ​មិន​ខ្វល់​ខ្វាយ​អំពី​លទ្ធផល​នោះ អតីត​អ្នក​ខ្វាក់​បាន​ប្រាប់​នូវ​សេចក្ដី​ពិត​ដោយ​អង់អាច។ គាត់​បាន​ពន្យល់​អំពី​វិធី​ព្យាបាល​ផង ក៏​បាន​ជំរាប​គេ​ថា ព្រះ​យេស៊ូ​ជា​អ្នក​ព្យាបាល។ បុរស​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​ជា​នោះ គាត់​ហួស​ចិត្ត​ដោយ​សារ​ពួក​អ្នក​មាន​មុខ​មាន​មាត់​ទាំង​នេះ​ដែល​បាន​រៀន​ខ្ពស់​នោះ ពួក​គេ​មិន​ជឿ​ថា​ព្រះ​យេស៊ូ​ជា​បុគ្គល​ដែល​ព្រះ​ចាត់​ឲ្យ​មក។ ដូច្នេះ បុរស​នេះ​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ពួក​គេ​ដោយ​ចិត្ត​ក្លាហាន​ឲ្យ​ទទួល​ស្គាល់​អ្វី​ដែល​ជាក់​ច្បាស់ ដោយ​ពោល​ថា៖ «បើ​លោក​នោះ[ព្រះ​យេស៊ូ]មិន​មែន​មក​ពី​ព្រះ​ទេ នោះ​លោក​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ឡើយ»។ ដោយ​សារ​ពួក​ផារិស៊ី​មិន​ដឹង​ប្រកែក​យ៉ាង​ណា​វិញ ពួក​គេ​បាន​កាត់​ក្ដី​បុរស​នោះ​ថា គាត់​ជា​មនុស្ស​ព្រហើន ហើយ​គេ​ក៏​បាន​បណ្ដេញ​គាត់​ពី​ចំណោម​គេ​ចេញ។—យ៉ូហាន ៩:២៤​-​៣៤

២១ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ឮ​ដំណឹង​ពី​ព្រឹត្ដិការណ៍​នោះ ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ខំ​រក​ជួប​បុរស​នោះ​ម្ដង​ទៀត។ ក្រោយ​ពី​បាន​ជួប​គាត់​ហើយ ព្រះ​យេស៊ូ​បាន​ពង្រឹង​ជំនឿ​របស់​បុរស​ដែល​ធ្លាប់​ខ្វាក់​ភ្នែក​នោះ។ ព្រះ​យេស៊ូ​បាន​សម្គាល់​អង្គ​ទ្រង់​ដោយ​ឥត​លាក់​កំនួច​ថា ជា​ព្រះ​មេស្ស៊ី។ បុរស​នោះ​មុខ​ជា​បាន​ទទួល​ពរ​មែន គឺ​ដោយ​សា​តែ​គាត់​ចេះ​ពោល​ពាក្យ​ពិត! យ៉ាង​ច្បាស់​ណាស់ អស់​អ្នក​ដែល​ពោល​ពាក្យ​ពិត នឹង​ទទួល​ព្រះ​គុណ​ពី​ព្រះ។—យ៉ូហាន ៩:៣៥​-​៣៧

២២. តើ​គួរ​គប្បី​ឲ្យ​យើង​ខំ​កាន់​សច្ចៈ​ជា​និច្ច​ដោយ​ដូច​ម្ដេច?

២២ ការ​យក​ចិត្ត​ទុក​ដាក់​កាន់​សច្ចៈ​នោះ គឺ​ជា​ចាំ​បាច់​ណាស់។ ការ​កាន់​សច្ចៈ​ជា​គោល​ចំបង​ក្នុង​ការ​បង្កើត​និង​ការ​រក្សា​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​គ្នី​គ្នា ហើយ​ដើម្បី​ឲ្យ​បាន​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ​ដែរ។ ការ​កាន់​សច្ចៈ​បាន​សេចក្ដី​ថា ឥត​ចេះ​លាក់​លៀម គឺ​ស្មោះ​ត្រឹម​ត្រូវ ស្រួល​ទាក់​ទង អាច​ទុក​ចិត្ត​ជឿ​បាន ហើយ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​មែន។ (ទំនុក​ដំកើង ១៥:១, ២) ការ​មិន​ចេះ​កាន់​សច្ចៈ​វិញ គឺ​បាន​សេចក្ដី​ថា មិន​ពិត បោក​ប្រាស ទុក​ចិត្ត​ជឿ​ពុំ​បាន ហើយ​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ឡើយ។ (សុភាសិត ៦:១៦​-​១៩) ហេតុ​នេះ​ហើយ ចូរ​ឲ្យ​យើង​តាំង​ចិត្ត​ខំ​កាន់​សច្ចៈ​ជា​និច្ច​ចុះ! តាម​ពិត បើ​យើង​ចង់​យក​តម្រាប់​តាម​ព្រះ​នៃ​សេចក្ដី​ពិត បាន​ន័យ​ថា យើង​ត្រូវ​ស្គាល់​នូវ​សេចក្ដី​ពិត ត្រូវ​និយាយ​តែ​ពាក្យ​ពិត ក៏​ត្រូវ​រស់​ឲ្យ​ស្រប​ទៅ​តាម​សេចក្ដី​ពិត​ផង​ដែរ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ការ​ស្គាល់​នូវ​សេចក្ដី​ពិត គឺ​ផ្ដល់​មូលហេតុ​អ្វី​ឲ្យ​យើង​ដឹង​គុណ?

• តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​បាន ក្នុង​ការ​កាន់​សច្ចៈ​នោះ?

• តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ ពី​ការ​ប្រកាស​ប្រាប់​នូវ សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ចំពោះ​មនុស្ស​ដទៃ?

• ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ឲ្យ​យើង​ខំ​កាន់​សច្ចៈ​ជា​និច្ច​នោះ?

[រូប​ភាព​នៅ​ទំព័រ​១៦]

បុរស​អ្នក​ខ្វាក់​ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​ឲ្យ​មើល​ឃើញ​វិញ​នោះ គាត់​បាន​ទទួល​ពរ​ជា​ច្រើន​ដោយ​ព្រោះ​គាត់​បាន​ពោល​ពាក្យ​ពិត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក